ជំនាញហិរញ្ញវត្ថុ៖ ប្រសិនអាមេរិកទម្លាក់ការប្រាក់ដុល្លារ វាជាបច្ច័យល្អសម្រាប់ពិភពលោកក៏ដូចកម្ពុជា
គិតត្រឹម៣ខែដើមឆ្នាំនេះ ការផ្តល់ឥណទាន និងការទទួលប្រាក់បញ្ញើររបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានបន្តកើនឡើង
សមាគមជាតិ-អន្តរជាតិ៖ ទីផ្សារនាំចេញរបស់កម្ពុជា នៅតែបន្តប្រកបដោយថាមពល
កម្ពុជា-ជប៉ុនបង្ហាញពីឆន្ទៈរួម លើការកែលម្អបរិយាកាសវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

កោះតៃវ៉ាន់ ចោទប្រទេសចិន ពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ចបន្ទាប់ពីចិន ប្រកាសបញ្ចប់ការកាត់បន្ថយពន្ធ

2023/12/22 03:31:07 pm        50
កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២១ ធ្នូ) បានចោទប្រកាន់ប្រទេសចិន ពីការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត បន្ទាប់ពីទីក្រុងប៉េកាំង បានប្រកាសបញ្ចប់ការកាត់បន្ថយពន្ធលើការនាំចូលសារធាតុគីមីមួយចំនួនពីកោះនេះ ដោយនិយាយថា ទីក្រុងតៃប៉ិ បានរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅមុនការបោះឆ្នោតតៃវ៉ាន់។ការបោះឆ្នោតមេដឹកនាំ និងសភា នៅថ្ងៃទី១៣ ខែមករា ខាងមុខនេះរបស់កោះតៃវ៉ាន់ កំពុងធ្វើឡើង ខណៈដែលប្រទេសចិនដែលចាត់ទុកកោះនេះជាទឹកដីរបស់ខ្លួន និងបានព្យាយាមបង្ខំកោះតៃវ៉ាន់ ឱ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ចិន។ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិនបាននិយាយថា ចាប់ពីថ្ងៃទី០១ ខែមករា ការកាត់បន្ថយពន្ធនឹងត្រូវផ្អាកសម្រាប់ផលិតផល ១២មុខដោយសំអាងដល់ «ការហាមឃាត់ និងការរឹតបន្តឹង» ដែលកោះតៃវ៉ាន់ដាក់លើការនាំចេញរបស់ចិន ដោយរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្នាំ២០១០។ការិយាល័យចរចាពាណិជ្ជកម្មរបស់កោះតៃវ៉ាន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ប្រទេសចិនកំពុងអនុវត្ត «ការបង្ខិតបង្ខំសេដ្ឋកិច្ចជាធម្មតា» របស់ខ្លួនលើកោះនេះហើយថាចិនគួរតែបញ្ឈប់ «ឧបាយកលនយោបាយតែម្ខាង» របស់ខ្លួនហើយទៅពិភាក្សាគ្នានៅក្នុងអង្គការពាណិជ្ជកម្មពិភពលោកដែលភាគីទាំងពីរជាសមាជិក៕

ឈ្មោះបេក្ខជនប្រឡងជាប់មន្ត្រីកសិកម្មឃុំទាំង ២៥០រូប ចេញផ្សាយនៅថ្ងៃនេះ

2023/12/22 03:06:47 pm        161
លទ្ធផល នៃការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ជាលើកដំបូង ចេញផ្សាយនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ។ ដំណើរការកំណែក៏ដូចជាការស្រង់ពិន្ទុ នៃការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ត្រូវ​បាន​បិទ​បញ្ចប់​រួចរាល់​។ ជាលទ្ធផលបង្ហាញថា ក្នុងចំណោមបេក្ខជនប្រឡងជាប់ ទាំង ២៥០រូប គឺមានស្ត្រីចំនួន ៩៤នាក់​។ ឈ្មោះបេក្ខជន ដែលប្រឡងជាប់ទាំង ២៥០ រូប គឺផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុករបស់ ក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ និង​ទំព័រ​ហ្វេសប៊ុករបស់ភាគីពាក់ព័ន្ធ។ លទ្ធផលក៏មានការបិទបង្ហាញផ្ទាល់ នៅក្រសួងមុខងារសាធារណៈ ក្រសួងកសិកម្ម និងនៅសាលាភូមិន្ទរដ្ឋបាលផងដែរ។ចំពោះការប្រកាសលទ្ធផលនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង​ជា​ប្រធាន​គណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានលើកឡើងថា បេក្ខជន​ដែលប្រឡងជាប់ គឺឆ្លងកាត់ការចម្រាញ់ជាច្រើនដំណាក់កាល ហើយពួកគេ ត្រូវ​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល​បន្ថែមទៀតពីក្រសួងកសិកម្មផងដែរ ដើម្បីបំពេញ​ការងារ​ជូន​ប្រជា​កសិករ​ឱ្យ​បាន​ល្អ​ប្រសើរ និងមានប្រសិទ្ធភាព។ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងបន្ថែមដែរថា ក្រៅបេក្ខជនដែលជាប់ជាស្ថាពរ ក៏មាន​ការ​ជ្រើស​រើស​បេក្ខជន ដែលជាប់បម្រុងផងដែរ។ បេក្ខជនជាប់បម្រុង គឺកំណត់ចំនួន ១០នាក់​ក្នុង​មួយ​ស្រុក ហើយពួកគេអាចជំនួសបេក្ខជនជាប់ជាស្ថាពរក្នុងករណីណាមួយកើតឡើង។ឯកឧត្តម ហ៊ុន ម៉ានី បានលើកទឹកចិត្ត ចំពោះបេក្ខជនដែលពុំបានប្រឡងជាប់ កុំបាក់ចិត្ត និង​មិន​ត្រូវ​បោះបង់នោះទេ។ ឯកឧត្តមលើកឡើងថា បេក្ខជនអាច​ចូល​រួម​ប្រឡង​ជា​មន្ត្រី​កសិកម្ម​ឃុំ​នៅ​ឆ្នាំ​ក្រោយ​បន្តទៀត ព្រោះរាជរដ្ឋាភិបាលត្រូវការមន្ត្រីកសិកម្មឃុំជាង ១០០០ នាក់​បន្ថែម​ទៀត​ឯណោះ៕ អត្ថបទ៖ គឹម ហុក

មន្ត្រីខណ្ឌជលផល និងក្រុមអភិរក្សត្រីមេពូជដុតបំផ្លាញឧបករណ៍នេសាទខុសច្បាប់ និងបន្តស្រាវជ្រាវរកជនសង្ស័យ

2023/12/22 12:19:30 pm        198
មងប្រវែង១២.៨៤០ម៉ែត្រ និងសន្ទូចរនង១២.០០០ផ្លែ ត្រូវបានមន្ត្រីខណ្ឌជលផល សហការ​ជា​មួយ​ក្រុម​អភិរក្សត្រីមេពូជ រួមនឹងប្រជាសហគមន៍នេសាទ ដក​ហូតបាន និង​ដុត​បំផ្លញ​ចោល​នៅនឹង​កន្លែង ដើម្បីរួមគ្នាទប់ស្កាត់បទល្មើសនេសាទ។មន្ត្រីខណ្ឌជលផលបានចុះល្បាត​តាមដងទន្លេក្នុងភូមិសាស្ត្រ ស្រុកសៀមបូក ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ត្រីខណ្ឌជលផលស្ទឹងត្រែងបានបញ្ជាក់ថា ក្នុងសកម្មភាព​ចុះប្រ​តិបត្តិការ កម្លាំងធ្វើការប្រមូលបានពីអន្លុងអភិរក្សត្រីមេពូជ និងអន្លុង​អភិរក្ស​សត្វ​ផ្សោត​មេគង្គ ជាតំបន់ហាមឃាត់ការនេសាទ ដែលជនសង្ស័យបានលួចយកទៅដាក់នៅពេលយប់ បង្ក​ផល​ប៉ះពាល់ដល់ប្រភេទធនធានជលផល ដែលកំពុងរងគ្រោះថ្នាក់ ដូចជាត្រីរាជ-ត្រីកន្ត្រប់ខ្លា -ត្រី​គល់រាំង និងសត្វផ្សោតជាដើម ។ល។លោកបន្តថា កិច្ចសហប្រតិបត្តិការនេះមានកម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុសិ៍ត្បូងខ្លា -ប៉ុស្តិ៍​កោះជ្រឹម ប៉ុស្តិ៍សៀមបូក- ប៉ុស្ត៍កោះសំពាយ- សហការជាមួយប្រជាសហគមន៍នេសាទ -កោះ​សំពាយ​ -ស្រែក្រសាំង- កោះព្រះ- កោះជ្រឹម- អូរម្រះ- អូរច្រឡង់-និង ភ្ជុល ធ្វើសកម្មភា​ព​ចុះ​ល្បាត​ចាប់​ពី​កន្ទុយ​កោះសន្ទុករហូតដល់ភូមិអូរច្រឡង់ព្រំប្រទល់ខេត្តក្រចេះ ដែលជា​តំបន់​ស្នូល​ហាម​ឃាត់​ធ្វើនេសាទ។លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានគាំទ្រចំណាត់ការនេះ ព្រោះនៅ​តាម​តំបន់​គ្រប់​គ្រង​ការពារត្រីមេពូជ និងសត្វផ្សោតទន្លេមេគង្គនិមួយៗ មន្ត្រីជំនាញនិងឆ្នាំទន្លេ បាន​បោះ​បង្គោល និងដាក់ពោង ស្លាកសញ្ញា ហាមឃាត់ ធ្វើនេសាទទាំងរដូវបិទនិងបើកធ្វើនេសាទ តែ​ប្រជា​អ្នក​នេសាទមួយចំនួន មិនទាន់ភ្ញាក់រឭកចូលរួមអភិរក្សធនធានរបស់ខ្លួននៅឡើយទេ។លោកទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានបញ្ជាក់ថា សកម្មភាព​នេះ​បាន​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវក្នុងការថែរក្សាធានធានជលផលឱ្យសម្បូរបែបឡើងវិញ ព្រោះវាជា​ធន​ធាន​របស់យើងទាំងអស់គ្នា ហើយប្រសិនបើធនធានទាំងនេះបាត់បង់ គឺបងប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​កំពុងអាស្រ័យផល ជាអ្នករងផលប៉ះពាល់មុនគេ។សូមបញ្ជាក់ថា បេសកកម្មដែលបានធ្វើឡើងរួមគ្នានេះដកហូតបានមងចំនួន ១៤៣ត្បូង ស្មើនិងប្រវែង ១១.៤៤០ម៉ែត្រ ចាប់ពីក្រឡា ៧សង់ទី ដល់ទៅ១៦សង់ទីម៉ែត្រ និងដកហូត​សន្ទូច​រនងបាន ចំនួន១០៧ខ្សែ ប្រវែង១២.៨៤០ម៉ែត្រ ស្មើនឹង ១២.០០០ផ្លែ និងបានបំផ្លាញ​ចោល​នៅនឹង​កន្លែងភ្លាមៗតែម្តង៕ អត្ថបទ៖ មាស ផល្លា 

រយៈពេល១១ខែឆ្នាំនេះ កម្ពុជាប្រមូលចំណូលពីការនាំចេញទំនិញសរុបជាង ២១ ពាន់លានដុល្លារ

2023/12/21 10:47:59 am        197
គិតក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ កម្ពុជា​បាននាំចេញ​ទំនិញ​គិត​ជា​ទឹក​ប្រាក់ស​រុប​ចំនួន​ប្រមាណ ២១.៣ពាន់លានដុល្លារកើនឡើង ៤% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២២ ខណៈ​ការនាំចូលទំនិញពីក្រៅប្រទេសធ្លាក់ចុះ ១៩.៩% ស្មើនឹងប្រមាណ ២២,២​ពាន់​លាន​ដុល្លារ​។យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជានាំចេញទំនិញទៅទីផ្សារអាមេរិក មាន​ទឹក​ប្រាក់ ៨.១៤ ពាន់លានដុល្លារ, ជប៉ុន ១ពាន់លានដុល្លារ រួមចំណែកប្រមាណ ៣៨% នៃ​ទំហំ​នាំ​ចេញ​សរុបបានពីក្រោយដោយប្រទេសវៀតណាម ២.៦ ពាន់លានដុល្លារ, ចិន ១.៣ ពាន់​លាន​ដុល្លារ និងជប៉ុន ១.០៦ ពាន់លានដុល្លារ។ ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ដូចជាសំលៀកបំពាក់ ៨.៣ ពាន់លានដុល្លារធ្លាក់ចុះ ១៥% ផលិតផលស្បែកជើង ១.៥ ពាន់លានដុល្លារ ធ្លាក់ចុះ ២២% សម្ភារៈធ្វើដំណើរ ១.៦ ពាន់លានដុល្លារ ធ្លាក់ចុះ ១០% និង​ម៉ាស៊ីន​បរិធាន និងសម្ភារៈអគ្គិសនី ១.៧ ពាន់លានដុល្លារ កើនឡើង ៧៣%។ដោ​យ​ឡែកកម្ពុជានាំចូលទំនិញពីប្រទេសចិន មានទឹកប្រាក់ ៩.៧ ពាន់លានដុល្លារ កើនឡើង ៣% ពីប្រទេសវៀតណាម ៣.២ ពាន់លានដុល្លារ ធ្លាក់ចុះ ៩.៧% និងថៃ២.៦ពាន់លានដុល្លារ ធ្លាក់​ចុះ២៥%។ ការដោះ​ដូរពាណិជ្ជ​កម្ម​អន្តរជាតិ​នេះធ្វើ​ឱ្យ​កម្ពុ​ជា​មាន​ឱន​ភាព​ជញ្ជឹង​ពាណិជ្ជ​កម្ម​ជាង ៩០០លានដុល្លារ។ ក្នុង​នោះ​ទំហំ​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជា​មួយ​នឹង​បណ្តា​ប្រទេស​ហត្ថ​លេខី​នៃ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) មានចំនួន ២៦.៥៧ ពាន់​លានដុល្លារអាម៉េរិក ដែលការនាំចេញមានទំហំ ៧.២១ ពាន់លានដុល្លារអាម៉េរិក គឺកើនឡើង ២៧.២៩%។ ទីផ្សារ RCEP គឺជាទីផ្សារដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមានចំណែកប្រមាណ ៦១.០៦% នៃទំហំពាណិជ្ជកម្មសរុប របស់កម្ពុជា។នៅក្នុង​ពិធីបើកសន្និបាតនាព្រឹកថ្ងៃទី២១ ខែធ្នូនេះ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​មាន​ប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅ​តែ​ប្តេជ្ញា​បន្ត​កិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យពាណិជ្ជកម្មឱ្យកាន់តែរីកចម្រើន តាមរយៈ​ការ​បន្ត​ពង្រឹង​គុណ​ភាពធនធានមនុស្សលើវិស័យពាណិជ្ជកម្ម និងធុរកិច្ចឌីជីថល ដោយធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​រដ្ឋបាល និងគ្រប់គ្រង និងការអភិវឌ្ឍស្ថាប័ន។ ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ និង​ការ​ធ្វើ​ឱ្យប្រសើរឡើងគុណភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួងតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដោយ​បានកាត់បន្ថយទាំងការចំណាយ និងពេលវេលា, ការរក្សាស្ថិរភាពថ្លៃ និងការ​ជំរុញ​ពាណិជ្ជកម្ម​ក្នុងប្រទេស ការអភិវឌ្ឍទីផ្សារ និងអភិវឌ្ឍវិស័យឯកជន និងការបន្តក​សាង​ និង​ធ្វើ​វិសោធន​កម្ម​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មផងដែរ ដែលទាំងនេះ​បាន​បង្ក​លក្ខណៈងាយស្រួល និងបង្កើតបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ច និងការ​វិនិយោគ ក៏ដូចជាពង្រឹងភាពប្រកួតប្រជែងនៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ៕អត្ថបទ៖ ឈិត បូរ៉ាវី 

១១ខែនេះរដ្ឋប្រមូលពន្ធបានជាង ៣ ៣៤៧ លានដុល្លារស្មើជាង ៩៣% នៃផែនការ

2023/12/20 01:59:18 pm        278
ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាទទួលបានចំណូលពន្ធដារ សម្រាប់​ថវិកា​ជាតិបានចំនួនជាង ១៣ ​ពាន់ប៊ីលានរៀល​ ត្រូវប្រមាណជាង ៣ ៣៤៧ លានដុល្លារសហរដ្ឋអាមេរិក ស្មើជាង ៩៣ ភាគរយ នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣។ឯកឧត្តម គង់ វិបុល ​រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក​ជា​អគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបការងារប្រមូលចំណូលប្រចាំ ខែ វិច្ឆិកា ឆ្នាំ ២០២៣ នៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៣ នេះថា ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែ វិច្ឆិកានេះ ចំណូលពន្ធអាករគ្រប់ប្រភេទ ​ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធ ​គ្រប់គ្រងទិន្នន័យចំណូលអនឡាញ ​អនុវត្តការប្រមូលចំណូលបានជាង ១ ១៣៤ ប៊ីលានរៀល ត្រូវប្រមាណជាង ២៨០ លានដុល្លារ ស្មើជាង ៧ ភាគរយ នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះសរុបការប្រមូលចំណូល រយៈពេល ១១ ខែ ឆ្នាំ ២០២៣ វិញ, អគ្គនាយកដ្ឋានពន្ធដារ អនុវត្តបានជាង ១៣ ពាន់ប៊ីលានរៀល ត្រូវជាង ៣ ៣៤៧ លានដុល្លារ ស្មើជាង ៩៣ ភាគរយ នៃផែនការច្បាប់។ជុំវិញការប្រមូលពន្ធនេះដែរ ក្នុងនោះចំពោះការគ្រប់គ្រងប្រមូលចំណូលពន្ធពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) សម្រេចបានជាង ២៧៦ ប៊ីលានរៀល ត្រូវជាង ៦៨លានដុល្លារ ពីសហគ្រាសជាអ្នកជាប់ពន្ធអនិវាសនជនចំនួន ៨៣ សហគ្រាស (សម្រាប់សហគ្រាសផ្គត់ផ្គង់ទំនិញ និងសេវាអេឡិចត្រូនិកពីបរទេសចូលមកកម្ពុជា)។ក្នុងពិធីនេះដែរ, ឯកឧត្តម អគ្គនាយក បានផ្សព្វផ្សាយណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់​លំដាប់ថ្នាក់ ​ពង្រឹងការអនុវត្តប្រកប ដោយការយកចិត្តទុកដាក់នូវវិធានការលើកទឹកចិត្ត និងសម្រួលផ្នែកពន្ធដារជូនវិស័យឯកជននាពេលកន្លងមក ជាពិសេសវិធានការ និង​ដំណោះស្រាយថ្មីៗ​ពាក់ព័ន្ធនឹងពន្ធដារ ដែលសម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ចេញកាលពី ​ជំនួបក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩, ក៏ដូចជា​ការបន្តពង្រឹងការអនុវត្ត ប្រកបដោយការយកចិត្តទុកដាក់កម្រិតខ្ពស់ ថែមទៀត តាមអនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ដែលបានដាក់ចេញកន្លងមក ក្នុងការពង្រឹងគុណភាព នៃការ​ផ្តល់សេវា និងប្រសិទ្ធភាពការងារ ការបន្តខិតខំពង្រឹងអនុលោមភាពសារពើពន្ធ និងការពង្រឹង​អភិបាល​កិច្ច-រដ្ឋបាលកិច្ចល្អ គឺជារបៀបវារៈ និងជាមូល ដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ពង្រឹងការ​គ្រប់គ្រង​ប្រមូលចំណូលពន្ធ ដើម្បីជាប្រយោជន៍ដល់ការគាំទ្រថវិកាជាតិ​ ពិនិត្យនិងពិភាក្សាលើ លទ្ធផល និងវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋាន​ពន្ធដារ និងយុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ ព្រមទាំងបន្តពិនិត្យ និងពិភាក្សាលើ​សេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ២០២៤-២០២៨ របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅ​គាំទ្រការអនុវត្តនូវគោលនយោបាយនានា៕អត្ថបទ៖ សុន រ៉ាឌី,

សម្ដេចនាយករដ្ឋមន្រ្តី លើកទឹកចិត្តដល់ធនាគារទាំងអស់ពិនិត្យឡើងវិញ នូវឥណទាន​ដើម្បីជួយលើកស្ទួយវិស័យទេសចរណ៍

2023/12/20 09:02:07 am        166
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសលើកទឹកចិត្តដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាទាំងអស់​ ពិនិត្យរៀបចំ​ឥណទាន​ឡើងវិញ ដើម្បីធ្វើយ៉ាងណាងជួយ​ដល់វិស័យទេសចរណ៍​នៅកម្ពុជា ជាពិសេសវិស័យទេសចរណ៍​នៅ​ខេត្តសៀមរាបតែម្តង ​ខណៈខេត្តនេះកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារវីងថៅវើ នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីលើកស្ទួយវិស័យ​ទេសចរណ៍​នៅកម្ពុជាឲ្យកាន់តែរីកចម្រើន​ខ្លាំងក្លា​បន្ថែមទៀតនោះ ​មិនថា​ធនាគារវីង​ ឬធនាគារណានោះទេ គប្បី​ធ្វើការ ពិនិត្យ និងរៀបចំឡើងវិញ ក្នុងការផ្តល់ឥណទានដល់វិស័យនេះ។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានស្នើដល់បណ្តាធនាគារទាំង​អស់ពិនិត្យ​លទ្ធភាព​ក្នុងការផ្តល់​ឥណទាន​ទៅ​សហគ្រាស​ធុនតូច ​និង​ធម្យមផងដែរ ​ដើម្បី​ធ្វើ​យ៉ាង​ណាជួយ​សម្រាល​ស្ថាន​ភាព​របស់​សហគ្រាសទាំងនោះ​ឲ្យកាន់តែប្រសើរ ​និង​ដើម្បីជួយជំរុញដល់​ចរន្តសេដ្ឋកិច្ច​នៅកម្ពុជា​កាន់តែល្អជាងមុនជាដើម៕អត្ថបទបាន ចក់

ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល បើកសម្ពោធជាផ្លូវការនៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ

2023/12/15 09:46:33 am        100
ភ្នំពេញ៖ តាមការកំណត់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្ពោធជាផ្លូវការ ការរៀបចំពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូល លើកទី១៦ ដែលប្រារព្ធធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម និងមានការ​អញ្ជើញ​ចូលរួមពីឯកអគ្គរាជទូត អគ្គរដ្ឋទូតចំនួន ១១ប្រទេស , តំណាងលេខាធិការដ្ឋានពិព័រណ៍ចិន-អាស៊ាន, ប្រតិភូពាណិជ្ជករមកពីបណ្តាប្រទេសផ្សេងៗ និងភ្ញៀវជាតិ អន្តរជាតិជាច្រើនរូបផងដែរ។ពិធីនេះ បានរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់សកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ជាពិសេសដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម រវាងកម្ពុជា និងសហគមន៍អន្តរជាតិ។

តម្លៃស្រូវក្នុងឆ្នាំនេះបានហក់ឡើងខ្ពស់ ដោយបានកំពុងជួយដល់ជីវភាពរស់នៅរបស់កសិករ

2023/12/14 01:54:54 pm        214
ភ្នំពេញ៖ តម្លៃស្រូវនៅក្នុងរដូវឆ្នាំនេះ បានហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ ប្រមាណជាង៣០ ភាគរយ ដែលជាផ្នែកមួយកំពុងជួយសម្រួល ដល់ជីវភាពរស់នៅរបស់កសិករ និងជួយលើក​កម្ពស់​ដល់ការ​ដាំដុះ​ផលិតកម្មស្រូវនៅកម្ពុជា។ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ​លើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន ស្តីពីតម្លៃស្រូវនៅក្នុងឆ្នាំ២០២៣នេះថា ជាង ១៥ ឆ្នាំកន្លងមកនេះ តម្លៃស្រូវ​មិនមានការប្រែប្រួលខ្លាំងនោះទេ ​តែនៅក្នុងរដូវឆ្នាំនេះ តម្លៃស្រូវគ្រប់ប្រភេទ​បានហក់​ឡើងខ្ពស់ និងមានកំណើនប្រមាណជាង៣៥ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅនិងឆ្នាំមុនៗ។ឧកញ៉ា បន្តថា ចំពោះការឡើងថ្លៃនេះ ដោយសារបច្ចុប្បន្នពិភលោក​មានការបម្រែបម្រួល​អាកាសធាតុ ​បានធ្វើឲ្យប្រទេសមួយចំនួននៅក្នុងតំបន់ក្នុងអាស៊ីអាគ្នេយ៍ ​កំពុងជួបវិបត្តិបញ្ហាស្បៀង ដោយធ្វើឲ្យប្រទេសទាំងអស់នោះប្រមូលទិញអង្ករពី ប្រទេសដែលមាន ​ផលិតកម្មស្រូវច្រើន រួមជាមួយ​កម្ពុជាផងដែរ, ​ដោយការប្រមូលទិញនេះ ​ជាក់ស្តែងប្រទេសឥណ្ឌូនេស៊ី និងប្រទេស​ហ្វីលីពីន​ជាដើម បានប្រមូលទិញស្តុកទុក​ ដើម្បីរក្សាសន្តិសុខស្បៀងក្នុងប្រទេសរបស់ពួកគាត់។ បញ្ហាទាំងនេះ​បានធ្វើឲ្យតម្លៃស្រូវឆ្នាំនេះ ​បានហក់ឡើង ​ខ្ពស់ខុសពីធម្មតា ដែលជាផ្នែកមួយជួយ​សម្រួលដល់ជីវភាពរស់នៅរបស់កសិករ ​និងជួយលើកកម្ពស់ដល់ការដាំដុះផលិតកម្មស្រូវ នៅកម្ពុជា។ជុំវិញតម្លៃស្រូវនេះ,ឧកញ៉ា សុង សារ៉ន ​បានបញ្ជាក់ឲ្យដឹងថា​ សម្រាប់ទីផ្សារស្រូវបច្ចុប្បន្ន ប្រភេទ​ស្រូវរំដួល ​មានតម្លៃថ្លៃជាងគេ ​ក្នុងនោះ​ កសិករបានដាំដុះក្នុងរង្វង់ប្រមាណជាង២លានតោន, ស្រូវសែនក្រអូបជាប្រភេទស្រូវទី២ ​មានចំនួនប្រមាណក្នុងជាង​ ៣០ ម៉ឺន តោន ក្រៅពីនេះ​មាន​ប្រភេទស្រូវ ស្រង៉ែ, មានស្រូវ ៥១ និង ៥៤ សរុបទាំងអស់​មានប្រមាណជាង១០លានតោន ដោយ​តម្លៃស្រូវមាន ស្ថិរភាពល្អ គឺចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ​ជាក់ស្តែងមកពេលនេះ តម្លៃស្រូវ​បានហក់ឡើងជាង ៣០ %៕អត្ថបទ៖ សុន រ៉ាឌី,

ក្រសួងកសិកម្មជំរុញការធ្វើវារីវប្បកម្មបង្កងចិញ្ចឹមតាមបែបធម្មជាតិ ខណៈរសជាតិឆ្ងាញ់មិនចាញ់បង្កងធម្មជាតិ

2023/12/12 11:35:38 am        267
តាកែវ៖ ទៅថ្ងៃ​អនាគត​ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងជំរុញឲ្យប្រជាកសិករងាកមកធ្វើវារីវប្បកម្មបង្កងចិញ្ចឹមតាមបែបធម្មជាតិ ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនេសាទធនធានធម្មជាតិ និងម្យ៉ាងទៀត ដោយសារបង្កងចិញ្ចឹម ក៏មានរសជាតិឆ្ងាញ់ប្រហាក់ប្រហែលនឹងបង្កងធម្មជាតិ។ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី១២ ធ្នូ ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះអ្នកចិញ្ចឹមបង្កងតាមបែបធម្មជាតិមានចំនួនសរុប ២០កន្លែង ក្នុងនោះខ្នាតមធ្យមមាន ៨កន្លែង។ ឯកឧត្តម បានបន្តថា បង្កងធម្មជាតិមានចំនួនតិចតួច មិនអាចបំពេញតម្រូវការបាន ដោយក្នុង១ឆ្នាំ អាចរកបានតែក្នុងអំឡុង ៣ទៅ៤សប្តាហ៍ ហើយមានតម្លៃថ្លៃ ចាប់ពី ៤០ ទៅ៥០ដុល្លារក្នុង១គីឡូ អាស្រ័យតាមទំហំ និងភាពងាយរកបាននៃការនេសាទ។ ដោយឡែក បង្កងចិញ្ចឹមតាមបែបធម្មជាតិវិញ ​ឯកឧត្តមបានលើកឡើងថា ​ក៏មានរសជាតិឆ្ងាញ់​ប្រហាក់ប្រហែល​គ្នា ចិញ្ចឹមតាមស្តង់ដាបច្ចេកទេសច្បាស់លាស់​ មានសុវត្ថិភាព និងមានសក្តានុពលពង្រីក​ផលិតកម្ម​បានច្រើន ទៅតាមតម្រូវការទីផ្សារ ​និងមានតម្លៃប្រហែលពាក់កណ្តាលនៃបង្កងធម្មជាតិ ចន្លោះពី ២០ទៅ២៥ដុល្លារ ក្នុង១គីឡូ។ឯកឧត្តម បានបញ្ជាក់បន្ថែមថា ទិន្នផលបង្កងធម្មជាតិមានប្រមាណ ​៦០តោន ក្នុង១ឆ្នាំ ហើយ​មានតែ១ម្តងប៉ុណ្ណោះនៅក្នុង១ឆ្នាំៗ ក្នុងរង្វង់ ៤សប្តាហ៍នៃខែវិច្ឆិកា ​និងដើមខែធ្នូ។ ចំណែក​ឯបង្កងចិញ្ចឹមវិញ អាចធ្វើបាន ២ដង ក្នុង១ឆ្នាំ ប្រសិនបើប្រើកូនទំហំចាប់ពី១០ក្រាម ទៅ២០ក្រាម។ បច្ចុប្បន្នកសិដ្ឋានចិញ្ចឹមបង្កងផ្គត់ផ្គង់បានប្រហែល ​២០តោន ក្នុង១ឆ្នាំ ​ដោយសារតែទើបចាប់ផ្តើម។ សម្រាប់ការចិញ្ចឹមបច្ចុប្បន្នតាមបែបធម្មជាតិ (ដង់ស៊ីតេទាប និងមិនមែនជាលក្ខណៈប្រពលវប្បកម្ម) ក្នុង១ហិកតា​ កម្ពុជាទទួលបានទិន្នផលចន្លោះពី ១,២តោន ទៅ១,៤តោន ក្នុង១ឆ្នាំ៕អត្ថបទ ឈិត បូរ៉ាវី 

សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ មាននិន្នាការកើនឡើង ទោះបីសេដ្ឋកិច្ចពិភពលោក​រងប៉ះពាល់ក៏ដោយ

2023/12/12 10:25:37 am        232
អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅតែមាននិន្នាការកើនឡើង ខណៈ​កម្ពុជា​ស្ថិត​ក្នុងក្របខណ្ឌ RCEP, FTA, ការទទួលបានអនុគ្រោះពន្ធពីចក្រភពអង់គ្លេស និង​កំណើន​កើត​ចេញពីកិច្ចសហប្រតិបត្តិការថ្មីៗ ទោះបីសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាព ប្រាកដ​ប្រជាក៏ដោយ។លោកបណ្ឌិត ហុង វណ្ណៈ ជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ បណ្ឌិត​សភា​កម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីស្ថាន​ភាព​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២៤ នេះថា យោងតាមការធ្វើពាណិជ្ជកម្មទៅកាន់អន្តរជាតិរបស់កម្ពុជា និង​ការ​បើកទីផ្សារថ្មីៗ ដោយផ្អែក​ទៅ​លើកិ​ច្ច​ព្រម​ព្រៀង​ភាព​ជា​ដៃ​គូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​ជ្រោយ​តំបន់​ (RCEP) និងតាមកិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរីកម្ពុជា-ចិន (FTA) ជាដើម ជា​ពិសេស​ការ​គ្រប់គ្រង​ប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចស្ទើរពេញមួយឆ្នាំក្នុងឆ្នាំ ២០២៣ ដែលមានភាពល្អប្រសើរ អាច ជួយជ្រោមជ្រែងបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចឆ្នាំ ២០២៤ ឲ្យមានកំណើនប្រហាក់ប្រហែលគ្នាឆ្នាំ ២០២៣នេះផងដែរ។ក្រៅពីនេះ កម្ពុជានៅមានវិស័យមួយចំនួនទៀតជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចផងដែរដូចជា កំណើន​ភ្ញៀវទេសចរបរទេស និងកំណើនកើតចេញ​ពី​កិច្ច​សហប្រតិបត្តិការ​ថ្មី​ៗ​រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ជាមួយប្រទេសដៃគូរ និងស្របពេលកម្ពុជាបានត្រៀមខ្លួនជាច្រើន ដើម្បីចាប់​យក​ឱកាស​ផ្សេង​ៗ និងការត្រៀមទប់ស្កាត់ហានីភ័យ និងបញ្ហាប្រឈមនានា ដើម្បីធ្វើ​ឲ្យ​សម្រេច​នូវ​កត្តា​កំណើន​សេដ្ឋកិច្ច​ក្នុងឆ្នាំ២០២៤ ខាងមុខ។សូមបញ្ជាក់ថា ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចឆ្នាំ ២០២៤, រាជរដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នឹងបន្តនិន្នាការកើនឡើង នឹងសម្រេច បានកំណើនក្នុងរង្វង់ ៦,៦% ក្នុងនោះ​វិស័យ​ឧស្សាហកម្ម​ត្រូវបានព្យាករណ៍ថា នឹងបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៨,៥%, វិស័យសេវាកម្ម ៦,៩ % និងវិស័យកសិកម្មរំពឹងនឹងសម្រេចបានកំណើន ១,១% ផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណចំពោះវីរភាព និងពលិកម្មរបស់កងកម្លាំងជួរមុខគ្រប់ប្រភេទ និងគ្រប់ទិសទាំងអស់ដែលកំពុងឈរជើងការពារជាតិ ការពារទឹកដី ការពារសន្តិភាព របស់កម្ពុជា
06/08/2025 10:06 PM
ប្រមុខការពារជាតិកម្ពុជា៖ កងទ័ពកម្ពុជា-ថៃបានឯកភាពគ្នាសម្រួលកម្លាំងទ័ពចេញពីតំបន់ដែលអាចនឹងប៉ះគ្នា ដើម្បីបន្ថយភាពតានតឹង ការប្រឈមមុខគ្នា និងឱ្យមានស្ថិរភាពឡើងវិញនៅតាមបន្ទាត់ព្រំដែន
06/08/2025 10:06 PM
BREAKING NEWS!! សម្ដេចតេជោ៖ «ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់មានជម្លោះកម្ពុជា-ថៃ ដើម្បីបញ្ជៀសការប៉ះទង្គិចបង្ហូរឈាមទ្រង់ទ្រាយធំ»
06/08/2025 08:06 PM
ព្រះរាជអាជ្ញារងខេត្តតាកែវ ដឹកនាំកម្លាំងចុះដកហូតបង្គាចាក់ចាហួយ ៣៧០គីឡូក្រាម
06/08/2025 06:06 PM
មន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំងរួមជាមួយសប្បុរសជន ​ចូលរួម​បរិច្ចាគជួយគ្រួសារក្រីក្រ ១២គ្រួសារ
06/08/2025 06:06 PM
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមសន្និសីទ UNOC3 ស្តីពីមហាសមុទ្រនៅបារាំង
06/08/2025 06:06 PM
សម្ដេចឥស្សរវិទេសបញ្ញា ហោ ណាំហុង អញ្ជើញចុះសួរសុខទុក្ខកងទ័ពឈរជើង​នៅព្រំដែន ខេត្តឧត្តរមានជ័យ
06/08/2025 04:06 PM
TOP STORY | ឯកឧត្តម ប្រាក់ សុខុន ផ្ញើលិខិតទៅភាគីថៃបញ្ជាក់ពីគោលជំហរកម្ពុជានាំយកវិវាទព្រំដែនទៅតុលាការ ICJ
06/08/2025 04:06 PM
លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី នាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ បច្ច័យមួយចំនួន និង​រថយន្ត​មួយ​គ្រឿង ជាសទ្ធាជ្រះថ្លារបស់​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ទៅវេរប្រគេន វត្តកែវសិក្ខាគិរីស្វារៈ
06/08/2025 04:06 PM
បាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្រុង Tel Aviv ទាមទារឲ្យបញ្ជូនចំណាប់ខ្មាំងមកវិញ
06/08/2025 03:06 PM