នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
ប្រធានាធិបតីអ៊ុយក្រែន៖ ការពន្យារពេលមីស៊ីលការពារដែនអាកាស បានធ្វើឱ្យមនុស្សជាច្រើនបាត់បង់ជីវិត
ការវាយប្រហារដោយយានដ្រូន​នៅអេហ្ស៊ីបបង្កឱ្យមានការព្រួយបារម្ភផ្នែក​សន្តិសុខអំពីការនាំចេញប្រេងតាមព្រែកជីក​ស៊ុយអេ
ពលរដ្ឋប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ពុំមានអារម្មណ៍រីករាយចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលទេ

ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee នឹងចូលរួមកិច្ចប្រជុំកំពូលណាតូ នៅទួរគី

2026/07/04 01:37:17 am        58
ទីប្រឹក្សារបស់លោក Lee Jae Myung បានឱ្យ​ដឹង​នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា) នេះថា ប្រធានាធិបតីកូរ៉េខាងត្បូងរូប​នេះ​ នឹងធ្វើ​ដំណើរទៅ​ចូលរួមកិច្ចប្រជុំកំពូលរបស់​អង្គការណាតូ (NATO) នៅប្រទេសទួរគី នាសប្តាហ៍ក្រោយ។សារព័ត័មាន​ Yonhap News បាន​រាយការណ៍ថា ទីប្រឹក្សាសន្តិសុខជាតិ លោក Wi Sung-lac បានប្រាប់អ្នកសារ​ព័ត៌មានថា លោក Lee នឹងធ្វើដំណើរទៅកាន់ទីក្រុង Ankara ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃ​មេដឹកនាំរបស់​អង្គការ​ណាតូ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធសប្ដាហ៍ក្រោយ​។កិច្ចប្រជុំកំពូលថ្ងៃទី ៧-៨ ខែកក្កដា នឹងនាំ​ប្រមុខរដ្ឋ និងរដ្ឋាភិបាលមកពីរដ្ឋសមាជិកចំនួន ៣២ របស់អង្គការណាតូមក​​ជុំ​គ្នា ក៏ដូចជាដៃគូសំខាន់ៗផងដែរ។ ការជួប​ជុំ​នេះ នឹងជាកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូលើកទី៣៦ និងជាលើកទី២ ដែលប្រទេសទួរគីធ្វើជាម្ចាស់ផ្ទះ បន្ទាប់ពីមាន​កិច្ចប្រជុំកំពូលឆ្នាំ២០០៤ នៅទីក្រុងអ៊ីស្តង់ប៊ុល។លោក Wi បានឱ្យ​ដឹង​ទៀត​ថា ប្រធានាធិបតីកូរ៉េខាងត្បូង នឹងចូលរួមកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូ និងថ្លែងសុន្ទរកថាគន្លឹះ​ តាមការអញ្ជើញរបស់អគ្គលេខាធិការរបស់សម្ព័ន្ធភាព​ គឺ​លោក Mark Rutte។ជាមួយ​គ្នា​នេះដែរ លោក Lee ក៏នឹងចូលរួមក្នុងវេទិកាឧស្សាហកម្មការពារជាតិផងដែរ ខណៈដែលលេខាធិការដ្ឋានឧស្សាហកម្មការពារជាតិរបស់ទួរគី នឹងធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវកម្រិតខ្ពស់ នៅឯកន្លែងឧស្សាហកម្មអវកាសទួរគី ដែលជាផ្នែកមួយនៃកិច្ចប្រជុំរបស់​អង្គការ​ណាតូ។ទីប្រឹក្សារូប​នេះ បានបន្ថែមថា ការចូលរួមរបស់លោក​ប្រធានាធិបតី «នឹងជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិជាមួយសម្ព័ន្ធមិត្តណាតូ»៕

ចិនអំពាវនាវឱ្យមាន «ការដោះស្រាយសមស្រប» ដើម្បីបញ្ចប់ការរំខាន នៅច្រកសមុទ្រ Hormuz

2026/07/04 01:34:07 am        52
នៅថ្ងៃសុក្រ (ទី៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានអំពាវនាវឱ្យមាន «ការដោះស្រាយដ៏​សមស្រប» ដើម្បីបញ្ចប់ការរំខាន នៅច្រកសមុទ្រ Hormuz ខណៈដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើកិច្ចចរចា ដោយប្រយោល នៅក្នុងប្រទេសកាតា ក្នុងសប្តាហ៍នេះ។អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «ច្រកសមុទ្រ Hormuz គឺជាច្រកសមុទ្រ សម្រាប់ការធ្វើនាវាចរណ៍អន្តរជាតិ។ ការចាប់​ផ្ដើម​ការឆ្លងកាត់ឡើង​វិញ​ដោយសុវត្ថិភាព និងសេរី នៅក្នុងច្រកសមុទ្រនេះ ឆាប់​បំផុត​តាម​ដែល​អាច គឺបម្រើផលប្រយោជន៍របស់ភាគីទាំងអស់»។លោក Guo បានបញ្ជាក់​ថា «ការដោះស្រាយសមស្រប» គឺត្រូវការជាចាំបាច់ ដើម្បីដោះស្រាយការរំខាន នៅច្រកសមុទ្រ Hormuz និង «កង្វល់រួមគ្នារបស់សហគមន៍អន្តរជាតិ» ដោយបន្ថែមថា បញ្ហា​ទាំង​នេះ «តម្រូវឱ្យមានការឆ្លើយតបដ៏​ត្រឹមត្រូវ​»។សេចក្តីថ្លែងការណ៍ពីទីក្រុងប៉េកាំងនេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយប្រយោល ដែលសម្របសម្រួលដោយប៉ាគីស្ថាន និងកាតា នៅទីក្រុងដូហា ក្នុងសប្តាហ៍នេះ។កិច្ចចរចានៅក្នុង​ទីក្រុង​របស់ប្រទេស​កាតា​នេះ​ គឺជាផ្នែកមួយនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) នៅទីក្រុងអ៊ីស្លាម៉ាបាដរបស់​​ប៉ាគីស្ថាន កាល​ពី​​ថ្ងៃទី១៧ ខែមិថុនា ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជាកិច្ច​ព្រម​ព្រៀង​ដែល​មាន​គោល​បំណង​បញ្ចប់សង្គ្រាមជាអចិន្ត្រៃយ៍ ក្រោយ​ជម្លោះ​បានចាប់ផ្តើមផ្ទុះឡើង​នៅ​ថ្ងៃទី២៨ ខែកុម្ភៈ ខណៈដែលភាគីទាំង២ បានកំណត់ថ្ងៃផុតកំណត់ ៦០​ថ្ងៃ ដែល​ការចរចាត្រូវ​បញ្ចប់​៕

ឥណ្ឌូនេស៊ីរកឃើញសាកសពអ្នកបើកបរយន្តហោះអាមេរិកដែលត្រូវបានសម្លាប់ដោយក្រុមឧទ្ទាមនៅតំបន់ប៉ាពួ

2026/07/04 01:31:00 am        64
នៅថ្ងៃសុក្រនេះ យោធាឥណ្ឌូនេស៊ី បានរកឃើញសាកសពរបស់លោក Nicholas F. Gosselin គឺជាអ្នកបើកបរយន្តហោះជនជាតិអាមេរិក ក្រោយក្រុមឧទ្ទាមផ្តាច់ខ្លួននៅតំបន់ប៉ាពួខាងលិច បាញ់សម្លាប់រូបលោក និងដុតយន្តហោះលោកចោល ។លោក Lucky Avianto គឺជាមេបញ្ជាការយោធាក្រុង Timika និយាយថា សាកសពនេះ នឹងត្រូវដឹកបញ្ជូនទៅកាន់ទីក្រុងហ្សាកាតា ហើយនិងប្រគល់ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក និងក្រុមគ្រួសារនៅទីនោះ ។គួរឲ្យដឹងថា ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតប៉ាពួខាងលិច បាននិយាយនៅក្នុងរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍ថា ពួកគេបានបាញ់សម្លាប់អ្នកបើកបរយន្តហោះអាមេរិកម្នាក់ និងបានដុតកម្ទេចចោលយន្តហោះ នៅក្នុងសារមួយផ្ញើរជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ។លោក Sebby Sambom គឺជាអ្នកនាំពាក្យរបស់កងទ័ពរំដោះជាតិប៉ាពួខាងលិច (TPNPB )និយាយថា ទាហានរបស់ពួកគេបានបាញ់សម្លាប់លោក Nicholas F. Gosselin និងដុតយន្តហោះគាត់ចោល ក្រោយចុះចតនៅតំបន់ Yahukimo ស្ថិតក្នុងខេត្តប៉ាពួខ្ពង់រាប ។យោធាឥណ្ឌូនេស៊ីនិយាយថា អ្នកដំណើរប៉ាពួ ៧នាក់ នៅលើយន្តហោះ ត្រូវបានជួយសង្រ្គោះដោយអ្នកស្រុក ខណៈដែលស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅទីក្រុងហ្សាកាតា ពុំបានឆ្លើយតបនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយ ជុំវិញឧបទ្ទេវហេតុនេះ ៕

ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៤នាក់ រួមទាំងកុមារម្នាក់ នៅតំបន់ Sumy របស់អ៊ុយក្រែន

2026/07/04 01:28:55 am        56
សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែននិយាយថា ការវាយប្រហារយានដ្រូនរុស្ស៊ីលើផ្ទះមួយខ្នង ស្ថិតក្នុងតំបន់ភាគខាងជើង Sumy បានសម្លាប់មនុស្ស ៤នាក់ នៅព្រឹកថ្ងៃសុក្រនេះ រួមទាំងកុមារម្នាក់ផងដែរ ។សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែននៅតំបន់ Sumy បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ កំពុងព្យាយាមពន្លត់អគ្គិភ័យឆាបឆេះផ្ទះមួយខ្នង និងសែងសាកសពមនុស្សនៅក្នុងថង់ដាក់សាកសព ។លោក Oleh Hryhorov គឺជាប្រធានរដ្ឋបាលយោធាតំបន់ Sumy និយាយថា ស្រ្តី ២នាក់ បុរសវ័យចំណាស់ម្នាក់ និងក្មេងស្រីម្នាក់ដែលមានអាយុជាង ២ឆ្នាំ ត្រូវបានសម្លាប់ ហើយមនុស្ស ៣នាក់ផ្សេងទៀត រងរបួស ក្រោយការវាយប្រហារយានដ្រូនរុស្ស៊ីលើផ្ទះមួយខ្នង ។នៅថ្ងៃសុក្រនេះដែរ ក្រុមជួយសង្រ្គោះ បាននាំគ្នាបោសសម្អាតកម្ទេចកម្ទីនៅរដ្ឋធានីគីវ របស់ប្រទេសអ៊ុយក្រែន ដើម្បីស្វែងរកអ្នករស់រាន ស្របពេលដែលទង់ជាតិបង្ហូតត្រឹមពាក់កណ្តាលដង ដើម្បីប្រារព្ធថ្ងៃកាន់ទុក្ខ រយៈពេល ១ថ្ងៃ ក្រោយការវាយប្រហារមីស៊ីល និងយានដ្រូនទ្រង់ទ្រាយធំរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោច ៣០នាក់ ៕

នគរបាលរុស្ស៊ីចាប់ខ្លួនអ្នកលក់ប្រេងខុសច្បាប់ ស្របពេលជួបវិបត្តិប្រេងឥន្ធនៈ

2026/07/04 01:24:27 am        57
នគរបាលតំបន់ Krasnodar ស្ថិតនៅភាគខាងត្បូងប្រទេសរុស្ស៊ីរាយការណ៍នៅថ្ងៃសុក្រនេះថា ពួកគេបានរារាំងគម្រោងជួញដូរប្រេងឥន្ធនៈ ជាមួយនឹងការចាប់ខ្លួនអ្នកលក់ប្រេងសង្ស័យ ២នាក់ ដែលរៀបគម្រោងលក់សាំងខុសច្បាប់ចំណុះ ១ពាន់លីត្រ ។យោងតាមការអះអាងរបស់នគរបាល បានឲ្យដឹងថា ជនសង្ស័យបានទិញប្រេងនៅតំបន់ Rostov-on-Don ដោយមានគោលបំណងលក់ចេញវិញនៅតំបន់ជិតខាង Krasnodar ។ ពួកគេទាំង ២ អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំ សម្រាប់ការលក់ប្រេងខុសច្បាប់នេះ ។ការវាយប្រហារយានដ្រូនអ៊ុយក្រែនលើរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បណ្តាលឲ្យជួបកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ី រួមទាំងនៅទីក្រុងមូស្គូផងដែរ ។នៅតាមស្ថានីយទូទាំងទីក្រុងមូស្គូ អ្នកបើកបរបានតម្រង់ជួររង់ចាំចាក់ប្រេង នាថ្ងៃសុក្រនេះ ស្របពេលកង្វះខាតប្រេងឥន្ធនៈ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនរបស់រុស្ស៊ី ក្នុងនោះស្ថានីយប្រេងមួយចំនួន រាយការណ៍ពីការគ្មានប្រភេទប្រេងឥន្ធនៈមួយចំនួន ហើយស្ថានីយខ្លះទៀត បិទបណ្តោះអាសន្នតែម្តង ។ក្រុមមន្រ្តីតំបន់ Krasnodar និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramនាថ្ងៃសុក្រនេះថា គេហដ្ឋានឯកជនជាច្រើនខ្នង និងបំពង់បង្ហូរឧស្ម័ន រងការខូចខាត ដោយសារការធ្លាក់បំណែកយានដ្រូន ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ៕

មនុស្សជាង ១០០នាក់ កើតជំងឺសុរិយារោគ ក្នុងព្រឹត្តការណ៍រថភ្លើងប្រវត្តិសាស្រ្តនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក

2026/07/04 01:22:44 am        57
នគរបាលនិយាយថា មនុស្សជាង ១០០នាក់ ត្រូវបានព្យាបាលសម្រាប់ជំងឺសុរិយារោគ គឺជាជំងឺពាក់ព័ន្ធនឹងកម្តៅក្តៅខ្លាំង ក្រោយសីតុណ្ហភាពខ្ពស់ វាយប្រហារហ្វូងមនុស្សដែលបានជួបជុំគ្នាចូលរួមព្រឹត្តការណ៍រថភ្លើងចំហាយទឹកជាប្រវត្តិសាស្រ្តនៅរដ្ឋ Pennsylvania សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ។ ក្រុមអាជ្ញាធរ បានប្រកាសឧបទ្ទេវហេតុទ្រង់ទ្រាយធំ ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៤១អង្សាសេ ហើយការសង្រ្គោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ត បានធ្វើឡើងនៅក្នុងចំណោមទស្សនិកជនរាប់ពាន់នាក់ដែលរង់ចាំការមកដល់ដែលត្រូវបានពន្យាពេលរបស់រថភ្លើងដើរដោយចំហាយទឹក ។ រូបភាពវីដេអូឃ្លីប ឃើញក្រុមសង្រ្គោះបន្ទាន់ សែងអ្នកជំងឺឆ្លងកាត់ហ្វូងមនុស្ស ហើយនគរបាលនិយាយថា មនុស្ស ៣៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយមនុស្សម្នាក់ ដែលគាំងបេះដូង ត្រូវបានធ្វើឲ្យដឹងខ្លួនវិញ មុនពេលបញ្ចូនទៅកាន់មន្ទីរពេទ្យ ។ អាកាសធាតុក្តៅខ្លាំងនៅតំបន់មួយចំនួនរបស់សហរដ្ឋអាមេរិក បានជំរុញឲ្យក្រុមមន្រ្តី បើកមជ្ឈមណ្ឌលត្រជាក់ ដាក់ពង្រាយរថយន្តជួយសង្រ្គោះមានទឹក និងឡេការពារកម្តៅថ្ងៃ ពេលដែលតំបន់ជាច្រើននៅក្នុងប្រទេសមួយនេះ ត្រូវបានគេព្យាករថា សីតុណ្ហភាពនឹងកើនឡើងដល់ ៤៦អង្សាសេ ។ ដោយឡែក អ្នករស់នៅក្នុងទីក្រុងញូវយ៉ក ប្រឈមសីតុណ្ហភាពហក់ឡើងខ្ពស់ផងដែរ ពេលដែលរលកកម្តៅបំបែកកំណត់ត្រា បានវាយប្រហារតំបន់ភាគខាងកើតសហរដ្ឋអាមេរិក មុនថ្ងៃចុងសប្តាហ៍ ខែកក្កដានេះ ៕

នាយករដ្ឋមន្ត្រីប៊ុលហ្គារីបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់EU ប្រឆាំងនឹងរុស្ស៊ី

2026/07/04 01:17:53 am        64
នាយករដ្ឋមន្ត្រីប៊ុលហ្គារី លោក Rumen Radev បានបញ្ជាក់ថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ទោះបីវាប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសនេះ។ លោកនាយករដ្ឋមន្ត្រីបានធ្វើសេចក្តីថ្លែងការណ៍នេះ ខណៈពេលកំពុងឆ្លើយសំណួររបស់ក្រុមអ្នកតាក់តែងច្បាប់នៅក្នុងសភា។ លោកត្រូវបានសួរអំពីលទ្ធភាពនៃការវេតូទាក់ទងនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការដាក់ទណ្ឌកម្មលើមេដឹកនាំកំពូលនៃសាសនាគ្រិស្តអូស្សូដក់នៃទីក្រុងមូស្គូ និង រុស្ស៊ីទាំងមូល និងជាស្ថាបនិកក្រុមហ៊ុន Lukoil លោក Vagit Alekperov ។នាយករដ្ឋមន្ត្រីបាននិយាយថា៖«អ្នកបានសួរថាតើខ្ញុំត្រៀមខ្លួនរួចជាស្រេចដើម្បីវេតូកញ្ចប់ទណ្ឌកម្មលើកទី ២១ របស់សហភាពអឺរ៉ុបប្រឆាំងនឹងប្រទេសរុស្ស៊ីដែរឬទេ។ ចម្លើយរបស់ខ្ញុំ គឺថា ខ្ញុំមិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើដូច្នេះទេ ខ្ញុំនឹងធ្វើ។ ជាក់ស្តែង ខ្ញុំនឹងធ្វើវាដើម្បីការពារផលប្រយោជន៍ជាតិរបស់យើង»។ នៅពាក់កណ្តាលខែមិថុនា លោក Radev បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបថា លោកនឹងមិនអនុញ្ញាតឲ្យមានការអនុម័ត «ទណ្ឌកម្មដែលនឹងបង្កគ្រោះថ្នាក់ ឬបង្កហានិភ័យដល់សេដ្ឋកិច្ចប៊ុលហ្គារី» នោះទេ ដោយបន្ថែមថា បញ្ហាទណ្ឌកម្មនេះ នឹងត្រូវពិចារណានៅក្នុងខែកក្កដា ដោយក្រុមប្រឹក្សាការបរទេសសហភាពអឺរ៉ុប៕

មេដឹកនាំអូម៉ង់ និងនាយករដ្ឋមន្ត្រីអង់គ្លេស ពិភាក្សាអំពីការធ្វើនាវាចរណ៍នៅក្នុងផ្លូវទឹកនៃឈូងសមុទ្រ

2026/07/04 01:15:58 am        53
មេដឹកនាំប្រទេសអូម៉ង់ លោក Haitham bin Tarik និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Sir Keir Starmer បានជួបគ្នានៅទីក្រុងឡុងដ៍កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាអំពីការវិវត្តនៅមជ្ឈិមបូព៌ា និងដើម្បីបញ្ជាក់ពីចំណងមិត្តភាពប្រវត្តិសាស្ត្ររបស់ប្រទេសពួកគេ។យោងតាមទីភ្នាក់ងារសារព័ត៌មានអូម៉ង់ កិច្ចប្រជុំនេះ បានផ្តោតលើមធ្យោបាយគាំទ្រការចរចា និងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីធានាសុវត្ថិភាព និងសន្តិសុខនៃការធ្វើនាវាចរណ៍តាមសមុទ្រតាមរយៈផ្លូវទឹកយុទ្ធសាស្ត្រនៃឈូងសមុទ្រនេះ។មេដឹកនាំទាំងពីរ ក៏បានពិភាក្សាអំពីបញ្ហាដែលមិនទាន់បានដោះស្រាយ នៅក្នុងតំបន់ផងដែរ ជាពិសេសក្នុងចំណោមបញ្ហាទាំងនោះ គឺឯកសារនុយក្លេអ៊ែរអ៊ីរ៉ង់។ ពួកគេបានឯកភាពគ្នាថា កិច្ចព្រមព្រៀងយូរអង្វែងមួយ គួរតែរក្សាស្ថិរភាពក្នុងតំបន់ និងលើកកម្ពស់ការទំនាក់ទំនងសន្តិហវិជ្ជមានក្នុងចំណោមប្រទេសជិតខាង។កាលពីខែមុន សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MoU) ដើម្បីបញ្ចប់ការប៉ះទង្គិចគ្នា និងចាប់ផ្តើមការចរចាលើបញ្ហាសំខាន់ៗ រួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រហ័រមូស។ ជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាប់ផ្តើមនៅថ្ងៃទី ២៨ ខែកុម្ភៈ ហើយបានកើនឡើងនៅទូទាំងតំបន់អស់រយៈពេលជាង ១០០ថ្ងៃ៕

នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានចេញដំណើរទៅកាន់អ៊ីរ៉ង់ ដើម្បីចូលរួមពិធីបុណ្យសពមេដឹកនាំកំពូល Khamenei

2026/07/04 01:13:54 am        67
នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Shehbaz Sharif បានចេញដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ដើម្បីចូលរួមពិធីបុណ្យរបស់អតីតមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei ។បុព្វជិតវ័យ ៨៦ឆ្នាំរូបនេះ ដែលជាអ្នករិះគន់ឥតសំចៃមាត់លើសហរដ្ឋអាមេរិក បានគ្រប់គ្រងប្រទេសអ៊ីរ៉ង់អស់រយៈពេល ៣៦ឆ្នាំមកហើយ មុនពេលរូបលោកត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការវាយប្រហារព្រួតដៃគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ។ពិធីបុណ្យសពរបស់លោកនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី ៤ ខែកក្កដា ក្នុងទីក្រុងតេអេរ៉ង់ ហើយនិងបញ្ចប់ទៅជាមួយពិធីបញ្ចុះសពលោកនៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ នៅឯទីក្រុងកំណើត Mashad ។ការិយាល័យរបស់លោកនិយាយថា លោក Sharif ត្រូវបានអមដំណើរដោយលោកឧបនាយករដ្ឋមន្រ្តី Ishaq Dar ប្រធានសភាលោក Ayaz Sadiq ប្រធានគណបក្សប្រជាជនប៉ាគីស្ថានលោក Bilawal Bhutto Zardari និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ។ ពួកគេបន្តថា លោក Sharif នឹងផ្តល់ការចូលរួមរំលែកទុក្ខដល់ថ្នាក់ដឹកនាំអ៊ីរ៉ង់ តាងនាមឲ្យរដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថាន ហើយបន្ទាប់ពីចូលរួមពិធីបុណ្យសពនេះរួច លោកនឹងបន្តដំណើរទៅកាន់ទីក្រុង Istanbul សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសទួរគី ៕

អ្នកបើកបរតម្រង់ជួរចាក់ប្រេងនៅតាមស្ថានីយក្នុងទីក្រុងមូស្គូ ស្របពេលជួបកង្វះខាតប្រេងនៅរុស្ស៊ី

2026/07/04 01:10:55 am        50
អ្នកបើកបរ បានតម្រង់ជួរចាក់ប្រេងនៅតាមស្ថានីយទូទាំងទីក្រុងមូស្គូ នាថ្ងៃសុក្រនេះ ស្របពេលកង្វះខាតប្រេងឥន្ធនៈ ធ្វើឲ្យប៉ះពាល់ដល់តំបន់ជាច្រើនរបស់រុស្ស៊ី ក្នុងនោះស្ថានីយប្រេងមួយចំនួន រាយការណ៍ពីការគ្មានប្រភេទប្រេងឥន្ធនៈមួយចំនួន ហើយស្ថានីយខ្លះទៀត បិទបណ្តោះអាសន្នតែម្តង ។រូបភាពវីដេអូឃ្លីប ឃើញរថយន្តចតជាជួរយ៉ាងវែង រង់ចាំចាក់ប្រេង ខណៈផ្ទាំងតម្លៃប្រេងនៅតាមស្ថានីយមួយចំនួន លែងឃើញមានប្រភេទប្រេង ។ នៅស្ថានីយបិទមួយកន្លែង កញ្ចក់អេក្រង់ជូនដំណឹងដល់អតិថិជនថា ប្រតិបត្តិការត្រូវបានផ្អាក ដោយសារហេតុផលបច្ចេកទេស ។ កង្វះខាតប្រេង បានកើតមាន ស្របពេលការផ្គត់ផ្គង់ប្រេងនៅតាមតំបន់ជាច្រើនរបស់រុស្ស៊ី រងសម្ពាធ ដោយវាបង្ហាញពីភាពតានតឹងនៅក្នុងទីផ្សារប្រេងឥន្ធនៈក្នុងស្រុករបស់ប្រទេសមួយនេះ ។ ទោះបីជាមានការខ្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរនៅទូទាំងប្រទេសរុស្ស៊ីយ៉ាងណាក្តី លោកប្រធានាធិបតី Vladimir Putin ហាក់ដូចជាមិនអើពើនឹងការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែននោះឡើយ លើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសលោក ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
07/31/2026 02:07 PM
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
07/31/2026 02:07 PM
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
07/31/2026 02:07 PM
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?
07/31/2026 01:07 PM
អ្នកស្វែងរកការងារជាង ១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាសន៍ការងាររបស់ NEA
07/31/2026 01:07 PM
អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
07/31/2026 01:07 PM
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
07/31/2026 01:07 PM
មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
07/31/2026 12:07 PM
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
07/31/2026 12:07 PM
កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
07/31/2026 12:07 PM