UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា

ព័ត៌មានអន្តរជាតិ

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm        73
​នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានសម្តែងនូវក្ដី​ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះភាពតានតឹងដែលកំពុងកើនឡើង នៅតំបន់​មជ្ឈិមបូព៌ា ដោយជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព វិលត្រឡប់ទៅរកការសន្ទនា និងស្វែងរកដំណោះស្រាយខាង​នយោបាយ ក្នុង​ពេលមានការភ័យខ្លាច ដែល​ថា ជម្លោះទ្រង់ទ្រាយធំអាចចាប់​ផ្ដើម​ឡើងវិញ។អ្នកនាំពាក្យក្រសួងការបរទេស លោក Lin Jian បានប្រាប់អ្នកសារ​ព័ត៌មាននៅទីក្រុងប៉េកាំងថា៖ «សមិទ្ធផលដែលសម្រេចបានតាមរយៈការចរចា គឺពិបាកទទួលបានណាស់ ហើយការបន្តអរិភាព មិន​បម្រើផលប្រយោជន៍របស់ភាគីណាមួយឡើយ។ អធិបតេយ្យភាព សន្តិសុខ និងបូរណភាពទឹកដីរបស់ប្រទេសនានាក្នុងតំបន់ គួរតែត្រូវបានគោរព និងលើក​កម្ពស់​»។លោក Lin កំពុងឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ ដែលថា សហរដ្ឋអាមេរិកកំពុងដាក់ពង្រាយគ្រឿង​យុទ្ធោបករណ៍​បន្ថែម ក្នុង​នោះ​រួមទាំងនាវាផ្ទុកយន្តហោះ និងយន្តហោះចម្បាំង ទៅកាន់តំបន់នេះ​ ដែលសង្គ្រាមទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹងចាប់​ផ្ដើម​ឡើងវិញក្នុងរង្វង់​ប៉ុន្មានថ្ងៃខាងមុខ ហើយប្រទេសជាច្រើនបានចេញសេចក្តីណែនាំដោយជំរុញឱ្យមានការប្រុងប្រយ័ត្ន នៅពេលធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា។ នេះបើយោងតាមសារព័ត៌មាន​ Global Times ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង។លោក Lin បាននិយាយថា៖ «ភាគីពាក់ព័ន្ធគួរតែរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ បញ្ឈប់អរិភាព ចាប់​ផ្ដើម​ការចូលរួម និងការសន្ទនាឡើង​វិញ​ ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះ តាមរយៈមធ្យោបាយនយោបាយ និងការទូត និងសម្រេចបាននូវបទឈប់បាញ់គ្រប់ជ្រុង​ជ្រោយ និងយូរអង្វែងឱ្យ​បាន​ឆាប់​តាមដែល​អាច​»៕

លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ

2026/07/23 07:24:07 pm        70
​​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយ​នៅ​ថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ថា អ៊ីរ៉ង់នឹងបន្តខាតបង់ធ្ងន់ធ្ងរ​ រហូតដល់ប្រទេស​នេះ «ភ្ញាក់​រលឹក​» ឡើងវិញ ដោយបន្ថែមថា ទី​ក្រុង​តេអេរ៉ងហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេ ដើម្បីធ្វើកិច្ចព្រមព្រៀងម្តងទៀត។ការអត្ថាធិប្បាយរបស់លោកបានកើតឡើង ខណៈដែលសហរដ្ឋអាមេរិកបន្តការវាយប្រហារជាបន្តបន្ទាប់លើអ៊ីរ៉ង់ ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់​ការ​សន្យាយ៉ាង​ម៉ឺងម៉ាត់​កាល​ថ្ងៃពុធថា នឹងបំផ្លាញស្ពាន ឬទីតាំង​ថាមពលរបស់​អ៊ីរ៉ង់ រាល់ពេលដែលអ៊ីរ៉ង់វាយប្រហារនាវា ១គ្រឿង នៅច្រកសមុទ្រ Hormuz។អំឡុង​ពេលនិយាយ​ទៅកាន់អ្នកសារ​ព័ត៌មាននៅខាងក្រៅកិច្ចប្រជុំអាស៊ាន នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក Rubio បានបញ្ជាក់​ថា៖ «អ៊ីរ៉ង់កំពុងអង្វរយើង ទាំងដោយ​ផ្ទាល់ និងដោយប្រយោល។ សូម​ធ្វើកិច្ចព្រមព្រៀងជាមួយ​គ្នា​។ សូម​ជជែក​ពិភាក្សា​ជាមួយគ្នា​​។ សូម​ជជែក​ពិភាក្សា​ជាមួយគ្នា។ អ៊ីរ៉ង់កំពុងអង្វរយើងជារៀងរាល់ថ្ងៃ។ បញ្ហាជាមួយអ៊ីរ៉ង់ គឺរាល់ពេលដែលពួកគេធ្វើកិច្ចព្រមព្រៀង អ្នកដែលទទួលបន្ទុក នៅទីនោះ បើ​ពួកគេមិន​រំលោភបំពាន​ទេ ក៏​ពួកគេចង់ផ្លាស់ប្តូរវាដែរ​។ ដូច្នេះ វាហាក់ដូចជាពួកគេមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើកិច្ចព្រមព្រៀង»។លោកបាន​សង្កត់ធ្ងន់​ថា៖ «ការ​ខាតបង់​នឹងបន្តកើនឡើងជារៀងរាល់យប់ ប្រសិន​ពួកគេមិន​ភា្ញក់រលឹកឡើង​វិញ​​ទេ​នោះ​»។ ហើយ​ជាមួយ​គ្នា​នេះ លោកបានបញ្ជាក់ជាថ្មីថា ផលប្រយោជន៍ចម្បងរបស់សហរដ្ឋអាមេរិក គឺចង់ឱ្យអ៊ីរ៉ង់គ្មានអាវុធនុយក្លេអ៊ែរ ដោយបន្ថែមថា ទោះបីជាមាន «ការនិយាយ​បែប​ខ្លាំង​ក្លា» ពី​សំណាក់​​អ៊ីរ៉ង់ក៏ដោយ ក៏ពួកគេកំពុងរងទុក្ខវេទនា​ខ្លាំងណាស់​៕

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm        65
ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់ បានឱ្យដឹង​ថា កាល​ពី​ថ្ងៃពុធ (ទី២២ ខែកក្កដា ឆ្នាំ២០២៦) ទីក្រុងតូក្យូបានកត់ត្រាពី​ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យច្រើនបំផុតប្រចាំថ្ងៃ ដែលទាក់ទងនឹងកម្ដៅ​ គិត​ចាប់តាំងពីឆ្នាំ២០១០ ខណៈដែលប្រទេសជប៉ុនកំពុងជួប​ប្រទះ​នឹង​រលកកម្ដៅក្ដៅ​ខ្លាំង​ ដោយមាន​មនុស្សម្នាក់ស្លាប់ និង ៤នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។នាយកដ្ឋាន​អគ្គិភ័យទីក្រុងតូក្យូ (Tokyo Fire Department) បានបញ្ជាក់​ថា មនុស្ស ៤៥៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពី​ថ្ងៃទី២២ ខែកក្កដា ដែលជាចំនួនប្រចាំថ្ងៃខ្ពស់បំផុត គីត​ចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមមាន​នៅឆ្នាំ២០១០។ ចំនួនដងដែលសេវាកម្មសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយ នៅថ្ងៃនោះ ក៏បានឈានដល់កម្រិតខ្ពស់បំផុតជាលើកដំបូងផងដែរ ក្នុងរយៈពេល ៦៣ឆ្នាំ។នៅថ្ងៃទី២៣ ខែកក្កដានេះ​ អ្នកនាំពាក្យក្រុមពន្លត់អគ្គិភ័យ បានប្រាប់សារព័ត៌មាន AFP ថា៖ «យើងកំពុងជំរុញឱ្យប្រជាជនរក្សាជាតិទឹក និងប្រើប្រាស់ម៉ាស៊ីនត្រជាក់»។ អ្នកនាំពាក្យរូបនេះបានឱ្យដឹង​ទៀត​ថា៖ «វាហាក់ដូចជាចំនួន (អ្នកជំងឺ) បានកើនឡើងនៅពេលដែលសីតុណ្ហភាពឡើងខ្ពស់​។ វាហាក់ដូចជាថ្ងៃ​ម្សិលមិញ (ទី២២ ខែកក្កដា) និងម្សិលម្ង៉ៃ យើងពិតជាបានឃើញការកើនឡើងគួរឱ្យកត់សម្គាល់»។លោកបានបន្ថែម​ថា មនុស្សម្នាក់បានបាត់បង់ជីវិត​ ដោយ ៤​នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់​ និង ១៨នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ​ នៅក្នុងខេត្ត​តូក្យូ ជាទី​ដែលមាន​ប្រជាជនប្រហែល ១៤លាននាក់។នៅថ្ងៃដដែលនោះ ទីតាំងចំនួន៤ ដោយ​មួយនៅក្នុងតំបន់ Mie ពីរនៅ Gifu និងមួយនៅ Shizuoka បានមាន​សីតុណ្ហភាពលើសពី ៤០អង្សាសេ។ នេះបើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន (JMA)។នៅដើមឆ្នាំ២០២៦ ប្រទេសជប៉ុនបានណែនាំនូវពាក្យថ្មីមួយ ដើម្បីពិពណ៌នាអំពីកម្ដៅ​លើសពី ៤០អង្សាសេ ដែលហៅថា «Kokushobi» ដែលបកប្រែថា «ថ្ងៃក្តៅខ្លាំងស្ទើរទ្រាំមិន​បាន​»។ ពាក្យថ្មីនេះត្រូវបានបង្កើត​ឡើង ដើម្បីទាក់ទាញចំណាប់​អារម្មណ៍ពីសាធារណជនកាន់តែច្រើន ចំពោះការព្រមានទាក់ទងនឹងកម្ដៅ​ ទោះបីជាវាមិនបង្កឱ្យមានវិធានការផ្លូវការណាមួយនៅទូទាំងប្រទេសក៏ដោយ៕

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm        61
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei នៅថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានក្រើន​រំលឹក​សមាជិកយោធាអាមេរិក កុំអនុវត្តបញ្ជាវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ដោយបញ្ជាក់​ថា សកម្មភាពបែបនេះអាចចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម។តាម​រយៈ​ការបង្ហោះ នៅលើវេទិកាបណ្ដាញ​សង្គម X លោក Baqaei បានបញ្ជាក់​ថា ការលើកឡើងពីបញ្ជាពី​ថ្នាក់​លើ មិនបាន​ជួយ​ឱ្យ​បុគ្គលរួច​ខ្លួន​ពី​ការទទួលខុសត្រូវព្រហ្មទណ្ឌ សម្រាប់​ការប្រព្រឹត្តិ​ឧក្រិដ្ឋកម្មសង្គ្រាម​ឡើយ​។លោកបានបន្ត​ថា៖ «គោលនយោបាយដែលអំពាវនាវឱ្យបំផ្លាញស្ពាន និងរោងចក្រថាមពល គឺជា​ទង្វើ​ខុសច្បាប់យ៉ាង​ច្បាស់ក្រឡែត និងជាឧក្រិដ្ឋកម្ម។ វាបង្កើតជាការសងសឹក និងការដាក់ទណ្ឌកម្មរួមគ្នា»។ ហើ​លោក Baqaei ក៏បានលើកឡើងពីច្បាប់ក្នុងស្រុករបស់សហរដ្ឋអាមេរិក រួមទាំងច្បាប់ឧក្រិដ្ឋកម្មសង្គ្រាម (War Crimes Act) ក៏ដូចជាស្តង់ដារច្បាប់យោធាដែលតម្រូវឱ្យសមាជិកយោធាបដិសេធ «បញ្ជាខុសច្បាប់ជាក់ស្ដែង​»។សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដែលសម្របសម្រួលដោយប៉ាគីស្ថាន កាលពីខែមុន ដែលមានគោលបំណងបញ្ចប់ជម្លោះរបស់ភាគីទាំង២ និងឈានដល់កិច្ចព្រមព្រៀងសន្តិភាពយូរអង្វែង ប៉ុន្តែភាពតានតឹងបានកើនឡើងម្តងទៀត កាលពីសប្តាហ៍មុន ជុំវិញច្រកសមុទ្រហ័រមូស ដោយភាគីទាំង២ បានវាយប្រហារគ្នាទៅវិញទៅមក៕

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm        53
ប្រទេសអូម៉ង់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនកំពុងសម្របសម្រួលជាមួយអារ៉ាប៊ីសាអូឌីត ភាគីយេម៉ែន និងបេសកជនពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់យេម៉ែន ដើម្បីបន្តដំណើរនយោបាយឡើងវិញ ដែលមានគោលបំណងសម្រេចបាននូវសន្តិសុខ និងស្ថិរភាព នៅក្នុងតំបន់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស។ក្រសួងក៏បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីជៀសវាងការកើនឡើងភាពតានតឹង និងការគំរាមកំហែងណាមួយដែលអាចធ្វើឲ្យស្ថានការណ៍នៅសមុទ្រក្រហមកាន់តែអាក្រក់ឡើងៗ និងបង្កគ្រោះថ្នាក់ដល់សេរីភាពនៃការធ្វើនាវាចរណ៍៕

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm        70
បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបដិសេធការអះអាងរបស់អ៊ីរ៉ង់ដែលថា ខ្លួនមានការគ្រប់គ្រងពេញលេញលើការចូល និងចេញទៅកាន់ច្រកសមុទ្រហ័រមូស។CENTCOM បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Xថា៖«អ៊ីរ៉ង់មិនបានគ្រប់គ្រងច្រកសមុទ្រហ័រមូសទេ។ ផ្លូវទឹកអន្តរជាតិនៅតែបើកចំហសម្រាប់ការឆ្លងកាត់ ដោយមិនមានការគំរាមកំហែង និងការវាយប្រហាររបស់កងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC)ទេ។ នាវាពាណិជ្ជកម្មនៅតែបន្តប្រើប្រាស់ច្រកសមុទ្រនេះដោយមានការគាំទ្រពីយោធាអាមេរិក។ ចាប់តាំងពីដើមខែឧសភាមក កងកម្លាំងអាមេរិកបានជួយនាវាជាង ៩០០ គ្រឿង ឆ្លងកាត់ច្រកសមុទ្រនេះ»។ នាពេលថ្មីៗនេះ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ លោក Hossein Mohebbi បានព្រមានក្រុមហ៊ុនដឹកជញ្ជូនថា ការប្រើប្រាស់ផ្លូវភាគខាងត្បូងឆ្លងកាត់ច្រកសមុទ្រហ័រមូស គឺមិនមានសុវត្ថិភាព ដោយសារតែមីនត្រូវបានដាក់នៅក្នុងតំបន់នោះ៕

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm        69
នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់​​ថៃ លោក Anutin Charnvirakul នៅ​ថ្ងៃព្រហស្បតិ៍ (ទី​២៣ ខែកក្កដា ឆ្នាំ២០២៦) នេះ​ បានថ្កោលទោសការវាយប្រហារប្រដាប់​អាវុធ នៅខេត្ត Narathiwat ភាគខាងត្បូងប្រទេស​ ដែលខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ និងគប់គ្រាប់បែកកែច្នៃ នៅ​ឯប៉ុស្តិ៍​ត្រួតពិនិត្យ​ កាល​ពី​ថ្ងៃពុធ ដោយបានបណ្ដាល​ឱ្យ​ទាហានប៉ារ៉ា ៥នាក់ស្លាប់។យោងតាមអ្នកនាំពាក្យរដ្ឋាភិបាល លោកស្រី Ratchada Thanadirek បាន​ឱ្យដឹង​ថា លោក Anutin បានហៅការវាយប្រហារនេះថា «ជាទង្វើភេរវកម្ម» ហើយបានបញ្ជាឱ្យអាជ្ញាធរតាមចាប់​អ្នកដែលត្រូវ​ទទួលខុសត្រូវ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុត។នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Ratchada បានបញ្ជាក់​ថា យុទ្ធនាការភេរវកម្ម កំពុងធ្វើឱ្យប៉ះពាល់ដល់ការចរចាសន្តិភាព ហើយរដ្ឋត្រូវតែបង្កើនល្បឿនប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ និងពង្រឹងវិធានការការពារ សម្រាប់មន្ត្រី។លោកស្រីបានសង្កត់ធ្ងន់ថា ការវាយប្រហារនេះពិតជាបង្កើតបានជាអំពើភេរវកម្មដែលមានគោលបំណងសម្លាប់មន្ត្រីរដ្ឋ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិ ហើយរដ្ឋាភិបាល នឹងអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ដោយមិនអនុញ្ញាតឱ្យជនល្មើសរួចផុតពីការជាប់ទោស​ឡើយ។ជាមួយ​គ្នានេះដែរ លោកនាយករដ្ឋមន្ត្រីក៏បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការពារជាតិធ្វើដំណើរទៅកាន់ខេត្ត Narathiwat ដើម្បីតាមដានស្ថានការណ៍ ត្រួតពិនិត្យប្រតិបត្តិការរបស់មន្ត្រី និងជួបជាមួយភ្នាក់ងារសន្តិសុខ ក្នុង​គោលបំណង​ស្វែង​រកវិធានការទាំងបន្ទាន់ និងរយៈពេលវែង ដើម្បីទប់ស្កាត់ និងដោះស្រាយអំពើភេរវកម្ម នៅក្នុងខេត្តព្រំដែនភាគខាងត្បូង ខណៈពេលដែលណែនាំអង្គភាពទាំងអស់ឱ្យធានា និងគាំទ្រដល់ប្រជាជន ក្នុងតំបន់៕

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm        78
ដោយយោងតាមអ្នកជំនាញ និងប្រភព សារព័ត៌មាន Politico បានរាយការណ៍ថា យុទ្ធនាការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់សន្ទុះ ហើយជម្លោះនេះ ទំនងជាមិនអាចផ្លាស់ប្តូរទិសដៅយ៉ាងច្បាស់លាស់បានទេ ប្រសិនបើមិនបង្កើនជម្លោះធ្ងន់ធ្ងរជាងនេះ រួមទាំងការដាក់ពង្រាយកងកម្លាំងជើងគោកជាដើម។សារព័ត៌មាននេះបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសលើ អ៊ីរ៉ង់អស់រយៈពេលជិត ពីរសប្តាហ៍ បន្ទាប់ពីបទឈប់បាញ់ចុងក្រោយ បានបរាជ័យ ដោយសារតែមានការចោទប្រកាន់ថា អ៊ីរ៉ង់បានវាយប្រហារលើនាវាជាច្រើនគ្រឿងនៅច្រកសមុទ្រហ័រមូស។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក នឹងបំផ្លាញស្ពានមួយ ឬរោងចក្រផលិតអគ្គិសនីមួយនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារនីមួយៗលើនាវានៅច្រកសមុទ្រហ័រមូស។សារព័ត៌មាននេះបានសរសេរថា៖«ប្រសិនបើរដ្ឋបាលនេះ មិនមានឆន្ទៈក្នុងការបង្កើនកម្រិតសម្ពាធយ៉ាងខ្លាំងទេ ប្រហែលជាតាមរយៈការពង្រីកយ៉ាងច្រើននូវបញ្ជីគោលដៅដែលអាចវាយប្រហារបាន ឬសូម្បីតែការដាក់ពង្រាយកងកម្លាំងជើងគោក នោះវដ្តនៃការវាយប្រហារ និងការវាយបកបច្ចុប្បន្ន ទំនងជានឹងបន្តទៅមុខ ដោយគ្មានផែនការបញ្ចប់ច្បាស់លាស់ ឬផ្លូវចេញពីជម្លោះនេះពីសេតវិមាន»៕

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm        73
នាថ្ងៃព្រហស្បតិ៍ (ទី២៣ ខែកក្កដា ឆ្នាំ២០២៦)​ នេះ ក្រសួងការបរទេសរុស្ស៊ី បានឱ្យដឹង​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានប្រាប់​សហរដ្ឋអាមេរិកកុំ​ឱ្យដឹកជញ្ជូនអាវុធទៅអ៊ុយក្រែន ព្រោះវា​គឺ​ជា​អ្វី​ដែល​ «មិនអាចទទួលយកបាន» ឡើយ​។នៅក្នុងកិច្ចប្រជុំជាមួយសមភាគីអាមេរិករបស់លោក គឺលោក Marco Rubio នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov «បានសង្កត់ធ្ងន់ថា វាមិនអាចទទួលយកបានឡើយ ក្នុងការបន្តផ្គត់ផ្គង់អាវុធដល់របបទីក្រុង​គីវ»។ជាមួយ​គ្នានេះ នៅក្នុងកិច្ចប្រជុំរបស់ពួកលោក ដែលត្រូវ​បានធ្វើឡើងនៅក្រៅកិច្ចប្រជុំកំពូលអាស៊ី លោក Lavrov បានថ្កោលទោស «គោលនយោបាយបង្កអស្ថិរភាពដោយបណ្ដា​ប្រទេសអឺរ៉ុប ដែលនៅតែកំពុងប្រឹង​ប្រែង​ផ្ដល់​ភាព​បរាជ័យជាយុទ្ធសាស្ត្រដល់​រុស្ស៊ី»។លើសពីនេះ​ទៀត លោកបានលើក​ឡើង​ជាថ្មី​ម្តងទៀតថា ភាគីរុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ «ដំណោះស្រាយនយោបាយ-ការទូត ចំពោះជម្លោះ»។ នេះបើយោងតាមក្រសួងការបរទេស។គួរបញ្ជាក់ថា ជំនួប​នេះ ដែល​ជាលើកដំបូង រវាងលោក Lavrov និងលោក Rubio គិត​ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៥ បានកើតឡើងនៅពេលដែលការផ្តោតរបស់ទីក្រុងវ៉ាស៊ីនតោន បានប្តូរពីការសម្របសម្រួល នៅអ៊ុយក្រែន ទៅជាការដោះស្រាយសង្គ្រាមនៅតំបន់​មជ្ឈិមបូព៌ាវិញ៕

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm        58
អ្នកវិទ្យាសាស្ត្រនយោបាយ និងអ្នកជំនាញកិច្ចការអន្តរជាតិអ៊ីរ៉ង់ លោក Ruhollah Modabber បានប្រាប់សារព័ត៌មាន TASS ថា ទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់បទឈប់បាញ់រយៈពេល ១០ថ្ងៃ ដែលបានស្នើឡើងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក។ ដូច្នេះ អ៊ីរ៉ង់គួរតែបដិសេធសំណើនេះ។គេហទំព័រសារព័ត៌មាន Axios បានរាយការណ៍កាលពីថ្ងៃទី ២១ ខែកក្កដា ថា ប្រទេស កាតា អេហ្ស៊ីប ប៉ាគីស្ថាន និងអ្នកសម្របសម្រួលផ្សេងទៀត បានដាក់សំណើបទឈប់បាញ់រយៈពេល ១០ថ្ងៃ ទៅកាន់សហរដ្ឋអាមេរិក និងអ៊ីរ៉ង់។ សារព័ត៌មាននេះ បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិនិត្យមើលសំណើនេះ។អ្នកជំនាញរូបនេះបានលើកឡើងថា៖«បទឈប់បាញ់នេះ គ្រាន់តែជាល្បិចបំភាន់មួយទៀតរបស់អាមេរិកប៉ុណ្ណោះ។ និយាយម្យ៉ាងទៀត សហរដ្ឋអាមេរិកមានផែនការប្រើល្បិចថ្មីមួយ ដើម្បីបោកបញ្ឆោតក្រុមចរចារបស់អ៊ីរ៉ង់ និងរដ្ឋាភិបាលអ៊ីរ៉ង់»។ តាមទស្សនៈរបស់លោក សហរដ្ឋអាមេរិកកំពុងរៀបចំផែនការវាយប្រហារជើងគោកលើអ៊ីរ៉ង់ពីទិសដៅជាច្រើន ដែលជិតរួចរាល់ហើយ ហើយជម្រើសនេះ កំពុងត្រូវបានពិចារណាយ៉ាងយកចិត្តទុកដាក់។លោក Modabber ជឿថា រយៈពេលបទឈប់បាញ់ ១០ថ្ងៃ នឹងអនុញ្ញាតឲ្យសហរដ្ឋអាមេរិករៀបចំផ្លូវផ្គត់ផ្គង់ផ្នែកយោធា និងដាក់ពង្រាយកងទ័ពឡើងវិញ ដោយមិនចាំបាច់ព្រួយបារម្ភអំពីការវាយប្រហារដែលអាចកើតមានពីអ៊ីរ៉ង់លើគោលដៅរបស់ខ្លួន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM
ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
07/25/2026 07:07 AM
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM