ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាដឹកនាំដោយ សម្តេចប្រធានរដ្ឋសភា ឃួន សុដារី អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល

2025/04/11 06:07:55 pm        119
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមេសាឆ្នាំ២០២៥ នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកជាផ្លូវការនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២៥ នៃសហព័ន្ធសន្តិភាពសាកល ក្រោមមូលបទ “បញ្ហាប្រឈមនាពេលបច្ចុប្បន្នចំពោះសណ្តាប់ធ្នាប់ពិភពលោកៈ ការបង្កើតយុគសម័យថ្មី ដែលមានសន្តិភាព និងវិបុលភាព” ដោយមានប្រតិភូចូលរួមសរុបប្រមាណជិត ១០០០ នាក់ ដែលក្នុងនោះមានគណៈប្រតិភូបរទេស ចំនួនប្រមាណ ៥០០ នាក់ ដែលក្នុងនោះមានប្រតិភូស្ថាបន័សភាចំនួន ៤៥ ប្រទេស។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលឆ្នាំ២០២៥ របស់ (UPF)នេះ មានការអញ្ជើញថ្លែងសុន្ទរកថា ដោយវាគ្មិនកិត្តិយសសំខាន់ៗ រួមមានៈ លោកបណ្ឌិត ឆាល យ៉ាង (Dr. Charles S. Yang) ប្រធាន UPF អន្តរជាតិ លោកស្រី ប៉ូលឡា វាយ ខេន (Poster Paula White Cain) ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសាសនា របស់ប្រធានាធិបតី ត្រាំ នៃសហរដ្ឋអាមេរិក និង ឯកឧត្តម ភីលមិន យ៉ាង (Hon. Philemon Yang) ប្រធានមហាសន្និបាតនៃអង្គការសហប្រជាជាតិលើកទី៧៩ ដែលបានសង្កត់អំពីសារៈសំខាន់នៃសន្តិភាព និងការធ្វើការរួមគ្នា ដើម្បីថែរលក្សា និងលើកម្ពស់សន្តិភាព និងវិបុលភាពរួម។ សូមជម្រាបថាកិច្ចប្រជុំកំពូលពិភពលោក២០២៥ ជាការជួបជុំដ៏ធំមួយដែលមានគណៈប្រតិភូមកពីស្ថាប័នផ្សេងៗគ្នា មានទំាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ថ្នាក់ដឹកនាំសាសនា អ្នកស្រលាញ់សន្តិភាព និងវិស័យឯកជន សង្គមស៊ីវិល នៅក្នុងគោលដៅតែមួយដើម្បីការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ កិច្ចប្រជុំកំពូលពិភពលោក ជាវេទិកាបើកចំហ និងលំហប្រកបដោយសុវត្ថិភាព សម្រាប់ការពិភាក្សា ការចែករំលែក ផ្លាស់ប្តូរយោបល់ និងចាត់វិធានការជាក់ស្តែងដើម្បីឈានទៅសម្រេចបាននូវសន្តិភាពពិភពលោក។កិច្ចប្រជុំកំពូលនេះបានប្រព្រឹត្តិទៅស្របខួបលើកទី៨០ នៃអង្គការសហប្រជាជាតិ និងស្របពេលដែលពិភពលោកកំពង់ជួបប្រទះនូវបញ្ហាប្រឈម វិបត្តិនានា និងជាវេទិកាមួយដ៏សំខាន់ផ្តល់ឱកាសឱ្យមានការរួមគ្នា ដើម្បីលើកកម្ពស់ សន្តិភាព និងវិបុលភាពសម្រាប់មនុស្សជាតិ។ ដូច្នេះអ្នកចូលរួមទាំងអស់គ្នា មានក្តីសង្ឃឹមថា  នេះជាឱកាសមួយដើម្បីជជែក ពិភាក្សា និងផ្លាស់ប្តូរទស្សន យោបល់គ្នា និងស្វែងរកនូវវិធីសាស្រ្ត គន្លឹះក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ។ក្រោយពីពិធីបើកជាផ្លូវការ និងសម័យប្រជុំពេញអង្គលើកទី១ បញ្ចប់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថា ពិសេសមួយទៅកាន់កិច្ចប្រជុំនៅក្នុងសម័យប្រជុំពេញអង្គលើកទី២ ផងដែរ៕

ត្រីមាសទី១ ដើមឆ្នាំ២០២៥នេះ កម្ពុជារកប្រាក់ចំណូលពីការនាំចេញអង្ករបានជាង ១៦០លានដុល្លារអាម៉េរិក

2025/04/11 06:04:01 pm        102
ភ្នំពេញ៖ គិតក្នុងរយៈ ៣ខែដំបូង ដើមឆ្នាំ២០២៥នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ២១១ ០៥៨តោន គិតជាទឹកប្រាក់បានចំនួន ១៦០.៥១លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក)។នៅក្នុងរបាយការណ៍ដែលផ្សាយនៅល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញឲ្យដឹងថា ទីផ្សារដែលជាគោលដៅរបស់កម្ពុជា ក្នុងការនាំចេញអង្ករទៅដាក់លក់នោះ មានចំនួន៥៥គោលដៅ នៅទូទាំងពិភពលោករបស់ក្រុមហ៊ុននាំចេញអង្ករចំនួន៤៧។ ក្នុងនោះមានដូចជា នៅប្រទេសក្នុងទ្វីបអឺរ៉ុបចំនួន២៥ សរុបចំនួន ១០៦ ៥១៣តោន គិតជាទឹកប្រាក់ចំនួន ៨៤.៨៣លានដុល្លារ។ ៤ប្រទេសសមាជិអាស៊ាន ចំនួន៣៤ ៩២៣តោន គិតជាទឹកប្រាក់ចំនួន ២៤.៩៥លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត ៣៧ ៨២១តោន គិតជាទឹកប្រាក់ចំនួន ២២.៥៩លានដុល្លារ និង២៤ប្រទេសផ្សេងៗទៀត អាហ្រ្វិក មជ្ឈឹមបូព៌ា ។ល។ ៣១ ៨០១តោន គិតជាទឹកប្រាក់ចំនួន ២៨.១៤លានដុល្លារ។សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងទៀតថា ចំពោះប្រភេទអង្ករនាំចេញ មានដូចជា អង្ករក្រអូបគ្រប់ប្រភេទ មានចំនួន ៨១.៣៨% , អង្ករសគ្រាប់វែង ១៣.៦០% , អង្ករចំហុយ ២.៦០% , អង្ករសរីរាង្គ ១.៩៣% និងអង្ករផ្សេងៗទៀត ០.៤៩%៕

ខេត្តព្រះវិហាររៀបចំព្រឹត្តិការណ៍ «ព្រះវិហារសង្ក្រាន្ត» រយៈពេល៣ថ្ងៃ មានការតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីលើកកម្ពស់សក្តានុពលនៃខេត្ត

2025/04/11 04:31:32 pm        515
ព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ ជូនដំណឹងស្តីពីការរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ​ឆ្នាំ២០២៥ ទ្រង់ទ្រាយធំជាងឆ្នាំមុនៗ និងមានការលេងល្បែងប្រជាប្រិយខ្មែរច្រើនប្រភេទ មានរៀបចំតំបន់សើម ព្រមទាំងមានការប្រគុំតន្ត្រីខ្នាតធំ និងមានបាញ់កាំជ្រួចផងដែរ​ នៅក្នុងបរិវេណសាលាខេត្តព្រះវិហារ។ក្នុងសេចក្តីជូនដំណឹងនោះ មានខ្លឹមសារដូច្នេះថា រដ្ឋបាលខេត្តព្រះវិហារ មានកិត្តិយសសូមគោរព​ជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មេត្តាជ្រាបថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ពស.២៥៦៩ គស.២០២៥ ដែលនឹងឈានមកដល់នាពេល​ខាងមុខនេះ រដ្ឋបាលខេត្ត នឹងរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ​ឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ។ការរៀបចំព្រឹត្តិការណ៍ ព្រះវិហារសង្ក្រាន្ត ​ឆ្នាំ២០២៥ នេះ គឺជាការចូលរួមអនុវត្តតាម​អនុសាសន៍ដ៏​ខ្ពង់ខ្ពស់ បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបរិបទប្រទេសជាតិ​មានសុខសន្តិភាព និងស្ថិរភាពនយោបាយល្អប្រសើរ ម្យ៉ាងវិញទៀត ដើម្បីចូលរួមអបអរសាទរ​ទទួល​ទេវតាឆ្នាំថ្មី សិរីសួស្តី ជ័យមង្គល និងជាឱកាសដ៏ល្អសម្រាប់ជួបជុំក្រុមគ្រួសារ។ព្រឹត្តិការណ៍នេះ ក៏មានការប្រគុំតន្ត្រីប្រពៃណី និងសម័យ ប្រដាល់គុនខ្មែរ ការរាំលេងកំសាន្ត ការតាំងពិព័រណ៍បង្ហាញផលិតផល និងសម្ភារៈប្រើប្រាស់ក្នុងស្រុក ការលេងល្បែងប្រជាប្រិយគ្រប់​ប្រភេទ និងព្រឹត្តិការណ៍កំសាន្តផ្សេងៗ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ។សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ អាជីវករ ម្ចាស់ក្រុមហ៊ុន សហគ្រាស វិស័យឯកជន បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើម្បីចូលរួមកម្សាន្ត​សប្បាយរីករាយ​ឱ្យបានច្រើនកុះករ និងអធិកអធម ដើម្បីរួម ចំណែកលើកកម្ពស់វប្បធម៌​ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តព្រះវិហារ ។ សូមបញ្ជាក់ផងដែរថា កាលពីសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានដឹកនាំ​គណៈប្រតិភូ​មន្ត្រីរាជការខេត្ត និង ក្រុមការងារ ស.ស.យ.ក របស់ខេត្ត អញ្ជើញទៅកាន់ទីសក្ការៈបូជា ពេយលោកតាឌី ​ដើម្បីធ្វើពិធីអុជធូបបួងសួងសុំសេចក្តីសុខ សិរីមង្គល ជូនដល់ប្រជាពលរដ្ឋ​ទូទាំងខេត្ត ជាពិសេសកងកម្លាំងដែលកំពុងបំពេញភារកិច្ចការពារ​បូរណភាពទឹកដី នៅខ្នងភ្នំ​ប្រាសាទព្រះវិហារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដឹកនាំគណៈប្រតិភូ អញ្ជើញទៅបោះជំរុំលើភ្នំដង​រែក ប្រាសាទព្រះវិហារ ក្នុងតំបន់ប្រវត្តិសាស្ត្រតេជោ៥មករា ជាទីបញ្ជាការកងពលតូចអន្តរាគមន៍​លេខ៨ ក្នុងស្រុកជាំក្សាន្ត ក្រៅពីការសាកសួរសុខទុក្ខ និងផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកា ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត រួមទាំងគណៈប្រតិភូ រៀបចំ​អាហារសាមគ្គីជាមួយភាគីថៃ-កម្ពុជា នៅលើភ្នំដងរែកច្រកតាផាវ រាំលេងកម្សាន្តយ៉ាងសប្បាយរីករាយ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ក្រោមបរិយាកាសពោរពេញដោយភាពស្និទ្ធស្នាល និងសាមគ្គីភាព។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម គីម រិទ្ធី បានថ្លៃងកោតសរសើរ និងថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់របស់បងប្អូនទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែង​បំពេញភារកិច្ចដោយមិនខ្លាចនឿយហត់​ ក្រោមម្លប់ដ៏ត្រជាក់ត្រជុំនៃសន្តិភាព ដែលយើងទាំង​អស់គ្នាបានខិតខំកសាង និងថែរក្សាអស់រយៈពេលជាយូរមកហើយនេះ៕

រថយន្តក្រុងសាធារណៈរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញត្រៀមរួចរាល់សម្រាប់ដឹកប្រជាពលរដ្ឋក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសានេះ

2025/04/11 04:20:17 pm        176
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៥ រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងរថយន្ត អ្នកបើកបរ តាមគោលដៅចេញដំណើរនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល០៦ ថ្ងៃ ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ “ជិះដោយមិនបង់ប្រាក់”។សូមបងប្អូនប្រជាពលរដ្ឋមកទទួលសេវារថយន្តក្រុងសាធារណៈជិះទៅស្រុកកំណើត៖ -ជិះដោយមិនបង់ប្រាក់-ជិះដោយមិនតម្រូវឱ្យមានការចុះឈ្មោះ -ជិះដោយមិនតម្រូវអត្តញាណប័ណ្ណ ឬឯកសារផ្សេងៗ។សូមអញ្ជើញបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋទាំងអស់ មកទទួលសេវារថយន្ដក្រុងសាធារណៈ សូមធ្វើដំណើរប្រកបដោយសុវត្ថិភាព និងផាសុកភាព។ (ដើម្បីទទួលបានព័ត៌មាន អំពីទីតាំងចេញដំណើរ សូមអញ្ជើញស្គេន QR ឬចុចលើ https://heylink.me/PPCITYBUS/ ដែលបានជូនភ្ជាប់នៅខាងក្រោម)៕

កម្មករ កម្មការនី ជួបជុំគ្នារាំលេងកម្សាន្តដើម្បីអបអរសាទរឆ្នាំថ្មី មុនឈប់សម្រាកទៅស្រុកកំណើត

2025/04/11 04:15:21 pm        125
ភ្នំពេញ ៖ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ឆ្នាំ២០២៥នេះ កម្មករ កម្មការិនី និងបុគ្គលិក ក្រុមហ៊ុន ជាវ័យ (ខេមបូឌា) ហ្គាមេន ហ្វេកធើរី ដែលជារោងចក្រកាត់សម្លៀកបំពាក់ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីជួបជុំអាហារសាមគ្គីក្រោមម្លប់សុខសន្តិភាព មុនឈប់សម្រាកទៅស្រុកកំណើតដើម្បីជួបជុំគ្រួសាររៀងៗខ្លួន។ ​តាមការលើកឡើងរបស់រដ្ឋបាលរោងចក្រនេះ បានឲ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបង្កើនភាពសប្បាយរីករាយ បង្កើនភាពស្និទ្ធស្នាល សាមគ្គីភាព រវាងថ្នាក់ដឹកនាំ និងកម្មករនិយោជិតទាំងអស់ដែលមានចំនួនសរុបប្រមាណជាង ២ពាន់នាក់។ លោកបានឲ្យដឹងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំនេះ រោងចក្រអនុញ្ញាតឲ្យកម្មករនិយោជិតឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៩ថ្ងៃ គិតចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ទើបត្រឡប់ចូលបំពេញការងារធម្មតាឡើងវិញ។នៅក្នុងកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីនេះ កម្មករ កម្មការិនី បានបង្ហាញនូវទឹកមុខសប្បាយរីករាយ និងសង្ឃឹមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងបន្តអភិវឌ្ឍន៍ប្រទេសឲ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត ជាពិសេសទាក់ទាញអ្នកវិនិយោគថ្មីៗ និងបង្កើតឱកាសការងារកាន់តែច្រើនជូនដល់ប្រជាពលរដ្ឋ ដើម្បីមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់គ្រួសារ។កម្មករ កម្មការិនី បានសម្តែងការអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំប្រទេសឈានទៅរកសុខសន្តិភាព និងបានជូនពរផងដែរជូនចំពោះថ្នាក់ដឹកគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាល ក៏ដូចជាកម្មករ កម្មការិនីរោងចក្រដទៃផ្សេងទៀត និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសទទួលបាននូវសេចក្តីសុខសប្បាយ សេចក្តីចំរើន និងធ្វើដំណើរទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នា។ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋភាគច្រើនតែងតែចាកចេញពីរាជធានីភ្នំពេញ ទៅជួបជុំក្រុមគ្រួសារនៅស្រុកកំណើត និងខ្លះទៀតធ្វើដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស។ សម្រាប់ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥៕អត្ថបទ៖ ឈិត បូរ៉ាវី 

វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានរៀបចំសម្អាតទីធ្លាវត្ត និងតុបតែងលម្អត្រៀមអបអរឆ្នាំថ្មី

2025/04/11 04:00:33 pm        102
ភ្នំពេញ ៖ វត្តអារាមមួយចំនួនក្នុងរាជធានីភ្នំពេញ បានរៀបចំសម្អាតទីធ្លាវត្ត និងតុបតែងលម្អ ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ គ.ស. ២០២៥។​ភិក្ខុសន្តិបាលោ ស្រឿន អូន គង់នៅវត្តព្រះបារមីវង្គតបុរី រាជធានីភ្នំពេញ មានថេរដីកាប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ មិនមែនរៀបចំត្រឹមតែវត្តព្រះបារមីវង្គតបុរី ហៅវត្តទួលក្រសាំង ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ តែមួយនោះទេ គឺរៀបចំពិធីទូទាំងព្រះរាជាណាចក្រកម្ពុជាទាំងមូល ទន្ទឹមនឹងក៏មានព្រះសង្ឃ ពុទ្ធបរិស័ទ សិស្ស និសិ្សត ដែលអាស្រ័យគង់នៅក្នុងវត្ត បានជួយរៀបចំសម្អាតបរិស្ថាន រៀបចំចងនូវបដាទង់ជ្វាលា ទង់ជាតិ ទង់សាសនា ដើម្បីចូលរួមរៀបចំវត្តអារាម ឲ្យមានសោភណ្ឌភាព ដើម្បីទទួលពុទ្ធបរិស័ទ មកពីទីឆ្ងាយ ទីជិត ចូលរួមធ្វើបុណ្យធ្វើទាន តាមសទ្ធាជ្រះថ្លារៀងខ្លួន។ ដូច្នេះវត្តព្រះបារមីវង្គតបុរី ក្រោមការដឹកនាំរបស់ព្រះសក្យវង្សបណ្ឌិត ស៊ីម សារ៉ាន ព្រះចៅអធិការវត្ត បានខិតខំទាំងការកសាងវត្តអារាម ឲ្យស័ក្តិសមជាបូជនីយដ្ឋាន សម្រាប់ពុទ្ធមាមកជន ចូលមកធ្វើបុណ្យ ធ្វើទាន និងជួយទាំងផ្នែកធនធានមនុស្ស ព្រមទាំងប្រារព្ធនូវកម្មវិធីទាក់ទងនិងព្រះពុទ្ធសាសនាផ្សេងៗទៀតផងដែរ។ចំណែកបងប្អូនប្រជាពលរដ្ឋ ញោមញាតិ ពុទ្ធបរិស័ទ បាននាំយកចង្ហាន់ និងគ្រឿងបរិក្ខារផ្សេងៗមកប្រគេនព្រះសង្ឃ គង់នៅវត្តព្រះបារមីវង្គតបុរី និងវត្តទឹកថ្លា បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ បាននាំយកចង្ហាន់ ទេយ្យទានមកប្រគេនព្រះសង្ឃ និងបង្សុកូល ជូនបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ជាការតបស្នងសងគុណ និងដើម្បីបួងសួងសូមឱ្យទេវតាឆ្នាំថ្មីប្រោះព្រំ ប្រទានពរជ័យ សិរីសួរស្តី ជ័យមង្គលមហាប្រសើរ។សូមបញ្ជាក់ផងដែរថា ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋខ្មែរយើងទាំងក្នុង និងក្រៅប្រទេស តែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិរបស់ខ្លួន ក្នុងមនោសញ្ចេតនាសប្បាយរីករាយនិងប្រកបដោយស្មារតីសាមគ្គីភាពជិតស្និទ្ធ។ ពិធីនេះប្រារព្ធឡើងដើម្បីទទួលស្វាគមន៍ការចូលមកដល់ឆ្នាំថ្មីស្របតាមប្រពៃណីជាតិ។ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ប្រព្រឹត្តទៅតាម ដំណើរសង្ក្រាន្តដូចតទៅ៖ ថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មហាសង្ក្រាន្ត ម៉ោង ៤:៤៨ នាទីទៀបភ្លឺ ជាថ្ងៃចូលឆ្នាំម្សាញ់ សប្តស័ក, ថ្ងៃអង្គារ ៣រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃវ័នបត និងថ្ងៃពុធ ៤រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ជាថ្ងៃឡើងស័ក គម្រប់៣ថ្ងៃ ស្រេចបរិបូណ៌ ចូលឆ្នាំម្សាញ់ សប្តស័ក៕អត្ថបទ រដ្ឋា

អ្នកនាំពាក្យក្រសួងព័ត៌មានចែករំលែកទម្លាប់៤យ៉ាងឱ្យជៀសផុតពីការរងគ្រោះដោយសារការចែកចាយព័ត៌មានប្រកបដោយគ្រោះថ្នាក់ឬព័ត៌មានក្លែងក្លាយដោយមិនដឹងខ្លួន

2025/04/11 03:55:54 pm        148
ភ្នំពេញ៖ គ្រប់ប្រភេទនៃព័ត៌មានក្លែងក្លាយ សុទ្ធតែមានឥទ្ធិពលអវិជ្ជមានមកលើផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងនយោបាយ ពោលគឺព័ត៌មានក្លែងក្លាយអាចបង្កអស្ថិរភាព បង្កើតអំពើហិង្សា ដែលបណ្តាលឱ្យកើតមានអរិភាពសង្គម ប្រជាពលរដ្ឋបាត់ទំនុកចិត្តលើការដឹកនាំ នាំឱ្យមានការបែកបាក់សាមគ្គីភាពក្នុងសង្គម ព្រមទាំងអាចបង្កព្យសនកម្ម និងមហន្តរាយដែលមិនអាចនឹកស្មានដល់។ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា នៅពេលប្រើប្រាស់បណ្តាញសង្គម ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់ទម្លាប់ល្អ៤យ៉ាង ដែលអាចឱ្យខ្លួនជៀសផុតពីការរងគ្រោះដោយសារការចែកចាយព័ត៌មានប្រកបដោយគ្រោះថ្នាក់ដោយមិនដឹងខ្លួន។ ទម្លាប់ល្អទាំង៤នោះគឺ៖ ទី១. បោះបង់ចោលការចែកចាយព័ត៌មានបន្តលឿនពេក មុននឹងចែកចាយបន្តទៀតត្រូវផ្តល់វេលាបន្តិចសិនដើម្បីអានព័ត៌មាននោះឱ្យស្រួលបួល ហើយត្រូវផ្ទៀងផ្ទាត់ព័ត៌មាននោះប្រសិនបើខ្លឹមសារមិនសមហេតុផល ឬសង្ស័យថាអាចជាព័ត៌មានក្លែងក្លាយ ។ទី២. កុំទាន់ជឿលើប្រភពព័ត៌មានពីបណ្តាញទំនាក់ទំនងសង្គមទាំងស្រុងតែមួយមុខ ពោលគឺត្រូវស្វែងរកការបញ្ជាក់ភាពសុក្រឹត ពីប្រភពយ៉ាងហោចពីរផ្សេងទៀត ដោយអាននិងផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរដ្ឋឬឯកជន តាមគេហទំព័រ ទូរទស្សន៍ វិទ្យុ និងបណ្តាញផ្សាយឌីជីថលផ្លូវការរបស់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការទាំងនេះ ដើម្បីធានាថាវាជាព័ត៌មានពិត មានភាពសុក្រឹត ត្រឹមត្រូវទុកចិត្តបានមុននឹងចែកចាយបន្ត។ប្រភពផ្សាយព័ត៌មានបែបអាជីពដែលគោរពក្រមសីលធម៌វិជ្ជាជីវៈ ឬប្រភពព័ត៌មានផ្លូវការផ្សេងទៀតទី៣. ចាប់យកប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្លូវការរដ្ឋនិងឯកជន ទាំងប្រពៃណីនិងទំនើប និងភ្នាក់ងារផ្សព្វផ្សាយព័ត៌មានអាជីពដែលមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ ជាប្រភពអាទិភាព សម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃ ហើយត្រូវលើកទឹកចិត្តដល់អ្នកដទៃទៀតឱ្យធ្វើដូច្នេះដែរ។ និងទី៤. ចែករំលែក ផ្សព្វផ្សាយតែព័ត៌មានពិត វិជ្ជមាន មានប្រភពច្បាស់លាស់ សម្រាប់ជាប្រយោជន៍ដល់គ្រួសារ អ្នកនៅជុំវិញខ្លួននិងខ្លួនឯងផ្ទាល់ និងផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់ការរួមចំណែកក្នុងការថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងសន្តិសុខក្នុងសង្គម។ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមាប្រសាសន៍សង្កត់ធ្ងន់ទៀតថា៖ «យើងទាំងអស់គ្នាត្រូវចងចាំថា «ពាក្យចចាមអារ៉ាម ឬការគ្រាន់តែចែកចាយតៗគ្នា ឬការគ្រាន់តែឮគេថា» ជាព័ត៌មានដែលមិនទាន់អាចយកជាការបាននៅឡើយទេ លុះត្រាតែព័ត៌មានទាំងនេះត្រូវបានបញ្ជាក់ដោយប្រភពផ្លូវការច្បាស់លាស់ណាមួយសិន ឧទាហរណ៍ការផ្សាយផ្លូវការ ឬការចេញសេចក្តីរាយការណ៍ព័ត៌មានផ្លូវការដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ។ យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ដឹកនាំដោយក្រសួងព័ត៌មាន មានគោលដៅធានា និងការពារសិទ្ធិ និងសុវត្ថិភាពក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ រួមចំណែកដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពសង្គម។សូមពលរដ្ឋ អ្នកប្រើប្រាស់ អ្នកបង្កើតមាតិកាលើបណ្តាញសង្គម និងអ្នកចែកចាយព័ត៌មានបែបឌីជីថលទាំងអស់ ចូលរួមទប់ស្កាត់ និងឈានទៅបញ្ចប់ ចរាចរ ព័ត៌មានក្លែងក្លាយក្នុងសង្គម ដើម្បីការពារខ្លួនយើង គ្រួសារ និងសង្គមជាតិ។ សូមធ្វើជាពលរដ្ឋឌីជីថលល្អថ្ងៃនេះ និងថ្ងៃមុខ កុំបង្កើត កុំចែកចាយព័ត៌មានក្លែងក្លាយ!

អាជ្ញាធរជាតិអប្សរា ត្រៀមភ្នាក់ងារទេសចរជាង៤០០នាក់ ទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

2025/04/11 02:46:35 pm        533
នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ បញ្ជាក់ថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ សូមចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ៕ 

សាកលវិទ្យាល័យអន្តរជាតិគ្វេសសូមជូនពរដល់ប្រជាពល រដ្ឋកម្ពុជាទាំងអស់ឲ្យមានសេចក្ដីសុខ និង ជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសព្រឹត្តិការណ៍ PUC សង្ក្រាន្ត ២០២៥

2025/04/11 02:41:24 pm        169
(ភ្នំពេញ) សាកលវិទ្យាល័យអន្តរជាតិគ្វេស (Quest Inter national University - QIU) បានចូលរួមក្នុងការបង្កើនបរិយាកាសរស់រវើកនៃព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីPUC ឆ្នាំ ២០២៥ នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ សាខាទួល គោក ដោយបានផ្តល់ឱកាសទស្សនៈអន្តរជាតិ និង ការផ្តល់ឪកាសនៃការសិក្សា ។ ព្រឹត្តិការណ៍ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែមេសាមក នេះ បានទាក់ទាញនិស្សិតកម្ពុជាជាង ៥០០នាក់ដែលមាន គំនិតចង់ស្វែងយល់អំពីឱកាសសិក្សាថ្មីៗក្នុងពេលដែលពួកគេកំពុងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីជាតិ។    ក្នុងនាមជាតំណាងសាកលវិទ្យាល័យអន្តរជាតិគេស (QIU) ដែលមានវត្តមានលើសកលលោក និង មានទីតាំង នៅប្រទេសម៉ាឡេស៊ី គណៈប្រតិភូបានជួបជាមួយនិស្សិតដោយផ្ទាល់ដើម្បីចែករំលែកបទពិសោធន៍ និង ព័ត៌មានអំពីកម្មវិធីសិក្សាអន្តរជាតិជាច្រើនដែលមានការទទួលស្គាល់ ព្រមទាំងបង្កើតសមត្ថភាពដឹកនាំសម្រាប់អនាគត ។ ចាប់ពីវិស័យវេជ្ជសាស្ត្រ អាជីវកម្ម ព័ត៌មានវិទ្យា វិស្វកម្ម សុខាភិ បាល ទេសចរណ៍ គ្រប់គ្រងសណ្ឋាគារ និង សិល្បៈផ្សេងៗ QIU ផ្តល់នូវផ្លូវអាជីពដ៏សមរម្យសម្រាប់ យុវជនកម្ពុជាជំនាន់ថ្មី។   កម្មវិធីសិក្សានៅ QIU រួមមានកម្រិតមូលដ្ឋាន វិញ្ញាបនប័ត្រ និងបរិញ្ញាបត្រ ដូចជា៖ ACCA, គណនេយ្យ និងហិរញ្ញវត្ថុ, វិទ្យាសាស្ត្រថវិកា, វិទ្យាសាស្ត្រជីវវិទ្យា, ជីវបច្ចេក វិទ្យា, អាជីវកម្ម, ទំនាក់ទំនងសារព័ត៌មាន, វិទ្យាសាស្ត្រកុំព្យូទ័រ, សិល្បៈធ្វើម្ហូប, អប់រំកុមារតូច, បច្ចេកវិទ្យាអេឡិចត្រូនិច, បច្ចេកវិទ្យាបរិស្ថាន, វិទ្យាសាស្ត្រអាហារជាមួយការ គ្រប់គ្រង, គ្រប់គ្រងសណ្ឋាគារ និងទេសចរណ៍, ព័ត៌មានវិទ្យា, វិស្វកម្មមេកាត្រូនិច, វេជ្ជសាស្ត្រ, ឱសថសាស្ត្រ, ចិត្តវិទ្យា, ការអប់រំសម្រាប់មនុស្សដែលមានតម្រូវការពិសេស, TESL និងការសិក្សាបន្ទាប់បរិញ្ញាបត្រ នៅវិស័យអាជីវកម្មទំនាក់ទំនង កុំព្យូទ័រ អប់រំ វិទ្យាសាស្ត្រ និងឱសថសាស្ត្រ។    នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ សាកលវិទ្យាល័យ QIU និង MVA-QNET Cambodia សូមជូនពរដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ឲ្យមានសេចក្ដីសុខ សន្តិភាព ក្តីរីកចម្រើន និង ជោគជ័យគ្រប់ភារកិច្ច ៕ ដោយ ៖ ភារម្យ

រដ្ឋបាលរាជធានីភ្នំពេញសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ និងចូលរួមអបអរសាទរទេវតាឆ្នាំថ្មី

2025/04/11 02:36:45 pm        461
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុងន័យចូលរួមអបអរសាទរទេវតាឆ្នាំថ្មី ព្រះនាម “គោរាគទេវី” ជាបុត្រីទី២របស់កបិលមហាព្រហ្ម ដែលនឹងចុះមកគ្រប់គ្រងភពផែនដីជំនួសទេវតាឆ្នាំចាស់ នាវេលាម៉ោង៤និង៤៨នាទីទៀបភ្លឺថ្ងៃទី១៣ ខែមេសា ឆ្លងចូលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ។ពិធីនេះក៏បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី ដើម្បីបណ្តេញគ្រោះចង្រៃអ៊ុបទ្រុបផងទាំងពួងដែលកើតមានពីឆ្នាំចាស់ នឹងសុំពរជ័យពីទេវតាឆ្នាំថ្មីក៏ដូចជាការរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ និងវប្បធម៌ជាតិដ៏ល្អផូរផង់។នេះជាការចាប់ផ្តើមនៃការប្រារព្វពិធីសូត្រមន្តរាប់បាត្ររបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចស្ថាប័ននានានិងប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ឆ្នាំទី១ដែលមានសម្តេចបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងស្របពេលដែលកម្ពុជាកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍន៍នៅរាជធានីភ្នំពេញធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងក្រោមម្លប់សន្តិភាព។ ពិធីបុណ្យចូលឆ្នាំនេះ បានរៀបចំឡើងយ៉ាងអធឹកអធមជាងឆ្នាំកន្លងទៅ ដោយឆ្នាំនេះ ក្រៅពីសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានប្រវត្កិសាស្ត្រវត្តភ្នំចំ នួន៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤, ១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបានបន្ថែម ផ្លូវថ្មើរជើង Walk Street បន្ថែមចំនួន៣ថ្ងៃទៀត មុនចូលឆ្នាំចំនួន២ថ្ងៃ មានន័យថា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃពីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ឆ្នាំ២០២៥នេះចំនួន៥ថ្ងៃជាប់គ្នា។ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹងពីការហាមដាច់ខាតចំពោះការបង្ហោះគោម និងការអុជកាំជ្រួចគ្រប់ប្រភេទ ខណៈដែលអាកាសធាតុក្តៅស្ងួតខ្លាំង ដែលងាយនឹងបណ្តាលឱ្យមានគ្រោះអគ្គិភ័យកើតឡើង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM