ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ ដែលមានចំណងជើង​ថា «ស្វាដោះសំណាញ់!»
សម្តេចធិបតី៖កម្ពុជាគាំទ្រពេញទំហឹង និងបន្តប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសមាជិកអាស៊ាន ប្រទេសបូកបី និងដៃគូសន្ទនាដើម្បីបំប្លែងឯកសារទៅជាសកម្មភាពជាក់ស្តែង

ព័ត៌មានសំខាន់ៗ

UN មានបំណង​ធ្វើ​ទស្សនកិច្ច​នៅ​រោងចក្រ​នុយក្លេអ៊ែរ​អ៊ុយ​ក្រែ​នដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​

2022/08/24 07:03:07 pm        540
UN៖ ទីភ្នាក់ងារ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ​កំពុង​ធ្វើ​សំណើ​ថ្មី​របស់ខ្លួន​ដើម្បី​វាយតម្លៃ​សុវត្ថិភាព និង​សន្តិសុខ​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​អ៊ុយ​ក្រែ​ន ដែល​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចោទប្រកាន់​ដាក់គ្នា​ទៅវិញទៅមក ​ចំពោះ​ការ​បាញ់​ផ្លោង​នៅ​បរិវេណ​រោង​ចក្រ​នេះ​។ សកម្មភាព​យោធា​បាន​បង្ក​ឱ្យ​មាន​ការព្រមាន ​អំពី​មហន្តរាយ​នុយក្លេអ៊ែរ​ដែល​អាច​កើតមាន​។ ប្រធាន​គោល​នយោ​បាយ​របស់​អង្គការសហប្រជាជាតិ​លោកស្រី Rosemary DiCarlo បាន​ថ្លែង​ទៅកាន់​ក្រុម​ប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​អង្គា​រថា ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA) បាន​ស្នើ​សុំ​ឱ្យ​បញ្ជូន​បេសកកម្ម​ទីភ្នាក់ងារ ​(IAEA) ទៅកាន់​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia។ លោកស្រី​បាន​និយាយ​ថា ការរៀបចំ​កំពុង​ដំណើរការ ហើយ​បាន​ស្វាគមន៍​ចំពោះ​សេចក្តី​ថ្លែងការណ៍​ថ្មីៗ​ពី​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន ដែល​បង្ហាញ​ពី​ការគាំទ្រ​សម្រាប់​បេសកកម្ម ទីភ្នាក់ងារ ​IAEA ទៅកាន់​រោងចក្រ​នេះ​។​ ​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការ​សហប្រជាជាតិរ​បស់​ប្រទេស​រុស្ស៊ី លោក Vassily Nebenzia បាន​ប្រាប់​ក្រុមប្រឹក្សា​ថា ចាប់​តាំង​ពី​កិច្ចប្រជុំ​ចុងក្រោយ​ស្តីពី​ប្រតិបត្តិការ​នៅ Zaporizhzhia ប្រហែល​ពីរ​សប្តាហ៍​មុន​ស្ថានភាព​សុវត្ថិភាព​នុយក្លេអ៊ែរ​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​។លោក​និយាយ​ថា ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​អ៊ុយ​ក្រែ​នបន្ត​បាញ់​ផ្លោង​ មក​លើ​ទឹកដី​នៃ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ និង​នៅ​ទីប្រជុំជន Enerhodar ជា​រៀងរាល់ថ្ងៃ ហើយ​នេះ​បង្កើត​ហានិភ័យ​ពិតប្រាកដ​នៃ​គ្រោះថ្នាក់​វិទ្យុសកម្ម​។ ​កាល​ពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​ជំរុញ​សហគមន៍​អន្តរជាតិឱ្យ​ចេញ​ឱសានវាទ​ដល់​រុស្ស៊ី ដើម្បី​ដក​កងទ័ព​របស់​ខ្លួន​ចេញពី​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បំផុត​របស់​អឺរ៉ុប​។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​ ស្តីពី​តំបន់​គ្រី​មៀ​ដែល​បាន​ធ្វើឡើង​នៅ​ទីក្រុង​គី​វ លោក Zelenskyy បាន​និយាយថា វត្តមាន​យោធា​រុស្ស៊ី​ដែល​កំពុង​បន្ត​នៅ​រោងចក្រ​នុយក្លេអ៊ែរ Zaporizhzhia គឺជា​គ្រោះថ្នាក់​ដល់​ពិភពលោក​ទាំងមូល ហើយ​ទាហាន​មិន​បាន​យល់ដឹង​ច្បាស់​អំពី​បញ្ហា​ថាមពល​នុយក្លេអ៊ែរ​ឡើយ​៕អត្ថបទ៖ ប៊ុនថន

ទឹកជំនន់​នៅ​អាហ្វហ្គានីស្ថាន​បណ្ដាល​ឲ្យ​មនុស្ស ​១៧០​នាក់ស្លាប់ និង ​២៥០​នាក់​រង​របួស​

2022/08/24 06:36:05 pm        227
​អាហ្វហ្គានីស្ថាន៖ ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រឈម​នឹង​ទឹកជំនន់​ធ្ងន់ធ្ងរ ​ចាប់តាំងពី​ខែកក្កដាមកដែល​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​ ១៧០​នាក់​ជាង​ ១​ខែ​មុន​មកនេះ និង​មនុស្ស ​២៥០​នាក់​ផ្សេង​ទៀត​រង​របួស​។ ​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​វាយប្រហារ​តំបន់​ភាគ​ខាងកើត​ប្រទេស​នេះ។ ​ទឹកជំនន់​បាន​ឆក់​យក​ជីវិត​មនុស្ស​ប្រមាណ​ ២០​នាក់​នៅ​ក្នុង​ខេត្ត Logar ជាទី​ដែល​ជំនន់​ទឹកភ្លៀង​នេះ​បាន​បំផ្លិចបំផ្លាញ​លំនៅឋាន បសុសត្វ និង​ដី​កសិកម្មព្រមទាំង​បាន​លិច​ផ្លូវ​នានា ហើយ​អគារ​ជាច្រើន​គ្រប់​ដណ្ដប់​ដោយ​ល្បប់​។ ប្រជា​ពលរដ្ឋ​ភាគច្រើន​ដែល​បាត់បង់​លំនៅឋាន​ បាន​ទៅ​តាំង​ទីលំនៅ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​សាលារៀន។បុរស​ម្នាក់​វ័យ ​៧០​ឆ្នាំ​ដែល​និយាយ​ថា លោក​បាន​បាត់បង់​អ្វី​គ្រប់យ៉ាង​ដោយសារតែ​គ្រោះ​ទឹកជំនន់បាន​បន្ថែម​ថា ពួក​លោក​ទទួល​បាន​ត្រឹមតែ​នំ​បុ័ង​មួយ​ដុំ តើ​យើង​ត្រូវ​រស់នៅ​ដោយ​ការ​ទទួល​ទាន​នំ​បុ័ង​តែមួយ​ដុំ​យ៉ាងម៉េច​ទៅ​?​។ ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រឹងប្រែង​តស៊ូ​ ទប់ទល់​គ្រោះ​មហន្តរាយ​ធម្មជាតិ​ជា​បន្តបន្ទាប់ រួម​ទាំង​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​កាលពី​ខែ​មិថុនា​ដែល​បាន​សម្លាប់​មនុស្ស​ជាង ១,០០០​នាក់ ហើយ​ក្រុម​តា​លី​បង់​កំពុង​អំពាវនាវ​រក​ជំនួយ​ពី​អន្តរជាតិ៕អត្ថបទ៖ សុខមាន

ទួរគី​និយាយថា ប្រទេស​លោកខាងលិច​ចង់​អូសបន្លាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​

2022/08/24 06:15:22 pm        336
​ទួរគី៖ រដ្ឋមន្ត្រីការបរទេស​ទួរគី​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បណ្ដា​ប្រទេស​លោកខាងលិច​មួយ​ចំនួន​គ្មាន​បំណង​ចង់​ឃើញ​ការ​បញ្ចប់​ជម្លោះ​អ៊ុយ​ក្រែ​ន​ទេ ហើយ​កំពុង​រារាំង​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិសម្រប​សម្រួល​ដោយ​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី​ដែល​បាន​ចុះហត្ថលេខា​ដោយ​ទីក្រុង Moscow​ និង​ទីក្រុង Kiev។ ​ថ្លែង​ទៅកាន់​សារព័ត៌មាន Haber Global ជា​ភាសា​ទួរគី ប្រមុខ​ការទូត​ទួរគី​លោក Mevlut Cavusoglu បាន​បញ្ជាក់​ថា ប្រទេស​លោកខាងលិច​មួយ​ចំនួន​ចង់​ឲ្យ​សង្គ្រាម​នេះ​បន្ត​ទៀត ដោយ​បន្ថែម​ថា មិន​មែន​ត្រឹមតែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ថែមទាំង​សមាជិក​របស់​សម្ព័ន្ធ​យោធា​ណា​តូ​ទៀត​ផង តែ​លោក​ពុំបាន​និយាយ​ចំ​ឈ្មោះ​រដ្ឋ​ណាមួយ​នោះ​ទេ​។ ​លោក​បាន​បញ្ជាក់​ថា ហើយក៏​មាន​អ្នក​ដែល​ចង់​បំផ្លាញ​កិច្ចព្រមព្រៀង​គ្រាប់​ធញ្ញជាតិ​ផង​ដែរ ដោយ​បន្ថែម​ថា សហរដ្ឋអាមេរិក​គ្មាន​អី​ជាប់​ពាក់ព័ន្ធ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំង​នោះ​ទេ ហើយ​វា​កំពុង​ក្លាយ​ជា​ជំនួយ​ដ៏​សំខាន់។​លោក​ថា ​ការ​ជួយ​ជ្រោមជ្រែង​របស់​សហរដ្ឋអាមេរិក​មាន​ដូចជា ដក​ការរារាំង​លើ​ការនាំចេញ​ជី​កសិកម្ម​របស់​រុស្ស៊ី បើក​កំពង់ផែ ដក​ការ​រឹតត្បិត​លើ​ចរន្ត​សាច់ប្រាក់​ធនាគារ។​ល​។ ប៉ុន្តែ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប​ចង់​បំផ្លាញ ដោយ​លើក​ឡើង​ថា ប្រទេស​ទួរគី​នឹង​បន្ត​ធ្វើការ​ដើម្បី​ឲ្យ​ប្រាកដ​ថា កិច្ច​ព្រម​ព្រៀង​គ្រាប់​ធញ្ញជាតិ​ត្រូវ​បាន​បោះជំហាន​ទៅមុខ​៕អត្ថបទ៖ សុខមាន

អាមេរិក​ជំរុញ​ឲ្យ​ពលរដ្ឋ​របស់ខ្លួន​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ខណៈ​មាន​ក្ដីបារម្ភ​ខ្លាំង​ពី​ការវាយប្រហារ​របស់​រុស្ស៊ី

2022/08/24 05:55:54 pm        343
​អ៊ុយក្រែន៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ពលរដ្ឋ​របស់​ខ្លួន​ ឲ្យ​ចាក​ចេញពី​ប្រទេស​អ៊ុយ​ក្រែ​នដោយ​និយាយថា ខ្លួន​ជឿថា រុស្ស៊ី​កំពុង​ត្រៀម​ដាក់​គោលដៅ​លើ​ជន​ស៊ីវិល និង​ហេដ្ឋា​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​នៅ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈដែល​សង្គ្រាម​បានអូសបន្លាយ​ដល់ ​៦​ខែ​នៅ​ថ្ងៃ​នេះ​។ ​ការព្រមាន​នេះ​មាន​ឡើង ​ក្រោយ​បម្រាម​របស់​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​លើ​ការ​ប្រារព្ធ​ពិធី ​និង​សកម្មភាព​នានា​ក្នុង​រដ្ឋធានី Kyiv ​នៅ​ថ្ងៃ​ខួប​ទទួល​បាន​ឯករាជ្យ​ពី​សហភាពសូវៀត​នៅ​ថ្ងៃ​ពុធ​នេះ ដោយសារ​តែ​មាន​ក្ដី​បារម្ភ​ពី​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​រដ្ឋធានី​នេះ​។ ​បណ្ដា​មេដឹកនាំ​រាប់​សិប​ប្រទេស និង​អង្គការ​អន្តរជាតិ​ជាច្រើន​ទៀតត្រូវ​បាន​គ្រោង​ចូលរួម​កាលពី​ថ្ងៃ​អង្គារ ​នូវ​អ្វី​ដែល​ហៅថា​ជា Crimea Platform ជា​ការ​បង្ហាញ​សាមគ្គីភាព​ជាមួយ​អ៊ុយ​ក្រែ​ន​នៅ​ថ្ងៃ​ខួប ​៦​ខែ​នៃ​ការ​វាយ​លុក​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែ​ន។ មនុស្ស​ភាគច្រើន​នឹង​ប្រារព្ធ​ពិធី​នេះ​តាម​វីដេអូ​។យោធា​អ៊ុយ​ក្រែ​ន​និយាយ​ថា នៅ​សមរភូមិ​ប្រយុទ្ធ​ កងកម្លាំង​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ដោយ​កាំភ្លើង​ធំ និង​តាម​អាកាស​នៅ​ក្នុង​តំបន់ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​ភាគ​ខាង​ត្បូង ជាទី​ដែល​ការ​វាយ​ប្រយុទ្ធ​គ្នា​បាន​កើត​ឡើង​ជិត​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​របស់​អឺរ៉ុប។ ​ដោយមាន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ថា ​អាច​នឹង​មាន​ការ​វាយ​ប្រហា​រ​ពី​រុស្ស៊ី ស្ថានទូត​អាមេរិក​ក្នុង​រដ្ឋធានី Kyiv កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​ចាកចេញ ក្រែង​មានការ​វាយប្រហារ​កើតឡើង​៕អត្ថបទ៖ សុខមាន

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak ជាប់ពន្ធនាគារ​១២​ឆ្នាំ ក្រោយ​ចាញ់​បណ្ដឹង​ឧទ្ធរណ៍​1MDB

2022/08/24 05:41:03 pm        229
​ម៉ាឡេស៊ី៖ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak បាន​ចាប់ផ្ដើម​អនុវត្តន៍​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ១២​ឆ្នាំ បន្ទាប់ពី​ចាញ់​បណ្ដឹង​ឧទ្ធរណ៍​ចុងក្រោយ​របស់​លោក​ ក្នុង​ករណី​អំពើ​ពុក​រលួយទាក់ទង​នឹង​ការ​លួច​មូលនិធិ​រដ្ឋ​នៃ​គម្រោង​អភិវឌ្ឍន៍​របស់​ធនាគារ​ Berhad ម៉ាឡេស៊ី (1Malaysia Development Berhad)​ ដោយ​តុលាការ​កំពូល​របស់​ប្រទេស​នេះ​គាំទ្រ​ជា​ឯកច្ឆន្ទ​ឲ្យ​មាន​ទោស​ និង​ជាប់ពន្ធនាគារ​របស់​លោក​។ ​លោក Najib បាន​ក្លាយ​ជា​អតីត​មេដឹកនាំ​ដំបូង​របស់​ម៉ាឡេស៊ី ដែល​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ នៅ​ពេល​លោក​ត្រូវ​បាន​នាំ​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទៅកាន់​ពន្ធនាគារ Kajang នៅ​ជាយ​រដ្ឋធានី Kuala Lumpur ក្រោយ​តុលា​ការ​ចេញ​សាលក្រម​។ ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង សកម្មជន និង​ប្រជា​ពលរដ្ឋ​ភាគច្រើន​បាន​សាទរ ​ពី​ដំណើរការ​ឆាប់រហ័ស​របស់​តុលាការ​ក្នុង​សវនាការ​ប្ដឹង​ឧទ្ធរណ៍​កាល​ពីថ្ងៃ​អង្គារ ដោយ​ហៅ​ការ​កាត់ក្ដី​នោះ​ថា ជា​ជ័យជម្នះ​សម្រាប់​ប្រជា​ពលរដ្ឋ​ម៉ាឡេស៊ី​ដែល​បាន​បោះ​ឆ្នោត​កាលពី​ឆ្នាំ​២០១៨ ដើម្បី​ដក​រដ្ឋាភិបាល​របស់​លោក Najib និង​កាត់ទោស​លើ​រូបលោក​។ ក្រុម​ប្រឹក្សាតុលាការ​សហ​ព័ន្ធ​ដែល​មាន​សមាជិក ៥​រូប​បាន​និយាយ​ថា ខ្លួន​បាន​រក​ឃើញ​ថា ​ការសម្រេចចិត្ត​របស់​តុលាការ​ជាន់ខ្ពស់​គឺ​ត្រឹមត្រូវ ហើយ​ថា ការ​ប្តឹង​ឧទ្ធរណ៍​របស់​លោក Najib គឺ​គ្មាន​ប្រសិទ្ធ​ភាព​អ្វី​ឡើយ​៕ អត្ថបទ៖ សុខមាន

ពលរដ្ឋ​ហៃ​ទី​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​បណ្ដេញ​នាយករដ្ឋមន្ត្រីចេញ​ពីតំណែង

2022/08/23 09:41:21 pm        698
​ហៃទី៖ បាតុករ​ប្រមាណ​ ២ពាន់​នាក់​នៅក្នុង​រដ្ឋធានី​ប្រទេស​ហៃ​ទី និង​ទីក្រុង​ធំៗ​ផ្សេងទៀត​បាន​បិទផ្លូវ បិទ​អាជីវកម្ម និង​ចេញ​ធ្វើបាតុកម្ម​នៅតាម​ដងផ្លូវ​កាលពី​ថ្ងៃ​ចន្ទ ​ដើម្បី​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រីលោក ​Ariel Henry ចុះ​ចេញពីតំណែង និង​អំពាវនាវ​ឱ្យមាន​ជីវភាព​រស់នៅ​ឲ្យ​កាន់តែ​ប្រសើរ​។​ ​អ្នកសារព័ត៌មាន Associated Press បាន​មើលឃើញ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាញ់សម្លាប់​បាតុករ​នៅ​ទីក្រុង​ព័រ​អូ​ប្រាំង ហើយ​បន្ទាប់មក​រត់គេចខ្លួន​តាម​រថយន្ត ខណៈ​ហ្វូងមនុស្ស​បាន​បំបែក​គ្នា​ជា​បណ្តោះអាសន្ន​។​ ​អំពើ​ហិង្សា និង​ការចាប់​ជំរិត​បាន​កើនឡើង​នៅក្នុង​ទីក្រុង​ព័រ​អូ​ប្រាំង និង​តំបន់​ក្បែរ​នោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​ក្រុម​ជន​អន្ធពាល​ដែល​កំពុង​ប្រយុទ្ធ​បានសម្លាប់​ជន​ស៊ីវិល​រាប់រយ​នាក់ ​នៅក្នុង​ការប្រយុទ្ធ​គ្នា​លើ​ទឹកដី​ទីក្រុង​នេះ​។ ពួកគេ​មាន​ឥទ្ធិពល​កាន់តែខ្លាំងចាប់តាំងពី​ការធ្វើឃាត​ប្រធានាធិបតី​លោក Jovenel Moïse កាលពី​ឆ្នាំមុន​។​ ​ភាពក្រីក្រ​ក៏​កាន់តែ​ធ្លាក់​ជ្រៅ ដោយ​អតិផរណា​បាន​ឈានដល់ ២៩% ហើយ​តម្លៃ​ទំនិញ​ជា​មូលដ្ឋាន​មួយចំនួន​ដូចជា​អង្ករ​កើនឡើង​ជាង​បួន​ដង​។ ប្រេងសាំង​នៅ​ខ្វះខាត ហើយ​បើ​អាច​រកបាន​គឺមាន​តម្លៃ ១៥ដុល្លារ​ក្នុង​មួយ​ហ្គា​ឡុង​។​នៅក្នុង​ការតវ៉ា​មួយប្រជាជន​ពាក់អាវ​យឺត​ពណ៌​ខ្មៅ ចំណែកឯ​ការតវ៉ា​មួយ​ផ្សេងទៀត​ពាក់អាវ​យឺត​ពណ៌​ក្រហម​មាន​សរសេរ​ពាក្យ​ថា ក្រោក​ឡើង​។ ការតវ៉ា​នេះ​កើតមាន​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​ក្រុមបាតុករ​ច្រើន​នាក់​បាន​អង្គុយ​តវ៉ា​នៅមុខ​លំនៅឋាន​ផ្លូវការ​របស់លោក Henry ហើយ​ទាមទារ​ឱ្យ​លោក​លាលែង​ពី​តំណែង​។ កាលពី​ថ្ងៃ​ចន្ទ នគរបាល​បាន​ប៉ះទង្គិច​ជាមួយ​បាតុករ​នៅ​តំបន់​មួយចំនួន ​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ដើម្បី​បំបែក​ក្រុមមនុស្ស ខណៈ​ការដុត​កង់រថយន្ត​ដើម្បី​បិទផ្លូវ៕អត្ថបទ៖ ប៊ុនថន

ចំនួន​អ្នកស្លាប់​ក្នុងការ​វាយប្រហារ​នៅ​អន្តេវាសិកដ្ឋាន​ទីក្រុង ​Kharkiv កើនឡើង​ដល់ ២៥​នាក់​

2022/08/23 07:09:17 pm        708
​អ៊ុយក្រែន៖ ចំនួន​អ្នកស្លាប់​នៅក្នុង​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​របស់​រុស្សី ​ទៅលើ​អន្តេវាសិកដ្ឋាន​ក្នុង​ទីក្រុង​ Kharkiv ជាទី​ក្រុង​ធំ​ទី​២ ​របស់​អ៊ុយ​ក្រែ​ន​កាលពី​សប្តាហ៍​មុន​បាន​កើន​ឡើង​ដល់ ២៥​នាក់​។ ​មនុស្ស ១៩​នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រុក Saltovsky និង ៦​នាក់​ទៀត​នៅ​ក្នុង​ស្រុក Slobodskoy រួមទាំង​កុមារ​នៅ​ក្នុង​ការវាយប្រហារ​កា​លពី​សប្តាហ៍​មុន​។ ប្រតិបត្តិការ​ជួយសង្គ្រោះ​លើ​ការបំផ្លាញ​ក្នុងស្រុក Saltovsky បាន​បញ្ចប់​កាលពី​ថ្ងៃ​ចន្ទ ​ដោយ​សាកសព​ ៨​នាក់​នៅ​មិនទាន់​កំណត់​អត្តសញ្ញាណ​បាន​នៅ​ឡើយ​។​ អ្នក​រង​របួស​ប្រមាណ ៤០​នាក់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ច្រើន​កន្លែង​ក្នុង​ទីក្រុង Kharkiv។​ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង ពលរដ្ឋ​ឈ្មោះ​ Yury Petukhov អាយុ ៣៨​ឆ្នាំ​និយាយ​ថា ​លោក​បាន​រស់​នៅ​ជាមួយ​គ្រួសារ​ នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​អស់​រយៈពេល ៨០​ថ្ងៃ មុន​ពេល​លោក​មើល​ឃើញ​ថា ​សង្កាត់​របស់​លោក​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​ត្រឡប់​ទៅវិញ​។​លោក Vyacheslav Simon ដែល​រង​របួស​នៅ​ក្នុង​ការវាយប្រហារ​នៅ​អន្តេវាសិកដ្ឋាន​បាន​និយាយ​ថា ​លោក​គិត​ថា ​អ្វីៗ​ទាំងអស់​បាក់​រលំ​នៅ​ជុំវិញ​លោក​ នៅ​ពេល​ដែល​គ្រាប់​រ៉ុក្កែត​បាន​វាយប្រហារ​។ ប្រធាន​ផ្នែក​របួស​នៅ​មន្ទីរពេទ្យ​មួយ​លោក Igor Spesivyi បាន​និយាយ​ថា មនុស្ស ២០​នាក់​ដែល​មាន​របួស​ដោយសារ​ការ​បាញ់​ផ្លោង​ ត្រូវ​បាន​បញ្ជូន​មក​កាលពី​ពេលយប់​នៃ​ការវាយប្រហារ​នៅ​ថ្ងៃ​ទី១៧ ខែ​សីហា និង​នៅ​ព្រឹក​បន្ទាប់៕អត្ថបទ៖ ប៊ុនថន

អឺរ៉ុប​ប្រឈម​នឹង​ការ​កាត់​ផ្ដាច់ការ​នាំចូល​ប្រេង និង​ឧស្ម័ន​បន្ថែម​ទៀត​ពីរុស្ស៊ី​

2022/08/23 06:26:21 pm        948
​អឺរ៉ុប៖ អឺរ៉ុប​ប្រឈម​នឹង​ការ​អាក់​ខាន​ថ្មីៗ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល ដោយសារតែ​ការ​ខូច​ប្រព័ន្ធ​បង្ហូរ​ប្រេង​ចេញពី​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កាត់​តាម​ប្រទេស​រុស្ស៊ី ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ប្រតិបត្តិ​ករ​បំពង់​បង្ហូរ​ប្រេង​កាលពី​ថ្ងៃ​ចន្ទ បន្ថែម​ពីលើ​ក្ដី​កង្វល់​ជុំវិញ​ការ​ធ្លាក់ចុះ​បរិមាណ​ផ្គត់ផ្គង់​ឧស្ម័ន​។ ​តាម​ការ​បញ្ជាក់​របាយ​ការណ៍​របស់​សារព័ត៌មាន Reuters បណ្ដាញ​កិច្ច​សហប្រតិបត្តិការ​ការពារ​អតិថិជន​ហៅ​កាត់​ថា CPC ដែល​គ្រប់គ្រង​ប្រហែល ១% នៃ​ប្រេង​ពិភពលោក ហើយ​ម្ចាស់​ភាគហ៊ុន​ធំ​ជាង​គេ​គឺ​ក្រុមហ៊ុន​បំពង់​បង្ហូរ​ប្រេង​របស់​រុស្ស៊ី Transneft បាន​និយាយ​ថា ការ​នាំ​ចេញពី​ចំណត​នាវា​ចំនួន ២ ក្នុងចំណោម​ទីតាំង​ទាំង​ ៣ របស់​ខ្លួន​នៅឯ​ស្ថានីយ​សមុទ្រ​ខ្មៅ​ត្រូវ​បាន​ផ្អាក​។ ​លោកខាងលិច​បាន​ចោទ​រុស្ស៊ី​ថា ​បាន​រឹតត្បិត​ការ​ផ្គត់ផ្គង់​ថាមពល​ដើម្បី​ដំឡើងថ្លៃ ជា​ការ​សងសឹក​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម ក្រោយ​ការ​ចូល​វាយលុក​ប្រទេស​អ៊ុយ​ក្រែ​ន​របស់​រុស្ស៊ី ដែល​វិមាន​ក្រឹម​ឡាំង​ហៅ​ថា​ជា​ប្រតិបត្តិការ​សឹក​ពិសេស​។ រុស្ស៊ី​បាន​ទាត់ចោល​ការចោទប្រកាន់​នេះ ដោយ​ស្ដីបន្ទោស​ទណ្ឌកម្ម​លោក​ខាង​លិច​ខ្លួនឯង ​និង​បញ្ហា​បច្ចេកទេស​ផ្សេងៗ​។​ការ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី​ទៅកាន់​អឺរ៉ុប​បាន​ធ្លាក់​ចុះ​ប្រមាណ​ ៧៥% នៅ​ឆ្នាំនេះ ដោយ​ការ​នាំចេញ​របស់​ក្រុមហ៊ុន Gazprom កាលពី​សប្ដាហ៍​មុន​បាន​ប្រកាស​ពី​ការ​ត្រួត​ពិនិត្យ​ដោយ​គ្មាន​គម្រោង​លើ​បំពង់​បង្ហូរ​ប្រេង Nord Stream1 ដែល​រត់​កាត់​ក្រោម​បាតសមុទ្រ​បាល់​ទិ​ក​ទៅកាន់​ប្រទេស​អាល្លឺម៉ង់។​ ​តម្លៃ​ឧស្ម័ន​ធម្មជាតិ​បាន​ហក់​ឡើង​ខ្ពស់​កាលពី​ថ្ងៃ​ចន្ទ ដែល​កង្វះ​ថាមពល​នេះ​បាន​បន្ថែម​ក្ដី​កង្វល់​មួយ​កម្រិត​ទៀត​ដល់​ប្រទេស​ន័​រ​វេស និង​ចក្រភព​អង់គ្លេស​៕អត្ថបទ៖ សុខមាន

អ៊ីរ៉ង់ស្តីបន្ទោស​សហរដ្ឋអាមេរិកដែល​ចេះតែ​ពន្យារពេល​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​

2022/08/23 05:18:15 pm        565
​​អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់​បាន​បញ្ជាក់​ថា ខ្លួន​មិនទាន់​បានទទួល​ការឆ្លើយតប​ពី​សហរដ្ឋអាមេរិក​នៅឡើយ​ទេ លើ​សំណើ​ចុងក្រោយ​បំផុត​របស់​ខ្លួន​ដើម្បី​សា្ដរ​កិច្ចខិតខំ​ប្រឹងប្រែង​នុយក្លេអ៊ែរ​ឆ្នាំ​2015 ឡើងវិញ​ ដោយ​បាន​ស្ដីបន្ទោស​លើ​ភាព​អសកម្ម​របស់​ទីក្រុងវ៉ាស៊ីនតោន។​ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Nasser Kanani បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា បញ្ហា​នៅ​ត្រង់​ថា ភាគី​សហរដ្ឋអាមេរិក​កំពុង​ពន្យារពេល​មិន​ព្រម​ឆ្លើយតប​។​ ​លោក​ថា យើង​បាន​ធ្វើ​ការ​ទាន់​ពេល​វេលា ហើយ​យើង​តែងតែ​បង្ហាញ​ថា យើង​បាន​ធ្វើ​ប្រកបដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការចរចា​នុយក្លេអ៊ែរ​នេះ។ ​កាល​ពី​មួយ​សប្ដាហ៍​មុនអ៊ីរ៉ង់​បាន​ដាក់​ជូន​ចម្លើយ​របស់​ខ្លួន ​ទៅ​ក្នុង​អត្ថបទ​ចុងក្រោយ​ចេញផ្សាយ​ដោយ​សហភាព​អឺរ៉ុប បន្ទាប់ពី​ការចរចា​ជុំ​ចុងក្រោយ​ជាមួយ​ភាគី​ពាក់​ព័ន្ធ​ដូចជា ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ទីក្រុង​វី​យ៉ែ​ន ប្រទេស​អូទ្រីស។​ចំណែក​ភាគី​សហរដ្ឋអាមេរិក​វិញ​និយាយ​ថា ខ្លួន​កំពុង​ត្រួតពិនិត្យ​អត្ថបទ​នោះ​ឡើយ​វិញ និង​កំពុង​ធ្វើ​ការ​ជាមួយ​សម្ព័ន្ធមិត្ត​។ ​កាលពី​ថ្ងៃ​ចន្ទ​ ប្រធាន​គោលនយោបាយ​ការ​បរ​ទេស​របស់​សហ​ភាព​អឺរ៉ុបលោក Josep Borrell បាន​និយាយ​ថា ការ​ឆ្លើយ​តប​របស់​អ៊ីរ៉ង់​ចំពោះ​សំណើ​សហភាព​អឺរ៉ុប​សម​ហេតុ​ផល​៕អត្ថបទ៖ សុខមាន

លោក Trump ប្ដឹង​ក្រសួងយុត្តិធម៌​ក្នុងករណី​ទីភ្នាក់ងារ FBI ចូល​ឆែកឆេរ​លំនៅឋាន​របស់​លោក​

2022/08/23 05:00:16 pm        577
​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បានស្នើ​តុលាការ​ឲ្យ​បញ្ឈប់​ការស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌​ លើ​ករណី​រឹបអូស​ឯកសារ​ចេញពី​លំនៅឋាន​របស់​លោក ​ក្នុង​ការ​ចូល​ឆែកឆេរ​របស់​ទីភ្នាក់ងារ FBI។ ​នៅ​ក្នុង​ពាក្យបណ្ដឹង ក្រុមការងារ​ច្បាប់​បាន​ស្នើ​ថា មេធាវី​ឯករាជ្យ​មួយ​រូប​នឹង​ត្រូវ​តែងតាំង​ដើម្បី​ត្រួត​ពិនិត្យ​ឯកសារ ​ដែល​ទីភ្នាក់ងារ​នេះ​បាន​យក​ចេញពី​រមណីយដ្ឋាន Mar-a-Lago ក្នុង​រដ្ឋ Florida នៅ​ខែ​នេះ​។​ ​យោង​តាម​ទីភ្នាក់ងារ FBI ឯកសារ​ដែល​ត្រូវ​បាន​ផ្អៀង​ផ្ទាត់​ចំនួន ​១១​ឈុត​ត្រូវ​បាន​យកចេញ​ពី​លំនៅឋាន​របស់​លោក Trump កាលពី​ថ្ងៃ​ទី​៨ ​ខែ​សីហា។ លោក Trump កំពុង​ត្រូវ​បាន​ស៊ើបអង្កេត​ពី​បទ​គ្រប់គ្រង​ឯកសារ​មិនបាន​ល្អ​។ ​កាលពី​ថ្ងៃ​ចន្ទ មេធាវី​របស់​លោក​បាន​ស្នើសុំ​ឲ្យ​មេធាវី​ភាគី​ទី​៣ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេធាវី​ពិសេស​មួយ​ ត្រូវ​បាន​តែងតាំង​ដើម្បី​កំណត់​ថា ​តើ​ឯកសារ​ដែល​រឹបអូស​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សិទ្ធិ​ប្រតិបត្តិ​ពិសេស ដែល​អនុញ្ញាត​ឱ្យ​ប្រធានាធិបតី​រារាំង​ការ​ទំនាក់ទំនង​មួយ​ចំនួន​ពី​ការ​ចេញ​ផ្សាយ​ជា​សាធារណៈ​ ឬ​យ៉ាងណា​។​​មេធាវី​ពិសេស ជា​ធម្មតា​ត្រូវ​បាន​តែងតាំង​ក្នុងករណី​បទឧក្រិដ្ឋ​កម្ម​នានា ជាទី​ដែល​មាន​ក្ដី​បារម្ភ​ថា​ ភស្តុតាង​មួយ​ចំនួន​អាច​ត្រូវ​បាន​ការពារ​ក្រោម​សិទ្ធិ​ពិសេស​របស់​មេធាវី​កូនក្ដី ឬ​ការ​ការពារ​ផ្សេងទៀត ដែល​អាច​ធ្វើ​ឲ្យ​វា​ក្លាយ​ជា​រឿង​មិន​អាច​ទទួល​យក​បាន​នៅ​ក្នុង​តុលាការ​។​ ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក Anthony Coley បាន​និយាយ​ថា ក្រសួងយុត្តិធម៌​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា ក្រុម​រដ្ឋអាជ្ញា​បាន​ដឹង​ពី​ពាក្យបណ្ដឹង​របស់​លោក Trump ហើយ​នឹង​ឆ្លើយតប​នៅ​ក្នុង​តុលាការ​។​ ដីកា​ឆែកឆេរ​នៅ​លំនៅឋាន Mar-a-Lago ត្រូវ​បាន​អនុញ្ញាត​ដោយ​តុលាការ​សហព័ន្ធ ក្នុង​ការ​ស្វែងរក​ឲ្យ​ឃើញ​ពី​មូលហេតុ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
08/09/2026 06:08 PM
ក្រុមការងាររកឃើញសាកសពមនុស្ស ១៩នាក់ ចេញពីគំនរបាក់បែកអគារនៅតំបន់ហ្កាហ្សា
08/09/2026 01:08 PM
លោក Vance ៖ សហរដ្ឋអាមេរិកបានបំផ្លាញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
08/09/2026 01:08 PM
ទួរគីរឹតត្បិតការធ្វើនាវាចរណ៍របស់នាវាក្នុងសមុទ្រខ្មៅ ក្រោយការវាយប្រហារកើនឡើង
08/09/2026 01:08 PM
រដ្ឋមន្រ្តីប្រេងអ៊ីរ៉ាក់និយាយថា ទីក្រុងបាកដាដពិភាក្សាការរៀបចំការនាំចេញប្រេងជាមួយអ៊ីរ៉ង់
08/09/2026 01:08 PM
ជំងឺមហារីកក្រពេញប្រូស្តាតរបស់លោកអតីតប្រធានាធបតី Joe Biden រាលដាលកាន់តែខ្លាំង
08/09/2026 12:08 PM
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ពុំអាស្រ័យលើកិច្ចចរចាជាមួយអូម៉ង់នោះឡើយ
08/09/2026 12:08 PM
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ ក្នុងខេត្តកំពង់ឆ្នាំង បាននាំគ្នាមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន
08/09/2026 12:08 PM
ចិនបិទកំពង់ផែ និងផ្អាកសេវាកម្មនាវាចម្លង មុនពេលព្យុះទីហ្វុង Dolphin បោកបក់ដល់ដីគោក
08/09/2026 12:08 PM
មនុស្ស ៩៨នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀត បាត់ខ្លួន ក្នុងទឹកជំនន់ដ៏គំហក់នៅរដ្ឋ Assam ប្រទេសឥណ្ឌា
08/09/2026 12:08 PM