សម្ដេចធិបតី៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរាស្ត្រទេ
សម្ដេច​តេជោ ហ៊ុន សែន ចែករំលែក​អត្ថបទ​អ្នកស្រាវជ្រាវថៃ ក្រោមចំណងជើងថា «មនុស្សធម៌ខ្វះការអាណិតអាសូរ»
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកក្រគរ និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់
គណៈប្រតិភូធុរកិច្ចមកពីហុងកុង ក្វាងទុង និងម៉ាកាវ បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា

ព័ត៌មានសំខាន់ៗ

មនុស្ស​ ២០​នាក់​ស្លាប់ ​ខណៈ​អ៊ីស្រាអែល​វាយ​ប្រហារ​តំបន់​ហ្គា​ហ្សា បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ូកែត​ពី​សំណាក់​ក្រុម​ហា​ម៉ាស់

2021/05/11 05:52:08 pm        119
​អ៊ីស្រាអែល៖ អ៊ីស្រាអែល​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ដ៏​ខ្លាំងក្លា ​ទៅលើ​តំបន់​​ហ្គា​ហ្សា​កាលពី​ថ្ងៃ​ចន្ទ ជា​ការ​ឆ្លើយតប​ចំពោះ​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ូ​កែ​ត ​ដោយ​ក្រុម​ហា​ម៉ាស់ និង​ពួក​សកម្ម​ប្រយុទ្ធ​ប៉ា​ឡេ​ស្ទី​ន​ដទៃ​ទៀត ​ស្រប​ពេល​មាន​អំពើ​ហិង្សា​កាន់តែ​រីក​ធំ​ ដែល​បង្កឡើង​ដោយ​ការ​រំជើបរំជួល​នៅ​បរិវេណ​វិហារ​អ៊ីស្លាម Al-Aqsa ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​វិហារ​ភ្នំ​ផង​ដែរ​។​ក្រុម​អាជ្ញាធរ​តំបន់​ហ្គា​ហ្សា​បាន​និយាយ​ថា មនុស្ស​យ៉ាងហោចណាស់ ២០​នាក់​បាន​ស្លាប់​រួម​ទាំង​ក្មេង ៩​នាក់ ​និង​មេបញ្ជាការ​ជាន់ខ្ពស់​រប​ស់​ក្រុម​ហា​ម៉ាស់​ និង ៦៥​នាក់​ផ្សេងទៀត​រង​របួស​។ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Benjamin Netanyahu បាន​ព្រមាន​ថា ​ក្រុម​ហា​ម៉ាស់​បាន​ឆ្លង "​បន្ទាត់​ក្រហម​" ដោយ​ការ​តម្រង់​មី​ស៊ី​ល​ទៅ​រក​ទីក្រុង​ Jerusalem ហើយ​រដ្ឋ​ជ្វី​ហ្វ​មួយ​នេះ​នឹង​ឆ្លើយតប​វិញ​ដោយ​កម្លាំង​។ ​លោក Netanyahu ដែល​បាន​ជួប​ប្រជុំ​ជាមួយ​ប្រមុខ​កងទ័ព​ និង​ភ្នាក់ងារ​សន្តិសុខ Shin Bet បាន​និយាយ​ថា "​យើង​នឹង​មិន​អត់ធ្មត់​ចំពោះ​ការវាយប្រហារ​លើទឹក​ដី​របស់​យើង រដ្ឋធានី​របស់​យើង ប្រជាជន និង​ទាហាន​របស់​យើង​ឡើយ​។ អ្នក​ដែល​វាយប្រហារ​យើង​ នឹង​ត្រូវតែ​ទូទាត់​សង​យើង​វិញ​យ៉ាង​ស័ក្ដិសម​។​​កងទ័ព​អ៊ីស្រាអែល​បាន​និយាយ​ថា ​រ៉ូ​កែ​ត​ចំនួន ១៥០​គ្រាប់​ត្រូវ​បាន​បាញ់​ចេញពី​តំបន់​ហ្គា​ហ្សា ​ដែល​រាប់​សិប​គ្រាប់​ត្រូវ​បាន​ស្ទាក់​ចាប់​ដោយ​ប្រព័ន្ធ​ការពារ​ដែនអាកាស Iron Dome ដោយ​ពុំ​មាន​របាយការណ៍​ពី​ការ​ស្លាប់ ​និង​របួស​នោះ​ទេ​៕ អត្ថបទ៖ សុខមាន

សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកា ជូនទៅខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត

2021/05/10 08:20:26 pm        100
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភថវិកាបន្ថែម​ចំនួន២២៨០លានរៀល (២,២៨០,០០០,០០០រៀល) ជូនទៅបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងវៀតណាម ចំនួន២១ខេត្ត ដើម្បីរៀបចំាចាត់ចែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។ ​បើយោងតាមការបញ្ជាក់របស់លោកជំទាវ វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារប្រតិបត្តិការបច្ចេកទេស និងផ្គត់ផ្គង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រាប់BTV ព័ត៌មាន ថា  ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងទទួលបានការឧបត្ថម្ភថវិកាបន្ថែម ជូនបណ្តាខេត្តចំនួន២១​ ដូចខាងក្រោម១.ខេត្តបាត់ដំបង ទទួលបានថវិកា២០០លានរៀល២.ខេត្តបន្ទាយមានជ័យ ទទួលបានថវិកា១៦០លានរៀល៣.ខេត្តឧត្តរមានជ័យ ទទួលបានថវិកា ៥០លានរៀល៤.ខេត្តប៉ៃលិន​ ទទួលបានថវិកា ៥០លានរៀល៥.ខេត្តពោធិ៍សាត់ ទទួលបានថវិកា ២៥០លានរៀល៦.ខេត្តព្រះវិហារ ទទួលបានថវិកា ៥០លានរៀល៧.ខេត្តកណ្តាល ទទួលបានថវិកា ២៥០លានរៀល៨.ខេត្តស្វាយរៀង ទទួលបានថវិកា ២០លានរៀល៩.ខេត្តព្រៃវែង ទទួលបានថវិកា ១៤០លានរៀល១០.ខេត្តត្បូងឃ្មុំ ទទួលបានថវិកា ១៥០លានរៀល១១.ខេត្តក្រចេះ ទទួលបានថវិកា ១០លានរៀល១២.ខេត្តរតនគិរី ទទួលបានថវិកា ២០លានរៀល១៣.ខេត្តតាកែវ ទទួលបានថវិកា ១០០លានរៀល១៤.ខេត្តកំពង់ចាម ទទួលបានថវិកា ១៣០លានរៀល១៥.ខេត្តកំពង់ឆ្នាំង ទទួលបានថវិកា ១៤០លានរៀល១៦.ខេត្តកែប ទទួលបានថវិកា ២០លានរៀល១៧.ខេត្តកំពង់ស្ពឺ ទទួលបានថវិកា ១៥០លានរៀល១៨.ខេត្តកំពង់ធំ ទទួលបានថវិកា ២២០លានរៀល១៩.ខេត្តស្ទឹងត្រែង ទទួលបានថវិកា ១០លានរៀល២០.ខេត្តព្រះសីហនុ ទទួលបានថវិកា ១៣០លានរៀល២១.ខេត្តសៀមរាប ទទួលបានថវិកា ៨០លានរៀល។ ដោយឡែកសម្រាប់ខេត្តជាប់ព្រំដែនកម្ពុជា-ថៃ-វៀតណាម ទាំង២១ខេត្តនេះ មានអ្នកកំពុងធ្វើចត្តាឡីស័ក​ ចំនួនសរុប ៥២៥០៥នាក់៕ ​

តំបន់​អាស៊ី​ប្រឈម​នឹង​ការ​ហក់​ឡើង​ខ្លាំង​នូវ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ COVID-19

2021/05/10 07:04:56 pm        184
​តំបន់​អាស៊ី​៖ ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​ កំពុង​ប្រឈម​នឹង​រលក​ថ្មី​នៃ​វីរុស​កូ​រ៉ូ​ណា ខណៈ​ដែល​ប្រទេស​ខ្លះ​កំពុង​ព្យាយាម​ទប់ទល់​គ្រប់គ្រង​ការ​ផ្ទុះ​ដ៏​ធ្ងន់ធ្ងរ ​បំផុត​ចាប់​តាំង​ពី​ចាប់ផ្ដើម​ផ្ទុះ​ជំងឺ​រាត​ត្បាត​សកល​នេះ​។​យោង​តាម​របាយការណ៍​របស់ CNN ខណៈ​ដែល​ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​ពាក់កណ្ដាល ​នៃ​ចំនួន​អ្នក​ឆ្លង​សកល​កាលពី​សប្ដាហ៍​កន្លងទៅ អង្គការ​សុខភាព​ពិភពលោក​និយាយ​ថា ករណី​​ឆ្លង​កំពុង​ហក់​ឡើង​ខ្លាំង​នៅ​ក្នុង​បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា ប្រទេស​នេ​ប៉ាល់, ស្រី​លង្កា, ថៃ និង​កម្ពុជា​។​ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ ​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌​មាននៅ​ដើម​សប្ដាហ៍​នេះ​ថា តំបន់​អាស៊ីអាគ្នេយ៍​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង​ ២​លាន ​៧​សែន​នាក់ និង​ស្លាប់​ថ្មី​ជាង ២៥,០០០​នាក់ កើន​ឡើងជា​លំដាប់​ចំនួន ១៩% និង ៤៨% បើ​ធៀប​ទៅ​នឹង​សប្ដាហ៍​កន្លងទៅ​។ ​ប្រទេស​នេ​ប៉ាល់បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​៩,៧០០នាក់ កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​មាន​ជិត ​៥០០​ករណី​កាលពី​ពាក់កណ្ដាល​ខែ​មេសា​កន្លង​ទៅ​។​ ​យោង​តាម​កា​រ​ចុះ​ផ្សាយ​រ​បស់ CNN ផ្អែកលើ​ទិន្នន័យ​រដ្ឋាភិបាល​ស្រី​លង្កា​បាន​រាយការណ៍​ករណី​ឆ្លង​ជិត ១,៩០០​នាក់​កាលពី​ថ្ងៃ​សុក្រ ជា​ចំនួន​កើន​ឡើង​ ៥​ដង​នៃ​ករណី​ឆ្លង​ប្រចាំថ្ងៃ ដែល​ខ្លួន​បាន​រាយ​ការណ៍​កាលពីដើម​ខែ​មេសា​។​​យោង​តាម​សកល​វិទ្យាល័យ Johns Hopkins ឲ្យ​ដឹង​ថា ​ប្រទេស​ថៃ​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ជាង ​២ពាន់​នាក់​កាលពី​ថ្ងៃ​សុក្រ។ ​ប្រទេស​វៀតណាម​បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៨៧​​នាក់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ប្រទេស​វៀតណាម​បាន​មើល​ឃើញ​ករណី​ឆ្លង​ថ្មី​ចំនួន​ ៨០​នាក់ រួម​ទាំង​ករណី​ឆ្លង​នាំចូល ​២​នាក់​ផង​។ នាយិកា​វិទ្យាស្ថាន​ជាតិ​អនាម័យ ​និង​ជំងឺឆ្លង​របស់​ប្រទេស​វៀតណាមបាន​ប្រាប់​សារ​ព័ត៌​មានជីវិត​ និង​សុខភាព​កាលពី​ថ្ងៃ​សៅរ៍​ថា វីរុស​ Covid-19 ប​ម្លែ​ង​ខ្លួន​ថ្មី​ ៤​ប្រភេទ​កំពុង​ធ្វើ​ចរាចរណ៍​យ៉ាងសកម្ម នៅ​ក្នុង​ប្រទេស​វៀត​ណាម​ និង​កំពុង​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​ស្ថានភាព​ឆ្លង​រាលដាល​នេះ​៕​អត្ថបទ៖ សុខមាន

ចំនួនអ្នក​ស្លាប់​ក្នុងការ​បំផ្ទុះ​​គ្រាប់​បែក​នៅ​ទីក្រុង​កាប៊ុល​ប្រទេស​អាហ្វហ្គានីស្ថាន​កើន​ឡើង​ដល់ ​៦៨​នាក់​

2021/05/10 05:55:07 pm        120
​អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយសារ​ការ​ផ្ទុះ​ថ្មីៗ​នេះ ​នៅ​ជិត​សាលា​មួយ​ក្នុង​រដ្ឋធានី​កាប៊ុល​បាន​កើន​ឡើង​ដល់ ៦៨​នាក់ និង​ជាង ១៥០​នាក់​ផ្សេងទៀត​រង​របួស​។​ ក្រុម​មន្ត្រី​និយាយ​ថា ​អ្នក​ស្លាប់​ភាគច្រើន​ជា​និស្សិត​ស្រី​។​​ក្រុម​មន្ត្រី​សន្តិសុខ​និយាយ​ថា ​រថយន្ត​មួយ​គ្រឿង​ដែល​ផ្ទុក​ដោយ​គ្រឿងផ្ទុះ​ ត្រូវ​បាន​បំផ្ទុះ​នៅ​ជិត​ខ្លោងទ្វារ​ចូល​សាលារៀន​កាលពី​ថ្ងៃ​សៅរ៍​ បន្ទាប់មក​មានការ​បំផ្ទុះ​គ្រាប់បែក​ជាច្រើន​នៅ​ក្បែរ​នោះ​។​ ​លោក​ប្រធានាធិបតី Ashraf Ghani បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ នៅ​ពេល​ក្រោយមកដោយ​ស្តី​បន្ទោស​ពួក​សកម្ម​ប្រយុទ្ធ​តា​លី​បង់ ​ចំពោះ​ការ​ផ្ទុះ​នេះ​។ លោក​បាន​ថ្កោលទោស​ការ​ផ្ទុះ​នេះ​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​។ ​ក្រុម​តា​លី​បង់​បាន​បដិសេធ​ទទួលខុសត្រូវ ​ចំពោះ​ការវាយប្រហារ​ទាំងនេះ​។​​កងកម្លាំង​ប្រឆាំង​រដ្ឋាភិបាល​បាន​បន្ត​យុទ្ធនាការ​ភេរវកម្ម ​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ទោះបី​ជា​ការ​ដក​កងទ័ព​ទាំងអស់​របស់​ទីក្រុង​វ៉ាស៊ីនតោន​ ចេញពី​ប្រទេស​នឹង​ធ្វើឡើង​នៅ​ត្រឹម​ថ្ងៃ​ទី១១ ខែ​កញ្ញា ដែល​មាន​រយៈពេល ២០​ឆ្នាំ​ចាប់​តាំងពី​ការវាយប្រហារ​ភេរវកម្ម​លើ​សហរដ្ឋអាមេរិកក៏ដោយ​។ ក្រុម​អ្នក​ជំនាញ​បារម្ភ​ថា ​ស្ថានភាព​សន្តិសុខ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អាច​នឹង​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត​៕អត្ថបទ៖ សុខមាន

ខ្មាន់កាំភ្លើង​ម្នាក់​បាញ់សម្លាប់​មនុស្ស​ ៦​នាក់​ក្នុង​ពិធី​ខួបកំណើត​មួយ​នៅ​រដ្ឋ Colorado សហរដ្ឋអាមេរិក​

2021/05/10 05:19:30 pm        185
​អាមេរិក៖ នគរបាល​សហរដ្ឋអាមេរិក​បាន​និយាយ​ថា ​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់សម្លាប់​មនុស្ស ​៦​នាក់ ហើយ​បន្ទាប់មក​បាញ់សម្លាប់​ខ្លួនឯង ​នៅក្នុង​ពិធី​ខួបកំណើត​មួយ​ក្នុង​តំបន់ Colorado Springs កាលពី​ថ្ងៃអាទិត្យ។ ​ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​នៅ​ឧទ្យាន​ផ្ទះ​ចល័ត ជាទី​ដែល​ក្រុម​គ្រួសារ​ជាច្រើន​បាន​ប្រមូល​ផ្ដុំ​គ្នា ​នៅ​ក្នុង​រថយន្ត​ចល័ត​មួយ​ដើម្បី​ធ្វើ​ពិធី​នេះ​។​​ស្នងការ​នគរបាល​តំបន់ Colorado Springs បាន​និយាយ​ថា​ ជនសង្ស័យ​ជា​មិត្ត​ប្រុស​ម្នាក់​ក្នុងចំណោម​ជន​រងគ្រោះ​ជា​ស្ត្រី បាន​បើកបរ​រថយន្ត​ទៅកាន់​អគារ​ស្នាក់នៅ រួច​ដើរចូល ​និង​ចាប់ផ្ដើម​បាញ់​ស្រោច​លើ​មនុស្សនៅ​ក្នុង​ពិធីជប់លៀង​នោះ មុន​ពេល​បាញ់សម្លាប់​ខ្លួន​ឯង។ ​ទោះ​យ៉ាង​ណា​គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​ នាំ​ឲ្យ​មានការ​បាញ់​ប្រហារ​នេះ​នៅឡើយ​ទេ​។ ​ជន​រង​គ្រោះ​ទាំងអស់​សុទ្ធ​តែ​ជា​មនុស្ស​ពេញវ័យ ប៉ុន្តែ​មាន​កុមារ​មួយ​ចំនួន​ក៏​កំពុង​មាន​វត្តមាន ​នៅ​ក្នុង​រថយន្ត​ចល័ត​នៅ​ពេល​នេះ​ដែរ​។​ ​ចំណែក​អត្តសញ្ញាណ​របស់​ក្រុម​ជនរងគ្រោះ និង​ខ្មាន់​វាយប្រហារនៅ​មិនទាន់​ត្រូវ​បាន​បញ្ចេញ​នៅឡើយ​ទេ​។​ដោយឡែកកាលពី​រសៀល​ថ្ងៃ​សៅរ៍ ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា មនុស្ស​ ៣​នាក់​ត្រូវ​បាន​គេ​បាញ់​ឲ្យរង​របួស​នៅក្នុង​ទីលាន​ចតុរង្គ​ដ៏​មមាញឹក Times Square របស់ទីក្រុង New York ហើយ​នគរបាល​កំពុង​តាម​ចាប់ខ្លួន​ខ្មាន់កាំភ្លើង​នៅឡើយ​។ ​គួរ​រម្លឹក​ថា កាលពី​ខែ​មីនា មនុស្ស ​១០​នាក់​បាន​ស្លាប់​ក្នុង​ការ​បាញ់​ប្រហារ​ដ៏​ធំ​មួយ ​នៅ​ក្នុង​ហាង​លក់​គ្រឿងទេស​មួយ​នៅ​ទីក្រុង Boulder របស់​រដ្ឋ Colorado។ ក្រោយមក​ជនសង្ស័យ​ខ្មាន់កាំភ្លើង​ត្រូវ​បាន​ចាប់​ខ្លួន។ បច្ចុប្បន្ន​ប្រឈម​នឹង​បទចោទប្រកាន់​ឃាតកម្ម​ចំនួន​ ១០​ករណី​៕អត្ថបទ៖ សុខមាន

ឥណ្ឌា​មាន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19 ជាង​ ៤​ពាន់​នាក់​រយៈពេល ​២​ថ្ងៃ​ជាប់​គ្នា​

2021/05/10 04:38:20 pm        413
​ឥណ្ឌា៖ ចំនួន​អ្នក​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ COVID-19 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​កើន​ឡើង​ជាង ៤​ពាន់​នាក់​ក្នុង​រយៈពេល​ ២​ថ្ងៃ​ជាប់​គ្នា​។ ​ការ​ហក់​ឡើង​នៃ​ករណី​ឆ្លង​នេះ​កំពុង​ដាក់​បន្ទុក​កាន់តែ​ធ្ងន់​បន្ថែម​ទៀត​ លើ​ប្រព័ន្ធ​ថែទាំ​សុខភាព​របស់​ប្រទេស​នេះ​។ ​រដ្ឋាភិបាល​ឥណ្ឌា​បាន​រាយការណ៍​អ្នក​ស្លាប់​ចំនួន ៤,០៩២​នាក់​កាលពី​ថ្ងៃអាទិត្យ។ ​ចំនួន​ឆ្លង​ថ្មី​ប្រចាំថ្ងៃ​បាន​កើន​ឡើង​ដល់​ជាង ​៤សែន​នាក់​រយៈពេល​ ៤​ថ្ងៃ​ជាប់​គ្នា​។​អ្នកជំងឺ​ជាច្រើន​បាន​ស្លាប់​ជា​បន្តបន្ទាប់ ខណៈ​អុកស៊ីសែន និង​គ្រែ​មន្ទីរពេទ្យ​ជិត​អស់​។​ ​មន្ត្រី​រដ្ឋាភិបាល​ក្នុង​តំបន់​និយាយ​ថា​ ស្ថានភាព​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់​អុកស៊ីសែន​ កំពុង​មាន​ភាព​ប្រសើរ​ឡើង​។ ពួកគេ​និយាយ​ថា​ រោងចក្រ​ផលិត​អុកស៊ីសែន​ដែល​បញ្ជូន​ដោយ​សហគមន៍​អន្តរជាតិ ​កំពុង​ត្រូវ​បាន​ដំឡើង​នៅ​តាម​មន្ទីរពេទ្យ​នានា​។​ ប៉ុន្តែ​បរិមាណ​អុកស៊ីសែន​ដែល​ត្រូវ​បាន​ផ្គត់ផ្គង់​នៅ​ក្នុង​ទីក្រុង​ញូ​វ​ដេលី​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​បាន​បន្ថែម​ត្រឹមតែ ៦០% ​ប៉ុណ្ណោះ​នៃ​តម្រូវការ​ជាក់ស្ដែង​។​​មន្ត្រី​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​ដើម្បី​ពង្រឹង​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ ដោយ​ចែកចាយ​ការ​ផ្គត់ផ្គង់​ដែល​បាន​មក​ពី​បរទេស​ទៅកាន់​គ្រប់​រដ្ឋ​ទាំងអស់​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​ជំងឺ ​COVID-19 សរុប ២២,៦៦២,៤១០នាក់ និង​ស្លាប់ ២៤៦,១៤៦នាក់៕អត្ថបទ៖ សុខមាន

ការ​សិក្សា​៖​ ជំងឺ​រាតត្បាត​សកល COVID-19 បណ្ដាល​ឲ្យ​មនុស្ស​ប្រមាណ ​២៣០​លាន​នាក់​នៅ​ឥណ្ឌា​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ​

2021/05/07 07:00:33 pm        131
​ឥណ្ឌា៖ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា​ ប្រជាជន​ឥណ្ឌា​ប្រមាណ​ ២៣០​លាន​នាក់ បាន​ធ្លាក់​ចូល​ក្នុង​ភាព​ក្រីក្រ ​ដោយសារតែ​ជំងឺ​រាតត្បាត​សកល COVID-19 ​កាលពី​ឆ្នាំមុន ព្រោះ​ជំងឺ​នេះ​បាន​ប៉ះពាល់​ខ្លាំង​លើ​យុវជន និង​ស្ត្រី ​ហើយ​រលក​ទី២ ​បច្ចុប្បន្នបាន​គំរាមកំហែង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​យ៉ាប់យ៉ឺន​ថែមទៀត។​របាយការណ៍​ចេញផ្សាយ​ដោយ​សាកលវិទ្យាល័យ Azim Premji ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង Bangalore បាន​និយាយ​ថា ការ​បិទ​ប្រទេស​រយៈពេល​ជាច្រើន​ខែ​ របស់​ប្រទេស​ឥណ្ឌា​ចាប់ពី​ខែ​មីនា​ឆ្នាំមុនបាន​បណ្ដាល​ឲ្យ​មនុស្ស​ប្រហែល​ ១០០​លា​ននាក់​គ្មាន​ការងារ​ធ្វើ​ ក្នុង​នោះ​ ១៥%​ មិន​អាច​រក​ការងារ​ធ្វើ​បាន​សូម្បី​នៅ​ត្រឹម​ដំណាច់​ឆ្នាំមុន​។ ​យោង​តាម​ការសិក្សា​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ផ្ដោត​លើ​ស្ត្រី​ប្រមាណ​ ៤៧% នៃ​កម្មការិនីមិន​អាច​ធានា​បាន​ការងារ​ សូម្បីតែ​ក្រោយពី​ការ​ដក​វិធានការ​រឹតត្បិត​ក៏ដោយ​។​របាយការណ៍​ដែល​បាន​បញ្ជាក់​ថា ​មនុស្ស​ស្ថិត​ក្នុង​ភាព​ក្រីក្រ ខណៈ​ដែល​ប្រជាជន​ទាំងនោះ​កំពុង​រស់​ដោយមាន​ប្រាក់ចំណូល​ក្រោម ៣៧៥​រ៉ូ​ពី​ស្មើ​ ៥​ដុល្លារ​អាមេរិក​ក្នុង​មួយថ្ងៃ​បាន​និ​យាយ​ថា ប្រាក់​ចំណូល​តិចតួច​ពិបាក​រក​បាន​ធ្លាក់​ចុះ​ទូទាំង​ប្រទេស ខណៈ​ដែល​ជំងឺ​រាត​ត្បាត​​សកល​នេះ​បាន​វាយលុក​កាន់​តែ​ខ្លាំង​ដល់​ក្រុម​គ្រួសារ​ក្រីក្រ​៕អត្ថបទ៖ សុខមាន

ប្រទេស​កាន់​តែ​ច្រើន​គាំទ្រ​ឲ្យ​បន្ធូរបន្ថយ​ប្រកាស​នីយបត្រ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ប៉ុន្តែ​បញ្ហា​នៅ​តែ​មាន​

2021/05/07 06:31:04 pm        209
ពិភពលោក៖ ​ប្រទេស​បារាំង​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ក្នុង​ការ​គាំទ្រ​ឲ្យ​មានការ​បន្ធូរបន្ថយ​ការ​ការពារ ​ប្រកាសនីយបត្រ​លើ​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដែល​អាច​ជួយ​ដល់​បណ្ដា​ប្រទេស​ក្រីក្រ​ ឲ្យ​ទទួល​បាន​ដូ​ស​វ៉ាក់សាំង​កាន់​តែ​ច្រើន ​និង​បង្កើន​ល្បឿន​ដើម្បី​បញ្ចប់​ការ​រាតត្បាត​ជំងឺ​សកល​។ខណៈ​ដែល​ទទួល​បាន​កា​រ​គាំទ្រ​ពីប្រទេស​២ ជាមួយ​នឹង​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​ៗ​គឺជា​រឿង​សំខាន់ តែ​ឧបសគ្គ​ជាច្រើន​នៅ​តែ​មាន​។ ​ការ​គាំទ្រ​សម្រាប់​ការ​ការពារ ប្រកាសនីយបត្រ​វ៉ាក់សាំង​របស់​សហរដ្ឋ​អាមេរិក បាន​ធ្វើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ជាច្រើន​ក្នុង​ជំហរ​របស់​ខ្លួន ប៉ុន្តែ​មាន​ប្រទេស​មួយ​កំពុង​បោះឆ្នោត​ប្រឆាំង​ នឹង​ការលើកលែង​ប្រកាសនីយបត្រ នឹង​គ្រប់គ្រាន់​ក្នុង​ការ​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​ នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។​ ខណៈ​មាន​សេចក្តី​ប្រកាស​របស់​រដ្ឋ​បាល​លោក Biden កាលពី​ថ្ងៃ​ពុធ សហរដ្ឋអាមេរិក​បាន​ក្លាយ​ជា​ប្រទេស​ដំបូង​គេ​នៅ​លើ​ពិភពលោក​ ដែល​មាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ធំៗ​បាន​ប្រកាស​គាំទ្រ​ជា​សាធារណៈ​ នូវ​គំនិត​តម្រូវ​ឲ្យ​មានការ​លើកលែង​ ដែល​លើកឡើង​ដោយ​ប្រទេស​ឥណ្ឌា ​និង​អាហ្វ្រិក​ខាងត្បូង​កាលពី​ខែ​តុលា​នៅ​ឯ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ លោក​ប្រធានាធិបតី​បារាំង Emmanuel Macron បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​នៅ​ពេល​ចុះ​ពិនិត្យ​មជ្ឈមណ្ឌល​វ៉ាក់សាំង​មួយ​កន្លែង​ថា លោក​គាំទ្រ​យ៉ាង​ពេញទំហឹង​លើ​ឲ្យ​ការ​បើក ​ឲ្យ​មានការ​បន្ធូរ​ប​បន្ថយ​កម្មសិទ្ធិបញ្ញា​នេះ​។​​លោកនាយក​រដ្ឋមន្ត្រី​អូស្ត្រាលី Scott Morrison បាន​ហៅ​ជំហរ​របស់​សហរដ្ឋអាមេរិក​ថា​ ជា​ដំណឹង​ដ៏​ល្អ ប៉ុន្តែ​ពុំបាន​ឆ្លើយតប​ដោយ​ផ្ទាល់​ ចំពោះ​សំណួរ​ទាក់ទង​នឹង​ថា ​តើ​ប្រទេស​របស់​លោក​នឹង​គាំទ្រ​ការ​ប្រកាសនីយបត្រ​នេះ​ដែរ ​ឬ​យ៉ាងណា​។ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​ថា​ ប្រទេស​របស់​លោក​នឹង​គាំទ្រ​សំណើ​ការ​ប្រកាសនីយបត្រ​នេះ​។​ ​ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ប្រទេស​ចំនួន​៨០ ភាគច្រើន​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍បាន​គាំទ្រ​សំណើ​នេះ​។ ​ប្រទេស​ចិន និង​រុស្ស៊ីជា​ប្រទេស​ផលិត​វ៉ាក់សាំង​បង្ការ​ជំងឺ COVID-19 ដ៏​សំខាន់ ​២​ផ្សេងទៀតពុំបាន​បង្ហាញ​ជំហរ​ទេ ​ប៉ុន្តែ​យល់ព្រម​បើក​ឲ្យ​មានការ​ពិភាក្សា​បន្ថែម​ទៀត​៕អត្ថបទ៖ សុខមាន

សាលា​រាជ​ធានី​ភ្នំពេញ​បន្ត​បិទ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀប​រយ​ទាំង​អស់​រយៈ​ពេល​១​សប្ដាហ៍​ទៀត

2021/05/07 07:10:03 am        97
ភ្នំពេញ៖ សាលា​រាជ​ធានី​ភ្នំពេញ សម្រេច​បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀប​រយ​ទាំង​អស់ ១​សប្ដាហ៍​ទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​រាជធានី​ភ្នំពេញ។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​យប់​នេះ អភិបាល​រាជ​ធានី​ភ្នំពេញ លោក ឃួង ស្រេង បាន​​សម្រេច​ឱ្យ​បន្ត​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀប​រយ​ទាំង​អស់​ចាប់​ពី​ថ្ងៃ​ទី០៨ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ខាង​មុខ​នេះ។អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​រដ្ឋ និង​ផ្សារ​មិន​រៀប​រយ​​រយៈ​ពេល​ ២​សប្ដាហ៍​ម្ដង​រួច​មក​ហើយ​ចាប់​ពី​ថ្ងៃ​ទី​២៤ ខែ​មេសា​ រហូត​ដល់​​ថ្ងៃ​ទី​០៧ ខែ​ឧសភា​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​មេរោគ​កូវីដ-១៩។រាជធានី​ភ្នំពេញ បាន​មើល​ឃើញ​កំណើន​ចំនួន​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​យ៉ាង​ច្រើន​អស់​រយៈ​ពេល​ជាច្រើន​ថ្ងៃ​មក​ហើយ ដែល​ការ​ឆ្លង​ទាំង​នោះ​សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ៕

សម្ដេច​តេជោ ហ៊ុន សែន បញ្ជាក់​ថា ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​ខេត្ត​មួយ​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ ស្មើ​នឹង​បិទ​ប្រទេស​ឡើង​វិញ

2021/05/06 11:51:28 pm        125
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ការ​តម្រូវ​ឱ្យ​ពលរដ្ឋ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ខេត្ត​មួយ ស្មើ​នឹង​ការ​បិទ​ប្រទេស​ឡើង​វិញ​ និង​ធ្វើ​ឱ្យ​ដំណើរការ​សេដ្ឋកិច្ច-សង្គម​ជាប់​គាំង។សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​បែប​នេះ​នៅ​ក្នុង​សារ​ជា​សំឡេង​ដែល​សម្ដេច​ផ្ញើ​ទៅ​អភិបាល​រាជ​ធានី-ខេត្ត​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​នេះ។ក្នុង​សារ​ជា​សំឡេង​នោះ សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ទៅ​អភិបាល​រាជធានី-ខេត្ត​ទាំង​អស់​ ឱ្យ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​ទៅ​ចេញ​-ចូល​ខេត្ត​របស់​ខ្លួន​បាន ដោយ​មិន​តម្រូវ​ឱ្យ​ធ្វើ​ចត្តាឡីស័ក​ ១៤​ថ្ងៃ​ទៀត​ទេ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា​៖ «អ៊ីចឹង​ ខ្ញុំ​សូម​ស្នើ​ឱ្យ​ឯកឧត្ដម លោក​ជំទាវ​អភិបាល​ខេត្ត-​រាជ​ធានី​ ត្រូវ​ធ្វើការ​កែ​សេចក្ដី​សម្រេច​ជា​បន្ទាន់​របស់​ខ្លួន​។ បើ​មិន​ដូច្នេះ យើង​គ្រប់​គ្រង​ប្រជាជន​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន ហើយ​ប្រជាជន​ខេត្ត​ដទៃ​ ដែល​​ទៅ​រក​ស៊ី​ ធ្វើការ​ចូល​ទៅ​​ក្នុង​ខេត្ត​របស់​ខ្លួន ត្រូវ​តែ​ធ្វើ​ចត្តាឡីស័ក។ ដល់​ប្រជាជន​ខ្លួន​ត្រូវ​ចេញ​ទៅ​ខេត្ត​ដទៃ​ក៏​ត្រូវ​ធ្វើ​ចត្តាឡីស័ក។ បើ​ដូច្នោះ ចត្តាឡីស័ក​ទូទាំង​ប្រទេស​តែ​ម្ដង។ វា​មិន​ខុស​ពី​ការ​ដែល​ធ្វើ​បិទ​ប្រទេស បិទ​ក្រុង​បិទ​ស្អី​ក្នុង​រយៈ​ពេល​កន្លង​ទៅ​ទេ។ ហ្នឹង​ធ្វើ​ឱ្យ​គាំង​ទៅ​ដល់​ក្បាល​ម៉ាស៊ីន​នៃ​ដំណើរការ​សេដ្ឋកិច្ច​-សង្គម​​របស់​ប្រជាជន​តែ​ម្ដង»។សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អភិបាល​រាជ​ធានី​-ខេត្ត អាច​អនុវត្ត​ការ​ធ្វើ​ចត្តាឡីស័ក​បាន​តែ​លើ​ករណី​សង្ស័យ​ថា ពលរដ្ឋ​ណា​ម្នាក់​អាច​ឆ្លង​មេរោក​កូវីដ-១៩ ដែល​បង្ក​ហានិភ័យ​សម្រាប់​ចម្លង​មេរោគ​នេះ។សម្ដេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បន្ត​ថា៖ «ហើយ​ខ្ញុំ​និយាយ​នេះ​មិន​​សំដៅ​មិន​ឱ្យ​ទប់​ស្កាត់​ចំពោះ​អ្នក​ដែល​មាន​ករណី​សង្ស័យ​ដែល​យើង​តម្រូវ​ឱ្យ​យក​សំណាក និង​នាំ​ទៅ​​ដល់​ការ​ធ្វើ​ចត្តាឡីស័ក​ដែល​ជៀស​វាង​មិន​បាន​នោះ​ទេ ក៏​ប៉ុន្តែ ការ​ធ្វើ​នេះ​គឺ​សំដៅ​ដើម្បី​ឱ្យ​កែ​សម្រួល​នូវ​សេចក្ដី​សម្រេច​ដើម្បី​បើក​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន។ បើ​មិន​ដូច្នោះ​ទេ ខេត្ត​នីមួយៗ​ដាក់​ឱ្យ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ វា​មិន​ខុស​ពី​ការ​ចែក​កម្ពុជា​ទៅ​ជា​ ២៥​ប្រទេស​ ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ធ្វើ​ចត្តាឡីស័ក ចេញ​ពី​ខេត្ត​ហ្នុង​ចូល​មក​ខេត្ត​នេះ​វិញ ធ្វើ​ចត្តាឡីស័ក។ បើ​ដូច្នោះ តើ​យើង​រស់​របៀប​ម៉េច?»។ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ចេញ​សារ​ជា​សំឡេង​បែប​នេះ បន្ទាប់​ពី​បាន​សង្កេត​ឃើញ​ខេត្ត​មួយ​ចំនួន​ ចេញ​សេចក្ដី​សម្រេច​​តម្រូវ​ឱ្យ​ប្រជាជន​ធ្វើ​ដំណើរ​ចូល​ទៅ​ខេត្ត​របស់​ខ្លួន ត្រូវ​ធ្វើ​ចត្តាឡីស័ក ១៤​ថ្ងៃ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​​មនុស្ស ២នាក់ស្លាប់ និង​​​ ១៥នាក់របួស អំឡុង​​ការវាយប្រហារ​ដោយយាន​ដ្រូន​របស់ក្រុម​ហ៊ូទី​ នៅ​ភាគ​ខាង​កើត​យេម៉ែន
08/13/2026 08:08 PM
ការ​ផ្ទុះ​គ្រាប់បែក សម្លាប់មន្ត្រីយោធារុស្ស៊ី នៅតំបន់​ Crimea ខណៈ​របាយការណ៍ហៅ​រូប​លោក​ថា ជាជនរត់​ពីអ៊ុយក្រែន
08/13/2026 08:08 PM
បំណាក់​ដីសម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ នៅឯ​អណ្តូងរ៉ែមាសខុសច្បាប់ នៅ​ឥណ្ឌូនេស៊ី
08/13/2026 08:08 PM
បង់ក្លាដែសកម្រិត​ការប្រើប្រាស់ថាមពល ខណៈកង្វះខាតឧស្ម័នកាន់តែអាក្រក់ទៅៗ
08/13/2026 07:08 PM
ជប៉ុនកោះ​អញ្ជើញ​បេសកជនរុស្ស៊ី ជុំវិញដំណើររបស់លោក Putin ទៅកាន់កោះមានជម្លោះ
08/13/2026 07:08 PM
ក្រុមហ៊ុនពាណិជ្ជកម្មរុស្ស៊ីដ៏ធំមួយមានបំណងវិនិយោគនៅកម្ពុជាក្នុងការផលិតរថយន្ត និងគ្រឿងបន្លាស
08/13/2026 07:08 PM
រុស្ស៊ី និងអ៊ុយក្រែន ប្រគល់​សាកសពទាហាន​ទៅ​វិញ​ទៅមក​ ជា​ការដោះដូរចុងក្រោយបង្អស់
08/13/2026 07:08 PM
UN៖ ការស្លាប់ជនស៊ីវិល​ក្នុងខែកក្កដា នៅអ៊ុយក្រែន ឈាន​ដល់កម្រិតខ្ពស់បំផុត ចាប់​តាំងពីខែឧសភា ឆ្នាំ២០២២
08/13/2026 07:08 PM
ប្រជាជនវ៉េណេស៊ុយអេឡាកំពុង​ជួប​ការ​លំបាក​ ត្រៀមជួប​នឹង​ការ​ដាច់​ចរន្ត​​អគ្គិសនី និងទឹកកាន់តែខ្លាំង​
08/13/2026 07:08 PM
ក្រសួងការពារជាតិ៖ កតិកាសញ្ញាការពារជាតិទួរគី-ប៉ាគីស្ថាន-អារ៉ាប៊ីសាអ៊ូឌីត ចង់​ជំរុញសមត្ថភាពយោធារួម
08/13/2026 07:08 PM