ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

សម្តេចធិបតី៖ អាជ្ញាធររាជធានីខេត្តត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋឱ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2025/04/07 01:24:58 pm        327
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅសប្ដាហ៍ក្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរម្លឹកទៅកាន់អាជ្ញាធររដ្ឋបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សារណៈឱ្យបានល្អ ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋបានលេងកម្សាន្តសប្បាយ។សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធស្ពានអាកាសមរតកតេជោ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា នេះ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្ត ទាំង អស់ ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងពង្រឹងការគ្រប់គ្រងសភាពការណ៍ តាមមូលដ្ឋាន ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិ ខាងមុខនេះ ព្រមទំាងត្រូវរៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្ត” ឱ្យបានផុលផុស ដើម្បីឲ្យក្លាយជាចលនាជាតិរួមគ្នា ក្នុងការគំាទ្រដល់ការចុះបញ្ជី “បុណ្យ ចូលឆ្នាំ ឬមហាសង្ក្រាន្ត” ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលរាជរដ្ឋាភិ បាលកម្ពុជា កំពុងខិតខំជំរុញលើការងារនេះ ។សម្ដេចធិបតី បានណែនាំឱ្យយកចិត្តទុកដាក់ការពារសន្ដិសុខ និងសុវត្ថិភាព ផ្ដល់សេវាកម្មផ្នែកទេសចរណ៍ ប្រកបដោយសុវត្ថិភាព គុណភាព និងសីលធម៌វិជ្ជាជីវៈឱ្យបានល្អប្រសើរ ស្របតាមយុទ្ធនាការ “ទេសចរណ៍ ដើម្បី ទំាងអស់គ្នា ទំាងអស់គ្នា ដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗ ជាអ្នក ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ហើយសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តសប្បាយផ្ទៃក្នុងប្រ ទេស នាព្រឹត្តិការណ៍សង្ក្រាន្ត ឱ្យបានច្រើនកុះករ ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលមានការរៀបចំ “សង្ក្រាន្តវត្តភ្នំ” តភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) រយៈពេលដល់ទៅ ៥ ថ្ងៃពេញ ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាគិតគូរលើកកម្ពស់គុណភាពសំណង់

2025/04/07 01:00:10 pm        297
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរួមគ្នាគិតគូរ​យកចិត្តទុក​ដាក់លើការពង្រឹង គុណភាពសំណង់នាពេលអនាគត ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចម្ការមន នាព្រឹកថ្ងៃទី៧ ខែមេសា នេះ សម្ដេចធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជា គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋបាលរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កើន កិច្ចសហការគ្នា ពង្រឹងការអនុវត្តការងារបច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ទាំងក្នុងវិស័យ រដ្ឋ និងក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យ ដែលអាចកើតមានឡើងដោយសារ គ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្ដាប្រទេសក្នុងតំបន់ ។គួររម្លឹកថា៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះរញ្ជួយដី​ដ៏ធំ​ក្នុង​កម្រិត៧,៧ រិចទ័រ ​ដោយបានវាយប្រហារនៅមីយ៉ាន់ម៉ា និងប្រទេសថៃ ឥទ្ធិពលនេះបានធ្វើ​ឱ្យរង្គើ​​ដល់ប្រទេសវៀតណាម និង ប្រទេសកម្ពុជាផ្នែកខ្លះក្នុងកម្រិតតិចតួចដែរ ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី សរសើររដ្ឋបាលរជធានីភ្នំពេញ ដែលបានត្រៀមរថយន្តក្រុង៥៩៧គ្រឿង រួចរាល់សម្រាប់ដឹកពលរដ្ឋ

2025/04/07 12:33:19 pm        288
នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កោតសរសើរដល់រដ្ឋបាលរជធានីភ្នំពេញដែលបានត្រៀមរួចរាល់រៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿងសម្រាប់ដឹកញ្ជូនពលរដ្ឋឥតគិតថ្លៃទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា តាមរយៈការប្រើប្រាស់​សេវារថយន្ត​ក្រុងដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ជាដើម តាមការប៉ាន់ប្រមាណប្រជាពលរដ្ឋអាចទទួលផលចំណេញ និងសល់ថវិកាសម្រាប់ទៅធ្វើបុណ្យទាន​ក្នុងឱកាសនេះ ហើយបើសរុបរួមជាថវិកាមានប្រមាណ ១,៤ លានដុល្លារតាមរយៈការជិះរថយន្តក្រុងឥតគិតថ្លៃនេះ។សូមជម្រាបថា ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញ ដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ការផ្ដល់រថយន្តក្រុងនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ទី១៖ សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។ ទី២៖ សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង ព្រមទាំងបានរៀបចំ ទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលមានគោលដៅ ទីតាំង និងពេលវេលាចេញដំណើរដែលបានរៀបចំ៕

សម្ដេចធិបតី អំពាវនាវពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

2025/04/07 12:15:29 pm        232
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ សម្តេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីរក្សាបានសុខសន្តិភាព និងស្ថេរភាពរបស់កម្ពុជា។សូមជម្រាបថា បើតាមការជូនដំណឹងរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការរៀបចំការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវអនុវត្តដោយអនុលោមទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជាឆ្នាំទីដប់ហើយ ចាប់តាំងពី គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ទិន្នន័យអត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ ហើយ គ.ជ.ប ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំតាមការកំណត់នៃច្បាប់ ដើម្បីឱ្យបញ្ជីបោះឆ្នោតធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីទៅចរចារឿងពន្ធជាមួយអាមេរិក

2025/04/07 11:50:35 am        336
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធទៅនឹង​ការដំឡើងពន្ធនាំចូលរបស់អាមេរិកចំពោះកម្ពុជា ក្រៅពីបានផ្ញើលិខិតផ្លូវការទៅឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដីមួយរូប និងរដ្ឋមន្រ្ដីមួយរូប ដើម្បីទៅចរចារឿងពន្ធនេះ ជាមួយអាមេរិក។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស «មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។សម្ដេចធិបតី មានប្រសាសន៍ថា ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជា​យកលើទំនិញ​អាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ ភាគរយ គឺជាឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ សម្តេច បានបញ្ជាក់ថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្ម កម្ពុជា​យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី ៣៥ ភាគរយនោះឡើយ ពោលជាមធ្យមគឺប្រមាណ ២៩ ភាគរយ ខណៈទំនិញ​ដែលកម្ពុជានាំចូលទៅអាមេរិក​បច្ចុប្បន្នបង់ពន្ធប្រមាណ ១១ ភាគរយ។សម្តេចធិបតី ​នាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា ដូច្នេះដើម្បីចរចាលើរឿងពន្ធនាំចូលទៅអាមេរិកនេះ កម្ពុជាបានចាត់ឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូបត្រៀមចរចាជាមួយអាមេរិក​លើរឿងដំឡើង​ពន្ធលើទំនិញរបស់កម្ពុជានេះ។សូមជម្រាបថា បន្ទាប់ពីប្រធានាធិបតីអាមេរិក ឯកឧត្តម Donald J. Trump បានប្រកាសកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ​ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅប្រធានាធិបតីអាមេរិក «ស្នើបើកការចរចា លើការដាក់ឱ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជា» ទៅកាន់សហរដ្ឋអាមេរិកនេះ។ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជា​កំពុង​អនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុង​ស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ​​នាំចូល​ទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗ​នូវអត្រាពន្ធ​នាំចូលទំនិញ ១៩ ប្រភេទពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។ សម្ដេច បានថ្លែងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និងប្រកប​ដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាង​ប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ក្រើនរំលឹកដល់អាជ្ញាធរទាំងអស់ ត្រូវតែចាត់វិធានការចំពោះក្មេងទំនើងឲ្យបាន ដូចភ្លៀងរលឹម

2025/04/07 11:40:59 am        291
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវតែចាត់វិធានការឲ្យខាងតែបានចំពោះក្មេងទំនើង ពោលគឺត្រូវធ្វើឲ្យបានដូចជាភ្លៀងរលឹម ដើម្បថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ។ក្នុងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស«មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះសម្តេចធិបតី នាយករដ្ឋមន្រ្តី លើកឡើងថា ត្រូវធ្វើឲ្យម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការ​បន្ធូរបន្ថយ ​និងលើកលែងនោះឡើយ ដើម្បីការពារ​សន្តិសុន​សណ្តាប់សាធារណៈ និងសន្តិសុខសង្គម។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសលើកទឹកចិត្តឲ្យយុវជនខ្មែរ ទាំងអស់ធ្វើសកម្មភាពជាក្រុម ដើម្បីធ្វើសប្បុរសធម៌ និងសកម្មភាពនានា​ដើម្បីផលប្រយោជន៍​សង្គមដូចជា ​ការដើររើសសំរាមនៅតាមទីសាធារណៈនានា មិនមែនចងជាក្រុមដើម្បីធ្វើ«បងតូច បងធំ»ដែលនាំឲ្យ សង្គមស្អប់ខ្ពើមនោះឡើយ៕ អត្ថបទបាន ចក់

អភិបាលខេត្តកំពង់ឆ្នាំង រំពឹងថា ប្រជាពលរដ្ឋនឹងចូលរួមកំសាន្តសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំទៅ

2025/04/07 10:33:50 am        146
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអោយដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ នៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលក្រុងស្រុក រួមនិងមន្ទីរអង្គភាពទាំងអស់ បាននាំគ្នាខិតខំតុបតែងលម្អទីតាំងប្រារព្វសង្ក្រាន្តអោយអធឹកអធមជាងឆ្នាំទៅ។  ឯកឧត្តម បានបន្តថា៖ ដោយសារកត្តាសុខសន្តិភាព សណ្តាប់ធ្នាប់ល្អ ដែលបាន និងកំពុងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយក្តីសុខសាន្ត និងមានសេរីភាពពេញលេញ។ នៅតាមបណ្តាស្រុកទាំង៧នៃខេត្តកំពង់ឆ្នាំង ជាពិសេសនៅតាមវិទ្យាល័យ វត្តអារាម ទីរមនីយដ្ឋាននានា បានរៀបចំតុបតែងកន្លែងប្រារព្វពិធីសង្ក្រាន្តឆ្នាំថ្មីគ្រប់កន្លែង ហើយស្រុក វត្តអារាម វិទ្យាល័យមួយចំនួន បានប្រារព្វពិធីសង្ក្រាន្តនេះរួចហើយ និងមួយចំនួនទៀតកំពុងបន្តធ្វើ អោយរួចរាល់មុនចូលឆ្នាំថ្មី ព្រោះរយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ នឹងនាំគ្នាមកលេងនៅក្នុងក្រុងកំពង់ឆ្នាំងទាំងអស់។ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់អោយកាន់តែល្អ និងអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍បានលេងកំសាន្តសប្បាយជាងឆ្នាំទៅ នៅឆ្នាំនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានធ្វើតំបន់ត្រជាក់នៅក្រុងកំពង់ឆ្នាំង រហូតដល់ទៅដល់៤ទីតាំង ព្រោះរាល់ឆ្នាំមានតែ១ទីតាំង ហើយប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍កាន់តែកើនច្រើនឡើងៗ។ ក្នុងទីតាំងទាំង៤នោះ ក៏មានកន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងកន្លែងរាំតាមចង្វាក់ប្រពៃណីខ្មែរផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ ដែលគ្រោងមកលេងសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរនៅក្នុងខេត្តកំពង់ឆ្នាំងឆ្នាំនេះ សូមលេងប្រកបដោយសីលធម៌ល្អ ចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសត្រូវរួមសាមគ្គីខ្មែរតែមួយ លេងកំសាន្តក្នុងពិធីសង្ក្រាន្តរយៈពេល៣ថ្ងៃនេះ អោយទទួលបានភាពរលូនដូចឆ្នាំកន្លងទៅ ៕ កាំង ហុងវាស្នា

ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ ហើយផ្តាំផ្ញើដល់និស្សិត និងយុវជន ដកស្រង់បទពិសោធន៍ទាញយកជាមេរៀនជីវិត ឆ្ពោះទៅចាប់យកអនាគតដ៏ជោគជ័យមួយ

2025/04/06 09:41:48 pm        491
ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិត ជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលឹកពីគំរូវីរភាពបទពិសោធន៍នៃការតស៊ូរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីកូនកសិករមួយរូបរហូតក្លាយជានាយករដ្ឋមន្ត្រី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ គឺក្នុងគោលបំណងមិនឱ្យយុវជនបោះបង់ក្ដីសង្ឃឹមចំពោះអនាគតរបស់ខ្លួន ប៉ុន្តែត្រូវមានការតស៊ូ និងដុសខាត់សមត្ថភាពជាប្រចាំ ដែលជាទុនសម្រាប់អនាគត ដែលផ្ដល់ឱ្យខ្លួននិងគ្រួសារ នូវកិត្តិយស ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិខ្មែរយើង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បើមិនគិតពីតួនាទីជាអតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន គឺជាកូនខ្មែរមួយរូប ដូចកូនខ្មែរទូទៅភាគច្រើនដែរ ដែលបានកើតក្នុងគ្រួសារដែលមានឪពុកម្ដាយជាកសិករ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សម្ដេចតេជោ បានឆ្លងកាត់ការតស៊ូដោយបានលះបង់យុវភាពនៅលើសមរភូមិ និងការផ្សងព្រេងគ្រោះថ្នាក់រាប់មិនអស់ ក្នុងដំណើរសង្គ្រោះប្រទេសនិងប្រជាជនពីរបបវាលពិឃាដខ្មែរក្រហម ការស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងបរិបទប្រទេសញាំញីដោយភ្លើងសង្គ្រាម រហូតប្រទេសទទួលបានសុខសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ។ វីរភាពនៃការតស៊ូព្យាយាមពោរពេញដោយទឹកចិត្តស្នេហាជាតិរបស់សម្ដេចតេជោ និងអ្នកដឹកនាំជំនាន់មុន ដែលសុទ្ធសឹងជាកូនកសិករ បានផ្ដល់នូវបទពិសោធន៍នៃការតស៊ូជម្នះឧបសគ្គធំៗនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងបរិបទសង្គ្រាម និងស្ថានភាពនៃការចាប់ផ្ដើមការកសាងប្រទេសពីមិនមានអ្វីសោះ រហូតយើងមានអ្វីៗដូចសព្វថ្ងៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យកូនខ្មែរទាំងអស់រួមកម្លាំងគ្នា សាមគ្គីគ្នា ដើម្បីបន្តកសាងសង្គមខ្មែរ ឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនបន្តថ្មីៗថែមទៀត។

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ

2025/04/06 08:36:11 pm        456
នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១៤១៤នាក់ ដែលធ្វើឡើងទីតាំងអនុវិទ្យាល័យក្បាលដំរី ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ជាច្រើនទៀតផងដែរ។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ជាពិសេសអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន១៤១៤នាក់ រួមមាន៖ វះកាត់តូចចំនួន៥៦នាក់ ពិនិត្យព្យាបាលរោគស្រ្តីចំនួន១១៩នាក់ សម្ភព និងអេកូសាស្ដ្រចំនួន១៨០ ពិនិត្យព្យាបាលមាត់ធ្មេញ ២៧៥នាក់ ផ្នែកជំងឺទូទៅ ចំនួន៧៨៥ សរុប១៤១៤នាក់។ ជាមួយគ្នានោះ ក៏មានការចែកវែនតាជូនដល់លោកយាយលោកតាចំនួន៦០០នាក់ ចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦០០នាក់,ចែករទេះរុញជនពិការចំនួន២០គ្រឿង, ចែកកញ្ចប់អំណោយសម្ដេចតេជោជូនលោកយាយលោកតា ២០០នាក់ និងចែកកញ្ចប់អំណោយសម្ដេចតេជោជូនប្រជាពលរដ្ឋ ចំនួន៣០០បញ្ចប់ផងដែរ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបូកសរុបការងារគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង

2025/04/06 06:23:51 pm        511
ស្វាយរៀង៖ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ថិតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀត។មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដ៏ល្អប្រសើរ គួរជាទីមោទនៈ ដែលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ សម្រេចបានក្នុងឆ្នាំ២០២៤កន្លងមកនេះ ដែលជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងកិច្ចសហការល្អពីគ្រប់សមាសភាពពាក់ព័ន្ធ ជាកម្លាំងសរុប ក្នុងការបម្រើផលប្រយោជន៍ សេចក្ដី ត្រូវការ និងការរីកចម្រើនក្នុងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋរបស់យើង។ ឯកឧត្តម បន្តថា កន្លងមកនេះពុំមានបងប្អូនគ្រួសារអតីតយុទ្ធជនយើងណាម្នាក់ជួបប្រទះនូវការលំបាក ហើយមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីសមាគមអតីតយុទ្ធជនរបស់យើងនោះឡើយ ទន្ទឹមនេះ មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ លំដាប់ថ្នាក់របស់យើង គឺពិតជាបានខិតខំយកចិត្តទុកដាក់ណាស់ ក្នុងការដោះស្រាយបញ្ហាសំណើ សំណូមពររបស់បងប្អូនអតីតយុទ្ធជន ទាំងក្នុងក្របខ័ណ្ឌជីវភាពរស់នៅ និងការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃនីតិវិធី នៃការបើកផ្ដល់ថវិកាបេឡាមរណៈសង្រ្គោះ ប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងប្រាក់របបឧបត្ថម្ភផ្សេងៗ ជូនអតីតយុទ្ធជន បានទាន់ពេលវេលា។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង ដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួបផ្ទាល់ ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យ ទទួល បាននូវ អត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ ទន្ទឹមនោះឯកឧត្តមបានផ្តាំផ្ញើឲ្យលោក លោកស្រី មេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM