ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ

2026/06/04 08:51:30 pm        489
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហាញ​ចំណារលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ សម្ដេច​តេជោ បាន​សរសេរថា សម្ដេច​ទើបរកឃើញចំណាររបស់ សម្ដេច​លើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ សម្ដេច​តេជោបានសរសេរថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែលក្នុងនោះកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។ សម្ដេច​តេជោបានបញ្ជាក់ថាចំណារទាំង៤ដែលសម្ដេច​បានចារនៅលើលិខិតរបស់ ឯកឧត្តម គង់ វិបុលនេះគឺជាចលកររុញច្រានកម្ពុជាឲ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ។ យើងមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តន៍គោលនយោបាយគាំពារសង្គម ។ល។ សម្ដេច​តេជោបានបញ្ជាក់ថា៖«ភាពធន់ខាងសេដ្ឋកិច្ចរបស់យើងបង្ហាញច្បាស់ពីដំណាក់ការកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្តន៍២ដងក្នុងមួយខែជាមួយ និងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត»។ សម្ដេច​តេជោបាន​រម្លឹកឡើងវិញថា ចំណាររបស់សម្ដេច​នាពេលនោះមុតជាងផ្លែដាវទៅទៀត តែសម្ដេច​មិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជា ខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ដូចនេះតម្រូវឲ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ចំណាររបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងពេលសម្តេចនៅជានាយករដ្ឋ​មន្ត្រីនៃកម្ពុជា ដែលបានចារលើលិខិតរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ នាពេលនេះ សម្តេចបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ បន្តការងារកំណែទម្រង់ពន្ធដារ ដោយក្តីក្លាហាន កុំមានការភ័យខ្លាច ឬបា​រម្ភពីសម្ពាធពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ចំណារដ៏មុតរបស់សម្តេចតេជោបានសរសេរថា៖ «អ្នកអាច Lobby ឱ្យខ្ញុំយល់ខុសមិនទាន់កើត ឬចាប់ជាតិទេ កុំបារម្ភ»។ សូមជម្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ លោក គង់ វិបុល ដែលកាលនោះជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចទី១, អនុ​ប្រធាន​ក្រុ​ម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់សព្វថ្ងៃនេះ ដែលសម្ដេច​តេជោចាត់ទុកថា សម្ដេច​បានជ្រើសរើសមនុស្សត្រូវ​លើការ​ដឹកនាំការងារ​វិស័យពន្ធដារកម្ពុជានេះ៕

សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ

2026/06/04 08:48:27 pm        289
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍បញ្ជាក់ថា ភាពធន់ខាងសេដ្ឋកិច្ចរបស់កម្ពុជា បាន​បង្ហាញ​ច្បាស់​ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ-១៩ រហូតមកដល់ពេលនេះ ខណៈ​រាជរដ្ឋាភិបាល​មាន​សាច់​ប្រាក់​គ្រប់​គ្រាន់​ដំឡើង​បៀវត្ស​ និងបើកបៀវត្ស​ពីរដងក្នុងមួយខែ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ តាម​រយៈ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​​កនៅ​រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចតេជោបានសរសេរថា សម្ដេចទើបរកឃើញចំណាររបស់ សម្ដេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេស​ការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ។ សម្ដេចតេជោបានសរសេរថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រ​អង្គភាព​ពន្ធ​ដារ​មិ​ន​ត្រឹម​តែ​មិន​មែន​ជា​កំហុស​នោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំង ដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែល​ក្នុង​នោះ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជា​គន្លឹះ​សម្រាប់​ជោគ​ជ័យ​នៃ​កំណែ​ទម្រង់​វិស័យ​ផ្សេង​ទៀត​។ សម្ដេចតេជោបានបញ្ជាក់ថា ចំណារទាំង៤ដែលសម្ដេចបានចារនៅលើលិខិតរបស់ ឯកឧត្តម គង់ វិបុលនេះ​គឺ​ជាចលកររុញច្រានកម្ពុជាឲ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់​ខែ​តិច​ហើយ​អត់​សាច់​ប្រាក់​បើក​ជូន​ទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការ​បង្កើន​បៀវត្ស​ជូន​មន្ត្រី​រាជ​ការ កងកម្លាំង ប្រដាប់អាវុធ។ យើង​មាន​សាច់​ប្រាក់​សម្រាប់​ការ​វិនិយោគ​សាធារណៈ​ដូចជា​ ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការ​ចំណាយ​លើ​ការ​អនុវត្តន៍​គោល​នយោបាយ​គាំពារ​សង្គម ។ល។ សម្ដេចតេជោបានបញ្ជាក់ថា «ភាពធន់ខាងសេដ្ឋកិច្ច​របស់​យើង​បង្ហាញ​ច្បាស់​ពី​ដំណាក់​ការ​កូវីដ​១៩ ​ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្ស ២ដងក្នុងមួយខែ ជាមួយ និងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និង​ការ​វិនិយោគ​សាធារណៈផ្សេងទៀត»។ សម្ដេចតេជោបានរម្លឹកឡើងវិញថា ចំណាររបស់សម្ដេចនាពេលនោះមុតជាងផ្លែដាវទៅទៀត តែ​សម្ដេច​មិន​ខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀត​ប្រទេស​កម្ពុជា ​ខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវ​រៀប​ចំ​ឡើង​វិញទាំ​ង​អស់​ក្រោយ​របប​ប៉ុល​ពត ​ដូចនេះតម្រូវឲ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ចំណារ​របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងពេល​សម្តេច​នៅ​ជា​នាយករ​ដ្ឋ​មន្ត្រីនៃកម្ពុជា ដែលបានចារលើលិខិតរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ នា​ពេល​នេះ ​សម្តេចបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ បន្តការងារកំណែទម្រង់ពន្ធដារ ដោយ​ក្តី​ក្លាហា​ន កុំមានការភ័យខ្លាច ឬបារម្ភពីសម្ពាធពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ចំណារ​ដ៏មុតរបស់សម្តេចតេជោបានសរសេរថា៖ «អ្នកអាច Lobby ឱ្យខ្ញុំយល់ខុសមិនទាន់កើត ឬចាប់ជាតិទេ កុំបារម្ភ»។ សូមជម្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ លោក គង់ វិបុល ដែលកាល​នោះ​ជា​រដ្ឋ​លេខាធិ​ការ​ក្រ​សួងសេដ្ឋកិច្ចទី១, អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយកនៃអគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់សព្វថ្ងៃនេះ ដែលសម្ដេចតេជោចាត់ទុកថា សម្ដេច​បានជ្រើសរើសមនុស្សត្រូវលើការដឹកនាំការងារវិស័យពន្ធដារកម្ពុជានេះ៕

សម្ដេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំដែលបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងគ្រួសារយុទ្ធជនពលី បានយ៉ាងល្អ

2026/06/03 11:40:01 pm        133
កំពង់ធំ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ធំ នាព្រឹកថ្ងៃសៅរ៍ ទី ៣ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលកម្មវិធីក្នុងទីរួមខេត្តកំពង់ធំ ដោយមានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់។នៅក្នុងពិធីសំណេះសំណាលនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរដល់ថ្នាក់ដឹកនាំខេត្ត ដែលមានឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន អ.ន.ក. ខេត្តកំពង់ធំ ព្រមទាំងយោធាខេត្តកំពង់ធំ ដែលទទួលបន្ទុកលើការងារអតីតយុទ្ធជន ដែលតែងតែបានយកចិត្តទុកដាក់គ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជនបានយ៉ាងល្អប្រសើរ។ទន្ទឹមនឹងនេះ សម្ដេចតេជោប្រធានក៏បានមានប្រសាសន៍អំពាវនាវឱ្យមន្រ្តីក្នុងមូលដ្ឋាន ខេត្តកំពង់ធំទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ឱ្យបានដិតដល់ចំពោះអតីតយុទ្ធជន និងគ្រួសារ អតីតយុទ្ធជនពិការ គ្រួសារអតីតយុទ្ធជនពលី និងជាពិសេស គ្រួសារយុទ្ធជនដែលជាប់បំពេញបេសកកម្មនៅសមរភូមិមុខ។ សម្តេចតេជោ បន្តមានប្រសាសន៍ប្រាប់ថ្នាក់ដឹកថ្នាក់ខេត្ត និងមូលដ្ឋានទាំងអស់ ត្រូវសកម្មនៅក្នុងការងាររបស់ខ្លួន មន្រ្តីត្រូវរត់រកការងារកុំរង់ចាំការងាររត់មករក ព្រមទាំបានណែនាំដល់មន្រ្តីមូលដ្ឋានទាំងអស់គប្បីកុំទុកឱ្យប្រជនជនយើងណាម្នាក់ស្លាប់ដោយអត់បាយ ជាពិសេសកូនចៅក្រុមគ្រួសារអតីតយុទ្ធជន និងកងទ័ពជួរមុខនៅសមរភូមិ។ក្នុងឱកាសនេះសម្ដេចចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ក៏បានមានប្រសាសន៍ ឱ្យគិតគូរ ផ្ដល់ឱកាសចំពោះកូនចៅអតីតយុទ្ធជនបានចូលបម្រើការងារក្នុងជួរកងទ័ព ដើម្បីបំពេញបន្ថែមនូវចំនួនកងទ័ពអាជីពបម្រើការក្នុងវិស័យយោធា ដែលសម្ដេចបានហៅថានេះជាកោសិកាដ៏សំខាន់នៃគ្រឹះការពារជាតិ។ ជាការគួរកយ់សម្គាល់ ត្រង់ចំណុចនេះក្នុងខេត្តកំពង់ធំ កន្លងមកបានផ្ដល់ក្របខណ្ឌពិសេសជូនកូនអតីតយុទ្ធជនចំនួន ៣៨៣ នាក់ ក្នុងនោះស្រី ១២៣ នាក់។សម្ដេចតេជោប្រមុខរដ្ឋស្ដីទី និងជាប្រធានសមាគមក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ ថ្នាក់ដឹកនាំមន្ទីរទាំងអស់ក្នុងខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះអតីតមន្រ្តីរាជការស៊ីវិលដែលចូលនិវត្តទាំងអស់ឱ្យបានល្អ ព្រមទាំងត្រូវឧស្សាហ៍ចុះសាកសួរសុខទុកអតីតចៅហ្វាយខេត្ត ចៅហ្វាយស្រុក អតីតមេឃុំ និងអតីតមន្ត្រីរាជការដែលចូលនិវត្តន៍ផង ដើម្បីបង្ហាញពីការដឹងគុណចំពោះមន្រ្តីចាស់ៗ និងផ្ដល់ភាពកក់ក្ដៅចំពោះពួកគាត់។ចំពោះកិច្ចការគ្រប់គ្រងវិស័យអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកំពង់ធំ មានអតីតយុទ្ធជនសរុបមានចំនួន ៤,០៣៩ នាក់ ក្នុងនោះបានចុះឈ្មោះចូលជាសមាជិក អ.ន.ក. សរុបចំនួន ៣,១៣០នាក់ ចំណែកអតីតមន្រ្តីរាជការស៊ីវិលចូលនិវត្តសរុបចំនួន ២,១០៦នាក់ (ស្រី ៦២០នាក់) ដែលកំពុងធ្វើបច្ចុប្បន្នភាពរៀបចំដាក់បញ្ចូលទៅក្នុងក្របខណ្ឌសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ក្រោមការមើលការខុសត្រូវដោយផ្ទាល់របស់សម្ដេចតេជោប្រធានសមាគម។សូមជម្រាបជូនថា វិស័យអតីតយុទ្ធជន និងនិវត្តជន ក្នុងខេត្តកំពង់ធំ ក៏មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្រោមគោលនយោបាយគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដោយក្នុងនោះក្នុងក្របខណ្ឌអតីតយុទ្ធជន បានផ្ដល់បណ្ណ ប.ស.ស. និង ម.ស.ស. ជូនសមាជិកបានចំនួន ៤, ០៣៩នាក់, ផ្ដល់បណ្ណសមធម៌ ២០០ គ្រួសារ និង ៦គ្រួសារទៀតបាននិងកំពុងរៀបចំបែបបទស្នើសុំ។រយៈពេល ៥ខែ ឆ្នាំ២០២៦ សមាជិក អ.ន.ក. ខេត្តកំពង់ធំ ទទួលមរណភាពសរុបចំនួន ៥៤ នាក់ បានប្រគល់ថវិកាបេឡាមរណៈសង្គ្រោះរបស់សមាគមមានចំនួន ៧៦ លានរៀល និងថវិកាបំពេញបន្ថែមរបស់សម្តេចតេជោចំនួន ៣៥ នាក់ ស្មើនឹង ១៤០ លានរៀល ។ ការងារទូទាត់ឯកសារបេឡាមរណសង្គ្រោះរបស់ អ.ន.ក.ខេត្តបានទាន់ពេលវេលា ដោយបានសហការជាមួយមូលនិធិជាតិជំនួយសង្គម (ម.ជ.ជ.) ក្នុងការបើកប្រាក់ធានារ៉ាប់រងសង្គម ប្រាក់ឧបត្ថម្ភ១លើក និងប្រាក់បូជាសពរយះពេល ៥ខែ សរុបមានចំនួន ១២ នាក់ សរុបទឹកប្រាក់ចំនួនជាង ៦៣ លានរៀល។ ដោយឡែកចំពោះគោលនយោបាយផ្ដល់ដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន បានរៀបចំដីទំហំ ១៩៧៨ ហិកតា ដោយបានបង្កើតជាភូមិដ្ឋានចូលនិវត្តន៍របស់អតីតយុទ្ធជន ស្ថិតនៅក្នុងមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជនមរតកតេជោធិបតីថ្លុកព្រីង មានទីតាំងក្នុងឃុំក្រយា ស្រុកសន្ទុក ដែលមានអតីតយុទ្ធជនចំនួន ២០៦ គ្រួសាររស់នៅជាអចិន្ត្រៃយ៍។ នេះគឺជាការគិតគូរខ្ពស់ពីរាជរដ្ឋាភិបាល ដែលមានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជាសេនាធិការ បានរៀបចំកសាងផ្ទះ និងបែងចែងដីឡូតិ៍កសិកម្ម ក្នុងមួយគ្រួសារទទួលបានដីជាង ១ហិកតាសម្រាប់បង្កបង្កើនផល។ ក្រៅពីនេះចំពោះអតីតយុទ្ធជន និងនិវត្តដែលពុំមានលទ្ធភាពគ្រប់គ្រាន់ សមាគមក៏បានជួយសាងសង់ផ្ទះជូននៅលើទីតាំងដីលំនៅដ្ឋានរបស់ពួកគាត់ផ្ទាល់។ ជារួមគិតមកទល់ពេលនេះ ផ្ទះដែលផ្ដល់ជូនអតីតយុទ្ធជននៅខេត្តកំពង់ធំ មានសរុបចំនួន ២៩២ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ

2026/06/03 07:14:33 pm        263
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក​ថ្ងៃ​ទី៣​ ខែ​មិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត​ ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តកំពង់ធំ, ក្នុងឱកាស​នោះ​សម្ដេច​បាន​ណែនាំ​មន្រ្ដីត្រូវបម្រើប្រជាជនដោយស្មោះត្រង់ និង​លុប​បំបាត់​ទង្វើ​ខុស​ឆ្គង​ចំពោះ​ពលរដ្ឋ​។ ខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាល នៃព្រះរាជាណាចក្រកម្ពុជាមាន ក្រុង ១, ស្រុក ៨, ឃុំ ៧៣, សង្កាត់ ៨ និងមានភូមិ ៧៦៥ មាន​ប្រជាពលរដ្ឋ​រស់​នៅ​សរុប​ចំនួន​២០៤.៣៩៣​គ្រួសារ​ស្មើនឹ​ង​៨៨០.៨៩៦នា​ក់។ មានប្រសាសន៍សំណេះសំណាលនោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានកោត​សរសើរ​ចំពោះ​ខេត្ត​កំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធ​ជន​បង្ហាញ​ពី​ការ​គិតគូរ និង​យក​ចិត្ត​ទុក​ដាក់ តាមរយៈសម្តេចកត់សម្គាល់ថា ខេត្តកំពង់ធំជាខេត្តដំបូង​ដែល​បាន​ធ្វើ​របាយ​ការណ៍​ជូនស​ម្តេចស្តីពីការអនុវត្តគោលនយោបាយគាំពារសង្គមក្នុងខេត្ត។ សម្រាប់ខេត្តកំពង់ធំ សម្តេច​តេជោក​ត់សម្គាល់ឃើញថា អគ្គិសនីគ្រប់គ្រាន់តែនៅក្នុងខេត្តកំពង់ធំ ប្រើប្រាស់​បច្ចុប្បន្ន​រង្វង់​៤៤​មេហ្គាវ៉ាត់ ដែលកាលពីមុន​អគ្គិសនី​នៅ​កម្ពុជា​ប្រើ​តែ​ជាង​៣០​មេហ្គាវ៉ាត់​ទេ​នៅ​ទូទាំង​ប្រទេស ​នេះបង្ហាញពីការលូតលាស់ជារួមនៅកម្រិតទូទាំងប្រទេស និងកម្រិតដាច់​ដោយ​ឡែក​នៃ​ខេត្ត​នីមួយៗ​ផងដែរ។ នេះជាការទទួលបាន កើតចេញពីការប្រឹងប្រែងទាំងអស់គ្នា។ នា​ឱកាសនោះ ទាក់ទងការបំពេញការងាររបស់មន្ត្រី សម្តេចបានមានប្រសាសន៍ថា សម្តេច​តែង​តែ​រំលឹក​ទៅ​ដល់មន្ត្រីតាំងពីសម្តេចជានាយករដ្ឋមន្ត្រីគឺ«យើងត្រូវរត់ទៅរកការងារ កុំអោយ​ការ​ងារ​រត់​មក​រក​យើង ត្រូវរត់ទៅរកប្រជាជន កុំអោយប្រជាជនរត់មករកយើង» ។ ចំពោះ​ការងារនៅមូលដ្ឋានត្រូវយកចិត្តទុកដាក់លើការងារបន្ត សម្តេចតេជោបានណែនាំ និង​ផ្តល់​អនុសាសន៍​ដល់​មន្ត្រីខេត្តនិងនៅតាមមូលដ្ឋាន យកចិត្តទុកដាក់ធ្វើជាបង្អែកដល់គ្រួសារកងទ័ព គ្រួសារ​យុទ្ធជនពលី គ្រួសារយុទ្ធជនពិការ មិនអាចទុកពួកគាត់ចោលដោយមិនបានដឹង និង​ដោយ​មិន​បានដោះស្រាយនោះទេ។ សម្តេចតេជោណែនាំឲ្យខិតខំរក្សាស្ថិរភាពនយោបាយ សន្តិសុខសង្គមអោយបានល្អ ប្រយ័ត្ន​លើ​ការ​ឆបោក​អនឡាញដែលអាចពង្រាយខ្លួន។ តាមភូមិឃុំ ត្រូវយកចិត្តទុកដាក់នៅមូលដ្ឋាន បោស​សម្អាត​អោយ​អស់ក្រែងមានការបែកសំបុកទៅជាក្រុមតូចៗ ត្រូវបង្ក្រាបគ្រប់កន្លែងទាំងអស់។ នៅ​តាម​មូល​ដ្ឋានក៏ត្រូវជួយគ្រប់គ្រងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការខិតខំទាំងឡាយ ខណៈ​បញ្ហា​សេដ្ឋកិច្ច​មិនមែនជាបញ្ហាតូចតាចនោះទេ។ ចូលរួមសន្សំសំចៃ ក៏ជាផ្នែកមួយសំខាន់ និង​ខិត​ខំ​ចូល​រួម​ចំណែកប្រមូលថវិកាជាតិ។ សម្តេចតេជោបន្តថា អ្វីដែលខេត្តកំពង់ធំត្រូវយកចិត្តទុក ជារួមខេត្តជុំវិញទន្លេសាប ដែល​មាន​ទាំង​ដី​ទឹក ​និងដីគោក មានការទន្ទ្រានកាន់កាប់ព្រៃលិចទឹក មានដីតំបន់៣ សូមបន្ត​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ចំណុចនេះ និងមានធនធានដទៃទៀតដែលត្រូវជួយគ្រប់គ្រងអោយបានល្អ ការពារ​ធន​ធាន​ធម្មជាតិ​ដែលមាននៅមូលដ្ឋានអោយបានគង់វង្ស។ លើការងារដីធ្លី​នៅ​មូលដ្ឋាន សម្ដេចតេជោក៏ឱ្យណែនាំ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ជម្លោះ​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ និងលុបបំបាត់ទំនាស់ដីធ្លីនៅទូទាំងប្រទេស តាមរយៈយន្ត​សម្រប​សម្រួល​ក្រៅ​ប្រព័​ន្ធ​តុលាការ និងវាស់វែងផ្តល់បណ្ណកម្មសិទ្ធជូនប្រជាជនអោយបានឆាប់។ សម្តេចតេជោ​ក៏បានណែនាំឱ្យបន្តយកចិត្តទុកដាក់គ្រប់គ្រង និងជួយមើល​ថែ​ចំពោះ​បង​ប្អូន​អតីត​យុទ្ធជន និងនិវត្តន៍ជនដែលមានក្នុងមូលដ្ឋាន។ ចំពោះ​រោង​ចក្រសហគ្រាសនានានៅក្នុងខេត្តកំពង់ធំមិនមានច្រើនទេ ប៉ុន្តែសម្តេច​តេជោ​នៅ​តែ​ណែនាំ​អោយ​យកចិត្តទុកដាក់បន្ថែមគ្រប់គ្រងអោយបានល្អចំពោះកម្មករនិយោជិត និងខិតខំ​ដោះ​ស្រាយ​វិវាទការងារនៅគ្រប់ទីកន្លែងអោយបានឆាប់បំផុត ប្រសិនបើមាន។ លើការងារ​នៅមូ​លដ្ឋាន សម្តេចតេជោណែនាំឲ្យខិតខំបម្រើប្រជាជនដោយស្មោះត្រង់ សម្តេច​ឃើញ​ថា​មូលដ្ឋានបានខិតខំធ្វើការបានល្អហើយ ប៉ុន្តែមូលដ្ឋានត្រូវខិតខំបន្តទៀត «អំពើល្អ​ចំពោះ​ប្រជា​ពលរដ្ឋ​ ទទួលបានត្រឡប់មកវិញដោយការស្រលាញ់ ប៉ុន្តែអំពើទាំងឡាយណាដែលមិនល្អ ទទួល​បានត្រឡប់មកវិញដោយការស្អប់ពីប្រជាពលរដ្ឋ។ អ្វីក៏ដោយកើត​ចេញ​ពីកា​រ​ខុស​ឆ្គង​របស់​មន្ត្រី​ត្រូវ​ខិតខំលុបបំបាត់»។ សូមបញ្ជាក់ថា ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បាន​ចាប់​ផ្តើម​កាល​ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយ​រហូត​មក​ដល់ពេលនេះ ជាលើកទី១២ នៅខេត្តកំពង់ធំនេះ។ ការចុះជួបសំណេះសំណាលនេះ ជា​ការ​ពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពី​ការ​វាយ​តម្លៃ​សភាព​ការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏​ដូច​ជា​ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭក​ដល់​មន្ត្រី​នៅ​មូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យ​បានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជា​ក្តី​កង្វល់​របស់​ប្រជាព​លរដ្ឋ​នៅមូ​លដ្ឋា​ន ឱ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា៕

សម្តេចតេជោ ហ៊ុន សែន៖ កំពង់ធំជាគោលដៅការចាប់អារម្មណ៍លើការវិនិយោគកែច្នៃស្វាយចន្ទី ខណៈ​មហិច្ឆតាកម្ពុជាចង់ប្រែក្លាយជាអធិរាជស្វាយចន្ទី

2026/06/03 07:01:39 pm        280
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ណែនាំឲ្យ​អភិបាល​ខេត្ត​កំពង់ធំ​ ក្តាប់​យកការ​ទាក់​ទាញវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទី ខណៈកម្ពុជា​ចង់​ប្រែក្លាយ​ជា​ប្រទេស​អធិរាជ​គ្រាប់ស្វាយចន្ទី និងមានដំណាំស្វាយចន្ទីច្រើនជាងគេ។ ក្នុងឱកាសសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​មន្ត្រី​នៃ​មន្ទីរ​អង្គ​ភាពនានាជុំវិញខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តកំពង់ធំបាន​ចូលរួម​បង្កើន​គម្រប​ព្រៃឈើ​ច្រើន​តាម​រយៈ​ដំណាំ​ចំការ​កៅស៊ូ ​ដំណាំស្វាយចន្ទី ហើយខេត្តកំពង់​ធំ​ជា​គោល​ដៅ​នៃ​ការ​ចាប់អា​រម្មណ៍​ការ​វិនិយោគ​កែច្នៃ​គ្រាប់​ស្វាយចន្ទី ដូច្ចេះអភិបាលខេត្តត្រូវក្តាប់អោយជាប់ទាក់ទងការទាក់ទាញការវិនិយោគ ប្រើ​ប្រាស់​វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងខេត្តកំពង់ធំ ក្នុងនោះក៏អាច​មាន​ចំណែក​ខ្លះម​ក​ពី​ខេត្ត​ព្រះវិហារ និងខ្លះមកពីខេត្តកំពង់ចាមដែរ។ សម្តេចតេជោបន្តថា យើងត្រូវប្រែក្លាយប្រទេសកម្ពុជាទៅជាអធិរាជគ្រាប់ស្វាយចន្ទី ខណៈ​លើ​ពិភព​លោក​បច្ចុប្បន្នប្រទេសដែលមានគ្រាប់ស្វាយចន្ទីច្រើនជាងគេគឺកម្ពុជា សម្តេចបញ្ជាក់ថា «ពី​មុន​គឺ​ប្រទេស​កូឌីវ័រ តែពេលនេះនៅកម្ពុជា»។ សម្តេចបន្តថា ដំណាំស្វាយចន្ទីនេះ ប្រជាជនដាំងាយស្រួលជាង។ ក្នុងនោះប្រទេស​វៀតណាម​ជា​ប្រទេស​ទីមួយ​ចែកចាយគ្រាប់ស្វាយចន្ទីលើពិភពលោក ហើយឥណ្ឌាជាប្រទេសទី២។ ទាំង​វៀតណាម និង​ប្រទេសឥណ្ឌាផលិតគ្រាប់ស្វាយចន្ទីមិនមានគ្រប់គ្រាន់ទេ ដូច្ចេះ​វៀតណាម​ដឹក​ពី​អាហ្វ្រិក​ទៅ​កែច្នៃ​ និងចែកចាយ ប៉ុន្តែបច្ចុប្បន្នសេដ្ឋកិច្ចបំពេញអោយគ្នារវាងកម្ពុជា និងវៀតណាម ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានកើនឡើង១០ពាន់លានដុល្លារ និងឆ្ពោះទៅរក​ ២០​ពាន់​លាន​ដុល្លារ អ្វីគួរអោយចាប់អារម្មណ៍៣ឆ្នាំចុងក្រោយ យើងនាំចេញទៅវៀតណាម ច្រើនជាង​នាំ​ចេញ​ពី​វៀតណាមមកកម្ពុជា ក្នុងនោះគឺកៅស៊ូ និងគ្រាប់ស្វាយចន្ទី បានដើរតួនាទីដ៏សំខាន់។ បើតាមតួលេខ វៀតណាមនាំមកកម្ពុជា រយៈពេល៣ខែ ឆ្នាំ២០២៦នេះមាន ១ពាន់​៣០០​លាន​ដុល្លារ និងកម្ពុជាចេញទៅវៀតណាមមាន១ពាន់៩០០លានដុល្លារ។ សម្តេចតេជោបន្តថា នៅ​ពេល​ចំពោះ​មុខឬអនាគត កម្ពុជានឹងនាំចេញទៅវៀតណាមច្រើនជាងវៀតណាមនាំចូលមក។ នេះជាសេដ្ឋកិច្ចក្នុងតំបន់បំពេញអោយគ្នា។ កម្ពុជាកំពុង​ប្រែ​ក្លាយ​ពី​ប្រទេស​គ្រាន់​តែផ្គ​ត់​ផ្គង់​ខ្លួន​ឯង​ទៅ​ជា​ប្រទេសសម្រាប់ការនាំចេញ។ សូមបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា តាមបណ្តាខេត្តនានា មានដាំដុះដំណាំស្វាយចន្ទីច្រើន ហើយ​បើ​និយាយដាច់ដោយឡែកនៅក្នុងខេត្តកំពង់ធំ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីមានចំនួនសរុប ១៦៨ ១៥២ហិកតា (ស្មើនឹង២៣%នៃផ្ទៃដីកសិកម្មសរុប), ទិន្នផល ជាមធ្យម ១,៥​តោន​/​ហិកតា​, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី ចំនួន ៣ទីតាំង និងសិប្បកម្មកែច្នៃគ្រាប់ ស្វាយចន្ទី ចំនួន ៩ទី​តាំង (មានសមត្ថភាពកែច្នៃ ៧៨តោន/១ថ្ងៃ)៕

សម្ដេចតេជោ បង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកជូនប្រជាជន កម្ពុជា និងថៃបានជ្រាបបន្ថែម

2026/06/01 10:08:29 pm        512
ភ្នំពេញ៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា បានបង្ហាញការចាប់អារម្មណ៍ចំពោះលិខិតចំហររបស់លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ និងចែករំលែកនូវអត្ថបទនេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងថៃបានជ្រាបបន្ថែម។ សម្ដេចតេជោបានសរសេរថា៖«ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅលើអត្ថបទរបស់លោក សូមទុកឲ្យប្រជាជនទាំងពីរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់»។ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖បញ្ហាផែនទីខណ្ឌសីមាព្រំដែនគោក ថៃ-កម្ពុជា តាមការលើកឡើងរបស់លោក Surachart Bamrungsuk ផ្សាយលើគណនី Facebook: Matichon Weekly - มติชนสุดสัปดาห์ : ថ្ងៃទី 01/06/2026លោក Surachart Bamungsuk អ្នកជំនាញផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ បានលើកឡើងថា «ខ្ញុំគិតជាច្រើនដងហើយថា តើខ្ញុំគួរតែសរសេរសំបុត្រចំហមួយច្បាប់នេះផ្ញើជូនលោក Anutin ដែរឬទេ ប៉ុន្តែនៅពេលគិតដល់ព័ត៌មានស្តីពីខ្សែបន្ទាត់ព្រំដែនថៃ-កម្ពុជា ដែលនាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ដល់បណ្តាញសារព័ត៌មានផ្សេងៗរួចមក ខ្ញុំក៏សម្រេចចិត្តថា ខ្ញុំគួរតែសរសេរដើម្បីសុំការអនុញ្ញាតជម្រាបជូនព័ត៌មានពាក់ព័ន្ធនឹងរឿងខាងលើ។រឿងដែលខ្ញុំបានលើកឡើង អាចនឹងផ្ទុយពីព័ត៌មានដែលលោកបានដឹង ដោយសារព័ត៌មានដែលពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែនបែបនេះ គឺជារឿងដែលមានសារៈសំខាន់ខ្លាំងចំពោះ «ផលប្រយោជន៍ជាតិ» របស់ថៃ។ ដូច្នេះហើយទើបខ្ញុំត្រូវសុំការអនុញ្ញាតបង្ហាញជូនដើម្បីឱ្យមានភាពច្បាស់លាស់ ទោះបីជាដឹងថា វាអាចនឹងមិនត្រូវចិត្តលោកក៏ដោយ។ ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ព័ត៌មាន នាយករដ្ឋមន្ត្រីបានប្រកាសថា ប្រទេសថៃនឹងប្រកាន់យកតែផែនទីខ្នាត 1:50,000 តែប៉ុណ្ណោះ ហើយថែមទាំងបានប្រកាសសង្កត់ធ្ងន់ទៀតថា បើប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ។ ខ្ញុំចង់សុំការអនុញ្ញាតប្រាប់ដល់នាយករដ្ឋមន្ត្រីវិញថា នៅក្នុងការចរចាបញ្ហាវិវាទរឿងបន្ទាត់ព្រំដែនរវាងប្រទេស និងប្រទេស រដ្ឋគូភាគីវិវាទនឹងប្រើប្រាស់តែផែនទី ដែលទទួលបានការផ្តល់សច្ចាប័នរួចហើយតែប៉ុណ្ណោះ ចំណែកឯផែនទីផ្សេងទៀតដែលមិនទាន់ទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកប្រើប្រាស់ជាភស្តុតាង នៅក្នុងការចរចាបញ្ហាអន្តរជាតិបានឡើយ។ ដូចដែលនាយករដ្ឋមន្ត្រីបានដឹងស្រាប់ហើយថា ប្រទេសសៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញារវាងគ្នាចំនួន 3 ច្បាប់ គឺ៖ សន្ធិសញ្ញា រ.ស. 112 (សន្ធិសញ្ញាបន្ទាប់ពីវិបត្តិនៃសម័យRattanakosin 112 (ឆ្នាំ1893), អនុសញ្ញា រ.ស. 112 (ឆ្នាំ1904 - គឺជាការកែប្រែសន្ធិសញ្ញាឆ្នាំ1893) និងសន្ធិសញ្ញា រ.ស. 125 (ឆ្នាំ1907)។ ទាក់ទងនឹងបញ្ហានេះ ផែនទីត្រូវរៀបចំឡើងដោយគណៈកម្មការបោះបង្គោលព្រំដែន ដោយធ្វើឡើងស្របតាមអនុសញ្ញាឆ្នាំ1904 និងសន្ធិសញ្ញាឆ្នាំ1907 ហើយមានការបោះពុម្ពផ្សាយផែនទីចំនួន៥០ច្បាប់ ដើម្បីផ្ញើជូនរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស ហើយយើងបានទទួលផែនទីទាំងនោះនៅក្នុងខែសីហា ឆ្នាំ1908។ ដូច្នេះប្រសិនបើមានបញ្ហា ឬ មានវិវាទណាមួយកើតឡើង រដ្ឋាភិបាលថៃ និងរដ្ឋាភិបាលកម្ពុជា នឹងប្រើប្រាស់តែសន្ធិសញ្ញា និងផែនទីនេះប៉ុណ្ណោះ ជាឧបករណ៍ក្នុងការដោះស្រាយវិវាទហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរមានកាតព្វកិច្ចត្រូវប្រើប្រាស់សន្ធិសញ្ញា និងផែនទីខាងលើ។ គេមិនបាច់គិតគូរថា តើផែនទីនេះមានខ្នាតប៉ុន្មាននោះទេ ព្រោះវាជាផែនទីដែលទទួលបានការផ្តល់សច្ចាប័នរួចរាល់ហើយ ហើយប្រធានបទនេះត្រូវបានចាត់ទុកជា គោលការណ៍នៅក្នុងនយោបាយអន្តរជាតិដែលថា ផែនទីដែលមិនទទួលបានការផ្តល់សច្ចាប័ន គឺមិនអាចយកមកអះអាងសិទ្ធិរបស់រដ្ឋតាមផ្លូវច្បាប់បានឡើយ។ តាមការពិតទៅបញ្ហាដោះស្រាយរឿងផែនទីខណ្ឌសីមាព្រំដែនថៃ-កម្ពុជា បើត្រឡប់ទៅពិនិត្យមើលខ្លឹមសារសំខាន់នៃ «សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ករណីប្រាសាទព្រះវិហារ» នៅក្នុងឆ្នាំ១៩៦២ គឺមានភាពច្បាស់លាស់ណាស់ថា ផែនទីដែលភាគីកម្ពុជាប្រើប្រាស់ក្នុងការតស៊ូក្តី គឺ «ផែនទីខណ្ឌសីមា (ផែនទីឧបសម្ព័ន្ធទី1)»។ ចំណែកឯផែនទីដែលភាគីថៃនៅក្នុងសម័យរដ្ឋាភិបាលរបស់លោក Sarit Thanarat ប្រើប្រាស់នោះ គឺ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញភាគីថៃ» (ប្រយោគនេះមានបង្ហាញនៅលើផែនទីដែលរដ្ឋាភិបាលថៃបានផ្ញើជូនតុលាការពិភពលោក)។ នាយករដ្ឋមន្ត្រីប្រាកដជាបានដឹងច្បាស់ហើយថា រវាង «ផែនទីខណ្ឌសីមា» របស់ភាគីកម្ពុជា ជាមួយ «ផែនទីដែលធ្វើឡើងដោយអ្នកជំនាញថៃ» នោះ ផែនទីរបស់ភាគីថៃទំនងជាចំណុចដែលមានភាពចាញ់ប្រៀបខ្លាំងជាង នៅក្នុងការតស៊ូក្តីនៅក្នុងតុលាការអន្តរជាតិ។ ការដែលខ្ញុំលើកយកប្រធានបទផែនទីក្នុងឆ្នាំ 1962 មកធ្វើការប្រៀបធៀបបែបនេះគឺដើម្បីបង្ហាញឱ្យឃើញថា នៅទីបំផុតនៅពេលដែលមានវិវាទរវាងប្រទេសទាំងពីរ កើតឡើង រដ្ឋគូភាគីវិវាទត្រូវតែប្រើប្រាស់ផែនទីខណ្ឌសីមាជាឧបករណ៍ក្នុងការដោះស្រាយបញ្ហា។ ការដែលនាយករដ្ឋមន្ត្រីនិយាយដល់ផែនទីផ្សេងទៀត វាក៏អាចមិនខុសពីការដែលលោក Sarit Thanarat ប្រើប្រាស់ផែនទីរបស់អ្នកជំនាញថៃនោះដែរ។ ទោះជាយ៉ាងណាក៏ដោយ វាអាចនឹងមានផែនទីផ្សេងទៀតដែលបង្ហាញពីខ្សែបន្ទាត់ព្រំដែនរបស់រដ្ឋ ប៉ុន្តែផែនទីទាំងនេះត្រូវបានធ្វើឡើងដើម្បីប្រើប្រាស់ក្នុងបេសកកម្មផ្សេង ទៀត ដូចជាក្នុងបេសកកម្មយុទ្ធសាស្ត្ររបស់យោធា។ប៉ុន្តែវាមិនមានអត្ថន័យក្នុងការអនុញ្ញាត ឱ្យយកមកប្រើប្រាស់ក្នុងរឿងដែលពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនរបស់រដ្ឋឡើយ ដូចដែលមានខ្លឹមសារបង្ហាញយ៉ាងច្បាស់នៅលើគែមផែនទីយោធាថា «ខ្សែខណ្ឌចែកដែនដីមិនត្រូវបានកំណត់ជាផ្លូវការឡើយ» (Boundary representation is not necessarily authoritative)។ ដូច្នេះទោះបីជាប្រទេសថៃមានប្រៀបនៅក្នុងផែនទីបែបនេះយ៉ាងណាក៏ដោយ ក៏ផែនទីបែបនេះមិនអាចយកទៅអះអាងសិទ្ធិក្នុងផ្លូវច្បាប់អន្តរជាតិបានឡើយ ឬក្នុងន័យដូចគ្នានេះ គឺមិនអាចយកទៅតស៊ូនៅក្នុងតុលាការពិភពលោកបានទេ។ ទោះបីជាផែនទីនេះមានខ្នាតដែលនាយករដ្ឋមន្ត្រីជឿជាក់ថា ជាភាពមានប្រៀប ដែលសំដៅទៅលើផែនទីខ្នាត 1:50,000 ក៏ដោយ ក៏វាមិនមានន័យអ្វីដែរ ព្រោះផែនទីនេះមិនមានការទទួលស្គាល់ពីរដ្ឋជិតខាង និងមិនមែនជាផែនទីដែលប្រើប្រាស់ក្នុងការកំណត់បន្ទាត់ព្រំដែនរវាងប្រទេសនោះឡើយ។ ហេតុដូច្នេះ ខ្ញុំត្រូវសុំការអនុញ្ញាតជម្រាបជូននាយករដ្ឋមន្ត្រីថា ផែនទីយោធាដែលលោកលើកឡើងមកនោះ បើទោះបីជាវា «មានប្រៀប» តែវាមិនអាចយកទៅប្រើប្រាស់ ក្នុងដំណើរការផ្លូវច្បាប់បានឡើយ។ ហើយប្រសិនបើយកទៅដាក់ជូនតុលាការពិភពលោក ក៏មិនអាចប្រើប្រាស់ជាភស្តុតាងយោងបានដែរ ព្រោះខ្លឹមសារនៅលើគែមផែនទីនោះ បានបញ្ជាក់ច្បាស់រួចទៅហើយថា មិនមែនជាផែនទីប្រើសម្រាប់រឿងបន្ទាត់ព្រំដែនឡើយ។ ប្រសិនបើមាននរណាម្នាក់ទៅប្រាប់នាយករដ្ឋមន្ត្រីឱ្យរកផ្លូវចេញផ្សេងទៀតដោយប្រើតែផែនទីខ្នាត 1:50,000 នោះ វាមិនអាចប្រើប្រាស់បានតាមផ្លូវច្បាប់បានទេ ប៉ុន្តែបើចង់ប្រើ គឺត្រូវតែប្រើផែនទីខណ្ឌសីមា ដែលមានខ្នាត 1:200,000 នោះ។ ទោះជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីបានបង្ហាញជំហរយ៉ាងច្បាស់លាស់នៅក្នុងវេទិកាសាធារណៈ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសថៃថា រដ្ឋាភិបាលរបស់លោកនឹងមិនទទួលយកផែនទីខណ្ឌសីមាដែលមានខ្នាតបែបនេះឡើយ។ការលើកឡើងនេះបានធ្វើឱ្យមានមនុស្សឆ្លៀតឱកាសមួយចំនួន បានស្នើដល់រដ្ឋាភិបាលថៃឱ្យធ្វើការបដិសេធទាំងអស់ ពោលគឺមិនទទួលយកសន្ធិសញ្ញាទាំង 3 ច្បាប់ និងផែនទីខណ្ឌសីមាជាមួយកម្ពុជាតែម្តង។ សំណើខាងលើ គឺជារឿងដែលមិនអាចទៅរួចឡើយទាំងនៅក្នុងការអនុវត្តជាក់ស្តែង និងនៅក្នុងផ្លូវប្រវត្តិសាស្ត្រ។ ព្រោះកិច្ចព្រមព្រៀង និងផែនទីខណ្ឌសីមាទាំងអស់នេះ គឺជារបស់ធានាអះអាងពាក់ព័ន្ធនឹងបន្ទាត់ព្រំដែនសៀមតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។ ការមិនទទួលយកឯកសារនេះ មិនមែនជាផ្លូវចេញដ៏ល្អនោះទេ ព្រោះការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិដែលទទួលបានការផ្តល់សច្ចាប័នរួចមកហើយនោះ មិនមែនជារឿងដែលផ្តល់ផលប្រយោជន៍ដល់ថៃឡើយ ហើយវាអាចនឹងក្លាយទៅជាភាពចាញ់ប្រៀបក្នុងផ្លូវនយោបាយទៅឱ្យភាគីកម្ពុជាវិញ។ ម្យ៉ាងវិញទៀត សន្ធិសញ្ញា និងផែនទីទាំងអស់នេះ ត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងបន្ទាត់ព្រំដែនថៃ-ឡាវ និងថៃ-កម្ពុជា ពោលគឺវាជាឯកសារដែលប្រើប្រាស់សម្រាប់ គ្រប់គ្រងខ្សែបន្ទាត់ព្រំដែនប៉ែកខាងកើតរបស់ថៃទាំងមូល ដែលវាអាចនឹងមានទាំងផ្នែកចំណេញ និងផ្នែកខាតបង់លាយឡំគ្នា មិនមែនមានលក្ខណៈតែម្ខាង ទៅតាមអ្វីដែលបានលើកឡើងតៗគ្នាមកនោះឡើយ។ ដូច្នេះប្រសិនបើពិនិត្យមើលរូបភាពរួមទាំងមូល គឺមិនមែនប្រទេសសៀមចាញ់ប្រៀបទាំងអស់ ដូចដែលយើងធ្លាប់ជឿតាមគ្នាមកនោះទេ ព្រោះនៅក្នុងផ្នែកមួយទៀត ត្រូវដឹងថាមន្ត្រីខណ្ឌសីមា រួមទាំងក្រុមជាងវាស់វែងរបស់សៀមនាពេលនោះ មិនមែនជាអ្នកដែលខ្វះចំណេះដឹង រហូតដល់មិនមានការយល់ដឹងនៅក្នុងរឿងខណ្ឌសីមាព្រំដែននោះឡើយ។ នេះដោយសារតែយើងតែងតែបង្កើតការស្រមៃចេញពីការជឿជាក់ថា បារាំងមានអំណាចខ្លាំងជាងសៀមនៅក្នុងយុគសម័យអាណានិគម ទើបអាចកេងប្រវ័ញ្ចយកប្រៀបមកលើសៀមបានទាំងអស់ ទាំងដែលការជឿបែបនោះអាចនឹងមិនមែនជាការពិត រហូតក្លាយទៅជាបញ្ហានយោបាយនៅក្នុងពេលបច្ចុប្បន្ន។ សម្រាប់ប្រធានបទនេះ ខ្ញុំចង់សុំការអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រី សាកសួរអ្នកចេះដឹងដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈ និងជាអ្នកជំនាញពិតប្រាកដ ដែលអាចនឹងមិនមែនជាអ្នកនយោបាយដូចជា រដ្ឋមន្ត្រីក្រសួងការបរទេសបច្ចុប្បន្ន ដែលពេលខ្លះលោកអាចនឹងត្រូវលាក់ចំណេះដឹងពាក់ព័ន្ធនឹងរឿងខ្សែបន្ទាត់ព្រំដែន ដើម្បីកុំឱ្យមានទំនាស់ជាមួយនាយករដ្ឋមន្ត្រី។ ខ្ញុំសង្ឃឹមថា ខ្លឹមសារទាំងអស់ដែលបានសរសេរជូននាយករដ្ឋមន្ត្រីបែបនេះ លោកនឹងមិនខឹងសម្បារ និងមិនលើកឡើងតែពីការបដិសេធនោះទេ។ ព្រោះខ្ញុំមិនចង់ឃើញ ប្រទេសថៃត្រូវបានជំរុញឱ្យទៅស្ថិតនៅក្នុងជ្រុងដែលចាញ់ប្រៀប ហើយក៏មិនចង់ឃើញនាយករដ្ឋមន្ត្រី ដើរចូលទៅជាប់ «អន្ទាក់នៃជម្លោះ» ដូចដែលរដ្ឋាភិបាលថៃនៅក្នុងឆ្នាំ ២០១១ ធ្លាប់ជួបប្រទះបញ្ហានេះម្តងហើយ ដែលកាលនោះវាបានបញ្ចប់ទៅដោយសាលដីការបស់តុលាការពិភពលោកនៅក្នុងឆ្នាំ២០១៣ ដែលមានន័យស្មើនឹងការចាញ់ក្តីនៅក្នុងតុលាការពិភពលោកជាលើកទី២។ ក្រៅពីនេះ ខ្ញុំនៅតែបញ្ជាក់ថា មតិយោបល់នៅក្នុងរឿងផែនទី និងព័ត៌មានដែលបានជម្រាបជូនខាងលើ គឺមិនមានប្រធានបទនយោបាយណាមួយបង្កប់លាក់លៀមឡើយ។ ព័ត៌មានខាងលើអាចបញ្ជាក់ពីភាពត្រឹមត្រូវតាមផ្លូវច្បាប់អន្តរជាតិបានពិតប្រាកដ ដែលខ្ញុំជឿជាក់ថា មន្ត្រីរាជការដែលនៅតែ «ស្មោះត្រង់ និងមានវិជ្ជាជីវៈខ្ពស់» នៅក្នុងនាយកដ្ឋានសន្ធិសញ្ញា និងច្បាប់ របស់ក្រសួងការបរទេស និងនាយកដ្ឋានផែនទីយោធា ក៏អាចបញ្ជាក់ពីមតិយោបល់បែបនេះបានដូចគ្នាដែរ។ ចុងក្រោយនេះ ការប្រកាសរបស់នាយករដ្ឋមន្ត្រីឱ្យប្រើប្រាស់ផែនទីផ្សេងទៀត ដែលមិនមែនជាផែនទីខណ្ឌសីមានោះ អាចនឹងក្លាយជាច្រកផ្លូវឱ្យរដ្ឋាភិបាលកម្ពុជាយកមកធ្វើជាប្រធានបទក្នុងការស្នើសុំមតិយោបល់ទៅកាន់តុលាការពិភពលោកម្តងទៀត ដោយសារតែសាលដីការបស់តុលាការពិភពលោកក្នុងឆ្នាំ1962 នោះ មានផ្នែកដែលពាក់ព័ន្ធដោយផ្ទាល់ជាមួយប្រធានបទរឿងផែនទីខណ្ឌសីមា។ ទោះបីជារដ្ឋាភិបាលថៃបញ្ជាក់ថា ប្រទេសថៃមានសិទ្ធិក្នុងការមិនព្រមទទួលយកអំណាចរបស់តុលាការពិភពលោកក៏ដោយ។ ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង យើងបានទទួលយកអំណាចរបស់តុលាការពិភពលោករួចទៅហើយ ទាំងនៅក្នុងឆ្នាំ1962និង2013 ហេតុដូច្នេះ បញ្ហានេះអាចធ្វើឱ្យថៃត្រូវត្រឡប់ទៅកាន់ តុលាការពិភពលោកម្តងទៀតបានដោយមិនពិបាកឡើយ។ សូមជូនព័ត៌មាននេះដល់នាយករដ្ឋមន្ត្រី ដើម្បីជ្រាប និងពិចារណា ដោយក្តីបារម្ភបំផុត ព្រោះខ្ញុំមិនចង់ឃើញលោកត្រូវបានគេអូសទាញឱ្យចូលទៅក្នុង «អន្ទាក់ច្បាប់» នៃបញ្ហាក្នុងរឿងផែនទីខណ្ឌសីមា ដោយគ្មានការជំទាស់ពីភាគីអ្នកច្បាប់ និងអ្នកជំនាញនោះឡើយ៕ Facebook:https://www.facebook.com/share/p/1Dfttyo3un/?mibextid=wwXIfr 

សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន

2026/05/28 01:30:26 am        156
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី ២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត ដែលមានអ្នកចូលរួមប្រមាណជិតមួយពាន់នាក់។មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីមូលដ្ឋាននៃរដ្ឋបាលខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង ផ្ដល់ភាពកក់ក្ដៅ ជួយទំនុកបម្រុងទាំងស្មារតី និងសម្ភារៈ ជូនចំពោះអតីតយុទ្ធជន និវត្តជន អតីតយុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលីនៅសមរភូមិ ដើម្បីកាត់បន្ថយកង្វល់ដល់គ្រួសារដែលជាយុទ្ធជនកំពុងជាប់បេសកកម្មនៅជួរមុខ។ សកម្មភាពនេះ សម្ដេចតេជោប្រធានបានហៅថាជាផ្នែកមួយដ៏សំខាន់ដើម្បីជួយពង្រឹងខឿនការពារជាតិ ដែលអ្នកសមរភូមិក្រោយបានជួយសម្រាលការលំបាករបស់អ្នកសមរភូមិមុខ។ សម្តេចតេជោមានប្រសាសន៍ថា៖ «ចំណុចនេះខ្ញុំធ្លាប់លើកឡើងរួចមកហើយ យើងត្រូវគ្រប់គ្រងឱ្យបានក្នុងមូលដ្ឋានរបស់យើង មានអតីតយុទ្ធជនប៉ុន្មាន? មាននិវត្តជនប៉ុន្មាន? ពីមុនយើងតែមានសមាគមអតីតយុទ្ធជនប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយើងឃើញថាមន្រ្តីរាជការចូលនិវត្តន៍ ក៏គាត់ត្រូវការលំនឹងមួយដែរ អីចឹងទើបយើងបានបង្កើតឱ្យមានលក្ខន្តិកៈថ្មីរបស់សមាគមដោយគ្រប់គ្រងទាំងអតីតយុទ្ធជន និងនិវត្តជន ជាមួយគ្នាតែម្ដង។ អីចឹងយើងត្រូវតែគ្រប់គ្រងពួកគាត់ មើលអ្នកណាមានដីអត់ផ្ទះ មានផ្ទះមិនសមរម្យ យើងត្រូ​វធ្វើម៉េច រៀបចំឱ្យគាត់មានផ្ទះសមរម្យ»។សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា៖ «តាមខេត្តនីមួយៗ សុទ្ធតែមានផែនការធ្វើ អ៊ីចឹងត្រូវចេះប្រមូលគ្នាធ្វើចលនារួមគ្នាធ្វើ។ វាជាភព្វសំណាងមួយដែលយើងបានខិតខំធ្វើឱ្យប្រាក់បៀវត្សរ៍អ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយមានកម្រិតស្មើគ្នា។ អីចឹងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដែលបានចូញលនិវត្តន៍ទៅ ត្រូវជួយពួកគាត់ គាត់មិនត្រូវការអីហួសហេតុពីយើងទេ អ្វីដែលជាតម្រូវការរបស់គាត់គឺការរាប់អាន ទំនាក់ទំនងពីយើងទៅកាន់គាត់។ អ្នកចាស់ទុំពីជំនាន់មុន បានត្រួសត្រាយផ្លូវឱ្យយើងដើរ ពលិកម្មរបស់ពួកគាត់មិនត្រូវមើលរំលងដោយពួកយើងជំនាន់ក្រោយនោះទេ មិនថាពួកគាត់ជាអតីតទាហាន អតីតប៉ូលីសឡើយ»។ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី​ ក៏បានមានប្រសាសន៍ឱ្យពិនិត្យលទ្ធភាពក្នុងការផ្ដល់លក្ខខណ្ឌពិសេសសម្រាប់កូនចៅអតីតយុទ្ធជនបានចូលរៀនក្នុងជួរកងទ័ព ព្រមទាំងមានប្រសាសន៍ណែនាំដល់សមាគម អមត គួរផ្ដល់អាហារូបករណ៍ជូនកូនចៅអតីតយុទ្ធជន គ្រួសារយុទ្ធជនពលី និងយុទ្ធជននៅសមរភូមិមុខ បានចូលសិក្សារៀនសូត្រដើម្បីជួយឱ្យគ្រួសាររបស់ពួកគាត់មានលំនឹងនាពេលអនាគត។សម្តេចតេជោ ហ៊ុន សែន​ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការមិនយកចិត្តទុកដាក់ និងមិនខ្វាយខ្វល់ចំពោះអតីតយុទ្ធជន និវត្តជន គ្រួសារយុទ្ធជន គ្រួសារយុទ្ធជនពលី និងកូនចៅរបស់ពួកគាត់ នោះមិនមែនជាគោលនយយោបាយរបស់គណបក្សប្រជាជននោះទេ។ ចំពោះគោលនយោបាយដែលមន្រ្តីគណបក្សប្រជាជនកម្ពុជាត្រូវប្រកាន់ខ្ជាប់គឺត្រូវតែអនុវត្តឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកចូលនិវត្តន៍ និងចាស់ទុំជំនាន់មុនដែលជាអ្នកត្រួសត្រាយទុកឱ្យយើងអ្នកជំនាន់ក្រោយ៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាស​ត្រៀម​បញ្ជូនចៅៗ​របស់​សម្តេច​ដែល​គ្រប់​អាយុ​ទៅ​បំពេញ​កាតព្វកិច្ច​កង​ទ័ព​ អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»

2026/05/27 07:46:29 pm        574
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាស​ត្រៀម​បញ្ជូន​ចៅ​ៗ​របស់​សម្តេច​ដែលគ្រ​ប់​អាយុ​បំពេញ​កាតព្វកិច្ចកងទ័ព អនុវត្តច្បាប់ «កាតព្វកិច្ចយោធា»។ សម្ដេចតេជោ បានបញ្ជាក់បែបនេះ ក្នុង​ឱកាស​អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ​ក្រុម​ប្រឹក្សា​ខេត្ត ​ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ឆ្នាំងសរុបចំនួន ៩៦៦​នាក់ ដែលពិធីនេះបានប្រារព្ធឡើងនៅសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ។ក្នុងឱកាសនោះ សម្ដេចតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការអនុវត្ត​ច្បាប់​កាតព្វ​កិច្ច​យោធា​នេះ គឺធ្វើ​ឡើង​ដោយ​ស្មើភាព​គ្នា​ហើយ​ចៅ​ៗ​របស់​សម្តេច​បាន​ត្រៀម​អនុវត្ត​ដោយ​គ្មាន​ការ​លើក​លែង​នោះ​ទេ។ សម្ដេចតេជោ បានបន្តថា «ច្បាប់កាតព្វកិច្ច​យោធា​នេះ​គឺ​មាន​វិសាលភាព​អនុវត្ត​លើ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចាប់ពីអាយុ១៨ឆ្នាំដល់២៥ឆ្នាំ ត្រូវតែបំពេញកាតព្វកិច្ចយោធាលើកលែងតែស្ត្រី គឺ​ផ្អែក​ទៅតា​មការស្ម័គ្រចិត្ត»។សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៅថ្ងៃទី២៣ ខែ​ឧសភា​ ឆ្នាំ២០២៦នេះ ក្នុងព្រះមរមនាម និងតាម​ព្រះរាជ​ត្រាស​បង្គាប់​របស់​ព្រះករុណា​ព្រះ​បាទ​សម្ដេ​ចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញ​ព្រះរា​ជ​ក្រម​ ដាក់ឱ្យប្រើប្រាស់ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា»។ច្បាប់ស្តីពី «កាតព្វកិច្ចយោធា»នេះ ដែលមាន ៨ ជំពូក និង ២០ មាត្រា។ ច្បាប់នេះ​ត្រូវ​បាន​រដ្ឋ​សភា ​អនុម័តកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាល​ទី៧ ហើយព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់​នេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃ​ទី​២០​ ខែឧសភា ឆ្នាំ២០២៦ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៥។ជំពូក​ទី១ ​មាត្រា១ នៃច្បាប់នេះបានបញ្ជាក់ថា ច្បាប់នេះកំណត់អំ​ពី​វិធាន​នៃ​ការ​អនុវត្ត​កាតព្វ​កិច្ច​យោធា ​ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារ មាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និង​ជា​កិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋាន​គ្រឹះ​នៃ​ប្រភព​កសាង​កម្លាំង​សម្រាប់​វិស័យ​ការ​ពារជាតិ និងការអភិវឌ្ឍកាយសម្បទាព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការ​អប់​រំ​ផ្នត់​គំនិត ​និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។ក្នុងជំពូក​១ មាត្រា២ នៃច្បាប់នេះ បានបញ្ជាក់ថា ច្បាប់នេះមានវិសាល​ភាព​អនុវត្ត​ចំពោះ​ប្រជាព​លរដ្ឋ​ខ្មែរ​គ្រ​ប់រូបមានអាយុចាប់ពី ១៨ ឆ្នាំ ដល់ ២៥ ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធា តាម​ការ​កំណត់​នៃច្បាប់នេះ។ ក្នុងនោះ​ការ​បំពេញ​កាតព្វកិច្ច​យោធា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ស្ត្រី​ត្រូវ​ផ្អែក​តាម​គោលការណ៍ស្ម័គ្រចិត្ត៕ អត្ថបទ៖ បាន ចក់

ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

2026/05/26 11:02:43 pm        129
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព​ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះ​បានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែង, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជា​ទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រីនឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន​ ដែល​ផ្តល់ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាននិងកំពុងបន្តផ្ដល់អាហារូបករណ៍​ និង​យកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​និងរដ្ឋគឺពិត​ជាមានសារៈសំខាន់ តែ​ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏មានតួនាទី​សំខាន់ដូចគ្នា​ ក្នុងការជំរុញចំណងមិត្តភាព​​ សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។ សម្ដេចធិបតីបានបន្ថែមទៀត​ថា​ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេចធិបតី ក៏បានជំរុញឱ្យកម្ពុជា-​ ហុងគ្រីបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។​ សម្ដេចធិបតី​​ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន​ហុងគ្រី ស្វែងរកឱកាសវិនិយោគបន្ថែមទៀត​នៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

2026/05/26 11:01:26 pm        105
នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និង​សហការី​ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានសម្ដែងក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាមួយនឹងការដកស្រង់បទពិសោធន៍ ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ និងអរិយធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។ បន្ថែមលើនេះ, សម្ដេចធិបតីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ដ៏ល្អប្រសើរ ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុង​​វិស័យសេដ្ឋកិច្ច, វិនិយោគ,​ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ​។ ក្នុងជំនួបនេះដែរ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា​ រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និង​ការដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ​ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM