រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME

ព័ត៌មានសំខាន់ៗ

ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

2026/05/26 11:02:43 pm        129
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព​ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះ​បានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែង, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជា​ទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រីនឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន​ ដែល​ផ្តល់ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាននិងកំពុងបន្តផ្ដល់អាហារូបករណ៍​ និង​យកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​និងរដ្ឋគឺពិត​ជាមានសារៈសំខាន់ តែ​ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏មានតួនាទី​សំខាន់ដូចគ្នា​ ក្នុងការជំរុញចំណងមិត្តភាព​​ សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។ សម្ដេចធិបតីបានបន្ថែមទៀត​ថា​ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេចធិបតី ក៏បានជំរុញឱ្យកម្ពុជា-​ ហុងគ្រីបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។​ សម្ដេចធិបតី​​ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន​ហុងគ្រី ស្វែងរកឱកាសវិនិយោគបន្ថែមទៀត​នៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

2026/05/26 11:01:26 pm        105
នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និង​សហការី​ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានសម្ដែងក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាមួយនឹងការដកស្រង់បទពិសោធន៍ ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ និងអរិយធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។ បន្ថែមលើនេះ, សម្ដេចធិបតីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ដ៏ល្អប្រសើរ ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុង​​វិស័យសេដ្ឋកិច្ច, វិនិយោគ,​ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ​។ ក្នុងជំនួបនេះដែរ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា​ រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និង​ការដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ​ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចាត់តំណាងចុះសួរសុខទុក្ខកម្មការិនីរងរបួសធ្ងន់ ៩នាក់ទៀតក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តកំពង់ឆ្នាំង ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

2026/05/26 02:30:51 am        107
នៅរសៀលថ្ងៃចន្ទទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្តចាត់តំណាងដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខកម្មការិនី រងរបួសធ្ងន់ចំនួន៩នាក់ទៀត ចំណោមអ្នករងរបួសទាំងអស់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅរាជធានីភ្នំពេញ ក្នុងនោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន១នាក់ មន្ទីរពេទ្យជាតិតេជោសន្តិភាព ចំនួន២នាក់ និងមន្ទីរពេទ្យកាល់ម៉ែតចំនួន៦នាក់។ក្នុងឱកាសសំណេះសំណាលនាពេលនោះ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានមានប្រសាសន៍ថា បន្ទាប់ពីទទួលបានដំណឹងដ៏រន្ធត់ពីហេតុការណ៍គ្រោះចរាចរណ៍លើបងប្អូនដែលជាកម្មករ-កម្មការិនីចំនួន២ករណីផ្សេងគ្នាក្នុងថ្ងៃតែមួយ ដែល បានកើតឡើងនៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង ភ្លាមៗនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ក្រុមការងារអញ្ជើញទៅចូលរួមរំលែកទុក្ខដោយផ្ទាល់ជាមួយក្រុមគ្រួសារនៃសព និងចុះសួរសុខទុក្ខអ្នករងរបួសនៅតាមមន្ទីរពេទ្យក្នុងខេត្តនីមួយៗ។ ដោយឡែកនៅថ្ងៃនេះ បងប្អូនកម្មការិនីរងរបួសធ្ងន់៩នាក់ ដែលបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បន្តចាត់ឱ្យក្រុមការងារដឹកនាំដោយលោកជំទាវអគ្គលេខាធិការ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាក្នុងម្នាក់ ២លានរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ( មី ១កេស, ត្រីខ ២០កំប៉ុង, ឃីត ១ កញ្ចប់, ទឹកក្រូច ១កេស, ទឹកបរិសុទ្ធ ១កេស, ដោះគោខាប់ ៥កំប៉ុង និងទឹកដោះគោស្រស់ ១កេស ) សម្រាប់ជួយសម្រាលការលំបាក និងដោះស្រាយជីវភាពខណៈពេលកំពុងសម្រាកព្យាបាលរបួស។ ជាមួយគ្នានេះសូមជូនពរឱ្យបងប្អូនដែលរងរបួសទាំងអស់ខិតខំថែទាំសុខភាពផ្លូវចិត្តឱ្យបានល្អ កុំបាក់ទឹកចិត្ត រឹងមាំឡើង សូមយកចិត្តទុកដាក់ស្តាប់តាមការព្យាបាលរបស់ក្រុមគ្រូពេទ្យ និងសូមជូនពរឆាប់បានជាស្បះស្បើយ ដើម្បីបន្តប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងបានជួបជុំក្រុមគ្រួសារឡើងវិញ។ សូមរំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានឆក់យកជីវិតកម្មករ-កម្មការិនីរោងចក្រសរុប ១៤នាក់ និងរបួសធ្ងន់ស្រាលចំនួន៨៥នាក់ ក្នុងនោះនៅខេត្តកំពង់ឆ្នាំងស្លាប់៩នាក់ របួសស្រាល ៣៧នាក់ របួសធ្ងន់៩នាក់ និងនៅខេត្តស្វាយរៀង ស្លាប់៥នាក់ ក្នុងនោះមានប្តីប្រពន្ធ ២គូ និងរបួសធ្ងន់ស្រាល ៣៩នាក់៕

BREAKING NEWS | សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»

2026/05/25 07:21:10 pm        1031
ភ្នំពេញ៖ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាមព្រះរាជត្រាសបង្គាប់ ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី បាន​ចេញព្រះរាជក្រម ដាក់ឱ្យប្រើប្រាស់​ច្បាប់ស្ដីពី«កាតព្វកិច្ចយោធា»។ ច្បាប់ស្តីពី «កាតព្វកិច្ចយោធា» ដែលមាន ៨ ជំពូក និង ២០ មាត្រា ។ ច្បាប់នេះ ត្រូវ​បាន​រដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យ ប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។ជំពូកទី១ មាត្រា១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះកំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការ​ពារជាតិ និងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។ក្នុងជំពូក១ មាត្រា២ បានបញ្ជាក់ទៀតថា ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ដល់ ២៥ (ម្ភៃប្រាំ) ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាមការកំណត់នៃច្បាប់នេះ។ ក្នុងនោះ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។ ក្រៅពីនេះ ប្រជាពលរដ្ឋខ្មែរដែលមានសញ្ជាតិច្រើនហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ច យោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែក ប្រជាពលរដ្ឋខ្មែរដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។ជំពូក២​ នៃច្បាប់នេះបានបញ្ជាក់អំពីរយៈពេលនៃការចូលបំពេញកាតព្វកិច្ចយោធា និងលក្ខន្តិកៈដោយឡែកនៃយោធិនបម្រុង មាត្រា៣នៃជំពូក២ បានបញ្ជាក់ថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ (ម្ភៃបួន) ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ (ប្រាំមួយ) ខែ តាមការកំណត់របស់ រាជរដ្ឋាភិបាល។ក្នងជំពូក៤ បានបញ្ជាក់អំពីកាតព្វកិច្ច និងអត្ថប្រយោជន៍នៃការ​បំពេញកាតព្វកិច្ចយោធា ក្នុងនោះមាត្រា៩នៃជំពូក៤ បានបញ្ជាក់ថា ក្នុងរយៈពេលនៃការ​បំពេញកាតព្វកិច្ចយោធា យោធិនគ្រប់រូបត្រូវ​ទទួលបានប្រាក់ឧត្ថម្ភ និងគោលរបបផ្សេងៗដែលត្រូវ​កំណត់ដោយអនុក្រឹត្យ។ មាត្រាដដែលបញ្ជាក់ថា ចំពោះយោធិនមានជំងឺ ឬរងរបួស ឬមានគ្រោះថ្នាក់ផ្សេងៗ ត្រូវទទួលបានការ​សង្គ្រោះ ការ​ព្យាបាល និងការ​ថែទាំពីក្រសួងការពារជាតិ​។ ក្នុងករណីយោធិន ពលី មរណៈ ឬពិការ ដោយាសរ​បុព្វហេតុជាតិមាតុភូមិក្នុងពេលបំពេញបេសកកម្មក្នុងអំឡុងពេលនៃកា​របំពេញកាតព្វកិច្ចយោធាយោធិនត្រូវទទួលបានគោលរបបផ្សេងៗដែលត្រូវកំណត់ដោយអនុក្រឹត្យ។ ចំណែកយោធិនដែលបង្កើត​ស្នាដៃល្អក្នុងពេលបំពេញកាតព្វកិច្ចយោធាត្រូវបានលើកទឹកចិត្ត និងសរសើរដូចយោធិនអាជីព។ ចំណែកជំពូក៦ បានកំណត់អំពីទោសប្បញ្ញត្តិ, មាត្រា១៣នៃជំពូកនេះបានបញ្ជាក់ថា  ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធាហើយមិនបានមកបង្ហាញខ្លួន តាមការអញ្ជើញក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនដែលគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។ជនណាដែលគេចវេះពីកាតព្វកិច្ចយោធា ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជាប្រាក់ពី ១ ០០០ ០00 (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសុខសន្ដិភាព និងជាប់ពន្ធនាគារពី២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ ពិន័យជាប្រាក់ពី ៤លានរៀល ដល់១០លានរៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ឬរងការ​ឈ្លានពាន​ពីបរទេស។  សូមបញ្ជាក់ថា ច្បាប់ស្ដីពីកាតព្វកិច្ចយោធានេះ ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា ៤៩ ថ្មី នៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹងវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ យោងតាមខ្លឹមសារច្បាប់នេះ គឺប្រជាពលរដ្ឋខ្មែរភេទប្រុសដែលមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។ យុវជនដែលឆ្លងកាត់ការហ្វឹកហ្វឺននេះ នឹងទទួលបានការអភិវឌ្ឍកាយសម្បទា ការអប់រំស្មារតីស្នេហាជាតិ វិន័យ និងទទួលបានប្រាក់ឧបត្ថម្ភផ្សេងៗ។ លើសពីនេះ ក្រោយពីបានបញ្ចប់កាតព្វកិច្ច ពួកគេនឹងទទួលបានអាទិភាពក្នុងការប្រឡងចូលបម្រើការងារក្នុងស្ថាប័នរដ្ឋ សហគ្រាសសាធារណៈ និងឯកជន ព្រមទាំងឱកាសបន្តការសិក្សា និងការងារនៅបរទេសផងដែរ៕

សម្តេចតេជោ ហ៊ុន សែន៖ ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ មិនអាចជោគជ័យបានទេ បើ​កម្ចាត់ត្រឹមក្រុមឆបោក ហើយមិនកម្ចាត់ក្រុមមន្ត្រីពាក់ព័ន្ធ

2026/05/24 10:38:43 pm        419
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​ថ្លែង​បញ្ជាក់ថា ការបោសសម្អាត​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិ​ទ្យា​នៅ​តែ​ជា​កិច្ច​ការ​ចាំ​បាច់​សម្រាប់​កម្ពុជាខណៈការបោសសម្អាតនេះមិនអាចជោគជ័យបានទេ បើកម្ចាត់​ត្រឹម​ក្រុម​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា ហើយមិនកម្ចាត់ក្រុមមន្ត្រីដែលពាក់ព័ន្ធ ដែលរឿងនេះត្រូវ​ធ្វើ​ឡើង​ទន្ទឹម​គ្នារ​វាងការបោសសំអាតក្រុមឆបោក និងមន្ត្រីដែលពាក់ព័ន្ធ។សម្ដេចតេជោ បានផ្ដល់អនុសាសន៍ណែនាំបែបនេះ ក្នុងឱកាសសំណេះសំណាល ជាមួយ​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងប្រធាន​មន្ទីរ ​អង្គភាពនានាជាង៤ពាន់នាក់ នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ។ ក្នុង​ឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា វិធានការចំពោះ​មន្ត្រី​ពាក់​ព័ន្ធ​បទ​ល្មើស​ឆបោក​តាម​បច្ចេកវិទ្យានេះ ត្រូវអនុវត្តពីរកម្រិតផ្សេងគ្នា ក្នុងនោះចំពោះ​អ្នក​ដែល​ជាប់​ពាក់​ព័ន្ធ​មិន​ត្រឹម​តែ​ដកតំណែងនោះទេ ត្រូវចោទប្រកាន់ចំពោះមុខតុលាការថែមទៀត។ ក្នុងចំណុចនេះ សម្តេច​តេជោ ណែនាំឱ្យចោទប្រកាន់តាមផ្លូវតុលាការ និងបង្កកទ្រព្យសម្បត្តិ​របស់​ពួក​គេ​ថែម​ទៀត​។ ចំណែកកម្រិតមួយទៀត ត្រូវដកចេញពីតំណែង ហើយយកមកកន្លែងថ្មី។ បើចៅហ្វាយ​ខេត្ត ​ចៅហ្វាយស្រុកនា មិនអើពើ មិនធ្វើ សម្ដេចផ្ដល់អនុសាសន៍ឱ្យដកចេញទៅ។សម្ដេចតេជោបញ្ជាក់«អ្នកមិនអាចទទួលជោគជ័យបានទេ បើអ្នក​ដើរ​ទៅ​វាយ​អ្នក​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ហើយមិនទៅវាយមន្ត្រី និងអ្នកពាក់ព័ន្ធ។ គ្មានការយោគ​យល់​ណាមួ​យ​អាច​ទៅ​រួច​ នៅ​ពេល​ដែល​អ្នកមិនព្រមធ្វើ ឬពាក់ព័ន្ធ។ កុំនិយាយថា អ្នកជាកូនមេដឹកនាំ​មាន​គុណ​សម្បត្តិ​ចំពោះ​ជាតិ​ កុំនិយាយ​ថា បានប្រឹងប្រែងធ្វើការ និងកសាងស្នាដៃចំពោះជាតិមាតុភូមិ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជា ត្រូវតែ​ធ្វើឱ្យ​ពិភព​លោក​បាន​ឃើញនូ​វ​ឆន្ទៈ​ក្នុង​ការ​បោស​សម្អាត​ទង្វើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ដូច្នេះសម្តេចតេជោ ក៏បាណែនាំឱ្យ​ដក​ចៅ​ហ្វាយ​ខេត្ត មេប៉េអឹម មេប៉ូលិស ទាំងឡាយណាដែល​មិនព្រម​បង្ក្រាប​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន ក្រុម​ប្រឹក្សា​រាជ​ធានី ខណ្ឌ សង្កាត់ និងមន្ត្រីនៃមន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

2026/05/24 03:49:30 pm        314
​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ​ខែឧសភា ឆ្នាំ២០២៦ អញ្ជើញ​ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន និង​ក្រុម​ប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងមន្ត្រីមកពីមន្ទីរ អង្គភាពនានាជុំ​វិញ​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ ​នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​កោះពេជ្រ។ ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​រដ្ឋសភា ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ,សម្តេចឯកឧត្តម លោក​ជំទាវ​ថ្នាក់​ដឹកនាំសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រធាន អនុប្រធានក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូល​ដ្ឋាន​រាជ​ធានី​ភ្នំពេញ ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សមាជិកក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ចំនួន៤៣៤៤នាក់។ ភ្នំពេញ គឺជារាជធានី នៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គម​កិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមានភូមិសាស្ត្រយ៉ាងល្អឯកស្ថិតនៅត្រង់ចំណុចប្រសព្វ នៃ​ទន្លេ ចំនួន ៤ គឺទន្លេមេគង្គលើ ទន្លេមេង្គក្រោម ទន្លេសាប និងទន្លេបាសាក់។ រាជធានីភ្នំពេញ បាន​ និងកំពុងបន្តអភិវឌ្ឍទៅមុខឥតឈប់ឈរ ទាំងបែបទូលាយ និងបែបជម្រៅ ដោយក្នុងនោះ ទំហំ​ផ្ទៃ​ដីបានពង្រីកពី ទំហំ ៣០០ គ.ម២ ទៅទំហំ ៦៩៥,៤៦ គ.ម២ ស្មើនឹង ០,៣៨% នៃ​ផ្ទៃ​ដី​សរុប​ទូទាំង​ប្រទេស ដោយបានចែកចេញជា១៤ខណ្ឌ, ១០៥ សង្កាត់ និង ៩៥៣ ភូមិ មាន​ប្រជា​ជន​រស់​នៅ​អចិន្ត្រៃយ៍ប្រមាណ ជា ២,៣លាននាក់ និងប្រជាជន​ស្នាក់​នៅ​បម្រើ​ការ​ងារ​ប្រមាណជា ៨០​ម៉ឺន​នាក់​ ក្នុងអត្រាកំណើន ០,៦% ក្នុង មួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.៤៦៥នាក់​/គ.ម២​។បើតាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រាជធានីភ្នំពេញ គឺ​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ចទីមួយ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រមូលផ្តុំទៅដោយ សេវាហិរញ្ញវត្ថុ សេវា​ពាណិជ្ជ​កម្ម ការវិនិយោគ ឧស្សាហកម្ម និងទេសចរណ៍។ ផ្អែកតាមស្ថិតិបណ្តោះអាសន្ន របស់​វិទ្យា​ស្ថាន​ជាតិ​ស្ថិតិ នៃក្រសួងផែនការ នៅក្នុងឆ្នាំ២០២៥កន្លងទៅនេះ រាជធានីភ្នំពេញ​មាន​ទំហំ​សេដ្ឋកិច្ច ​ប្រមាណ ៩.៣២៣លានដុល្លារអាមេរិក និងចំណូលសម្រាប់ប្រជាជនប្រមាណ ៥.០២៨​ដុល្លារ/នាក់។ ជាមួយគ្នានេះ អាស្រ័យដោយភាពអំណោយផល នៃកត្តាសន្តិភាព ស្ថេរ​ភាព​នយោបាយ និងការអភិវឌ្ឍនៅក្នុង សម័យ តេជោធិបតី រាជធានីភ្នំពេ​ញ​បាន​អូស​ទាញ​វិនិយោ​គិន​ជាតិ និងអន្តរជាតិ ឱ្យមកវិនិយោគបង្កើតជា រោងចក្រ សហគ្រាស និងក្រុមហ៊ុននានា បាន​ចំនួន ២៦.០៤៧ទីតាំង ដែលបានផ្តល់ឱកាសការងារដល់ បុគ្គលិក កម្មករ និងនិយោជិត បាន​ចំនួន ៩៥៦.២៧៩កន្លែង។ បើយោងតាមអត្រាប្រាក់ខែគោល និង ប្រាក់អត្ថប្រយោជន៍អប្បរមា (ឆ្នាំ២០២៦) ទំហំទឹកប្រាក់សរុបដែលហូរចូលក្នុងហោបៅរបស់កម្មករនិយោជិត ទាំង​អស់​ក្នុង​រាជ​ធានី​ភ្នំពេញមានចំនួនប្រមាណ ២១៩លានដុល្លារ/ខែ និងប្រមាណ ២.៦៣៤លានដុល្លារ/ឆ្នាំ។ដោយឡែកចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងរាជធានីភ្នំពេញ រួមមានអ្នករត់រ៉ឺម៉កកង់បី រថយន្តឈ្នួល អ្នក​លក់​ដូរ (តាមកញ្ច្រែង កញ្ជើរ-ល្លី) ជារួម អ្នករកទទួលទានដែលមានចំណូលផលរបរក្រោម ២៥០​លាន​រៀល/ឆ្នាំ ដែលបានចុះបញ្ជី​នៅ​ក្នុង​ថ្នាល​ឌីជីថល​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន ៩៨.៧០៤នាក់ ដោយក្នុងនោះ ពួកគេបានទទួល​នូវ​ការ​ថែ​ទាំយ៉ាង​ដិត​ដល់​ពីសំណាក់​រាជរដ្ឋាភិបាលតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដែលបានធ្វើការសម្របសម្រួលផ្តល់ និង​បន្តសុពលភាពនូវប័ណ្ណសមធម៌សុខាភិបាលជូនអ្នកដែល មានជីវភាពខ្វះខាត ចំនួន១៩លើក ស្មើនឹង ៥៤.៥៣២នាក់ ព្រមទាំងផ្តល់ជូនជាប់ជាប្រចាំនូវអង្ករ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់​សម្តេចតេជោប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតីនាយករដ្ឋមន្ត្រី និង​លោកជំទាវបណ្ឌិត ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេចតេជោប្រមុខរដ្ឋស្តីទី គឺ “មិនទុកឱ្យប្រជាពលរដ្ឋខ្មែរណាម្នាក់ ស្លាប់ដោយអត់បាយនោះទេ”។សូមបញ្ជាក់ថា ការចុះជួបសំណេះសំណាលនាពេលនេះ ជាការចុះជួបដោយផ្ទាល់ សម្តេច​តេជោ​ហៅ​ថា ​ជាដំណើរឆ្ពោះទៅមូលដ្ឋាន ។ គោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺ​ជា​កា​រ​អនុវត្ត​ ក៏ដូចជាពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏​ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ការចុះ​ជួប​សំណេះ​សំណាល​របស់​សម្ដេចតេជោ​នៅ​ពេល​នេះ ក៏ដើម្បីផ្សារភ្ជាប់ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូល​ដ្ឋាន ​និងធ្វើការក្រើនរំឭក និងជំរុញដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការ​យក​ចិត្ត​ទុកដា​ក់​លើ​ភារកិច្ច​ជាដែ​នសមត្ថកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និង​ការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានប្រសិទ្ធភាព និង​ទាន់​ពេលវេលាផងដែរ៕  

សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

2026/05/23 06:50:20 pm        172
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ សម្តេចធិបតី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ។ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី ​បានថ្លែងអំណរគុណនិងកោតសរសើរដល់​អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អក្នុងការបង្ក្រាប​បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់​។ ទោះជាយ៉ាងណានៅមានសេសសល់បញ្ហា​មួយចំនួនទៀត​ដែលត្រូវបន្តធ្វើដោយគ្មានបន្ធូរដៃឡើយ។សម្តេចធិបតី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ៕

គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥

2026/05/23 06:44:44 pm        119
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ពិភាក្សានិងអនុម័ត​ កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ ក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សានិងអនុម័ត​​​រួចរាល់ដែរ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ក្នុងឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានប្រព្រឹត្តទៅក្នុងបរិការណ៍សកលនិងតំបន់ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនប្រាកដប្រជា​។ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ការប្រែប្រួលនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល សម្ពាធលើថាមពលនិងតម្លៃទំនិញ បញ្ហាព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាកត្តាប៉ះពាល់ដល់បរិយាកាសអភិវឌ្ឍន៍របស់កម្ពុជា។ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តដឹកនាំប្រទេសដោយភាពម្ចាស់ការ ប្រាកដនិយម​ និងទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជន​ ដោយបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃកំណើន ការបង្កើតការងារ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អសេវាសាធារណៈ និងជំរុញការកែទម្រង់ក្នុងវិស័យសំខាន់ៗ។ សមិទ្ធផលទាំងនេះបង្ហាញថា កម្ពុជាបានបន្តដំណើរអភិវឌ្ឍន៍របស់ខ្លួនដោយភាពធន់ និងជំហរច្បាស់លាស់ ទោះបីបរិយាកាសខាងក្រៅនៅតែមានហានិភ័យ និងភាពមិនប្រាកដប្រជាក៏ដោយ ហើយ​វាក៏​បានបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហានិភ័យ និង​រក្សាបាននូវស្ថិរភាព និងតម្រង់ទិសការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩

2026/05/23 06:41:15 pm        122
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ពិភាក្សានិងអនុម័ត​ កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ មានវិសាលភាពគ្របដណ្តប់ទៅលើវឌ្ឍនភាពជារួមនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង និងស្ថាប័ន ពន្លឿនការអនុវត្តវិធានការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។របាយការណ៍បានកត់សម្គាល់ថា បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងកាន់តែល្អប្រសើរឡើង ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការ​ដោយ​បុរេសកម្ម និងស្មារតីទទួលខុសត្រូវរបស់ក្រសួង និងស្ថាប័នចំណុះរាជរដ្ឋាភិបាល។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០ គម្រោង (កើនឡើងប្រមាណ៥២% ដោយបំបែកកំណត់ត្រាឆ្នាំ២០២៤ ដែលមានត្រឹម​៤១៤គម្រោង) និងមានទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក(កើនឡើងប្រមាណ៤៤% ធៀបនឹងឆ្នាំ២០២៤) និងគ្រោងបង្កើតការងារប្រមាណ ៤៤ម៉ឺនកន្លែង។តួលេខនេះ គឺជាសូចនាករបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដល់អំណោយផ្ទះថ្មី ១០០ខ្នង ជូនអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តពោធិ៍សាត់

2026/05/22 01:06:45 am        151
ផ្ទះថ្មីចំនួន ១០០ខ្នង អំណោយដ៏ថ្លៃថ្លា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ដែលមានទីតាំងស្ថិតក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីប្រគល់ផ្ទះថ្មីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦។អំណោយផ្ទះថ្មីដែលជាជម្រកដ៏កក់ក្ដៅនេះ គឺជាការផ្ដល់ជូនប្រកបដោយគតិបណ្ឌិតគិតគូរយ៉ាងខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិមាតុភូមិ។ នេះជាលើកទី២ហើយ ដែលសម្ដេចបានផ្ដល់អំណោយផ្ទះជូនបងប្អូនចំនួន ១០០ខ្នង ខណៈកាលពីបង្កើតភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងដំបូង សម្ដេចបានកសាងផ្ទះជូនអតីតយុទ្ធជន ចំនួន ៦២៨ ខ្នងផ្ទះ ដែលបច្ចុប្បន្ន បានអភិវឌ្ឍន៍ក្លាយជាភូមិដ្ឋានដ៏សុខុដុមសម្រាប់អតីតយុទ្ធជន និងគ្រួសារ រស់នៅក្នុងគ្រាចូលនិវត្ត។ ក្រោយការប្រគល់ផ្ទះថ្មីបន្ថែមនេះ ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង នឹងក្លាយទៅជាឃុំនាពេលខាងមុខឆាប់ៗនេះ។ នេះបើតាមបញ្ជាក់របស់ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកមិញនេះ។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ មានប្រសាសន៍បន្ថែមថា គិតត្រឹមពេលនេះភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង អតីតយុទ្ធជន និងនិវត្តជន មករស់នៅមានចំនួន៩២០ គ្រួសារហើយ ចំពោះមុខនេះក៏មានជនក្រីក្រ ដែលគាត់ពុំមានទីពឹងក៏យើងអាចយកមករស់នៅតំបន់នេះផងដែរ អីចឹងកន្លែងនេះយើងនឹងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសតម្រូវការសម្រាប់ជីវភាពរស់នៅ។ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏ដូចជាថ្នាក់ដឹកនាំថ្នាក់ជាតិ ខេត្ត និងគ្រប់ស្ថាប័ន រួមគ្នាធ្វើម៉េចប្រែក្លាយទីនេះឱ្យទៅជាភូមិ-ឃុំគំរូ នាពេលអនាគត។ ឯកឧត្តមបន្តថា៖ «ក្នុងពេលបច្ចុប្បន្នយើងនៅជាភូមិ តែដោយឥឡូវយើងឡើងដល់ជាង ៩០០គ្រួសារ អីចឹងទៅមុខទៀតយើងនឹងថែមជនភៀសសឹក ហើយនឹងមាននិវត្តជន ឬក៏អតីតយុទ្ធជនឱ្យពួកគាត់មករស់នៅទីនេះបន្ថែមទៀត ថ្ងៃក្រោយយើងនឹងបង្កើតទៅជាឃុំ ហើយថ្នាក់ដឹកនាំទាំងអស់នឹងរួមគ្នាធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅទីនោះអាចរស់បានមានជីវភាពកាន់តែប្រសើរ និងប្រកបដោយចិរភាព» ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
07/25/2026 09:07 AM
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM