ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

អង្គភាពស៊ីម៉ាក់ និង JICA បិទវគ្គសិក្ខាសាលាលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិ បត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS

2025/03/28 05:23:05 pm        171
(ភ្នំពេញ): ស៊ីម៉ាក់និងចាយកាជប៉ុន ជោគជ័យលើការពង្រឹងសមត្ថភាពធនធានអ្នកបច្ចេកទេសជំនាញប្រតិបត្តិការគ្រឿងចក្រកម្ទេចមីននិងឧបករណ៍រាវមីន ALIS បន្ទាប់ពីបើកវគ្គសិក្ខាសាលាអស់រយៈ ពេល ១០ថ្ងៃ​ ដែលមានការចូលរួមពីភាគីជប៉ុនជាង ១០រូប​និងអ្នកបច្ចេកទេសជំនាញសុីម៉ាក់ចំនួន ៣៥ រូប ។ សិក្ខាសាលានេះបានចាប់ផ្តើមពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៥ ផ្តោតសំខាន់ក្នុងការប្រមូលនូវចំណេះធ្វេីពីអ្នកបច្ចេកទេសជំនាញ​យូរឆ្នាំ បង្កេីតជាឯកសារប្រតិបត្តិ​ដូចនេះអ្នកបន្តវេនអាច ប្រេីប្រាស់ហ្វឹកហ្វឺនពង្រឹងសមត្ថភាពបច្ចេកទេសជំនាញ​បន្តទៅមុខទៀត។   ក្នុងពិធីបិទសិក្ខាសាលានេះ លោកស្រី កូម៉ូកៃ អេរី ទី ប្រឹក្សាជាន់ខ្ពស់JICA ប្រចាំទីក្រុងតូក្យូ បានថ្លែងនូវក្តីពេញចិត្តដែលបានសហការជាមួយអង្គភាពCMAC ក្នុងការរៀបចំសិក្ខាសាលានេះឡើង។ លោកស្រីបន្តថា តាមរយៈបទពិសោធន៍ជាង៣០ឆ្នាំ ក្នុងសកម្មភាពការងារផ្សេងៗរបស់CMAC ដែលពាក់ព័ន្ធទៅនឹងសកម្ម ភាពកំចាត់មីន អង្គភាពCMAC មានចំណេះដឹងនិងចំណេះធ្វើអំពីឧបករណ៍ផ្សេងៗជាច្រើន ។ ចំណេះដឹងនិងចំណេះធ្វើទាំងនេះ មិនត្រឹមតែមានប្រយោជន៍ក្នុងការបង្កើនប្រសិទ្ធភាពនៃសកម្មភាពកំចាត់មីនផ្ទាល់របស់CMACប៉ុណ្ណោះទេ ហើយក៏អាចចែករំលែកទៅ កាន់ប្រទេសដែលរងផលប៉ះពាល់ដោយមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ។ លើសពីនេះ ចាប់តាំងពីឆ្នាំ២០២០មក CMACបានចែករំលែកចំណេះដឹង និងបានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីគ្របគ្រង់ និងមន្ត្រីប្រតិបត្តិកាជាង៥០០នាក់ មកពីប្រទេសកូឡុំប៊ី ឡាវ អង់ហ្គោឡា អ៊ីរ៉ាក់ អ៊ុយក្រែន និងបណ្តាប្រទេសអាហ្វ្រិកផ្សេងទៀតបានទទួលផលប្រយោជន៍ពីកិច្ចសហ ប្រតិបត្តិការអន្តរជាតិរបស់CMAC ។ ដូច្នេះJICA រំពឹងថាអង្គភាពCMAC នឹងបន្តផ្តល់ការគាំទ្រទៅដល់ប្រទេសផ្សេងទៀតដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នាពេលអនាគត។ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់សូមថ្លែងអំណរដល់មន្រ្តី JICA ប្រចាំភ្នំពេញ ក៏ជាដូចទីប្រឹក្សាក៏ដូចជាអ្នកឧទ្ទេសនាមដទៃទៀត ដែលបានចូលរួមផ្តល់ចែករំលែកក្នុងសិក្ខាសាលានេះ។ ឯកឧត្តមក៏សូមក៏កោតសរសើរ និងអរគុណមន្រ្តីCMAC ទាំងអស់ ទាំងថ្នាក់ដឹកនាំនៅទីបញ្ជាការ វិទ្យាស្ថានបច្ចេកទេសសកម្មភាពមីន ក៏ដូច ជាបណ្តាកងឯកភាពកំចាត់មីនទាំងអស់ ជាពិសេសឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ដែលបានដឹកនាំសម្របសម្រួលសិក្ខាសាលាក្នុងរយៈពេល១០ថ្ងៃនេះ ដោយការយកចិត្តទុកដាក់និងដំណើរការដោយរលូន។ តាមរយៈរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឈិន ប៊ុនរ៉ាន់ ឯកឧត្តមសូមវាយតម្លៃខ្ពស់ចំពោះសិក្ខាសាលានេះ ដោយអ្នកចូលរួមបានលើកយកនូវវិធីសាស្រ្តថ្មីៗតាមរយៈការបញ្ចេញមតិយោបល់ ចំណេះដឹង ជំនាញ និងបទពិសោធន៍របស់ខ្លួនដើម្បីរួមគ្នាផ្តល់ធាតុចូលជាបញ្ហាជាចំណុចខ្វះខាត ឬចំណេះធ្វើពាក់ព័ន្ធសម្រាប់យកទៅវិភាគ បែងចែកដោះស្រាយ និងបង្កើតជា «ឯក សារណែនាំប្រតិបត្តិការមួយ» ដែលមានលក្ខណៈសម្បូរបែបនិងល្អប្រសើរជាងមុន។ ហើយសមិទ្ធិផលនៃសិក្ខា សាលានេះ គួរតែត្រូវបានប្រើប្រាស់ដើម្បីបង្កើនសមត្ថ ភាពរួមដល់មន្រ្តីជំនាញរបស់អង្គភាពCMAC ។ ជា មួយគ្នានេះដែរ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលដែលទទួលបានពីសិក្ខាសាលានេះនឹងត្រូវបានអនុវត្តនៅក្នុងប្រតិបត្តិការនៅការដ្ឋានបោសម្អាតមីន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕ អត្ថបទ,ភារម្យ

ក្រសួងការងារ៖ គិតត្រឹមម៉ោង៣៖១៥នាទីរសៀលនេះ នៅការដ្ឋានបាក់​រលំអគារមួយ​កន្លែងនៅ​ថៃ​មាន​ពលករបរទេសប្រមាណ៣០នាក់មិនទាន់អាចដឹងថាមានជនជាតិណាខ្លះទេ

2025/03/28 03:55:41 pm        455
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំ​នៅប្រទេស​ថៃ​បាន​ឱ្យ​ដឹ​​ងថា គិតត្រឹមម៉ោង ៣៖១៥នាទីរសៀលនេះ នៅការដ្ឋានបាក់រលំអគារមួយកន្លែង​មានពលករ​បរទេស​ចំនួន​ប្រមាណជា​៣០នាក់​អាច​នៅ​ជាប់​គាំង​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា​មាន​ជន​ជាតិ​ណា​ខ្លះ​ទេ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។ ក្រសួងការងារបានឱ្យដឹងថា នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មាន​គ្រោះ​រញ្ជួយ​ដី​ខ្លាំង​មួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាល​ឱ្យ​មាន​ការ​បាក់​រលំ​អគារ និង​ការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បាន​កំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរក​ព័ត៌មាន​លម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។ ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។ក្រសួង និងស្ថានទូតនឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួងសូមអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជាដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖- លេខ 094 092 5905, 094 416 558- លេខ 083 545 7788 (លោក ឈឹម វិបុល)- លេខ 062 089 8918 (លោក សម្ផស្ស)- លេខ 092 299 0133 (កញ្ញា ចន្ថា)

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយ នៅវត្តច័ន្ទបុរីវង្ស

2025/03/28 03:46:22 pm        124
ភ្នំពេញ ៖ពិធីបញ្ចុះបឋមសិលាសាងសង់ព្រះមហាចេតិយនៅវត្តច័ន្ទបុរីវង្ស ស្ថិតនៅសង្កាត់ខណ្ឌព្រែកព្នៅ រាជធានីភ្នំពញ បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែមីនានេះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។ពិធីដ៏មហោឡារឹកនេះ មានព្រះរាជវត្តមានយាង និងនិមន្តចូលរួមរបស់សម្តេចព្រះមហាសុមេធាធិបតីបណ្ឌិត អំ លឹមហេង សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះធម្មលិខិតបណ្ឌិត សៅ ចាន់ថុល សម្តេចព្រះឧត្តមបញ្ញា ដូង ផង់ សម្តេចព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា សម្តេចព្រះឧត្តមមុនី ជា សំអាង សម្តេចព្រះសាក្យមុនីកិត្តិបណ្ឌិត រ័ត្ន សារឿន សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់អ្នកឧកញ៉្ញា ឯកឧត្តម លោកជំទាវ សិស្សានុសិស្ស ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តច័ន្ទបុរីវង្សផងដែរ។នៅក្នុងអង្គពិធី នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា វិស័យសាសនាក៏ដូចជាវិស័យផ្សេងៗទៀត រួមទាំងអាយុជីវិតប្រជាជនកម្ពុជា ស្លូតត្រង់រាប់លាននាក់ ត្រូវបានរបបប្រល័យពូជសាសន៍ កាប់សម្លាប់ ហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិ ត្រូវបានលុបបំបាត់ចោល។ ក្នុងកាលៈទេសៈប្រទេសកម្ពុជាប្រឈមមុខជាមួយនឹងគ្រោះមហន្តរាយ ដែលបង្កឡើងដោយរបបប្រល័យពូជសាសន៍ដឹកនាំដោយបនប៉ុល ពត។ នៅថ្ងៃទី២០ មិថុនា ១៩៧៧ សម្តេចតេជោ បានសម្រេចចិត្តចាកចេញពីមាតុភូមិ ស្វែងរកមាគ៌ាសង្គ្រោះជាតិ ដោយបានការគាំទ្រពីប្រទេសជាមិត្ត គឺបានបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី១២ ឧសភា ១៩៧៨ ដែលជាកម្លាំងស្នូលនៃការបង្កើត រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ធ្នូ នាឆ្នាំដដែល។ បន្ទាប់ពីមហាជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី៧ មករា ១៩៧៩ សម្តេចតេជោ រួមជាមួយឥស្សរយជនស្នេហាជាតិដទៃផ្សេងទៀត បានដឹកនាំ ស្តារ និងកសាងឡើងវិញ នូវរាល់ហេដ្ឋារចនាសម្ព័ន្ធសង្គម ក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ។ ចាប់ពីពេលដែលប្រទេសជាតិទទួលបាននូវសន្តិភាព ពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ នាថ្ងៃទី២៩ ធ្នូ ១៩៩៨មក សម្តេចតេជោ បានបន្តដឹកនាំប្រទេសជាតិឱ្យមានការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែត្រូវបានលើកកម្ពស់ ហើយកិត្យានុភាពព្រះរាជាណាចក្រកម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានលើកតម្កើងផងដែរ។នាយឧត្តមសេនីយ៍ សៅ សុខា បានបន្តថា ពេលនេះសម្តេចទាំងទ្វេ បានបរិច្ចាគធនធានផ្ទាល់របស់សម្តេច សាងសង់ព្រះមហាចេតិយ ដែលមានទំហំខឿន(២៧ម៉ែត្រ X ៣៥,១ម៉ែត្រ) តួចេតិយទំហំ(អ័ក្ស) ១១ម៉ែត្រ X ១១ម៉ែត្រ និងកម្ពស់ ៣៧,១ម៉ែត្រ នេះឡើង ដើម្បីថ្វាយប្រគេនសម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក ដែលនេះជាការបង្ហាញនូវការយកចិត្តទុកដាក់ គោរពនិងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យរិតតែឧត្តុង្គឧត្តមបន្ថែមទៀត។ ពិធីដ៏មហោឡារិកនេះ តាងនាមសម្តេចព្រះសង្ឈ ព្រះថេរានុត្ថេរៈ ព្រមទាំងបងប្អូនជនរួមជាតិដែលកំពុងព្រះវត្តមាន វត្តមាន និងនាយឧត្តមសេនីយ៍ សៅ សុខា ផ្ទាល់សូមគោរពជូនពរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលកំពុងសម្រាកព្យាបាល ក្រោយពីគ្រូពេទ្យធ្វើការវះកាត់ប្រកបដោយជោគជ័យ សូមសម្តេច ឆាប់ជាសះស្បើយ សុខភាពល្អវិលត្រឡប់ទៅដូចដើមវិញ ដោយបុណ្យកុសល ទានដែលសម្តេច តែងបរិច្ចាគ សូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក មេត្តាតាមជួយថែរក្សាសុខភាព សម្តេចទាំងទ្វេ ជន្មាយុវែង ជាម្លប់សម្រាប់ជនរួមជាតិ កូនចៅ ព្រមទាំងដើម្បីព្រះពុទ្ធសាសនាកាន់តែរីកចម្រើន តយូរអង្វែងរៀងទៅ។ អត្ថបទ៖ទូច សោភ័ណ ​

ព្រែកតាពៅក្រុងបាវិតខេត្តស្វាយរៀងប្រវែង៤គីឡូម៉ែត្រ​​​ត្រូវបានជីកស្តាកែលម្អសម្រេចបានជាង៧០%

2025/03/28 03:41:31 pm        194
ស្វាយរៀង ៖ ប្រព័ន្ធធារាសាស្ត្រធម្មជាតិ ( ព្រែកតាពៅ)ស្តិតនៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងប្រវែង៤គីឡូម៉ែត្រលាតសន្ធឹង នៅក្នុងភូមិសាស្ត្រភូមិច្រកលាវ ត្រូវបានក្រុមការងារ ជីកស្ដារ កែលម្អ ដើម្បីរក្សាទឹក និងនាំសំណល់រាវចេញពីទីក្រុងបាវិត បច្ចុប្បន្នសម្រេចបានជាង៧០% ។លោកឈុន លី អ្នកទទួលខុសត្រូវ មើលការងារជីក ស្ដារ កែលម្អប្រព័ន្ធធារាសាស្ត្រ(ព្រែកតាពៅ)បានបញ្ជាក់ប្រាប់ទូរទស្សន៍ BTVអោយដឹងនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ១០២៥នេះថា ដំណើរការជីកព្រែក (តាពៅ)ដែលជាគម្រោងរបស់ រដ្ឋ កែលម្អរាល់ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័របស់ក្រុង គិតមកដល់បច្ចុប្បន្ននេះក្រុមការងារសម្រេចជីកស្ដារ កែលម្អបាតព្រែក បានជាង៧០% នៃការជីកស្តា ធ្វើជើងទេ និងត្រៀមឈូសឆាយស្ថាបនាផ្លូវអមសងខាងព្រែកតែប៉ុណ្ណុះ ។ លោកលឹម សៀងហេង អភិបាលក្រុងបាវិត ខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៍ btv តាមរយៈសារតេឡេក្រាមឱ្យដឹងថា បាវិតគឺជាក្រុងដែលរាជរដ្ឋាភិបាលបង្កើតឡើងថ្មី មាន សង្កាត់ចំនួន៥ចំណុះឲ្យក្រុង រាល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត័ ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធរំដោះសំណល់រាវ នៅមិនទាន់មានគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់់ ខណៈដែលក្រុងបាវិតត្រូវបានក្រុមអ្នកវិនិយោគទុនចូលមកបង្កើតរោងចក្រ សហគ្រាស រួមនិងកម្មកររាប់ម៉ឺន សែននាក់ ចូលមកបំរើការងារផលិត បង្កអោយ មានកាកសំណល់រាវ សំណល់រឺងមានការកើនឡើង   រាល់បញ្ហាខាងលើនេះរដ្ឋបាលក្រោមការចាត់ចែងបន្ថែមរបស់គណៈអភិបាលខេត្ត ក្រុងបានទទួលគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគមនាគមន៍ ប្រព័ន្ធរំដោះសំណល់រាវជាបន្តបន្ទាប់ ជាក់ស្ដែងនៅពេលថ្មីៗនេះក្រុងត្រូវបានគណៈអភិបាលខេត្តផ្ដល់អតិភាពជីកស្ដារកែលម្អ(ព្រែកតាពៅ)មួយខ្សែសម្រាប់រំដោះសំណល់រាវពិសេសសម្រាប់ស្តុបទឹកផ្ដល់ឲ្យកសិករធ្វើការងារបង្កបង្កើតផលនៅជុំវិញតំបន់ព្រែកនេះផងដែរ។

កម្ពុជាទទួលការចុះបញ្ជីតាមថ្នាលជាតិបានជាង ៤៥ពាន់ក្រុមហ៊ុនដោយ​កំពុង​បន្ត​មាន​វឌ្ឍនភាព​ល្អ

2025/03/28 03:08:34 pm        224
គិត​មកដល់ពេលនេះ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ និងការ​បើក​សហ​គ្រាស តាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម នៃថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល បាន​ចំនួន​ប្រមាណ​ជាង ៤៥ ពាន់ក្រុមហ៊ុន និងបានកំពុងបន្តមាននិន្នាការកើនឡើងជា បន្តបន្ទាប់។ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ស្តីពីការចុះ បញ្ជីតាមប្រព័ន្ធចុះបញ្ជីអាជីវកម្ម ថ្នាល​បច្ចេក​វិទ្យា​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល នៅក្នុងកម្មវិធីបើកដំណើរការកម្មវិធីពន្លឿនអាជីវកម្ម ថ្នាលឌីជីថលរដូវកាលទី៤ ម្សិល​មិញ​នេះ​ថា ថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានកសាងឡើង ដើម្បីជួយ​សម្រួល​ដល់​ការ​ចុះ​បញ្ជី អាជីវកម្ម ក៏ដូចជាការស្នើរសុំអាជ្ញាបណ្ណ វិញ្ញាបនបត្រ និងសេវាសាធារណៈផ្សេងៗ ដែល​ពាក់ព័ន្ធ និងការធ្វើធុរកិច្ច ដែលបាននិងកំពុង អនុវត្តន៍ដោយក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត បន្តឱ្យដឹងថា ចំពោះការចុះបញ្ជី គិតមកដល់ពេលនេះ ថ្នាល​ផ្លាស់​ប្តូរ​ទិន្នន័យ​កម្ពុជា មានសមាជិកទាំងដៃគូរ របស់រាជរដ្ឋាភិបាល និងវិស័យឯកជន មានចំនួន ៦៥ ដែល​បាន​ចូល​រួម​ជាសមាជិក និងបានកំពុងបន្តផ្លាស់ប្តូរទិន្នន័យជាមួយគ្នា បើគិតជាមធ្យម មានចំនួន​ប្រមាណ​ជា ២លានប្រតិបត្តិការ។ ចំណែកទូរលេខនៃការចុះបញ្ជី ដែលទទួលបាន​ពី​ក្រសួង​ពាណិជ្ជ​កម្ម អគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាក្រសួងការងារ បណ្តុះ​បណ្តាល និងវិជ្ជាជីវៈជាដើម ជាមធ្យមនៅក្នុង មួយខែៗ ទទួលបានក្រុមហ៊ុនដែលស្នើរចុះបញ្ជីថ្មី មាន​ចំនួន​ប្រមាណជាង ៨០០ ក្រុមហ៊ុន មកដល់ពេលនេះ ការចុះបញ្ជីតាមថ្នាល CamDX បាន​ចំនួន​ជាង ៤៥ពាន់ក្រុមហ៊ុនហើយ។ឯកឧត្តមបណ្ឌិត តាំង ងួនលី បន្ថែមថា ជុំវិញថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX នេះ, មជ្ឈ​មណ្ឌល​បណ្តុះធុរកិច្ចថ្មី "តេជោ" នៅមានការងារជាច្រើនទៀតដែលត្រូវអនុវត្តន៍ ជាក់ស្តែង​នា​ពេល​កន្លង​មកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិ ស្តីពី ការអភិវឌ្ឍន៍​សេវា​អេឡិច​ត្រូនិច​ សម្រាប់ធុរិកិច្ចឆ្នាំ ២០២៥-២០២៨ ដែល​យុទ្ធ​សាស្រ្ត​នេះ​បាន​ផ្តោត​លើ​ការ​ជំរុញ​បណ្តា​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ រៀបចំសេវាសាធារណៈរបស់ខ្លួន ជុំវិញការធ្វើ​ធុរកិច្ច​ពី​ក្រៅ​បណ្តាញ ​មកក្នុងបណ្តាញ ដោយប្រើ CamDX ជាមធ្យោបាយ។ ដូច្នេះចាប់បីឆ្នាំនេះទៅ រហូត​ដល់​ឆ្នាំ២០២៨ ជាគោលការណ៍ គឺចង់ឱ្យសេវាសាធារណៈសម្រាប់ធុរកិច្ចបានដល់ ៨០% នៃ​សេវា​ដែលមានការស្នើសុំញឹកញាប់ និងមានហានីភ័យទាប គឺផ្តល់លទ្ធភាពអាចស្នើសុំតាមចិត្ត ទាំង​ប្រព័ន្ធ​អនឡាញនិងប្រព័ន្ធអេឡិចត្រូនិច មានន័យថា ការចុះ​បញ្ជី​តាម​ប្រព័ន្ធ​ចុះ​បញ្ជី​អាជីវ​កម្ម​ថ្នាល​បច្ចេក​វិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល កំពុងមានវឌ្ឍនភាពល្អ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឌិត ទីណា ចុះពិនិត្យការប្រមូលផលស្រូវរបស់កសិករ ក្នុងសង្កាត់កោះពងសត្វ ,សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ

2025/03/28 01:25:24 pm        135
បន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈប្រតិភូមួយចំនួន​បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សង្កាត់កោះពងសត្វ សង្កាត់ភ្នៀត ព្រមទាំងបានចុះពិនិត្យការប្រមូលផលស្រូវរបស់កសិករ ក្នុងសង្កាត់កោះពងសត្វ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ។នាឱកាសនោះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការ ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាកសិករ និងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងមានគុណភាពខ្ពស់ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំអំពីគំនិតផ្តួចផ្តើមទំនើបកម្មកសិកម្មថ្មី ដែលផ្តោតលើទស្សនវិស័យ "គិតទុកជាមុន និងមានទីផ្សារមុនដាំ" ដោយលើកទឹកចិត្តឱ្យមានការបង្កើត​សហគមន៍​កសិកម្ម​ទំនើបផងដែរ។ឯកឧត្តម​ បានបន្តថា គំរូនេះនឹងជួយឱ្យកសិករអាច ​ផលិតរួមគ្នា និងលក់រួមគ្នា ដើម្បីបង្កើនអំណាចទីផ្សារ ​កាត់បន្ថយថ្លៃដើមលើធាតុចូល​កសិកម្ម​បង្កើន​ប្រាក់ចំណេញ​តាម​រយៈការ​គ្រប់គ្រង​ប្រកប​ដោយប្រសិទ្ធភាព។ឯកឧត្តមរដ្ឋមន្ត្រី​​​បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបនឹងដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និង​ប្រជាធិបតេយ្យ ​ដើម្បីធានាបាននូវការចូលរួមពេញលេញពីកសិករ។​ក្រសួងនឹងដើរតួជា​អាណាព្យាបាល​ ផ្តល់ការគាំទ្រ និងការសម្របសម្រួល ដោយធានាឱ្យមានតម្លាភាពក្នុង​គ្រប់ដំណើរការ។ជាចុងក្រោយ ​ឯកឧត្តមរដ្ឋមន្ត្រី​បានជំរុញឱ្យមន្ត្រីកសិកម្មឃុំពង្រឹងទំនាក់ទំនង​ជាមួយប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន​ ដើម្បីធានាថាព័ត៌មាននិងសេវាកម្មអាច​ទៅដល់អ្នកដែលត្រូវការវាបំផុត។គោលដៅរួមនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីលើកកម្ពស់​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ និងធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកប​ដោយចីរភាព​នៅក្នុងតំបន់៕អត្ថ៖ ឃិនសារិទ្ធ

នាវាទេសចរណ៍ឈ្មោះ INSIGNIA សញ្ជាតិ MARSHALL ISLAND ដឹកភ្ញៀវទេសចរ និងនាវិកជិត ១ពាន់នាក់ ចូលទស្សនាកម្ពុជា ខេត្តព្រះសីហនុ

2025/03/28 01:09:20 pm        171
ព្រះសីហនុ៖ នាវេលាម៉ោង ១0:៣០ នាទី ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ នាវាទេសចរណ៍ ឈ្មោះ INSIGNIA សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២៨០,៤៥ ម៉ែត្រ ប្រវែងទទឹង ២៥,៤៦ ម៉ែត្រ ជម្រៅ ៦ ម៉ែត្រ បានចូលចតនៅ កសស ដោយសុវត្ថិភាព ក្នុងគោលបំណងមកទស្សនា ប្រទេសកម្ពុជា រយៈពេល ១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសថៃ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៤០២ នាក់ (ស្រី ៨៤ នាក់) មាន ៤២ សញ្ជាតិ និងមានភ្ញៀវទេសចរណ៍សរុបចំនួន ៥២៨ នាក់ (ស្រី ២៧៣ នាក់) មាន ២៤ សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (៣៥៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញទៅប្រទេសវៀតណាម នៅវេលាម៉ោង ២១:០០ នាទី នៅថ្ងៃដដែល៕

យុវជន៖ ពិព័រណ៍ការងារ និងជំនាញសិក្សា ផ្តល់ភាពងាយស្រួលដល់ដើម្បីស្វែងរក​ឱកាសការងារស្របតាមតម្រូវការទីផ្សារ

2025/03/28 01:01:40 pm        200
នៅក្នុងពិព័រណ៍ការងារ និងជំនាញសិក្សា ក្រោមប្រធាន និន្នាការទីផ្សារការងារ យុវជន សិស្ស និស្សិតជាច្រើន បានមកស្វែងយល់អំពីព័ត៌មានមួយចំនួនទាក់ទងនឹងឱកាសការងារគ្រប់ប្រភេទជាច្រើនកន្លែង។ ក្នុងនោះ យុវនារី បានលើកឡើងថា ពិព័រណ៍ការងារនេះ នឹងកាន់តែផ្ដល់ភាពងាយស្រួលដល់ពួកគាត់ ក្នុងការស្វែងរកឱកាសការងារស្របតាមតម្រូវការទីផ្សារ។កញ្ញា ស្រេន ចាន់ណេត និស្សិតឆ្នាំទី៣ សិក្សាជំនាញគណនេយ្យ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ការរៀបចំពិព័រណ៌ការងារនានាកន្លងមករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមរបស់វិស័យឯកជន ហើយជាក់ស្តែងតាមរយៈពិព័រណ៍ការងារ និងជំនាញសិក្សានាពេលនេះ បានផ្ដល់ភាពងាយស្រួលដល់យុវជន និសិ្សត ដែលមានបំណងចង់ស្វែងរកការងារ និងមានលក្ខខណៈទូលំទូលាយដល់សិស្ស-និស្សិតដែលទើបបញ្ចប់ការសិក្សា ឬកំពុងសិក្សាឆ្នាំទី១ ទី២ ឬទើបតែចូលរៀនក្តី គឺពិតជាងាយស្រួលក្នុងការជ្រើសរើសជំនាញដែលចង់ធ្វើ។កញ្ញា ចាន់ណេត បានបង្ហាញអារម្មណ៍សប្បាយចិត្ត ដែលបានមកចូលរួមពិព័រណ៍នេះ ដែលផ្ដល់ឱកាសឱ្យសិស្ស-និស្សិតដាក់ពាក្យស្វែងរកការងារជាច្រើនកន្លែងស្របតាមជំនាញ និងការពេញចិត្ត។ កញ្ញា ក៏បានអំពាវនាវដល់យុវជនដទៃផ្សេងទៀតប្រសិនបើមានបំណងចង់មានបទពិសោធន៍ការងារពាក់ព័ន្ធទៅនឹងជំនាញដែលខ្លួនពេញចិត្ត អាចមកចូលរួមពិព័រណ៍ការងារនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បាន និងដោយឥតគិតថ្លៃ ព្រោះមានឱកាសការងារជាច្រើនកំពុងរងចាំ។ទាក់ទិនការរៀបចំពិព័រណ៌ការងារ និងជំនាញសិក្សា នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា បានមានប្រសាសន៍ឲ្យដឹងថា មែនទែនទៅសាកលវិទ្យាល័យតែងតែសហការជាមួយនឹងដៃគូ ជាពិសេស ជាគោលនយោបាយ ជាចក្ខុវិស័យ សាកលវិទ្យាល័យ គឺត្រូវការឲ្យនិស្សិតរៀនចប់ មានការងារធ្វើ ហើយអ្នកកំពុងរៀនក៏អាចស្វែងរកការងារបានដែរ បានជាសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា សហការជាមួយសមាគមធានារ៉ាប់រងកម្ពុជា និងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៌ការងារនេះឡើង ក្នុងគោលបំណងដើម្បីនិស្សិតកំពុងរៀន មានឱកាសដើម្បីសិក្សាអំពីចំណូលនៃបច្ចុប្បន្នភាព និងអនាគត ថាតើគាត់ត្រូវសិក្សាអំពីអ្វីខ្លះដើម្បីអាចចាប់យកឱកាសការងារថ្មីៗនៅក្នុងនវានុវត្តនៃសម័យនេះ។ចំពោះសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ដែលមានបំណងចង់ស្វែងយល់អំពីឱកាសការងារ ក៏ដូចជាអាជីពការងារ គឺអាចអញ្ជើញចូលរួមទស្សនាពិព័រណ៍ការងារ និងជំនាញសិក្សា ក្រោមប្រធាន និន្នាការទីផ្សារការងារ ដោយសេរី ឬសម្រាប់អ្នកដែលចង់ផ្លាស់ប្តូរការងារ ក៏អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ភ្លាមៗជាមួយអ្នកតំណាងក្រុមហ៊ុនធំៗជាច្រើន នៅក្នុងបរិវេណសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB) ៕អត្ថបទ៖ ឈិត បូរ៉ាវី 

រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤

2025/03/28 11:45:34 am        86
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិ​ទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញ​ដល់​មន្រ្តី​ពាក់ព័ន្ធ​បន្ត​មប្រើការងារ​បន្ត​ទៀត​​ឲ្យ​ល្អ​ប្រ​សើរ មានការអភិវឌ្ឍនៅក្នុងមូលដ្ឋាន។កិច្ចប្រជុំសាមញ្ញលើកទី១០ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ នេះធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ហែម អាន ប្រធាន​ក្រុម​ប្រឹក្សា​ខណ្ឌ​ដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួម ពី លោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, លោក​ប្រធាន​ការិយាល័យ​ទាំង​១១, លោក-លោកស្រី ចៅសង្កាត់ទាំង១១, លោក-លោកស្រីប្រធានទីរួមផ្សារទាំង៣, និងលោក​តំណាងក្រុមហ៊ុនមីហ្សុដាប្រចាំខណ្ឌ។លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ច​ប្រជុំ​នេះ​មាន​របៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ , ពិនិត្យ និង​អនុម័ត​សេចក្តី​ព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែមិនាឆ្នាំ២០២៥ ដែលទទួល​បាន​មក​ពី​ការផ្តល់សេវារដ្ឋបាលសម្រាប់ ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋបាលខណ្ឌដូនពេញ។ ក្នុង​នោះ​ដែរ​លោក ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានកោត​សរសើរ​ដល់​រដ្ឋបាល​ខណ្ឌ​ដែល​បម្រើ​ការងារ​ដល់​ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេសរៀប​ចំ​បុណ្យ​ប្រពៃណី​ជាតិ​ចូល​ឆ្នាំខ្មែរខាងមុខផងដែរ។លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថា ដោយ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​មាន​ផ្លូវថ្មើរជើងថ្មី (Walk street)ផងនោះ ដូច្នេះចូលឆ្នាំខ្មែរបនរពៃណីជាតិ រដ្ឋបាល​រាជ​ធានី​ភ្នំពេញ​នឹងរៀបចំសង្រា្កន្តវត្តភ្នំព្រមទាំងភ្ជាប់ជាមួយផ្លូវថ្មើរជើងថ្មី (Walk-Street) រយៈ​ពេល​៥​ថ្ងៃ​ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនបង​ប្អូន​ចូល​រួម​លេង​កម្សាន្ត​ទាំង​អស់​គ្នា​។បន្ថែមទៀតនោះលោកអភិបាលខណ្ឌសូមអរគុណដល់សង្កាត់ទាំង១១ សហការគ្នាបានល្អ ក្នុង​ការ​ការ​ពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាបរិស្ថានអនាម័យបានល្អ ក្នុងមូលដ្ឋាន​ខណ្ឌ​ដូន​ពេញ​ប្រមូលផ្ដុំដោយទីរមណីយដ្ឋានទេសចរណ៍ ហើយនាពេលដ៏ខ្លីខាង​មុខ​នេះ​មូល​ដ្ឋាន​ខណ្ឌ​ដូន​ពេញ មានការរៀបចំសង្ក្រាន្តវត្តភ្នំបន្ថែម។ សូមបញ្ជាក់ថា ផ្លូវថ្មើរជើងថ្មី (Walk street) ផ្លូវ​នេះ​នឹង​ក្លាយជា តីរវិថីទេសចរណ៍សំខាន់មួយក្នុងរាជធានីភ្នំពេញ សម្រាប់ទទួលភ្ញៀវជាតិ និង​អន្តរជាតិ រហូតដល់ពេលមានបងប្អូនប្រជាពលរដ្ឋ មកលេងកម្សាន្តច្រើនទៅៗ ដូចការរំពឹងទុក។ក្នុងនោះដែរ លោក ជា ខេមា អភិបាលខណ្ឌដូនពេញ បានបន្តលើកឡើងទៀតថា ក្រៅ​កិច្ច​ការ​ការ​ពារ​រក្សា​រសន្តិសុខ លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី ដោយបម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ ឲ្យបានលឿនរហ៍សនិងតម្លាភាព និងថ្លែងអំណរអរគុណ ដល់ប្រធានក្រុមប្រឹក្សារ និង​សមាជិក រួមទាំងមន្រ្តីជំនាញទាំងអស់ក្នុងរដ្ឋបាលខណ្ឌ ដែលបានបម្រើការងារ និងជាប្រយោជន៍ ដល់​សង្គម និងប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ 

កម្ពុជា-អូស្ត្រាលី ប្ដេជ្ញាបន្តរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ និងបទឧក្រិដ្ឋផ្សេងៗ

2025/03/28 11:37:27 am        166
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលអូស្ត្រាលី តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានបង្ហាញនូវការប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំង នឹងបទល្មើសអញឡាញ និងបទឧក្រិដ្ឋនានា ដែលធ្វើឲ្យប៉ះពាល់ដល់សុខសុវត្ថិភាពការរស់នៅរបស់ប្រជាពលរដ្ឋ និងសន្តិសុខជាតិ ។ក្នុងជំនួបពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត និងឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់អំពីដំណើរការ នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃកម្ពុជា និងនគរបាលសហព័ន្ធអូស្ត្រាលី លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបញ្ហាបទល្មើសបច្ចេកវិទ្យា អំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត-Online Scamming អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស និងគ្រឿងញៀន ការងារគ្រប់គ្រងព្រំដែន ការងារអត្តសញ្ញាណកម្ម និងបទល្មើសផ្សេងទៀតដែលភាគីកម្ពុជា និងអូស្ត្រាលីបានបន្តអនុវត្ត និងពង្រឹងកិច្ចសហ ប្រតិបត្តិការបានល្អប្រសើរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានចាត់ទុកជំនួបនេះ ក៏ជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការជំរុញការបន្តបង្កើនកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលអូស្ត្រាលី និងក្រសួងមហាផ្ទៃកម្ពុជា នាពេលបច្ចុប្បន្ន និងនាពេលអនាគត ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបេសកកម្មកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ ពិសេសមានជំនឿចិត្តខ្ពស់ថា ភាគីអូស្ត្រាលី នឹងបន្តផ្តល់ជំនួយនានា រួមមានជំនួយបច្ចេកទេស សម្ភារៈ និងការបណ្តុះបណ្តាល ផ្សេងៗដល់មន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។ឯកអគ្គរាជទូតអូស្ត្រាលី បានថ្លែងអំណរគុណ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដែលអនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងសម្តែងនូវការឯកភាពចំពោះការវាយតម្លៃរបស់ លើទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី ហើយបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលអូស្ត្រាលី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃកម្ពុជាផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកចរចាជាន់ខ្ពស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ រហូតដល់សិទ្ធិពលរដ្ឋអ៊ីរ៉ង់ត្រូវបានធានា
06/01/2026 07:06 PM
ក្រុមហ៊ុនអាកាសចរណ៍ហូឡង់ KLM លុបចោលជើងហោះហើរទៅកាន់ប្រទេសអ៊ូហ្គង់ដា ដោយសារជំងឺអេបូឡា
06/01/2026 07:06 PM
ចិនបញ្ជូនក្រុមគ្រូពេទ្យជំនាញទៅជួយទប់ស្កាត់ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោ
06/01/2026 07:06 PM
នាយករដ្ឋមន្រ្តីអ៊ីស្រាអែល បញ្ជាឲ្យវាយប្រហារកាន់តែជ្រៅទៅក្នុងប្រទេសលីបង់
06/01/2026 07:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលសម្លាប់មនុស្ស ២នាក់នៅហាងកាហ្វេតំបន់ហ្កាហ្កា
06/01/2026 07:06 PM
អ៊ីរ៉ង់ បញ្ជាក់​ថា ខ្លួននឹងមិនស្ទាក់ស្ទើរជួយលីបង់ទប់ទល់​ការឈ្លានពានខុសច្បាប់របស់អ៊ីស្រាអែលឡើយ
06/01/2026 07:06 PM
នាយករដ្ឋមន្ត្រីជប៉ុន ប្រាប់ថា ជប៉ុនចង់ឃើញ​​អ៊ីរ៉ង់បង្ហាញភាពបត់បែន សម្រាប់កិច្ចព្រមព្រៀងជាមួយ​អាមេរិក
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ ការស្ទាក់ចាប់នាវាដឹកប្រេងដោយ​បារាំង នៅមហាសមុទ្រអាត្លង់ទិក គឺ «ខុសច្បាប់»
06/01/2026 07:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់ពិតជាចង់ធ្វើកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក
06/01/2026 07:06 PM
បារាំង និងឥណ្ឌូនេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ និងថាមពល
06/01/2026 07:06 PM