ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ

ព័ត៌មានអន្តរជាតិ

ការផ្ទុះ និងអគ្គិភ័យ ត្រូវបានមើលឃើញនៅទីក្រុង Bandar Abbas របស់អ៊ីរ៉ង់ ខណៈអាមេរិកអះអាងការវាយប្រហារ

2026/07/08 11:04:40 pm        52
សារព័ត៌មានអ៊ីរ៉ង់រាយការណ៍ពីការផ្ទុះនៅព្រឹកថ្ងៃពុធនេះ ពេលវេលាក្នុងស្រុក នៅទីក្រុងកំពង់ផែភាគខាងត្បូង Sirik និង Bandar Abbas ក៏ដូចជាមជ្ឈមណ្ឌលប្រេងដ៏សំខាន់ Kharg Island របស់អ៊ីរ៉ង់ ស្ថិតនៅលើកោះ Qeshm ។រូបភាពវីដេអូឃ្លីបរបស់សាក្សី ឃើញការផ្ទុះ និងអណ្តាតភ្លើងនៅកំពង់ផែ Haqani ស្ថិតក្នុងទីក្រុង Bandar Abbas ។ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងនៃការថតវីដេអូពីអគារ ដើមឈើ ប្លង់ផ្លូវ និងស្លាកសញ្ញាអាជីវកម្ម ដែលបានផ្គូរផ្គងជាមួយរូបភាពផ្កាយរណប ។សារព័ត៌មានអ៊ីរ៉ង់ រាយការណ៍ការផ្ទុះនៅជិតផែនេសាទ និងរូបភាពវីដេអូឃ្លីប ឃើញអគ្គិភ័យនៅទីនោះ ។យោងតាមការអះអាងរបស់អ្នកធ្វើសេចក្តីរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានឲ្យដឹងថា ពុំមានជនស៊ីវិលណាម្នាក់ស្លាប់ត្រូវបានរាយការណ៍នោះទេ ប៉ុន្តែមនុស្សជាច្រើននាក់ បានរងរបួស ដោយសារចំណាំងគ្រាប់ពីកាំជ្រួចផ្លោងរបស់សត្រូវដែលវាយប្រហារចំផែពាណិជ្ជកម្មនៅក្នុងទីក្រុង Sirik ។សេចក្តីរាយការណ៍បានឲ្យដឹងថា ការវាយប្រហារនេះ ត្រូវចំផែនេសាទផងដែរនៅក្នុងទីក្រុង Sirik និងទីក្រុង Bandar Abbas ជាទីដែលទូកនេសាទជាច្រើនគ្រឿង រងការឆាបឆេះ ៕

កូរ៉េខាងត្បូងផ្តល់ជំនួយមនុស្សធម៌ចំនួន ១០០ លានដុល្លារ ដល់អ៊ុយក្រែន

2026/07/08 11:02:46 pm        51
ទីប្រឹក្សាសន្តិសុខជាតិ លោក Wi Sung-lak បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថាសាធារណរដ្ឋកូរ៉េ បានប្រកាសថា ខ្លួននឹងបែងចែកជំនួយមនុស្សធម៌ចំនួន ១០០ លានដុល្លារដល់អ៊ុយ ក្រែន ក្នុងឱកាសដែលលោកប្រធានាធិបតី Lee Jae-myung ចូលរួមកិច្ចប្រជុំកំពូលណាតូ នៅទីក្រុងអង់ការ៉ា ជាកន្លែងដែលលោកត្រូវបានអញ្ជើញជាដៃគូឥណ្ឌូ-ប៉ាស៊ីហ្វិកមួយ ក្នុងចំណោមដៃគូទាំង៤ របស់ សម្ព័ន្ធយោធានេះ ដោយបញ្ជាក់ថា ទីក្រុងសេអ៊ូល បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការចូលរួមចំណែកដល់សន្តិភាព និងស្ថិរភាពអន្តរជាតិ។មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់ បានបញ្ជាក់ថា កញ្ចប់ថ្មីនេះ ត្រូវបានកំណត់ចំពោះគោលបំណងមនុស្សធម៌ ហើយនឹងមិនរាប់បញ្ចូលអាវុធទេ ដោយអះអាងជាថ្មីថា ជំហររបស់ទីក្រុងសេអ៊ូលលើការផ្គត់ផ្គង់តែសម្ភារៈ មិនបង្កគ្រោះថ្នាក់ដល់ជីវិត នៅតែមិនផ្លាស់ប្តូរ។ មន្ត្រីរូបនេះ បានកត់សម្គាល់ថា ការសម្រេចចិត្តចុងក្រោយអំពីរបៀបដែលមូលនិធិ នឹងត្រូវប្រើប្រាស់មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ។ចាប់តាំងពីឆ្នាំ ២០២២ កូរ៉េខាងត្បូងបានផ្តល់ឲ្យអ៊ុយក្រែននូវសម្ភារៈយោធាមិនបង្កគ្រោះថ្នាក់ដល់ជីវិតដូចជាមួកសុវត្ថិភាព ប៉ុន្តែមិនបានផ្គត់ផ្គង់អាវុធ ឬគ្រាប់រំសេវដោយផ្ទាល់នោះទេ។ យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ កូរ៉េខាងត្បូងបានក្លាយជាអ្នកផ្គត់ផ្គង់អាវុធធំជាងគេទី ២ ដល់ប្រទេសណាតូនៅអឺរ៉ុប បន្ទាប់ពីសហរដ្ឋអាមេរិក៕

វិមានក្រឹមឡាំងផ្តល់គន្លឹះចំនួន៤ដល់អឺរ៉ុបអំពីរបៀបជៀសវាងការកើនឡើងភាពតានតឹងជាមួយរុស្ស៊ី

2026/07/08 10:49:05 pm        49
អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីស្វ៊ីស Die Weltwoche ថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែអនុវត្តតាមគន្លឹះសាមញ្ញចំនួន ៤ ដើម្បីបញ្ឈប់ការកើនឡើងភាពតានតឹងនៃទំនាក់ទំនងជាមួយរុស្ស៊ី។ នៅពេលសួរថាតើអឺរ៉ុបគួរធ្វើអ្វី ដើម្បីបញ្ឈប់ការកើនឡើងនៃភាពតានតឹងនេះ លោកបានឆ្លើយតបថា៖«វាគឺរឿងសាមញ្ញណាស់» ។ «ចំណុចទី១ រុស្ស៊ីមិនមែនជាប្រភពនៃគ្រោះថ្នាក់សម្រាប់អឺរ៉ុបទេ។ ចំណុចទី ២ អ្នកត្រូវតែស្តាប់ការព្រួយបារម្ភរបស់រុស្ស៊ី»។«ចំណុចទី ៣ ប្រសិនបើអ្នកមិនអើពើនឹងការព្រួយបារម្ភរបស់រុស្ស៊ី អ្នកនឹងមានបញ្ហា។ ចំណុចទី ៤ គឺព្យាយាមបន្តការសន្ទនាជាមួយរុស្ស៊ីឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ពួកគេបើកចំហ ពួកគេមានភាពបត់បែន ហើយពួកគេត្រៀមខ្លួនរួចរាល់ហើយ។ ដូច្នេះ គន្លឹះទាំងអស់នេះ គឺសាមញ្ញបំផុត៕ 

អនាគតរបស់តំបន់ហ្កាហ្សា នៅតែមិនច្បាស់លាស់ បន្ទាប់ពីក្រុមហាម៉ាសរំលាយស្ថាប័នគ្រប់គ្រង

2026/07/08 10:46:49 pm        59
ក្រុមហាម៉ាសបានធ្វើការសម្រេចចិត្តផ្នែកនយោបាយមួយ ដោយរំលាយស្ថាប័នគ្រប់គ្រងរបស់ខ្លួននៅតំបន់ហ្កាហ្សា ក្នុងសប្តាហ៍នេះ ប៉ុន្តែអ្នកជំនាញនិយាយថា ការសម្រេចចិត្តនេះ មិនបានដោះស្រាយបញ្ហាចម្បងនៃដំណើរការបទឈប់បាញ់ដែលជាប់គាំងនោះទេគឺ អាវុធរបស់ចលនាឥស្លាមនេះ។ ក្រុមហាម៉ាសបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងរំលាយគណៈកម្មាធិការមានសមាជិក ១៥រូប ដែលបានគ្រប់គ្រងកិច្ចការស៊ីវិលនៅតំបន់ហ្កាហ្សា ចាប់តាំងពីឆ្នាំ ២០០៧ នៅពេលដែលខ្លួនបានដណ្តើមអំណាចនៅក្នុងទឹកដីនេះ បន្ទាប់ពីការបោះឆ្នោត និងការប៉ះទង្គិចជាមួយចលនាប៉ាឡេស្ទីន Fatah ដែលជាគូប្រជែង។ ស្ថាប័ននេះ គ្រប់គ្រងក្រសួង និងសេវាសាធារណៈរបស់តំបនហ្កាហ្សា ដែលត្រូវបានបំផ្លាញដោយសង្គ្រាម រយៈពេលពីរឆ្នាំជាមួយអ៊ីស្រាអែល។ ក្រុមហាម៉ាសនិយាយថា ខ្លួនចង់ផ្ទេរការទទួលខុសត្រូវទាំងនេះទៅគណៈកម្មាធិការជាតិសម្រាប់រដ្ឋបាលហ្កាហ្សា (NCAG) ជាស្ថាប័នមួយដែលមានអ្នកបច្ចេកទេសប៉ាឡេស្ទីន និងមានបំណងគ្រប់គ្រងទឹកដីក្នុងអំឡុងពេលអន្តរកាលនេះ៕ 

UN ជំរុញឲ្យពង្រឹងបទឈប់បាញ់លីបង់-អ៊ីស្រាអែល ខណៈវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរឡើង

2026/07/08 10:45:04 pm        51
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកលីបង់ បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនាថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អំពីការបញ្ឈប់អរិភាព និងការជំរុញ ការអនុវត្តសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខ ខណៈដែលភ្នាក់ងារមនុស្សធម៌ បានព្រមានថា ស្ថានភាពជាក់ស្តែងនៅប្រទេសលីបង់ នៅតែមានសារៈសំខាន់ ទោះបីជាអរិភាពបានថយចុះក៏ដោយ។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា លោក Jean Arnault មន្ត្រីទទួលបន្ទុកការិយាល័យសម្របសម្រួលពិសេសរបស់UN សម្រាប់លីបង់ គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល។ លោក Dujarric បានប្រាប់សារព័ត៌មាន Arab News ថា បេសកជនរូបនេះ កំពុងជំរុញឲ្យមានការគោរពពេញលេញចំពោះសេចក្តីសម្រេចលេខ ១៧០១នេះ ដើម្បីការបញ្ចប់អរិភាពរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល សម្រាប់គ្រប់ភាគីទាំងអស់គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសលីបង់ និងការ វិលត្រឡប់ទៅរកភាពស្ងប់ស្ងាត់តាមបណ្តោយខ្សែបន្ទាត់ពណ៌ខៀវនៅសងខាងនៃព្រំដែនលីបង់-អ៊ីស្រាអែល «ដើម្បីជាប្រយោជន៍ដល់ប្រជាជននៅសងខាង»។ដំណើរទស្សនកិច្ចនេះ បានកើតឡើង បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ដែលលោក Arnault បានធ្វើឡើងនៅក្នុងប្រទេសលីបង់ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ លោក Dujarric បាននិយាយថា លោកបានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ahmad Al-Hajjar កាលពីថ្ងៃចន្ទ និងជួបជាមួយលោកឧត្តមសេនីយ៍ Rodolph Haykal អគ្គមេបញ្ជាការកងទ័ពលីបង់ ដោយមានការពិភាក្សាផ្តោតលើការវិវត្តថ្មីៗ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងស្ថិរភាពនៅក្នុងប្រទេសនេះ៕

ប្រព័ន្ធផ្សព្វផ្សាយ៖ មនុស្សជាង៦០នាក់ ត្រូវសម្លាប់នៅលីបង់អំឡុងពេល១០ថ្ងៃដំបូងនៃការអនុវត្តបទឈប់បាញ់

2026/07/08 10:40:28 pm        46
ដោយដកស្រង់ទិន្នន័យក្រសួងសុខាភិបាលសាធារណៈ និងរបាយការណ៍លម្អិត កាសែតប្រចាំថ្ងៃលីបង់ Al-Akhbar បានចុះផ្សាយថា មនុស្ស៦៥នាក់ ត្រូវបានសម្លាប់ និង១៧០នាក់ផ្សេងទៀត រងរបួស ក្នុងអំឡុងពេល ១០ថ្ងៃដំបូងនៃបទឈប់បាញ់លីបង់-អ៊ីស្រាអែល ដោយមានការរំលោភបំពានរបស់អ៊ីស្រា អែលចន្លោះពី ១៨០ទៅ ២៣០ ករណី ត្រូវបានកត់ត្រា។ សារព័ត៌មាននេះ បានរាយការណ៍ថា ការរំលោភបំពានរបស់អ៊ីស្រាអែលរួមមានការវាយប្រហារតាមអាកាស ការបាញ់ផ្លោង ការលុកលុយដោយកងកម្លាំងជើងគោក និងការហោះហើរលើដែនអាកាសដោយយានដ្រូន និងសកម្មភាពផ្សេងៗទៀត។ ទន្ទឹមនឹងនេះ ប្រភពសន្តិសុខលីបង់បានប្រាប់សារព័ត៌មានស៊ីនហួកាលពីថ្ងៃអង្គារថា អ្នកតាំងលំនៅឋានអ៊ីស្រាអែល បានឆ្លងចូលទៅក្នុងភាគខាងត្បូងប្រទេសលីបង់ ក្រោមការការពាររបស់យោធា ហើយកងទ័ព អ៊ីស្រាអែល បានប្រើយានដ្រូនដើម្បីលើកទង់ជាតិរបស់ខ្លួន នៅផ្នែកខាងកើតនៃតំបន់ខ្ពង់រាប Ali al-Taher។ ទីភ្នាក់ងារព័ត៌មានជាតិដែលគ្រប់គ្រងដោយរដ្ឋលីបង់ បានរាយការណ៍ថា កាំភ្លើងធំអ៊ីស្រាអែល បានបាញ់ផ្លោងលើតំបន់ព្រំដែនជាច្រើន។ក្រសួងសុខាភិបាលសាធារណៈលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនអ្នកស្លាប់សរុបពីការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ០២ ខែមីនា បានកើនឡើងដល់ ៤.៣២០ នាក់ ដោយមានអ្នករងរបួសចំនួន ១២.២០៣នាក់៕ 

កាតា អារ៉ាប់រួមនិងប្រធាន GCC ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកប្រេងនៅជិតច្រកសមុទ្រហ័រមូស

2026/07/08 10:37:52 pm        43
កាតា អេមីរ៉ាតអារ៉ាប់រួម (UAE) និងប្រធានក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) កាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីរ៉ង់លើនាវាដឹកប្រេងកាតានៅជិតច្រកសមុទ្រហ័រមូស ដោយកាតាបានកោះអញ្ជើញឯកអគ្គរដ្ឋទូតរងរបស់អ៊ីរ៉ង់ប្រចាំទីក្រុងដូហាជុំវិញហេតុការណ៍នេះ។អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed Al Ansari បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កាតាឲ្យអ៊ីរ៉ង់«ទទួលខុសត្រូវទាំងស្រុងតាមផ្លូវច្បាប់»ចំពោះការវាយប្រហារ និងការខូចខាត និងផលវិបាកណាមួយដែលកើតឡើង ដោយជំរុញឲ្យទីក្រុងតេអេរ៉ង់បញ្ឈប់ការអនុវត្តបែបនេះទាំងអស់ជាបន្ទាន់។នៅល្ងាចថ្ងៃអង្គារ ក្រសួងការបរទេសបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ខ្លួនបានប្រគល់កំណត់ទូតតវ៉ាទៅកាន់ឯកអគ្គរដ្ឋទូតរងអ៊ីរ៉ង់ប្រចាំទីក្រុងកាតា ដែលខ្លួនបានជំរុញឲ្យទីក្រុងតេអេរ៉ង់ផ្តល់ការបំភ្លឺជាបន្ទាន់ ចាត់វិធានការដើម្បីទប់ស្កាត់បញ្ហាដែលអាចបង្កឲ្យគ្រោះថ្នាក់ និងគោរពតាមច្បាប់អន្តរជាតិយ៉ាងពេញលេញ។ក្រសួងបានបញ្ជាក់ថា កាតារក្សាសិទ្ធិទាំងអស់របស់ខ្លួនក្នុងការចាត់វិធានការណាមួយដែលខ្លួនយល់ថា សមស្រប ស្របតាមច្បាប់អន្តរជាតិ ដើម្បីការពារផលប្រយោជន៍ និងសមត្ថភាពរបស់ខ្លួន៕

ប្រធានសភាអ៊ីរ៉ង់ចោទប្រកាន់អាមេរិកថា បាន​រំលោភបំពានបទឈប់បាញ់ ក្រោយមាន​ការ​វាយប្រហារថ្មី

2026/07/08 10:35:22 pm        64
ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Ghalibaf បានចោទប្រកាន់សហរដ្ឋអាមេរិកថា បាន​រំលោភយ៉ាង​ធ្ងន់ធ្ងរលើ​កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងប្រទេសទាំង២ ដែលគេស្គាល់ថា ជាអនុស្សរណៈនៃការយោគយល់គ្នាអ៊ីស្លាម៉ាបាដ (Islamabad MOU) បន្ទាប់ពីមាន​ការវាយប្រហារថ្មីរបស់សហរដ្ឋអាមេរិក លើ​ប្រទេស​អ៊ីរ៉ង់។ នៅ​ថ្ងៃពុធ (ទី​៨ ខែកក្កដា ឆ្នាំ២០២៦) នេះ តាម​រយៈ​ការបង្ហោះមួយ លើវេទិកាបណ្ដាញ​សង្គម X លោក Ghalibaf បានសរសេរ​រៀប​រាប់​ពី​អ្វីដែលលោកពិពណ៌នាថា ជាការរំលោភរបស់សហរដ្ឋអាមេរិក ក្នុង​នោះ​រួមទាំង «ការគំរាមកំហែងជាបន្តបន្ទាប់ពី​ការវាយប្រហារបន្ថែមទៀត» ការស្ដារឡើងវិញនូវទណ្ឌកម្មប្រេង ការវាយប្រហារ នៅ​ភាគខាងត្បូងអ៊ីរ៉ង់ និងការបន្តប្រតិបត្តិ​ការ​យោធារបស់អ៊ីស្រាអែល នៅលីបង់​។ លោកបានសរសេរថា៖ «ការរំលោភយ៉ាង​ធ្ងន់ធ្ងរ លើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ដោយសហរដ្ឋអាមេរិក។ សម័យកាលនៃការសម្លុតកំហែង​ និងការដាក់សម្ពាធ ​បានចប់ហើយ។ ការ​ធ្វើ​បែប​នោះ​មិន​នាំឱ្យ​សម្រេច​តាម​គោល​បំណង​​ឡើយ​។ យើងមិនព្រម​ចុះញ៉ម​ជាដាច់ខាត​»។ គួរ​បញ្ជាក់​ថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងភ្លាមៗ បន្ទាប់ពីយោធាអាមេរិក បានឱ្យដឹង​ថា ខ្លួនបានបញ្ចប់ការវាយប្រហារជុំថ្មីលើ​អ៊ីរ៉ង់ហើយ​ ដោយបាន​វាយប្រហារគោលដៅជាង ៨០​កន្លែង ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់ទីក្រុងតេអេរ៉ង់លើនាវាពាណិជ្ជកម្មដែលឆ្លងកាត់ច្រកសមុទ្រ Hormuz៕ 

អាមេរិក ប្រាប់​ថា បាន​កំណត់​គោលដៅជាង ៨០កន្លែង​ អំឡុង​ការវាយប្រហារសងសឹកជុំថ្មី លើ​អ៊ីរ៉ង់

2026/07/08 10:33:09 pm        44
យោធារបស់​សហរដ្ឋអាមេរិក ​កាលពីល្ងាចថ្ងៃអង្គារ (ទី៧ ខែកក្កដា ឆ្នាំ២០២៦) បានប្រាប់​ឱ្យ​ដឹងថា ខ្លួនបានបញ្ចប់ការវាយប្រហារសងសឹកជុំថ្មីប្រឆាំងនឹងអ៊ីរ៉ង់ ដោយវាយប្រហារគោលដៅជាង ៨០កន្លែង​ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារចុងក្រោយរបស់ទីក្រុងតេអេរ៉ង់ លើនាវាពាណិជ្ជកម្មដែលធ្វើ​ដំណើរ​ឆ្លងកាត់ច្រកសមុទ្រ Hormuz។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានបញ្ជាក់​ថា កងកម្លាំងរបស់ខ្លួន បានបើក​ការវាយប្រហារវាយលុក ដោយផ្តោតលើប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ បណ្តាញបញ្ជាការ និងត្រួតពិនិត្យ ទីតាំងរ៉ាដាឆ្នេរសមុទ្រ សមត្ថភាពមីស៊ីលប្រឆាំងនាវា និងទូកតូចៗជាង ៦០គ្រឿង ដែលជាកម្មសិទ្ធិរបស់កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) ទាំង​នៅក្នុង និងជុំវិញផ្លូវទឹកយុទ្ធសាស្ត្រ​។ សេចក្តីថ្លែងការណ៍នេះបានឱ្យដឹង​ទៀត​ថា ការវាយប្រហារទាំងនេះ ត្រូវបានធ្វើឡើង «ជាការឆ្លើយតបភ្លាម​ៗ ចំពោះការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz»។ យោងតាម ​​CENTCOM បាន​ឱ្យដឹង​បន្ថែម​ថា ប្រតិបត្តិការនេះមានគោលបំណងធ្វើឱ្យចុះខ្សោយ​ដល់​ «សមត្ថភាពរបស់អ៊ីរ៉ង់ ក្នុងការបន្តវាយប្រហារពាណិជ្ជកម្មអន្តរជាតិដែលឆ្លង​កាត់​ច្រកសមុទ្រពាណិជ្ជកម្មអន្តរជាតិ»។ ហើយតាម​រយៈ​សេចក្ដី​ថ្លែង​ការណ៍របស់ខ្លួន បញ្ជាការនេះ​​បានសង្កត់ធ្ងន់​ថា៖ «កងកម្លាំងរបស់​ CENTCOM នៅតែស្ថិតក្នុងស្ថានភាពល្អប្រសើរ​ និងត្រៀមខ្លួនរួចជាស្រេច ដើម្បីឲ្យអ៊ីរ៉ង់ទទួលខុសត្រូវ នៅពេលដែលកិច្ចព្រមព្រៀង (បទឈប់បាញ់) មិនត្រូវបានអនុវត្ត ឬគោរពតាម»។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះត្រូវបានរាយការណ៍នៅព្រឹកថ្ងៃពុធនេះ ក្នុងតំបន់ជាច្រើននៃភាគខាងត្បូងអ៊ីរ៉ង់៕

[BREAKING NEWS] លោក Trump៖ បទឈប់បាញ់របស់សហរដ្ឋអាមេរិកជាមួយអ៊ីរ៉ង់ ត្រូវបាន​បញ្ចប់​ហើយ

2026/07/08 10:32:19 pm        112
ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា បទឈប់បាញ់បណ្ដោះអាសន្នរបស់សហរដ្ឋ​អាមេរិកជាមួយអ៊ីរ៉ង់ ត្រូវបានបញ្ចប់ហើយ​ ក្រោយ​ភាគីទាំង២ បាន​វាយប្រហារគ្នាទៅវិញទៅមក។នៅ​ថ្ងៃពុធនេះ​ ក្នុង​ទីក្រុង Ankara ប្រទេស​ទួរគី លោកបាននិយាយ​ថា៖ «សម្រាប់ខ្ញុំ ខ្ញុំគិតថា វាចប់ហើយ ។ ចំពោះខ្ញុំ វាគ្រាន់តែជាការខ្ជះខ្ជាយពេលវេលាប៉ុណ្ណោះ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនប៉ាឡេស្ទីនជម្លៀសខ្លួនស្វាគមន៍កងកម្លាំងអន្តរជាតិនៅហ្កាហ្សា និងអំពាវនាវឲ្យកសាងផ្ទះសម្បែងរបស់ពួកគេឡើងវិញ
07/27/2026 09:07 PM
ពលរដ្ឋវិលត្រឡប់ទៅកាន់តំបន់ភាគខាងត្បូងលីបង់វិញ ក្រោយការដកទ័ពរបស់អ៊ីស្រាអែល
07/27/2026 08:07 PM
ប្រធានាធិបតីហ្វីលីពីន លោក Marcos ប្រាប់​ថា ប្រហែលដល់ពេលត្រូវពិនិត្យ​ថាមពលនុយក្លេអ៊ែរ​ឡើង​វិញ​
07/27/2026 08:07 PM
EU បញ្ចូន​យន្តហោះ និងអ្នកពន្លត់អគ្គិភ័យទៅជួយ​ទប់ទល់​ចំហេះ​ព្រៃ នៅបារាំង និងអេស្ប៉ាញ
07/27/2026 08:07 PM
ប្រធានាធិបតីអ៊ុយក្រែន ធ្វើដំណើរទៅដល់អង់គ្លេស សម្រាប់ជំនួបជាមួយលោកនាយករដ្ឋមន្រ្តី Burnham
07/27/2026 08:07 PM
ទីក្រុង​ប៉េកាំង​ជំរុញឱ្យសហរដ្ឋអាមេរិកឈប់​គំរាមកំហែងដាក់ទណ្ឌកម្ម លើ​ក្រុមហ៊ុន AI របស់ចិន
07/27/2026 08:07 PM
កងកម្លាំងអ៊ីស្រាអែល វាយប្រហារទីក្រុងជាច្រើននៅតំបន់វ៉េសប៊ែង ខណៈអំពើហិង្សាកាន់តែអាក្រក់ទៅ
07/27/2026 08:07 PM
អ្នកស្ម័គ្រចិត្តដំបូងទទួលវ៉ាក់សាំងបង្ការជំងឺអេបូឡា ជាផ្នែកមួយនៃការសាកល្បងរបស់សាកលវិទ្យាល័យ Oxford
07/27/2026 08:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម
07/27/2026 07:07 PM
នគរបាល​ទីក្រុងប៊ែរឡាំង បាញ់សម្លាប់ជនសង្ស័យសំខាន់ ក្នុងការវាយប្រហារដ៏សាហាវ
07/27/2026 07:07 PM