ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

ព័ត៌មានជាតិ

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams

2026/07/24 07:28:41 pm        233
ភ្នំពេញ៖ ជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធចបច្ចេកវិទ្យា (Online Scams) ត្រូវចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យសម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន និងបានចេញដីកាតាមចាប់ខ្លួនជនជាតិចិនម្នាក់ដែលបានរត់គេចខ្លួន។ ការសម្រេចឃុំខ្លួននេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។អ្នកនាំពាក្យសាលើាដំបូងខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជនជាតិថៃទាំង ២០នាក់ ត្រូវបានចោទប្រកាន់ពីបទ ៖ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយមានការរៀបចំជាក្រុមមានការចាត់តាំង , បទ៖ ឆ្លងដែនដោយខុសច្បាប់ និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦មានចែងតាមមាត្រា ៥ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មាត្រា ២៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ចំណែកឈ្មោះ សេង ឈឹមសុទ្ធា ភេទប្រុស កើតឆ្នាំ១៩៩១ សញ្ជាតិខ្មែរ ចោទប្រកាន់ពីបទ៖ សមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងពីបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុច ភូមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២៦មានចែងតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងមាត្រា ២៩ នៃ ក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។រីឯឈ្មោះ WU HAIBO ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិចិន (គ្មានខ្លួន) ចោទពីបទ៖ រៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទ៖ សម្អាតប្រាក់ ប្រព្រឹត្តនៅចំណុចភូមិទួល ប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០២៦ ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ មានចែងតាមមាត្រា ៦ នៃច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង មាត្រា ៣៨ នៃច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ បានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែកកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៣.០០នាទី កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាប ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារទីតាំងផ្ទះ០២ល្វែង កម្ពស់០២ជាន់ផ្ទាល់ដី មាន១៦បន្ទប់ ស្ថិតនៅភូមិ ទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃចំនួន ២០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឆ្លងដែនដោយខុសច្បាប់ និង ជនជាតិខ្មែរម្នាក់ពាក់ព័ន្ធករណីសមគំនិតក្នុងអំពើរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីលើនេះ មានជនសង្ស័យម្នាក់ទៀត ជនជាតិចិន ពាក់ព័ន្ធករណីរៀបចំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរត់គេច ខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដកហូតនូវវត្ថុតាងដែលមានតម្រុយសង្ស័យពាក់ព័ន្ធ នឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួមមាន៖ កុំព្យូទ័រ ALL in One ចំនួន ១៨គ្រឿង កុំព្យូទ័រយួរដៃចំនួន ០១គ្រឿង ទូរស័ព្ទដៃចម្រុះ ចំនួន២៣គ្រឿង អាយផេតចំនួន ១២គ្រឿង ខ្ចោះចំនួន ០១ អាវប៉ូលីសថៃចំនួន ០២ និងខោចំនួន ០១ ស៊ីមកាត និងឯកសារមួយចំនួន។ ក្រោយសាកសួរលើជនសង្ស័យរួច សមត្ថកិច្ចក៏បានឃាត់ខ្លួន និងចាប់យកវត្ថុតាង ខាងលើ កសាងសំណុំរឿងបញ្ជូនមកកាន់អយ្យការអមសាលាដំបូងតាមនីតិវិធី។អ្នកនាំពាក្យបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើនីតិវិធីលើជនត្រូវចោទដែលឃាត់ខ្លួនបានរួច និងបានពិនិត្យភស្តុតាងក្នុង សំណុំរឿងចប់សព្វ គ្រប់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលើជនត្រូវចោទតាម រយៈដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្នលេខ ១៦៣៥, ១៦៣៦, ១៦៣៧, ១៦៣៨, ១៦៣៩, ១៦៤០, ១៦៤១, ១៦៤២, ១៦៤៣, ១៦៤៤, ១៦៤៥, ១៦៤៦, ១៦៤៧, ១៦៤៨, ១៦៤៩, ១៦៥០, ១៦៥១, ១៦៥២, ១៦៥៣, ១៦៥៤, ១៦៥៥ ព្រ.ទ"គ"/២៦ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ លើជនត្រូវចោទខាងលើ រីឯជនត្រូវចោទគ្មាន សាវតាជាតិគ្រប់គ្រាន់ ចៅក្រមបានចេញដីកាស្រាវជ្រាវសាវតាជាតិដើម្បីយកមកចាត់ការបន្តតាមនីតិវិធីច្បាប់៕ អត្ថបទ៖ វង្ស សុភាព

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm        122
តាមរយៈ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ១៥:៤០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋសិង្ហបូរី ដែលបានចាត់បញ្ជូននាយទាហានប្តូនវេនចំនួនពីររូបគឺ វរសេនីយ៍ត្រី Lim Jun Da និង ព្រិន្ទបាលឯក Tan Jun Wei ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ក្នុងការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។អ្នកនាំពាក្យក្រសួងការពារជាតិ បានលើកឡើងបន្ថែមថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមជួយលើកិច្ចការសន្តិភាព។គួរបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm        154
(កំពង់ចាម)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តរៀបចំ «វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ» នៅបរិវេណសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដោយនាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង ពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ មកផ្តល់ជូនប្រជាពលរដ្ឋ អតីតពលករមកពីប្រទេសថៃ និងយុវជនជិត ៥០០នាក់។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងបន្តពង្រីកឱកាសការងារក្នុងស្រុក លើកកម្ពស់ការយល់ដឹងអំពីសន្តិសុខសង្គម និងផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាពពាក់ព័ន្ធ តំណាងសហគ្រាស ក្រុមហ៊ុន និងវិស័យឯកជនជាច្រើនទៀតក្នុងឱកាសនេះ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ អតីតពលករ និងយុវជនដែលបានចូលរួមវេទិកា ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្តល់ការងារឱ្យខ្មែរ»។ ​ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងអតីតពលករចំណាកស្រុក ចាប់យកឱកាសការងារក្នុងស្រុក ខណៈបច្ចុប្បន្ន សហគ្រាស ក្រុមហ៊ុន រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេស កំពុងមានតម្រូវការកម្លាំងពលកម្មជាង ៩ម៉ឺនកន្លែង។ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការបម្រើការងារក្នុងស្រុកដោយស្របច្បាប់ មិនត្រឹមតែផ្តល់ប្រាក់ចំណូលប្រកបដោយស្ថិរភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានការគាំពារក្រោមរបបបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) រួមមាន របបហានិភ័យការងារ របបថែទាំសុខភាព និងរបបសោធននិវត្តន៍ ដែលរួមចំណែកលើកកម្ពស់សុខុមាលភាព និងធានាសន្តិសុខសង្គមជូនកម្មករនិយោជិត។ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវឱ្យប្រជាពលរដ្ឋចៀសវាងការធ្វើចំណាកស្រុកដោយខុសច្បាប់ ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ច ការរំលោភបំពានសិទ្ធិការងារ និងខ្វះការគាំពារ និងការការពារតាមផ្លូវច្បាប់។ ក្នុងករណីមានបំណងទៅបម្រើការងារនៅក្រៅប្រទេស ប្រជាពលរដ្ឋត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរមានសមត្ថកិច្ចជាមុន។ សម្រាប់ព័ត៌មានបន្ថែម ប្រជាពលរដ្ឋអាចទាក់ទងលេខទូរស័ព្ទ Hotline ១២៩៧ សម្រាប់សេវាផ្គូផ្គងការងារ និងលេខ ១២៨៦ សម្រាប់ព័ត៌មានអំពីសេវា ប.ស.ស.។ទន្ទឹមនឹងនេះ ឯកឧត្តម កត្តា អ៊ន ក៏បានលើកទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឱ្យចូលរួមសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ តាមរយៈកម្មវិធី «TVET ១,៥ លាន» នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម។ កម្មវិធីនេះផ្តល់ការបណ្តុះបណ្តាលដោយឥតគិតថ្លៃ ព្រមទាំងប្រាក់ឧបត្ថម្ភប្រចាំខែ និងមានមុខជំនាញជាច្រើនស្របតាមតម្រូវការទីផ្សារការងារ រួមទាំងវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនជំនាញ និងពង្រីកឱកាសទទួលបានការងារសមរម្យ។សូមជម្រាបថា វេទិកាការងារនេះ មានការចូលរួមពីសហគ្រាស ក្រុមហ៊ុន និងរោងចក្រធំៗ ដែលបាននាំយកឱកាសការងារក្នុងស្រុកចំនួន ៣ ៧៨០កន្លែង មកផ្តល់ជូនប្រជាពលរដ្ឋ រួមមាន រោងចក្រ សាន ហ្វេង (ខេមបូឌា) ខមភេនី លីមីធីត រោងចក្រ ស៊ីអិន លីហ័រ ប៊ែក (ខេមបូឌា) ក្រុមហ៊ុន ថាកូ អាហ្រ្គី​និង ក្រុមហ៊ុន ជាវ លីដា អេហ្គ្រិខលឈ័រ ​វិទ្យាស្ថានបណ្តុះបណ្តាលកាត់ដេរកម្ពុជា (CGTI)​។ ជាមួយគ្នានេះ ក៏មានក្រុមហ៊ុនជ្រើសរើសកម្លាំងពលកម្មដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ សម្រាប់បញ្ជូនពលករទៅបម្រើការងារនៅប្រទេសជប៉ុន រួមមាន ក្រុមហ៊ុន ​អ៊ែកស៊ល អេស៊ា យូមេន រីសសស៍ និងក្រុមហ៊ុន ​មីណាមី (ខេមបូឌា) អ៊ិនធើណេសិនណល សឺវីស ឯ.ក​ ដែលបានផ្តល់ព័ត៌មាន សេវាផ្គូផ្គងការងារ និងការប្រឹក្សាយោបល់ដោយផ្ទាល់ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អ្នកស្វែងរកការងារ និងតម្រូវការទីផ្សារការងារបច្ចុប្បន្ន៕

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm        302
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនសមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាចំនួន ២រូប មកពីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺវរសេនីយ៍ត្រី ចន្ថាណម កែវឡោខាំ និង វរសេនីយ៍ត្រី សាយសាម៉ុន ស៊ុកផាស៊ើត ក្នុងឱកាសដែលមន្រ្តីទាំងពីររូបបានបញ្ចប់បេសកកម្មអាណត្តិរបស់ខ្លួន។ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបក្ស រដ្ឋ និងកងទ័ពប្រជាជនបដិវត្តឡាវ ដែលបានគាំទ្រដល់ការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកបំពេញបេសកកម្មជាអ្នកសង្កេតការណ៍ ក្នុងស្មារតីសាមគ្គីភាពគ្រួសារអាស៊ាន។ឯកឧត្តម អគ្គមេបញ្ជាការ បានគូសបញ្ជាក់ថា ក្នុងបរិបទដែលកម្ពុជាកំពុងប្រឈមបញ្ហាជម្លោះជាមួយប្រទេសថៃ ការចូលរួមរបស់ឡាវក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមក្នុងការស្វែងរកសន្តិភាព ស្ថិរភាព វិបុលភាព និងការរក្សាមជ្ឈភាពរបស់អាស៊ាន។ឯកឧត្តម បានកោតសរសើរចំពោះការលះបង់ កម្លាំងកាយចិត្ត ស្មារតីទទួលខុសត្រូវ និងវិជ្ជាជីវៈខ្ពស់របស់មន្ត្រីសង្កេតការណ៍ទាំងពីរ ដែលបានឃ្លាតឆ្ងាយពីគ្រួសារ និងមាតុភូមិ ដើម្បីចូលរួមកសាងសន្តិភាព និងប្រក្រតីភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។នៅទីបញ្ចប់ ឯកឧត្តមអគ្គមេបញ្ជាការ បានជូនពរឲ្យមន្ត្រីសង្កេតការណ៍អាស៊ានទាំងពីររូប ទទួលបានជោគជ័យថ្មីៗបន្ថែមទៀតលើគ្រប់ភារកិច្ច និងសូមឲ្យចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាង កម្ពុជា-ឡាវ នៅតែបន្តរីកចម្រើនជានិច្ចនិរន្តរ៍៕ 

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm        338
មនី្ទរពេទ្យជាតិ តេជោសន្តិភាព នៃក្រសួងសុខាភិបាល បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីន ENT ENDOSCOPE, SIRIUS 60W THULIUM FIBER LASER, DEXA SCAN និង ERCPដើម្បីបង្កើនគុណភាពព្យាបាលអ្នកជំងឺ, នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។លោកវេជ្ជបណ្ឌិត អោម ណាវុធ ប្រធានការិយាល័យបច្ចេកទេស នៃមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានឲ្យដឹងថា ពិធីនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនរបស់មន្ទីរពេទ្យក្នុងការពង្រឹងសមត្ថភាពផ្តល់សេវាវេជ្ជសាស្ត្រឯកទេស ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលដោយប្រើបច្ចេកវិទ្យាទំនើប សំដៅធានាគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងភាពងាយស្រួលជូនអ្នកជំងឺ។ អត្ថប្រយោជន៍នៃឧបករណ៍វេជ្ជសាស្ត្រដែលត្រូវដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនេះ ៖ ១. ម៉ាស៊ីន ERCP (Endoscopic Retrograde Cholangiopancreatography) គឺជាបច្ចេកវិទ្យាវេជ្ជសាស្ត្រឯកទេស ដែលរួមបញ្ចូលការឆ្លុះប្រព័ន្ធរំលាយអាហារ និងការថត ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺនៃបំពង់ទឹកប្រមាត់ និងបំពង់លំពែង។ តាមរយៈបច្ចេកទេសនេះ ក្រុមគ្រូពេទ្យអាចយកគ្រួសចេញពីបំពង់ទឹកប្រមាត់ ពង្រីកតំបន់ដែលមានការរួមតូច ដាក់រ៉ឺស័រ (Stent) និងដោះស្រាយការស្ទះ ឬការឆ្លងមេរោគនៃផ្លូវទឹកប្រមាត់បានទាន់ពេលវេលា ដោយកាត់បន្ថយតម្រូវការ វះកាត់បើកពោះ កាត់បន្ថយហានិភ័យ និងជួយឱ្យអ្នកជំងឺឆាប់ស្ដារសុខភាពឡើងវិញ។ ២. ម៉ាស៊ីន SIRIUS 60W Thulium Fiber Laser គឺជាបច្ចេកវិទ្យាឡាស៊ែរជំនាន់ថ្មី សម្រាប់គាំទ្រ ការព្យាបាលជំងឺប្រព័ន្ធទឹកនោមដោយបច្ចេកទេសរាតត្បាតតិចតួច។ ឧបករណ៍នេះអាចប្រើប្រាស់សម្រាប់ បំបែកគ្រួសក្នុងតម្រងនោម បង្គួរនោម និងប្លោកនោម ព្រមទាំងគាំទ្រការព្យាបាលជំងឺរីកក្រពេញប្រូស្តាត តាមសូចនាករវេជ្ជសាស្ត្រសមស្រប។ ការប្រើប្រាស់បច្ចេកវិទ្យានេះ អាចជួយកាត់បន្ថយការហូរឈាម ការឈឺចាប់ និងរយៈពេលសម្រាកពេទ្យ ព្រមទាំងជួយឱ្យអ្នកជំងឺឆាប់វិលត្រឡប់ទៅប្រកបការងារប្រចាំថ្ងៃ។ ៣. ម៉ាស៊ីន DEXA Scan គឺជាឧបករណ៍វាស់កំហាប់ឆ្អឹងដែលមានភាពត្រឹមត្រូវខ្ពស់ សម្រាប់ជួយធ្វើ រោគវិនិច្ឆ័យជំងឺពុកឆ្អឹង វាយតម្លៃហានិភ័យនៃការបាក់ឆ្អឹង និងតាមដានប្រសិទ្ធភាពនៃការព្យាបាល។ ម៉ាស៊ីននេះ មានសារៈសំខាន់ជាពិសេសសម្រាប់មនុស្សវ័យចំណាស់ ស្ត្រីក្រោយអស់រដូវ អ្នកជំងឺដែលប្រើថ្នាំបង្កើនហានិភ័យនៃការបាត់បង់កំហាប់ឆ្អឹង និងអ្នកដែលមានកត្តាហានិភ័យផ្សេងៗ។ ការរកឃើញជំងឺបាន ទាន់ពេលវេលា អាចជួយបង្ការ និងកាត់បន្ថយផលវិបាកធ្ងន់ធ្ងរដែលបណ្តាលមកពីការបាក់ឆ្អឹង។ ៤. ម៉ាស៊ីនឆ្លុះត្រចៀក ច្រមុះ និងបំពង់ក (ENT Endoscopy System) គឺជាបច្ចេកវិទ្យាឆ្លុះត្រចៀក ច្រមុះ និងបំពង់ក ដែលបំពាក់ដោយប្រព័ន្ធ រូបភាពកម្រិតច្បាស់ខ្ពស់ (HDI) និងប្រភពពន្លឺទំនើប។ ម៉ាស៊ីននេះអនុញ្ញាតឱ្យវេជ្ជបណ្ឌិតពិនិត្យមើល រចនាសម្ព័ន្ធខាងក្នុងបានច្បាស់លាស់ ជួយបង្កើនភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យ ការកត់ត្រារូបភាព និងការពិគ្រោះ ជាមួយអ្នកជំងឺ។ វាអាចគាំទ្រការស្វែងរក និងតាមដានជំងឺដូចជា រលាកឆ្អឹងប្រហោងមុខ (sinus) រ៉ាំរ៉ៃ ដុះសាច់ក្នុងច្រមុះ ជំងឺនៃបំពង់សំឡេង និងបញ្ហាផ្សេងៗនៃត្រចៀក ច្រមុះ និងបំពង់ក ព្រមទាំងគាំទ្រនីតិវិធី ព្យាបាលមួយចំនួនប្រកបដោយសុវត្ថិភាព។ នាឱកាសនោះលោកវេជ្ជបណ្ឌិត សួន សាមិត្ត នាយកមនី្ទរពេទ្យជាតិ តេជោសន្តិភាព បានថ្លែងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវម៉ាស៊ីន ទាំងនេះគឺជាការ បោះជំហានទៅមុខមួយកម្រិតទៀត ក្នុងការលើកកម្ពស់គុណភាពសេវាពិនិត្យ និងព្យាបាលជំងឺ របស់មន្ទីរពេទ្យជាតិ តេជោសន្តិភាពយើង ឱ្យកាន់តែមានភាពទំនើប សុក្រឹត និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមការវិវត្តនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រសកល។ សមិទ្ធផលដែលយើងទទួលបាននៅថ្ងៃនេះ គឺកើតចេញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍជាប្រចាំ របស់ក្រុមគ្រូពេទ្យ និងបុគ្គលិកគ្រប់រូប ហើយសមិទ្ធផលនេះជាមោទនភាពរួម ដែលប្រសូតចេញពីឆន្ទៈតែមួយ គឺការតម្កល់សុខុមាលភាព និងអាយុជីវិតរបស់អ្នកជំងឺជាអាទិភាព និងការរួមដៃគ្នាកសាងមន្ទីរពេទ្យឱ្យក្លាយជាទីពឹងដ៏កក់ក្តៅ និងផ្តល់សេចក្តីសង្ឃឹមយ៉ាងពិតប្រាកដសម្រាប់អ្នកជំងឺ។ លោកវេជ្ជបណ្ឌិត សួន សាមិត្ត បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់ លោក លោកស្រី វេជ្ជបណ្ឌិត និងបុគ្គលិកទាំងអស់ នូវចំណុចសំខាន់ៗមួយចំនួន៖ ទី១. សូមសហការគ្នាប្រើប្រាស់ម៉ាស៊ីទាំងនេះឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងចូលរួមថែរក្សាឱ្យបានល្អ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់បម្រើផលប្រយោជន៍ អ្នកជំងឺ។ ទី២. សូមបន្តខិតខំរៀនសូត្រ ស្រាវជ្រាវ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក លើការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗទាំងនេះ ដើម្បីផ្តល់នូវសេវាព្យាបាលដែលល្អបំផុត។ ទី៣. សូមបន្តបម្រើប្រជាពលរដ្ឋដោយស្នាមញញឹម ពាក្យសម្ដីទន់ភ្លន់ និងយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកជំងឺ ស្របតាមពាក្យស្លោក “អ្នកជំងឺជាអាទិភាពចម្បងរបស់យើង”៕ អត្ថបទ រដ្ឋា

ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm        203
ពលរដ្ឋភៀសសឹក អះអាងថា ទង្វើឈ្លានពានរបស់យោធាថៃ លើអធិបតេយ្យកម្ពុជា គឺជាស្លាកស្នាមដ៏ឈឺចាប់បំផុត ដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចងចាំ និងបន្តស្មារតីសាមគ្គីជាតិ ជឿជាក់លើរាជរដ្ឋាភិបាល និងចូលរួមឱ្យខ្លាំងក្លាពហិការទំនិញថៃ។ ប្រជាពលរដ្ឋភៀសសឹក មកពីខេត្តបន្ទាយមានជ័យ កំពុងស្នាក់នៅផ្ទះបណ្ដោះអាសន្ន ក្នុងភូមិរង់ចាំ បានប្រាប់ថា ថា ការឈឺចាប់ ព្រោះអំពើឈ្លានពានរបស់យោធាថៃ កប់ជ្រៅក្នុងចិត្តរបស់ពួកគាត់ ដែលគ្មានថ្ងៃអាចបំភ្លេចបានឡើយ។ ពួកគាត់អំពាវនាវដល់កូនខ្មែរគ្រប់រូបត្រូវចងចាំ ពីទង្វើអាក្រក់របស់ថៃ ធ្វើមកលើកម្ពុជា។ ពលរដ្ឋភៀសសឹក ទទូចដល់កូនខ្មែរ បន្តឱ្យកាន់តែខ្លាំងក្លា ពហិការទំនិញថៃ និងត្រូវរក្សាស្មារតីសាមគ្គីជាតិ ឱ្យរឹងមាំ ឈរជាមួយរាជរដ្ឋាភិបាល ការពារជាតិ។ បន្ថែមពីនេះ ពួកគាត់ អរគុណរាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ខ្ពស់ លើការសាងសង់ទីជម្រក និងគាំទ្រជីវភាពរស់នៅរបស់ពួកគាត់។ ពួកគាត់មានជំនឿចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ កសាងសន្ដិភាព និងទាមទារដែនអធិបតេយ្យរបស់កម្ពុជាត្រឡប់មកវិញ។ សូមជម្រាបជូនថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួប ១ឆ្នាំ ដែលយោធាថៃ បានបើកការឈ្លានពានទ្រង់ទ្រាយធំ បាញ់ប្រហារ ទម្លាក់គ្រាប់បែក រំលោភ លើដែនអធិបតេយ្យកម្ពុជា។ ចាប់តាំងពីផ្ទុះសង្រ្គាម ដែលថៃឈ្លានពាន និងក្រោយរកបានបទឈប់បាញ់ យោធាថៃ បានរំលោភបំពានយ៉ាងជ្រៅលើអធិបតេយ្យកម្ពុជា និងបានបន្តបង្កអរិភាព រារាំងពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ទៀត ក្នុងចំណោមពលរដ្ឋជាង ៦សែន ៤ម៉ឺននាក់ មិនទាន់អាចវិលទៅលំនៅឋានវិញ។ មកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តដោះស្រាយជម្លោះ ដោយផ្អែកលើច្បាប់អន្ដរជាតិ និងប្រកាស ប្រឆាំងដាច់ខាត ការកែប្រែខ្សែបន្ទាត់ព្រំដែនជាឯកតោភាគី និងទាមទារឱ្យថៃគោរព និងអនុវត្តន៍ឱ្យបានពេញលេញបទឈប់បាញ់ ស្ដារសន្ដិភាពតាមព្រំដែនឡើងវិញ៕ អត្ថបទ ៖ លៀ ស៊ីណា

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី

2026/07/24 04:12:46 pm        137
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី សព្វព្រះរាជហឫទ័យព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សម្តេច ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ លោក-អ្នកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ឯកឧត្តម ងួន ស្ដេចភក្ដី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាអនុប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី បានទូលថ្វាយ និងជម្រាបជូនថា ក្រោមព្រះរាជតំរិះដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចជាអម្ចាស់ ប៉ុស្តិ៍សុខភាពមាន ៖ បន្ទាប់សម្រាកព្យាបាល, បន្ទាប់សង្រ្គោះបឋម, បន្ទាប់ពិនិត្យជំងឺទូទៅ, បន្ទាប់ពិសោធន៍ឈាម, បន្ទាប់អេកូសាសន៍, បន្ទាប់វះកាត់តូច, បន្ទាប់ថតកាំរស្មី, បន្ទាប់សម្រាប់ព្យាបាល២ដាច់ដោយឡែកសម្រាប់ព្រះសង្ឃ, ម៉ាសីនឆ្លុះច្រមុះ និងបំពង់ក ដែលជាជំនួយពីសប្បុរសជនពីប្រទេសអូស្រ្តាលី, រថយន្តសង្រ្គោះ៣គ្រឿងនិងកំពុងបំពេញបេសកកម្មផ្តល់សេវាឡានសង្គ្រោះបន្ទាន់ សម្រាប់សម្រួលដឹកជញ្ជូនអ្នកជំងឺ ឬដឹកជញ្ជូនសាកសព ដែលគ្មានលទ្ធភាព ឬមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សប្បុរសអ្វីឡើយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តមបានបន្តថា គិតត្រឹមតែ១ខែនៅក្នុងខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ទទួលអ្នកជំងឺប្រមាណ ១០៥៨ករណី និងប្រើថ្នាំព្យាបាល ៣២,៣៧៣គ្រាប់ ។ ដោយឡែកសម្រាប់ការចំណាយប្រចាំខែរបស់ប៉ុស្តិ៍សុខភាពបន្ថែមប្រមាណ ៣៦០០ដុល្លា/១ខែ ទៅលើការទិញឱសថបន្ថែមពីលើការឧបត្ថម្ភរបស់សប្បុរសជន និងសម្រាប់ឧបត្ថម្ភដល់មន្រ្តីដែលស្មគ្រ័ចិត្តបម្រើសេវាជូនប្រជាពលរដ្ឋនៅប៉ុស្តិ៍សុខភាព ។ សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលថា ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្សកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ សម្តេចជាអម្ចាស់ បានកោតសរសើរលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃ ប៉ុស្តិ៍សុខភាពនេះ ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺបានល្អប្រសើរ ។ នាឱកាសដ៏មានអត្ថន័យនេះ ព្រះអង្គក៏បានសម្ដែងនូវព្រះរាជហឬទ័យថ្លែងអំណរគុណ សម្តេច ព្រះមន្រ្តីសង្ឃ ឯកឧត្តម លោកជំទាវ លោក-អ្នកឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ដើម្បីទិញឱសថ សម្ភារៈបរិក្ខាពេទ្យ សម្រាប់ព្យាបាល ប្រគេន-ជូន ព្រះសង្ឃ និស្សិត និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្តីមហាប្រសើរជូន លោកម្ចាស់សទ្ធា សូមបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ អត្ថបទ បាន សុខរិទ្ធិ 

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm        102
យុវជន អះអាងថា ពួកគេនៅតែចងចាំ ការឈឺចាប់ ដែលយោធាថៃ បើកការឈ្លានពានលើកម្ពុជា និងប្ដេជ្ញាប្រែក្លាយការឈឺចាប់ដែលថៃបង្កឡើងនេះ មកជាការខិតខំសិក្សា ដើម្បីចូលរួមអភិវឌ្ឍន៍ជាតិឱ្យរឹងមាំ។ សិស្សានុសិស្សដែលកំពុងសិក្សានៅវិទ្យាល័យ ហ៊ុន សែន សេរីភាព ក្រុងតាខ្មៅ ខេត្តកណ្ដាល បានប្រាប់ BTV នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ដែលជាខួប ១ឆ្នាំ យោធាថៃ ឈ្លានលើអធិបតេយ្យកម្ពុជា ថា ពួកគេនៅតែចងចាំការឈឺចាប់ដែលយោធាថៃ បើកការឈ្លានពានលើកម្ពុជា បណ្ដាលឱ្យពលរដ្ឋខ្មែរជាច្រើន ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែង រងរបួស និងរងគ្រោះដល់បាត់បង់ជីវិត។ ពួកគេប្រាប់ថា ការឈឺចាប់នេះគ្មានថ្ងៃ ដែលអាចបំភ្លេចបានឡើយ ហើយពួកគេ យកការឈឺចាប់នេះ មកជាការខិតខំសិក្សាដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរឹងមាំ។ ទន្ទឹមនិងនេះពួកគេ អំពាវនាវដល់អន្ដរជាតិ ជួយជំរុញឱ្យថៃ គោរពបទឈប់បាញ់ ដូចកម្ពុជា ឈប់ឈ្លានពានកម្ពុជា និងកសាងព្រំដែនសន្ដិភាពឡើងវិញ។សូមជម្រាបជូនថា វិវាទព្រំដែន រវាងកម្ពុជា និងថៃ បានកើតឡើង ផ្ដើមពីភាគីយោធាថៃ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលកាលនោះ យោធាថៃ បានលបលួចចូលមកក្នុងទឹកដីកម្ពុជា និងបើកការបាញ់ប្រហារមកលើលេណដ្ឋានឈរជើងរបស់កងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តព្រះវិហារ បណ្ដាលឱ្យ ព្រិន្ទបាលឯក សួន រោន ពលីជីវិតក្នុងបុព្វហេតុការពារជាតិ។ បន្ទាប់ពីហេតុការបង្កជម្លោះនេះ យោធាថៃ បានបើកការឈ្លានពានទ្រង់ទ្រាយធំ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយប្រើអាវុធធុនធ្ងន់គ្រប់ប្រភេទ បាញ់មកលើកងទ័ព និងប្រជាជនស៊ីវិលរបស់កម្ពុជា បណ្ដាលឱ្យពលរដ្ឋរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសម្បែង។ ហើយមកដល់ពេលនេះ បើទោះបីកម្ពុជា និងថៃ កំពុងអនុវត្តបទឈប់បាញ់ ដែលរកបានកាលពីចុងខែធ្នូ ឆ្នាំ២០២៥ ក៏ពិតមែន ប៉ុន្ដែភាគីថៃ នៅតែបង្កអរិភាពតាមព្រំដែន ដោយបានយកលួសបន្លា និងទូកុងតឺន័រ មកព័ទ្ធដី ព័ទ្ធផ្ទះ រារាំងពលរដ្ឋខ្មែរប្រមាណ ២ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡង់ទៅលំនៅឋានបាននៅឡើយ៕អត្ថបទ ៖ លៀ ស៊ីណា

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន

2026/07/24 03:27:29 pm        42
ផ្លូវជនបទបញ្ចប់សុពលភាពចំនួន២ខ្សែ នៅស្រុកបរកែវ ក្នុងខេត្តរតនគិរី ដែលស្ថិតក្រោមក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាន រក្សានូវគុណភាពល្អប្រសើរ សម្រាប់បម្រើជាប្រយោជន៍ប្រើប្រាស់យូរអង្វែងដល់សាធារណជនទូទៅ ដែលប្រើប្រាស់បណ្តាញផ្លូវទាំង នោះ។ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ បញ្ចប់សុពលភាព លើ ការងាររាវមីនលើផ្ទៃដីទំហំជាង ២៨ ម៉ឺនម៉ែត្រការ៉េ ជួសជុលស្តារឡើងវិញផ្លូវ ក្រាលដីល្បាយក្រួសចំនួន២ខ្សែ ប្រវែងសរុបជិត ២ ពាន់ ម៉ែត្រ និងការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ ខ្សែ ប្រវែង ២៧០ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅស្រុក បរកែវ ក្នុងខេត្តរតនគិរី នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ នេះថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រោម ការដឹកនាំរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តមបានយកចិត្តទុកដាក់យ៉ាងខ្លំាង ​និងបានចុះពិនិត្យ ដោយផ្ទាល់ជាប្រចាំ នៅតាមបណ្តាខេត្តនានា ដោយឯកឧត្តមរដ្ឋមន្រ្តីបានចាត់ទុកផ្លូវជនបទមានសារៈសំខាន់ណាស់ ក្នុងការជំរុញ ចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈនៃការតភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយ សម្រួលដល់ការដឹកជញ្ជូន និងការធ្វើគមនាគមន៍របស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការទំនាក់ទំនងសេដ្ឋកិច្ចនិងសង្គម។ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ ចាប់តាំងពី ការចាប់ផ្តើមនៃការស្ថាបនា និងថែទាំរហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ ក្នុងនោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា, សម្តេចបានយកចិត្តទុកដាក់យ៉ាង ខ្លាំងលើការអភិវឌ្ឍ មិនថានៅតាមទីក្រុង ទីប្រជុំជន និងតាមជនបទឡើយ គឺមានគោលបំណងសំខាន់ ជំរុញបង្កើតសុខដុមរមនា នៅក្នុងសង្គមដ៏រុងរឿង។ឯកឧត្តមរដ្ឋលេខាធិការ បានរំលេចបន្ថែមទៀតថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងបាននិងកំពុងបន្តបេសកកម្មប្រកប ដោយភាពបុរេសកម្ម និងបានចាត់ទុកជាការវិនិយោគដ៏ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស។ ក្នុងនោះផងដែរ, ក្រសួងកំពុងផ្តោតការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ និងបម្រែបម្រួលអាកាសធាតុរួមមាន៖ ផ្លូវដីស ផ្លូវល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់​ឬក្រាលបេតុង ដើម្បីបង្ក ភាពងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទី ផ្សារ និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈផ្សេងៗជាដើម៕

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm        376
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមប៉ែន បូណា បានគូសថានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គឺមានរយៈពេលមួយឆ្នាំគត់ ដែលយោធាថៃបានផ្តើមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាយ៉ាងកំរោលចូល ដោយបានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ជាច្រើននាក់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងបានបំផ្លាញប្រាសាទបុរាណខ្មែរនៅតាមបណ្តោយព្រំដែនជាដើម។ លើសពីនេះទៀតរហូតមកដល់ពេលនេះនៅមានពលរដ្ឋខ្មែរ ជាងពីរម៉ឺននាក់ទៀតដែលមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបានដោយសារតែការរារាំងរបស់យោធាថៃ។ តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តមប៉ែន បូណា បានលើកឡើងថា ក្នុងរយៈពេលមួយឆ្នាំមកនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅចងចាំជានិច្ចចំពោះទង្វើឈ្លានពានរបស់ភាគីថៃ ដែលបានរំលោភបំពានមកលើទឹកដីកម្ពុជា ប៉ុន្តែក្រោយការឈ្លានពានពីសំណាក់ភាគីថៃ ទាំងរាជរដ្ឋាភីបាល វីរកងទ័ព ប្រជាពលរដ្ឋខ្មែរគ្រប់រូបបាន ក្រោកឈរព្រមគ្នាប្រឆាំងចំពោះការឈ្លានបាននេះ ដោយបានប្រកាសទៅកាន់សហគមន៍អន្តរជាតិអំពីការ បំពានយ៉ាងកំរោលរបស់យោធាថៃនេះផងដែរ។ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ទៀតថា ក្រោយការឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធ ថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈនយោបាយការទូតយ៉ាងសកម្មបានបញ្ចប់សង្រ្គាមឈ្លានពានរបស់យោ ធាថៃនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ក្រោយមានការជ្រោមជ្រែងរបស់សហគមន៍អន្តរជាតិ ពិសេសនោះ គឺមានអាមេរិក ចិន និងម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្តូរវេននាពេលនោះ។ បន្ទាប់មកក៏មានសេចក្តី ថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពូនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្រោមវត្តមានជាសាក្សីរបស់ប្រធានាធិបតីអាមេរិក ឯកឧត្តម ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ទាហានថៃបានបំពានកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកូឡាឡាំពូ ហើយបានបើកការបាញ់ប្រហារជាលើកទីពីរនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ដោយបានប្រើប្រាស់អាវុធធន់ធ្ងន់គ្រប់ប្រភេទ យន្តចម្បាំង គ្រាប់បែកចង្កោម បាញ់ផ្លោងយ៉ាងព្រៃផ្សៃ និងយ៉ាងកំរោលចូល ដើម្បីកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់នៅតំបន់មួយចំនួននៅតាមបណ្តោយព្រំដែន ដោយបំពានធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ព្រមទាំងច្បាប់អន្តរជាតិជាដើម ប៉ុន្តែក្រោមការខិតខំនយោបាយការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាល ក៏មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាថ្មីនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។តែយ៉ាងណាក៏ដោយក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ក្តី ក៏ទាហានថៃនៅតែបន្តបំពាននូវកិច្ចព្រមព្រៀងខាងលើនេះ ដោយបានដាក់រាយបន្លាលួស ទូកុងតឺន័រ ធ្វើ សកម្មភាពបំផ្លិតបំផ្លាញផ្ទះសម្បែងខ្មែរ ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប និងសាងសង់សំណង់ថ្មីៗ ដើម្បី បង្កើតស្ថានភាពថ្មីនៅលើដីជាក់ស្តែង ដោយមានចេតនាចង់កាន់កាប់ទឹកដីកម្ពុជាជាអចិន្ត្រៃយ៍។ ប៉ុន្តែរាជ រដ្ឋាភិបាលកម្ពុជាតែងតែប្រកាសតវ៉ាជាផ្លូវការយ៉ាងខ្លាំងក្លាប្រឆាំង ចំពោះទង្វើឈ្លានពានរបស់យោធាថៃនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
07/24/2026 09:07 PM
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
07/24/2026 08:07 PM
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
07/24/2026 08:07 PM
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
07/24/2026 08:07 PM
ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
07/24/2026 08:07 PM
កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
07/24/2026 08:07 PM
មនុស្ស១៣នាក់ ស្លាប់ ក្រោយអាកាសធាតុអាក្រក់វាយប្រហារតំបន់ភាគកណ្តាលឈីលី
07/24/2026 08:07 PM
មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
07/24/2026 08:07 PM
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
07/24/2026 08:07 PM
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
07/24/2026 08:07 PM