ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្នុងស្រុករលាប្អៀរ គោរពទំនៀមទម្លាប់វប្បធម៌ប្រពៃណីខ្មែរ បានច្រើនជាងឆ្នាំកន្លងទៅ ខណៈសង្ក្រាន្តមុនចូលឆ្នាំថ្មី បានប្រារព្វនៅស្ទើរគ្រប់កន្លែង

2025/04/11 11:43:19 am        113
កំពង់ឆ្នាំង៖ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ការរៀបចំពិធីសង្ក្រាន្តនៅក្នុងស្រុករលាប្អៀរ មុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ គឺប្រជាពលរដ្ឋ សិស្សានុសិស្ស នៅតាមមូលដ្ឋានក្នុងស្រុករលាប្អៀរ បានប្រារព្វយ៉ាងអធឹកអធម និងមានការចូលរួមលេងយ៉ាងសប្បាយរីករាយ ជាពិសេសពួកគាត់គោរពបាននូវវប្បធម៌ប្រពៃណីជាតិខ្មែរ ដោយបានយកល្បែងប្រជាប្រិយប្រពៃណីជាតិ មកលេង និងបង្ហាញអោយកូនចៅខ្មែរជំនាន់ក្រោយបានដឹង និងថែរក្សាផងដែរ។ លោកអភិបាលស្រុកបានបន្តថា៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ តាមវិទ្យាល័យទាំង៤ក្នុងស្រុករលាប្អៀរ ទីរមណីយដ្ឋាន និងតាមសហគមមួយចំនួន ក៏បានរៀបចំពិធីសង្ក្រាន្តមុនពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរផងដែរ។ ជាក់ស្តែងក្នុងថ្ងៃនេះ ប្រជាពលរដ្ឋ យុវជន បានមកចូលរួមលេងកំសាន្តជាមួយរដ្ឋបាលស្រុករលាប្អៀរ ដោយបានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ការគោរពវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីខ្មែរ និងសាសនាបានយ៉ាងល្អប្រសើរ។ ពួកគាត់ពិតជារីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរស្រុក ខេត្ត ដែលបានជួយជ្រោមជ្រែង ក្នុងការរៀបចំសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយ ដែលមានអត្ថន័យខ្លឹមសារអប់រំ និងអនុស្សាវរីយ៍ដ៏សប្បាយរួមគ្នា មិនអាចបំភ្លេចបាន ជាពិសេសរក្សាបាននូវសុខសុវត្ថិភាព។បើទោះបី អាជ្ញាធរស្រុកមិនទាន់រៀបចំសង្ក្រាន្តឆ្នាំថ្មីនេះអោយបានធំដុំក៏ដោយ ក៏ពួកគាត់សប្បាយចិត្ត ក្នុងការរួមគ្នាបង្កើតឱ្យមានសង្ក្រាន្តឆ្នាំថ្មីនេះឡើង ដើម្បីបង្ហាញ និងថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ។ មិនតែប៉ុណ្ណោះសង្ក្រាន្តឆ្នាំថ្មីនៅក្នុងសាលាស្រុករលាប្អៀរនេះ ក៏បានបង្ហាត់បង្ហាញពីការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ពិសេសមានការនិមន្តព្រះសង្ឃ ដើម្បីធ្វើពិធីតាមបែបសាសនា និងរាប់បាត្រឧទ្ទិសមគ្គផល ជូនដល់បុព្វការីជន ដែលបានបាតបង់ជីវិតទៅផងដែរ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវអោយប្រជាពលរដ្ឋ យុវជន សិស្សានុសិស្សនៅគ្រប់ទីកន្លែងក្នុងខេត្ត ត្រូវនាំគ្នាចូលរួមរក្សាអោយបានល្អនូវកេរ្តិ៍ដំណែល និងតម្លៃវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងសាសនា ហើយការចូលរួម មិនត្រូវលេងល្បែងអ្វីដែលខុសឆ្គង ឬធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិខ្មែរ និងសន្តិសុខសណ្តាប់ធ្នាប់សង្គមនោះឡើយ ៕ កាំង ហុងវាស្នា

រដ្ឋបាលខណ្ឌដង្កោរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី

2025/04/11 11:40:41 am        58
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បាននិមន្តព្រះសង្ឃ សូត្រមន្តប្រោះព្រំ ចម្រើនព្រះបរិត្តលើករាសី និងវេរភ័ត្តប្រគេនព្រះសង្ឃ ដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មី ក្នុងគោលបំណងសុំនូវពរជ័យ សិរីសួស្តីគ្រប់ប្រការពីទេវតាឆ្នាំថ្មីនេះ និងសុំជួយដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាខណ្ឌ ឱ្យបានជួបតែសេចក្តីសុខចម្រើន ទទួលបានជោគជ័យ បន្ថែមទៀតនៅគ្រប់ភារកិច្ច របស់ខ្លួនឆ្នាំ២០២៥នេះ។ក្នុងពិធីនេះមានការអញ្ចេីញចូលរួមពីលោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌនិងលោកស្រី គឹម ញឹប អភិបាលនៃគណៈអភិបាលខណ្ឌរួមទាំងមន្ត្រីតាមការិយាល័យ , ចៅសង្កាត់, សមាជិកក្រុមប្រឹក្សាសង្កាត់ទាំង១២ ។ ហេីយពិធីសូត្រមន្ត ប្រោះព្រំចម្រើនព្រះបរិត្ត និងវេរភ័ត្តប្រគេនព្រះសង្ឃដើម្បីសិរីសួស្តីក្នុងឆ្នាំថ្មីនេះ ដោយបានប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃចំនួន ៧ អង្គ ទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យ ដល់បុព្វបុរសអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានលះបង់អាយុជីវិតដើម្បីជាតិមាតុភូមិ ដោយបានធ្វើពិធីបូជាទៀនធូប ថ្វាយផ្កាភ្ញី ដល់ព្រះពុទ្ឋរូប សុំពរជ័យ សិរីមង្គលសព្វសាធុការពរជ័យគ្រប់ប្រការ ជូនចំពោះថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋសូមឱ្យជួបតែសេចក្តីសុខសប្បាយជារៀងរហូតជានិរន្តន៍តទៅ៕ តារាវុទ្ធី

សម្តេចប្រធានរដ្ឋសភា អញ្ជើញចូលរួមពិធីបើកសន្និសីទប្រធានសភានៃអន្តរសភាដែលប្រមូលផ្តុំសំឡេងថ្នាក់ដឹកនាំសភាអន្តរជាតិ ដើម្បីសន្តិភាព និងវិបុលភាពមនុស្សជាតិ

2025/04/11 11:15:31 am        105
នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភា (Inter-Parliamentary Speaker’s Conference/ISC) នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គទេសក៍ឯកនិងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ របស់កម្ពុជា ជាស្ថាបនិកសំខាន់មួយរូបនៃសន្និសីទប្រធានសភានៃអន្តរសភានេះ។ សន្និសីទប្រធានសភានៃអន្តរសភា ដែលមានសភាអន្តរជាតិចំនួន៣៧ជាសមាជិកនៅក្នុងពេលនេះ ក៍មានដៃគូ មកពីវិស័យផ្សេងៗ ជាច្រើនទៀតចូលរួមផងដែរ។ សន្និសីទប្រធានសភានៃអន្តរសភា ជាព្រឹត្តិការណ៍ថ្មីមួយទៀត នៅក្នុងកិច្ចប្រជុំកំពូលពិភពលោករបស់សហព័ន្ធសន្តិភាពសកល (UPF)ដែលនឹងបង្កើតឱ្យមានជំនួបរវាងប្រធានសភាមកពីជុំវិញពិភពលោក សម្រាប់ពង្រឹងការទូតសភា កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។ ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ នេះ ដើរតួនាទីជាមូលដ្ឋានគ្រឹះមួយសម្រាប់កសាងសណ្តាប់ធ្នាប់អន្តរជាតិប្រកបដោយបរិយាប័ន្ន ដោយផ្អែកលើការយោគយល់គ្នាទៅវិញទៅមក និងវិបុលភាពរួមគ្នា។ សន្និសីទនេះដើរតួនាទីជាវេទិកាពិសេសតែមួយដែលមេដឹកនាំសភាអាចដោះស្រាយដោយផ្ទាល់នូវបញ្ហាប្រឈមក្នុងតំបន់ ចែករំលែកបទពិសោធន៍ផ្នែកច្បាប់ និងធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅរួម។ជំនួបថ្នាក់ដឹកនាំជាន់ខ្ពស់នៃស្ថាប័ននីតិប្បញ្ញត្តិ មានជំនឿមុតមាំថា ការដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្នទាមទារភាពជាដៃគូរឹងមាំ និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ វេទិកា ISC ប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នហិរញ្ញវត្ថុ រួមទាំងធនាគារអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមនិរន្តរភាពពិភពលោក ដើម្បីជំរុញការផ្លាស់ប្តូរដ៏មានអត្ថន័យ ។សូមជម្រាបថា ឯកឧត្តម Yusuf Raza Gilani ប្រធានព្រឹទ្ធសភា ប៉ាគីស្ថានត្រូវបានជ្រើសតាំងជា ប្រធានសន្និសីទប្រធានសភានៃអន្តរសភា (ISC)។ កិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដោយមានជំនួប វេទិការ និងសន្និសីទជាច្រើន មានប្រតិភូមកពីប្រទេសចំនួន១១៤ ចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល និងវិស័យឯកជនផង ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ទំាងអស់គ្នា។ ក្រៅពីការចូលរួមបើកសន្និសីទប្រធានសភា នៃអន្តរសភានេះហើយ នៅថ្ងៃទី១១ ខែមេសានេះសម្តេចប្រធានរដ្ឋសភា និងសមាជិកគណៈប្រតិភូអបដំណើរ នឹងជំនួបទ្វេភាគី និងចូលរួមកិច្ចប្រជុំនានាជាច្រើនទៀត នៅក្នុងការពង្រឹងវិស័យការទូតសភា ដើម្បីនាំមកផលប្រយោជន៍ជូនពលរដ្ឋ លើគ្រប់វិស័យដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ពង្រឹងពង្រីកវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ បច្ចេកវិទ្យាជាដើម៕

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឲ្យមន្រ្តីជំនាញរៀបចំផែនការកាត់បន្ថយហានិភ័យ និងបម្រុង​ឱ្យបានច្បាស់លាស់សម្រាប់ឆ្លើយតបគ្រោះមហន្តរាយ

2025/04/11 11:01:53 am        497
កែប៖ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តឆ្នាំ២០២៥របស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប។កិច្ចប្រជុំនេះ មានការចូលរួមពី លោកអភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ ភូមិ និងមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញ។នាឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប ដែលតែងតែយកចិត្តទុកដាក់អនុវត្ត និងយកចិត្តទុកដាក់លើកិច្ចការគ្រប់គ្រងគ្រោះមហន្តរាយដែលកើតឡើងជាយថាហេតុ។ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលសម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីកត្តានានា ដែលបង្កឡើងដោយសារគ្រោះមហន្តរាយ ដែលមិនបណ្តែតបណ្តោយ ឲ្យប្រជាពលរដ្ឋណាម្នាក់ រងគ្រោះដោយសារតែកត្តាធម្មជាតិ ដោយគ្មានការយកចិត្តទុកដាក់ ពីសំណាក់អាជ្ញាធរនោះឡើយ ជាពិសេសសម្តេចតែងតែចាត់ឲ្យថ្នាក់ដឹកនាំនៅតាមបណ្តាលក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវចុះត្រួតពិនិត្យដោយផ្ទាល់ ដើម្បីរកវិធីដោះស្រាយ។ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញឱ្យប្រើប្រាស់ផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ សម្រាប់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រសួងស្ថាប័ន និងនៅថ្នាក់ក្រោមជាតិ សហការរួមគ្នាក្នុងការអនុវត្តដោយផ្តោតលើយុទ្ធសាស្ត្រអាទិភាពធំៗចំនួន៤ គឺ១. ការយល់ដឹងអំពីការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយ, ២. ការពង្រឹងអភិបាលកិច្ច ដើម្បីគ្រប់គ្រងហានិភ័យគ្រោះ មហន្តរាយ, ៣. ការវិនិយោគទៅក្នុងការកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយសម្រាប់ភាពធន់, ៤.ការបង្កើនការត្រៀមរៀបចំទៅនឹងគ្រោះមហន្តរាយ សម្រាប់ប្រសិទ្ធភាពនៃការឆ្លើយតបក្នុងការស្តារឡើងវិញ ការធ្វើឱ្យមានប្រក្រតីភាព និងការកសាងឡើងវិញ។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តកែប ត្រូវរៀបចំផែនការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបគ្រោះមហន្តរាយ។ឯកឧត្តម ទេសរដ្ឋមន្រ្តី ក៍បានផ្តល់នូវអនុសាស្រ្ត ជំរុញឲ្យថ្នាក់ក្រោមជាតិបន្តតាមដានព័ត៌មាននៅតាមតំបន់ងាយរងគ្រោះ ពិសេសតំបន់ប្រឈមការខ្វះទឹក និងខិតខំស្តារទំនប់ទឹក និងអាងទឹក ដើម្បីរក្សាទឹកទុកប្រើក្នុងរដូវប្រាំងនេះ ថ្នាក់ខេត្តត្រូវធ្វើការពង្រឹងទួលសុវត្ថិភាព ការកសាងភាពធន់ ទៅនិងគ្រោះមហន្តរាយ សំដៅកាត់បន្ថយបានហានិភ័យ៕

ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាពីថ្ងៃទី១៧-១៨ ខែមេសានេះ

2025/04/11 10:46:57 am        287
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់១៨ ខែមេសា ឆ្នាំ២០២៥នេះ។ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង នឹងចូលគាល់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតាជាតិខ្មែរ នៅព្រះបរមរាជវាំង។ ឯកឧត្តមនឹងជួបពិភាក្សាជាមួយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់ អំពីបញ្ហា តំបន់ និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍ដូចគ្នា។ដំណើរទស្សនកិច្ចផ្លូវរដ្ឋនេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលនឹងធ្វើឱ្យកាន់តែរឹងមាំថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលត្រូវបានកសាងឡើងដោយថ្នាក់ដឹកនាំជាបន្តបន្ទាប់ នៃប្រទេស ទាំងពីរ។ ទស្សនកិច្ចនេះក៏នឹងបង្កើនសារៈសំខាន់បន្ថែមទៀតដល់ចំណងមិត្តភាពដែកថែប និងភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រជាជាតិទាំងពីរ៕

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន ៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ចេញពីភ្នំពេញឆ្ពោះទៅកាន់សៀមរាប

2025/04/11 07:16:54 am        211
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ទីរួមខេត្តសៀមរាប។នៅក្នុងការជូនដំណើរនោះ ឯកឧត្តម បានថ្លែងអំណរគុណដល់ប្អូនៗដែលចូលរួមស្ម័គ្រចិត្ត ចូលរួមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ដោយ ឯកឧត្តមបានផ្ដាំផ្ញើដល់ប្អូនៗចេះថែទាំសុខភាពឱ្យបានល្អ នៅក្នុងកំឡុងពេលបំពេញភារកិច្ច។ ឆ្លៀតក្នុងឱកាសនោះដែរ តាមរយៈប្អូនៗ ឯកឧត្តម ក៏បានថ្លែងអំណរគុណចំពោះអាណាព្យាបាលដែលបានអនុញ្ញាតឱ្យប្អូនៗបានចូលរួមបំពេញភារកិច្ចក្នុងការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខនេះ។ សូមរំលឹកដែរថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តនឹងចាប់ផ្តើមពីថ្ងៃទី១៤ រហូតដល់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នេះ ដែលមានទស្សនីយភាព និងការតាំងបង្ហាញមរតកវប្បធម៌ដូនតាខ្មែរ ព្រមទាំងកម្មវិធីកម្សាន្តជាច្រើនទៀត នៅតាម៦ទីតាំងធំៗ ក្នុងនោះរួមមាន បរិវេណមុខប្រាសាទអង្គរវត្ត, សួនច្បារព្រះរាជដំណាក់, ដងស្ទឹងសៀមរាប, បណ្ដោយផ្លូវ King’s Road, តំបន់ផាប់ស្រ្ទីត និងអង្គរឃ្យូងយូ។ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ!កុំភ្លេចណា! ជួបគ្នានៅអង្គរសង្រ្កាន្ត!

ក្រុមហ៊ុន BYD គ្រោងបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីនៅចុងខែនេះ

2025/04/10 08:41:36 pm        211
ភ្នំពេញ ៖ ក្រុមហ៊ុន BYD Auto Industry Co., Ltd ត្រៀមរៀបចំបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនី របស់ខ្លួននៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ចុងខែមេសានេះ នឹងគ្រោងបើកដំណើរការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ បន្ទាប់ពីការសាងសង់រោងចក្ររួចរាល់។​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នេះបានជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd. ដឹកនាំដោយ លោក Xiao Haiping នាយកប្រតិបត្តិនៃការិយាល័យប្រធាន សម្ព័ន្ធក្រុមហ៊ុន BYD (Executive Director of BYD Group President’s Office)។គណៈប្រតិភូក្រុមហ៊ុន BYD Auto Industry Co., Ltd បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកិច្ចសម្របសម្រួល នានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់តាំងពីដំណាក់កាលដំបូង នៃការចូលមកកាន់ទីផ្សារកម្ពុជា រហូត ឈានដល់ការត្រៀមរៀបចំប្រារព្ធពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ខ្លួន នៅក្នុង ប្រទេសកម្ពុជា នាចុងខែមេសាខាងមុខនេះ។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការជ្រើសរើសកម្ពុជាជាមូលដ្ឋាន ដំឡើងរថយន្ត BYD មួយបន្ថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តម បានបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជា សេនាធិការច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល គឺតែងតែត្រៀមលក្ខណៈរួចរាល់ជាស្រេច ក្នុងការសម្របសម្រួល រាល់គ្រប់កិច្ច ការងារវិនិយោគរបស់វិស័យឯកជននៅកម្ពុជា សំដៅធានាបាននូវបរិយាកាសវិនិយោគ ប្រកបដោយភាពបត់បែន អំណោយផល និង អនុគ្រោះបំផុត។ ឯកឧត្តម រំពឹងថា បន្ទាប់ពីរោងចក្រដំឡើងរថយន្តអគ្គិសនីបានសាងសង់រួចរាល់ និងដាក់ឱ្យប្រតិបត្តិការជាផ្លូវការ នៅអំឡុងត្រីមាសទី៤ ឆ្នាំ២០២៥នេះ អត្រានៃការប្រើប្រាស់រថយន្ត BYD នៅកម្ពុជានឹងមានការកើនឡើងផងដែរ។សូមបញ្ជាក់ថា នៅក្នុងរយៈពេលជាង ៣ ឆ្នាំ កន្លងមកនេះ កម្ពុជាស្រូបយករោងចក្រផ្គុំ និងដំឡើងរថយន្តរួមមាន៖ រោងចក្ររបស់ក្រុម ហ៊ុន DAEHAN AUTO (CAMBODIA), ចាប់ផ្តើមប្រតិបត្តិការឆ្នាំ២០២២ នៅខេត្តស្វាយរៀង, ផលិតរថយន្ត SAMYUNG ។ រោងចក្រ RMA AUTOMOTIVE (CAMBODIA) ចាប់ផ្តើមឆ្នាំ ២០២២ នៅខេត្តពោធិ៍សាត់, ផលិតរថយន្ត FORD ។ រោងចក្រ CAMKO MOTOR ចាប់ផ្តើមឆ្នាំ ២០២២ នៅខេត្តកោះកុង, ផលិតរថយន្ត HYUNDAI ។ រោងចក្រ HGB MOTORS ASSEMBLY, ចាប់ផ្តើម ២០២៣ នៅខេត្តបន្ទាយមានជ័យ, ផលិតរថយន្ត KIA ។ រោងចក្រ GTV MOTOR, នៅខេត្តកណ្តាល, និងរោងចក្ររបស់ TOYOTA TSUSHO MANUFACTURING ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ រាជធានីភ្នំពេញ៕អត្ថបទ៖ សុន រ៉ាឌី

ជនសង្ស័យ៤នាក់ ត្រូវនគរបាលឃាត់ខ្លួន ក្រោយធ្វើសកម្មភាព ឆក់យ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

2025/04/10 08:29:26 pm        156
ភ្នំពេញ៖ ជនសង្ស័យ៤នាក់ ត្រូវនគរបាលនៃការិយាព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃយ៉ាងសកម្មក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ហើយក្រុមនេះ ដែលតែងតែធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមបណ្តាលមូលដ្ឋានរាជធានីភ្នំពេញ នៅវេលាទាបៗភ្លឺ។  ប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួននេះបានធ្វើឡើង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្ដម ឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាពី លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ក្នុងនោះ០២នាក់ត្រូវបានឃាត់ខ្លួនបាននៅមូលដ្ឋានខណ្ឌជ្រោយចង្វារ និង០២នាក់ទៀតឃាត់ខ្លួនបាននៅមូលដ្ឋានខណ្ឌទួលគោក។ក្រោយឃាត់ខ្លួន ក្រុមជនសង្ស័យបានសារភាពថា ពិតជាបានធ្វើសកម្មភាពឆក់ ទូរស័ព្ទដៃ របស់ជនរងគ្រោះ ដែលធ្វើដំណើរ ពេលព្រឹកៗព្រលឹមពិតប្រាដកមែន ជាច្រើនករណីក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។មន្រ្តីនគរបាលជំនាញបានបញ្ជាក់ថា ក្រុមជនសង្ស័យបានធ្វើសកម្មភាព ករណីទី១ សកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុចមុខផ្ទះអានីកាត់ដេរ ផ្លូវ៥៩៨ សង្កាត់ បឹកកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៥ ។ករណីទី២សកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុច សាលាសំពៅមាស ផ្លូវ ១៦១ ភូមិទី៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពី ថ្ងៃទី២៦ ខែមិនា ឆ្នាំ២០២៥ វេលាម៉ោង ៤និង២០នាទី ព្រឹកទៀបភ្លឺ។ និងករណីទី៣ ធ្វើសកម្មភាពលួច មានស្ថានទម្ងន់ទោសដោយ (ឆក់ទូរសព្ទ័ដៃ) នៅចំនុច ផ្លូវ៦៣កែង២៤២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពី ថ្ងៃទី១០ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ៣និង២០នាទី ព្រឹកទៀបភ្លឺ។មន្រ្តីនគរបាលជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានបញ្ជាក់ថា ជំនាញកំពុងស្រាវជ្រាវបន្តយកបក្សពួកសេះសល់បន្តទៀត មុខសញ្ញាសេះសល់ និងរត់គេចខ្លួន ដែលសកម្ម ក្នុងសកម្មភាពលួច មានស្ថានទម្ងន់ទោស (ឆក់ទូរសព្ទ័ដៃ) សមត្ថកិច្ចនិងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញ កសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធី​ លៀងសាយភោជន៍ស្វាគមន៍​ គណៈប្រតិភូចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ នៅសាធារណរដ្ឋកូរ៉េ

2025/04/10 08:27:00 pm        130
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025)នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ កិច្ចប្រជុំកំពូលពិភពលោក២០២៥ ដែលបានប្រារព្ធរៀបចំចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ មានគណៈប្រតិភូមកពីប្រទេសចំនួន១១៤ ប្រទេសចូលរួម ដែលក្នុងនោះរួមមានស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សង្គមស៊ីវិស័ល និងវិស័យឯកជនផង ដើម្បីជួបប្រជុំគ្នានៅក្នុងគោលដៅតែមួយគត់គឺ ការលើកកម្ពស់សន្តិភាពនិងវិបុលភាពសម្រាប់ ទំាងអស់គ្នា។ថ្លែងក្នុងពិធីលៀងសាយភោជន៍នារាត្រីនេះ លោកបណ្ឌិត យុន អាម៉ូន ( Dr. Yeon-Ah Moon) សហប្រធាននៃគណៈកម្មាធិការកិច្ចប្រជុំកំពូល UPF អន្តរជាតិ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះគណៈប្រតិភូទាំងអស់ដែលបានចំណាយ ពេលវេលាដ៏មមាញឹក និងធ្វើដំណើរដ៏វែងឆ្ងាយដើម្បីមកចូលរួមកិច្ចប្រជុំកំពូលនាពេលនេះ។ ជាមួយគ្នានេះ លោកបណ្ឌិត ឆាល យ៉ាង (Dr. Charles Yang) ប្រធាន UPF អន្តរជាតិ បានសម្តែងនូវក្តីរីករាយ និងស្វាគមន៌កក់ក្តៅចំពោះវត្តមានដ៏ថ្លៃថ្លារបស់គណៈប្រតិភូចូលរួមទំាងអស់ និងបានគូសបញ្ជាក់ថា ការជួបជុំគ្នានេះគ្នានាពេលនេះ គឺក្នុងពេលវេលាដ៏សំខាន់មួយដែលពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមជាច្រើន ដែលមិននឹងស្មានដល់ ហើយយើងទាំងអស់មកទីនេះ គឺក្នុងគោលបំណង និងក្តីសង្ឃឹម ចំពោះសន្តិភាព វឌ្ឍនភាព និងវិបុលភាពសម្រាប់មនុស្សជាតិទាំងអស់។ យើងត្រូវការគ្នាទៅវិញទៅមក។  យើងត្រូវរស់នៅជាមួយគ្នា ប្រកបដោយភាពរីករាយនិងស្និទ្ធស្នាល។ គ្មាននរណាម្នាក់ឈរតែម្នាក់ឯងទេ។ ហើយយើងទាំងអស់ត្រូវចាំថា សន្តិភាពគឺចាប់ផ្តើមពីយើងទាំងអស់គ្នា។សូមជម្រាបថា សហព័ន្ធសន្តិភាពសកល (UPF) គឺជាបណ្តាញនៃគ្រួសារ ស្ថាប័នអន្តរជាតិ និងអន្តរសាសនា ដែលមានអ្នកតំណាងមកពីគ្រប់សាសនា រដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ដោយមិនប្រកាន់និន្នាការនយោបាយ ដើម្បីរួបរួមគ្នាលើកកម្ពស់សន្តិភាព និងវិបុលភាពរួម។ សហព័ន្ធសន្តិភាពសកលមាន ឋានៈជាស្ថាប័នពិគ្រោះយោបល់ ហើយបានធ្វើការជិតស្និទ្ធជាមួយនឹងស្ថាប័នអង្គការសហប្រជាជាតិគឺ ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (ECOSOC) និងមានការិយាល័យតំណាងរបស់ខ្លួននៅជាង ១២០ប្រទេស រួមទាំងនៅកម្ពុជា ផងដែរ។នៅថ្ងៃទី១១ ខែមេសា ស្អែកនេះ សម្តេចប្រធានរដ្ឋសភានឹងឣញ្ជើញចូលរួមពិធីបើកផ្លូវការនៃកិច្ចប្រជុំ បន្ទាប់មកត្រូវអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំលើកទី១ និងអញ្ជើញដឹកនាំសម័យប្រជុំលើកទី២ ស្តីពី វិបត្តិសាកល និងអនាគតនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ជាមួយគ្នានេះ សមាជិកគណៈប្រតិភូ ដែលមានដូចជា ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ក៏នឹងត្រូវអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកានៃកិច្ចប្រជុំកំពូលនេះផងដែរ។ក្រៅពីការចូលរួមកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកលនេះ សម្តេចប្រធានរដ្ឋសភា គ្រោងមានជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូបរទេសមួយចំនួន ដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះ ក្នុងគោលបំណងពង្រឹង ពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ដើម្បីនាំនូវផលប្រយោជន៍ជូនជាតិមាតុភូមិ ជាពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជនិងប្រជាជន ការ  វិនិយោគ ពាណិជ្ជកម្ម អប់រំ ទេសចរណ៍ និងកសិកម្ម ជាដើម៕

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា និងលោកជំទាវ បានអញ្ជើញជាអធីបតីក្នុងពិធីសូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

2025/04/10 06:58:56 pm        94
ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកជំទាវ គីម សុខលាភ បានដឹកនាំឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទ បានយាងនិងនិមន្ត សម្ដេចព្រះវនរ័ត កិតិ្តបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី២ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសូត្រមន្ត ចម្រើនព្រះបរិត្ត ជម្រុះនូវឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងត្រៀមទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ គ.ស ២០២៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខនេះ។ក្រសួងសុខាភិបាល បានរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ ដោយមានការរាប់បាត្រ បូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃយ៍ដល់ព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័យមង្គល និងត្រៀមទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ ព្រះនាម គោរាគៈទេវី ដែលព្រះអង្គជាបុត្រីទី២ របស់កបិលមហាព្រហ្ម ដែលនឹងយាងចុះមកនៅវេលាម៉ោង ៤:៤៨នាទីទៀបភ្លឺ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ សូមតាមជួយបីបាច់ថែរក្សា ប្រោសប្រទានពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ និងជនរួមជាតិទាំងអស់ សូមទទួលបានសុខភាពបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លា អាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ជូនជាតិមាតុភូមិ។ជាកិច្ចបន្ទាប់ ក៏មានការសម្តែងសិល្បៈរបាំជូនពរ ឆៃយ៉ាំ និងរបាំត្រុដិ ដើម្បីជម្រុះនូវចង្រៃឧបទ្រព ក្នុងឆ្នាំចាស់ និងទទួលនូវពរជ័យសិរីមង្គល ក្នុងឆ្នាំថ្មី។ ជាមួយគ្នានោះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវសេចក្តីរីករាយ និងអំណរគុណ ចំពោះសាមគ្គីភាពជាធ្លុងមួយរវាងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ នៃក្រសួងសុខាភិបាល ក្នុងការបំពេញភារកិច្ចជាបន្តបន្ទាប់ ហើយដែលស្តែងចេញតាមរយៈតំណាងនៃការអញ្ជើញចូលរួមក្នុងពិធីសូត្រមន្ត បង្សុកូល ឧទ្ទិសកុសលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នាវេលាដ៏ត្រចះត្រចង់នេះ។សូមគូសរំលេចដែរថា នាល្ងាចថ្ងៃដដែរនេះ ក្រសួងសុខាភិបាល នឹងរៀបចំការលេងល្បែងប្រជាប្រិយខ្មែរ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលមក ដើម្បីបង្កើនបរិយាកាសសប្បាយរីករាយ និងកម្សាន្តសប្បាយ ហើយក៏ដើម្បីឱ្យកូនខ្មែរគ្រប់រូបយល់ច្បាស់ពីរបៀបនៃការលេងល្បែងប្រជាប្រិយខ្មែរ និងកូនខ្មែរយើងជំនាន់ក្រោយ បានលេងកម្សាន្តបន្តទៅមុខទៀត៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM