លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់

ព័ត៌មានអន្តរជាតិ

ការស្លាប់ជិត ៩.០០០នាក់ ត្រូវបានកត់ត្រានៅបារាំង អំឡុង​រលកកម្ដៅ​ក្ដៅ​ខ្លាំង​បំផុតខែមិថុនា

2026/07/04 02:40:41 am        57
បារាំងបានកត់ត្រាករណី​ស្លាប់​បន្ថែមចំនួន ២.០២៥នាក់ ក្នុងអំឡុងពេលរលកកម្ដៅ​ក្ដៅ​ខ្លាំងបំផុត​​ខុស​ពី​ធម្មតា​ដែលបានកើតមាន​នៅ​ប្រទេសនេះ កាល​ចុងខែមិថុនា ដោយមានអ្នកស្លាប់ជិត ៩.០០០នាក់ ត្រូវបានបញ្ជាក់ដោយប្រព័ន្ធអេឡិចត្រូនិចទូទាំងប្រទេស រវាងថ្ងៃទី២២ និងទី២៨ ខែមិថុនា។ នេះបើយោងតាមទិន្នន័យបឋមពីវិទ្យាស្ថានជាតិស្ថិតិ និងការសិក្សាសេដ្ឋកិច្ច (INSEE) ដែលត្រូវបានពិនិត្យដោយប្រព័ន្ធផ្សព្វផ្សាយ​ BFMTV នៅថ្ងៃសុក្រ (ទី​៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​។ការកើនឡើងនេះ កើត​មាន​ឡើង​ស្របគ្នានឹងរលកកម្ដៅ​ឡើង​ក្ដៅ​ខ្លាំង​បំផុត ​ដែលបានប៉ះពាល់ដល់តំបន់​ភាគច្រើនរបស់​ប្រទេស​។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបារាំង លោក​ស្រី​ Stephanie Rist បាននិយាយថា តួលេខនេះ​​នៅតែជាចំនួន​បណ្តោះអាសន្ន ពីព្រោះលិខិត​បញ្ជាក់​​មរណភាពតាម​ប្រព័ន្ធ​អេឡិចត្រូនិច មិនគ្របដណ្តប់ការស្លាប់ទាំងអស់ដែលត្រូវ​បានកត់ត្រាទូទាំងប្រទេសនោះ​ទេ។អាជ្ញាធរបានព្រមានថា ទិន្នន័យបច្ចុប្បន្នគួរតែត្រូវបានបកស្រាយដោយប្រុងប្រយ័ត្ន ហើយអាចមើលស្រាលផលប៉ះពាល់ពេញលេញដោយសារ​រលកកម្ដៅ​។ បើយោងតាមមន្ត្រី បាន​ឱ្យ​ដឹង​លិខិត​បញ្ជាក់​មរណភាពតាម​ប្រព័ន្ធ​អេឡិចត្រូនិចមានចំនួនប្រហែល ៦០ភាគរយ​នៃការស្លាប់ទូទាំងប្រទេស ទោះបីជាការគ្របដណ្តប់ខុសគ្នាយ៉ាងខ្លាំង នៅទូទាំងតំបន់ក៏ដោយ។គួរបញ្ជាក់ថា ប្រទេសបារាំងបានជួបប្រទះនឹងសីតុណ្ហភាពក្ដៅ​ខ្លាំងជាច្រើនថ្ងៃ ដោយតំបន់ជាច្រើនកត់ត្រាអាកាស​ធាតុ​លើសពី ៣៥អង្សាសេ៕

មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់ប្រទេសឡាវ ដែលជាដំណើរទស្សនកិច្ចលើកដំបូងនៅរដ្ឋសមាជិកអាស៊ាន

2026/07/04 02:21:35 am        50
នៅថ្ងៃសុក្រនេះ មេដឹកនាំសហភាពមីយ៉ាន់ម៉ាលោក Min Aung Hlaing បានធ្វើដំណើរទៅដល់ប្រទេសឡាវ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់រដ្ឋជាសមាជិកអាស៊ាន ចាប់តាំងពីរូបលោកឡើងកាន់អំណាច ។លោកបានជួបប្រធានាធិបតីឡាវលោក Thongloun Sisoulith នៅក្នុងទីក្រុងវៀងច័ន្ទ ជាទីដែលពួកគេបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាអវកាស ។ក្រុមអ្នកវិភាគនិយាយថា ដំណើរទស្សនកិច្ចនេះសំខាន់ខ្លាំងណាស់ សម្រាប់សក្ដានុពលភូមិសាស្ត្រនយោបាយក្នុងតំបន់ ដែលវាបង្ហាញការផ្លាស់ប្តូរប្រកបដោយសក្តានុពលបែបណាដែលសមាជិកមួយចំនួនក្នុងតំបន់ ត្រូវចូលរួមជាមួយរដ្ឋបាលគាំទ្រដោយយោធាមីយ៉ាន់ម៉ាមួយនេះ ។គួរឲ្យដឹងថា លោក Min Aung Hlaing បានផ្លាស់ប្តូរពីមេដឹកនាំយោធា ទៅជាមេដឹកនំាស៊ីវិលមីយ៉ាន់ម៉ា កាលពីខែមេសាកន្លងទៅ ៕

ក្រុមអ្នកវិទ្យាសាស្រ្ត៖ បម្រែបម្រួលអាកាសធាតុនៅពីក្រោយព្រឹត្តិការណ៍ World Cup ដ៏ក្តៅគគុក

2026/07/04 02:21:11 am        51
យោងតាមការអះអាងរបស់ក្រុមអ្នកវិទ្យាសាស្រ្តបរិយាកាសនៅក្រុមចាត់ថ្នាក់អាកាសធាតុពិភពលោក(WWA) បានឲ្យដឹងថា បម្រែបម្រួលអាកាសធាតុពាក់ព័ន្ធនឹងការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល ធ្វើឲ្យមានអាកាសធាតុក្តៅខុសពីធម្មតា ដែលនឹងគ្របដណ្តប់លើការប្រកួតនៅព្រឹត្តការណ៍បាល់ទាត់ World Cup ។ព្រឹត្តការណ៍ប្រកួតនាថ្ងៃសៅរ៍ស្អែកនេះ រវាងក្រុមជម្រើសជាតិប៉ារ៉ាហ្គាយ និងបារាំង គ្រោងនឹងចាប់ផ្តើមនៅវេលាម៉ោង ៥ល្ងាច ម៉ោងក្នុងស្រុក នៅរដ្ឋ Philadelphia ស្របពេលដែលរលកកម្តៅវាយប្រហារតំបន់ជាច្រើននៅសហរដ្ឋអាមេរិក និងកាណាដា ។ខណៈពេលនោះដែរ មនុស្សជាង ១០០នាក់ ត្រូវបានព្យាបាលសម្រាប់ជំងឺសុរិយារោគ គឺជាជំងឺពាក់ព័ន្ធនឹងកម្តៅក្តៅខ្លាំង ក្រោយសីតុណ្ហភាពខ្ពស់ វាយប្រហារហ្វូងមនុស្សដែលបានជួបជុំគ្នាចូលរួមព្រឹត្តការណ៍រថភ្លើងចំហាយទឹកជាប្រវត្តិសាស្រ្តនៅរដ្ឋ Pennsylvania ។សេវាកម្មអាកាសធាតុជាតិសហរដ្ឋអាមេរិក បានព្រមានក្នុងសប្តាហ៍នេះថា “ដូមកម្តៅ” គឺជាប្រព័ន្ធសម្ពាធខ្ពស់ដែលទាក់យកខ្សល់ក្តៅនៅពីក្រោមវា អាចនឹងមើលឃើញកម្តៅកើនឡើងពី ៤០,៥អង្សាសេ ដល់ ៤៦អង្សាសេនៅតំបន់ Midwest និងតំបន់ឆ្នេរភាគខាងកើត ក្នុងនោះទឹកដីធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ World Cup មួយចំនួន នឹងរងផលប៉ះពាល់ ។ស្ថានភាពបែបនេះ នឹងគំរាមកំហែងផងដែរដល់វិបត្តិប្រព័ន្ធថាមពល និងធ្វើឲ្យប៉ះពាល់ដល់ការបា្ររព្ធពិធីកណ្តាលវាល ខួបលើកទី ២៥០នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នៅថ្ងៃទី ៤ ខែកក្កដាស្អែកនេះ ៕

នាយករដ្ឋមន្ត្រីម៉ុលដាវីលាលែងពីតំណែង ខណៈរដ្ឋាភិបាលដួលរលំ ដោយសាររឿងអាស្រូវក្រុមហ៊ុន​រដ្ឋ

2026/07/04 02:07:44 am        75
នាយករដ្ឋមន្ត្រីម៉ុលដាវី លោក​ Alexandru Munteanu បានប្រកាសលាលែងពីតំណែង នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ ដោយធ្វើ​ឱ្យ​រដ្ឋាភិបាលរបស់លោកដួល​រលំ​ ក្នុង​ពេលមានផលប៉ះពាល់នយោបាយកាន់តែខ្លាំងឡើង ដោយសារ​រឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុនគ្រប់​គ្រង​អាកាសចរណ៍​ MoldATSA ដែល​គ្រប់គ្រង​ដោយ​រដ្ឋ។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើវេទិកាបណ្ដាញសង្គម Facebook លោក Munteanu បានបញ្ជាក់​ថា លោកមិនអាចបន្តកាន់តំណែងដោយមិនធ្វើឱ្យប៉ះពាល់​គោលការណ៍របស់លោកបានទៀតទេ។តាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍​នោះ លោកបានលើក​ឡើង​ថា៖ «ខ្ញុំបានទទួលយកសំណើធ្វើជានាយករដ្ឋមន្ត្រីដោយមានការទទួលខុសត្រូវយ៉ាងខ្លាំង និងដោយមានជំនឿយ៉ាងមុតមាំថា ខ្ញុំអាចចូលរួមចំណែកក្នុងការផ្លាស់ប្តូរអ្វីៗឱ្យកាន់តែប្រសើរឡើង។ នៅពេលដែលខ្ញុំយល់ថា ខ្ញុំមិនអាចអនុវត្តអាណត្តិរបស់ខ្ញុំស្របតាមគោលការណ៍ និងជំនឿដែលខ្ញុំមានទៀតទេ ខ្ញុំបានជ្រើសរើសចាកចេញ»។ការលាលែងពីតំណែងរបស់លោក Munteanu ធ្វើឱ្យរដ្ឋាភិបាលទាំងមូលដួលរលំដោយស្វ័យប្រវត្តិ ក្រោមក្របខ័ណ្ឌរដ្ឋធម្មនុញ្ញរបស់ប្រទេសម៉ុលដាវី។ ការចុះ​ចេញរបស់លោកបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីភាពចម្រូងចម្រាសលើ​ក្រុម​ហ៊ុន​ MoldATSA បានបង្កឱ្យមានវិបត្តិនយោបាយ ដែលជំរុញឱ្យប្រធានាធិបតី លោកស្រី​ Maia Sanduto សន្យាថា នឹងមាន «ការបោស​សម្អាតយ៉ាង​ទូលំទូលាយ​» បន្ទាប់ពីមាន​ការចោទប្រកាន់ អំពីការតែងតាំង និងអភិបាលកិច្ច នៅឯ​សហគ្រាសគ្រប់​គ្រង​ដោយ​រដ្ឋ៕

អង្គការណាសាចុះបេសកកកម្មជាមួយការបាញ់បង្ហោះរូបយន្តអវកាសទៅជួយសង្រ្គោះតេឡេស្កូប SWIFT

2026/07/04 01:42:06 am        76
បេសកកម្មលើកដំបូង ដើម្បីសង្រ្គោះយានអវកាសចាស់ Neil Gehrels Swift Observatory(ឬ តេឡេស្កូប SWIFT)របស់អង្គការណាសា កំពុងចាប់ផ្តើមហើយ ក្រោយយានអវកាសមានមុខងារជារូបយន្ត ត្រូវបានបាញ់បង្ហោះចេញពីតំបន់ប៉ាស៊ីហ្វិកខាងត្បូងនាថ្ងៃសុក្រនេះ ដើម្បីសាកល្បងឃ្លាំមើលយ៉ាងជិតដែលអាចផ្លាស់ប្តូររបៀបដែលផ្កាយរណបមួយនេះ ផ្លាស់ទីចេញពីគន្លងផែនដីបាន ។រូបយន្តអវកាស LINK ដែលផលិតឡើងដោយក្រុមហ៊ុន Katalyst Space Technologies មានមូលដ្ឋាននៅរដ្ឋ Arizona សហរដ្ឋអាមេរិក ត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថីនៅលើយានចម្លង Stargazer នៅលើរយៈកម្ពស់ ១២គ.មពីលើកោះ Kwajalein Atoll ស្ថិតក្នុងប្រជុំកោះ Marshall ។ រូបយន្តនេះ នឹងចំណាយពែល ២ខែ ដើម្បីព្យាយាមតាមឲ្យទាន់តេឡេស្កូប SWIFT មុនពេលប្រើប្រាស់ដៃរបស់វា ដើម្បីទាញតេឡេស្កូបមួយនេះ ទៅកាន់គន្លងខ្ពស់ជាងមុន ។ យានអវកាសគោចរក្នុងគន្លងតារាវិថីតម្លៃ ៥០០លានដុល្លាររបស់អង្គការណាសាមួយគ្រឿងនេះ ប្រឈមនឹងការឆេះ ពេលវាធ្លាក់ចូលក្នុងបរិយាកាសរបស់ផែនដីនាដំណាច់ឆ្នាំ ២០២៦នេះ ។គួររំឭកថា លោក Ghonhee Lee ដែលជាប្រធានប្រតិបត្តក្រុមហ៊ុន Katalyst Space Technologies ធ្លាប់បាននិយាយថា នេះមិនមែនជាឱកាសធានា ១០០ភាគរយថា ជាបេសកកម្មជោគជ័យនោះទេ ។ អ្នករាល់គ្នានៅអង្គការណាសា និងក្រុមហ៊ុន Katalyst ដឹងច្បាស់ថា យានអវកាស SWIFT កំពុងស្ថិតក្នុងហានិភ័យខ្ពស់បែបណា ។ លោកបន្តថា លោកសង្ឃឹមថានឹងអាចសហការណ៍ជាមួយទីបញ្ជាការអវកាសសហរដ្ឋអាមេរិក សម្រាប់ការធ្វើតេស្តបន្ថែមលើចលនាគន្លងគោចរ ប៉ុន្តែវាផ្អែកលើភាពជោគជ័យរបស់បេសកកម្មមួយគត់ ដើម្បីសង្រ្គោះយានអវកាស SWIFT ៕

ប្រធានាធិបតិស្ដីទី​វ៉េណេស៊ុយអេឡា ការពារការឆ្លើយតបគ្រោះ​រញ្ជួយដី ក្រោយ​មាន​ការរិះគន់ជាច្រើនថ្ងៃ

2026/07/04 01:39:54 am        62
ប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា លោកស្រី Delcy Rodriguez កាលពីថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បានបដិសេធការចោទប្រកាន់ ដែល​ថា រដ្ឋាភិបាលរបស់លោកស្រី បានឆ្លើយ​តប​យឺតពេក ចំពោះការបំផ្លិចបំផ្លាញដែលបង្កឡើងដោយគ្រោះរញ្ជួយដី ២លើក ជាហេតុការណ៍​ដែល​បានឆក់​យក​ជីវិត​មនុស្សយ៉ាង​ហោច​ណាស់​ជាង ២.០០០នាក់ហើយ​ បន្ទាប់ពីមានការរិះគន់យ៉ាងទូលំទូលាយជាច្រើនថ្ងៃ ចំពោះការប្រតិបត្តិ​ឆ្លើយ​តបជាផ្លូវការ។ជនស៊ីវិលគ្រប់មជ្ឈដ្ឋាន​ ដែល​រួមមាន​អ្នកនៅ​រស់រានមានជីវិត សមាជិកគ្រួសារ គ្រូពេទ្យស្ម័គ្រចិត្ត និងក្រុមជួយសង្គ្រោះបរទេស បានចុះទៅកាន់តំបន់គ្រោះមហន្តរាយ ជាពិសេសរដ្ឋ La Guaira ភាគខាងជើងដែលរងគ្រោះខ្លាំងបំផុត ចាប់តាំងពីការរញ្ជួយដីកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ បានវាយប្រហារកាល​ពី​ថ្ងៃទី២៤ ខែមិថុនា។មនុស្សជាច្រើនដែលនាំ​គ្នា​ជីកកកាយតាមគំនរបាក់បែក រួមជាមួយអង្គការជំនួយអន្តរជាតិ និយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលមានភាពយឺតយ៉ាវ និងគ្មានប្រសិទ្ធភាព ដោយជំនួយនានា ដូចជាអាហារ និងសម្ភារៈវេជ្ជសាស្ត្រ ត្រូវបានពន្យារពេល និងកង្វះខាតគ្រឿងចក្រធុនធ្ងន់ជាបន្តបន្ទាប់ ដើម្បីកាយ​យក​កម្ទេចកម្ទី​ អំឡុងប្រតិបត្តិការស្វែងរកដែលកំពុងបន្ត។អំឡុង​សន្និសីទសារព័ត៌មាន លោកស្រី Rodriguez បានលើក​ឡើងថា៖ «វាគឺ​ជាសោកនាដកម្មដោយសារ​គ្រោះ​ធម្មជាតិ ក្នុងទំហំ​ដែលយើងមិនធ្លាប់ស្រមៃដល់ទាល់តែសោះ​​ ទោះបីជាយើងដឹងថា ព្រឹត្តិការណ៍រញ្ជួយដីអាចកើតឡើងនៅក្នុងប្រទេសរបស់យើងក៏ដោយ។ យើងមិនបានរង់ចាំ ១ថ្ងៃ ២ថ្ងៃ ឬ៣ថ្ងៃនោះ​ទេ។ យើងបានចាត់វិធានការ​ភ្លាមៗ»។លោកស្រីបានបន្ត​ថា មន្ត្រីចំនួន ៤.០០០នាក់ ត្រូវបានដាក់ពង្រាយភ្លាមៗ ដោយបង្កើន​ដល់ ១៤.០០០នាក់នៅថ្ងៃបន្ទាប់ ហើយបន្ទាប់មកម្តងទៀតដល់តួលេខបច្ចុប្បន្ន ១៩.០០០នាក់។ ហើយ​លោកស្រីបានប្រាប់អ្នកសារព័ត៌មានថា លោកស្រីក៏បានចេញផង​ដែរ​នូវ​ក្រឹត្យគ្រាអាសន្ន​ ដើម្បីឲ្យ​ដំណើរការ​នីតិវិធី​បន្ទាន់​។លោកស្រី Rodriguez បានបន្ថែម​ថា៖ «យើងបានធ្វើអ្វីគ្រប់យ៉ាងតាមសិទ្ធិ​អំណាចរបស់យើង ហើយយើងនឹងបន្តធ្វើអ្វីគ្រប់យ៉ាងតាមសិទ្ធិ​អំណាចរបស់យើង និងច្រើនជាងនេះ។ ខ្ញុំត្រូវឆ្លងកាត់បទពិសោធន៍ដ៏ឈឺចាប់មួយចំនួន»៕

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងចូលរួមកិច្ចប្រជុំកំពូលណាតូ នៅទួរគី

2026/07/04 01:37:17 am        57
ទីប្រឹក្សារបស់លោក Lee Jae Myung បានឱ្យ​ដឹង​នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា) នេះថា ប្រធានាធិបតីកូរ៉េខាងត្បូងរូប​នេះ​ នឹងធ្វើ​ដំណើរទៅ​ចូលរួមកិច្ចប្រជុំកំពូលរបស់​អង្គការណាតូ (NATO) នៅប្រទេសទួរគី នាសប្តាហ៍ក្រោយ។សារព័ត័មាន​ Yonhap News បាន​រាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិ លោក Wi Sung-lac បានប្រាប់អ្នកសារ​ព័ត៌មានថា លោក Lee នឹងធ្វើដំណើរទៅកាន់ទីក្រុង Ankara ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃ​មេដឹកនាំរបស់​អង្គការ​ណាតូ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធសប្ដាហ៍ក្រោយ​។កិច្ចប្រជុំកំពូលថ្ងៃទី ៧-៨ ខែកក្កដា នឹងនាំ​ប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីរដ្ឋសមាជិកចំនួន ៣២ របស់អង្គការណាតូមក​​ជុំ​គ្នា ក៏ដូចជាដៃគូសំខាន់ៗផងដែរ។ ការជួប​ជុំ​នេះ នឹងជាកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូលើកទី៣៦ និងជាលើកទី២ ដែលប្រទេសទួរគីធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីមាន​កិច្ចប្រជុំកំពូលឆ្នាំ២០០៤ នៅទីក្រុងអ៊ីស្តង់ប៊ុល។លោក Wi បានឱ្យ​ដឹង​ទៀត​ថា ប្រធានាធិបតីកូរ៉េខាងត្បូង នឹងចូលរួមកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ និងថ្លែងសុន្ទរកថាគន្លឹះ​ តាមការអញ្ជើញរបស់អគ្គលេខាធិការរបស់សម្ព័ន្ធភាព​ គឺ​លោក Mark Rutte។ជាមួយ​គ្នា​នេះដែរ លោក Lee ក៏នឹងចូលរួមក្នុងវេទិកាឧស្សាហកម្មការពារជាតិផងដែរ ខណៈដែលលេខាធិការដ្ឋានឧស្សាហកម្មការពារជាតិរបស់ទួរគី នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវកម្រិតខ្ពស់ នៅឯកន្លែងឧស្សាហកម្មអវកាសទួរគី ដែលជាផ្នែកមួយនៃកិច្ចប្រជុំរបស់​អង្គការ​ណាតូ។ទីប្រឹក្សារូប​នេះ បានបន្ថែមថា ការចូលរួមរបស់លោក​ប្រធានាធិបតី «នឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិជាមួយសម្ព័ន្ធមិត្តណាតូ»៕

ចិនអំពាវនាវឱ្យមាន «ការដោះស្រាយសមស្រប» ដើម្បីបញ្ចប់ការរំខាន នៅច្រកសមុទ្រ Hormuz

2026/07/04 01:34:07 am        52
នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានអំពាវនាវឱ្យមាន «ការដោះស្រាយដ៏​សមស្រប» ដើម្បីបញ្ចប់ការរំខាន នៅច្រកសមុទ្រ Hormuz ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើកិច្ចចរចា ដោយប្រយោល នៅក្នុងប្រទេសកាតា ក្នុងសប្តាហ៍នេះ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រ សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ។ ការចាប់​ផ្ដើម​ការឆ្លងកាត់ឡើង​វិញ​ដោយសុវត្ថិភាព និងសេរី នៅក្នុងច្រកសមុទ្រនេះ ឆាប់​បំផុត​តាម​ដែល​អាច គឺបម្រើផលប្រយោជន៍របស់ភាគីទាំងអស់»។លោក Guo បានបញ្ជាក់​ថា «ការដោះស្រាយសមស្រប» គឺត្រូវការជាចាំបាច់ ដើម្បីដោះស្រាយការរំខាន នៅច្រកសមុទ្រ Hormuz និង «កង្វល់រួមគ្នារបស់សហគមន៍អន្តរជាតិ» ដោយបន្ថែមថា បញ្ហា​ទាំង​នេះ «តម្រូវឱ្យមានការឆ្លើយតបដ៏​ត្រឹមត្រូវ​»។សេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំងនេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយប្រយោល ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា នៅទីក្រុងដូហា ក្នុងសប្តាហ៍នេះ។កិច្ចចរចានៅក្នុង​ទីក្រុង​របស់ប្រទេស​កាតា​នេះ​ គឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅទីក្រុងអ៊ីស្លាម៉ាបាដរបស់​​ប៉ាគីស្ថាន កាល​ពី​​ថ្ងៃទី១៧ ខែមិថុនា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាកិច្ច​ព្រម​ព្រៀង​ដែល​មាន​គោល​បំណង​បញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ក្រោយ​ជម្លោះ​បានចាប់ផ្តើមផ្ទុះឡើង​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ខណៈដែលភាគីទាំង២ បានកំណត់ថ្ងៃផុតកំណត់ ៦០​ថ្ងៃ ដែល​ការចរចាត្រូវ​បញ្ចប់​៕

ឥណ្ឌូនេស៊ីរកឃើញសាកសពអ្នកបើកបរយន្តហោះអាមេរិកដែលត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមនៅតំបន់ប៉ាពួ

2026/07/04 01:31:00 am        64
នៅថ្ងៃសុក្រនេះ យោធាឥណ្ឌូនេស៊ី បានរកឃើញសាកសពរបស់លោក Nicholas F. Gosselin គឺជាអ្នកបើកបរយន្តហោះជនជាតិអាមេរិក ក្រោយក្រុមឧទ្ទាមផ្តាច់ខ្លួននៅតំបន់ប៉ាពួខាងលិច បាញ់សម្លាប់រូបលោក និងដុតយន្តហោះលោកចោល ។លោក Lucky Avianto គឺជាមេបញ្ជាការយោធាក្រុង Timika និយាយថា សាកសពនេះ នឹងត្រូវដឹកបញ្ជូនទៅកាន់ទីក្រុងហ្សាកាតា ហើយនិងប្រគល់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមគ្រួសារនៅទីនោះ ។គួរឲ្យដឹងថា ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតប៉ាពួខាងលិច បាននិយាយនៅក្នុងរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានបាញ់សម្លាប់អ្នកបើកបរយន្តហោះអាមេរិកម្នាក់ និងបានដុតកម្ទេចចោលយន្តហោះ នៅក្នុងសារមួយផ្ញើរជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ។លោក Sebby Sambom គឺជាអ្នកនាំពាក្យរបស់កងទ័ពរំដោះជាតិប៉ាពួខាងលិច (TPNPB )និយាយថា ទាហានរបស់ពួកគេបានបាញ់សម្លាប់លោក Nicholas F. Gosselin និងដុតយន្តហោះគាត់ចោល ក្រោយចុះចតនៅតំបន់ Yahukimo ស្ថិតក្នុងខេត្តប៉ាពួខ្ពង់រាប ។យោធាឥណ្ឌូនេស៊ីនិយាយថា អ្នកដំណើរប៉ាពួ ៧នាក់ នៅលើយន្តហោះ ត្រូវបានជួយសង្រ្គោះដោយអ្នកស្រុក ខណៈដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហ្សាកាតា ពុំបានឆ្លើយតបនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ជុំវិញឧបទ្ទេវហេតុនេះ ៕

ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៤នាក់ រួមទាំងកុមារម្នាក់ នៅតំបន់ Sumy របស់អ៊ុយក្រែន

2026/07/04 01:28:55 am        56
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែននិយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើផ្ទះមួយខ្នង ស្ថិតក្នុងតំបន់ភាគខាងជើង Sumy បានសម្លាប់មនុស្ស ៤នាក់ នៅព្រឹកថ្ងៃសុក្រនេះ រួមទាំងកុមារម្នាក់ផងដែរ ។សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែននៅតំបន់ Sumy បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង និងសែងសាកសពមនុស្សនៅក្នុងថង់ដាក់សាកសព ។លោក Oleh Hryhorov គឺជាប្រធានរដ្ឋបាលយោធាតំបន់ Sumy និយាយថា ស្រ្តី ២នាក់ បុរសវ័យចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ដែលមានអាយុជាង ២ឆ្នាំ ត្រូវបានសម្លាប់ ហើយមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ក្រោយការវាយប្រហារយានដ្រូនរុស្ស៊ីលើផ្ទះមួយខ្នង ។នៅថ្ងៃសុក្រនេះដែរ ក្រុមជួយសង្រ្គោះ បាននាំគ្នាបោសសម្អាតកម្ទេចកម្ទីនៅរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកអ្នករស់រាន ស្របពេលដែលទង់ជាតិបង្ហូតត្រឹមពាក់កណ្តាលដង ដើម្បីប្រារព្ធថ្ងៃកាន់ទុក្ខ រយៈពេល ១ថ្ងៃ ក្រោយការវាយប្រហារមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ៣០នាក់ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ប្រាប់​ពីកិច្ចចរចា «ល្អ» ជាមួយ​អ៊ីរ៉ង់ និងបញ្ជាក់ជាថ្មីពីការគំរាមវាយប្រហារគោលដៅនានា
07/28/2026 08:07 PM
ក្រុម​គ្រួសារអ្នកដំណើរនៃ​ជើងហោះហើរ MH370 ចង់បានការពិត ខណៈតុលាការចិនបើក​សវនា​ការ​បណ្តឹងឧទ្ធរណ៍
07/28/2026 08:07 PM
ជប៉ុនស្នើឱ្យអ៊ីរ៉ង់អនុវត្ត «ភាពបត់បែនជា​អតិ​បរិមា​» ដើម្បី​បន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ាឱ្យបានឆាប់
07/28/2026 08:07 PM
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ យន្តហោះចម្បាំងអាមេរិកហោះចេញពីអ៊ីស្រាអែលទៅ​វាយប្រហារអ៊ីរ៉ង់
07/28/2026 08:07 PM
អ៊ូហ្គង់ដាប្រកាសគ្មានជំងឺអេបូឡា បន្ទាប់ពី​អ្នក​ជំងឺ​ចុង​ក្រោយចេញពី​មន្ទីរពេទ្យ
07/28/2026 08:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំប្រទេសកម្ពុជា និង ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (HOM AOT) ហ្វីលីពីនប្រចាំកម្ពុជា ធ្វើបទបង្ហាញ ​«ស្តីពីវឌ្ឍនភាពនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងកម្ពុជានិងថៃ»
07/28/2026 08:07 PM
កូរ៉េខាងត្បូងចេញការ​ជូនដំណឹងបន្ទាន់ អំពីការសង្ស័យ​លេចធ្លាយផូស្វ័រ នៅមូលដ្ឋានទ័ពអាកាសអាមេរិក
07/28/2026 07:07 PM
វិមានក្រឹមឡាំង៖ ការវាយប្រហាររបស់អ៊ុយក្រែន លើនាវាអ៊ីរ៉ង់ គួរត្រូវបានចាត់ទុកថា ជាការវាយប្រហារលើអ៊ីរ៉ង់
07/28/2026 07:07 PM
រញ្ជួយដីកម្រិត ៥,៧រ៉ិចទ័រ​ ធ្វើឱ្យញ័រ​​ខេត្ត​ Qinghai ​របស់​ប្រទេស​ចិន​
07/28/2026 07:07 PM
របាយការណ៍៖ លោក Trump ហាក់​កាន់​តែ​ទោរទៅ​រក​លោក Zelenskyy ជាង​លោក Putin
07/28/2026 06:07 PM