ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម

ព័ត៌មានអន្តរជាតិ

មនុស្សយ៉ាងតិច ២៧នាក់ស្លាប់ និងជា​ង៨០នាក់បាត់ខ្លួន បន្ទាប់ពីនាវាចម្លង​លិចនៅឆ្នេរសមុទ្រហ្គីយ៉ាន

2026/07/21 09:42:22 pm        52
លោក នាយករដ្ឋមន្ត្រី Mark Phillips  បានថ្លែងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស ២៧ នាក់ បានស្លាប់ បន្ទាប់ពីនាវាចម្លងមួយគ្រឿង បានលិចនៅឆ្នេរសមុទ្រនៃប្រទេសហ្គីយ៉ាន​ ខណៈប្រទេសតូចមួយនៅអាមេរិកខាងត្បូងនេះ កំពុងកាន់ទុក្ខចំពោះសោកនាដកម្មដ៏រន្ធត់នេះ។លោក Phillips បានប្រាប់អ្នកយកព័ត៌មានថា មនុស្សចំនួន ៦៩នាក់ នៅលើនាវាចម្លង​ MV Barima ត្រូវបានជួយសង្គ្រោះ ចាប់តាំងពីវា​បានក្រឡាប់លិច កាលពី​យប់ថ្ងៃសៅរ៍ ដោយបន្ថែមថា មនុស្ស ៨៣នាក់ទៀត កំពុងបាត់ខ្លួន។លោកបាននិយាយថា៖ «ការផ្តោតសំខាន់របស់យើងនៅពេលនេះ គឺស្វែងរកអ្នកដែលនៅបាត់ខ្លួន»  ខណៈលោកបានដំឡើងចំនួនអ្នកស្លាប់​ពី ១០នាក់ ដែលបានប្រកាសពីមុន ទៅជាចំនួនថ្មីមួយ​ទៀត​។ លោកបានបន្ថែមថា៖«យើងនៅតែមានក្តីសង្ឃឹម»។នាវាចម្លង​ចាស់មួយគ្រឿងនេះ កំពុងធ្វើដំណើរពីរដ្ឋធានី Georgetown ឆ្ពោះទៅកាន់តំបន់ដីគោ​ក​ Essequibo របស់​ប្រទេសហ្គីយ៉ាន នៅពេលដែលវា បានក្រឡាប់លិច។លោក Phillips បាននិយាយថា ពេលនេះ លោកជឿជាក់ថា មានមនុស្ស ១៧៩នាក់ នៅលើនាវានេះ​     ខណៈមុននេះលោក​មិន​បាន​ដឹងច្បាស់អំពីចំនួនមនុស្សដែលពាក់ព័ន្ធក្នុងគ្រោះមហន្តរាយនោះ៕

អារ៉ាប៊ីសាអ៊ូឌីតថ្កោលទោសការអះអាងរបស់ក្រុមហ៊ួទីដែលថាបានដាក់បម្រាមផ្លូវសមុទ្រលើព្រះរាជាណាចក្រនេះ

2026/07/21 09:38:50 pm        45
អាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់អ្នកនាំពាក្យយោធាហ៊ួទីថា ក្រុមសកម្មប្រយុទ្ធនេះ បានដាក់ការបិទផ្លូវសមុទ្រលើអារ៉ាប៊ីសាអ៊ូឌីត។ ពួកគេក៏បានថ្កោលទោសការចោទប្រកាន់របស់ក្រុមហ៊ួទីថា ព្រះរាជាណាចក្រនេះ បានបិទផ្លូវប្រជាជនយេម៉ែនផង ដែរ។ក្រសួងការបរទេសអារ៉ាប៊ីសាអ៊ូឌីតបាននិយាយថា៖«ព្រះរាជាណាចក្រនេះ អះអាងថា ខ្លួនបានធ្វើការក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះជាមួយរដ្ឋាភិបាលស្របច្បាប់នៃប្រទេសយេម៉ែន ដើម្បីកាត់បន្ថយទុក្ខវេទនារបស់ប្រជាជនយេម៉ែន តាមរយៈការបន្តគម្រោងអភិវឌ្ឍន៍ ការគាំទ្រថវិការបស់រដ្ឋាភិបាលយេម៉ែន និងការផ្តល់ផលិតផលប្រេងឥន្ធនៈ ដើម្បីដំណើរការរោងចក្រថាមពល»។សេចក្តីថ្លែងការណ៍របស់ក្រសួងបានបន្ថែមថា នាវាជាង ៣០០គ្រឿង ដែលដឹកស្បៀងអាហារ ទំនិញ ប្រេងឥន្ធនៈ និងសម្ភារៈសំណង់ជាច្រើនប្រភេទ បានមកដល់កំពង់ផែមួយចំនួន នៅភាគខាងជើងប្រទេសយេម៉ែន ក្នុងនោះមាន Hodeidah, Salif និង Ras Isa ក្នុងអំឡុងឆមាសទី១នៃឆ្នាំ ២០២៦។សេចក្តីថ្លែងការណ៍ក៏បានគូសបញ្ជាក់ពីការវាយប្រហាររបស់ក្រុមហ៊ួទីប្រឆាំងនឹងប្រជាជនយេម៉ែន និងហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសនេះ រួមទាំងការវាយប្រហារលើអាកាសយានដ្ឋាន Aden នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ដែលបានបណ្តាលឲ្យមនុស្សរាប់សិបនាក់ ស្លាប់ និងរងរបួស និងការវាយប្រហារដែលបានកំណត់គោលដៅលើរោងចក្រនាំចេញប្រេងនៅភាគខាងត្បូងប្រទេសយេម៉ែន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២៕

UN ជំរុញការបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ខណៈបង្កើនការព្រួយបារម្ភជុំវិញការគំរាមរបស់ក្រុមហ៊ូទី

2026/07/21 07:12:12 pm        58
អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា បានជំរុញឱ្យមានការ «បន្ធូរបន្ថយភាពតានតឹងជាបន្ទាន់» ក្នុងពេលមានការប្រយុទ្ធគ្នាជាថ្មី និងកំពុងបង្កើនភាពតានតឹងនៅទូទាំងតំបន់មជ្ឈិមបូព៌ា។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉ក អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ស្ថាប័ននេះមានការព្រួយបារម្ភអំពី «ការកើតឡើងជាថ្មីនៃអរិភាព និងការកើនឡើងភាពតានតឹងឡើងវិញនៅទូទាំងតំបន់»។ លោក Dujarric បានសង្កត់ធ្ងន់ថា ជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធជនស៊ីវិល ត្រូវតែបានការពារ រួមទាំងមន្ទីរពេទ្យ និងការផ្គត់ផ្គង់ទឹក និងបាននិយាយថា គ្រប់ភាគីទាំងអស់ត្រូវតែគោរពច្បាប់មនុស្សធម៌អន្តរជាតិ។ អង្គការសហប្រជាជាតិ ក៏បានសម្តែងការព្រួយបារម្ភអំពីការគំរាមកំហែងជាថ្មីរបស់ក្រុមហ៊ូទីប្រឆាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសេរីភាពនៃការធ្វើនាវាចរណ៍ ដោយព្រមានថា ការគំរាមកំហែងបែបនេះអាចបង្កើនហានិភ័យនៃការរីកធំជម្លោះក្នុងតំបន់កាន់តែទូលំទូលាយ។ លោក Dujarric បាននិយាយថា «យើងជំរុញឱ្យគ្រប់ភាគីទាំងអស់ដោះស្រាយភាពខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងផ្នែកការទូត» ដោយនិយាយបន្ថែមថា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាក់ទងនឹងការវាយប្រហាររបស់ក្រុមហ៊ូទីលើនាវាពាណិជ្ជកម្ម ត្រូវតែគោរពយ៉ាងពេញលេញ។ ក្រុមហ៊ូទីសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅប្រទេសយេម៉ែននិយាយ ពួកគេកំពុងដាក់ការបិទផ្លូវរបស់កងទ័ពជើងទឹកលើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជាចំណាត់ការប្រឆាំងសហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមលើអ៊ីរ៉ង់ និងបន្ថែមការគំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពលសកល និងពាណិជ្ជកម្មហួសពីរដ្ឋឈូងសមុទ្រ។

អ៊ីរ៉ង់៖ ការឈ្លានពានតាមជើងគោកណាមួយរបស់អាមេរិក នឹងត្រូវប្រឈមផលផលវិបាកច្រើន

2026/07/21 07:04:19 pm        64
ក្រសួងការបរទេសអ៊ីរ៉ង់បាននិយាយកាលពីថ្ងៃចន្ទ ទី២០ ខែកក្កដាថា សំណើពីអ្នកសម្របសម្រួលផ្សេងៗត្រូវបានបញ្ជូនទៅទីក្រុងតេអេរ៉ង់ ហើយកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតនៅតែសកម្ម ទោះបីជាក្រសួងបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតក៏ដោយ។ អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បាននិយាយថា «ការចរចា និងសង្គ្រាមមានន័យថា នឹងមិនមែនបញ្ចប់ដោយខ្លួនឯងទេ។ គោលដៅគឺដើម្បីការពារផលប្រយោជន៍ជាតិរបស់ប្រទេសអ៊ីរ៉ង់»។ លោកក៏បានព្រមានផងដែរថា ការឈ្លានពានតាមជើងគោកណាមួយរបស់សហរដ្ឋអាមេរិកនឹង «ប្រឈមផលវិបាកច្រើន ហើយបានអំពាវនាវឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិថ្កោលទោសនូវអ្វីដែលលោកបានពិពណ៌នាថាជាការវាយប្រហាររបស់សហរដ្ឋអាមេរិកលើរោងចក្រនុយក្លេអ៊ែរ Darkhoveyn របស់អ៊ីរ៉ង់។ កងកម្លាំងអាមេរិក បានវាយប្រហារអ៊ីរ៉ង់រយៈពេល៩ថ្ងៃជាប់ៗគ្នា ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz បន្ទាប់ពីអ៊ីរ៉ង់បាននិយាយថា នាវាដឹកប្រេងពីរគ្រឿងបានផ្ទុះ និងត្រូវបានធ្វើឱ្យអសកម្ម។ កងឆ្មាំបដិវត្តន៍អ៊ីស្លាមបាននិយាយថា ពួកគេបានកំណត់គោលដៅលើយន្តហោះអាមេរិកនៅអាកាសយានដ្ឋាន Aqaba នៅប្រទេសហ្ស៊កដានីដោយមីស៊ីលបាលីស្ទិក ព្រមទាំងទ្រព្យសកម្ម និងយុទ្ធោបករណ៍អាមេរិកនៅជំរំ Al-Adiri និងមូលដ្ឋានទ័ពអាកាស Ali Al Salem ប្រទេសកូវ៉ែត និងនៅក្នុងប្រទេសស៊ីរី។

បណ្ដាប្រមុខកាទូតរបស់អាស៊ាន ជួបគ្នា នៅហ្វីលីពីន ក្រោមស្រមោលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់

2026/07/21 07:01:52 pm        45
បណ្ដារដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ដែលមានសមាជិក ១១ ប្រទេស និងដៃគូសំខាន់ៗ បានជួបជុំគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារ ២១ កក្កដានេះ ក្រោមស្រមោលនៃអស្ថិរភាពហួសពីតំបន់ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តជម្លោះបើកចំហ ដែលបង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពលតាមរយៈច្រកសមុទ្រហ័រមូស ក៏ដូចជាអតិផរណា និងកំណើនសេដ្ឋកិច្ចសកល។ រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោកស្រី ម៉ារីយ៉ា ថេរេសា ឡាហ្សារ៉ូ (Maria Theresa Lazaro )បានថ្លែងថា ពិភពលោករស់នៅក្នុងសម័យកាលមួយដែលកំណត់ដោយអ្វីដែលលោកស្រីហៅថាស្ថានភាព U3 គឺ ភាពចលាចល ភាពមិនច្បាស់លាស់ និងភាពមិនអាចប៉ាន់ស្មានបាន។ ខណៈការវិវឌ្ឍនៅជុំវិញពិភពលោកបន្តធ្វើឱ្យប៉ះពាល់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាពសកល វាជាការសមស្របបំផុតក្នុងការរំលឹកឡើងវិញនូវប្រធានបទរបស់អាស៊ានសម្រាប់ឆ្នាំនេះ គឺ «ការកំណត់ទិសដៅអនាគតយើងរួមគ្នា»។ អ្នកការទូតជាន់ខ្ពស់របស់អាស៊ីអាគ្នេយ៍ក៏នឹងមានការពិគ្រោះយោបល់ក្រៅផ្លូវការលើជម្លោះរបស់មីយ៉ាន់ម៉ាផងដែរ ខណៈគំនិតផ្តួចផ្តើមសន្តិភាពរបស់អាស៊ានកំពុងតស៊ូដើម្បីទទួលបានការចាប់អារម្មណ៍ ប្រាំឆ្នាំបន្ទាប់ពីរដ្ឋប្រហារយោធាដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សប្រមាណ ១០០.០០០ នាក់។ ទំនងជាត្រូវបានពិភាក្សាផងដែរអំពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលអាស៊ាន និងចិនកំពុងព្យាយាមបញ្ចប់ក្រមប្រតិបត្តិមួយបន្ទាប់ពីរយៈពេលជិត ១០ ឆ្នាំមកហើយ ដើម្បីទប់ស្កាត់ជម្លោះមិនឲ្យកាន់តែធ្ងន់ធ្ងរឡើង៕

ការតវ៉ានៅក្រុងគីវ ចូលដល់ថ្ងៃទីប្រាំ ជុំវិញការបណ្តេញលោក Fedorov ចេញពីតំណែងរដ្ឋមន្ត្រីការពារជាតិ

2026/07/21 07:00:14 pm        85
បាតុកររាប់រយនាក់បានទៅប្រមូលផ្តុំគ្នានៅទីក្រុងគីវភាគកណ្តាលកាលពីថ្ងៃចន្ទ ទី២០ ខែកក្កដា សម្រាប់ការតវ៉ាថ្ងៃទីប្រាំ ជុំវិញការបណ្តេញរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Mykhailo Fedorov ដោយជំរុញប្រធានាធិបតី លោក Volodymyr Zelenskyy ឲ្យលោក Fedorov ចូលកាន់តំណែងវិញ និងផ្លាស់ប្តូរថ្នាក់ដឹកនាំយោធា។ ក្រុមបាតុករបានគ្រវីទង់ជាតិអ៊ុយក្រែន កាន់បដាក្រដាសកាតុងដែលសរសេរថា «គិតអំពីវិធីឈ្នះសង្គ្រាម ពុំមែនការបោះឆ្នោតទេ»។ និស្សិតម្នាក់បានប្រាប់សារព័ត៌មាន Reuters ថា «យើងសង្ឃឹមថា យើងនឹងទទួលបានព័ត៌មាន ហើយរឿងរ៉ាវនឹងផ្លាស់ប្តូរ» ខណៈអ្នកស្រុកទីក្រុងគីវ បាននិយាយថា ក្រុមបាតុករចង់ឱ្យ លោក Fedorov ត្រឡប់ទៅក្រសួងការពារជាតិវិញ ហើយសង្ឃឹមថា លោក Zelenskyy នឹងស្តាប់ប្រជាជន។ ការតវ៉ានេះ ជាការតវ៉ាធំបំផុតចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២ ដែលបានបង្ហាញពីការកើនឡើងនៃការមិនពេញចិត្តរបស់សាធារណជនចំពោះថ្នាក់ដឹកនាំក្រសួងការពារជាតិអ៊ុយក្រែន។

យោធាប្រទេសលីបង់ ចាប់ផ្តើមចូលគ្រប់គ្រង «តំបន់សាកល្បង» នៅភាគខាងត្បូង

2026/07/21 06:56:08 pm        48
យោងតាមសហរដ្ឋអាមេរិកបានឲ្យដឹងថា កងទ័ពលីបង់នឹងទទួលបន្ទុកសន្តិសុខនៅក្នុងភូមិ «តំបន់សាកល្បង» ចំនួនបីនៅភាគខាងត្បូងប្រទេសលីបង់។ ភូមិ Froun, Srifa និងភូមិ Zawtar al-Gharbiya កាលពីថ្ងៃចន្ទ ត្រូវបានក្រសួងការបរទេសសហរដ្ឋអាមេរិកដាក់ជាតំបន់ដំបូងដែលនឹងសាកល្បងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក។ ក្រោមផែនការនេះ យោធាអ៊ីស្រាអែលនឹងដកកងទ័ពថយជាដំណាក់កាលពីទីតាំងដែលខ្លួនកាន់កាប់នៅភាគខាងត្បូងប្រទេសលីបង់។ បន្ទាប់មក យោធាលីបង់នឹងទទួលបន្ទុកការរៀបចំសន្តិសុខ និងត្រួតពិនិត្យការរំសាយអាវុធរបស់ក្រុមប្រដាប់អាវុធហេសបូឡា។ ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ព្រឹត្តិការណ៍សំខាន់នេះគឺជាលទ្ធផលផ្ទាល់នៃការពិភាក្សាកាលពីសប្តាហ៍មុនរវាងអ៊ីស្រាអែល និងលីបង់នៅទីក្រុងរ៉ូម»។ ក្រសួងនិយាយបន្ថែមថា សហរដ្ឋអាមេរិក «នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីទាំងពីរដើម្បីអនុវត្តក្របខ័ណ្ឌនេះរហូតដល់បញ្ចប់ដោយជោគជ័យ»។ អ៊ីស្រាអែលបានបញ្ជាក់ថា កម្មវិធីសាកល្បងបានចាប់ផ្តើមហើយ ដោយយោធារបស់ខ្លួននិយាយថា កំពុងសម្របសម្រួលជាមួយសហរដ្ឋអាមេរិក និងលីបង់លើការអនុវត្ត។ លីបង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានព្រមព្រៀងលើក្របខ័ណ្ឌនេះនៅថ្ងៃទី២៦ ខែមិថុនា បន្ទាប់ពីការចរចាផ្ទាល់ចំនួន៦ជុំ។ ទោះជាយ៉ាងណា អ៊ីស្រាអែលនៅតែបន្តវាយប្រហារនៅក្នុងប្រទេសលីបង់ ខណៈក្រុមហេសបូឡា បាញ់រ៉ូកែតចូលទៅភាគខាងជើងអ៊ីស្រាអែល។ ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់បានច្រានចោលកិច្ចព្រមព្រៀងនេះ ដោយទាមទារឱ្យអ៊ីស្រាអែលគាំទ្រពីសហរដ្ឋអាមេរិក ត្រូវតែចាកចេញពីប្រទេសលីបង់ដោយគ្មានលក្ខខណ្ឌ។

ភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំរបស់អេស្ប៉ាញចូលដល់ថ្ងៃទី៥ ខណៈរលកកម្ដៅថ្មីកំពុងខិតជិតមកដល់

2026/07/21 06:52:34 pm        31
ភ្លើងឆេះព្រៃមួយបានឆាបឆេះហួសពីការគ្រប់គ្រងនៅទូទាំងខេត្ត Guadalajara ភាគកណ្តាលរបស់ប្រទេសអេស្ប៉ាញកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានឆេះអស់រយៈពេលប្រាំថ្ងៃមកហើយ និងក្លាយជាភ្លើងឆេះព្រៃដ៏ធំបំផុតប្រចាំឆ្នាំ ខណៈក្រុមអ្នកព្យាករណ៍អាកាសធាតុបានព្រមានថារលកកម្ដៅដែលខិតជិតមកដល់ នឹងបង្កើនហានិភ័យនៃអគ្គិភ័យនៅទូទាំងប្រទេសនេះ។ប្រទេសអេស្ប៉ាញ និងអឺរ៉ុបខាងត្បូង កំពុងប្រឈមនឹងរដូវកាលចំហេះព្រៃកាន់តែធ្ងន់ធ្ងរឡើង ជានិន្នាការមួយដែលក្រុមអ្នកវិទ្យាសាស្ត្របានផ្សារភ្ជាប់ទៅនឹងការប្រែប្រួលអាកាសធាតុ។ចំហេះព្រៃនេះបានកើតឡើងតិចជាងពីរសប្តាហ៍បន្ទាប់ពីភ្លើងឆេះព្រៃនៅជិតទីក្រុង Bedar ក្នុងខេត្ត Almeria បានសម្លាប់មនុស្ស ១៣ នាក់ ដែលជាភ្លើងឆេះព្រៃដ៏សាហាវបំផុតមួយរបស់ប្រទេសអេស្ប៉ាញក្នុងរយៈពេលជាច្រើនទសវត្សរ៍។ក្រុមអាជ្ញាធរបានជម្លៀសមនុស្សចេញពីទីក្រុងចំនួនបីបន្ថែមទៀតកាលពីថ្ងៃចន្ទ ខណៈភ្លើងឆេះព្រៃ ក្នុងតំបន់ La Mierla ក្នុងខេត្ត Guadalajara បានឆេះរាលដាលដល់ជាង២៦.០០០ ហិកតា។ ប្រជាជនជាង១.០០០នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។មេដឹកនាំតំបន់លោក Emiliano Garcia-Page បាននិយាយថា មជ្ឈមណ្ឌលប្រជាជនជិត៣០ ត្រូវបានហ៊ុព័ទ្ធដោយភ្លើងឆេះព្រៃ ដោយបង្ហាញពីបញ្ហាប្រឈមដែលក្រុមអ្នកពន្លត់អគ្គិភ័យកំពុងជួបប្រឈម។ លោកថា ការការពារជីវិត និងការទប់ស្កាត់ភ្លើងឆេះព្រៃមិនឲ្យរាលដាលដល់ផ្ទះសម្បែង និងតំបន់ទីក្រុងនានានៅតែជាអាទិភាពចម្បង។ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET បាននិយាយថា រលកកម្ដៅ ដែលជាលើកទីបីនៃឆ្នាំ ២០២៦នេះ ត្រូវគេរំពឹងថានឹងបន្តយ៉ាងហោចណាស់រហូតដល់ថ្ងៃព្រហស្បតិ៍ ដោយនាំមកនូវសីតុណ្ហភាពលើសពី ៤០ អង្សាសេ ឬស្មើ ១០៤ អង្សាហ្វារិនហៃ នៅទូទាំងផ្នែកខាងក្នុងភាគអាគ្នេយ៍ និងជំរុញឱ្យគ្រោះថ្នាក់ភ្លើងឆេះព្រៃឈានដល់កម្រិតខ្ពស់ខ្លាំង៕

យោធាចិន និងហ្វីលីពីន ប៉ះទង្គិចគ្នាដោយដំបង និងច្រវាទូកនៅសមុទ្រចិនខាងត្បូង

2026/07/21 06:12:07 pm        59
វីដេអូដ៏កម្រមួយបានបង្ហាញពីឆ្មាំល្បាតឆ្នេរចិន និងកងទ័ពជើងទឹកហ្វីលីពីន ប៉ះទង្គិចគ្នាដោយច្រវាចែវទូក និងដំបង ខណៈភាពតានតឹងបានឈានដល់ចំណុចក្តៅនៅក្នុងសមុទ្រចិនខាងត្បូង។ ការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះម៉ោងក្នុងស្រុក នៅ Second Thomas Shoal ដែលជាតំបន់ថ្មប៉ប្រះទឹកលិចទឹកមួយនៅក្នុងកោះ Spratly ចម្ងាយ១៩៤ គីឡូម៉ែត្រភាគខាងលិចនៃប្រទេសហ្វីលីពីន។ ថ្មប៉ប្រះទឹកនេះត្រូវបានអះអាងសិទ្ធិដោយប្រទេសចិន ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម ហើយកងទ័ពជើងទឹកហ្វីលីពីនរក្សាបន្ទាយមួយនៅលើនាវាសម័យសង្គ្រាមលោកលើកទី ២ គឺ BRP Sierra Madre ដែលត្រូវបានចតនៅលើថ្មប៉ប្រះទឹកដោយចេតនាក្នុងឆ្នាំ១៩៩៩។ ប៉ុន្តែនាវាឆ្មាំល្បាតឆ្នេរចិន (ជាផ្នែកមួយនៃយោធាចិន) តែងតែទៅពិនិត្យតំបន់នេះ ដោយរារាំង ឬតាមដានបេសកកម្មផ្គត់ផ្គង់ឡើងវិញរបស់ហ្វីលីពីនទៅកាន់បន្ទាយនោះ។ ភាពតានតឹងបានកើនឡើងកាលពីថ្ងៃចន្ទ២០កក្កដាសប្ដាហ៍នេះ នៅពេលទូកឆ្មាំល្បាតឆ្នេរចិនដែលមានបុគ្គលិកប្រាំបីនាក់បានចូលទៅជិតនាវា BRP Sierra Madre ហើយថតរូប និងវីដេអូ នេះបើយោងតាមកងកម្លាំងប្រដាប់អាវុធហ្វីលីពីន (AFP)។ ទូកកងទ័ពជើងទឹកហ្វីលីពីនពីរគ្រឿងបានព្យាយាមបណ្ដេញនាវាចិន ប៉ុន្តែកងកម្លាំងចិនបានប្រតិកម្មយ៉ាងហិង្សា ដោយវាយបុគ្គលិកកងទ័ពជើងទឹកហ្វីលីពីនដោយដំបងឈើ៕

លោក Trump ដំឡើងពន្ធ៥០% របស់អាមេរិកលើទំនិញកាណាដាមួយចំនួន ដោយលើកឡើងពីការរើសអើង

2026/07/21 06:07:03 pm        62
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងដាក់ការដំឡើងពន្ធថ្មី៥០ភាគរយលើទំនិញកាណាដាជាច្រើនមុខ ដោយអះអាងថាទីក្រុង Ottawa មានការប្រព្រឹត្តិការរើសអើងប្រឆាំងផលិតផលគ្រឿងស្រវឹង រថយន្ត និងទឹកដោះគោរបស់សហរដ្ឋអាមេរិក។ យោងតាមឯកសារព័ត៌មានរបស់សេតវិមានបានឲ្យដឹងថា ការដំឡើងពន្ធ ដែលត្រូវបានបញ្ជាដោយលោក Trump កាលពីថ្ងៃចន្ទ នឹងចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃ និងគ្របដណ្តប់លើមុខទំនិញជាច្រើនប្រភេទ រួមទាំងស្រា ដងឈើវាយកូនហ្គោលលើទឹកកក និងស៊ីម៉ង់ត៍។ លោក Trump ដែលបានមើលឃើញការដំឡើងពន្ធជាច្រើនរបស់លោកត្រូវបានលុបចោលដោយតុលាការជាន់ខ្ពស់កាលពីដើមឆ្នាំនេះ កំពុងប្រើប្រាស់ប្រការស្របច្បាប់ដែលពុំទាន់បានសាកល្បងសម្រាប់ការដំឡើងពន្ធថ្មី ជាមាត្រា៣៣៨នៃច្បាប់ដំឡើងពន្ធឆ្នាំ១៩៣០។ សេតវិមានបាននិយាយថា ពន្ធចុងក្រោយនឹងមិនអនុវត្តចំពោះថាមពល និងទំនិញដែលរងផលប៉ះពាល់រួចហើយដោយការដំឡើងពន្ធជាក់លាក់តាមវិស័យនោះទេ។ ទោះជាយ៉ាងណា អ្វីដែលសំខាន់នោះគឺ វានឹងប៉ះពាល់ដល់ផលិតផលដែលគ្របដណ្តប់ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។ ការប្រកាសដំឡើងពន្ធ បានបង្កើនការព្រួយបារម្ភយ៉ាងឆាប់រហ័សអំពីការកើនឡើងក្នុងចំណោមអាជីវកម្មមួយចំនួន។ ខណៈលោក Trump បានដាក់ពន្ធយ៉ាងច្រើនលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកចាប់តាំងពីវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីវិញកាលពីឆ្នាំមុន ក្រិត្យទាំងនោះជាទូទៅបានលើកលែងទំនិញដែលចូលទៅក្នុងប្រទេសរបស់លោកក្រោមកតិកាសញ្ញាពាណិជ្ជកម្មសេរីអាមេរិកខាងជើង។ ចំណាត់ការចុងក្រោយរបស់លោក គំរាមកំហែងដល់ភាពតានតឹងបន្ថែមទៀតជាមួយដៃគូពាណិជ្ជកម្មធំទីពីររបស់សហរដ្ឋអាមេរិក និងកើតឡើងត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីលោកបានគំរាមប្រទេសកាណាដាដោយការដំឡើងពន្ធលើទំនិញដោយសារតែរលកផ្សែងចំហេះព្រៃដែលបានធ្លាក់ទៅលើសហរដ្ឋអាមេរិក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
07/25/2026 05:07 PM
ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
07/25/2026 05:07 PM
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
07/25/2026 05:07 PM
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
07/25/2026 05:07 PM
ម៉ិកស៊ិកនឹងមិន​តប​ត​ពន្ធរបស់លោក Trump ទេ ខណៈ​​ការនាំចេញត្រូវបានការពារដោយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម
07/25/2026 05:07 PM
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
07/25/2026 05:07 PM
ចិនតវ៉ាប្រឆាំងនឹងទណ្ឌកម្មរបស់សហភាពអឺរ៉ុប លើក្រុមហ៊ុនចិន ពាក់ព័ន្ធនឹង​បញ្ហា​រុស្ស៊ី
07/25/2026 05:07 PM
មនុស្សជាង ១៦០.០០០នាក់ រត់គេចពីចំហេះព្រៃ នៅប្រទេសបារាំង និងអេស្ប៉ាញ
07/25/2026 05:07 PM
ប្រទេសចិនជម្លៀសមនុស្សជាង ២០.០០០នាក់ ខណៈព្យុះទីហ្វុង Noul បក់បោក​ជិត​ដល់
07/25/2026 03:07 PM
លោក Trump៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នឹងធ្វើ​ទស្សនកិច្ចនៅ​អាមេរិក នា​សប្តាហ៍ក្រោយ
07/25/2026 03:07 PM