UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា

ព័ត៌មានអន្តរជាតិ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm        213
ក្រុមតាមដានភាពអត់ឃ្លានសកលរបស់អង្គការសហប្រជាជាតិ(UN) និយាយថា ជាង ២ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ ស្របពេលដែលទីភ្នាក់ងារមនុស្សធម៌ កាត់បន្ថយលំហូរជំនួយ ដោយសារកង្វះខាតមូលនិធិ ។ការវាយតម្លៃចុងក្រោយរបស់ក្រុមចាត់ថ្នាក់កម្រិតធ្ងន់ធ្ងរភាពអត់ឃ្លាន អសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(IPC) រកឃើញ កម្រិតកង្វះខាតអាហារូបត្ថម្ភធ្ងន់ធ្ងរ ជាពិសេសនៅក្នុងចំណោមកុមារ បានធ្លាក់ចុះច្រើន ក្រោយការផ្គត់ផ្គង់ស្បៀងអាហារ និងសេវាកម្មអាហារូបត្ថម្ភ ត្រូវបានពន្លឿន បន្ទាប់ពីបទឈប់បាញ់ខែតុលា ឆ្នាំ ២០២៥ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ។ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍របស់ពួកគេបង្ហាញថា សន្ទុះជំនួយទាំងនោះ មានហានិភ័យបញ្ច្រាស់ ។ ការប្រើប្រាស់ស្បៀងអាហារ នៅតែពុំគ្រប់គ្រាន់ សម្រាប់គ្រួសារភាគច្រើន ហើយគ្រួសារមួយចំនួន ងាកទៅរកការសុំទាន និងរើសអាហារបរិភោគ ។ក្រុម IPC និយាយថា ចន្លោះពាក់កណ្តាលខែមេសា និងដំណាច់ខែមិថុនា មនុស្សជាង ១,២លាននាក់ ឬស្មើនឹងប្រហែល ៥៩ភាគរយនៃពលរដ្ឋតំបន់ហ្កាហ្សា បានប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរ ដែលអាចចាត់ថ្នាក់ថា ជាកម្រិតវិបត្តិ ឬកម្រិតធ្ងន់ធ្ងរ រួមទាំងមនុស្សប្រហែល ២១២.០០០នាក់ ស្ថិតក្នុងស្ថានភាពគ្រាអាសន្ន ។ ពួកគេបន្តថា កម្រិតមួយនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជាង ១,៤លាននាក់ ឬស្មើនឹង ៦៧ភាគរយនៃពលរដ្ឋហ្កាហ្សា នាខែធ្នូខាងមុខនេះ ។អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា លោកអគ្គលេខាធិការ Antonio Guterres បានបន្ទរការព្រមានមួយនេះផងដែរ ដោយរូបលោកនិយាយថា ការកើនឡើងវិបត្តិមនុស្សធម៌នេះ ឆ្លុះបញ្ចាំងពីការរឹតត្បិតការចូលដល់ជំនួយ ហើយនិងអំពើហិង្សាកំពុងបន្ត ។លោក Dujarric បន្តថា លោក Guterres បានអំពាវនាវផងដែរ ឲ្យពង្រឹងតួនាទីសម្របសម្រួលរបស់ UN ក៏ដូចជាជំរុញយន្តការសមូហភាព ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី ៕

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm        254
ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយនៅ​ថ្ងៃសុក្រ (ទី២៤ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា កិច្ចប្រជុំរបស់លោកជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ទទួលបាន​លទ្ធ​ផលជា​​ផ្លែផ្កា ដោយបន្ថែមថា ពេលវេលាបានមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍។ នេះបើយោងតាមការិល័យ​ប្រធានាធិបតីលីបង់​​។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យ​ប្រធានាធិបតីបានឱ្យដឹង​ថា លោក Aoun បានធ្វើការកត់សម្គាល់នេះ ខណៈពេលកំពុងទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) លោកស្រី Sandra De Waele រួមជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូត និងភារធារី។ លោក Aoun បាននិយាយថា ប្រទេសលីបង់នៅតែប្តេជ្ញាចិត្ត ចំពោះមាគ៌ានៃការកែទម្រង់ ហើយនឹងបន្តធ្វើការ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ទោះបីជាមានសង្គ្រាមក៏ដោយ។លោកបានមានប្រសាសន៍ថា «វត្តមានជាបន្តបន្ទាប់នៃកងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅលីបង់ (UNIFIL) នៅតែជាជម្រើសដ៏ល្អបំផុត សម្រាប់ដំណាក់កាលខាងមុខ» ដោយបន្ថែមថា ប្រសិនបើរឿងនេះមិនអាចធ្វើទៅបានទេ កងកម្លាំងផ្សេង​គួរតែត្រូវបានបង្កើតឡើង ដើម្បី​​មក​ជំនួស។ជាមួយ​គ្នានេះ លោក Aoun បានអំពាវនាវឱ្យ EU គាំទ្រការអនុវត្ត «រូបមន្តក្របខ័ណ្ឌ» ដោយបញ្ជាក់​ថា ស្ថិរភាពរបស់លីបង់ នឹងឆ្លុះបញ្ចាំងជាវិជ្ជមានទៅលើស្ថិរភាពរបស់ប្រទេសនានានៅទូទាំងតំបន់។ចំណែកលោកស្រី De Waele បានលើកឡើង​ថា ប្រទេសលីបង់បានឈរនៅចំណុចប្រសព្វមួយ ហើយកំពុងស្ថិតនៅចំណុចចាប់ផ្តើមនៃជំពូកថ្មី ដោយបន្ថែមថា EU បានគាំទ្រមាគ៌ារបស់ប្រទេស​នេះ​ឆ្ពោះទៅរកសន្តិសុខ ស្ថិរភាព និងកំណែទម្រង់។បើយោងតាមក្រសួងសុខាភិបាលលីបង់ បាន​ឱ្យដឹង​ថា ចាប់តាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ការវាយលុករបស់អ៊ីស្រាអែលលើលីបង់ បានសម្លាប់មនុស្សចំនួន ៤.៣២៩នាក់ និងបណ្ដាល​ឱ្យ​រង​របួស ១២.២៣៣នាក់ផ្សេងទៀត ខណៈដែលអ៊ីស្រាអែលនៅតែបន្តកាន់កាប់តំបន់នានា នៅភាគខាងត្បូង ទោះបីជាមានកិច្ចព្រមព្រៀងក៏ដោយ​៕

មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន

2026/07/24 08:27:17 pm        233
ប្រភពសន្តិសុខ បានឱ្យដឹង​នៅ​ថ្ងៃសុក្រ (ទី​២៤ ខែកក្កដា ឆ្នាំ២០២៦)ថា យ៉ាងហោចណាស់មនុស្ស ១៤នាក់ រួមទាំងបុគ្គលិកសន្តិសុខ មន្ត្រីនគរបាល​ និងមន្ត្រីនាយកដ្ឋានព្រៃឈើម្នាក់ ត្រូវបានសម្លាប់ នៅក្នុងហេតុការណ៍​បំផ្ទុះគ្រាប់បែកអត្តឃាត ដែលកំណត់គោលដៅលើ​ប៉ុស្តិ៍សន្តិសុខមួយកន្លែង​នៅខេត្ត Khyber Pakhtunkhwa ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ការវាយប្រហារនេះបានកើតឡើងនៅប៉ុស្តិ៍សន្តិសុខមួយកន្លែង ក្នុងតំបន់ Tank កាលពីយប់ថ្ងៃព្រហស្បតិ៍ នៅពេលដែលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតដឹកតាម​រថយន្ត បានបំផ្ទុះគ្រឿងផ្ទុះ ដែលបង្កឱ្យមានការផ្ទុះដ៏ខ្លាំងក្លា ដោយ​បណ្តាលឱ្យមានអ្នកស្លាប់ និង​របួស ព្រម​ទាំង​ការ​ខូចខាតយ៉ាងធ្ងន់ធ្ងរ។​ នេះបើយប្រភពដែល​បានប្រាប់សារព័ត៌មាន Xinhua ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ប្រភពបានបន្ថែមថា អ្នកស្លាប់ រួមមានទាហាន ៩នាក់ បុគ្គលិកនគរបាល​ ៤ នាក់ និងមន្ត្រីម្នាក់មកពីនាយកដ្ឋានព្រៃឈើខេត្ត។ ជាមួយ​គ្នានេះ ប្រភព​បាន​ឱ្យដឹង​ទៀតថា យ៉ាងហោចណាស់មនុស្ស ២៤នាក់ រួមមាន​ទាហាន ២០នាក់ និងបុគ្គលិកនគរបាល​ ៤នាក់ ក៏បានរងរបួសផង​ដែរ​នៅក្នុងការបំផ្ទុះនេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ។ប្រភពទាំង​នេះ បាន​បញ្ជាក់​ទៀតថា ក្នុងអំឡុងពេលប្រតិបត្តិការបោសសម្អាតជាបន្តបន្ទាប់ កងកម្លាំងសន្តិសុខបានសម្លាប់ពួកសកម្មប្រយុទ្ធ ៣នាក់ នៅតំបន់ជុំវិញនោះ​។ គ្មានក្រុមណាមួយចេញ​មក​អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះឡើយ​ ហើយ​ការស៊ើបអង្កេតកំពុងដំណើរការ៕

ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា

2026/07/24 08:26:48 pm        254
មន្រ្តីក្នុងស្រុកនិយាយថា មនុស្សយ៉ាងហោច ៤០នាក់ ត្រូវបានសម្លាប់ ក្រោយភ្លៀងធ្លាក់ខ្លាំងវាយប្រហាររដ្ឋ Assam ប្រទេសឥណ្ឌា ស្របពេលទឹកជំនន់បង្កការខូចខាតធ្ងន់ធ្ងរនៅតំបន់ភាគឦសានប្រទេសមួយនេះ ។រដ្ឋមន្រ្តីប្រចាំរដ្ឋ Assam លោក Himanta Biswa Sarma និយាយថា មនុស្សប្រហែល ៧០-៨០នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅក្នុងរដ្ឋរបស់លោក ។អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ និយាយថា មនុស្សជាង ៦៥ម៉ឺននាក់ បានរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំងនៅទូទាំងស្រុកចំនួន ១១ ។ក្រុមអាជ្ញាធរនិយាយថា ទន្លេ Brahmaputr ដែលស្ថិតនៅក្នុងចំណោមទន្លេធំជាងគេបំផុតរបស់ពិភពលោក ស្ថិតនៅលើកម្រិតទឹកគ្រោះថ្នាក់ នៅតាមតំបន់មួយចំនួន ។ រដ្ឋមួយនេះ តែងតែមើលឃើញការខូចខាតបង្កឡើងដោយសារទឹកហូរកើនឡើងស្ទើរតែរាល់ឆ្នាំ អំឡុងរដូវវស្សា ។ខណៈពេលនោះដែរ នគរបាលដែនដីសហព័ន្ធចាមមូ និងកាស្មៀ និយាយក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម X ថា ផ្លូវហាយវ៉េសំខាន់ Jammu-Srinagar បានបិទមិនអនុញ្ញាតឲ្យធ្វើចរាចរណ៍ ក្រោយហេតុការណ៍បំណាក់ដីជាច្រើន ។ ដោយឡែក អាជ្ញាធរនៅក្នុងរដ្ឋតំបន់ភ្នំហិម៉ាឡៃ Himachal Pradesh បានព្រមានពីទឹកជំនន់ដ៏គំហក់ ហើយនិងការជន់លិចនៅតាមតំបន់ជាច្រើនក្នុងរដ្ឋ ៕

ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់

2026/07/24 08:26:19 pm        219
សង្រ្គាមស៊ីវិលដ៏ឃោឃៅនៅក្នុងប្រទេសស៊ូដង់ បានបង្កបញ្ហាកាន់តែខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់ ស្របពេលដែលតម្លៃឱសថហក់ឡើងខ្ពស់ ។ អ្នកស្រី Nayla Hamad ដែលមានជំងឺមហារីកមាត់ស្បូននិយាយថា អ្នកស្រីគ្មានលទ្ធភាពទិញថ្នាំពេទ្យដែលអ្នកស្រីត្រូវការព្យាបាលនោះទេ ដោយសារតែការផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់ ។អ្នកស្រីបន្តថា រស់នៅក្នុងស្ថានភាពបែបនេះ ពិតជាពិបាកខ្លាំងណាស់ ហើយថ្លៃឱសថ បានកើនឡើងខ្ពស់កប់ពពក ។អ្នកស្រីនិយាយទៀតថា កាលពីមុន ពួកយើងគ្មានលទ្ធភាពទិញចំណីអាហារ ដោយសារតែវាមានតម្លៃខ្ពស់ខ្លាំងពេក ប៉ុន្តែបច្ចុប្បន្ន ពួកយើងប្រឈមទាំងការគ្មានលទ្ធភាពទិញចំណីអាហារ ហើយនិងលទ្ធភាពទិញឱសថដែលត្រូវព្យាបាលជំងឺមហារីក ។ក្រុមគ្រូពេទ្យនិយាយថា បើគ្មានការព្យាបាលត្រឹមត្រូវទេនោះ ចំនួនអ្នកជំងឺមហារីក នឹងបន្តកើនឡើងខ្ពស់ ពោលគឺវាបន្ថែមពីលើបញ្ហាកាត់ផ្តាច់ចរន្តអគ្គិសនី អំឡុងសង្រ្គាមស៊ីវិលមួយនេះ ។លោក Ahmed Omar Abdullah គឺជាប្រធានមន្ទីរពេទ្យមួយកន្លែងនៅក្នុងប្រទេសស៊ូដង់ និយាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អគ្គិសនីចាំបាច់ខ្លាំងណាស់ សម្រាប់ការព្យាបាលតាមវិទ្យុសកម្ម ៕

កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី

2026/07/24 08:25:41 pm        216
កម្មករយ៉ាងហោច ៣៩នាក់ ដែលបន្តជាប់ខ្លួននៅគម្រោងអណ្តូងរ៉ែ Pascua Lama ស្ថិតក្នុងតំបន់ Atacama របស់ប្រទេសឈីលី ប្រឈមនឹងសីតុណ្ហភាពត្រជាក់ និងស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ក្រោយព្រិលធ្លាក់ខ្លាំង បានបិទផ្លូវចូលទាំងអស់ ទៅកាន់ជំរំតំបន់ភ្នំដាច់ស្រយាលរបស់ពួកគេ ។លោក Hugo Perez គឺជាប្រធានសហព័ន្ធអណ្តូងរ៉ែឈីលី និយាយថា កម្មករទាំងនេះ បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់ខ្លាំងនៅពេលយប់ ពេលដែលសីតុណ្ហភាពចុះត្រជាក់រហូតដល់ -២៨អង្សាសេ ដោយគ្មានកម្តៅ ខណៈបំពង់កក ធ្វើឲ្យពួកគេគ្មានទឹកប្រើប្រាស់ ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនជីករ៉ែ Barrick បញ្ជាក់ថា កម្មករទាំងនោះ មានសុខភាពល្អជាទេ ដោយមានចំណីអាហារគ្រប់គ្រាន់ ទឹកស្អាត គ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងគ្រូពេទ្យនៅទីនោះ ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានឈីលី បានឲ្យដឹងថា ក្រុមហ៊ុន Barrick គ្រោងនឹងចុះប្រតិបត្តិការសង្រ្គោះតាមឧទ្ធម្ភាគចក្រឯកជននៅថ្ងៃសុក្រនេះ ពេលដែលស្ថានភាពអាកាសធាតុល្អប្រសើរឡើងបន្តិច ៕

មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី

2026/07/24 08:25:19 pm        224
រដ្ឋាភិបាលនិយាយថាអាកាសធាតុអាក្រក់ បង្កឲ្យមានការកាត់ផ្តាច់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងបិទផ្លូវនៅតំបន់ភាគកណ្តាលប្រទេសឈីលីដោយបានសម្លាប់មនុស្ស ១៣នាក់ និងមនុស្ស ៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។សេវាកម្មបង្ការនិងឆ្លើយតបគ្រោះមហន្តរាយជាតិឈីលី និយាយថា តំបន់ជាច្រើននៅក្នុងទីក្រុង Coquimbo ត្រូវបានកាត់ផ្តាច់ការផ្គត់ផ្គង់ទឹក ហើយទីក្រុង La Serena នឹងទទួលបានរថយន្តទឹក ៥០គ្រឿង ដើម្បីផ្តល់ទឹកស្អាតដល់អ្នកស្រុក ។ អ្នកស្រុកម្នាក់និយាយថា ពួកគេគ្មានទឹកប្រើប្រាស់អស់រយៈពេល ៥ថ្ងៃមកហើយ ។រដ្ឋាភិបាលឈីលីបានប្រកាសដាក់រដ្ឋក្នុងគ្រោះថ្នាក់នៅតំបន់ភាគកណ្តាល Coquimbo និងខេត្តភាគខាងជើង Huasco ស្ថិតនៅតំបន់ Atacama ។សារពត៌មានឈីលីរាយការណ៍ថា ផ្នែកជាច្រើននៅលើផ្លូវលេខ ៥ ដែលជាផ្លូវតភ្ជាប់ដ៏សំខាន់ទៅកាន់តំបន់ភាគខាងជើងឈីលីនៅតំបន់ Copiapo និងតំបន់ Atacama ត្រូវបានបិទដោយសារការងារបោសសម្អាត និងការវាយតម្លៃការខូចខាត ក្រោយអាកាសធាតុអាក្រក់ ៕

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm        235
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ នៅតំបន់ភាគនិរតី Lege-Cap-Ferret ប្រទេសបារាំង បានព្យាយាមពន្លត់អណ្តាតភ្លើង ស្របពេលដែលភ្លើងឆេះព្រៃ បង្ខំឲ្យមានការជម្លៀសខ្លួនមនុស្សជាង ១ម៉ឺននាក់នៅតំបន់ឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសបារាំង ។គួរឲ្យដឹងថា ភ្លើងឆេះព្រៃដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស បានឆាបឆេះដីព្រៃយ៉ាងហោច ២.៤០០ ហិកតា នៅភាគខាងលិចទីក្រុង Bordeaux ។ខណៈពេលនោះដែរ ប្រធានាធិបតីបារាំងលោក Emmauel Macron ប្រទេសរបស់លោកបានស្នើសុំជំនួយពីសហភាពអឺរ៉ុប ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃដ៏ធំមួយ នៅជិតតំពន់ឆ្នេរសមុទ្រអាត្លង់ទិករបស់ប្រទេសនេះ ។ លោកបានសរសេរនៅលើបណ្តាញព័ត៌មានសង្គម X ថា ស្ថានភាពនៅតែតានតឹងខ្លាំង ដោយសារភ្លើងឆេះព្រៃកំពុងរាលដាលនៅក្នុងប្រទេសរបស់លោក ជាពិសេសនៅក្នុងតំបន់ Gironde ។លោក Macron និយាយទៀតថា បារាំងបានស្នើសុំឲ្យមានដំណើរការនូវយន្តការការពារជនស៊ីវិលរបស់សហភាពអឺរ៉ុប ។ លោកថា មិនយូរប៉ុន្មានទេ ពួកយើងនឹងអាចពឹងផ្អែកលើការពង្រឹងកម្លាំងពីយន្តហោះ Canadair ២ គ្រឿង របស់ក្រូអាត យន្តហោះ Air Tractor ២ គ្រឿងរបស់ព័រទុយហ្គាល់ ក៏ដូចជាឧទ្ធម្ភាគចក្រ Black Hawk ២គ្រឿងមកពីសាធារណរដ្ឋឆែក និងស្លូវ៉ាគី ៕

អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់

2026/07/24 08:07:29 pm        225
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអូស្រ្តាលីលោក Don Farrell និយាយនៅថ្ងៃសុក្រនេះថា ការដាក់ពន្ធថ្មីដោយសហរដ្ឋអាមេរិក ពិតជាពុំត្រឹមត្រូវនោះទេ ហើយលោកនឹងបន្តជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់លើទំនិញអូស្រ្តាលី ។លោក Farrell និយាយថា លោកអាចនិយាយថា ពួកយើងខកចិត្តខ្លាំងបែបណាចំពោះការសម្រេចចិត្តរបស់ក្រុមតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។គួរឲ្យដឹងថា សហរដ្ឋអាមេរិកនឹងប្រមូលពន្ធចន្លោះពី ១០ ភាគរយទៅ ១២,៥ ភាគរយលើការនាំចូលពីដៃគូពាណិជ្ជកម្មសំខាន់ៗភាគច្រើន ជាវិធានការដ៏ធំបំផុតរបស់ខ្លួនក្នុងការកសាងជញ្ជាំងពន្ធឡើងវិញរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលត្រូវបានទម្លុះដោយតុលាការកំពូលអាមេរិក ។ការយកពន្ធថ្មីទាំងនេះធ្វើឡើង បន្ទាប់ពីការស៊ើបអង្កេតលើការបរាជ័យក្នុងសេដ្ឋកិច្ចរបស់ប្រទេសប្រហែល ៦០ ក្នុងការទប់ស្កាត់កម្លាំងពលកម្មដោយបង្ខំនៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេដែលបង្កគ្រោះថ្នាក់ដល់កម្មករអាមេរិក ៕

យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់

2026/07/24 08:06:55 pm        226
យោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេបានបញ្ចប់ជុំចុងក្រោយនៃការវាយប្រហារលើអ៊ីរ៉ង់នៅយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួន ។រូបភាពវីដេអូឃ្លីបចេញដោយទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិកនៅលើបណ្តាញព័ត៌មានសង្គមឃើញវីដេអូឃ្លាំមើលនៃការវាយប្រហារ ។ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារចុងក្រោយនេះ មានរយៈពេលជាង ២ម៉ោង ។ខណៈពេលនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trumpនិយាយថា ទីក្រុងតេហេរ៉ង់ មិនទាន់ត្រៀមខ្លួនរួចរាល់នោះទេ សម្រាប់កិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន ហើយសហរដ្ឋអាមេរិកត្រូវតែបន្តប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងអ៊ីរ៉ង់ ។លោកបន្តថា ពួកយើងកំពុងធ្វើបានល្អខ្លាំងណាស់ប្រឆាំងនឹងសាធារណរដ្ឋអ៊ិស្លាមអ៊ីរ៉ង់ ។ ពួកគេចង់បានអ្វីមួយ ដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ហើយពួកគេមិនទាន់ត្រៀមខ្លួននៅឡើយទេ ។លោក Trump បានសន្យាផងដែរថា នឹងដាក់ទោសអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តហ៊ូធីរបស់ពួកគេ ក្រោយក្រុមឧទ្ទាមយេម៉ែន វាយប្រហារនាវាដឹកប្រេង ២ គ្រឿងរបស់អារ៉ាប៊ីសាអ៊ូឌីត នៅក្នុងសមុទ្រក្រហម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM