សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ

ព័ត៌មានជាតិ

ជប៉ុនផ្សព្វផ្សាយវារីវប្បកម្មតាមបែបទំនើប ដើម្បីលើកកម្ពស់ផលិតភាព និងការច្នៃបង្កើតពូជថ្មីៗ

2025/04/02 12:50:02 pm        259
ក្រុមហ៊ុនអាជីវកម្មក្រៅស្រុកមួយ មានគោលដៅសិក្សាស្រាវជ្រាវ, ការផ្ទេរបច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចការ វារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ផ្តោតលើទិដ្ឋភាពផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីលើកកម្ពស់ផលិតភាព, ការច្នៃបង្កើតពូជថ្មីៗ, និងការបង្កើនស្តង់ដារ គុណភាពជលផល។លោក Shun Ishimoto នាយកប្រតិបត្តិ (អាជីវកម្មក្រៅប្រទេស) និងជាប្រធានផ្នែកប្រតិបត្តិការ និងផ្នែកផលិតកម្ម នៃក្រុម ហ៊ុន Regional Fish Institute, Ltd. មកពីប្រទេសជប៉ុន នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃម្សិលមិញនេះ បានធ្វើបទបង្ហាញអំពីបេសកកម្ម និងចក្ខុវិស័យ, ជំនាញឯកទេស និងប្រវត្តិប្រតិបត្តិការរបស់ក្រុមហ៊ុន ជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដើម្បីទទួលបានការ ចង្អុលបង្ហាញ នឹងអាចឈានទៅរកការពិនិត្យលទ្ធភាពនិងឱកាស ក្នុងការបង្កើតកិច្ចសហប្រត្តិបត្តិការណាមួយ ជាមួយស្ថាប័នពាក់ព័ន្ធ នាពេលអនាគត។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជូនជាគំនិតក្នុងការសិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមអំពីទិដ្ឋភាពទូទៅ នៃកិច្ចការវារីវប្បកម្មតាមបច្ចេកវិទ្យាជីវសាស្រ្តជាន់ខ្ពស់នេះ ជាមួយនឹងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីឱ្យសមស្របតាមបទដ្ឋានពាក់ព័ន្ធនានា និងបង្ការការពារផលប៉ះពាល់ណាមួយ ដល់ប្រព័ន្ធជីវៈចម្រុះរបស់កម្ពុជា ដែលមានស្រាប់។សូមបញ្ជាក់ថា ក្រុមហ៊ុន Regional Fish Institute, Ltd. មានជំនាញឯកទេសលើកិច្ចការវារីវប្បកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យា ជីវសាស្រ្តជាន់ខ្ពស់ ដើម្បីលើកកម្ពស់ផលិតភាព, ការស្រាវជ្រាវនិងច្នៃបង្កើតពូជថ្មីៗ, ព្រមទាំងការបង្កើនស្តង់ដារ គុណភាពជលផល ដែលផលិតបាន ដើម្បីបំពេញតម្រូវការទីផ្សារនាំចេញ។ បន្ថែមពីនេះ ក្រុមហ៊ុនក៏មានគោលដៅក្នុងការសិក្សាស្រាវជ្រាវ, ការផ្ទេរ បច្ចេកវិទ្យា និងការផ្សព្វផ្សាយព័ត៌មានអំពីកិច្ចការវារីវប្បកម្មតាមបែបវិទ្យាសាស្រ្តទំនើប ដោយផ្តោតលើទិដ្ឋភាព ផ្សេងៗគ្នានៅក្នុងតំបន់ ដើម្បីជំរុញនិរន្តរភាពលើវិស័យមួយនេះ៕ អត្ថបទ៖ សុន រ៉ាឌី

មេឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀងអំពាវនាវដល់ពលរដ្ឋ ធ្វើការបរិច្ចាគដីចំណីផ្លូវដើម្បីអោយក្រុមការងារស្ថាបនាផ្លូវបានល្អទៅតាមគម្រោង

2025/04/02 12:41:49 pm        220
ស្វាយរៀង៖ មេឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង លោក គង់ ធួន ក្នុងពេលដេញថ្លៃស្ថាបនាផ្លូវចំនួន ២ខ្សែ ស្ថិតនៅក្នុងឃុំកំពង់ត្រាច និងឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ក្រោមការចូលរួមជាសាក្សីពីលោកស្រី កែវ សោភ័ណ្ឌ អភិបាលរងស្រុក បានអំពាវដល់ពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ចូលរួមធ្វើការបរិចាកដី ខាងមុខផ្ទះឲ្យបានគ្រប់ៗគ្រួសារដើម្បីផ្ដល់លទ្ធភាពឲ្យក្រុមការងារ ងាយស្រួលក្នុងការស្ថាបនាផ្លូវ ខណៈដែលនៅឃុំរបស់យើងត្រូវបានរាជរដ្ឋាភិបាល បានផ្ដល់ថវិកា តាមរយះមូលនិធិឃុំ សង្កាត់ឆ្នាំ២០២៥ ស្ថាបនាផ្លូវ កាត់ភូមិមួយចំនួននៅក្នុងឃុំរបស់យើង។   បន្ទាប់ពីប្រកាសលទ្ធផលបញ្ចប់ការដេញថ្លៃស្ថាបនាផ្លូវ លោកស្រី កែវ សោភណ្ឌ័ អភិបាលរងស្រុក បានណែនាំដល់អ្នកដែលទទួលបានសិទ្ធស្ថាបនាផ្លូវត្រូវធ្វើឲ្យបានត្រឹមត្រូវទៅតាមបទដ្ឋានធានាគុណភាពផ្លូវប្រើប្រាស់បានយូរអង្វែង ដើម្បីបញ្ចៀសការរិះគន់របស់ពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ខណៈដែលកន្លងមកការងារស្ថាបនាផ្លូវធ្វើមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។  

ព្រះសង្ឃ និងអាជ្ញាធរ កំពុងតែមមាញឹករៀបចំតុបតែងលម្អក្នុងបរិវេណវត្តវាលស្បូវ ដើម្បី​ត្រៀម​អបអរសាទរព្រឹតិ្តការណ៍សង្រ្កាន្តច្បារអំពៅ នាពេលខាងមុខនេះ

2025/04/02 12:28:03 pm        479
ដើម្បីអបអរសាទក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ព្រះចៅអធិការវត្តវាលស្បូង និង​រដ្ឋបាល​ខណ្ឌច្បារអំពៅ នឹងរៀបចំ “សង្ក្រាន្តច្បារអំពៅ” នៅវត្តវាលស្បូវ ស្ថិតនៅភូមិស្វាយ​តាអុក​១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រយៈពេល ០២ថ្ងៃ គឺថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥ វេលា​ម៉ោង ១៣:០០ នាទី ដល់ម៉ោង ២២:០០ នាទីខាងមុខនេះ។ពិធី​នេះប្រារព្ធឡើងដើម្បីផ្តល់ភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ញោមញាតិ ពុទ្ធ​បរិស័ទ ព្រមទាំងរក្សាបាននូវទំនៀមទម្លាប់ ប្រពៃណី និងសិល្បៈដ៏ល្អផូរផង់របស់ជាតិ។ ព្រះគ្រូ​សេត្ថានុរ័ក្ខ ឃឹម រ៉ាម៉ន ព្រះគ្រូសូត្រឆេ្វង តំណាងឲ្យព្រះចៅអធិការវត្ត ព្រះគ្រូសូត្រស្តាំ វត្តវាលស្បូវ មានសង្ឃដីកា ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះថា នៅក្នុងវត្តវាលស្បូង នឹងរៀបចំពិធីមហាសង្រ្កាន្ត ឆ្នាំ២០២៥ ដោយមានការចូលរួមពីរដ្ឋបាលខណ្ឌច្បារអំពៅ ដែលអញ្ជើញចូលរួមរៀបចំបើកកម្មវិធីមហាសង្រ្កាន្ត នាថ្ងៃទី១២-១៣ ខែមេសា ឆ្នាំ២០២៥នាពេលខាងមុខដ៏ខ្លី។ ចំណែកនៅថ្ងៃទី១៤-១៥-១៦ ខែមេសា វត្តវាលស្បូវ ទទួលវេណប្រារព្ធពិធីបន្ត។ ដូច្នេះព្រះចៅអធិការ ព្រះគ្រូសូត្រ ព្រះសង្ឃ អាជ្ញាធរ កំពុងចូលរួមរៀបចំតុបតែងលម្អ ដូចជា៖ ដាក់ទង ចងរំយោល និងធ្វើរោងកញ្ចុះអំពីស្បូវ សម្រាប់ទទួលញោមញាតិ ពុទ្ធបរិស័ទ។ ដើម្បីរៀបចំពិធីបុណ្យឱ្យរក្សាបានប្រពៃណីទំនៀមទម្លាប់របស់ជាតិគង់វង្ស និងប្រកបដោយភាពរុងរឿងនោះ ព្រះគ្រូសេត្ថានុរ័ក្ខ ឃឹម រ៉ាម៉ន សូមឲ្យញោមញាតិ ពុទ្ធបរិស័ទ អាចអញ្ជើញចូលរួមក្នុងកម្មវិធីមហាសង្រ្កាន្តច្បារអំពៅ ជាពិសេសពិធីបុណ្យចូលឆ្នាំ៣ថ្ងៃ សូមញោមញាតិ អញ្ជើញមកវត្តឲ្យបានច្រើនកុះករ ពេលព្រឹកអញ្ជើញយកចង្ហាន់គ្រឿងបរិក្ខារផ្សេងៗ មកប្រគេនចំពោះព្រះសង្ឃ ដើម្បីបង្សុកូលឧទិ្ទសកុសលដល់ដូនតា បុព្វការីជន ចប់សព្វគ្រប់ ក្នុងវត្តក៏មានការប្រគុំតន្រី្ត លេងល្បែងប្រជាប្រិយ។ នៅក្នុងសង្ក្រាន្តនេះ ក៏មានការរៀបចំកម្មវិធីតាមបែបប្រពៃណីជាតិ និងការកម្សាន្តសប្បាយជាច្រើន មានដូចជា ពូនភ្នំខ្សាច់ ស្រង់ព្រះ លេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ) និងមានការប្រគុំតន្ត្រីរាំលេងកម្សាន្តផងដែរ។ ដូចនេះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ចូលរួមកម្សាន្តសប្បាយ «សង្ក្រាន្តច្បារអំពៅ» នៅវត្តវាលស្បូវ ឱ្យបានច្រើនកុះករក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ តាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ៕ អត្ថបទ៖ រដ្ឋា

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជូនដំណើរបងប្រុសជាលើកចុងក្រោយ

2025/04/02 11:37:45 am        204
នៅព្រឹក ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងសាច់ញាតិក្រុមគ្រួសារ និងថ្នាក់ដឹកនាំជាច្រើនទៀត បានអញ្ជើញក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បន្ទាប់ពីបានប្រារព្ធពិធីបុណ្យតាមប្រពៃណីសាសនា រយៈពេល៦ថ្ងៃកន្លងមកនេះ។ ពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានប្រារព្ធធ្វើឡើងនៅវត្តច័ន្ទបុរីវង្ស នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយមានការ យាង និមន្ត និងអញ្ជើញចូលរួមពីសម្ដេចសង្ឃ មន្ត្រីសង្ឃ និងថ្នាក់ដឹកនាំកំពូលៗជាច្រើនផងដែរ។ មរណភាពរបស់ ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់បង បងថ្លៃ បិតា បិតាក្មេក ជីតា ជីតាទួត ឪពុកធំ ជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការថែរក្សាអប់រំ ផ្ដល់ដំបូន្មានដល់កូនចៅ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម និងជាកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចូលរួមបម្រើជាតិ សាសនា ព្រះមហាក្សត្រ។ ការបាត់បង់ឯកឧត្តមអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឲ្យបងប្អូន កូនក្មួយ ចៅ ចៅទួត ញាតិមិត្តសាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ មានសេចក្តីសោកស្ដាយអាឡោះអាល័យរកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ សូមជម្រាបថា អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។ លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ រួមមាន ( ១- ឯកឧត្ដម ហ៊ុន សាន ២.ឯកឧត្ដម ហ៊ុន ណេង ៣.សម្ដេចតេជោ ហ៊ុន សែន ៤.លោកជំទាវ ហ៊ុន សេងនី ៥.លោកជំទាវ ហ៊ុន ស៊ីណាត ៦.លោកជំទាវ ហ៊ុន ប៊ុនធឿន )។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់, កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី។ ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឃុំពាមកោះស្នា និងអនុវិទ្យាល័យស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងក្រោយមកបានផ្លាស់ទីលំនៅមករស់នៅធ្វើចំការនៅ ភូមិចំការថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ជាមួយឪពុកម្តាយ និងក្រុមគ្រួសារ។ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយមក ប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ លោកព្រមទាំងក្រុមគ្រួសារ បានរស់នៅ និងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង ៣ឆ្នាំ៨ខែ២០ថ្ងៃ របបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការស្នេហាជាតិ លោក ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន៖ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លោក គឺជាយោធាប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ លោកត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែកំពង់សោម ក្នុងក្រសួងពាណិជ្ជកម្ម, ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០០២ លោកជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត នៃក្រសួងគមនាគមន៍, ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៩ លោកជាអគ្គនាយករង នៃភ្នាក់ងារកម្ពុជានាវាចរ (កាំសាប), ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ឯកឧត្តម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឋានៈស្មើរដ្ឋលេខាធិការ និងពីឆ្នាំ២០២២ ឯកឧត្តម ជារដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ន។ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស ជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់ជាតូបការ និង គោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ពេញមួយជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល, កសាង និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ក្រោមការដឹកនាំ របស់ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រមុខ។សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះ បានធ្វើឱ្យ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

សពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងអដ្ឋិធាតុលោកជំទាវ ច្រឹង គឹមហេន(ភរិយា) ត្រូវបានបញ្ចុះរួចរាល់ក្នុងចេតិយរួមគ្នា នៅវត្តច័ន្ទបុរីវង្ស

2025/04/02 11:22:36 am        190
នាព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ដែល សម្តេចជាអម្ចាស់ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា បានយាង និមន្ត និងអញ្ជើញមក ជួបជុំគ្នាក្នុងអារម្មណ៍រន្ធត់ ក្ដុកក្ដួល សោកសៅ ស្រពាប់ស្រពោន និងក្រៀមក្រំយ៉ាងក្រៃលែងនៅក្នុងពិធីបញ្ចុះសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួង សាធារណការនិងដឹកជញ្ជូន បន្ទាប់ពីបានតម្កល់ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធ សាសនាខ្មែរអស់រយៈកាល ៦ថ្ងៃ។ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលមរណភាព នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២:២៧នាទី ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។ គ្រួសារសព បានរៀបចំពិធីតម្កល់សព និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅគេហដ្ឋានលេខ១៧ ផ្លូវលេខ៣៣៥ ភូមិ២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លុះដល់ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៧:១១នាទី បានរៀបចំពិធីដង្ហែសព ឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ដើម្បីប្រារព្ធពិធីបុណ្យបញ្ចុះសពតាមប្រពៃណីនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។សពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន និងអដ្ឋិធាតុលោកជំទាវ ច្រឹង គឹមហេន(ភរិយា) ត្រូវបានបញ្ចុះរួចរាល់ក្នុងចេតិយរួមគ្នា នៅវត្តច័ន្ទបុរីវង្ស ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ។មរណភាពរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាការបាត់បង់បងបងថ្លៃ បិតា បិតាក្មេកជីតា ជីតាទួត ឪពុកធំ ជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការថែរក្សាអប់រំ ផ្តល់ដំបូន្មានដល់កូនចៅ និងជាការបាត់បង់ឥស្សរជនដ៏ឆ្នើម និងជាវីរកុលបុត្រខ្មែរមួយរូបដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមបម្រើជាតិ សាសនាព្រះមហាក្សត្រ។ការបាត់បង់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឱ្យបងប្អូន កូន ក្មួយ ចៅ ចៅទួត ញាតិមិត្ត សាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ព្រះសង្ឃ និងពុទ្ធបរិស័ទទូទៅ មានសេចក្តីសោកស្តាយ អាឡោះអាល័យ រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។តាមរយៈវិយោគកថា បានឱ្យដឹងថា ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន (នាមដើម ហ៊ុន ឡុងសាន) កើតនៅថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស.២៤៩២ ត្រូវនឹងទី៦ ខែកក្កដា ឆ្នាំ១៩៤៨ នៅភូមិពាមកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមាន លោកឪពុកនាម ហ៊ុន នាង និងអ្នកម្តាយនាម ឌី ប៉ុក ។ ឯកឧត្តម អ្នកឧកញ៉ា មានបងប្អូនបង្កើត សរុបចំនួន ៦ នាក់ (ស្រី ៣នាក់) ហើយ ឯកឧត្តម អ្នកឧកញ៉ា ជាកូនទី១។ចំពោះប្រវត្តិនៃការសិក្សា ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ១៩៧០ ឯកឧត្តម អ្នកឧកញ៉ា បានតស៊ូសិក្សារៀន សូត្រនៅសាលាបឋមសិក្សាពាមកោះស្នា ភូមិពាមកណ្តាល ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បន្ទាប់មកបានផ្លាស់ប្តូរទីលំនៅមករស់នៅ និងប្រកបរបរធ្វើចម្ការជាមួយលោកឪពុក អ្នកម្តាយ និង ក្រុមគ្រួសារ នៅភូមិចំការថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានរៀបអាពាហ៍ពិពាហ៍ជាមួយ នឹងលោកជំទាវ ចឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន៥នាក់ (ស្រី៣នាក់) គឺ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់ កូនទី២ ឯកឧត្តម ហ៊ុន ជា កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី។ចំពោះឋានៈមុខតំណែង ក្នុងការបម្រើជាតិមាតុភូមិ៖ ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ឯកឧត្តម អ្នកឧកញ៉ា រស់នៅក្នុងតំបន់រំដោះនាស្រុកកំណើត។ ក្រោយមកប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ឯកឧត្តម អ្នកឧកញ៉ា និងក្រុមគ្រួសារបានរស់នៅនិងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង ៣ឆ្នាំ ៨ខែ ២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការស្នេហាជាតិ ឯកឧត្តម អ្នកឧកញ៉ា ត្រូវបានតែងតាំងក្នុងតួនាទី និងមុខតំណែងជាបន្តបន្ទាប់៖ - ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លោកជាយោធាប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម- ឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ ត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែ- ឆ្នាំ១៩៨២ ដល់ឆ្នាំ២០០២ ជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត នៃក្រសួងគមនាគមន៍- ឆ្នាំ២០០២ ដល់ឆ្នាំ២០១៩ ជាអគ្គនាយករង នៃភ្នាក់ងារកម្ពុជានាវាចរ (កាំសាប)- ឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឋានៈស្មើ រដ្ឋលេខាធិការ- ឆ្នាំ២០២២ ជារដ្ឋលេខាធិការនៃក្រសួងសាធារណការនិងដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ន។ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿង ឥស្សរិយយសជាច្រើនជាបន្តបន្ទាប់ រហូតគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺថ្នាក់ជាតូបការ ជាពិសេសប្រោសព្រះរាជទានគោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០២៣។ក្នុងការបម្រើព្រះពុទ្ធសាសនា និងការងារសង្គម៖ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ជាអគ្គពុទ្ធសាសនូបត្ថម្ភក៍ដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតបានចូលរួមចំណែកកសាងជាតិ បំពេញការងារមនុស្សធម៌ កសាងមូលដ្ឋាន នៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ សាលាឃុំ និងសាលាមត្តេយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កសាង និងឆ្លងសមិទ្ធផលនានា ជាមរតករបស់ អ្នកឧកញ៉ា មហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះបានធ្វើឱ្យ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ រាប់អានពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជា ពលរដ្ឋគ្រប់មជ្ឈដ្ឋាន។ក្នុងជន្មាយុ៧៨ឆ្នាំ រោគាពាធបានចូលមករុករាន ទន្ទ្រានលើរូបរាងកាយ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទោះបីជាគ្រូពេទ្យជំនាញៗ បានព្យាបាលដោយប្រើប្រាស់ឱសថ វិសេសៗយ៉ាងណាក៏ដោយ ក៏អាការរោគរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ មិនបានធូរស្បើយឡើយ។ ពីមួយថ្ងៃទៅមួយថ្ងៃសុខភាព កម្លាំង ថាមពល របស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋបានចុះខ្សោយជាលំដាប់ ឥតស្រាកស្រាន្ត។ ជាការគួរឱ្យសោកស្តាយពន់ពេកណាស់ ដោយក្រឹត្យក្រមនៃធម្មជាតិមនុស្សសត្វទាំងឡាយក្នុង វាលវដ្តសង្សារ ទោះបីជាបព្វជិតក្តី គ្រហស្ថក្តី សុទ្ធតែស្ថិតក្នុងអំណាចនៃសភាវធម៌ ជរា ព្យាធិ មរណៈ និង អនិច្ចលក្ខណធម៌គឺ អនិច្ចំ ទុក្ខំ អនត្តា មិនទៀង ជាទុក្ខ និងមិនមែនជារបស់ខ្លួនគ្រប់ៗគ្នា។យ៉ាងណាម៉ិញ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ពុំមានករណីពិសេស ដែលធម្មជាតិត្រូវអនុគ្រោះ ឬលើកលែងបាននោះឡើយ។ រហូតដល់ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង២ និង២៧នាទីទៀបភ្លឺ ខ្យល់អស្សាសៈ និងបស្សាសៈ (ដង្ហើមចេញ និងដង្ហើមចូល) បានចាកចេញពីរូបពងកាយរបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បាត់អស់សូន្យសុង។ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើមរណកាលយ៉ាងស្ងប់នៅក្នុងគេហដ្ឋានរបស់ឯកឧត្តម អ្នកឧកញ៉ា ក្នុងជន្មាយុ៧៨ឆ្នាំ ក្រោមដំណក់ទឹកភ្នែក និងការយំសោកស្តាយស្រណោះ អាឡោះអាល័យសេចក្តីរន្ធត់ តក់ស្លុតយ៉ាងពន់ពេកនៃបងប្អូនកូនក្មួយចៅចៅទួត និងញាតិមិត្តសាច់សាររលាហិត។ការបាត់បង់ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានធ្វើឱ្យបង ប្អូន កូន ចៅ ញាតិមិត្ត សាច់សារលោហិត ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ព្រះសង្ឃ និងពុទ្ធ បរិស័ទទូទៅ មានសេចក្តីសោកស្តាយ អាឡោះអាល័យ រកអ្វីមកប្រៀបផ្ទឹមពុំបានឡើយ។ជាបច្ឆាកិច្ច ក្រុមគ្រួសារនៃសពដែលជាបង ប្អូន កូនចៅ ញាតិមិត្ត សាច់សារលោហិត បានជូនដំណើសព បង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ត្រឹមតែទីបញ្ចុះសពនេះ ក្នុងក្តីរន្ធត់ តក់ស្លុត ខ្សឹកខ្សួល ស្តាយស្រណោះ អាឡោះអាល័យជាពន់ពេក។ ការបែក ការព្រាត់លើកនេះ ពុំមានឱកាសណាមួយបានវិលមកជួបជុំ ជំនុំ ពិភាក្សាគ្នាបានទៀតឡើយ។ រាល់អនុស្សាវរីយ៍នៃការរួមរស់ដោយកម្សត់កម្ររបស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នឹងស្ថិតនៅក្នុងក្រអៅបេះដូងរបស់យើងទាំង អស់គ្នា មិនអាចបំភ្លេចបានឡើយ៕

សាច់ជ្រូក គ្រឿងក្នុងជ្រូក និងខួរជ្រូក ចំនួន៧០ការុង ត្រូវបានដុតកម្ទេចចោលនៅខេត្តបាត់ដំបង

2025/04/02 11:01:39 am        173
កាលពីថ្ងៃទី១មេសាម្សិលមិញ មន្រ្តីអធិការកិច្ចម្ហូប​អាហារ​នៃ​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សាខា​ខេត្ត​បាត់ដំបង បានចូល​រួម​សហការ​ជាមួយ​ការិយាល័យ​នគរបា​ល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច នៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការត្រួតពិនិត្យសាច់ជ្រូក គ្រឿងក្នុង​ជ្រូក និង​ខួរ​ជ្រូក​ដឹក​តាម​រថយន្ត ភីកអាប់ (pick up) ដែលនគរបាល​ប្រឆាំង​បទ​ល្មើស​សេដ្ឋកិច្ច​ស្ទាក់​ឃាត់​ចាប់​តាម​ដងផ្លូ​វ​បញ្ជូនទៅស្នងការខេត្តបាត់ដំបង។ ប្រភព ក.ប.ប. បានឲ្យដឹងក្នុងបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥​នេះ​ថា ក្រោយការត្រួតពិនិត្យមន្រ្តីជំនាញបានវាយតម្លៃឃើញថា សាច់ គ្រឿងក្នុងនិងខួរ សរុប​ទាំង​អស់ ចំនួន៧០ការុង ស្មើនឹងប្រមាណ ១ ៤០០គីឡូក្រាម ទាំងការវេចខ្ចប់ និងដឹកជញ្ជូន ពុំ​មាន​លក្ខណៈ​ត្រឹមត្រូវសមស្រប គ្មានគុណភាព សុវត្ថិភាពតាមលក្ខ​ខណ្ឌ​តម្រូវ​អនាម័យ​សម្រាប់​មនុស្ស​បរិភោគឡើយ។ បន្ទាប់ពីត្រួតពិនិត្យរួចរាល់ កម្លាំងសមត្ថកិច្ច​ទាំង​ពីរ​បាន​សម្រេច​សុំ​គោល​ការណ៍​ពី​ឯកឧត្តម​ព្រះរា​ជ​អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តធ្វើការដុតកម្ទេចចោលតែម្តង។ ការដុតកម្ទេចចោលប្រ ព្រឹត្ត​ទៅនៅទីលានចាក់សម្រាម ស្ថិតនៅភូមិអូរមុន្នី ឃុំអន្លុងវិល ស្រុកសង្កែ ខេត្តបាត់ដំបង ដោយ​មាន​ការ​ចូលរួមពី លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង៕

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនរយៈពេល៥ខែ សម្រេចបានជិត៤០ភាគរយហើយ

2025/04/02 10:55:06 am        207
ការកសាងហេដ្ឋារចនាសម្ព័ន្ធតាមក្រវាត់ព្រំដែនក្នុងរយៈពេល៥ខែមកនេះ ក្រុម​ការ​ងារ​ធ្វើ​ការងារ​សាង​សង់​សម្រេចបានជិត៤០ភាគរយ ហើយនឹងបន្តជំរុញល្បឿននៃការកសាងសំណង់សិល្បការ ធ្វើ​យ៉ាង​ណាឲ្យសម្រេចជាស្ថាពរនៅមុនពេលភ្លៀងធ្លាក់ជោគជាំនារដូវវស្សាខាងមុខនេះ។តាមសេចក្តីប្រកាសព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការកសាងផ្លូវក្រវ៉ាត់ព្រំដែន ដោយប្រើប្រាស់មូលនិ ធិក​សាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន របស់​ក្រុម​ការងារ​ចំពោះ កិច្ចគ្រប់គ្រងមូល​និធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោត​លើ​ការ​កសាងផ្លូវក្រវាត់ព្រំដែន ដែលហៅកាត់ថា(ក.គ.ម)បានឲ្យដឹងថា វឌ្ឍនភាព​នៃ​ដំណើរ​ការ​កសាង​ផ្លូវ​ព្រំដែននៅក្នុងរយៈពេល៥ខែ កន្លងមកនេះ​ក្រុម​ការ​ងារ​ចំពោះ​កិច្ច​បាន​ឈូស​ព្រៃទ​ទឹង​៥ម៉ែត្រ​បានប្រវែង១១០គីឡូម៉ែត្រ សម្រាប់រកផ្លូវ ខ្សែដំបូង ឈូសផ្លូវទទឹង២០ម៉ែត្របានប្រវែងជាងមួយម៉ឺនម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ លុបជ្រលង-អូរ បន្ទាប ចំណោទភ្នំ និងធ្វើប្រឡាយបានប្រវែង១០០,៥០គីឡូម៉ែត្រ កសាងផ្លូវ និងចិតជញ្ជាំងភ្នំ បានប្រវែង៩៩,១០គីឡូម៉ែត្រ ក្រាលល្បាយកម្ទេចថ្មសម្រេចជាស្ថាពរប្រវែង៧៥,២០គីឡូម៉ែត្រ។ «ដោយជាលទ្ធផលរួមនៃ ដំណើរការកសាងផ្លូវក្រវាត់ព្រំដែននេះគឺសម្រេចបានប្រមាណ៣៩,៩២ ភាគរយ នៃផែនការក្នុងនោះខេត្តមណ្ឌលគិរីបានប្រវែង៤៤,៩០គីឡូម៉ែត្រស្មើនឹង៤២,៤៥ភាគរយ និង ខេត្តរតនគិរីបានប្រវែង៣០,៣០ភាគរយស្មើនឹង៣៤,២៦ភាគរយ»។បើតាមសេចក្តីប្រកាសព័ត៌មានក៏បានលើកឡើងផងដែរថា ក្រុមការងារកំពុងបន្តជំរុញការងារ បោសសម្អាតមីនយុទ្ធភណ្ឌមិនទាន់ផ្ទុះបន្ថែមទៀត, បន្តជំរុញល្បឿនកសាងផ្លូវក្នុងរដូវប្រាំង ដោយធានាឲ្យ បានតាមបទដ្ឋានលក្ខណៈបច្ចេកទេស មានគុណភាពនិងភាពធន់និងអាកាសធាតុ,បន្តជំរុញល្បឿននៃការ កសាងសំណង់សិល្បការ ធ្វើយ៉ាងណាឲ្យសម្រេចបានជាស្ថាពរមុនពេលរដូវភ្លៀងធ្លាក់ជាដើម។ជាមួយគ្នានោះដែរ ក្រុមការងារសាងសង់ ក៏បានប្តេជ្ញាបន្តអនុវត្តភារកិច្ចរបស់ខ្លួនឲ្យកាន់តែសកម្ម ប្រកបដោយស្មារតីទទួលខ្ពស់ ដើម្បីឈានទៅសម្រេចបាននូវការកសាងផ្លូវតាមព្រំដែនតាមផែនការ ដែល បានគ្រោងទុក និងបន្តផ្តលព័ត៌មានស្តីពីវឌ្ឍនភាពថ្មីៗនៃដំណើរកសាងផ្លូវក្រវាត់ព្រំដែន ដែលប្រើប្រាស់នូវ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដែលជាគំនិតផ្តួចផ្តើមដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនេះជាបន្តបន្ទាប់។សូមបញ្ជាក់ថាមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែននោះ បានទទួលបានថវិកាពីពីបងប្អូនសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិកក្រោយសម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្កើតមូលនិធិនេះឡើយងនាថ្ងៃទី២៦ខែសីហា ឆ្នាំ២០២៤នោះ៕ អត្ថបទ៖ បាន ចក់

ស្ថានីយវារីអគ្គិសនីសេសានក្រោម២ បើកឲ្យ​និស្សិតជំនាញអគ្គិសនី ២៤៧រូប ចូលទស្សនា និងស្វែងយល់

2025/04/02 10:42:56 am        254
កាលពីព្រឹកនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រុមហ៊ុន China Huaneng គ្រុប​បាន​ប្រារព្ធ​ទិវា​បើក​ឱ្យ​ចូលទស្សនា​ស្ថានីយវារីអគ្គិសនីសេសានក្រោម២ ឆ្នាំ២០២៥ នៅក្រោមប្រធានបទ “ការ​អនុវត្ត​បច្ចេកទេសពង្រឹងកំណើតចម្រើន(Green energy lights up the future, and technological practice enables growth)” ។និស្សិតជំនាញអគ្គិសនីវិចំនួន ២៤៧​រូប​មក​ពី​វិទ្យា​ស្ថាន​ជាតិបណ្តុះបណ្តាលបច្ចេកទេស បានទស្សនាស្ថានីយវារីអគ្គិសនីសេសានក្រោម២ ដែល​ជា​គម្រោងថាមពលស្អាតធំបំផុតក្នុងប្រទេសកម្ពុជា។ តាមរយៈការទស្សនាតំបន់ជាក់ស្តែង ការ​បកស្រាយបច្ចេកទេស និងការផ្លាស់ប្តូរបទពិសោធន៍ ក្រុមនិសិ្សត​មាន​ការ​ស្វែង​យល់​ដឹង​កាន់​តែ​ស៊ីជ​ម្រៅអំពីគោលការណ៍ផលិតភ្លើងពីទឹក ការគ្រប់គ្រងប្រតិបត្តិការស្ថានីយវារី និងលទ្ធផល​នៃកិ​ច្ច​សហការថាមពលរវាងកម្ពុជា-ចិន។ក្រោមការដឹកនាំពីបុគ្គលិកបច្ចេកទេសរបស់ស្ថានីយ ក្រុមនិស្សិតបាន​ទទួល​ការ​បណ្តុះ​បណ្តាល​សុវត្ថិភាព​ជាមុន និងបានបែងចែកជាក្រុមសម្រាប់ទស្សនាកន្លែងសំខាន់ៗដូចជា រោងចក្រផលិត បន្ទប់​តំឡើងឧបករណ៍ សាលបង្ហាញ និងទំនប់។ វិស្វករខ្មែរបានបកស្រាយអំពីដំណើរការនៃម៉ាស៊ីនភ្លើងដោយណែនាំពីសមាសភាពឧបករណ៍អគ្គិសនីផ្សេងៗ។លោកធា កុសល វិស្វករខ្មែររបស់ស្ថានីយ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍ បានបង្ហាញ​ពី​បទ​ពិសោធន៍​ការងាររបស់ខ្លួនថា៖ “ក្រុមបច្ចេកទេសចិនមិនត្រឹមនាំមកនូវឧបករណ៍ទំនើបប៉ុណ្ណោះទេ ប៉ុន្តែ​ពួកគេក៏បានបណ្តុះបណ្តាលសមត្ថភាពវិជ្ជាជីវៈអោយយើងផង។ ខ្ញុំមានមោទន​ភាព​ណាស់​ដែល​បាន​ធ្វើការនៅស្ថានីយវារីអគ្គិសនីសេសានក្រោម២។” ប្រវត្តិរបស់​លោក​បាន​ជះឥទ្ធិពល​ដល់និស្សិតជាច្រើន។ព្រឹត្តិការណ៍នេះមិនត្រឹមតែជាមេរៀនជាក់ស្តែងលើបច្ចេកទេសទេ ប៉ុន្តែជា​សញ្ញា​នៃ​មិត្ត​ភាព​រវាង​កម្ពុជា​និងចិន និងការសហការបច្ចេកវិស័យថាមពលស្អាតផងដែរ។ ស្ថានីយវារី​អគ្គិសនី​សេ​សាន​ក្រោម២ ដែលជាគំរូនៃកិច្ចសហប្រតិបត្តិការវិស័យថាមពលរវាងប្រទេសទាំងពីរ បាន​និង​បន្ត​ជំរុញ​អោយ​យុវជនចូលរួមក្នុងវិស័យនេះ និងជួយពង្រឹងសមត្ថភាពបុគ្គលិកបច្ចេកទេសក្នុងស្រុក។ស្ថានីយវារីអគ្គិសនីសេសានក្រោម២មានសមត្ថភាពផលិតសរុប 400MW វាបាន​ដាក់​ឲ្យ​ដំណើរ​ការ​ពី​ឆ្នាំ ២០១៨ រហូតមកដល់បច្ចុប្បន្ន បានផ្គត់ផ្គង់អគ្គិសនីបានលើស 11.8 ពាន់​លាន​គីឡូ​វ៉ាត់​ម៉ោង ដែលបានជួយកាត់បន្ថយតម្លៃអគិ្គសនី និងការពឹងផ្អែកលើការនាំចូល។ ក្នុង​អំឡុង​ពេល​សាង​សង់ គម្រោងសម្រេចបានការផ្លាស់ទីសរុប 840 គ្រួសារ (3,690 នាក់) ព្រមទាំង​សាង​សង់​សាលា​រៀន មណ្ឌលសុខាភាព និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ដែលបានពង្រឹង​ជីវភាព​ប្រជា​ពលរដ្ឋ​ក្នុង​តំបន់។ ស្ថានីយនឹងបន្តការបណ្តុះបណ្តាលបុគ្គលិកខ្មែរ និងពង្រឹងកិច្ចសហការ​ជាមួយ​សាកល​វិទ្យាល័យ​ក្នុងស្រុក ដើម្បីផ្តល់ឲ្យវិស័យថាមពល​នូវ​ក្រុម​ការងារ​បច្ចេក​ទេស​ចំណាស់​កាន់​តែ​ច្រើន​៕ 

តំណាងគ្រួសារសពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ផ្ញើសារលិខិតថ្លែងអំណរគុណ ចំពោះការចូលរួម និងជួយរៀបចំពិធីបុណ្យ និងពិធីបញ្ចុះសព

2025/04/02 10:12:24 am        338
ដោយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះ ជាថ្ងៃចុងក្រោយនៃពិធីបុណ្យ និងជាថ្ងៃបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន, តំណាងគ្រួសារសព បានផ្ញើសារលិខិតថ្លែងអំណរគុណ ព្រះរាជគុណ អរព្រះគុណ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមគោរពថ្លែងអំណរគុណ សម្តេច ឯកឧត្តម លោកជំទាវលោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ដែលបានឆ្លៀតឱកាសដ៏មមាញឹក យាង និមន្ត អញ្ជើញចូលរួម និងជួយរៀបចំពិធីបុណ្យ និងពិធីបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ដែលជាអ្នកមានគុណរបស់គ្រួសារនៃសព។តាមរយៈសារលិខិតថ្លែងអំណរគុណ តំណាងគ្រួសារសពរបស់ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានសរសេរថា ក្នុងនាមក្រុមគ្រួសារសព មូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមគោរពថ្លែងអំណរព្រះរាជគុណ អរព្រះ គុណ ថ្វាយ ប្រគេន សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ និងសូមគោរពថ្លែងអំណរគុណ សម្តេច ឯក ឧត្តម លោកជំទាវលោកអ្នកឧញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានឆ្លៀត ឱកាសដ៏មមាញឹក យាង និមន្ត អញ្ជើញចូលរួម និងជួយរៀបចំពិធីបុណ្យនិងពិធីបញ្ចុះសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលត្រូវជាបង បងថ្លៃ បិតា ជីតា ជីតាទួត ឪពុកធំ ដែលជាអ្នកមានគុណ របស់យើងខ្ញុំ នាពេលនេះ។ទូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមសម្តែងនូវកតញ្ញូតាធម៌ និងការដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ ប្រគេន សម្តេចព្រះសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបង ប្អូនជិតឆ្ងាយទាំងអស់ដែលបានចូលរួមតាមរយៈការផ្ញើសាររំលែកទុក្ខក្តី តាមរយៈការចូលរួមគោរពវិញ្ញាណក្ខន្ធ ដោយផ្ទាល់នាពេលកន្លងមកក្តី និងការយាង និមន្ត អញ្ជើញមកចូលរួមនៅក្នុងពិធីបញ្ចុះសពតាមប្រពៃណី ព្រះពុទ្ធសាសនានៅទីនេះផងដែរ។សក្ខីកម្មខាងលើនេះ សបញ្ជាក់ឱ្យឃើញច្បាស់នូវទឹកព្រះទ័យ និងទឹកចិត្តស្រឡាញ់រាប់អានដ៏ឧត្តុង្គ ឧត្តម របស់ សម្តេចជាអម្ចាស់ សម្តេច ព្រះរាជគណៈ ព្រះថេពនុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនជិតឆ្ងាយទាំងអស់ចំពោះសព និងក្រុមគ្រួសារយើងខ្ញុំទាំងមូល ដែល ធ្វើឱ្យយើងខ្ញុំទាំងអស់គ្នា មិនអាចបំភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លាទាំងនេះបានឡើយ។ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំ សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណ ប្រកបដោយក្តីរំភើបឥតឧបមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីគោពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គប្រោសព្រះរាជទាន ព្រះរាជសារចូលរួមរំលែកទុក្ខ និងបានប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ថ្លៃថ្លា ចូលរួមក្នុងពិធីបុណ្យសព។ ទូលព្រះបង្គំ យើងខ្ញុំសូមថ្វាយព្រះរាជកុសលបវរមហាប្រសើរ សូមព្រះអង្គទ្រង់ប្រកបដោយព្រះសុភមង្គល និងវិបុលសុខគ្រប់ប្រការ។ជាទីបញ្ចប់នេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាយើងខ្ញុំ សូមថ្លែងអំណរព្រះរាជគុណ អរព្រះគុណ និងអរគុណ សាជាថ្មីម្តងទៀត និងសូមថ្វាយប្រគេនព្រះពរ សម្តេចព្រះមហាសង្ឃរាជ សម្តេចព្រះសង្ឃនាយក សម្តេចព្រះ សង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងគោរពជូនពរ សម្តេច ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងបងប្អូនញាតិជិតឆ្ងាយទាំងអស់ សូមបានប្រកបដោយពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបែបសាសនាព្រះពុទ្ធ ជូនសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ មុនពិធីដង្ហែ

2025/04/02 10:03:32 am        231
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា អញ្ជើញចូលរួម​ពិធីបែប​សាសនា​ព្រះពុទ្ធជាចុងក្រោយជូនសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ នៅភូមិគ្រឹះ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ មុនពិធីដង្ហែឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកនយោបាយឃឺដអ៊ីរ៉ង់ អះអាងថាអ៊ីរ៉ង់បានវាយប្រហារមូលដ្ឋានគណបក្សនៅក្រុង Erbil ប្រទេសអ៊ីរ៉ាក់
06/01/2026 09:06 AM
សមត្ថកិច្ចចុះត្រួតពិនិត្យទីតាំងចំនួន៣​​ នៅក្រុងប៉ោយប៉ែតសង្ស័យលបលួចប្រព្រឹត្ត Online Scams ឃាត់ខ្លួនជនបរទេសនិងខ្មែរសរុបចំនួន ១៥២នាក់​​​
06/01/2026 09:06 AM
ការជាសះស្បើយពីជំងឺអេបូឡានាំមកនូវសញ្ញានៃក្តីសង្ឃឹមនៅកុងហ្គោ ខណៈករណីសង្ស័យលេចឡើងនៅក្រៅទ្វីបអាហ្វ្រិក
06/01/2026 09:06 AM
ការផ្ទុះគ្រាប់មីនក្នុងតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាមនៅមីយ៉ាន់ម៉ា បានសម្លាប់មនុស្សរាប់សិបនាក់
06/01/2026 09:06 AM
ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ដែលអភិវឌ្ឍដោយកម្ពុជា បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​ នៅប្រទេសទីម័រឡេស្តេ
06/01/2026 09:06 AM
កងទ័ពអ៊ីស្រាអែលដណ្តើមបានប្រាសាទយុទ្ធសាស្ត្រនៅលីបង់ក្នុងការឈ្លានពានដ៏ជ្រៅបំផុតចូលប្រទេសនេះ ក្នុងរយៈពេល២៦ ឆ្នាំ
06/01/2026 08:06 AM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុ ប្រគេនព្រះសង្ឃ និងចែកអំណោយប្រជាពលរដ្ឋ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
05/31/2026 07:05 PM
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អញ្ជើញជួបប្រជាពលរដ្ឋភៀសសឹក និងពិនិត្យទីតាំងរៀបចំផ្សារបណ្តោះអាសន្ន ក្នុងខេត្តបន្ទាយមានជ័យ
05/31/2026 06:05 PM
ក្រសួងការងារ៖ ខេត្តស្ថិតក្នុងតំបន់ទំនាបកណ្ដាលចំនួន៣ មាន​ឱកាស​ការ​ងារ​ជាង ៨,០០០​កន្លែង កំពុង​រង់​​ចាំអតីត​​ពលករ​​ត្រឡ​ប់​មក​ពី​ថៃ និង​អ្នកកំ​ពុង​ស្វែងរកកា​រងា​រ​ធ្វើ
05/31/2026 06:05 PM
ក្រសួងការងារ៖ នៅខេត្តជាប់សមុទ្រទាំង៤ មានឱកាសកា​រងារជិត ៧,០០០កន្លែង ដែល​កំពុងរង់ចាំ​អតីត​ពលករត្រឡ​ប់ម​កពីថៃ និង​អ្នក​​កំពុង​​ស្វែង​រក​ការ​ងារ​ធ្វើ
05/31/2026 06:05 PM