លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

នគរបាលរុស្ស៊ីចាប់ខ្លួនអ្នកលក់ប្រេងខុសច្បាប់ ស្របពេលជួបវិបត្តិប្រេងឥន្ធនៈ

2026/07/04 01:24:27 am        57
នគរបាលតំបន់ Krasnodar ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ីរាយការណ៍នៅថ្ងៃសុក្រនេះថា ពួកគេបានរារាំងគម្រោងជួញដូរប្រេងឥន្ធនៈ ជាមួយនឹងការចាប់ខ្លួនអ្នកលក់ប្រេងសង្ស័យ ២នាក់ ដែលរៀបគម្រោងលក់សាំងខុសច្បាប់ចំណុះ ១ពាន់លីត្រ ។យោងតាមការអះអាងរបស់នគរបាល បានឲ្យដឹងថា ជនសង្ស័យបានទិញប្រេងនៅតំបន់ Rostov-on-Don ដោយមានគោលបំណងលក់ចេញវិញនៅតំបន់ជិតខាង Krasnodar ។ ពួកគេទាំង ២ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ សម្រាប់ការលក់ប្រេងខុសច្បាប់នេះ ។ការវាយប្រហារយានដ្រូនអ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បណ្តាលឲ្យជួបកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ី រួមទាំងនៅទីក្រុងមូស្គូផងដែរ ។នៅតាមស្ថានីយទូទាំងទីក្រុងមូស្គូ អ្នកបើកបរបានតម្រង់ជួររង់ចាំចាក់ប្រេង នាថ្ងៃសុក្រនេះ ស្របពេលកង្វះខាតប្រេងឥន្ធនៈ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនរបស់រុស្ស៊ី ក្នុងនោះស្ថានីយប្រេងមួយចំនួន រាយការណ៍ពីការគ្មានប្រភេទប្រេងឥន្ធនៈមួយចំនួន ហើយស្ថានីយខ្លះទៀត បិទបណ្តោះអាសន្នតែម្តង ។ក្រុមមន្រ្តីតំបន់ Krasnodar និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃសុក្រនេះថា គេហដ្ឋានឯកជនជាច្រើនខ្នង និងបំពង់បង្ហូរឧស្ម័ន រងការខូចខាត ដោយសារការធ្លាក់បំណែកយានដ្រូន ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕

មនុស្សជាង ១០០នាក់ កើតជំងឺសុរិយារោគ ក្នុងព្រឹត្តការណ៍រថភ្លើងប្រវត្តិសាស្រ្តនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក

2026/07/04 01:22:44 am        57
នគរបាលនិយាយថា មនុស្សជាង ១០០នាក់ ត្រូវបានព្យាបាលសម្រាប់ជំងឺសុរិយារោគ គឺជាជំងឺពាក់ព័ន្ធនឹងកម្តៅក្តៅខ្លាំង ក្រោយសីតុណ្ហភាពខ្ពស់ វាយប្រហារហ្វូងមនុស្សដែលបានជួបជុំគ្នាចូលរួមព្រឹត្តការណ៍រថភ្លើងចំហាយទឹកជាប្រវត្តិសាស្រ្តនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រុមអាជ្ញាធរ បានប្រកាសឧបទ្ទេវហេតុទ្រង់ទ្រាយធំ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤១អង្សាសេ ហើយការសង្រ្គោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត បានធ្វើឡើងនៅក្នុងចំណោមទស្សនិកជនរាប់ពាន់នាក់ដែលរង់ចាំការមកដល់ដែលត្រូវបានពន្យាពេលរបស់រថភ្លើងដើរដោយចំហាយទឹក ។ រូបភាពវីដេអូឃ្លីប ឃើញក្រុមសង្រ្គោះបន្ទាន់ សែងអ្នកជំងឺឆ្លងកាត់ហ្វូងមនុស្ស ហើយនគរបាលនិយាយថា មនុស្ស ៣៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមនុស្សម្នាក់ ដែលគាំងបេះដូង ត្រូវបានធ្វើឲ្យដឹងខ្លួនវិញ មុនពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ ។ អាកាសធាតុក្តៅខ្លាំងនៅតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក បានជំរុញឲ្យក្រុមមន្រ្តី បើកមជ្ឈមណ្ឌលត្រជាក់ ដាក់ពង្រាយរថយន្តជួយសង្រ្គោះមានទឹក និងឡេការពារកម្តៅថ្ងៃ ពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ត្រូវបានគេព្យាករថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤៦អង្សាសេ ។ ដោយឡែក អ្នករស់នៅក្នុងទីក្រុងញូវយ៉ក ប្រឈមសីតុណ្ហភាពហក់ឡើងខ្ពស់ផងដែរ ពេលដែលរលកកម្តៅបំបែកកំណត់ត្រា បានវាយប្រហារតំបន់ភាគខាងកើតសហរដ្ឋអាមេរិក មុនថ្ងៃចុងសប្តាហ៍ ខែកក្កដានេះ ៕

នាយករដ្ឋមន្ត្រីប៊ុលហ្គារីបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់EU ប្រឆាំងនឹងរុស្ស៊ី

2026/07/04 01:17:53 am        64
នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ទោះបីវាប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈពេលកំពុងឆ្លើយសំណួររបស់ក្រុមអ្នកតាក់តែងច្បាប់នៅក្នុងសភា។ លោកត្រូវបានសួរអំពីលទ្ធភាពនៃការវេតូទាក់ទងនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលនៃសាសនាគ្រិស្តអូស្សូដក់នៃទីក្រុងមូស្គូ និង រុស្ស៊ីទាំងមូល និងជាស្ថាបនិកក្រុមហ៊ុន Lukoil លោក Vagit Alekperov ។នាយករដ្ឋមន្ត្រីបាននិយាយថា៖«អ្នកបានសួរថាតើខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ីដែរឬទេ។ ចម្លើយរបស់ខ្ញុំ គឺថា ខ្ញុំមិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដូច្នេះទេ ខ្ញុំនឹងធ្វើ។ ជាក់ស្តែង ខ្ញុំនឹងធ្វើវាដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង»។ នៅពាក់កណ្តាលខែមិថុនា លោក Radev បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបថា លោកនឹងមិនអនុញ្ញាតឲ្យមានការអនុម័ត «ទណ្ឌកម្មដែលនឹងបង្កគ្រោះថ្នាក់ ឬបង្កហានិភ័យដល់សេដ្ឋកិច្ចប៊ុលហ្គារី» នោះទេ ដោយបន្ថែមថា បញ្ហាទណ្ឌកម្មនេះ នឹងត្រូវពិចារណានៅក្នុងខែកក្កដា ដោយក្រុមប្រឹក្សាការបរទេសសហភាពអឺរ៉ុប៕

មេដឹកនាំអូម៉ង់ និងនាយករដ្ឋមន្ត្រីអង់គ្លេស ពិភាក្សាអំពីការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកនៃឈូងសមុទ្រ

2026/07/04 01:15:58 am        51
មេដឹកនាំប្រទេសអូម៉ង់ លោក Haitham bin Tarik និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer បានជួបគ្នានៅទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការវិវត្តនៅមជ្ឈិមបូព៌ា និងដើម្បីបញ្ជាក់ពីចំណងមិត្តភាពប្រវត្តិសាស្ត្ររបស់ប្រទេសពួកគេ។យោងតាមទីភ្នាក់ងារសារព័ត៌មានអូម៉ង់ កិច្ចប្រជុំនេះ បានផ្តោតលើមធ្យោបាយគាំទ្រការចរចា និងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍តាមសមុទ្រតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រនៃឈូងសមុទ្រនេះ។មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាដែលមិនទាន់បានដោះស្រាយ នៅក្នុងតំបន់ផងដែរ ជាពិសេសក្នុងចំណោមបញ្ហាទាំងនោះ គឺឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់។ ពួកគេបានឯកភាពគ្នាថា កិច្ចព្រមព្រៀងយូរអង្វែងមួយ គួរតែរក្សាស្ថិរភាពក្នុងតំបន់ និងលើកកម្ពស់ការទំនាក់ទំនងសន្តិហវិជ្ជមានក្នុងចំណោមប្រទេសជិតខាង។កាលពីខែមុន សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នា និងចាប់ផ្តើមការចរចាលើបញ្ហាសំខាន់ៗ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស។ ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយបានកើនឡើងនៅទូទាំងតំបន់អស់រយៈពេលជាង ១០០ថ្ងៃ៕

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានចេញដំណើរទៅកាន់អ៊ីរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពមេដឹកនាំកំពូល Khamenei

2026/07/04 01:13:54 am        67
នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានចេញដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមពិធីបុណ្យរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។បុព្វជិតវ័យ ៨៦ឆ្នាំរូបនេះ ដែលជាអ្នករិះគន់ឥតសំចៃមាត់លើសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសអ៊ីរ៉ង់អស់រយៈពេល ៣៦ឆ្នាំមកហើយ មុនពេលរូបលោកត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការវាយប្រហារព្រួតដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។ពិធីបុណ្យសពរបស់លោកនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ខែកក្កដា ក្នុងទីក្រុងតេអេរ៉ង់ ហើយនិងបញ្ចប់ទៅជាមួយពិធីបញ្ចុះសពលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅឯទីក្រុងកំណើត Mashad ។ការិយាល័យរបស់លោកនិយាយថា លោក Sharif ត្រូវបានអមដំណើរដោយលោកឧបនាយករដ្ឋមន្រ្តី Ishaq Dar ប្រធានសភាលោក Ayaz Sadiq ប្រធានគណបក្សប្រជាជនប៉ាគីស្ថានលោក Bilawal Bhutto Zardari និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ។ ពួកគេបន្តថា លោក Sharif នឹងផ្តល់ការចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ តាងនាមឲ្យរដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថាន ហើយបន្ទាប់ពីចូលរួមពិធីបុណ្យសពនេះរួច លោកនឹងបន្តដំណើរទៅកាន់ទីក្រុង Istanbul សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសទួរគី ៕

អ្នកបើកបរតម្រង់ជួរចាក់ប្រេងនៅតាមស្ថានីយក្នុងទីក្រុងមូស្គូ ស្របពេលជួបកង្វះខាតប្រេងនៅរុស្ស៊ី

2026/07/04 01:10:55 am        50
អ្នកបើកបរ បានតម្រង់ជួរចាក់ប្រេងនៅតាមស្ថានីយទូទាំងទីក្រុងមូស្គូ នាថ្ងៃសុក្រនេះ ស្របពេលកង្វះខាតប្រេងឥន្ធនៈ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនរបស់រុស្ស៊ី ក្នុងនោះស្ថានីយប្រេងមួយចំនួន រាយការណ៍ពីការគ្មានប្រភេទប្រេងឥន្ធនៈមួយចំនួន ហើយស្ថានីយខ្លះទៀត បិទបណ្តោះអាសន្នតែម្តង ។រូបភាពវីដេអូឃ្លីប ឃើញរថយន្តចតជាជួរយ៉ាងវែង រង់ចាំចាក់ប្រេង ខណៈផ្ទាំងតម្លៃប្រេងនៅតាមស្ថានីយមួយចំនួន លែងឃើញមានប្រភេទប្រេង ។ នៅស្ថានីយបិទមួយកន្លែង កញ្ចក់អេក្រង់ជូនដំណឹងដល់អតិថិជនថា ប្រតិបត្តិការត្រូវបានផ្អាក ដោយសារហេតុផលបច្ចេកទេស ។ កង្វះខាតប្រេង បានកើតមាន ស្របពេលការផ្គត់ផ្គង់ប្រេងនៅតាមតំបន់ជាច្រើនរបស់រុស្ស៊ី រងសម្ពាធ ដោយវាបង្ហាញពីភាពតានតឹងនៅក្នុងទីផ្សារប្រេងឥន្ធនៈក្នុងស្រុករបស់ប្រទេសមួយនេះ ។ ទោះបីជាមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ីយ៉ាងណាក្តី លោកប្រធានាធិបតី Vladimir Putin ហាក់ដូចជាមិនអើពើនឹងការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែននោះឡើយ លើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសលោក ៕

ក្រុមប្រឹក្សាសន្តិសុខជំរុញឲ្យប្រជាជនបេឡារុសជៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែនរុស្ស៊ី

2026/07/04 01:08:37 am        56
រដ្ឋលេខាធិការក្រុមប្រឹក្សាសន្តិសុខបេឡារុស លោក Alexander Volfovich បានអំពាវនាវឲ្យប្រជាជនបេឡារុសជៀសវាងការធ្វើដំណើរទៅកាន់តំបន់ព្រំដែនរុស្ស៊ី បន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែនលើរថយន្តក្រុងដែលធ្វើដំណើរពីទីក្រុងមីនស្ក៍ទៅកាន់ទីក្រុងអាណាប៉ា (Anapa)។ទីភ្នាក់ងារសារព័ត៌មាន BelTA ដកស្រង់សម្តីរបស់លោកដែលបាននិយាយថា ប្រធានាធិបតីនៃប្រទេសបេឡារុស លោក Alexander Lukashenko បាននិយាយម្តងហើយម្តងទៀតថា៖«ប្រជាជនបេឡារុស្សជាទីស្រឡាញ់ សូមជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ជាពិសេសទៅកាន់តំបន់ព្រំដែន។ ជនរួមជាតិជាទីស្រឡាញ់ សូមជៀសវាងការធ្វើដំណើរនៅថ្ងៃនេះ។ អ្នកកំពុងធ្វើឲ្យខ្លួនអ្នកនិងមនុស្សជាទីស្រលាញ់របស់អ្នក អ្នកដែលធ្វើដំណើរជាមួយអ្នកប្រឈមនឹងគ្រោះថ្នាក់។ គ្មាននរណាម្នាក់អាចធានាសុវត្ថិភាពរបស់អ្នកក្នុងការធ្វើដំណើរបែបនេះបានទេ រហូតដល់ប្រតិបត្តិការយោធាពិសេសត្រូវបានបញ្ចប់»។ លោក Volfovich បានកត់សម្គាល់ថា ការធ្វើដំណើរតាមរថយន្តក្រុង ត្រូវបានរៀបចំដោយប្រតិបត្តិករ ឯកជន។លោកបានបន្ថែមថា៖«ពុំមានក្រុមហ៊ុនរថយន្តក្រុងទេសចរណ៍ណា អាចធានាសុវត្ថិភាពរបស់អ្នកបាន ទេ»៕

ស្រីលង្កាចាប់ខ្លួនអតីតមេបញ្ជាការកងទ័ពជើងទឹកពីបទពុករលួយ

2026/07/04 01:06:39 am        70
អាជ្ញាធរស្រីលង្កាបានចាប់ខ្លួនអតីតមេបញ្ជាការកងទ័ពជើងទឹកម្នាក់នៅថ្ងៃសុក្រនេះជុំវិញការចោទប្រកាន់ថា លោកបានជួយដោយខុសច្បាប់ក្នុងការជ្រើសរើសកូនប្រុសរបស់លោកអតីតប្រធានាធិបតី Mahinda Rajapaksa ឲ្យទៅទទួលការបណ្តុះបណ្តាលនៅក្រៅប្រទេស។លោកឧត្តមនាវីឯកនៃកងនាវា Wasantha Karannagoda អាយុ ៧៣ឆ្នាំ ត្រូវបានចាប់ឃុំខ្លួនដោយ គណៈកម្មការប្រឆាំងអំពើពុករលួយពីបទជ្រើសរើសលោក Yoshitha Rajapaksa ក្នុងឆ្នាំ ២០០៦ ដោយគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។លោក Karannagoda គឺជាមេបញ្ជាការកងទ័ពជើងទឹកនៅពេលដែលសង្គ្រាមបំបែកខ្លួនតាមិលរយៈពេលជាច្រើនទសវត្សរ៍របស់ប្រទេសស្រីលង្កា បានបញ្ចប់នៅឆ្នាំ ២០០៩។ លោកត្រូវបានតម្លើងឋានៈជាឧត្តមនាវីឯកនៃកងនាវានៅឆ្នាំ ២០១៩ ហើយបច្ចុប្បន្នមិនមានតួនាទីសកម្មនៅក្នុងកងទ័ពជើងទឹកទេ។លោក Yoshitha Rajapaksa អាយុ ៣៨ ឆ្នាំ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីលោកត្រូវបានចាប់ខែមុន កាលពីខែមុនក្នុងករណីពាក់ព័ន្ធ ដែលលោកត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់មូលនិធិសាធារណៈសម្រាប់ការបណ្តុះបណ្តាលនៅមហាវិទ្យាល័យកងទ័ពជើងទឹកដ៏មានកិត្យានុភាពរបស់ចក្រភពអង់គ្លេសនៅ Dartmouth៕

ចក្រភពអង់គ្លេស និងចិន សន្យាជំរុញការវិនិយោគសេវាកម្ម នៅឯ​កិច្ចប្រជុំកំពូលពាណិជ្ជកម្មក្រុងឡុងដ្រ៍

2026/07/04 12:53:31 am        46
ចក្រភពអង់គ្លេស និងចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បានធ្វើកិច្ចពិភាក្សាសេដ្ឋកិច្ចកម្រិតខ្ពស់ នៅទីក្រុងឡុងដ្រ៍ ដោយផ្តោតលើការជំរុញពាណិជ្ជកម្មសេវាកម្ម និងដោះស្រាយឧបសគ្គសំខាន់​ៗនៃការចូលទីផ្សារ រវាងប្រទេសទាំង២។កិច្ចប្រជុំ​គណៈកម្មការសេដ្ឋកិច្ច និងពាណិជ្ជកម្មរួម រវាងចក្រភពអង់គ្លេស និងចិន (JETCO) ត្រូវបានធ្វើ​សហប្រធាន​ដោយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Peter Kyle និងសមភាគីចិនរបស់លោក គឺលោក Wang Wentao នៅឯ​និវេសនដ្ឋាន​ Mansion House។កិច្ចប្រជុំកំពូលនេះធ្វើឡើងបន្ទាប់ពីមាន​ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២៦ ដែលរដ្ឋាភិបាលចក្រភពអង់គ្លេស លើកឡើង​ថា បានជំរុញ «កិច្ចព្រមព្រៀងនាំចេញចំនួន ២,២ពាន់លានផោន និងឱកាសចូលទីផ្សារប្រហែល ២,៣ពាន់លានផោន សម្រាប់អាជីវកម្មចក្រភពអង់គ្លេសក្នុងរយៈពេល ៥ឆ្នាំ»។យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអង់គ្លេស ដែល​មាន​បន្ទាប់ពីការពិភាក្សាបច្ចេកទេសធ្វើឡើងបន្តិច​មុនកិច្ចប្រជុំកំពូល បាន​ឲ្យ​ដឹងថា​ ការផ្តោតជា​សំខាន់នៃការពិភាក្សានេះ គឺការពិនិត្យឡើងវិញនូវវឌ្ឍនភាពលើ «ការសិក្សាលទ្ធភាពរួមគ្នា ស្ដី​ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មដែលមានសក្តានុពល»។រដ្ឋមន្ត្រីនៃ​ភាគី​ទាំង២ បានគូសបញ្ជាក់ពី «ភាពជាដៃគូសេវាកម្មទ្វេភាគី» ដែលមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងសេវាកម្មវិជ្ជាជីវៈ និងអាជីវកម្ម។ លើសពីនេះ ពួកលោក​បានប្តេជ្ញាគាំទ្រការផ្លាស់ប្តូរទ្វេភាគី លើការបើកទីផ្សារសេវាកម្មផ្នែកច្បាប់របស់ប្រទេសចិន និងបានអបអរសាទរការដាក់ឱ្យដំណើរការ «វេទិកាផ្គូផ្គងសេវាកម្មវិជ្ជាជីវៈ និងអាជីវកម្មចក្រភពអង់គ្លេស-ចិន» ថ្មីមួយ៕

ចិនបង្កើនការព្រមានដល់ជប៉ុន និងហ្វីលីពីន ជុំវិញកិច្ចចរចាដែនសមុទ្រ

2026/07/04 12:51:12 am        67
​ចិនបានចេញការព្រមានផ្នែកច្បាប់ ប្រឆាំងនឹងជប៉ុន និងហ្វីលីពីន ជុំវិញកិច្ចចរចាព្រំដែនដែនសមុទ្រនាពេលខាងមុខរបស់ភាគីទាំង២ ជា​ការ​បង្កើនសម្ពាធលើសម្ព័ន្ធមិត្តសំខាន់​ៗ​ក្នុងតំបន់របស់ទីក្រុងវ៉ាស៊ីនតោន ខណៈពេលដែលប្រទេស​ទាំង​នេះ ព្យាយាមទប់ទល់នឹងឥទ្ធិពល​កងទ័ពជើងទឹករបស់​ទីក្រុងប៉េកាំង​។ក្រសួងធនធានធម្មជាតិរបស់​ប្រទេស​ចិន បានបញ្ជាក់​ថា ការពិភាក្សាដែលបានគ្រោងទុកនោះ «បង្កើត​បាន​ជាវិធានការខុសច្បាប់អន្តរជាតិ» ខណៈដែលខ្លួនបានជំរុញឱ្យប្រទេសទាំង២ ចាប់ផ្តើមកិច្ចចរចាជាមួយទីក្រុងប៉េកាំង។ នេះបើយោងតាមឯកសារបកស្រាយ​ផ្នែកច្បាប់ដែលស្ថាប័ននេះ​បានចេញផ្សាយកាល​ពី​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦)។ឯកសារដែលចេញដោយវិទ្យាស្ថានកិច្ចការដែនសមុទ្រចិនក្រោមក្រសួង បានលើកឡើង​ថា ការចរចាទាំងនេះ គឺខុសច្បាប់ ព្រោះវាត្រូវបានផ្តួចផ្តើមឡើង​ «ដោយគ្មានការពិគ្រោះយោបល់ជាមួយប្រទេសចិន»។ របាយការណ៍នេះ ក៏បានព្រមានផង​ដែរ​ដល់​មហាអំណាចខាងក្រៅឱ្យជៀសវាង «ហានិភ័យនយោបាយ» ក្នុង​ការជួយ ឬទទួលស្គាល់ដំណើរការ​កិច្ចចរចា។ចំណាត់​ការ​នេះបង្ហាញពីការមិនពេញចិត្តកាន់តែខ្លាំងឡើងរបស់ទីក្រុងប៉េកាំង ចំពោះការសម្រេចចិត្ត​របស់ទីក្រុងម៉ានីល និងតូក្យូ ក្នុងការចាប់ផ្តើមកិច្ចចរចាព្រំដែនដែនសមុទ្រ ពាក់ព័ន្ធនឹងដែនទឹក នៅភាគខាងកើតកោះតៃវ៉ាន់​។ ក្រោយមក ចិនបានបញ្ជូននាវាឆ្មាំសមុទ្រឱ្យល្បាតតំបន់នោះ ក៏ដូចជានាវាសិក្សា​ស្រាវជ្រាវ​ ដើម្បីគូសផែនទីបាតសមុទ្រ។ក្រៅពី​កិច្ច​​ចរចាដែល​បាន​គ្រោង​ទុក​ ពាក់​ព័ន្ធនឹង​ព្រំដែន​សមុទ្រ​នេះ ប៉ុន្មានខែថ្មីៗនេះ​ មេដឹកនាំរបស់​ជប៉ុន និងហ្វីលីពីន ក៏​បានលើកឡើងផង​ដែរថា ប្រទេសរបស់ពួកគេ ទំនងជានឹងត្រូវបាន​ទាញចូលទៅក្នុងជម្លោះណាមួយ ដែល​កើតមាន​លើ​កោះតៃវ៉ាន់ ជាការកត់សម្គាល់ដែលធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ ហើយ​ប្រទេសទាំង២ ក៏បានចាត់វិធានការ​ពង្រឹងទំនាក់ទំនងយោធា ដោយកាលពីខែឧសភា ព្រមព្រៀងគ្នាលើកកម្ពស់ទំនាក់ទំនងរបស់ភាគីទាំង២ និងបើកកិច្ចចរចាការពារជាតិជាបន្តបន្ទាប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM