សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ

ព័ត៌មានជាតិ

ក្រសួងការងារ បើកសិក្ខាសាលារយៈពេលពីរថ្ងៃ ដើម្បីប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥

2026/07/22 12:18:57 am        133
(ភ្នំពេញ)៖ លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា «ប្រឹក្សាយោបល់ប្រមូលធាតុចូលលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥» នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ តំណាងកម្មករនិយោជិត សហជីព និងអ្នកពាក់ព័ន្ធជាច្រើនរូប។ក្នុងឱកាសនេះ លោកជំទាវ សុវណ្ណ វណ្ណារតន៍ បានថ្លែងថា សិក្ខាសាលារយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០២៦ រៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំសេចក្តីព្រាងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឆ្នាំ២០២៦-២០៣៥ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ បរិយាបន្ន និងឆ្លើយតបទៅនឹងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម គោលនយោបាយជាតិស្តីពីមុខរបរ និងការងារព្រមទាំងការត្រៀមខ្លួនរបស់កម្ពុជាឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។លោកជំទាវរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា គោលនយោបាយនេះនឹងបន្តពង្រឹងលើវឌ្ឍនភាពបន្ថែមក្នុងទិសដៅជំរុញការកសាងមូលធនមនុស្សឱ្យស្របតាមបាវចនានៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ និងដើរតួនាទីជាមាគ៌ាដ៏សំខាន់ក្នុង ការតម្រង់ទិសដោយធ្វើបរិវត្តកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីនៃការបណ្តុះបណ្តាលជំនាញ តាមរយៈការបើកច្រកឱ្យទូលាយតាមគ្រឹះស្ថាន ធីវេត ការបង្កើតវគ្គសិក្សាតាមថ្នាលឌីជីថល ឬ បញ្ញាសិប្បនិម្មិត (AI) ការរៀបចំកម្មវិធីនៃការបណ្តុះបណ្តាលឆ្លាស់ជាមួយគ្រឹះស្ថាន ធីវេត អន្តរជាតិ ការរៀបចំលើការទទួលស្គាល់ការសិក្សាវគ្គខ្លីៗដោយចូលរួមតាមរយៈការលើកកម្ពស់ការសិក្សាពេញមួយជីវិត ការបង្កើនជំនាញ និងការផ្លាស់ប្តូរជំនាញ ព្រមទាំងពង្រឹងភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកសាងកម្លាំងពលកម្មដែលមានគុណភាព ផលិតភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់។ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន គ្រឹះស្ថាន ធីវេត ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធ ចូលរួមផ្តល់មតិយោបល់ និងធាតុចូលប្រកបដោយគុណភាព ដើម្បីធានាថា គោលនយោបាយនេះមានភាពស៊ីជម្រៅ អាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព និងក្លាយជាគោលនយោបាយជាតិរួម សម្រាប់ការកសាងមូលធនមនុស្សកម្ពុជា ស្របតាមតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត៕

យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ​ នៅខេត្តកំពង់ឆ្នាំង អាច​ស្នើសុំអាហារូបករណ៍ជាង ១ពាន់កន្លែង ពីវិទ្យា​ស្ថាន PIKCHH តាម​រយៈ​កម្ម​​វិធី TVET 1.5M

2026/07/22 12:08:33 am        120
(កំពង់ឆ្នាំង)៖ វិទ្យាស្ថាន​ពហុបច្ចេកទេសខេ​ត្ដកំពង់ឆ្នាំ​ង(PIKCHH) នៃក្រ​សួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​​ផ្តល់​អាហា​រូប​ក​រណ៍​ចំ​នួន ១,៤១៥ ​កន្លែង​ ដល់​យុវជ​ន​មក​ពីគ្រួសា​រ​ក្រីក្រ និង​ងាយ​រងហា​និភ័យ ក្រោ​មកម្មវិធី​បណ្ដុះ​​បណ្ដាល​ជំនា​ញ វិជ្ជាជីវៈ និង​បច្ចេក​ទេស​(TVET 1.5M) របស់​​សម្ដេចមហា​បវ​រធិបតី ហ៊ុន ម៉ា​ណែត​។បើតាមវិទ្យាស្ថាន PIKCHH បានឲ្យដឹងថា អាហារូបករណ៍ទាំងនេះ ផ្ដោតលើមុខជំនាញចំនួន ១៣​ រួមមាន សេវាកម្ម​កុំព្យូទ័រ, ការរចនាក្រាហ្វិក​ដោយ​​កុំព្យូទ័រ, កា​រ​ដំឡើង និ​ង​អនុវត្ដ​បច្ចេ​ក​វិទ្យា​ឌីជីថល, ការថែ​ទាំ និងជួ​សជុល​រថយន្ដ, ការថែទាំ​ និងជួសជុ​លម៉ាស៊ីនត្រ​ជាក់​រថយន្ដ, ការ​ដំឡើង​បណ្ដាញ​អគ្គិ​ស​នីក្នុងអគារ, ការ​ថែទាំ​ និង​ជួសជុល​ម៉ូទ័រអ​គ្គិសនី, ការដំ​ឡើង និងថែ​ទាំកាម៉េរា​សុវត្ថិភាព, សេវាកម្មបរិ​ក្ខារត្រជាក់​ក្នុងគេ​ហ​ដ្ឋាន, សេ​វា​កម្មសម្អាង​កាយ, ការថែ​ទាំ និងជួសជុល​ម៉ាស៊ីនធុនតូច, ការថែទាំ និង​ជួសជុលអគ្គិសនីរថយន្ដ, និងការកែ​ច្នៃបន្លែ​ និងផ្លែ​ឈើ។អត្ថប្រ​យោជន៍​ដែលទទួលបាន គឺការសិក្សា​ដោយ​​ឥតបង់ថ្លៃ, ទទួល​​បាន​ការ​ប្រឹ​ក្សា​យោបល់​ពី​កា​រជ្រើសរើស​ជំនាញ និង​ព័ត៌មាន​ទីផ្សារ​កា​រងារ, កន្លែង​​ចុះ​កម្មសិក្សា​នៅ​​តាម​សហ​គ្រាស, ទទួលបាន​​សញ្ញាបត្រ​ (C1) និង​ឱកាស​បន្ត​កា​រ​សិក្សា, ទទួ​ល​បាន​ប្រា​ក់ឧបត្ថម្ភ ១ ១២០ ០០០រៀល ក្នុង​មួយ​វគ្គ (ចំពោះអ្ន​ក​មាន​ប័ណ្ណសម​ធម៌ ក្រីក្រ ១,២ ឬគ្រួសារងាយរង​​ហានិភ័យ​ដែល​មានសុពលភាព)។ចំពោះវគ្គ​សិក្សាថ្មី នឹងចាប់ផ្តើមចុះឈ្មោះ​ចូលរៀនចាប់​ពីថ្ងៃជូនដំណឹង​នេះតទៅ ហើ​យសូម​​ទាក់ទង​ទៅកា​ន់​ទូ​រ​សព្ទលេខ ០១២​ ៤៧៤ ៣៤១/ ០១៥ ៨៤០ ៤២០/ ០១០​​ ៥៤៦ ១៧៧/ ០៩៧ ២៦៩ ៥៧១៣ ឬអ​ញ្ជើញ​​មក​វិទ្យាស្ថាន​ពហុបច្ចេកទេសខេត្ដកំពង់ឆ្នាំង ដែលមាន​ទីតាំងស្ថិត​នៅភូ​មិទួ​លក្រ​ឡា​ញ់ សង្កាត់កំ​ពង់ឆ្នាំង ក្រុងកំពង់​ឆ្នាំង ខេត្ដកំពង់ឆ្នាំ​ង។គួររម្លឹកថា កម្មវិធី​​បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន​គោ​លដៅមកពី​គ្រួសារ​​ក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យនៅទូទាំង​ប្រ​ទេស​ចំនួនប្រ​មាណ ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជី​វៈ ត្រូវបាន​​ផ្ដួចផ្ដើមឡើងដោយសម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០​២៣ និងប្រ​កាសដាក់ឱ្យអនុវត្តដោយ​សម្ដេចមហា​​បវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរា​ជា​ណាចក្រកម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែវិ​ច្ឆិកា ឆ្នាំ២០២៣៕

អគ្គនាយករងអង្គការយូណេស្កូបញ្ជាក់ជំហរគាំទ្រ និងតាមដានដោយយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហាររងការខូចខាតដោយថៃឈ្លានពាន

2026/07/21 11:33:08 pm        193
ភ្នំពេញ៖ឯកឧត្តម Nayef Al-Fayez អគ្គនាយករងអង្គការយូណេស្កូ បញ្ជាក់ជំហរគាំទ្រ និងតាមដានដោយយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារដែលរងការខូចខាតដោយសារ​ថៃឈ្លានពាន ហើយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃតាមរយៈវប្បធម៌។ឯកឧត្តម Nayef Al-Fayez អគ្គនាយករង អង្គការយូណេស្កូ បានបញ្ជាក់បែបនេះ ក្នុងឱកាសជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២នេះ នៅក្នុងអំឡុងសម័យប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៨ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ។ ក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តម ដែលត្រូវបានជ្រើសរើសនិងផ្តល់សេចក្តីទុកចិត្តឱ្យបំពេញការងារយ៉ាងសំខាន់ជា អគ្គនាយករង ទទួលបន្ទុកវប្បធម៌នៃអង្គការយូណេស្កូ និងថ្លែងអំណរគុណដល់ ឯកឧត្តម ដែលបានបញ្ជូនរបាយការណ៍នៃបេសកកម្មរបស់អ្នកជំនាញគណៈកម្មការបេតិកភណ្ឌពិភពលោក និងអ្នកជំនាញការ ICOMOS ដែលបានបំពេញបេសកកម្មការងារនៅប្រាសាទព្រះវិហារកាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦កន្លងទៅ តបតាមការអញ្ជើញរបស់កម្ពុជា។ លោកជំទាវ រដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរចំពោះគុណភាពរបស់របាយការណ៍ដែលមានលក្ខណៈបច្ចេកទេសគ្រប់ជ្រុងជ្រោយ សុក្រឹត្យ និងឆ្លុះបញ្ចាំងអំពីស្ថានភាពជាក់ស្តែងដែលបាននិងកំពុងកើតឡើងនៅប្រាសាទព្រះវិហារ។ លោកជំទាវ រដ្ឋមន្រ្តី ក៏បានជម្រាបជូន ឯកឧត្តម អគ្គនាយករង អំពីបំណងរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលបេតិកភណ្ឌអរូបី នៅឆ្នាំណាមួយក្នុងអំឡុងពេលដែលកម្ពុជា ជាសមាជិកគណៈកម្មាធិការចាប់ពីឆ្នាំ២០២៦ រហូតដល់២០៣០ ខាងមុខនេះ។ឯកឧត្តម អគ្គនាយករង បានសន្យានឹងគាំទ្រសំណើធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំនេះ ហើយក៏បានបញ្ជាក់អំពីកិច្ចគាំទ្ររបស់យូណេស្កូ និងក្នុងនាមរបស់ ឯកឧត្តម ផ្ទាល់ក្នុងការតាមដានយកចិត្តទុកដាក់ចំពោះករណីប្រាសាទព្រះវិហារ ដោយនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការសម្របសម្រួលដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសទាំងពីរតាមរយៈវប្បធម៌៕

កម្ពុជា-ហ្វីលីពីន បើកវេទិកាធុរកិច្ចជំរុញការនាំចេញអង្ករ ស្វាយចន្ទី និងផលិតផលបសុសត្វ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

2026/07/21 11:29:13 pm        129
នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសបំពេញទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន បានរួមគ្នារៀបចំ «វេទិកាផ្សារភ្ជាប់ទំនាក់ទំនងរវាងរដ្ឋាភិបាល និងវិស័យឯកជន កម្ពុជា-ហ្វីលីពីន ក្នុងវិស័យកសិកម្ម» សំដៅជំរុញទំហំពាណិជ្ជកម្មកសិកម្ម បំពេញតម្រូវការទីផ្សារ និងធានានិរន្តរភាពសន្តិសុខស្បៀងជូនប្រជាជាតិនៃប្រទេសទាំង២។ ក្នុងវេទិកានេះ មានការចូលរួមពីក្រុមហ៊ុនឯកជនកម្ពុជា និងហ្វីលីពីនសរុបប្រមាណ ៣៣ ក្រុមហ៊ុន ដេីម្បីចូលរួមពិភាក្សា ពីលទ្ធភាពនាំអង្ករបន្ថែមពីកម្ពុជាទៅកាន់ហ្វីលីពីនព្រមទាំងផលិតផលកសិកម្មសក្តានុពលផ្សេងទៀតរបស់កម្ពុជារួមមាន៖ គ្រាប់ស្វាយចន្ទី និងផលិតផលបសុសត្វ មកកាន់ទីផ្សារហ្វីលីពីន ព្រមទាំងការសហការគ្នាលើការផ្គត់ផ្គង់ជីកសិកម្មដើម្បីធានានិរន្តរភាពធាតុចូលកសិកម្មនៃប្រទេសទាំងពីរផងដែរ។នេះជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការថ្មីបន្ថែមទៀតរវាងកម្ពុជា និងហ្វីលីពីន លើការបើកទីផ្សារអង្ករកម្ពុជា និងកសិផលសក្តានុពល ដែលនឹងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចជូនប្រជាកសិករកម្ពុជា៕

កម្ពុជាកំពុងជំរុញអភិវឌ្ឍន៍បច្ចេកវិទ្យាក្នុងវិស័យឧស្សហកម្ម ដើម្បីឱ្យវិស័យនេះមាននិរន្តរភាព

2026/07/21 10:55:42 pm        389
កម្ពុជាបាននិងកំពុងជំរុញការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សហកម្ម ដោយមានគោលដៅពន្លឿនកិច្ចដំណើរការនៃការអភិវឌ្ឍ ឧស្សាហកម្មនៅកម្ពុជាឱ្យប្រកបដោយនិរន្តរភាព បង្កើនដល់បរិមាណនៃការផលិត និងការឆ្លើយតបទៅនិងតម្រូវការទីផ្សារនាំចេញ។ ឯកឧត្តម ផែ ច័ន្ទត្រាវុឌ្ឍ អគ្គនាយកឧស្សាហកម្ម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើង ក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងខ្សែច្រវាក់ផលិតកម្មឧស្សាហកម្មកម្ពុជាថា នៅក្នុងរយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យឧស្សាហកម្មមានការរីកចម្រើនគួរកត់សម្គាល់ ក្នុងនោះការប្រើប្រាស់បច្ចេក វិទ្យានេះត្រូវបានកំពុងជំរុញថែមទៀត ព្រោះការយកបច្ចេកវិទ្យាមកប្រើប្រាស់ក្នុងឧស្សាហកម្ម បានជួយកាត់បន្ថយថ្លៃដើម បង្កើន ល្បឿនផលិត កាត់បន្ថយការខូចខាត និងត្រួតពិនិត្យគុណភាពឱ្យកាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្នកម្ពុជាក៏កំពុងទទួលបាន ការវិនិយោគលើអេឡិចត្រូនិច, ឧស្សាហកម្មផ្គុំ និងដំឡើងយានយន្ត, រោងចក្រផលិតសំបក់កង់ឡាន, និងរំពឹងថា ទៅពេលអនាគត ឧស្សាហកម្មធុនធំនឹងហូរមកកម្ពុជាកាន់តែច្រើន។ ឯកឧត្តម បន្តឱ្យដឹងថា ពាក់ព័ន្ធវិស័យឧស្សាហកម្មនេះ ពីមុនឧស្សាហកម្មកម្ពុជាភាគច្រើនគឺប្រើដោយកម្លាំងមនុស្ស បច្ចុប្បន្ន ឧស្សាហកម្មកម្ពុជាកំពុងប្រើប្រាស់ប្រាស់ប្រព័ន្ធឌីជីថលរួចហើយ តែកម្ពុជានៅត្រូវការបច្ចេកវិទ្យាថ្មីៗបន្ថែមទៀត ដើម្បីពន្លឿនដល់ខ្សែ ច្រវាក់ផលិតកម្ម។ ព្រោះថាការចាប់យកបច្ចេកវិទ្យាមកប្រើប្រាស់នេះ គឺមានគោលបំណងអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជាឱ្យមាន និរន្តរភាព ខណៈដែលពិភពលោកបាននិងកំពុងអភិវឌ្ឍន៍ឧស្សាហកម្ម​ឱ្យទៅជាអេកូ-ឧស្សាហកម្ម (ជាគោលគំនិតមួយដែលសិក្សា និងយកតម្រាប់តាមប្រព័ន្ធធម្មជាតិ ដោយបំប្លែងដំណើរការឧស្សាហកម្មប្រពៃណី ឱ្យទៅជាប្រព័ន្ធរង្វិលជុំ)។ជុំវិញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា កំពុងឈានចូលដំណាក់កាលថ្មីមួយ ជាមួយនឹងកំណើនគួរឱ្យកត់សម្គាល់ ទាំងកំណើនចំនួនរោង ចក្រ ទុនវិនិយោគតម្លៃផលិតកម្ម និងចំនួនការងារ ជាក់ស្តែងគិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៦នេះ កម្ពុជាមានរោងចក្រកំពុង ដំណើរការ ដែលចុះបញ្ជីនៅក្រសួងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានចំនួនសរុប ៣.៣១៩ រោងចក្រ, កម្លាំងពលកម្មមានចំនួនជាង ១,៣ លាននាក់ ក្នុងនោះស្រីមានជាង ៩៤ ម៉ឺននាក់ ។ ចំណែកទុនវិនិយោគសរុបមានប្រមាណជិត ២៨ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណជាង ៥ ប៊ីលានដុល្លារអាមេរិក ស្មើជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជាង ៤,២ ប៊ីលានដុល្លារអាមេរិក ស្មើនឹង ១៥% នៃទុនវិនិយោគសរុប៕ អត្ថបទ៖ សុន រ៉ាឌី 

ប្រមុខការទូតកម្ពុជា អំពាវនាវឲ្យសហការីអាស៊ានធ្វើយ៉ាងណាគាំទ្រឲ្យជនភៀសសឹកកម្ពុជាបានវិលត្រឡប់ទៅផ្ទះសម្បែងពួកគាត់វិញដោយគ្មានការរារាំងពីពួកទាហានថៃ

2026/07/21 10:50:21 pm        316
នៅក្នុងកិច្ចជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែ ដែលបានធ្វើ ឡើងនៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៦នេះ ប្រមុខការទូតកម្ពុជាបានអំពាវនាវ ឲ្យសហការីអាស៊ានទាំងអស់គាំទ្រការអំពាវនាវឲ្យជនភៀសសឹកកម្ពុជា បានវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគាត់វិញដោយសុវត្ថិភាព និងគ្មានការរារាំងពីសំណាក់យោធាថៃ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល បានចេញនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦នេះ បានឲ្យដឹងថា នៅក្នុងកិច្ចជំនួបជាមួយបណ្តារដ្ឋមន្រ្តីការ បរទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈ កម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះ ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រ សួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានលើកឡើងអំពីផលវិបាកនៃស្ថានភាពសិទ្ធិមនុស្ស របស់ជនស៊ីវិលកម្ពុជា ដែលបានកំពុងប្រឈម ដោយសារការឈ្លានពានរបស់យោធាថៃ។ តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំខាងលើនេះ ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់អីផលវិបាកនៃស្ថានភាពមនុស្សធម៌ និងសិទ្ធិមនុស្សដែលជនស៊ីវិល កម្ពុជាកំពុងប្រឈម ដោយសារបានក្លាយជាជនរងគ្រោះនៃជម្លោះព្រំដែន។ នៅចំពោះមុខរដ្ឋមន្រ្តីបណ្តាប្រទេសអាស៊ាន និងតំណាងគណៈកម្មអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែនេះដែរ ឯកឧត្តម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ផងដែរថា មានជនស៊ីវិលកម្ពុជាច្រើនជាងពីរម៉ឺននាក់បន្តរស់នៅក្នុង ជម្រកបណ្តោះអាសន្ន ដោយមានកុមារជាច្រើននាក់មិនអាចចូលរៀនបាន ជនចាស់ជរានិងជនងាយរង គ្រោះផ្សេងទៀតខ្វះលទ្ធភាពទទួលបានការថែទាំចាំបាច់គ្រប់គ្រាន់ បើទោះបីជារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយការលំបាករបស់ពួកគេយ៉ាងណាក៏ដោយនោះ។ ក្នុងន័យនេះប្រមុខការទូតកម្ពុជា បានអំពាវនាវដល់សហការីអាស៊ានគាំទ្រការអំពាវនាវឲ្យពួកគាត់ វិលត្រឡប់ទៅកាន់ផ្ទះសម្បែង និងរស់នៅដូចធម្មតាវិញ ដោយគ្មានការរាំង ប្រកបដោយសុវត្ថិភាព និងភាពថ្លៃថ្នូរជាដើមផងដែរ៕

សហគមន៍កសិកម្មទំនើបនឹងកើនឡើងដល់៦០ នៅចុងឆ្នាំ២០២៦ ខណៈបច្ចុប្បន្នមានចំនួន៣៨

2026/07/21 10:31:14 pm        352
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ក្តីរំពឹងទុកថា នៅចុងឆ្នាំ២០២៦នេះ ចំនួនសហគមន៍កសិកម្មទំនើប អាចនឹងរត់ទៅដល់ចំនួនប្រហែល៦០ ដោយសារអនាគតនឹងមានគម្រោងថ្មីមួយទៀត ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងហានិភ័យ និងខណៈបច្ចុប្បន្នសហគមន៍កសិកម្មទំនើបមានចំនួន៣៨រួចហើយ។ នៅក្នុងកិច្ចសម្ភាសន៍កម្មវិធី “ពីកម្ពុជា” ជាមួយ ប៊ីធីវី កាលពីកន្លងទៅថ្មីៗនេះ ឯកត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ឱ្យដឹងថា គិតក្នុងរយៈពេលជាង២ឆ្នាំ នៃការបង្កើតគម្រោងសហគមន៍កសិកម្មទំនើប រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងកសិកម្ម កំពុងបន្តពន្លឿនការរៀបចំ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចកសិករ និងកែប្រែទម្រង់កសិកម្មពីបែបប្រពៃណី ទៅជាសហគ្រាសកសិកម្មដ៏រឹងមាំ។ ហើយគិតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបមានចំនួន៣៨ ក្នុងខេត្តចំនួន១៤ ដោយគ្របដណ្តប់លើដំណាំ និងកសិផលសំខាន់ៗចំនួន ៦ ប្រភេទ រួមមាន៖ ស្រូវ ស្វាយចន្ទី បន្លែ ម្រេច មាន់ស្រែ និងមៀនប៉ៃលិន។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់ជាថ្មីទៀតថា ការបង្កើតសហគមន៍កសិកម្មទំនើបនេះឡើង ក្នុងគោលដៅសំខាន់ៗ គឺដើម្បីជួយដល់ប្រជាកសិករតូចៗដែលមិនមានលទ្ធភាពធ្វើកសិកម្មប្រកបដោយប្រសិទ្ធិភាពសេដ្ឋកិច្ច អាចថា ខ្វះទុន ខ្វះបច្ចេកទេស ខ្វះទីផ្សារ ខ្វះការគាំទ្រ ថ្លៃផលិតខ្ពស់ជាដើម ជាពិសេស ដើម្បីដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធក្នុងវិស័យកសិកម្ម និងជំរុញសេដ្ឋកិច្ចជាតិ។ ដើម្បីបង្កើនការគាំទ្រដល់ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពង្រីកកិច្ចសហការជាមួយដៃគូពាក់ព័ន្ធជាច្រើនជាមួយវិស័យឯកជននានា ដើម្បីធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទិញកសិផលពីសហគមន៍កសិកម្មទំនើបនៅកម្ពុជាផងដែរ។ លើសពីនេះ ក្រសួងក៏បានកៀរគរធនធានពីប្រភពផ្សេងៗជួយដល់សហគមន៍កសិកម្មទំនើប ដោយបានសម្រប សម្រួលស្វែងរកដៃគូពាក់ព័ន្ធ និងគម្រោងជាច្រើនផងដែរ។ សូមជំរាបជូនទៀតថា ក្រៅពីសហគមន៍កសិកម្មទំនើបនេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា» ដែលជាយន្តការថ្មីមួយទៀត ដើម្បីពង្រឹងបន្ថែមលើរចនាសម្ព័ន្ធដែលមានស្រាប់ឱ្យកាន់តែមានភាពរឹងមាំ ក្នុងគោលបំណងធានាបាននូវការតភ្ជាប់ទីផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការសម្របសម្រួលបច្ចេកទេស និងការរៀបចំផែនការយុទ្ធសាស្ត្រវិនិយោគ។ ជាពិសេស ការដឹកនាំប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងតម្លាភាពខ្ពស់៕ អត្ថបទ៖ ឈិត បូរ៉ាវី  

តម្រូវការត្រីកែច្នៃក្នុងស្រុកកើនឡើង ជំរុញការផលិតឈានទៅរកស្តង់ដារ និងគុណភាពខ្ពស់

2026/07/21 10:26:59 pm        179
ភ្នំពេញ៖ តម្រូវការផលិតផលត្រីកែច្នៃនៅលើទីផ្សារកម្ពុជាកំពុងបន្តកើនឡើង ដោយសារអ្នកប្រើប្រាស់មានការគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន និងផ្តល់ទំនុកចិត្តលើគុណភាព។ កត្តានេះបានជំរុញឱ្យសិប្បកម្មផលិតត្រីកែច្នៃជាច្រើន បន្តអភិវឌ្ឍខ្លួនពីការផលិតបែបប្រពៃណី និងមិនផ្លូវការ ទៅជាការផលិតតាមស្តង់ដារ ដែលផ្តោតលើគុណភាព សុវត្ថិភាពម្ហូបអាហារ និងការពង្រីកឱកាសប្រកួតប្រជែងនៅលើទីផ្សារ។កញ្ញា ផល ចរិយា នាយកប្រតិបត្តិ (CEO) សិប្បកម្មស្នាដៃម៉ែ (Sna Dai Me) ដែលជាសិប្បកម្មកែច្នៃប្រភេទអាហារក្រៀម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨​។ សិប្បកម្មបានប្រើប្រាស់​វត្ថុធាតុដើមទាំងស្រុង ដែលបានទិញត្រីធម្មជាតិ​ពីអ្នកនេសាទមកពីខេត្តកំពង់ឆ្នាំង និងខេត្តសៀមរាប និងមួយចំនួនទៀតផ្គត់ផ្គង់ពីអ្នកចិញ្ចឹមត្រីក្នុងស្រុក ដើម្បីយកមកកែច្នៃចែកទាំងទីផ្សារក្នុងស្រុក និងក្រៅស្រុក។​ សិប្បកម្មនេះ មានសមត្ថភាពផលិតបានចំនួន ៥០០គីឡូក្រាម​ ក្នុងមួយថ្ងៃ។កញ្ញា បន្តថា ក្នុងអំឡុងពេលបិទព្រំដែនគោកកម្ពុជា-ថៃ គឺផលិតរបស់សិប្បកម្មស្នាដៃម៉ែសន្ទុះកើនឡើងខ្លាំងដែលនាំឱ្យប្រាក់ចំណូលកើនឡើងចន្លោះពី ៨ ទៅ ១៥% ក្នុងមួយខែៗ។​ ផលិតផលរបស់​សិប្បកម្មស្នាដៃម៉ែ មានលក់នៅតាម​ផ្សារទំនើបធំៗ ​ដូចជា ផ្សារទំនើបអ៊ីអន, ផ្សារទំនើប ឡាក់ គី, និ​ងផ្សារទំនើប ជីប ម៉ុង​ ជាដើម។ ក្រៅពីផ្គត់ផ្គង់ក្នុងស្រុក ផលិតផលរបស់សិប្បកម្មនេះ ក៏បាននាំចេញមួយចំនួន​ទៅកាន់សាធារណៈរដ្ឋកូរ៉េ និងសហរដ្ឋអាមេរិក​ ផងដែរ។ កញ្ញា បញ្ជាក់ទៀតថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល សិប្បកម្មនេះ ទទួលបានវិញ្ញាបនបត្រស្តង់ដារអនាម័យ CQS ដែល​ជានិមិត្តសញ្ញាគុណភាព ផលិតផល ជលផលកម្ពុជា។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្តល់វគ្គបណ្តុះបណ្តុះ បច្ចេកទេស និងជួយសម្រួលដល់​បំពេញបែបបទឯកសារ ដើម្បីចុះបញ្ជីនានា​ ជាពិសេស ការផ្តល់ភាពអនុគ្រោះផ្នែកពន្ធដល់សហគ្រាសធុនតូច និងមធ្យម​ ថែមទៀតផង។របាយការណ៍របស់ក្រសួងកិសកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា កម្ពុជាអាច ផលិត ផលជលផល សម្រេចបានចំនួន ៩៦៥ ៧៥៨តោន កើនឡើងចំនួន ៣៨ ៨២៤តោន ស្មើនឹង​ ៤,១៩% ធៀបនឹងឆ្នាំ២០២៤។ ក្នុងនោះផលនេសាទទឹកសាបទទួលបានចំនួន ៥១៤ ៨៣០តោន, ផលនេសាទសមុទ្រទទួលបានចំនួន ១៤០ ១៦៣តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ៣១០ ៧៦៥តោន។ ជាមួយគ្នានេះ ផលិតផល ជលផល មានតម្លៃសរុបចំនួន ២ ១២៣ លានដុលារអាម៉េរិក ក្នុងឆ្នាំ២០២៥ និងការនាំចេញ ផលិតផលជលផលបាន​ចំនួន ១ ៥៦៦ តោន គិតជាប្រាក់ស្មើនឹង ៣,១៥លានដុល្លារអាម៉េរិក៕ អត្ថបទ៖ ធូ វិរៈ 

ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់​ដឹងដល់អ្នកពាក់ព័ន្ធ

2026/07/21 10:19:35 pm        119
ធនាគារជាតិនៃកម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដើម្បីបង្កើនការយល់ដឹងដល់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា ទទួលបានទស្សនៈ និងការវិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ដោយផ្ទាល់ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខ លើ ទីផ្សារហិរញ្ញវត្ថុសកល។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦, បានចូលរួមជាគណៈ ធិបតី បើកវេទិកាទីផ្សារហិរញ្ញវត្ថុសកល ដែលបានរៀបចំឡើងដោយធនាគារជាតិនៃកម្ពុជា ក្រោមប្រធានបទ "ដំណើរឆ្លងកាត់ភាព ចលាចលនៃទីផ្សារ៖ ការវាយតម្លៃហានិភ័យឡើងវិញ និងកាលានុវត្តភាពវិនិយោគ" វេទិកានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី បុគ្គលិកធនាគារជាតិនៃកម្ពុជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មកពីវិស័យសាធារណៈ និងឯកជនឈានមុខ រួមទាំងគ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុផងដែរ។គោលបំណងនៃវេទិកានេះ គឺបង្កើតឡើងសម្រាប់អ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា អាចទទួលបានទស្សនៈ និងការ វិភាគអំពីការវិវត្តសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុអន្តរជាតិដោយផ្ទាល់ ពីអ្នកជំនាញផ្នែកហិរញ្ញវត្ថុឈានមុខលើទីផ្សារហិរញ្ញវត្ថុសកល ខណៈដែលស្ថានភាព និងការវិវត្តនៅលើសកលលោក មានឥទ្ធិពលលើស្ថានភាពហិរញ្ញវត្ថុរបស់កម្ពុជាផងដែរ។ ការតាមដាន និងយល់ ដឹងអំពីការវិវត្តទាំងនេះ នឹងជួយឱ្យអ្នកចូលរួមទទួលបានការវិភាគស៊ីជម្រៅ ដើម្បីធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុរបស់ស្ថាប័ន ឱ្យកាន់ តែមានប្រសិទ្ធភាព។សូមបញ្ជាក់ថា វេទិកានេះបានរៀបចំឡើងជាលើកទី២ និងមានការធ្វើបទឧទេ្ទសនាម និងកិច្ចពិភាក្សាដោយវាគ្មិនរបស់ធនាគារជាតិ នៃកម្ពុជា និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសកម្មឈានមុខរួមមាន៖ BNP Paribas Asset Management, J.P. Morgan Asset Management និង BNY Investments៕ អត្ថបទ៖ សុន រ៉ាឌី 

កម្ពុជា-អាមេរិក នឹងបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងលំហូរទុនវិនិយោគពីអាមេរិកមកកម្ពុជា

2026/07/21 10:04:21 pm        640
កម្ពុជា-អាមេរិកពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញការជំរុញទំហំពាណិជ្ជកម្មទ្វេភាគី, ការលើកកម្ពស់លំហូរទុនវិនិយោគពីអាមេរិក មកកម្ពុជា, បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ, ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា និងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅក្នុងជំនួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ លោកស្រី Aleksandra Zittle ភារធារីថ្មី នៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ម្សិលមិញនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការនានា រវាងប្រទេស កម្ពុជានិងសហរដ្ឋអាម៉េរិក ពិសេសលើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ ដែលកម្ពុជាគឺជាប្រទេសទី១ ក្នុងតំបន់ ដែលបានសម្រេចការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ ក្នុងគោលដៅលើកកម្ពស់ភាពប្រាកដប្រជានៃបរិយាកាស ធុរកិច្ច និងការបើកចំហទីផ្សារសេរីរវាងប្រជាជាតិទាំងពីរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការចុះកិច្ចសន្យាហោះហើរតាមផ្លូវអាកាសជាប្រវត្តិសាស្ត្រ ដែលភាគីទាំងពីរ ទើបតែបានសម្រេចការចុះហត្ថលេខាកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលជាកិច្ចព្រមព្រៀង បើកចំហជើងហោះហើរទ្វេភាគីលើកដំបូងបំផុត សំដៅធ្វើទំនើបកម្មវិស័យអាកាសចរណ៍ស៊ីវិល បង្កើតបណ្តាញតភ្ជាប់ជើងហោះហើរ ត្រង់ និងលើកកម្ពស់សេវាដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរវាងប្រទេសទាំងពីរ។លោកស្រីភារធារី បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និងបានបង្ហាញនូវក្តីរំភើបរីករាយ ដែលបានវិលត្រឡប់មក បំពេញបេសកកម្មការទូតនៅកម្ពុជាជាថ្មីម្តងទៀត ដោយលោកស្រីបានរំឮកអំពីប្រវត្តិនៃការបំពេញការងារ ជាប្រធានផ្នែកនយោបាយ សេដ្ឋកិច្ច នៃស្ថានទូតសហរដ្ឋអាម៉េរិកនាពេលកន្លងទៅ។ ផ្អែកលើមូលដ្ឋាននេះ លោកស្រីបានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួន លើ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលមានការរីកចម្រើន និងមានភាពខុសប្លែកគ្នាគួរឱ្យកត់សម្គាល់ បើធៀបទៅនឹងអំឡុងពេល ដែលលោកស្រីបានបំពេញការងារកាលពីអាណត្តិមុន។ លោកស្រីភារធារី បានសម្តែងនូវការស្ញើចសរសើរ និងវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពជាតិ និងស្ថានភាពម៉ាក្រូសេដ្ឋ កិច្ចឱ្យមានកំណើនវិជ្ជមាន បើទោះបីជា ស្ថានភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយពិភពលោកទាំងមូល កំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជាយ៉ាងណាក្តី។សូមបបញ្ជាក់ថា ក្នុងជំនួបនោះដែរ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរទស្សនៈមួយចំនួនរួមមាន៖ (១) ការជំរុញទំហំពាណិជ្ជកម្មទ្វេ ភាគី, (២) ការលើកកម្ពស់លំហូរទុនវិនិយោគពីអាម៉េរិកមកកម្ពុជា, (៣) បច្ចុប្បន្នភាពនៃការអនុវត្តគម្រោងគ្រប់គ្រងធនធានទឹក ចម្រុះហ្វូណនតេជោ, (៤) ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា, និង (៥) គោលជំហរដ៏រឹងមាំរបស់កម្ពុជាក្នុងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី ជាមួយ នឹងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែលមានស្រាប់។ ជាមួយគ្នានេះ លោកស្រីភារធារី បានបញ្ជាក់ ជាថ្មី ពីការគាំទ្រលើគោលជំហរដ៏ច្បាស់លាស់របស់កម្ពុជា ក្នុងការប្រើប្រាស់ច្បាប់អន្តរជាតិ និងយន្តការច្បាប់ទ្វេភាគីជាធរមានដែល មានស្រាប់ ដើម្បីដោះស្រាយវិវាទព្រំដែន ប្រកបដោយសន្តិវិធី និងតម្លាភាព សំដៅរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សច្រើននាក់ស្លាប់ក្នុងការវាយប្រហាររយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងអ៊ុយក្រែន
07/25/2026 10:07 AM
សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតវាយកូនគោលនៅថ្ងៃចុងសប្ដាហ៍ ក្រោយខកខានជាង ១ឆ្នាំ
07/25/2026 10:07 AM
ក្រសួងការងារបាននាំយកឱកាសការងារជាង ៩ម៉ឺនកន្លែង ឱកាសអាហារូបករណ៍ និង​អត្ថ​ប្រយោជន៍​សង្គម​ទៅ​ជូន​យុវជន អតីតពលករ និងប្រជាជនមូលដ្ឋានក្នុងខេត្តកំពង់ចាម
07/25/2026 10:07 AM
កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិកជាមួយអារ៉ាប៊ីសាអ៊ូឌីត បង្កឲ្យមានការព្រួយបារម្ភអំពីការរីកសាយ
07/25/2026 10:07 AM
មន្រ្តី​ជំនាញក្រសួងបរិស្ថានរកឃើញកសិដ្ឋានចិញ្ចឹមជ្រូក ២កន្លែង នៅខេត្តកំពត បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់ប​រិស្ថាន និង​បានបង្កក្លិនស្អុយដល់ការរស់នៅរបស់ប្រជាពលរដ្ឋ
07/25/2026 10:07 AM
រាជរដ្ឋាភិបាលបង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ
07/25/2026 10:07 AM
សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ
07/25/2026 09:07 AM
មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
07/25/2026 09:07 AM
ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
07/25/2026 09:07 AM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
07/25/2026 08:07 AM