លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

ព័ត៌មានអន្តរជាតិ

ចិនបញ្ជាក់​ថា ខ្លួន​ប្រឆាំងសេចក្តីព្រាងច្បាប់ទណ្ឌកម្មរបស់​អាមេរិក ដែលសំដៅ​លើ​អ្នកទិញថាមពលរុស្ស៊ី

2026/07/16 01:53:59 am        60
ប្រទេសចិន នៅ​ថ្ងៃពុធ (ទី១៥ ខែកក្កដា​ ឆ្នាំ២០២៦) នេះ បាន​បញ្ជាក់​ថា ខ្លួន «ប្រឆាំងយ៉ាងម៉ឺងម៉ាត់»ចំពោះ​សេចក្តីព្រាងច្បាប់ទណ្ឌកម្មដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាអាមេរិក និងគាំទ្រដោយប្រធានាធិបតី លោក​ Donald Trump ជា​ចំណាត់​ការ​ដែល​កំណត់គោលដៅលើ​ប្រទេសទិញថាមពលរបស់រុស្ស៊ី។សេចក្តីព្រាងច្បាប់ដែលគាំទ្រដោយគណបក្សទាំង២ នេះ អាចនឹងបើកផ្លូវឱ្យសហរដ្ឋអាមេរិកបង្កើនសម្ពាធកាន់តែខ្លាំងឡើង​ថែមទៀត លើរុស្ស៊ី ជុំវិញបញ្ហាសង្គ្រាម នៅប្រទេសអ៊ុយក្រែន។ ក្រុមសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកដែលដឹកនាំជម្រុញសេចក្តីព្រាងច្បាប់នេះ បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីសប្តាហ៍មុនថា ពួកគេរំពឹងថា នឹងប្រកាសសេចក្តីព្រាងច្បាប់ដែលត្រូវ​បានធ្វើបច្ចុប្បន្នភាពនេះ «ក្នុងពេលឆាប់ៗនេះ»។ចិន ដែលស្ថិត​ក្នុង​ចំណោម​ប្រទេសទិញប្រេងរុស្ស៊ីធំជាងគេ បានរិះគន់​ធ្ងន់​ៗ នៅថ្ងៃពុធ ដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានប្រើប្រាស់ «ស្តង់ដារពីរ និងការសម្លុត​កំហែង​»។អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់សន្និសីទសារព័ត៌មានថា «ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការ​ដាក់​ទណ្ឌកម្មជា​ឯកតោភាគីដោយ​ខុសច្បាប់ ដែលគ្មានមូលដ្ឋាននៅក្នុងច្បាប់អន្តរជាតិ និងមិនត្រូវបានអនុញ្ញាតដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។លោកបានបន្ថែម​ថា៖ «ប្រទេសចិននឹងចាត់វិធានការចាំបាច់ទាំងអស់យ៉ាងម៉ឺងម៉ាត់ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាស និងពលរដ្ឋរបស់ខ្លួន»។ច្បាប់នេះនឹងផ្តល់សិទ្ធិ​អំណាចដល់ប្រធានាធិបតី ក្នុងការដំឡើង​ពន្ធ និងដាក់​ទណ្ឌកម្មលើប្រទេសដែលបន្តទិញថាមពលរបស់រុស្ស៊ី ដោយចាត់ទុក​ថា នេះ​ការ​ជាផ្ដល់​ប្រភពចំណូលដ៏សំខាន់ សម្រាប់កិច្ចប្រឹងប្រែង ក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូ៕

ពលរដ្ឋរស់នៅក្នុងទីក្រុង Toronto ប្រទេសកាណាដា ពិបាកស៊ូទ្រាំនឹងរលកកម្តៅរយៈពេល ២ថ្ងៃជាប់ៗគ្នា

2026/07/16 01:42:20 am        70
ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Toronto ប្រទេសកាណាដា កំពុងប្រឈមនឹងរលកកម្តៅរយៈពេល ២ថ្ងៃជាប់ៗគ្នា ពេលដែលសីតុណ្ហភាពកើនឡើងដល់ ៣៦អង្សាសេ ស្ថិតក្រោមការព្រមានកម្រិតពណ៌លឿង ។ស្របពេលដែលកម្រិតសំណើមទាបធ្វើឲ្យនិទស្សន្ទកម្តៅកើនឡើងខ្ពស់ជាងមុននោះ អ្នកស្រុកប្រើអស់យុទ្ធសាស្រ្តជាច្រើន ដើម្បីធ្វើឲ្យពួកគេមានសុវត្ថិភាព ។អ្នកស្រី Aranza គឺជាពលរដ្ឋមួយរូបរស់នៅទីក្រុង Toronto និងបានធ្វើដំណើរទៅកាន់មាត់ទឹក ដើម្បីសម្រាកនោះ និយាយថា តាមអ្វីគាត់គិត ពួកយើងគ្រាន់តែទទួលទានទឹកឲ្យបានច្រើន និងរកម្លប់ជ្រក គឺអស់បញ្ហាហើយ ។ គាត់ប្រើឡេលាបការពារកម្តៅថ្ងៃផងដែរ គាត់មិនចង់ឲ្យរលាកស្បែករបស់គាត់នោះឡើយ ។សម្រាប់អ្នកដែលស៊ាំនឹងអាកាសធាតុនៅទីក្រុង Toronto រលកកម្តៅបែបនេះ វាមិនពិបាកនោះទេ ។ អ្នកស្រី Sandra Broekhofsi គឺជាពលរដ្ឋមួយរូបទៀតរស់នៅក្នុងទីក្រុង Toronto និយាយថា វាតែងតែក្តៅបែបហ្នឹង ។អ្នកស្រីថា នៅរដូវក្តៅ សីតុណ្ហភាព +៤០ ហើយនៅរដូវរងា សីតុណ្ហភាព -៤០ ។ ហេតុដូច្នេះហើយ អ្នកត្រូវតែរៀនរស់ជាមួយវា ។កាលពីមុនរដ្ឋបាលក្រុង Toronto ធ្លាប់បានណែនាំដាក់ឲ្យចូលជាធរមានការព្រមានពីកម្តៅ ដែលចាប់ផ្តើមពីថ្ងៃទីចន្ទ ទី ១៣ ខែកក្កដា តទៅ ។ខណៈពេលនោះដែរ ក្រសួងបរិស្ថានកាណាដា បានព្យាករថា រលកកម្តៅនឹងបន្តកើតមានរហូតដល់ល្ងាចថ្ងៃពុធ ហើយនិងអាចបន្តដល់ថ្ងៃព្រហស្បតិ៍ ឬថ្ងៃសុក្រផងដែរ នៅតាមតំបន់ផ្សេងៗជាច្រើន ៕

មនុស្សជាង ១៦០នាក់ត្រូវបានចាប់ខ្លួន ក្រោយ​ការ​ប៉ះទង្គិច​ បន្ទាប់ពីបារាំងចាញ់អេស្ប៉ាញ ​នៅ​ World Cup

2026/07/16 01:39:51 am        64
ទូរទស្សន៍ BFMTV នៅ​ថ្ងៃពុធ (ទី​១៥​ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​រាយការណ៍ថា មនុស្សជាង ១៦០នាក់ ត្រូវបានចាប់ខ្លួននៅទីក្រុងប៉ារីស និងលីយ៉ុង (Lyon) ក្រោយ​មាន​ការប៉ះទង្គិចគ្នា និងការរំខាន ដោយ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​បន្ទាប់ពីក្រុមបាល់​ទាត់​ជម្រើសជាតិ​បារាំង បានចាញ់​​អេស្ប៉ាញ ក្នុង​លទ្ធផល ២-០ អំឡុង​ការ​ប្រកួត​ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ FIFA World Cup។បើយោងតាមស្នងការដ្ឋាននគរបាលទីក្រុងប៉ារីស បានឱ្យដឹងថា មនុស្សចំនួន ១៤១នាក់ត្រូវបានឃាត់ខ្លួននៅក្នុងតំបន់ប៉ារីស ពាក់ព័ន្ធនឹងឧប្បត្តិហេតុនានា ដែលបានកើតឡើងក្រោយ​ការ​ប្រកួតកាលពីល្ងាចថ្ងៃអង្គារ។ការចាប់ខ្លួនភាគច្រើន ត្រូវបានផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បំពង់​បាញ់​​កាំជ្រួចភ្ញី ដែលត្រូវបានចោទប្រកាន់ថា មានគោលដៅទៅលើមន្ត្រីនគរបាល​ និងបុគ្គលិកសេវាសង្គ្រោះបន្ទាន់។ អាជ្ញាធរបានបញ្ជាក់​ថា មិនមានរបាយការណ៍ អំពីការ​រង​របួសធ្ងន់ធ្ងរណាមួយឡើយ បន្ទាប់ពីកើត​ហេតុការណ៍ទាំងនេះ។នៅទីក្រុងលីយ៉ុង មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា នៅទីលាន​ Place Bellecour ដើម្បីទស្សនាការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ​។បន្ទាប់ពីអេស្ប៉ាញបាន​ទទួល​បាន​ជ័យ​ជម្នះ​ ក្រុមតូចៗត្រូវបានរាយការណ៍ថា បានបង្កើតឡើងនៅក្នុងតំបន់នោះ ដោយអ្នកខ្លះបានគប់វត្ថុ​ផ្សេងៗ​​ ក្នុង​នោះ​រួមមាន​ទាំងកាំជ្រួចភ្ញីផង​ដែរ​​ សំដៅ​ទៅនគរបាល​៕

អារ៉ាប៊ីសាអ៊ូឌីត និងជប៉ុនពង្រឹងកិច្ចសន្ទនាយុទ្ធសាស្ត្រលើសន្តិសុខសេដ្ឋកិច្ច និងភាពជាដៃគូនាពេលអនាគត

2026/07/16 01:37:43 am        55
ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំប្រទេសជប៉ុន លោកបណ្ឌិត Ghazi Faisal Binzagr បានជួបជាមួយរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខសេដ្ឋកិច្ចរបស់ជប៉ុន លោកស្រី Kimi Onada កាលពីពេលថ្មីៗនេះ ដើម្បីពិភាក្សាយ៉ាងទូលំទូលាយអំពីភាពជាដៃគូដែលកំពុងវិវឌ្ឍរវាងទីក្រុងរីយ៉ាដ (Riyadh) និងទីក្រុង តូក្យូ ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យយុទ្ធសាស្ត្រដែលកំពុងកំណត់ទិសដៅសេដ្ឋកិច្ចពិភពលោក។មន្ត្រីទាំងពីររូបបានពិភាក្សាស្វែងរកលទ្ធភាពសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធ នៅក្នុងវិស័យសន្តិសុខសេដ្ឋកិច្ច បញ្ញាសិប្បនិម្មិត (AI) វិស័យអវកាស បច្ចេកវិទ្យាទំនើប និងនវានុវត្តន៍។ពួកគេក៏បានលើកឡើងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃវប្បធម៌ និងឧស្សាហកម្មច្នៃប្រឌិតដែលជាកត្តាជំរុញភាពធន់នៃសេដ្ឋកិច្ច ការប្រកួតប្រជែងរបស់ជាតិ និងវិបុលភាពរយៈពេលវែង។កិច្ចពិភាក្សានេះបានឆ្លុះបញ្ចាំងពីលក្ខណៈកាន់តែទូលំទូលាយនៃទំនាក់ទំនងរវាងអារ៉ាប៊ីសាអ៊ូឌីត និងជប៉ុន ខណៈដែលប្រទេសទាំងពីរ បន្តពង្រីកភាពជាដៃគូរបស់ពួកគេឲ្យហួសពីមូលដ្ឋានប្រពៃណីដែលមានពីមុនមក៕

ពលរដ្ឋអ៊ីរ៉ង់នៅតែក្រាញននៀល ពេលដែលលោក Trump បញ្ជាឲ្យមានការបិទច្រកឡើងវិញរបស់អាមេរិក

2026/07/16 01:34:59 am        64
នៅថ្ងៃពុធនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងតេអេរ៉ង់ ពួកគេនៅតែក្រាញននៀលដដែល ស្របពេលដែលសហរដ្ឋអាមេរិកធ្វើការបិទច្រកឡើងវិញរបស់កងទ័ពជើងទឹក ខណៈភាពតានតឹងឡើងកម្តៅកាន់តែខ្លាំង ហើយនិងការបិទច្រកសមុទ្រ Hormuz ។អ្នកនាង Mohadesseh Forotania គឺជានិស្សិតថ្នាក់អនុបណ្ឌិតមួយរូបរស់នៅក្នុងទីក្រុងតេអេរ៉ង់ និយាយថា ពួកយើងគឺជាជនជាតិអ៊ីរ៉ង់ ច្បាស់ណាស់ថា ជាអ្នកស្វែងរកសន្តិភាព សេចក្តីសប្បុរស និងសុច្ឆន្ទៈ ប៉ុន្តែសហរដ្ឋអាមេរិក កំពុងស្វែងរកការបំផ្លិចបំផ្លាញពួកយើង ហើយពួកគេធ្វើអ្វីក៏ដោយឲ្យតែអាចសម្រេចគោលដៅរបស់ពួកគេ ។អ្នកនាងបន្តថា ការបិទច្រករបស់កងទ័ពជើងទឹក គឺជារឿងមួយដែលពួកគេអាចធ្វើបាន ហើយពួកគេប្រើប្រាស់វាជាអាវុធ ដើម្បីដាក់សម្ពាធលើពួកយើង ដើម្បីចរចា និងដើម្បីបំផ្លិចបំផ្លាញពួកយើង ប៉ុន្តែពួកយើងមិនរាថយនោះឡើយ ពួកយើងនៅតែក្រាញននៀលជានិច្ច ។កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់និយាយនៅថ្ងៃពុធនេះថា ច្រកសមុទ្រ Hormuz នឹងត្រូវបិទ រហូតដល់អ្វីដែលពួកគេចាត់ទុកថា ជា “ការបញ្ចប់នៃអំពើអាក្រក់របស់អាមេរិក” ។ពួកគេនិយាយផងដែរថា កាលពីថ្ងៃអង្គារម្សិលមិញ មូលដ្ឋានទ័ពអាកាសរបស់សហរដ្ឋអាមេរិក ស្ថិតក្នុងប្រទេសហ៊្សកដានី បានក្លាយជាគោលដៅវាយប្រហាររបស់មីស៊ីលបាលីស្ទិកអ៊ីរ៉ង់ ហើយពួកគេបានអំពាវនាវឲ្យពលរដ្ឋហ៊្សកដានី រុះរើមូលដ្ឋានទ័ពអាមេរិកនៅក្នុងប្រទេសរបស់ពួកគេ ៕

សហភាពអឺរ៉ុប ចុះកិច្ចព្រមព្រៀងផលិត​យាន​ដ្រូន ជាមួយអ៊ុយក្រែន

2026/07/16 01:32:49 am        60
គណៈកម្មការអឺរ៉ុប លោក​ស្រី Ursula von der Leyen នៅថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ បាន​ប្រាប់​ឱ្យដឹង​ថា ប្រទេស​អ៊ុយក្រែន និងសហភាពអឺរ៉ុប (EU) បានឈាន​ដល់ «កិច្ចព្រមព្រៀងយាន​ដ្រូន»​ ដើម្បីបញ្ចូលគ្នានូវជំនាញរបស់ទីក្រុងគីវ ជាមួយសមត្ថភាពឧស្សាហកម្មអឺរ៉ុប ដើម្បីបង្កើតគម្រោងរួមគ្នា និងពង្រីកផលិតកម្ម​។ក្នុងសុន្ទរកថាមួយ នៅទីក្រុងគីវ នៅឯ​ពិធីប្រារព្ធទិវារដ្ឋរបស់ប្រទេសអ៊ុយក្រែន​​ លោកស្រី​ von der Leyen បានប្រាប់​ឱ្យដឹង​ថា៖ «យើងត្រូវបញ្ចូលគ្នានូវចំណុចខ្លាំងរបស់យើង។ កិច្ចព្រមព្រៀងនេះ នឹងនាំមករួម​គ្នា​នូវជំនាញ​របស់អ៊ុយក្រែន និងទំហំឧស្សាហកម្មរបស់អឺរ៉ុប»។គួរ​បញ្ជាក់​ថា អ៊ុយក្រែនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះជាបន្តបន្ទាប់ ជាមួយប្រទេសផ្សេង​ៗ​ដាច់​ដោយ​ឡែក​។ នៅឯ​កិច្ចប្រជុំកំពូលរបសើ​អង្គការណាតូ (NATO) កាលពីសប្តាហ៍មុន ក្នុង​ទីក្រុង​ Akara ប្រទេស​ទួរគី លោក​ប្រធានាធិបតី Volodymyr Zelenskyy បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ៣បន្ថែមទៀត ដោយនិយាយថា វាបានធ្វើឱ្យចំនួនសរុប កើនឡើងដល់ ៩ ហើយ​។ប៉ុន្តែកិច្ចព្រមព្រៀងនៅ​ថ្ងៃពុធនេះ គឺជាកិច្ចព្រមព្រៀងដំបូងដែលមានបំណងគ្របដណ្តប់ប្រទេស និងក្រុមហ៊ុននានា នៅទូទាំង EU។លោកស្រី Von der Leyen បានបញ្ជាក់​ថា EU អាចផ្តល់អត្ថប្រយោជន៍នានា​ដល់អ៊ុយក្រែន ដូចជា «សមត្ថភាពបច្ចេកវិទ្យា និងឧស្សាហកម្មដ៏ធំ» និង «ទីតាំងផលិតកម្មដែលមានសុវត្ថិភាព និងធានាសន្តិសុខ​»៕

ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅតំបន់ភាគអាគ្នេយ៍ទួរគី

2026/07/16 01:30:46 am        50
នៅថ្ងៃពុធនេះ ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅតំបន់ភាគអាគ្នេយ៍ ប្រទេសទួរគី ក្រោយអណ្តាតភ្លើងបង្ខំឲ្យមានការជម្លៀសមនុស្សចេញពីតំបន់រស់នៅរបស់អ្នកស្រុក ។ភ្លើងឆេះព្រៃដែលបានឆាបឆេះឡើងកាលពីរសៀលថ្ងៃអង្គារនេះ បានឆាបឆេះពេញមួយយប់នៅទីក្រុង Milas ខណៈក្រុមសង្រ្គោះបន្ទាន់ ព្យាយាមពន្លត់អណ្តាតភ្លើងពីលើដី ។អគ្គនាយកដ្ឋានព្រៃឈើទួរគីនិយាយថា យន្តហោះពន្លត់អគ្គិភ័យ ៨គ្រឿង និងឧទ្ធម្ភាគចក្រ ១២គ្រឿង បានចាប់ផ្តើមប្រតិបត្តិការពន្លត់អណ្តាតភ្លើងឡើងវិញនៅព្រឹកថ្ងៃពុធនេះ ហើយភ្លើងឆេះព្រៃភាគច្រើន ត្រូវបានគ្របគ្រង ។អភិបាលក្នុងស្រុកនិយាយថា មនុស្សជាង ១ពាន់នាក់ ត្រូវបានជម្លៀសខ្លួន ជាវិធានការប្រុងប្រយ័ត្នទុកជាមុន ។រូបភាពវីដេអូឃ្លីបនៅព្រឹកថ្ងៃពុធនេះដែរ ឃើញតំបន់ព្រៃឈើជាច្រើន ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃ ខណៈផ្សែងបន្តហុយនៅតាមតំបន់ភ្នំ ពេលដែលកិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃ នៅតែបន្ត ៕

ក្រុមគ្រូពេទ្យ៖ អ៊ីស្រាអែលសម្លាប់មនុស្ស ៤នាក់ នៅតំបន់ហ្កាហ្សា

2026/07/16 01:28:49 am        51
មន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយ ខណៈដែលការចរចា ដើម្បីជំរុញកិច្ចព្រមព្រៀងឈប់បាញ់នៅហ្កាហ្សាដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានបរាជ័យថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់បុរសម្នាក់ ប្រពន្ធរបស់ខ្លួន និងកូនស្រីអាយុប្រាំមួយឆ្នាំរបស់ពួកគេនៅតំបន់ហ្កាហ្សា នៅថ្ងៃពុធនេះ។ ក្រុមគ្រូពេទ្យបានបញ្ជាក់ថា ការវាយប្រហារលើអគារអាផាតមិនមួយកន្លែងនៅក្នុងទីក្រុង Deir Al-Balah ភាគកណ្តាលហ្កាហ្សា បានសម្លាប់លោក Omar Abu Qassem ភរិយារបស់ខ្លួន គឺអ្នកស្រី Asma និងកូនស្រីឈ្មោះ Habeeba។ កូនប្រុសរបស់ពួកគេបានរួចជីវិត ប៉ុន្តែបានរងរបួស។ នេះបើយោងតាមក្រុមគ្រូពេទ្យ។យោធាអ៊ីស្រាអែលបាននិយាយថា ការវាយប្រហារនេះបានកំណត់គោលដៅទៅលើជនសកម្មប្រយុទ្ធម្នាក់របសើក្រុមហាម៉ាស។ក្រុមគ្រូពេទ្យបានឲ្យដឹងថា នៅក្នុងសង្កាត់ Sheikh Radwan ក្នុងទីក្រុងហ្កាហ្សា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សម្នាក់។ យោធាអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗអំពី ហេតុការណ៍នេះទេ៕

លីទុយអានី៖ រុស្ស៊ីអាចនឹង​កំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីសាកល្បងឯកភាពរបស់ណាតូ

2026/07/16 01:24:39 am        58
ប្រធានាធិបតីលីទុយអានី លោក Gitanas Nauseda បានព្រមាននៅថ្ងៃពុធ (ទី​១៥ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា រុស្ស៊ីអាចនឹងកំពុងរៀបចំការវាយប្រហារ ដោយ​ដាក់​គោលដៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់​ៗ នៅក្នុងប្រទេសលីទុយអានី និងរដ្ឋបាល់ទិកផ្សេងទៀត ដើម្បីសាកល្បងឯកភាពរបស់អង្គការ​ណាតូ (NATO) ដោយការ​លើកឡើងនេះ​គឺ​សំអាងដល់​ការវាយតម្លៃផ្នែក​ចារកម្ម។នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន BNS លោក Nauseda បាននិយាយថា ទីភ្នាក់​ងារ​ចារកម្មលីទុយអានី បានទទួលការចង្អុលបង្ហាញថា រុស្ស៊ីកំពុងរៀបចំផែនការប្រតិបត្តិការទ្រង់ទ្រាយ​តូច ដែលកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បើទោះបី​​ជា​មិនទាន់​មាន​​ទីតាំងជាក់លាក់ ឬពេលវេលា ដែល​ត្រូវបាន​កំណត់វាយ​ប្រហារនៅ​​ឡើយក្ដី​​។លោកបាននិយាយ​ថា «មានសញ្ញាបែបនេះដែលយើងទទួលបានពីទីភ្នាក់ងារ​របស់យើង» ដោយបន្ថែមថា ចារកម្មបានចង្អុលបង្ហាញពីការធ្វើផែនការ ជាជាងប្រតិបត្តិការចុងក្រោយ។ លោក Nauseda បានឱ្យដឹង​ទៀត​ថា៖ «ខ្ញុំមិនអាចបដិសេធបានទេ ដែល​ថា យើងមានព័ត៌មានបែបនេះ ហើយយើងកំពុងនិយាយអំពីប្រតិបត្តិការមិនមែនទ្រង់ទ្រាយធំទេ ប៉ុន្តែទោះជាយ៉ាងណាក្ដី​ ប្រតិបត្តិការមានគោលដៅនេះ​ ទំនងជាអាចតម្រង់ឆ្ពោះ​ទៅ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។លោកបានបញ្ជាក់​ថា ការវាយប្រហារអាចមានទម្រង់ផ្សេងៗគ្នា ដែលមានគោលបំណងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រួមទាំងការបំផ្លិចបំផ្លាញ ឬការវាយប្រហារដោយយានដ្រូន​។ ហើយ​លោក Nauseda បាន​ឱ្យដឹងបន្ថែម​ថា លីទុយអានីបានពង្រឹងសន្តិសុខ ជុំវិញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលសំខាន់ៗរួចហើយ៕

នាយករដ្ឋមន្ត្រី៖ អូស្ត្រាលីគ្រោងនឹងអនុម័តច្បាប់គ្រប់គ្រងបញ្ញាសិប្បនិម្មិត (AI)

2026/07/16 01:21:48 am        42
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអូស្ត្រាលីនឹងអនុម័តច្បាប់ ដើម្បីគ្រប់គ្រងរបៀបដែលមជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI data centers) ប្រើប្រាស់ថាមពលអគ្គិសនី និងទឹក ព្រមទាំងការពារកម្មសិទ្ធិបញ្ញាលើស្នាដៃច្នៃប្រឌិត។នៅក្នុងសុន្ទរកថាដ៏សំខាន់មួយ ដែលលោកបានបង្ហាញអំពីគោលនយោបាយរបស់រដ្ឋាភិបាល លោក Albanese បានប្រឹងប្រែងដើម្បីបន្ធូរបន្ថយការព្រួយបារម្ភរបស់សាធារណជនចំពោះបញ្ញាសិប្បនិម្មិត (AI) ដោយនិយាយថា AI អាចត្រូវបានអនុវត្តប្រើប្រាស់ក្នុងរបៀបមួយដែលជួយលើកកម្ពស់ផលប្រយោជន៍ជាតិ។មេដឹកនាំឆ្វេងកណ្តាលនិយមរូបនេះ បាននិយាយថា លោកនឹងជួបជាមួយមេដឹកនាំរដ្ឋ និងដែនដីនានារបស់អូស្ត្រាលីនៅខែក្រោយ ដើម្បីពិភាក្សាអំពីច្បាប់ដែលបានស្នើឡើងនេះ ដែលនឹងត្រូវដាក់បញ្ចូលនៅឆ្នាំក្រោយ ដើម្បីកសាងទំនុកចិត្តលើបញ្ញាសិប្បនិម្មិត (AI) និងការពារសន្តិសុខជាតិ។លោកបាននិយាយថា អូស្ត្រាលីបាននាំមុខប្រទេសដទៃទៀតក្នុងការដាក់កម្រិតលើការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារ ប៉ុន្តែបញ្ហាប្រឈមក្នុងការរៀបចំ និងដឹកនាំការអភិវឌ្ឍ AI ឲ្យបម្រើផលប្រយោជន៍របស់អូស្ត្រាលី គឺមានទំហំធំជាង ហើយទាមទារឲ្យមានចំណាត់ការភ្លាមៗ នាពេលនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Zelenskiy ៖ រុស្ស៊ីចង់ជ្រើសរើសទាហាន ៣ម៉ឺននាក់ ពីកូរ៉េខាងជើង
07/26/2026 02:07 PM
មន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុង​ពន្លឿន​ជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
07/26/2026 02:07 PM
គណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ប្រកាសបញ្ចូលជាសមាជិកថ្មីជិត ៣០០០នាក់នៅខណ្ឌព្រែកព្នៅ
07/26/2026 02:07 PM
បណ្ដេញជនជាតិថៃ ៣៩នាក់ ចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសចូលដោយទុច្ចរិតក្នុងទីលានយោធា និងលួចឆ្លងដែនដោយខុសច្បាប់
07/26/2026 02:07 PM
ចំនួនមនុស្សស្លាប់ដោយសារជំងឺអេបូឡានៅប្រទេសកុងហ្គោកើនឡើងដល់ជាង ១.៣០០នាក់
07/26/2026 01:07 PM
មនុស្សម្នាក់ស្លាប់ និង ១៥នាក់ រងរបួស ក្រោយរថយន្តមួយគ្រឿងបើកបុកហ្វូងមនុស្សនៅព្យុហយាត្រាឥន្ទធនូក្រុងប៊ែរឡាំង
07/26/2026 01:07 PM
សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិចិន ១៥៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងបទល្មើសផ្សេងៗ
07/26/2026 12:07 PM
កម្ពុជាចូលរួមសន្និសីទជាន់ខ្ពស់នៃឧត្តមភាគីចុះកិច្ចព្រមព្រៀងនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍
07/26/2026 12:07 PM
មនុស្សយ៉ាងហោច ២១នាក់ រងរបួស ក្នុងហេតុការណ៍អគ្គិភ័យនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក
07/26/2026 12:07 PM