លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ប្រគេនសម្តេចព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំពុះក្អែក
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១៨វត្ត ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ប្រសាសន៍សំខាន់ៗសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញ​ចែក​វិញ្ញាបន​បត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋជាង ២ម៉ឺនបណ្ណ នៅឃុំចំនួន៣ នៃស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល​
សម្ដេចធិបតី៖ កម្ពុជាជ្រើសរើសយកយន្តការ UNCLOS ដោយសារថៃលុបចោល MOU ២០០១ ជាឯកតោភាគី

ព័ត៌មានសំខាន់ៗ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បដិសេធចំពោះការអត្ថាធិប្បាយរបស់អ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស UN ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថាន

2024/07/11 04:13:37 pm        324
ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​អត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងដោយបំភ័ន្ត ដោយអ្នកនាំពាក្យ​ការិយាល័យ​ឧត្តម​ស្នង​ការសិទ្ធិ​មនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។ ស្ថានបេសកកម្មអចិន្ត្រៃយ៍ បានធ្វើការបំភ្លឺថា ការអះអាង​ថា​ដំណើរ​ការ​កាត់​ក្តី​លើ​សកម្មជន​បរិស្ថានទាំង ១០រូប មិនអនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែល​បង្ហាញ​ពី​ការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការ​យល់​ដឹង​ពី​នីតិ​វិធី​របស់​តុលាការ​នៅ​កម្ពុជា។ សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំ​មែន​ដោយ​សារ​តែ​ការ​អនុវត្ត​សិទ្ធិ​សេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និង​ប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់​ឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន) និងមាត្រា ៤៥៣ នៃក្រម​ព្រហ្ម​ទណ្ឌ។ ជនជាប់ចោទទាំងអស់មានឱកាសពេញ លេញក្នុងការចូលរួមរាល់នីតិវីធីរបស់តុលាការ រួមទាំងសិទ្ធិក្នុងការការពារផ្នែកច្បាប់ និងបដិសេធ រាល់ការចោទប្រកាន់ ដែលជាផ្នែក​នៃ​សិទ្ធិទ​ទួលបា​ន​នូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និង ដំណើរការតាមនីតិវិធីត្រឹមត្រូវ៕

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់ក្របខ័ណ្ឌរដ្ឋជូនលោក គង់ បុរាណ កូនប្រុសបង្កើតរបស់លោកតា គង់ ណៃ

2024/07/11 03:02:28 pm        341
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាស​ផ្តល់​ក្រប​ខ័ណ្ឌរដ្ឋជូនលោក គង់ បុរាណ ដែលត្រូវជាកូនប្រុសបង្កើតរបស់លោកតា គង់ ណៃ ព្រឹទ្ធា​ចារ្យ​ចាប៉ីដងវែង បន្ទាប់ពីសម្តេចបានឃើញសំណើតាមរយៈហ្វេសប៊ុក។នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ តាមរយៈបណ្ដាញសង្គមសម្តេចធិបតី ហ៊ុន ម៉ាណែត បាន​លើកឡើងយ៉ាងដូចច្នេះ​ថា «ខ្ញុំបានឃើញសាររបស់ប្អូនប្រុស គង់ បុរាណ ដែលត្រូវជាកូនប្រុស​បង្កើត​របស់​លោកតា គង់ ណៃ ដែលប្អូនបានស្នើសុំចូលបម្រើក្នុងក្របខ័ណ្ឌរដ្ឋ ដើម្បីបាន​ដើរ​តាម​គន្លង​របស់​លោក​ឪពុក ហើយជាពិសេសប្អូនមានជំនាញចាប៉ី ដែលអាចបន្ត​វេន​ពីលោក​ឪពុក​របស់​ប្អូន​»។សម្តេចបានបញ្ជាក់ថា សម្ដេចឯកភាពតាមសំណើរបស់ប្អូនប្រុស គង់ បុរាណ និង​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកជំទាវ រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីរៀបចំកិច្ចការងារនេះ។ សម្តេចក៏បានជូនពរផងដែរចំពោះ​លោក គង់ បុរាណ ទទួលបានជោគជ័យក្នុងការបន្តវេនចាប៉ីពីលោកតា គង់ ណៃ។សូមជម្រាបជូនដែរថា ព្រឹទ្ធាចារ្យចាប៉ីដងវែង លោកតា គង់ ណៃ មរតកមនុស្សរស់ បាន​ទទួល​អនិច្ចកម្ម​កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៨០ឆ្នាំ​៕

សម្ដេចតេជោជួបសំណេះសំណាលជាមួយមន្ត្រីដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ

2024/07/10 10:39:26 pm        416
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញ​ជួប​សំណេះ​សំណាល​ជាមួយ សិក្ខាកាមកម្មវិធីបណ្តុះប​ណ្តាល​មន្ត្រី​ដឹក​នាំ​វ័យ​ក្មេង​គណបក្ស​ជាប់​ព្រំដែន កម្ពុជា-វៀតណាម-ឡាវ នៅវិមាន៧មករា ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។ការជួបសំណេះសំណាលនាពេលនេះ គឺបាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏ខ្ពង់​ខ្ពស់​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ចំ​ពោះ​វគ្គ​បណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម និង​សិក្ខា​កាម​ ក៏ដូចជាធ្វើឱ្យទំនាក់ទំនងមិត្តភាព សាមគី្គភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ​ រឹងមាំ យូរអង្វែងរវាងគណបក្សនៃប្រទេសទាំងបី កម្ពុជា ឡាវ ​និង​វៀតណាម​កាន់​តែ​ប្រសើរ​ឡើង​ថែមទៀត។សូមបញ្ជាក់ថា តាមការឯកភាពគ្នាជាឯកច្ឆ័ន ពីប្រមុខដឹកនាំនៃគណៈបក្សទាំងបី គឺសម្ដេចអគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ថងលុន ស៊ីសូលីត អគ្គ​លេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងឯកឧត្តម ង្វៀន ហ្វូជុង អគ្គ​លេខា​ធិការ​មជ្ឈិម​បក្ស​កុម្មុយ​និស្តវៀតណាម កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២១ គណបក្សប្រជាជន​កម្ពុជា​រៀបចំ​វគ្គ​បណ្ដុះ​បណ្ដាល​ថ្នាក់ដឹកនាំវ័យក្មេងគណបក្ស ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី ជាលើក​ទី២​ នៅ​ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤។វគ្គបណ្តុះ​បណ្តាលថ្នាក់ដឹកនាំវ័យក្មេងគណបក្សជាប់ព្រំដែន កម្ពុជា-ឡាវ-វៀតណាម ដើរតួនាទី​យ៉ាង​សំខាន់​ក្នុងការបណ្តុះថ្នាលយុវជនឆ្នើម ដើម្បីចូលរួម​កាន់​តែ​សកម្មថែម​ទៀត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បី​វឌ្ឍនភាព​ និង​វិបុលភាពសម្រាប់ប្រជាជននៃប្រទេសយើងទាំងបី និងបណ្តា​ប្រទេស​ក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគង្គ ទទួលបានបទពិសោធន៍ពីវគ្គបណ្តុះបណ្តាលថ្នាក់ដឹកនាំវ័យក្មេង និង​បាន​ឃើញ​ជាក់​ស្តែង​នូវ​សមិទ្ធ​ផលសង្គមជាតិ។នៅចុងបញ្ចប់នៃកិច្ចជួបសំណេះសំណាល សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បាន​អញ្ជើញ​ថតរូបអនុស្សាវរីយ៍ជាមួយ សិក្ខាកាមនៃប្រទេសទាំង៣ ប្រកប​ដោយ​បរិយាកាស​សប្បា​យ​រីករាយ​៕

ព្រះមហាក្សត្រ៖ ការដាំដើមឈើមានផលប្រយោជន៍ធំធេងណាស់សម្រាប់មនុស្សជាតិ និង​សត្វគ្រប់ប្រភេទ

2024/07/09 05:19:14 pm        296
ភ្នំពេញ៖ ក្នុងឱកាសស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីរុក្ខទិវា ៩ កក្កដា នៅ​ខេត្ត​តាកែវ (៩ កក្កដា ១៩៥២- ៩កក្កដា ២០២៤) នៅព្រឹក ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជបន្ទូលថា ការ​ដាំ​ដើមឈើមានផលប្រយោជន៍ធំធេងណាស់សម្រាប់មនុស្សជាតិ និងសត្វគ្រប់ប្រភេទ។ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ មានហឫទ័យរីករាយឥតឧបមា ដោយ​បាន​ចូល​រួម​ក្នុង​ពិធី «រុក្ខទិវា ៩កក្កដា» ដ៏មានអត្ថន័យ នៅភូមិខ្នារ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដ៏​ស្រស់​បំព្រង​នេះ។ ព្រះអង្គមានព្រះរាជបន្ទូលថា នេះគឺជាលើកទី៤ នៃការប្រារព្ធ ពិធីរុក្ខទិវា” ដែលព្រះករុណា ព្រះ​បរមរតន​កោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងព្រះអង្គបានយាងចូលរួមក្នុងពិធី «រុក្ខទិវា» នៅ​ខេត្តតាកែវ ដែលជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរសម័យនគរភ្នំ និងចេនឡា។ ព្រះអង្គមានព្រះរាជបន្ទូលថា កាលពីឆ្នាំ១៩៩៣ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះ​វររាជបិតា​ជាតិ​ខ្មែរ​ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏ធ្លាប់​បាន​សព្វ​ព្រះរាជ​ហឫទ័យ​យាងជាព្រះរាជា ធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី «រុក្ខទិវា» នៅខេត្តតាកែវនេះដែរ។ក្នុង​ឱកាសនេះ ព្រះករុណា ព្រះមហាក្សត្រ បានអបអរសាទរចំពោះការរីកចម្រើនលើគ្រប់វិស័យ ដែ​ល​ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងប្រជាពលរដ្ឋ​ទូទាំង​ខេត្តតាកែវ​រួមគ្នា​សម្រេច​បាន​នាពេលកន្លងមក និងដែលបាន​ជួយ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យកាន់តែមានភាពល្អប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះដែរ ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជបន្ទូលថ្លែងអំណរគុណ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងថ្នាក់ដឹកនាំ និង​មន្ត្រីរាជការទាំងអស់ ដែលខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម សំដៅធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ កាត់បន្ថយភាពក្រីក្រ។ ព្រះអង្គមានព្រះរាជបន្ទូលថា៖«ការយកចិត្តទុកដាក់គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានព្រៃឈើ និង​សត្វព្រៃដើម្បីធានានិរន្តរភាពបរិស្ថាន និងសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់​កាលទី១ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់របស់ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។ព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលរម្លឹកថា ព្រះករុណាព្រះមហាវីរក្សត្រ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួចផ្តើមរៀបចំពិធី «រុក្ខទិវា» និង​សព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីក្នុងពិធីនេះជារៀងរាល់ឆ្នាំ នៅតាម​បណ្តា​ខេត្ត​នានា​ចាប់​តាំងពីសម័យ សង្គមរាស្ត្រនិយមមក ដើម្បីបំផុស និងលើកទឹក​ចិត្ត​ឱ្យ​កូន​ចៅ​ជា​ទី​ស្រឡាញ់​របស់ព្រះអង្គ ចូលរួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើ​នៅ​ទូទាំង​ប្រទេស​ហើយ​រាជ​រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើមរបស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ និងបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​ប្រមុខ​រាជរដ្ឋា ភិបាល បានបន្តរៀបចំជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩២មក។ព្រះករុណា ព្រះមហាក្សត្រ បញ្ជាក់ថា «រុក្ខទិវា» ជាវប្បធម៌ដ៏ប្រសើរ ដែលព្រះ​ថេរានុ​ត្ថេរៈ​គ្រប់​ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបង​ប្អូន​ជនរួម​ជាតិ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​បាន​ចូលរួ​ម​ដាំ​ដើម​ឈើ ដោយមានទស្សនរួមគឺ ការចូលរួមដាំដើមឈើ និងការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃ ទាំងសុវត្ថិភាពពីគ្រោះធម្មជាតិ ទាំងក្តីសង្ឃឹម​សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។ជាថ្មីម្តងទៀត ខ្ញុំព្រះករុណា ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើ និងរដ្ឋបាលខេត្តតាកែវ ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរមរាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ក្នុងការរៀបចំពិធីរុក្ខទិវាក្នុងខេត្តតាកែវយើងនេះប្រកបដោយជោគជ័យ ។ខ្ញុំព្រះករុណា ព្រះមហាក្សត្រ ឧទ្ទិសឱ្យពិធី «រុក្ខទិវា» នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជា គ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់ សម្រាប់ប្រទេសជាតិយើង ដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ ហើយមានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នា និងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ៕

ព្រះមហាក្សត្រខ្មែរ៖ សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” ស្ថិតក្នុងបេះដូងរបស់ប្រជាជន កម្ពុជា គ្រប់ៗរូប​

2024/07/09 04:52:22 pm        251
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ​កម្ពុជា ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យ ស្តេចយាងជា​ព្រះរាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត នៅក្នុងព្រះ រាជពិធី«រុក្ខទិវា ៩កក្កដា»ឆ្នាំ២០២៤ ដែលក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងរដ្ឋបាលខេត្តតាកែវ​ប្រារព្ធនៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ យាងនិងអញ្ជើញដង្ហែរអង្គព្រះមហាក្សត្រយាងចូលរួម ក្នុងព្រះរាជពិធីដ៏ឧត្តុង្គឧត្តមនេះ មាន​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្តេច​ពញាចក្រី ហេង សំរិន សម្តេចវិបុលសេនាភក្តី សាយ ឈុំ សម្តេចក្រឡាហោម ស ខេង សម្តេច​ពិជ័យសេនា ទៀ បាញ់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម លោកជំទាវ​ជាសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រាជវង្សានុវង្ស ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ក្រោយពីរបាំថ្វាយព្រះពរ និងសិល្បៈយីកេ សំដែងថ្វាយទត និងទស្សនា ក្នុងខ្លឹមសារអប់រំ មហាជន ប្រជាជន ឱ្យចូលរួមស្រឡាញ់ និងថែរក្សាព្រៃឈើ លុបបំបាត់​ការ​កាប់បំ​ផ្លាញ​ដែល​ជា​បច្ច័យ​អាក្រក់​បង្កនូវគ្រោះធម្មជាតិ​ មហន្ត​រាយធ្ងន់ធ្ងរ បំផ្លាញនូវសេចក្តី​សុខ​ដល់​ជីវិត​មនុស្ស​សត្វ​លើ​ភព​ផែនដី និងរបាយការណ៍របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បង្ហាញ​សក្តា​នុពល​កសិកម្មរបស់ខេត្ត ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានថ្វាយរបាយការណ៍​បញ្ជាក់​ថា៖​ពិធីរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៤ឆ្នាំនេះ មានកូន​ឈើ​ធ្នង់ គ្រញូង និងក្ងោក សរុបចំនួន ៣ ០០០ដើម នឹងត្រូវដាំនៅលើ ទីតាំងទំហំ ៣ហិកតា​នៅ​ស្ដានីយ៍​​ផ្សព្វ​ផ្សាយ​និង​ស្តារ​ព្រៃ​ឈើ​បន្ទាយអង្គរ ស្ថិតក្នុងភូមិខ្នារ ស្រុកត្រាំកក់។ ឯកឧត្តម​បន្តថា សម្រាប់ឆ្នាំ២០២៤នេះដែរ រដ្ឋបាល​ព្រៃឈើនៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទើប​បាន​បញ្ចប់ការដាំកូនឈើចម្រុះ ចំនួន ១៦ ៥០០ដើម នៅលើផ្ទៃដីទំហំ ១០ហិកតាផ្សេងទៀត នៅ​ស្ថានីយ ផ្សព្វផ្សាយ និង​ស្តារព្រៃឈើសុក្រម ក្នុងឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ គិត​ត្រឹម​ឆ្នាំ​នេះ ពិធីរុក្ខទិវាបាន បង្កើត​ជាសួន​រុក្ខទិវាសរុបទំហំ ៤៧៥ហិកតា នៅតាមបណ្តា រាជធានី-ខេត្ត​​ចំនួន១៤ ហើយព្រឹត្តិការណ៍រុក្ខទិវាក៏បានបង្កើតជា ចលនាស្រឡាញ់ព្រៃឈើ និងដាំកូន​ឈើ​ជា​ច្រើន​ផ្សេង​ទៀត​នៅទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ម៉ឺន ហិកតា និង​សួន​សាធារណៈឬឯកជនជាច្រើន នៅតាមសាលារៀន វត្តអារាម រមណីយដ្ឋាន និងសួន​ឯក​ជន​នានា។ ជាង នេះទៀត រដ្ឋបាលព្រៃឈើក៏បាន បណ្តុះ និងដាំកូនឈើ បានជាង ២០,៥០​លាន​ដើម​ផង​ដែរ តាមរយៈ​ថវិការដ្ឋគិតត្រឹមឆ្នាំ ២០២៤នេះ ជាមួយនឹង​សមត្ថភាព​បណ្តុះកូនឈើដើម្បីដាំ និង​ចែក​ចំនួន ៥០ម៉ឺនដើមក្នុងមួយឆ្នាំ ខណៈដែលកូនឈើជា ច្រើនលានដើមផ្សេងទៀត ត្រូវបាន​បណ្តុះ និង​ដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយ​មិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំ​ឧស្សាហកម្ម​​ផ្សេងៗទៀត។​ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានមាន ព្រះរាជបណ្តាំ ផ្ញើសួរសុខ ទុក្ខ សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅបំ​ផុត និង ព្រះរាជទានពរ បវរមហាប្រសើរពីសម្តេច ព្រះមហាក្សត្រី ព្រះ វររាជ មាតា​ជាតិ​ខ្មែរ សម្តេច ម៉ែ សម្តេច​យាយសម្តេចយាយទួត ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត មក ប្រគេន ព្រះថេរា នុ ត្ថេរៈ គ្រប់ព្រះអង្គ និងជូនសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោក តា លោកយាយ មាមីង បងប្អូន និងក្មួយៗ ជនរួមជាតិទាំងអស់ សូមបានប្រកប ដោយ​សេចក្តី​សុខ សេចក្តីចម្រើន និង មាន សុភមង្គលគ្រប់ ប្រការតរៀងទៅ ។ព្រះអង្គ​បាន​មានព្រះរាជបន្ទូលថា៖ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរត​នកោដ្ឋ​​ជាទី​គោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត បានផ្តួច​ផ្តើមរៀបចំពិធី”រុក្ខទិវា” និង សព្វព្រះរា​ជ​ហប្ញទ័យ យាងជាព្រះរាជា​ធិបតី​ក្នុង​ពិធី​នេះ​ជារៀងរាល់ឆ្នាំ នៅតាមបណ្តា ខេត្តនានាចាប់តាំងពី សម័យសង្គមរាស្ត្រនិយម មក ដើម្បីបំផុស និងលើក​ទឹក​ចិត្ត​ឱ្យ​កូនចៅ ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ចូល រួមថែរក្សា ការពារព្រៃឈើ និងដាំដើមឈើនៅទូទាំង ប្រទេស ហើយ​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹក​នាំ​ដ៏ប៉ិនប្រសប់ ឈ្លាសវៃ និងដ៏ឆ្នើម របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខ និង បច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋា ភិបាល បាន​បន្តរៀបចំជារៀង រាល់ ឆ្នាំចាប់ពី ឆ្នាំ១៩៩២មក ។“រុក្ខទិវា” ជាវប្បធម៌ដ៏ប្រសើរ ដែល ព្រះ ថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរជាតិគ្រប់ថ្នាក់ និងបង​ប្អូន​ជន​រួមជាតិ​ទាំង​អស់នៅទូទាំង ប្រទេសបានចូលរួមដាំដើមឈើ ដោយមានទស្សន រួមគឺ ការ​ចូល​រួម​ដាំ​ដើម ឈើ និង​ការពារព្រៃឈើ គឺជាការជួយខ្លួនឯង ទាំងជីវភាពរស់នៅប្រចាំថ្ងៃទាំង​សុវត្ថិភាព​ពីគ្រោះធម្មជាតិ ទាំង​ក្តី​សង្ឃឹម​សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ។ព្រះករុណាជាអម្ចាស់បានយកឱកាសនេះថ្លែងអំណរគុណចំពោះប្រទេសជាមិត្ត និងអង្គ ការ ជាតិ-អន្តរជាតិ នានា​ដែលបានចូលរួមគាំទ្រដល់ការងារដាំដើមឈើ និងការថែរក្សាការពារ ធនធាន​ព្រៃឈើ-សត្វព្រៃ និងសូមអំ​ពាវ​នាវ​ឱ្យបន្ត​សកម្មភាពដ៏ថ្លៃថ្លាទាំងនេះ ដើម្បីជួយ​គាំទ្រ​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីជា​ប្រយោជន៍​ដល់ពិភពលោកទាំង មូល ។ព្រះអង្គក៏បាន សូមឧទ្ទិសឱ្យពិធី “រុក្ខទិវា” នេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជន កម្ពុជា គ្រប់ៗរូប និង​ក្លាយ​​ជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សា ការពារ និង​អភិវឌ្ឍ​​ធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់ យើងឱ្យបានគង់ វង្សរហូតតទៅ ៕អត្ថបទ៖ មុត សុទ្ធ 

សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនីបន្តជំរុញអំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង

2024/07/09 12:56:21 am        197
ភ្នំពេញ ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអញ្ជើញជួបជាមួយលោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។​ក្នុងឱកាសនៃជំនួប លោកប្រធាន APF បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានគោរពរំឭកអំពីជំនួបរបស់លោកជាមួយ សម្ដេចធិបតីនៅសាធារណរដ្ឋបារាំង ហើយលោកក៏បានបញ្ជាក់ផងដែរថាទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ គឺគោរពទៅតាមការសន្យារបស់លោក ដើម្បីស្វែងរកឱកាស វិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លោកជម្រាបជូនសម្ដេចធិបតីអំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ ហើយតាមរយៈដំណើរទស្សនកិច្ចនេះ លោកនឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំងឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ លោកជម្រាបជូនសម្ដេចធិបតី អំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅសាធា រណរដ្ឋបារាំងថា ប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ខាងមុខនេះ។ ការរៀបចំកិច្ចប្រជុំកំពូលនេះនឹងជាឱកាសក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅក្នុងកម្ពុជា។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកប្រធាន APF និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបារាំង ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងប្រទេសទាំងពីរផងដែរ។សម្ដេចធិបតីគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំងឱ្យកាន់តែរឹងមាំបន្ថែមទៀត ហើយសម្តេចធិបតី ក៏បានរំឭកផងដែរអំពីជំនួបរបស់សម្ដេច ជាមួយឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ក្នុងអំឡុងពេលដែល សម្តេចអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង កាលពីខែមករាឆ្នាំ២០២៤ ដោយគ្រានោះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីគំនិតផ្តួចផ្តើមក្នុងការបង្កើតមជ្ឈមណ្ឌលវប្បធម៌ និងភាសាបារាំង ថ្នាក់តំបន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីអនុញ្ញាតឱ្យនាយកក្រុមហ៊ុន Toyota Tsusho Manufacturingប្រចាំនៅកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/09 12:44:38 am        100
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ បានអនុញ្ញាតឱ្យ លោក Fujitsu Ryojo នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងមានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ មានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត ៣៧លានដុល្លារអាមេរិក។ វត្តមានរបស់រោងចក្រដំឡើងរថយន្ត Toyota នៅកម្ពុជា បង្ហាញពីទំនុកចិត្តរបស់វិនិយោគិនជប៉ុននៅកម្ពុជា និងសញ្ញាវិជ្ជមានអំពីសក្ដានុពលរបស់កម្ពុជាសម្រាប់ការវិនិយោគ ទាំងក្នុងវិស័យយានយន្ត ក៏ដូចជាវិស័យ កម្មន្តសាល និងវិស័យឧស្សាហកម្មធុនធ្ងន់ដទៃទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស

2024/07/08 11:10:19 pm        175
ភ្នំពេញ៖ មានប្រសាសន៍ក្នុងពិធីដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហការរបស់ កម្ពុជា-បារាំង មានវិសាលភាពលើសពីនយោបាយ និងជំនួយអភិវឌ្ឍ ។ ក្នុងន័យនេះ កិច្ចសហការសេដ្ឋកិច្ចបារាំងនៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុប ជាមួយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ ដែលមានទំហំទឹកប្រាក់ ៥១៥,២១ លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៣ និង ២០៦,៤១ លានដុល្លារអាម៉េរិកក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ ២០២៤ ។ ក្នុងនេះ ក្រុមហ៊ុនបារាំងជាច្រើនរាប់ចាប់ពីសហគ្រាសពហុជាតិ (MNEs) រហូតដល់សហគ្រាសធុនតូច និងមធ្យម (SMEs) បានបង្កើតមូលដ្ឋាននៅកម្ពុជា ដូចជា Vinci, Total Energies, Accor, BRED Bank, និងសហគ្រាសធុនតូច និងមធ្យមជាច្រើនទៀត ដែលគ្រប់គ្រងដោយធុរជនបារាំង ហើយការវិនិយោគពីបារាំង បានរួមចំណែកដល់ការបង្កើតការងារ ការផ្ទេរជំនាញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលបង្កើតជាមូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅកម្ពុជា ។ជាមួយការអញ្ជីញវិនិយោគិនបារាំងទាំងអស់ ឱ្យមកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប និងធ្វើការសម្រេចចិត្តជាយុទ្ធសាស្ត្រ ដើម្បីទាញយកប្រយោជន៍ពីទំនាក់ទំនងទ្វេភាគីដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ សម្តេចមហបវរធិបតី បានស្វាគមន៍ចំពោះការសម្រេចចិត្តដ៏ឈ្លាសវៃរបស់វិនិយោគិនទាំងអស់ ជាពិសេស វិនិយោគិនបារាំង ដែលជ្រើសរើស និងមានបំណងមកបណ្តាក់ទុននៅកម្ពុជា ដោយផ្ទាល់ ឬចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក ។ ទន្ទឹមនេះ សម្តេច បានសង្កត់បញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ និងផ្តល់ការគាំទ្រពេញទំហឹង ក៏ដូចជាការទទួលបដិសណ្ឋារកិច្ច ដល់គ្រប់វិនិយោគិន និងធុរជន ពីគ្រប់បណ្តាប្រទេស ។ រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងពង្រឹងទំនាក់ទំនងឥតឈប់ឈរជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា, ធ្វើសកម្មភាពរួមគ្នា និង ទទួលខុសត្រូវរួមគ្នា» ។ ក្នុងស្មារតីនេះ, រាជរដ្ឋាភិបាលបាន និងកំពុងបង្កើត និងអនុវត្តជាបន្តបន្ទាប់នូវយន្តការ ដែលផ្តល់មធ្យោបាយងាយស្រួលបំផុតសម្រាប់វិស័យឯកជនក្នុងការបញ្ចេញមតិ កង្វល់ និងសំណូមពរ ក្នុងនេះ យន្តការដែលលេចធ្លោជាងគេ គឺ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ។ ជាមួយគ្នា គ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ បាន​ និងកំពុងអនុវត្ត និងតាមដានយ៉ាងជាប់លាប់ ប្រកបដោយភាពបុរេសកម្ម នូវរាល់វិធានការ ដែលត្រូវបានដាក់ចេញនៅក្នុង វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ ។ ជាលទ្ធផល ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ យើងសង្កេតឃើញនូវលទ្ធផលជោគជ័យជាបន្តបន្ទាប់ ដែលធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែមានភាពអំណោយផលជាងមុន ។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានសម្រាលបន្ទុករបស់វិស័យឯកជន ពាក់ព័ន្ធនឹងការចុះបញ្ជីអាជីវកម្ម, ការស្នើសុំអាជ្ញាបណ្ណ, អនុលោមភាពការងារ, និង អនុលោមគណនេយ្យ និងសវនកម្ម ជាដើម ។ រាជរដ្ឋាភិបាល បាន និងកំពុងផ្តល់អាទិភាពខ្ពស់ ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយ តាមរយៈការរៀបចំ និងអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា ដើម្បីដោះស្រាយកង្វល់របស់វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការវាយតម្លៃពន្ធឡើងវិញ ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធ និងពិគ្រោះយោបល់ជាមួយវិស័យឯកជន ក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដាទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាន និងតម្លាភាពនៃរដ្ឋបាលសារពើពន្ធ ។ រាជរដ្ឋាភិបាល ក៏បាន និងកំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយថ្លៃឡូជីស្ទីក និងដឹកជញ្ជូន, ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window) និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre-arrival processing) ជាដើម ។ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មបារាំងនៅកម្ពុជា ទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសរបស់បារាំងប្រចាំនៅកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ក្នុងការសហការរៀបចំព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ជាលើកទី ២ ដែលជាកាលានុវត្តដ៏វិសេសវិសាលក្នុងការពង្រឹងចំណងមិត្តភាព និងស្វែងរកសក្តានុពលដ៏ធំធេង សម្រាប់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ កម្ពុជា-បារាំង ៕

ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្ដេជ្ញាពង្រីកកិច្ចសហការលើវីស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធាជាមួយកម្ពុជា

2024/07/08 10:55:44 pm        180
ក្នុងឱកាសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាត​ឱ្យ​ចូល​ជួប​សម្ដែងការគួរសមនៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២៤នេះ លោកជំទាវ ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បាន​ជម្រាប​ជូន​សម្ដេចតេជោថា លោកជំទាវនឹងខិតខំ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជ​កម្ម ​វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ក្នុងឱកាស​ជំនួបនេះសម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការស្វាគមន៍ និងអបអរ​សាទរ​យ៉ាង​កក់​ក្តៅជូ​នដល់លោកជំទាវអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញ​សមត្ថភាពនៃប្រទេសហ្វីលីពីន ប្រចាំកម្ពុជា។ សម្តេចតេជោមានជំនឿថា លោក​ជំទាវ​អគ្គ​រដ្ឋទូត នឹងខិតខំបន្តបេសកកម្មពង្រឹង ចំណងមិត្តភាពកម្ពុជា-ហ្វីលីពីន និងកិច្ច​សហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ឱ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេស កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​ក្រប​ខណ្ឌ​គ្រួសារ​អាស៊ាន ដើម្បីចូលរួមថែរក្សាសន្តិភាព និងដោះស្រាយ​បញ្ហា​ប្រឈម​នៅ​ក្នុង​តំបន់​អាស៊ាន​។នៅក្នុងជំនួបនេះ លោកជំទាវអគ្គរដ្ឋទូតហ្វីលីពីន បានថ្លែង​អំណរគុណ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​សម្តេច​តេជោ និងចាត់ទុកថានេះជាកិត្តិយសដ៏ធំធេង ដែលសម្តេចបានអនុញ្ញាតឱ្យលោកជំទាវ បាន​គោរពជួបសម្តែងការគួរសម ក្រោយពីលោកជំទាវ​បាន​ថ្វាយសារ​តាំង​ចំពោះ​ព្រះករុណា​ព្រះមហា​ក្សត្រ រួចមក។ លោកជំទាវ ក៏បានពាំនាំនូវសេចក្តី​អំណរ​គុណ​រប​ស់​ឯកឧត្តម​ប្រធាន​ព្រឹទ្ធសភា​ហ្វីលីពីន ឆ្លើយតបនឹងលិខិតអបអរសាទរយ៉ាងកក់ក្តៅរបស់ សម្តេចតេជោក្នុង​ឱកាស​ដែល​ ឯកឧត្តម ទើបបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា។លោកជំទាវអគ្គរដ្ឋទូត បានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា-ហ្វីលីពីន ដែលកាន់តែរីកចម្រើន និងរឹងមាំនាពេលកន្លងមក តាមរយៈ​ជំនួប​ជា​បន្ត​បន្ទា​ប់​នៃ​ថ្នាក់​ដឹកនាំ​ប្រទេស​ទាំងពីរ គឺជំនួបរវាងសម្តេចតេជោ និងប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ម៉ាកូស ក្នុង​ឆ្នាំ២០២២, ជំនួបរវាងសម្តេចធិបតី និងឯកឧត្តមប្រធានាធិបតីឆ្នាំ២០២៣ នៅទី​ក្រុង​ហ្សាកាតា និងចុងក្រោយបំផុតថ្មីៗនេះក្នុងឆ្នាំ២០២៤ គឺជំនួបរវាងសម្តេចធិបតី និង​ឯកឧត្តម​ប្រធានាធិបតី នៅទីក្រុងមែលប៊ន។លោកជំទាវអគ្គរដ្ឋទូត បានបន្តទៀតថា កម្ពុជា និងហ្វីលីពីន បានរៀបចំ​កិច្ច​ប្រជុំ​គណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិការទ្វេភាគីចំនួន៤ដងរួចមកហើយ ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ។ ក្នុងឆ្នាំនេះ ហ្វីលីពីន​នឹងទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំគណៈកម្មការនេះ នៅទីក្រុងម៉ានីល ដើម្បីពិនិត្យ និង​កំណត់ឡើងវិញនូវផែនការសកម្មភាព និងវិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ។លោក​ជំទាវអគ្គរដ្ឋទូត បានជម្រាបសម្តេចតេជោថា ក្នុងអាណត្តិបេសកកម្ម​ការ​ទូត​នៅ​ប្រទេស​កម្ពុជា លោកទាវ នឹងខិតខំពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល និងទំនាក់ទំនងយោធា។ នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ បច្ចុប្បន្ន​គឺ​មាន​ក្រុម​ហ៊ុន​ហ្វីលីពីន កំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា លើផ្នែកសុខាភិបាល អប់រំ និង​ឧស្សាហកម្ម​កែច្នៃម្ហូបអាហារ។ លើសពីនេះទៅទៀត អ្នកវិនិយោគហ្វីលីពីន កំពុង​សម្លឹង​មើល​ឱកាស និងដៃគូធុរកិច្ច ដើម្បីវិនិយោគបន្ថែម លើវិស័យសំណង់ អាហារនិងភេសជ្ជៈ ឧស្សាហកម្ម​កែច្នៃ​អាហារ និងផលិតអាហារ ហាងលក់រាយ និងវិស័យអប់រំជាដើម។លោកជំទាវ បានជម្រាបសម្តេចតេជោថាហ្វីលីពីនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួម​សហការ​​ជា​មួយ​កម្ពុជា ដើម្បី​បង្កើត​គណៈកម្មការ​រួម​កម្រិត​ខ្ពស់​ប្រយុទ្ធ​ប្រឆាំង​នឹង​បទ​ល្មើស​តាម​ប្រព័ន្ធ​អ៊ីន​ធើណេត ការឆបោកតាមប្រព័ន្ធ អនឡាញ និងការជួញដូរមនុស្ស ដែលជាកង្វល់​រួម​នៃ​ប្រ​ទេស​យើង​ទាំងពីរ។ លោកជំទាវ ក៏បានថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក​តែង​បាន​គាំទ្រ និងការពារប្រជាជនហ្វីលីពីន ដែលមកធ្វើការ​​ និង​រស់​នៅ​ក្នុង​ប្រទេសកម្ពុជា​ដោយ​គ្មាន​ការ​រើស​អើង។ លោកជំទាវ បានសំណូមពរ សម្តេច មេត្តាបន្តជួយគាំទ្រ និងផ្តល់ការ​យក​ចិត្ត​ទុកដាក់​ដល់​សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និងរស់នៅជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលភាគច្រើនជាគ្រូបង្រៀនភាសាអង់គ្លេស បុគ្គលិកក្រុមហ៊ុន និងបុគ្គលិក​សាសនា​។ជាការឆ្លើយតប សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​ដែល​កម្ពុជា និងហ្វីលីពីន សម្រេចបាន ដោយផ្អែកលើជំនឿទុកចិត្តគ្នាទៅវិញទៅមក តាំងពី​អតីត​កាល​មក​។ សម្តេច មានមោទនភាព​ដែល​បានរួម​ចំណែក​ធ្វើឱ្យ​ទំនាក់​ទំនង​មិត្តភាព​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែរីកចម្រើន និងរឹងមាំ ដោយសម្តេច បានធ្វើការផ្ទាល់ និងជិតស្និទ្ធជា​មួយ​ប្រធានា​ធិបតី​ហ្វីលីពីន និងរដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលភាគច្រើនជាមិត្តរបស់សម្តេច ចាប់តាំង​ពី​ដំណាក់​កាល​ស្វែង​រក​ដំណោះស្រាយបញ្ហានយោបាយចំពោះប្រទេសកម្ពុជា ជាពិសេស ចាប់ពីកិច្ចប្រជុំ JIM-1, JIM-2 (Jakarta Informal Meetings) មក។សម្តេចមានប្រសាសន៍បន្តថា ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហ្វីលីពីន នឹងត្រូវបាន​ពង្រឹង​ពង្រី​ក​បន្ថែម​ទៀតក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីអាណត្តិទី៧នេះ។ សម្ដេចបាន​ចាត់​ទុក​ថា ទោះបីជាមានការផ្លាស់ប្ដូរប្រមុខដឹកនាំរាជដ្ឋាភិបាលនៅកម្ពុជា ដោយសម្ដេច​បាន​ចាក​ចេញ​ពី​នាយករដ្ឋមន្ត្រីទៅជាប្រធានព្រឹទ្ធសភាក៏ដោយ ក៏កម្ពុជាពុំមាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​គោល​នយោ​បាយ​ការ​បរទេសរបស់ខ្លួន ជាពិសេសក្នុងទំនាក់ទំនងជាមួយនឹងហ្វីលីពីននោះទេ។សម្ដេចបាន​ធ្វើការ​កត់​សម្គាល់​ថា​យើង​មាន​សក្តានុពល​ច្រើន​ដែល​ត្រូវពិនិត្យរួមគ្នាប្រើប្រាស់​ដើម្បី​ផល​ប្រយោជន៍ និងការរីកចម្រើននៃប្រទេសទាំងពីរ។ សម្តេចតេជោបានបង្ហាញនូវសេចក្តីរីករាយ ចំពោះ​ពាណិជ្ជកម្មទ្វេភាគី ដែលកន្លងមកហ្វីលីពីន បាននាំចូលអង្ករកម្ពុជា។ សម្តេច បាន​ស្វាគមន៍​រាល់ការវិនិយោគរបស់ក្រុមហ៊ុនហ្វីលីពីននៅកម្ពុជា សម្ដេច​បានផ្ដល់អនុសាសន៍​ថា​ហ្វីលីពីន​គួរ​តែពិនិត្យនិងច្បាមយកឱកាសវិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយ​វិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន 100% នៅកម្ពុជា រៀបចំជាយន្តការ​ប្រមូល​ទិញ​ស្រូវ ម៉ាស៊ីនកិនស្រូវ វេចខ្ចប់ ស្តុក ហើយនិងនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន ក៏ដូច​ជា​នៅ​ទៅកា​ន់​បណ្ដាប្រទេសផ្សេងទៀត។សម្តេចតេជោបានសង្កត់ធ្ងន់ថា កម្ពុជា និងហ្វីលីពីនត្រូវតែ​ទាញ​យក​សក្តានុពល​សេដ្ឋកិច្ច​ពី​កិច្ច​ព្រម​ព្រៀង​តំបន់ពាណិជ្ជកម្មសេរីអាស៊ាន(AFTA) និងកិច្ចព្រមព្រៀងភាព​ជាដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុង​ជ្រោយ (RCEP) ខណៈពិភពលោកកំពុងជួបប្រទះវិបត្តិស្មុគ្រស្មាញ និងគ្រោះថ្នាក់។ សម្ដេចតេជោបានសង្កេតឃើញថាក្នុងពេលដែលជំងឺកូវីត-១៩ បានរាតត្បាត ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាងបណ្ដាប្រទេសអាស៊ានក្នុងក្របខណ្ឌ AFTA មានការរីកចម្រើនខ្លាំងក្លា ជាពិសេស នៅក្នុងវិស័យសន្តិសុខស្បៀងនិងថាមពល។ជាមួយគ្នានេះដែរ សម្តេចតេជោក៏បានស្នើលោកជំទាវអគ្គរដ្ឋទូត ខិតខំឱ្យ​មាន​ជើង​ហោះហើរ​ផ្ទាល់​ពី​ហ្វីលីពីន មកប្រទេសកម្ពុជា ឱ្យកាន់តែច្រើន ដែល​ជា​កត្តា​សំខាន់​រួម​ចំណែក​ដល់​ការ​តភ្ជាប់​ប្រជាជន និងប្រជាជន ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ និងជួយសម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​អ្នកវិនិយោគ ក៏ដូចជាអ្នកការទូតហ្វីលីពីនផងដែរ។សម្តេចតេជោ និង​លោកជំទាវអគ្គរដ្ឋទូត ក៏បានផ្លាស់ប្តូរយោបល់បីបញ្ហាអន្តរជាតិ និងជាពិសេស​បញ្ហា​ជម្លោះ​នៅក្នុងតំបន់អាស៊ាន ដែលមានវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដែលកា​ន់​តែ​ធ្ងន់​ធ្ងរ​ និង​អូស​បន្លាយ ក៏ដូចជាបញ្ហាសមុទ្រចិនខាងត្បូង។ ចំពោះបញ្ហាសមុទ្រចិនខាងត្បូង សម្ដេច​តេជោ​បាន​ស្វាគមន៍ការសន្ទនាដែលហ្វីលីពីនកំពុងធ្វើការសន្ទនាជាមួយនឹងចិន ក៏ដូចបណ្ដា​ប្រទេស​ពាក់ព័ន្ធ មានវៀតណាម ។ល។ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងស្វែងរក​ដំណោះ​ស្រាយ​ដ៏​ជាក់​លាក់​មួយ​នៅក្នុងការសម្រួលសភាពការណ៍នៅក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ។ សម្ដេចតេជោ​ក៏​បាន​សង្កត់​ធ្ងន់ថា ដើម្បីឈានទៅរកដំណោះស្រាយជាស្ថាពរត្រូវ៖ ចំនុចទី១) គឺភាគីទាំងអស់​នៅ​ក្នុង​តំបន់​សមុទ្រចិនខាងត្បូងត្រូវ គោរព និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ DOC ដែលបានចុះហត្ថ​លេខា​នៅ​រាជធានីភ្នំពេញកាលពីក្នុងឆ្នាំ២០០២, ចំនុចទី២) ស្នើសុំឱ្យភាគី​ពាក់ព័ន្ធ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ធ្វើ​ការ​សម្របសម្រួលគ្នាដើម្បីចៀសវាងជម្លោះណាមួយ ហើយពិភាក្សាប្រក​ប​ដោយ​ន័យ​ស្ថាបនា​ ចៀសវាងមានភាពតានតឹងក្នុងតំបន់,ចំណុចទី៣) គឺជំរុញតួនាទី​របស់​អាស៊ាន​ និង​បណ្ដា​ប្រទេស​ពាក់ព័ន្ធធ្វើការចរចាដើម្បីឈានទៅសម្រេចបាននូវក្រមប្រតិបត្តិ (COC) ឱ្យ​បាន​ឆាប់​។ សម្ដេចបានចាត់ទុកថាបើ COC បានសម្រេចហើយនោះ វានឹងកាត់បន្ថយនូវភាពតានតឹង, បណ្ដា​ប្រទេសនៅក្នុងតំបន់នឹងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ហើយសមុទ្រ​ចិន​ខាង​ត្បូង​អាច​ក្លាយ​ជា​ច្រកដ៏សំខាន់មួយសម្រាប់​ពាណិជ្ជកម្ម​រវាង​បណ្ដាល​ប្រទេស​នៅ​ក្នុង​តំប​ន់​ក៏ដូច​ជា​អន្តរជាតិ​។ចំពោះបញ្ហាឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត ការបោកប្រាស់អនឡាញ និងការជួញដូរមនុស្ស សម្តេច​តេជោបានគាំទ្រឱ្យអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរខិតខំធ្វើការរួមគ្នា ដើម្បី​ធ្វើ​ការ​បង្រ្កាប​ និងទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពខ្ពស់លើក្រុមឧក្រិដ្ឋជនតាមប្រព័ន្ធអ៊ីនធើណេតនេះ ដែល​កន្លងមកតែងចល័តទៅមកក្នុងចំណោម ប្រទេសអាស៊ាន និងបានធ្វើឱ្យ​ខូច​ឈ្មោះប្រ​ទេស​កម្ពុជា និងហ្វីលីពីន។ សម្តេច ក៏បានប្រាប់ទៅលោកជំទាវអគ្គរដ្ឋទូតបន្ថែមថា កម្ពុជានឹង​បន្ត​យក​ចិត្ត​ទុក​ដាក់ និងការពាររាល់ផលប្រយោជន៍សហគមន៍ប្រជាជនហ្វីលីពីន ដែលកំពុងធ្វើការ និង​រស់​នៅ​ក្នុងប្រទេសកម្ពុជាប្រកបដោយភាពសុខសាន្ត។លោកជំទាវ​អគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានថា អស់រយៈពេលជាង៤២ឆ្នាំ ដែលលោកជំទាវ បម្រើ​ការងារនៅក្នុងក្រសួងការបរទេសហ្វីលីពីន លោកជំទាវ តែងបាន​តាម​ដាន​រាល់​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា ក្នុងនោះលោកជំទាវ តែងបានកោតសរសើរ និងស្ញប់ស្ញែង​ចំពោះ​ក្តីស្រឡាញ់​ដ៏​ស្មោះស្ម័គ្រ​របស់សម្តេចតេជោ មានចំពោះសហគមន៍អាស៊ាន។ លើសពីនោះ សម្តេចតេជោ គឺជា​កម្លាំង​មគ្គុទេសន៍បង្ហាញផ្លូវដល់អាស៊ាន និងបានរួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​វិវត្ត​រប​ស់​អាស៊ាន​។ ជាថ្មីម្តងទៀត លោកជំទាវ សូមថ្លែងអំណរគុណសម្តេច ដែលបានអនុញ្ញាត​ឱ្យ​លោក​ជំទាវ ចូលជួប និងទទួលបានចំណេះដឹងជាច្រើន ពីការសន្ទនាជាមួយសម្តេច ក្នុងឱកាសនេះ។ ជា​ទី​បញ្ជប់ សម្តេចតេជោប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើការសួរសុខទុក្ខ តាមរយៈ​លោក​ជំទាវ​អគ្គ​រដ្ឋទូត​ ជូនទៅឯកឧត្តមប្រធាន​​ព្រឹទ្ធសភា និង ឯកឧត្តមប្រធានាធិបតីហ្វីលីពីន ព្រមទាំងជូន​ពរ​លោក​ជំទាវ​អគ្គរដ្ឋទូត និងសហការីនៃស្ថានទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ទទួល​បាន​នូវ​សេចក្តីសុខសប្បាយ និងសុខភាពល្អ ក្នុងការស្នាក់នៅ និងបំពេញបេសកកម្ម​នៅ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/07/08 04:41:26 pm        150
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ លោកជំទាវ ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump និយាយថាក្រុមប្រឹក្សាសន្តិភាពឈានដល់កិច្ចព្រមព្រៀងរំសាយអាវុធតំបន់ហ្កាហ្សា
07/31/2026 08:07 AM
កម្ពុជា-បារាំង បន្តរឹតចំណងកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងទំនើបកម្មកសិកម្ម ក្នុងជំនួបជម្រាបលារបស់តំណាង CIRAD
07/31/2026 07:07 AM
ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM