ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ

ព័ត៌មានអន្តរជាតិ

ប្រភព៖ មនុស្ស ១៥នាក់រងរបួស ខណៈ​ ៥នាក់មាន​ស្ថានភាពធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះ នៅទីក្រុងដាម៉ាស

2026/07/03 03:32:45 am        58
ការផ្ទុះ នៅក្នុង​ទីក្រុងដាម៉ាសរបស់ប្រទេស​ស៊ីរី នា​ថ្ងៃព្រហស្បតិ៍ (ទី​២ ខែកក្កដា ឆ្នាំ២០២៦) នេះ បានបណ្តាលឱ្យមនុស្សយ៉ាង​ហោចណាស់​ ១៥នាក់រងរបួស ក្នុង​នោះ ៥នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ នេះបើយោងតាមប្រភពរបស់​ប្រព័ន្ធផ្សព្វផ្សាយ​ Al Arabiya។នៅ​មុននេះ អ្នកឆ្លើយឆ្លងព័ត៌មានម្នាក់របស់​ប្រព័ន្ធផ្សព្វផ្សាយ​ Al Arabiya បានរាយការណ៍ថា មានការផ្ទុះនៅក្នុងហាងកាហ្វេមួយ ក្បែរវិមានយុត្តិធម៌ ក្នុងទីក្រុងដាម៉ាស។ចំណែក​អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារ​សារព័ត៌មាន AFP បានឃើញរថយន្តសង្គ្រោះបន្ទាន់បើកឆ្លងកាត់ចរាចរណ៍ ដោយមានសំឡេងស៊ីរ៉ែនបន្លឺឡើង នៅពេលពួកគេធ្វើដំណើរទៅកាន់តំបន់នោះ។រីឯ​ទូរទស្សន៍រដ្ឋបានរាយការណ៍ថា មនុស្សជាច្រើនបានរងរបួសដោយសារតែការផ្ទុះមួយ នៅជិតវិមានយុត្តិធម៌ ហើយថា ប្រភេទ និង​ដើមហេតុ​នៃ​ការផ្ទុះ កំពុងត្រូវបានស៊ើបអង្កេត៕

ជប៉ុនព្រមានពីទឹកជំនន់ និងបំណាក់​ដី នៅតំបន់ភាគខាងកើត និងខាងលិច អំឡុង​ពេល​ភ្លៀងធ្លាក់ខ្លាំង

2026/07/03 03:26:33 am        61
ភ្លៀងធ្លាក់ខ្លាំងបានកើតមាន​នៅ​ភាគខាងជើងនៃកោះ Kyushu នៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ ខណៈដែលតំបន់​ភ្លៀងធ្លាក់តាមរដូវ និងប្រព័ន្ធសម្ពាធទាប បានប៉ះពាល់ដល់កោះដ៏​សំខាន់ នៅ​ភាគនិរតីរបស់ប្រទេសជប៉ុន ដោយ​អ្វីដែលហៅថា ខ្សែបន្ទាត់​ភ្លៀងបានកើត​មាន​នៅទូទាំងខេត្តចំនួន ៥ គឺ Fukuoka, Saga, Nagasaki, Kumamoto និង Oita។ទីភ្នាក់ងារឧតុនិយមជប៉ុនបានព្រមានអំពីបំណាក់ដី ទឹកជំនន់ និងទឹក​ទន្លេឡើង​ខ្ពស់​ ខណៈដែលស្ថានភាពបរិយាកាសប្រែប្រួល​មិនទៀង​ បានរីករាលដាលពាសពេញភាគខាងលិច និងភាគខាងកើតរបស់​ប្រទេស។នៅតំបន់​ Saikai ខេត្ត Nagasaki កម្រិតទឹក​ភ្លៀង​​ជាង ៨០​មីលីម៉ែត្រ បាន​ធ្លាក់​ក្នុងរយៈពេលតែ​ ១ម៉ោង មុនថ្ងៃរះ។ ភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានបំណាក់​ដីនៅទី​កន្លែង​ជាច្រើននៅទីក្រុង​ Hita ខេត្ត Oita ខណៈដែលទឹក​ទន្លេ Chikugo ក្នុងខេត្ត Kumamoto បានឡើង​ហូរហៀរ។ប្រព័ន្ធសម្ពាធទាបត្រូវបានគេរំពឹងថា នឹងឆ្ពោះទៅទិសខាងកើត នៅ​ភាគខាងកើតប្រទេសជប៉ុន រហូតដល់ថ្ងៃទី៣ ខែកក្កដា ខណៈដែលតំបន់​ភ្លៀងធ្លាក់ រំកិល​បន្តិចម្តងៗទៅភាគខាងត្បូង។ ស្ថានភាពបរិយាកាសនៅតែប្រែប្រួល​មិនទៀង​ នៅ​ខេត្ត Kagoshima ជាកន្លែងដែលអាចមានផ្គររន្ទះ និងខ្យល់បក់ខ្លាំងរហូតដល់ល្ងាចថ្ងៃទី៣ ខែកក្កដា​។ទីភ្នាក់ងារក៏បានជំរុញផង​ដែរ​ឱ្យមានការប្រុងប្រយ័ត្នជាបន្តបន្ទាប់ នៅភាគខាងជើង Kyushu ជាកន្លែងដែលដីសើម និងទឹក​ទន្លេឡើង​ខ្ពស់​ នៅតែជាកង្វល់ បន្ទាប់ពីភ្លៀងធ្លាក់យូរ៕

ក្រុមជួយសង្រ្គោះបន្តរកឃើញសាកសព ខណៈមនុស្សស្លាប់ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងគីវ កើនឡើងដល់ ២០នាក់

2026/07/03 03:23:01 am        45
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពមនុស្សម្នាក់ទៀតពីអគារស្នាក់នៅរងការបំផ្លិចបំផ្លាញនៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន ក្រោយការវាយប្រហារកាលពីយប់កន្លងទៅរបស់រុស្ស៊ី ។រុស្ស៊ី បានបើកការវាយប្រហារយានដ្រូនរាប់រយគ្រឿង និងមីស៊ីលរាប់សិបគ្រាប់លើរដ្ឋធានីគីវ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ ។ការវាយប្រហារនេះ បណ្តាលឲ្យមានការខូចខាតទ្រង់ទ្រាយធំបំផុតនៅទីក្រុងគីវ មកទល់នឹងពេលនេះ ក្នុងឆ្នាំនេះ ហើយនិងជាការវាយប្រហារស្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីខែឧសភា ពេលដែលមនុស្ស ២៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដែលធ្វើឲ្យអគារផ្ទះល្វែងមួយខ្នងរាបដល់ដី ។លោក Tymur Tkachenko គឺជាប្រធានរដ្ឋបាលយោធាទីក្រុងគីវ និយាយថា ចំនួនមនុស្សស្លាប់ បន្ទាប់ពីការវាយប្រហារយានដ្រូន និងមីស៊ីលរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ បានកើនឡើងដល់ ២០នាក់ ។អភិបាលក្រុងគីវ លោក Vitali Klitschko បានប្រកាសកាន់ទុក្ខក្នុងទីក្រុងរបស់លោកនៅថ្ងៃសុក្រស្អែកនេះ ។ខណៈពេលនោះដែរ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ដែលកាន់បន្ថយដំណើរទស្សនកិច្ចរបស់លោកនៅអៀរឡង់ ដើម្បីប្រញាប់ប្រញាល់មកកាន់ប្រទេសជាតិវិញនោះ និយាយថា ការខូចខាត ត្រូវបានរាយការណ៍ថា កើតមាននៅទីតាំងជាង ២០កន្លែង ទូទាំងរដ្ឋធានីគីវ ៕

ហ៊្សកដានី បញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសវេណេស៊ុយអេឡា ក្រោយការរញ្ជួយដីសម្លាប់មនុស្សជាង ២ពាន់នាក់

2026/07/03 03:22:40 am        40
ក្រុមការងារនៅទីក្រុង Amman បានលើកជំនួយមនុស្សធម៌របស់ប្រទេសហ៊្សកដានីដាក់លើយន្តហោះ Qatar Emiri Air Force ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការរញ្ជួយដីកាលពីសប្តាហ៍មុន ។យោងតាមការអះអាងរបស់កងទ័ពហ៊្សកដានី បានឲ្យដឹងថា ជំនួយមនុស្សធម៌ទំាងអស់នេះ រួមមានគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្ត និងស្បៀងអាហារទម្ងន់ ២៦តោន បន្ថែមពីលើឧបករណ៍ជួយសង្រ្គោះ ។ប្រធានរដ្ឋសភាវេណេស៊ុយអេឡាលោក Jorge Rodriguez និយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២.២៩៥ នាក់ និងមនុស្សជាង១១.០០០នាក់ បានរងរបួស ហើយមនុស្សជិត ១៣.០០០ នាក់ គ្មានផ្ទះសម្បែង ខណៈដែលអង្គការសហប្រជាជាតិប៉ាន់ប្រមាណថា មនុស្ស ៥ម៉ឺននាក់កំពុងបាត់ខ្លួន ។មានអ្នករស់រានមានជីវិតពីអព្ភូតហេតុនេះជាច្រើន ដូចជាក្មេងប្រុសអាយុ ៣ឆ្នាំម្នាក់ដែលត្រូវបានគេរកឃើញនៅមានជីវិតកាលពីថ្ងៃអង្គារ រយៈពេល ៧ថ្ងៃ បន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងក្លាបំផុតនៅវេណេស៊ុយអេឡាក្នុងរយៈពេលជាងមួយសតវត្សរ៍មកនេះ ៕

លីទុយអានីចាត់វិធានការបញ្ចប់ការហាមឃាត់អាវុធនុយក្លេអ៊ែរ ខណៈ «ស្ថានភាពកាន់តែអាក្រក់ទៅៗ»

2026/07/03 03:15:54 am        34
លោកប្រធានាធិបតីលីទុយអានី បាននិយាយ​ថា គណបក្សនៅ​សភាលីទុយអានី បានព្រមព្រៀងគ្នាលើផែនការមួយ ដើម្បីលុបការហាមឃាត់តាមរដ្ឋធម្មនុញ្ញ ស្ដី​ពី​អាវុធនុយក្លេអ៊ែរ និងមូលដ្ឋានយោធាបរទេសនៅក្នុងប្រទេសបាល់ទិកមួយ​នេះ​ ជាសញ្ញាមួយដែលបង្ហាញថា តើ​រុស្ស៊ីកំពុងធ្វើ​ឲ្យ​មាន​ការគណនាផ្នែក​សន្តិសុខឡើងវិញនៅក្នុងតំបន់យ៉ាង​ដូចម្ដេច​។វិធានការនេះ ជាការសើរើផ្នែក​ច្បាប់ដ៏សំខាន់មួយដែលនឹងត្រូវការសំឡេងភាគច្រើន ២ភាគ៣ នៅក្នុងការបោះឆ្នោតសភាទាំង​២ ដើម្បីទទួល​បាន​ការ​អនុម័ត នឹងលុបចោលការហាមឃាត់ដែលបានដាក់ឱ្យអនុវត្តជាង ៣ទសវត្សរ៍មុន បន្ទាប់ពីលីទុយអានីបានផ្ដាច់​ចេញពីសហភាពសូវៀត។បន្ទាប់ពីជួបជាមួយមេដឹកនាំគណបក្សមាន​សំឡេង​នៅរដ្ឋ​​សភា នា​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ លោកប្រធានាធិបតី Gitanas Nauseda បានប្រាប់អ្នកសារ​ព័ត៌មានថា៖ «ស្ថានភាពភូមិសាស្ត្រនយោបាយកាន់តែអាក្រក់ទៅៗ។ រដ្ឋធម្មនុញ្ញរបស់យើងត្រូវបានសរសេរឡើង នៅពេលដែលកាលៈទេសៈភូមិសាស្ត្រនយោបាយមាន​ស្ថានភាពខុសគ្នាទាំងស្រុង»។ក្នុង​នាម​ជា​ប្រទេស​សមាជិករបស់អង្គការ​ណាតូ (NATO) លីទុយអានី ​ដែលមានព្រំដែនគោកជាមួយតំបន់ Kaliningrad របស់រុស្ស៊ី និងជាមួយសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ គឺបេឡារុស បានបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួន ៣ដង ចាប់តាំងពីទីក្រុងមូស្គូបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។ប្រទេសនេះកំពុងធ្វើឱ្យប្រសើរឡើងនូវកងកម្លាំងប្រដាប់អាវុធ ពង្រឹងព្រំដែន និងកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់កងពលតូចត្រៀមប្រយុទ្ធរបស់​អាល្លឺម៉ង់ ដែលនឹងមានមូលដ្ឋានជាអចិន្ត្រៃយ៍នៅទីនោះ ក្នុងឆ្នាំ២០២៧ ដើម្បីរារាំងរុស្ស៊ីកុំ​ឲ្យមាន​ការវាយប្រហារ។ការប្រកាសនេះធ្វើឡើង ៤ខែបន្ទាប់ពីសម្ព័ន្ធមិត្តណាតូ គឺប្រទេសហ្វាំងឡង់ ដែលក៏មានព្រំដែនជាប់នឹងរុស្ស៊ីផងដែរ បានប្រកាសពីផែនការលុបចោលការហាមឃាត់ផ្នែកច្បាប់រាប់ទសវត្សរ៍ ស្ដីពី​អាវុធនុយក្លេអ៊ែរ៕

រុស្ស៊ី បញ្ជាក់ថា អឺរ៉ុបកំពុងបង្កើនភាពតានតឹងតាមរយៈ​យោធូបនីយកម្ម ហើយថា ​នឹងចាត់វិធានការសន្តិសុខបន្ថែម

2026/07/03 03:13:52 am        56
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ​២០២៦) នេះ​ថា អឺរ៉ុបបាន និងកំពុងបង្កើនភាពតានតឹងដោយបន្តធ្វើយោធូបនីយកម្ម និងការប្រឈមមុខដាក់គ្នាជាមួយប្រទេស​រុស្ស៊ី។ហើយ​ជាមួយ​គ្នានេះ អំឡុង​ពេល​និយាយ​នៅឯ​សន្និសីទសារព័ត៌មានមួយ ក្នុង​ទីក្រុងមូស្គូ លោក Peskov បានលើកឡើង​ថា រុស្ស៊ីកំពុងត្រូវបានបង្ខំឱ្យរៀបចំផែនការវិធានការបន្ថែម ដើម្បីធានាសន្តិសុខផ្ទាល់ខ្លួន។លោកបាននិយាយ​ថា៖ «វា​មិនមានការសង្ស័យនោះ​ទេថា ការកើនឡើងនៃភាពតានតឹង នៅអឺរ៉ុប កំពុងកើតឡើង។ នៅពេលដែលសហភាពអឺរ៉ុប កំពុងអភិវឌ្ឍអត្តសញ្ញាណការពារជាតិរបស់ខ្លួន វាបានដើរលើមាគ៌ានៃយោធូបនីយកម្ម ហើយបានកំណត់​ខ្លួនឯង ដើម្បីប្រឈមមុខដាក់គ្នាជាមួយសហព័ន្ធរុស្ស៊ី»។លោក Peskov បាន​បន្ត​ថា៖ «យើងមិនអាចធ្វើ​មិន​ដឹង​មិន​ឮចំពោះ​រឿងនេះបានឡើយ​។ កត្តានេះធ្វើឱ្យភាពតានតឹងដែលកំពុងកើនឡើងរួចហើយនៅទ្វីបអឺរ៉ុប កាន់តែធ្ងន់ធ្ងរឡើង ហើយ​បង្ខំយើងឱ្យរៀបចំផែនការវិធានការបន្ថែមដើម្បីធានាសន្តិសុខផ្ទាល់ខ្លួនរបស់យើង»។អ្នក​នាំ​ពាក្យរូបនេះបានបន្ថែម​ថា មានការ​យល់​ឃើញ​ខុសៗគ្នា នៅក្នុងប្រទេសរុស្ស៊ី រួមទាំងក្នុងចំណោមអ្នកសិក្សាផងដែរ អំពីរបៀបដែលល្អបំផុត ដើម្បីធានាសន្តិសុខរបស់ប្រទេស រាប់​ចាប់ពីវិធីសាស្រ្ត «ម៉ឺងម៉ាត់ជាងមុន» រហូតដល់វិធីសាស្រ្ត «កាន់​តែ​តឹង​រ៉ឹង​ខ្លាំង​ឡើងជាងមុន»។ លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែរឿងមួយដែលមិនគួរមានការសង្ស័យ នោះគឺសន្តិសុខដែលអាចទុកចិត្តបានរបស់សហព័ន្ធរុស្ស៊ី និងផលប្រយោជន៍ជាតិរបស់ខ្លួន នឹងត្រូវបានធានាក្នុងករណីណាក៏ដោយ»៕

ក្រុមឧទ្ទាមនៅតំបន់ប៉ាពួររបស់ឥណ្ឌូនេស៊ី អះអាងថា បានសម្លាប់អ្នកបើកបរយន្តហោះអាមេរិក និងដុតយន្តហោះចោល

2026/07/03 03:07:47 am        48
ក្រុមឧទ្ទាមនៅតំបន់ភាគខាងកើតប៉ាពួ របស់ប្រទេសឥណ្ឌូនេស៊ី បាននិយាយនៅក្នុងរូបភាពវីដេអូឃ្លីបដែលបានបញ្ចេញនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេបានបាញ់សម្លាប់អ្នកបើកបរយន្តហោះអាមេរិកម្នាក់ និងបានដុតកម្ទេចចោលយន្តហោះ នៅក្នុងសារមួយផ្ញើរជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ។ក្រុមឧទ្ទាមទាំងនេះ បានកាន់កាំភ្លើង និងពូថៅ និងលើកទង់ “Morning Star” គឺជានិមិត្តរូបនៃឯករាជ្យរបស់ខ្លួន ខណៈប្រកាសការវាយប្រហារ ។ នេះបើយោងតាមរូបភាពវីដែអូឃ្លីបដែលបញ្ចេញដោយកងទ័ពរំដោះជាតិប៉ាពួខាងលិច(TPNPB) ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ទីតាំង និងកាលបរិច្ឆេតថតវីដេអូមួយនេះបានឡើយ ។លោក Sebby Sambom គឺជាអ្នកនាំពាក្យរបស់កងទ័ព TPNPB និយាយថា ទាហានរបស់ពួកគេបានបាញ់សម្លាប់អ្នកបើកយន្តហោះអាមេរិកម្នាក់នេះគឺលោក Nicholas F. Gosselin និងដុតយន្តហោះគាត់ចោល ក្រោយចុះចតនៅតំបន់ Yahukimo ស្ថិតក្នុងខេត្តប៉ាពួខ្ពង់រាប ៕

ប្រភព៖ អាមេរិកបាន​ប្រាប់​ទីក្រុងតេអេរ៉ង់ អំពីការបដិសេធ ចំពោះការផ្លាស់ប្តូរណាមួយ នៅច្រកសមុទ្រ Hormuz

2026/07/03 03:07:16 am        43
ប្រភពរបស់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya នៅ​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) បាន​ប្រាប់​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិកបានផ្ញើសារច្បាស់លាស់ទៅកាន់អ៊ីរ៉ង់ជាពិសេស ទាក់ទងនឹងស្ថានភាព នៅច្រកសមុទ្រ Hormuz បន្ទាប់ពីការចរចាដោយប្រយោល រវាងប្រទេសទាំង២ បានបញ្ចប់នៅទីក្រុងដូហា ប្រទេស​កាតា។ប្រភពទាំងនោះបាននិយាយថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់អ៊ីរ៉ង់ អំពីការបដិសេធរបស់ខ្លួន ចំពោះការផ្លាស់ប្តូរណាមួយ នៅក្នុងស្ថានភាពបច្ចុប្បន្ន នៅច្រកសមុទ្រហ័រមូស។ប្រភពទាំងនោះបានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទីក្រុងតេអេរ៉ង់ថា ការផ្លាស់ប្តូរណាមួយ នឹងត្រូវបានចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀង ដោយកត់សម្គាល់ថា សហរដ្ឋអាមេរិកចាត់ទុកអាកប្បកិរិយា និងវិធីសាស្រ្តរបស់អ៊ីរ៉ង់ ចំពោះស្ថានភាព នៅចក្រ​សមុទ្រ Hormuz ជាការសាកល្បងដំបូងឆ្ពោះទៅរកការប្តេជ្ញាចិត្តរបស់ប្រទេស​នេះ ចំពោះកិច្ចព្រមព្រៀង។ប្រភពទាំងនោះបានបន្ថែមថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវចំណាត់ការ​របស់អ៊ីរ៉ង់ នៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រមួយ​នេះ​ ដោយកត់សម្គាល់ថា ទីក្រុងតេអេរ៉ង់ ត្រូវបានជូនដំណឹងថា វឌ្ឍនភាពណាមួយ ពាក់ព័ន្ធ​នឹង​មូលនិធិបង្កករបស់ខ្លួន នៅតែជា​លក្ខខណ្ឌ អាស្រ័យលើ​ការអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នាយ៉ាងពេញលេញ។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​រាយការណ៍​ថា ការជូន​ដំណឹង​នេះកើតឡើងនៅពេលដែលអ៊ីរ៉ង់បានលើកឡើង​នៅ​ថ្ងៃព្រហស្បតិ៍នេះ​ថា ការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz នឹងបង្កឱ្យមានការឆ្លើយតប «យ៉ាងម៉ឺងម៉ាត់ និងរហ័ស»៕

រដ្ឋមន្ត្រីការបរទេសស៊ីរី៖ ទីក្រុងដាម៉ាសបើកចំហជួប​​ជាមួយក្រុមហេសបូឡា បើជា «ផលប្រយោជន៍ជាតិ»

2026/07/03 02:56:44 am        32
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad al-Shaibani បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍ (ទី២ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ទីក្រុងដាម៉ាសបើកចំហ ក្នុង​ការជួបជាមួយក្រុមហេសបូឡា ប្រសិនបើការធ្វើដូច្នេះ «បម្រើជា​ផលប្រយោជន៍ជាតិ» ខណៈពេលដែលសង្កត់ធ្ងន់ថា បញ្ហានេះមិនត្រូវបានពិភាក្សាឡើយ​ ក្នុងអំឡុងពេលមាន​កិច្ច​ពិភាក្សា​ជាមួយប្រធានសភាលីបង់ លោក Nabih Berri។ដោយ​បាន​និយាយ​បន្ទាប់ពីជួបជាមួយលោក Berri ក្នុង​ទីក្រុងបេរូត លោក al-Shaibani បាននិយាយថា «ប្រសិនបើការជួបជាមួយក្រុមហេសបូឡាបម្រើផលជា​ប្រយោជន៍ជាតិ យើងបើកចំហសម្រាប់ជំនួប​បែបនេះ​»។លោកបានបញ្ជាក់​ថា បញ្ហានេះមិនត្រូវបានលើកឡើងក្នុងអំឡុងកិច្ចប្រជុំនោះទេ ដោយបន្ថែមថា ការពិភាក្សាផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីតាមរបៀបដែលបម្រើផលប្រយោជន៍របស់ប្រទេសទាំង២។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានជាតិលីបង់។ការកត់សម្គាល់របស់លោក Al-Shaibani បែបនេះ​ បានកើតឡើងបន្ទាប់ពីប្រធានាធិបតីស៊ីរី លោក Ahmad al-Sharaa បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយទូរទស្សន៍ Al Mashhad ថា ទីក្រុងដាម៉ាសបើកចំហសម្រាប់ការពិភាក្សាជាមួយភាគីលីបង់ទាំងអស់ ក្នុង​នោះ​រួមទាំងក្រុមហេសបូឡាផងដែរ៕

មនុស្សម្នាក់ស្លាប់ នៅក្នុងការវាយប្រហារដោយគ្រាប់បែកភ្លើងលើផ្ទះមានទំនងជាមួយគណបក្សកាន់អំណាចក្រិក

2026/07/03 02:56:20 am        35
ស្លាកស្នាមឆេះ និងរថយន្តរងការឆាបឆេះ បាននៅកន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកភ្លើងដែលបានសម្លាប់មនុស្សម្នាក់ នៅទីក្រុងភាគខាងជើង Thessaloniki ប្រទេសក្រិកនាថ្ងៃព្រហស្បតិ៍នេះ ។ស្រ្តីវ័យ ៧២ឆ្នាំម្នាក់ បានស្លាប់ដោយសារការរលាកភ្លើងធ្ងន់ធ្ងរ អំឡុងការវាយប្រហារគ្រាប់បែកភ្លើងដែលមានគោលដៅលើមនុស្សមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាចប្រជាធិបតេយ្យថ្មីរបស់ក្រិក ។អ្នកស្រុកម្នាក់ដែលព្យាយាមជួយស្រ្តីរងគ្រោះម្នាក់ និយាយថា លោកបានព្យាយាមជួយស្រ្តីវ័យចំណាស់ម្នាក់នេះ ដោយប្រើទឹក និងម៉ាស ហើយលោកបាននាំគាត់ទៅលើរានហាលផ្ទះរបស់លោក ដើម្បីកុំឲ្យគាត់ស្រូបផ្សែង ហើយនិងរលាកអណ្តាតភ្លើង ។ក្រុមវាយប្រហារ បានដាក់កំប៉ុងហ្គាសភ្លើងជាច្រើននៅផ្ទះ ៣កន្លែងរបស់ឥស្សរជនមកពីគណបក្សកាន់អំណាច ស្ថិតក្នុងទីក្រុង Thessaloniki មុនពេលព្រឹកថ្ងៃអង្គារ ក៏បណ្តាលឲ្យមានការផ្ទុះបែបនេះកើតឡើង ។សេចក្តីថ្លែងការណ៍ពីមន្ទីរពេទ្យនិយាយថា លោកយាយ Vagia Nestora ដែលត្រូវជាម្តាយរបស់លោក Afroditi Nestora គឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យថ្មី បានស្លាប់ដោយសារលែងដំណើរការសរីរាង្គ ក្រោយរងការឆាបឆេះប្រហែល ៨០ភាគរយលើខ្លួនប្រាណរបស់គាត់ ។ បេក្ខជនរូបនេះ បានរងការឆាបឆេះផងដែរ ហើយមនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស ។ពុំទាន់មានការអះអាងទទួលស្គាល់ភ្លាមៗនោះទេចំពោះការវាយប្រហារនេះ ដែលជាការវាយប្រហារលើកដំបូងលើអ្នកនយោបាយក្រិកបណ្តាលឲ្យស្លាប់មនុស្ស ក្នុងរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM