សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta Plus បាន​ឆ្លង​រាលដាល​ដល់​ប្រទេស​ចំនួន ៩ លើ​ពិភពលោក

2021/06/24 07:01:02 pm        105
ឥណ្ឌា៖ ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​អង្គារ​បាន​និយាយ​ថា ​ខ្លួន​មាន​ករណី​ឆ្លង​វីរុស ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ Delta បូក ​ឬ Delta plus យ៉ាងហោចណាស់ ២២​នាក់​ដែល​រដ្ឋាភិបាល​បាន​ចាត់​ថ្នាក់​ជា​វីរុស​ផ្លូវ​ដង្ហើម​ដ៏​ធ្ងន់ធ្ងរ​កន្លងមក​។ វីរុស​ប​ម្លែ​ង​ខ្លួន​ប្រភេទ​ថ្មី​ចុងក្រោយ​នេះ​ ដែល​វិវឌ្ឍន៍​ចេញ​ពី​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ត្រូវ​បាន​ចុះបញ្ជី​ជា​វីរុស​ផ្លូវ​ដង្ហើម​ដ៏​ធ្ងន់ធ្ងរ​បំផុត​ របស់​អង្គការ​សុខភាព​ពិភពលោក​។​​ទោះបីជា​ប្រទេស​នានា​ប្រញាប់ប្រញាល់​ ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​ដល់​ប្រជាជន​យ៉ាង​ច្រើន ខណៈ​ដែល​ពួកគេ​ប្រណាំង​ប្រឆាំង​នឹង​វីរុស​កូ​រ៉ូ​ណាក៏ដោយ ក៏​ជំងឺ ​COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​គេ​ដាក់​ឈ្មោះ​ថា Delta plus បាន​ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​របស់​ពិភពលោក​ដែរ​។ ទោះបីជា​ប្រទេស​នានានៅតែ​រក្សា​ជំហរ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ការ​ចម្លង​យ៉ាង​ឆាប់រហ័ស​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី វីរុស​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា យ៉ាងហោចណាស់​ក៏​មាន​ប្រទេស​ចំនួន ៩ ដែរ​បាន​ចាប់ផ្ដើម​រាយការណ៍​អំពី​ករណី​ឆ្លង​ជំងឺ ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Delta plus នេះ​។​ ប្រទេស​ទាំងនោះ​រួមមាន​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ព័រទុយហ្កាល់ ស្វី​ស ជប៉ុន ប៉ូឡូញ នេ​ប៉ាល់ ចិន និង​រុស្ស៊ី​។​ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ករណី​ឆ្លង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ប្រភេទ Delta Plus ប្រហែលជា ៤០នាក់​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​វីរុស​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​បំផុត ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កន្លង​មក​។ វីរុស Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី Delta Plus ត្រូវ​បាន​គេ​រាយការណ៍​នៅ​រដ្ឋ​ចំនួន​៣ គឺ Maharashtra រដ្ឋ Kerala និង​រដ្ឋ Madhya Pradesh៕អត្ថបទ៖ សុខមាន

អតីត​ប្រធានាធិបតី​ហ្វីលីពីន ​លោក Benigno Aquino III ទទួលមរណភាព​ក្នុង​វ័យ ​៦១​ឆ្នាំ

2021/06/24 06:43:18 pm        39
ហ្វីលីពីន​៖ អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Benigno Simeon ឬ Noynoy Aquino III ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជា​មនុស្ស​ដែល​ហៅ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ថា ​ជា​ចៅហ្វាយនាយ​របស់​លោក នៅ​ពេល​លោក​ឡើង​កាន់​តំណែង​នោះ បាន​ទទួល​មរណភាព​ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ នេះ​បើ​យោង​តាម​សមាជិក​ក្រុម​គ្រួសារ​របស់​លោក ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ក្នុង​សេចក្ដីប្រកាស​ជា​ផ្លូវការ​មួយ​។លោក Aquino ដែល​បាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ចាប់ពី​ឆ្នាំ​២០១០ ដល់ ២០១៦ បាន​បាត់​វត្តមាន​ពី​ភ្នែក​មហាជន ចាប់​តាំង​ពី​ការ​បញ្ចប់​អាណត្តិ​របស់​លោក​មក ទោះបីជា​រង​ការ​រិះ​គន់​ពី​អ្នក​ស្នង​តំណែង​របស់​លោក​ម្ដង​ហើយ​ម្ដងទៀត​ក៏ដោយ​។ អតីត​ប្រធានាធិបតីដែល​ត្រូវ​គេ​ស្គាល់​ថា​ ជា​អ្នក​ពិសា​បារី​ច្រើន​បំផុត ត្រូវ​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍។ ក្រុម​គ្រួសារ​របស់​លោក​មិនបាន​ប្រកាស​ពី​ព័ត៌មាន​លម្អិត​ទេ​៕អត្ថបទ៖ សុខមាន

មន្ត្រី​អាមេរិក​៖ ពុំ​មាន​គម្រោង​ជួប​គ្នា​រវាង​លោក Blinken និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​នៅ​ជំនួប​កំពូល ​G20 ទេ​

2021/06/24 06:30:41 pm        117
​អាមេរិក៖ មន្ត្រី​ក្រសួងការបរទេស​អាមេរិក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ​ពុំ​មាន​កិច្ចប្រជុំ​ណា​មួយ​ត្រូវ​បាន​គ្រោងទុក​រវាង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក ​លោក Antony Blinken និង​រដ្ឋមន្ត្រីការបរទេស​ចិន​ លោក Wang Yi នៅ​ជំនួប​កំពូល​ G20 ក្នុង​ប្រទេស​អ៊ីតាលី​នៅ​សប្ដាហ៍​ក្រោយ​ទេ បន្ទាប់ពី​កាសែត Financial Times បាន​រាយការណ៍​ថា ​ទីក្រុង​ប៉េកាំង ​និង​ទីក្រុង​វ៉ាស៊ីនតោន​កំពុង​ពិភាក្សា​គ្នា​ពី​ជំនួប​នោះ​។​​កាសែត​នេះ​បាន​ដកស្រង់​សំដី​របស់​បុគ្គល ​ដែល​បាន​បង្ហើប​អំពី​កិច្ចពិភាក្សា​នេះ​ដោយ​និយាយ​ថា ​រដ្ឋបាល​របស់​ប្រធានាធិបតី​អាមេរិក ​លោក Joe Biden ក៏បាន​ជូនដំណឹង​ដល់​សម​ភាគី​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​ខ្លួន​ចង់​ឲ្យ​លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​ចិន​នៅ​រដូវ​ក្តៅ​នេះ​។​ សារព័ត៌មាន​អង់គ្លេស​បាន​រាយការណ៍​ថា ​សេត​វិមាន​ក៏បាន​រៀបចំ​កិច្ចពិភាក្សា​ផ្ទៃក្នុង​បឋម​អំពី​ការ​បញ្ជូន ​លោក Blinken ឬលោក Jake Sullivan ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ទៅកាន់​ប្រទេស​ចិន​នៅ​ចុង​ឆ្នាំ​នេះ​ ដែល​អាច​ជា​ការ​បើក​ឆាក​សម្រាប់​ លោក Biden និង​មេដឹកនាំ​ចិន ​លោក Xi Jinping ក្នុង​ការរៀបចំ​កិច្ចប្រជុំ​កំពូល​ទ្វេភាគី ​នៅ​ជំនួប​កំពូល​ក្រុម​ប្រទេស​មាន​ឧស្សាហកម្ម​លូតលាស់​ទាំង​២០ ឬ G20 នៅ​ទីក្រុង​រ៉ូម​​ក្នុង​ខែ​តុលា​។ ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​លោក Zhao Lijian ត្រូវ​បាន​គេ​សួរ​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃមួយ​ អំពី​របាយការណ៍​របស់​កាសែត Financial Times ទាក់ទង​នឹង​ការ​ជួប​គ្នា​រវាង​លោក Blinken និង​មន្ត្រី​ចិន​នៅ​ឯ​រដ្ឋមន្ត្រី​នៅ​ជំនួប G20 ហើយ​បាន​ឆ្លើយតប​ថា ខ្ញុំ​គ្មាន​ព័ត៌មាន​ផ្តល់​ជូន​អ្នក​ទេ​នៅ​ពេល​នេះ​៕អត្ថបទ៖ សុខមាន

រុស្ស៊ី​កត់ត្រា​ករណី​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដោយសារ​ជំងឺ COVID-19 ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក​

2021/06/23 06:01:45 pm        144
​រុស្ស៊ី៖ ប្រទេស​រុស្ស៊ី​បាន​កត់ត្រា​ករណី​ស្លាប់​ខ្ពស់​បំផុត​ដោយសារ​ជំងឺ COVID-19 ក្នុង​រយៈពេល​ ១​ថ្ងៃ​ចាប់​តាំង​ពី​ដើម​ខែ​កុម្ភៈ​មក ខណៈ​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Delta ហក់​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​នេះ​។​​យោង​តាម​អង្គភាព​ទទួលបន្ទុក​គ្រាអាសន្ន​ វីរុស​កូ​រ៉ូ​ណា​របស់​ប្រទេស​នេះ​ឲ្យ​ដឹង​ថា មនុស្ស​ស្លាប់​ចំនួន ៥៤៦​នាក់​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃ​អង្គារ ដែល​នាំ​ឲ្យ​ចំនួន​មនុស្ស​ស្លាប់​ផ្លូវការ​ដោយ​សារ​វីរុស​កូ​រ៉ូ​ណា​កើន​ឡើង​ដល់ ១៣០​,៣៤៧​នាក់ ជា​ចំនួន​ខ្ពស់​បំផុត​លំដាប់​ទី​៦ ​នៅ​លើ​ពិភពលោក​។ ​ចំនួន​ករណី​ឆ្លង​ថ្មី ១៦​,៧១៥​នាក់​ត្រូវ​បាន​កត់ត្រា​កាលពី​ថ្ងៃ​អង្គារ ជា​តួលេខ​ទ្វេដង​ខ្ពស់​ដូចជា​កាលពី​ខែ​មុន​ដែរ​។ ​ប្រទេស​រុស្ស៊ី​បាន​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ផលិត​ក្នុងស្រុក​ចំនួន ​៤​ក្រុមហ៊ុន ប៉ុន្តែ​នៅ​ត្រឹម​ថ្ងៃ​ទី​២ ​ខែ​មិថុនា​មាន​មនុស្ស​ត្រឹមតែ​ ១៨​លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប ​១៤៤​លាន​នាក់​ដែល​ទទួល​បាន​វ៉ាក់សាំង​យ៉ាង​ហោច​ណាស់ ​១​ដូ​ស​។ យោង​តាម​គេហទំព័រ Worldometers គិត​ត្រឹម​ព្រឹក​ថ្ងៃ​ពុធ​នេះ​មាន​ករណី​ឆ្លង​ចំនួន ៥,៣៥០,​៩​១៩​នាក់ និង​ស្លាប់ចំនួន ១៣០​,៣៤៧​នាក់​៕អត្ថបទ៖ សុខមាន

WHO៖ វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ចាប់ផ្ដើម​អស់​បណ្ដើរៗ​នៅ​ប្រទេស​ក្រីក្រ​មួយ​ចំនួន​

2021/06/22 06:36:21 pm        147
WHO៖ ​អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​ប្រទេស​ក្រីក្រ​មួយ​ចំនួន​ធំ​ដែល​បាន​ទទួល​វ៉ាក់សាំង Covid-19 តាមរយៈ​កម្ម​វិធី​ចែក​រំលែក​សកល​ មាន​មិន​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​កម្មវិធី​ចាក់​ជូន​ពលរដ្ឋ​ខ្លួន​ទេ​។​​ទីប្រឹក្សា​ជាន់ខ្ពស់​របស់​អង្គការ​សុខភាព​ពិភពលោក គឺ​លោក​វេជ្ជបណ្ឌិត Bruce Aylward បាន​និយាយ​ថា​ កម្មវិធី Covax បាន​ចែកចាយ​ចំនួន ៩០​លាន​ដូ​ស​ទៅកាន់ ១៣១​ប្រទេស​។​ ប៉ុន្តែ​លោក​បាន​និយាយ​ថា ​ចំនួន​នេះ​មិន​គ្រប់គ្រាន់​ដើម្បី​ការពារ​ប្រជាជន​ពី​វីរុស​ ដែល​នៅតែ​បន្ត​រីក​រាលដាល​ពាស​ពេញ​ពិភពលោក​នោះ​ទេ​។​ ការ​ខ្វះខាត​កើតឡើង ​ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន​នៅ​ទ្វីប​អាហ្វ្រិក​បាន​មើល​ឃើញ​រលក​ឆ្លង​ទី​បី​។​ ​កាលពី​ថ្ងៃ​ចន្ទ ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ លោក Cyril Ramaphosa បាន​អំពាវនាវ​ឲ្យ​ប្រទេស​អ្នក​មានបញ្ឈប់​ការ​ចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ ខណៈ​រដ្ឋាភិបាល​របស់​លោក​បាន​រឹតត្បិត​ទប់ស្កាត់​ករណី​ឆ្លង ​ដែល​កំពុង​កើន​ឡើង​ខ្លាំង​។​​លោក Ramaphosa បាន​និយាយ​ថា ​ក្នុង​កម្រិត​ទ្វីប​មួយ​មានតែ​វ៉ាក់សាំង​ចំនួន ៤០​លាន​ដូ​ស​ប៉ុណ្ណោះដែល​ត្រូវ​បាន​ប្រើ​ក្នុង​ទ្វីប​អាហ្វ្រិក ដែល​មាន​ចំនួន​តិច​ជាង ២% នៃ​ចំនួន​ប្រជាជន​។​ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​លោក​បាន​និយាយ​ថា ​រដ្ឋាភិបាល​របស់​លោក​កំពុង​ធ្វើ​ការ​ជាមួយ​គម្រោង Covax ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ប្រចាំ​តំបន់​មួយ​ ក្នុង​ការផលិត​វ៉ាក់សាំង​បន្ថែម​ទៀត​នៅ​អាហ្វ្រិក​ខាងត្បូង​។​ ​គម្រោង​ចែកចាយ​សកល​ Covax ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំមុន​ដើម្បី​ធានា​ថា ​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ត្រូវ​បាន​ទទួល​នៅ​ទូទាំង​ពិភពលោក ដោយមាន​បណ្ដា​ប្រទេស​អ្នកមាន​ឧបត្ថម្ភ​ធន​បម្រុង ​សម្រាប់​ប្រទេស​ក្រីក្រ​នានា​៕អត្ថបទ៖ សុខមាន

ចិន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ជូន​ប្រជា​ពលរដ្ឋ​បាន​ជាង ​១​ពាន់​លាន​ដូ​ស​

2021/06/21 07:54:02 pm        100
ចិន៖ ប្រទេស​ចិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ Covid-19 ជូន​ពលរដ្ឋ​របស់​ខ្លួន​បាន​ជាង ​១​ពាន់​លាន​ដូ​ស​ជា​ចំនួន​ខ្ពស់​បំផុត ខណៈ​ប្រទេស​នេះ​បង្កើន​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​កាន់តែ​ច្រើនជាង​មុន​។​គណៈកម្មការ​សុខភាព​ជាតិ​របស់​ចិន ​(NHC) បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា វ៉ាក់សាំង​ចំនួន ​1,010,489,000​ដូ​ស​ត្រូវ​បាន​ផ្ដល់​ឲ្យ​ប្រជាពលរដ្ឋ​គិត​ត្រឹម​ថ្ងៃ​សៅរ៍។​ ដូ​ស​​វ៉ាក់​សាំង​ទាំងនោះ​ស្មើ​ជិត​ចំនួន ​40% នៃ​វ៉ាក់សាំង​សរុប​ជាង 2.5​ពាន់​លាន​ដូ​ស​ដែល​បាន​ចាក់​នៅ​ទូទាំង​ពិភពលោក​។ ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ីន​ហួ គណៈកម្មការ​ខាងលើ​បាន​និយាយ​ថា វ៉ាក់សាំង​ជាង ​១០០​លាន​ដូ​សត្រូវ​បាន​ចាក់​ក្នុង​រយៈពេល ​៥​ថ្ងៃរួម​ទាំង​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន​។​ ​យោង​តាម​គណៈកម្មការ​សុខភាព​ជាតិ​ចិន​ឲ្យ​ដឹង​ថា ​ប្រទេស​ចិន​បាន​ឈាន​ដល់​ ១​លាន​ដូ​ស​លើកដំបូង​កាលពី​ថ្ងៃ​ទី​២៧ ​ខែមីនា ២​សប្ដាហ៍​បន្ទាប់ពី​សហរដ្ឋ​អាមេរិក។​ប៉ុន្តែ​ចំនួន​នេះ​បាន​កើន​ឡើង​ខ្ពស់​កាលពី​ខែ​ឧសភា ដោយមាន​វ៉ាក់សាំង​ជាង ​៥០០​លាន​ដូ​ស​ត្រូវ​បាន​ចាក់​ជូន​ដល់​ប្រជា​ពលរដ្ឋ​កាលពី​ខែ​កន្លងទៅ​។ ​សារព័ត៌មាន​ស៊ីន​ហួ​បាន​រាយការណ៍​ថា ​ប្រទេស​ចិន​បាន​ប្រើ​ពេល ​២៥​ថ្ងៃ​ទើប​សម្រេច​បាន​ពី​ចំនួន ​១០០​លាន​ដូ​សដល់​ ២០០​លាន​ដូ​ស​ ដោយ​ក្នុង​រយៈពេល ​១៦​ថ្ងៃបាន​កើន​ឡើង​ដល់​ចំនួន​ពី ​២០០​លាន​ទៅ ​៣០០​លាន​ដូ​ស និង​រយៈពេល ​៦​ថ្ងៃ​ពី​ ៨០០ ទៅ ​៩០០​ដូ​ស​៕ អត្ថបទ៖ សុខមាន

អ្នក​ស្លាប់​ដោយសារ COVID-19 នៅ​ប្រេ​ស៊ី​ល​កើន​ឡើង​ដល់​ជាង​ ៥០​ម៉ឺន​នាក់ ខណៈ​អ្នក​ជំនាញ​ព្រមាន​ពី​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​

2021/06/21 06:50:50 pm        70
​ប្រេស៊ីល៖ ចំនួន​អ្នក​ស្លាប់​ទាក់ទង​នឹង​ជំងឺ Covid-19 បាន​កើន​ឡើង​ជាង ​៥០​ម៉ឺន​នាក់​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ជា​ប្រទេស​មាន​អ្នក​ស្លាប់​ខ្ពស់​ជាងគេ​បំផុត​ទី​២ ​នៅ​ក្នុង​ពិភពលោក​ ខណៈ​ដែល​ក្រុម​អ្នក​ជំនាញ​និយាយ​ថា ការ​ផ្ទុះ​រាលដាល​នេះ​អាច​កាន់តែ​ធ្ងន់ធ្ងរ​ថែមទៀត​នៅ​ពេល​ខាង​មុខ ខណៈ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​យឺតយ៉ាវ និង​ការ​ចាប់ផ្ដើម​នៃ​រដូវរងា​។​​វីរុស​នៅតែ​បន្ត​រីក​រាលដាល ​ខណៈ​ដែល​លោក​ប្រធានាធិបតី Jair Bolsonaro ច្រានចោល​វិធាន​ការ​នានា​ដូចជា​គម្លាត​សុវត្ថិភាព​ជាដើម​។​ ​វិទ្យាសាស្ត្រ​សុខាភិបាល Fiocruz ​បាន​និយាយ​ថា ​ស្ថានភាព​ធ្ងន់ធ្ងរ​ណាស់។ ​មាន​យុវជន​តែ ​១១%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​វ៉ាក់សាំង​គ្រប់​ដូ​ស​។​ ​ប្រជាជន​ប្រេ​ស៊ី​ល​រាប់​ម៉ឺន​នាក់​ បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​កាលពី​ថ្ងៃ​សៅរ៍​។​ ​លោក​ប្រធានាធិបតី Bolsonaro បាន​រង​ការរិះគន់​យ៉ាង​ខ្លាំង ​ចំពោះ​ការ​មិន​អនុវត្ត​ការ​ឆ្លើយ​តប​ថ្នាក់​ជាតិ​ដែល​មាន​ការ​សម្រប​សម្រួល​ និង​ការសង្ស័យ​របស់​លោក​ចំពោះ​វ៉ាក់សាំង​ ការ​បិទ​ប្រទេស និង​ការ​ត្រូវ​ឲ្យ​ពាក់​ម៉ាស់​មុខ​ដែល​លោក​បាន​ព្យាយាម​បន្ធូរបន្ថយ​។​​ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​មធ្យម​ជាង ៧ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ ២ពាន់​​នាក់​ក្នុង​សប្ដាហ៍​កន្លងទៅ​។ វិទ្យាសាស្ត្រ​ Fiocruz បាន​និយាយ​ថា ​ការ​ឆ្លង ​និង​ការ​ស្លាប់​ថ្មីៗភាគច្រើន​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​មាន​អាយុ​ពី ២០​ដល់​ ៥៩​ឆ្នាំ​ ដោយ​ព្រមាន​ថា ​ការ​ចាប់ផ្ដើម​រដូវរងា​​នៅ​អឌ្ឍគោល​ខាងត្បូង​នៅ​សប្ដាហ៍​ក្រោយ​ អាច​បណ្ដាល​ឱ្យ​មាន​ការ​ឆ្លង​កាន់​តែ​ច្រើន​៕អត្ថបទ៖ សុខមាន

មនុស្ស​ ១២​នាក់​ស្លាប់រួម​ទាំង​កុមារ ១០​នាក់​នៅ​រដ្ឋ​ Alabama​ ដោយសារតែ​ព្យុះ​ត្រូ​ពិ​ក​សម្ពាធ​ទាប Claudette

2021/06/21 04:59:32 pm        217
​អាមេរិក៖ ព្យុះ​ត្រូ​ពិ​ក​សម្ពាធ​ទាប Claudette បាន​ឆក់​យក​ជីវិត​មនុស្ស ១២​នាក់​នៅ​រដ្ឋ​ Alabama ខណៈ​ព្យុះ​បាន​បោកបក់​ពាសពេញ​ភាគ​អាគ្នេយ៍​សហរដ្ឋអាមេរិក ​បណ្ដាល​ឱ្យ​មាន​ទឹកជំនន់​ភ្លាមៗ និង​ព្យុះ​កួច​ដែល​បំផ្លាញ​ផ្ទះសម្បែង​រាប់​សិប​ខ្នង​។ នៅ​មាន​មនុស្ស​មួយ​ចំនួន​ទៀត​ក៏​ត្រូវ​បាន​រង​របួស​ដែរ។​​យោង​តាម​អាជ្ញាធរ​ការិយាល័យ​ Butler County Coroner លោក Wayne Garlock បាន​អោយ​ដឹង​ថា ​មនុស្ស ១០​នាក់​ក្នុង​នោះ​មាន​កុមារ ៩​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ទី១៩ ខែមិថុនា​ នៅ​ក្នុង​គ្រោះ​ថ្នាក់​រថយន្ត​បុក​គ្នា​ជាច្រើន​គ្រឿង​ នៅ​ចម្ងាយ​ប្រហែល ៥៥​គីឡូ​ម៉ែត្រ​ខាងត្បូង​ទីក្រុង Montgomery នៅ​លើ​ផ្លូវ​ឆ្លងកាត់​រដ្ឋ​លេខ ៦៥។ លោក​បាន​និយាយ​ថា ​យានជំនិះ​ទាំង​នេះ​ទំនងជា​រថយន្ត​កែ​ច្នៃរ​រត់​លើ​ផ្លូវ​សើម ដែល​មាន​កុមារ​ជិះ​ចំនួន ៨​នាក់​មាន​អាយុ​ចាប់ពី ៤ ទៅ ១៧​ឆ្នាំ​បាន​ស្លាប់​នៅ​ក្នុង​រថយន្ត​មួយ​ ដែល​ជា​កម្មសិទ្ធិ​របស់​យុវជន​ម្នាក់ដែល​ប្រតិបត្តិការ​ដោយ​ក្លឹប​អា​ឡា​បា​ម៉ា ដោយសារតែ​បណ្ដោយ​ឲ្យ​ក្មេង​ជិះ។​​លោក Garlock បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​ក្នុងស្រុក​ថា ​មនុស្ស ២​នាក់​បាន​ស្លាប់​នៅ​ក្នុង​យានយន្ត​ដាច់​ដោយឡែក​ពី​គ្នា​គឺ​លោក Cody Fox អាយុ ២៩​ឆ្នាំ​ និង​កូនស្រី​អាយុ ៩​ខែ​របស់​លោក​ឈ្មោះ Ariana អ្នក​ទាំងពីរ​រស់​នៅ​ក្នុង​តំបន់ Marion County រដ្ឋ Tennessee៕អត្ថបទ៖ សុខមាន

មេរោគ​ COVID-19 បំប្លែង​ថ្មី Delta ក្លាយ​ជា​បញ្ហា​ធំ​ជាស​កល​

2021/06/19 07:33:20 pm        136
WHO៖ ប្រធាន​អ្នកវិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា មេរោគ​បំប្លែង​ថ្មី​ Delta ​នៃ​មេរោគ​កូ​រ៉ូ​ណា ដែល​ត្រូវ​បាន​កំណត់​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ក្លាយ​ជា​មេរោគ​បំប្លែង​ថ្មី​មាន​ការ​ព្រួយបារម្ភ​ខ្លាំង​ជាស​កល​។​​ចក្រភព​អង់គ្លេស​បាន​រាយការណ៍​ ការ​កើន​ឡើង​ការ​ឆ្លង​មេរោគ​បំប្លែង​ថ្មី​ Delta ខណៈ​មន្ត្រី​សុខាភិបាល​សាធារណៈ​កំពូល​របស់​អាល្លឺម៉ង់​បាន​ព្យាករណ៍​ថា​ វា​នឹង​ក្លាយ​ជា​មេរោគ​បំប្លែង​ថ្មី​លើស​លប់​លឿន​បំផុត ទោះបី​មានការ​កើន​ឡើង​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​ក៏ដោយ​។ វិមាន​ក្រឹម​ឡាំង​បាន​ដាក់​កំហុស​នៃការ​កើន​ឡើង​ករ​ណី​វីរុស ​Covid-19 ​លើ​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​ឲ្យ​មាន​វ៉ាក់សាំង បន្ទាប់​ពី​កំណត់ត្រា​ឆ្លង​ថ្មី​ក្នុង​ទីក្រុង​មូស្គូ​ភាគច្រើន​ឆ្លង​វីរុស​បំប្លែង​ថ្មី​ Delta ដែល​បង្កើន​ការ​ព្រួយ​បារម្ភ​ចំពោះ​រលក​ទី​៣​។មេរោគ​បំប្លែង​ថ្មី​ត្រូវ​បាន​លើកឡើង​មក​និយាយ​ដោយ​ក្រុមហ៊ុន CureVac ខណៈ​ក្រុម​ហ៊ុន​អាល្លឺម៉ង់​មួយ​នេះ​បាន​រាយការណ៍​ថា ​វ៉ាក់សាំង​របស់​ខ្លួន​បង្ហា​ញ​ប្រសិទ្ធភាព​ ៤៧% ក្នុង​ការ​ការពារ​វីរុស​បំប្លែង​នេះ​។ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ​ប្រទេស​អាហ្វ្រិក​នៅតែ​ជា​តំបន់​មួយ​នៃ​ក្តី​បារម្ភ ខណៈ​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​មាន​ចំនួន​តិច​បំផុត ដូចជា​ករណី​ថ្មីៗ​នៅ​ប្រទេស​ណាំ​មី​ប៊ី សេ​រ៉ា​លី​អូន និងរ​វ៉ាន់ដា ដែល​បាន​កើន​ឡើង​ការ​ឆ្លង​ទ្វេដង​កាល​ពី​សប្ដាហ៍​មុន​៕អត្ថបទ៖ ប៊ុនថន

អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឲ្យ​មានការ​ហាមឃាត់​អាវុធ​ប្រឆាំង​យោធា​មី​យ៉ាន់​ម៉ា​

2021/06/19 07:26:30 pm        124
UN៖ មហាសន្និបាត​អង្គការសហប្រជាជាតិ បាន​អនុម័ត​ដំណោះស្រាយ​ការ​ថ្កោលទោស​របប​យោធា​មី​យ៉ាន់​ម៉ា ដែល​បាន​ផ្ដួល​រំលំរដ្ឋាភិបាល​ជាប់ឆ្នោត​របស់​ប្រទេស​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។ ទន្ទឹម​ម​នឹង​នេះ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ជាប់ឃុំ​នយោ​បាយ រួម​ទាំង​មេដឹកនាំ​ជាប់ឆ្នោត​លោកស្រី ​អ៊ុង សាន​ស៊ូ​ជី ព្រមទាំង​បញ្ចប់​អំពើ​ហិង្សា​លើអ្នក​តវ៉ា​ដោយ​សន្តិវិធី​។​បេសកជន​ពិសេស​អង្គការសហប្រជាជាតិ​ ប្រចាំ​សហភាព​មី​យ៉ាន់​ម៉ា​ លោកស្រី Christine Schraner Burgener និយាយ​ទៅកាន់​មហាសន្និបាត​ថា ហានិភ័យ​នៃ​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​មាន​ពិតប្រាកដ ខណៈ​ឱកាសក្នុង​ការ​វិល​ត្រឡប់​របប​យោធា ​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​គឺ​មាន​តិច​។ ​ការ​អំពាវនាវ​របស់​អង្គការសហប្រជាជាតិ ​ត្រូវ​បាន​គាំទ្រ​ដោយ​បណ្ដា​ប្រទេស​ចំនួន​ ១១៩ ហើយ​មានតែ​ប្រទេស​បេឡា​រុស​មួយ​គត់​ដែល​បោះឆ្នោត​ប្រឆាំង ខណៈ ៣៦​ប្រទេស​ផ្សេងទៀត​អនុបវាទ​រួមមាន​ទាំង​ប្រទេស​រុស្សី និង​ប្រទេស​ចិន ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​ដ៏​ធំ​របស់​យោធា​មី​យ៉ាន់​ម៉ា​។ ​បណ្ដា​ប្រទេស​អនុបវាទ​និយាយ​ថា វិបត្តិ​គឺជា​បញ្ហា​ផ្ទៃក្នុង​របស់​សហភាព​មី​យ៉ាន់​ម៉ា ខណៈ​បណ្ដា​ប្រទេស​ដ៏​ទៃទៀត​និយាយ​ថា ដំណោះស្រាយ​មិនបាន​ដោះ​ស្រាយ​ការ​បង្ក្រាប​ដ៏​ឃោរ​ឃៅ​របស់​យោធា ​លើ​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រយៈពេល ៤​ឆ្នាំ​មកនេះ ដែល​បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់​លាន​នាក់​រត់​ភៀសខ្លួន​ចេញពី​ប្រទេស​។ ឯកអគ្គរដ្ឋទូត​អង្គការ​សហប្រជាជាតិ​របស់​សហភាព​មី​យ៉ាន់​ម៉ា ​ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល​ស៊ីវិល​ជាប់ឆ្នោត​​និយាយ​ថា លោក​ខកចិត្ត​​រយៈពេល យូរ​អង្វែង​ សម្រាប់​មហាសន្និបាត​អង្គការសហប្រជាជាតិ ​ដើម្បី​អនុម័ត​ដំណោះស្រាយ៕​អត្ថបទ៖ ប៊ុនថន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM