កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
សមត្ថកិច្ចរាជធានីភ្នំពេញ បន្តត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្ដុំ ដើម្បីស្វែងរក និង​បោស​សម្អាត​​បទ​ល្មើស Online Scams

ព័ត៌មានជាតិ

ក្រសួងសុខាភិបាលប្រាប់ពីការការពារខ្លួនពីការឆ្លងពិសធ្យូង ឬឈាមខ្មៅពីសត្វ ខណៈ​មិនទាន់​រក​ឃើញ​នៅ​កម្ពុជាទេ

2025/05/07 12:20:28 pm        179
ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ ២០២៥នេះ បានចេញ​សេចក្ដី​ជូន​ដំណឹង​អំពី​ការ​ការ​ពារខ្លួនពីជំងឺឆ្លង ជំងឺអង់ត្រាក់ ឬហៅថាពិសធ្យូងនៅលើមនុស្ស និងនៅលើសត្វ ហៅ​ថា​ជំងឺ​អង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ព័រ (spore- forming bacillus anthracis) បន្ទាប់ពី​បណ្ដាប្រ​ទេស​ជិត​ខាង​កម្ពុជា​មួយ​ចំនួ​ន​បាន​រក​ឃើញ​មាន​ជំងឺ​នេះ។​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែល BTV ព័ត៌មានទទួលបាន បាន​ឱ្យដឹង​ថា ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើត​មាន​ឡើង​ជា​ចម្បង​លើ​សត្វ​ពាហនៈ និងសត្វព្រៃ។ លក្ខណៈពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោម​រូបភាពជាគ្រាប់ស្ព័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ព័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹង​ធាតុ​អាកាស​ខាង​ក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និង​លា​មក​សត្វ​។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់​ស្ព័រ​ក្លាយ​ជា​មេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ ជំងឺ​អង់​ត្រាក់​មាន​ឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ ក្រសួងសុខាភិបាល​បញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ​មិន​ទាន់​មាន​ការ​រក​ឃើញ​ជំងឺ​នេះ​នៅ​កម្ពុជា​នៅ​ឡើយ។ ក្រសួងសុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាម​ច្រក​ព្រំដែន និង​ពង្រឹង​កិច្ច​សហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និង​ជំងឺ​ឆ្លង​ផ្សេង​ទៀត​ពីក្រៅប្រទេស។បើតាមក្រសួងសុខាភិបាលជំងឺនេះអាចចម្លង៖ មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈ​ការ​ប៉ះ​ពាល់​ដោយ​ផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការ​សម្លាប់​សត្វ​ ដែលមានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់​ ឈាម រោម ឆ្អឹងការដកដង្ហើមចូលនូវធូលី ដែលមាន​ស្ព័រ​មេរោគអង់ត្រាក់​ការ​បរិភោគ​សាច់​ដែល​មាន​មេរោគអង់ត្រាក់ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់ មេរោគអង់ត្រាក់​មិន​មាន​ភស្តុតាង​ឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់​អាច​ឆ្លង​ខ្លាំង​។រោគសញ្ញា មាន៣សណ្ឋាន៖ សណ្ឋានលើស្បែក៖ មេរោគឆ្លង​តាម​ស្បែក​មាន​ដាច់​ឬរ​បួស​ដោយ​ប៉ះ​ពាល់​ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ព័ររបស់មេរោគរយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់​ពីការឆ្លងមេរោគអង់ត្រាក់ ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់​មក​ប្រែ​ទៅ​ជា​ឈឺចាប់ជាមួយនឹងចំណុចកណ្តាល ខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្ស​ឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺសាច់ដុំ គ្រុនក្តៅ និងក្អួត។សណ្ឋាន​ក្រពះ-ពោះវៀន៖ ការឆ្លងតាមការបរិភោគស្ព័រចូល ដូចជាបរិភោគ​សាច់​មាន​មេរោគ​អង់​ត្រាក់​រយៈ​ពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺ​ពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់។សណ្ឋាន​ផ្លូវដង្ហើម៖ ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន កើតឡើងដោយ​សារការ​បរិភោគ​សាច់​មាន​មេ​រោគអង់ត្រាក់ ឬដកដង្ហើមចូលស្ព័រមេរោគច្រើនទៅក្នុងសួតរយៈពេលបង្ករោគមានចាប់ពី១ ទៅ​៦ថ្ងៃ រោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមាន​អាការៈ​ឈឺ​ទ្រូង​ដែល​អាច​មាន​កក​ឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។វិធាន​ការណ៍បង្កាការឆ្លង៖ ចៀសវាង​ប៉ះពា​ល់​ដោយ​ផ្ទាល់​ជាមួយ​សត្វ​ដែល​សង្ស័យ​ថា​មាន​ជំងឺ​អង់​ត្រាក់, ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់, សាក​សព​សត្វ​ដែល​ងាប់​ត្រូវ​យក​ទៅ​កប់​ ឬដុតកំទេចចោល, មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ, ត្រូវប្រញាប់​បញ្ជូន​អ្នក​ជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬ​ទំនាក់ទំនងមកលេខ ១១៥៕ អត្ថបទ រដ្ឋា

យុវជនកាកបាទក្រហមកម្ពុជា ចូលរួមសកម្មភាពសម្រួល និងអប់រំពីច្បាប់ចរាចរណ៍​នៅតាមភ្លើងស្តុប

2025/05/07 12:01:04 pm        144
យុវជនកាកបាទក្រហមកម្ពុជា ក្រៅពីជួយលើការងារតាមសាលារៀនដែលខ្លួនសិក្សា ពួក​គេ​ក៏​ចូល​រួម​ការងារស​ង្គមជាច្រើនផងដែរ។ ការងារសង្គមទាំងនោះ ក៏រាប់បញ្ចូលលើការងារចរាចរណ៍ ដែល​ពួក​គេ​តែង​ចូលរួមជាមួយសមត្ថកិច្ចជំនាញ ដើម្បីសម្រួលការកកស្ទះ ក៏ដូច​ជា​ការ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ដល់​អ្នកបើកបរ។ជារៀងរាល់ចុងសប្ដាហ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា មកពីវិទ្យាល័យហ៊ុនសែនសរីភាព និង​វិទ្យាល័យហ៊ុនសែនតាខ្មៅ តែងមកចូលរួមជាមួយសមត្ថកិច្ចជំនាញ ក្នុងការជួយសម្រួលចរាចរណ៍ ក៏​ដូចជាជួយអប់រំពីច្បាប់ចរាចរណ៍ដល់អ្នកបើកបរតាមភ្លើងស្តុប។ក្នុង​ឯកសណ្ឋានជាយុវជនកាកបាទក្រហមកម្ពុជា ពួកគេបានមកដល់ទីតាំងពីព្រឹកព្រលឹម ដើម្បី​ចាប់​ផ្ដើម​ការងារជាមួយសមត្ថកិច្ច។ ក្នុងការចូលរួមលើការងារសង្គមដោយស្ម័គ្រចិត្ត និងមិន​ទទួល​បាន​ប្រាក់កម្រៃនេះ ពួកគេមិនរុញរាក្នុងការបំពេញការងារនេះនោះទេ។ ពួកគេថា ទោះ​ក្ដៅ​ទោះ​ហត់ ក៏ពួកគេពេញចិត្ត សប្បាយចិត្តក្នុងការចូលរួមដើម្បីភាពប្រសើរឡើងនៃសង្គមជាតិ។ រឿងមួយដែលពួកគេចង់បាន គឺការគោរពច្បាប់ចរាចរណ៍ របស់អ្នកបើកបរ និង សុខ​សុវត្ថិភាព​នៅ​តាម​ដង​ផ្លូវសម្រាប់ទាំងអស់គ្នា។កំឡុងពេលបំពេញភារកិច្ចនេះដែរ លោក សំរិទ្ធសន សុជា ជានគរបាលចររាចរណ៍ផ្លូវគោក ក៏​បាន​កោត​សសើរ ដល់ក្រុមយុវជនកាកបាទក្រហមកម្ពុជា ដែលតែង​ចូល​រួម​ជា​ប្រចាំ​ជាមួយ​សមត្ថកិច្ច ក្នុងការជួយអប់រំ និងសម្រួលចរាចរណ៍នៅចំណុចភ្លើងស្តុបនេះដែរ។ ក្នុង​នាម​ជា​សមត្ថ​កិច្ច គាត់ពេញចិត្តទៅលើសកម្មភាពគំរូ របស់ក្រុមយុវជនកាកបាទក្រហមកម្ពុជា។នៅក្នុង​សប្ដាហ៍នេះ ពោលនៅថ្ងៃទី ៨ ខែឧសភា គឺជាខួបលើកទី ១៦២ ទិវាពិភព​លោក​កាក​បាទ​ក្រហម និងអឌ្ឍចន្ទក្រហម និងជាខួបលើកទី ៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ ៖ រួមគ្នា​ស័្មគ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់និងអាកាសធាតុ។ជាការ​អបអរសាទរនៃទិវានេះ សប្បុរសជន បណ្ដាក្រុមហ៊ុនជាច្រើន ក៏បានចូលរួម​បរិច្ចាគ​ជា​ថវិកា​ជូន​ដល់​កាកបាទក្រហម ដើម្បីបន្តបេសកកម្មការងារមនុស្សធម៌របស់ខ្លួន៕ អត្ថបទ៖ គឹមហុក

ថ្ងៃនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣នាក់ និងមានអ្នកជាសះស្បើយចំនួន១នាក់

2025/05/07 11:41:01 am        131
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៥នេះ ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៣ នាក់ និងមានអ្នកជាសះស្បើយចំនួន ១ នាក់ សម្រាប់លទ្ធផលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

អភិបាលខណ្ឌច្បារអំពៅ ជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងផ្តល់ការឧបត្ថម្ភជាការលើកទឹកចិត្ត

2025/05/07 11:33:04 am        72
ភ្នំពេញ ៖ ដើម្បីចូលរួមចំណែកក្នុងការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាលជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និងបានផ្តល់ជាថវិកាឧបត្ថម្ភ ជូនពួកគាត់ផងដែរ ។ ការជួបសំណេះសំណាលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥នេះ នាសាលាខណ្ឌច្បារអំពៅ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ លោកនាយក នាយករងរដ្ឋបាលសាលាខណ្ឌផងដែរ ។ លោកអភិបាលខណ្ឌច្បារអំពៅ បានបន្តធ្វើការណែនាំ និងក្រើនរំលឹកជាថ្មីម្តងហើយម្តងទៀត ដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ ត្រូវបន្តការរក្សាបាននូវសាមគ្គីភាពរវាងគ្នានិងគ្នាឱ្យបានល្អ និងបញ្ចៀសឱ្យខាងតែបាននូវរាល់ សកម្មភាពអសីលធម៌ទាំងឡាយទៅលើពលរដ្ឋ កំឡុងពេលចុះបំពេញការងារបស់ខ្លួន ដូចជាការប្រើអាកប្បកិរិយាច្រងែង ច្រង៉ាង ឬពាក្យសំដីមិនសមរម្យជាដើម ។លោកអភិបាលខណ្ឌបានហាមប្រាមដាច់ខាតដល់កម្លាំងសន្តិសុខសណ្តាប់ធ្នាប់ គឺ កុំនាំគ្នាលេងល្បែងស៊ីសងគ្រប់ប្រភេទ និងកុំសេពគ្រឿងញៀន បើមានបុគ្គលណាម្នាក់លួចប្រព្រឹត្តិអំពើអប្បាយមុខទាំងអស់នេះ ខុសផ្ទុយពីវិន័យកងកម្លាំងសន្តិសុខ គឺនឹងត្រូវបញ្ឈប់ពីការងារ តែម្តង ។ ជាមួយគ្នានេះដែរលោកអភិបាល បានកោតសសើរដល់កម្លាំងសណ្តាប់ធ្នាប់ខណ្ឌទាំងអស់ កន្លងមកបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការការពារសន្តិសុខ ចុះរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរលើដងផ្លូវ ចុះពង្រឹងច្បាប់ចរាចរ ចូលរួមត្រួតពិនិត្យអាវុធជាតិផ្ទុះ និងចុះល្បាតតាមមូលដ្ឋាន ។ ក្នុងឱកាសនោះ លោកអភិបាលបានឧបត្ថម្ភដល់កម្លាំងសណ្តាប់ខណ្ឌក្នុងម្នាក់ៗទទួល បានអង្ករ៣០គីឡូក្រាម និងថវិកាមួយចំនួនផងដែរ ៕ លីហេង

ក្រសួងពាក់ព័ន្ធនឹងអ្នកធ្វើគោលនយោបាយជួបជជែកពិភាក្សារកវិធីបញ្ឈប់អំពើហិង្សាលើកុមារ

2025/05/07 11:25:00 am        167
ក្រសួងពាក់ព័ន្ធនានា នឹងអ្នកធ្វើគោលនយោបាយ បានជួប​ជជែក​ពិភាក្សា​រក​វិធី​បឈ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​រូបភាព ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាន នៅព្រឹកថ្ងៃទី០៧ ខែឧសភានេះ បាន​រៀប​ចំ​វេទិកា​កុមារ និងអ្នកធ្វើគោលនយោបាយ ក្រោមប្រធានបទស្តីពី «ការ​បញ្ឈប់​អំពើ​ហិង្សា​លើ​កុមារ​គ្រប់​ទម្រង់ គឺជាអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព។ វេទិការនេះ ប្រារ​ព្ធ​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​សង្គមកិច្ច ក្រោមអធិបតីភាព លោកជំទាវ ខៀវ បុរី រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច អតីតយុទ្ធ និងយុវនីតិសម្បទា និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ដោយ​មាន​ការ​ចូល​រួម​ពី​តំណាងក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួង​សុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ព្រមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត សរុប​ប្រមាណ​ជាង២រយនាក់។នៅក្នុងអង្គវេទិកា លោកជំទាវ ខៀវ បុរី បានថ្លែងថា វេទិកានេះ គឺបានលើកកម្ពស់​ការ​ចូល​រួម​របស់​យុវជន​ និងកុមារ ក្នុងដំណើរការរៀបចំគោលនយោបាយ ការកសាងផែនការ និងបាន​ចែក​រំលែក​នូវ​វឌ្ឍនភាព បញ្ហាប្រឈម និងដោះស្រាយបញ្ហាផ្សេងៗ ដែលកុមារកំពុងជួបប្រទះ ដូចជាអំពើ​ហិង្សា​លើ​កុមារ គឺជាបញ្ហាដែលប៉ះពាល់ដល់សិទ្ធិ សុវត្ថិភាព និងអនាគតរបស់ពួកគេ។លោក​ជំទាវ​បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកថា ”កុមារជាទំ ពាំងស្នងឫស្សី” និង "កុមារ​ជា សសរទ្រូង សម្រាប់ប្រទេសជាតិ” និងបានចាត់ទុកអំពើហិង្សាលើកុមារ ជាការងារ​អាទិភាព​មួយ​ដែលគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និងសង្គមស៊ីវិល​ត្រូវ​ចូល​រួម​អនុវត្ត​ក្នុង​ការ​ទប់​ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ដើម្បីឆ្ពោះ​ទៅ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលក្នុងនោះ​បាន​ផ្តោត​ទៅ​លើ​ការ​អភិវឌ្ឍ​សុខុមាលភាពកុមារផងដែរ។យុវជនតំណាងឲ្យកុមារ បានប្រាប់BTVថា តាមការសិក្សាស្រាវជ្រាវ ការប្រើប្រាស់​ហិង្សា​លើ​រាង្គ​កាយ​កុមារ​នៅ​ក្នុងគ្រួសារ និងសាលារៀន ដោយឪពុកម្តាយ​មួយ​ចំនួន​នៅ​តែ​ប្រៀន​ប្រដៅ​កូន​ដោយ​ការ​វាយដំ និងគ្រួមួយចំនួននៅតែប្រើហិង្សាក្នុងការអប់រំសិស្ស ជាពិសេសតំបន់​ដាច់​ស្រយាល ​ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកនៅពេលអនាគត។ ក្នុងន័យនេះ យុវជន​តំណាង​ឲ្យ​កុមារ បានទទូចដល់អាណាព្យាលបាល គ្រូបង្រៀន និងអ្នកពាក់ព័ន្ធ​ទាំង​អស់​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សលើកុមារគ្រប់រូបភាព។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល​នយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ផែនការសកម្មភាពនានា និងពង្រឹងយន្តការ​កិច្ច​ការពារ​កុមារប្រទាក់ក្រឡា ជាពហុវិស័យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីទប់ស្កាត់ និ​ង​ឆ្លើយ​តប​គ្រោះមហន្តរាយ ភាពក្រីក្រ អំពើហិង្សាក្នុងគ្រួសារ និងការធ្វើចំណាក​ស្រុក​របស់​កុមារ​ទៅ​ជាមួយ​អាណាព្យាបាល។ យ៉ាងណាក្តី ដើម្បីផែនការយុទ្ធសាស្រ្ត និងគោលនយោបាយ ទាំង​អស់​នេះ ទទួលបានជោគជ័យ ល្គឹកណាមានការចូលរួមពីអាណាព្យាបាល និងស្ថាប័ន​ពាក់​ព័ន្ធ​នានា៕ អត្ថបទ៖ទូច សោភ័ណ

រយៈពេល៤ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករជាង ២៨ ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២០០ លានដុល្លារ

2025/05/07 10:49:32 am        140
យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា គិតក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន៤៨ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៥៩ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសរុបចំនួនជាង ២៨ម៉ឺន ២ពាន់តោន គិតជាទឹកប្រាក់បានចំនួន ២០៩.២២ លានដុល្លារសហរដ្ឋអាម៉េរិក។របាយការណ៍នេះ បានឱ្យដឹងថា ក្នុងគោលដៅនាំចេញទាំង៥៩នេះ ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន២៦ បានបរិមាណអង្ករចំនួនជាង ១៣ម៉ឺន ៤ពាន់តោន គិតជាទឹកប្រាក់ចំនួនជាង ១០៦លានដុល្លារ, ទៅកាន់ប្រទេសចិន និងហុងកុង ចំនួនជាង ៧ម៉ឺនតោន គិតជាទឹកប្រាក់ចំនួនជា ៤១លានដុល្លារ, ទៅកាន់ប្រទេសក្នុងអាស៊ានចំនួន៥ប្រទេស បានចំនួនជាង ៤ម៉ឺនតោន គិតជាទឹកប្រាក់ជាង ២៨លានដុល្លារ និងទៅកាន់គោលដៅ២៦ប្រទេសផ្សេងទៀតមាន រួមមាន៖ អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួនជាង ៣ម៉ឺន ៧ពាន់តោន គិតជាទឹកប្រាក់ចំនួនជាង ៣២លានដុល្លារ។ លោក លន់ យ៉េង អគ្គលេខាធិការ នៃសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែឧសភានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី បានបញ្ជាក់ឱ្យដឹងថា ពាក់ព័ន្ធការនាំចេញអង្ករខាងលនេះ និយាយចំពោះបរិមាណ គឺមានភាពល្អប្រសើរបើធៀបរយៈពេល ៤ខែដូចគ្នា រវាងឆ្នាំ២០២៥ និង២០២៤ ប៉ុន្តែតម្លៃលក់ចេញមានការថយចុះ ប្រហាក់ប្រហែល ១១%ជាង មូលហេតុដោយសារគោលនយោបាយចុងក្រោយរបស់រាជរដ្ឋាភិបាលកម្ពុជាជំរុញបញ្ចេញថវិកាដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវស្តុកច្រើន ទោះបីជាមិនសូវចំណេញដើម្បីជួយកសិករក្នុងការប្រមូលទិញស្រូវ អញ្ចឹងយើងលក់ទោះចំណេញតិចតួច ឬរួចខ្លួនចេះតែប្រឹងលក់ទៅវិញ ជាហេតុធ្វើឲ្យនាំចេញមានកំណើនបរិមាណ។សូមបញ្ជាក់ថា ចំពោះប្រភេទអង្ករដែប្រទេសលកម្ពុជាបាននាំចេញ មានដូចជា៖ អង្ករក្រអូបចំនួន ៧៧.៩៤% ប្រភេទអង្ករសគ្រាប់វែង ១៧.១៥% អង្ករចំហ៊ុយ ២.៤៧% អង្ករសរីរាង្គចំនួន ១.៩៥% និងអង្ករផ្សេងៗចំនួន ០.៤៩% ។ ទន្ទឹមនេះ កម្ពុជាក៏បាននាំចេញស្រូវចំនួនជាង ៣លានតោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧២៣.០៥ លានដុល្លារសហរដ្ឋអាម៉េរិក៕អត្ថប ឈិត បូរ៉ាវី

រយៈពេល៤ខែឆ្នាំនេះ កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ២៣១ គម្រោងមានទុនវិនិយោគ ៣,៤ ពាន់លានដុល្លារ

2025/05/07 10:49:12 am        178
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ នៅក្នុង ៤ ខែ ដើមឆ្នាំ២០២៥នេះ សរុបមានចំនួន ២៣១ គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក កើនឡើង ១០៣ គម្រោង បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការអនុម័តគម្រោងវិនិយោគ ក្នុងខែមេសា ឆ្នាំ២០២៥នេះ បាន ចំនួន ៥៩ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៨៦០ លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៣៩ ពាន់កន្លែង។ នៅក្នុងចំណោមគម្រោងវិនិយោគសរុបនេះ ក្នុងនោះគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣២ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៧ គម្រោង។ ជារួមការអនុម័ត គម្រោងវិនិយោគមានការកើនឡើងចំនួន ៣៧ គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមាន ការកើនឡើងប្រមាណ ជាង ៥៥០ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែក នៅក្នុងរយៈពេល៤ខែ ក្នុងឆ្នាំ២០២៥ នេះវិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ២៣១ គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ ពាន់លានដុល្លារអាម៉េរិក បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ចំនួនគម្រោងបានកើនឡើងប្រមាណ ១០៣ គម្រោង ស្មើនឹងប្រមាណ ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%។សូមបញ្ជាក់ថា ចំពោះគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលមានភាពលេចធ្លោជាងគេប្រចាំខែមេសារួមមាន៖ គម្រោង បង្កើតផែស្ងួត មានទុនវិនិយោគ ១១ លានដុល្លារ ស្ថិតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើង បន្ទះសូឡា មានទុន ៤៤ លានដុល្លារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខាពេទ្យ ចំនួន ១៧ លានដុល្លារ នៅស្រុកបាទី ខេត្តតាកែវ និងគម្រោងវិនិយោគបង្កើតរមណីយដ្ឋានទេសចរសេវាកម្មចម្រុះ ចំនួន ២០ លានដុល្លារ ស្ថិតនៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ចំណែកគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៖ គម្រោងវិនិយោគបង្កើតរោងចក្រសំបកកង់រថយន្ត មានទុនវិនិយោគ ២៤២ លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាយ អេស អាយ (ព្រះសីហនុ), គម្រោងពង្រីកផលិតកម្មសំបកកង់រថយន្ត មានទុន ៩៣ លានដុល្លារ និងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ចំនួន ៤០ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេស ឈី លូ ជាន ពុ ចាយ (ស្វាយរៀង), គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះធ្វើពីលោហៈ និងប្លាស្ទិក ចំនួន ១៩ លានដុល្លារ នៅកោះកុង ចេជាង (ខេត្តកោះកុង) និងគម្រោងវិនិយោគបង្កើតរោងចក្រ ផ្គុំនិងដំឡើងត្រីចក្រយានយន្តអគ្គិសនី មានទុន ១៥ លានដុល្លារ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធទូទាត់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ទទួលស្គាល់ជាប្រព័ន្ធលើកកម្ពស់រូបិយវត្ថុជាតិ

2025/05/07 10:39:07 am        80
ការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ ជាប្រព័ន្ធដែលជួយបង្កើនការផ្តល់សេវហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជា ការរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុងប្រតិបត្តិការទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុ ជាតិ និងការទូទាត់ជាមួយបណ្តាប្រទេសដែលមានកិច្ចសហការជាដើម។ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ អញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាតុមូលស្តីពី «ប្រព័ន្ធទូទាត់ឆ្លងដែន៖ ពីការដាក់ឱ្យប្រើប្រាស់ហេដ្ឋារចនាសម្ពន័្ធ រហូតដល់ការប្រើប្រាស់ដោយរលូនរបស់ អតិថិជន» នៅទីក្រុងមីឡង់ ប្រទេសអ៊ីតាលី។ វេទិកានេះត្រូវបានរៀបចំឡើង ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយ ធនាគារកណ្តាលអ៊ីតាលី និងធនាគារ សម្រាប់ការទូទាត់អន្តរជាតិ (BIS) ។ក្នុងវេទិការនោះ, លោកជំទាវទេសាភិបាល បានចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ ទូទាត់ និងការពង្រីកការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជា ជាមួយប្រទេសក្នុងតំបន់និងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិ។ ជុំវិញការអភិវឌ្ឍប្រព័ន្ធទូទាត់កម្ពុជានេះ, ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិទទួលស្គាល់ថា បានបង្កើនការផ្តល់សេវហិរញ្ញវត្ថុ ទៅដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ជាពិសេសដល់តំបន់ដាច់ស្រយាល ដែលរួមចំណែកកាត់បន្ថយចំណាយ និងហានិភ័យក្នុង ប្រតិបត្តិការទូទាត់ ក៏ដូចជាជំរុញការទូទាត់ឱ្យមានភាពងាយស្រួល សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ លើសពីនេះ ប្រព័ន្ធទូទាត់កម្ពុជា ក៏បានជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ដោយបង្កើនភាពងាយស្រួល និងលទ្ធភាពក្នុងការទូទាត់ជាមួយប្រទេសដែលកម្ពុជា បានភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាមួយ៕ អត្ថបទ៖ សុន រ៉ាឌី,

ក្រសួងមុខងារសាធារណៈ និងក្រសួងអធិការកិច្ចធ្វើសិក្ខាសាលា «ពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនា​សម្ព័ន្ធ​ក្រសួងអធិការកិច្ច»

2025/05/07 10:31:44 am        135
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងក្រសួង​អធិការកិច្ច សហការរៀបចំសិក្ខាសាលា ស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង​រចនា​សម្ព័ន្ធ​ក្រសួង​អធិការកិច្ច» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ ព្រមទាំង​វិទ្យាស្ថាន​ជាតិ​អធិការកិច្ច និងមន្ទីរអធិការកិច្ចទាំង ២៥ រាជធានី-ខេត្ត។ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានជម្រាប​ជូន​អង្គ​សិក្ខាសាលាថា “ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន គឺជា​កិច្ចការ​ដ៏​ចាំបា​ច់ដែលត្រូវការប្តេជ្ញាចិត្ត គាំទ្រ និងចូលរួមអនុវត្ត​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ ដើម្បីលើកកម្ពស់ដំណើរការរបស់ក្រសួង ស្ថាប័នឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិ​សិទ្ធ​ភាព ក្នុងក្របខណ្ឌបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន ឆ្លើយតប​ទៅ​នឹង​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។” ជាក់ស្តែង ក្រុម​ការងារ​ពិនិត្យឡើងវិញ ការវិភាគមុខងារ និង​រចនាសម្ព័ន្ធរបស់ក្រសួងអធិការកិច្ច ដោយមាន​កិច្ច​សហការ​ជាមួយ​ក្រសួងមុខងារសាធារណៈ បានរៀបចំរបាយការណ៍​វឌ្ឍនភាព​ស្តីពី​ការ​ពិនិត្យ​ឡើង​វិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការឆ្នាំ២០២៥ តាម​សេចក្តី​ណែនាំ​របស់រាជរដ្ឋាភិបាល ដោយបានបំពេញទិន្នន័យ និងផ្ញើឯកសារ​ពាក់ព័ន្ធ​ចប់​សព្វ​គ្រប់​ជូន​ក្រសួងមុខងារសាធារណៈ។ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ឆ្លងតាមការពិនិត្យឡើងវិញ ការវិភាគមុខងារ និង​រចនា​សម្ព័ន្ធ​ក្រសួង ដោយមានការពិគ្រោះយោបល់ ជាមួយក្រសួង ស្ថាប័នជាច្រើន ក្រសួងអធិការកិច្ច ជាអធិការកិច្ចរាជរដ្ឋាភិបាល មានសមត្ថកិច្ចធ្វើអធិការកិច្ចលើគ្រប់វិស័យ ដោយមានចែក​ក្នុង​ព្រះរាជ​ក្រឹត្យ​ស្តីពី «ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច» មានមុខងារស្នូល​ចំនួន​៤ ​រួមមាន៖ ១.ការងារអធិការកិច្ច ២.ការងារដោះស្រាយបណ្តឹង ៣.ការងារ​តាម​ដាន​ការ​អនុវត្ត​ច្បាប់​ និង ៤.ការងារផ្សព្វផ្សាយច្បាប់ និងវេទិការសាធារណៈ។” “ក្រសួងអធិការកិច្ច បាន និង​កំពុង​​បន្ត​ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ដោយ​ឈរ​លើ​អភិក្រម​ការ​ពង្រឹង​រដ្ឋបាលសាធារណៈ «ការពង្រឹងជាជាងពង្រីក» ដើម្បីរៀបចំឡើងវិញ ស្តីពី ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់អង្គភាពចំណុះក្រសួងអធិការកិច្ច និងមន្ទីរថ្នាក់ក្រោមជាតិ សំដៅធានា​ប្រសិទ្ធ​ភាព​ការងារ និងជៀសវាងការស្ទួនតួនាទី ភារកិច្ច រវាងអង្គភាពនីមួយៗចំណុះក្រសួងអធិការកិច្ច” ឯកឧត្តម​បាន​បញ្ជាក់បន្ថែម។សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួន​ពីរ​រូប​រួម​មាន៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និង​រចនា​សម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការ​ក្រសួង​មុខងារ​សាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្រប​ខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំ​ការ​ក្រសួងមុខងារសាធារណៈ រួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំង ២រូប ឱ្យ​កាន់​តែ​មានភាពស៊ីជម្រៅ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ និងតម្រង់ទិស​ដ៏​ត្រឹម​ត្រូវ​ពី​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដើម្បីជំរុញ និងពង្រឹង​ប្រសិទ្ធ​ភាព ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុង​អធិការ​កិច្ច​ឱ្យ​កាន់​តែ​ប្រសើរ​បន្ថែម​ទៀត​៕

ឯកឧត្តមអភិសន្តិបណ្ឌិត ស្នើក្រសួងនីមួយៗ ជំរុញមន្ត្រីបម្រើសេវានៅច្រកចេញចូលតែមួយកាន់តែមានប្រសិទ្ធភាព

2025/05/07 07:48:46 am        226
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើទៅកាន់ក្រសួងស្ថាប័ននីមួយៗ ដែលបញ្ជូនមន្ត្រីរបស់ខ្លួន ទៅបម្រើសេវាជូនប្រជាពលរដ្ឋនៅតាមយន្តការច្រកចេញចូលតែមួយ ត្រូវពង្រឹងសមត្ថភាពរបស់ពួកគេ ឲ្យបំពេញការងារកាន់តែមានប្រសិទ្ធភាព និងទទួលការគាំទ្របន្ថែមពីពលរដ្ឋ ។ក្នុងពិធីបិទសិក្ខាសាលាឆ្លុះបញ្ចាំង ប្រចាំឆ្នាំ២០២៤ នៃការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា កំណែទម្រង់ការផ្ដល់សេវារដ្ឋបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ជាការងារអាទិភាពមួយនៅក្នុងការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលការកំណែទម្រង់នេះ ត្រូវមានសង្គតិភាព និងមានភាពប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល មានកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ច្បាប់ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ។ឯកឧត្តមអភិសន្តិបណ្ឌិត បានស្នើដល់ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ពន្លឿនការរៀបចំកែសម្រួល ឬដាក់ចេញនូវសេចក្ដីណែនាំបច្ចេកទេស សម្រាប់ការផ្ដល់សេវារដ្ឋបាល តាមវិស័យជំនាញនីមួយៗ ត្រូវណែនាំឱ្យមន្ទីរជំនាញរបស់ខ្លួន ផ្ដល់ការគាំទ្រឱ្យបានពេញទំហឹង ដល់កិច្ចដំណើរការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយ ។ឯកឧត្តមបន្ថែមថា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានរៀបចំប្រព័ន្ធបច្ចេកវិទ្យា សម្រាប់ការផ្ដល់សេវារដ្ឋបាល តាមវិស័យជំនាញនីមួយៗ ត្រូវបន្តកិច្ចសហការល្អ ជាមួយក្រុមការងាររបស់អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ក្នុងការចុះគាំទ្រ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តមុខងារ ផ្ដល់សេវារដ្ឋបាល ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលបំណងធានាប្រសិទ្ធភាព ការផ្ដល់សេវារដ្ឋបាលទាំងនោះ និងចូលរួមដោះស្រាយបញ្ហាប្រឈមដែលរដ្ឋបាលថ្នាក់ក្រោមជាតិបានជួបប្រទះ ។ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានថ្លែងថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៣ ទី១. គឺបង្ហាញអំពីលទ្ធផលការងារដែលសម្រេចបានក្នុង ឆ្នាំ២០២៤ កន្លងមក របស់យន្តការច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹង របស់ការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ, ទី២.ការចែករំលែកបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងការអនុវត្តការងារផ្តល់សេវា តាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការដោះស្រាយបណ្តឹងរបស់ពលរដ្ឋ ជុំវិញការផ្តល់សេវារដ្ឋបាលដោយការិយាល័យប្រជាពលរដ្ឋ និង៣. ជាវេទិកាសម្រាប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាពិគ្រោះយោបល់អំពីបញ្ហាប្រឈម ឬលើកឡើងនូវសំណើសំណូមពរនានា ៕ អត្ថបទ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM