ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

ការផ្ទុះ ត្រូវបានឮនៅក្នុងទីក្រុងដាម៉ាសអំឡុងដំណើរទស្សនកិច្ចរបស់លោក Macron ទៅកាន់ប្រទេសស៊ីរី

2026/07/07 11:50:37 pm        44
គ្រឿងផ្ទុះយ៉ាងហោចណាស់ពីរគ្រាប់ បានផ្ទុះឡើងនៅក្នុងរដ្ឋធានីដាម៉ាសរបស់ប្រទេសស៊ីរី អំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ទៅកាន់ប្រទេសនេះ។ មន្ត្រីសន្តិសុខម្នាក់បានប្រាប់សារព័ត៌មាន Al Jazeera ថា ការផ្ទុះបានកើតឡើងនៅក្នុងតំបន់មួយមានជនស៊ីវិលច្រើនដ៏មមាញឹក ដោយបានចាត់ទុកវាថាជា «សកម្មភាពឧក្រិដ្ឋកម្ម» និងបាននិយាយថាមានការបារម្ភថាមានអ្នកស្លាប់និងរបួសច្រើន។ អ្នកឆ្លើយឆ្លងសារព័ត៌មាន Al Jazeera ម្នាក់បាននិយាយថា ការផ្ទុះបានកើតឡើងនៅជិតក្រសួងទេសចរណ៍ និងសណ្ឋាគារមួយកន្លែងដែលលោក Macron ត្រូវស្នាក់នៅក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីដើម្បីជួបពិភាក្សាជាមួយសមភាគីស៊ីរី លោក Ahmed al-Sharaa។⁠ការិយាល័យរបស់លោក Macron បាននិយាយថា លោកប្រធានាធិបតីដែលកំពុងធ្វើដំណើរទៅជួបលោក al-Sharaa ពុំបានឮសំឡេងផ្ទុះនោះទេ ហើយដំណើរទស្សនកិច្ចបានបន្តធម្មតា។ អាជ្ញាធរបានបិទផ្លូវនានា ហើយការស៊ើបអង្កេតបានដំណើរការ។ កាលពីសប្តាហ៍មុន ការផ្ទុះមួយនៅហាងកាហ្វេមួយកន្លែងនៅទីក្រុងដាម៉ាសភាគកណ្តាលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩នាក់ និងរបួស ២០ នាក់ផ្សេងទៀត នេះបើយោងតាមក្រសួងសុខាភិបាលរបស់ប្រទេសស៊ីរី។

ន័រវ៉ែសជំរុញឱ្យចិនជួយនាំរុស្ស៊ីមកទៅ​កិច្ចចរចាសន្តិភាពអ៊ុយក្រែន

2026/07/07 11:41:14 pm        53
នាយករដ្ឋមន្ត្រីន័រវ៉ែស លោក Jonas Gahr Stoere បាននិយាយកាលពីថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) ថា ប្រទេសរបស់លោកចង់ឱ្យចិនប្រើប្រាស់ចំណង​ទាក់ទង​​របស់ខ្លួនជាមួយថ្នាក់ដឹកនាំរុស្ស៊ី ដើម្បីជួយនាំឱ្យមាន​នូវដំណោះស្រាយដែលទទួល​យក​បាន​ពី​ភាគីទាំង២ សម្រាប់សង្គ្រាម នៅអ៊ុយក្រែន ក៏ដូចជាសម្រាប់ជាប្រយោជន៍នៃទំនាក់ទំនងកាន់តែប្រសើរឡើង​ជាមួយតំបន់​អឺរ៉ុបផងដែរ។បន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នៅទីក្រុង Oslo លោក Stoere បានប្រាប់អ្នកសារព័ត៌មានថា៖ «ចិនទំនងគឺ​ជាប្រទេសដែលមានលទ្ធភាទាក់​ទងថ្នាក់ដឹកនាំរុស្ស៊ីបានល្អបំផុត និងដោយផ្ទាល់បំផុត។ យើងរំពឹង សង្ឃឹម និងជំរុញយ៉ាងខ្លាំងឱ្យប្រទេសចិនប្រើប្រាស់បណ្តាញនោះ»។ លោក​បាន​បញ្ជាក់​ថា ការពិភាក្សារបស់លោក​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ចិន ត្រូវបានផ្ដោត​ខ្លាំង​បំផុត​ លើ​បញ្ហា​អ៊ុយក្រែន។លោក Stoere បានបន្ថែមថា៖ «មាន​សក្តានុពល ចំពោះ​កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ រវាងអឺរ៉ុប និងចិន ប៉ុន្តែដរាបណាសង្គ្រាមនេះ នៅតែបន្ត ហើយប្រទេស​ចិនគឺ​ជាដៃគូជិតស្និទ្ធរបស់រុស្ស៊ី ឱកាសនោះមាន​កម្រិត​មិន​ទូលំទូលាយឡើយ​​»។លោក Wang កំពុងបំពេញ​ទស្សនកិច្ចនៅប្រទេសន័រវ៉ែស បន្ទាប់ពីបញ្ចប់ការ​ឈប់​សំចត ​​នៅដាណឺម៉ាក ស៊ុយអែត និងហ្វាំងឡង់​៕

អ្នកស្លាប់ពីគ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡាកើនឡើងឥតឈប់ ខណៈមនុស្សជិត២ម៉ឺននាក់នៅតែគ្មានជម្រក

2026/07/07 11:39:23 pm        56
ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីពីរលើកជាប់ៗគ្នានៅប្រទេសវ៉េណេស៊ុយអេឡាបានកើនឡើងដល់៣.៥៣៥ នាក់ ខណៈមនុស្សជិត ១៨.០០០នាក់នៅតែគ្មានផ្ទះសម្បែង ជាងមួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយនេះ បានវាយប្រហាររដ្ឋធានី និងតំបន់ឆ្នេរសមុទ្រក្បែរនោះ។ លោក Jorge Rodriguez សមាជិកសភាជាន់ខ្ពស់បាននិយាយថា ចំនួនផ្លូវការចុងក្រោយបានបង្ហាញថា មនុស្ស ១៦.៧៤០នាក់ បានរងរបួស និង១៧.៨៥៤ នាក់បានបាត់បង់ផ្ទះសម្បែងបន្ទាប់ពីការរញ្ជួយដីថ្ងៃទី ២៤ ខែមិថុនា កម្រិត៧,២ និង៧,៥ រ៉ិចទ័រ បានវាយប្រហារមុនក្រោយគ្នាប៉ុន្មានវិនាទី ប៉ុណ្ណោះ។ តួលេខថ្មីទាំងនេះបានគូសបញ្ជាក់ពីទំហំនៃគ្រោះមហន្តរាយនៅក្នុង និងជុំវិញរដ្ឋធានី Caracas និង ទីក្រុងឆ្នេរ La Guaira ជាតំបន់ឆ្នេរសមុទ្រដែលរងផលប៉ះពាល់ខ្លាំងបំផុត ខណៈការរិះគន់កើនឡើងលើការឆ្លើយតបរបស់រដ្ឋាភិបាល លោកស្រី Delcy Rodriguez ។អនុប្រធានសង្គមកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាបាននិយាយថា យ៉ាងហោចណាស់មនុស្ស ១២.៨០០ នាក់កំពុងស្នាក់នៅក្នុងជម្រកចំនួន ៨០កន្លែង នៅទូទាំងរដ្ឋធានី Caracas និងទីក្រុង La Guaira។លោកវេជ្ជបណ្ឌិត Mauricio Cerpa Calderon ទីប្រឹក្សាមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់នៃអង្គការសុខភាព Pan American Health Organization នៅទីក្រុងវ៉ាស៊ីនតោន បានព្រមានអំពីហានិភ័យសុខភាពដែលកំពុងកើនឡើងនៅក្នុងទីតាំងបណ្តោះអាសន្នទាំងនោះ ៕

ជប៉ុនប្រាប់​​ថា នាវាចិនត្រូវបានបណ្តេញចេញពីកោះមានជម្លោះ

2026/07/07 11:37:22 pm        45
ប្រទេសជប៉ុន បានឱ្យ​ដឹង​នៅថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួនបានបណ្តេញនាវា​ឆ្មាំល្បាត​ឆ្នេរ​ចំនួន ២គ្រឿងរបស់ចិន ចេញពីដែនទឹក ក្បែរកោះមានជម្លោះ ជា​ទី​ដែលទីក្រុងប៉េកាំងក៏ទាមទារផងដែរ​។នាវាទាំង ២ របស់ចិន​នេះ កំពុងចូលទៅកៀក​នឹង​នាវា​នេសាទរបស់​ជប៉ុនដែលកំពុងប្រតិបត្តិការ នៅក្នុងតំបន់នោះ។​ នេះបើយោងតាមឆ្មាំសមុទ្ររបស់​ជប៉ុន។ប្រទេសទាំង២ មានជម្លោះទឹកដីជា​យូរមក​ហើយ ពាក់​ព័ន្ធ​នឹង​ប្រជុំ​កោះ Senkaku ដែលគេស្គាល់ឈ្មោះ​នៅក្នុងប្រទេសចិនថា Diaoyu ដែល​​ស្ថិតនៅចន្លោះកោះ​តៃវ៉ាន់ និងកោះ Okinawa របស់ជប៉ុន។ ភាគី​ទាំង​២ បានពាក់ព័ន្ធ​អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្នុង​ភាពតានតឹងទ្វេភាគី ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី​ Sanae Takaichi បានធ្វើការអត្ថាធិប្បាយ អំពី​កោះ​តៃវ៉ាន់ កាលពីខែវិច្ឆិកាឆ្នាំមុន ជា​ការ​លើក​ឡើង​ដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។នាវាចិន បានចូលលើកចុងក្រោយទៅក្នុងដែនទឹកដែលជប៉ុនទាមទារជាទឹកដីរបស់ខ្លួន កាល​ពី​ថ្ងៃទី១០ ខែមិថុនា ប៉ុន្តែវាគឺ​កម្រកើតឡើង​​ណាស់ ដែល​មាន​ការ​ចូលទៅកៀក​នឹង​ទូកនេសាទរបស់​ជប៉ុន។តាម​រយៈ​សេចក្តីថ្លែងការណ៍ ឆ្មាំសមុទ្របាន​ឱ្យដឹង​ថា៖ «ខ្លួនបានចេញបញ្ជាឱ្យចាកចេញ ដោយបង្ខំឱ្យនាវា​ឆ្មាំ​ល្បាត​ឆ្នេរ​ចិនចាកចេញពីដែនទឹកជប៉ុនដោយជោគជ័យនៅវេលា​ម៉ោងប្រហែល ៩:២០នាទីព្រឹកថ្ងៃនេះ (ម៉ោងក្នុងស្រុក)។ លើសពីនេះ ឆ្មាំសមុទ្រ ត្រូវបានដាក់ពង្រាយ នៅជុំវិញទូក​នេសាទជប៉ុន ដើម្បីធានាសុវត្ថិភាព»។សេចក្តីថ្លែងការណ៍​នេះ​បាន​បន្ថែម​​ថា មាន​នាវា​ចិន​ចំនួន​ ៤​គ្រឿង ​ធ្វើ​ដំណើរ​ជុំវិញ​តំបន់​នោះ​ មុន​ពេល ​២​គ្រឿង​ចូល​ទៅ​ក្នុង​ដែនទឹក​ជប៉ុន៕

លោក Merz សាទរចំពោះកិច្ចព្រមព្រៀងនាវាមុជទឹកដ៏ធំ​របស់កាណាដាជាមួយអាល្លឺម៉ង់ និងន័រវ៉ែស

2026/07/07 11:34:33 pm        56
អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានសាទរចំពោះការសម្រេចចិត្តរបស់ប្រទេសកាណាដា ក្នុងការទិញនាវាមុជទឹកសាង​សង់​ដោយ​អាល្លឺម៉ង់-ន័រវ៉ែស ជាការជំរុញដ៏សំខាន់មួយដល់ទំនាក់ទំនងការពារជាតិឆ្លងមហាសមុទ្រអាត្លង់ទិក និងអឺរ៉ុប មុនកិច្ចប្រជុំកំពូលរបស់អង្គការ​ណាតូ នៅទីក្រុង Ankara ប្រទេសទួរគី។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីល្ងាចថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) លោក Merz បានលើកឡើង​ថា៖ «លោកនាយករដ្ឋមន្ត្រី Mark Carney ទើបតែបានប្រកាសថា ប្រទេសកាណាដាបានសម្រេចទិញនាវាមុជទឹកថ្នាក់​ Type 212CD សាងសង់ដោយ​អាល្លឺម៉ង់-ន័រវ៉ែស។ មុនកិច្ចប្រជុំកំពូលរបស់អង្គការ​ណាតូ រដ្ឋាភិបាលកាណាដា កំពុងផ្ដល់​សញ្ញាដ៏រឹងមាំមួយនៃកិច្ចសហប្រតិបត្តិការឆ្លងមហាសមុទ្រអាត្លង់ទិក និងអឺរ៉ុប ក្នុងឧស្សាហកម្មការពារជាតិ»។លោក Merz បានពិពណ៌នាអំពីកិច្ចព្រមព្រៀងនេះថា ជាការចាប់ផ្តើមនៃ «គម្រោងយុទ្ធសាស្ត្រដ៏សំខាន់មួយ» ដែលនឹងចងភ្ជាប់កាណាដា អាល្លឺម៉ង់ និងន័រវ៉ែសជាមួយគ្នាអស់រយៈពេលជាច្រើនទសវត្សរ៍។ លោកបានបន្ថែមថា «នេះ​គឺជាការបង្ហាញពីភាពជាដៃគូរយៈពេលវែង ដែលលាតសន្ធឹងហួសពីគោលនយោបាយសន្តិសុខ និងការពារជាតិ»។គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ លោក Carney បានបញ្ជាក់​ថា ក្រុមហ៊ុន Thyssenkrupp Marine Systems (TKMS) និងនាវាមុជទឹក Type 212CD របស់​ក្រុម​ហ៊ុននេះ ត្រូវបានជ្រើសរើស ដើម្បីយក​ទៅ​ជំនួសកងនាវាចាស់​ៗរបស់កងទ័ពជើងទឹកភូមិន្ទ​កាណាដា។ ការប្រកាសនេះ គឺជាការផ្គត់ផ្គង់ការពារជាតិដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រកាណាដា៕

អាមេរិកដើរតួនាទីនាំ​មុខបង្ហាញ​ក្ដី​បារម្ភ ​ ក្រោយ​ចិនបាញ់សាក​ល្បង​មីស៊ីលចូលមហាសមុទ្រប៉ាស៊ីហ្វិក

2026/07/07 11:31:29 pm        56
សហរដ្ឋអាមេរិក និងអូស្ត្រាលី បានបង្ហាញ​ក្ដី​បារម្ភ​ កាល​ពី​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) ជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង បន្ទាប់ពីប្រទេសចិនបានបាញ់សាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាការ​វិវត្ត​ចុងក្រោយបង្អស់ អំឡុង​ការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ខ្លួន​។ការសាកល្បងនេះ បានកើតឡើងក្រោយ ២ឆ្នាំ បន្ទាប់ពីប្រទេសចិនបានបាញ់មីស៊ីលបាលីស្ទិក​ចូលដែនទឹក នៅ​ក្បែរអនុតំបន់​ប៉ូលីណេស៊ី (Polynesia) របស់បារាំង ដោយ​នោះគឺ​ជាការបាញ់បង្ហោះមីស៊ីលបែបនេះលើកដំបូង នៅក្នុង​​ដែនទឹកអន្តរជាតិ ក្នុងរយៈពេលជាង ៤០ឆ្នាំ។អ្នកវិភាគបានលើក​ឡើង​ថា ការសាកល្បងនេះបានបង្ហាញពីសមត្ថភាពដែលកំពុងកើនឡើងរបស់ចិន ក្នុងការវាយប្រហារដីគោករបស់សហរដ្ឋអាមេរិក ដែលមើលឃើញមហាអំណាចតំបន់​អាស៊ីជាគូប្រជែងធំជាង​គេ​របស់ខ្លួន ទោះបីជាមានការជំរុញផ្សះផ្សាក្រោមការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump ក៏ដោយ​។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ លោក Tommy Pigott បាននិយាយថា៖ «នៅពេលដែលសហរដ្ឋអាមេរិកកំពុងធ្វើការយ៉ាងលំបាកជាងពេលណាៗទាំងអស់ ដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធនុយក្លេអ៊ែរ ប្រទេសចិនកំពុងធ្វើផ្ទុយពីនេះ»។លោកបានបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការបង្កើន​អាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងមិនច្បាស់លាស់របស់ទីក្រុងប៉េកាំង គឺជាក្ដី​បារម្ភយ៉ាងខ្លាំង ទាំង​ចំពោះតំបន់ និងពិភពលោក»។ក្រសួងការបរទេសបានជំរុញឱ្យប្រទេសចិន «ចូលរួមក្នុងការពិភាក្សា អំពីការគ្រប់គ្រងអាវុធដែលមានអត្ថន័យ និងប្តេជ្ញាចិត្ត ចំពោះការរៀបចំការជូនដំណឹងជាប្រចាំ សម្រាប់ការបាញ់មីស៊ីលបាលីស្ទិក​ និងការបាញ់បង្ហោះក្នុង​លំហអាកាសទាំងអស់»។តាម​រយៈ​សេចក្តីថ្លែងការណ៍មួយដែលបានចែករំលែកនៅលើបណ្ដាញសង្គម WeChat អ្នកនាំពាក្យកងទ័ពជើងទឹកចិន លោក Wang Xuemeng បានបញ្ជាក់​ថា ការបាញ់សាកល្បងនេះ គឺជា «ការរៀបចំជាប្រចាំនៃការហ្វឹកហ្វឺនយោធាប្រចាំឆ្នាំរបស់ប្រទេសចិន» ហើយថា «ប្រទេសពាក់ព័ន្ធត្រូវបានជូនដំណឹងជាមុន»៕

ណាតូត្រៀម សម្រាប់កិច្ចប្រជុំកំពូលដ៏លំបាក ខណៈលោក Trump ដាក់សម្ពាធលើ​​ការ​ចំណាយ

2026/07/07 11:16:27 pm        68
បណ្ដាមេដឹកនាំរបស់​អង្គការណាតូ (NATO) នឹងជួបជុំគ្នា នៅទីក្រុង Ankara ប្រទេស​ទួរគី នាថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បន្ទាប់ពីមាន​នូវ​រយៈពេលដ៏ច្របូកច្របល់ ៦ខែ​។ ហើយខណៈពេលដែលសហរដ្ឋអាមេរិក បន្តដាក់សម្ពាធសម្ព័ន្ធមិត្តរបស់ខ្លួនឱ្យបង្កើនការចំណាយលើវិស័យការពារជាតិ សមាជិក ៣១ប្រទេសផ្សេងទៀតនៃសម្ព័ន្ធភាព​នេះ សង្ឃឹមថា នឹង​អាច​ធ្វើឱ្យលោក Donald Trump ដែល​មិនអាចទាយទុកបាន ស្ងប់ចិត្ត​។កាល​ពី​ថ្ងៃចន្ទ អគ្គលេខាធិការអង្គការ​ណាតូ លោក Mark Rutte បានអំពាវនាវឱ្យសម្ព័ន្ធមិត្តបង្ហាញ «ផែនការច្បាស់លាស់ ជាក់ស្តែង និងគួរឱ្យទុកចិត្ត» ដើម្បីសម្រេចបាននូវគោលដៅចំណាយរបស់អង្គការនេះ​។ លោកបានលើក​ឡើង​ថា «លោក​ប្រធានាធិបតី Trump រំពឹងទាំងស្រុង​ថា សម្ព័ន្ធមិត្តទាំងអស់នឹងបោះជំហានទៅមុខភ្លាមៗ ហើយដើរលើផ្លូវឆ្ពោះ​ទៅកាន់ការ​ចំណាយ ៥ភាគរយ ហើយធ្វើវាដោយបន្ទាន់»។បណ្ដា​សមាជិករបស់អង្គការ​​ណាតូ នឹងបង្ហាញកិច្ចសន្យាអាវុធថ្មីតម្លៃ​រាប់សិបពាន់លានដុល្លារ នៅឯវេទិកាឧស្សាហកម្មមួយ នៅក្រៅកិច្ចប្រជុំកំពូល ខណៈដែលប្រទេស​ទាំង​នោះ​ព្យាយាមបង្ហាញលោក Trump ថាការសន្យាចំណាយ លើវិស័យការពារជាតិ កំពុងត្រូវ​បាន​បំពេញ។ក្នុងអំឡុងពេលទស្សនកិច្ច នៅទីក្រុងឡុងដ្រ៍ ប្រទេស​អង់គ្លេស កាលពីសប្តាហ៍មុន លោក Rutte បាននិយាយថា៖ «វាមិនពាក់ព័ន្ធនឹង​ការធ្វើឱ្យនរណាម្នាក់សប្បាយចិត្តនោះឡើយ​ តែ​វាគឺពាក់​ព័ន្ធនឹង​ការ​បំពេញ​តាម​សន្យា។ ហើយអ្វីដែលលោក Donald Trump រំពឹងទុក ជាការពិតណាស់ គឺការបំពេញ​តាម​សន្យា​»។កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ​ លោក Trump បានបង្ហោះរូបភាពនៃ​តារាង​មួយ​ នៅលើវេទិកាបណ្ដាញសង្កម​ Truth Social របស់លោក ដែលបង្ហាញពីថវិកាការពារជាតិរបស់សមាជិកអង្គការ​ណាតូ ដោយប្រៀបធៀបការចំណាយដ៏ច្រើនរបស់សហរដ្ឋអាមេរិកចំនួន ៩៩៩លានដុល្លារ ជាមួយនឹងតួលេខតិចតួច​ពីបណ្ដា​រដ្ឋអឺរ៉ុប ក្នុង​នោះ​រួមមាន​ទាំងចក្រភពអង់គ្លេស និងបារាំងផង​ដែរ​។ ជាមួយ​គ្នា​នេះដែរ​ ក្រៅ​ពី​បញ្ហា​ការចំណាយ​លើ​វិស័យ​ការពារជាតិ​ កិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ នៅរដ្ឋធានីរបស់​ទួរគីនេះ ត្រូវបានគេរំពឹងថា សម្ព័ន្ធមិត្តនឹងប្តេជ្ញាចិត្តផ្តល់ជំនួយយោធា​ជានិមិត្តរូបដ៏ធំ​​ចំនួន ៧០​ពាន់លានអឺរ៉ូ ដល់អ៊ុយក្រែន នៅឆ្នាំនេះ និងឆ្នាំក្រោយ៕

គណៈរដ្ឋមន្ត្រី៖ ប្រទេសជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយណាតូ

2026/07/07 11:13:43 pm        53
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីគណៈរដ្ឋមន្ត្រី លោក Minoru Kihara បានប្រាប់អ្នកយកព័ត៌មានថា ប្រទេសជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយណាតូ សមាជិក និងដៃគូរបស់ខ្លួន។ ដោយធ្វើអត្ថាធិប្បាយលើការបើកកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធានេះ នៅប្រទេសទួរគី លោកបាននិយាយថា៖ «ដើម្បីឆ្លើយតបឲ្យបានត្រឹមត្រូវចំពោះបញ្ហាប្រឈមសកល កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសដែលមានគំនិតដូចគ្នា គឺមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ប្រទេសជប៉ុនយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយណាតូ សមាជិក និងដៃគូរបស់ខ្លួន»។ លោក Kihara បានបញ្ជាក់ជាថ្មីនូវគំនិតដែលថា សន្តិសុខនៃតំបន់អឺរ៉ូ-អាត្លង់ទិក និងឥណ្ឌូ-ប៉ាស៊ីហ្វិក ត្រូវបានភ្ជាប់គ្នាយ៉ាងពេញលេញ ដោយសង្កត់ធ្ងន់ថា តាមរយៈការចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ប្រទេសជប៉ុនមានបំណងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយសម្ព័ន្ធមិត្តទាំងអស់។ ប្រទេសជប៉ុន នឹងត្រូវបានតំណាងនៅក្នុងកិច្ចប្រជុំកំពូលដោយរដ្ឋមន្ត្រីការបរទេស លោក Toshimitsu Motegi និងរដ្ឋមន្ត្រីការពារជាតិ លោក Shinjiro Koizumi។ លោកស្រីនាយករដ្ឋមន្ត្រី Sanae Takaichi ដំបូងឡើយត្រូវបានអញ្ជើញឲ្យចូលរួមជំនួបកំពូលនៅប្រទេសទួរគី ប៉ុន្តែលោកស្រីមិនអាចចូលរួមបាន ដោយសារតែកិច្ចប្រជុំនេះ ត្រូវធ្វើឡើង ស្របពេលជាមួយសម័យប្រជុំសភា។កិច្ចប្រជុំកំពូលណាតូ ប្រព្រឹត្តទៅនៅទីក្រុងអង់ការ៉ា នៅថ្ងៃទី ៧-៨ ខែកក្កដានេះ៕

លោក Trump៖ សង្គ្រាមអ៊ុយក្រែន ជិត​មានដំណោះស្រាយ​​ ក្រោយ​ជជែក​ជាមួយលោក Putin និងលោក Zelenskyy

2026/07/07 11:03:31 pm        51
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពី​​ថ្ងៃចន្ទ (ទី៦ ខែកក្កដា ឆ្នាំ២០២៦) បានបញ្ជាក់​ថា ដំណោះស្រាយ ចំពោះសង្គ្រាម ដែលមានអាយុកាលជាង ៤ឆ្នាំ នៅប្រទេស​អ៊ុយក្រែន «កាន់តែជិតមាន​​ជាងអ្វី​ដែលមនុស្សគ្រប់គ្នាស្មានដល់​​» ហើយថា លោកនឹងនិយាយអំពីបញ្ហា​អ៊ុយក្រែន ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទួរគី នាសប្តាហ៍នេះ នៅឯកិច្ចប្រជុំកំពូលរបស់អង្គការ​ណាតូ (NATO)។លោក Trump បានធ្វើការកត់សម្គាល់របស់លោកបែប​នេះ​ បន្ទាប់ពីបានជជែក​តាម​ទូរស័ព្ទ​ កាល​ពី​ចុងសប្តាហ៍កន្លង​មក​ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអ៊ុយក្រែនរបស់លោក គឺលោក Volodymyr Zelenskyy។ យ៉ាង​ណាក្ដី លោកមិនបានផ្តល់ហេតុផលជាក់លាក់ណាមួយ ពាក់​ព័ន្ធ​នឹង​ការអះអាងរបស់លោក ដែល​ថា ដំណោះស្រាយ ចំពោះជម្លោះនេះ​ គឺអាចនឹង​កើត​ឡើង​ឆាប់​ៗឡើយ​​ ស្របពេល​ដែល​ពេញមួយយប់ រុស្ស៊ីបានវាយប្រហារទីក្រុងគីវ និងតំបន់ជុំវិញ ដោយមីស៊ីល និងយានដ្រូន​ ដោយបានបណ្ដាល​ឱ្យ​មនុស្សតិចបំផុត​ ២៨​នាក់ស្លាប់​។នៅទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោកជឿថា ជំហររបស់សហរដ្ឋអាមេរិក លើរបៀបដោះស្រាយជម្លោះ នៅតែមិនផ្លាស់ប្តូរ។ ប៉ុន្តែលោក Zelenskyy ដែលត្រូវបានសម្ភាសដោយសារព័ត៌មាន Financial Times បានប្រាប់​ថា លោកជឿថា ប្រធានាធិបតីអាមេរិកកំពុងមើលជម្លោះនេះ តាម​របៀប​ថ្មី ដោយសារ​ភាពជោគជ័យថ្មីៗនេះ​របស់អ៊ុយក្រែន។លោក Trump បានប្រាប់អ្នកសារ​ព័ត៌មាននៅការិយាល័យប្រធានាធិបតី Oval Office ថា៖ «នេះគឺ​ជារឿងមួយដែលខ្ញុំគិតថា យើងកាន់តែកៀក​នឹង​អ្វីដែលមនុស្សគ្រប់គ្នា​ស្មាន​ដល់​។ លោកប្រធានាធិបតី Putin ចង់ឱ្យវាបញ្ចប់​។ ខ្ញុំនឹងប្រាប់អ្នកថា ច្បាស់លាស់ណាស់​។ ហើយលោកប្រធានាធិបតី Zelensky ពិតជាចង់ឱ្យវាបញ្ចប់ឥឡូវនេះ។ យើងនឹងទៅកិច្ច​ប្រជុំ​របស់ណាតូ ហើយយើងនឹងនិយាយអំពីវា ហើយខ្ញុំគិតថា យើងនឹងធ្វើវាបាន»​៕

រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់៖ ការគំរាមរបស់អាមេរិក ជាឧបសគ្គដល់​ការចរចា ស្ដី​ពី​កិច្ចព្រមព្រៀងចុងក្រោយ

2026/07/07 11:00:34 pm        64
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លើក​ឡើង​ថា ការចរចា ដើម្បីឈានដល់កិច្ចព្រមព្រៀងចុងក្រោយ រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន នឹងមិនចាប់ផ្តើមឡើងវិញទេ ប្រសិនបើការគំរាមកំហែងរបស់សហរដ្ឋអាមេរិក នៅតែបន្តមាន ដោយការ​និយាយ​នេះ​បាន​កើត​មាន​​បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា លោកនឹង «បញ្ចប់ការងារ​ទាំង​ស្រុង​​» ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានឈាន​ដល់​ទេ​នោះ​។លោក Abbas Araghchi សរសេរសារបង្ហោះ​នៅលើបណ្ដាញ​សង្គម​ X ថា «ការចរចា ស្ដី​ពី​កិច្ចព្រមព្រៀងចុងក្រោយ នឹងមិនចាប់ផ្តើមឡើយ​ ប្រសិនបើការគំរាមកំហែងនៅតែបន្តមាន​។ សូមមេត្តា​គោរពហត្ថលេខារបស់អ្នក»។គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀងបណ្តោះអាសន្នដែលត្រូវ​បានចុះហត្ថលេខាកាលពីខែមុន ដោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អំពាវនាវឱ្យភាគីទាំង២ ចៀសវាងកុំ​ប្រើ​ទាំងការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ប្រឆាំងគ្នាទៅវិញទៅមក​។ ហើយ​សេចក្តីថ្លែងការណ៍របស់ប្រេសិតជាន់ខ្ពស់​របស់​អ៊ីរ៉ង់រូប​នេះ​ បានកើតឡើងក្រោយ​ប៉ុន្មានម៉ោងបន្ទាប់ពីមានរបាយការណ៍ អំពីការវាយប្រហារលើនាវាពាណិជ្ជកម្ម ២គ្រឿង នៅច្រកសមុទ្រ Hormuz។ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយ​ការណ៍​ថា នាវាដឹកឧស្ម័នធម្មជាតិរាវ ១គ្រឿង ត្រូវបានវាយប្រហារ នៅ​ម្ដុំ​ឆ្នេរសមុទ្រអូម៉ង់ បន្ទាប់ពីមិនអើពើនឹងការព្រមាន ប៉ុន្តែមិនបានអះអាងដោយផ្ទាល់ អំពីការវាយប្រហារនោះទេ។ នាវា ១គ្រឿង​ទៀត មិនមានការលើកឡើងនោះទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថានគាំទ្រសកម្មភាពរបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ក្នុងការលើកកម្ពស់ជីវភាពសហគមន៍
07/28/2026 08:07 AM
គណៈបញ្ជាការឯកភាពរាជធានី បង្ក្រាបទីតាំងអនឡាញស្គេម នៅអគារព្រ៊ីន ខណ្ឌចំការមន ឃាត់ជនបរទេស៥៤នាក់
07/28/2026 08:07 AM
ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM