សារព័ត៌មាន៖ លោក TRUMP មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ៦០នាក់ ខណៈកាកបាទក្រហមសម្របសម្រួលការបញ្ជូនទៅកាន់ហ្កាហ្សា
អាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០នាក់ ដែលស្វែងរកជម្រកនៅការិយាល័យ UNHCR
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា

ព័ត៌មានអន្តរជាតិ

ចិន និងហ្វាំងឡង់ យល់ព្រមជំរុញកិច្ចសហប្រតិបត្តិការ និងដោះស្រាយបញ្ហាប្រឈមរួមគ្នា

2026/07/07 12:38:07 am        48
ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដែលបាn បំពេញទស្សនកិច្ចនៅ​ប្រទេសហ្វាំង​ឡង់​ កាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) បានសន្យាយ៉ាង​ម៉ឺងម៉ាត់​ថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល ព្រមទាំងដោះស្រាយបញ្ហាប្រឈមរួមគ្នា។អំឡុងពេលជួបជាមួយលោក Wang ក្នុង​ទីក្រុង Turku នៅ​ភាគនិរតីហ្វាំងឡង់ លោក Stubb បានស្នើ​លោក Wang ឲ្យផ្ញើសារជូនពរលោកទៅកាន់ប្រធានាធិបតីចិន លោក Xi Jinping ដោយលោកបាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកទៅ​កាន់ប្រទេសចិន កាលពីជាង ១ឆ្នាំមុន និងកិច្ចប្រជុំដ៏ជោគជ័យរបស់លោកជាមួយលោក Xi បានបន្សល់ទុកនូវការ​ចាប់​អារម្មណ៍យ៉ាងជ្រាលជ្រៅ និងរីករាយ។លោក Stubb បាននិយាយថា ចាប់តាំងពីហ្វាំងឡង់ និងចិន បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៥០ ប្រទេសចិនសម្រេចបាននូវ​សមិទ្ធផលគួរឱ្យកត់សម្គាល់នៅក្នុងវិស័យនានា​ ដូចជានយោបាយ សេដ្ឋកិច្ច ស្ថិរភាពសង្គម និងនវានុវត្តន៍​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបង្កើតបានជាការអភិវឌ្ឍដ៏មហស្ចារ្យ​។លោក Stubb បានសង្កត់ធ្ងន់ថា ប្រទេសហ្វាំងឡង់ទន្ទឹងរង់ចាំពង្រឹងការផ្លាស់ប្តូរកម្រិតខ្ពស់ជាមួយចិន ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលកំពុងរីកចម្រើន ដូចជាសេដ្ឋកិច្ចបៃតង និងបញ្ញាសិប្បនិម្មិត (AI) ពង្រឹងការសម្របសម្រួលពហុភាគី និងរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល។សម្រាប់​លោក Wang រដ្ឋ​មន្ត្រីការបទេស​រូប​នេះ បាននាំសារ​សួរសុខទុក្ខរបស់លោក Xi ទៅកាន់លោក Stubb ដោយនិយាយថា លោក Xi បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហ្វាំងឡង់ក្នុងឆ្នាំ២០១៧​ ក្នុងឱកាសខួប ១សតវត្សរ៍នៃការទទួលបាន​ឯករាជ្យរបស់ហ្វាំងឡង់ ដោយបង្ហាញពីការអបអរសាទរយ៉ាងស្មោះស្ម័គ្ររបស់ប្រជាជនចិន ចំពោះប្រជាជនហ្វាំងឡង់។ជាមួយ​គ្នានេះ ដោយ​បានកត់សម្គាល់ថា ស្ថានភាពអន្តរជាតិបច្ចុប្បន្នពោរពេញដោយភាពវឹកវរ និងភាពចលាចល ហើយពិភពលោកកំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃការដើរថយក្រោយទៅរកច្បាប់ព្រៃ លោក Wang បានបញ្ជាក់​ថា ប្រទេសចិននឹងបន្តជាកម្លាំងដ៏សំខាន់ សម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងពិភពលោក៕

កងទ័ពរុស្ស៊ីកំពុងជម្លៀសជនស៊ីវិល និងទាហានរងរបួសចេញទីក្រុង Konstantinovka

2026/07/07 12:36:10 am        55
មេបញ្ជាការកងវរសេនាធំទី២នៃកងវរសេនាធំកាំភ្លើងធំលេខ ១១៩៤នៃកងពលតូចកាំភ្លើងធំលេខ ៤ នៃក្រុមកងកម្លាំង Yug របស់រុស្ស៊ី លោក Krupny បានប្រាប់សារព័ត៌មាន TASS ថា កងទ័ពរុស្ស៊ីកំពុងជម្លៀសជនស៊ីវិល និងទាហានរងរបួសចេញពីទីក្រុង Konstantinovka។លោក Krupny បាននិយាយថា៖«ឥឡូវនេះ យើងកំពុងជម្លៀសជនស៊ីវិល និងទាហានរងរបួសរបស់យើង ស្របតាមផែនការដែលបានគ្រោងទុក»។នៅថ្ងៃទី ០៣ ខែកក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាសពីការរំដោះ បានទីក្រុង Konstantinovka។ ក្នុងអំឡុងពេលកិច្ចប្រជុំមួយនៅប៉ុស្តិ៍បញ្ជាការជំនួយមួយនៃក្រុមកងកម្លាំងរួមរបស់រុស្ស៊ី លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានណែនាំមន្ត្រីឲ្យធានាការជម្លៀសជនស៊ីវិលដែលនៅសេសសល់នៅក្នុងតំបន់ Konstantinovka នៃសាធារណរដ្ឋប្រជាមានិត Donetsk៕

លោក Netanyahu៖ ភូមិគ្រិស្តសាសនាលីបង់ខ្លះ​ «បានស្នើឱ្យអ៊ីស្រាអែលបញ្ចូលជា​ដែន​ដី​ឧសម្ព័ន្ធ​​»

2026/07/07 12:31:54 am        88
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាល​ពី​ថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) ថា ភូមិអ្នក​កាន់​សាសនាគ្រិស្តមួយចំនួន នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ បានស្នើសុំឱ្យអ៊ីស្រាអែលបញ្ចូលជាដែនដី​ឧបសម្ព័ន្ធ​ ដើម្បីទទួលបាន​ការការពារពីក្រុម​សកម្មប្រយុទ្ធហេសបូឡា។លោក Netanyahu បានប្រាប់កម្មវិធី The Sunday Briefing របស់ប្រព័ន្ធផ្សព្វផ្សាយ​ Fox News ថា៖ «ភូមិគ្រិស្តសាសនាជាច្រើន​ នៅលីបង់ ក្នុងចំណោមភូមិទាំងនោះ ពិតជាបានស្នើសុំឱ្យបញ្ចូលជា​ដែន​ដី​ឧបសម្ព័ន្ធ​ដោយ​អ៊ីស្រាអែល ពីព្រោះយើងការពារពួកគេពីក្រុម​ហេសបូឡា​ ពី​អ្នកគាំទ្រក្រុម​ហេសបូឡា​យ៉ាង​ងប់ងុល​ដែលចង់សម្លាប់ពួកគេ ហើយយើងធ្វើរឿងដូចគ្នាជាមួយគ្រិស្តសាសនាគ្រប់ទីកន្លែង»។លោក Netanyahu មិនបានប្រាប់ឈ្មោះភូមិគ្រិស្តសាសនាដែលលោកបាននិយាយថា បានធ្វើការស្នើសុំបែបនេះឡើយ​។ មេ​ភូមិគ្រិស្តសាសនា Rmeish គឺលោក Hanna al-Amil ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយសាធារណៈលីបង់ NNA ដែល​បាន​បដិសេធការអះអាងរបស់លោក Netanyahu។លោក Amil បាននិយាយថា សូម្បីតែការពិចារណាលើគំនិតនេះ ក៏ «មិនអាចទទួលយកបានទាំងស្រុង» ហើយបានបញ្ជាក់ថា «ទីក្រុងគ្រិស្តសាសនាចំនួន ១៥ បានចេញសេចក្តីថ្លែងការណ៍មួយ​ កាលពី ២ថ្ងៃមុន ដោយបដិសេធការលើក​ឡើង​ទាំងនេះ»។ប្រទេសលីបង់ត្រូវបានអូសទាញឱ្យ​ចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដ៏ទូលំទូលាយ កាល​ពី​ថ្ងៃទី២ ខែមីនា នៅពេលដែលក្រុម​ហេសបូឡា​បានបាញ់រ៉ូកែតទៅលើអ៊ីស្រាអែល ដើម្បីសងសឹក ចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុង​ការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ អ៊ីស្រាអែលបានឆ្លើយតបដោយការវាយប្រហារតាមអាកាសដ៏ធំ និងការឈ្លានពានផ្លូវ​គោក នៅភាគខាងត្បូងលីបង់ ជាកន្លែងដែលកងទ័ពរបស់ខ្លួន ឥឡូវនេះកាន់កាប់ទឹកដីជាច្រើន នៅជិតព្រំដែន៕

មនុស្សយ៉ាងតិច​​ ១០នាក់ត្រូវបានសម្លាប់ដោយសារ​​ការវាយប្រហារលើកទី២ របស់រុស្ស៊ី លើក្រុងគីវ ត្រឹម​ ១សប្តាហ៍

2026/07/07 12:22:40 am        43
អភិបាល​យោធាជាន់ខ្ពស់​របស់រដ្ឋធានី បាន​ប្រាប់​ឱ្យ​ដឹង​ថា មនុស្សយ៉ាងហោចណាស់ ១០នាក់ត្រូវបានសម្លាប់ បន្ទាប់ពីមាន​ការវាយប្រហារលើកទី២ របស់រុស្ស៊ី លើទីក្រុងគី​វ ដែល​វា​កើត​ឡើង​ក្នុងរង្វង់​រយៈពេល ១សប្តាហ៍។ជាមួយ​គ្នា​នេះ អ្នក​គ្រប់​គ្រង​រូប​នោះ គឺ​លោក Timur Tkachenko បានឱ្យ​ដឹង​បន្ថែមទៀត​ថា មនុស្ស ៤៦នាក់ផ្សេង​ទៀត​ បានរងរបួស ក្នុង​នោះ​មាន​ទាំងកុមារ ៥នាក់ផង​ដែរ​។ លោក Tkachenko បានបង្ហោះនៅលើកម្មវិធី​ផ្ញើសារ Telegram ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ កំពុងបន្ត​នៅទីតាំងជាង ២០កន្លែង ដោយបញ្ជាក់​ថា អគារលំនៅឋាន​ខ្ពស់ៗ ត្រូវបានវាយប្រហារនៅក្នុងតំបន់​ចំនួន២​។ការវាយប្រហារទាំងនេះបានកើតឡើងនៅមុនថ្ងៃមាន​កិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ (NATO) នៅប្រទេសទួរគី ជាកន្លែងដែលប្រធានាធិបតីអ៊ុយក្រែន លោក​ Volodymyr Zelenskyy ត្រូវបានគេរំពឹងថា នឹងជួប​ពិភាក្សា​ជាមួយលោក​ប្រធានាធិបតីអាមេរិក Donald Trump។ប៉ុន្មានម៉ោងមុនមាន​ការវាយប្រហារចុងក្រោយបំផុតនេះ​ លោក Zelenskyy បានព្រមានថា ទីក្រុងមូស្គូកំពុងរៀបចំ «ការវាយប្រហារដ៏ធំ» លើកទី២ លើទីក្រុងគីវ បន្ទាប់ពីការវាយប្រហាររបស់ខ្លួន កាល​ពី​ថ្ងៃព្រហស្បតិ៍សប្ដាហ៍កន្លង​មក បានសម្លាប់មនុស្ស ៣០នាក់។អភិបាលក្រុង លោក Vitaly Klitschko បាននិយាយថា មីស៊ីលបាលីស្ទិក​របស់រុស្ស៊ី បានវាយប្រហារចំអគារជាច្រើនខ្នង​ នៅទូទាំងទីក្រុង ដោយបន្ថែមថា អគ្គិភ័យបានឆាប​ឆេះ​ឡើងនៅក្នុងអគារផ្ទះល្វែងមួយចំនួន​។រូបថត​ពីទីក្រុងគីវ បង្ហាញពីកម្ទេចកម្ទីដែលកំពុងមាន​ភ្លើង​ឆេះ និងរថយន្តត្រូវ​បាន​ឆេះខ្ទេចខ្ទី ពាស​ពេញទីក្រុង។ វីដេអូក៏បង្ហាញពីក្រុមជួយសង្គ្រោះ​បន្តរុករកកម្ទេចកម្ទីនៅព្រឹកថ្ងៃចន្ទ (ទី​៦ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដើម្បីស្វែងរកអ្នកនៅ​រស់រានមានជីវិត៕

មនុស្សយ៉ាងហោច ២៥នាក់ស្លាប់ ក្នុងការប៉ះទង្គិចគ្នានៅពន្ធនាគាររបស់ប្រទេសស្រីលង្កា

2026/07/07 12:17:14 am        55
សារព័ត៌មានក្នុងសុ្រករាយការណ៍ដោយលើកប្រភពពីក្រុមនគរបាលថា មនុស្សយ៉ាងហោច ២៥នាក់ ត្រូវបានសម្លាប់ និងមនុស្សជិត ១០០នាក់ផ្សេងទៀត បានរងរបួស ពេលដែលការប៉ះទង្គិចគ្នាដោយហិង្សាក្នុងពន្ធនាគារ ស្ថិតនៅទីក្រុង Negombo ប្រទេសស្រីលង្កា ចូលដល់ថ្ងៃទី ២ នាថ្ងៃចន្ទនេះ ។អំពើហិង្សា បានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ ពេលដែលគូប្រជែងរបស់ទណ្ឌិត បានប៉ះទង្គិចគ្នានៅក្នុងពន្ធនាគារ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និងមនុស្ស ៣៨នាក់ផ្សេងទៀត រងរបួស ។ អំឡុងភាពរំជើបរំជួលនេះ ទណ្ឌិតជាស្រ្តី បាននាំគ្នាឡើងលើដំបូលអគារ ដើម្បីតវ៉ា ។អ្នកទោសដែលរងរបួស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខណៈអ្នករងរបួសធ្ងន់ធ្ងរ ២នាក់ ត្រូវបានបញ្ជូនព្យាបាលនៅមន្ទីរពេទ្យជាតិ ស្ថិតក្នុងរដ្ឋធានី Colombo ។យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ការប៉ះទង្គិចគ្នាដោយហិង្សា បានកើតមានម្តងទៀតនៅថ្ងៃចន្ទនេះ ជំរុញឲ្យចំនួនមនុស្សស្លាប់កើនឡើងដល់យ៉ាងហោច ២៥នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួស ។ខណៈពេលនោះដែរ ក្រុមអាជ្ញាធរពន្ធនាគារ បានបើកការស៊ើបអង្កេតចំពោះមូលហេតុដែលនាំឲ្យកើតមានការប៉ះទង្គិចគ្នាដោយហិង្សានេះ ៕

មេបញ្ជាការកងទ័ពអ៊ីស្រាអែលសន្យាធ្វើសកម្មភាព «យ៉ាងម៉ឺងម៉ាត់» ប្រឆាំងនឹងក្រុមហេសបូឡា

2026/07/07 12:14:34 am        35
មេបញ្ជាការយោធាអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) បានទៅពិនិត្យមើល​កងកម្លាំងដែលដាក់ពង្រាយនៅជុំវិញប្រាសាទ Beaufort នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ដោយសន្យា​យ៉ាង​ម៉ឺងម៉ាត់​ជំរុញយុទ្ធនាការប្រឆាំងនឹងក្រុមហេសបូឡា។យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ​ដោយយោធា បាន​ឱ្យ​ដឹង​ថា ឧត្តមសេនីយ៍ឯក លោក​ Eyal Zamir បានប្រាប់ទាហានក្នុងអំឡុងពេលនោះ​ថា៖ «កងកម្លាំង IDF (កងកម្លាំង​ការពារ​ជាតិ​អ៊ីស្រាអែល​) នឹងបន្តប្រតិបត្តិការយ៉ាងម៉ឺងម៉ាត់ ដើម្បីលុបបំបាត់ការគំរាមកំហែងចេញពីទឹកដីលីបង់ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅជាប្រតិបត្តិការវាយលុក ប្រសិនបើបទឈប់បាញ់ត្រូវបានរំលោភបំពាន»។កងកម្លាំងអ៊ីស្រាអែលបានរឹបអូសកាន់កាប់​ប្រាសាទសម័យសង្គ្រាមសាសនា និងតំបន់ជុំវិញប្រាសាទ​​ថ្មីៗនេះ ដោយផ្តល់ឱ្យយោធានូវមូលដ្ឋានយុទ្ធសាស្ត្រដែលខ្លួនធ្លាប់កាន់កាប់អស់រយៈពេលជិត ២ទសវត្សរ៍មកហើយ។អ៊ីស្រាអែលឱ្យដឹង​ថា ខ្លួនបានរកឃើញបណ្តាញផ្លូវរូងក្រោមដី នៅក្រោមប្រាសាទនេះ​ ដោយបញ្ជាក់​ថា វាត្រូវបានសាងសង់ឡើង ដើម្បី​ឱ្យយុទ្ធជនរបស់​ក្រុមសកម្មប្រយុទ្ធលីបង់ គឺហេសបូឡា​ មាន​នូវមជ្ឈមណ្ឌលវាយប្រហារដែលមានកំពែងរឹងមាំ ត្រឹមតែប៉ុន្មានគីឡូម៉ែត្រពីទឹកដីអ៊ីស្រាអែល។ដោយសំដៅទៅលើកិច្ចព្រមព្រៀងសម្របសម្រួលដោយសហរដ្ឋអាមេរិកថ្មីៗនេះ រវាងអ៊ីស្រាអែល និងលីបង់ ដែលមានបំណងបញ្ឈប់អរិភាពជាអចិន្ត្រៃយ៍ លោក Zamir បាននិយាយកាលពីថ្ងៃអាទិត្យថា៖ «សកម្មភាពកងទ័ពរបស់យើងនៅតំបន់​​ Beaufort Ridge និងទូទាំងភាគខាងត្បូងលីបង់ កំពុងត្រូវបានអនុវត្តស្របតាមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង និងយន្តការដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងនេះ»៕

ក្រសួងសុខាភិបាលប៉ាឡេស្ទីននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ម្នាក់ នៅតំបន់វេសបែង

2026/07/07 12:10:49 am        54
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបាញ់សម្លាប់ក្មេងប្រុសអាយុ ១៦ ឆ្នាំម្នាក់ នៅតំបន់វេសបែង (West Bank) កាលពីថ្ងៃអាទិត្យ ដែលជាការសម្លាប់ក្មេងជំទង់ប៉ាឡេស្ទីនលើកទី២ ក្នុងរយៈពេលមួយសប្តាហ៍។ក្មេងប្រុសពីរនាក់ផ្សេងទៀត ដែលទាំងពីរមានអាយុ ១៤ ឆ្នាំ បានរងរបួស នៅក្នុងហេតុការណ៍នៅជំរំជនភៀសខ្លួន Qalandia ជិតទីក្រុងរ៉ាម៉ាឡា( Ramallah) នេះបើយោងតាមក្រសួង។ក្រសួងបាននិយាយថា៖«យុវជន Waleed Nidal Waleed Abu Sneineh អាយុ ១៦ឆ្នាំ ត្រូវបានប្រកាសថា បានស្លាប់ បន្ទាប់ពីត្រូវបានបាញ់ដោយកងកម្លាំងអ៊ីស្រាអែល»។«កុមារពីរនាក់ផ្សេងទៀតបានរងរបួសដោយគ្រាប់កាំភ្លើងនៅអវយវៈខាងក្រោម ក្នុងហេតុការណ៍ដូចគ្នានោះ»៕

របាយការណ៍៖ លោក Netanyahu កោះប្រជុំសន្តិសុខ​ ដើម្បីអនុម័តទីតាំង​ដកទ័ពអ៊ីស្រាអែល នៅលីបង់

2026/07/07 12:08:24 am        52
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំសន្តិសុខកម្រិតខ្ពស់ កាលពី​ថ្ងៃអាទិត្យ (ទី៥ ខែកក្កដា ឆ្នាំ២០២៦) ដើម្បីអនុម័តទីតាំងដកទ័ពដែលបានគ្រោងទុក សម្រាប់កងកម្លាំងអ៊ីស្រាអែល នៅភាគខាងត្បូងនៃ​ប្រទេសលីបង់ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌដសម្របសម្រួលដោយសហរដ្ឋអាមេរិក។​ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ុស្តិ៍លេខ១៣ របស់អ៊ីស្រាអែល ដោយដកស្រង់ប្រភពព័ត៌មាន បានឱ្យដឹង​ថា មន្ត្រីយោធាជាន់ខ្ពស់ និងសន្តិសុខ បានចូលរួមកិច្ចប្រជុំនេះ​ ដោយ​ផ្តោតលើការកំណត់តំបន់ដែលរួមបញ្ចូលនៅក្នុងដំណាក់កាលដកទ័ពដំបូង និងយន្តការ សម្រាប់អនុវត្តចំណាត់ការ​នេះ ដោយសម្របសម្រួលជាមួយភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។កិច្ចប្រជុំនេះកើតឡើង ខណៈដែលអ៊ីស្រាអែល និងលីបង់ បន្តទំនាក់ទំនងសម្របសម្រួលដោយសហរដ្ឋអាមេរិក ជុំវិញ​ការរៀបចំទីតាំង​​ជាក់​ស្ដែង​ រួមទាំងការកំណត់អ្វីដែលមន្ត្រីអ៊ីស្រាអែលពិពណ៌នាថា ជា «តំបន់គ្មានក្រុម​ហេសបូឡា​» ដើម្បីការពារកុំ​ឱ្យ​កើត​ជម្លោះ​ ឬការគណនាខុសក្នុងអំឡុងពេលដំណើរការដកទ័ព។ អ៊ីស្រាអែលមិនទាន់បានចាប់ផ្តើមដកទ័ពចេញពីតំបន់ដែលបានកំណត់នៅឡើយទេ ដោយភ្ជាប់ចំណាត់​ការ​នេះទៅនឹងការធានាថា កងទ័ពលីបង់ត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ពង្រាយ និងគ្រប់គ្រង រួមជាមួយនឹងការរៀបចំត្រួតពិនិត្យអន្តរជាតិ។គួរបញ្ជាក់​ថា ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រប​សម្រួល​ដោយ​​សហរដ្ឋអាមេរិក ដែលបានចុះហត្ថលេខាកាល​ពី​ថ្ងៃទី២៦ ខែមិថុនា អ៊ីស្រាអែលបានយល់ព្រមអនុវត្តដំណើរ​ការដក​ទ័ពបន្តិចម្តងៗចេញពីទឹកដីលីបង់ ដោយចាប់ផ្តើមជាមួយនឹងតំបន់សាកល្បងចំនួន​២។ កិច្ចព្រមព្រៀងនេះ មិនបានកំណត់ពេលវេលា ដើម្បី​ឲ្យ​មាន​ការដកទ័ពរបស់អ៊ីស្រាអែលពេញលេញនោះទេ ហើយភ្ជាប់ការដាក់ពង្រាយបន្ថែមទៀតទៅកងទ័ពលីបង់ ដែលទទួលខុសត្រូវទាំង​ស្រុង ចំពោះ​សន្តិសុខ នៅក្នុងតំបន់ដែលត្រូវបានជម្លៀសចេញ និងការរំសាយអាវុធក្រុមប្រដាប់អាវុធប្រតិបត្តិការនៅក្រៅការគ្រប់គ្រងរបស់រដ្ឋ ដែល​ជាក់ស្តែងសំដៅទៅលើក្រុម​ហេសបូឡា៕

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល៖ គ្មានភាពប្រេះឆារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ

2026/07/07 12:03:35 am        70
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងអំឡុងបទសម្ភាសន៍ជាមួយ Fox News Channel ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ទី ៥ ខែកក្កដា បានបដិសេធការលើកឡើងអំពីភាពប្រេះឆាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ដោយនិយាយថា មេដឹកនាំទាំងពីរយល់ស្របគ្នា ៩៩% ហើយជាធម្មតាតែតែដោះស្រាយភាពខ្វែងគំនិតគ្នាណាមួយ។លោក Netanyahu បាននិយាយថា សកម្មភាពរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់អាចជួយត្រួសត្រាយផ្លូវសម្រាប់កិច្ចព្រមព្រៀងសន្តិភាពក្នុងតំបន់បន្ថែមទៀត។ ការថ្លែងលើកឡើងរបស់លោក បានធ្វើឡើងបន្ទាប់ពីលោក Trump បានប្រាប់សារព័ត៌មាន Axios ថា លោក Netanyahu បានស្នើសុំជំនួបនៅសេតវិមានដែលអាចធ្វើឡើងនៅដើមសប្តាហ៍ក្រោយ។លោកប្រធានាធិបតីអាមេរិក បាននិយាយថា ជំនួបនៅសេតវិមានអាចធ្វើឡើងបន្ទាប់ពីលោកត្រឡប់ពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់សម្ព័ន្ធយោធាណាតូដែលនឹងប្រព្រឹត្តទៅនៅឆ្នាំនេះក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី ថ្ងៃទី ៧ និងទី ៨ ខែកក្កដា។ប៉ុន្តែកិច្ចប្រជុំនេះបានកើតឡើងខណៈភាពតានតឹងរវាងលោក Trump និងលោក Netanyahu បានលេចចេញជាសាធារណៈ។ អ៊ីស្រាអែលបានប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងក្រោមរដ្ឋបាលលោក Trump ក្នុងការចរចាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ហើយលោក Trump បានរិះគន់លោក Netanyahu ដោយបើកចំហចំពោះការវាយប្រហារជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើប្រទេសលីបង់ ដែលគំរាមដល់កិច្ចព្រមព្រៀងណាមួយដែលបានចរចា។

កូវ៉ែត ចាប់ផ្តើមមូលនិធិសង្គ្រោះ១០០លានដុល្លារដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញដោយសង្គ្រាម

2026/07/07 12:01:53 am        57
ប្រទេសកូវ៉ែត បានប្រកាសកាលពីថ្ងៃអាទិត្យអំពីការចាប់ផ្តើមដំណើរការមូលនិធិឆ្លើយតបបន្ទាន់ដែលមានធនធានដំបូងចំនួន១០០លានដុល្លារអាមេរិក ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសដើម្បីជួសជុលអគារដែលខូចខាតក្នុងសង្គ្រាមអ៊ីរ៉ង់។លោក Sheikh Jarrah Jaber Al-Ahmad Al-Sabah រដ្ឋមន្ត្រីការបរទេសកូវ៉ែត បាននិយាយក្នុងសន្និសីទសារព័ត៌មានថា មូលនិធិឆ្លើយតបបន្ទាន់របស់ប្រទេសកូវ៉ែត ដែលបានដាក់ឱ្យដំណើរការដោយមូលនិធិកូវ៉ែតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចអារ៉ាប់ (KFAED) មានគោលបំណងបង្កើតក្របខ័ណ្ឌហិរញ្ញប្បទានសង្គ្រោះបន្ទាន់ និងជំរុញការឆ្លើយតបវិបត្តិរបស់ប្រទេស។លោករដ្ឋមន្ត្រីនិយាយថា មូលនិធិនេះនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកូវ៉ែតក្នុងការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលត្រូវបានបំផ្លាញជាអ្វីដែលលោកបានពិពណ៌នាថាជា «ការឈ្លានពានរបស់អ៊ីរ៉ង់»។ នៅថ្ងៃទី២៨ ខែកុម្ភៈ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។ ទីក្រុងតេអេរ៉ង់ បានសងសឹកដោយការវាយប្រហារដោយមីស៊ីលនិងយានដ្រូនដាក់គោលដៅលើមូលដ្ឋានយោធាអ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅក្នុងប្រទេសនានាដែលនៅជិតខាង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សារព័ត៌មាន៖ លោក TRUMP មានសុទិដ្ឋិនិយមចំពោះលទ្ធភាពនៃកិច្ចព្រមព្រៀងសន្តិភាពនៅអ៊ុយក្រែន
07/28/2026 02:07 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យបើកការស្រាវជ្រាវ និងអនុវត្តវិធានការច្បាប់ ករណី​យុវជន​តាំង​ខ្លួន​កូន​ខ្លា​បង្ក​ហិង្សា​នៅខណ្ឌចំការមន
07/28/2026 02:07 PM
អ៊ីស្រាអែលដោះលែងអ្នកទោសប៉ាឡេស្ទីន ៦០នាក់ ខណៈកាកបាទក្រហមសម្របសម្រួលការបញ្ជូនទៅកាន់ហ្កាហ្សា
07/28/2026 02:07 PM
អាជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១០០នាក់ ដែលស្វែងរកជម្រកនៅការិយាល័យ UNHCR
07/28/2026 02:07 PM
Paolo Maldini និង Leonardo លាលែងពីតំណែងក្នុងសហព័ន្ធបាល់ទាត់អ៊ីតាលី បង្កវិបត្តិថ្មីដល់ក្រុមជម្រើសជាតិ
07/28/2026 02:07 PM
Manchester City ព្យាយាមរក្សា Rodri ខណៈ Real Madrid បន្តដាក់សម្ពាធចង់នាំយកទៅ Bernabéu
07/28/2026 02:07 PM
ផលិត​ផល​ក្នុង​ស្រុក​កាន់​តែ​រីក​ចម្រើន​ ពង្រីក​វត្ត​មាន​នៅ​ផ្សារ​ទំនើប​ ឆ្លើយ​តប​តម្រូវ​ការ​ទីផ្សារ​
07/28/2026 02:07 PM
បាល់ទាត់អង់គ្លេសសាកល្បងច្បាប់ថ្មី ដើម្បីទប់ស្កាត់ "យុទ្ធសាស្ត្រ​ផ្អាក​ការ​ប្រកួត​តាមរយៈ​ការ​ព្យាបាល​អ្នកចាំទី"
07/28/2026 01:07 PM
Yan Diomonde ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Real Madrid ខណៈ PSG ដក​ខ្លួន​ចេញ​ពី​ការ​ប្រជែង
07/28/2026 01:07 PM
មនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ក្នុងការវាយប្រហារលើភូមិមួយក្នុងរដ្ឋ Kaduna ប្រទេសនីហ្សេរីយ៉ា
07/28/2026 01:07 PM