ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ

ព័ត៌មានជាតិ

KOICA បេ្តជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការរួមចំណែក គាំទ្រក្រសួងសុខាភិបាលក្នុងការបង្កើនលទ្ធភាព និងគុណភាពនៃសេវាថែទាំសុខភាព

2025/04/07 07:45:40 pm        143
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី ឆេ មូន ជុង (Moonjung CHOI) នាយិកាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាលើគម្រោង "ពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈគ្រប់ជ្រុងជ្រោយក្នុងខេត្តរតនគិរី" (PROJECT FOR STRENGTHENING COMPREHENSIVE PUBLIC HEALTH SYSTEM IN RATANAKIRI PROVINCE)។ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះការរួមចំណែកដ៏ធំធេងរបស់ប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលតែងតែចូលរួមគាំទ្រប្រព័ន្ធសុខាភិបាលកម្ពុជា តាមរយៈជំនួយឥតសំណងសម្រាប់ការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាល ដែលស្របទៅនឹងអាទិភាពចម្បងបំផុតរបស់ក្រសួងសុខាភិបាល។  រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បាន និងកំពុងបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី ដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែងនៃប្រទេសទាំងពីរ។ ឈរលើកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាល ជាពិសេសលើគុណភាពនៃការផ្តល់សេវាសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព ឆ្លើយតបបានទៅនឹងអាទិភាពក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលឱ្យកាន់តែប្រសើរ និងបង្ខិតសេវាឱ្យកាន់តែជិតប្រជាជន លោកស្រី ម៉ូន ជុង ឆេ បានជម្រាបជូនថា គម្រោងនេះ នឹងកាន់តែបង្កើនលទ្ធភាព គុណភាពនៃសេវាថែទាំសុខភាព ពង្រឹងសមត្ថភាព និងមុខងារប្រតិបត្តិការនៃប្រព័ន្ធសុខាភិបាលសាធារណៈ រួមទាំងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តរតនគិរី ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីជំនួយឥតសំណងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណ KRW9,660,000,000 ស្មើនឹងប្រមាណ ៧លានដុល្លារអាមេរិក៕អត្ថបទ រដ្ឋា

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា "មុនចូលរៀនវិជ្ជាពេទ្យ យើងម្នាក់ៗបានដឹងរួចហើយថាត្រូវតែព្យាយាម ប្រឹងប្រែង តស៊ូជាមួយគ្រប់ការលំបាក"

2025/04/07 06:33:37 pm        112
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដមសាស្រ្ដាចារ្យ ឈាង រ៉ា រដ្ឋមន្រ្ដីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានកោតសរសើរលើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ក្នុងការរៀបចំសេចក្តីព្រាងនេះឡើង ក្នុងគោលបំណងគិតគូរដល់ការអភិវឌ្ឍធនធានមនុស្ស សំដៅធ្វើយ៉ាងណាជួយគាំទ្រដល់ការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល ក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជំរុញដល់ការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកអំពីសារសំខាន់នៃការបណ្តុះបណ្តាលវិជ្ជាពេទ្យ រយៈពេលវេលាសិក្សាវែង និងបន្តមិនចប់មួយជីវិត ដើម្បីការកសាង និងបន្តរក្សាបាននូវសមត្ថភាពមុតស្រួច ទាំងចំណេះវេជ្ជសាស្ត្រទូទៅ ទាំងចំណេះឯកទេស និងឈានទៅជាអ្នកជំនាញកម្រិតខ្ពស់ (seniors)។ រយៈពេលសិក្សាយូរ ពី៨ ដល់១០ឆ្នាំ និងបន្ថែមពីនេះ បន្តកម្មសិក្សានៅក្រៅប្រទេស ចំពោះវេជ្ជបណ្ឌិតទូទៅ និងវេជ្ជបណ្ឌិតឯកទេសនេះហើយ ទើបធានាបានសុវត្ថិភាពខ្ពស់បំផុតសម្រាប់អាយុជីវិតអ្នកជំងឺ។ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកទឹកចិត្តដល់សមាជិក សមាជិកាក្នុងសិក្ខាសាលា ខិតខំចូលរួមផ្តល់នូវធាតុចូល ដើម្បីពិភាក្សា និងសម្រេចឱ្យបានលើទិដ្ឋភាពគ្រប់ជ្រុងជ្រោយ អំពីសេចក្តីព្រាងព្រះរាជក្រឹត្យនេះ៕អត្ថបទ រដ្ឋា

ខេត្តកំពង់ស្ពឺ រៀបចំប្រណាំងរទេះសាលីគោលឿន ដើម្បីរំលឹកគុណដូនតាគ្រប់ជំនាន់

2025/04/07 05:03:25 pm        180
កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធីប្រណាំងរទេះសាលីគោលឿន ឆ្នាំ២០២៥ ដើម្បីរំលឹកដល់គុណូបការៈរបស់បុព្វការីជន ដូនតាខ្មែរគ្រប់ជំនាន់ និងដើម្បីឱ្យទិវានេះស្ថិតនៅជាអមតៈក្នុងដួងចិត្តប្រជាជនខ្មែរគ្រប់ៗរូប ខណៈឆ្នាំនេះ មានរទេះគោមកពីតាមបណ្តាខេត្តចំនួន៦៧នឹម បានចូលរួមប្រកួត ហើយជ័យលាភីលេខ១ បានទៅគោអ្នកខេត្តកំពង់ចាម ។ក្នុងប្រណាំងរទេះសាលីគោលឿន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា ការប្រណាំងរទះសាឡីគោលឿននេះ គឺមានដើមកំណើត និងដំបូងគេនៅក្នុងខេត្តកំពង់ស្ពឺ ក្នុងគោលបំណងចម្បង នៃការប្រារព្ធពិធីនេះ គឺចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។ជាមួយនោះឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត ដល់គណកម្មការប្រណាំងឱ្យបង្កើននឹមគោ ឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ ។ឯកឧត្តមរំពឹងថា នៅឆ្នាំក្រោយៗទៀតនោះ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី ខេត្តផងដែរ ហើយម្ចាស់គោ គួរបង្កើតសិល្បៈប្លែកៗលើគោ ឬរទេះ ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំង ហើយពេលដែលរកឃើញថា រទេះឬគោក្នុងនឹមមួយណាទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការឧបត្ថម្ភបន្ថែមពីគណកម្មការរៀបចំការប្រណាំង ។លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ តែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះ ជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោមកពីបណ្តាខេត្តផ្សេងៗចូលរួម ហើយព្រឹត្តិការណ៍នេះ តែងតែផ្តល់នូវស្នាមញញឹមដល់ប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ជាពិសេស ដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរ ដែលមានតាំងពីដូនតារៀងមក ៕ អត្ថបទ បាន សុខរិទ្ធិ

ព្រះមហាក្សត្រ និងសម្តេចម៉ែ យាងនិវត្តន៍មកដល់កម្ពុជាវិញ​ក្រោយពិនិត្យ​ព្រះរាជសុខភាពនៅប្រទេសចិនរយៈពេលជាង១ខែ

2025/04/07 05:00:46 pm        327
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានយាងនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោងជាង៤រសៀល ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បន្ទាប់ពីពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន។ការយាងត្រលប់មកវិញរបស់ ព្រះមហាក្សត្រជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចម៉ែ មានការអញ្ជើញទទួលព្រះរាជបដិសណ្ឋារកិច្ចដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងថ្នាក់ដឹកនាំមួយចំនួន នៃស្ថាប័នទាំង៣ផងដែរ។ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ បានយាងទៅពិនិត្យព្រះរាជសុខភាពនៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥។ សូមបញ្ជាក់ថា ព្រះមហាក្សត្រ និងសម្តេចម៉ែ ទ្រង់សព្ទព្រះរាជហឫទ័យពិនិត្យព្រះរាជសុខភាព នៅប្រទេសចិន ចំនួន២ដងក្នុង១ឆ្នាំៗ៕

សម្តេចប្រធានរដ្ឋសភា ដឹកនាំសមាជិក-សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើពិធីសុំសេចក្តីសុខក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរ

2025/04/07 04:57:39 pm        141
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានអញ្ជើញដឹកនាំសមាជិក សមាជិកា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមធ្វើពិធីសូត្រមន្ត រាប់បាត្រដល់ព្រះសង្ឃ ព្រមទាំងកម្មវិធីរបាំត្រុដិ នៅវិមានរដ្ឋសភា ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ។ពិធីនេះ បានបង្ហាញឱ្យឃើញពីការគោរពប្រតិបត្តិប្រពៃណីទំនៀមទម្លាប់ជាតិ ពិសេសក្នុងឱកាសទទួលទេវតាឆ្នាំថ្មី សុំពរសុំជ័យពីទេវតាឆ្នាំថ្មី ដើម្បីរួមចំណែកថែរក្សាប្រពៃណី និងអភិវឌ្ឍន៍ប្រទេស ក្នុងសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧។សម្តេចរដ្ឋសភាធិបតី បានបួងសួងសូមឱ្យបារមីវត្ថុស័ក្តិសិទ្ធិ ពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី តាមជួយប្រោះព្រំប្រសិទ្ធិពរជ័យ សិរីមង្គល បវរសួស្តី វិបុលសុខគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។សម្តេចប្រធានរដ្ឋសភា ក៏បានឧទ្ទិសកុសលផលបុណ្យជូនដល់វីរជន បុព្វការីជន អ្នកស្នេហាជាតិ អតីតថ្នាក់ដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ដែលបានធ្វេីមរណកាលក្នុងបុព្វហេតុជាតិមាតុភូមិ រួមទាំងញាតិការទាំងអស់ ដែលបានចែកឋានទៅកាន់ទីបរមលោកខាងមុខ សូមទទួលយកផល្លាអានិសង្ឃ ដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ ហើយបានទៅសោយសុខក្នុងឋានបរមលោកកុំបីអាក់ខានឡើយ៕

ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាលសហការរៀបចំសិក្ខាពិគ្រោះយោបល់ និង​ប្រមូល​ធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល

2025/04/07 04:48:57 pm        306
នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល បានសហការរៀបចំសិក្ខាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ក្រោមអធិបតីភាពក្នុងពិធីបើកដោយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ សិក្ខាសាលានេះ មានការចូលរួមពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្ត ប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគ ប្រធានការិយាល័យរដ្ឋបាលនិងបុគ្គលិកនៃមន្ទីរសុខាភិបាលរាជធានី ខេត្ត ប្រធានមន្ទីរពេទ្យរាជធានី ខេត្ត សរុបប្រមាណ ២៥០នាក់។ក្នុងមតិស្វាគមន៍ ឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការគ្រប់គ្រងធនធានមនុស្ស ស្ថាប័ន និងបៀវត្ស បានមានប្រសាសន៍ថា ផ្អែកលើបរិបទបច្ចុប្បន្ន និងការវិវត្តយ៉ាងឆាប់រហ័សនៃការអភិវឌ្ឍវិស័យសុខាភិបាល ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល ជាពិសេសគោលនយោបាយវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដែលបានផ្ទេរមុខងារសុខាភិបាលទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តម្រូវការបុគ្គលិកសុខាភិបាលប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពខ្ពស់កាន់តែមានការកើនឡើង។ ដើម្បីឆ្លើយតប និងស្ថានភាពទាំងនេះ ជាពិសេសដើម្បីឱ្យស្របទៅនឹងការវិវត្តនៃការជ្រើសរើសនិងគ្រប់គ្រង មន្ត្រីរាជការក្នុងវិស័យសុខាភិបាលនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ទើបតម្រូវឱ្យមាន ការរៀបចំព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាលឡើង។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានបញ្ជាក់ថា សេចក្តីព្រាងព្រះរាជក្រឹត្យនេះ ត្រូវបានតាក់តែងឡើងដោយផ្អែកលើច្បាប់ស្តីពីសហ លក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ព្រះរាជក្រឹត្យស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ អនុក្រឹត្យស្ដីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធជាច្រើនទៀត។ក្នុងប្រសាសន៍បើកសិក្ខាសាលា ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ការរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី លក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល ត្រូវបានផ្អែកលើស្ថាន ភាពបច្ចុប្បន្នក្នុងវិស័យសុខាភិបាល វិស័យមុខងារសាធារណៈ និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើយ៉ាងណាជួយគាំទ្រការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលក្នុងវិស័យសុខាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយជំរុញឱ្យការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ សេចក្តីព្រាងព្រះរាជក្រឹត្យនេះ គ្របដណ្តប់ទៅលើក្របខ័ណ្ឌមន្ត្រី សុខាភិបាលទាំង៣ គឺមន្ត្រីសុខាភិបាលជាន់ខ្ពស់ មន្ត្រីសុខាភិបាលមធ្យម និងមន្ត្រីសុខាភិបាលបឋម បានជាមូលដ្ឋាន ក្នុងការគ្រប់គ្រងមន្ត្រីរាជការស៊ីវិល ដែលទទួលការអប់រំ និងការបណ្តុះបណ្តាល មានបទពិសោធការងារ និងចំណេះដឹង ព្រមទាំងបំពេញការងារក្នុងវិស័យសុខាភិបាល ដែលមានវិសាលភាពអនុវត្តចំពោះមន្ត្រីរាជការស៊ីវិល ដែលបំពេញការងារក្នុងវិស័យសុខាភិបាលនៅតាមក្រសួង ស្ថាប័នថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យ បានបញ្ជាក់ថា សិក្ខាសាលាមួយថ្ងៃពេញនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងទទួលបាននូវធាតុចូលបន្ថែមពីថ្នាក់ និងមន្ត្រីបច្ចេកទេសគ្រប់កម្រិតរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្តល់យោបល់បន្ថែមផ្សេងទៀតពីក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ។ ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះ ពិតជាមានសារៈសំខាន់ ដែលនឹងផ្ដល់ធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមការងារបច្ចេកទេសនៃក្រសួងមុខងារសាធារណៈ និងក្រសួងសុខាភិបាល យកទៅរៀបចំ កែលម្អបន្ថែម ប្រកបដោយឧត្តមានុវត្តន៍ និងនវានុវត្តន៍ អាចឆ្លើយតបនឹងស្ថានភាពជាក់ស្ដែងក្នុងការបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃការគ្រប់គ្រងមន្ត្រីរាជការក្នុងវិស័យសុខាភិបាល ហើយក៏ជាកាលានុវត្តភាពសម្រាប់ឧត្តមប្រយោជន៍ដល់មន្ត្រីរាជការក្នុងវិស័យសុខាភិបាល ដែលខិតខំបំពេញការងារដោយមិនគិតនឿយហត់ ក្នុងការផ្តល់សេវា រួមជាមួយការបណ្តុះបណ្តាលក៏មានរយៈពេលយូរទៀតផង។សូមជម្រាបថា សិក្ខាសាលានេះប្រព្រឹត្តទៅរយៈ ១ថ្ងៃពេញ ដោយមានការរៀបចំឱ្យមានបទបង្ហាញទៅលើប្រធានបទចំនួន២ និងវេទិការសំណួរចម្លើយរបស់សិក្ខាកាមទៅកាន់វាគ្មិនដែលជាថ្នាក់ដឹកនាំនៃក្រសួងទាំង២។ សូមបញ្ជាក់ថារសៀលនេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាពិគ្រោះយោបល់ និងប្រមូលធាតុចូល លើសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកនៃអង្គសុខាភិបាល៕

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន

2025/04/07 04:31:50 pm        126
ប៉ៃលិន ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី មកចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ ក្នុងឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា, សម្តេចប្រធានរដ្ឋសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រាប់កងទ័ពថា អំណោយទំាងអស់នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងគិតគូដល់សុខ និងទុក្ខកងទ័ពជាប់ជាប្រចាំ ពិសេសក្នុងរដូវបុណ្យទានម្តងៗ ដើម្បីឱ្យកងទ័ព មានឱកាសទៅធ្វើបុណ្យទាន និងជួបជុំគ្រួសារក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ក្នុងនេះសម្តេចធិបតីបានចាត់ឱ្យរូបឯកឧត្តម និងក្រុមការងារដើម្បីនាំយកអំណោយមកចែកជូនដល់ដៃកងទ័ព ព្រោះសម៉រភូមិក្រោយនៅចាំលើកទឹកចិត្តនិងជួយជ្រោមជ្រែកសម៉រភូមិមុខជានិច្ច។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានក្រើនរំលឹកឱ្យកងទ័ពទំាងអស់ ត្រូវថែសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅខ្លាំង ហើយឯកឧត្តមក៏បានជូនពរឱ្យ កងទ័ព ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទំាងអស់មានសិរីសួស្តី និងសូមឱ្យទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា ហើយសូមឱ្យកងទ័ពទំាងអស់ត្រូវធ្វើដំណើរទៅណាមកណា សូមចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុខសុវត្ថិភាព។គួរបញ្ជាក់ថា សម្រាប់ប្រតិភូអាកាសចរសីវិលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា របស់សម្តេចធិបតីនិងលោកជំទាវមកចែកជូនកងទ័ព នៃទីបញ្ជាកងទ័ពកងការពារព្រំដែនលេខ៥០៤ នៃខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រួមមានអង្ករ១០០បាវ, ទឹកត្រី១០០យូរ, ទឹកស៊ីអ៊ីវ ១០០យូរ, ត្រីងៀត ១០០គីឡូក្រាម, សៀង១០០គីឡូក្រាម, ឆៃប៉ូវ១០០គីឡូក្រាម, ប្រហុក១០០គីឡូក្រាម, មីយើង១០០កេស វិទ្យុទាក់ទង ថវិកាសម្រាប់អង្គភាព៤លានរៀល និងថវិកាសម្រាប់កងទ័ពម្នាក់ៗ១០ម៉ឺនរៀលផងដែរ៕

ពលរដ្ឋជិត៦០០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលបានសម្ភារៈសុខភាពអនាម័យ ពីគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពគ្រួសារងាយរងគ្រោះ

2025/04/07 04:11:20 pm        299
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈសុខភាពអនាម័យ ជូនគ្រួសារក្រីក្រចំនួន ៥៩៨គ្រួសារ ក្រោមគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ (ACRP) តាមរយៈក្រសួងផែនការ ដែលប្រារព្ធធ្វើឡើងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ តំណាងអង្គការដៃគូរអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានផ្តួចផ្តើមគម្រោង ACRP នេះឡើង ដើម្បីឆ្លើយតបយ៉ាងសមស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានរំលឹកផងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិនៃជំងឺកូវីដ-១៩ កាលពីពេល​កន្លងមក មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារដែលងាយរងគ្រោះបំផុត ដែលបណ្តាលឱ្យមានការបាត់បង់ការងារ ចំណូល និងការលំបាកជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមមានការផ្តល់ជំនួយសង្គម ការគាំទ្រអាជីវកម្ម ការជំរុញការចាក់វ៉ាក់សាំង និងការផ្តោតសំខាន់លើការស្តារជីវភាពរស់នៅ​ឡើងវិញ តាមរយៈគម្រោងដូចជា ACRP នេះជាដើម។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារដែលទទួល​បាន​ផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមជាប្រចាំ ​និងពីគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់​យកឱកាសនេះ ដើម្បីពង្រឹង និងអភិវឌ្ឍជីវភាពខ្លួនឯងឱ្យរួចផុតពីភាពក្រីក្រ តាមរយៈការប្រើប្រាស់​ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់​លើការ​ថែរក្សាសុខភាព និងអនាម័យ ជាពិសេសការលាងដៃឱ្យបានញឹកញាប់ ដើម្បីបង្ការនូវជំងឺផ្សេងៗ ហើយបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន និងអ្នកដទៃ ជាពិសេសក្នុងឱកាសខិតជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមានការធ្វើដំណើរច្រើន។ លើសពីនេះទៀត ឯកឧត្តម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់ប្រពៃណី​ដ៏ល្អផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ​ដូចជាការលេងល្បែងប្រជាប្រិយ ការរាំរែក និងការជួបជុំក្រុមគ្រួសារ ដើម្បីពូនជ្រុំសាមគ្គីភាព និងភាពកក់ក្តៅក្នុងសង្គម។គួរបញ្ជាក់ថា ​គម្រោង ACRP នេះ ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជាមានិតចិន តាមរយៈកម្មវិធី UNDP ហើយពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាព​អនាម័យ​នាពេលនេះ គឺដើម្បីបន្តរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ។ គម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បី​កំណត់​គ្រួសារគោលដៅ ដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥ ៥០០គ្រួសារ នៅក្នុងខេត្តគោល​ដៅចំនួន ៥ រួមមាន ខេត្តព្រះវិហារ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្មនិងទទួល មរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា

2025/04/07 01:47:18 pm        96
(កណ្តាល) នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករងខុទ្ទកាល័យសម្តេចមហាបរវរធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធជូនដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្មនិងទទួលមរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពី សំណាក់ ឯកឧត្តម អស់លោក លោកស្រីជា មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមក បានចូលរួមបំពេញ និងអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ចូលរួមលើការកសាងនិងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នៃប្រមុខរាជរដ្ឋា ភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ។ ក្រៅពីនេះនៅបានចូលរួមការងារសង្គមកិច្ចយ៉ាងច្រើនទៀតផងដែរ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើរដល់នាយទាហាន និងពលទាហាន ទាំងអស់ ត្រូវត្រៀមសម្ភារៈសង្គ្រោះ រួមនិងរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងដោយយថាហេតុផ្សេងៗ ព្រមទាំងចូលរួមសហការលើកិច្ចការពារសន្តិ សុខ សណ្ដាប់ធ្នាប់សាធារណៈ និងការសប្បាយ រីករាយរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរយើង ដែលនឹងឈានចូលមកដល់នាពេលខាង មុខនេះ ជាពិសេស ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវនូវអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក។ សូមរំលឹកថា   ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្ស តែងបានរៀបចំនូវពិធីតាមប្រពៃណីជាតិខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាន ជីដូន ជីតា មាតាបិតា គ្រូឧបជ្ឈាយា ចារ្យ និងញាត្តិការទាំង៧សណ្តាន ដែលបានបែកបាក់ចែតឋាន ជាពិសេសឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ធ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវមនុញ្ញផល ផលបុណ្យ និងបានសោយសុខនៅក្នុងឋានសុគតិភព។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងនាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃចំនួន ៨៨អង្គ ដែលនិមន្តមកពីវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត វេរប្រគេនបច្ច័យទ័យ្យទាន មានគ្រឿងឧបភោគ និងគ្រឿបរិភោគជាច្រើនមុខទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិខ្មែរ ព្រមទាំងបានឧបត្ថម្ភអង្គភាពចំណុះ បញ្ជាការដ្ឋានអង្គរក្ស ក្នុង១អង្គភាព ថវិកា ៥ លានរៀល និងភេសជ្ជៈស្រាបៀ ៥០កេស , យោធិនម្នាក់ៗ ថវិកា ១០ម៉ឺនរៀល និង១ស្នងការ ថវិកា ២លានរៀល។នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បានប្តេជ្ញាចិត្ត ស្មោះត្រង់ ការពារ និងបម្រើ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ ឲ្យបាន១០០% និងលុះអវសាន្តនៃជីវិត៕

កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

2025/04/07 01:36:28 pm        307
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក ជួបតែសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តបំពេញតួនាទីភារកិច្ច ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក កាកបាទក្រហមកម្ពុជា។ ពិធីនេះបានរៀបចំឡើង នាទីស្នាក់ ការកណ្តាល តាមបែបប្រពៃណីសាសនា ដោយបាននិមន្ត្រព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីចំនួន៥អង្គ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ជួបតែសេចក្តីសុខសេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ទាក់ទងការរៀបចំនេះដែរ គឺជាការបង្ហាញឲ្យឃើញនូវការគោរពប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របតាមការរីកចម្រើននៃប្រទេសជាតិ ក្រោមម្លប់នៃសុខសន្ដិភាព ដោយរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។ ពិធីសូត្រមន្តសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ ក៏ជាការជួបជុំគ្នា ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារ មន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជាផងដែរ ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំកន្លងមក។ឆ្លៀតនៅក្នុងពិធីនោះដែរ កាកបាទក្រហមកម្ពុជា ក៏បានប្រគេនទេយ្យទានប្រចាំឆ្នាំ ដើម្បីទ្រទ្រង់ដល់សមណសិស្ស ដែលកំពុងសិក្សា នូវមុខវិជ្ជាផ្លូវលោកនិងផ្លូវធម៌ នៅពុទ្ធិកវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្រពើហារ ផងដែរ។ ទេយ្យទានប្រគេនដល់វត្តក្រពើហានាឱកាសនេះ រួមមាន៖ អង្ករ៥តោន, មី៥០កេស, ត្រីខ៥កេស, ស្ករស២៥គីឡូ ក្រាម, ភេសជ្ជៈ២០កេស, ទឹកបរិសុទ្ធ១០កេស, មៀនកំប៉ុង២កេស, ទឹកដោះគោខាប់២កេស, អូវ៉ាន់ទីន២កេស, អូវ៉ាន់ទីន២គីឡូក្រាម, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ត្រីងៀត១០គីឡូក្រាម, និងបច្ច័យចំនួន ៤០,០០០,០០០រៀល (៤០លាន រៀល)។បន្ទាប់ពីពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃចប់សព្វគ្រប់ កាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញក្រុមសិល្បៈរបាំត្រុដិមកសម្ដែង ដើម្បីបណ្ដេញនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ និងបានឧបត្ថមថវិកាដាក់ក្នុងថង់ត្រុដិចំនួន៥លានរៀន។ ដោយឡែកអ្នករបាំត្រុដិ និងអ្នកតុបតែង សរុប២១នាក់ ម្នាក់ៗ ទទួលបានថវិការ១០ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM