BREAKING NEWS!! តុលាការ​កំពូល​របស់​ប្រទេស​ថៃ ចេញសាលក្រម​សម្រេចឱ្យលោក ​ថាក់ស៊ីន ​ត្រូវតែ​ជាប់ពន្ធនាគារ ១​ឆ្នាំ
ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»
សម្ដេចធិបតី៖ ២ថ្ងៃព្រះរាជពិធីបុណ្យអុំទូក ប្រព្រឹត្តទៅដោយរលូន សុខសុវត្ថិភាព និងសប្បាយរីករាយដល់មហាគ្រួសារខ្មែរ និងភ្ញៀវបរទេស
សម្តេចតេជោ ហ៊ុន សែន ៖ បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនឱ្យសោះ

ព័ត៍មានសំខាន់ប្រចាំថ្ងៃ

គម្រោង​វិនិយោគ​រោងចក្រ​ថ្មីៗ​៦​ទៀត ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​អនុម័ត

2021/04/27 09:59:58 am        81
ភ្នំពេញ ៖ ​គម្រោង​វិនិយោគ​បើក​រោងចក្រ​ថ្មីៗ​ចំនួន​៦​ទៀតហើយ​ ត្រូវ​បាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា ​CDC ​អនុម័ត​ជា​ស្ថាពរ ​ឲ្យ​ដំណើរការ​នៅ​កម្ពុជា ​ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ ​ដែល​សរុប​ទុន​វិនិយោគ​របស់​រោងចក្រ​ទាំង​៦ ​មាន​២២​លាន​ដុល្លារ​អាមេរិក​។តាមរយៈ Facebook ផ្លូវការ​របស់ CDC បាន​ចុះផ្សាយ​ថ្ងៃទី​១១ ខែមេសា​ ឆ្នាំ​២០១៩​នេះ​ថា គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានសម្រេច​ចេញ​វិញ្ញាបនបត្រ​​ចុះបញ្ជី​ជា​ស្ថាពរ ​ដល់​ក្រុមហ៊ុន​ដូច​ខាងក្រោម ​៖ទី​១ ក្រុមហ៊ុន TTHS RUBBER CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទ្ប ឃុំ​កោង​កាង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ​មាន​ទុនវិនិយោគ​ប្រមាណ ២.៧​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២២៤​កន្លែង​។ទី​២ ក្រុមហ៊ុន SAI DI HANDBAG CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​វល្លិ​សរ ​ឃុំ​វល្លិ​សរ​ ស្រុក​សំរោង​ទង ​ខេត្តកំពង់ស្ពឺ ​មាន​ទុន​វិនិយោគ​ប្រមាណ ៤.៥​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១,២៧៥​កន្លែង​។ទី​៣​ក្រុមហ៊ុន GARCHI HUNG CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ដំណាក់​ត្រ​យឹ​ង ​សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ទុន​វិនិយោគ​ប្រមាណ ២.៦​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​៩២៤​កន្លែង​។ទី​៤​ក្រុមហ៊ុន KAMFOR RECYCLE PULP AND PAPER CO., LTD. ​គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បឹង​វែង​ ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ ​មាន​ទុន​វិនិយោគ​ប្រមាណ ៥.១​លាន​ដុល្លារ​អាមេរិក ​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៨២​កន្លែង​។ទី​៥ WING HUNG TU INDUSTRIAL (CAMBODIA) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ គី​ទ្បូ​ម៉ែត្រ​លេខ​២៧ ​ភូមិ​ទឹកជា ឃុំ​ពើក ស្រុក​អង្គស្នួល ​ខេត្តកណ្តាល​ មាន​ទុន​វិនិយោគ​ប្រមាណ ​២.២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣០២​កន្លែង​និង ទី​៦​ ក្រុមហ៊ុន KIRIROM FOOD PRODUCTION (K.F.P) CO., LTD. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ​ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ ​មាន​ទុន​វិនិយោគ​ប្រមាណ ​៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៦៧​កន្លែង​៕

Ada Hegerberg​ បំបែក​កំណត់ត្រា​ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ស្ត្រី​

2021/04/27 09:59:58 am        56
បាល់ទាត់៖ ​កីឡា​ការិនី​ខ្សែប្រយុទ្ធ​របស់​ក្រុម​បាល់ទាត់​ស្ត្រី Olympique Lyon, Ada Hegerberg ​បាន​បំបែក​កំណត់ត្រាជា​កីឡា​ការិនី​ ស៊ុត​បញ្ចូល​ទី​ច្រើន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ នៃ​ការប្រកួត​ក្រប​ខណ្ឌ​ UEFA Women Champions League ទើបតែ​វ័យ ២៤​ឆ្នាំ​ប៉ុណ្ណោះ​។​​ខ្សែប្រយុទ្ធ​សញ្ជាតិ​ន័រវែស​រូប​នេះ បាន​យកឈ្នះ​កំណ​ត​ត្រា​ចាស់​របស់​កីឡា​ការិនី​អាល្លឺម៉ង់ Anja Mittag ​ដែល​ស៊ុត​បាន​សរុប ៥១​គ្រាប់ ខណៈ Ada Hegerberg​ នៅ​ពេល​នេះ​មាន ៥៣​គ្រាប់​ក្នុង​ចំណោម​ការ​បង្ហាញ​ខ្លួន ៥០​ប្រកួត​នៅ Champions League ស្ត្រី បន្ទាប់ពី​ស៊ុត​បាន​ពីរ​គ្រាប់​ក្នុង​ជ័យជំនះ​របស់ Lyon ៧–០ លើ Fortuna Hjorring​យប់មិញ​។​ ទើបតែ​មាន​វ័យ ២៤​ឆ្នាំ​ប៉ុណ្ណោះ Ada Hegerberg​ បង្ហាញខ្លួន​ក្នុង​ការ​ប្រកួត​អោយ​ក្លិប​អាជីព​សរុប ២១៨​ប្រកួត​រក​បាន ២១៧​គ្រាប់​។​​Ada Hegerberg​ បាន​ផ្ទេរ​មកកាន់ Olympique Lyon តាំងពី​ឆ្នាំ​២០១៤ ដោយ​បង្ហាញខ្លួន​នៅ Lyon បាន ១១០​ប្រកួត​រក​បាន ១៣៨​គ្រាប់ ដោយ​ឈ្នះ​ជើងឯក​លី​គ​ក្នុងស្រុក ៥​លើក, ជើងឯក​ទ្វីប​អឺរ៉ុប ៤​លើក និង​ឈ្នះ​ពាន​កិត្តិយស​កីឡា​ការិនី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ Ballon d’Or ផង​ដែរ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

ចំនួន​អ្នក​ស្លាប់​ក្នុង​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​​កើន​ឡើង​​ដល់ ៣០​នាក់

2021/04/27 09:59:58 am        23
ឥណ្ឌូណេស៊ី​៖ ទីភ្នាក់ងារ​សម្រាល​គ្រោះ​មហន្តរាយ​ជាតិ (BNBP) បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ​ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា ​នៅ​ក្នុង​ខេត្ត​ម៉ា​លូ​គូរបស់​ប្រទេស​ឥណ្ឌូណេស៊ីភាគ​ខាងកើត ​បាន​កើន​ឡើង​ដល់ ៣០​នាក់ ហើយ​មនុស្ស​រាប់​សែន​នាក់​នៅតែ​ស្ថិត​នៅ​ក្នុង​ជម្រក​ជម្លៀស​ខ្លួន​នៅឡើយ។​ការ​រញ្ជួយ​ដី​ដែល​មាន​កម្លាំង ៦.៥​រ៉ិ​ច​ទ័​របា​ន​វាយប្រហារ​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ ដែល​បាន​បំផ្លាញ​លំនៅឋាន​រាប់​រយ​ខ្នង​ និង​អគារ​សាធារណៈ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​រាប់​សិប​កន្លែង រួម​ទាំង​ស្ពាន​សំខាន់​មួយ​នៅ​ទីក្រុង​អាំ​ប៊ុន ​(Ambon)។​ ក្រុម​មន្ត្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​ដាក់​ចំនួន​អ្នក​បាត់បង់​ជីវិត​កើន​ដល់​ទៅ ២០​នាក់​។ មនុស្ស​ជា​ច្រើន​ត្រូវ​បាន​បាត់បង់​ជីវិត​ដោយសារ​ថ្ម​ធ្លាក់​លើ​។ ​អ្នក​នាំពាក្យ​របស់​ទីភ្នាក់ងារ​សម្រាល​គ្រោះ​មហន្តរាយ​ជាតិ (BNBP)​ លោក Agus Wibowo បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃអាទិត្យ​ថា​ មនុស្ស​ជាង ១៥០នាក់​បាន​រង​របួស​ ហើយ​ជាង ២០ម៉ឺន​នាក់​ទៀត​កំពុង​ស្នាក់​នៅ ​ក្នុង​ជម្រក​បណ្ដោះអាសន្ន​នៅឡើយ​។​អ្នក​ដែល​លំនៅឋាន​របស់​ពួកគេ​ត្រូវ​បាន​បំផ្លាញ បាន​ដំឡើង​តង់​ធ្វើជា​ជម្រក​នៅ​ជិត​មន្ទីរពេទ្យ​ ឬ​ទីធ្លា​សាលារៀន​។​ ប្រជាជន​ដែល​រស់នៅ​ក្បែរ​មហាសមុទ្រ​ បាន​ជម្លៀស​ខ្លួន​ទៅកាន់​ទី​ខ្ពស់ ​បន្ទាប់ពី​ការ​រញ្ជួយ​នេះ​ដោយ​ខ្លាច​រលក​យក្ស​ស៊ូណាមិ​ ទោះបីជា​អាជ្ញាធរ​បាន​ច្រានចោល​លទ្ធភាព ​នៃ​រលក​យក្ស​ក៏ដោយ​៕អត្ថបទ៖ សុខ​មាន

សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ជ្រើស​រើស​គរុសិស្ស​ឲ្យ​មក​សិក្សា​ដោយ​ផ្ទាល់​ដើម្បី​ធានា​បាន​នូវ​គុណភាព​

2021/04/27 09:59:58 am        24
ហែលទឹក៖ ដើម្បី​ធានា​បាន​នូវ​គុណភាព ​ចំពោះ​ការ​ផ្ដល់​ចំណេះដឹង​ឲ្យ​ចំ​គោលដៅ និង​ប្រកបដោយ​គុណភាព សហព័ន្ធ​ខ្មែរ​កីឡា​ហែលបាន​ជ្រើស​គរុសិស្ស​អប់រំកាយ និង​កីឡា ឲ្យ​មក​សិក្សា​វគ្គ​បណ្តុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​មូលដ្ឋាន​ថ្នាក់​ជាតិ ដោយ​ផ្ដល់​ឱកាស​ដល់​ការចូលរួមសិក្សា ទទួល​ចំណេះដឹង​ថ្មី​លើ​វិស័យ​កីឡា​ហែល​ទឹក​។ នេះ​បើ​តាម​ការ​លើក​ឡើង​រប​ស់លោក ហែម គី​រី អគ្គលេខាធិការសហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​។​​ប្រាប់​អ្នក​ព័ត៌មាន​ក្រោយ​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា លោក ហែម គី​រី បាន​គូស​បញ្ជាក់​ថា វត្តមាន​គរុ​សិស្ស​ចូលរួម​វគ្គ​នេះគឺជា​ឱកាស​ល្អ​មួយ ​សម្រាប់​សហព័ន្ធ​ក្នុង​ការ​សម្លឹង​រក​គ្រូ​កីឡា​ប្រកបដោយ​គុណភាព សម្រាប់​ទិសដៅ​ស៊ី​ហ្គេម​២០២៣ និង​ទៅ​អនាគត​។​ វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​ថ្នាក់​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៩​នេះ សហព័ន្ធ​បាន​បង្វែរ​ទិសដៅ​ដោយ​ផ្ដោត​សំខាន់​ លើ​សិក្ខាកាម​ដែល​នៅ​ខេត្ត​នានាក្នុង​តំបន់​សមុទ្រ​ដូចជា ខេត្ត​កំពត ព្រះសីហនុ និង​កោះកុង​ជាដើម ខណៈ​កាល​រៀបចំ​លើក​ទី​១ ក្នុង​ឆ្នាំ​២០១៧ សហព័ន្ធ​បាន​ផ្ដោត​សំខាន់លើ​ខេត្ត​មួយ​ចំនួន ដែល​ជាប់​នៅ​តំបន់​ទន្លេ​ដូចជា កំពង់ចាម ត្បូងឃ្មុំ កណ្ដាល បាត់ដំបង និង​សៀមរាប​។​​គួរ​បញ្ជាក់​ថា វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្វឹក​កម្រិត​មូលដ្ឋាន​ថ្នាក់​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៩​នេះ​ធ្វើឡើង​រយៈ​ពេល ៣​ថ្ងៃ​គឺ​ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៣​ ខែកុម្ភៈ​ម្សិលមិញ​ ខណៈ​ដែល​សិក្ខាកាម​ចូលរួម​សរុប​មាន​ចំនួន ​២៩​រូបក្នុង​នោះ​សិក្ខាកាម​ដែល​ជា​គរុ​សិស្ស​អប់រំ​កាយ​ និង​កីឡា​មាន​ចំនួន​ ១០​រូប​ផង​ដែរ៕

មនុស្ស​៣នាក់​ហើយ​ បាន​ស្លាប់​ នៅ​ខេត្តព្រះសីហនុ​ ក្រោយ​ទទួល​រង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ខ្លាំង

2021/04/27 09:59:58 am        24
ព្រះសីហនុ ៖ ​​​នាព្រឹកទី ០៩ ខែសីហា ឆ្នាំ ២០១៩ ក្រោយ​ទទួល​រង​ឥទ្ធិពល​ភ្លៀងធ្លាក់​ខ្លាំង​​ កាល​ពី​យប់​ថ្ងៃ ៨ ខែសីហា ឆ្នាំ ២០១៩ ​មាន​ប្រជាពលរដ្ឋ២នាក់ប្តី–ប្រពន្ធ ​បាន​ស្លាប់ ​​ដោយ​សារ​រលំ​បាក់​របង​សង្កត់​លើ​ នៅសង្កាត់លេខ១ ក្រុង–ព្រះសីហនុ ។សមត្ថកិច្ច ក្រុងព្រះសីហនុ ថ្លែងថា ​ជនរងគ្រោះទាំងពីរ​នាក់ ប្ដី–ប្រពន្ធ​ធ្វើ​ការ​ជា​កម្មករ​សំណង់ ក្នុង​នោះបុរស ជា ប្តីឈ្មោះ ​ស៊ុន គឹមសាន្ត ​អាយុ៥៤ឆ្នាំ និងស្ត្រីជា ​ប្រពន្ធឈ្មោះ​ សេង ​ញេន អាយុ ៥៦ឆ្នាំ ។សូមបញ្ជាក់ថា​ គិតមកត្រឹមថ្ងៃត្រង់ថ្ងៃទី៩ សីហា ២០១៩នេះ​ មានមនុស្ស៣នាក់ ហើយបានស្លាប់ ក្រោយ​មាន​គ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង ក្នុងខេត្តព្រះសីហនុ ​ក្នុងនោះ​ ក្រៅពីជនរង​គ្រោះ​ទាំង២នាក់​​ នៅក្រុងព្រះសីហនុ ក៏​មានជនរងគ្រោះម្នាក់​ជា​មេការ​ជនជាតិចិន​ បាន​ស្លាប់​ដោយ​ការ​រលំ​របង​សង្កត់​លើដូចគ្នា នៅឃុំបិតត្រាំងស្រុកព្រៃនប់។អជ្ញាធរខេត្តព្រះសីហនុ ក៏​បានចេញ​​ការ​អំពាវនាវ​អោយគ្រប់ការដ្ឋាន​សំណង់​ផ្សេងៗ​ បង្កើន​ការ​ប្រុងប្រយ័ត្ន ពិសេសបងប្អូន​ប្រជាពលរដ្ឋ​ នៅតាមទីតាំង​ ដែល​ប្រឈមខ្លាំង ​ស្របពេល​ដែល​វិធាន​ការ​សង្គ្រោះ​នានា កំពុងធ្វើឡើងយ៉ាងសកម្ម ​ក្រោមការដឹកនាំ​បញ្ជា​ផ្ទាល់ពី​ឯក​ឧត្តម​ គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ ក្នុងនាម​ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត៕

កម្ពុជា​ធ្វើ​ឲ្យ​ក្រុម​ឡេ​តូ​នី​ចាញ់​ទាំង​ភ័យ​ញ័រ​ដៃ ខណៈ​វីរ​កីឡា​ការិនី កែ ឡេង ឈរ​ចាំ​ជុំ​បន្ទាប់

2021/04/27 09:59:58 am        32
ប៉េតង់៖ ការ​ប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី​លើក​ទី​១៧ ដែល​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ បាន​បើក​ការប្រកួត​ផ្លូវការ​ហើយកាលពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ រាជធានី​ភ្នំពេញ។​ជាមួយ​ការប្រកួត​បើកឆាក​នេះ ក្រុម​កីឡា​ការិនី​កម្ពុជារួមមាន​កីឡា​ការិនី កែ ឡេង​, អ៊ុក ស្រីមុំ​, អ៊ុន ស្រី​យ៉ា និង​កីឡា​ការិនី កែវ សុ​វណ្ណា បាន​យកឈ្នះ​ដាច់​លើ​ក្រុម​កីឡា​ការិនី​ មកពី​ប្រទេស​ឡេ​តូ​នីដោយ​លទ្ធផល ១៣–៣​ពិន្ទុ លើ​វិញ្ញាសា​ស្ត្រី ៣​នាក់​ទល់នឹង ៣​នាក់។ អ្វី​ដែល​ពិសេស​វីរ​កីឡា​ការិនី កែ ឡេង ក៏បាន​ឈរ​ចាំ​ជុំ​បន្ទាប់​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុក្រោយ​រក​បាន ៣៨​ពិន្ទុ​ឈរ​កំពូល​តារាងក្នុង​ការ​ប្រកួត​ថ្ងៃ​ដំបូង​ផង​ដែរ។​ បើ​តាម​ការ​បញ្ជា​ក់​រប​ស់​កីឡាករ អ៊ុន ស្រី​យ៉ា តំណាង​ក្រុម​កីឡា​ការិនី​កម្ពុជា ក្រោយ​ចប់​ការប្រកួត​បាន​ឲ្យ​ដឹង​ថា ការ​ដណ្ដើម​បាន​ជ័យជម្នះ​ថ្ងៃ​ដំបូងគឺជា​រឿង​មួយ​ដ៏​សំខាន់ សម្រាប់​ធ្វើ​ដើមទុន​ឆ្ពោះ​ទៅ​ការប្រកួត​បន្ទាប់។ តែ​អ្វី​ដែល​កញ្ញា​ចាប់​អារម្មណ៍គឺ​ក្រោយ​ចប់​ការប្រកួត​ភ្លាមៗ ក្រុម​កីឡា​ការិនី​ប្រទេស​ឡេ​តូ​នីបាន​បង្ហាញ​ពី​អារម្មណ៍​ពិត​ថា ពួកគេ​មាន​អារម្មណ៍​ភ័យ​ឡើង​ញ័រ​ដៃ​តែម្ដង បន្ទាប់ពី​មាន​អ្នកគាំទ្រ​ច្រើន​លើស​ពី​ការ​រំពឹង​ទុក ចូលរួម​ទស្សនា​ការប្រកួត​បើកឆាក​នេះ។​​យ៉ាងណាមិញ​ទោះបី​ក្រុម​កីឡា​ការិនី​កម្ពុជា ធ្វើ​បាន​ល្អ​ក្នុង​ប្រកួត​បើកឆាក​វិញ្ញាសា​ស្ដ្រី ៣​នាក់​ទល់នឹង ៣​នាក់​ក៏​ពិត​មែន តែ​ឱកាស​ប្រជែង​មេដាយ​នៅ​ឆ្ងាយ​នៅឡើយ ព្រោះ​នៅសល់​ការប្រកួត និង​ក្រុម​ខ្លាំង​ៗ​ជាច្រើន​ទៀត ដែល​ក្រុម​កីឡា​ការិនី​កម្ពុជាត្រូវ​ឆ្លងកាត់ និង​ខំប្រឹង​បន្ថែម​ទៀត។​ ចំពោះ​ការប្រកួត​វិញ្ញាសា​វាយ​យក​ពិន្ទុ​នារី​វិញ កីឡា​ការិនី កែ ឡេង ម្ចាស់​មេដាយ​មាស ៣​ជំនាន់ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ប្រកួត​ដំបូង​របស់​ខ្លួន ដោយ​រក​បាន ៣៨​ពិន្ទុ នាំមុខ​កីឡា​ការិនី Homniam Ranu របស់​ប្រទេស​ន័​រ​វែ​សឈរ​លេខ​រៀង​ទី​២ ចំនួន ១​ពិន្ទុ។ យ៉ាងណាមិញ​ដោយសារ​រូប​មន្ដ​ប្រកួត​បាន​កំណត់ កីឡា​ការិនី​ឈរ​កំពូល​តារាង ៤​រូប​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាងគេ ត្រូវ​ឡើង​ជុំ​បន្ទាប់​ដោយ​ស្វ័យប្រវត្តិដូច្នេះ​ថ្ងៃនេះ​អ្នកស្រី កែ ឡេង ត្រូវ​សម្រាក​ដោយ​ឈរ​ចាំ​ប្រកួត​នៅ​ជុំ​បន្ទាប់​តែម្ដង។​​គួរ​បញ្ជាក់​ថា ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី​លើក​ទី​១៧ នៅ​កម្ពុជា​គ្រោង​ធ្វើ​ឡើយ​រយៈពេល ៥​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា​ខាងមុខ ដោយមាន​ក្រុម​កីឡាករ​-​កីឡា​ការិនី​មកពី ៤៩​ប្រទេស ក្នុង​នោះ​មាន​យុវជន​គឺ​មាន ៣០​ក្រុម និង​ស្ត្រី ៥០​ក្រុម។ លើស​ពី​នេះ​ក៏​មាន​ការ​ចូល​រួម​សហ​ការ​ផ្សាយ​ផ្ទា​ល់ ​ពី​ក្រុមការងារ​ទូរទស្សន៍ BTV-News ផង​ដែរ៕​អត្ថបទ៖ លី ឈុន​ឡា

ក្រសួង​សេដ្ឋកិច្ច​ថា កម្ពុជា​ចង់បាន​កម្ចី​ពី​បារាំង​ច្រើនជាង​១០០​លាន​អឺរ៉ូ​ក្នុង​រយៈពេល​១​ឆ្នាំៗ​

2021/04/27 09:59:58 am        30
​ភ្នំពេញ៖ ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​០៦ ខែ​មីនា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​កម្រិត​គោលនយោបាយ​លើក​ទី​៣ រវាង​រាជរដ្ឋា​ភិបាល​កម្ពុជា និង​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍​(AFD)​។ ក្នុង​នោះ កម្ពុជា​កំពុង​ពិនិត្យ​លទ្ធ​ភាព​ដើម្បី​ស្នើឱ្យ​ភាគី​បារាំង​ផ្តល់​កម្ចី​ច្រើនជាង​១០០​លាន​អឺរ៉ូ​ដែល​ស្មើនឹង​ជាង​១១០​លាន​ដុល្លារ​។​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ម្ពុ​ជា​កំពុង​ពិភាក្សា​អំពី​គម្រោង​ក​ម្ខី​ពី​រាជរដ្ឋាភិបាល​បាំង​បន្ថែមទៀត​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ដែល​តម្រូវការ​ទឹកប្រាក់​ពី​បារាំង​ច្រើនជាង​១០០​លាន​អឺរ៉ូ​ដែល​ស្មើ​ប្រមាណ​១១០​លាន​ដុល្លារ​អាមេរិក​។សម្រាប់​កម្ចី​នេះ កម្ពុជា​បាន​ផ្តោត​ការអភិវឌ្ឍន៍​ទៅលើ​គម្រោង​ធំៗ​ដូចជា ការអភិវឌ្ឍន៍​នគរូបនីយកម្ម វិស័យ​អគ្គិសនី បញ្ហា​ផ្គត់​ផ្គង់​ទឹក និង​ការរៀបចំ​គ្រប់គ្រង​ទីក្រុង ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​ដែលជា​ចំណុច​សំខាន់ សម្រាប់​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ភាព​ប្រកួត​ប្រែង​របស់​កម្ពុជា ក៏​ដូចជា​ការពង្រីក​ធនធាន​ទឹកជា​ដើម ។​សូម​បញ្ជាក់​ថា ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​​(AFD) បានផ្តល់​ជា​កម្ចី និង​ជំនួយ​ឥតសំណង​។ ក្នុង​នោះ​ ឯកឧត្តម ​វ​ង្សី វិស្សុត បន្តថា តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​បារាំង​នេះ បាន​ធ្វើឱ្យ​បារាំង​ក្លាយ​ជា​អ្នកផ្តល់​ហិរញ្ញប្បទាន​ធំ​មួយ​ដល់​កម្ពុជា ក្នុង​នោះ​ បារាំង​បានផ្តល់​ជំនួយ​ពី​៤ ទៅ​៥ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​ផ្តល់​ប្រាក់​កម្ចី​ហិរញ្ញ​សម្បទាន​ចំនួន​១០០​លាន​អឺរ៉ូ​ដែល​ស្មើនឹង​ជាង​១១០​លាន​ដុល្លារ​នៅ​ក្នុង​មួយឆ្នាំៗ​៕

មនុស្ស ៧៩នាក់​ស្លាប់​ក្នុង​ការ​​បំផ្ទុះ​គ្រាប់​បែក​បង្កប់​​ក្នុង​រថយន្ត​នៅ​ប្រទេស​សូម៉ាលី

2021/04/27 09:59:58 am        23
សូ​ម៉ាលី៖ គ្រាប់បែក​បង្កប់​ក្នុង​រថយន្ត​ដ៏​ធំ​មួយ​ បាន​ផ្ទុះឡើង​នៅ​ក្នុង​តំបន់​ដ៏​មមាញឹក​មួយ​ នៃ​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស៊ូ​កាលពី​ថ្ងៃ​សៅរ៍​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច ៧៩​នាក់​ត្រូវ​បាត់បង់​ជីវិត និង​រង​របួស​ជាច្រើន​នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​សាហាវ​បំផុត​ របស់​ប្រទេស​សូ​ម៉ាលី​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។មនុស្ស​យ៉ាងហោចណាស់ ​១៦​នាក់​នៃ​អ្នក​ដែល​ត្រូវ​បាន​បាត់បង់​ជីវិត​ គឺជា​និស្សិត​មកពី​សាកល​វិទ្យាល័យ​ឯក​ជន​បា​ណា​ឌ័​រ​របស់​រដ្ឋធានី​ ដែល​បាន​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង ​នៅ​ពេល​គ្រាប់បែក​បាន​ផ្ទុះ​នៅ​ចំណុចប្រសព្វ​ដ៏​មមាញឹក​មួយ ​នៅ​ភាគ​និរតី​នៃ​រដ្ឋធានី​សូ​ម៉ាលី​។ ​រដ្ឋមន្ត្រី​ការបរទេស​ទួរគី​លោក Mevlut Cavusoglu បាន​និយាយ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា​ ជនជាតិ​ទួរគី ២​នាក់​ក៏​ត្រូវ​បាន​បាត់​បង់ជីវិត​ផង​ដែរ​។ ​មនុស្ស​ ១៥​នាក់​ដែល​បាន​រង​របួស​ត្រូវ​បាន​បញ្ជូន​ពី​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស៊ូ តាម​យន្តហោះ​យោធា​ទៅកាន់​ប្រទេស​ទួរគីដើម្បី​ព្យាបាល​។​ តំបន់​នេះ​ត្រូវ​បាន​ស្ទះ​ចរាចរណ៍​ជា​ញឹកញាប់​ ដោយសារតែ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ​ និង​ការិយា​ល័យ​ពន្ធ​ប្រមូល​ប្រាក់​ពី​រថយន្តក្រុង និង​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​។ការវាយប្រហារ​នេះ​មិនទាន់​ត្រូវ​បាន​គេ​អះអាង​នៅឡើយ​ទេ​ ទោះ​យ៉ាង​ណា​ទីក្រុង​ម៉ូ​ហ្គា​ឌី​ស៊ូតែងតែ​ រង​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះ​រថយន្ត ​និង​ការវាយប្រហារ​ដែល​ធ្វើឡើង​ ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​អាល់​សា​បាប ​ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​ក្រុម​ភេរវកម្ម Al-Qaeda។​ ក្រុម​មន្ត្រី​យោធា​អាមេរិក​បាន​និយាយ​ថា ​ការវាយប្រហារ​តាម​អាកាស​ចំនួន ​៣​លើក​បាន​ធ្វើ​ឡើង​កា​ពី​ថ្ងៃ​អាទិត្យ ​ដាក់​គោលដៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​អាល់​សា​បាប ​ក្នុង​ប្រទេស​សូ​ម៉ាលីបាន​សម្លាប់​ក្រុម​សកម្ម​ប្រយុទ្ធ​ ៤​នាក់​៕អត្ថបទ៖ សុខ​មាន

កសិករ​ក្នុង​ខេត្តកំពង់ចាម ​កំពុង​មមាញឹក​ដាំ​ដំណាំ​បន្លែ ​បន្ទាប់ពី​ទឹក​ស្រក

2021/04/27 09:59:58 am        38
កំពង់ចាម ៖ ​ប្រជាកសិករ រស់នៅ​តាម​ដង​ទន្លេ​ នៃ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​ កំពុង​មមាញឹក បង្កបង្កើនផល ​ដំណាំ​ផ្សេងៗ​តាម​ទម្លាប់ ​ខណៈដែល​ទឹកទន្លេ ចាប់​ផ្តើម​ស្រក​ទៅវិញ ​ដែល​ការដាំដុះ​ដំណាំ ​ទាំងនោះ គឺ​ធ្វើ តាម​បែប​ធម្មជាតិ ​មិន​ប្រើប្រាស់​សារធាតុ​គីមី​នោះទេ​។ប្រជាកសិករ រស់នៅ​តាម​ដង​ទន្លេតូច ក្នុង​ឃុំ​មហាលាភ ស្រុក​កោះសូទិន ​ខេត្តកំពង់ចាម ​បន្ទាប់ពី ទឹក​ស្រក​ បាន​នឹង​កំពុង​មមាញឹក​ក្នុង​ការ​ដាំ​ដំណាំ ដូចជា ត្រសក់ ត្រឡាច ននោង ល្ពៅ ម្រះ ស្ពៃ​ក្ងោក សណ្តែកកួរ មមាញ និង​ត្រប់វែង ជាដើម ​ដែល​ជា​ទម្លាប់ និង​អាច​លក់​យក​កម្រៃ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ប្រជាកសិករ ​បានឱ្យដឹងថា ​ទឹកទន្លេ​ជា​រៀងរាល់ឆ្នាំ ​បាន​លិច​ដីចម្ការ​របស់​កសិករ​តំបន់​នោះ ដែល នោះ ​គឺជា​អំណោយផល​ល្អ​បំផុត ​ដោយសារ​ទឹកបាន​នាំ​ដីល្បាប់​មក​ដាក់​លើ​ដី​ចម្ការ​ ផ្ដល់​នូវ​ជីជាតិ​សម្រាប់ ការ​ដាំ​ដំណាំ​ឱ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់​។ប្រជាកសិករ បានឱ្យដឹងថា ​ដំណាំ​ដែល​ពួកគេ​ដាំ គឺ​ងាយស្រួល​ក្នុង​ការលក់ ​ដោយសារ​មាន​អ្នក​មក បញ្ជា​ទិញ​ដល់​ចម្ការ​តែម្ដង ​ព្រោះថា​ ដំណាំ​មិន​ប្រើ​សារធាតុ​គីមី ​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកទទួល ​ទាន​នោះទេ​។មន្ត្រី​ជំនាញ នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ចាម ​បានឱ្យដឹងថា​ ដើម្បី​ទទួល បាន​ទិន្នផល​ខ្ពស់ កសិករ​ គប្បី​ជ្រើសរើស​ពូជ​ល្អ ធ្វើ​ដី​ឱ្យ​បាន​ត្រឹមត្រូវ ដោយ​ត្រូវ​ភ្ជួរ​ដី​ពីរ​បី​ដង ​ហាល​ចោល កន្លះ​ខែ​សិន ទើប​រាស់​ឱ្យ​ស្អាត ហើយ​កាប់​រណ្តៅ​ដាំ​ដោយ​ដាក់​ជីលា​មក​គោ​ទ្រាប់​បាត​ និង​ត្រូវ​ថែទាំ ស្រោច ទឹក ជ្រុំ​គល់ ​ដកស្មៅ និង​ក្ដិច​ស្លឹក​ចាស់ៗ​ចោល​ជាប្រចាំ នោះ​តែ​ក្នុង​រយៈពេល​ពី​១​ខែ​កន្លះ ទៅ​២​ខែ គឺអាច ប្រមូល​ផល​បាន​ហើយ​៕

ព័ត៌មាន ជាតិនយោបាយ​ និង ការអភិវឌ្ឍន៍ របប​ប្រាក់​សោធន​និវត្តន៍​នឹង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ​នេះ​

2021/04/27 09:59:58 am        21
​ភ្នំពេញ៖ លោក​មន្ត្រី​អ្នកនាំពាក្យ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) បាន​បញ្ជាក់​ថា របប​ប្រាក់​សោធន​និវត្តន៍​(​ប្រាក់​រឺ​ត្រែ​ត​) គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នៅ​ត្រីមាស​ទី​៤ ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​បច្ចុប្បន្ន​បាន​កំពុង​រៀបចំ​សេចក្តី​ព្រាង​ច្បាប់ និង​រង់ចាំ​ការសម្រេច​ជា​ផ្លូវការ​ពី​ថ្នាក់ដឹកនាំ​ខាងលើ​។​​​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត​មាន ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា​នេះ ឯកឧត្តម ហេង សុផាន់​ណា​រិ​ទ្ធ មន្ត្រី​អ្នកនាំពាក្យ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មានប្រសាសន៍ថា របប​ផ្នែក​ប្រាក់​សោធន​នេះ នឹងដាក់​ឲ្យ​អនុវត្តន៍​ទៅដល់​បុគ្គល​ស្ថិត ក្នុង​វិស័យ​សាធារណៈ និង​បុគ្គល​ទាំងឡាយណា​ស្ថិតក្នុង​បទប្បញ្ញត្តិ​ស្តីពី​ការងារ ដែល​រួម​ទាំង​បុគ្គលិក​តាម​ផ្លូវ​អាកាស នាវា​សមុទ្រ និង​អ្នកបម្រើ​នៅតាម​ផ្ទះ និង​បុគ្គល​ស្វែងយល់​។​​​មន្ត្រី​អ្នកនាំពាក្យ​រូបនេះ បានក់​លើកឡើងថា ប្រាក់​សោធន៍​ខាងលើនេះ ចំពោះ​បុគ្គល​ដែល​ធ្វើការ​ពី​កន្លែង​ផ្សេងគ្នា ក៏​នឹង​អាច​ទទួលបាន​ដូចគ្នា ប៉ុន្តែ​អាស្រ័យទៅលើ​ប្រាក់​ឈ្នួល​និង​ការបង់​ភាគទាន​របស់គាត់ មកកាន់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម គឺ​យើង​នឹង​រក្សាទុក​ជូន​បុគ្គល​នោះ​វិញ​។​​ផ្នែក​ប្រាក់​សោធន​នេះ សម្រាប់​ជន​ដែល​នឹង​អាច​ទទួលបាន គឺ​នៅពេលដែល​ពួកគាត់​ចាស់ជរា ឬ​ធ្លាក់​ក្នុង​ទុព្វលភាព​(​អ្នកមាន​កម្លាំង​ខ្សោយ​) ឬ​មរណៈភាព​របស់​មេ​គ្រួសារ​ដែល​ត្រូវ​ទទួលបាន​ប្រាក់​សោធន​ជរាភាព ឬ​ប្រាក់​សោធន​ទុព្វលភាព ឬ​ប្រាក់​សោធន​ចំពោះ​អ្នក​នៅក្នុង​បន្ទុក​មាន​ប្តី ឬ​ប្រពន្ធ​និង​កូន​នៅក្នុង​បន្ទុក​ដែល​មិនទាន់មាន​លទ្ធភាព​រក​ប្រាក់ចំណូល​៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM