សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ខេត្តកំពង់ឆ្នាំង ត្រៀមកម្លាំងប្រមាណជាង ៩ពាន់នាក់ ដើម្បីការពារសន្តិសុខសុវត្ថិភាព​ជូនប្រជាពលរដ្ឋបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

2025/04/13 01:07:19 pm        125
កំពង់ឆ្នាំង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងកម្លាំងកងរាជអាវុធហត្ថខេត្តប្រមាណជាង​​​១ពាន់នាក់ រួមនិងកម្លាំងប្រជាការពារជិត៨ពាន់នាក់ នឹងត្រូវដាក់ពង្រាយ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងឱកាសបុណ្យចូលឆ្នំាថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នាពេលខាងមុខ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥នេះ ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បន្តទៀតថា ក្នុងខេត្តកំពង់ឆ្នាំង មានគោលដៅប្រមាណជាង ៤០គោលដៅនៅទូទាំងខេត្ត ដែលនឹងដាក់កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល កម្លាំងនគរបាលអធិការដ្ឋានតាមក្រុងស្រុក រួមនិងកម្លាំងប្រជាការពារផងដែរ ធ្វើយ៉ាងណារក្សាអោយបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋបានសុខសប្បាយ ។ កម្លាំងទាំងនេះ នឹងដាក់ឱ្យឈរជើងនៅតាមវត្តអារាមទាំងអស់នៅក្នុងខេត្ត គោលដៅកន្លែងកម្សាន្តសប្បាយផ្សេងៗ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋតាមដងផ្លូវជាតិលេខ៥ និងផ្លូវនានាក្នុងខេត្ត ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាមនានា ទីរមណីដ្ឋាន និងកន្លែងប្រារព្វពិធីសង្ក្រាន្តជាដើម។ ចំពោះកម្លាំងដែលនឹងឈរតាមគោលដៅ នឹងត្រូវយកចិត្តទុកដាក់ចំពោះភារកិច្ច និងទទួលខុសត្រូវខ្ពស់លើការងារដឹកនាំបញ្ជាកម្លាំង ដើម្បីការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ កុំឱ្យមានកើតបទល្មើសកើតឡើង ជាពិសេសធានាឱ្យបានក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាពលរដ្ឋ ។ឯកឧត្តមបានបន្ថែមថា កម្លាំងដែលឈរជើងការពារគោលដៅនានា និងកម្លាំងល្បាត ត្រូវទប់ស្កាត់​សកម្មភាពបង្កការរំខានណាមួយ ដែលប៉ះពាល់ដល់ការកម្សាន្តសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងកិច្ចសហការជាមួយសមត្ថកិច្ចជំនាញ អាជ្ញាធរមូលដ្ឋាន និងប្រជាការពារផងដែរ៕ កាំង ហុងវាស្នា 

ប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្ម

2025/04/13 10:43:14 am        189
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រួតពិនិត្យ ផែនការការពារ សន្តិសុខ និង កម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីត្រៀមបំពេញបេសកកម្មចំពោះមុខ ។កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យផែនការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងត្រួតពិនិត្យកម្លាំង មធ្យោបាយ បរិក្ខារបំពាក់ ដើម្បីធានាឲ្យបាននូវប្រសិទ្ធិភាពក្នុងបេសកកម្មចូលរួមការពារពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ និង ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនាពេលដ៏ខ្លីខាងមុខនេះ។លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រូវទទួលដឹកនាំតាមបណ្តាគោលដៅទាំងអស់ ត្រូវតែម្ចាស់ការអនុវត្តតាមផែនការខាង​លើឲ្យបានដាច់ខាត ដើម្បីសម្រេចបាននូវបេសកកម្មនាពេលខាងមុខនេះ ប្រកបដោយរលូន និងទទួលបានជោគជ័យ ៕

រដ្ឋបាលខេត្តកំពង់ឆ្នាំង ធ្វើពីធីសូត្រមន្តរំដោះគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ សុំសេចក្តីសុខដល់អ្នកធ្វើដំណើរ

2025/04/13 09:02:40 am        373
កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះគ្រូចៅអធិការវត្តតាសុត រួមនិងព្រះចៅអធិការវត្តជាច្រើនទៀត និងមានលោកជំទាវ កែ ចន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត រួមនិងលោកលោកស្រីអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ បានធ្វើពីធីសូត្រមន្តដង្ហែតាមផ្លូវវៀងក្រុងកំពង់ឆ្នាំង និងផ្លូវក្នុងក្រុងកំពង់ឆ្នាំង ដើម្បីរំដោះគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ សុំសេចក្តីសុខដល់អ្នកធ្វើដំណើរគ្រប់រូប។

កម្មករ កម្មការិនីជាង ២ពាន់នាក់ ជួបប្រជុំគ្នាដើម្បី អបអរឆ្នាំថ្មីប្រពៃណីជាតិ មុនឈប់សម្រាកពីការងារ

2025/04/12 01:07:25 pm        236
កំពង់ស្ពឺ៖ ខណៈថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវបានអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាករយៈពេលជាច្រើនថ្ងៃ ដើម្បីជួបជុំក្រុមគ្រួសារនៅស្រុកកំណើត។ កម្មករ កម្មការិនីសរុបប្រមាណ ២,២០០នាក់ បានជួបជុំគ្នាដើម្បីអបអរពិធីបុណ្យចូលឆ្នាំដែលនឹងឈានមកដល់នាពេលខាងមុខនេះ មុននឹងបំបែកគ្នាទៅស្រុកកំណើតរៀងៗខ្លួន។នៅក្នុងពិធីជប់លៀងអបអរឆ្នាំថ្មី នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥នេះ លោក ជ័យ សុវណ្ណ ប្រធានរដ្ឋបាលរោងចក្រស្បែកជើង អល វីន ស៊ូ (ខេមបូឌា) ឯ.ក ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា នេះជាលើកទី២ ដែលរោងចក្ររៀបចំកម្មវិធីនេះឡើងដើម្បីជាការលើកទឹកចិត្ត និងអរគុណដល់កម្មករនិយោជិត ដែលបានប្រឹងប្រែងធ្វើការកន្លងមក។ លោកបានបន្តថា ឆ្នាំនេះរោងចក្រមានការរៀបចំលេងល្បែងប្រជាប្រិយជាច្រើន ដូចជាវាយក្អម លោតបាវ ការច្រៀង និងរាំលេងកំសាន្តជាដើម។ក្រៅពីកម្មវិធីខាងលើនេះ ថៅកែរោងចក្រក៏មានរៀបចំនូវអំណោយមួយចំនួនដើម្បីជាកាដូអបអរឆ្នាំថ្មីប្រពៃណីជាតិទៅកាន់កម្មករនិយោជិតផងដែរ ដោយក្នុងម្នាក់ទទួលបាន អង្ករ១បេ ទម្ងន់៥គីឡូក្រាម ប្រេងឆា១កាដុង (ចំណុះ២លីត្រ) និងថវិកាចំនួន ១ម៉ឺនរៀល។  លោកបន្ថែមថា ទៅថ្ងៃអនាគត ប្រសិនបើរោចក្រសម្រេចបានគោលដៅបន្តបន្ទាប់ទៀត ថៅកែនឹងផ្តល់ប្រាក់រង្វាន់លើសមត្ថភាពផលិតកម្មដល់កម្មករនិយោជិត ព្រមទាំងការរៀបចំកម្មវិធីសប្បាយៗដើម្បីលើកទឹកចិត្តដល់កម្មករដែលខិតខំបំពេញការងារអស់ពីកម្លាំងកាយចិត្ត។លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានឲ្យ ប៊ីធីវី ដឹងដែរថា ជារៀងរាល់ឆ្នាំ កម្មករ កម្មការិនី នឹងបានឈប់សម្រាកពីការងារយ៉ាងហោចណាស់រយៈពេល ១សប្តាហ៍ ពោលគឺច្រើនជាងពិធីបុណ្យនានា ដើម្បីជួបជុំជាមួយក្រុមគ្រួសារ និងសាច់ញាតិនៅឯស្រុកកំណើត។ លោកបន្តថា តាមទម្លាប់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ក្រៅពីធ្វើដំណើរទៅស្រុកំណើតជួបជុំក្រុមគ្រួសារញាតិមិត្ត កម្មករនិយោជិត ក៏បាននាំគ្នាធ្វើចង្ហាន់ និងរៀបចំទេយ្យទានផ្សេងៗប្រគេនព្រះសង្ឃ បន្ទាប់មកជួបជុំសាច់ញាតិ ទៅលេងសង្រ្កានតាមភូមិឃុំ និងការលេងល្បែងប្រជាប្រិយ៍ជាដើម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ នៅក្នុងកម្មវិធីនេះ បានមើលឃើញថា កម្មករ កម្មការិនី មានទឹកមុខសប្បាយរីករាយ និងជួបជុំគ្នាក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព។ ទន្ទឹមនេះ ក្រុមកម្មការិនី បាននិយាយស្រដៀងគ្នាថា ដោយសារការដឹកនាំដ៏ល្អរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបធ្វើឲ្យប្រជាពលរដ្ឋគ្រប់រូប ក៏ដូចជាកម្មកររោងចក្រទាំងអស់បានជួបជុំគ្នា ប្រកបដោយភាពសប្បាយរីករាយ និងមានសេរីភាពពេញលេញក្នុងការជួបជុំផងដែរ។ ក្នុងឱកាសប្រារព្ធពិធីអបអរឆ្នាំថ្មីនេះដែរ ភាគីរោងចក្រ សហជីព និងកម្មករ កម្មការិនី បានសម្តែងការជូនពរដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនខ្មែរទាំងមូលនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ ឲ្យធ្វើដំណើរកម្សាន្តទីជិត ទីឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងជួបប្រទះតែសេចក្តីសុខគ្រប់ប្រការ ជាពិសេសរក្សាសេចក្តីថ្លៃថ្នូរ និងចេះយោគយល់អធ្យាស្រ័យគ្នាក្នុងពេលបើកបរ.សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕

គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈ​ការបែងចែកផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត

2025/04/12 12:05:33 pm        213
ត្បូងឃ្មុំ ៖ សម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវជាតិលេខ៧១សេ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន នាព្រឹកថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥ ថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺជួយប្រជាពលរដ្ឋ តាមរយៈ​ការបែងចែក និងពង្រាយផលប្រយោជន៍ ជូនប្រជាពលរដ្ឋឱ្យបានដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងបន្តធ្វើជាបន្តបន្ទាប់ទៀត។ អភិក្រមនៃការធ្វើផ្លូវ​ គឺត្រូវធ្វើដេីម្បីតភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចក្នុង​ប្រទេសរបស់យើង និងពង្រីកផ្លូវឱ្យបានច្រើនខ្សែបន្ថែមទៀត ដែលជាសរសៃឈាមសេដ្ឋកិច្ច​ និងដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូន របស់ប្រជាពលរដ្ឋយើង។ "មានផ្លូវ មានសង្ឃឹម" ពេលណាមានផ្លូវ អ្វីៗនឹងកើតឡើងជាបន្តបន្ទាប់នៅតាមដងផ្លូវ​ រួមមានទាំងភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ភូមិឋានប្រជាពលរដ្ឋរស់នៅ មន្ទីរពេទ្យនិងសាលារៀន ជាដើម។ ការភ្ជាប់ស្ពាន និងផ្លូវ នេះពុំមែនសម្រាប់តែអ្នកស្ទឹងត្រង់ និងអ្នកក្រូចឆ្មារទេ ប៉ុន្តែសម្រាប់បម្រើជូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ រួមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យធ្វើដំណើរកាន់តែងាយស្រួល ឆាប់រហ័ស ជាពិសេស ជួយលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចក្នុងមូលដ្ឋាន ហើយធ្វើឱ្យប្រជាពលរដ្ឋកាន់តែមានភាព​ងាយស្រួលក្នុងការភ្ជាប់ទំនាក់ទំនង​ និង​ឯករាជ្យ​ភាពក្នុង​ការធ្វេីដំណេីរ។ សមិទ្ធផលថ្ងៃនេះ បានបង្ហាញពីការកសាងសមិទ្ធផល​ រាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់​ ដែលដឹកនាំដោយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ឆ្លើយតប និង បំពេញតម្រូវការជាក់ស្តែង ជូនប្រជាពលរដ្ឋ។ ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ នេះ គឺត្រូវនឹងខួបអនុស្សាវរីយ៍លើកទី ៦៧ នៃការបង្កើតទំនាក់ទំនងការទូត កម្ពុជា-ចិន ហើយទំនាក់ទំនងកម្ពុជា-ចិន បានបន្តមានភាពល្អប្រសើរឡើង រហូតក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅខែ ធ្នូ​ ឆ្នាំ ២០១០ ។ ក្នុងឆ្នាំ២០២៥ នេះដែរ, យើងបានកំណត់យកជា “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” ដើម្បីបន្តរួមចំណេកលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន ឱ្យកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារអន្តរជាតិ, ជាពិសេស ទីផ្សារប្រទេសចិន ព្រមទាំងពង្រឹងភាពជាដៃគូ និង កិច្ចសហប្រតិបត្តិការល្អ រួមចំណែកបន្តគាំទ្រដល់ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន” និង ការកសាង “សហគមន៍ជោគវាសនារួមកម្ពុជា-ចិន”ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី ។បន្ថែមពីនេះ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ឆ្នាំនេះ យើងនឹងមានរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ដែលជាការជួបជុំមហាគ្រួសារខ្មែរដេីម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅលើទឹកដីអង្គរវត្ត ខេត្តសៀមរាប ហើយនៅតាមបណ្ដាខេត្តផ្សេងៗ ក៏នឹងមានរៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មីដូចៗគ្នាដែរ ។ បងប្អូនប្រជាពលរដ្ឋមួយចំនួនទៀត ក៏នឹងត្រៀមធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ និង រមណីយដ្ឋាននានា​ ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង នឹងទទួលបាននូវភាពសប្បាយរីករាយនៅទូទាំងប្រទេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីយើង ក្រោមម្លប់នៃសុខសន្តិភាពដ៏ពេញលេញ ។ ទន្ទឹមនឹងនេះ, សម្តេចបវរ​ធិបតី​ ក៍បាន​សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក,​ កុំបើកបរលើសល្បឿនកំណត់,​ កុំបេីកបរពេលស្រវឹង​ និងកុំដឹកជញ្ជូនលើសទម្ងន់កំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ជាយថាហេតុ។ មុននឹងបញ្ចប់, សម្ដេចបរវធិបតី នាយករដ្ឋមន្ត្រី បានស្នើដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តជំរុញការសិក្សា និង រៀបចំយន្តការគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង ការបង្កើនការតភ្ជាប់ប្រទាក់ក្រឡាបន្ថែមទៀត ជាមួយបណ្ដាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា ផ្លូវគោក, ផ្លូវដែក, ផ្លូវទឹក និង កំពង់ផែ ដោយផ្ដោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និង តំបន់សមុទ្រ ។ បន្ថែមពីនេះ សូមផ្ដាំផ្ញើដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដរួមសហការខិតខំបំពេញការងារឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ក្នុងការលើកកម្ពស់ការចូលរួមថែទាំ និង អភិវឌ្ឍ ផ្លូវ ស្ពាន ដើម្បីតភ្ជាប់បណ្ដាញផ្លូវគមនាគមន៍ទៅគ្រប់តំបន់ជិតឆ្ងាយទូទាំងប្រទេស និង ភ្ជាប់ជាមួយប្រទេសជិតខាងឱ្យមាននិរន្ដរភាព ទាំងគុណភាព និង ប្រសិទ្ធផល ។

នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ២៣នាក់ពាក់ព័ន្ធ ៧ករណី

2025/04/12 11:26:22 am        254
ភ្នំពេញ ៖ ជនសង្ស័យ ២៣នាក់ត្រូវបាននគរបាលនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញនិងនៅតាមបណ្ដាខណ្ឌនានាបង្ក្រាបបានជាបន្តបន្ទាប់ហើយយកទៅបង្ហាញមុខជាសាធារណៈរួមគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថា សមត្ថកិច្ចបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យ ២៣នាក់ដែលសមត្ថកិច្ចជំនាញនិងនៅតាមបណ្តាលខណ្ឌនានាស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ចំនួន៧ករណីនៅក្នុងក្នុងរយះ៣ថ្ងៃ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ។នៅក្នុងចំណោមជនសង្ស័យទាំង ២៣នាក់ ក្នុងនោះមាន ៩នាក់ផ្ទុកនូវសាធាតុញៀន និង ២នាក់ ទើបតែចេញពីពន្ធនាគារ។ ក្នុងចំណោម ៧ ករណីនៅក្នុងនោះមានករណីឆក់៣ ករណី,ករណីលួចបន្លំ២ករណី,ករណីក្មេងទំនើងបង្កហិង្សាវាយតប់គ្នាទៅវិញឃាត់ខ្លួន៥ នាក់និងករណី: ក្លែងបន្លំឯកសណ្ឋាននគរបាលជាតិត្រូវបានកម្លាំងល្បាតនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលប៉ុស្តិ៍សំរោងក្រោមបង្ក្រាបបាន៦នាក់នៅចំណុចផ្លូវរថភ្លើង ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ដោយឡែកចំពោះករណីឆក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបង្ក្រាបបានជាបន្តបន្ទាប់ចំនួន ៦នាក់បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់នៅក្នុងមូលដ្ឋានខណ្ឌដូនពេញខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង។ ចំណែកករណីលួចបន្លំទម្លាក់យោងត្រូវបានកម្លាំងនគរបាលខណ្ឌបឹងកេងកងបង្ក្រាបបាន២នាក់និងករណីហិង្សានៅសង្កាត់ទួលសង្កែដែលមានការបង្ហោះនៅតាមបណ្ដាញសង្គមត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវឃាតខ្លួនបាន ៥ នាក់និងខណ្ឌច្បារអំពៅឃាត់បានជនសង្ស័យឆក់ចំនួន២នាក់៕ តារាវុទ្ធី

រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ

2025/04/12 09:36:49 am        99
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តសុំសេចក្តីសុខចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ដែលនឹងឈានចូលមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។ ពិធីនេះប្រារព្វឡើងក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រ៉ុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ, ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងលោកជំទាវ, លោកលោកស្រីអភិបាលរងខេត្ត និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ មន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធជាច្រើនទៀត។ពិធីនេះបានរៀបចំធ្វើឡើងតាមបែបប្រពៃណីសាសនា ដោយបាននិមន្ត្រព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គលមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ឲ្យមានសេចក្តីសុខ សេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទី ភារកិច្ចជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង ឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ ពិធីនេះដែរ បានបង្ហាញឲ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របពេលដែលប្រទេសជាតិ កំពុងមានសុខសន្តិភាពពេញលេញ ក្រោមម្លប់នៃសុខសន្ដិភាព ដែលរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។ ពិធីសូត្រមន្តសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស២៥៦៨ គ.ស២០២៥នេះ គឺជាការជួបជុំគ្នាក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារមន្ត្រីរាជការរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំកន្លងមកនេះ។ដោយឡែកសង្ក្រាន្តកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង បាន និងកំពុងរៀបចំតុបតែងក្នុងក្រុងកំពង់ឆ្នាំងនាពេលនេះ មានភាពទាក់ទាញកាន់តែប្រសើរឡើងជាងឆ្នាំកន្លងទៅ បើទោះបីជាមិនទាន់រួចរាល់ជាស្ថាពរក៏ដោយ ប៉ុន្តែបានលេចចេញនូវរូបរាង និងទិដ្ឋភាពយ៉ាងស្រស់ស្អាតនាពេលរាត្រី ដោយមានពន្លឺភ្លើងពណ៌ចម្រុះ និងការតុបតែងជាច្រើនបែបច្រើនយ៉ាង តាមរចនាបទប្រពៃណីដូនតាខ្មែរ ដែលបានបន្សល់ទុកឲ្យ និងជាស្នាដៃដ៏មហាអស្ចារ្យមិនអាចកាត់ថ្លែបាន៕ កាំង ហុងវាស្នា

សម្តេចប្រធានរដ្ឋសភាបានអំពាវនាវឱ្យប្រើនូវវិធីសាស្រ្តកណ្តាលនិយម និងបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាពនិងវិបុលភាពពិភពលោក

2025/04/12 09:33:54 am        108
(ទីក្រុងសេអ៊ូល) នៅក្នុងសន្និសីទប្រធានសភានៃអន្តរសភា (Inter Parliamentary Speakers’ Conference/ISC) ក្រោមប្រធានបទ “ការកសាងសាមគ្គីភាពជាសាកលៈ ពង្រឹងសន្តិភាព និងវិបុលភាពរួមតាមរយៈកិច្ចសន្ទនាអន្តរសភា” នៃកិច្ចប្រជំកំពូលឆ្នាំ២០២៥ UPF នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅសាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យប្រកាន់យកនូវវិធីសាស្រ្ដកណ្តាលនិយម “Centrist Approach” ។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីសារៈសំខាន់កាន់តែខ្លាំងឡើងនៃទំនាក់ទំនងការទូតសភា ដោយបានចង្អុលបង្ហាញពីតួនាទីរបស់រដ្ឋសភាកម្ពុជាក្នុងការជំរុញកិច្ចសន្ទនាដើម្បីសន្តិភាព និងវិបុលភាព។ សម្តេចបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ព្រឹត្តិការណ៍នេះបានអនុម័តនូវធម្មនុញ្ញសន្តិភាពសាកល ដែលជាគំនិតផ្តួចផ្តើមផ្តោតលើ សន្តិភាព និងភាពអត់ឱនជាសាកល ដែលទទួលបានការគាំទ្រពីសភាទូទាំងពិភពលោក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអភិបាលកិច្ចកណ្តាល និងគោលនយោបាយការបរទេស។សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងភាពជាអ្នកដឹកនាំសាកលជាថ្មី ដើម្បីឆ្លើយតបទៅនឹងពិភពលោកដែលបែកបាក់កាន់តែខ្លាំងឡើង ដោយសារការកើនឡើងនូវភាពតានតឹង ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការបែងចែកមនោគមវិជ្ជា។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់លើគោលគំនិតនៃ "ពហុវិបត្តិ Polycrisis" ដែលរួមមាន ការប្រឈមផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខ ជាដើម ទាមទារឱ្យមានការឆ្លើយតបជាសកល តាមរយៈកិច្ចសហការរួមគ្នា។ សម្តេចប្រធានបានកត់សម្គាល់ថា ខណៈពេលដែលតម្រូវឱ្យមានកិច្ចសហការគ្នាក្នុងការដឹកនាំកាន់តែសំខាន់បំផុតនោះ បែរជាសង្កេតឃើញមានកិច្ចសហការគ្នារវាងប្រទេសនិងប្រទេសបែរជាមានភាពថមថយទៅវិញ។ ដើម្បីដោះស្រាយបញ្ហានេះ សម្តេចរដ្ឋសភាធិបតីបានលើកទឹកចិត្តឱ្យមានអភិបាលកិច្ចសកល ផ្អែកលើការជឿទុកចិត្ត ដោយផ្អែកលើលទ្ធផល និងយុទ្ធសាស្រ្តដោយផ្តោតលើប្រជាជន។សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ការប្រកាន់យកវិធីសាស្រ្តនិយមកណ្តាល ទាំងជាតិ និងអន្តរជាតិ អាចស្តារទំនុកចិត្ត និងបង្កើនកិច្ចសហប្រតិបត្តិការ។ សម្តេចប្រធានរដ្ឋសភា បានជំរុញថា នយោបាយការបរទេសគួរតែត្រូវស្របទៅនឹងនយោបាយជាតិដើម្បីផ្ជាប់គម្លាតដែលមានក្នុងពេលច្ចុប្បន្ន។ នៅថ្នាក់ជាតិ និយមកណ្តាលផ្តល់នូវក្របខណ្ឌប្រកបដោយតុល្យភាព ដែលធ្វើឱ្យមានសុខុដុមនីយកម្មនៃសកលភាវូបនីយកម្មជាមួយមូលដ្ឋាននិយម និងសិទ្ធិរបស់ស៊ីវិលជាមួយនឹងសន្តិសុខ ដោយហេតុនេះការលើកកម្ពស់អភិបាលកិច្ចរួមបញ្ចូល។ នៅលើឆាកអន្តរជាតិ គោលនយោបាយនិយមកណ្តាលបានផ្តោតលើដំណោះស្រាយជាក់ស្តែង និងភាពជាដៃគូដែលមានគោលបំណងរួម ដែលអាចកសាងទំនុកចិត្តឡើងវិញក្នុងកិច្ចសហការអន្តរជាតិ។សម្តេចប្រធានរដ្ឋសភា ក៏បានរំលេចមេរៀនប្រវត្តិសាស្ត្រ ដោយបានកត់សម្គាល់ថា ភាពជាដៃគូជាក់ស្តែង ដោយផ្តោតលើលទ្ធផល អាចនាំទៅរកលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក រួមចំណែកដល់សន្តិភាព ការអភិវឌ្ឍ និងអភិបាលកិច្ចសកល។ សម្តេចប្រធានរដ្ឋសភាបានលើកទឹកចិត្តថ្នាក់ដឹកនាំសភា ដែលចូលរួមក្នុងកិច្ចប្រជុំនេះទទួលយកវិធីសាស្រ្តកណ្តាលនិយម និងគាំទ្រដល់ភាពជាដៃគូជាក់ស្តែងលើភាពរឹងប៉ឹងនៃមនោគមវិជ្ជា។សម្តេចប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ទៅអនាគត គេបានទទួលស្គាល់ពីបញ្ហាប្រឈមនានានៅខាងមុខ ក៏ប៉ុន្តែបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើលទ្ធផលជាក់ស្តែង និងផ្អែកលើទំនុកចិត្ត។ សម្តេចរដ្ឋសភាធិបតី បានអំពាវនាវដល់សហគមន៍អន្តរជាតិប្រកាន់យកនូវវិធីសាស្រ្តកណ្តាលនិយម ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជ្រុលនិយម ដោយអះអាងថា តាមរយៈការទប់ស្កាត់ភាពជ្រុលនិយម និងទទួលយកលទ្ធិនិយមកណ្តាល ប្រទេសនានាអាចបង្កើតផ្លូវសហប្រតិបត្តិការឆ្ពោះទៅមុខ ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពនយោបាយ។សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ UPF មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល ថ្នាក់ដឹកនាំផ្នែកសាសនា និងវិស័យឯកជន ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក និងបានអះអាងថា "យើងចាំបាច់ត្រូវធ្វើសកម្មភាពឱ្យខ្លាំងជាងការនិយាយ"៕

ប្រធានមន្ទីរធម្មការខេត្តស្វាយរៀងអំពាវនាវដល់ព្រះសង្ឃគណៈកម្មការចារ្យវត្ត​​រៀបចំវេចខ្ចប់ចង្ហាន់សល់ពីព្រះដើម្បីធ្វើការបែងចែកជូនដល់ពលរដ្ឋនិងកុមារកំព្រា

2025/04/12 09:04:52 am        95
ស្វាយរៀង ៖ លោកទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២៥នេះ បានអំពាវនាវដល់គណៈកម្មការអាចារ្យវត្តនិងព្រះសង្ឃ ត្រូវរៀបចំវត្តអារាមឲ្យបានសមរម្យ ទាំងបរិស្ថានសោភណ្ឌភាព សហការ ការពារសន្តិសុខសណ្ដាប់ធ្នាប់ជាមួយនឹងរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាទទួលពុទ្ធបរិស័ទចូលមកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិក្នុងភាពស្ងប់ស្ងាត់នៃអារម្មណ៍ ។ទន្ទឹមនឹងការរៀបចំវត្តអារាមឲ្យមានសោភ័ណ្ឌភាពនិងបរិស្ថានលោកប្រធានមន្ទីរ ក៏បានណែនាំដល់គណៈកម្មការអាចារ្យវត្តនិងព្រះសង្ឃត្រូវចាត់ចែងវេចខ្ចប់ចង្ហាន់សល់ពីព្រះសង្ឃឲ្យបានសមរម្យ ដើម្បីនាំយកទៅធ្វើការចែកជូនដល់ពលរដ្ឋដែលគ្មានទីពឹង ពិសេសកុមារក្នុងព្រា ហូបចុកអោយបានសមរម្យនិងទទួលយកមគ្គផលទៅតាមកម្លាំងសទ្ធារបស់ពួកគេឲ្យបានគ្រប់ៗគ្នាផងដែរ។លោកប្រធានមន្ទីរបានបញ្ជាក់ប្រាប់បន្ថែមថាបច្ចុប្បន្នស្វាយរៀងមានវត្តចំនួន២៤៦វត្ត រួមនិងព្រះវិហារសាសនាផ្សេងៗផងនោះ កន្លងមកវិសយ័សាសនានេះត្រូវបានព្រះសង្ឃ ពុទ្ធបរិសទ័ គោរពនិងប្រតិបត្តិទៅតាមច្បាប់រដ្ឋធម្មនុញ្ញជាតិបានចែង ជាតិ សាសនា ព្រះមហាក្សត្រ តាមស្មារតីសាមគ្គីឯកភាពក្រោមម្លប់សន្តិភាពនិងភាពស្ងប់ស្ងាត់ ។                 ​​​

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចែករំលែកទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដល់កិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល

2025/04/12 08:01:52 am        134
ទីក្រុងសេអ៊ូល ថ្ងៃទី១១ មេសា ២០២៥ – ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល២០២៥ របស់សហព័ន្ធសន្តិភាពសកល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាប្រព័ន្ធគោលនយោបាយបានទទួលជោគជ័យនៅកម្ពុជា គឺនយោបាយឈ្នះ-ឈ្នះ និងយុទ្ធសាស្ត្រស្ថាបនាប្រទេសឡើងវិញក្រោយសង្គ្រាម។ សម្តេចប្រធានរដ្ឋសភា បានរៀបរាប់ពីសសរស្តម្ភសំខាន់ទាំង១០ នៃទ្រឹស្តីរបស់សម្តេចតេជោ ដែលអាចផ្តល់ជាបទពិសោធន៍ និងជាប្រភពនៃគំនិតសម្រាប់បណ្ដាប្រទេសនានាទូទាំងពិភពលោក ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។១. ការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព។ នៅត្រង់ចំនុចនេះសម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ទំនុកចិត្តជាធាតុចូលដ៏ចាំបាច់ក្នុងការកសាង និងរក្សាទំនាក់ទំនងសន្តិភាពរវាងបណ្តាប្រទេសនានា និងសហគមន៍។២. ការបញ្ចប់សង្គ្រាមតាមរយៈកិច្ចពិភាក្សា។ កិច្ចពិភាក្សាត្រូវបានជ្រើសយកជាវិធីសាស្ត្រអាទិភាពក្នុងការដោះស្រាយជម្លោះ និងបញ្ចប់សង្គ្រាម។៣. ការលើកកម្ពស់ការសហការគ្នារវាងនយោបាយនិងយោធា។ សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ការសហការអង្គភាពនយោបាយ និងយោធាជាធាតុដ៏សំខាន់ក្នុងការរក្សានិរន្តរភាពនៃសន្តិភាព និងស្ថិរភាព។៤. ការលើកកម្ពស់ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ច។ ការរួមបញ្ចូលកិច្ចការសង្គមនិងសេដ្ឋកិច្ចជាអាទិភាពដើម្បីនាំមកនូវភាពសុខដុមរមនា និងការរីកចម្រើនរបស់ជាតិ។៥. ការផ្សារភ្ជាប់សន្តិភាព និងការអភិវឌ្ឍ។ នៅត្រង់ចំនុចនេះ សម្តេចប្រធានរដ្ឋសភា គូសបញ្ជាក់ថា គំនិតផ្តួចផ្តើមដែលផ្សារភ្ជាប់សន្តិភាពជាមួយនឹងការអភិវឌ្ឍអាចធានានិងជួយពង្រឹងគ្នាទៅវិញទៅមកដើម្បីវឌ្ឍនភាព។ ៦. ការធានាឱ្យបានចំពោះភាពសុខដុមរមនាក្នុងសង្គមសម្រាប់ជាគ្រឹះនៃសន្តិភាព។ ការបង្រួបបង្រួមក្នុងសង្គមគឺជាមូលដ្ឋានគ្រឹះក្នុងការរក្សានិរន្តរភាពនៃសន្តិភាពក្នុងសង្គម។៧. ការផ្សារភ្ជាប់សន្តិភាពនិងការផ្តល់នូវយុតិ្តធម៌ក្នុងរយៈពេលអន្តរកាល។ ការអនុវត្តយន្តការយុត្តិធម៌ក្នុងរយៈពេលអន្តរកាលជួយឱ្យសង្គមផ្សះផ្សានិងជាសះស្បើយបន្ទាប់ពីមានជម្លោះ។៨. ការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលនាំទៅរកសន្តិភា។ សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បន្ថែមថា ការចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិជាអាទិភាពចម្បងក្នុងការលើកកម្ពស់សន្តិភាពពិភពលោក។៩. ការលើកកម្ពស់ពហុភាគីនិយមដើម្បីសន្តិភាព៖ ការកសាងកិច្ចសហប្រតិបត្តិពហុភាគីអាចជួយជម្រុញដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតសន្តិភាពទូទាំងពិភពលោក។១០. ការគោរពច្បាប់អន្តរជាតិដើម្បីជាមូលដ្ឋានគ្រឹះនៃសន្តិភាព។ ការអនុវត្តអនុលោមតាមច្បាប់អន្តរជាតិមានសារៈសំខាន់ណាស់ក្នុងការរក្សាសន្តិភាព និងសណ្តាប់ធ្នាប់សកល។សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានរំលឹកថា សសរស្តម្ភនៃទ្រឹស្តីសន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានបង្ហាញពីដំណើររបស់កម្ពុជាទៅរកសន្តិភាពប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងអាចជាមាគ៌ាដ៏សំខាន់សម្រាប់បណ្តាប្រទេសផ្សេងទៀត ក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះ និងការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
06/01/2026 09:06 AM
ការជាសះស្បើយពីជំងឺអេបូឡានាំមកនូវសញ្ញានៃក្តីសង្ឃឹមនៅកុងហ្គោ ខណៈករណីសង្ស័យលេចឡើងនៅក្រៅទ្វីបអាហ្វ្រិក
06/01/2026 09:06 AM
ការផ្ទុះគ្រាប់មីនក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់
06/01/2026 09:06 AM
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
06/01/2026 09:06 AM
កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM