លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

អគ្គលេខាធិការរង UN កោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័សរបស់កម្ពុជា

2024/07/17 01:13:39 am        79
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ២០២៤ បានអនុញ្ញាតឲ្យឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការរង ទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់នៃអង្គការសហប្រជាជាតិ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។​ក្នុងឱកាសនៃជំនួប ឯកឧត្តម Miguel De Serpa Soares អគ្គលេខាធិការងទទួលបន្ទុកកិច្ចការច្បាប់ និងជាទីប្រឹក្សាច្បាប់របស់អង្គការសហប្រជាជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការង ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះការអភិវឌ្ឍដ៏ល្អ និងឆាប់រហ័ស របស់ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឯកឧត្តមបានមកបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងកាលពីខែធ្នូ ឆ្នាំ២០១៣។ ឯកឧត្តម Miguel De Serpa Soares ក៏បានសម្តែងការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្រេចបាននូវជោគជ័យក្នុងកិច្ចដំណើរការនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ព្រមទាំងបានបង្ហាញពីចំណាប់អារម្មណ៍ខ្ពស់លើការរៀបចំសម្ភារៈបរិក្ខារ បណ្ណាល័យ និងការក្សាទុកឯកសាររបស់ អ.វ.ត.ក ហើយអង្គការសហប្រជាជាតិនៅតែបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការបញ្ចប់មុខងារ ដែលនៅសេសសល់របស់ អ.វ.ត.ក។ជាការឆ្លើយតប សម្ដេចធិបតី បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គលេខាធិការង និង បានអរគុណចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិក្នុងកិច្ចដំណើរការប្រកបដោយជោគជ័យនៃ អ.វ.ត.ក. ក្នុងរយៈពេល ១៦ ឆ្នាំកន្លងមក។ បន្ថែមលើនេះ សម្ដេចធិបតី ក៏បានបញ្ជាក់ថា ការជំនុំជម្រះរឿងក្ដីរបស់របបប្រល័យពូជសាសន៍កម្ពុជា មិនបញ្ចប់ត្រឹមប៉ុណ្ណេះនោះទេ តែត្រូវតែបន្តនូវកិច្ចការមួយចំនួន ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជានាពេលអនាគត ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ។ ក្នុងន័យនេះ សម្តេចធិបតី បានជម្រាបជូនឯកឧត្ដមអគ្គលេខាធិការងថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំនូវយន្តការដ៏សមស្របមួយក្នុងការថែរក្សា និងទុកដាក់នូវឯកសារសំណុំរឿង ដែលមានចំនួនជាង ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ បារាំង និងអង់គ្លេស) ដើម្បីទុកជាទ្រព្យសម្បត្តិមនុស្សជាតិ ដល់ពិភពលោកទាំងមូលសម្រាប់ឱ្យអ្នកជំនាន់ក្រោយ ក្នុងការស្វែងយល់ និងសិក្សាអំពីអំពើប្រល័យពូជសាសន៍ និងបញ្ចៀសនូវអំពើប្រល័យពូជសាសន៍ដែលអាចកើតមានឡើងនៅលើពិភពលោក។ ឯកឧត្តមអគ្គលេខាធិការរងបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ ហើយគោរពបញ្ជាក់ជូនសម្តេចធិបតីថា អង្គការសហប្រជាជាតិនឹងបន្តគាំទ្រកម្ពុជាលើកិច្ចការដ៏មានសារ:សំខាន់នេះ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា សុខសន្តិភាព គឺជាកត្តាមួយមិនអាចកាត់ថ្លៃបាន និងជាកត្តាចម្បងសម្រាប់ជំរុញការអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យ។ ក្នុងន័យនេះ ដើម្បីឱ្យពិភពលោកទាំងមូលមានសុខសន្តិភាព គឺយើងទាំងអស់គ្នា ត្រូវរួមគ្នា និងសហការគ្នា ដោយធ្វើយ៉ាងណាបញ្ចៀសឱ្យបាននូវរាល់សង្គ្រាម និងជម្លោះ ដែលអាចកើតមានជាយថាហេតុ។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្តម Miguel De Serpa Soares និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ៕

សម្តេចតេជោ៖លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋទើបអាចរក្សាសន្តិភាពបាន

2024/07/16 11:36:31 pm        108
ភ្នំពេញ ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ ឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ (YAMAGUCHI Natsuo) សមាជិកព្រឹទ្ធសភាជប៉ុន និងជាប្រធានគណបក្ស Komeito ក្នុងឱកាសជំនួបសម្ដែងការគួរសមនៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែកក្កដានេះថាសម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។​ជាកិច្ចចាប់ផ្តើមសម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ឯកឧត្តម យ៉ាម៉ាគូជិ ណាត់ស៊ូអូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលសម្តេចតេជោ បានផ្តល់កិត្តិយសអនុញ្ញាតឱ្យឯកឧត្តម និងប្រតិភូ បានចូលជួបសម្តែងការគួរសម។ ឯកឧត្តមបានជម្រាបសម្តេចតេជោថា សម្រាប់ដំណើរទស្សនកិច្ចលើកនេះ គឺមានរយៈពេលជាង ៣២ឆ្នាំ គិតពីពេលដែលឯកឧត្តម មកប្រទេសកម្ពុជាដំបូង ឯកឧត្តមពិតជាមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយឃើញកម្ពុជាមានការរីកចម្រើន ជាពិសេសទីក្រុងភ្នំពេញមានការអភិវឌ្ឍលឿនរហ័ស និងមានសុខសន្តិភាពពេញលេញ។ ឯកឧត្តម ក៏បានគោរពនូវភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ក្នុងការស្វែងរកសុខសន្តិភាព កសាងប្រទេស និងអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តម ក៏មានមោទនភាពដែលជប៉ុន និងកម្ពុជាឈានទៅដល់ការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីឆ្នាំ២០២៣។ ទំនាក់ទំនងនេះ បាននាំឱ្យកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានពង្រីកទៅដល់វិស័យយោធា សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ឌីជីថល Cyber ការប្រែប្រួលអាកាសធាតុ ជាដើម។ក្នុងឱកាសនោះសម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តម YAMAGUCHI ចំពោះការរំលឹកពីដំណើរទស្សនកិច្ចមកកម្ពុជា ក្នុងអំឡុងជាង៣២ឆ្នាំមកនេះ គឺចាប់តាំងពីប្រទេសកម្ពុជាកំពុងមានសង្រ្គាមនៅឡើយ និងសូម្បីតែក្រោយឆ្នាំ១៩៩៣ គឺនៅពេលដែល UNTAC ចាកចេញពីកម្ពុជាទៅហើយ ក៏សង្រ្គាមមិនទាន់បានបញ្ចប់ទាំងស្រុងដែរ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ឯកឧត្តមគឺជាសាក្សីរស់ ដែលបានមើលឃើញពីការពិតនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដោយសារកត្តាសន្តិភាព ហើយសន្តិភាពកំពុងគ្របដណ្តប់ពេញប្រទេសកម្ពុជា រកមកបានយ៉ាងលំបាកណាស់។សម្តេចតេជោបានសង្កត់ធ្ងន់ថា សម្តេចប្រកាន់ខ្ជាប់ដោយគ្មានថ្ងៃប្រែប្រួលនូវទស្សនៈផ្តល់តម្លៃដល់សន្តិភាព មុនអ្វីៗទាំងអស់ ពីព្រោះបើគ្មានសន្តិភាព គឺគ្មានទេលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ សម្តេច បន្តទៀតថា ប្រទេសជាច្រើនស្រែករកតែលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមិនខ្វល់ពីកត្តាសន្តិភាពក្នុងប្រទេស ដែលប្រៀបដូចជាការមើលតែមួយជ្រុង ឬមើលដើមឈើតែមួយដើម មិនព្រមមើលព្រៃទាំងមូលទេ។សម្ដេចបានមានប្រសាសន៍ថាសន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ពីព្រោះ មានសន្តិភាពទើបយើងអាចមានអ្វីៗបានដូចសព្វថ្ងៃនេះ។ សម្តេចតេជោ បានមានប្រសាសន៍បន្តថា ជាក់ស្តែង ចំពោះជំនួយរបស់ជប៉ុនក្នុងការបោសសម្អាតមីន ប្រសិនបើគ្មានសន្តិភាពទេ គឺមិនអាចទៅដោះមីនបានឡើយ ព្រោះយើងដោះមីនបានប៉ុណ្ណា គេក៏នឹងដាក់បន្ថែមប៉ុននោះ។  សម្តេចតេជោ បានបញ្ជាក់ថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ត្រូវដើរទន្ទឹមនឹងនីតិរដ្ឋ ទើបអាចរក្សាសន្តិភាពបាន។ ដូចនេះ ការរក្សាឱ្យបាននូវតុល្យភាពនៃកត្តាទាំង៣នេះ ទើបប្រទេសមានការអភិវឌ្ឍ និងសន្តិភាព ពិតប្រាកដ។ សម្តេច បានថ្លែងអំណរគុណរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកដល់កម្ពុជាស្ទើរគ្រប់វិស័យ ជាពិសេស ក្នុងការបោសសម្អាតមីន ។ តាមរយៈគណបក្ស Komeito សម្តេចសូមស្នើជប៉ុនបន្តគាំទ្រជួយកម្ពុជាសម្រេចបាននូវគោលដៅ “កម្ពុជា គ្មានមីន២០២៥” ក៏ ដូចជាជួយដល់អ៊ុយក្រែន និងប្រទេសដទៃទៀត ដែលបញ្ជូនកម្មសិក្សាមកទទទួលការបណ្តុះបណ្តាលនៅកម្ពុជា។ ជប៉ុន បានជួយក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក និងផ្លូវទឹក ដែលបច្ចុប្បន្នកំពង់ផែស្វយ័តកម្ពុជា កំពុងឈានទៅដល់ការពង្រីកសមត្ថភាពសម្រាប់ការចូលចតនាវាខ្នាតធំ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/16 11:31:44 pm        112
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នយោបាយ ឈ្នះ-ឈ្នះ គឺជាមូលដ្ឋានគ្រឹះ នៃការរក្សាសន្តិភាពយូរអង្វែង

2024/07/16 07:51:39 pm        137
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា នយោបាយឈ្នះ- ឈ្នះ គឺជាមូលដ្ឋានគ្រឹះនៃការរក្សាសន្តិភាពយូរអង្វែង ដោយហេតុថា នយោបាយឈ្នះ-ឈ្នះនេះ បានលុបបំបាត់ការរើសអើងខាងជាតិសាសន៍ សាសនា និងរវាងក្រុមមនុស្ស ព្រមទាំង​បាន​ផ្ដល់​លទ្ធភាពដល់ពលរដ្ឋខ្មែរទាំងអស់រួមរស់សុខដុមរមនាក្នុងសង្គមជាមួយគ្នាថែមទៀតផង។សម្ដេចធិបតីបានបញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធសមិទ្ធផល នៅ​អគារ​អនុវត្ត​មុខងារ​សេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នៅព្រឹក​ថ្ងៃ​ទី១៦ ខែកក្កដានេះ។ ក្នុងឱកាស​នោះ​សម្តេចធិបតី​បាន​សម្ដែង​នូវ​ការ​គោរព​អរគុណ​ដឹង​គុណ​យ៉ាងជ្រាលជ្រៅបំផុត និងចងចាំជានិច្ចចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេង​មិន​អាច​កាត់​ថ្លៃ​បានរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានរំដោះប្រទេសជាតិ ចេញ​ពី​របបប្រល័យពូជសាសន៍ប៉ុលពត និងបាននាំមកនូវសុខសន្តិភាព, ការបង្រួបបង្រួមជាតិ, ឯកភាព​ជាតិ និងឯកភាពទឹកដី ក្នុងប្រវត្តិសាស្ត្រ ៥០០ ឆ្នាំរបស់ខ្លួន តាមរយៈការដាក់ចេញនូវ នយោបាយ ឈ្នះ-ឈ្នះ។សម្តេធិបតីបញ្ជាក់ថា តាមរយៈនយោបាយឈ្នះ-ឈ្នះនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបង្កើត អ.វ.ត.ក. ដោយ មានកិច្ចសហការដ៏ល្អប្រសើរពីអង្គការសហប្រជាតិ និងការ​ឧបត្ថម្ភ​គាំទ្រជា​ថវិ​កា​ពី​សហគមន៍ អន្តរជាតិ ដើម្បីផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះនៃរបបខ្មែរក្រហម, ការផ្សះ​ផ្សា​សង្គម​ដែល​បែក​បាក់, ការលុបបំបាត់វប្បធម៌និទណ្ឌភាព និងជាការផ្តល់សារ​មួយ​សម្រាប់​មេដឹកនាំ​នៃ​បណ្តា​ប្រទេស​ទូទាំងពិភពលោកអំពីផលវិបាក នៃ​ការ​ប្រព្រឹត្ត​អំពើ​សាហាវ​យង់ឃ្នង​ព្រៃផ្សៃ​របស់​ពួកគេ។សូមជម្រាបថា នយោបាយឈ្នះឈ្នះ គឺជារូបមន្តបញ្ចប់សង្គ្រាមដ៏ល្អឯករបស់កម្ពុជា ដែល​ពិភព​លោក​គួររៀនសូត្រ ខណៈសម្តេចតេជោ ហ៊ុន សែន គឺជាបិតាស្ថាបនិក និងប្រតិបត្តិករ​ផ្ទាល់​បង្កើត​នយោបាយ​ឈ្នះឈ្នះនេះ ក្នុងបេសកកម្មស្វែងរកសន្តិភាព និងការផ្សះផ្សាជាតិជូន​មាតុភូមិ​កម្ពុជា​។ នយោបាយឈ្នះឈ្នះ ដែលជារូបមន្តដ៏ស័ក្តិសិទ្ធិ និងជាស្នាដៃឯករបស់សម្តេចតេជោ បាន​បញ្ចប់​ទាំង​ស្រុងនូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយជិត៣ទសវត្សរ៍៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតីផ្ដល់គោលការណ៍ឱ្យបង្កើតវិទ្យាស្ថានរដ្ឋទទួលបន្ទុកកេរដំណែលអ.វ.ត.ក.ទុកជាមណ្ឌលស្រាវជ្រាវ

2024/07/16 07:46:52 pm        166
ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះដែរ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ដល់គោលការណ៍​ឱ្យរៀបចំ​សិក្សា​ស្រាវជ្រាវ​បង្កើតវិទ្យាស្ថានរដ្ឋមយយទទួលបន្ទុកកេដំណែលរបស់ អ.វ.ត.ក ដើម្បី​ទុក​ជា​មណ្ឌល​សិក្សាស្រាវជ្រាវប្រវត្តិសាស្រ្ដមួយរបស់មួយទៀតកម្ពុជា។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានកោតសរសើរ និងអរគុណដល់ អ.វ.ត.ក. ដែល​បាន​លើក​កម្ពស់​ការ​ផ្សព្វ​ផ្សាយអំពីប្រវត្តិសាស្រ្ដ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដែលកម្ពុជាបានឆ្លង​កាត់​ដែល​ការ​ផ្សព្វផ្សាយ​នេះ​បានចូលរួមទប់ស្កាត់កុំឱ្យរបបដ៏យង់ខ្នងនេះកើតឡើងវិញម្ដងទៀត។សម្ដេចធិបតី មានប្រសាសន៍ថា គំរូតុលាការកូនកាត់របស់ អ.វ.ត.ក. នេះ មិនត្រឹមតែ​សម្រេច​បាន​ទៅ​តាម​គោល​ដៅរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កើតនូវលក្ខណៈដោយឡែក (Uniqueness) បើប្រៀបធៀបទៅនឹងតុលាការអន្តរជាតិផ្សេងៗទៀត ពោលគឺបានកាត់សេចក្តី និង​ផ្តន្ទាទោសអស់មួយជីវិតទៅលើអតីតប្រមុខរដ្ឋចំពោះឧក្រិដ្ឋកម្មប្រល័យ ពូជសាសន៍ ចាប់​តាំង​ពី​ការ​បង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការបង្ការអំពើប្រល័យ ពូជសាសន៍​នៅ​ឆ្នាំ​១៩៤៨​មក​។ នេះជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បាន​កោត​សរសើរ​ចំពោះ​ការ​ជំរុញ​ផ្សព្វផ្សាយ​ឯកសារ​ប្រវត្តិសាស្រ្ដនៃរបបប្រល័យពូជសាសន៍ របស់ អ.វ.ត.ក. ក្រោយពីបាន​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ​កាលពីចុងឆ្នាំ២០២២ ពោលគឺបានចាយអស់រយៈពេល១៦ឆ្នាំ ជាមួយនឹងការគាំទ្រ និង​​ទទួលស្គាល់ពីសហគមន៍អន្តរជាតិ ក្នុងនោះបានរក្សាទុកនូវ បណ្ណសារតុលាការ មាន​ចំនួន​សរុប ២៣៣,៨៣៦ ឯកសារ ដែលស្មើនឹងជិត ២,៤ លានទំព័រ ជាបីភាសា (ខ្មែរ អង់គ្លេស បារាំង​)៕ អត្ថបទ៖ វ៉ន ដារ៉ា

ទោះការជម្រះក្តីបានបិទបញ្ចប់ ប៉ុន្តែរាជរដ្ឋាភិបាល និង UN បន្តគាំទ្រដល់ការអនុវត្តការងារ អ.វ.ត.ក.

2024/07/16 07:39:02 pm        97
ក្នុងឱកាសអញ្ជើញជាធិបតីសម្ពោធសមិទ្ធផលនៅអគារអនុវត្តមុខងារសេសសល់របស់អង្គជំនុំជម្រះ​វិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ថា អ.វ.ត.ក. នៅព្រឹកថ្ងៃទី១៦ ខែកក្កដានេះ សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ទោះការ​ជម្រះ​ក្តីបាន​បិទបញ្ចប់ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ (UN) បន្តគាំទ្រដល់​ការ​អនុវត្ត​ការងារ អ.វ.ត.ក.។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ទោះបីជាដំណើរការជម្រះក្តីរបស់ អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ”អ.វ.ត.ក.” ត្រូវបានបិទបញ្ចប់ជាស្ថាពររួចហើយ ប៉ុន្តែរាជរដ្ឋាភិបាល និងអង្គការ​សហប្រជាជាតិ​បានបន្តផ្ដល់ការគាំទ្រដល់ការអនុវត្តការងារសេសសល់របស់ អ.វ.ត.ក. ដោយ​អនុ​លោម​តាម​កិច្ចព្រមព្រៀងបន្ថែមស្ដីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់​ការងារ​របស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញដែលបានឯកភាពគ្នាកាលពីឆ្នាំ ២០២១ ដែលរួមមាន​កិច្ច​ការ​គតិ​យុត្ត​មួយ​ចំនួន​រួម​ទាំងការតាមដានការអនុវត្តទោសរបស់ពិរុទ្ធជននៅពន្ធនាគារ, ការថែរក្សា និងការផ្សព្វ​ផ្សាយ​ព័ត៌មានឱ្យបានទូលំទូលាយដល់សាធារណជន និងការបង្កើតឱ្យមាន «មជ្ឈមណ្ឌល​ធន​ធាន​របស់ អ.វ.ត.ក.»។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា ការបន្តគាំទ្រនេះ គឺក្នុងគោលបំណងថែរក្សា និងលើក​កម្ពស់​កេរ​ដំណែល​ពាក់ព័ន្ធនឹងបណ្ណសាររបស់ខ្លួនទុក និងការគ្រប់គ្រង​បណ្ណ​សារ​នៃ​សំណុំ​រឿង​ទាំង​អស់​តាម​ស្តង់​ដាអន្តរជាតិសម្រាប់ឱ្យសាធារណជនអាចចូលមើល និងសិក្សាស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ដ៏​ខ្មៅ​ងងឹតរបស់កម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។សូមជម្រាបថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ហៅកាត់ អ.វ.ត.ក ត្រូវបាន​រៀបចំ​ឡើង​ក្រោម​កិច្ច​ព្រមព្រៀងរវាងភាគី រាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ នៅខែមិថុនា ឆ្នាំ​២០០៣ ប៉ុន្ដែតុលាការនេះ គឺជាតុលាការឯករាជ្យម្ចាស់ការ មិនចំណុះរាជរដ្ឋាភិបាល ឬ​អង្គការ​សហ​ប្រជាជាតិទេ ដើម្បីដំណើរការកាត់សេចក្ដីឧក្រិដ្ឋកម្មលើមេដឹកនាំកំពូលៗ ដែលបាន​ប្រព្រឹត្ដ​ឡើង​នៅ​ប្រទេស​កម្ពុជា ក្នុងអំឡុងរបបខ្មែរក្រហម ពីឆ្នាំ១៩៧៥-១៩៧៩។ សមិទ្ធផលនៃ អ.វ.ត.ក. ដ៏ថ្លៃថ្លាទាំងនេះ គឺមិនអាចកាត់ផ្តាច់បានពីការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានផ្តួចផ្តើមបង្កើត អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការកម្ពុជា ដោយមានអង្គការសហប្រជាជាតិចូលរួម ដើម្បីផ្ដល់យុត្តិធម៌​ដល់​ជន​រងគ្រោះ ក្នុងគោលដៅធានា សន្តិភាព និងការបង្រួបបង្រួមជាតិ ដែលជាផ្នែក​មួយ​នៃ​ក្រប​ខ័ណ្ឌ​គោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យ​អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/15 04:02:05 pm        222
នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Liu Xueliang អគ្គនាយកក្រុមហ៊ុន BYD Asia Pacific Auto Sales Division ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​នៅ​វិមានសន្តិភាព។ក្រុមហ៊ុន BYD Asia Pacific Auto Sales Division ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥ និងមានទីស្នាក់ការនៅក្រុង Shenzhen ប្រទេសចិន ។ នៅឆ្នាំ២០២២ ក្រុមហ៊ុន BYD បានផលិតរថយន្ត ចំនួន ៣លានគ្រឿង និងមានសាខានៅ៧០ប្រទេស ។ នៅទ្វីបអាស៊ី, ក្រុមហ៊ុន BYD មានរោងចក្រផលិត និងដំឡើងរថយន្តនៅប្រទេសចិន, ថៃ, ឥណ្ឌា, និងឥណ្ឌូណេស៊ី ។ ក្រុមហ៊ុន BYD Asia Pacific Auto Sales Division មានគម្រោងសាងសង់រោងចក្រដំឡើងយានយន្តអគ្គិសនីនៅកម្ពុជា ដែលអាចមានសមត្ថភាពដំឡើងរថយន្តចំនួន ២០ ០០០គ្រឿងក្នុងមួយឆ្នាំ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទីផ្សារអន្តរជាតិ ។

សម្តេច​តេជោ ហ៊ុន សែន បានទទួលជួបសវនាការជាមួយនឹង​ ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋ​វៀតណាម​

2024/07/13 07:16:12 am        128
ភ្នំពេញ ÷ នៅថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែ​​កក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានទទួលជួបសវនាការជាមួយនឹង ឯកឧត្តម តូ ឡឹម (TO Lam) ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមតណាម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម មកកាន់ព្រះរាជាណាចក្រកម្ពុជានាថ្ងៃនេះ និងបានអបអរសាទរជាថ្មីចំពោះការតែងតាំង ឯកឧត្តម ជាប្រធានរដ្ឋ ដែលឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់ចំពោះការដឹកនាំរបស់ ឯកឧត្តម។ សម្តេចតេជោ បានកត់សម្គាល់ដោយរីករាយចំពោះទំនាក់ទំនងដ៏ល្អនិងជិតស្និទ្ធិរវាងប្រទេសកម្ពុជានិងវៀតណាម ដែលឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។នៅក្នុងជំនួបនេះ ឯកឧត្តមប្រធានរដ្ឋ បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួប សម្តេច សាជាថ្មី ដែលកាលពីខែមករាកន្លងទៅនេះ ឯកឧត្តម ទើបតែបានអញ្ជើញបំពេញទស្សនកិច្ចមកកម្ពុជា ក្នុងនាមជារដ្ឋមន្ត្រីក្រសួងនគរបាល។ ឆ្លៀតក្នុងឱកាសនៃជំនួបនេះផងដែរ ឯកឧត្តម ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម អគ្គលេខាធិការបក្ស​ នាយករដ្ឋមន្ត្រី ប្រធានសភាវៀតណាម និង បានជូនពរសម្តេច ចំពោះថ្ងៃខួបកំណើតនាពេលខាងមុខ និងបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនចំពោះប្រតិភូវៀតណាមទាំងមូល។ ឯកឧត្តម បានអបអរសាទរគណបក្សប្រជាជនកម្ពុជា ចំពោះជោគជ័យដ៏ត្រចះត្រចង់នៃការបោះឆ្នោតនាពេលចុងក្រោយនេះ និង អបអរសាទរសម្តេចតេជោ ដែលត្រូវបានជាប់ឆ្នោតជាប្រធានរដ្ឋព្រឹទ្ធសភា។ឯកឧត្តម បានកោតសរសើរចំពោះការអភិវឌ្ឍដ៏ជឿនលឿននិងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជន សម្តេចតេជោ និងនាពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន​ ម៉ាណែត ជាប្រមុខ។ ឯកឧត្តមប្រធានរដ្ឋ ​មានជំនឿជឿជាក់ថា កម្ពុជានឹងអាចសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ឯកឧត្តម បានគូសបញ្ជាក់ថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អ និងទំនាក់ទងប្រវត្តិសាស្តដែលបានប្រឆាំងនឹងសត្រូវរួមគ្នា​ ហើយប្រទេសវៀតណាម ប្រកាន់គោលនយោបាយមិនងាករេចំពោះចំណងមិត្តភាព ទំនាក់ទំនងទុកចិត្តគ្នា និង កិច្ចសហប្រតិបត្តិការគ្រប់វិស័យ។ ឯកឧត្តមប្រធានរដ្ឋ ក៏បានលើកឡើងពីសារៈសំខាន់នៃយន្តការទ្វេភាគីនិងកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់រវាងប្រទេសទាំងពីរនៅគ្រប់កម្រិត ជាពិសេស ការជម្រុញ​ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនបន្ថែមទៀត។ ឯកឧត្តម ក៏បានគោរពជូនពរ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហើយសង្ឃឹមថា សម្តេចតេជោ នឹងអាចអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមក្នុងវេលាសមស្របណាមួយនាពេលអនាគត។ជាកិច្ចឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះសារសួរសុខទុក្ខរបស់ ឯកឧត្តម អគ្គលេខាធិការបក្ស​ នាយករដ្ឋមន្ត្រី ប្រធានសភា វៀតណាម និង សារពរជូនថ្ងៃកំណើតរបស់សម្តេច។ សម្តេចតេជោ បានឯកភាពចំពោះការលើកឡើងរបស់ ឯកឧត្តមប្រធានរដ្ឋ ស្តីពីទំនាក់ទងនៃប្រទេសទាំងពីរ និង បានលើកឡើងថា ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​របស់​បក្ស​កុម្មុយនីស្តវៀតណាម ​ ប្រទេសវៀតណាម​នឹងសម្រេចគោលដៅ​ឧស្សាហូបនីយកម្ម និង​ទំនើប​​កម្មនៅឆ្នាំ២០៣០ ដូចកម្ពុជាក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់។ វៀតណាមនឹងឈានដល់ក្រុមប្រទេស G20 ជាប្រទេសរីកចម្រើន និង អភិវឌ្ឍន៍ ដែលផ្តល់បច្ច័យល្អសម្រាប់ប្រទេសជិតខាង ដូចកម្ពុជា និងឡាវ។ សម្តេចតេជោ បានបន្ថែមថា សភាពការណ៍ពិភពលោកមានការប្រែប្រួលនិងវិវត្តន៍ទៅមុខពិបាកស្មាន ការធ្វើការរួមគ្នាជារឿងសំខាន់ ជាពិសេសការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង៣ពោលគឺ៖ កម្ពុជា ឡាវ និងវៀតណាម, ដើម្បីជម្រុញកិច្ចសហការជាអ្នកជិតខាងល្អបន្តទៀត។សម្តេចបានបញ្ជាក់ថា កម្ពុជាមិនភ្លេចពីការជួយរបស់វៀតណាម ក្នុងការផ្តួលរំលំរបបប៉ុលពត ដែល ខែមុននេះ យើងបានប្រារព្ធខួបលើទី៤៧ នៃការធ្វើដំណើររបស់សម្តេចទៅវៀតណាមនៅតំបន់ X១៦ ហើយ ថ្នាក់ដឹកនាំវៀតណាម បានរំលឹកពីជំនួយរបស់កម្ពុជាក្នុងការជួយបង្រួបបង្រួមជាតិវៀតណាមផងដែរ។មុននឹងបញ្ចប់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានឯកភាពទទួលយកការអញ្ជើញរបស់ ឯកឧត្តម ប្រធានរដ្ឋ ដើម្បីទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខ និងបានជូនពរ ឯកឧត្តម និងគណៈប្រតិភូ សូមឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សនកិច្ចនេះ៕

តំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊នប្តេជ្ញាជំរុញការវិនិយោគរវាងកម្ពុជា និងអូស្ត្រាលី

2024/07/12 12:14:03 am        137
ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យលោក តាំង សិទ្ធី (Sith Tee Tan) ប្រធានសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី និងគណៈប្រតិភូ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។​ក្នុងឱកាសនៃជំនួបនេះ លោក តាំង សិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ដែលបាន ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ លោក តាំង សិទ្ធី បានគោរពជម្រាបជូនសម្តេចធិបតីថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីស្វែងយល់បន្ថែមទៀតអំពីសក្តានុពល និងកាលានុវត្តភាពនៃធុរកិច្ច និងការវិនិយោគរបស់កម្ពុជា, គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគ, និងស្វែងរកនូវឱកាសក្នុងការជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងនៃការវិនិយោគរវាង វិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា និងវិស័យឯកជននៃប្រទេសអូស្ត្រាលីជាពិសេសលើការវិនិយោគ ក្នុងវិស័យកែច្នៃចំណីអាហារ និងកសិកម្ម ក៏ដូចជាវិស័យផ្សេងៗជាច្រើនទៀត។ជាការឆ្លើយតបសម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក តាំង សិទ្ធី និងគណៈប្រតិភូ ព្រមទាំង បានអបអរសាទរចំពោះ លោក តាំង សិទ្ធី ដែលត្រូវបានបោះឆ្នោតជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្ម កម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ សម្តេចធិបតី ក៏បានគូសបញ្ជាក់ថា ការរៀបចំឱ្យមាន សភាពាណិជ្ជកម្មកម្ពុជាក្រុងម៉ែលប៊ន ក៏ដូចជាទីក្រុងស៊ីដនី គឺជាភាពរីកចម្រើនដ៏ល្អមួយ ក្នុងការផ្សារភ្ជាប់ ទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាល ក៏ដូចជាធុរកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដើម្បីជួយសម្របសម្រួល ដល់ការធ្វើធុរកិច្ច ការធ្វើពាណិជ្ជកម្ម និងភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន និងវិនិយោគិនរវាងប្រទេសទាំងពីរផងដែរ។ ព្រមជាមួយគ្នានេះសម្តេចធិបតីក៏បានគូសបញ្ជាក់អំពីការដាក់ចេញនូវគោលនយោបាយ ដើម្បីធានានូវបរិយាកាសធុរកិច្ចល្អប្រសើរ និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជា តាមរយៈការអនុវត្តច្បាប់វិនិយោគ និងការដាក់ចេញនូវយន្តការដែលមានភាពបត់បែន ដើម្បីផ្តល់ការគាំទ្រ ការលើកទឹកចិត្ត និងឆ្លើយតបទៅនឹងតម្រូវការរបស់វិនិយោគិន និងវិស័យឯកជននៅកម្ពុជា។ សម្តេចធិបតី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់តម្លៃខ្ពស់ចំពោះតួនាទីរបស់វិស័យឯកជនដែលជាដៃគូ និងជាប្រតិបត្តិករ ដ៏សំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត។ មុននឹងបញ្ចប់ សម្តេចធិបតីក៏បានលើកទឹកចិត្តដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី សិក្សាស្វែងយល់ពីឱកាសក្នុងការធ្វើធុរកិច្ច និងការវិនិយោគ លើវិស័យដែលមានសក្តានុពល សំខាន់ៗដូចជា៖ វិស័យកសិកម្ម កសិឧស្សាហកម្ម ថាមពលកកើតឡើងវិញ ឌីជីថល អប់រំ និងសុខាភិបាល ព្រមទាំងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយកាលានុវត្តភាពសម្រាប់ធុរកិច្ច និង ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងអូស្ត្រាលី។ ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរ លោក តាំង សិទ្ធី និងគណៈប្រតិភូ ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព៕

​ សម្ដេចតេជោ ហ៊ុន សែន ការអភិវឌ្ឍធនធានមនុស្សនឹងនៅតែជាវិស័យអាទិភាពចម្បងគ្រប់ដំណាក់កាលសម្រាប់ប្រទេសកម្ពុជា

2024/07/11 11:50:23 pm        141
ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស នឹងនៅតែជាវិស័យអាទិភាពចម្បងគ្រប់ដំណាក់កាលសម្រាប់ប្រទេសកម្ពុជា ខណៈនៅពេលបច្ចុប្បន្ន បច្ចេកវិទ្យាដើរលឿនរហ័ស និងមានការព្រួយបារម្ភពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលអាចនាំមហន្តរាយ គឺសុទ្ធតែត្រូវការបន្តអភិវឌ្ឍធនធានមនុស្ស ព្រោះថាទោះជាប្រព័ន្ធបច្ចេកវិទ្យាទំនើបខ្លាំងក្លា ក៏គង់តែដំណើរការបានដោយសារមនុស្ស គឺមនុស្សជាអ្នកបញ្ជាលើបច្ចេកវិទ្យា មិនមែនបច្ចេកវិទ្យាមកបញ្ជាមនុស្សវិញនោះទេ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ក្រុមនិស្សិតអាហារូបករណ៍ទៅសាធារណរដ្ឋឆេក និងជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ នៅវិមាន៧មករា រាជធានីភ្នំពេញ។ជាកិច្ចចាប់ផ្តើម សម្តេចតេជោប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបជាមួយ នឹងនិស្សិតជ័យលាភីអាហារូបករណ៍ ដែលសម្ដេចចាត់ទុកដូចជាកូនៗ ជាចៅៗ មុននឹងត្រូវចាកចេញទៅបន្តការសិក្សានៅសាធារណរដ្ឋឆេក និងជប៉ុន ទាំង៤០រូប។ សម្តេច មានប្រសាសន៍បន្តថា សម្តេចពិតជាមានមោទនភាពណាស់ចំពោះមរតកដ៏ធំ ដែលសម្តេច បានខិតខំតស៊ូ និងលះបង់កម្លាំងកាយចិត្ត អស់រយៈជាង៤៥ឆ្នាំ គិតតាំងពីការរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧មករា រួចបន្តខិតខំកសាង និងថែរក្សាសន្តិភាព និងការអភិវឌ្ឍ ជាពិសេស គឺការសម្រេចបាននូវការការអភិវឌ្ឍធនធានមនុស្សដែលជាការតាំងចិត្តរបស់សម្តេច។សម្ដេចតេជោបានលើកឡើងថា ក្នុងដំណាក់កាលដែលសម្ដេចជាជារដ្ឋមន្រ្តីក្រសួងការបរទេស និងនាយករដ្ឋមន្ត្រី ទាំងសកម្មភាពនៅក្នុងប្រទេសនិងបំពេញទស្សនកិច្ចនៅក្រៅប្រទេស សម្តេចតែងតែស្វះស្វែងអំពាវនាវរកអាហារូបករណ៍ ដើម្បីផ្ដល់ឱកាសឱ្យនិស្សិតកម្ពុជា បានចេញទៅបន្តការសិក្សានៅក្រៅប្រទេស ងអាហារូបករណ៍នៅក្រៅប្រទេស។សម្តេចតេជោ បានរំលឹកពីការសម្រេចដាក់ចេញនូវគោលនយោបាយ “ឃុំមួយ អនុវិទ្យាល័យមួយ” នៅ ឆ្នាំ២០០២ ហើយ បច្ចុប្បន្ននេះ យើងឈានមកដល់កម្រិត “ឃុំមួយមានអនុវិទ្យាល័យមួយយ៉ាងតិច” និងពីជំនាន់ស្រុកមួយ មានវិទ្យាល័យតែ១ រហូតដល់ស្រុក១ អាចមានវិទ្យាល័យរហូត១០។ នេះគឺជាមរតកតេជោ ពិតប្រាកដណាស់ ដែលធ្វើឱ្យសិស្សានុសិស្សទាំងអស់ ជាពិសេសសិស្សនារីបានបន្តការសិក្សាមានតុល្យភាពជាមួយនឹងសិស្សប្រុស។សម្ដេចតេជោបានចាត់ទុកថា បច្ចុប្បន្ននេះ ការចេញទៅសិក្សានៅបរទេសរបស់ចៅៗ មានលទ្ធភាព និងស្ថានភាពល្អប្រសើរជាងជំនាន់មុន និងមានប្រព័ន្ធទំនាក់ទំនងទំនើប និងងាយស្រួលទាក់ទងមកផ្ទះ និងគ្រួសារ ដែលខុសប្លែកពីពេលមុន យើងមានការលំបាក។ បន្ទាប់ពីសល់ពីការស្លាប់ពីរបបប៉ុលពត និស្សិតតិចតួចដែលត្រូវបញ្ជូនទៅសិក្សានៅក្រៅប្រទេស។បន្ទាប់ពីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ដែលតែងយកចិត្តទុកដាក់ចំពោះនិស្សិត និងបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យចូលជួប និងទទួលយកអនុសាសន៍ និស្សិតជ័យលាភីអាហារូបករណ៍ទាំង២ប្រទេស បានសម្តែងនូវការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីប្រទេសកម្ពុជា មានសុខសន្តិភាព មានការអភិវឌ្ឍ និងមានទំនាក់ទំនងជាមួយអន្តរជាតិ យ៉ាងទូលំទូលាយ ដែលបង្កជាឱកាសឱ្យនិស្សិតទាំងអស់ អាចរៀនសូត្របានទាំងក្នុង និងក្រៅប្រទេស។ និស្សិតជ័យលាភីទាំងអស់ បានធ្វើការប្តេជ្ញាចិត្តចិត្ត នឹងខិតខំរៀនសូត្រឱ្យបានជោគជ័យ ដើម្បីយកចំណេះដឹង និងជំនាញមកវិញ ធ្វើឱ្យគ្រួសារមានមោទនភាព ព្រមទាំងប្តេជ្ញាចូលរួមអភិវឌ្ឍប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលឱ្យកាន់តែរីកចម្រើន។ និស្សិតជ័យលាភីទាំងអស់ ក៏បានប្តេជ្ញាខិតខំផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ ប្រទេសកម្ពុជា និងអំពីភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា ទៅដល់ប្រទេសជប៉ុន ឆេក និងជាមួយមិត្តភក្តបរទេស ដើម្បីបង្កើនកិត្យានុភាពកម្ពុជា។សម្ដេចតេជោ បានមានប្រសាសន៍ថា ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា មានភាពជឿនលឿន គួរជាទីមោទនៈ និងត្រូវបន្តជំរុញបន្ថែមទៀត។ សម្តេច បានបន្តថា សម័យកូវីដ១៩ បានជំរុញល្បឿននៃបរិវត្តកម្មឌីជីថលនៅកម្ពុជា កាន់តែលឿន ដូចជាការទូទាត់តាមអនឡាញ និងការបង្រៀនតាមអនឡាញ ដែលផ្តល់ឱកាសដល់ការសិក្សា និងធ្វើការតាមអនឡាញបានទាំងប្រជាជនផង និងអ្នកជាប់ក្នុងប្រទេសកម្ពុជាផង។សម្តេចតេជោក៏បានកោតសរសើរប្រព័ន្ធទំនាក់ទំនង Cool app ដែលជាស្នាដៃរបស់កូនខ្មែរ ពិតជាងាយស្រួលប្រើប្រាស់ មានល្បឿនលឿន និងប្រើអ៊ីនធើណេតតិចជាងប្រព័ន្ធដទៃ។ ប្រព័ន្ធទំនាក់ទំនង Cool app  មិនមែនជាស្នាដៃដំបូងនោះទេ កន្លងមកកូនខ្មែរធ្លាប់បានបង្កើត ប្រព័ន្ធទំនាក់ទំនង របៀបនេះជាច្រើនបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានជោគជ័យដូច Cool app នោះទេ ដែលបង្ហាញថា អ្វីៗក៏ដោយត្រូវតែគិតគូរអភិវឌ្ឍជាប្រចាំ ដើម្បីទទួលបានលទ្ធផលដែលកាន់តែល្អប្រសើរ។សម្តេចតេជោបានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស នឹងនៅតែជាវិស័យអាទិភាពចម្បងគ្រប់ដំណាក់កាលសម្រាប់ប្រទេសកម្ពុជា។ នៅពេលបច្ចុប្បន្ន ដែលបច្ចេកវិទ្យាដើរលឿនរហ័ស និងមានការព្រួយបារម្ភពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលអាចនាំមហន្តរាយ គឺសុទ្ធតែត្រូវការបន្តអភិវឌ្ឍធនធានមនុស្ស ព្រោះថាទោះជាប្រព័ន្ធបច្ចេកវិទ្យាទំនើបខ្លាំងក្លា ក៏គង់តែដំណើរការបានដោយសារមនុស្ស គឺមនុស្សជាអ្នកបញ្ជាលើបច្ចេកវិទ្យា មិនមែនបច្ចេកវិទ្យាមកបញ្ជាមនុស្សវិញនោះទេ។សម្តេចតេជោបានចែករំលែកនូវទស្សនៈដ៏សំខាន់មួយថា នៅក្នុងពិភពលោកនេះ យើងមិនអាចកាត់បន្ថយគម្លាតទ្រពសម្បត្តិបាននោះទេ, ប៉ុន្តែកត្តាមួយដែលយើងអាចកាត់បន្ថយគម្លាតបាន គឺកាត់បន្ថយគម្លាតខួរក្បាល ឬការចេះដឹងនេះឯង។ សម្តេចមានប្រសាសន៍បន្តថា មិនថាតែនៅក្នុងប្រទេសយើង ឬប្រទេសដទៃនោះទេ កូនអ្នកមាន ឬកូនអ្នកក្រ គឺបានចូលរៀនដូចគ្នា ដូចនេះអ្វីដែលសំខាន់គឺការផ្តល់ឱកាសឱ្យក្មេងបានរៀន កត្តាសន្តិភាព និងកត្តាគោលនយោបាយគណបក្សដឹកនាំប្រទេស ដែលត្រូវតែពង្រាយសាលារៀន និងពង្រីកឱកាសរៀនសូត្រឱ្យបានគ្រប់ទីកន្លែង។ សម្តេច បញ្ជាក់ថាទ្រព្យសម្បត្តិ សំខាន់មិនស្មើទ្រព្យវិជ្ជានោះទេ “ចំណេះវិជ្ជា កណ្តៀរក៏មិនកោរ កណ្តុរក៏មិនកាត់”។ នៅសម័យប៉ុលពត ទោះបីជាពួកគេបំផ្លាញរាល់ទ្រព្យសម្ប្តិប្រជាជនអស់ ប៉ុន្តែ ចំណេះវិជ្ជាក្នុងខួរក្បាលប្រជាជននៅសល់ដែរ ហើយយើងបានរួមគ្នាអភិវឌ្ឍមកដល់បច្ចុប្បន្ននេះ។ កត្តាធនធានមនុស្សនេះហើយ ធ្វើឱ្យកម្ពុជា មានការអភវឌ្ឍ និងសន្តិភាព រហូតមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% ជាង២ទស្សវត្ស៍ ។ ទោះបីជាមាន វិបត្តិកូវីដ១៩ និងសង្រ្គាមនៅអឺរ៉ុប និងមជ្ឈឹមបូព៌ា និង បញ្ហាសេដ្ឋកិច្ច ដែលបណ្ដាលពីវិបត្តិផ្សេងៗក៏ដោយ ក៏យើងពេញចិត្តនូវកំណើនសេដ្ឋកិច្ចរបស់យើង។ ការព្យាករណ៍របស់ IMF និង ADB បានបង្ហាញថា កម្ពុជាមានកំណើនខ្ពស់ក្នុងតំបន់អាស៊ាន ផងក្នុងឆ្នាំ២០២៤នេះសម្ដេចតេជោនៅតែចាត់ទុកថាការបណ្ដុះបណ្ដាលធនធានមនុស្សជាផ្នែកសំខាន់ ជាពិសេស រាជរដ្ឋាភិបាល បច្ចុប្បន្ន កំពុងតែបណ្ដុះបណ្ដាលធនធានមនុស្ស១លាន៥សែននាក់ ដើម្បីបម្រើតម្រូវការទីផ្សារនៅក្នុងស្រុកនិងនៅក្រៅស្រុក ខណៈពេលដែល ប្រទេសកម្ពុជាធ្វើពិពិធកម្មទីផ្សារ និងជាប្រទេសនាំចេញ នៅក្នុងក្របខ័ណ្ឌទ្វេភាគី (ពាណិជ្ជកម្មជាមួយអឺរ៉ុប និងអាមេរិក កិច្ចព្រមព្រៀងសេរីជាមួយចិន កូរ៉េខាងត្បូង និងអារ៉ាប់អេមីរ៉ាត់) និង ពហុភាគី (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ RCEP) ។ ក្រៅពីនេះ យើងនៅមានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ជាមួយបណ្តាប្រទេសជាដៃគូច្រើនទៀត ដែលនឹងត្រូវជំរុញឱ្យឈានទៅដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។សម្តេចតេជោ បានផ្តល់អនុសាសន៍ទៅក្រុមនិស្សិតទាំងអស់ថា ៖➢ ត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍប្រទេស និង សូមកុំខ្លាចគេ កុំចាញ់ប្រៀបគេដោយសារគេជាប្រទេសអ្នកមាន ប៉ុន្តែ កុំច្រឡោមខាង និងមានមោទនភាពជ្រុល។➢ ត្រូវតែប្រឹងរៀន គោរពច្បាប់ (បទបញ្ជាផ្ទៃក្នុងសកលវិទ្យាល័យ) ត្រូវគោរពឱ្យល្អ និងសកម្មបន្ថែមទៀត ត្រូវគោរពប្រពៃណី និងទំនៀមទម្លាប់របស់ប្រទេសគេ ព្រមទាំង ត្រូវព្យាយាមប្រាស្រ័យទាក់ទង កសាងសាមគ្គីភាព មិត្តភាពជាមួយគ្រូ និងមិត្តភក្តបរទេស និងត្រូវមានសីលធម៌ល្អ មានវិន័យ និងការទទួលខុសត្រូវខ្ពស់ ព្រោះនិស្សិតគ្រប់រូបនឹងដើរតួជា “អ្នកការទូត” របស់កម្ពុជា ដូច្នេះ ត្រូវផ្សព្វផ្សាយពីទំនៀមទម្លាប់ វប្បធម៌ដ៏ល្អរបស់កម្ពុជាយើង ។➢ និង ត្រូវខិតខំរៀនភាសាបរទេស ឱ្យបានច្រើន កាន់តែល្អ ចាប់យកចំណេះវិជ្ជាផង និងភាសាផង។ជាទីបញ្ចប់ សម្តេចតេជោ បានជូនពរនិស្សិតជ័យលាភីអាហារូបករណ៍ ទទួលបានជោគជ័យក្នុងការសិក្សា មានសេចក្តីសុខសុភមង្គល និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD
07/31/2026 07:07 AM
ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM