UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា

ព័ត៌មានអន្តរជាតិ

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am        101
លោកស្រី Theresa Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣កក្កដាសប្ដាហ៍នេះថាកិច្ចប្រជុំសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)ក្នុងសប្តាហ៍នេះនៅទីក្រុងម៉ានីលបង្ហាញពីអំណាចកោះប្រជុំដ៏យូរអង្វែងរបស់ប្លុក និងសមត្ថភាពខ្លួនក្នុងការជំរុញការសន្ទនា ពង្រឹងភាពជាដៃគូ និងកសាងឯកភាពគ្នានៅពេលមានភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។លោកស្រីថា ទីក្រុងម៉ានីលបានក្លាយជាវេទិកាសម្រាប់មហាអំណាចជួបគ្នា និងនិយាយគ្នា ក្នុងរយៈពេលបួនថ្ងៃកន្លងមកនេះ។ យោងតាមការិយាល័យទំនាក់ទំនងប្រធានាធិបតីហ្វីលីពីន រដ្ឋមន្ត្រីការបរទេសដែលចូលរួម រួមមានរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ក៏ដូចជារដ្ឋមន្ត្រីមកពីរដ្ឋសមាជិកទាំង ១១ របស់អាស៊ាន និងប្រទេសដទៃទៀត បានរៀបចំកិច្ចប្រជុំទ្វេភាគីប្រហែល ១២០ លើក។កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៩ រយៈពេលបួនថ្ងៃ និងកិច្ចប្រជុំពាក់ព័ន្ធបានផ្តោតលើសន្តិភាព និងសន្តិសុខក្នុងតំបន់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការកសាងសហគមន៍អាស៊ាន។ក្រុមរដ្ឋមន្ត្រីបានអនុម័តសេចក្តីថ្លែងការណ៍រួម និងគោលការណ៍ណែនាំសម្រាប់ការចូលរួមជាមួយភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការ។ ពួកគេក៏បានចេញសេចក្តីថ្លែងការណ៍មួយដែលជំរុញឱ្យមានការអត់ធ្មត់ផងដែរស្របពេលភាពតានតឹងនៅមជ្ឈិមបូព៌ា។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្លុកនេះបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ខណៈសម្តែងការព្រួយបារម្ភអំពីហានិភ័យនុយក្លេអ៊ែរកើនឡើង ការចុះខ្សោយនៃក្របខ័ណ្ឌរំសាយអាវុធ និងមិនរីកសាយអាវុធ ផលប៉ះពាល់ដែលអាចកើតមាននៃប្រព័ន្ធអាវុធស្វយ័តលើស្ថិរភាពសកល និងតំបន់ និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណី រួមទាំងបញ្ហាប្រឈមឆ្លងដែន។អាស៊ានក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថាបត្យកម្មតំបន់បើកចំហ និងផ្អែកលើច្បាប់ដែលមានប្លុកនេះជាចំណុចកណ្តាល ខណៈអំពាវនាវឱ្យមានការអត់ធ្មត់ និងការសន្ទនាក្នុងការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងសង្គ្រាមអ៊ុយក្រែន។បណ្ដារដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់ជាថ្មីថាការឯកភាពប្រាំចំណុច នៅតែជាក្របខ័ណ្ឌចម្បងរបស់ប្លុកនេះសម្រាប់ដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ៕

លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am        110
ប្រធានាធិបតីអាមេរិក លោក Donald Trump បានសន្យាថា នឹងដាក់ទណ្ឌកម្មយោធាដ៏ខ្លាំងក្លាចំពោះអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តក្រុមហ៊ូទីរបស់ខ្លួន កាលពីថ្ងៃព្រហស្បតិ៍២៣កក្កដាសប្ដាហ៍នេះ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធរបស់ប្រទេសយេម៉ែន បានវាយប្រហារនាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប៊ីសាអ៊ូឌីតនៅសមុទ្រក្រហម ដែលពង្រីកសង្គ្រាមមជ្ឈិមបូព៌ាដល់ផ្លូវដឹកជញ្ជូនដ៏សំខាន់ទីពីរ។ មានក្ដីបារម្ភដែលថាការរំខាននេះ អាចពង្រីកបន្ថែមទៀតដល់ការរារាំងផ្លូវសមុទ្រមួយផ្សេងទៀត បានធ្វើឱ្យតម្លៃប្រេងសកលកើនឡើងខ្លាំងបំផុតក្នុងចំណោមការហក់ឡើងខ្ពស់បំផុតជាច្រើននៃសង្គ្រាម។ ប្រេងឆៅ Brent បានកើនឡើងជាង ៦% ឡើងដល់លើសពី១០០ ដុល្លារក្នុងមួយបារ៉ែលជាលើកដំបូងចាប់តាំងពីខែឧសភា។ ពីរសប្តាហ៍ចាប់តាំងពីការដួលរលំនៃបទឈប់បាញ់បណ្តោះអាសន្ន យោធាអាមេរិកបានបើកការវាយប្រហារតាមអាកាសលើអ៊ីរ៉ង់ពេញមួយយប់រហូតដល់ថ្ងៃព្រហស្បតិ៍ ដែលជំរុញឱ្យអ៊ីរ៉ង់បាញ់ទៅលើប្រទេសអារ៉ាប់ជិតខាងដែលជាម្ចាស់ផ្ទះនៃមូលដ្ឋានទ័ពអាមេរិក។ យោធាអាមេរិកបានបាញ់មីស៊ីលមួយជុំទៀតទៅលើអ៊ីរ៉ង់កាលពីយប់ជ្រៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងព្រឹកព្រលឹមថ្ងៃសុក្រនេះ ក្នុងយប់ទី១៣ ជាប់ៗគ្នានៃការវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយនៅយប់ទាំងពីរថា មីស៊ីលបានវាយប្រហារកោះ Qeshm នៅលើច្រកសមុទ្រ Hormuz ជាផ្លូវទឹកស្ទើរតែបិទទាំងស្រុង ដែលបានក្លាយជាចំណុចកណ្តាលនៃសង្គ្រាម ឈានដល់ខែទីប្រាំរបស់ខ្លួន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់រួចហើយ និងបង្កើនការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ ការវាយប្រហារនៅសមុទ្រក្រហមបានបន្ថែមការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេងនៅពេលដែលការដឹកជញ្ជូនតាមរយៈច្រកសមុទ្រ Hormuz ត្រូវបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ អារ៉ាប៊ីសាអ៊ូឌីតបានប្រើប្រាស់សមុទ្រក្រហមដើម្បីនាំចេញប្រេងរាប់លានបារ៉ែល ដែលជាធម្មតាហូរកាត់ច្រកសមុទ្រ Hormuz ដូច្នេះការបិទផ្លូវដឹកជញ្ជូននោះនឹងដកប្រេងបន្ថែមទៀតចេញពីទីផ្សារ៕ 

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am        114
តម្លៃប្រេងបានកើនឡើងលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែលកាលពីថ្ងៃព្រហស្បតិ៍២៣ កក្កដា ខណៈក្រុមឧទ្ទាមហ៊ូទីគាំទ្រដោយអ៊ីរ៉ង់បានកំណត់គោលដៅការដឹកជញ្ជូននៅសមុទ្រក្រហម ទន្ទឹមនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Donald Trump ថានឹងវាយប្រហារពួកគេជាការសងសឹកចំពោះការធ្វើឱ្យទីផ្សារភាគហ៊ុនធ្លាក់ចុះ។ តម្លៃគោលប្រេងអន្តរជាតិ Brent North Sea បានកើនឡើងប្រាំពីរភាគរយដល់កម្រិតនិមិត្តរូប ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈការវាយប្រហារទាំងនេះអាចបើកសមរភូមិថ្មីមួយនៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា ហើយលោកTrump បានគំរាមដាក់ទណ្ឌកម្មយោធាដ៏ខ្លាំងក្លាលើក្រុមហ៊ូទី៕

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am        105
សហរដ្ឋអាមេរិកនឹងប្រមូលពន្ធចន្លោះពី ១០ ភាគរយទៅ ១២,៥ ភាគរយលើការនាំចូលពីដៃគូពាណិជ្ជកម្មសំខាន់ៗភាគច្រើន ជាវិធានការដ៏ធំបំផុតរបស់ខ្លួនក្នុងការកសាងជញ្ជាំងពន្ធឡើងវិញរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលត្រូវបានទម្លុះដោយតុលាការកំពូលអាមេរិក។ ការយកពន្ធថ្មីទាំងនេះធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតលើការបរាជ័យក្នុងសេដ្ឋកិច្ចរបស់ប្រទេសប្រហែល ៦០ ក្នុងការទប់ស្កាត់កម្លាំងពលកម្មដោយបង្ខំនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ពួកគេដែលបង្កគ្រោះថ្នាក់ដល់កម្មករអាមេរិក។ទំនិញពីដៃគូពាណិជ្ជកម្មប្រហែល១០ ដែលត្រូវបានចាត់ទុកថាបានអនុម័តការរឹតបន្តឹងកម្លាំងពលកម្មដោយបង្ខំនឹងត្រូវទទួលរងពន្ធ១០ ភាគរយ រួមទាំងម៉ិកស៊ិក ចក្រភពអង់គ្លេស កាណាដា និងឥណ្ឌា។ យោងតាមការជូនដំណឹងរបស់ US Federal Register ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ កក្កដា សប្ដាហ៍នេះ ពន្ធលើទំនិញពីសហភាពអឺរ៉ុប និងតំបន់តៃវ៉ាន់ នឹងមានយ៉ាងហោចណាស់១០ ភាគរយ ហើយផលិតផលពីប្រទេសជប៉ុន ស្វីស និងកូរ៉េខាងត្បូង នឹងត្រូវយកពន្ធយ៉ាងហោចណាស់ ១២,៥ ភាគរយតាមរបៀបអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលពួកគេសម្រេចបានជាមួយសហរដ្ឋអាមេរិក។ ផលិតផលពីប្រទេសរាប់សិបផ្សេងទៀតនឹងប្រឈមការគិតពន្ធ១២,៥ ភាគរយ។ យោងតាមការជូនដំណឹងខាងលើ ពន្ធថ្មីនឹងចូលជាធរមាននៅថ្ងៃសុក្រ វេលាម៉ោង ១២ និង១នាទី ព្រឹក ម៉ោងនៅទីក្រុងញូវយ៉ក។ ការយកពន្ធ នឹងមិនអនុវត្តចំពោះទំនិញមួយចំនួនដែលបានផ្ទុកនៅលើនាវារួចហើយមុនពេលចូលជាធរមាននោះទេ។ពន្ធលើកម្លាំងពលកម្មដោយបង្ខំគឺជាចំណាត់ការទូលំទូលាយបំផុតរបស់លោក Trump ឆ្ពោះទៅរកការស្តារឡើងវិញនូវរបបពន្ធគាំពារនិយមរបស់លោកចាប់តាំងពីការយកពន្ធពីដំបូងរបស់លោកត្រូវបានលុបចោលដោយតុលាការជាន់ខ្ពស់។ បន្ទាប់ពីការបរាជ័យនោះ លោកបានដាក់ពន្ធនាំចូលសកល ១០ ភាគរយ ដែលផុតកំណត់នៅថ្ងៃសុក្រនេះដែរ។ ពេលវេលានៃការគិតថ្លៃពន្ធថ្មី ធានាថានឹងមិនមានគម្លាតរវាងតុលាការនឹងលោកTrump នោះទេ៕ 

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm        268
រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បាន​លើកឡើង​ថា ការចូលរួមរបស់ថ្នាក់​ដឹកនាំមីយ៉ាន់ម៉ា នៅក្នុងកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) គឺ «ស្ថិត​នៅលើ​ផ្លូវ​វែង​ឆ្ងាយណាស់»។ក្រោយ​កិច្ចប្រជុំអាស៊ាន លោកស្រី Maria Theresa Lazaro បានប្រាប់សន្និសីទសារព័ត៌មានថា សហភាព​មីយ៉ាន់ម៉ា ដែលរួបរឹត​ដោយសង្គ្រាមស៊ីវិល ប្រហែលមិនទាន់អាចត្រឡប់មកវិញបានទេ​​​ ដោយសារតែការ​អនុលោមរបស់ប្រទេសនេះ ជាមួយនឹងគំនិតផ្តួចផ្តើមសន្តិភាពរបស់អាស៊ាន ដែលគេស្គាល់ថា ជា «កុងសង់ស៊ីស ៥ចំណុច» (Five-Point Consensus) កំពុងត្រូវបានវាយតម្លៃនៅឡើយ។លោកស្រី Lazaro ដែលមាន​តួនាទី​ផង​ដែរ​ជា​បេសកជនពិសេសរបស់អាស៊ាន ទទួល​បន្ទុក​កិច្ចការ​សហភាព​មីយ៉ាន់ម៉ា បាននិយាយថា៖ «វាគឺ​នៅវែង​ឆ្ងាយណាស់។ មានសំណួរជាច្រើន អំពីការអនុលោមតាមរបស់ពួកគេ»។ លោកស្រី Lazaro ដែលនឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់ទីនោះនៅចុងឆ្នាំនេះ បានឱ្យដឹង​ទៀត​​ថា វាមិនទាន់ប្រាកដប្រជានៅឡើយទេថា តើលោកស្រី នឹងត្រូវបានអនុញ្ញាតដែរ ឬយ៉ាងណា ដើម្បី​បានចូលជួបម្ចាស់ពានរង្វាន់ណូបែលសន្តិភាព គឺ​លោកស្រី Aung San Suu Kyi ដែលត្រូវបានទម្លាក់ចេញពីអំណាច នៅក្នុងរដ្ឋប្រហារយោធាឆ្នាំ២០២១។ហើយ​លោកស្រីបានបន្ថែមថា ប្លុក​នឹងកំណត់នូវគោលការណ៍វាស់វែង ដើម្បីវាយតម្លៃវឌ្ឍនភាពលើផែនទីបង្ហាញ​ផ្លូវសន្តិភាព ហើយប្រសិនបើបរាជ័យក្នុងការសម្រេចឱ្យបាននូវគោលដៅទាំងនោះ នឹងត្រូវចាត់ទុកថា ជាការមិនគោរព ឬមិនអនុវត្តតាម៕

ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន

2026/07/23 08:39:22 pm        255
នគរបាល​អាល់បានី បានប្រើកាណុងបាញ់​ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ដើម្បីបំបែកក្រុមបាតុករដែលបានគប់ស៊ុត និងដប​ទៅ​លើ​មន្ត្រី ជាការផ្ទុះឡើងនូវ​បាតុកម្មចុងក្រោយដែលបង្កឡើងដោយផែនការរបស់លោក Jared Kushner ក្នុងការសាងសង់រមណីយដ្ឋានដែលមានតម្លៃរាប់ពាន់លានដុល្លារ។ភាពចលាចលនៅខាងក្រៅរដ្ឋ​សភានេះ គឺជាការប៉ះទង្គិចដ៏កម្រមួយ នៅក្នុងការតវ៉ាដោយសន្តិវិធី ដែលត្រូវបានធ្វើឡើងអស់រយៈពេលជិត ២ខែ នៅទីក្រុង Tirana ប្រឆាំងនឹងអ្វីដែលសកម្មជនលើក​ឡើង​ថា ជាអំពើពុករលួយ និងការគំរាមកំហែងដល់សត្វព្រៃពីគម្រោងអភិវឌ្ឍន៍នៅឆ្នេរសមុទ្រ Adriatic។ក្រុម​បាតុករបានហៅចលនារបស់ពួកគេថា «Flamingo Revolution» (បដិវត្តន៍សត្វហ្វ្លាមីនហ្គូ) តាមឈ្មោះសត្វស្លាបស្រដៀងសត្វក្រៀល​ប្រមូលផ្តុំគ្នានៅតំបន់ដីសើមដែល​ត្រូវបាន​ការពារ​ ជា​ទី​ដែលលោក​ Jared Kushner កូនប្រសារបស់ប្រធានាធិបតីអាមេរិក លោក​ Donald Trump ចង់សាងសង់សណ្ឋាគារប្រណីត​។នគរបាល​ស្លៀកពាក់ឈុតប្រឆាំងកុបកម្ម និងកាន់ខែល បានប្រើកាណុងបាញ់​ទឹកទៅលើ​ក្រុមបាតុកររាប់រយនាក់ ដែលបានអង្រួន​របងហ៊ុមព័ទ្ធអគាររដ្ឋ​សភា។ ក្រុមបាតុករបានស្រែកថា «អរគុណលោក Trump ដែល​ធ្វើ​ឱ្យ​ពួក​យើងរួម​គ្នា​»។រមណីយដ្ឋានរបស់លោក​ Kushner និងគម្រោងអភិវឌ្ឍន៍ផ្សេងទៀត ត្រូវបានគាំទ្រយ៉ាងខ្លាំងដោយនាយករដ្ឋមន្ត្រី លោក​ Edi Rama ដែលនិយាយថា ការតវ៉ាទាំងនេះ គឺជាសិប្បនិម្មិត ហើយត្រូវបានបង្កើតឡើងដោយគូប្រជែងនយោបាយរបស់លោក៕

EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម

2026/07/23 08:36:21 pm        243
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប (EU) នៅ​ថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ បានថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេង នៅសមុទ្រក្រហមថា ជាទង្វើ​ «មិនអាចទទួលយកបាន និងខុសច្បាប់» ដោយព្រមានថា វាធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង សម្រាប់​ស្ថានការណ៍ដែលមានភាពប្រែប្រួលរួចទៅហើយ នៅក្នុងតំបន់។នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវ​បានបង្ហោះលើបណ្ដាញ​សង្គម X លោកស្រី Kallas ក៏បានថ្កោលទោសផង​ដែរដល់​ការគំរាមកំហែងថ្មីៗរបស់ក្រុមហ៊ួទី ក្នុងការបិទផ្លូវសមុទ្រ ចំពោះ​ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយពណ៌នាអំពីការ​ធ្វើបែប​នេះថា ជា «ការគំរាមកំហែងដោយផ្ទាល់ ចំពោះស្ថិរភាពក្នុងតំបន់» និង «ការបង្កើន​​ភាពតាន​តឹង​ដ៏គ្រោះថ្នាក់»។លោកស្រីបានសង្កត់ធ្ងន់ថា ការធ្វើនាវាចរណ៍ «ត្រូវតែមិនមានការ​រារាំង​» ទាំងនៅក្នុង​ច្រកសមុទ្រ Hormuz និងសមុទ្រក្រហម។ លោកស្រី Kallas បានអំពាវនាវឱ្យក្រុមហ៊ួទូ​ «បញ្ឈប់សកម្មភាពទាំងអស់ដែលបង្កគ្រោះថ្នាក់ដល់ការដឹកជញ្ជូនអន្តរជាតិ និងជីវិតរបស់អ្នកធ្វើដំណើរតាមសមុទ្រ»។ជាមួយ​គ្នា​នេះ លោកស្រីក៏បានជំរុញផង​ដែរ​ឱ្យក្រុមនេះគោរពតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ និងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីប្រទេស​យេម៉ែន និងសេរីភាពនៃការធ្វើនាវាចរណ៍៕

ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu

2026/07/23 08:35:52 pm        232
មេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា​ ឆ្នាំ២០២៦) នេះ បានរិះគន់កិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរដោយសន្តិវិធីដែលត្រូវ​បានចុះហត្ថលេខា រវាងសហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត ដោយពណ៌នាវាថា ជា «ការ​បរាជ័យដ៏ធំមួយ» សម្រាប់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu។ក្រសួងថាមពលសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនុយក្លេអ៊ែរស៊ីវិល។សេចក្ដី​ប្រកាស​នោះ បានរៀប​រាប់​ថា កិច្ចព្រមព្រៀងនេះតំណាងឱ្យជំហានដ៏សំខាន់មួយ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរសន្តិភាព​ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងរីយ៉ាដ ហើយនឹងត្រូវបានដាក់ជូនសភារបស់​សហរដ្ឋអាមេរិក សម្រាប់ការពិនិត្យឡើងវិញ ក្រោមនីតិវិធីដែលបានកំណត់​ មុនពេលចូលជាធរមាន។បន្ទាប់ពីមាន​សេចក្ដី​ប្រកាសនេះ មេដឹកនាំគណបក្សប្រឆាំងអ៊ីស្រាអែល បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក Netanyahu ថា បាន​បរាជ័យក្នុងការទប់ស្កាត់កុំ​ឱ្យ​កិច្ចព្រមព្រៀងកើត​ឡើង​។អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Naftali Bennett ដែលជា​មេដឹកនាំគណបក្សប្រឆាំង Together បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែល KAN ថា៖ «កិច្ចព្រមព្រៀងនេះគឺជាការបរាជ័យផ្នែកការទូតដ៏ធំមួយ សម្រាប់រដ្ឋាភិបាលរបស់យើង»។លោកបាន​បន្ថែម​ថា៖ «កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចដោយយើងមិនដឹងអ្វី​ឡើយ​ ហើយយើងកំពុងត្រូវបានគេដកចេញ ពីព្រោះយើងមិនមែនជាភាគីសកម្ម ក្នុងដំណើរការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់»៕

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm        69
អាជ្ញាធរមូលដ្ឋានបានឱ្យដឹង​នៅ​ថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា យ៉ាងហោចណាស់មនុស្ស ១៦នាក់ រួមទាំងអ្នករុករករ៉ែផងដែរ​ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារចុងក្រោយបំផុត ដោយក្រុមឧទ្ទាមសម្ព័ន្ធ​កងកម្លាំងប្រជាធិបតេយ្យ (ADF) នៅភូមិមួយ ក្នុងខេត្ត Ituri ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។មន្ត្រីមូលដ្ឋាន លោក Janvier Kinyongi បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុង​ Bunia ថា ការវាយប្រហារនេះ បានកើតឡើងកាលពី​រសៀលថ្ងៃពុធនៅភូមិ Mandeite ក្នុងដែន​ដី Mambasa ចម្ងាយ ១៦៥គីឡូម៉ែត្រ នៅ​ភាគនិរតីនៃរដ្ឋធានី Bunia ។លោកបានបញ្ជាក់​ទៀត​ថា៖ «ជនរងគ្រោះជាច្រើន គឺជាអ្នករុករករ៉ែមាស។ ចំនួនអ្នកស្លាប់ គឺជា​តួលេខ​បណ្តោះអាសន្ន ខណៈដែលការវាយប្រហារនៅតែត្រូវបានរាយការណ៍ នៅក្នុងតំបន់ជុំវិញ»។ការវាយប្រហារនេះបានកើតឡើងក្រោយ​ប៉ុន្មានថ្ងៃបន្ទាប់ពីសមាជិកក្រុម​ ADF ដែលសង្ស័យថា បានចាប់ពង្រត់មនុស្សជាច្រើន នៅក្នុងតំបន់ដូចគ្នា។ ADF នៅតែជាការគំរាមកំហែងដ៏ធំ​ដល់ប្រជាជនស៊ីវិល នៅ​កុងហ្គោ។ក្រុមអ្នកឃ្លាំមើលសន្តិសុខ Kivu Security Tracker បានឱ្យដឹង​នៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុន​ថា ក្រុម​ឧទ្ទាមនេះ​បានសម្លាប់ជនស៊ីវិល ៦២នាក់ និងចាប់ពង្រត់មនុស្ស ៥៧នាក់ផ្សេងទៀត កាលពី​ខែមិថុនា៕

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm        67
រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់បរ្ទេស​បារាំង ចំពោះតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក្នុងអំឡុងពេលជួប​ពិភាក្សា​ជាមួយរដ្ឋអាជ្ញារង​របស់​ ICC គឺលោក Mame Mandiaye Niang។ នេះបើយោងតាមការ​ឱ្យដឹង​ពី​ក្រសួងការបរទេស កាលពីថ្ងៃពុធ (ទី​២២ ខែកក្កដា ឆ្នាំ២០២៦)។យោងតាមក្រសួង ​​បាន​ឱ្យដឹង​ថា លោក Barrot និងលោក Niang បានពិភាក្សាអំពីនីតីវិធី​ស៊ើបអង្កេត និងចោទប្រកាន់​​របស់ការិយាល័យរដ្ឋអាជ្ញា ដែលក្រសួងបានពិពណ៌នាថា «មានសារៈសំខាន់ណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងនិទណ្ឌភាព ចំពោះការ​ប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌអន្តរជាតិធ្ងន់ធ្ងរបំផុត»។ក្នុង​ជំនួយនោះ លោក Barrot បានបញ្ជាក់ជាថ្មីនូវ «ការគាំទ្រយ៉ាងពេញទំហឹង» របស់បារាំង ចំពោះ ICC ដោយចាត់​ទុកស្ថាប័ននេះ​ថា ជា «តុលាការព្រហ្មទណ្ឌអន្តរជាតិអចិន្ត្រៃយ៍តែមួយគត់របស់ពិភពលោកដែលមានបេសកកម្មជាសកល» និងជា​ «សសរស្តម្ភនៃប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ»។ហើយ​បើយោង​តាម​ក្រសួង បាន​ឱ្យដឹង​ទៀតថា ជាមួយ​គ្នានេះ លោកក៏បានសង្កត់ធ្ងន់​ផងដែរថា «ការគំរាមកំហែង ឬវិធានការដាក់ទណ្ឌកម្មគ្រប់ប្រភេទ» ប្រឆាំងនឹងតុលាការ រដ្ឋភាគីរបស់ស្ថាប័ន បុគ្គលិក ឬអង្គការសង្គមស៊ីវិលដែលគាំទ្រការងាររបស់ស្ថាប័ន គឺ «មិនអាចទទួលយកបាន» ឡើយ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM