ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម

ព័ត៌មានជាតិ

ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់​ដឹងដល់អ្នកពាក់ព័ន្ធ

2026/07/21 10:19:35 pm        119
ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់ដឹងដល់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានទស្សនៈ និងការវិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយផ្ទាល់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខ លើ ទីផ្សារហិរញ្ញវត្ថុសកល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦, បានចូលរួមជាគណៈ ធិបតី បើកវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដែលបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទ "ដំណើរឆ្លងកាត់ភាព ចលាចលនៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ" វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មកពីវិស័យសាធារណៈ និងឯកជនឈានមុខ រួមទាំងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុផងដែរ។គោលបំណងនៃវេទិកានេះ គឺបង្កើតឡើងសម្រាប់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចទទួលបានទស្សនៈ និងការ វិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិដោយផ្ទាល់ ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខលើទីផ្សារហិរញ្ញវត្ថុសកល ខណៈដែលស្ថានភាព និងការវិវត្តនៅលើសកលលោក មានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ។ ការតាមដាន និងយល់ ដឹងអំពីការវិវត្តទាំងនេះ នឹងជួយឱ្យអ្នកចូលរួមទទួលបានការវិភាគស៊ីជម្រៅ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ន ឱ្យកាន់ តែមានប្រសិទ្ធភាព។សូមបញ្ជាក់ថា វេទិកានេះបានរៀបចំឡើងជាលើកទី២ និងមានការធ្វើបទឧទេ្ទសនាម និងកិច្ចពិភាក្សាដោយវាគ្មិនរបស់ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឈានមុខរួមមាន៖ BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments៕ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជា-អាមេរិក នឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងលំហូរទុនវិនិយោគពីអាមេរិកមកកម្ពុជា

2026/07/21 10:04:21 pm        640
កម្ពុជា-អាមេរិកពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, ការលើកកម្ពស់លំហូរទុនវិនិយោគពីអាមេរិក មកកម្ពុជា, បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេស កម្ពុជានិងសហរដ្ឋអាម៉េរិក ពិសេសលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ ដែលបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅលើកកម្ពស់ភាពប្រាកដប្រជានៃបរិយាកាស ធុរកិច្ច និងការបើកចំហទីផ្សារសេរីរវាងប្រជាជាតិទាំងពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការចុះកិច្ចសន្យាហោះហើរតាមផ្លូវអាកាសជាប្រវត្តិសាស្ត្រ ដែលភាគីទាំងពីរ ទើបតែបានសម្រេចការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលជាកិច្ចព្រមព្រៀង បើកចំហជើងហោះហើរទ្វេភាគីលើកដំបូងបំផុត សំដៅធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល បង្កើតបណ្តាញតភ្ជាប់ជើងហោះហើរ ត្រង់ និងលើកកម្ពស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។លោកស្រីភារធារី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានវិលត្រឡប់មក បំពេញបេសកកម្មការទូតនៅកម្ពុជាជាថ្មីម្តងទៀត ដោយលោកស្រីបានរំឮកអំពីប្រវត្តិនៃការបំពេញការងារ ជាប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងទៅ។ ផ្អែកលើមូលដ្ឋាននេះ លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន លើ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើន និងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេល ដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។ លោកស្រីភារធារី បានសម្តែងនូវការស្ញើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋ កិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជា ស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។សូមបបញ្ជាក់ថា ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈមួយចំនួនរួមមាន៖ (១) ការជំរុញទំហំពាណិជ្ជកម្មទ្វេ ភាគី, (២) ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹក ចម្រុះហ្វូណនតេជោ, (៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, និង (៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយ នឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។ ជាមួយគ្នានេះ លោកស្រីភារធារី បានបញ្ជាក់ ជាថ្មី ពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែល មានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី 

ឆមាសទីមួយឆ្នាំនេះ គយប្រមូលចំណូលជូនជាតិបានចំនួនជាង ៦ពាន់ប៊ីលានរៀល មានការកើនឡើង ៤,៥ភាគរយ

2026/07/21 09:30:17 pm        339
យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា គិតក្នុងឆមាសទី១ ឆ្នាំ២០២៦ បានសម្រេចចំណូលចំនួនជាង ៦ពាន់ប៊ីលានរៀល (៦ ២៧៨,២ ប៊ីលានរៀល) កើនឡើងប្រមាណ ៤,៥% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៥ ដែលលើសផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦។ក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃទី២១ ខែកក្កដានេះ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ​កម្ពុជា បានរាយការណ៍ឱ្យដឹងថា សមាសភាគចំណូលពីទំនិញចម្រុះមានប្រមាណ៣៩%, យានយន្តនិងគ្រឿងចក្រមានប្រមាណ ៣៥%, ប្រេងឥន្ធនៈនិងថាមពលមានប្រមាណ ១៨,៥%, និងសម្ភារសំណង់និងកម្រៃផ្សេងៗ មានប្រមាណ ៧,៥% នៃចំណូលសរុប។ ឯកឧត្តម បានគូសរំលេច​នូវ​ការ​ប្រែប្រួលរចនាសម្ព័ន្ធចំណូលប្រមូលដោយគយ ជាពិសេស គឺការថយចុះចំណូលពីប្រេងឥន្ធនៈនិងឧស្ម័ន បណ្តាលមកពីការដាក់ពន្ធនិងអាករជាបន្ទុករដ្ឋលើការនាំចូលមុខទំនិញនេះ ដែលបានអនុវត្តចាប់ពីខែមីនា ឆ្នាំ២០២៦កន្លងមក និងការកើនឡើងនៃចំណូលពីក្រុមទំនិញចម្រុះ ដែលជាលទ្ធផល​នៃការ​អនុវត្តវិធានការមុតស្រួចស្តីពីការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច​របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ក្រៅពីការងារប្រមូលចំណូល ឯកឧត្ដមបណ្ឌិត បានបញ្ជាក់ថា ក៏សម្រេច​បាននូវលទ្ធផលល្អប្រសើរលើការងារផ្សេងទៀត ជាពិសេសពាក់ព័ន្ធកិច្ចសម្រួលពាណិជ្ជកម្ម មាន​ដូចជា ការបន្តពង្រីកមុខងារប្រព័ន្ធស្វ័យប្រវត្តិកម្ម, ការធ្វើសាមញ្ញកម្មនីតិវិធីគយដើម្បីសម្រួលដល់​វិស័យបញ្ញើឆាប់រហ័ស និង SMEs, ការបង្កើនចំនួនប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត, ការបង្កើនកិច្ចសហការជាមួយរដ្ឋបាលគយនៃបណ្តាប្រទេសជាដៃគូ និងកិច្ចសហការជាមួយវិស័យឯកជន ព្រមទាំងការកាត់បន្ថយចំណាយក្នុងការបំពេញបែបបទគយ ជាដើម។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនៃក្រុមការងារបច្ចេកទេសអាស៊ាន ផងដែរ។ ក្នុងពិធីបើកកិច្ចប្រជុំនេះ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលអគ្គនាយកដ្ឋានសម្រេចបាន ជាពិសេសក្នុងកាលៈទេសៈ នៃបញ្ហាប្រឈមធំៗមួយចំនួនដែលប៉ះពាល់ដល់ការប្រមូលចំណូលគយ។ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ ឱ្យបន្តយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តវិធានការនានាពាក់ព័ន្ធនឹងការងារគយ ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាលបានដាក់ចេញ ជាពិសេសវិធានការមុតស្រួចក្នុងការបង្ការនិងបង្ក្រាប​អំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ដើម្បីឈានទៅសម្រេចបានលទ្ធផលល្អប្រសើរទាំងលើការងារប្រមូល​ចំណូល ក៏ដូចជាការងារគាំទ្រផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគឱ្យកាន់​តែ​ប្រសើរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

សម្តេចធិបតី៖ ក្នុងគ្រាលំបាកនេះ ក្នុងមួយខែ រដ្ឋបានចំណាយ៥០-៦០លានដុល្លារដើម្បីសម្រាលបន្ទុកពលរដ្ឋ

2026/07/21 08:48:49 pm        496
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហា បង្កផលប៉ះពាល់ដល់កម្ពុជាដែរនោះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងមួយខែៗប្រមាណ៥០-៦០លានដុល្លារ ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ។សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ឺសថ៍ អេយសៀ នាព្រឹកថ្ងៃទី២១ ខែកក្កដា នេះ នៅសៀមរាប បានបញ្ជាក់ថា ក្នុងដំណាក់កាលដែលកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចពិភពលោកនេះ រាជរដ្ឋាភិបាលបានបញ្ចេញលុយជាច្រើនសម្រាប់ទប់អតិផរណា តាមរយៈការបន្ថយពន្ធប្រេង បន្ថយពន្ធលើសម្ភារៈ អគ្គិសនី ដែលប្រើថាមពលអគ្គិសនី ជាដើម។សម្ដេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់អះអាងថា ទោះជាប្រឈមនឹងបញ្ហាពិភពលោកដ៏ស្មុគស្មាញនាពេលនេះក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែដើរទៅមុខដោយស្វាហាប់ និងភាពធន់៕

សម្ដេចធិបតីបញ្ជាក់ជាថ្មីថា គ្មានការកាត់ថវិកាវិស័យអប់រំ និងសុខាភិបាល ទៅបង្កើនវិស័យការពារជាតិ

2026/07/21 08:26:58 pm        229
ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងមិនកាត់បន្ថយថវិកាពីវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីយកទៅទ្រទ្រង់វិស័យការពារ ជាតិនោះឡើយ។ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍ អេយសៀ នាព្រឹកថ្ងៃទី២១ ខែកក្កដា នេះ នៅខេត្តសៀមរាប សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់អំពីការបង្កើនថវិកាសម្រាប់វិស័យអប់រំ និងសុខាភិបាល ជាផែនការអាទិភាព ព្រោះប្រទេសរីកចម្រើនទៅបាន គឺត្រូវតែមានធនធានមនុស្ស ដែលមានចំណេះដឹង និងសុខុមាលភាពល្អ។ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរ ការបង្កើនធនធានមនុស្ស គឺត្រូវមានបីចំណុចសំខាន់ គឺទី១- សុខភាពល្អ ២- ចំណេះដឹង និងបំណិន និងទី៣- ឱកាសការងារ ដោយបីចំណុចនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជួយទៅដល់ប្រជាជន ហើយឲ្យប្រជាជនអាចជួយខ្លួនឯងបាន៕

សម្ដេចធិបតី សរសើរការកែទម្រង់វិស័យអប់រំ និងបន្តជំរុញការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាព

2026/07/21 08:11:21 pm        142
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ថ្លែងកោតសរសើរ សរសើរការកែទម្រង់វិស័យអប់រំ និងបន្តជំរុញការពង្រឹងសមត្ថភាពគ្រូបង្រៀនឱ្យមានគុណភាព។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី សម្ដែងការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ក្នុងការដាក់ចេញនូវគោលនយោបាយ ផែនការ និងកម្មវិធីកែទម្រង់នានា របស់ក្រសួងអប់រំ ដើម្បីបង្កើនការចូលរួម និងលើកកម្ពស់គុណភាពអប់រំនៅគ្រប់កម្រិតជាពិសេសការកែទម្រង់ឧត្តមសិក្សា។ សម្ដេចធិបតី បានបញ្ជាក់ថា តាមរយៈការកែទម្រង់វិស័យអប់រំជាលទ្ធផលគ្រឹះស្ថានឧត្តមសិក្សាទាំងរដ្ឋ និងឯកជន បាននឹងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្ដុះបណ្ដាល ក៏មានការរីកចម្រើនគួរឱ្យគត់សម្គាល់ ដោយឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនសិស្ស និស្សិតកម្ពុជាចូលរួមសិក្សា និងទទួលបានជ័យលាភីលើការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញវិទ្យាសាស្រ្ដ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទាំងនៅក្នុងតំបន់ និងសកលលោក។សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក វិស័យឯកជននានាជាដៃគូ ក្នុងការចូលរួមលើកកម្ពស់វិស័យអប់រំ ចាប់តាំងពីថ្នាក់បឋម រហូតដល់ថ្នាក់ឧត្តមសិក្សា៕

ជនបរទេសជិត ១ពាន់នាក់ទៀត ត្រូវបានបណ្តេញចេញពីកម្ពុជាពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា Online Scams

2026/07/21 08:05:08 pm        387
ភ្នំពេញ៖ អាជ្ញាធរកម្ពុជាបានសម្រេចបណ្ដេញជនបរទេសខុសច្បាប់សរុបចំនួន ៩៣២នាក់ (ស្រី ១៤៧នាក់) មាន ២៣សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បន្តអនុវត្តនីតិវិធីបណ្ដេញចេញនូវក្រុមជនបរទេសទាំងនោះជាបន្តបន្ទាប់។ ​ជនបរទេសទាំង ២៣សញ្ជាតិ រួមមាន៖ ចិន, អ៊ូហ្គង់ដា, បង់ក្លាដេស, ប៉ាគីស្ថាន, ថៃ, ចិនតៃវ៉ាន់, នេប៉ាល់, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ឥណ្ឌា, មីយ៉ាន់ម៉ា, កូរ៉េ, វៀតណាម, នីហ្សេរីយ៉ា, ជប៉ុន, ឡាវ, អង់គ្លេស, លីប៊េរីយ៉ា, រុស្ស៊ី, ស្រីលង្កា, សិង្ហបុរី, នូវែលហ្សេឡង់ និងអ៊ូស្បេគីស្ថាន។ ​ក្នុងចំណោមនោះ មានករណីពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រួមមាន៖ ​ជនជាតិចិន ១៦២នាក់ (ស្រី ០២នាក់): ត្រូវបានបណ្ដេញចេញតាមយន្តហោះពិសេស តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ។ ​ជនជាតិវៀតណាម ១៩នាក់ (ស្រី ០៨នាក់): ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី (ខេត្តព្រៃវែង)។ ​ជនជាតិថៃ ១៧នាក់ (ស្រី ០៨នាក់): ត្រូវបានបណ្ដេញចេញតាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង)។ ​ចំណែកជនបរទេសផ្សេងទៀត ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសារប្រព្រឹត្តបទល្មើសផ្សេងៗដូចជា៖ ការលួចឆ្លងដែន, បន្លំឯកសារ, ស្នាក់នៅគ្មានលិខិតឆ្លងដែន, ចាប់ជំរិទទារប្រាក់, ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ (QR Code ក្លែងក្លាយ), ជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ធ្វើការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។ ​ប្រតិបត្តិការបណ្ដេញចេញជនជាតិបរទេសខុសច្បាប់នេះ គឺជាការអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា៖ «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសំអាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបានខិតខំប្រឹងប្រែងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ស្រាវជ្រាវបង្ក្រាបដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាព៕

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍អ្នកវិនិយោគិនអាមេរិកក្នុងពង្រីក និងបណ្ដាក់ទុនបន្ថែមនៅកម្ពុជា

2026/07/21 07:55:33 pm        454
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ប្រកាស ស្វាគមន៍អ្នកវិនិយោគិនអាមេរិកក្នុងពង្រីក និងបណ្ដាក់ទុនបន្ថែមនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និងគណៈប្រតិភូតំណាងក្រុមហ៊ុនអាមេរិក ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះនៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក ឯកឧត្តមប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដែលដឹកនាំនូវអ្នកវិនិយោគអាមេរិកមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជានាឱកាសនេះ។ សម្ដេចតេជោបានលើកឡើងថា ជាញឹកញាំចាប់តាំងពីសម្ដេចនៅជានាយករដ្ឋមន្រ្ដី គឺតែងតែជួបជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ានដែលជជែកទៅលើបញ្ហាសេដ្ឋកិច្ច និងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ក៏បានលើកឡើងនៅចំពោះមុខអ្នកវិនិយោគរបស់អាមេរិកថា នៅពេលនេះទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកកំពុងតែមានការកើនឡើង ហើយសម្ដេចសង្ឃឹមថា អ្នកវិនិយោគរបស់អាមេរិកនឹងមកបណ្ដាកទុននៅកម្ពុជាកាន់តែច្រើនបន្ថែមទៀត។ នៅក្នុងឱកាសនោះ ឯកឧត្តម Brian D. McFeeters ប្រធាននាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន បានសម្ដែងនូវការអរគុណជាអនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងធុរជនរបស់អាមេរិកបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មានសមាជិករបស់ហូតទៅដល់ជាង ១៨០ ក្រុមហ៊ុនដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅក្នុងប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជាតែម្ដង។ ឯកឧត្តមក៏បានលើកឡើងថា នៅពេលនេះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកកំពុងកំពុងតែមានដំណើរការល្អ និងមានភាពល្អប្រសើរ ហើយឯកឧត្តម ក្នុងនាមវិស័យឯកជនតំណាងឱ្យក្រុមធុរកិច្ចអាមេរិក-អាស៊ានគឺចង់ចូលរួមចំណែកនៅក្នុងាករវិនិយោគនៅក្នុងប្រទេសកម្ពុជា និងរួមចំណែកក្នុងការពង្រីកទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម Brian D. McFeeters លើកឡើងថា ធុរជនរបស់អាមេរិក ក៏ដូចជាដៃគូក្រុមហ៊ុនរបស់អាមេរិកដែលមកជួបសម្ដេចតេជោ គឺដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ ក៏ដូចជាពង្រីកការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនធំៗដែលជួបសម្ដេចតេជោ ក្នុងពេលនេះមានដូចជាក្រុមហ៊ុន Ford, ក្រុមហ៊ុន SC Johnson និងក្រុមហ៊ុន Coca-Cola ជាដើម រួមជាមួយនឹងក្រុមហ៊ុនដៃគូរបស់អាមេរិកមួយចំនួនទៀតដែលបានដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោនាឱកាសនេះ។ នៅក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម Brian D. McFeeters ចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកដែលកំពុងតែមានភាពល្អប្រសើរជាមួយគ្នា ហើយសម្ដេចតេជោ គាំទ្រយ៉ាងពេញទំហឹងចំពោះអ្នកវិនិយោគរបស់អាមេរិកមកកាន់កម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនេះឯងដែលជាចំណុចស្នូលដោយសម្ដេចសង្ឃឹមថា អ្នកវិនិយោគទុនរបស់អាមេរិកនឹងមកបណ្ដាក់ទុននៅកម្ពុជាកាន់តែច្រើន។ សម្ដេចបានគត់សម្គាល់ថា វិនិយោគិនរបស់អាមេរិកដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជាលើផលិតផលធ្វើដំណើរដូចជារថយន្ត ផ្នែកសុខុមាលភាព វិស័យអប់រំ និងការពង្រឹងផ្នែកបច្ចេកវិទ្យាផងដែរដែលជាចំណុចស្នូលមួយដែលកម្ពុជាចង់បាន។ សម្ដេចតេជោ បានលើកឡើងថា ប្រទេសកម្ពុជា ថ្វីត្បិតតែមានប្រជាជនតិច ប៉ុន្ដែមានកម្លាំងទិញដ៏ធំ៕

សម្ដេចធិបតី៖ ក្នុងអាណត្តិទី៧នេះ រដ្ឋាភិបាលនឹងពន្លឿនការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

2026/07/21 07:40:16 pm        135
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ថ្លែងបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នឹងបន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃប្រជាពលរដ្ឋកម្ពុជា ជាពិសេសយុវជន និងកុមារ ឱ្យមានចំណេះដឹងទូលាយ ជំនាញពិតប្រាកដ សីលធម៌ និងវិន័យ ក៏ដូចជា សុខភាពផ្លូវកាយ និងផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេលទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ ទីផ្សារការងារ និង កិច្ចការពារមាតុភូមិ។ ក្នុងឱកាសនោះសម្ដេចធិបតីបានបញ្ជាក់ថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលធនធានមនុស្ស, ទាំងរដ្ឋ និង ឯកជន, បាននិងកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ហើយគុណភាពនៃការអប់រំ និងការបណ្តុះ បណ្តាលក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់, ឆ្លុះបញ្ចាំងតាមរយៈ ការកើនឡើងនូវចំនួនសិស្សនិស្សិតកម្ពុជា ចូលរួម និងទទួលបានជ័យលាភីនៅក្នុងការប្រកួតប្រជែងសមត្ថភាពលើមុខជំនាញ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា, ទាំងនៅកម្រិតតំបន់ និង សកលលោក។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «មនុស្ស» គឺជាធនធានចាំបាច់មិនអាចខ្វះបានសម្រាប់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដោយបានខិតខំកែច្នៃពលរដ្ឋកម្ពុជា ជាពិសេស យុវជន និង កុមារ ឱ្យមានចំណេះដឹងទូលាយ ជាមួយជំនាញពិតប្រាកដ, សីលធម៌ និង វិន័យ, ក៏ដូចជា សុខភាពផ្លូវកាយ និង ផ្លូវចិត្តរឹងមាំ សំដៅឆ្លើយតបបានកាន់តែប្រសើរ និងទាន់ពេល ទៅនឹងតម្រូវការនៃការអភិវឌ្ឍជាតិ, ទីផ្សារការងារ និង កិច្ចការពារជាតិមាតុភូមិ ។ ក្នុងន័យនេះ, រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បន្តពន្លឿនការកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព, ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការសិក្សាដាក់ចេញនូវគោលនយោបាយ, យុទ្ធសាស្រ្ត និងកម្មវីធី កែទម្រង់ស៊ីជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន៕

សម្ដេចធិបតី៖ ទស្សនកិច្ចនៅចិន គឺដើម្បីទាញផលប្រយោជន៍បច្ចេកវិទ្យា AI សម្រាប់អភិវឌ្ឍកម្ពុជា

2026/07/21 07:22:26 pm        124
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាន៍បញ្ជាក់ថា ដំណើរចូលរួមបំពេញទស្សនកិច្ចការងារនៅរដ្ឋធានីប៉េកាំង និងចូលរួមសន្និសីទពិភពលោកស្ដីពីបញ្ញាសប្បនិម្មិត ឆ្នាំ២០២៦ កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីក្រុងសៀងហៃ សាធារណរដ្ឋប្រជាមានិតចិនកន្លងទៅរបស់សម្ដេច គឺដើម្បីទាញផលប្រយោជន៍ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងពីយន្តការផ្សេងៗទៀតមកពង្រឹងកម្ពុជា ខណៈ AI គឺជាបច្ចុប្បន្ន និងអនាគត បើកម្ពុជាមិនទទួលស្គាល់ មិនត្រៀមលក្ខណៈនឹងមិនចាប់ឱកាសពីឥឡូវទេនោះកម្ពុជានឹងដើរថយក្រោយគេហើយ។ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ, សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសតូច ការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ និងលើកកម្ពស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)ផ្ទៃក្នុងក៏ជាការមួយល្អ ប៉ុន្ដែយើងត្រូវទទួលស្គាល់នូវគម្លាតបច្ចុប្បន្ន ខណៈប្រទេសខ្លះគេវិនិយោគលឿនជាងយើង ដូច្នេះដើម្បីឱ្យលំហូរនៃវិទ្យាសាស្រ្ដទាំងអស់នោះមក គឺយើងត្រូវចូលរួមជាមួយបច្ចេកវិទ្យាទាំងអស់នោះ។ សម្ដេចធិបតី បានឱ្យដឹងទៀតថា ក្នុងពេលជំនួបជាមួយវិនិយោគិនចិនធំៗនៅចិន ពួកគេភាគច្រើនចាប់អារម្មណ៍មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ប៉ុន្ដែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះពួកគេភាគតិចបំផុតដែលមកសុំវិនិយោគលើការដាំដំណាំកសិកម្ម, អ្នកធ្វើកសិកម្មមានមកដែរ ប៉ុន្ដែគេចង់ធ្វើ កសិ-ឧស្សាហកម្មបើករោងចក្រ ផលិតផលិតផលសម្រេច, ក្រៅពីនោះភាគច្រើនពួកគេចង់មកវិនិយោគលើផលិតគ្រឿងបង្គុំអគ្គិសនី និងបណ្ដុះបណ្ដាលបច្ចេកវិទ្យា AI។ សូមជម្រាបថា នៅក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាទិភាពបច្ចេកវិទ្យាត្រូវបានកំណត់ជា «អាទិភាពគន្លឹះទី៥» (បន្ទាប់ពី មនុស្ស ផ្លូវ ទឹក ភ្លើង) ដោយផ្តោតជាសំខាន់លើ «បច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងការធ្វើបរិវត្តកម្មឌីជីថល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងបរិស្ថាន បញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តដោយខុសច្បាប់ បន្ទាប់​ពី​ទ​​ទួលបានបណ្ដឹងពីពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត
07/25/2026 11:07 AM
កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
07/25/2026 11:07 AM
លោកTrump គំរាមថា អឺរ៉ុបនឹងជួបលទ្ធផលអាក្រក់ក្រោយពីទីក្រុងព្រុចសែលពិន័យក្រុមហ៊ុន Google ១ពាន់លានដុល្លារ
07/25/2026 11:07 AM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំការប្រកួតប្រជែងនិយាយជាសាធារណៈវគ្គផ្តាច់ព្រ័ត្រ លើ​ប្រធានបទ៖ «តើយុវជនត្រូវត្រៀមខ្លួនយ៉ាងដូចម្តេច ដើម្បីចូលរួមសម្រេចចក្ខុវិស័យ​កម្ពុជាឆ្នាំ២០៥០?»
07/25/2026 11:07 AM
មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM