ការវាយប្រហារដោយយានដ្រូនរបស់កងទ័ពស៊ូដង់នៅ Darfur បានសម្លាប់មនុស្សជាង៣០នាក់
នគរបាលអេស្ប៉ាញបំបែកការប្រមូលផ្ដុំជនអន្តោប្រវេសន៍មកពីម៉ារ៉ុកនៅទីក្រុងសេអ៊ូតា ខណៈពលរដ្ឋតវ៉ាប្រឆាំងការចូលទឹកដីពួកគេ
[UPDATE] រដ្ឋមួយចំនួនរបស់ឥណ្ឌា គ្របដណ្ដប់ដោយទឹកជំនន់ ខណៈអ្នកស្លាប់ឡើងដល់ជិត១០០នាក់
អ៊ីរ៉ង់ ពង្រីកការឈោងចាប់ផ្នែកការទូត ហើយក៍រក្សាកម្លាំងទប់ដោយយោធាផងដែរ

ព័ត៌មានអន្តរជាតិ

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃនៅតំបន់ភាគកណ្តាល Aragon របស់អេស្ប៉ាញ

2026/07/02 03:32:26 am        43
សារព័ត៌មានក្នុងស្រុករាយការណ៍ថា ភ្លើងឆេះព្រៃនៅតំបន់ភាគកណ្តាល Aragon របស់អេស្ប៉ាញបានឆាបឆេះដីព្រៃប្រហែល ២.២០០ហិចតា ។ ភ្លើងឆេះព្រៃនេះ បានកើតឡើងកាលពីថ្ងៃអង្គារ និងបន្តឆាបឆេះរហូតដល់ថ្ងៃពុធ ។ក្រុមអាជ្ញាធរនិយាយថា មុខកាត់នៃភ្លើងឆេះព្រៃ ពុំបានរីកធំនោះទេ ហើយភ្លើងឆេះព្រៃនេះដែរ បង្ខំឲ្យមានការបិទផ្លូវ A-1211 បើទោះបីជាពុំមានការបញ្ជាឲ្យជម្លៀសខ្លួនមនុស្សក៏ដោយ ។អង្គភាពសង្រ្គោះបន្ទាន់យោធាអេស្ប៉ាញ និយាយថា ពួកគេបានដាក់ពង្រាយក្រុមមន្រ្តីជាង ១០០នាក់ និងរថយន្តពន្លត់អគ្គិភ័យប្រហែល ៤០គ្រឿង ដើម្បីគាំទ្រកិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃ ៕

គ្រោះថ្នាក់រថយន្តក្រុងនៅតំបន់ភាគឦសានប្រទេសអេស្ប៉ាញបណ្តាលឲ្យមនុស្ស៤៤នាក់រងរបួស

2026/07/02 03:32:10 am        34
សេវាកម្មសង្រ្គោះបន្ទាន់តំបន់ Cataloniaនិយាយថា រថយន្តក្រុងរដ្ឋ បានបុកអគារក្រុមប្រឹក្សាខេត្ត Lleida ស្ថិតនៅតំបន់ភាគឦសានប្រទេសអេស្ប៉ាញនាថ្ងៃពុធនេះបណ្តាលឲ្យមនុស្សយ៉ាងហោច ៤៤នាក់ រងរបួស ។ក្រមមន្រ្តីសង្រ្គោះបន្ទាន់និយាយថា មនុស្ស៤នាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុងនោះមនុស្ស ៩នាក់ បានរងរបួសធ្ងន់ធ្ងរ ប៉ុន្តែមិនគំរាមកំហែងដល់អាយុជីវិតនោះទេហើយមនុស្ស ៣១នាក់ផ្សេងទៀត រងរបួសស្រាល ។ក្រុមជួយសង្រ្គោះ និងរថយន្តគិលានសង្រ្គោះត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុហើយពុំមានសេចក្តីរាយការណ៍ពីមនុស្សគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ។រថយន្តករុងមួយគ្រឿងនេះ បានចាកចេញពីចំណតនៅខេត្ត Lleida ហើយនិងធ្វើដំណើរទៅកាន់ទីក្រុង La Granja d'Escarp ពេលដែលគ្រោះថ្នាក់ បានកើតឡើង ៕

អ៊ីរ៉ង់ព្រមានឆ្លើយតបការគំរាមកំហែង និង​បញ្ជាក់​ពីការប្តេជ្ញាចិត្តរបស់អាមេរិក ក្នុងការទប់ស្កាត់អ៊ីស្រាអែល

2026/07/02 03:04:18 am        66
តាមរយៈ​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ X នៅ​ថ្ងៃពុធ (ទី​១ ខែកក្កដា ឆ្នាំ២០២៦) ​នេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាន​បញ្ជាក់​ថា ប្រទេស​អ៊ីរ៉ង់នឹងផ្តល់ការឆ្លើយតបភ្លាមៗ និងខ្លាំងក្លា ចំពោះការគំរាមកំហែងណាមួយ ប្រឆាំងនឹងប្រជាជន ឬថ្នាក់ដឹកនាំរបស់ខ្លួន។ជាមួយគ្នា​នេះ លោក Araqchi បានឱ្យ​ដឹង​ទៀត​ថា៖ «ប្រធានាធិបតីអាមេរិក បានប្តេជ្ញាចិត្តថា សហរដ្ឋអាមេរិក នឹងទប់ស្កាត់​វិធានការ​របស់​ទីក្រុង Tel Aviv។ ប្រសិនបើពួកគេមិនអើពើនឹងសម្ព័ន្ធ​មិត្ត​របស់ពួកគេទេ អ៊ីរ៉ង់នឹងផ្ដល់​​មេរៀនដល់​​ពួកគេ»។ប្រភពមួយដែលដឹងដោយ​ផ្ទាល់ អំពីកិច្ចពិភាក្សា និងមន្ត្រីអ៊ីរ៉ង់មួយ​រូប បាននិយាយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានធ្វើកិច្ចពិភាក្សាបច្ចេកទេស នៅទីក្រុងដូហា​ ប្រទេសកាតា នៅ​ថ្ងៃពុធនេះ​ ខណៈដែលភាគី​ទាំង២ កំពុងស្វែងរកការព្រមព្រៀងគ្នា ស្ដី​ពី​លំហូរនៃការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz និងការ​ធានាបាននូវបទឈប់បាញ់យូរអង្វែង។ចំណែក​ការបង្ហោះលើ​បណ្ដាញ​សង្គម​ X របស់លោក​ Araqchi ត្រូវបានភ្ជាប់ទៅនឹងមតិយោបល់ដែលធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz ដែល​បាន​លើកឡើង​ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Mojtaba Khamenei ត្រូវបាន «កំណត់​គោល​ដៅ​ធ្វើឃាត​»៕

មនុស្សជាច្រើន ស្លាប់ និងរងរបួស ដោយសារ​​អគ្គិ​ភ័យឆាប​ឆេះ​ផ្ទះល្វែង​ នៅទីក្រុង Antwerp របស់​បែលហ្ស៊ិក

2026/07/02 02:56:44 am        39
មនុស្សជាច្រើននាក់ បានបាត់បង់ជីវិត ហើយ​មួយ​ចំនួន​ទៀតបាន​រងរបួសធ្ងន់ធ្ងរ ដោយសារអគ្គិ​ភ័យដ៏ធំមួយបានឆាបឆេះនៅក្នុងអគារផ្ទះល្វែង​កម្ពស់ ១០ជាន់ នៅទីក្រុង Antwerp របស់​ប្រទេសបែលហ្ស៊ិក នា​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ។ នេះបើយោងតាមសេចក្ដី​រាយការណ៍​របស់ប្រព័ន្ធផ្សព្វផ្សាយជាតិជាភាសាហូឡង់ VRT។អគ្គិ​ភ័យនេះ បានកើត​មាន​ឡើង​បន្តិច​មុនម៉ោង ១០​ព្រឹក ម៉ោង​ក្នុង​ស្រុក (ត្រូវ​នឹង​ម៉ោង ៨:០០ ម៉ោងសកល) នៅក្នុងអគារលំនៅឋាន​មួយកន្លែង នៅ​តំបន់​ Linkeroever របស់​ទីក្រុងនេះ​។ នគរបាល​បានបញ្ជាក់ថា មានអ្នកស្លាប់ជា​ច្រើននាក់ ទោះបីជាចំនួនពិតប្រាកដនៃជនរងគ្រោះ មិនទាន់ត្រូវបានអះ​អាង​នៅឡើយក៏ដោយ​ ខណៈដែលក្រុមជួយសង្គ្រោះនៅតែបន្តស្វែងរកនៅក្នុងអគារនោះ។មាន​មនុស្សជាង ២០០នាក់រស់នៅក្នុងអគារផ្ទះល្វែង​នេះ​ ហើយប្រតិបត្តិការជម្លៀស នៅតែដំណើរការជាច្រើនម៉ោង បន្ទាប់ពីអគ្គិភ័យបានចាប់ផ្តើមឆាប​ឆេះ​ឡើង​។ ក្រុមយានដ្រូន​របស់នាយកដ្ឋានពន្លត់អគ្គិភ័យ Antwerp ត្រូវបានដាក់ពង្រាយ ដើម្បីជួយដល់កិច្ចប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។អាជ្ញាធរបានចេញសេចក្តីជូនដំណឹងដោយជំរុញឱ្យអ្នកស្រុកនៅក្នុងតំបន់នោះ បិទទ្វារ និងបង្អួចរបស់ពួកគេ ហើយ​ជៀសវាងកុំ​ទៅ​ជិតកន្លែងដែលមានអគ្គិ​ភ័យនេះ​។ មូលហេតុពិត​ប្រាកដដែលនាំ​ឱ្យមាន​អគ្គិភ័យនេះ​មិនទាន់ត្រូវបានកំណត់នៅឡើយទេ៕

កូរ៉េខាងត្បូង បន្តលើកលែងការ​បង់​ថ្លៃសុំ​ទិដ្ឋាការ សម្រាប់អ្នកទេសចរជាក្រុមមកពី ៦ប្រទេស

2026/07/02 02:47:11 am        50
ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានឱ្យ​ដឹង​នៅថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ខ្លួននឹងបន្តលើកលែងការ​បង់​ថ្លៃសុំទិដ្ឋាការ សម្រាប់អ្នកទេសចរជាក្រុមមកពី ៦ប្រទេស រហូតដល់ថ្ងៃទី៣១ ខែធ្នូ ជា​ចំណាត់ការ​មួយដែលមានគោលបំណងគាំទ្រដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ចូល​ប្រទេស​។ការលើកលែងនេះអនុវត្តចំពោះអ្នកទេសចរជាក្រុមដែល​មកពីប្រទេសកម្ពុជា ចិន ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម។គោលនយោបាយនេះ ដែលលើកលែងការ​បង់​ថ្លៃសុំទិដ្ឋាការចំនួន ១៥ដុល្លារអាមេរិក ត្រូវបានគ្រោងផុតកំណត់នៅចុងខែមិថុនា។ ក្រសួងបានបញ្ជាក់​ថា ខ្លួនបានសម្រេចពង្រីកវិធានការនេះ ដើម្បី «បន្តធ្វើឱ្យវិស័យទេសចរណ៍ជាក្រុមមានភាពរស់រវើកឡើងវិញ»។ក្រសួងបានបន្ថែម​ថា តម្រូវការសម្រាប់ទិដ្ឋាការទេសចរណ៍ជាក្រុម បានកើនឡើង ជាពិសេសពីចិន និងបណ្ដាប្រទេស​តំបន់​អាស៊ីអាគ្នេយ៍។ ហើយ​យោងតាមទិន្នន័យរបស់ក្រសួង បាន​បង្ហាញ​ថា ភ្ញៀវទេសចរជាង ៧៩០.០០០នាក់ បានចូលទៅ​ប្រទេសកូរ៉េខាងត្បូង ដោយប្រើទិដ្ឋាការទេសចរណ៍ជាក្រុម ក្នុងឆ្នាំ២០២៥ ដោយ​កើនឡើង ៣៩ភាគរយ ពីឆ្នាំ២០២៤។ទិន្នន័យ​បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកទេសចរជាក្រុមមកពីចិន បានកើនឡើង ៤៨ភាគរយ ក្នុងរយៈ​ពេល​ដូចគ្នា ខណៈដែលភ្ញៀវទេសចរមកពីវៀតណាមបានកើនឡើង ៥ភាគរយ ហើយ​អ្នកទេសចរជាក្រុមមកពីឥណ្ឌា បាន​កើនឡើងភាគរយច្រើនបំផុត ដោយកើនឡើងទ្វេដងពី​ចំនួន ៥៧៣នាក់ ក្នុងឆ្នាំ២០២៤ ដល់ ១.១២០នាក់ ក្នុងឆ្នាំ២០២៥៕

ប្រភព៖ ការចរចាដោយប្រយោលរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ចាប់ផ្តើមនៅទីក្រុងដូហារបស់កាតា

2026/07/02 02:46:46 am        55
ប្រភពរបស់​ប្រព័ន្ធផ្សព្វផ្សាយ​ Al Abraiya បាន​ឲ្យ​ដឹង​នៅ​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ការចរចាបច្ចេកទេសដោយប្រយោល រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងដំណើរការនៅទីក្រុងដូហា ដោយមានកាតា និងប៉ាគីស្ថានធ្វើជាអន្តរការី។គណៈប្រតិភូអ៊ីរ៉ង់បានចាប់ផ្តើមការចរចាជាមួយអ្នកសម្របសម្រួលប៉ាគីស្ថាន ខណៈដែលគណៈប្រតិភូអាមេរិកបានចាប់ផ្តើមការចរចាជាមួយអ្នកសម្របសម្រួលកាតា។ ហើយ​យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាន​ឲ្យ​ដឹង​ថា អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ បាននិយាយនៅ​ថ្ងៃពុធនេះ​ថា ការចរចានៅទីក្រុងដូហា បានផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន​។ដោយ​មាន​តួនាទី​ជាអ្នក​ដឹកនាំគណៈប្រតិភូជាមួយតំណាងមកពីក្រសួងការបរទេសអ៊ីរ៉ង់ ធនាគារកណ្តាល និងក្រសួងកសិកម្ម លោក Kazem Gharibabadi បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា ក៏ដូចជាបានចូលរួមក្នុងកិច្ចប្រជុំត្រីភាគី រវាងអ៊ីរ៉ង់ កាតា និងប៉ាគីស្ថាន ដើម្បីពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងបណ្តោះអាសន្ន។នៅ​មុននេះ ដោយដកស្រង់ប្រភពដែលដឹងដោយ​ផ្ទាល់អំពីការពិភាក្សានេះ​ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បេសកជនអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់លោកប្រធាំនាធិបតី Donald Trump គឺលោក Jared Kushner បានជួបជាមួយនាយករដ្ឋមន្ត្រីកាតា កាលពីថ្ងៃអង្គារ ដើម្បីដាក់មូលដ្ឋានគ្រឹះ សម្រាប់កិច្ច​ប្រជុំ​បច្ចេកទេស នៅថ្ងៃពុធនេះ​ ប៉ុន្តែមិនបានចូលរួមការចរចាដោយផ្ទាល់​ខ្លួន​ឡើយ​។ដោយឡែក មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់ បានប្រាប់សារព័ត៌មាន Reuters ​ នៅ​ថ្ងៃពុធនេះ​ថា ការចរចាដោយប្រយោល រវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោន បានបន្តចាប់តាំងពីយប់ថ្ងៃអង្គារ នៅទីក្រុងដូហា ដោយបន្ថែមថា ការពិភាក្សាផ្តោតលើការបញ្ចេញមូលនិធិរបស់ទីក្រុងតេអេរ៉ង់ និងច្រកសមុទ្រ Hormuz៕

លោក Ghalibaf៖ អ៊ីរ៉ង់មិនអាចនាំចេញ «ប្រេងសូម្បី​ ១បារ៉ែល» អំឡុងពេលបិទខ្ទប់​ផ្លូវ​ទឹក​ដោយ​អាមេរិក

2026/07/02 02:03:15 am        74
ប្រធានអ្នកចរចារបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf កាលពីថ្ងៃអង្គារ (ទី​៣០ ខែមិថុនា ឆ្នាំ២០២៦) បាននិយាយថា ទីក្រុង​តេអេរ៉ង់មិនអាចនាំចេញប្រេងបាន​ឡើយសូម្បី ១បារ៉ែល ក្នុងអំឡុងពេលបិទខ្ទប់​ផ្លូវទឹក​ដោយ​សហរដ្ឋអាមេរិក ចំពោះ​កំពង់ផែរបស់​ប្រទេស​ ដោយកត់សម្គាល់ថា ការនាំចេញបានកើនឡើងចាប់តាំងពីពេលនោះមក។លោក Ghalibaf បាននិយាយនៅក្នុងបទសម្ភាសន៍មួយតាម​ទូរទស្សន៍រដ្ឋថា៖ «ចាប់តាំងពីថ្ងៃដែលការបិទខ្ទប់​ផ្លូវត្រូវបានដក​ចេញ​ រហូតដល់ថ្ងៃនេះ យើងបាននាំចេញប្រេងជាង ៤០លានបារ៉ែល»។លោកបានបន្ថែមថា «ផ្ទុយទៅវិញ ក្នុងរយៈពេល ៥០ ទៅជិត ៦០ថ្ងៃមុន យើងពិតជាមិនអាចនាំចេញប្រេងសូម្បីតែ ១បារ៉ែល»។ជាមួយ​គ្នានេះ លោក Ghalibaf ក៏បានលើក​ឡើង​ផងដែរថា អ៊ីរ៉ង់កំពុងផ្តល់អាទិភាពដល់ការទូតជាមួយសហរដ្ឋអាមេរិក ប៉ុន្តែនៅតែត្រៀមខ្លួន សម្រាប់សង្គ្រាម។ខណៈដែលគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គ្រោង​ធ្វើ​ការពិភាក្សាដាច់ដោយឡែកពីគ្នា នៅទីក្រុងដូហា ប្រទេស​កាតា លោកបានសង្កត់​ធ្ងន់​ថា៖ «យើងកំពុងបន្តការសន្ទនា ប៉ុន្តែប្រសិនបើការសន្ទនាមិនត្រូវបានអនុវត្តទេ យើងក៏ត្រៀមខ្លួនសម្រាប់សង្គ្រាមដែរ ហើយនឹងឆ្លើយតបទៅតាម​អ្វី​ដែល​បាន​កើត​ឡើង»៕

មេដឹកនាំប្រឆាំងអ៊ីស្រាអែលចោទលោក Netanyahu ថា បាន​ប្រឌិតនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបំភ័យសាធារណជន

2026/07/02 02:02:53 am        67
អតីតមេបញ្ជាការកងទ័ពអ៊ីស្រាអែល និងជាមេដឹកនាំក្រុម​ប្រឆាំង លោក Gadi Eisenkot នៅ​ថ្ងៃពុធ (ទី​១ ខែកក្កដា ឆ្នាំ២០២៦)​ នេះ បានចោទប្រកាន់នាយករដ្ឋមន្ត្រី លោក​ Benjamin Netanyahu ថា ប្រឌិតការអះអាងពីការ​​មានអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដើម្បីបំភ័យសាធារណជនអ៊ីស្រាអែល។យោងតាមសារព័ត៌មាន​ចុះផ្សាយ​ប្រចាំថ្ងៃរបស់អ៊ីស្រាអែល Yedioth Ahronoth បាន​ឲ្យ​ដឹង​ថា លោក Eisenkot បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុង​សន្និសីទមួយ នៅភាគ​កណ្តាលអ៊ីស្រាអែល ដោយបញ្ជាក់​ថា សេចក្តីថ្លែងការណ៍ថ្មីៗរបស់លោក Netanyahu ស្តីពីសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គឺជា​រឿង​មិនពិត។លោក Eisenkot ដែលជាប្រធានគណបក្ស Yashar ផងដែរនោះ ត្រូវបានគេដកស្រង់សម្តី ដែល​បាននិយាយ​ថា៖ «លោក Netanyahu បាននិយាយរឿងគួរឱ្យស្អប់ខ្ពើម។ អ៊ីរ៉ង់មិនមានគ្រាប់បែកនុយក្លេអ៊ែរអ្វីទាំងអស់។ លោក​កំពុងប្រឌិតការពិត ដើម្បីបំភ័យសាធារណជនអ៊ីស្រាអែល»។សារព័ត៌មាន​នេះបានបន្ថែម​ថា លោក Eisenkot កំពុងសំដៅទៅលើមតិយោបល់របស់លោក Netanyahu ដែល​បានធ្វើកាលពីថ្ងៃអង្គារ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អ៊ីស្រាអែល Channel 14 ដោយ​នៅ​ពេល​នោះ​លោក​នាយករដ្ឋមន្ត្រីបានលើក​ឡើង​ថា៖ «ខ្ញុំបានឲ្យ​ចូល​ធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេសអ៊ីរ៉ង់ ២ដងដើម្បីជួយសង្គ្រោះពួក​យើងឲ្យរួច​ពី​​ការបំផ្លិចបំផ្លាញដោយគ្រាប់បែកបរមាណូ ដេល​ពួកគេមាន​នៅក្នុង​ដៃ​រួចហើយ»។លោក Eisenkot ដែលបានបម្រើការជានាយ​សេនាធិការយោធាអ៊ីស្រាអែល ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ បានប្រកាសនៅថ្ងៃអង្គារថា លោកមានបំណងឈរឈ្មោះប្រជែង​តំណែង​នាយករដ្ឋមន្ត្រី៕

លោក Zelenskyy៖ អ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេង និងរោងចក្រការពារជាតិ នៅរុស្ស៊ី

2026/07/02 01:49:22 am        82
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅ​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា ទីក្រុងគីវបានវាយប្រហាររោងចក្រចម្រាញ់ប្រេងមួយ ក្នុងតំបន់ Bashkortostan របស់រុស្ស៊ី និងរោងចក្រឧស្សាហកម្មការពារជាតិមួយ នៅតំបន់ Penza។តាម​រយៈ​សេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ​ Telegram លោក Zelenskyy បានបញ្ជាក់​ថា រោងចក្រចម្រាញ់ប្រេង Ufa ជាក្រុមហ៊ុនផលិតប្រេងរំអិលធំជាងគេមួយរបស់រុស្ស៊ី ដែលមានទីតាំងចម្ងាយជាង ១,៣០០គីឡូម៉ែត្រ ពីសមរភូមិ​ជួរមុខ ត្រូវបានវាយប្រហារ អំឡុង​ការវាយប្រហារពេញមួយយប់។លោកក៏បានឱ្យ​​ដឹង​ផងដែរថា អ៊ុយក្រែនបានវាយប្រហាររោងចក្រឧស្សាហកម្មយោធាមួយដែលពាក់ព័ន្ធនឹងការផលិតគ្រឿងបន្លាស់មីស៊ីល នៅក្នុងតំបន់ Penza របស់រុស្ស៊ី។ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែន ដោយដកស្រង់ប្រភពនៅក្នុងទីភ្នាក់ងារ​សន្តិសុខអ៊ុយក្រែន បានរាយការណ៍ថា ទីភ្នាក់ងារនេះបានវាយប្រហារមូលដ្ឋានទ័ពអាកាស Saky នៅតំបន់​គ្រីមៀ ដែលជាអាកាសយានដ្ឋានយោធាសំខាន់មួយរបស់រុស្ស៊ី នៅឧបទ្វីបនេះ​។អភិបាលតំបន់ Penza របស់រុស្ស៊ី បានឱ្យដឹង​នៅលើវេទិកាបណ្ដាញ​សង្គមរុស្ស៊ី Max ថា ប្រព័ន្ធ​ការពារដែនអាកាសរបស់រុស្ស៊ី បានបាញ់ទម្លាក់យាន​ដ្រូន​ ១គ្រឿងដែល​ហោះ​លើតំបន់នេះ​។មិនទាន់​មានការអត្ថាធិប្បាយភ្លាមៗ​ពីរុស្ស៊ីនៅ​ឡើយទេ ជុំវិញ​ការអះអាងរបស់អ៊ុយក្រែន ទាក់ទងនឹងរោងចក្រចម្រាញ់ប្រេង Ufa ឬមូលដ្ឋានទ័ពអាកាស Saky នៅតំបន់គ្រីមៀ​៕

អេស្ប៉ាញកត់ត្រាការស្លាប់ទាក់ទងនឹងកម្ដៅ​ជាង ១.០០០នាក់ ក្នុងខែមិថុនា

2026/07/02 01:43:33 am        71
នៅ​ថ្ងៃពុធ (ទី១ ខែកក្កដា ឆ្នាំ២០២៦) នេះ មន្ត្រី​បាន​ប្រាប់ឱ្យ​ដឹងថា ការស្លាប់ជាង ១.០០០នាក់ នៅអេស្ប៉ាញ ត្រូវបានសន្មតថា គឺ​ដោយសារ​រលកកម្ដៅ​ថ្មីៗនេះដែលបានធ្វើ​ឱ្យ​ទ្វីបអឺរ៉ុបក្ដៅ​ស្ទើរទ្រាំមិនបាន​​ ខណៈដែលប្រទេសនេះបានកត់ត្រារយៈពេល ៦ខែដំបូងដែលមាន​អាកាសធាតុ​ក្តៅខ្លាំង​បំផុតមិនធ្លាប់មាន​។វិទ្យាស្ថានសុខភាព Carlos III បាន​បញ្ជាក់​ថា មនុស្សយ៉ាងហោចណាស់ ១.០២៨នាក់ បានបាត់បង់ជីវិត​ដោយសារបញ្ហាទាក់ទងនឹងកម្ដៅ ក្នុងអំឡុងពេលមាន​រលកកម្ដៅ​។ ហើយ​បើយោងតាមទីភ្នាក់ងារអាកាសធាតុជាតិ Aemet បាន​ឱ្យ​ដឹង​ថា តួលេខនេះគឺច្រើនជាងទ្វេដងនៃការស្លាប់ចំនួន ៤ឥ៧នាក់ ដែលត្រូវបានសន្មតជាប់​ទាក់ទង​នឹង​ ក្នុងខែមិថុនា ឆ្នាំ២០២៥ ជាខែមិថុនាដែលមាន​អាកាស​ក្តៅបំផុតរបស់​អេស្ប៉ាញ គិត​ចាប់តាំងពីការ​កត់​កំណត់ត្រាបានចាប់ផ្តើមឡើង​។តាម​រយៈ​ការបង្ហោះ នៅលើបណ្ដាញ​សង្គម​ X នៅ​ថ្ងៃពុធនេះ ទីភ្នាក់ងារ Aemet បានឱ្យ​ដឹង​ថា រយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ គឺជារយៈពេលក្តៅបំផុតនៅក្នុងប្រទេសអេស្ប៉ាញ គិត​ចាប់តាំងពីការចាប់ផ្តើមនៃកំណត់ត្រា ដោយមានសីតុណ្ហភាព ១,៦អង្សាសេ លើសពីកម្រិតធម្មតាជាមធ្យម។ ហើយ Aemet បានបន្ថែម​ថា ខែមិថុនា ឆ្នាំ២០២៦ បានក្លាយជាខែមិថុនាដែលក្តៅបំផុតទី២ «ដោយមានសីតុណ្ហភាពជាមធ្យម ៣,២អង្សាសេ លើសពីបទដ្ឋាន» ។ក្រុមអ្នកវិទ្យាសាស្ត្ររបស់​ស្ថាប័ន World Weather Attribution បាន​ឲ្យ​ដឹង​ថា រលកកម្ដៅ​ដែលបានធ្វើ​ឱ្យ​តំបន់​អឺរ៉ុបក្ដៅ​ខ្លាំង ចាប់ពីចុងខែមិថុនា គឺជារលកកម្ដៅក្ដៅ​ខ្លាំង​បំផុតមិនធ្លាប់មាន នៅទ្វីបអឺរ៉ុប ហើយវានឹង «ស្ទើរ​តែ​មិនអាចកើតមាន​» ឡើយ​ នៅក្នុងខែមិថុនា ប្រសិបនបើ​មិនមែន​ដោយសារ​បម្រែបម្រួឡ​អាកាសធាតុនោះ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហារដោយយានដ្រូនរបស់កងទ័ពស៊ូដង់នៅ Darfur បានសម្លាប់មនុស្សជាង៣០នាក់
08/03/2026 11:08 AM
អភិបាលខេត្តកំពង់ឆ្នាំង បញ្ជាឱ្យកម្ទេចសំណង់អនាធិបតេយ្យរំលោភចូលទន្លេសាប និងព្រមានមន្ត្រីពាក់ព័ន្ធ
08/03/2026 11:08 AM
នគរបាលអេស្ប៉ាញបំបែកការប្រមូលផ្ដុំជនអន្តោប្រវេសន៍មកពីម៉ារ៉ុកនៅទីក្រុងសេអ៊ូតា ខណៈពលរដ្ឋតវ៉ាប្រឆាំងការចូលទឹកដីពួកគេ
08/03/2026 11:08 AM
[UPDATE] រដ្ឋមួយចំនួនរបស់ឥណ្ឌា គ្របដណ្ដប់ដោយទឹកជំនន់ ខណៈអ្នកស្លាប់ឡើងដល់ជិត១០០នាក់
08/03/2026 11:08 AM
គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នឹងអនុវត្តចាប់ពីថ្ងៃទី៧ ខែតុលាដល់ថ្ងៃទី៣០ ខែវិច្ឆិកា នៅតាមសាលាឃុំ សង្កាត់ និងនៅតាមភូមិមួយចំនួន
08/03/2026 11:08 AM
ប្រធានសហព័ន្ធស្រូវអង្ករ៖ ការនំាចេញកម្ពុជាក្នុងឆ្នាំ២០២៦នេះ នឹងអាចសម្រេចបាន ១ លានតោន
08/03/2026 11:08 AM
អ្នកដំណើរជិត ១៤៤ នាក់បានស្លាប់ និងជាង ២៤០នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងខែកក្កដា
08/03/2026 11:08 AM
មន្រ្ដីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា​បញ្ជាក់ប្រាប់​អ្នករាយការណ៍ពិសេស UN ថា កម្ពុជាបានខិតខំលើកកម្ពស់សិទ្ធិមនុស្សលើគ្រប់ទិដ្ឋភាព
08/03/2026 11:08 AM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តជាប់ជា​ប្រធាន​សហព័ន្ធ​កីឡា​ក្នុង​ទឹក​កម្ពុជា​អាណត្តិ​ទី​៨ ឆ្នាំ២០២៥-២០២៩
08/03/2026 11:08 AM
អ៊ីរ៉ង់ ពង្រីកការឈោងចាប់ផ្នែកការទូត ហើយក៍រក្សាកម្លាំងទប់ដោយយោធាផងដែរ
08/03/2026 10:08 AM