ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ជប៉ុនជួយពង្រឹងផ្នែកបច្ចេកទេស និងអភិវឌ្ឍសមត្ថភាពការងាររៀបចំដែនដីដល់មន្ត្រីកម្ពុជា

2025/03/28 10:30:12 am        153
ភ្នំពេញ៖ មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានជួយគាំទ្រពង្រឹងបច្ចេកទេស និងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដល់មន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ដោយគម្រោងនេះ បានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការ ២សំខាន់ ក្នុងនោះមានការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះនូវគំនិតឲ្យប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់អត្តសញ្ញាណជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា ។ ក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាព លើការងាររៀបចំដែនដី និងនគរូបនីយកម្ម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា នគរូបនីយកម្មជាកិច្ចការដ៏សំខាន់ ជានិមិត្តរូបនៃការរស់រានមានជីវិត និងការលូតលាស់របស់កម្ពុជា ជាការរៀបចំដែនដី និងសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ ហើយនេះ គឺជាពេលវេលាដ៏ល្អមួយសម្រាប់តម្រង់ទិសរបស់ក្រសួង លើការកំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លង ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា មួយវិញទៀត គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាព លើការងាររៀបចំដែនដី និងនគរូបនីយកម្ម មានសារៈសំខាន់ និងសមស្របតាមពេលវេលា ហើយឆ្លើយតបទៅនឹងអ្វី ដែលជាចំណុចសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះគម្រោងនេះ ជាឱកាសសាកល្បងយក ក្រុងកំពត ប៉ោយប៉ែត និងក្រុងបាវិត មកគិតគូរក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលការងារនេះ ជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាន, នាយកដ្ឋាននិងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ឯកឧត្តម បន្ថែមថា ចំពោះការរៀបចំទីក្រុងក៏ត្រូវការធនធានមនុស្ស ដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នា និងមានការឯកភាពគ្នានោះ ទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អ និងអភិវឌ្ឍន៍តាមសក្តានុពល នៃតំបន់និមួយៗដើម្បីរក្សានិរន្តរភាព របស់ទីក្រុងនិងទាញយកផលប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច ។ ជាមួយនេះ ឯកឧត្តម សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួងត្រូវសម្លឹងឱ្យបានវែងឆ្ងាយការងារនគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេ ប៉ុន្តែជាការធ្វើយ៉ាងណា គិតគូរបង្កើតគំនិតកែច្នៃ ទាញយកប្រយោជន៍ ដើម្បីធ្វើឲ្យទីក្រុងអាចរស់រានមានជីវិតបាន មានន័យថា ធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានប្រាក់ចំណូល សេដ្ឋកិច្ចទីក្រុងមានភាពរឹងមាំ និងលូតលាស់ផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ

រដ្ឋមន្រ្តីការងារ៖ កម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ជាប្រភពព័ត៌មានដ៏ទុកចិត្ត​សម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ

2025/03/28 10:24:56 am        132
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តគាំទ្រចំពោះកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា នៃអង្គការអន្តរជាតិខាងការងារ (ILO-BFC) ដោយសាររបាយការណ៍ និងការវាយតម្លៃចេញពីកម្មវិធីនេះគឺជាប្រភពព័ត៌មានដ៏ទុកចិត្តសម្រាប់ម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងធ្វើឱ្យមានការអភិវឌ្ឍកាន់តែប្រសើរសម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប នៅក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារ ជាមួយគណៈប្រតិភូកម្មវិធីការងារកាន់តែប្រសើរជាសកល (Better Work Global) នៃអង្គការអន្តរជាតិខាងការងារ ម្ចាស់ជំនួយ និងតំណាងស្ថានទូត ដែលដឹកនាំដោយលោកស្រី Sara Park ប្រធានផ្នែកភាពជាដៃគូ ការតស៊ូមតិ និងទំនាក់ទំនង នៃកម្មវិធីការងារកាន់តែប្រសើរជាសកល (Better Work Global) របស់អង្គការអន្តរជាតិខាងការងារ កាលពីរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ការអនុវត្តការងារនៃកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) មិនត្រឹមតែជំរុញស្តង់ដាការងារនៅកម្ពុជា អនុលោមតាមស្តង់ដារបស់អង្គការអន្តរជាតិខាងការងារប៉ុណ្ណោះទេ តែក៏ទទួលបានការទទួលស្គាល់ និងការទុកចិត្តពីភាគីនិយោជក ភាគីនិយោជិត និងជាគំរូដ៏សំខាន់មួយសម្រាប់អធិការកិច្ចការងាររបស់កម្ពុជា ផងដែរ។ ជាការឆ្លើយតប គណៈប្រតិភូកម្មវិធីការងារកាន់តែប្រសើរជាសក នៃអង្គការអន្តរជាតិខាងការងារ ម្ចាស់ជំនួយ និងតំណាងស្ថានទូត បានបង្ហាញនូវក្តីរីករាយក្នុងកិច្ចសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធនានា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា ទទួលបានប្រសិទ្ធភាពខ្ពស់។ សូមជំរាបជូនថា ជំនួបការងារនេះ មានគោលបំណងបង្ហាញពីវឌ្ឍនភាព និងការអនុវត្តកម្មវិធីរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រុមការងារនៃគម្រោងកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)៕

អបអរសាទរ! បេក្ខជន ៤៩នាក់ ទទួលបានលទ្ធផលល្អភ្លាមៗនៅក្នុងវេទិកាការងារ

2025/03/28 10:20:47 am        88
ភ្នំពេញ៖ វេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែល​សហការ​រៀប​ចំ​ដោយ ស.ស.យ.ក វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ចប់​ទៅ​ដោយ​រលូន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥កន្លងទៅ ដោយមានយុវជន សិស្ស/និស្សិត អ្នក​ស្វែង​រក​ការងារធ្វើចំនួន ៩១ នាក់បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល បេក្ខជន​ចំនួន ២នាក់ បានសម្ភាសជាប់ជាស្ថាពរ និង ៤៧នាក់ ផ្សេងទៀត បានសម្ភាស​ជាប់​បឋម ហើយនឹងត្រូវទៅសម្ភាសបន្តជាមួយក្រុមហ៊ុននាពេលឆាប់ៗខាងមុខនេះ។ដើម្បី​ទទួលព័ត៌មានបន្ថែមអំពីការចូលរួមក្នុងវេទិកាការងារនាពេលក្រោយទៀត សូមតាម​ដាន​ទំព័រ​ Facebook និង ឆាណែល Telegram របស់ NEA ឬទាក់ទង​មក​មជ្ឈ​មណ្ឌល​ការងារ​រាជ​ធានី​ភ្នំពេញ​របស់ NEA តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕

រោងចក្រកែច្នៃដំណាប់ស្វាយខេត្តព្រះសីហនុប្រកាសត្រូវការកម្លាំងពលកម្ម​បន្ថែមប្រមាណ ៣០០នាក់

2025/03/28 09:38:34 am        186
ភ្នំពេញ៖ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អម​ដំណើរ​ដោយ លោកជំទាវ ហ៊ូ សុពណ៌ អនុរដ្ឋលេខាធិការ មន្ត្រីជំនាញ​នៃនាយកដ្ឋាន​គ្រប់​គ្រងធន​ធាន​ដី​កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម លោកអនុប្រធានមន្ទីរកសិកម្មខេត្ត និងលោក​អភិបាល​រង​ស្រុកកំពង់សីលា បានអញ្ជើញចុះពិនិត្យដំណើរការរោងចក្រកែច្នៃដំណាប់ស្វាយ Sengda Cambodia Exchange នៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ នៅក្នុងដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ រោងចក្រនេះបានរៀបរាប់ឲ្យដឹងថាបច្ចុប្បន្នរោងចក្របានផ្តល់ការងារដល់ពលរដ្ឋខ្មែរចំនួន៤០០នាក់ ដែលទទួលបានប្រាក់ខែចន្លោះពី២៨០ដុល្លារ ដល់ជិត ៤០០ដុល្លារ។ រោងចក្រមានសមត្ថភាព ទទួលកែច្នៃស្វាយកែវរមៀតចំនួន ១០០តោន ក្នុងមួយថ្ងៃ។ ជាមួយនឹងទីផ្សារល្អនៅប្រទេសចិន រោងចក្រត្រូវការកម្មករបន្ថែមចំនួន ប្រមាណ២០០-៣០០នាក់ និងកំពុងលើកទឹកចិត្តឱ្យកម្មករនៅទីនេះជួយប្រមែប្រមូលបងប្អូន និងសាច់ញាតិដែលមិនទាន់មានការងារធ្វើនៅតាមបណ្តាខេត្តផ្សេង មកធ្វើការ នៅទីនេះ ដោយមានផ្តល់ជាកន្លែងស្នាក់នៅ និងអាហារផងដែរ។ បងប្អូនកម្មករបានបង្ហាញពីក្តីរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលដែលបង្កលក្ខណ:ឱ្យក្រុមហ៊ុនមកបោះទុន វិនិយោគ ផ្តល់ការងារធ្វើ និងប្រាក់ខែសមរម្យសម្រាប់ចិញ្ចឹមជីវភាព និង រស់នៅជួបជុំក្រុមគ្រួសារ ។ ឯកឧត្តមរដ្ឋលេខាធិការបានលើកទឹកចិត្តឱ្យម្ចាស់រោងចក្រពង្រីកខ្សែច្រវាក់ផលិតកម្ម និងជួយទាក់ទាញវិនិយោគិនមកសាងសង់រោងចក្រកែច្នៃស្វាយ កាន់តែច្រើនថែមទៀត ដើម្បីជួយស្រូបយកស្វាយកែវរមៀតដែលបងប្អូនកសិករដាំបាន មកកែច្នៃនាំចេញ ដែលនឹងជួយបង្កើតការងារផង ផ្តល់ទីផ្សារសម្រាប់កសិករដាំស្វាយផង និងគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយ:ការនាំចេញផង៕

ជីវប្រវត្តិសង្ខេប ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាពនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង០២ និង២៧នាទី ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ

2025/03/28 04:32:15 am        686
ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន មានឈ្មោះដើម ហ៊ុន ឡុងសាន កើតនៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ១៩៤៨ ត្រូវនឹងថ្ងៃអង្គារ ១៥រោច ខែជេស្ឋ ឆ្នាំជូត សំរិទ្ធិស័ក ព.ស. ២៤៩២ ភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅក្នុងគ្រួសារកសិករ ដែលមានឪពុកឈ្មោះ ហ៊ុន នាង និងម្ដាយឈ្មោះ ឌី ប៉ុក ។ លោកជាកូនទី១ ក្នុងចំណោមបងប្អូន ៦នាក់ ក្នុងនោះស្រី ៣នាក់។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោកជំទាវ ច្រឹង គឹមហេន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧២ និងមានបុត្រាបុត្រីចំនួន ៥នាក់ ក្នុងនោះស្រី ៣នាក់៖ កូនទី១ លោកជំទាវ ហ៊ុន គឹមហាក់,​ កូនទី២ ឯកឧត្តម ហ៊ុន ជា, កូនទី៣ ឯកឧត្តម ហ៊ុន គឹមជាតិ, កូនទី៤ លោកស្រី ហ៊ុន ចាន់ថុល, និងកូនទី៥ លោកជំទាវ ហ៊ុន ម៉ានី។ ក្នុងនាមជាកូនកសិករម្នាក់ នៅមុនឆ្នាំ ១៩៧០ លោកបានតស៊ូសិក្សារៀនសូត្រនៅសាលាបឋមសិក្សាឃុំពាមកោះស្នា និងអនុវិទ្យាល័យស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងក្រោយមកបានផ្លាស់ទីលំនៅមករស់នៅធ្វើចំការនៅ ភូមិចំការថ្មី ឃុំទន្លូង ស្រុកមេមត់ ខេត្តកំពង់ចាម ជាមួយឪពុកម្តាយ និងក្រុមគ្រួសារ។ ក្នុងដំណាក់កាលសង្គ្រាមឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ លោកស្ថិតនៅក្នុងតំបន់រំដោះនាស្រុកកំណើត និងក្រោយមក ប្រទេសជាតិធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ លោក ព្រមទាំងក្រុមគ្រួសារ បានរស់នៅ និងឆ្លងកាត់របបដ៏ខ្មៅងងឹត គុកឥតជញ្ជាំង ៣ឆ្នាំ៨ខែ២០ថ្ងៃ របបកម្ពុជាប្រជាធិបតេយ្យ ដូចប្រជាពលរដ្ឋខ្មែរទូទៅដែរ។ ដោយបញ្ញា ស្មារតី សមត្ថភាព និងមនសិការស្នេហាជាតិ លោក ត្រូវបានតែងតាំងក្នុងមុខនាទីជាបន្តបន្ទាប់ រួមមាន៖ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨០ លោក គឺជាយោធាប្រចាំស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៨២ លោកត្រូវបានតែងតាំងជាប្រធានទទួលជំនួយប្រចាំកំពង់ផែកំពង់សោម ក្នុងក្រសួងពាណិជ្ជកម្ម, ពីឆ្នាំ១៩៨២ ដល់ឆ្នាំ២០០២ លោកជាអនុប្រធានក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត នៃក្រសួងគមនាគមន៍, ពីឆ្នាំ២០០២ ដល់ឆ្នាំ២០១៩ លោកជាអគ្គនាយករង នៃភ្នាក់ងារកម្ពុជានាវាចរ (កាំសាប), ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២ ឯកឧត្តម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងសាធារណការ និងដឹកជញ្ជូន ឋានៈស្មើរដ្ឋលេខាធិការ និងពីឆ្នាំ២០២២ ឯកឧត្តម ជារដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតមកដល់បច្ចុប្បន្ន។ ក្នុងពលិកម្មដើម្បីជាតិ សាសនា និងព្រះមហាក្សត្រ ឯកឧត្តម ត្រូវបានប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយស​​ជាច្រើនជាពិសេសគ្រឿងឥស្សរិយយសខ្ពស់បំផុតរបស់ព្រះរាជាណាចក្រកម្ពុជា គឺ ថ្នាក់ជាតូបការ និង គោរមងារជា អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពីព្រះមហាក្សត្រ នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ពេញមួយជីវិតរបស់ ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ពិសេសពេលវេលាដែលលោកបានចូលរួមចំណែកកសាងជាតិ បំពេញការងារសង្គម ការងារមនុស្សធម៌ ជាអ្នកកសាងមូលដ្ឋាននៃការអភិវឌ្ឍទាំងពុទ្ធចក្រ និងអាណាចក្រ រួមមាន មន្ទីរពេទ្យ មន្ទីរឃុំ និងសាលាមតេ្តយ្យ នៅភូមិខ្សាច់ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល, កសាង និងឆ្លងសមិទ្ធផលនានា ជាកេរមរតករបស់ អ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហាឧបាសិកា ឌី ប៉ុក ក្នុងវត្តព្រះបារមីវង្គតបុរី ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ក្រោមការដឹកនាំ​របស់ សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន ជាប្រមុខ។ សកម្មភាពដ៏ឧត្តុង្គឧត្តមទាំងអស់នេះ បានធ្វើឱ្យ   ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ទទួលបាននូវការគោរពស្រឡាញ់ពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន។  

ឯកឧត្តម ហ៊ុន ម៉ានី មានការ​អាឡោះអាល័យ ខណៈអ៊ំប្រុស ហ៊ុន សាន បានទទួលមរណភាព និងបន្សល់ទុកនៅស្នាមញញឹម និងដំបូន្មានជាច្រើន

2025/03/28 04:20:07 am        239
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈឯកឧត្តម ហ៊ុន ម៉ានី មានការ​អាឡោះអាល័យ ខណៈអ៊ំប្រុស (ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន) បានទទួលមរណភាព និងបន្សល់ទុកនៅ ស្នាមញញឹម ដំបូន្មានជាច្រើនដល់កូនក្មួយ។ ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរនៅលើបណ្ដាញ​សង្គមហ្វេស​ប៊ុករបស់ឯកឧត្តមនៅយប់រំលងអធ្រាត្រថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះថា ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ថ្ងៃនេះ អ៊ំបានចាកចេញពីពួកយើងទាំងអស់គ្នាហើយ។ ឯកឧត្តមបានបន្តថា អ៊ំបានបន្សល់ទុកនូវស្នាមញញឹម រឿងរ៉ាវរបស់អ៊ំ ពុក និងក្រុមគ្រួសារ ដែលនាំមកនូវមនោសញ្ចេតនា ភាពកក់ក្តៅ។ លើសពីនេះទៀត គឺដំបូន្មានសម្រាប់ក្មួយៗ អោយចេះមើលថែគ្នា ក៏ដូចជាការគិតគូរពីប្រទេសជាតិ និងប្រជាជន ក្នុងនាមជាការទទួលខុសត្រូវរបស់ ត្រកូលយើង (ត្រកូលហ៊ុន) ដែលបានចាប់ផ្តើមពីយូរហើយ ជាពិសេស មើល និងរៀនសូត្រពីពុក។ ឯកឧត្តមបានបញ្ជាក់ថា ទោះអ៊ំបានទៅចោលយើង ប៉ុន្តែក្មួយនឹងចងចាំនូវស្នាមញញឹម ដំបូន្មាន និងអនុស្សាវរីយ៍ជាច្រើនទៀត ហើយជាពិសេស ឈ្មោះដែលតែងតែអ៊ំហៅខ្ញុំ គឺ “ថាំងចេង”។ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមបានបួងសួងជូនចំពោះ អ៊ំប្រុស ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន ទទួលនៅការគោរព ស្រឡាញ់ និងសេចក្តីនឹករលឹកពីខ្ញុំ ហើយសូមអ៊ំ ធ្វើដំណើរទៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។សូមបញ្ជាក់ថា ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន បានទទួលមរណភាព នៅថ្ងៃសុក្រ ១៥រោច​ ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២ និង២៧ នាទីព្រឹក ក្នុងជន្មាយុ ៧៨ ឆ្នាំ ដោយរោគាពាធ៕

សម្ដេច​តេជោ៖«សង្ខារមិនទៀងតែការស្លាប់គឺទៀង! បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ»

2025/03/28 03:26:05 am        315
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសថា បងប្រុសបង្កើតរបស់សម្តេច គឺ ឯកឧត្តម អ្នកឧក ញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាពហើយ នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា (សង្ខារមិនទៀងតែការស្លាប់គឺទៀង) «បងប្រុសខ្ញុំបានលាចាកលោកនេះទៅហើយបើទោះមិនចង់ទទួលក៏ត្រូវតែទទួលយកការពិតនេះដែរ។បើទោះបីខ្ញុំជាប្អូនតែខ្ញុំជាមេគ្រួសារមួយនេះ។ ខ្ញុំ និងភរិយារួមជាមួយកូនៗនិងបងប្អូនបានខិតខំអស់លទ្ធភាពដើម្បីព្យាបាលបងទីមួយ។ពេលបងទី២ទទួលមរណភាពពេលនោះ យើងមិនហ៊ានផ្តល់ដំណឹងជូនបងទី១ទេព្រោះគាត់កំពុងទទួលការព្យាបាលដោយការវះកាត់នៅមន្ទីរពេទ្យនាទីក្រុងបាងកក។ យើងព្យាយាមលាក់បាំងជាមួយគាត់រហូត គាត់ដឹងដោយខ្លួនឯងដែលគាត់យំផងនិយាយផងថា(ប្អូនអញស្លាប់ទាំងមូលមិនឲ្យអញដឹង)»។សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ទៀតថា ១២ឆ្នាំមុន (២០១៣) ភរិយារបស់គាត់បានទទួលមរណភាពក្នុងពេលដែលឪពុកបង្កើតរបស់ខ្ញុំក៏មិនបានដឹង រហូតដល់គាត់ទទួលមរណភាពព្រោះពេលនោះឪពុករបស់ខ្ញុំក៏កំពុងឈឺធ្ងន់ផងដែរ។ លើកនេះពេលបងទី១ទទួលមរណភាពភរិយារបស់ខ្ញុំដែលជាប្អូនថ្លៃបានដឹង តែមិនអាចមកទាន់ដង្ហើមចុងក្រោយបងទី១បានដែរ។ បងប្រុសម្នាក់នេះបានលះបង់ច្រើនណាស់សម្រាប់ប្អូនៗ គឺសុខចិត្តបោះបង់ចោលការសិក្សានៅអនុវិទ្យាល័យនាសម័យនោះមកជួយពុកម៉ែធ្វើស្រែចំការដើម្បីផ្តល់ឱកាសឲ្យប្អូនៗ ពិសេសរូបខ្ញុំទទួលបានការសិក្សានៅភ្នំពេញ។ បំណងធំរបស់បងទី១ គឺធ្វើ ថីផែនទី ដែលពេលនេះហៅថា(មន្ត្រីសុរិយោដី)។ កើត ចាស់ ឈឺ ស្លាប់ គឺជាក្រឹត្យក្រម ធម្មជាតិដែលមិនអាចចៀសវាងបាន៕

ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ទទួលមរណភាព

2025/03/28 03:11:40 am        429
ភ្នំពេញ៖អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន​បងប្រុសបង្កើតរបស់ សម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាព នៅវេលាម៉ោង ២៖២៧នាទីព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។មរណភាពរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ​រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាការបាត់បង់នូវឧត្ដមស្វាមី បិតា បិតាក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅនិងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូ ពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ទំនុកបម្រុងសព្វបែបសព្វយ៉ាង ដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។លើសពីនេះទៅទៀត មរណភាពរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ក៏ជាការបាត់បង់ឥស្សរជនឆ្នើមមួយរូប ដែលបានខិតខំបំពេញការងារនិងសម្រេចបានលទ្ធផលជាច្រើនជូនជាតិមាតុភូមិ។ឯកឧត្តម ហ៊ុន សាន​ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ប្រោសព្រះរាជទានគោរមងារជា «អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន» កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣៕

ក្រសួងបរិស្ថានដាក់ចេញនូវផែនសកម្មភាពជំរុញឱ្យផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក

2025/03/27 09:37:42 pm        92
ពិធីផ្សព្វផ្សាយស្តីពីផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» បានរៀបចំឡើង នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីក្រសួងបរិស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោម ភ្ញៀវជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើននាក់។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រសួងបរិស្ថានបើកយុទ្ធនាការយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នេះឡើង ដើម្បីបំពេញឱ្យយុទ្ធនាការ«កម្ពុជាស្អាតខ្មែរធ្វើបាន» ដែលជំរុញឱ្យទៅជា សកម្មភាព រួមគ្នា ក្នុងពេលតែមួយ សម្អាតបរិស្ថាន បរិវេណជុំវិញភូមិដ្ឋាន សាលារៀន វត្តអារាម និងនៅតាមទីសាធារណៈ។ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍បន្ថែមថា ក្រសួងបរិស្ថានក៏បានកំណត់ យុទ្ធនាការសម្អាតផ្លូវជាតិ នេះ ដោយជំរុញឱ្យមានសកម្មភាពសម្អាត រើសសំរាម នៅតាមដងផ្លូវនានា ជាពិសេសនៅតាមផ្លូវជាតិ ដែលអ្នកពាក់ព័ន្ធទាំងអស់ សហការគ្នា ដើម្បីធ្វើឱ្យផ្លូវជាតិស្អាត គ្មានសំរាមរ និងសំណល់ប្លាស្ទិករាយប៉ាយ នៅចុងឆ្នាំ២០២៥។ជាមួយការដាក់ចេញផែនការសកម្មភាពនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងពីការគាំទ្រ និងងការលើកទឹកចិត្ត ដល់ផ្តល់ការគាំទ្រជាធនធាន សម្ភារៈ ក្នុងនោះគ្រោងផ្តល់ធុងចំនួន៣ ធុង សម្រាប់សាលារៀន មណ្ឌលសុខភាព វត្តអារាម នីមួយៗ ទូទាំងប្រទេស ដើម្បីពង្រឹងការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស ដោយផ្តោតលើ ការញែក និងកែច្នៃសំណល់ ដែលអាចកាត់ បន្ថយការបំពុលបាន យ៉ាងច្រើនគួរឱ្យកត់សម្គាល់ និងការបង្កើនចំណូលបន្ថែមនៅក្នុងសាលារៀន ក៏ដូចជាអាជីវកម្មកែច្នៃសំណល់។ ជាមួយគ្នានេះដែរ ក្រសួងនឹងយកចិត្តទុកដាក់កម្រិតខ្ពស់លើការ ញែកសំរាម និងការសាងសង់ទីលានទុកដាក់សំរាម ដែលស្របតាមស្តង់ដារ បច្ចេកទេស និងប្រកបដោយអនាម័យ។ ធ្វើយ៉ាងណាការញែកសំរាមប្លាស្ទិក សំណល់គ្រោះថ្នាក់ និងសំរាមធម្មតា និងទុកដាក់ឱ្យបានត្រឹមត្រូវ។សូមបញ្ជាក់ថា ក្រសួងបរិស្ថានបាននិងកំពុងជំរុញ ភាពស្អាត ក្នុងសង្គមកម្ពុជា និងភាពស្អាតរបស់កម្ពុជានៅក្នុងតំបន់ និងអន្តរជាតិ តាមរយៈ ការអនុវត្តនូវ «ភាពស្អាតក្នុងផ្នត់គំនិត» «ភាពស្អាតបរិស្ថានជុំវិញខ្លួន» ក្នុងនោះ មាន «ភាពស្អាតលើមេឃ» «ភាពស្អាតលើដី» និង «ភាពស្អាតក្នុងទឹក» និង «ភាពស្អាតរបស់កម្ពុជាលើឆាកអន្តរជាតិ»។ផែនការសកម្មភាពនៃយុទ្ធនាការសម្អាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាម សំណល់ប្លាស្ទិក» នឹងអនុវត្តនៅតាមបណ្តារាជធានី ខេត្តនៅទូទាំងប្រទេស ដោយផ្តោតលើកំណាត់ខ្សែផ្លូវជាតិសំខាន់ៗ ចំនួន ១២៦ខ្សែ ប្រវែងសរុប ៦៣០៩,៥៧គ.ម។ សកម្មភាពទាំងនេះ រួមមាន៖ ១-ការបន្តការផ្សព្វផ្សាយ៖ ផ្សព្វផ្សាយ និងបំផុសចលនាសម្អាតនៅផ្លូវជាតិជាប្រចាំ និងចូលរួមសម្អាតមុខគេហដ្ឋាន ឬទីតាំងរបស់ខ្លួន ជាមួយនឹងកម្លាំងភូមិ ឃុំ សង្កាត់ ឱ្យបានយ៉ាងតិច ២ដង/សប្តាហ៍។២-ការបន្តជំរុញារបេ្តជ្ញាចិត្ត៖ ការចូលរួមបេ្តជ្ញាចិត្តពីសំណាក់សិស្សានុសិស្ស កម្មករ កម្មការនី បុគ្គលិកក្រុមហ៊ុន រោងចក្រ សហគ្រាស និងរដ្ឋបាលថ្នាក់ក្រោម ជាកត្តាសំខាន់ ដើម្បីភាពស្អាតនៅប្រទេសកម្ពុជា។៣-ការជំរុញការអនុវត្តសកម្មភាពដើម្បីភាពស្អាត៖ រៀបចំផែនសកម្មភាពសម្អាតជាប្រចាំ និងជំរុញការទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ និងញែកសំរាម សំណល់រឹងនៅនឹងប្រភព។៤-ការជំរុញការអនុវត្តវិធានការច្បាប់ និងការលើកសរសើរ៖ ក្រសួងបរិស្ថាននឹងផ្តល់ការលើកសរសើរចំពោះរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអ្នកពាក់ព័ន្ធ ដែលអនុវត្តផែនការសកម្មភាពនេះបានល្អ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញធ្វើបាឋកថា ដល់និស្សិតនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល

2025/03/27 08:29:26 pm        122
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញធ្វើបាឋកថាស្តីពី ការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជា ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ កម្មវិធីនេះរៀបចំឡើងដើម្បីបង្កើនការយល់ដឹង និងការចូលរួមប្រយុទ្ធទប់ស្កាត់ការឆ្លងរាលដាលមេរោគអេដស៍និងជំងឺអេដស៍។ អញ្ជើញចូលរួមក្នុងកម្មវិធីបាឋកថារួមមាន ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ឯកឧត្តមអនុប្រធាន និងអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ព្រមទាំងនិស្សិតប្រមាណជិត៤០០នាក់។មានប្រសាសន៍ទៅកាន់អ្នកចូលរួមទាំងអស់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ការងារឆ្លើយតបនឹងមេរោគអេដស៍ជាការងារពហុវិស័យ រួមទាំងវិស័យសុខាភិបាលផង។ ការងារនេះ ត្រូវមានការចូលរួមពីតួអង្គពាក់ព័ន្ធជាច្រើន។ ក្នុងនោះ អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ជាអ្នកជំងឺមួយជីវិត៖ ១-ត្រូវការថ្នាំ និងសេវាព្យាបាលថែទាំល្អ ទៀងទាត់ យូរអង្វែង(វិស័យសុខាភិបាល) ២- មានផ្នត់គំនិតមិនដូចអ្នកជំងឺធម្មតាទេ អ្នកជំងឺធម្មតារត់រកពេទ្យ រកសេវាព្យាបាលថែទាំដោយសារខ្លាចស្លាប់ អ្នកជំងឺអេដស៍មិនខ្លាចស្លាប់ទេ និងមិនរត់រកពេទ្យទេ តែពេទ្យត្រូវរត់វិញ ៣- មានការខ្មាស់អៀន ៤- រងនូវការមាក់ងាយនិងរើសអើង ៥- ត្រូវការរស់នៅក្នុងសង្គមដូចសមាជិកឯទៀត ត្រូវការរៀនសូត្រ ត្រូវធ្វើការចិញ្ចឹមជីវិត ត្រូវការរស់នៅស្មើសិទ្ធិជាមួយប្រជាពលរដ្ឋឯទៀតដែរ(វិស័យអប់រំ ការងារ គាំពារសង្គម រដ្ឋបាល សាធារណ:)។ ចំណែឯការបង្ការការឆ្លងមេរោគអេដស៍ត្រូវការ៖ ១- បញ្ជ្រាបការយល់ដឹងអំពីមេរោគអេដស៍ និងវិធីបង្ការការពារកុំឱ្យឆ្លងមេរោគអេដស៍នៅក្នុងចំណោមប្រជាជនគន្លឹះ(នារីបម្រើសេវាកម្សាន្ត ក្រុមរួមភេទជាមួយបុរស អ្នកបំប្លែងភេទ អ្នកចាក់គ្រឿងញៀននិងអ្នកប្រើគ្រឿងញៀនជាដើម) ២- លើកទឹកចិត្តអ្នកដែលសង្ស័យថាផ្ទុកមេរោគអេដស៍ឱ្យមកធ្វើតេស្ត ឱ្យចេះប្រើស្រោមអនាម័យ ចេះប្រើPrEPឬPEP។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តថា ដោយសារមានការពាក់ព័ន្ធពីតួអង្គជាច្រើនដើម្បីឆ្លើយតបនឹងមេរោគអេដស៍ទើបអង្គការយូអិនអេដស៍ បានដាក់ចេញនូវគោលការណ៍បីមួយ គឺយុទ្ធសាស្ត្រឬក្របខ័ណ្ឌផែនការសកម្មភាពតែមួយ ស្ថាប័នសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដានវាយតម្លៃតែមួយ។ ទន្ទឹមនឹងនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក៏ត្រូវបានបង្កើតឡើង ដើម្បីសម្របសម្រួលការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ជាពហុវិស័យ។ ហើយនៅរៀងរាល់៥ឆ្នាំម្ដង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំយុទ្ធសាស្ត្រគោលនយោបាយក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ ក៏ប៉ុន្តែ កាលពីឆ្នាំ២០២៤ កន្លងមកនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ នូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨។ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបន្ថែមថា បទពិសោធន៍ក្នុងការប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជាក្នុងពេលកន្លងមកឱ្យឃើញថា គោលការណ៍រួមបី គឺភាពជាម្ចាស់ ឬភាពជាអ្នកដឹកនាំ ភាពជាដៃគូ និងការវិនិយោគ បានជួយជំរុញការអនុវត្តកម្មវិធីអេដស៍ឱ្យទទួលលទ្ធផលល្អគួរជាទីមោទនៈ។ គួរបញ្ជាក់ថា តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០លើពិភពលោកក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ តាមរយៈវឌ្ឍនភាពថ្មីៗ កម្ពុជាអាចនឹងសម្រេចបានលើសពី៨៩នៃគោលដៅ៩៥ទី១(បច្ចុប្បន្នសម្រេចបាន៨៩-៩៨-៩៨)។ ជាសេចក្តីសន្និដ្ឋាន ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់បញ្ជាក់ថា បើការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ មានការចូលរួម និងគាំទ្រយ៉ាងសកម្មពីគ្រប់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ ព្រមទាំងមានកិច្ចសហការគ្នាបានល្អ នោះចំណុចខ្វះខាតដែលកំពុងកើតមានទាំងប៉ុន្មាននឹងត្រូវបានកែលម្អជាមិនខាន ដែលនៅទីបំផុតការឆ្លើយតបចំពោះមេរោគអេដស៍និងជំងឺអេដស៍នៅកម្ពុជានឹងទទួលជោគជ័យយ៉ាងធំធេងជាមិនខាន៕អត្ថបទ រដ្ឋា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM
អ្នកចរចាជាន់ខ្ពស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអាមេរិកនោះទេ រហូតដល់សិទ្ធិពលរដ្ឋអ៊ីរ៉ង់ត្រូវបានធានា
06/01/2026 07:06 PM