សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជា-អាម៉េរិក ស្វែង​រកយន្តការថ្មីៗ​ ដើម្បី​ជំរុញ​លំហូរ​ទុន​វិនិយោគ​ពី​អាមេរិក​មក​កម្ពុជា​បន្ថែម​ទៀត

2025/12/02 06:25:59 pm        322
កម្ពុជា-អាម៉េរិកពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​សហរដ្ឋ​អាម៉េរិក មកកាន់ កម្ពុជាបន្ថែម និងការស្វែងរកមធ្យោបាយ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ក្នុងគោលបំណង អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​ចីរភាព។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ២០២៥ បាន ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹក​នាំ​ដោយ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិក ចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និង​ជា​នាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោម​កិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា។ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាម៉េរិក​-អាស៊ាន (US-ABC) ដែលមានតំណាងក្រុមហ៊ុនអាម៉េរិក ធំៗជាច្រើន បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែល​ជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាពនៃសក្តានុពលវិនិយោគកម្ពុជា ដោយ​បញ្ជាក់​ពី​កិច្ចខិតខំរបស់កម្ពុជា ក្នុងការកែទម្រង់ និងបង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​វិនិយោគ​បរទេស តាមរយៈការអនុវត្តច្បាប់ស្តីពីការវិនិយោគ ដែល មានការលើកទឹកចិត្តជាច្រើន និង​បានបង្ហាញពីតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ក្នុងនាម​ជា​ច្រក​តភ្ជាប់​វិនិយោគិន​អាម៉េរិក ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធី ពាក់ព័ន្ធនានា ជាពិសេស​ការ​ធ្វើ​ឌីជីថល​ភាវូបនីយកម្ម​សម្រាប់​ការ​ផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM ជាមួយ​នឹង​កិច្ច​សហការក្នុងការបង់កម្រៃសេវាតាមរយៈសេវាកម្ម Visa និង MasterCard នៃ​ធនាគារ​ដៃគូ​។អង្គប្រជុំបានធ្វើការពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការ​ជំរុញ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់ ​(FDI) ពីសហរដ្ឋ អាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត និងការ​ស្វែង​រក​មធ្យោបាយ​ ដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជនអាម៉េរិក ក្នុង​គោល​បំណងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ភាគីទាំងពីរក៏​បាន​ផ្លាស់​ប្តូរ​ទស្ស​នៈ​លើ​កំណែ ​ទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេស​ច្បាប់​ស្តីពី​ការ​វិនិយោគ​ថ្មី និងការសម្របសម្រួលពាណិជ្ជកម្ម។ជុំវិញជំនួបខាង​លើ​នេះ មិនត្រឹមតែជាការសម្តែងការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកា​ទំនាក់​ទំនង​រវាងរដ្ឋ និង​ឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម ​និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ។ ជំនួបនេះត្រូវបានរំពឹងថា នឹងបង្កើនទំនុក​ចិត្ត​របស់​វិនិយោគិន​អាម៉េរិកមកលើទីផ្សារកម្ពុជា និងបន្តជំរុញឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត ដែល​នឹង​ក្លាយជា កម្លាំងចលករដ៏សំខាន់ សម្រាប់កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា​នា​ពេលអ​នាគត​៕ ​អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-កូរ៉េ នឹងរៀបចំសន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នៅថ្ងៃទី១៨ធ្នូ

2025/12/01 11:15:41 pm        697
អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នឹង​រៀបចំ​សន្និសីទ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​លើកទី២ ​ក្រោមប្រធានបទ “កសិកម្មវិលជុំរបស់កូរ៉េ និងការប្រែប្រួលសម្រាប់កម្ពុជា ដំណើរ​ទៅ​រក​អនាគត​កសិកម្ម​ចីរភាពកាលបរិច្ឆេទ” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នៅថ្ងៃទី១ ខែ​ធ្នូ​ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ទោះបីជាពេលថ្មីៗនេះមានបញ្ហាមួយចំនួននៅកូរ៉េ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភអំពីការធ្វើដំណើរមកកម្ពុជា ក៏ប៉ុន្តែ ជឿជាក់ថា នេះគឺជាពេល​វេលា​ដែល​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ដូច្នេះកម្ពុជា-កូរ៉េ នឹងបន្តរៀបចំ សន្និសីទ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​លើកទី២ រួមគ្នាតាមកាលវិភាគដដែល បន្ទាប់ពីការរៀបចំ​ជោគជ័យ​របស់​សន្និសីទ​លើកទី១ កាលពីខែសីហាកន្លងមក ។សន្និសីទនេះ នឹងមានការចូលរួមពីអ្នកជំនាញជនជាតិកូរ៉េ ដែលជាតំណាងឧស្សាហកម្មជី ខណៈ​ភាគីកម្ពុជា មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួង​បរិស្ថាន ​និងក្រសួងទេសចរណ៍ និងសហគមន៍កសិករ ។សន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នឹងមានបទបង្ហាញពី គំរូកសិកម្មវិលជុំរបស់កូរ៉េ និង​ទិសដៅអនាគត ពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ និងកែច្នៃជីកំព្យូទ័រប្រភពពីសត្វចិញ្ចឹម, វិបត្តិ និងលក្ខខណ្ឌកសិកម្មជនបទកម្ពុជា ពីអ្នកជំនាញជនជាតិកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ 

ប្រធាន AmCham ៖ អាមេរិកនឹងបញ្ចុះពន្ធបដិការបន្ថែមដល់ការនាំចេញវិស័យអាទិភាពកម្ពុជា

2025/12/01 10:27:30 pm        820
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) រំពឹងថា សហរដ្ឋអាមេរិក​នឹងបន្ត​បញ្ចុះអត្រាពន្ធបដិការដល់កម្ពុជា បន្ថែម នៅលើវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដោយវិស័យទាំងនេះមិនសូវមានអ្នកប្រកួតប្រជែង និង ខណៈដែលសហរដ្ឋអាមេរិកក៏មានការផលិតបន្តិចបន្ទួច។ លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបន្តចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅក្នុងកម្មវិធីប្រកួតភាពជាសហគ្រិនភាពប្រចាំឆ្នាំ២០២៥ ថា ជុំវិញការចរចារពន្ធបដិការនេះឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចាប់តាំងពីដំណាក់កាលដំបូង ពីប្រមាណ ៤៩ ភាគរយ មកនៅត្រឹម ៣៦ ភាគរយ និងបានបន្តទម្លាក់មកនៅត្រឹម ១៩ ភាគរយ ហើយមកដល់នេះឃើញថា ក្រុមការងារចំពោះ កិច្ចលើការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែបន្តចរចារ ដើម្បីបញ្ចុះពន្ធបដិការបន្ថែមទៀត នៅលើវិស័យ អាទិភាពទាំង៤ សម្រាប់ការនាំចេញរបស់កម្ពុជា។ទាក់ទងការរចរចារនេះ, លោក ខេស៊ី បាណេត មានសុទិដ្ឋិនិយមខ្ពស់ នឹងរំពឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍នៅលើ ការខិតខំប្រឹងប្រែងនេះជាមិនខាន ខណៈដែលសហរដ្ឋអាមេរិកមិនស្រូវមានរោងចក្រផលិតមុខទំនិញទាំងនេះ និងខណៈដែលការប្រកួត ប្រជែងនាំចូលទំនិញលើវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏មានចំនួនតិច តួចផងដែរ។ជុំវិញពន្ធបដិការនេះដែរ, ថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើក ឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ថា កម្ពុជាបាននិងកំពុងបន្តដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀត ជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត លើវិស័យអាទិភាពមួយចំនួនរួមមាន៖ វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះបាននិងកំពុងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារយ៉ាងច្រើន។ តាមរយៈកិច្ចចរចានេះដែរ ឯកឧត្តម រំពឹងថា កម្ពុជានឹងអាចទទួលបានការបញ្ចុះពន្ធបដិការក្រោម ១៩% បន្ថែមទៀត ឬអាចដល់ ០% ព្រោះសហរដ្ឋអាមេរិកមិនសូវមាន រោងចក្រកាត់ដេរលើប្រភេទទំនិញមួយចំនួននេះ ដែលកម្ពុជាបានកំពុងនាំចេញនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី

អាករលើតម្លៃបន្ថែមលើទំនិញផលិតក្នុងស្រុក ដែលជាអាហារ​ជាមូលដ្ឋានត្រូវ​បានចាត់​ទុកជា​បន្ទុករដ្ឋ

2025/12/01 09:10:10 pm        190
អាករលើតម្លៃបន្ថែមសម្រាប់មុខទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ត្រូវ បានរាជរដ្ឋាភិបាលចាត់ទុកជាបន្ទុករបស់រដ្ឋ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរកស៊ីទទួលទាន លើផ្នែកទាំងនេះ និងត្រូវបានចាត់ជាបន្ទុករបស់ រដ្ឋចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ឆ្នាំ២០២៨។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសស្តីពីការចាត់ទុកាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារ ជាមូលដ្ឋានការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយប្រកាសនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម លើមុខទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន និងមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជា អាហារជាមូលដ្ឋានដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។សម្រាប់គោលដៅនៃប្រកាសនេះ, អាហារជាមូលដ្ឋាន គឺសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនដែលចាំបាច់ សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ ១- សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ២- ស៊ុត សត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។ ៣- ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្ដាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ៤- ស្ករគ្រប់ប្រភេទ ដែលមិន មានលក្ខណៈជាស្ករគ្រាប់។ ៥- អំបិលគ្រប់ប្រភេទ និង៦- ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។សូមបញ្ជាក់ថា អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុក នូវអាហារជាមូលដ្ឋានដូចមានចែងក្នុងប្រកាសនេះ ត្រូវបានចាត់ជាបន្ទុករបស់ រដ្ឋចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ឆ្នាំ២០២៨។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមក្នុងប្រការនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារ ដោយភោជនីយដ្ឋានឡើយ៕ អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិ និងគណៈមេធាវីកម្ពុជាចុះ MOU សហការ​លើក​កម្ពស់​ការ​អនុវត្ត​ច្បាប់​ក្នុង​វិស័យ​ធនាគារ

2025/12/01 06:13:52 pm        204
ធនាគារជាតិនៃកម្ពុជា (NBC) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា (BAKC) ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈនៃការយោគ យល់គ្នា (MOU) សហការលើកកម្ពស់​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​វិស័យ​ធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាពក្នុង ការអនុវត្តច្បាប់។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា និងឯកឧត្តម សាំង វណ្ណៈ ប្រធាន​គណៈ​មេធាវី​នៃព្រះរាជាណា ចក្រកម្ពុជា ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីកិច្ចសហការលើក កម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យ ធនាគារ ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​អនុវត្ត​ច្បាប់ និងបទប្បញ្ញត្តិនៅក្នុងវិស័យធនាគារ និងកំណត់ពីការពង្រឹង និងពង្រីក​វិសាល​ភាព​នៃ​ការបណ្តុះបណ្តាល ព្រមទាំងការផ្សព្វផ្សាយច្បាប់ ក្រមរដ្ឋប្បវេណី ព្រមទាំងច្បាប់ និង​បទ​ប្បញ្ញត្តិ​នានា ដែលពាក់ព័ន្ធនឹងវិស័យធនាគារ ដើម្បីធានាឱ្យបាននូវសង្គតិភាព និងប្រសិទ្ធភាព​ក្នុង​ការ​អនុវត្តច្បាប់។ អនុស្សរណៈនេះនឹងរួមចំណែកលើកកម្ពស់ការអនុវត្តច្បាប់នៅក្នុងវិស័យធនាគារ ដើម្បី​ធានា​ឱ្យ​បាន​នូវ​ប្រសិទ្ធភាព ព្រមទាំង ការពារផលប្រយោជន៍របស់អតិថិជន និងរក្សា​ទំនុក​ចិត្ត​របស់​សាធារណ​ជន ក្នុងវិស័យធនាគារ។ ការងារដែលត្រូវបន្តអនុវត្តក្រោម វិសាលភាពនៃ​អនុស្សារណៈ​នៃ​ការ​យោគយល់​រួមមាន៖ ការអនុវត្តហ៊ីប៉ូតែក សន្តតិកម្ម និងការអនុវត្តពាក់​ព័ន្ធ​នឹង​មូល​ប្បទាន​ប​ត្រ​។ដើម្បី​ធានាបាននូវប្រសិទ្ធភាពក្នុងការការពារអតិថិជន និងរក្សាទំនុកចិត្តរបស់សាធារណជន ក្នុង​វិស័យធនាគារ, ធនាគារជាតិ នៃកម្ពុជា និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹង​រួម​គ្នា​សិក្សា​លើ​យន្តការដោះស្រាយវិវាទដូចជា នីតិវិធីផ្សះផ្សា សម្របសម្រួល និងការចរចា​ដោយ​សន្តិវិធី​។ កិច្ចសហការនេះ នឹងផ្តោតលើការ​សិក្សា​លើ​លទ្ធភាព​ដោះស្រាយ​ករណី​ឥណទាន​មិន​ដំណើរ​ការ (NPL) ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍អតិថិជន កាត់បន្ថយ​បំណុល​មិន​ដំណើរ​ការ​របស់​គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងជួយសម្រួល ដល់អតិថិជន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទូទាត់​បំណុល ឬបញ្ហាហិរញ្ញវត្ថុផ្សេងៗមុនឈានដល់នីតិវិធីតុលាការ។ក្រៅពី​ចំណុចសហការជាក់លាក់ទាំងនេះ ស្ថាប័នទាំងពីរក៏បានលើកយកចំណុចសំខាន់ នៃ​ការ​គាំទ្រ​ការ​ប្រើប្រាស់ប្រាក់រៀល សម្រាប់ សេវាមេធាវី ដើម្បីលើកកម្ពស់ប្រើប្រាស់រូបិយវត្ថុជាតិ និង​អធិបតេយ្យ​ភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលជាសា្មរតីគាំទ្រ និងជំរុញការប្រើ ប្រាស់ប្រាក់​រៀល​ក្នុង​ជីវភាព​ពិត​ឱ្យកាន់តែទូលំទូលាយ៕ អត្ថបទ៖ សុន រ៉ាឌី 

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ច្រើនជាង ៦០០ គម្រោងនឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥បំបែកកំណត់ត្រាថ្មីមួយទៀត

2025/11/27 08:18:37 pm        266
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) បានថ្លែងបញ្ជាក់ថា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានថ្លែងឱ្យដឹងបែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន(G-PSF) នៅព្រឹកថ្ងៃ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលជាផ្លែផ្ការបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំតម្រង់ទិសប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលសម្រេចបាននូវលទ្ធផលដ៏គួរឱ្យកត់សម្គាល់ ដោយគិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុបចំនួន១៧៩ មានវិធានការចំនួន១៦៦ ត្រូវបានអនុវត្តរួចរាល់ពេញលេញ ដែលស្មើនឹងប្រមាណ៩៣% នៃវិធានការសរុប។ នៅក្នុងរបាយការណ៍ខាងលើ ក៏បានគ្របដណ្ដប់ផងដែរនូវលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមការងារតាមវិស័យ ក្នុងរយៈពេល១៨ ខែបន្ទាប់ពីការបើកជាផ្លូវការនូវវេទិកា G-PSF លើកទី១៩ ក្នុងនោះបញ្ហាដែលបានលើកឡើងក្នុងកិច្ចប្រជុំសរុបប្រមាណ៨២% ត្រូវបានដោះស្រាយរួចរាល់ ហើយបញ្ហាដែលនៅសេសសល់កំពុងដោះស្រាយក្នុងទិសដៅវិជ្ជមានបន្តទៀត ដើម្បីឈានទៅសម្រេចឱ្យបាននូវដំណោះស្រាយដ៏គាប់ប្រសើរសម្រាប់វិស័យឯកជននាពេលខាងមុខ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវជំនឿជាក់ដ៏មុតមាំដែរថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តួនាទីរបស់វិស័យឯកជនដែលជាកម្លាំងចលករជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ប្រទេសកម្ពុជានឹងបន្តបោះជំហានយ៉ាងស្វាហាប់ឆ្ពោះទៅសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រែក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ និងលើកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការប្តេជ្ញាចិត្តក្នុងនាម ក.អ.ក. ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការងារវិនិយោគ ក្នុងការបន្តខិតខំជំរុញការកែលម្អ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ តាមរយៈការជំរុញផ្សព្វផ្សាយនូវច្បាប់ស្ដីពីវិនិយោគ ការគោះទ្វារវិនិយោគនៅក្រៅប្រទេស ព្រមទាំងការសម្រួល និងធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ។ ជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងទាំងនេះ គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs) ច្រើនជាង ៦០០ គម្រោង នឹងត្រូវបានអនុម័តក្នុងឆ្នាំ២០២៥ ដែលនេះជាការបំបែក កំណត់ត្រាថ្មីមួយទៀត បន្ទាប់ពីបានបំបែកកំណត់ត្រាម្ដងរួចមកហើយកាលពីឆ្នាំ២០២៤ ជាមួយនឹងការអនុម័តគម្រោងសរុប ៤១៤។ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីភាពជោគជ័យនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក ដោយបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោកដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះ ហើយបានផ្ដល់នូវភាពច្បាស់លាស់ និងទំនុកចិត្តខ្ពស់សម្រាប់វិនិយោគិន ក្នុងការនាំចេញផលិតផលទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ កិច្ចខិតខំប្រឹងប្រែងបាននិងកំពុងបន្ត ដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀតជាមួយសហរដ្ឋអាម៉េរិក ទៅលើវិស័យអាទិភាពមួយចំនួន រួមមាន វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះនឹងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារបានយ៉ាងច្រើន។ គួររម្លឹកដែរថា៖ វេទិកា G-PSF គឺជាកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីបើកទូលាយដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា និងការទុកចិត្តគ្នាទៅវិញទៅមក តាមរយៈការអនុញ្ញាតឱ្យផ្នែកឯកជនលើកឡើងនូវសំណូមពរ និងបញ្ហាប្រឈមដើម្បីស្នើសុំដំណោះស្រាយ និងកិច្ចអន្តរាគមន៍នានាពីផ្នែករាជរដ្ឋាភិបាល។ វេទិកានេះជាមរតកដែលមានអាយុកាលជាង ២៥ឆ្នាំ បានបន្សល់ទុកដោយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគំនិតបង្កើតឡើងកាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៩៩ ក្នុងគោលបំណងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីកែលម្អបរិយាកាសវិនិយោគ និងពង្រឹងតួនាទីរបស់វិស័យឯកជនឱ្យក្លាយជាកម្លាំងចលករពិតប្រាកដ នៃកំណើនសេដ្ឋកិច្ចជាតិ៕

គិតមកដល់ពេលនេះគ្រួសារកសិករជាង ៣ពាន់គ្រួសារ ស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្ម​ទំនើប​ក្នុង​ខេត្តចំនួន១១ទូទាំងប្រទេស

2025/11/27 07:49:35 pm        169
មន្រ្ដីជាន់ខ្ពស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតមកដល់ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ សហគមន៍កសិកម្មទំនើបមានចំនួន ២៥ ត្រូវបានបង្កើត​ឡើង​នៅ​តាម​បណ្ដា​ខេត្ត​ចំនួន១១ ខណៈមានប្រជាកសិករជាសមាជិកបានស្ម័គ្រចិត្តចូលរួមជាង ៣ ២០០ គ្រួសារ ដោយ​បាន​ផ្ដោត​ការដាំដុះ លើមុខដំណាំសំខាន់ៗ មានដូចជា ស្រូវ បន្លែ ម្រេច និងស្វាយចន្ទីរ ជាដើម។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានមានប្រសាសន៍ថា តាមរយៈ​គោល​នយោបាយ​ការ​អភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប​របស់​រាជ​រដ្ឋាភិបាល អាណត្តិទី៧នេះ ក្រសួងកសិកម្មតែងតែជំរុញលើកទឹកចិត្តឱ្យបងប្អូនកសិករ គួរ​រួម​គ្នាប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ទៅជាទ​ម្រង់​សហគ្រាស​សេដ្ឋកិច្ច​រឹង​មាំ ​និងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ ទាំងលើផ្នែកថ្លៃដើម បរិមាណ និងគុណភាព។ ជា​ពិសេស​ការ​ងាកទៅដាំដំណាំដែលមានទីផ្សារច្បាស់លាស់ និងមានតម្រូវការទីផ្សារ។ឯកឧត្តម បានបន្តថា ជាគម្រោងរបស់ក្រសួងកសិកម្ម ជាសេនាធិការរបស់រាជរដ្ឋាភិបាល គឺ​ជួយ​ប្រជា​កសិករនៅក្នុងដំណាក់កាលនេះ ដើម្បីធ្វើពិពិធកម្មបានដោយជោគជ័យ ក្នុងនោះ​មាន​ការ​ជួយ​គាំទ្រជាដើមទុនជាបច្ចេកទេស និងទីផ្សារ ហើយជាការលើកទឹកចិត្តរបស់ក្រសួង គឺជា​ការ​ចង​ក្រង​ទៅ​ជាសហគមន៍កសិកម្មទំនើប ហើយធ្វើពិពិធកម្មតែម្តង ខណៈដែល​សហគមន៍​កសិកម្ម​ទំនើប​នេះ បង្កើតឡើងដើម្បីជំរុញនិងធ្វើយ៉ាងណាឱ្យសហគមន៍មានការធ្វើផលិតកម្មធំរួម ដាក់ដី និង​ទុនរួមគ្នា ដើម្បីទទួលបានផលចំណេញទាំងអស់គ្នា ដោយមិនប្រកួតប្រជែងគ្នាឡើយ។សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ក្នុងគោលបំណង ដើម្បីប្រែក្លាយ​វិស័យ​កសិកម្ម​កម្ពុជា​ពី​លក្ខណៈ​គ្រួសារ​ឱ្យ​ទៅ​ជា​សហ​គ្រាស​ សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និង​មាន​សមត្ថ​ភាព​ប្រកួ​តប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយ​ឱ្យ​កសិករ​ទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួល​បាន​ទុន​កម្ចី​ក្នុង​អត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។ ចំ​ពោះ​លក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមាន​សមាជិក​ចាប់​ពី​៥០​គ្រួសារ​ឡើង​៕ ​អត្ថបទ៖ ឈិត បូរ៉ាវី 

អង្កេតកសិកម្មឆ្នាំ២០២៤ បង្ហាញថា គ្រួសារប្រកបកសិកម្មធ្លាក់ចុះមកត្រឹមជាង១លាន ៨សែន​គ្រួសារ

2025/11/27 07:30:31 pm        171
ក្រសួងផែនការ នៅថ្ងៃនេះ បានប្រកាសជាផ្លូវការលទ្ធផល អង្កេតកសិកម្មឆ្នាំ ២០២៤ ដោយ​រក​ឃើញ​នូវ​ទិន្នន័យសំខាន់ៗមួយចំនួន។ ក្នុងនោះក៏បាន​រក​ឃើញ​ដែរ​ចំនួន​គ្រួសារ​ដែល​ប្រកបរបរ​កសិកម្ម​នៅ​កម្ពុជាបានធ្លាក់ចុះមកសល់ត្រឹមប្រមាណជាង ១លាន ៨សែន គ្រួសារប៉ុណ្ណោះ។លទ្ធផលនៃ អង្កេតកសិកម្មឆ្នាំ ២០២៤បង្ហាញថា ចំនួនគ្រួសារប្រកបរបរកសិកម្ម បាន​បន្ត​ធ្លាក់​ចុះ​មក​ត្រឹមជាង ១លាន ៨សែនគ្រួសារ ភាគច្រើនបំផុត នៃគ្រួសារប្រកបរបរកសិកម្ម ជាពលរដ្ឋ​រស់​នៅ​តំបន់វាលទំនាប តំបន់បឹងទន្លេសាប តំបន់ឆ្នេរសមុទ្រ និងចុងក្រោយបង្អស់ គឺពលរដ្ឋរ​ស់​នៅ​តំ​បន់ភ្នំ និងខ្ពង់រាប។ ក្នុងនោះដែរ ការផលិតកសិកម្មធ្វើឡើងលើគោលដៅសំខាន់ចំនួន ២ ចម្បង ដោយផ្ដើមពី ការប្រើប្រាស់សម្រាប់ក្នុងគ្រួសារមានចំនួន ៥២ភាគរយ និងគោលដៅ​សម្រាប់​លក់​មានចំនួន ៤៨ភាគរយ។លោក ចាន់ សំអាត ប្រធាននាយកដ្ឋានស្ថិតិថ្នាក់ក្រោមជាតិ នៃវិទ្យាស្ថានជាតិស្ថិតិ បានផ្ដល់ការ​បញ្ជាក់​ថែម​ថា ការធ្លាក់ចុះនៃចំនួនគ្រួសារប្រកបរបរកសិកម្ម ជារឿងធម្មតា​សម្រាប់​ប្រទេស​ដែល​កំពុង​រីក​ចម្រើនទៅមុខ។ លោកថាការថយចុះនៃគ្រួសារប្រកបរបរកសិកម្មនេះ មានថយ​ប្រមាណ​ជិត ២០ភាគរយ។ ភ្ជាប់​ជាមួយការថយចុះ នៃគ្រួសារប្រកបរបរកសិកម្មនេះ លោកបញ្ជាក់ថា ផ្ទៃដីដាំដុះ ក៏ដូចជា​ផលិត​កម្ម​ជាក់ស្ដែង ពុំមានការប្រែប្រួលខ្លាំងនោះទេ។ មិនប្រែប្រួលខ្លាំង ក្រោមហេតុផល អ្នក​ប្រកបរបរកសិកម្មខ្នាតតូច លក់ផ្ទៃដីកសិកម្មរបស់ខ្លួន ទៅឱ្យអ្នកប្រកបរបរកសិកម្មខ្នាតធំ ជា​ដើម​។សូមបញ្ជាក់ថា ការងារអង្កេតកសិកម្មនេះ ជាកិច្ចការសំខាន់ ដែលមន្ត្រីជំនាញនៃក្រសួងផែនការ ដោយ​មានកិច្ចសហការជាមួយក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍចូលរួមបំពេញការងាររួមគ្នា។ ជា​រួម​លទ្ធផលទទួលបាន គឺនឹងត្រូវប្រើប្រាស់ ក្នុងគោលដៅសំខាន់ៗ បម្រើផលប្រយោជន៍ ក្នុង​ការ​បង្កើត​គោល​នយោបាយ ពិសេសលើកស្ទួយវិស័យកសិកម្ម។ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានលើកឡើងថា របាយការណ៍​អង្កេត​កសិកម្ម​កម្ពុជា​ឆ្នាំ​២០២៤ ដែលបាន ដាក់ប្រកាសផ្សព្វផ្សាយនាពេលនេះ នឹងឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទិន្នន័យ​ចាំ​បាច់ដែលកើនឡើងជាបន្តបន្ទាប់ ព្រមទាំងផ្តល់ជូន​ដល់​អ្នក​ប្រើប្រាស់​ទិន្នន័យ​ស្ថិតិ​ពី​បណ្តា​ក្រសួង ស្ថាប័ន សម្រាប់ធ្វើជាធាតុចូល អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ដើម្បីចូលរួមក្នុង​ការ​អភិវឌ្ឍ​សង្គម សេដ្ឋកិច្ចកម្ពុជា និងការលើកកម្ពស់ ជីវភាពប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត​។ លើសពីនេះទៅទៀត របាយការណ៍អង្កេតកសិកម្ម នេះ គឺជាទិន្នន័យស្ថិតិថ្មីមួយទៀត ដែល​បង្កើនចំនួនព័ត៌មាន សូចនាករ និងស្ថិតិកសិកម្ម ឱ្យកាន់តែមាន ភាពសម្បូរ​បែប​សម្រាប់​ការ​តាម​ដាន​ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្ត គោលដៅអភិវឌ្ឍប្រកប ដោយចីរភាពកម្ពុជា ២០១៦​-២០៣០៕ អត្ថបទ៖ គឹម ហុក

ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង អះអាងថា ត្រីឆ្នាំនេះ​សំបូរ​ជាង​ឆ្នាំ​កន្លង​ទៅ​ដោយសារ​ទឹក​ទន្លេ​ធំ ​និងការបង្ក្រាបបទល្មើសយ៉ាងសកម្ម

2025/11/27 06:39:46 pm        426
បើតាមការបញ្ជាក់របស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង​នេសាទ​ខេត្ត​កំពង់​ឆ្នាំង​នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានថ្លែងបញ្ជាក់ថា ត្រីក្នុងទន្លេសាបឆ្នាំនេះ នឹង​សំបូរ​ជាង​ឆ្នាំ​កន្លងទៅ ដោយសារ​តែ​ការបង្ក្រាប​បទ​ល្មើស​ពី​សំណាក់​កម្លាំង​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់​ឆ្នាំង ​សហការជាមួយកម្លាំងកងទ័ពនៃតំបន់សឹករងកំពង់ឆ្នាំង កម្លាំងនគរបាលខេត្ត និងអាជ្ញាធរ​មូល​ដ្ឋាន​ បានធ្វើជាប្រចាំដែលគ្រប់សកម្មភាពនៃបទល្មើស ត្រូវបានបំផ្លាញ។ ម្យ៉ាងទៀត ដោយសារ​មាន​អំណោយផលពីទឹកទន្លេឡើងខ្ពស់ជាងឆ្នាំមុនផងដែរ។លោកបន្តថា តាមការពិនិត្យកំពស់ទឹកទន្លេឆ្នាំនេះ គឺបានឡើងខ្ពស់ជាងឆ្នាំកន្លងទៅ ធ្វើអោយ​វិសាល​ភាព​នៃតំបន់លិចទឹកធំទូលាយ ហើយទីតាំងលិចទឹកទាំងនោះ បានផ្តល់នូវ​ចំណី​អាហារ​ដល់​ត្រី​គ្រប់​គ្រាន់ ត្រីអាចពងកូនតាមទីវាលទាំងនោះបាន។ ម្យ៉ាងទៀតដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​, ​ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ, ឯកឧត្តម​អភិបាល​ខេត្ត​កំពង់​ឆ្នាំង ​និងមានការសំរបសំរួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងនោះ កម្លាំង​របស់​មន្ទីរ​កសិកម្ម កម្លាំងខណ្ឌរដ្ឋបាលជលផល កម្លាំងកងទ័ព កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន បាន​ចុះ​បង្ក្រាបបទល្មើសគ្រប់ប្រភេទជាប្រចាំផងដែរ។ មកដល់ថ្ងៃនេះ ព្រៃលិច​ទឹក​ក្នុង​ខេត្ត​កំពង់ឆ្នាំង​ មិនមានការបំផ្លាញយកទៅដាក់សម្រាស់គួរអោយកត់សម្គាល់នោះទេ ហើយ​ប្រសិន​បើ​កើត​មាន​ការកាប់ព្រៃលិចទឹកក្នុងតំបន់ណា មន្ត្រីជំនាញគ្រប់គ្រងនៅតំបន់នោះ ត្រូវទទួល​ខុស​ត្រូវ​ស្រាវ​ជ្រាវ​វែ​ករកមុខអ្នកកាប់បំផ្លាញព្រៃភ្លាម។លោកប្រធានមន្ទីរកសិកម្ម បានអំពាវនាវដល់ប្រជានេសាទទាំងអស់ សូម​ជួយ​រក្សា​ការពារ​មច្ឆាជាតិ​ដោយ​កុំបង្កើតអោយមានបទល្មើសនេសាទគ្រប់ប្រភេទ ម្យ៉ាងទៀតជួយ​ថែ​រក្សា​ព្រៃលិច​ទឹក​អោយ​នៅគ​ង់វង្ស កុំឈូសបំផ្លាញយកតំបន់ហាមឃាត់ក្នុងតំបន់២ និងតំបន់៣។ ត្រី​នឹង​កើន​ឡើង​ ជួយដល់ជីវភាពគ្រួសារប្រជានេសាទទាំងអស់ ប្រសិនបើយើងរួមគ្នាជួយថែរក្សាមច្ឆាជាតិ និង​ធនធានធម្មជាតិ៕ កាំង ហុងវាស្នា

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ដឹកនាំមន្ត្រីកសិកម្មឃុំ-សង្កាត់​ធ្វើទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិន​ស្រូវ និងស្វែងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ

2025/11/26 10:13:22 pm        531
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានដឹកនាំ​មន្ត្រីកសិកម្មឃុំ-សង្កាត់ មកពី៤ស្រុក ប្រមាណ៣០​នាក់​ក្នុង​ខេត្ត​ព្រៃវែង​ទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិនស្រូវ ឈិត ប៊ុនថន និងស្វែងយល់ពីខ្សែច្រវាក់កែច្នៃអង្ករ និងការពិនិត្យ​លើ​គុណ​ភា​ព​ស្រូវ ដើម្បីផលិតអង្ករមានស្តង់ដា និងគុណភាព។ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា គុណភាពអង្ករល្អ គឺពឹងផ្អែក​ទាំង​ស្រុងលើ​គុណ​ភាព​ស្រូវ។ ជាមួយគ្នានោះឯកឧត្តមក៏មើលឃើញថា ការផលិតស្រូវរបស់កសិករ នៅ​មិន​ទាន់​ឆ្លើយ​តបតាមស្តង់ដា និងគុណភាពបាននៅឡើយទេ ដែលទាំងនេះ​គឺ​ជា​កិច្ចការ​ស្នូលរ​បស់​មន្ត្រី​កសិកម្មឃុំ-សង្កាត់ត្រូវធ្វើការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​កសិករ​តាមរ​យៈកា​រ​អនុវត្ត​យន្ត​ការ​គោលការណ៍​ពូជ​សុទ្ធ និងគោលការណ៍ស្រែល្អ។នាដំណើរទស្សនកិច្ចសិក្សានោះ មន្ត្រីកសិកម្មឃុំ-សង្កាត់ បានស្វែងយល់បន្ថែមពីខ្សែច្រវាក់កែច្នៃស្រូវអង្ករ ដែលចាប់ផ្តើមពីការពិនិត្យគុណភាពស្រូវ និងបានពិភាក្សាលើការសហការកសាងភាពជាដៃគូរវាងរោងម៉ាស៊ីន និងសហគមន៍កសិករផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM