គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
ត្រីមាសទី១ឆ្នាំនេះ CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ១៤៦ មានទុនប្រមាណ ២,៥ ប៊ីលានដុល្លារ
រយៈពេល៣ខែឆ្នាំ២០២៦នេះ ទីផ្សារអាមេរិកស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ៣,៣ ពាន់លានដុល្លារ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម និងរដ្ឋបាលខេត្ដសៀមរាបរៀបចំពិព័រណ៍ផលិតផលខ្មែរ និង​បន្លែផ្លែ​ឈើ​លើក​ទី១៩

2026/02/27 12:17:43 pm        178
ក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្ដសៀមរាប បានរៀបចំពិព័រណ៍ផលិតផលខ្មែរ និង​បន្លែ​ផ្លែ​ឈើលើកទី១៩ រយៈពេល៤ថ្ងៃ ដែលពិធីនេះ ធ្វើឡើងនៅសួនច្បារក្បែព្រះរាជដំណាក់ ក្រុង​សៀមរាប ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ពិព័រណ៌ផលិតផលនេះ ដើម្បី​ចូល​រួម​បំផុស​បំផុល​ដល់​ម្ចាស់កសិដ្ឋាននានាក្នុង និងក្រៅខេត្តយកនូវផលិតផលរបស់​ខ្លួន​មក​ដាក់​តាំង​ពិព័រណ៍​ចែក​ជូនដល់អ្នកខេត្តសៀមរាប និងដល់ភ្ញៀវទេសចរអន្តរជាតិ ដែលចូលមក​ទស្សនា​ខេត្ត​សៀមរាប ដើម្បីឈានដល់ការលប់បំបាត់នូវការនាំចូលបន្លែផ្លែឈើពីបរទេស ពិសេស ប្រទេស​ជិតខាង។ លោកបានបន្ដថា ខេត្តសៀមរាប ក្រៅពីវិស័យវិស័យទេសចរណ៍ ដែលជា​វិស័យ​អាទិភាព នៅមានវិស័យជាច្រើនទៀត ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​រួម​ចំណែក​ដល់​កិច្ច​អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្ត ក្នុងនោះវិស័យកសិកម្ម សេវាកម្ម និងការកែច្នៃផលិតផល សំខាន់​ៗ​ដូចជា ផលិតផលកែច្នៃ មានប្រហុក សាច់ក្រក នំ ព្រមទាំងការ​រក្សា​បាន​នូវ​អត្ត​សញ្ញាណ​របស់​ខ្លួន​ជាដើម។ លោកបានឱ្យដឹងថា ក្រៅពីផលិតផល កសិ-ឧស្សាហកម្ម ក៏មានដំណាំរួមផ្សំដូចជា បន្លែ និង​ផ្លែ​ឈើ ហើយបច្ចុប្បន្ន ផលិតផល ទាំងនេះ កសិករយើងអាចផលិតបានមួយចំនួនធំ ដែល​ប្រកប​ដោយ​គុណភាព សោភ័ណ្ឌភាព សុវត្ថិភាព និងបានធ្វើការផ្គត់ផ្គង់មកកាន់ទីផ្សារ ប៉ុន្តែ​បរិមាណ​តម្រូវ​ការ​ចំពោះបន្លែ និងផ្លែឈើសុវត្ថិភាពនៅមានទំហំធំ និងប្រកបដោយការប្រកួតប្រជែង។ លោកបន្ថែមថា សហគ្រាសធុនតូច និងមធ្យម ក្នុងខេត្តសៀមរាប កំពុងតែ​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ​ប៉ុន្ដែការផលិតរបស់យើងនៅមានកម្រិត និងពុំទាន់ធានា បានទៅតាម​តម្រូវ​ការ​ប្រើប្រាស់​នៅឡើ​យ នាំឱ្យមានការហូរចូលនូវផលិតផលពីបរទេសជាច្រើន ដែលរាប់ទាំងទំនិញ បន្លែ​ផ្លែឈើ ត្រី សាច់ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយនេះ ផលិត​ផល​ក្នុង​ស្រុកក៏មានការជួបប្រទះនូវការលំបាក ក្នុងការប្រកួតប្រជែងផលិតផលរបស់ខ្លួន ជាមួយ​ផលិតផល​នាំចូល។ លោកស្នើឱ្យផលិតករក្នុងស្រុកត្រូវខិតខំពង្រឹងគុណភាព សុវត្ថិភាព ការ​វេច​ខ្ចប់ ​ប្រកបដោយអនាម័យ ការដាក់ស្លាកច្នៃផលិតឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និង តាម​តម្រូវ​ការ​អ្នក​ប្រើប្រាស់ ជាមួយនឹងតម្លៃ ដែលអាចប្រកួតប្រជែងជាមួយផលិតផលនាំចូល។ឯកឧត្ដម សំហេង បូរា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងថា ព្រឹត្តិការណ៍ពិព័រណ៍នេះ ជា​ព្រឹត្ដិការណ៍ប្រចាំឆ្នាំ ក្នុងគោល​បំណង​ជំរុញ​លើក​កម្ពស់ និង​បង្ហាញ​ពី​សក្ដានុពល​ផលិតផល​ខ្មែរ និង​ផ្គូរផ្គងធុរៈជននៅក្នុងប្រទេស ដែលមានការចូលរួមពីបណ្ដាសហគ្រាសក្រុមហ៊ុនជាច្រើន ដែ​ល​ធ្វើឱ្យមានការទាក់ទាញអ្នកទេសចរជាតិនិងអន្ដរជាតិផងដែរ បង្កើនសកម្មភាពពាណិជ្ជកម្ម ជា​ពិសេស ជំរុញនូវសេដ្ឋកិច្ចជាតិនៅមូលដ្ឋាន។ ពិព័រនេះ ជាវេទិកាសម្រាប់អាជីវករ ពាណិជ្ជករ ប្រតិបត្ដិករណ៍ សេវាករ អ្នកនាំចេញនាំចូលផ្លែឈើ អ្នកដាំដុះបន្លែ​ផ្លែ​ឈើម​ក​ពី​តាម​បណ្ដា​ខេត្ដ និង​នៅ​ក្នុង​ខេត្ដជាដើម។ឯកឧត្ដមបានបន្ដថា ពិព័រណ៌ មានការដាក់តាំងលក់ផលិតផលខ្មែរ ដែល​មានគុណភាព ជាផផលិតផលដោយកូនខ្មែរ។ សូម​បញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍នេះ រៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម និងមាន​ការ​ចូលរួម​គាំទ្រ​ពី​រដ្ឋបាលខេត្តសៀមរាប និងស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត រួមមាន៖ មន្ទីរ-ស្ថាប័នចំណុះខេត្ត អង្គការ សមាគម សហគមន៍ កសិដ្ឋាន ក្រុមហ៊ុន សហគ្រាស ផលិតករ អាជីវករ និង «ផ្សារចុង​សប្តាហ៍​» ​នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS)ចំនួនជាង១១០ស្តង់ពិព័រណ៍ នឹង​ដាក់តាំងបង្ហាញ-លក់ទំនិញសម្គាល់ភូមិសាស្រ្ត ផលិតផលកសិកម្ម បន្លែផ្លែឈើស្រស់ ផលិត​ផល​សិប្បកម្ម តម្បាញ សូត្រ វត្ថុអនុស្សាវរីយ៍ ត្បូងមានតម្លៃ គ្រឿងអលង្ការ អាហារនិងភេសជ្ជៈ ផលិត​ផលហាឡាល និងសេវាកម្មធនាគារ ជាដើម៕ អត្ថបទ៖ ឈិត សាវី

កម្ពុជា ពិភាក្សា និងស្វែងរកគន្លឹះថ្មីៗ ដើម្បីជំរុញលើកកម្រិតឧស្សាហកម្មនៅក្នុងស្រុកឆ្លើយតបទីផ្សារ

2026/02/26 02:23:39 pm        119
កម្ពុជាពិភាក្សា និងស្វែងរកនូវគន្លឹះថ្មីៗ ដើម្បីជំរុញលើកកម្រិតឧស្សាហកម្ម តាមរយៈការផ្លាស់ប្តូរឧស្សហកម្មប្រើកំលាំង ទៅប្រើប្រាស់ជំនាញ ការជំរុញផ្លាស់ពីឧស្សាហកម្មពាក់កណ្តាលស្វ័យប្រវិត្តកម្រិតមធ្យមទៅកម្រិតខ្ពស់ និងការកែច្នៃម៉ូតក្នុងឧស្សហកម្មកាត់ដេរ ដើម្បីឆ្លើយតបទីផ្សារ និងការបង្កើតតម្លៃបន្ថែមខ្ពស់។ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម លើកឡើងក្នុងកិច្ចពិភាក្សាអំពីដំណោះស្រាយរបាំងបច្ចេក ទេសពាណិជ្ជកម្ម ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ថា ដើម្បីរួមចំណែកដល់កំណើនវិជ្ជមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ចេញនូវយន្តការការងារ ច្រើន រួមទាំងការងារគ្រប់គ្រង់រោងចក្រ ការងារបច្ចេកទេស សុវត្ថិភាពឧស្សាហកម្ម កម្មសិទ្ធឧស្សហកម្ម និងការងារជំរុញផលិតភាព។ឯកឧត្តម បន្តថា បើមើលទៅលើសហគ្រាសទាំងមូល ដោយយើងមិនត្រូវគិតត្រឹមការផលិតទេ គឺយើងត្រូវគិតអំពីការចាប់ផ្តើម ដំបូង ទាំងវត្ថុធាតុដើម ការចែកចាយ ការផ្សព្វផ្សាយ រហូតដល់ការទូទាត់នូវសេវា។ បញ្ហានេះប្រសិនយើងបានគិតគូរលម្អិត វានឹងជួយ បន្ថែមដល់តម្លៃនៃផលិតផល និងការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព។ ឯកឧត្តម បន្ថែមថា ចំណែកទាក់ទងការផលិត និងចែកចាយ ឃើញថា ភាគីទាំងពីរគឺនៅដាច់ពីគ្នា ដោយបានធ្វើឱ្យរបាំងពាណិជ្ជកម្មពិបាកដោះស្រាយ ជាពិសេសតម្រូវការទីផ្សារ និងជំរុញឱ្យការ ផ្លាស់ប្តូរពីឧស្សាហកម្មពាក់កណ្តាលស្វ័យប្រវត្តិទៅជាកម្រិតខ្ពស់ជាដើម។ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកនាយកប្រតិបត្តិសហគ្រិនខ្មែរ លើកឡើងថា ជុំវិញ ឧស្សាហកម្មកាត់ដេរនេះ គឺជាវិស័យសក្តានុពលមួយបានកំពុងទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចជាតិ។ ដើម្បីជំរុញឱ្យវិស័យនេះកាន់តែរីក លូតលាស់ក្នុងសេដ្ឋកិច្ច កម្ពុជាគួរផ្លាស់ប្តូរទៅរបត់ថ្មីៗបន្ថែមទៀតដូចជា កាបង្កើតឧស្សាហកម្មម៉ូតខោ-អាវ ដើម្បីឆ្លើយតបតាមបរិបថ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយនឹងអាចរកចំណូលបានច្រើន ជួយដល់កំណើនសេដ្ឋកិច្ចបន្ថែម។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ជុំវិញវិស័យ ឧស្សាហូបនីយកម្ម, ចំណែកជុំវិញឧស្សាហកម្មថ្មី ក្រៅពីឧស្សាហកម្មវាយនភណ្ឌ និងឧស្សាហកម្មគាំទ្រគ្រឿងបង្គុំ ក្នុងនោះឧស្សាហកម្ម កម្មន្តសាល ផ្នែកកសិ-ឧស្សាហកម្ម គឺត្រូវការគាំទ្របន្ថែមទៀតដើម្បីឱ្យវិស័យក្លាយខ្លួនរឹងមាំ។ ជាងនេះទៀត គឺការគិតគូរអំពីសុវត្ថិភាព ឧស្សាហកម្ម ដែលជាផ្នែកចម្បងមួយ ដើម្បីធានាសុខដុមនីយកម្មសេដ្ឋកិច្ចសង្គម ព្រមទាំងរក្សាសុខុមាលភាព និងបរិស្ថាន។សូមបញ្ជាក់ថា ជុំវិញការអភិវឌ្ឍវិស័យឧស្សាកម្មនៅក្នុងឆ្នាំ២០២៥, កម្ពុជាមានរោងចក្រធុនធំដំណើរការមានចំនួន ៣.០៨៣ រោងចក្រ កើនឡើង ៦៥៨ រោងចក្រ ត្រូវជាង ២៧ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤ ក្នុងនោះរោងចក្រធុនធំកើតថ្មី មានចំនួន ៧០០ រោងចក្រ កើនឡើង ៣៧៤ រោងចក្រ ត្រូវជាង ១១៤ ភាគរយ និងរោងចក្រធុនធំបិទទ្វារ មានចំនួន ៤២ រោងចក្រ កើនឡើងចំនួន ១៦ រោងចក្រ ត្រូវ ៦១ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤។ ចំណែកទុនវិនិយោគសរុប នៅក្នុងវិស័យឧស្សាហកម្ម មានចំនួនជាង ២៥ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៤,៧ ពាន់លានដុល្លារអាមេរិក ស្មើជាង ២៣ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋសភាកម្ពុជា ជួយសម្របសម្រួល តភ្ជាប់សភាបារាំង និងCDC ដើម្បីធ្វើការ​រួមគ្នា​លើ​ការងារ​ពាក់​ព័ន្ធ​សេដ្ឋកិច្ច និងពាណិជ្ជកម្ម

2026/02/25 09:50:17 am        178
ក្នុងជំហានថ្មីមួយនៃការពង្រឹងទំនាក់ទំនងទ្វេភាគី គណៈប្រតិភូក្រុមមិត្តភាពសភាបារាំង-កម្ពុជា បាន​ជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បី​កំណត់​ទិស​ដៅ​យុទ្ធសាស្ត្រក្នុងការទាក់ទាញវិនិយោគិនបារាំងមកកាន់កម្ពុជា ឱ្យស្របតាម​បរិបទ​នៃ​កិច្ច​សហ​ប្រតិបត្តិការសភា និងការត្រៀមខ្លួន​ធ្វើ​ជាម្ចាស់ផ្ទះ​នៃ​ព្រឹត្តិការណ៍​អន្តរជាតិធំ​ៗ​នា​ពេល​ខាង​មុខនេះ​។ជំនួបពិភាក្សាការងារ ដែលផ្ដោតសំខាន់លើការវិនិយោគសេដ្ឋកិច្ចនិង ពាណិជ្ជកម្ម រវាង ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា និង ឯកឧត្តម សួន សុផល អគ្គ​លេខាធិការ​រង​នៃគណៈកម្មាធិការវិនិយោគកម្ពុជា អាចដំណើរការ​និង​លេច​ចេញ​ជា​រូប​រាង​ផ្លែ​ផ្កា​នៅ​​ពេ​លនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់រដ្ឋសភាកម្ពុជា ដែលជាស្ពាន​តភ្ជាប់​ជា​អ្នក​សម្រប​សម្រួល ក្នុងការប្រើប្រាស់ទំនាក់ទំនងល្អជាមួយសភាបារាំង ដើម្បីបើកផ្លូវឱ្យ​មាន​ការ​ជឿ​ទុក​ចិត្ត ដែលជាគ្រឹះមិនអាចខ្វះបានរបស់អ្នកវិនិយោគ។ រដ្ឋសភាកម្ពុជា ក្រោមការដឹកនាំ​របស់​សម្ដេច​មហា​រដ្ឋសភាធិកាធិបតី ឃួន សុដារី ក្នុងស្មារតីតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាជាធំ រដ្ឋសភាបានបង្ហាញពីឆន្ទៈក្នុងការគាំទ្ររាល់ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយទាំងឡាយណាដែលបម្រើឱ្យផលប្រយោជន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ភាគីបារាំងតាមរយៈ ឯកឧត្តម Thomas Lam ប្រធានក្រុមមិត្តភាពសភាបារាំង-កម្ពុជា នៅចំពោះមុខថ្នាក់ដឹកនាំ CDC បានបង្ហាញសញ្ញាវិជ្ជមាន និងអបអរសាទរចំពោះវឌ្ឍនភាពរបស់កម្ពុជា។ ក្នុងនាមជាតំណាងស្ថាប័ននីតិប្បញ្ញត្តិបារាំង ឯកឧត្តមបានប្តេជ្ញាចិត្ត បន្តទាក់ទាញធុរកិច្ចបារាំងលើវិស័យកសិឧស្សាហកម្ម, យានយន្ត, អេឡិចត្រូនិក, សុខាភិបាល និងភស្តុភារកម្ម មកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះភាគីបារាំងក៏បាន សន្យាជំរុញឱ្យក្រុមហ៊ុនបារាំងចូលរួមយ៉ាងសកម្មក្នុង "វេទិកាវិនិយោគ និងធុរកិច្ច" ដែលនឹងត្រូវរៀបចំឡើងអមជាមួយកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះផងដែរ។ក្នុងនាមជាសេនាធិការច្រកចេញចូលតែមួយសម្រាប់វិនិយោគ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានរំលេចនូវចំណុចខ្លាំងផ្នែកបច្ចេកទេស និងការលើកទឹកចិត្តរបស់កម្ពុជាចំពោះវិនិយោគិនបរទេសទាំងអស់ ដោយ កម្ពុជាបានដាក់ចេញនូវយន្តការវិនិយោគដែលមានការបត់បែន និងឆ្លាតវៃ ដើម្បីធានាបាននូវឧត្តមភាពប្រកួតប្រជែង , ចំពោះយន្តការសន្ទនា EU-Cambodia, CDC បានរំលឹកពីប្រសិទ្ធភាពនៃយន្តការសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅចំនួន ៣ លើករួចមកហើយ ដើម្បីធានាថារាល់កង្វល់របស់វិនិយោគិនបារាំងត្រូវបានដោះស្រាយ ជាមួយគ្នានេះ CDC ក៏បានស្នើឱ្យក្រុមមិត្តភាពសភាទាំងពីរជួយជំរុញទំនាក់ទំនងរវាង "ធុរជន និងធុរជន" (B2B) ឱ្យកាន់តែស្អិតល្មួត។សូមរំលឹកឡើងវិញថា ជំនួបរវាងក្រុមមិត្តភាពសភាបារាំងកម្ពុជានិងថ្នាក់ដឹកនាំ cdc ដែលមានការសម្របសម្រួលពីរដ្ឋសភាកម្ពុជា នៅពេលនេះ បានសបញ្ជាក់ឱ្យឃើញពីសង្គតិភាពរវាង ស្ថាប័ននីតិប្បញ្ញត្តិ (សភាទាំងពីរ) ដែលជាអ្នកសាងសង់ស្ពានមិត្តភាព និង ស្ថាប័ននីតិប្រតិបត្តិ (CDC) ដែលជាអ្នករៀបចំគ្រឹះបច្ចេកទេស។ កិច្ចសហការត្រីភាគីនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា-បារាំង ឱ្យឈានដល់កម្រិតថ្មីមួយទៀត ជាពិសេសក្នុងឱកាសនៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ខាងមុខនេះ៕

ខែមករាឆ្នាំនេះ សហភាពអឺរ៉ុបស្រូបយកទំនិញពីកម្ពុជាមានទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារ

2026/02/23 11:14:21 am        168
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាទីផ្សារសហភាពអឺរ៉ុប ក្នុងខែមករា ដើមឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបជាង ៤៥៦ លានដុល្លារអាមេរិក បានបន្តកើនឡើងប្រមាណជាង ៤ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញឱ្យដឹងថា សម្រាប់ខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនាំ ចេញទំនិញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសអឺរ៉ុបចំនួន៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៥៦ លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសទាំង ៥ បាននិងកំពុងជួយជ្រោមជ្រែងដល់នាំចេញរបស់ទំនិញកម្ពុជា ដោយបន្តមានកំណើនកើនឡើងល្អប្រសើរ បើធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។ជាក់ស្តែងក្នុងខែដំបូងឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅអេស្បាញ មានទឹកប្រាក់ប្រមាណជាង ១១៨ លានដុល្លារ កើនឡើងជាង ១៤ ភាគរយ, អាល្លឺម៉ង់ ជាង ៨៣ លានដុល្លារ កើនជាង ២ ភាគរយ, ហូឡង់ ជិត ៧៦ លានដុល្លារ កើនជាង ៤ ភាគរយ, បារាំង ជាង ៤៥ លានដុល្លារ កើនជិត ១៣ ភាគរយ និងប្រទេសបែកហ្សិក មានទឹកប្រាក់ជិត ៤០ លានដុល្លារ កើនឡើង ជិត ៧ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អេស្បាញ មានទឹកប្រាក់ សរុបជាង ១២០ លានដុល្លារ កើនជាង ១៥៨ ភាគរយ, អាល្លឺម៉ង់ ជាង ៩៥ លានដុល្លារ ថយចុះជាង -១៣ ភាគរយ, ហូឡង់ ៨២ លានដុល្លារ កើនជាង ៥៧ ភាគរយ, បារាំង ជិត ៥៨ លានដុល្លារ កើនជិត ២៤ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា- បែកហ្សិក មានទឹកប្រាក់ជិត ៤២ លានដុល្លារ ថយចុះជាង -៥៧ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥។សូមបញ្ជាក់ថា ក្នុងខែដំបូងឆ្នាំ២០២៦នេះ ការដោះដូរពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជាង ៦ ពាន់លានដុល្លារ កើនឡើង ១៩ ភាគរយ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៣ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ និងការនាំចូលពីបរទេស មានទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ កើនឡើង ១៤ ភាគរយ ធៀបរយៈពេលដូចគ្នា ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី,

យុវជនកម្ពុជាកំពុងដើរលើផ្លូវត្រូវលើការអភិវឌ្ឍជំនាញ ដើម្បីចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2026/02/23 10:50:08 am        390
អ្នកជំនាញថ្លែងថា យុវជនកម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍរបស់ខ្លួន ឱ្យ​ក្លាយ​ជា​ធនធាន​ដែល​មានសក្តានុពល តាមរយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយ​តបទៅនិងតម្រូវការទីផ្សារការងារ និងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្រប​តាម​យុទ្ធសាស្រ្ត​របស់​រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើង​ក្នុង​ការ​អញ្ជើញ​ជា​វាគ្មិន​កិត្តិយស ចែករំលែក ស្តីពីភាពជាអ្នកដឹកនាំ ការងារជាក្រុមប្រកបដោយប្រសិទ្ធភាព និង​ការ​គ្រប់​គ្រង​ពេល​វេលា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍ សមត្ថភាព​ធន​ធាន​មនុស្ស និងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ គោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺ​ការ​កសាង​ធនធាន មនុស្សប្រកបដោយសមត្ថភាព ជំនាញ ឆន្ទះម្ចាស់ការ និងក្រម​សីល​ធម៌​វិជ្ជា​ជីវៈ​ ស្របតាមតួនាទីនិងការទទួលខុសត្រូវ។ឯកឧត្តមបណ្ឌិតបន្ថែមថា យុវជនគឺជាតួអង្គដ៏សំខាន់ ក្នុងការបន្តវេន សម្រាប់ខ្លួនឯង គ្រួសារ ការ​ដឹកនាំអាជីវកម្ម និងការ ចូលរួមជាមួយសង្គមជាដើម បច្ចុប្បន្នឃើញថា យុវជន​កម្ពុជា​បាន​និង​កំពុង​ដើរលើផ្លូវត្រូវលើការជំរុញអភិវឌ្ឍន៍របស់ខ្លួន ឱ្យក្លាយជាធនធាន ដែលមានសក្តានុពល តាម​រយៈនៃការចូលរួមបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ឆ្លើយតបទៅនិងតម្រូវការទីផ្សារការងារ និង​ការ​ចូល​រួម អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។លោក ឆេង ភារុន អនុប្រធានថ្នាក់តំបន់ឆ្នាំ២០២៦ នៃសភាយុវពាណិជ្ជករ​អន្តរជាតិ​កម្ពុជា​សាខា​ចតុ​មុខ​លើកឡើងថា Junior Leadership Accademy (JLA) បានកំពុងជួយយុវជនកម្ពុជា តាម​រយៈ​ការចូលរួមបណ្តុះបណ្តាលជំនាញ ជាពិសេសការ ផ្តល់ឱកាសដល់យុវជនកម្ពុជា ចេញ​ទៅ​បំពេញការងារស្ម័គ្រចិត្តទៅតាមគម្រោងផ្សេងៗ ដោយផ្តល់​គុណ​តម្លៃ​នូវ​អ្វីៗ​ដែល​ពួក​គាត់​បាន​ធ្វើ​ ដើម្បីឈានទៅពង្រីកខ្លួនក្លាយទៅជាសហគ្រិនឆ្នើម ឬជាអ្នកដឹកនាំខ្លំាងពូកែ ចូលរួម​ចំណែក​ដល់​ការ​អភិឌ្ឍសង្គម-សេដ្ឋកិច្ច។ចំណែកក្រុមយុវជន ថ្លែងថា ប្រទេសកំពុងអភិវឌ្ឍន៍ ច្បាស់ជាត្រូវការចូលរួមពីប្រជាជន និង​យុវជន ​ដែលជាចលករដ៏សំខាន់ ជួយរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែខ្លាំងក្លា ជាក់ស្តែង​តាម​រយៈ​ការ​ចូល​រួម​របស់យុវជននៅពេលនេះ បានបង្ហាញឱ្យឃើញអំពីការយកចិត្ត ទុកដាក់ ដើម្បី​ចាប់​យក​ចំណេះ​ជំនាញ សម្រាប់ឈានទៅអភិវឌ្ឍខ្លួន ឆ្លើយតបទៅការងារ ស្រប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាជំនាញ ដើម្បី​ទទួល​បាន​ឱ​កាសការងារក្នុងសង្គម។សូមបញ្ជាក់ថា ជុំវិញការពង្រឹងសមត្ថភាពប្រកួតប្រជែងនេះ រាជរដ្ឋាភិបាលបាននិងកំពុងបន្ត ជំរុញ​អភិវឌ្ឍ​ធនធានមនុស្ស និងមូលធនមនុស្ស តាមរយៈការលើកកម្ពស់គុណភាណអប់រំ និង​ការ​បណ្តុះ​បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈគ្រប់កម្រិត ដើម្បីបង្កើតផលិតភាព ធន​ធាន​មនុស្សប្រ​កប​ដោយសក្តានុពល ឱ្យបានគ្រប់គ្រាន់ និងដើម្បីឆ្លើយ​តប​ទៅ​នឹង​តម្រូ​វ​ការ​ទី​ផ្សា​រ​ការ​ងា​រ និងការចូលរួមអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច៕ អត្ថបទ៖ សុន រ៉ាឌី

ទំហំពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសដៃគូ RCEP មានទំហំទឹកប្រាក់ជាង ៣,៧៦ ពាន់​លាន​ដុល្លារ​កើនជិត ១៥ភាគរយក្នុងខែមករាឆ្នាំនេះ

2026/02/20 03:25:14 pm        176
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅខែមករា ឆ្នាំ ២០២៦ ការដោះដូរទំនិញកម្ពុជាជាមួយប្រទេសជាសមាជិក RCEP សម្រេចបានទំហំទឹកប្រាក់ ៣,៧៦ ពាន់លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃជាង ៩២៧ លានដុល្លារ កើន​ឡើង ១៩,៣៤% ខណៈកម្ពុជានាំចូលពីប្រទេសជាសមាជិក មានតម្លៃ ២,៨៣ ពាន់​លាន​ដុល្លារ​កើន ១៣,៣២%។ប្រទេសវៀតណាម ជប៉ុន ចិន និងកូរ៉េខាងត្បូង គឺជាដៃគូ​ពាណិជ្ជកម្ម​ចម្បង​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក RCEP ដែលនាំចូលទំនិញពីកម្ពុជាច្រើនជាងគេសម្រាប់ខែមករា ឆ្នាំនេះ។ វៀតណាម បានបញ្ជាទិញទំនិញពីកម្ពុជា មានទំហំទឹកប្រាក់ជាង ៣៣៧ លានដុល្លារអាម៉េរិក ក្នុង​ខែមករា ឆ្នាំ២០២៦ កើនឡើង ២១,១ភាគរយ បើធៀបនឹងខែមករា ឆ្នាំមុន។តាមពីក្រោយ ដោយប្រទេស ជប៉ុន បានទិញទំនិញពីកម្ពុជា មានតម្លៃជាប្រាក់ជាង ១៧៦ លាន​ដុល្លារ​អាម៉េរិក កើន ១៦,៦ ភាគរយ ខណៈប្រទេសចិនទិញទំនិញពីកម្ពុជា មានទឹកប្រាក់ជាង ១៦៤​លាន​ដុល្លារអាម៉េរិក កើន ៥៩,៣ ភាគរយ។កិច្ចព្រមព្រៀងភាព RCEP គឺជាប្លុកពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែល​មាន​សមាជិក​​ចំនួន ១៥​ប្រទេស រួមមាន សមាជិកអាស៊ានទាំង ១០ និងដៃគូពាណិជ្ជកម្មចំនួន ៥ (ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី នូវែលសេឡង់)។ កិច្ចព្រមព្រៀងនេះ បានចូលជាធរមាន នៅឆ្នាំ២០២២ ដោយផ្តោតការអនុគ្រោះពន្ធគយ និងជំរុញការវិនិយោគ។ទិន្នន័យ GDCE បង្ហាញថា ក្នុងឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសសមាជិក RCEP មានទំហំទឹកប្រាក់ប្រមាណ ៤០,២៣ ពាន់លានដុល្លារ កើនឡើង ១៦,២៦% ធៀប​នឹង​ឆ្នាំ ​២០២៤ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញមានតម្លៃ ៩,៨ ពាន់លានដុល្លារ ចំណែក​ឯការ​នាំចូល​ប្រទេស​ជា​សមាជិកមានទឹកប្រាក់ប្រមាណ ៣០,៤៤ ពាន់លានដុល្លារ កើន ១៩,៥៨%៕

ក្នុងខែមករាឆ្នាំនេះ​ ប្រទេសអាស៊ានចំនួន៥ ស្រូបយកទំនិញពីកម្ពុជា មានទឹកប្រាក់សរុបជាង ៤៣៣លានដុល្លារ

2026/02/20 01:45:19 pm        200
កម្ពុជានាំចេញទំនិញសំខាន់ៗទៅកាន់បណ្តាប្រទេសអាស៊ានចំនួន៥ ក្នុងខែមករា ដើម​ឆ្នាំ​២០២៦​, មានទឹកប្រាក់សរុបជាង ៤៣៣ លានដុល្លារអាមេរិក ក្នុងនោះប្រទេសចំនួន៤ បាន​បន្ត​មាន​កំណើនល្អប្រសើរ ដែលបានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា។យោង​តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញឱ្យដឹងថា សម្រាប់​ខែ​ដំបូង​ដើមឆ្នាំ២០២៦ ការធ្វើ ពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន​ចំនួន​៥ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤៣៣ លាន ដុល្លារអាមេរិក ក្នុង​នោះប្រ​ទេស​ចំនួន​ ៤ បានជួយជ្រោមជ្រែងដល់នាំចេញរបស់កម្ពុជា ដោយបន្តមានកំណើនល្អប្រសើរ បើ​ធៀបទៅ និងរយៈពេលដូចគ្នាឆ្នាំ២០២៥។ជាក់ស្តែងក្នុងខែដំបូង ឆ្នាំនេះ, ការនាំចេញទំនិញរបស់កម្ពុជាទៅវៀតណាម មានទឹក​ប្រាក់​ប្រមាណ​ជាង ៣៣៧ លានដុល្លារ កើនឡើងជាង ២១ ភាគរយ, ម៉ាឡេស៊ីជិត ២២ លានដុល្លារ កើន​ជាង ៧៧ ភាគរយ, សឹង្ហបុរីជាង ៧ លានដុល្លារ កើនជិត ២០ ភាគរយ, ឥណ្ឌូនេស៊ីជិត ៧ លាន​ដុល្លារ កើនជិត ៤ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៥។ ដោយឡែក​ការ​នាំ​ចេញ​ទៅ​ប្រទេសថៃ មានទឹកប្រាក់ជាង ៥៨លានដុល្លារ ថយចុះជិត ២០ ភាគរយ ក្រៅ​ពី​នេះ​កម្ពុជា​ក៏​បាន​នាំ​ចេញ​ទៅកាន់បណ្តាប្រទេសអាស៊ាន ផ្សេងៗទៀតផងដែរ ដែលមិនទាន់​មាន​ទំហំ​ពាណិជ្ជ​កម្ម​លេច​ធ្លោ​។ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីវិញ, ក្នុងខែដំបូងនេះដែរ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម មានទឹកប្រាក់ សរុបជិត ៧២០ លានដុល្លារ កើនជាង ៧ ភាគរយ, ថៃ ២០៩ លាន​ដុល្លារ ថយចុះជាង ៤៣ ភាគរយ, សឹង្ហបុរី ១៧៤ លានដុល្លារ កើន ២២៤ ភាគរយ, ម៉ាឡេ​ស៊ី​ជាង​ ១២៥ កើន ៤២ ភាគរយ និងការធ្វើពាណិជ្ជកម្មទ្វេភាគីជាមួយឥណ្ឌូនេស៊ី មានទឹកប្រាក់ជិត ៧៨ លានដុល្លារ ថយចុះ ១៩ ភាគរយ ធៀបទៅនិងរយៈពេលដូចគ្នាឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

ឧស្សាហកម្មកៅស៊ូកម្ពុជា រីកចម្រើនលឿន​នាំឱ្យតម្រូវ​ការផ្គត់ផ្គងកៅស៊ូ​ក្នុង​ស្រុក​កើន​ឡើង​ខ្ពស់​ចន្លោះ​ពី ២០ទៅ២៥​ម៉ឺនតោន​ក្នុងមួយឆ្នាំ

2026/02/19 03:31:06 pm        290
ភ្នំពេញ៖ ឧស្សាហកម្មកៅស៊ូរបស់កម្ពុជា គឺជាវិស័យមួយដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួ​យនឹ​ងផ្ទៃដីដាំដុះជិតកន្លះលានហិកតា កំពុងផលិតកៅស៊ូដែលមានគុណភាព ដើម្បីបំពេញ​តម្រូវ​ការ​ទីផ្សារ​ក្នុងស្រុក និងអន្តរជាតិ។ រោងចក្រផលិតសំបកកង់​រថយន្ត​ជា​ប្រភព​មាន​តម្រូវ​ការ​ផ្គត់​ផ្គង់​ជ័រ​កៅស៊ូ​ក្នុង​ស្រុក​ដ៏​សំខាន់​ក្នុង​ចន្លោះពី ២០ ទៅ ២៥ម៉ឺនតោនក្នុងមួយឆ្នាំ។បើ​តាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានឱ្យដឹងថា សព្វថ្ងៃ​ប្រទេស​កម្ពុជា​មាន​រោងចក្រ​ផលិត​សំបកកង់រថយន្តយ៉ាងតិច ៦ កំពុងប្រតិបត្តិការខ្សែច្រវ៉ាក់ផលិតកម្ម។ ក្នុង​នោះ​រោង​ចក្រ​​ផលិតសំបកកង់រថយន្តម៉ាក សៃលុន ជារោងចក្រធំជាងគេ ដែលមាន​សមត្ថភាព​ផលិត​រហូត២២លានគ្រាប់ក្នុងមួយឆ្នាំ។លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន PICG ដែលជាក្រុម​ហ៊ុន​ចែក​ចាយ​ផ្តាច់​មុខ​សំបកកង់រថយន្ត សៃលុន នៅក្នុងស្រុក បានប្រាប់ BTV ថា រោងចក្ររបស់លោក បាន​ស្រូប​ទាញ​ជ័រ​កៅស៊ូក្នុងស្រុកកើនឡើងជាលំដាប់ គឺកើនពី ៥ម៉ឺនតោនក្នុងឆ្នាំ២០២៤ ដល់ ១៥​ម៉ឺន​តោន​នៅ​ក្នុងឆ្នាំ២០២៦នេះ។លោកអះអាងថា ដោយសារ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និង​គោល​នយោបាយ​ល្អ​របស់​រាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តដល់វិស័យឯកជន ទើបរោងចក្ររបស់​លោក​បាន​សម្រេច​បង្កើត​រោង​ចក្រនៅកម្ពុជារហូតដល់បីនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ក្រុងស្វាយរៀង ដែល​កំពុង​ផ្តល់កា​រងារជូនប្រជាពលរដ្ឋប្រមាណ ៤ ៥០០នាក់។លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានបញ្ជាក់ថា ដោយសារ​គោល​នយោបាយ​គាំពាររបស់រដ្ឋាភិបាល ទៅលើអ្នកវិនិយោគ ដែលមកផលិតកែច្នៃ ផលិតផល​សម្រេច​នៅ​ក្នុង​ស្រុក ទើបនាំកម្ពុជាមានរោងចក្រផលិតសំបកកង់រថយន្តចំនួន៧ហើយ។ ក្នុងនោះ កំពុង​ដំណើរ​ការ​ចំនួន៦។ លោកជឿថា ដោយសារវត្ត​មាន​រោង​ចក្រ​ផលិត​សំបក​កង់​រថយន្ត​កាន់​តែ​ច្រើន ​ផ្ទៃដីដាំដុះកៅស៊ូនឹងកើនឡើងជាបន្តបន្ទាប់ ក្នុងរយៈពេលពីបីឆ្នាំមុខនេះ។ស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ការ​នាំ​ចេញ​ផលិត​ផល​សំបក​កង់រថយន្តដែលជាផលិតផលថ្មីមួយរបស់កម្ពុជា ទៅកាន់ទីផ្សារ​អន្តរ​ជាតិ​សម្រេច​បាន​ក្នុង​ទំហំ​ទឹក​ប្រាក់ ១,៣៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ៥៧,៨៦% បើធៀបនឹងឆ្នាំ ២០២៤។ ក្នុងឆ្នាំ ២០២៥ តម្លៃជ័រកៅស៊ូជាមធ្យមលក់ចេញ ១ ៧៥៦ ដុល្លារ ក្នុងមួយតោន កើនឡើង ៦៣ ដុល្លារ ស្មើនឹង ៣% ធៀបនឹងឆ្នាំ ២០២៤៕ អត្ថបទ៖ ធូ វិរៈ 

ខែមករាឆ្នាំនេះ កម្ពុជានាំទំនិញទៅចិនមានទឹកប្រាក់ជាង ១៦៤លានដុល្លារ កើនជាង ៥៩ភាគរយ

2026/02/19 11:10:38 am        182
ក្នុងខែមករា ដើមឆ្នាំ២០២៦នេះ កម្ពុជានាំចេញទំនិញសំខាន់ៗចូលទីផ្សារចិន មាន​ទឹក​ប្រាក់​ប្រមាណ​ជាង ១៦៤ លានដុល្លារអាមេរិក កើនឡើងជាង ៥៩ ភាគរយ ដែលនេះបាន​បង្ហាញ​អំពី​ការ​ងើប​ឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២៥ ការនាំចេញទៅទីផ្សារមួយនេះបាន ធ្លាក់ចុះ​ជា​បន្ត​បន្ទាប់​។  ជុំវិញការធ្វើពាណិជ្ជកម្មជាអន្តរជាតិរបស់កម្ពុជា ក្នុងនោះការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន នៅ​ក្នុងឆ្នាំ២០២៥, បើ យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ការ​ធ្វើ​ពា​ណិជ្ជ​កម្ម​នៃប្រទេសទាំងពីរ សម្រេចក្នុងរង្វង់ប្រមាណជិត ២០ ពាន់លានដុល្លារអាមេរិក កើន​ឡើង​ជិត ៣០ ភាគរយ ធៀបនិងឆ្នាំ២០២៤ ក្នុងនោះការនាំចូលពីប្រទេសចិន សម្រេចប្រមាណ ជាង ១៨ ពាន់លានដុល្លារ ខណៈការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ប្រមាណជិត ១ ៧០០ លានដុល្លារអាមេរិកប៉ុណ្ណោះ ដោយធ្វើ ឱ្យជញ្ជីងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានគម្លាតឆ្ងាយពីគ្នា ជាពិសេសនៅក្នុងឆ្នាំ២០២៥ ការនាំចេញរបស់កម្ពុជាទៅទីផ្សារ មួយនេះ គឺបានធ្លាក់ចុះជាបន្តបន្ទាប់។  ចំណែកក្នុងខែដំបូង ដើមឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន មានទំហំទឹកប្រាក់ប្រមាណជាង ១ ៩០០ លានដុល្លារអាមេរិក កើនឡើងជាង ២២ ភាគរយ ក្នុងនោះការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ជាង ១៦៤ លានដុល្លារ កើនឡើង ជាង ៥៩ ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើងជិត ២០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។ ជុំវិញការនាំចេញរបស់កម្ពុជាទៅទីផ្សារចិននេះ បានបង្ហាញនូវនិន្នាការងើបឡើងវិញ តាមរយៈ ការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមនៃ ប្រទេសទាំងពីរ។ សូមរំលឹកថា ទំនិញសំខាន់ៗដែលនាំចេញទៅប្រទេសចិន ភាគច្រើនជាផលិតផលកសិកម្ម និងឧស្សាកម្មកែច្នៃរួមមានដូចជា៖ អង្ករ ស្វាយ ចេក ផ្លែមៀនស្រស់ ផលិតផលជលផល គ្រឿងសង្ហារឹម គ្រឿងអលង្ការ និងផលិតផលវាយនភណ្ឌកាត់ដេរមួយចំនួន។ ចំណែក ការនាំចូលពីប្រទេសចិន  ភាគច្រើនជាវត្ថុធាតុដើម សម្រាប់វិស័យកាត់ដេរ សំណង់ និងយានយន្តជាដើម។ ចំពោះទូទៅរួមមាន, គ្រឿងម៉ាស៊ីន គ្រឿងបន្លាស់ វត្ថុធាតុដើមឧស្សាហកម្ម ផលិតផលអេឡិចត្រូនិក និងទំនិញប្រើប្រាស់ផ្សេងៗទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៥ ការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា មានទុនសរុបប្រមាណជិត ៥ ១០០ លានដុល្លារ

2026/02/18 10:48:51 am        133
ការវិនិយោគបរទេសផ្ទាល់នៅកម្ពុជា នៅក្នុងឆ្នាំ២០២៥ មានទំហំទុនវិនិយោគសរុបប្រមាណជិត ៥ ១០០ លានដុល្លារអាមេរិក ដោយក្នុងនោះការវិនិយោគលើវិស័យកម្មន្តសាល មានភាពលេចធ្លោ ឈរក្នុងលំដាប់ទី១ ខណៈការវិនិយោគផ្នែកហិរញ្ញវត្ថុ ស្ថិតក្នុងលំដាប់ទី២។ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍វិនិយោគនៅក្នុងឆ្នាំ២០២៥ ដែលក្នុងនោះការវិនិយោគផ្ទាល់បរទេសនៅកម្ពុជា មានទុនវិនិយោគសរុបប្រមាណជិត ៥ ១០០ លានដុល្លារអាមេរិក មានកំណើនកើនឡើង ១៦ ភាគរយ បើធៀបទៅនិងឆ្នាំ ២០២៤ ក្នុងនោះការវិនិយោគលើវិស័យកម្មន្តសាល មានជាង ៦៩ ភាគរយ, វិស័យហិរញ្ញវត្ថុ ជិត ១២ ភាគរយ, សំណង់ ជាង ៦ ភាគរយ, ថាមពលជាង ៣ ភាគរយ, កសិកម្ម ជិត ៣ ភាគរយ, សណ្ឋាគារនិងការកម្សាន្ត ជាង ២ ភាគរយ, អចលទ្រព្យ ២ ភាគរយ, និងការវិនិយោគលើវិស័យផ្សេងៗមានជាង ៣ ភាគរយ។ចំណែកវិនិយោគិនបរទេសដែលមកវិនិយោគផ្ទាល់នៅកម្ពុជា មានសមាមាត្រច្រើនជាងគេរួមមាន៖ វិនិយោគិនមកពីប្រទេសចិន មានទុនវិនិយោគ សរុបជាង ៣ ៧០០ លានដុល្លារ ស្មើប្រមាណជិត ៧៤ ភាគរយ, សឹង្ហបុរី មានចំនួន ៣៤៧ លានដុល្លារ ស្មើជិត ៧ ភាគរយ, កាណាដា ២៣០ លានដុល្លារ ស្មើជាង ៥ ភាគរយ, ម៉ាឡេស៊ី ១៧៤ លានដុល្លារ ស្មើជាង ៣ ភាគរយ, កូរ៉េខាងត្បូង ១៦៥ លានដុល្លារ ស្មើជាង ៣ ភាគរយ និងមានបណ្តាវិនិយោគមកពីប្រទេសផ្សេងៗជាច្រើនទៀត។ជុំវិញការវិនិយោគនេះ បើយោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញឱ្យដឹងថា នៅក្នុងបំណាច់ឆ្នាំ ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប មានចំនួន ៦៣០ មានទំហំទុនវិនិយោគប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិក កើនឡើង ៥២ ភាគរយ បើធៀបនិងឆ្នាំ២០២៤ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅ តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៨៧ និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៤៣ គម្រោង៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចការសាងសង់បាន ៦៨%ហើយ
04/21/2026 03:04 PM
គណៈកម្មាធិការវិនិយោគ ពិនិត្យសំណើសុំចុះបញ្ជីចំនួនគម្រោងវិនិយោគចំនួន ៨ មានទុន ៤៩០លានដុល្លារ
04/21/2026 03:04 PM
ថវិកាជាង ៧១ពាន់លានដុល្លារ នឹងត្រូវការ ក្នុងរយៈពេល ១ ទសវត្សរ៍ខាងមុខ ដើម្បីកសាងហ្កាហ្សាឡើងវិញ
04/21/2026 03:04 PM
ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចេញមុខទំនិញ​ស្ទើរ​គ្រប់​ប្រភេទ​មាន​កំណើន​កើន​ឡើង​ល្អ​ប្រសើរ
04/21/2026 03:04 PM
ក្រុមប្រឹក្សាសន្តិសុខUN ថ្កោលទោសការសម្លាប់អ្នករក្សាសន្តិភាពបារាំងនៅប្រទេសលីបង់
04/21/2026 03:04 PM
UN៖ ការផ្អាកកិច្ចព្រមព្រៀងពាណិជ្ជកម្ម EU-អ៊ីស្រាអែល គឺជា«តម្រូវការអប្បបរមា» ក្រោមច្បាប់អន្តរជាតិ
04/21/2026 03:04 PM
ប្រទេសស៊ីរី និងអ៊ីរ៉ាក់បានបើកច្រកព្រំដែន RABIA ឡើងវិញ បន្ទាប់ពីបិទជិត ១៣ឆ្នាំ
04/21/2026 02:04 PM
រដ្ឋសភាកម្ពុជាបើកដំណើរការកម្មវិធី «សភាត្រាប់» ដើម្បីបណ្ដុះស្មារតីយុវជនជាខឿនការពារជាតិ និង​ជំរុញសមភាពយេនឌ័រក្នុងភាពជាអ្នកដឹកនាំ
04/21/2026 02:04 PM
គុយបាបញ្ជាក់ពីកិច្ចពិភាក្សាថ្មីៗជាមួយគណៈប្រតិភូអាមេរិកដែលកំពុងទស្សនកិច្ចប្រទេសនេះ
04/21/2026 02:04 PM
អាជ្ញាធរប៉ាឡេស្ទីន៖ អ៊ីស្រាអែលបិទច្រកឆ្លងកាត់រ៉ាហ្វា ដោយបញ្ឈប់បញ្ជូនអ្នកជំងឺចេញពីហ្កាហ្សា
04/21/2026 02:04 PM