សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត

ព័ត៌មានសំខាន់ៗ

សម្តេចតេជោ ហ៊ុន សែន ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ

2026/06/09 04:12:08 pm        307
នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ចំនួន ៣៣១៨​គ្រួសារ។យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់​ពី​បទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងក្រោយពេលមានសភាពការណ៍ចុងក្រោយ ប្រជាពលរដ្ឋភៀសសឹកភាគច្រើន បាន​វិល​ត្រឡប់​ទៅ​មូលដ្ឋានរបស់ខ្លួនវិញ។ រីឯប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងនោះ មានភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិត​ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរឹទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និង​ភូមិ​ផ្លូវ​បំបែក ​ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលភូមិទាំងអស់នេះ ត្រូវបានទាហាន​ថៃ​ដាក់​កុងតឺ​ន័រ​ រាយបន្លាលួសហ៊ុំព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចវិលត្រឡប់ ចូល​ទៅ​រស់នៅវិញបាន។ ពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន ត្រូវ​បាន​គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក្រុម​ការ​ងារថ្នា​ក់ជាតិ ខេត្ត ក្រុង ស្រុក ធ្វើការដោះស្រាយជូនក្នុងជំហានទី១ ដោយឱ្យពួក​គាត់​រស់​នៅ​ក្នុង​តង់​ធម្មតា បន្ទាប់មកមានការផ្តល់តង់ដោយរាជរដ្ឋាភិបាល និងតង់ដែលផ្តល់​ដោយ​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងតង់ដែលជាជំនួយរបស់ប្រទេសចិន ដោយបានរៀបចំ​ជូន​ឱ្យ​ពួក​គាត់ស្នា​ក់ក្នុងវត្តចំនួនពីរកន្លែងគឺ វត្តចាន់ស៊ីសាមគ្គីរតនារាម ស្រុកអូរជ្រៅ សម្រាប់ពលរដ្ឋ​ភូមិ​ជោគជ័យ និងភូមិព្រៃចាន់ និងវត្តកណ្ដោល ស្រុកថ្មពួក សម្រាប់ពលរដ្ឋតំបន់បឹងត្រកួនមាន៖ ភូមិ​បន្ទាយមានរឹទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក។ដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលគឺ សម្តេច​មហា​បវរ​ធិ​បតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចជូន ក្រុម​ការ​ងារ​ចំ​ពោះកិច្ច ធ្វើការ រៀបចំដី ដើម្បីសាងសង់ផ្ទះជូនពួកគាត់រស់នៅឱ្យបានប្រសើរជាងមុន នៅ​ក្នុង​មណ្ឌលសមាគមអតីតយុទ្ធជនភូមិ-ឃុំ ស្លក្រាម ស្រុកស្វាយចេក។ មកទល់ពេលនេះ ប្រជា​ពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន៣.៣១៨គ្រួសារ ស្មើ​នឹងចំនួន១១.២១៧នាក់/ស្រី៥.៦៦៣នាក់ កុមារ៣.៨៣៩នាក់ ក្នុងចំណោម ប្រជា​ពលរដ្ឋ​៣.៣១៨គ្រួសារ ក្នុងនោះ មានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំនួន១៤៥គ្រួសារ ដោយ​ផ្តល់ដី ទំហំ ២០មx៣០ម ក្នុង១គ្រួសារ ទំហំផ្ទះ៥ម៉ែត្រx៧ម៉ែត្រ លើផ្ទៃដីចំនួន៤០០ហ.ត ដោយ​ដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន១១៣ហិកតា (ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បាន​ឧបត្ថម្ភជូនរាជរដ្ឋាភិបាល)។ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់បន្ថែមថា គិត​ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ និងមកដល់ពេលនេះ ការ​សាង​សង់​ផ្ទះដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន២.៨០៥ខ្នង ចំពោះ​ទីតាំងនេះដែរយើងបាន រៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និង​ដី​សម្រាប់​ធ្វើកសិកម្មដែលទទួលខុសត្រូវដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជា​មួយ​គ្នា​នេះ ក្រសួងក៏បានផ្តល់ទ្រុងមាន់ និងពូជមាន់ដល់ប្រជាពលរដ្ឋចំនួន ១.០០០គ្រួសារ មាន​ការ​សាង​សង់​ផ្លូវចំនួន២៦ខ្សែ ក្នុងនោះ ផ្លូវមេទំហំ១១ម៉ែត្រ ចំនួន៦ខ្សែ និងផ្លូវទំហំ៧ម៉ែត្រចំនួន ២០​ខ្សែ សំរួលដីសាងសង់សាលារៀន (ចាប់ពីមត្តេយ្យសិក្សា ដល់អនុវិទ្យាល័យ) សាងសង់​មណ្ឌល​សុខភាពដោយកងវិស្វកម្មសម្តេចតេជោសៀមរាប ដឹកនាំដោយឯ​កឧត្តម​នាយ​ឧត្តម​សេនីយ៍ ខេង សុមេធ ការភ្ជាប់ប្រព័ន្ធទឹក និង ភ្ជាប់ទឹកតាមផ្ទះ ទទួល​ខុស​ត្រូវ​ដោយ​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ទន្ទឹមនោះ ក្រសួងក៏បានផ្តល់ពាងទឹក ធំក្នុង១​គ្រួសារ​ទទួល​បាន​ពាង១ចំណុះ៥គីប ស្មើនឹង២៨០ពាង ចំពោះអគ្គិសនីបានតភ្ជាប់គ្រប់ផ្ទះដែលទទួលខុសត្រូវ ដោយ​ក្រសួងរ៉ែ និងថាមពល រីឯការសម្របសម្រួលទូទៅគឺរដ្ឋបាលខេត្ត។ ជាពិសេស រាជ​រដ្ឋាភិបាល បានជួយឧបត្ថម្ភ ថវិកាក្នុង១គ្រួសារចំនួន១០ម៉ឺនរៀល ឧបត្ថម្ភ​ដល់​សមាជិក​គ្រួសារ​ក្នុង​ម្នាក់ៗចំនួន២៨.០០០រៀល ឧបត្ថម្ភក្នុងការប្រើ ប្រាស់ភ្លើងក្នុង១គ្រួសារចំនួន៣០គីឡូ និងថ្លៃប្រើប្រាស់ទឹកប្រចាំខែ២ម៉ឺនរៀលក្នុង១គ្រួសារ ហើយបងប្អូនជនភៀសសឹក ក៏ទទួលបានថវិកាជំនួយសង្គមពិសេស ក្នុង១គ្រួសារទទួលបានប្រាក់ឧបត្ថម្ភចំនួន២០ម៉ឺនរៀលក្នុង១ខែ បន្ថែមលើ ប្រាក់ឧបត្ថម្ភដែលទទួលបានពីមុន ក្នុងរយៈពេល១២ខែ ចាប់អនុវត្តពីខែមិថុនា ឆ្នាំ២០២៦។នៅទីនេះ ឯកឧត្តម ឌិត ទីណា និងក្រុមការងារ បានផ្តល់គោលការណ៍ឱ្យបងប្អូនពលរដ្ឋ រៀបចំការប្រឡងប្រណាំងផ្ទះស្អាត(៣ខែម្តង) យក៣ខ្នងផ្ទះ និងការប្រឡងប្រណាំងភូមិស្អាតផងដែរ។ ផ្ទះលេខ១ទទួលបាន=៣.០០០$ លេខ២=២.០០០$ លេខ៣=១.០០០$ ភូមិស្អាតនឹងមានការឧបត្ថម្ភផងដែរ។ ក្រៅពីនេះ ក៏មានដៃគូផ្សេងៗដូចជា អង្គការម៉ារីតាន់ភឺស បានជួយលើការចិញ្ចឹមមាន់ ពពែ ចង្រិត និងទឹកចម្លោះ ចំនួន២ទីតាំង ព្រមទាំង ឧបត្ថម្ភពាងចំនួន២.៩០០ អង្គការទស្សនៈពិភពលោក ជួយលើការងារអប់រំ អង្គការ IOM ជួយ លើការងារអប់រំសុខភាពផ្លូវចិត្ត អង្គការក្តីសង្ឃឹមកម្ពុជា ជួយចាក់សាបតាមផ្ទះជនពិការ អង្គការអុកស្វាម ជួយឧបត្ថម្ភ ថវិកាដល់គ្រួសារជនភៀសសឹក អង្គការរីដូ ជួយឧបត្ថម្ភអំពូលសូឡា និងអង្គការផ្កាឈូក ជួយឧបត្ថម្ភស្បៀងដល់ជន ភៀសសឹកផងដែរ។សម្តេចតេជោ លើកឡើងថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេមានព្រះទ័យយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជនភៀសសឹក ចាំតាំងពីពេលសង្គ្រាមបានចាប់ផ្តើម រហូតដល់ពេលនេះ នេះបង្ហាញពីព្រះទ័យយកចិត្តទុកដាក់ចំពោះសុខទុក្ខ កងកម្លាំងនៅសមរភូមិ និងពលរដ្ឋភៀសសឹកតាមព្រំដែន។សម្តេចតេជោ ក៏វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំចាត់ចែងការងារនេះយ៉ាងរហ័ស សម្តេចភ្ញាក់ផ្អើលដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានចាត់ចែងការងារនេះយ៉ាងរហ័ស បង្ហាញអោយឃើញថា រាជរដ្ឋាភិបាលមិនព្រងើយកណ្តើយចំពោះសុខទុក្ខពលរដ្ឋទេ បានយកចិត្តទុកដាក់ និងធ្វើសកម្មភាព។សម្តេចតេជោប្រសិទ្ធនាមឈ្មោះអោយមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកនេអ ថា «ភូមិរង់ចាំ»។សម្តេចតេជោបញ្ជាក់យ៉ាងច្បាស់ថា យើងសាងសង់ភូមិនេះហើយប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ។ ដីត្រូវតែទាមទារត្រឡប់មកវិញ។ សូមបញ្ជាក់ថា នាឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា ក៏បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងចែកអំណោយជូនពលរដ្ឋភៀសសឹក មករស់នៅសម្រកបណ្តោះអាសន្ននៅថ្ងៃនេះ សម្តេចបានអញ្ជើញចូលសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះមួយចំនួនផងដែរ៕

​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ

2026/06/09 02:13:52 am        131
នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារដ្ឋធានីហាណូយ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយថាមវ័ន្ត និងការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាលើគ្រប់វិស័យ​ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, កម្ពុជានឹងបន្តសម្រេចបាននូវលទ្ធផលជោគជ័យ និងការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមក៏បានសម្ដែងនូវការគាំទ្រដល់ការឯកភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយឯកឧត្តមបានគូសបញ្ជាក់ថា ភាគីវៀតណាមបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ព្រមទាំងសម្ដែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជានឹងត្រូវបានបន្តលើកកម្ពស់បន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភាក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម, ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ ២០៣០ និង ឆ្នាំ២០៤៥។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិត​ និងការជួបពិភាក្សាគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំស្ថាប័ន​នីតិប្បញ្ញាតិ​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរជាតិនានា ដែលការណ៍នេះ​ បានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ, សន្តិសុខ និងការពារជាតិ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, វប្បធម៌, និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំណុចតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងការពង្រីកជើងហោះហើរបន្ថែមទៀត​ រវាងប្រទេសទាំងពីរ។ មុននឹងបញ្ចប់, សម្តេច​ធិបតី​ និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានឯកភាពគ្នាថា ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន​ទាំងពីរ៕

កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

2026/06/09 12:35:53 am        132
នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum - AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំសម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍ និងសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់របស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ប្រមុខរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសេីរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, ទេសចរណ៍, វប្បធម៌, ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ សម្តេច​ធិបតី​ បាន​គូស​បញ្ជាក់អំពី​សារៈសំខាន់នៃការពន្លឿនការសម្រេចលើចំណុចការតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ,​ ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក និងការពង្រីកជើងហោះហើរបន្ថែមរវាងប្រទេសទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​ សម្តេច​ធិបតី​ បាន​ស្នេីដល់ការកែសម្រួលនីតិវិធី​សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ត្រង់រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន។ មុននឹងបញ្ចប់ ប្រមុខរដ្ឋាភិបាលទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ៕

ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី

2026/06/09 12:22:28 am        127
តបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមាន ជំនួបទ្វេភាគី និងពិភាក្សាការងារ ផងដែរ។ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) បានធ្វើជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើឯកសារ៖ ផែនការសហប្រតិបត្តិការស្តីពីព័ត៌មាន ឆ្នាំ ២០២៦-២០៣០ រវាង ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងថ្ងៃដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញ ចូលរួមពិធីជប់លៀងផ្លូវការដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានអញ្ជើញជួបជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។គួរបញ្ជាក់ថា សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាពវិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕ ដោយ ៖ វីរះ

សម្តេចតេជោ ហ៊ុន សែន ​ជំរុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន

2026/06/06 07:29:22 pm        184
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជាង១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។មានប្រសាសន៍សំណេះសំណាលនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ដំណើរឆ្ពោះមកមូលដ្ឋាននេះជាការធ្វើគណនេយ្យភាពជាមួយអង្គបោះឆ្នោត ខណៈកន្លងមកសមាជិកព្រឹទ្ធសភា ស្ទើរតែមិនចុះតាមមូលដ្ឋាន ដូច្ចេះហើយទង្វើនេះត្រូវផ្លាស់ប្តូរ មិនអោយឈរឈ្មោះតទៅទៀតទេ ចំពោះសមាជិកាព្រឹទ្ធសភាណាដែលមិនចុះទៅមូលដ្ឋានជួបជាមួយប្រជាជន ដែលមិនឆ្លើយតបការខិតខំនៅមូលដ្ឋាន។ សម្រាប់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកក៏ ត្រូវធ្វើការជាមួយ អង្គបោះឆ្នោតគឺសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អោយបានច្រើនដែរ។ ចំពោះខេត្តកណ្តាលជាខេត្តមានភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ មានស្ថានភាពមិនខុសពីរាជធានីភ្នំពេញទេ ទាំងកត្តាសន្តិសុខ នយោបាយ សេដ្ឋកិច្ច គឺជះឥទ្ធិពលគ្នាទៅវិញទៅមក សម្តេចតេជោប្រមុខរដ្ឋស្តីទី បានណែនាំដល់មូលដ្ឋានចូលរួមរក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម ក្នុងនោះបញ្ហាបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញត្រូវតែបន្ត ដែលអាចមានការបែកសំបុក ពង្រាយទៅតូចៗនៅតាមមូលដ្ឋាន។សម្តេចតេជោណែនាំនៅតាមមូលដ្ឋានក៏ត្រូវជួយគ្រប់គ្រងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាមរយៈការខិតខំទាំងឡាយ និងចូលរួមខិតខំសន្សំសំចៃក្នុងដំណាក់កាលនេះ។ ទន្ទឹមនឹងនឹងនេះដើម្បីគាំទ្រដល់ការរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ត្រូវចូលរួមគាំទ្រលើការប្រមូលចំណូលគយនិងពន្ធដារ និងខិតខំប្រមូលចំណូលចូលរដ្ឋអោយអស់ពីលទ្ធភាព។ សម្តេចបន្តថា ការគាំទ្ររបស់មូលដ្ឋានចំពោះការប្រមូលចំណូលជារឿងសំខាន់។ ចំពោះនៅតាមមូលដ្ឋាន សម្តេចតេជោ ណែនាំដល់ខេត្តកណ្តាលបន្តយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជននិងនិវត្តជននៅក្នុងមូលដ្ឋាន។ សម្តេចណែនាំឲ្យអាជ្ញាធរខិតខំដោះស្រាយជម្លោះដីធ្លី តាមរយៈការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ចំពោះខេត្តកណ្តាលក៏មានបញ្ហាជម្លោះដីធ្លីរវាងប្រជាជននិងប្រជាជន និងរវាងប្រជាជនជាមួយក្រុមហ៊ុនក៏មានខ្លះ ខិតខំរកដោះស្រាយសម្របសម្រួល និងជំរុញការផ្តល់បណ្ណកម្មសិទ្ធជូនប្រជាជន។សម្តេចតេជោអំពាវនាវអោយយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងកម្មករតាមរោងចក្រសហគ្រាស ខណៈដែលនៅខេត្តកណ្តាលកម្មករមានរហូតដល់ទៅជាង២៥ម៉ឺននាក់ រោងចក្រសហគ្រាសគ្រឹះស្ថាននៅក្នុងខេត្ត២១០៩, វិនិយោគិនបរទេសដែលវិនិយោគ ៦៦២មូលដ្ឋាន ដែលផ្តល់ការងារ២៥ម៉ឺន១១០៧នាក់។ សម្តេចតេជោបន្តថា យើងមានបទពិសោធន៍លើការគ្រប់គ្រងហើយ បន្តជំរុញបទពិសោធន៍ដ៏ល្អនេះទៅមុខទៀត គ្រប់គ្រងកម្មករអោយបានល្អ ដោះស្រាយវិវាទការងារអោយបានឆាប់បំផុត និងចូលរួមដោះស្រាយការងារដល់ប្រជាជនធ្វើ និងតាមមើលអោយជាប់ជាប្រចាំ។លើការងារនៅមូលដ្ឋាន សម្តេចតេជោជំរុញអោយ ខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់។ សម្តេចតេជោអំពាវនាវអោយមន្ត្រីទាំងអស់ធ្វើសកម្មភាពដោយស្មោះត្រង់ ដើម្បីសេចក្តីសុខរបស់ប្រជាជន ខិតខំលុបបំបាត់ឬបន្ថយការថ្នាំងថ្នាក់របស់ប្រជាជនចំពោះទង្វើខ្វះខាតដែលកើតចេញពីមន្ត្រី ប្រជាជនមិនអាចទទួលយកបានទេ ដែលធ្វើសកម្មភាពណាមួយដែលផ្ទុយផលប្រយោជន៍របស់ពួកគាត់។ សម្រាប់មន្ត្រីឃុំសង្កាត់ ត្រូវមានទំនាក់ទំនងល្អជាមួយប្រជាជន បម្រើប្រជាជនដោយស្មោះត្រង់ ហើយមន្ត្រីថ្នាក់ឃុំ មានស្មៀនឃុំ និងប៉ុស្តិ៍រដ្ឋបាលឃុំជាដើម ខិតខំដោះស្រាយសេវាចាំបាច់ និងសេវាតម្រូវការជូនប្រជាពលរដ្ឋត្រូវចាំថា «មន្ត្រីជាខ្ញុំបម្រើប្រជាជន មិនមែនជាចៅហ្វាយនាយប្រជាជនទេ។ »ចំពោះស្មៀនឃុំ សម្តេចតេជោជំរុញចលនាស្ត្រីដែលមានសមត្ថភាព អោយដាក់ពាក្យច្រើនចូលប្រឡង ខណៈសម្តេចតេជោ ចង់បានមានស្ត្រីមានចំណែក៥០ភាគរយនៃស្មៀនឃុំសង្កាត់ នេះមិនមែនទាត់ចោលបុរសទេតែយើងនិយាយពីសមភាពយេនឌ័រ ការវិនិយោគអោយស្ត្រី ដូច្ចេះស្ត្រីត្រូវប្រឹងប្រែងដោយខ្លួនឯង និងលើកទឹកចិត្តស្ត្រីចូលរួមបំពេញការងារនិងមានសមត្ថភាព។ចំពោះខេត្តកណ្តាលក៏មានជាប់ព្រំដែនជាមួយប្រទេសវៀតណាម សម្តេចតេជោណែនាំដល់អាជ្ញាធរខេត្តកណ្តាលបន្តសហការអោយបានល្អជាមួយប្រទេសជិតខាងដែលមានព្រំដែនជាមួយគ្នា ខណៈបច្ចុប្បន្នកម្ពុជានិងវៀតណាមមានសេដ្ឋកិច្ចតភ្ជាប់គ្នាល្អ។សូមបញ្ជាក់ថា ខេត្តកណ្តាល គឺជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ខេត្តកណ្តាល មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង ១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣ នាក់) ស្មើនឹង ៣២៦ ៦៧០ គ្រួសារ ខណៈដែលខេត្តកណ្តាលជាខេត្តទី១៣ ដែលសម្តេចតេជោបានចុះជួបសំណេះសំណាល៕

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា

2026/06/06 07:04:55 pm        234
ខេត្តកណ្តាល៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាវត្តមានចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង“រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ”នៅក្នុងបរិវេណពុទ្ធមណ្ឌលវិបស្សនាធុរៈ ដែលជាបូជនីយដ្ឋានពុទ្ធសាសនា និងជាទីបដិបត្តិផ្នែកវិបស្សនាធុរៈរបស់ជាតិធំជាងគេនៅកម្ពុជា សម្រាប់ការផ្សព្វផ្សាយព្រះធម៌ រួមទាំងសម្រាប់រៀបចំកម្មវិធីបដិបត្តិវិបស្សនាទាំងថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ។សម្រាប់ពិធីបញ្ចុះបឋមសិលា ដែលប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ គឺមានវិធីប្រុងពាលី, នមស្ការថ្វាយបង្គំព្រះ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត,ការថ្វាយដង្គំព្រះសម្មាសម្ពុទ្ធ, ការថ្វាយ-ប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ រួមមានសម្ដេចជាអម្ចាស់ជាសង្ឃធិបតី ។ កម្មវិធីបន្ទាប់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដង្ហែ និងអញ្ជើញបញ្ចុះបឋមសិលាជានិមិត្តរូបនៃការកសាងសារមន្ទីរឧដុង្គ ។ ព្រះសង្ឃជយន្តោ ដឹកនាំដោយសម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ការផ្សាយមេត្តាធម៌ ហើយលោកជំទាវបណ្ឌិត អញ្ជើញប្រគេន ជូនចង្ហាន់ ដល់ព្រះសង្ឃ សីលវន្ត សីលវតី ។គួរបញ្ជាក់ថា “រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ” ត្រូវបានកសាងឡើងនៅក្នុងភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ដើម្បីជាសារមន្ទីរសម្រាប់តម្កល់នូវព្រះបដិមា ចម្លាក់ព្រះពុទ្ធប្បដិមាសិល្បៈខ្មែរគ្រប់សម័យកាល រូបព្រះពុទ្ធបាត និងការពិពណ៌នា ព្រះបរមរូបសម្តេចព្រះមហាសង្ឃរាជ ព្រះបរមរូបសម្តេចព្រះសង្ឃនាយក អ្នកប្រាជ្ញពុទ្ធសាសនាខ្មែរ (មានព្រះសង្ឃ និងគ្រហស្ថ) ការតាំងបង្ហាញវត្ថុសក្ការៈ និងគ្រឿងប្រដាប់ប្រដារក្នុងព្រះពុទ្ធសាសនា គ្រឿងយសសម្រាប់សមណសក្តិគ្រប់ឋានានុក្រម គ្រឿងបរិក្ខារសម្រាប់សមណៈ គម្ពីរសាស្ត្រាក្បួនច្បាប់ខ្មែរ ឯកសារស្តីពីព្រះពុទ្ធសាសនា និងគ្រឿងប្រដាប់ជាច្រើនដូចដែលជាធម្មមរតកក្នុងព្រះពុទ្ធសាសនាខ្មែរ ។លើសពីនេះ សារមន្ទីរនេះ ក៏ជាសំណង់សិល្បៈស្ថាបត្យកម្មតាមរចនាបទខ្មែរ ដែលអនុញ្ញាតឱ្យកូនចៅខ្មែរបានឃើញ និងសិក្សាស្វែងយល់អំពីវិចិត្រកម្មដ៏ល្អឯក ប្រណិតភាពនៃប្រវត្តិសាស្ត្រជាតិ ដួងព្រលឹងជាតិ ជាពិសេសគឺរចនាបថសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យរបស់ខ្មែរនៅសម័យឧដុង្គ ។ការកសាងសារមន្ទីរនេះ មិនត្រឹមតែអនុញ្ញាតឲ្យកូនចៅខ្មែរយើងបានឃើញ និងសិក្សាស្វែងយល់ពីរចនាបថសំណង់ស្ថាបត្យកម្ម ដ៏អស្ចារ្យនៅអតីតរាជធានីឧដុង្គប៉ុណ្ណោះទេ ថែមទាំងជាកន្លែងថែរក្សាមរតវប្បធម៌ព្រះពុទ្ធសាសនា និងផ្សព្វផ្សាយធម្មកេរមរតកបុរាណខ្មែររាប់ជំនាន់ ព្រះសង្ឃខ្មែរគ្រប់ជំនាន់ បានបន្សល់ទុកមកយ៉ាងច្រើន គួរជាទីមោទនភាព នៃប្រជាជាតិយើងទៅកាន់ពិភពលោក តម្កល់ជាឧត្តមប្រយោជន៍ដល់សាធារណជនជាតិ និងអន្តរជាតិ សិក្សាស្រាវជ្រាវស្វែងយល់ពីគុណតម្លៃព្រះពុទ្ធសាសនានៅកម្ពុជា និងដើម្បីចូលរួមចំណែក អភិវឌ្ឍន៍វិស័យទេសចរណ៍វប្បធម៌ព្រះពុទ្ធសាសនានៅកម្ពុជា ឲ្យកាន់តែមានភាពសំបូរបែបជាទីមនោរម្យ ប្រកបដោយចិត្តជ្រះថ្លា សោមនស្សរីករាយក្រោមបារមីនៃម្លប់ដ៏ត្រជាក់ត្រជុំ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាសម័យមហាបវរធិបតី ។ជាការពិតណាស់ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតយ៉ាងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ដោយបានកំណត់ថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ ។ ជាក់ស្តែង សម្តេចធិបតី រួមជាមួយលោកជំទាវបណ្ឌិត តែងចូលរួមពិធីបុណ្យពុទ្ធសាសនា បរិច្ចាគទាំងទាននិងថវិកាសម្រាប់គាំទ្រ និងទ្រទ្រង់ពុទ្ធសាសនានៅគ្រប់ទីកន្លែងទូទាំងប្រទេស ។ ជាទិដ្ឋភាពរួមវិញ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ស្ត្រីទីមួយកម្ពុជា ពិតឱ្យតម្លៃយ៉ាងធំធេងដល់សាសនាផ្សេងៗ ដោយធានាយ៉ាងម៉ឺងម៉ាត់ ចំពោះសុខុដុមនីយកម្មសាសនាក្នុងប្រទេសកម្ពុជា ៕

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្តាល

2026/06/06 02:59:14 pm        241
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៦នេះ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកណ្តាល ប្រមាណជា១ពាន់នាក់ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកណ្តាល។ដំណើរអញ្ជើញចុះមូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ពីខេត្តកំពង់ចាម និងបន្តមកខេត្តជាបន្តបន្ទាប់ ហើយរហូតមកដល់ពេលនេះ ជាជំនួបលើកទី១២ហើយ និងខេត្តកណ្តាលជាខេត្តទី១៣ ដែលសម្តេចតេជោបានចុះជួបដោយផ្ទាល់។ ការចុះជួបសំណេះសំណាលនេះ ជាការពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីចែករំលែកពីការវាយតម្លៃសភាពការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងជំរុញឱ្យការងារ មូលដ្ឋានកាន់តែមានប្រសិទ្ធភាព ក៏ដូចជាផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ ឱ្យបានល្អប្រសើរ ព្រមទាំងការដោះស្រាយបញ្ហានានា ដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលា។ខេត្តកណ្តាល គឺជាខេត្តយុទ្ធសាស្ត្រដ៏មានសារៈសំខាន់បំផុតមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជាខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹង ខេត្តព្រៃវែង ខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម(មានបន្ទាត់ព្រំដែនប្រវែង ៣១,៣២គីឡូម៉ែត្រ)។ ខេត្តកណ្តាល មានភូមិសាស្ត្រអំណោយផលធម្មជាតិ ហ៊ុព័ទ្ធជុំវិញរាជធានីភ្នំពេញ និងមានសក្តានុពលខ្ពស់លើផ្នែក៖ កសិកម្ម ឧស្សាហកម្ម នគរូបនីយ កម្មសំណង់ ទេសចរណ៍ និងសេវាកម្មជាដើម។ខេត្តកណ្តាលមានផ្ទៃក្រឡា ៣ ២៧៨,៤៨គីឡូម៉ែត្រការ៉េ មាន ១០ស្រុក ៣ក្រុង ១០១ឃុំ ២៦សង្កាត់ និង ១ ០១០ភូមិ។ ប្រជាជនមានចំនួន ១ ៤៣៤ ៣៣៦ នាក់ (ប្រុសចំនួន ៦៩២ ៥៤៣នាក់, ស្រីចំនួន ៧៤១ ៧៩៣ នាក់) ស្មើនឹង ៣២៦ ៦៧០ គ្រួសារ។ខេត្តកណ្តាលមានច្រកទ្វារអន្តរជាតិមានចំនួន២ (ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ, ច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ), ច្រកតំបន់ព្រំដែនមានចំនួន ២ (ច្រកទ្វារតំបន់ព្រំដែនព្រែកជ្រៃ-ព្រែកទន្លា, ច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ)។ខេត្តកណ្តាល មានជាប់គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែងសរុប ១៧២,៦ គ.ម ក្នុងនោះ ៖ កំណាត់ទី១៖ មានប្រវែង ២១គ.ម ពីព្រែកតាកែវ នៃទន្លេមេគង្គ ទៅព្រែកពោធិ៍នៃទន្លេ បាសាក់ ឆ្លងកាត់ស្រុកកៀនស្វាយ និងស្រុកស្អាង ខេត្តកណ្តាល។ កំណាត់ទី២៖ មានប្រវែងសរុប ១៥១,៦ គ.ម ចាប់ពីព្រែកពោធិ៍នៃទន្លេបាសាក់ចូលតាម ព្រែកតា ហ៊ីងនៃស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែបក្នុងភូមិសាស្ត្រខេត្តចំនួន៤ រួម មាន ៖ ខេត្ត កណ្តាល (៣៣ គ.ម) ក្នុងនោះ ផ្លូវទឹកឆ្លងកាត់ទន្លេបាសាក់ប្រវែង ២៩ គ.ម, ខេត្តតាកែវ (៥៣ គ.ម), ខេត្តកំពត (៤៨,៧គ.ម) និងខេត្តកែប (១៦,៩គ.ម)(កំពុងដំណើរការសាងសង់)។ខេត្តកណ្តាលទទួលបានគម្រោងអនុម័តដោយ CDC សរុបចំនួន ២៣៣គម្រោង ទំហំទុនវិនិយោគ ២ ៩៥២,៩៣ លានដុល្លារអាមេរិក និងទទួលគម្រោងអនុម័តដោយអនុគណៈកម្មការវិនិយោគខេត្ត ចំនួន ៩០ គម្រោង ទំហំទុនវិនិយោគ ២៩៥,៥៤ លានដុល្លារអាមេរិក បង្កើតឱកាសការងារបាន ៣៩ ៤០៧ កន្លែង ។បច្ចុប្បន្ន រោងចក្រ សហគ្រាស គ្រឹះស្ថាន ក្នុងខេត្ត សរុបមាន ២ ១០៩ មូលដ្ឋាន ក្នុងនោះវិនិយោគិនបរទេសមាន ៦៦២ មូលដ្ឋាន ដែលផ្តល់ការងារជូនកម្មករ និយោជិតចំនួន ២៥១ ១០៧ នាក់ ។ ផលិតផលក្នុងស្រុកសរុប (GDP) របស់ខេត្ត សម្រេចបាន ៤ ២៥៩ លាន ដុល្លារអាមេរិក ក្នុងនោះ វិស័យឧស្សាហកម្ម ៤៥% កសិកម្ម ២៩% និងសេវាកម្ម ២៦% ដែលសម្រេចបានអត្រាកំណើនសេដ្ឋកិច្ច ៦,៣% ក្នុងមួយឆ្នាំ៕

សម្តេចតេជោ ចែករំលែកបទវិភាគអ្នកជំនាញភូមិសាស្ត្រនយោបាយថៃ «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅ​តុលាការ​អន្តរជាតិម្តងទៀតឬ?»

2026/06/05 02:31:27 am        362
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានបន្តចែក​រំលែក​អត្ថបទវិភាគថ្មីមួយទៀតរបស់ លោក Surachart Bamungsuk ជាជំនាញ​ផ្នែកសន្តិសុខ និង​ភូមិ​សាស្ត្រនយោបាយរបស់ថៃ។ អត្ថបទនោះ មានចំណងជើងថា «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។តាមរយៈសារលើបណ្ដាញសង្គមខាងលើ សម្តេចតេជោ ហ៊ុន សែន មិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមនោះឡើយ ដោយគ្រាន់តែចែក​រំលែក​នូវអត្ថបទបកប្រែក្រៅផ្លូវការ ដែលមានខ្លឹមសារដើមទាំងស្រុងតែម្តង៖ថ្ងៃនះខ្ញុំមានការចាប់អារម្មណ៍ទៅលើអត្ថបទរបស់លោក Surachart Bamungsuk អ្នក​ជំនាញ​ផ្នែកសន្តិសុខ និងភូមិសាស្ត្រនយោបាយរបស់ថៃ ដែលមានចំណងជើង​ថា «អន្ទាក់​របស់កម្ពុជា! តើ Anutin នាំប្រទេសឱ្យចាញ់ក្តីនៅតុលាការអន្តរជាតិម្តងទៀតឬ?»។ខ្ញុំសូម​ចូលរួមចែករំលែក​នូវ​អត្ថបទ​នេះដោយបកប្រែក្រៅផ្លូវការ ដើម្បីជូនប្រជាជននៃប្រទេស​ទាំងពីរ​កម្ពុជានិងថៃ បាន​ជ្រាប​បន្ថែម។ ខ្ញុំមិនមានការធ្វើអត្ថាធិប្បាយ បន្ថែមអ្វីទេទៅ​លើអត្ថបទ​របស់លោក សូមទុកឱ្យ​ប្រជា​ជនទាំងពិរពិចារណាលើអ្វីដែលោក Surachart បានសរសេរៀបរាប់។ ខាងក្រោមខ្លឹមសារអត្ថបទទាំងស្រុង៖១៖ នៅពេលដែលលោក Anutin បានចេញមកប្រកាសទៅកាន់កម្ពុជា កាលពីថ្ងៃទី២៧ ខែ​ឧសភាថា «ប្រទេសថៃនឹងប្រកាន់ខ្ជាប់តែលើផែនទីខ្នាត 1:50,000 ប៉ុណ្ណោះ ហើយប្រសិន​បើ​នៅតែចង់ប្រើផែនទីខ្នាត 1:200,000 គឺមិនបាច់មកជជែកជាមួយប្រទេសថៃឡើយ» អ្នក​វិទ្យា​សាស្ត្រ និងអ្នកវិភាគកម្រិតជាតិ បែរជាចេញមកព្រមានភ្លាមៗថា «ប្រយ័ត្នវានឹងនាំប្រទេស​ដើរ​ចូលអន្ទាក់ច្បាប់ ដែលធ្លាប់ធ្វើឱ្យថៃចាញ់ក្តីនៅតុលាការពិភពលោក រួចមកហើយរហូតដល់ទៅ 2 ដង»។២៖ អ្នកវិទ្យាសាស្ត្ររូបនោះ គឺសាស្ត្រាចារ្យ Surachart Bamrungsuk ដែលជាសាស្ត្រា​ចារ្យ​ជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នកជំនាញខាងកិច្ចការយោធា និងសន្តិសុខ។ ខ្សែ​​បន្ទាត់​ព្រំដែនរវាងថៃនិងកម្ពុជា មានឫសគល់តាំងពីសម័យដែលសៀម និងបារាំង បានធ្វើ​សន្ធិ​សញ្ញានៅកាលពីរាប់រយឆ្នាំមុន។៣៖ សៀម និងបារាំង បានចុះហត្ថលេខាលើសន្ធិសញ្ញាចំនួន ៣ច្បាប់ ហើយនៅពេលសរសេរ​សន្ធិសញ្ញារួចរាល់ ក៏ត្រូវមកគូសវាស់ខ្សែបន្ទាត់ជាក់ស្តែងនៅលើផ្ទៃដី។ ហេតុនេះ ទើបគេ​បង្កើត​គណៈកម្មការបោះបង្គោលព្រំដែនរួមគ្នា ដើម្បីដើរអង្កេតភ្នំ ទន្លេ និងខ្សែផ្លូវទឹក (watershed) រួចរៀបចំបង្កើតឡើងជាផែនទី នោះគឺ «ផែនទីបោះបង្គោលព្រំដែន» ដែលបានធ្វើរួចរាល់នៅទីក្រុងប៉ារីស រួចផ្ញើមកឱ្យរដ្ឋាភិបាលសៀម តាមរយៈស្ថានទូតសៀមប្រចាំទីក្រុងប៉ារីសនៅ​ខែ​សីហា ឆ្នាំ១៩០៨។៤៖ ផែនទីបោះបង្គោលព្រំដែនឈុតនេះ គឺមានខ្នាត 1:200,000 ដោយលោកសាស្ត្រាចារ្យ Surachart បានពន្យល់យ៉ាងច្បាស់ថា «ផែនទីខ្នាត 1:50,000 ដែលថៃយកមកអះអាង​នោះ តាមពិតទៅ គឺជាផែនទីដែលកងទ័ពអាមេរិក បានធ្វើឡើងនៅក្នុងយុគសម័យ​សង្គ្រាម​វៀតណាម»។វាជាផែនទីទាហាន ឬផែនទីយុទ្ធសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធមិនមែនជាផែន​ទី​ដែលធ្វើឡើងក្នុងគោលបំណងបោះបង្គោលព្រំដែនឡើយ ហើយក៏មិនដែលទទួល​បានការ​ផ្តល់​សច្ចាប័នពីភាគីណាមួយនោះដែរ។៥៖ ពាក្យថា «ផ្តល់សច្ចាប័ន» គឺមានន័យថា «ប្រទេសទាំងពីរ បានចុះហត្ថលេខាទទួលស្គាល់​រួម​គ្នាជាផ្លូវការ និងមានចងកាតព្វកិច្ចខាងផ្លូវច្បាប់»។ផែនទីបោះបង្គោលព្រំដែនខ្នាត 1:200,000 នោះ បានឆ្លងកាត់ដំណើរការនេះរួចរាល់​ហើយ ប៉ុន្តែផែនទីទាហានខ្នាត 1:50,000 គឺថៃធ្វើឡើង តែម្នាក់ឯង ដោយភាគីកម្ពុជា មិនបាន​ចុះ​ហត្ថ​លេខាទទួលស្គាល់ជាមួយឡើយ។៦៖ លោកសាស្ត្រាចារ្យ ក៏បានបញ្ជាក់ទៀតថា នៅក្នុងវេទិកាច្បាប់អន្តរជាតិ គេពិនិត្យទៅលើ «ភាព​ត្រឹមត្រូវខាងផ្លូវច្បាប់» មិនមែនពិនិត្យទៅលើភាពលម្អិតរបស់ផែនទីនោះទេ បើទោះបី​ជា​ផែនទីខ្នាត 1:50,000 មានភាពលម្អិតជាង ច្បាស់ជាង ឬស្អាតជាងក៏ដោយ ប៉ុន្តែបើគ្មាន​ការ​ទទួលស្គាល់រួមគ្នាទេ គឺមិនអាចយកទៅប្រើប្រាស់ដើម្បីអះអាងសិទ្ធិនៅក្នុងតុលាការបាន​ឡើយ។៧៖ ប្រភពផែនទីខ្នាត 1:50,000 ដែលលោកនាយករដ្ឋមន្ត្រីជ្រើសរើសមកប្រើប្រាស់ មានការ​សរ​សេរប្រយោគសម្គាល់ទុកថា «Boundary representation is not necessarily authoritative» ដែលមានន័យថា «ខ្សែបន្ទាត់ព្រំដែនដែលបានបង្ហាញនេះ មិនត្រូវបានចាត់​ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ»។៨៖ ប្រសិនបើយើងទៅតុលាការ ហើយយើងលើកផែនទីនេះទៅបង្ហាញ រួចនិយាយថា «ខ្សែ​បន្ទាត់​ព្រំដែនស្ថិតនៅត្រង់នេះ បើយោងតាមផែនទីរបស់ខ្ញុំ» ហើយនៅពេល​ចៅក្រម​ក្រឡេក​ទៅ​អាននៅលើគែមផែនទី បែរជាជួបប្រយោគដែលសរសេរថា «ខ្សែបន្ទាត់ព្រំដែនដែល​បង្ហាញ​នេះ មិនត្រូវបានចាត់ទុកជាខ្សែបន្ទាត់ផ្លូវការឡើយ» វាប្រៀបដូចជាយើងយកភស្តុតាង ដែល​គ្មានភាពគួរឱ្យទុកចិត្ត ទៅដាក់ជូនតុលាការពិនិត្យ។៩៖ និយាយឱ្យសាមញ្ញ គឺវាជាភស្តុតាង ដែលបានចុះហត្ថលេខាបដិសេធខ្លួនឯងតាំងពី​ដំបូង​មកម្ល៉េះ ដែលធ្វើឱ្យទម្ងន់នៃភស្តុតាងរបស់យើងត្រូវបាត់បង់ស្ទើរតែទាំងស្រុង។ចំណុចនេះ គឺត្រូវគ្នានឹងគោលការណ៍ ដែលតុលាការពិភពលោកតែងតែប្រើប្រាស់ជា​ដរាបមក គឺតុលាការចាត់ទុកថា «ផែនទីជាទូទៅគ្រាន់តែជាភស្តុតាងបន្ទាប់បន្សំ ឬភស្តុតាង​តាមកាលៈ​ទេសៈ មិនមែនជាភស្តុតាងសន្និដ្ឋាននោះទេ»។១០៖ ធ្លាប់មានក្តីវិវាទព្រំដែនរវាងប្រទេស Burkina Faso និងប្រទេស Niger ដែលតុលាការ​ពិភពលោកបានសង្កត់ធ្ងន់លើគោលការណ៍នេះយ៉ាងច្បាស់លាស់ថា «ផែនទីនឹងមានទម្ងន់ លុះត្រាតែវាត្រូវបានចងភ្ជាប់ជាមួយនឹងសន្ធិសញ្ញា ឬមានការទទួលស្គាល់​ពីភាគីទាំងសង​ខាង»។១១៖ លោក Surachart ទើបប្រើពាក្យថា «ផែនទីទាហានដែលនាយករដ្ឋមន្ត្រីថៃ មាន​ទំនុក​ចិត្តខ្លាំងណាស់នោះគឺជា «ភាពមានប្រៀបដែលមិនពិតប្រាកដ» ដោយវាគ្រាន់តែមើលទៅដូច​ជា​យើង​មានប្រៀប មើលទៅដូចជាខ្សែបន្ទាត់អំណោយផលដល់យើង តែពេលយកចូល​ទៅ​តុលាការជាក់ស្តែងគឺប្រើមិនកើតនោះទេ ពីព្រោះខ្លួនវាផ្ទាល់បានប្រកាសនៅលើគែមក្រដាស​ថា មិនមែនជាឯកសារកំណត់ខ្សែបន្ទាត់ព្រំដែនឡើយ»។១២៖ មួយវិញទៀត មានទស្សនៈមួយទៀត បានស្នើឡើងថា «ក្នុងន័យដែលផែនទីខ្នាត 1:50,000 ប្រើប្រាស់ក្នុងតុលាការមិនបាន ប៉ុន្តែផែនទីបោះបង្គោលព្រំដែនដែលប្រើប្រាស់បាន បែរ​ជា​ផែនទីខ្នាត 1:200,000 ដែលនាយករដ្ឋមន្ត្រីមិនទទួលស្គាល់ទៅវិញ នោះយើងគួរតែ «លុបចោលទាំងអស់ទៅ» ដោយមិនចាំបាច់ទទួលស្គាល់ទាំងផែនទីបោះបង្គោលព្រំដែន និង​មិនបាច់ទទួលស្គាល់ទាំងសន្ធិសញ្ញាទាំង 3 ច្បាប់នោះឡើយ គឺហែកចោលឱ្យអស់ រួចចាប់​ផ្តើម​រាប់ពីលេខមួយឡើងវិញ។១៣៖ លោក Surachart បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា «នេះគឺជាគ្រោះមហន្តរាយ» និងជា​រឿង​ដែលមិនអាចទៅរួចឡើយទាំងក្នុងផ្លូវប្រតិបត្តិ និងក្នុងផ្លូវប្រវត្តិសាស្ត្រ ពីព្រោះសន្ធិសញ្ញា​ទាំង៣ច្បាប់ ជាមួយនឹងផែនទីបោះបង្គោលព្រំដែនឈុតនោះ គឺជាប័ណ្ណកម្មសិទ្ធិដីធ្លី របស់ថៃ​តាំងពីសម័យសៀមរហូតមកដល់សព្វថ្ងៃនេះ»។១៤៖ វាគឺជាគ្រឿងធានាអះអាងថា «ខ្សែបន្ទាត់ព្រំដែនត្រង់នេះជារបស់ថៃ ត្រង់នោះជារបស់​កម្ពុជា។ បើយើងហែកវាចោល វាស្មើនឹងយើងគ្រវែងចោលប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួនឯង ដែល​ទង្វើនេះ នឹងធ្វើឱ្យភាគីកម្ពុជាទទួលបានផលប្រយោជន៍ពេញទំហឹង ពីព្រោះនៅពេលដែល​គ្មាន​​សន្ធិសញ្ញាជាក្របខ័ណ្ឌ គ្រប់យ៉ាងនឹងបើកចំហឱ្យមានការជជែកវែកញែកសារជាថ្មី ហើយ​យើងក៏អាចនឹងត្រូវបាត់បង់ដីធ្លីដែលធ្លាប់ជារបស់យើងពិតប្រាកដរួចទៅហើយនោះថែមទៀតផង»។១៥៖ លើសពីនេះ សន្ធិសញ្ញានិងផែនទីឈុតនេះ មិនមែនគ្រប់គ្រងតែខ្សែបន្ទាត់ព្រំដែន​ថៃ និង​កម្ពុជាប៉ុណ្ណោះទេ គឺវាគ្របដណ្តប់រហូតទៅដល់ខ្សែបន្ទាត់ព្រំដែនថៃនិងឡាវទៀតផង ពោល​គឺ​វាគ្រប់គ្រងខ្សែបន្ទាត់ព្រំដែនភាគខាងកើតរបស់ថៃពេញមួយខ្សែ។ប្រសិនបើយើងប្រកាសហែកសន្ធិសញ្ញាចោល ព្រោះគ្រាន់តែចង់សងសឹកកម្ពុជា​ដែល​ប្រើ​ផែន​ទីខ្នាត 1:200,000 វាក៏នឹងធ្វើឱ្យខ្សែបន្ទាត់ព្រំដែនរបស់ថៃ ជាមួយប្រទេសឡាវ​ត្រូវរង្គោះ​រង្គើ​ភ្លាមៗ​ដូចគ្នា។១៦៖ ជំនួសឱ្យការមានបញ្ហាជាមួយប្រទេសជិតខាងតែមួយប្រទេស យើងអាចនឹងត្រូវបើក​សម​រភូមិ​ព្រមគ្នារហូតដល់ទៅពីរប្រទេស គឺទាំងជាមួយកម្ពុជា និងឡាវ។ក្នុងផ្លូវការទូត ការប្រកាសលុបចោលកិច្ចព្រមព្រៀងអន្តរជាតិ ដែលធ្លាប់បានផ្តល់សច្ចាប័ន​រួចម​ក​ហើយនោះ នឹងធ្វើឱ្យថៃបាត់បង់ភាពគួរឱ្យទុកចិត្ត ដែលនឹកចង់ហែកសន្ធិសញ្ញាពេលណា​ក៏​ធ្វើតាមអារម្មណ៍ ដែលវានឹងជះឥទ្ធិពលដល់កិត្យានុភាពរបស់ថៃនៅលើឆាកអន្តរជាតិយ៉ាង​ធ្ងន់ធ្ងរ។១៧៖ លោក Surachart ក៏បានសរសេររៀបរាប់នៅក្នុងលិខិតផងដែរ​ថា «ចង់ឱ្យនាយក​រដ្ឋ​មន្ត្រី​​ទៅសាកសួរអ្នកដែលមានចំណេះដឹង ដែលមានភាពស្មោះត្រង់ក្នុងវិជ្ជាជីវៈពិតប្រាកដ ដែល​អ្នកនោះប្រហែលជាមិនមែនជាអ្នកនយោបាយ ដូចជារដ្ឋមន្ត្រីក្រសួងការបរទេស​បច្ចុប្បន្ន គឺលោក Sihasak ដែលកំពុងអង្គុយតំណែងជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៅក្នុងគណៈរដ្ឋមន្ត្រី»។១៨៖ លោក Sihasak គឺជាអ្នកការទូតអាជីពដែលយល់ដឹងពីរឿងនេះ ច្បាស់ណាស់ ប៉ុន្តែ​ប្រហែល​ជាត្រូវធ្វើជាមិនដឹងមិនលឺ ដើម្បីកុំឱ្យមានទំណាស់ជាមួយនឹងនាយករដ្ឋមន្ត្រីដែលបាន​ប្រកាសពីជំហររួចទៅហើយ។ នេះហើយជាបញ្ហានៃការប្រើប្រាស់អំណាចដែលបរាជ័យ។១៩៖ ជាធម្មតា អ្នកនយោបាយឡើងមកហើយក៏ទៅវិញ កាន់តំណែងតែប៉ុន្មានឆ្នាំក៏ត្រូវ​ផ្លាស់​ប្តូរ ប៉ុន្តែមន្ត្រីរាជការអចិន្ត្រៃយ៍ ដូចជានាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ ឬនាយកដ្ឋានផែនទី​ទា​ហាន មនុស្សក្រុមនេះគឺជាអ្នកដែលរក្សាចំណេះដឹង រក្សាឯកសារ និងរក្សាប្រវត្តិសាស្ត្រមករាប់រយឆ្នាំ ពួកគេគឺជា «ការចងចាំរបស់ជាតិ»។២០៖ នៅក្នុងប្រព័ន្ធដ៏ល្អ អ្នកនយោបាយជាអ្នកកំណត់ទិសដៅ ប៉ុន្តែមន្ត្រីដែលដឹងពិតប្រាកដ ត្រូវ​តែហ៊ានចេញមុខជំទាស់ ប្រសិនបើទិសដៅនោះនឹងនាំប្រទេសដើរធ្លាក់ជ្រោះ។ប៉ុន្តែអ្វីដែលសាស្ត្រាចារ្យ Surachart មានក្តីបារម្ភ គឺបើសូម្បីតែរដ្ឋមន្ត្រីការបរទេសដែ​លជាអ្នក​ការទូតអាជីព នៅតែត្រូវលេបចំណេះដឹងខ្លួនឯង ដើម្បីរក្សាកៅអី ឬដើម្បីកុំឱ្យទាស់​ចិត្តចៅ​ហ្វាយ​នាយ តើនឹងមាននរណាហ៊ានព្រមាននាយករដ្ឋមន្ត្រីទៅ?២១៖ នៅពេលដែលចំណេះដឹងពិតប្រាកដត្រូវបានបំបិទ មនុស្សដែលត្រូវទទួលកម្ម គឺជា​ប្រទេស​ជាតិ និងប្រជាពលរដ្ឋថៃទាំងមូល។ ការសម្រេចចិត្តរឿងខ្សែបន្ទាត់​ព្រំដែនដែល​ខុសឆ្គង គឺមិនអាចកែប្រែត្រឡប់មកវិញបានឡើយ។ វាគឺការបាត់បង់ដីធ្លីជាអចិន្ត្រៃយ៍។២២៖ លោកសាស្ត្រាចារ្យទើបសង្កត់ធ្ងន់ថា «មន្ត្រីរាជការដែលនៅតែមានភាពស្មោះត្រង់ និង​មានវិជ្ជាជីវៈខ្ពស់នៅនាយកដ្ឋានសន្ធិសញ្ញានិងច្បាប់ ព្រមទាំងនាយកដ្ឋានផែនទីទាហាន សុទ្ធ​តែមានមតិយល់ឃើញដូចគ្នានឹងលោកដែរ ពោលគឺមនុស្សដែលដឹងពិតប្រាកដនៅ​ក្នុង​ប្រ​ព័ន្ធ។ គេដឹងរួចទៅហើយថា អ្វីត្រូវ ហើយអ្វីខុស។ គ្រាន់តែថា តើនឹងមាននរណាហ៊ាន​និយាយ​វាចេញមកក្រៅដែរឬទេតែប៉ុណ្ណោះ?»២៣៖ សាស្ត្រាចារ្យ Surachart មានចេតនាលើកយកប្រវត្តិសាស្ត្រមកប្រៀបធៀប​នឹង​បច្ចុ​ប្បន្ន​ចំៗ​តែម្តង ដោយលោកបានយកការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី Anutin នាថ្ងៃនេះ ទៅប្រៀបធៀបនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក Sarit Thanarat នៅក្នុងក្តី​ប្រា​សាទ​ព្រះវិហារកាលពីអតីតកាល។២៤៖ កាលនោះ ក្នុងក្តីប្រាសាទព្រះវិហារ ភាគីកម្ពុជាបានយកផែនទីបោះ​បង្គោលព្រំដែន​ច្បាប់​ដើមមកតស៊ូក្តី ចំណែកឯភាគីថៃក្នុងយុគសម័យលោក Sarit Thanarat បែរជាយក​ផែនទី​ដែលអ្នកជំនាញភាគីថៃធ្វើឡើងដោយខ្លួនឯងមកតស៊ូទៅវិញ ហើយនៅក្នុងផែនទី​ដែលថៃផ្ញើ​ជូន​តុលាការអន្តរជាតិ ក៏មានប្រយោគបញ្ជាក់ថា ជាផែនទីដែលរៀបចំឡើង​ដោយអ្នក​ជំនាញ​ថៃ។២៥៖ លទ្ធផល គឺតុលាការអន្តរជាតិបានកាត់សេចក្តីកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ដោយសំឡេង៩ ទល់នឹង៣ ឱ្យប្រាសាទព្រះវិហារធ្លាក់ទៅជាកម្មសិទ្ធិរបស់កម្ពុជា ហើយថៃ ត្រូវ​ចាញ់ក្តី។ហេតុផលដែលតុលាការសម្រេចបែបនេះ គឺជាចំណុចស្លាប់ដែលលោកសាស្ត្រាចារ្យ​ចេញមក​ព្រមាន។ តុលាការនៅពេលនោះ មិនបានកាត់សេចក្តីដោយចុះទៅវាស់វែងខ្សែ​បែង​ចែកទឹកថា «នរណាត្រូវ ឬនរណាខុសតាមភូមិសាស្ត្រពិតប្រាកដឡើយ» ប៉ុន្តែតុលាការបានកាត់សេចក្តី​ដោយ​ប្រើប្រាស់គោលការណ៍ «ការយល់ព្រមដោយប្រយោល» (Acquiescence)។២៦៖ តុលាការបានបញ្ជាក់ថា «ទោះបីជាផែនទីបោះបង្គោលព្រំដែនឈុតនោះ អាចមិនមែន​ជា​ផែនទីផ្លូវការរបស់គណៈកម្មការបោះបង្គោលព្រំដែនក៏ដោយ ក៏ប៉ុន្តែសៀម បានទទួល​ផែនទី​នោះ ហើយរក្សាភាពស្ងប់ស្ងាត់ និងមិនដែលធ្វើការជំទាស់តវ៉ាទាល់តែសោះអស់រយៈពេល​ជាង៥០ឆ្នាំ»។២៧៖ ជាក់ស្តែងកាលពីឆ្នាំ១៩៣០ សម្តេចក្រុមព្រះ Damrong Rajanubhap ក៏បានយាង​ទៅ​ទស្សនាប្រាសាទព្រះវិហារ ដោយមានមន្ត្រីបារាំង មកធ្វើការទទួលស្វាគមន៍​នៅក្រោម​ទង់​ជាតិបារាំង ហើយភាគីថៃក៏មិនបានធ្វើការតវ៉ាអ្វីដែរ។ដូច្នេះតុលាការ​សន្និដ្ឋានថា «ការដែលថៃស្ងប់ស្ងាត់រហូតមក ស្មើនឹងការទទួលស្គាល់ផែនទី​នោះ​ ដោយប្រយោលរួចទៅហើយ ហើយនៅពេលដែលទទួលស្គាល់ហើយ ផែនទីបោះ​បង្គោល​​ព្រំដែននោះក៏ក្លាយជាផ្នែកមួយនៃសន្ធិសញ្ញាដោយស្វ័យប្រវត្តិតែម្តង»។២៨៖ ចំណុចស្លាប់វាស្ថិតនៅត្រង់នេះឯង គឺមិនមែនស្ថិតនៅលើផែនទីរបស់នរណាលម្អិតជាង ឬមានមាត្រដ្ឋានល្អជាងនោះទេ។ ប៉ុន្តែវាស្ថិតនៅលើ «ឥរិយាបថរបស់រដ្ឋ» ថាបានដាក់ខ្លួន​យ៉ាង​ណា បាននិយាយអ្វីខ្លះ បានទទួលស្គាល់ឬបដិសេធអ្វីខ្លះកន្លងមក។២៩៖ ការដែលលោក Anutin យកផែនទីទាហានខ្នាត 1:50,000 មកលើកបង្ហាញ វាមិនខុស​ប្លែក​អ្វីពីលោក Sarit Thanarat ដែលយកផែនទីដែលអ្នកជំនាញថៃ ធ្វើខ្លួនឯងមក​លើក​បង្ហាញកាលណោះឡើយ ពោលគឺការយកផែនទីដែលមិនទទួលបានការទទួល​ស្គាល់រួមគ្នា​មកធ្វើជាអាវុធចម្បង ដែលប្រវត្តិសាស្ត្របានបញ្ជាក់រួចហើយថា «វាគឺជាអាវុធដែល​បាញ់មិន​ចេញ ហើយចុងក្រោយយើងក៏ត្រូវចាញ់ក្តី។ បើដើរជាន់ដានចាស់ វាទំនងជានឹងនាំទៅ​រកលទ្ធ​ផលដូចគ្នា»។៣០៖ រឿងរ៉ាវដែលបដិសេធជំនឿចាស់ដូចជា «ផែនទី ៥០ច្បាប់នៅប៉ារីស»។ ជំនឿដែល​ថា​នោះ គឺសម័យនោះសៀមទន់ខ្សោយ ហើយបារាំងខ្លាំងជាង និងជាអ្នកគូសផែនទីរបស់យើង ដែលយើងល្ងង់ខ្លៅមិនដឹងរឿងការធ្វើផែនទីទាល់តែសោះ ទើបត្រូវបារាំង​បោកប្រាស់យក​ប្រៀប​ទាំងអស់។៣១៖ ពួកយើងជឿបែបនេះតៗគ្នាមកជាយូរលង់រហូតក្លាយជារឿងនិទាន​ដែលដក់ជាប់ក្នុង​ខួរ​ក្បាល ហើយរាល់ពេលមានបញ្ហាព្រំដែនម្តងៗ ក៏ទម្លាក់កំហុសថា «កាលពីសម័យនោះ​ យើង​ត្រូវគេបោកប្រាស់»។ ប៉ុន្តែលោក​សាស្ត្រា​ចារ្យ Surachart លោកបានបង្ហាញការពិត​ខាង​ប្រវត្តិ​សាស្ត្រចំៗតែម្តង គឺរឿងដែលស្ថានទូតសៀមប្រចាំទីក្រុងប៉ារីស បានទទួលផែនទី​បោះបង្គោល​ព្រំដែន​នៅក្នុងឆ្នាំ១៩០៨។ប្រសិនបើអ្នកគូសផែនទីរបស់សៀមល្ងង់ខ្លៅពិតមែន មិនដឹងរឿងពិតមែន ហេតុអ្វីបានជា​សៀម ​មាន​គណៈកម្មការកំណត់ព្រំដែន ដើម្បីបោះបង្គោលព្រំដែនរួមដើរវាស់វែង​ជាមួយ​បារាំង​បាន?៣២៖ ហេតុអ្វីបានជាស្ថានទូតសៀមទទួលផែនទីជាផ្លូវការ មានលិខិតឆ្លើយឆ្លង មានការ​ចុះ​ហត្ថលេខាទទួលរបស់ រួចថែមទាំងបានផ្ញើច្បាប់ចម្លងទៅកាន់បណ្តាខេត្តតាមព្រំដែន និងស្ថាន​ទូតសៀមប្រចាំទីក្រុងឡុងដ៍ ប៊ែរឡាំង រុស្ស៊ី និងអាមេរិកទៀតផង?សកម្មភាពទាំងនេះបានបញ្ជាក់ថា «សៀមមិនមែនល្ងង់ខ្លៅ មិនមែនខ្វះចំណេះដឹងឡើយ។ សៀម​បានយល់ដឹងពីដំណើរការបោះបង្គោលព្រំដែនជាប្រព័ន្ធយ៉ាងល្អប្រសើរ»។៣៣៖ សៀម មានប្រព័ន្ធរាជការដែលធ្វើការងារមានរបៀបរៀបរយ មានការទទួលឯកសារ ចុះ​បញ្ជី ចែកចាយគ្រប់គ្រាន់តាមបែបបទស្តង់ដារអន្តរជាតិ ដែលរឿងនេះគឺជា «ដាវមុខពីរ»។នៅក្នុងទស្សនៈរបស់តុលាការពិភពលោក ការដែលសៀមទទួលផែនទីជាផ្លូវការ គឺជាភស្តុតាង​ដ៏ល្អបំផុតដែលបញ្ជាក់ថា «សៀមបានដឹងលឺនិងទទួលស្គាល់ផែនទីនោះ ដែលជាហេតុផល​តែ​មួយគត់ដែលធ្វើឱ្យយើងត្រូវចាញ់ក្តីនៅក្នុងឆ្នាំ១៩៦២»។៣៤៖ ដូច្នេះ ការពិតរឿងនេះវាមានពីរជ្រុង ដែលជ្រុងមួយគឺវាលុបបំបាត់ពាក្យមើលងាយ​ខ្លួន​ឯងថា «សៀមល្ងង់» តែជ្រុងមួយទៀត វាក៏ស្មើនឹងការបញ្ជាក់ច្បាស់ថា «យើងបានទទួល​ស្គាល់​ផែនទីនោះពិតប្រាកដមែនក្នុងផ្លូវច្បាប់»។ខ្សែបន្ទាត់ព្រំដែនទាំងមូល មានទាំងចំណុចដែលយើងមានប្រៀប និងចំណុចដែលយើងចាញ់​ប្រៀប​លាយឡំគ្នាទៅ មិនមែនថា «យើងត្រូវចាញ់ប្រៀបគ្រប់ម៉ែត្រការ៉េនោះឡើយ»។ប្រសិន​បើយើងមើលខ្សែទាំងមូលដោយសមហេតុផល យើងអាចនឹងរកឃើញថា «ចំណុចជា​ច្រើន​យើងមានប្រៀបខ្លាំងជាងផង»។៣៥៖ ការប្រកាន់ខ្ជាប់នូវសន្ធិសញ្ញានិងផែនទីបោះបង្គោលព្រំដែនទៅវិញទេ ដែលជាអាវក្រោះ​ការ​ពារទឹកដីរបស់យើង មិនមែនជាការហែកវាចោលនោះឡើយ។អ្វីដែលលោក Surachart ព្រួយបារម្ភបំផុតគឺ សម្តីដ៏រឹងរូសរបស់នាយករដ្ឋមន្ត្រីដែលថា «បើ​ប្រើផែនទីខ្នាត 1:200,000 គឺមិនចាំបាច់មកជជែកគ្នា» ព្រោះក្នុងផ្លូវច្បាប់អន្តរជាតិ សម្តីបែប​នេះវាអាចនឹងក្លាយជាលក្ខខណ្ឌបើកផ្លូវឱ្យភាគីកម្ពុជាអូសទាញថៃឡើងទៅកាន់តុលាការពិភពលោក​បាន។៣៦៖ ជាក់ស្តែងដូចកាលពីថ្ងៃទី១៦ ខែមិថុនា ភាគីកម្ពុជាបានដាក់រឿងរ៉ាវ​តំបន់វិវាទទៅកាន់​តុលាការពិភពលោកនៅទីក្រុងឡាអេរួចរាល់ហើយ ដោយបានដាក់ជូន​ទៅកាន់អ្នក​ចុះ​បញ្ជី​របស់​តុលាការ។តំបន់ទាំង៤នោះ គឺប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។៣៧៖ កម្ពុជាមានចេតនាជ្រើសរើសថ្ងៃដាក់ពាក្យបណ្តឹង ចំពេលថ្ងៃខួបទី ៦៣ឆ្នាំនៃសាល​ក្រម​កាត់សេចក្តីក្តីប្រាសាទព្រះវិហារ ដើម្បីបញ្ជាក់ជានិមិត្តរូប។មុនពេលនោះ នៅក្នុងកិច្ចប្រជុំគណៈកម្មាការព្រំដែនរួម នៅទីក្រុងភ្នំពេញ ភាគីកម្ពុជា ក៏បាន​ប្រកាសយ៉ាងច្បាស់លាស់ហើយថា «កម្ពុជានឹងទទួលស្គាល់តែលើផែនទីខ្នាត 1:200,000 តែ​ប៉ុណ្ណោះ ដោយអះអាងថាមានមូលដ្ឋានមកពីសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1904 និង1907 ព្រមទាំងបានបដិសេធផែនទីខ្នាត 1:50,000 ដែលថៃធ្វើដោយខ្លួនឯងយ៉ាងដាច់អហង្ការ»។៣៨៖ វាប្រៀបដូចជាភាគីកម្ពុជាបានរៀបចំផែនការយុទ្ធសាស្ត្រនេះរួចហើយ។ កម្ពុជា​ឈរ​ជើង​លើផែនទីខ្នាត 1:200,000 ដែលជាផែនទីបោះបង្គោលព្រំដែនដែល​បានផ្តល់សច្ចាប័ន​រួចហើយ។នៅពេលនាយករដ្ឋមន្ត្រីរបស់ថៃចេញមកប្រកាសថា «បើប្រើផែនទីខ្នាត 1:200,000 គឺមិន​បាច់​មកជជែកគ្នា» វាស្មើនឹងយើងប្រកាសចំពោះមុខពិភពលោកថា «ប្រទេសថៃបដិសេធ​មិន​ព្រមចរចាតាមយន្តការទ្វេភាគី និងមិនព្រមជជែកគ្នា»។៣៩៖ ភាគីកម្ពុជា ក៏នឹងយកសម្តីនេះទៅជម្រាបតុលាការពិភពលោកបានភ្លាមថា «ខ្លួនបានព្យា​យាម​ជជែកជាមួយថៃតាមយន្តការធម្មតាហើយ ប៉ុន្តែថៃបិទទ្វារមិនព្រមជជែក។ ការចរចាទ្វេ​ភាគី​បានដើរដល់ផ្លូវទាល់ច្រកហើយ ដូច្នេះផ្លូវចេញតែមួយគត់គឺ ត្រូវតែឱ្យតុលាការពិភព​លោក​ជាអ្នកកាត់សេចក្តី»។៤០៖ ហើយអ្វីដែលធ្ងន់ធ្ងរលើសពីនេះ គឺប្រទេសថៃទទូចថា «ខ្លួនមិនទទួលយក​យុត្តាធិការ​របស់​តុលាការទេ។ ថៃមានសិទ្ធិបដិសេធ ដែលរឿងនេះជាការពិតត្រឹមតែក្នុងន័យដែលថា សេចក្តីប្រកាសទទួលស្គាល់អំណាចបង្គាប់របស់តុលាការពិភពលោកដែលថៃធ្លាប់បានធ្វើកាលពីឆ្នាំ១៩៥០។ វាមានអាយុកាល ១០ឆ្នាំ បានអស់សុពលភាពតាំងតែពីឆ្នាំ១៩៦០មកម្ល៉េះ និង​មិនដែលបានធ្វើការបន្តអាយុទាល់តែសោះ»។៤១៖ ប៉ុន្តែលោក Surachart បានព្រមានថា «ក្នុងផ្លូវប្រតិបត្តិជាក់ស្តែង ពួកយើងបាន​ទទួល​ស្គាល់អំណាចតុលាការពិភពលោកទៅរួចស្រាប់ហើយទាំងនៅក្នុងឆ្នាំ១៩៦២ និងនៅ​ក្នុង​ឆ្នាំ​២០១៣ ពោលគឺយើងបានឡើងទៅតស៊ូក្តីនៅក្នុងតុលាការទាំងពីរលើក»។៤២៖ អ្វីដែលសំខាន់បំផុត ភាគីកម្ពុជាមិនមានភាពចាំបាច់ត្រូវឱ្យយើងចុះហត្ថលេខា​ទទួល​ស្គាល់​អំណាចតុលាការសារជាថ្មីឡើយ ពីព្រោះកម្ពុជាមាន «ច្រកផ្លូវពិសេស» គឺការដាក់​ពាក្យ​ស្នើសុំឱ្យតុលាការបកស្រាយសាលក្រមកាត់សេចក្តីក្តីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ យោងតាម​មាត្រា៦០ នៃលក្ខន្តិកៈតុលាការអន្តរជាតិ។៤៣៖ ច្រកផ្លូវនេះហើយដែលជាផ្លូវដ៏គ្រោះថ្នាក់បំផុត ព្រោះវាមិនបាច់ទាមទារ​សេចក្តីយល់​ព្រម​ថ្មី​ពីភាគីថៃឡើយ ហើយកម្ពុជាក៏ធ្លាប់ប្រើប្រាស់ផ្លូវនេះបានសម្រេចរួចមកហើយ​កាលពី​ឆ្នាំ​២០១៣ ដែលពេលនោះតុលាការបានសម្រេចជាឯកច្ឆន្ទ ដោយមានសំឡេងគាំទ្រ១៧ សំឡេងថា «ផ្ទៃដីតំបន់ចង្កេះភ្នំប្រាសាទព្រះវិហារទាំងអស់ជារបស់កម្ពុជា ហើយថៃ ត្រូវតែ​ដក​កងកម្លាំងចេញ។ នោះគឺជាការចាញ់ក្តីលើកទីពីររបស់ថៃ»។៤៤៖ ដូច្នេះ អ្វីដែលលោកសាស្ត្រាចារ្យចេញមកព្រមាន គឺប្រសិនបើនាយករដ្ឋមន្ត្រីនៅតែប្រើ​ប្រាស់សម្តីរឹងរូសបែបនេះ និងនៅតែប្រកាន់ខ្ជាប់ប្រើប្រាស់ផែនទីដែលមិនមែនជាផែនទីផ្លូវការ វាក៏មិនខុសប្លែកអ្វីពីពួកយើងកំពុងតែដើរជាន់ដានចាស់ចូលទៅក្នុងអន្ទាក់ដែលភាគីកម្ពុជាបានរៀបចំទុកនោះឡើយ។សាលក្រមកាត់សេចក្តីឆ្នាំ១៩៦២នោះ បានប៉ះពាល់ទៅដល់រឿង​ផែនទីបោះបង្គោល​ព្រំដែន​ដោយផ្ទាល់រួចស្រាប់ទៅហើយ ពោលគឺគ្រាន់តែចាប់ទាញយកមកពង្រីក​សេចក្តីបន្ថែម ក៏អាច​អូសទាញថៃ ត្រឡប់ចូលទៅកាន់តុលាការពិភពលោកជាលើកទី៣ បានដោយងាយ៕

សម្ដេច​តេជោ បង្ហាញ​ចំណារលើលិខិត​របស់​អគ្គនាយកដ្ឋានពន្ធដារ​ដែល​ជា​ជំហាន​ចំណុច​ខ្លាំង ដើម្បី​ជោគ​ជ័យ​លើ​​កំណែទម្រង់រដ្ឋ និងហិរញ្ញវត្ថុសាធារណៈ

2026/06/04 08:51:30 pm        489
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន​ សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤​ ខែមិថុនា ឆ្នាំ២០២៦នេះ បង្ហាញ​ចំណារលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ សម្ដេច​តេជោ បាន​សរសេរថា សម្ដេច​ទើបរកឃើញចំណាររបស់ សម្ដេច​លើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេសការប្រមូលចំណូលចូលថវិកាជាតិ។ សម្ដេច​តេជោបានសរសេរថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រអង្គភាពពន្ធដារមិនត្រឹមតែមិនមែនជាកំហុសនោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំងដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែលក្នុងនោះកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈជាគន្លឹះសម្រាប់ជោគជ័យនៃកំណែទម្រង់វិស័យផ្សេងទៀត។ សម្ដេច​តេជោបានបញ្ជាក់ថាចំណារទាំង៤ដែលសម្ដេច​បានចារនៅលើលិខិតរបស់ ឯកឧត្តម គង់ វិបុលនេះគឺជាចលកររុញច្រានកម្ពុជាឲ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់ខែតិចហើយអត់សាច់ប្រាក់បើកជូនទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការបង្កើនបៀវត្សជូនមន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ។ យើងមានសាច់ប្រាក់សម្រាប់ការវិនិយោគសាធារណៈដូចជា ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការចំណាយលើការអនុវត្តន៍គោលនយោបាយគាំពារសង្គម ។ល។ សម្ដេច​តេជោបានបញ្ជាក់ថា៖«ភាពធន់ខាងសេដ្ឋកិច្ចរបស់យើងបង្ហាញច្បាស់ពីដំណាក់ការកូវីដ១៩ ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និងបើកបៀវត្តន៍២ដងក្នុងមួយខែជាមួយ និងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និងការវិនិយោគសាធារណៈផ្សេងទៀត»។ សម្ដេច​តេជោបាន​រម្លឹកឡើងវិញថា ចំណាររបស់សម្ដេច​នាពេលនោះមុតជាងផ្លែដាវទៅទៀត តែសម្ដេច​មិនខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀតប្រទេសកម្ពុជា ខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវរៀបចំឡើងវិញទាំងអស់ក្រោយរបបប៉ុលពត ដូចនេះតម្រូវឲ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ចំណាររបស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងពេលសម្តេចនៅជានាយករដ្ឋ​មន្ត្រីនៃកម្ពុជា ដែលបានចារលើលិខិតរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ នាពេលនេះ សម្តេចបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ បន្តការងារកំណែទម្រង់ពន្ធដារ ដោយក្តីក្លាហាន កុំមានការភ័យខ្លាច ឬបា​រម្ភពីសម្ពាធពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ចំណារដ៏មុតរបស់សម្តេចតេជោបានសរសេរថា៖ «អ្នកអាច Lobby ឱ្យខ្ញុំយល់ខុសមិនទាន់កើត ឬចាប់ជាតិទេ កុំបារម្ភ»។ សូមជម្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ លោក គង់ វិបុល ដែលកាលនោះជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចទី១, អនុ​ប្រធាន​ក្រុ​ម​ប្រឹក្សា​អភិ​វឌ្ឍន៍​កម្ពុជា និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់សព្វថ្ងៃនេះ ដែលសម្ដេច​តេជោចាត់ទុកថា សម្ដេច​បានជ្រើសរើសមនុស្សត្រូវ​លើការ​ដឹកនាំការងារ​វិស័យពន្ធដារកម្ពុជានេះ៕

សម្ដេចតេជោ ហ៊ុន សែន៖ ភាពធន់សេដ្ឋកិច្ចកម្ពុជា​បង្ហាញ​ច្បាស់ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ​-១៩ រហូត​​មក​​ដ​ល់​ពេលនេះ ខណៈរដ្ឋមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្សពីរ​ដង​ក្នុង​មួយ​ខែ

2026/06/04 08:48:27 pm        289
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បាន​មានប្រសាសន៍បញ្ជាក់ថា ភាពធន់ខាងសេដ្ឋកិច្ចរបស់កម្ពុជា បាន​បង្ហាញ​ច្បាស់​ចាប់​តាំង​ពី​ដំណាក់​ការ​កូវីដ-១៩ រហូតមកដល់ពេលនេះ ខណៈ​រាជរដ្ឋាភិបាល​មាន​សាច់​ប្រាក់​គ្រប់​គ្រាន់​ដំឡើង​បៀវត្ស​ និងបើកបៀវត្ស​ពីរដងក្នុងមួយខែ។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់បែបនេះ តាម​រយៈ​សារ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុ​​កនៅ​រសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ។ សម្ដេចតេជោបានសរសេរថា សម្ដេចទើបរកឃើញចំណាររបស់ សម្ដេចលើលិខិតរបស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋានពន្ធដារ ទាក់ទងដល់កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ពិសេស​ការ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ។ សម្ដេចតេជោបានសរសេរថា ការលូកដៃរបស់នាយករដ្ឋមន្ត្រី ចូលគាំទ្រ​អង្គភាព​ពន្ធ​ដារ​មិ​ន​ត្រឹម​តែ​មិន​មែន​ជា​កំហុស​នោះទេ ប៉ុន្តែវាបង្ហាញនូវចំណុចខ្លាំង ដើម្បីជោគជ័យកំណែទម្រង់រដ្ឋ ដែល​ក្នុង​នោះ​កំណែ​ទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​ជា​គន្លឹះ​សម្រាប់​ជោគ​ជ័យ​នៃ​កំណែ​ទម្រង់​វិស័យ​ផ្សេង​ទៀត​។ សម្ដេចតេជោបានបញ្ជាក់ថា ចំណារទាំង៤ដែលសម្ដេចបានចារនៅលើលិខិតរបស់ ឯកឧត្តម គង់ វិបុលនេះ​គឺ​ជាចលកររុញច្រានកម្ពុជាឲ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្ស (ប្រាក់​ខែ​តិច​ហើយ​អត់​សាច់​ប្រាក់​បើក​ជូន​ទៀត) មកជាមានសាច់ប្រាក់បើកជាមួយ និងការ​បង្កើន​បៀវត្ស​ជូន​មន្ត្រី​រាជ​ការ កងកម្លាំង ប្រដាប់អាវុធ។ យើង​មាន​សាច់​ប្រាក់​សម្រាប់​ការ​វិនិយោគ​សាធារណៈ​ដូចជា​ ផ្លូវស្ពាន ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ និងការ​ចំណាយ​លើ​ការ​អនុវត្តន៍​គោល​នយោបាយ​គាំពារ​សង្គម ។ល។ សម្ដេចតេជោបានបញ្ជាក់ថា «ភាពធន់ខាងសេដ្ឋកិច្ច​របស់​យើង​បង្ហាញ​ច្បាស់​ពី​ដំណាក់​ការ​កូវីដ​១៩ ​ឆ្នាំ២០២០ រហូតមកដល់ពេលនេះ ដែលយើងមានសាច់ប្រាក់គ្រប់គ្រាន់ដំឡើងបៀវត្ស និង​បើក​បៀវត្ស ២ដងក្នុងមួយខែ ជាមួយ និងការអនុវត្តន៍គោលនយោបាយគាំពារសង្គម និង​ការ​វិនិយោគ​សាធារណៈផ្សេងទៀត»។ សម្ដេចតេជោបានរម្លឹកឡើងវិញថា ចំណាររបស់សម្ដេចនាពេលនោះមុតជាងផ្លែដាវទៅទៀត តែ​សម្ដេច​មិន​ខ្លាច មិនចុះញ៉ម ព្រោះវាជាផលប្រយោជន៍ជាតិ និងប្រជាជន។ ម្យ៉ាងទៀត​ប្រទេស​កម្ពុជា ​ខុសប្លែកពី ប្រទេសផ្សេងទៀត ព្រោះយើងត្រូវ​រៀប​ចំ​ឡើង​វិញទាំ​ង​អស់​ក្រោយ​របប​ប៉ុល​ពត ​ដូចនេះតម្រូវឲ្យនាយករដ្ឋមន្ត្រី មានសេចក្តីក្លាហានហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវ។ ចំណារ​របស់សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ ក្នុងពេល​សម្តេច​នៅ​ជា​នាយករ​ដ្ឋ​មន្ត្រីនៃកម្ពុជា ដែលបានចារលើលិខិតរបស់ឯកឧត្តម គង់ វិបុល អគ្គនាយកពន្ធដារ នា​ពេល​នេះ ​សម្តេចបានណែនាំឱ្យអគ្គនាយកដ្ឋានពន្ធដារ បន្តការងារកំណែទម្រង់ពន្ធដារ ដោយ​ក្តី​ក្លាហា​ន កុំមានការភ័យខ្លាច ឬបារម្ភពីសម្ពាធពីគ្រប់មជ្ឈដ្ឋានទាំងអស់។ ចំណារ​ដ៏មុតរបស់សម្តេចតេជោបានសរសេរថា៖ «អ្នកអាច Lobby ឱ្យខ្ញុំយល់ខុសមិនទាន់កើត ឬចាប់ជាតិទេ កុំបារម្ភ»។ សូមជម្រាបថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ លោក គង់ វិបុល ដែលកាល​នោះ​ជា​រដ្ឋ​លេខាធិ​ការ​ក្រ​សួងសេដ្ឋកិច្ចទី១, អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ត្រូវបានប្រកាសចូលកាន់តំណែងជា ប្រតិភូរាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយកនៃអគ្គនាយកដ្ឋានពន្ធដារ រហូតមកដល់សព្វថ្ងៃនេះ ដែលសម្ដេចតេជោចាត់ទុកថា សម្ដេច​បានជ្រើសរើសមនុស្សត្រូវលើការដឹកនាំការងារវិស័យពន្ធដារកម្ពុជានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM