លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី

ព័ត៌មានជាតិ

ក្រុមប្រឹក្សាអភិវឌ្ឍន៍ ចុះ MoU ជាមួយធនាគារក្នុងស្រុក ពង្រឹងដល់ការប្រមូលចំណូលសេវាសាធារណៈ

2025/05/20 04:31:34 pm        127
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះអនុស្សរណៈយោគយល់គ្នា ជាមួយធនាគារក្នុងស្រុកមួយ ជំរុញពង្រឹងកិច្ចសហប្រតិបត្តិការ ប្រមូលចំណូលសេវាសាធារណៈ តាមរយៈប្រព័ន្ធទូទាត់ប្រាក់ cdcOSP, ដែលនេះជាការបង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម និង ការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។​ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាង ក.អ.ក. និងធនាគារអេស៊ីលីដា ភីអិលស៊ី ស្តីពីការប្រើប្រាស់ប្រព័ន្ធទូទាត់ ប្រាក់រួម cdcOSP ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ប្រមូលចំណូលសេវាសាធារណៈ តាមរយៈការតភ្ជាប់ប្រព័ន្ធរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាមួយប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP របស់ ក.អ.ក. ដែលបានដាក់ឱ្យ ដំណើរការចាប់តាំងពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ កិច្ចសហប្រតិបត្តិការនេះ ស្តែងឱ្យឃើញពីការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការ បន្តពង្រឹងអភិបាលកិច្ច បង្កើនល្បឿននៃការធ្វើឌីជីថលូបនីយកម្ម លើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ព្រមទាំងផ្តល់ជម្រើស ដ៏សំបូរបែប ដល់អ្នកស្នើសុំសេវាសាធារណៈរបស់ ក.អ.ក. ក្នុងការទូទាត់ប្រាក់កម្រៃសេវា។ ក្នុងរយៈពេល ៩ ខែ គិតចាប់ពីខែ សីហា ឆ្នាំ២០២៤ ដល់ខែមេសា ឆ្នាំ២០២៥ កិច្ចសហប្រតិបត្តិការតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលមួយនេះ បានចូលរួមប្រមូលចំណូលប្រមាណ ៥,៧ ពាន់លានរៀល ស្មើនឹងប្រមាណជា ៣៥% នៃចំណូលពីសេវាសាធារណៈរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក.អ.ក.។សូមជម្រាបជូនថា ប្រព័ន្ធទូទាត់ប្រាក់រួម cdcOSP គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub។ ប្រព័ន្ធ cdcOSP នេះត្រូវបានរៀបចំឡើងដើម្បីចូលរួមប្រមូលចំណូលសេវាសាធារណៈរបស់ ក.អ.ក. ដែលផ្តល់លទ្ធភាពឱ្យ ប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា cdcIPM និងប្រព័ន្ធផ្តល់សេវាសាធារណៈផ្សេងៗទៀតរបស់ ក.អ.ក. ធ្វើការទូទាត់ប្រាក់ និងឆ្លងធនាគារ តាមរយៈ BakongKHQR របស់ធនាគារជាតិនៃកម្ពុជា និងតាមរយៈកម្មវិធីធនាគារចល័ត Mobile Banking ព្រមទាំងផ្តល់លទ្ធភាព ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធអន្តរជាតិដូចជា VISA និង MasterCard ផងដែរ។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី នាយកដ្ឋានមន្ត្រី ប្រធាន ក.អ.ក. និងដោយមានការ ចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក. បានធ្វើការខិតខំប្រឹងប្រែងជំរុញទាក់ទាញ វិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចពង្រឹងអភិបាលកិច្ច និង លើកកម្ពស់គុណភាពស្ថាប័ន ដែលធានាបាននូវចីរភាពនៃការអភិវឌ្ឍនប្រកបដោយភាពធន់ ស្របតាមគោលដៅយុទ្ធសាស្ត្រនៃយុទ្ធ សាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ បញ្ហានេះ, ក.អ.ក. បាននិងកំពុងធ្វើការតភ្ជាប់ថ្នាលទិន្នន័យវិនិយោគកម្ពុជា cdcIPM Hub របស់ខ្លួន ជាមួយនឹងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX, ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh, ថ្នាលទិន្នន័យក្រសួងមហាផ្ទៃ MoIDX, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ NRMIS ព្រមទាំងឈានទៅ តភ្ជាប់ប្រព័ន្ធជាមួយអន្តរ-ក្រសួងស្ថាប័នមួយចំនួនដូចជា ក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងក្រសួងស្ថាប័នផ្សេងៗ ក្នុងដំណាក់កាលបន្តបន្ទាប់៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងការងារអំពាវនាវកម្មកររោងចក្រ គល័រ ស្តារ ជឿជាក់ និងរង់ចាំការដោះស្រាយបន្ថែម ខណៈ​ក្រុមហ៊ុនឯកភាព៤ចំណុច

2025/05/20 03:43:04 pm        252
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារអំពាវនាវកម្មករនិយោជិត ក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ ឱ្យជឿជាក់ និងរងចាំការដោះស្រាយរបស់ក្រសួង ចៀស​វាង​ការយកជម្រើសតវ៉ាដោយការបិទផ្លូវសាធារណៈ ខណៈគិតត្រឹមព្រឹកថ្ងៃនេះ ក្រោម​ការ​សម្របស​ម្រួល​របស់ក្រសួង ក្រុមហ៊ុនបានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់។នៅក្នុងសេចក្តីជូនដំណឹង ស្តីពីដំណោះស្រាយនៅក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ ចេញផ្សាយនៅរសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០២៥នេះ ក្រសួងការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈបានឱ្យដឹងថា ៤ចំណុចសំខាន់ៗដែលភាគីក្រុមហ៊ុន និងកម្មករនិយោជិតបានឯកភាពនោះ រួមមាន​៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់​ទូទាត់​ជួស​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ដែល​នៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់​អតីត​ភាព​ការងារ​។ បើតាម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល បានលើកឡើងថា តាម​រយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងក្នុងករណីនេះ ដោយសារ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់រ​បស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនបណ្ដែតបណ្ដោយ ព្រងើយកន្តើយ​ចំពោះ​បញ្ហា​របស់​កម្មករ​ កម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយ​លឿន​រហ័ស​ស្រប​តាម​ច្បាប់​ដែល​ធានា​ប្រយោជន៍ជូនទាំងកម្មករ និងនិយោជក។ ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្រសួងការងារ​តាម​រយៈ​មន្ត្រី​ជំនាញ​បាន​យក​ចិត្ត​ទុក​ដាក់​នៅ​តម្កល់ផលប្រយោជន៍របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ ជាមួយ​គ្នា​នេះ ឯកឧត្តមបានអំពាវនាវកម្មករ កម្មការិនី និងសាធារណជនទាំងអស់ សូមបន្តជឿជាក់ និង​ទុក​ចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។សូមបញ្ជាក់ថា ការផ្ទុះការតវ៉ា និងបិទផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជ​ធានីភ្នំពេញ របស់កម្មករ កម្មការិនីរបស់ក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ បាន​កើត​ឡើង​ដោយ​សារក្រុមហ៊ុន នឹងប្តូរពីរទីតាំងចាស់ទៅទីតាំងថ្មីនៅស្ថិតខេត្តតាកែវ វិញ ដែល​មាន​ចម្ងាយ​ប្រមាណ៣៥គីឡូពីទីតាំងបច្ចុប្បន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រយៈពេល៦ថ្ងៃហើយ ដែលក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង មិនកាយដីចេញអោយអស់តាមគោលការណ៍របស់ក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប

2025/05/20 03:09:24 pm        202
កំពង់ឆ្នាំង៖ មកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ មានរយៈពេល៦ថ្ងៃហើយ ដែលក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង មិនបានកាយយកអាចម៍ដីដែលខ្លួនចាក់ចូលទន្លេសាបនៅចំណុចភូមិទី១ សង្កាត់ខ្សាម ជាប់ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ក្រោយកាយដីបានមួយរយៈ។ នេះបើតាមការបញ្ជាក់ពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើ។ ប្រជាពលរដ្ឋរស់នៅក្បែរនោះបានបន្តថា៖ តាំងពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥មក គេមិនបានឃើញក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំងបន្តកាយយកអាចម៍ដីដែលខ្លួនបានចាក់ចូលទន្លេសាប ប្រវែង៧០ម៉ែត្រ កាលពីអំឡុងខែមីនា និងមេសា ឆ្នាំ២០២៥ ចេញនោះឡើយ មិនដឹងមានមូលហេតុអ្វីអោយប្រាកដ។ ប្រជាពលរដ្ឋបានរអ៊ូរទាំថា ពេលក្រុមហ៊ុនទឹកស្អាតក្រុងកំពង់ឆ្នាំង ចាក់ដីចូលទន្លេសាបនោះ មិនមានការរអាក់រអួលដូចពេលកាយដីចេញវិញនោះទេ គឺធ្វើទៅដោយរលូន និងលឿនទៀតផង តែដល់ពេលក្រសួងធនធានទឹក និងអាជ្ញាធរទន្លេសាប រួមនឹងអាំជ្ញាធរខេត្កកំពង់ឆ្នាំងអោយកាយអាចម៍ដីចេញវិញ មានការរអាក់រអួលជាច្រើនលើកច្រើនសារ ហាក់បីដូចមិនចង់កាយដីចេញអ៊ីចឹង។ ប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម, ឯកឧត្តម ហែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មេត្តាជួយជំរុញក្រុមហ៊ុនអានកូទឹកស្អាតក្រុងកំពង់ឆ្នាំង ពន្លឿនការកាយដីចេញវិញអោយដូចសភាពដើមផង ព្រោះទឹកទន្លេសាប នឹងចាប់ផ្តើមឡើងក្នុងខែមិថុនាខាងមុខនេះហើយ ម្យ៉ាងទៀតកុំអោយជាគំរូអាក្រក់ដល់ជនដទៃទៀត អាចចាក់ដីលុបទន្លេសាបយកជាកម្មសិទ្ធិផងដែរ។ សូមបញ្ជាក់ថា ៖ ក្រសួងធនធានទឹក និងឧតុនិយម, អាជ្ញាធរទន្លេសាប និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានកំណត់អោយក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង កាយដីចេញពីទន្លេសាបដែលខ្លួនបានចាក់ចូលប្រវែង៧០ម៉ែត្រចេញវិញអោយអស់ដូចសភាពដើម តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥មកម្លេះ តែដំណើរការកាយចេញ មិនបានដូចការគ្រោងទុកនោះឡើយ។ ជាបន្តបន្ទាប់ ទាំងក្រសួងធនធានទឹក, អាជ្ញាធរទន្លេសាប, និងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានជំរុញក្រុមហ៊ុនជាច្រើនលើកច្រើនសារ ដើម្បីអោយអស់អាចម៍ដីដែលក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បានចាក់ចូលទន្លេសាប៕ កាំង ហុងវាស្នា

ធនាគារជាតិបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ នៃកម្ចីក្រៅផ្លូវការជូនដល់ប្រជាជនខេត្តស្ទឹងត្រែង

2025/05/20 02:14:24 pm        363
ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដែល​ជា​កាត​ព្វ​កិច្ច​អាទិភាព និងចាំបាច់ នៃកម្ចីឥណទានក្រៅផ្លូវការ ដែលកំពុងរីករាលដាល ជូនប្រជាជន​តាម​មូល​ដ្ឋាន​​​នៅ​ខេត្តស្ទឹងត្រែង ដែលជាកាតាលីករជួយជំរុញ និង លើកកម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា​។ ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាស្ដីពី ចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន នៅខេត្តស្ទឹងត្រែង ថ្ងៃទី១៩ ខែឧសភា ឆ្នាំ​២០២៥ ម្សិលមិញនេះថា ជុំវិញកម្ចីឥណទាននេះ សព្វថ្ងៃកម្ចីក្រៅ ប្រព័ន្ធ​បាន​កំពុង​រាត​ត្បាត​នៅ​កម្ពុជា ដែលនាំឱ្យប្រជាពលរដ្ឋរងការជំពាក់បំណុលវ័ណ្ឌកដោះខ្លួនមិនរួច នាំឱ្យកើត​ទៅ​ជា​វិបត្តិ​ផ្លូវ​ចិត្ត​។ បញ្ហានេះ, ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្តទុកដាក់ក្នុងការអនុវត្តសកម្មភាពជាច្រើន ដើម្បី​ជួយ​សម្រួលបញ្ហាប្រឈមនានា ដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែងធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងត្រួតពិនិត្យធនាគារ ក្នុង ទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងស្មើភាព សុច្ចរិតភាព តម្លាភាព និងគិតគូរ​ដល់​អ្នក​ប្រើ​ប្រាស់​សេវាហិរញ្ញវត្ថុ និងការរីកចម្រើន ប្រព័ន្ធធនាគារប្រកបដោយចីរភាព និងការអភិវឌ្ឍ។ ឯកឧត្តម បន្តថា លើសពីនេះ ធនាគារជាតិនៃកម្ពុជាក៏បានអនុវត្តកិច្ចការសំខាន់រួមមាន៖ បន្ត​ពង្រឹង​ការ​អនុវត្តបទបញ្ជាផ្ទៃក្នុង និងក្រមសីលធម៌វិជ្ជាជីវៈ បុគ្គលិករបស់គ្រឹះស្ថានធនាគារ និង​ហិរញ្ញ​វត្ថុ ទាំងទីស្នាក់ការកណ្ដាល និងសាខា បន្តសហការជាមួយក្រសួង មហាផ្ទៃ ក្នុងការ​ពង្រឹង​ប្រព័ន្ធ​ Smart Hotline Scam ពង្រឹងយន្តការដោះស្រាយបណ្តឹង, បង្កើត​ក្រុម​ការងារ​រៀបចំ​យន្ត​ការ​ឯករាជ្យ ក្នុងការពិគ្រោះយោបល់ និងសម្រុះសម្រួលបំណុល, និងលើកកម្ពស់​ចំណេះ​ដឹង​ផ្នែក​ហិរញ្ញ​វត្ថុ​ដល់អតិថិជន, បន្តផ្សព្វផ្សាយបទប្បញ្ញតិ នានា នៅតាមស្ថានីយទូរទស្សន៍ និង​វិទ្យុ​បន្ត​ផ្សព្វ​ផ្សាយ​ចំណេះដឹងផ្នែកហិរញ្ញវត្ថុតាមបណ្ដាញសង្គមផ្លូវការ របស់ធនាគារជាតិនៃកម្ពុជា, រៀប​ចំ​កម្ម​វិធីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់កម្មករ-កម្មការិនីនៅតាមរោងចក្រ, សិស្ស-និស្សិត នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា និង បន្តសហការជាមួយ ក្រសួង-ស្ថាប័ន ដៃគូអភិវឌ្ឍ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារ អតិថិជន។ឯកឧត្តម យឹម លាត លើកឡើងបន្ថែមថា បញ្ហានេះធនាគារជាតិនៃកម្ពុជា ក៏​បាន​និង​កំពុង​យក​ចិត្ត​ទុក​ដាក់ ក្នុងការបញ្ជ្រាប ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់​ការ​ប្រើ​ប្រាស់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវ សម្រាប់ ប្រជាពលរដ្ឋគ្រប់រូប ជា​ពិសេស​កុមារ ស្ត្រី និងប្រជាពលរដ្ឋ នៅតាមតំបន់មូលដ្ឋាន។ បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា ក៏​បាន​អនុវត្ត នូវវិធានការពង្រឹងកិច្ចការពារអតិថិជន ដែលមានលក្ខណៈបុរសកម្មជាច្រើន ព្រម​ទាំង​បាន​គាំទ្រ និង​សហការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីបន្តលើក​កម្ពស់​ការ​ផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ក្រម​សីលធម៌វិជ្ជាជីវៈ ធានានូវការប្រកួតប្រជែងដោយយុត្តិធម៌និងតម្លាភាព និង ការ​ការពារ​សិទ្ធិ និងអត្ថប្រយោជន៍របស់អតិថិជន។ ទាក់ទិនបញ្ហានេះ, ឯកឧត្តម​បាន​ជំរុញ​ឱ្យ​គ្រឹះ​ស្ថាន​ធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវបន្តធានាឱ្យបាននូវការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំង​ក្រមប្រតិបត្តិសម្រាប់វិស័យ និងគោលការណ៍ ផ្ដល់ឥណទាន ប្រកបដោយការ​ទទួល​ខុស​ត្រូវ​៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជាអធិបតីបើកកិច្ច​ប្រជុំ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្ត​រាយ​អាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ

2025/05/20 02:02:55 pm        282
សៀមរាប៖ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេស​រដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​អាស៊ាន​លើក​ទី​៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលពិធីនេះប្រព្រឹត្តទៅនៅសណ្ឋាគារសុខាសៀមរាប ខេត្ត​សៀមរាប​។ពិធីបើកកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានលើកទី៤៦ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ មានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គលេខាធិការរងអាស៊ាន, នាយកប្រតិបត្តិ មជ្ឈ​មណ្ឌល​សម្រប​សម្រួលជំនួយមនុស្សធម៌ (AHA Center), ប្រធានប្រតិភូបណ្តា​ប្រទេស​រដ្ឋ​ជា​សមាជិក​អាស៊ាន​, ថ្នាក់ដឹកនាំ(គ.ជ.គ.ម), តំណាងក្រសួង-ស្ថាប័ន, អភិបាលរង តំណាងឯក​ឧត្តម​អភិបាល​ខេត្ត, ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត។នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម អគ្គ​លេខា​ធិការ​រងអាស៊ាន, នាយកប្រតិបត្តិ មជ្ឈមណ្ឌលសម្របសម្រួលជំនួយមនុស្សធម៌ (AHA Center), ប្រធានប្រតិភូ​បណ្តា​ប្រទេស​រដ្ឋ​ជា​សមាជិក​អាស៊ាន​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយអាស៊ានលើកទី៤៦ ក្រោមប្រធានបទ "២០ឆ្នាំអាត់ម៊ែរ (AADMER) ដែល​ជា​ចក្ខុវិស័យរបស់អាស៊ាន សម្រាប់ភាពជាអ្នកដឹកនាំសកល ក្នុងភាពធន់​នឹង​គ្រោះ​មហន្តរាយ​៕

កម្ពុជា-ហុងគ្រី លើកកម្ពស់ទំនាក់ទំនងរដ្ឋសភា និងរដ្ឋសភាក្នុងការស្វែង​រកផល​ប្រយោជន៍​ជូន​ពលរដ្ឋ​ទំាង​សងខាង

2025/05/20 01:43:21 pm        204
សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាន​និវេសនដ្ឋាន​នៅ​ទីហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន​រដ្ឋសភា​។សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត និងសហការី ដែល​បាន​រួម​ចំណែកយ៉ាងធំធេងក្នុងការពង្រឹងនិងពង្រីកចំណងមិត្ដភាព កិច្ចសហ​ប្រតិបត្ដិការ​នៃ​ប្រទេស​ទាំង​ពីរកម្ពុជានិងហុងគ្រី ឱ្យកាន់តែរឹងមាំ ស៊ីជម្រៅនិងទូលំទូលាយថែមទៀត ដើម្បី​បាន​ជា​លទ្ធ​ផលផ្លែផ្កា ព្រមទាំងផលប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេច ក៏បានអរគុណ ជូនឯកឧត្ដម ឯកអគ្គរដ្ឋទូត ដែល​បាន​សម្រប​សម្រួល​ការ​ងារ​ដល់​ដំណើរ​ទស្សន​កិច្ច​ផ្លូវការរបស់ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានរដ្ឋសភា​នៃ​ប្រទេស​ហុងគ្រី ដែលបានអញ្ជើញ​មកបំពេ​ញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​កម្ពុជា​កាល​ពី​ដើម​ខែ​កុម្ភៈ​កន្ល​ង​មក​នេះ ទទួលបានលទ្ធផលប្រកបដោយជោគជ័យ និងផ្លែផ្កាគួរជាទីមោទនៈ។ សម្តេចប្រធានរដ្ឋសភាបានមានប្រសាសន៍បន្តថា ផ្តើមចេញពីដំណើរទស្សកិច្ចរបស់លោកជំទាវ អនុ​ប្រធានរដ្ឋសភាហុងគ្រីនៅកម្ពុជានោះហើយ បានធ្វើឱ្យទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្ដិការ​ក្នុង​ក្រប​ខណ្ឌសភានៃប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីក តាមរយៈការ​បំពេញ​ទស្សន​កិច្ច​របស់​សម្តេច ទៅកាន់ប្រទេសហុងគ្រី ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះផងដែល នៅ​ក្នុង​ការ​ពង្រឹង​ពង្រីក​ចំណងមិត្តភាពកិច្ចសហប្រតិបត្តិរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់​ជ្រុង​ជ្រោយ​បន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា ទំនាក់ទំនងរដ្ឋសភានិងរដ្ឋសភា មានសារៈ​សំខា​ន់​ណាស់ ដោយសារសភាតំណាងពលរដ្ឋ។ ផ្តើមចេញពីទំនាក់ទំនងសភានេះ នឹងលើក​កម្ពស់​ដល់​ការ​ភ្ជាប់​ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ កាន់តែស៊ីជម្រៅ មានការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ អប់រំជាដើម។ សម្តេច​បាន​សង្កត់​ធ្ងន់​ថា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការបែកបាក់​សេដ្ឋកិច្ច​កំពុង​កើន​ឡើង​ បានបង្កជាវិបត្តិនិងក្តីបារម្ភចំពោះពលរដ្ឋ។ ការរឹត​ចំណង​មិត្ត​ភាព​កម្ពុជា​នឹង​ហុង​គ្រី​នៅ​ក្នុង​កាលៈ​ទេសៈ​មិនត្រឹមធានាបាននូវផលប្រយោជន៍ជូនពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ ថែម​ទំាង​បាន​ចូល​រួមចំណែកដល់ការលើកកម្ពស់គោលការណ៍ពហុនិយម កាត់បន្ថយហានិភ័យ​ដែល​បាន​រំខាន​ដល់​សេចក្តីសុខពលរដ្ឋជាសកល បានទៀតផង។ឯកឧត្តម ធីប័រ បាឡូកឌី បានថ្លែងអំណរគុណជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែល​បាន​ចំណាយ​ពេល​វេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមនិងសហការី​នា​ឱកាស​នេះ​។ ឯកឧត្តមបានអរគុណ សម្តេចនិងរដ្ឋសភាកម្ពុជាទំាងមូល ដែលបានរៀប​ចំ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅដ​ល់ដំណើរទស្សនកិច្ចផ្លូវការ របស់លោកជំទាវ ម៉ាតា ម៉ាត្រៃ កាលពីពេលកន្លង​ទៅ​ថ្មីៗ​នេះ​។ តាមរយៈដំណើរទស្សនកិច្ចនោះ លោកជំទាវអនុប្រធានរដ្ឋសភាហុងគ្រី មាន​មនោសញ្ចេត​នា​ជ្រាលជ្រៅ ជាមួយប្រទេសនិងពលរដ្ឋកម្ពុជា។ លោកជំទាវបាន​ឃើញ​ពិត​ប្រាក​ដ​ពី​ការ​អភិវឌ្ឍនៅកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ឯកឧត្តម ធីប័រ បាឡូកឌី គូស​បញ្ជាក់​ថា​ប្រទេស​កម្ពុជា​និង​ហុងគ្រី​មាន​លក្ខ​ណៈ​ភូមិសាស្រ្ត និង​ប្រវត្តិសាស្រ្ត​ស្រដៀងគ្នា ពោលមានផ្ទៃដីនិងចំនួនពលរដ្ឋប្រហាក់ប្រហែលគ្នា។ ប្រការនេះបាន​ធ្វើ​ឱ្យ​ប្រទេសទំាងពីរយល់ពីគ្នាបានយ៉ាងច្បាស់។ ចំពោះគម្រោងដំណើរទស្សនកិច្ចរបស់សម្តេចនៅប្រទេសហុគ្រីវិញ ឯកឧត្តមបានជម្រាប   ជូន​ពី​ពង្រាង​គម្រោងកម្មវិធី។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចប្រធានរដ្ឋសភា​នឹង​មាន​ជំនួប​ពិភាក្សា​ការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលនៃប្រទេសហុងគ្រី។ ជាមួយគ្នានេះ សម្តេច​នឹងមានដំណើរទស្សនកិច្ចនៅតំបន់ឧស្សាហកម្មនិងជួបជាសហគមន៍ខ្មែរនិងនិស្សិតខ្មែរ ដែល​កំពុងស្នាក់នៅនិងសិក្សានៅប្រទេសហុងគ្រី ផងដែរ។ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្តែង​នូវ​មោទនភាព​យ៉ាង​ក្រៃលែង​ដែល​បាន​បំពេញ​បេសក​កម្ម​ការ​ទូតនៅកម្ពុជា ដែលបានចួលរួមចំណែកដល់ការលើកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យ​មានការរីកចម្រើនជាលំដាប់។ ឯកឧត្តម ធីប័រ បាឡូកឌី បានជម្រាបជូន សម្តេច​ពី​គម្រោង​កិច្ច​សហ​ប្រតិបត្តិការរវាងកម្ពុជានិងហុងគ្រី មួយចំនួននៅក្នុងនោះ មានវិស័យថាមពល ធុរកិច្ច និង​កសិកម្មជាដើម។ ឯកឧត្តមបានលើកឡើងថាដោយសារកម្ពុជាមានសក្តានុពលខ្លំាងដូច្នេះ ឯកឧត្តម​នឹងខិតខំជំរុញបណ្តាប្រទេសនានានៅក្នុងសហគមន៍អឺរ៉ុប ឱ្យភ្ជាប់ទំនាក់​ទំនង​ជាមួយ​កម្ពុជា ឱ្យបានកាន់តែជិតស្និទ្ធនិងសកម្មឡើងបន្ថែមទៀត។ សម្តេចប្រធានរដ្ឋសភានិងឯកឧត្តមឯកអគ្គរដ្ឋទូតបានសាទរខូប៧០ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា​ និងហុងគ្រី ដែលនឹងឈានមកដល់នៅឆ្នាំ២០២៦ខាងមុខ។ សម្តេចប្រធានរដ្ឋសភា បាន​គូស​បញ្ជាក់​ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចំរើនជាបន្ដបន្ទាប់ ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថ្នាក់ដឹកនាំប្រទេសទាំ​ង​ពីរ​បាន​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​គ្នា​ទៅវិ​ញ​ទៅ​មក​ស្ទើរ​គ្រប់​កម្រិត​ទាំង​អស់។ កាលពីខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបំពេញទស្សនកិច្ចនៅហុងគ្រី ហើយ​នៅខែតុលា ក្នុងឆ្នាំដដែលនោះដែរ សម្ដេចតេជោ ក៏បានអញ្ជើញ​មក​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្ដី​ពី​ទឹក លើកទី៣ នៅប្រទេសហុងគ្រីផងដែរ។ ក្នុងឆ្នាំ២០១៩នោះដែរ ឯកឧត្ដម ចាណូស អាឌឺ (Janos Ader) ប្រធានាធិបតីហុងគ្រី ក៏បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ហុងគ្រី មក​បំពេញ​ទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះប្រទសទំាងពីរ តែងតែគំាទ្រគ្នាទៅវិញទៅមក នៅ​តា​ម​វេទិការអន្តរជាតិនានា។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់ សម្តេច​នៅ​ប្រទេស​ហុងគ្រី សម្តេចនឹងផ្លាស់ប្តូរយោបល់ជាមួយថ្នាក់ដឹកនាំហុងគ្រី ទាំងស្ថាប័ននីតិប្បញ្ញត្ដិ និង​នីតិប្រតិបត្ដិការ លើការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្ដិការលើវិស័យអាទិភាពទាំងនេះ ជា​ពិសេសការជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ កសិកម្ម ឧស្សា​ហកម្ម ផលិតកម្ម បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន ធនធានទឹក និងវិស័យអាទិភាពមួយចំនួនទៀត ដើម្បី​ជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាព និងផលប្រជាជនទាំងសងខាង។ ជាមួយគ្នានេះ សម្តេចនឹងស្នើដល់រដ្ឋាភិបាលហុងគ្រី ជួយបង្កើន​ចំនួន​អាហា​រូបករណ៍​ដល់​និស្សិត​កម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី ដោយហេតុថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដឹក​នាំ​ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានកំណត់ច្បាស់​នៅ​ក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណ​ដំណាក់​កាល​ទី​១ ដោយបានកំណត់យកកត្តា “មនុស្ស” ជាកត្តាទី១ និងចម្បងបំផុត ក្នុងការកែទម្រង់ និង​អភិបាលកិច្ចដើម្បីអភិវឌ្ឍន៏កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេស​មានចំណូលខ្ពស់នៅឆ្នាំ២០៥០។បន្ថែមពីនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានស្នើឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី មេត្តា​ជួយ​កៀរគរ និងលើកទឹកចិត្តដល់អ្នកវិនិយោគហុងគ្រី ដើម្បីអាចមកកម្ពុជា ដើម្បី​ស្វែង​រក​កាលា​នុវត្ត​ក្នុង​ការវិនិយោគថ្មីៗបន្ថែមទៀតលើវិស័យ កសិកម្ម ឧស្សាហកម្ម ផលិតកម្ម បច្ចេកវិទ្យា​ព័ត៌មាន បរិស្ថាន និងវិស័យធនធានទឹក ជាដើម៕

សហជីព-កម្មករសម្តែងការដឹងគុណសន្តិភាព ខណៈកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា

2025/05/20 01:29:44 pm        267
ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជា​ថ្ងៃ​ប្រជាជន​កម្ពុជា​គ្រប់​ៗ​រូប​ចង​ចាំ​មិន​អាច​បំភ្លេច​បាន​ក្នុង​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ និងខ្មៅងងឹត។ ក្រុមសហជីព និងកម្មករ កម្មការិ​​នីរោងចក្រកាត់ដេរ បានសម្តែងការដឹងគុណ និងអរគុណសន្តិភាព ពីព្រោះការ​រស់​នៅ​សព្វ​ថ្ងៃ​មាន​ភាព​សម្បូរ​សប្បាយពេញលេញ និងមានប្រាក់ចំណូលទៀងទាត់ពីការងារបច្ចុប្បន្ន។លោក សំ វុទ្ធី ប្រធានសហជីពសំឡេងយុវជនខ្មែរប្រចាំនៅរោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិត​នៅ​ខណ្ឌ​មានជ័យ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដោយសារ​ប្រទេស​មាន​សុខ​ស​ន្តិភាព ទើបធ្វើឱ្យការរស់នៅរបស់លោក និងកម្មករនិយោជិតទាំងអស់មានភាពសុខសាន្ត ជួប​ជុំគ្រួសារបងប្អូន និងផ្តល់ឱកាសការងារឱ្យរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានយ៉ាងស្រួល។ លោក​បន្តថា តម្លៃនៃសន្តិភាពបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការងារធ្វើ មាន​ការ​ជួប​ជុំគ្រួសារដែលជាសេចក្តីសុខរបស់ប្រជាជាតិកម្ពុជាចង់បាន។សហជីពរូបនេះ បានសម្តែងការអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្ន​ជា​ប្រធានព្រឹទ្ធសភាកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត តាមរយៈ​ការ​ដាក់​ចេញនូវគោលការណ៍នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និង​ការ​ទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។មិនខុសគ្នាខាងលើនេះ កម្មករ កម្មការនី បានបង្ហាញការអរគុណសន្តិភាពនេះបំផុត ពីព្រោះ​សន្តិភាព​ពិតជាបានផ្តល់នូវឱកាសយ៉ាងច្រើន ទាំងការរស់នៅជួបជុំគ្រួសារ និងមានឱកាស​ធ្វើ​ការងារ​ដែលពេញចិត្ត ជាពិសេសនៅក្នុងរោងចក្រ ដែលមានប្រាក់ខែសមរម្យ បើកទៀងទាត់ ដែល​អាចចិញ្ចឹមជីវភាពគ្រួសារដូចសព្វថ្ងៃ។កម្មករ កម្មការនី បានលើកឡើងស្រដៀងគ្នាទៀតថា បើទោះបីជា​កើត​មិន​ទាន់​ក្នុង​របប​ប្រល័យ​ពូជសាសន៍​នេះ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលបានដឹង គឺតាមរយៈជីដូនជីតា និង​ឪពុកម្តាយ និងតាមឯកសារផ្សេងៗ ដែលចាត់ទុកថា ជាថ្ងៃចង​ចាំ​មិន​អាច​បំភ្លេច​បាន​សម្រាប់​មនុស្ស​គ្រប់​ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និង​ប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។សហជីព និងកម្មករនិយោជិតទាំងនេះ បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ទាំងអស់​ត្រូវ​ចង​ចាំ​ប្រវត្តិ​សាស្រ្ត​ដែលបានកើតឡើងនាពេលកន្លងមកនេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ដោយត្រូវ​ចូល​រួម​យ៉ាងណាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាព​បាន​ផ្តល់​ឱកាស​គ្រប់​យ៉ាង​ក្នុង​ការ​កសាង​សង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់​តែ​រីក​ចម្រើ​ន​ទៅ​មុខ​បន្ថែម​ទៀត​។ សូមបញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាការរំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​ដល់​ជន​រង​គ្រោះ​ជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ អត្ថបទ៖ ឈិត បូរ៉ាវី

សារមនី្ទរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ប្រារព្ធទិវាជាតិនៃការចងចាំ ២០ឧសភា

2025/05/20 01:18:07 pm        289
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ សារមនី្ទរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង​(មន្ទីរ ស-២១) នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រារព្ធទិវាជាតិ នៃការចងចាំ ២០ ឧសភា ដើម្បីរំលឹកដល់ការឈឺចាប់ ខ្លោចផ្សា ការថ្កោល​ទោស​ឧក្រិដ្ឋកម្ម​ដ៏​ឃោរ​ឃៅ​ព្រៃ​ផ្សៃ​ក្នុង​សម័យ​ខ្មែរ​ក្រហម និងប្តេជ្ញា រួមគ្នាទប់ស្កាត់របបនេះមិនឲ្យកើតមានជាថ្មីម្តងទៀត។លោក ​សុង ភក្ត្រា ប្រធានផ្នែក​បណ្ណ​សារដ្ឋាន​រប​ស់​សារមនី្ទរ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ទួល​ស្លែង ​ថ្លែងប្រាប់ BTV ឱ្យដឹងនៅព្រឹកនេះថា សារមនី្ទរប្រារព្ធទិវាជាតិចងចាំ២០ឧសភា ផ្តោត​លើ​ការ​ងារសំខាន់ចំនួន០៣ ទី១. ដើម្បីចូល​រួម​រំលឹក​ដល់​ជន​រង​គ្រោះ​ដែល​បាន​បាត់​បង់​ជីវិត​នៅក្នុ​ង​ទីតាំង​សារមនី្ទរទួលស្លែង ក៏ដូចជានៅទូទាំងប្រទេស ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ខ្មែរក្រហម ដោយ​មានការចូលរួមពីមន្រី្តបុគ្គលិក នៃសារមនី្ទរទួលស្លែង ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ បាន​និមន្ត​ព្រះសង្ឃ សូត្រមន្ត បង្សុកូល ឧទិ្ទសកុសលដល់ជនរងគ្រោះ។ ទី២. រៀបចំពិព័រណ៌ នូវ​ព័ត៌មាន​ពាក់​ព័ន្ធអំពីសាវតា ថាតើ២០ឧសភា រៀបចំឡើងតាំងពីពេលណា ហើយ២០ឧសភា សារ​មនី្ទរទួលស្លែង មានសារៈសំខាន់បែបណាខ្លះ? និងទី៣. ការអប់រំ​ផ្សព្វ​ផ្សាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​សម្រាប់​សារមនី្ទរទួលស្លែង ដើម្បីលើកទឹកចិត្តដល់យុវជន ចុះមកទស្សនាទីតាំង ស្វែង​យល់​និង​ឆ្លុះបញ្ចាំងពាក់ព័ន្ធទៅនឹងប្រវតិ្តទីតាំង និងស្វែងយល់ពីទិដ្ឋភាពប្រវតិ្តសាស្រ្តខ្មែរក្រហម។ចំណែកអ៊ុំស្រី នៅ យឿន មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ ដោយ​ទទួលដំណឹងថា មានឈ្មោះបងប្រុស បានស្លាប់បាត់​បង់​ជីវិត​ក្នុង​របប​ប្រល័យ​ពូជ​សាសន៍​ខ្មែរ​ក្រហម ដែលមន្រី្តជំនាញរបស់សារមនី្ទរទួលស្លែង បានសិក្សា​ស្រាវជ្រាវ​ស្វែង​រក​ឃើញ​ឈ្មោះ​បង​ប្រុស​របស់​អ៊ុំស្រី ព្រមទាំងជូនដំណឹងដល់អ៊ុំស្រី ក៏ដូចជាក្រុមគ្រួសារ ហើយក៏បាន​មក​ចូល​រួម​ឧទិ្ទស​កុសលផលបុណ្យជូន។សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានយកថ្ងៃទី២០ ឧសភា ជាថ្ងៃបុណ្យជាតិ ហៅកាត់ថា “ទិវា​ជាតិ​នៃការចងចាំ” ដើម្បីឆ្លើយ​តប​ទៅ​នឹង​សំណើរ​បស់​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដែលជាផ្នែកនៃសំណងសមូហភាពចំពោះជនរងគ្រោះ(ដើមបណ្តឹងរដ្ឋប្បវេណី)។ ក្នុង​ពិធីបុណ្យរំលឹកខួបនេះសាធារណជនអាចរៀបចំពិធីតាមបែបសាសនា ដើម្បីឧទ្ទិស​ដល់​ញាតិ​មិត្ត​ឬ​ជន​រងគ្រោះផ្សេងទៀតដើម្បីជួយព្យាបាលរបួសផ្លូវចិត្ត។ ដោយ​ឡែក​សារ​មន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែង បានប្រារព្ធទិវានេះតាម​បែប​សាសនា និង​រៀបចំ​ដំឡើង​បដា​ផ្សព្វ​ផ្សាយ​ពី​អត្ថន័យ និង​ប្រវត្តិ នៃ២០ឧសភា ដល់សាធារណជន។ ការរៀបចំពិធីសាសនានេះ គឺ ដើម្បី​ឧទ្ទិស​ដល់​ជន​រងគ្រោះដែលបានស្លាប់ក្នុងសម័យខ្មែរក្រហម និងក្នុងមន្ទីរ ស-២១៕ អត្ថបទ រដ្ឋា

មន្ត្រីថ្នាក់ដឹកនាំខេត្តព្រះសង្ឃពលរដ្ឋខេត្តស្វាយរៀងប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភាឆ្នាំ២០២៥

2025/05/20 01:05:48 pm        64
ស្វាយរៀង ÷ មន្ត្រីថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ ព្រះសង្ឃ ពលរដ្ឋ សិស្សនិសិត្យ ខេត្តស្វាយរៀង ប្រមាណជាង១ពាន់អង្គ/នាក់ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៥នេះបាននិមន្ត និងអញ្ជើញមកជួបជុំប្រារព្ធពិធីទិវាជាតិនៃការចងចាំ២០ឧសភាឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មប្រលយ័ពូជសាសន៏ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងនិងខេត្តស្វាយរៀង។ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បានអញ្ជើញអានខ្លឹមសារលិខិតសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារជាអាទិ៍ ថ្ងៃនេះយើងបានជួបជុំគ្នានៅក្នុងបរិវេណទីលានវិមានតម្កល់អដ្ឋិធាតុជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ នៅភូមិតាណរក្នុងមនោសញ្ចេតនាក្តុកក្តួល ដើម្បីប្រារព្ធទិវាជាតិចងចាំ២០ ប្រវត្តិសាស្ត្ររំលឹកនិងគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានស្លាប់ដោយអំពើព្រៃផ្សៃដែលរបបកម្ពុជាប្រជាធិបតេយ្យ បានអនុវត្តរយៈពេល ៣ឆ្នាំ៨ ខែ ២០ថ្ងៃ ចាប់ពីក្រោយថ្ងៃជ័យជំនះរបស់ប្រជាជនកម្ពុជាលើពួកចក្រព័ត្តអាមេរិក និងរបបលន់ ណុល នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥។ ខ្លឹមសារលិខិតក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្ដេចទាំងបី និងលំឱនកាយគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានរួមចំណែកធ្វើការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាអោយរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យស្តាប្រទេសជាតិអោយបានរស់រាន់ឡើងវិញរហូតបាត់បង់អាយុជីវិត ។ ស្ថិតក្នុងបរិយាកាសពោពេញទៅដោយកំហឹង និងរលឹកឡើងវិញនៃការធ្វើទុកបុកម្និញនៃរបបកម្ពុជាប្រជាធិបតេយ្យ តំណាងអ្នកចូលរួមបានមានចំណាប់អារម្មណ៏ជាបន្តបន្ទាប់យ៉ាង។សូមបញ្ជាក់ថានៅក្នុងទិវាជាតិចងចាំ ២០ឧសភា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣និងពលរដ្ឋក៏បានរាប់បាតប្រគេនព្រះសង្ឃដាឆ្លងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបងប្អូនរួមជាតិដែលបនប្រល័យពូជសាសន៍បានកាប់សម្លាប់ចំនួនជាង១០០អង្គផងដែរ ។

សម្តេចធិបតី អំពាវនាវវិនិយោគិនជ្រើសរើសយកកម្ពុជាវិនិយោគ ខណៈរដ្ឋបានផ្ដល់ភាគលាភជាច្រើន

2025/05/20 12:51:50 pm        155
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះដែរ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់វិនិយោគិន សូមជ្រើសរើសយកកម្ពុជា ជាគោលដៅសម្រាប់ការវិនិយោគដោយកម្ពុជារក្សាបាននូវភាគលាភនៃសុខសន្តិភាព, ស្ថិរភាពនយោបាយ និង ម៉ាក្រូសេដ្ឋកិច្ច។ ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ច ចំពោះគម្រោងវិនិយោគទាំងអស់, ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។ សម្ដេចថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តខិតខំប្រឹងប្រែង ក្នុងការពង្រឹងបរិយាកាសវិនិយោគ ដើម្បីទាក់ទាញ វិនិយោគិន ឱ្យកាន់តែច្រើនមកកម្ពុជា។ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តទទួលស្វាគមន៍ និងផ្តល់កិច្ចសហប្រតិបត្តិការជានិច្ចចំពោះគម្រោងវិនិយោគទាំងអស់ ជាពិសេសគម្រោងវិនិយោគដែលនឹងជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយភាពធន់, ចីរភាព និងបរិយាបន្ន ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។សូមជម្រាបដែរថា គិតចាប់ពីខែមករា ដល់បំណាច់ខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងសរុប ២៣១ គម្រោងហើយ ជាមួយទុនវិនិយោគសរុបប្រមាណ ៣,៣៦ ពាន់លានដុល្លារជាមួយនឹងឱកាសការងារប្រមាណ ១២៤ ០០០កន្លែងផងដែរ៕ អត្ថបទ៖វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អរគុណ​ថ្នាក់​ដឹកនាំ​ អាជ្ញាធរកម្ពុជា ជួយសម្រួល និង​រក្សា​សុវត្ថិភាពជូនគណៈប្រតិភូអន្តរជាតិ​ចូលរួមមហាសន្និបាតកាយប្ញទ្ធិនារីពិភពលោក
06/21/2026 06:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្ស ៦នាក់នៅហ្កាហ្សា រួមទាំងអ្នកថតរូបរបស់ Al Jazeera ផងដែរ
06/21/2026 03:06 PM
សាកសពជនអន្តោប្រវេសន៍ ១៥ នាក់ ត្រូវបានអណ្តែតទើលើច្រាំង​សមុទ្រនៅភាគខាងកើតប្រទេសលីប៊ី
06/21/2026 03:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
06/21/2026 02:06 PM
រដ្ឋបាលរាជធានីភ្នំពេញ និងស្ថានទូតឥណ្ឌា ប្រារព្ធ​ទិវាយោគៈអន្តរជាតិ ដើម្បីជំរុញ​សកម្មភាពកីឡា និងទេសចរណ៍
06/21/2026 02:06 PM
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
06/21/2026 02:06 PM
កម្ពុជា មានកម្រិតបរិយាបន្នហិរញ្ញវត្ថុ និងលទ្ធភាពទទួលសេវាហិរញ្ញវត្ថុខ្ពស់
06/21/2026 02:06 PM
លោក TRUMP គំរាមយកថ្លៃសេវាឆ្លងកាត់ច្រកសមុទ្រ HORMUZ បើកិច្ចព្រមព្រៀងចុងក្រោយជាមួយអ៊ីរ៉ង់បរាជ័យក្នុងពេល៦០ថ្ងៃ
06/21/2026 02:06 PM
អឺរ៉ុបកំពុងរងការគំរាមកំហែងពីរលកកម្ដៅខ្ពស់ ខណៈបារាំង រឹតត្បិតការប្រើប្រាស់គ្រឿងស្រវឹង
06/21/2026 01:06 PM
ក្រសួងព័ត៌មានជំរុញការផលិតមាតិកាទំនើប ដើម្បីប្រសិទ្ធភាពផ្សព្វផ្សាយក្នុងសម័យឌីជីថល
06/21/2026 01:06 PM