លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំងបដិសេធការព្រមានពី​លីទុយអានី អំពីការវាយប្រហារដោយ​រុស្ស៊ី ដោយចាត់ទុក​​ជា​ រឿងនិទាន​បន្លាច​

2026/07/16 03:07:44 am        38
វិមានក្រឹមឡាំង នៅថ្ងៃពុធ (ទី១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ បានច្រានចោលការព្រមានរបស់លីទុយអានី ដែល​ថា ប្រទេស​រុស្ស៊ីអាចនឹង​កំពុងរៀបចំការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងបណ្ដា​រដ្ឋបាល់ទិក ដោយចាត់​ទុក​ការអះអាងទាំងនោះថា ជាកញ្ចប់​ «រឿងនិទានបន្លាច​» ថ្មី។ជាការ​ឆ្លើយតបទៅនឹងការកត់សម្គាល់ថ្មីៗរបស់ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងមូស្គូថា៖ «នេះគឺជាកញ្ចប់​រឿងនិទាន​ធ្វើ​ឱ្យ​ភ័យ​ខ្លាចថ្មី ដើម្បីបន្តបញ្ចុះ​បញ្ចូល​ និងរៀបចំប្រជាជន សម្រាប់ការធ្វើ​យោធូបបនីយកម្ម​បន្ថែម​ទៀត​»។លោក Peskov បានបន្ថែមថា៖ «ដើម្បីធ្វើកិច្ចការនេះបាន ពួកគេចាំបាច់ត្រូវតែបង្កើតរូបភាពនៃសត្រូវមួយ នៅក្នុងប្រទេសដទៃ ដែលក្នុងករណីនេះ គឺប្រទេសរបស់យើង ហើយស្ថិតក្រោមលេសនេះ ដូចដែលគេតែងតែនិយាយអ៊ីចឹង​ គឺដើម្បីបន្តនាំ​យកហេដ្ឋារចនាសម្ព័ន្ធយោធារបស់អង្គការណាតូ (NATO) ក្នុងគ្រប់ទម្រង់ ចូលទៅ​ក្នុងបណ្តាប្រទេសបាល់ទិក»។ការអត្ថាធិប្បាយរបស់លោកបែប​នេះ បានកើតឡើងបន្ទាប់ពីលោក Nauseda បាននិយាយនៅ​ព្រឹក​ថ្ងៃពុធនេះ​ថា ចារកម្មលីទុយអានី បានទទួលការចង្អុលបង្ហាញថា រុស្ស៊ីកំពុងរៀបចំគម្រោង​ប្រតិបត្តិការទ្រង់ទ្រាយ​តូច​ផ្តោតលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងប្រទេសលីទុយអានី និងរដ្ឋបាល់ទិកផ្សេងទៀត ទោះបីជាទីតាំង ឬពេលវេលាជាក់លាក់ណាមួយ មិន​ទាន់​ត្រូវបានកំណត់អត្តសញ្ញាណក៏ដោយ៕

លោក Trump៖ ICE នឹងមិនផ្អាកការឃាត់​សួរ​ ក្រោយ​មានការបាញ់ប្រហារបណ្ដាលឱ្យមនុស្ស​ស្លាប់​ថ្មីៗនេះ

2026/07/16 03:06:54 am        31
ប្រធានាធិបតីអាមេរិក លោក Donald Trump នៅ​ថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦)​ នេះ បាននិយាយថា ភ្នាក់ងារអន្តោប្រវេសន៍សហព័ន្ធ នឹងមិនបញ្ឈប់ការឃាត់សួរនាំយានយន្តនោះ​ឡើយ ពោលគឺមួយថ្ងៃបន្ទាប់ពីក្រុមមន្ត្រីបានប្រកាសផ្អាកជាបណ្តោះអាសន្ននូវវិធានការ​បែបនេះ ក្រោយពេលដែលភ្នាក់ងាររបស់ខ្លួន បានបាញ់ប្រហារបណ្តាលឱ្យបុរស ២នាក់ស្លាប់ នៅក្នុងរដ្ឋ Texas និង Maine។នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក​ Trump បាន​រៀប​រាប់ថា៖ «យើងត្រូវតែរឹងមាំ ម៉ឺងម៉ាត់ និងឆ្លាតវៃ ហើយយើងមិនអាចបោះបង់ចោលបានឡើយនូវ​ឧបករណ៍ដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតមួយរបស់ភ្នាក់ងារ ICE (ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់​សហរដ្ឋអាមេរិក) ក្នុង​ការ​ប្រយុទ្ធប្រឆាំងនឹងបទល្មើស ពោលគឺការឃាត់សួរនាំយានយន្តតាមដងផ្លូវ (THE TRAFFIC STOP)!»។កាលពីថ្ងៃអង្គារ មន្ត្រីរដ្ឋបាលរបស់​លោក Trump បានបញ្ជាក់​ថា ICE បានបញ្ជាឱ្យមន្ត្រីរបស់ខ្លួនផ្អាកការឃាត់យានយន្តសួរនាំភាគច្រើន នៅទូទាំងប្រទេស បន្ទាប់ពីបុរស ២នាក់ ត្រូវបានបាញ់សម្លាប់ដោយភ្នាក់ងារ ICE ក្នុងអំឡុងពេលអនុវត្ត​នីតិវិធីនេះ ដែល​បាន​កើត​ឡើង​ឃ្លាត​គ្នា​​​រយៈពេល ៦ថ្ងៃ។គួរ​បញ្ជាក់ថា ភ្នាក់ងារ ICE កាលពីថ្ងៃចន្ទ បានសម្លាប់អ្នកបើកបរម្នាក់មកពីប្រទេសកូឡុំប៊ី នៅក្នុងទីក្រុងឆ្នេរសមុទ្រ Biddeford របស់​រដ្ឋ Maine ចម្ងាយប្រហែល ១៥ម៉ាយល៍ (២៤គីឡូម៉ែត្រ) ភាគខាងត្បូងនៃទីក្រុង​ Portland។ ហើយ​កាលពីថ្ងៃទី៧ ខែកក្កដា មន្ត្រី ICE ម្នាក់ទៀត នៅក្នុងទីក្រុង Houston ក៏បានបាញ់ប្រហារបណ្តាលឱ្យស្លាប់ជនជាតិម៉ិកស៊ិកម្នាក់ផងដែរ ខណៈពេលកំពុងព្យាយាមឃាត់យានយន្តរបស់គេ៕

អ៊ីរ៉ង់គំរាមបិទផ្លូវពាណិជ្ជកម្មបន្ថែមទៀត ស្របពេលសហរដ្ឋអាមេរិកបើកការវាយប្រហារថ្មី

2026/07/16 03:06:21 am        44
អ៊ីរ៉ង់ បានគំរាមបិទផ្លូវពាណិជ្ជកម្មបន្ថែមទៀត នៅក្នុងតំបន់ ស្របពេលដែលសហរដ្ឋអាមេរិក បើកការវាយប្រហារថ្មីលើគោលដៅយោធារបស់ទីក្រុងតេអេរ៉ង់ ។កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់និយាយនៅថ្ងៃពុធនេះថា ច្រកសមុទ្រ Hormuz នឹងត្រូវបិទ រហូតដល់អ្វីដែលពួកគេចាត់ទុកថា ជា “ការបញ្ចប់នៃអំពើអាក្រក់របស់អាមេរិក” ។ ពួកគេបានគំរាមបិទបណ្តាញនាំចេញប្រេង និងឧស្ម័នក្នុងតំបន់ផ្សេងទៀតផងដែរ ។ពួកគេនិយាយថា កាលពីថ្ងៃអង្គារម្សិលមិញ មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសហ៊្សកដានី បានក្លាយជាគោលដៅវាយប្រហាររបស់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ ហើយពួកគេបានអំពាវនាវឲ្យពលរដ្ឋហ៊្សកដានី រុះរើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ ។ការព្រមានបែបនេះ បានកើតមានឡើង ស្របពេលទីបញ្ជាការកណ្តាលយោធាសហរដ្ឋអាមេរិកនិយាយថា ពួកគេបានបើកការវាយប្រហារយានដ្រូន ការវាយប្រហារតាមច្រកអាកាស និងការវាយប្រហាររបស់កងទ័ពជើងទឹក លើអ៊ីរ៉ង់នាព្រឹកថ្ងៃពុធនេះ បន្ទាប់ពីប្រតិបត្តិការរយៈពេល ៧ម៉ោង កាលពីយប់កន្លងទៅ ។អរិភាពថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃច្រកសមុទ្រចំពោះសេដ្ឋកិច្ចពិភពលោក ។ការវាយប្រហារថ្មីនេះដែរ បានធ្វើឲ្យតម្លៃប្រេងហក់ឡើងខ្ពស់ ស្របពេលដែលការធ្វើនាវាចរណ៍ឆ្លងកាត់ផ្លូវដឹកជញ្ជូនដ៏សំខាន់ បានជាប់គាំង ។កាលពីថ្ងៃអង្គារម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump សន្យថា នៅសប្តាហ៍ក្រោយ អាមេរិកនឹងវាយប្រហារស្ពាន និងរោងចក្រថាមពលរបស់អ៊ីរ៉ង់ បើសិនជាប្រទេសមួយនេះ ពុំវិលត្រឡប់មករកតុចរចាទេនោះ ៕

អែលសាល់វ៉ាឌ័រ ផ្តល់ការថែទាំសុខភាពដល់អ្នករស់រានពីការរញ្ជួយដីនៅវេណេស៊ុយអេឡា

2026/07/16 03:05:52 am        43
មន្ទីរពេទ្យចល័តរបស់អែលសាល់វ៉ាឌ័រ នៅទីក្រុង Catia La Mar បាននឹងកំពុងផ្តល់សេវាកម្មថែទាំសុខភាពសង្រ្គោះបន្ទាន់ដល់អ្នករស់រាននៅរដ្ឋ La Guaira របស់ប្រទេសវេណេស៊ុយអេឡា ក្រោយរងការវាយប្រហារដោយសារការរញ្ជួយដី ២លើក កាលពីថ្ងៃទី ២៤ ខែមិថុនា ក្នុងនោះមណ្ឌលសុខភាពចល័តរបស់ពួកគេ ត្រូវបានដាក់ពង្រាយ ជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ដែលត្រូវបានបញ្ជាដោយប្រធានាធិបតីអែលសាល់វ៉ាឌ័រលោក Nayib Bukele ។ការដាក់ពង្រាយគ្រូពេទ្យជំនាញទាំងនេះ នឹងបន្ធូរបន្ថយសម្ពាធលើបណ្តាញមន្ទីរពេទ្យមានអ្នកជំងឺច្រើនលើសចំណុះរបស់វេណេស៊ុយអេឡា ខណៈពួកគេលើកឡើងពីតម្រូវការកើនឡើងសម្រាប់ការព្យាបាល និងតម្រូវការផ្លូវចិត្ត នៅក្នុងចំណោមអ្នករស់រានពីការរញ្ជួយដី ។លោកវេជ្ជបណ្ឌិត Roberto Gavidia ដែលជាប្រធានផ្នែកវេជ្ជសាស្រ្ត និងជាអ្នកសម្របសម្រួលបេសកកម្មមួយនេះ បានចាត់ទុកស្ថានភាពសុខភាពដ៏ស្មុគស្មាញនេះថា ស្ថិតក្នុងកម្រិតសូន្យ ជាទីដែលកត្តាបរិស្ថាន និងរបួសផ្លូវចិត្ត កំពុងផ្លាស់ប្តូរអាទិភាពព្យាបាល ។ចំណែកឯលោក Miguel Noriega គឺជាជាងអគ្គិសនីក្នុងស្រុកមួយរូបដែលនាំកូនប្រុសរបស់លោកមកព្យាបាលនៅមណ្ឌលសុខភាព បាននិយាយរៀបរាប់ពីទំហំនៃសោកនាដកម្ម និងបានសម្តែងការដឹងគុណចំពោះកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ក្រុមគ្រូពេទ្យ ។លោកនិយាយថា លោកចង់ថ្លែងអំណរគុណដល់គ្រូពេទ្យទាំងអស់នេះ វិរជនទាំងអស់នេះ លោកមិនដឹងថាតើគួររៀបរាប់បែបណានោះទេ ពីព្រោះថា ពួកគេមកពីខាងក្រៅ ដើម្បីមកជួយព្យាបាលពួកយើង ។សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់ពីគ្រោះមហន្តរាយរញ្ជួយដី ២លើក ក្នុងប្រទេសនេះ បានកើនឡើងដល់ ៤.៧៣៤នាក់ និងមនុស្ស ១៦.៧៤០នាក់ផ្សេងទៀត បានរងរបួស ៕

បាតុករគំទ្រក្រុមឧទ្ទាមហ៊ូធី ដង្ហែរក្បូននៅសាកលវិទ្យាល័យក្រុង Sanaa ដើម្បីបរិហារការរវាយប្រហារលើអាកាសយានដ្ឋាន

2026/07/16 03:05:21 am        51
នៅថ្ងៃពុធនេះ អ្នកគាំទ្រក្រុមឧទ្ទាមហ៊ូធី បានជួបជុំគ្នានៅសាកលវិទ្យាល័យក្រុង Sanaa ដើម្បីបរិហារការវាយប្រហារកាលពីថ្ងៃចន្ទលើអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa ។ក្រុមឧទ្ទាមហ៊ូធីនិយាយថា ពួកគេបានវាយប្រហារមីស៊ីលលើអារ៉ាប៊ីសាអ៊ូឌីត ដើម្បីបញ្ចប់ភាពស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការវាយប្រហារតាមច្រកអាកាសលើអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa របស់យេម៉ែនកាលពីថ្ងៃចន្ទ ។ក្រុមស្ថិតក្រោមចំណុះអ៊ីរ៉ង់មួយនេះ ដែលគ្រប់គ្រងតំបន់ភាគខាងជើងយេម៉ែន បានចោទប្រកាន់អារ៉ាប់សាអ៊ូឌីត ថាជាអ្នកនៅពីក្រោយការវាយប្រហារលើផ្លូវរត់របស់យន្តហោះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិក្រុង Sanaa ។លោក Yahya Saree គឺជាអ្នកនាំពាក្យយោធាហ៊ូធី បានចាត់ទុកការវាយប្រហារនេះថា ជាការឈ្លានពានដោយបើកចំហរ ។ លោកថា ក្រុមឧទ្ទាមហ៊ូធី បានវាយប្រហារគោលដៅអាកាសយានដ្ឋាននៅអារ៉ាប៊ីសាអ៊ូឌីត ជាការសងសឹកវិញ ។ការវាយប្រហារនេះដែរ ត្រូវបានប្រកាសអះអាងជាលើកដំបូងដោយក្រុមឧទ្ទាមហ៊ូធី ប្រឆាំងនឹងរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត ចាប់តាំងពីបទឈប់បាញ់ក្រៅផ្លូវការ បានចូលជាធរមានកាលពីឆ្នាំ ២០២២ ។ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យរបស់កងកម្លាំងចម្រុះយោធាដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត នៅយេម៉ែន និយាយថា មីស៊ីលទាំងនេះ ត្រូវបានបាញ់ស្កាត់ ។អំពើហិង្សាកាលពីថ្ងៃចន្ទ បានគំរាមកំហែងផងដែរដល់ជម្លោះកើតឡើងវិញនៅតំបន់ព្រំដែនភាគខាងត្បូងអារ៉ាប៊ីសាអ៊ូឌីត ក្រោយការវាយប្រហារយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ មានគោលដៅលើតំបនភាគខាងកើតរបស់ពួកគេ ហើយនិងបន្ទាប់ពីមានភាពស្ងប់ស្ងាត់នៅទីក្រុង Riyadh ចាប់តាំងពីបទឈប់បាញ់ ចូលជាធរមានកាលពីខែមេសា នៅក្នុងសង្រ្គាមអ៊ីរ៉ង់ ៕

អ៊ុយក្រែន៖ មនុស្ស ៦នាក់ស្លាប់ និង ២៣នាក់រងរបួស អំឡុង​ការវាយប្រហាររបស់រុស្ស៊ីនៅតំបន់ Odesa និង Sumy

2026/07/16 03:04:52 am        51
​ប្រទេស​អ៊ុយក្រែន បានឱ្យ​ដឹង​នៅ​ថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦) នេះថា យ៉ាងហោចណាស់មនុស្ស ៦នាក់ បានបាត់​បង់ជិវិត និង ២៣នាក់ផ្សេងទៀតរងរបួស ដោយសារការវាយប្រហារតាមអាកាសរបស់រុស្ស៊ី នៅភាគអាគ្នេយ៍តំបន់​ Odesa និងភាគឦសានតំបន់ Sumy។នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកម្មវិធី​ផ្ញើសារ Telegram អភិបាលតំបន់​ Sumy លោក Oleh Hryhorov បាន​ឱ្យ​ដឹង​ថា ការបាញ់ផ្លោងពេញមួយយប់ នៅមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់នេះ បានសម្លាប់មនុស្ស ៣នាក់ ហើយ​ ១៧នាក់ផ្សេងទៀតរងរបួស។ដោយឡែក អភិបាលតំបន់​ Odesa លោក Oleh Kiper បានប្រកាសថា តំបន់នេះត្រូវបានកំណត់គោលដៅដោយការវាយប្រហាររួមគ្នា ដោយមីស៊ីល និងយានដ្រូន​ ដែល​ជា​ថ្ងៃទី៥ ជាប់គ្នា។ ក្រោយមក លោកបានរាយការណ៍ថា ចំនួនអ្នករងរបួស បានកើនឡើងដល់ ៦នាក់ ដែលក្នុងនោះ ៤នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ខណៈដែល ២នាក់ទៀត កំពុងទទួលការថែទាំក្រៅមន្ទីរពេទ្យ។កងទ័ពអាកាសអ៊ុយក្រែន បានអះអាងថា ប្រព័ន្ធ​ការពារដែនអាកាសរបស់ប្រទេស បានបាញ់ទម្លាក់យានដ្រូន​ចំនួន ១០១គ្រឿង ក្នុងចំណោម ១២២គ្រឿងដែលបាញ់ដោយរុស្ស៊ីពេញមួយយប់។ កង​ទ័ព​ក៏បានអះអាងផងដែរថា មីស៊ីល Kh-59/69 ចំនួន ២គ្រាប់ ត្រូវបានបាញ់ដោយរុស្ស៊ីចេញ​ពីតំបន់ Crimea៕

លោកស្រី Von der Leyen ៖ EU បញ្ចប់កិច្ចព្រមព្រៀងសម្រាប់ការផលិតយានដ្រូនជាមួយអ៊ុយក្រែន

2026/07/16 02:17:27 am        67
ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃពុធនេះថា អ៊ុយក្រែន និងសហភាពអឺរ៉ុប បានបញ្ចប់កិច្ចព្រមព្រៀងយានដ្រូន ដើម្បីរួមបញ្ចូលជំនាញរបស់ទីក្រុងគីវ ជាមួយ សមត្ថភាពឧស្សាហកម្មអឺរ៉ុប ក្នុងការបង្កើតគម្រោងរួមគ្នា និងបង្កើនផលិតកម្ម ។នៅក្នុងពិធីប្រារព្ធ “ទិវាបង្កើតរដ្ឋ”នៅទីក្រុងគីវ លោកស្រី Von der Leyen និយាយនៅក្នុងសុន្ទរកថា ពួកយើងត្រូវការរួមបញ្ចូលកម្លាំងរបស់ពួកយើង ។ កិច្ចព្រមព្រៀងនេះ នឹងនាំមកនូវជំនាញដ៏ប៉ិនប្រសព្វរបស់អ៊ុយក្រែន និងទំហំសមត្ថភាពឧស្សាហកម្មរបស់អឺរ៉ុប ។គួរឲ្យដឹងថា មុននេះ លោកស្រី Von der Leyen ធ្វើដំណើរទៅដល់ទីក្រុងគីវ ដើម្បីជួបជាមួយលោកប្រធានាធិបតី Volodymyr Zelenskyy និងពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងសហភាពអឺរ៉ុប (EU) និងអ៊ុយក្រែន ដោយផ្តោតជាពិសេសលើការផលិតយានដ្រូន ។ដំណើរទស្សនកិច្ចនេះដែរ គឺជាដំណើរទស្សនកិច្ចលើកទី២ ហើយនៅឆ្នាំ ២០២៦ និងជាដំណើរទស្សនកិច្ចលើកទី១១ ក្នុងអំឡុងពេលមានសង្គ្រាមជាមួយរុស្ស៊ី ដែលលោកស្រី បានធ្វើដំណើរទៅកាន់រដ្ឋធានីរបស់អ៊ុយក្រែន ៕

ព្យុះដ៏​កំណាច និងភ្លៀងខ្លាំង វាយប្រហារភាគខាងត្បូងអាល្លឺម៉ង់ ដោយ​ជន់​លិច​ផ្លូវថ្នល់ និងរំខានដល់ការធ្វើដំណើរ

2026/07/16 02:07:51 am        59
ព្យុះបោកបក់ខ្លាំងបានវាយប្រហារពាសពេញតំបន់មួយចំនួននៃភាគខាងត្បូងប្រទេសអាល្លឺម៉ង់ កាលពីយប់​ថ្ងៃអង្គារ (ទី១៤ ខែកក្កដា ឆ្នាំ២០២៦) ដោយបានបណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស ទឹក​ជន់​លិចផ្លូវថ្នល់ និងជាន់ក្រោមដីរបស់​អគារ ព្រមទាំងបានធ្វើឱ្យការហោះហើរ នៅអាកាសយានដ្ឋាន​ Nuremberg Airport ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នផង​ដែរ​។ទីក្រុង Nuremberg, Furth និង Erlangen រងផលប៉ះពាល់ខ្លាំងបំផុត។ មជ្ឈមណ្ឌលទីភ្នាក់ងារ​សង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋាន Nuremberg បានទទួលការហៅទូរស័ព្ទជាង ៣.០០០ដង​ ក្នុងរង្វង់​រយៈពេល ៦ម៉ោង ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវថ្នល់ និងទ្រព្យសម្បត្តិនានា​។អាកាសយានដ្ឋាន Nuremberg បានផ្អាកប្រតិបត្តិការមួយរយៈ កាល​ពីល្ងាចថ្ងៃអង្គារ ខណៈដែលព្យុះបានបោក​បក់​ឆ្លងកាត់​ពី​លើ​។ ជើងហោះហើរមកដល់ជាច្រើន ត្រូវបានប្ដូរ​ផ្លូវ ហើយ​ការចេញដំណើរត្រូវបានពន្យារពេល។ អ្នកនាំពាក្យម្នាក់ បានឱ្យដឹង​ថា ហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន បានរងការខូចខាតដោយសារដើមឈើដួលរលំ ដំបូលខូចខាត និងទឹកជំនន់នៅបរិវេណ​អាកាសយានដ្ឋាន​។នៅព្រឹកថ្ងៃពុធនេះ​ ព្យុះដ៏ខ្លាំងក្លាមួយទៀត បាននាំឱ្យ​មាន​ព្រឹលធ្លាក់ នៅ​ទីក្រុង Reutlingen ភាគខាងត្បូង ដោយជន់លិចផ្លូវថ្នល់ និងបង្កឱ្យមានការឆ្លើយតបជាច្រើនម៉ោងដោយអ្នកពន្លត់អគ្គិភ័យ និងនគរបាល​។ នគរបាល​បានឱ្យដឹង​ថា នៅទីក្រុង​ Garmisch-Partenkirchen ទាហាន ៦រូប បានរងរបួសដោយសាររន្ទះបាញ់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ស្ថាប័នឧតុនិយមជាតិរបស់ប្រទេសអាល្លឺម៉ង់ បានព្រមានអំពីហានិភ័យថ្មី​នៃការ​ធ្លាក់ភ្លៀងនៅតាមតំបន់ និងការមានផ្គររន្ទះ នៅពាសពេញភាគខាងត្បូងនៃប្រទេស នៅ​ថ្ងៃព្រហស្បតិ៍ ព្រមទាំងអាចមានស្ថានភាព​អាកាសធាតុអាក្រក់ខ្លាំង និងភ្លៀងធ្លាក់​ខ្លាំង​ នៅតាមតំបន់ នៅថ្ងៃសុក្រផងដែរ៕

វដ្តនៃភាពវឹកវរ៖ អ៊ីស្រាអែលសម្លាប់មន្រ្តីស៊ីវិលហ្កាហ្សា ជាការរំលើងឫសអនាគតរបស់ពួកគេ

2026/07/16 02:07:21 am        123
ការវាយប្រហាររបស់អ៊ីស្រាអែលនៅជំរំ Jabalia ស្ថិតនៅតំបន់ភាគខាងជើងតំបន់ហ្កាហ្សា បានសម្លាប់ស្នងការនគរបាលម្នាក់ និងក្រុមមន្រ្តីជាច្រើនរូបទៀតកាលពីថ្ងៃអង្គារ បន្ថែមពីលើចំនួនស្លាប់កើនឡើងរបស់ជនស៊ីវិល ។ បើទោះបីជាមានបទឈប់បាញ់រយៈពេលច្រើនខែយ៉ាងណាក្តី អ៊ីស្រាអែលនៅតែបន្តវាយឆ្មក់ស្លាប់មនុស្សនៅទូទាំងដែនដីប៉ាឡេស្ទីនមួយនេះ ដោយពួកគេលើកឡើងពីហេតុផលថា មានវត្តមានរបស់យុទ្ធជនហាម៉ាស និងការគំរាមកំហែងជិតកើតឡើង ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគយុទ្ធសាស្រ្ត និងនយោបាយ ព្រមានថា ការបំពានរាល់ថ្ងៃទាំងនេះ មិនមែនជាប្រតិបត្តិការសន្តិសុខដាច់ដោយឡែកនោះទេ ប៉ុន្តែវាគឺជាលំអាន ដើម្បីសម្លាប់ក្រុមមន្រ្តីអនុវត្តច្បាប់ គ្រូពេទ្យ មន្រ្តីរដ្ឋាភិបាល ក៏ដូចជាបញ្ញវន្តនៅតំបន់ហ្កាហ្សា ។ ពួកគេបានព្រមានថា ការសម្លាប់ទាំងអស់នេះ អាចជាការបំផ្លាញជាប្រព័ន្ធផែនការគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់តំបន់ហ្កាហ្សានៅក្រោយសង្រ្គាម ធ្វើឲ្យរង្គោះរង្គើរដល់ក្រុមប្រឹក្សាសន្តិភាពដែលបានបង្កើតឡើងក្រោមផែនការរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ហើយវានឹងអនុញ្ញាតឲ្យអ៊ីស្រាអែល បន្តរក្សាការគ្រប់គ្រងដែនដីប៉ាឡេស្ទីនមួយនេះទាំងស្រុង ៕

បំរាមគោចរព័ត៌មានសង្គមនៅយប់រំលងអាធ្រាត្រ ត្រូវបានស្នើសម្រាប់យុវជន-យុវតីអាយុ ១៦-១៧ឆ្នាំ នៅអង់គ្លេស

2026/07/16 01:56:07 am        47
រដ្ឋាភិបាលអង់គ្លេសនិយាយថា យុវជន-យុវតីអាយុ ១៦-១៧ឆ្នាំ នឹងប្រឈមនឹងបំរាមគោចរព័ត៌មានសង្គមយប់រំលងអាធ្រាត្រ បើទោះបីជាពួកគេអាចបិទ រួចប្តូរការកំណត់គណនីរបស់ពួកគេក៏ដោយ ។វានឹងមានន័យថា កម្មវិធីដូចជា Instagram, TikTok និង YouTube នឹងត្រូវកំណត់មិនអាចប្រើបានសម្រាប់អ្នកដែលមានអាយុ ១៦ឆ្នាំ និង ១៧ឆ្នាំ ចន្លោះយប់រំលងអាធ្រាត្រ និងម៉ោង ៦ព្រឹក ។រដ្ឋាភិបាលអង់គ្លេសនិយាយថា វិធានការនេះ នឹងធ្វើឲ្យល្អប្រសើរឡើងការផ្តោតសំខាន់របស់យុវជន-យុវតី បរិមាណដេករបស់ពួកគេ និងជីវិតគ្រួសាររបស់ពួកគេ ។ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកចុះយុទ្ធនាការដូចជាអ្នកស្រី Ellen Roome ដែលមានជំនឿថា កូនប្រុស Jools Sweeney អាយុ ១៤ឆ្នាំ បានស្លាប់ ដោយសារការលេងហ្គេមប្រកួតប្រជែងតាមប្រព័ន្ធនិម្មិតកាលពីឆ្នាំ ២០២២នោះ ពុំគិតថា ផែនការនេះ គ្រប់គ្រាន់នោះទេ ពេលដែលក្រុមយុវជន-យុវតី អាចបិទការកំណត់គណនីរបស់ពួកគេបាននោះ ។ផែនការថ្មីនេះដែរ បានកើតមាន បន្ទាប់ពីសេចក្តីប្រកាសកាលពីខែមិថុនាកន្លងទៅថា យុវជន-យុវតី អាយុក្រោម ១៦ឆ្នាំ ត្រូវបានហាមឃាត់ទាំងស្រុងពីបណ្តាញព័ត៌មានសង្គម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM