លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីលីបង់ បញ្ជាក់​ថា នឹងមិនព្រម​បាត់បង់​ទឹកដី «សូម្បី ១អ៊ីញ» ទៅឱ្យអ៊ីស្រាអែលឡើយ​

2026/07/04 12:48:07 am        83
កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) ប្រធានាធិបតីលីបង់ លោក Joseph Aoun បាននិយាយ​ការពារការចរចាជាមួយអ៊ីស្រាអែល ដោយបាន​បញ្ជាក់​ថា វាមិនមែនជាការក្បត់ជាតិឡើយ​ ហើយលោកនឹងមិនព្រម​បាត់បង់​ «ទឹកដីរបស់​ប្រទេស​លីបង់សូម្បី​ ១អ៊ីញ»។ នេះបើយោងតាមការិយាល័យ​របស់​ប្រធានាធិបតី។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយកាលពីថ្ងៃពុធថា កងទ័ពអ៊ីស្រាអែលនឹងនៅតែមាន​វត្តមានតាម​ទី​តាំង​ឈរជើង​នានា​ «រហូតដល់មានការជូនដំណឹងបន្ថែម» ជា​អ្វីដែលខ្លួនពិពណ៌នាថា ជា «តំបន់សន្តិសុខ» នៅក្នុងប្រទេសលីបង់ ស៊ីរី និងតំបន់ហ្កាហ្សា។លីបង់បានចុះហត្ថលេខាកាលពីសប្តាហ៍មុន លើកិច្ចព្រមព្រៀងក្របខ័ណ្ឌគាំទ្រដោយសហរដ្ឋអាមេរិកជាមួយអ៊ីស្រាអែល ដោយមានគោលបំណងធានាសន្តិភាព រវាងប្រទេសទាំង២ ជាចំណាត់​ការ​មួយដែលត្រូវបានជួបប្រទះនឹងការតវ៉ាយ៉ាងខ្លាំងពីហេសបូឡា ជាក្រុម​ប្រដាប់​​អាវុធ​ដែលគាំទ្រដោយអ៊ីរ៉ង់។លោក Aoun បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការចរចាជាមួយអ៊ីស្រាអែលមិនមែនជា «ការក្បត់ជាតិទេ ប៉ុន្តែជាសង្គ្រាមការទូតដោយគ្មានការបង្ហូរឈាមដែលមិនចាំបាច់»។ប្រធានាធិបតីលីបង់បានបញ្ជាក់​ថា ទីក្រុងបេរូតបានសម្រេចចិត្តចូលរួម ក្នុងកិច្ចចរចា «ដើម្បីធានាឲ្យមាន​ការដកទ័ពរបស់អ៊ីស្រាអែលចេញពីទឹកដីរបស់ខ្លួន»។ ហើយ​លោក​បានប្រកាស ដោយសង្កត់ថ្ងន់​ថា «យើងនឹងមិនព្រម​បាត់បង់​ទឹកដីរបស់​ប្រទេស​លីបង់សូម្បីតែ ១អ៊ីញ»។កិច្ចព្រមព្រៀងក្របខ័ណ្ឌនេះមើលឃើញថា កងទ័ពលីបង់នឹងបង្កើតសិទ្ធិអំណាច​របស់ខ្លួនបន្តិចម្តងៗ នៅ​ភាគខាងត្បូងនៃ​ប្រទេសលីបង់ នៅពេលដែលក្រុមហេសបូឡារំសាយ​អាវុធ ហើយ​អ៊ីស្រាអែលដកទ័ពចេញ ប៉ុន្តែមិនកំណត់ពេលវេលា សម្រាប់ដំណើរការនេះឡើយ​៕

ភ្លៀងធ្លាក់ខ្លាំង បង្កការជន់លិចតំបន់ជាច្រើនរបស់ប្រទេសឥណ្ឌា ខណៈអ្នកស្រុកប្រឈមនឹងការជន់លិចធ្ងន់ធ្ងរ

2026/07/04 12:38:24 am        63
ភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ជាច្រើននៅភាគខាងលិច និងភាគកណ្តាលប្រទេសឥណ្ឌានាថ្ងៃសុក្រនេះ បណ្តាលឲ្យមានការអាក់ខានទ្រង់ទ្រាយធំដល់ការធ្វើដំណើរក្នុងស្រុក ។នៅទីក្រុង Valsad ស្ថិតក្នុងរដ្ឋភាគខាងលិច Gujarat ទឹកជំនន់បានហូរចូលផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យខូចខាតសម្ភារៈប្រើប្រាស់របស់ក្រុមគ្រួសារ ហើយនៅទីក្រុង Rajkot ស្ពានបាក់ត្រូវបានរាយការណ៍ ។ខណៈពេលនោះដែរ អ្នកស្រុករស់នៅក្នុងទីក្រុងភាគឦសាន Guwahati និយាយថា ផលប៉ះពាល់នៃទឹកដក់ បង្កើនហានិភ័យនៃជំងឺសើរស្បែក ហើយពួកគេចាត់ទុកស្ថានភាពបែបនេះថា ពុំសូវអំណោយផលទាល់តែសោះ ។សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សា ផ្តល់ទឹកភ្លៀងប្រហែល ៧០ភាគរយនៃទឹកភ្លៀងប្រចាំឆ្នាំ ដើម្បីបំពេញប្រភពទឹកសំខាន់ៗ នៅក្នុងប្រទេសសេដ្ឋកិច្ចតម្លៃជិត ៤សែនកោដិដុល្លារមួយនេះ ជាទីដែលជិតពាក់កណ្តាលនៃដីកសិកម្មខ្វះខាតប្រព័ន្ធធារាសាស្រ្ត ហើយប្រហែលពាក់កណ្តាលនៃប្រជាពលរដ្ឋ រកប្រាក់ចិញ្ចឹមជីវីតរបស់ខ្លួនពីការប្រកបរបរកសិកម្ម ។ភ្លៀងធ្លាក់អំឡុងខែកក្កដា សំខាន់ខ្លាំងណាស់ ដោយសារវាគឺជាប្រភពទឹកភ្លៀងដ៏ខ្លាំងក្លាមួយនៃរដូវវស្សារយៈពេល ៤ខែ ហើយកសិករភាគច្រើន បានសាបព្រួសដំណាំរបស់ពួកគេ អំឡុងខែនេះ ៕

មន្ត្រីអាមេរិក៖ លោក Trump ចង់ឱ្យបញ្ចប់​ «ការសម្លាប់ឥតហេតុផល​» នៅអ៊ុយក្រែន ​

2026/07/04 12:33:49 am        55
មន្ត្រីអាមេរិកមួយ​រូប​ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦)ថា លោកប្រធានាធិបតី Donald Trump ចង់ឱ្យ​មាន​កិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ «ការសម្លាប់ឥត​សមហេតុផល​» នៅប្រទេស​អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារយ៉ាងខ្លាំងរបស់រុស្ស៊ី លើទីក្រុងគីវ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១នាក់។ដើម្បីឆ្លើយតបទៅនឹងសំណួរមួយ អំពីការវាយប្រហាររបស់រុស្ស៊ី មន្ត្រីអាមេរិករូប​នេះ​បានប្រាប់សារព័ត៌មាន​ AFP ថា៖ «លោកប្រធានាធិបតី Trump មានចិត្តមនុស្សធម៌ ហើយចង់ឱ្យសង្គ្រាមនេះត្រូវ​បាន​បញ្ចប់ ដើម្បី​​ឲ្យ​ការសម្លាប់ឥតសម​ហេតុផល​លែងមាន​តទៅ​»។មន្ត្រី​រូប​នោះ​បាន​បន្ថែម​ថា៖ «លោកប្រធានាធិបតី និងក្រុមរបស់លោក បានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយលោកនៅតែមានសុទិដ្ឋិនិយមថា នៅទីបំផុត យើងនឹងទទួលបានកិច្ចព្រមព្រៀងសន្តិភាព»។គួរ​បញ្ជាក់ថា ទីក្រុងគីវ និងមូស្គូ សុទ្ធតែបានសន្យាយ៉ាង​ម៉ឺងម៉ាត់​ដូចគ្នា​ថា នឹងបើក​ការ​វាយប្រហារជាថ្មី នៅក្នុងសង្គ្រាមរយៈពេល ៤ឆ្នាំនេះ​ បន្ទាប់ពីមាន​ការបាញ់ស្រោច​ដ៏ធំពេញមួយយប់ ដែលបានបំផ្លាញអគារផ្ទះល្វែង នៅក្នុងរដ្ឋធានីរបស់​អ៊ុយក្រែន និងបានធ្វើ​ឲ្យ​មនុស្សរាប់ម៉ឺននាក់រត់ទៅកាន់ទីជម្រកសុវត្ថិភាព​។មុនពេលលោកវិលត្រឡប់ទៅ​កាន់តំណែងវិញ កាលពីឆ្នាំមុន លោក Trump បាននិយាយថា លោកអាចដោះស្រាយសង្គ្រាមអ៊ុយក្រែន ក្នុងរយៈពេល ២៤ម៉ោង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិ កក្នុងការសម្របសម្រួលឱ្យ​មាន​បទឈប់បាញ់ រវាងទីក្រុងមូស្គូ និងទីក្រុងគីវ រហូតមកដល់ពេលនេះ មិន​ទួល​បានជោគជ័យ​ឡើយ​៕

លោក Trump ប្រាប់​ថា អ៊ីរ៉ង់យល់ព្រមតាមតម្រូវ​ការ​របស់​សហរដ្ឋ​អាមេរិក​​ស្ទើរទាំងអស់

2026/07/04 12:31:35 am        73
លោកប្រធានាធិបតី Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បាននិយាយថា អ៊ីរ៉ង់បានយល់ព្រមចំពោះ «អ្វីៗស្ទើរតែទាំងអស់» ដែលសហរដ្ឋអាមេរិកត្រូវការ។លោក Trump បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ​ CNBC កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងកំពុងចរចា ហើយខ្ញុំគិតថា ពួកគេបានយល់ព្រម ចំពោះអ្វីៗស្ទើរតែទាំងអស់ដែលយើងត្រូវការ»។នៅ​ថ្ងៃព្រហស្បតិ៍នោះដែរ​ អ្នកសម្របសម្រួលបានឱ្យ​ដឹង​ថា អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានបញ្ចប់ការចរចាដោយប្រយោលមួយជុំ នៅទីក្រុងដូហា ប្រទេស​កាតា ខណៈដែល​ភាគី​ទាំង​២ បានបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការចរចា និងកាត់បន្ថយភាពតានតឹង បន្ទាប់ពីមាន​ការបាញ់ប្រហារតប​ត​គ្នា​ថ្មីៗនេះ។កាលពីខែមិថុនា ទីក្រុងវ៉ាស៊ីនតោន និងអេរ៉ង់ បានយល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រប​សម្រួល​ដោយកាតា និងប៉ាគីស្ថាន ដែលរួមមានបទឈប់បាញ់រយៈពេល ៦០​ថ្ងៃ ដោយមាន​បំណង​​ផ្អាកសង្គ្រាមដែលបានផ្ទុះឡើងដោយ​ការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល កាល​ពី​ចុងខែកុម្ភៈ ក៏ដូចជាការបើកឡើងវិញ​នូវ​ច្រកសមុទ្រ Hormuz ដែលត្រូវបានបិទខ្ទប់​។កិច្ចព្រមព្រៀង ១៤ចំណុចនេះ ក៏បានកំណត់ពេលវេលា ដើម្បី​បន្ត​ការចរចាបញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ និងដោះស្រាយបញ្ហានានា​ ដូចជាការរៀបចំសម្រាប់ច្រក​សមុទ្រ​ Hormuz មូលនិធិកសាងឡើងវិញសម្រាប់អ៊ីរ៉ង់ និងអនាគតនៃកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋអ៊ិស្លាម៕

អ៊ីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំ​ឲ្យ​ធ្វើ​ការវាយប្រហារ មុនពិធីដង្ហែសពលោក Khamenei

2026/07/04 12:29:22 am        55
កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) មេបញ្ជាការយោធាអ៊ីរ៉ង់មួយ​រូប​ បានព្រមានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កុំ​ឲ្យ​បើក​ការវាយប្រហារណាមួយ លើអ៊ីរ៉ង់ ខណៈដែលប្រទេស​នេះ​កំពុងរៀបចំពិធីបុណ្យសពផ្លូវ​រដ្ឋរបស់មេដឹកនាំកំពូល លោក​ Ayatollah Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស អំឡុង​ថ្ងៃដំបូងនៃសង្គ្រាម។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបាន​ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មេបញ្ជាការនៃទីស្នាក់ការកណ្តាល Khatam al-Anbiya លោក Ali Abdollahi បានបញ្ជាក់​ថា៖ «យើងសូម​ព្រមានគូ​សត្រូវរបស់អ៊ីរ៉ង់ ជាពិសេសសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ឲ្យជៀសវាងនូវ​ការគណនាខុស ​ និងគិតអំពីការសងសឹកដ៏​ខ្លាំង​ក្លា​ដែលកងកម្លាំងប្រដាប់អាវុធរបស់យើង នឹងធ្វើចំពោះការគំរាមកំហែង និងការឈ្លានពានណាមួយលើ​ប្រទេសរបស់យើង»។ពិធីដង្ហែសពលោក Khamenei នឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកក្កដា នៅទីក្រុងតេអេរ៉ង់ និងបញ្ចប់នៅថ្ងៃទី៩ ខែកក្កដា ដោយ​មាន​ការបញ្ចុះសពរបស់លោក​នៅស្រុកកំណើតរបស់​លោក គឺ Mashhad ខណៈ​ពិធីបន្ថែមបានគ្រោងទុកធ្វើ​នៅទីក្រុង Qom និងប្រទេស​អ៊ីរ៉ាក់ នៅចន្លោះកាលបរិច្ឆេទទាំងនេះ។កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានព្រមានស្រដៀងគ្នានេះថា ទីក្រុងតេអេរ៉ង់ នឹងផ្តល់ការឆ្លើយតបភ្លាមៗ និងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយ លើ​ប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន បន្ទាប់ពីមានការអត្ថាធិប្បាយដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ថា មេដឹកនាំកំពូលបច្ចុប្បន្នរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei ត្រូវបាន «កំណត់​គោល​ដៅ​ធ្វើ​ឃាត​»។ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការ​មាន​វិធានការសន្តិសុខកាន់តែតឹងរ៉ឹង ក្នុងអំឡុងពេលពិធីបុណ្យសពនេះ​ ខណៈដែលប្រធានអង្គការអាកាសចរណ៍ស៊ីវិលអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធថា ការរឹតបន្តឹងដែនអាកាសបណ្តោះអាសន្ននឹ ងត្រូវបានអនុវត្តលើទីក្រុងជាច្រើន ក្នុង​នោះ​រួមទាំងទីក្រុងតេអេរ៉ង់ និង Mashhad ផង​ដែរ​៕

លោក Trump៖ ជារឿង​មិន​សម​ហេតុផល​ឡើយ​ ដែល​អាមេរិកបន្ត​ការគាំទ្របច្ចុប្បន្ន ចំពោះ​ណាតូ

2026/07/04 12:23:04 am        53
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បាន​លើកឡើង​ថា វាគឺ​ជារឿង​ «មិន​សម​ហេតុ​ផល​» ឡើយ​ ដែល​សហរដ្ឋអាមេរិកត្រូវ​បន្តទំនាក់ទំនង «តែ​ម្ខាង​» របស់ខ្លួន ជាមួយអង្គការណាតូ (NATO) ដោយ​ការ​ការ​និយាយ​នេះ​កើតមាន​ឡើង​មិន​ដល់​ ១សប្តាហ៍​ផង​ មុនកិច្ចប្រជុំកំពូលរបស់​អង្គការណាតូ នៅទីក្រុង Ankara ប្រទេស​ទួរគី។លោក Trump បានសរសេរនៅលើវេទិកាបណ្ដាញ​សង្គម​ Truth Social របស់លោកថា៖ «ពួកគេមិនមាន​វត្តមាន​នៅ​ទីនោះ​ សម្រាប់ពួក​យើងទេ!!!។ ហើយទំនាក់ទំនងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយអង្គការណាតូ មិនមែនជាអ្វី​ដែល​មាន​ទៅមានមកឡើយ​»។លោក Trump បានរិះគន់ម្តងហើយម្តងទៀត ចំពោះសម្ព័ន្ធមិត្តអឺរ៉ុប ជុំវិញការឆ្លើយតបរបស់ពួកគេ ចំពោះសង្គ្រាម នៅអ៊ីរ៉ង់ ខណៈដែលប្រទេសជាច្រើន បានរឹតត្បិតការប្រើប្រាស់មូលដ្ឋាន សម្រាប់កងកម្លាំងអាមេរិក​។ ជាមួយ​គ្នានេះ លោកក៏ទទូចផងដែរថា លោកចង់ឱ្យអឺរ៉ុបដើរតួនាទីនាំមុខ សម្រាប់ការការពារជាតិរបស់ខ្លួន ហើយទីក្រុងវ៉ាស៊ីនតោនបានកាត់បន្ថយកម្រិត​នៃ​ការប្តេជ្ញាចិត្តរួចហើយ។ការបង្ហោះនៅលើ Truth Social របស់លោក នៅថ្ងៃទី២ ខែកក្កដា រួមមានតារាងមួយដែលបង្ហាញពីចំនួនទឹកប្រាក់នៃការចំណាយរបស់អង្គការណាតូ ដោយសហរដ្ឋអាមេរិកបានវិនិយោគច្រើនជាងរដ្ឋសមាជិកមួយចំនួនទៀតដែលត្រូវ​បានបង្ហាញ។ដោយ​ស្ថិត​ក្រោមសម្ពាធរបស់​លោក Trump នៅក្នុងកិច្ចប្រជុំមួយ ក្នុងឆ្នាំ២០២៥ ថ្នាក់​ដឹកនាំអង្គការ​ណាតូបានព្រមព្រៀង​បង្កើនការចំណាយ ទាក់ទងនឹងការការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ២០៣៥។ កិច្ចប្រជុំកំពូលណាតូ នាពេលខាងមុខ ដែលនឹង​នាំ​​រដ្ឋជាសមាជិកចំនួន ៣២ ឲ្យ​មកជួប​ជុំ​គ្នា​​ នឹងត្រូវធ្វើឡើងនៅរដ្ឋធានីរបស់​ទួរគី នៅ​​ថ្ងៃទី ៧-៨ ខែកក្កដា៕

ក្រុមជួយសង្រ្គោះបោសសម្អាតកម្ទេចកម្ទី ខណៈទីក្រុងគីវកាន់ទុក្ខមនុស្ស ៣០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ី

2026/07/04 12:19:13 am        52
នៅថ្ងៃសុក្រនេះ ក្រុមជួយសង្រ្គោះ បាននាំគ្នាបោសសម្អាតកម្ទេចកម្ទីនៅរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកអ្នករស់រាន ស្របពេលដែលទង់ជាតិបង្ហូតត្រឹមពាក់កណ្តាលដង ដើម្បីប្រារព្ធថ្ងៃកាន់ទុក្ខ រយៈពេល ១ថ្ងៃ ក្រោយការវាយប្រហារមីស៊ីល និងយានដ្រូនរុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ៣០នាក់ ។លោកស្រី Zoia វ័យ៦៥ឆ្នាំ រស់នៅក្នុងអគារបាក់ដោយអន្លើរដោយសារការវាយប្រហារដែលធ្វើឲ្យខូចខាតផ្ទះល្វែងរបស់គាត់ ។ អ្នកស្រីនិយាយថា គាត់បានប្រញាប់ប្រញាល់ទៅកាន់ច្រករបៀង ពេលដែលការវាយប្រហារចប់ផ្តើម ហើយនិងបានបួងសួងសុំឲ្យរស់ ។ អភិបាលក្រុងគីវលោក Vitali Klitschko និយាយនៅថ្ងៃសុក្រនេះថា ការវាយប្រហារដែលជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុតរបស់រុស្ស៊ីលើរដ្ឋធានីអ៊ុយក្រែនមួយនេះ ក្នុងឆ្នាំនេះ បណ្តាលឲ្យមនុស្ស ៩២នាក់ផ្សេងទៀត រងរបួសផងដែរ ។ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា អគារស្នាក់នៅរបស់អ្នកស្រុកជាង ១០០ខ្នង បានរងការខូចខាត ស្របពេលដែលទីក្រុងមូស្គូ និយាយថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហារយានស្រូនរបស់អ៊ុយក្រែនលើរុស្ស៊ី ៕

គេហទំព័រ៖ ចោរសមុទ្រសូម៉ាលីទាមទារប្រាក់ ១០ លានដុល្លារសម្រាប់ការដោះលែងនាវាដឹកប្រេង

2026/07/04 12:16:37 am        47
ចោរសមុទ្រសូម៉ាលីដែលបានចាប់នាវាដឹកប្រេង Eureka កំពុងទាមទារប្រាក់ ១០ លានដុល្លារ សម្រាប់ការដោះលែងនាវានេះ។ នេះបើយោងតាមរបាយការណ៍របស់គេហទំព័រព័ត៌មាន Shabelle Media Network។យោងតាមគេហទំព័រព័ត៌មាននេះ នាវាដែលបានធ្វើដំណើរក្រោមទង់ជាតិតូហ្គោ ត្រូវបានរឹបអូស នៅថ្ងៃ ទី ២ ខែឧសភា នៅក្នុងឈូងសមុទ្រ Aden ខណៈពេលកំពុងដឹកជញ្ជូនប្រេងម៉ាស៊ូតចេញពីអេមីរ៉ាតអារ៉ាប់រួម។មានរបាយការណ៍មុននេះថា ចោរសមុទ្របានគំរាមសម្លាប់ក្រុមនាវិកនាវាដឹកប្រេង ដែលមានជនជាតិអេហ្ស៊ីប និងឥណ្ឌា បន្ទាប់ពីការចរចាលើការដោះលែងរបស់ពួកគេ បានបរាជ័យ។ចោរសមុទ្រនៅឆ្នេរសមុទ្រសូម៉ាលី បានរំខានយ៉ាងខ្លាំងដល់ការដឹកជញ្ជូនតាមសមុទ្រ ចាប់ពីចុងទសវត្សរ៍ឆ្នាំ ២០០០ ដល់ចុងទសវត្សរ៍ឆ្នាំ ២០១០ នៅពេលដែលក្រុមប្រដាប់អាវុធតែងតែវាយប្រហារនាវាពាណិជ្ជកម្មនៅឈូងសមុទ្រ Aden និងមហាសមុទ្រឥណ្ឌា។ ការល្បាតកងទ័ពជើងទឹកអន្តរជាតិ បានកាត់បន្ថយចំនួននៃការវាយប្រហារយ៉ាងខ្លាំង នៅដើមទសវត្សរ៍ឆ្នាំ ២០២០ ប៉ុន្តែសកម្មភាពចោរសមុទ្រ បានកើនឡើងម្តងទៀត ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមក្រុមហ៊ុនសន្តិសុខសមុទ្រអង់គ្លេស Ambrey ចោរសមុទ្របច្ចុប្បន្នកំពុងរក្សាទុកនាវាដឹកប្រេងយ៉ាងហោចណាស់ពីរគ្រឿង និងនាវាដឹកទំនិញធុនធ្ងន់មួយគ្រឿងដើម្បីទាមទារយកប្រាក់លោះ៕

ទីភ្នាក់ងារជំនួយអារ៉ាប៊ីសាអ៊ូឌីតបន្តសកម្មភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា អាហ្វហ្គានីស្ថាន និងយេម៉ែន

2026/07/04 12:12:36 am        60
ទីភ្នាក់ងារជំនួយអារ៉ាប៊ីសាអ៊ូឌីត Ksrelief បានអនុវត្តសកម្មភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា អាហ្វហ្គានីស្ថាន និងប្រទេសយេម៉ែន ដោយផ្តល់ជម្រកសង្គ្រោះបន្ទាន់ អាហារ និងសេវាវេជ្ជសាស្រ្តដល់បុគ្គល និងគ្រួសារដែលរងផលប៉ះពាល់។នៅតំបន់ Al-Mawasi នៃទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា ប្រជាជនប៉ាឡេស្ទីនរាប់សិបគ្រួសារ បានទទួលជម្រកសង្គ្រោះបន្ទាន់ បន្ទាប់ពីតង់របស់ពួកគេត្រូវបានបំផ្លាញ ដោយទុកឲ្យពួកគេប្រឈមនឹងហានិភ័យពីធាតុអាកាសអស់រយៈពេលជាច្រើនម៉ោង។ទីភ្នាក់ងារជំនួយអារ៉ាប៊ីសាអ៊ូឌីតនេះ ក៏បានចែកចាយអាហារក្តៅចំនួន ២៤.៥០០មុខ នៅដើមសប្តាហ៍នេះ នៅតំបន់ហ្កាហ្សាភាគកណ្តាល និងខាងត្បូង។នៅក្នុងខេត្ត Ghorនៃប្រទេសអាហ្វហ្គានីស្ថាន កេសចំនួន ៩៥០ ដែលមានអាហារចាំបាច់ ត្រូវបាន       ចែកចាយដល់អ្នកដែលវិលត្រឡប់មកពីប្រទេសជិតខាង ជនភៀសខ្លួន អ្នកដែលខ្វះខាត និងកុមារកំព្រា៕

ប្រធានសភាលីបង់ និងទីប្រឹក្សាសន្តិសុខជាតិរងរបស់អង់គ្លេស ជួបពិភាក្សាគ្នាអំពីការវិវត្តផ្នែកនយោបាយ និងសន្តិសុខថ្មីៗ

2026/07/04 12:08:53 am        54
លោក Nabih Berri ប្រធានសភាលីបង់កាលពីថ្ងៃព្រហស្បតិ៍ បានជួបជាមួយលោកស្រី Barbara Woodward ទីប្រឹក្សាសន្តិសុខជាតិរងរបស់ចក្រភពអង់គ្លេស នៅទីស្នាក់ការកណ្តាលរបស់លោក នៅទីក្រុង Ain Al-Tineh ដើម្បីពិភាក្សាអំពីការវិវត្តនៃស្ថានភាពនយោបាយ និងសន្តិសុខថ្មីៗ។យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិរបស់រដ្ឋលីបង់ កិច្ចពិភាក្សានេះ ក៏បានគ្របដណ្តប់លើទំនាក់ទំនងទ្វេភាគីរវាងលីបង់ និងចក្រភពអង់គ្លេសផងដែរ។លោក Hamish Cowell ឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសលីបង់ ក៏បានចូលរួមផងដែរ។ចក្រភពអង់គ្លេសបានគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់ជាយូរមកហើយ តាមរយៈការបណ្តុះបណ្តាល សម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ និងជំនួយសន្តិសុខព្រំដែន។យោងតាមរដ្ឋាភិបាលអង់គ្លេស ប្រទេសនេះបានចំណាយប្រាក់ជាង ១១៥ លានផោន (១៥៣លានដុល្លារ) ពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០២៥ ដើម្បីគាំទ្រកងកម្លាំងប្រដាប់អាវុធលីបង់ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ យានយន្ត ការបណ្តុះបណ្តាល និងសម្ភារៈ។ ចាប់តាំងពីឆ្នាំ ២០១៣ មក ចក្រភពអង់គ្លេស ក៏បានគាំទ្រការបង្កើតកងវរសេនាធំព្រំដែនគោកតាមបណ្តោយព្រំដែនលីបង់ជាមួយសាធារណរដ្ឋអារ៉ាប់ស៊ីរីផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM