សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

ក្រុម​អ្នក​ជំនាញ​៖ ​វីរុស ​COVID-19​ ប​ម្លែ​ង​ខ្លួន​ថ្មី B1617 កំពុង​ឆ្លង​រាលដាល​ពាសពេញ​ពិភព​លោក​

2021/05/31 07:03:09 pm        132
​​ពិភព​លោក៖ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ក្នុង​ការ​វាយតម្លៃ​ចុងក្រោយ​បំផុត ​នៃ​ស្ថានភាព​របស់​វីរុស​ថា ជំងឺ​ COVID-19 ប​ម្លែ​ង​ខ្លួន​ថ្មីប្រភេទ B1617 កំពុង​ក្លាយ​ជា​វីរុស​ឆ្លង​រាលដាល​កាន់​តែ​ខ្លាំង​ពាស​ពេញ​ពិភពលោក និង​អាច​ធ្វើ​ឲ្យ​ជំងឺ​រាតត្បាត​សកល​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ ជាពិសេស​នៅ​ក្នុង​បណ្ដា​ប្រទេស​ ដែល​មាន​អត្រា​ការ​ចាក់​វ៉ាក់សាំង​កម្រិត​ទាប។​​ក្រុម​អ្នក​ជំនាញ​បាន​បន្ថែម​ថា ​នេះ​មិន​មែន​ជា​លើក​ចុង​ទេ​ដែល​វីរុស​នេះ​ប​ម្លែ​ង​ខ្លួន​។​ លោក​សាស្ត្រាចារ្យ Teo Yik Ying ដែល​ជា​ព្រឹទ្ធបុរស​សាលា​សុខភាព​សាធារណៈ​ Saw Swee Hock នៃ​សាកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS)​ បាន​ប្រាប់​សារព័ត៌មាន Straits Times កាលពី​ថ្ងៃ​សៅរ៍​ថា អ្វី​ដែល​កំពុង​បង្ក​ភាព​ភ័យ​ខ្លាច​គឺ​ល្បឿន​ នៃ​ការ​ឆ្លង​របស់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នេះ​អាច​ឆ្លង​រាលដាល ​និង​រាតត្បាត​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​សហគមន៍ ដែល​ជា​រឿយៗ​វា​មាន​សមត្ថភាព​ឆ្លង​ហួស​ពី​សមត្ថភាព​របស់​អង្គភាព​ទំនាក់ទំនង - តាមដាន​ និង​កាត់ផ្ដាច់​ការ​ប្រាស្រ័យ​ទាក់​ទំ​ង​ ដែល​បាន​ប៉ះពាល់​ដើម្បី​បញ្ឈប់​ការ​ឆ្លង​ជា​ប្រព័ន្ធ​។​​វីរុស​ប​ម្លែ​ង​ខ្លួន​ដែល​បាន​ឆ្លង​រាលដាល​ដំបូង​ នៅ​ក្នុង​ប្រទេស​ឥណ្ឌា​កាលពី​ខែ​តុលា ឆ្នាំ​២០២០ ពេល​នេះ​ត្រូវ​បាន​រក​ឃើញ​នៅ​គ្រប់​ទីកន្លែង​ពាសពេញ​ពិភពលោក​។ ប្រធាន​ផ្នែក​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក លោកស្រី Soumya Swaminathan បាន​និយាយ​ថា ​វីរុស​ប​ម្លែ​ង​ខ្លួន B1617 មាន​សមត្ថភាព​ចម្លង​ចាប់ពី ​១,៥ ដល់​ ២​ដង​ខ្លាំង​ជាង​វីរុស​ដែល​បាន​ផ្ទុះ​ដំបូង ​នៅ​ក្នុង​ទីក្រុង​អ៊ូ​ហាន​កាលពី​ ​១៨​ខែ​មុន​៕អត្ថបទ៖ សុខមាន

នគរបាល​អាមេរិក៖ ​មនុស្ស​ ២​នាក់​ស្លាប់ និង ​២២​នាក់​របួស​ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​ក្លឹប​កម្សាន្ត​មួយ​ក្នុងរដ្ឋ Florida

2021/05/31 10:47:21 am        137
​អាមេរិក៖ ស្នងការ​នគរបាល​ទីក្រុង Miami លោក Alfredo Ramirez III ​បាន​និយាយ​ថា នគរបាល​កំពុង​ស្នើ​ដល់​សាធារណជន ​ជួយ​ស្វែងរក​ជន​ដែល​បាន​បាញ់​ប្រហារ​នៅ​ក្លឹប​កម្សាន្ត​ក្នុង​រដ្ឋ Florida សហរដ្ឋ​អាមេរិក​កាលពី​ព្រឹក​ថ្ងៃអាទិត្យ ​ដោយ​បាន​សម្លាប់​មនុស្ស​ ២​នាក់ និង​យ៉ាង​ហោច​ណាស់​ ២២​នាក់​រង​របួស។​លោក Ramirez បាន​និយាយ​ថា មិនយូរប៉ុន្មាន​បន្ទាប់​ពី​យប់​រំលង​អធ្រាត្រ មាន​រថយន្ត​ពណ៌​ស​ម៉ាកឈ្មោះ Nissan Pathfinder ត្រូវ​បាន​បើក​សំដៅ​ទៅ​កាន់​សាល​ពិធីជប់លៀង El Mula Banquet Hall ​ជិត​ឧទ្យាន​ Hialeah និង​មនុស្ស ​៣​នាក់​បាន​ចេញពី​រថយន្ត​ប្រដាប់​ដោយ​អាវុធ​វែង ខ្លី ហើយក៏​ចាប់ផ្ដើម​បាញ់រះ​ទាំង​កម្រោល​ទៅលើ​ហ្វូង​មនុស្ស​តែម្ដង​។ លោក​ថា​ ហេតុការ​ណ៍​បាញ់​បោះ​សេរី​នេះបណ្ដាល​ឲ្យ​ជនរងគ្រោះ​ចន្លោះ​ពី​ ២០នាក់​ទៅ ​២៥​នាក់​រង​របួស​ដោយ​សារ​គ្រាប់កាំភ្លើង និង ​២​នាក់​ទៀត​ស្លាប់​នៅ​នឹង​កន្លែង​៕អត្ថបទ៖ សុខមាន

កម្ពុជា​រក​ឃើញ​មនុស្ស​៥៨៨​​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​​ជំងឺ​៧​នាក់​ទៀត​បាន​ស្លាប់

2021/05/29 06:47:56 pm        390
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា មនុស្ស​ ៥៨៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៤១៥នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៥៦៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ ២០​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​បាន​រក​ឃើញ​មនុស្ស​​សរុប ២៨ ៨២៥​​នាក់​ហើយ ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​លើក​ដំបូង​កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​កន្លង​មក។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស ៧​នាក់​បន្ថែម​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិតដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២០៣​​នាក់​ហើយ​គិត​ចាប់​តាំង​ពី​ពេល​កម្ពុជា​បាន​ប្រកាស​ពី​ករណី​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​ជាលើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ២១ ៣១៥​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ៤១៥​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

មនុស្ស​ ៨​នាក់ និង​ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​សម្លាប់​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​លើ​ហ្វូង​មនុស្ស​ក្នុង​ទីក្រុង San Jose រដ្ឋ​ Califonia

2021/05/27 04:52:09 pm        188
​អាមេរិក៖ យោង​តាម​ក្រុម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​ដឹង​ថា មនុស្ស​ ៩​នាក់​រួម​ទាំង​ជនសង្ស័យ​ត្រូវ​បាន​ស្លាប់ និង​យ៉ាង​ហោច​ណាស់​មនុស្សម្នាក់​បាន​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ បន្ទាប់ពី​ការ​បាញ់​ប្រហារ​នៅ​បរិវេណ​សេវា​ដឹកជញ្ជូន​សាធារណៈ​ហៅ​កាត់​ថា VTA (Valley Transportation Authority) នៅ​ភាគ​ខាងជើង​ទីក្រុង​ San Jose រដ្ឋ California​។​ការិយាល័យ​ស្នងការ​នគរបាល​ប្រចាំ​តំបន់ Santa Clara បាន​បញ្ជាក់​ថា មនុស្ស ​៨​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ និង​មនុស្ស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ប៉ុន្តែ​ពុំ​មាន​ការ​បញ្ជាក់​ពី​ស្ថានភាព​យ៉ាងណា​នោះ​ទេ​។ ខ្មាន់កាំភ្លើង​ក៏បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ​។ ក្រុម​មន្ត្រី​អនុវត្ត​ច្បាប់​បាន​បញ្ជាក់​ថា ​ខ្មាន់កាំភ្លើង​ឈ្មោះ Samuel Cassidy វ័យ​ ៥៧​ឆ្នាំ​ជា​បុគ្គលិក​ផ្នែក​ថែទាំ ​ហើយ​គេ​មិនទាន់​ដឹង​នៅឡើយ​ទេ ពី​មូលហេតុ​ឈាន​ដល់​ការ​បាញ់​ប្រហារ​នេះ​។​ ​ការិយាល័យ​ស្នងការ​នគរបាល​តំបន់ និង​ក្រុម​មន្ត្រី​សេវា​ដឹកជញ្ជូន​ខាងលើ​បាន​បញ្ជាក់​ថា ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​វិថី 101 Younger Avenue ហើយ​ជនរងគ្រោះ​មួយ​ចំនួន​ជា​បុគ្គលិក​សេវា​ដឹកជញ្ជូន VTA​។​នៅ​ម៉ោង​ប្រហែល ៦:៣៥នាទី​ព្រឹក នគរបាល​ទីក្រុង​ San Jose បាន​ទទួល​ទូរស័ព្ទ​បន្ទាន់ 911 រាយការណ៍​អំពី​ហេតុការណ៍​ផ្ទុះ​អាវុធ​នៅ​ទីតាំង​ខាងលើ ហើយ​ក្រុម​អង្គភាព​មួយចំនួន​បាន​ទៅកាន់​កន្លែង​កើត​ហេតុ​ភ្លាមៗ​។ ខ្មាន់កាំភ្លើង​ត្រូវ​បាន​បញ្ជាក់​ថាបាន​ស្លាប់​នៅ​ម៉ោង​ប្រហែល ​៨​:១០​នាទី​ព្រឹក​៕អត្ថបទ៖ សុខមាន

វៀតណាម​បង្កើន​វិធាន​ការ​បិទ​ខ្ទប់​ដោយសារ​ជំងឺ​ COVID-19 ខណៈ​ការ​ឆ្លង​ហក់​ឡើង​ខ្ពស់​

2021/05/26 05:04:39 pm        174
​វៀតណាម៖ ប្រទេស​វៀតណាម​បាន​បន្ថែម​ពេល​វេលា​ន ​នៃ​ការ​អនុវត្តន៍​វិធាន​ការ​បិទ​ខ្ទប់​នៅ​ក្នុង​តំបន់​ឧស្សាហកម្ម​ភាគ​ខាងជើងកាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​រាលដាល​ជំងឺ COVID-19 ​ដ៏​ធ្ងន់ធ្ងរ​បំផុត ខណៈ​ដែល​ក្រុម​អាជ្ញាធរ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី ​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ដែល​ជា​ចំនួន​កើន​ឡើង​ខ្ពស់​ទ្វេដង​។​​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា ​មាន​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19 ចំនួន ៤៥៧នាក់​កាល​ពី​ថ្ងៃ​អង្គារដែល​ជា​ការ​ហក់​ឡើង​ខ្ពស់​បំផុត ​ចាប់​តាំង​ពី​មាន​ករណី​ឆ្លង​ចំនួន ១៩០​នាក់​កាលពី​ថ្ងៃ​ទី​៦​ ខែ​ឧសភា ដែល​ជា​ការ​ឆ្លង​រាលដាល​ជា​ក្រុម​នៅ​ក្នុង​រោងចក្រ​ចំនួន​២ ​នៅ​ខេត្ត​ភាគ​ខាងជើង​។​ ​សារព័ត៌មាន​រដ្ឋ​បាន​រាយការណ៍​ថា ខេត្ត Bac Ninh ដែល​ជា​តំបន់​ផលិតកម្ម​នៃ​គ្រឿង​អេឡិចត្រូនិក​ផលិតផល Samsung បាន​ចាប់ផ្ដើម​អនុវត្តន៍​បម្រាម​គោចរ និង​រឹតត្បិត​ការ​ធ្វើ​ដំណើរ​ផ្សេងទៀត​ចាប់​ពី​ថ្ងៃ​អង្គារ​តទៅ​។ បច្ចុប្បន្ន​ប្រទេស​វៀតណាម​មាន​ករណី​ឆ្លង​ចំនួន ៥,៧៧៣នាក់ និង​ស្លាប់​ចំនួន ​៤៤​នាក់​៕អត្ថបទ៖ សុខមាន

លោកស្រី Aung San Suu Kyi បង្ហាញខ្លួន​ដោយ​ផ្ទាល់​ជា​លើកដំបូង​នៅ​តុលាការ​

2021/05/25 09:50:30 pm        162
មីយ៉ាន់ម៉ា៖ មេដឹកនាំ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញពី​អំណាច លោកស្រី Aung San Suu Kyi បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដោយ​ផ្ទាល់ជា​លើកដំបូង ​ចាប់​តាំង​ពី​យោធាបាន​ចាប់ខ្លួន​លោកស្រី នៅ​ពេល​ដណ្ដើម​អំណាចកាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​។​មេធាវី​របស់​លោក​ស្រី​ម្នាក់ លោក Min Min Soe និយាយ​ថា លោកស្រី Suu Kyi អាច​ជួប​ជា​មួយ​ក្រុម​អ្នកការពារ​ក្តី​របស់​លោកស្រី​ប្រហែល​ ៣០​នាទី មុន​សវនាការ​ចាប់ផ្ដើមនៅ​តុលាការ​ពិសេស​មួយ ដែល​បង្កើតដោយ​ក្រុមប្រឹក្សា​ទីក្រុង​ក្នុង​រដ្ឋធានី​ណៃពីដោ។ ក្រុម​មេធាវី​បាន​ជួប​ជាមួយ​លោក Win Myint ដែល​ជា​ប្រធានាធិបតីរបស់​រដ្ឋាភិបាលលោកស្រី Suu Kyi ខណៈ​ទីប្រឹក្សា​រដ្ឋ និង​លោកប្រឈមមុខ​បទចោទប្រកាន់​ដូចគ្នា​។ ការ​បង្ហាញ​ខ្លួនរបស់​លោកស្រី Suu Kyi កាលពី​លើក​មុនធ្វើឡើង​តាមរយៈ​បណ្ដាញ​វីដេអូ ហើយ​លោកស្រីមិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជួប​មេធាវីរបស់​លោក​ស្រីណា​ម្នាក់​ឡើយ​។ ​លោក Min Min Soe និយាយ​ថា លោក​ស្រី Suu Kyi ចង់​ប្រាប់​ទៅកាន់​ប្រជាជន​មី​យ៉ាន់​ម៉ា​ថា គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យរបស់​លោក​ស្រី នឹង​ឈរ​នៅ​ជាមួយ​ពួកគេ​។លោក Min Min Soe និយាយ​បន្ទាប់ពី​សវនាការ​ថា លោកស្រី​និយាយ​ថា ចាប់​តាំង​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បាន​បង្កើតសំរាប់​ប្រជាជន គណបក្ស​នេះ​នឹង​នៅ​តែ​មាន ដរាបណា​មាន​ប្រជា​ជន​។ លោកស្រី​បាន​បង្ហាញ​ខ្លួន​ដោយ​សំដៅ​ទៅលើ ការ​គំរាម​របស់​របប​យោធាក្នុង​ការ​រំលាយ​គណបក្ស​។ ​សវនាការ​របស់​លោក​ស្រីពាក់ព័ន្ធ​ទៅនឹង​បទ​ចោទ​ប្រកាន់​ចំនួន ​៦ រួមមាន​មានការ​រំលោភ​លើ​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ធម្មជាតិ, ការ​ចោទ​ប្រកាន់​បំពាន​ការ​រឹតត្បិត​ការ​ឆ្លង​រាលដាលជំងឺ​កូ​វិត​-19 អំឡុង​យុទ្ធនា​ការបោះឆ្នោតឆ្នាំ​២០២០, ការ​នាំ​ចូល​ដោយ​ខុសច្បាប់​វិទ្យុ​ទាក់ទង​សំរាប់​អង្គរក្ស​របស់​លោក​ស្រី, ការប្រើប្រាស់​ដោយ​គ្មាន​អាជ្ញាប័ណ្ណ​វិទ្យុ​ទាក់ទង និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មានដែល​អាច​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ជា​សាធារណៈ​​៕អត្ថបទ៖ ប៊ុនថន

អង្គការសហប្រជាជាតិ​និយាយ​ថា បទ​ឈប់​បាញ់​កើតមាន ប៉ុន្តែ​ជំនួយ​ជាប់​គាំង​នៅ​ព្រំដែន​ឆ្លង​កាត់​

2021/05/25 02:30:11 pm        159
UN៖ អង្គការ​សហប្រជាជាតិ​និយាយ​ថា ​បទ​ឈប់​បាញ់​នៅ​តំបន់​ហ្គា​ហ្សា​កើតមាន​ហើយ​។ អ្នក​នាំ​ពាក្យ​អង្គការ​សហ​ប្រជាជាតិ ​លោក Stephane Dujarric និយាយ​ថា ជីវិត​ប្រចាំថ្ងៃ​កំពុង​ស្តារ​ឡើង​វិញ​ទូទាំង​តំបន់​ហ្គា​ហ្សា​។​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ ស្ថាប័ន​ទទួលបន្ទុក​ឆ្លងកាត់​ព្រំដែនរបស់​ក្រសួងការពារជាតិ​ ប្រទេស​អ៊ីស្រាអែលជាមួយ​តំបន់​ហ្គា​ហ្សា​និយាយ​ថា ​ស្ថាប័ន​នេះ​នឹង​អនុញ្ញាត​ឲ្យ​ជំនួយ​មនុស្សធម៌ ចូល​​ទៅ​ក្នុង​រដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​ថ្ងៃ​អង្គារ​នេះ​។ ទោះ​ជា​យ៉ាងណា​អ្នក​នាំ​ពាក្យ លោក Dujarric និយាយ​ថា ​វា​ហាក់​ដូច​ជា​មាន​កង្វះ​ភាព​ច្បាស់លាស់​លើ​ប្រភេទ​ទំនិញ ដែល​អាច​ឆ្លងកាត់​ចំណុច​នេះ​បាន​។ ​បទ​ឈប់​បាញ់បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ ដែល​បាន​បញ្ឈប់​ការ​បាញ់​គ្រាប់​រ៉ុក្កែត​រាប់​រយ​គ្រាប់ ជា​សង្គ្រាម​រយៈពេល ​១១​ថ្ងៃពី​តំបន់​ហ្គា​ហ្សា និង​ការវាយប្រហារ​តាម​អាកាស​របស់​​អ៊ីស្រាអែល ដែល​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង​ ២៥០​នាក់​ត្រូវ​បាន​សម្លាប់​ភាគច្រើន​ជា​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​៕អត្ថបទ៖ ប៊ុនថន

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២២ខេត្ត

2021/05/25 12:58:16 am        413
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែមចំនួន២៨១០លានរៀល (២,៨១០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២២ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី២៤ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ ​បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាននារសៀលថ្ងៃទី២៤ ខែឧសភានេះថា ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២២ ដូចខាងក្រោម៖១.ខេត្តបាត់ដំបង ទទួលបានថវិកា២៧០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា៣៥០លានរៀល៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល៤.ខេត្តប៉ៃលិន ទទួលបានថវិកា ៤០លានរៀល៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ៣៥០លានរៀល៦.ខេត្តព្រះវិហារ ទទួលបានថវិកា ៣០លានរៀល៧.ខេត្តកណ្តាល ទទួលបានថវិកា ១៥០លានរៀល៨.ខេត្តស្វាយរៀង ទទួលបានថវិកា ៥០លានរៀល៩.ខេត្តព្រៃវែង ទទួលបានថវិកា ២៨០លានរៀល១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ៦០លានរៀល១១.ខេត្តក្រចេះ ទទួលបានថវិកា ៤០លានរៀល១២.ខេត្តរតនគិរី ទទួលបានថវិកា ២០លានរៀល១៣.ខេត្តកំពត ទទួលបានថវិកា ១០លានរៀល១៤.ខេត្តតាកែវ ទទួលបានថវិកា ៦០លានរៀល១៥.ខេត្តកំពង់ចាម ទទួលបានថវិកា ៣៥០លានរៀល១៦.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ៤០លានរៀល១៧.ខេត្តកែប ទទួលបានថវិកា ១០លានរៀល១៨.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ២៥០លានរៀល១៩.ខេត្តកំពង់ធំ ទទួលបានថវិកា ១៨០លានរៀល២០.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល២១.ខេត្តព្រះសីហនុ ទទួលបានថវិកា ៦០លានរៀល២២.ខេត្តសៀមរាប ទទួលបានថវិកា ១៥០លានរៀល។ ទន្ទឹមនឹងនោះសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២២ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួនសរុប ៧២១៣៦នាក់៕អត្ថបទ ៖ រដ្ឋា

មនុស្ស​ ១៥​នាក់​ស្លាប់ និង​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាត់​បង់​ទី​លំនៅ​បន្ទាប់​ពី​ការ​ផ្ទុះ​ភ្នំភ្លើង​នៅ​កុង​ហ្គោ​

2021/05/24 09:12:18 pm        141
​កុង​ហ្គោ៖ ប្រជា​ពលរដ្ឋ​នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ បាន​ត្រឡប់​ទៅ​កាន់​លំនៅឋាន​ដែល​ត្រូវ​បាន​បំផ្លិចបំផ្លាញ ​បន្ទាប់ពី​ភ្នំភ្លើង​ដ៏​ធំ​មួយ​បាន​ផ្ទុះ ហើយ​ក្រុម​គ្រួសារ​ជាច្រើន​កំពុង​តាម​រក​មនុស្ស​ជាទី​ស្រឡាញ់​ ដែល​កំពុង​បាត់​ខ្លួន​។​ភ្នំភ្លើង Nyiragongo ​បាន​ធ្វើ​ឲ្យ​ផ្ទៃមេឃ​ក្លាយ​ជា​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​ និង​បាន​ព្រួស​កម្ទេច​ផេះ​ចូល​ក្នុង​ទន្លេ​កាលពី​ថ្ងៃ​សៅរ៍ ប៉ុន្តែ​បាន​ឈប់​ភ្លាមៗ​នៅ​ទីក្រុង​ហ្គោ​ម៉ា ដែល​មាន​ប្រជាជន​ជាង ​២​លាន​នាក់​នៅ​ភាគ​ខាង​ត្បូង​ភ្នំភ្លើង។ យ៉ាងហោចណាស់​មាន​មនុស្ស​ ១៥​នាក់​ត្រូវ​គេ​បញ្ជាក់​ថា​បាន​ស្លាប់ ប៉ុន្តែ​ចំនួន​នេះ​ទំនងជា​នឹង​កើន​ឡើង ខណៈ​ក្រុម​មន្ត្រី​នៅតែ​បន្ត​តាម​ស្វែងរក​ក្នុង​តំបន់​នានា ​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​។ មនុស្ស​ចំនួន ​៩​នាក់​ក្នុងចំណោម​ជនរងគ្រោះ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​ដែល​មនុស្ស​កំពុង​រត់​ភៀសខ្លួន​។​​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Patrick Muyaya​ បាន​និយាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា មនុស្ស​ចំនួន​ ៤​នាក់​ផ្សេងទៀត​បាន​ស្លាប់ ខណៈ​ពួកគេ​ព្យាយាម​រត់គេច​ពី​ពន្ធនាគារ​មួយ​កន្លែង​ ស្រប​ពេល​មនុស្ស ​២​នាក់​ទៀត​ត្រូវ​បាន​ភ្លើង​ឆេះ​ស្លាប់​។​ យោង​តាម​អង្គការ Unicef ដែល​បាន​និយាយ​ថា មជ្ឈមណ្ឌល​មួយ​ចំនួន​នឹង​ត្រូវ​បង្កើត​ឡើង​ ដើម្បី​ជួយ​ដល់​អនីតិជនដែល​គ្មាន​ក្រុម​គ្រួសារ​នៅ​ជាមួយ៖ កុមារ​ជាង ១៧០​នាក់​ត្រូវ​គេ​បារម្ភ​ថា​អាច​នឹង​កំពុង​បាត់​ខ្លួន និង​ ១៥០​នាក់​ទៀត​បាន​បែក​ចេញពី​ក្រុម​គ្រួសារ៕អត្ថបទ៖ សុខមាន

មនុស្ស​ ១៤​នាក់​ស្លាប់​នៅ​ពេល​មាន​ឧបទ្ទវហេតុ​ធ្លាក់​ឡាន​ខ្សែកាប្លិ៍​លើ​ភ្នំ​នៅ​ប្រទេស​អ៊ីតាលី

2021/05/24 07:15:59 pm        233
​អ៊ីតាលី៖ មនុស្ស​ ១៤​នាក់រួម​ទាំង​កុមារ​ម្នាក់​បាន​ស្លាប់ និង​កុមារ​ម្នាក់​រង​របួស​ធ្ងន់ បន្ទាប់ពី​ឡាន​ខ្សែ​កាប្លិ៍​មួយ​បាន​ធ្លាក់​លើ​ភ្នំ​មួយ​ជិត​បឹង Lake Maggiore ក្នុង​ប្រទេស​អ៊ីតាលី​ភាគ​ខាងជើង​កាលពី​ថ្ងៃអាទិត្យ​។​​ឧបទ្ទវហេតុ​នេះ​បាន​កើត​ឡើងលើ​សេវា​ចម្លង​អ្នកដំណើរ​មួយ ​ចេញពី​រមណីយដ្ឋាន​ទីក្រុង​ Stresa ក្បែរ​ភ្នំ Mottarone នៅក្នុង​តំបន់​ Piedmont។ ក្រសួងការបរទេស​អ៊ីស្រាអែល​និយាយ​ថា​ ជនជាតិ​អ៊ីស្រាអែល ​៥​នាក់​ស្ថិត​ក្នុងចំណោម​អ្នក​ស្លាប់​ទាំងអស់​។​ ជន​រង​គ្រោះ​ភាគច្រើន​បាន​ស្លាប់​នៅ​កន្លែង​កើត​ហេតុ ​ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើងជា​បន្ត​បន្ទាប់ ​កាល​ពី​រសៀល​ថ្ងៃអាទិត្យ ខណៈ​ដែលក្រុម​អ្នក​សង្គ្រោះ​តាម​រុករក​ក្នុង​បំណែក​បែកបាក់​។​​ក្រុម​មន្ត្រី​និយាយ​ថា​ អ្នក​នៅ​រស់​រាន​មានជីវិត ​២​នាក់​ជា​កុមារ​អាយុ ៥​ឆ្នាំ ​និង​ ៩​ឆ្នាំ​ត្រូវ​បាន​ដឹក​តាម​យ​ន្ត​ហោះ​ទៅកាន់​មន្ទីរពេទ្យ​ក្នុង​ទីក្រុង Turin ​ប៉ុន្តែ​កុមារ​ដែល​មាន​អាយុ​ច្រើន​ជាង​គេបាន​ស្លាប់​នៅ​ពេល​បន្ទាប់​។​ រីឯ​កុមារ​ដែល​អាយុ​តិច​ជាង​គេ​ ដែល​ជា​ជនជាតិ​អ៊ីស្រាអែល​ផង​ដែរ​នោះ កំពុង​សង្គ្រោះ​បន្ទាន់ ​និង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​៕អត្ថបទ៖ សុខមាន

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM