ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា៖ ក្រសួងកសិកម្មប្តេជ្ញាចិត្តដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករប្រកបដោយគុណភាពនិងតម្លៃខ្ពស់

2025/03/27 08:14:22 pm        145
ភ្នំពេញ៖ ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ និងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងមានគុណភាពខ្ពស់។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាសង្កាត់កោះពងសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយផ្តោតសំខាន់លើការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍវិស័យកសិកម្ម និងការពង្រឹងសុវត្ថិភាពនៅមូលដ្ឋាន ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំអំពីគំនិតផ្តួចផ្តើមទំនើបកម្មកសិកម្មថ្មី ដែលផ្តោតលើទស្សនវិស័យ "គិតទុកជាមុន និងមានទីផ្សារមុនដាំ" ដោយលើកទឹកចិត្តឱ្យមានការបង្កើតសហគមន៍កសិកម្មទំនើប។ ឯកឧត្តម បានបន្តថា គំរូនេះ នឹងជួយឱ្យកសិករអាច៖ ផលិតរួមគ្នា និងលក់រួមគ្នា ដើម្បីបង្កើនអំណាចទីផ្សារ, កាត់បន្ថយថ្លៃដើមលើធាតុចូលកសិកម្ម និងបង្កើនប្រាក់ចំណេញតាមរយៈការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបនឹងដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យ ដើម្បីធានាបាននូវការចូលរួមពេញលេញពីកសិករ។ ក្រសួង នឹងដើរតួជាអាណាព្យាបាល ផ្តល់ការគាំទ្រ និងការសម្របសម្រួល ដោយធានាឱ្យមានតម្លាភាពក្នុងគ្រប់ដំណើរការ។ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យមន្ត្រីកសិកម្មឃុំពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាព័ត៌មាននិងសេវាកម្មអាចទៅដល់អ្នកដែលត្រូវការវាបំផុត។ គោលដៅរួមនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់៕

អ្នកវិទ្យាសាស្រ្តនិងនវានុវត្តន៍ បានកំពុងចូលរួមដោះស្រាយបញ្ហាសង្គម លើការផ្តល់សេវាសាធារណៈ

2025/03/27 07:31:43 pm        214
ភ្នំពេញ ៖ អ្នកវិទ្យាសាស្ត្រឆ្នើមនៅកម្ពុជា បានកំពុងចូលរួមលើកកម្ពស់ឧត្តមភាព ផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការស្រាវជ្រាវ ដោយស្នាដៃ អ្នកវិទ្យាសាស្រ្តទាំងនោះ បានកំពុងផ្តល់ជាប្រយោជន៍ និងចូលរួមដោះស្រាយបញ្ហាសង្គម ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពល- រដ្ឋ។​លោកបណ្ឌិត យី ស៊ីយ៉ាន សាស្រ្តាចារ្យនៅសាកលវិទ្យាជាតិសឹង្ហបុរី និងជានាយកមជ្ឈមណ្ឌលស្រាវជ្រាវអង្គការ KHANA លើកឡើងក្នុងកិច្ចសម្ភាសន៍ នៅក្នុងកម្មវិធីទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៣ ឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នេះថា ជុំវិញវិទ្យាសាស្រ្ត និងនវានុវត្តន៍ កម្ពុជាកំពុងធ្វើឱ្យមានសុខដុមរមនាជាតិមួយ ដែលបានកំពុងជំរុញវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ឱ្យមានសម្ទុះទៅមុខ ជាក់ស្តែងការទទួលបានពានរង្វាន់អ្នកវិទ្យាសាស្ត្រ នេះមិនមែនលើកទី១របស់លោក នោះឡើយ ក៏ប៉ុន្តែនៅពេលដែលទទួលបានពាន់រង្វាន់មាសនៅក្នុងប្រទេស នេះគឺជាមោទនភាពថ្មីមួយទៀតសម្រាប់កម្ពុជា។លោកបណ្ឌិត បន្តថា ចំពោះវិទ្យាសាស្រ្តដែលជារបកគំហើញសម្រាប់កម្ពុជា ដែលគាត់បានរកឃើញនាពេលនេះ គឺការបង្កើត ប្រព័ន្ធវិទ្យាសាស្រ្ត និងនវានុវត្តន៍ឌីជីថល នៅក្នុងវិស័យសុខាភិបាលមួយ សម្រាប់បម្រើវិស័យសាធារណៈ ពីថ្នាក់ជាតិទៅដល់ថ្នាក់ ក្រោមជាតិ (គឺទៅដល់មណ្ឌលសុខភាពនានា) ដូចជាការតាមដានដល់ស្រ្តីមានផ្ទៃពោះជាដើម ដោយទិន្នន័យនេះ មិនត្រឹមតែគ្រប់គ្រង នៅតាមមជ្ឈមណ្ឌលប៉ុណ្ណោះទេ គឺយើងអាចទទួលព័ត៌មានមកដល់ថ្នាក់ជាតិ។ នេះជាការចូលរួមលើកកម្ពស់នៅក្នុងវិស័យសុខាភិបាល ដើម្បីផ្តល់ភាពងាយស្រួលមួយជ្រុងដល់ស្រ្តីកម្ពុជា។កញ្ញា យ៉ាន់ គីមហួយ ជំនួយការអ្នកស្រាវជ្រាវ នៃបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដែលទទួលបានពាន់រង្វាន់មាស កញ្ញាគឺជាអ្នកនវានុវត្តន៍សាធារណៈមួយ ដែលបានបង្កើតនវានុវត្តន៍ឌីជីថល បកប្រែពីភាសាខ្មែរទៅភាសាប្រាយ ក្នុងនោះកញ្ញាកំពុង ធ្វើបច្ចុប្បន្នភាពលើមុខងារបន្ថែម នៃការបកប្រែពីនិមិត្តសញ្ញា (Symbol) គណិតវិទ្យា រូបវិទ្យា និងជីវវិទ្យា សម្រាប់ជាជំនួយដល់លោក គ្រូ-អ្នកគ្រូ បង្រៀនដល់ជនពិការភាពភ្នែក ហើយនៅថ្ងៃខាងមុខ ក្រុមនវានុវត្តន៍របស់កញ្ញា នឹងសិក្សាស្រាវជ្រាវបន្ថែម ដើម្បីបង្កើត នវានុវត្តន៍សម្រាប់ជាជំនួយដល់ជនពិការភាពភ្នែកផ្ទាល់ បច្ចុប្បន្ននវានុវត្តន៍សាធារណៈនេះ បានកំពុងដាក់ឱ្យប្រើប្រាស់នៅវិទ្យាស្ថាន ជាតិអប់រំ។  សូមបញ្ជាក់ថា ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៣ នេះ គឺបានជ្រើសរើសជ័យលាភីពានរង្វាន់អ្នកវិទ្យាសាស្ត្រកម្ពុជា ឆ្នើម និងពានរង្វាន់នវានុវត្តន៍សាធារណៈ ក្នុងគោលដៅលើកម្ពស់ឧត្តមភាពផ្នែកវិទ្យាសាស្ត្រ នវានុវត្តន៍ និងការស្រាវជ្រាវ ផ្តោតលើការ ដោះស្រាយបញ្ហាក្នុងសង្គម និងក្នុងការផ្តល់សេវាសាធារណៈ, ក្នុងនោះគំនិតផ្តួចផ្តើមថ្មីនៃនវានុវត្តន៍ចំនួនបួន ក៏បានដាក់ឱ្យដំណើរការក្នុងកម្មវិធីនេះរួមមាន៖ ប្រព័ន្ធគ្រប់គ្រងការស្រាវជ្រាវ។ អភិវឌ្ឍន៍៖ បង្កើតឡើងក្រោមកិច្ចសហការជាមួយវិទ្យាស្ថាន គោលនយោបាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (STEPI) នៃប្រទេសកូរ៉េខាងត្បូង ក្នុងគោលដៅកសាងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវជាតិ ដែលប្រទាក់ ក្រឡាគ្នា និងមានប្រសិទ្ធភាព។ ប្រព័ន្ធទិន្នន័យធុរកិច្ចឆ្លាតវៃ៖ គាំទ្រដោយមូលនិធិរដ្ឋាភិបាលជប៉ុន ក្រោមក្របខ័ណ្ឌ ACMECS ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម ក្នុងការចូលប្រើប្រាស់សេវានានាបានភ្លាមៗ រួមទាំងការរៀបចំសម្រង់តម្លៃ (quotation) ការដេញថ្លៃ ការជ្រើសរើសបុគ្គលិកព័ត៌មានអំពីអាហារូបករណ៍ សេវាមន្ទីរពិសោធន៍ សេវាព្យាសកម្ម ធនធាន ស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ដែលដំណើរការដោយកុំព្យូទ័រដែលមានសមត្ថភាពខ្ពស់៕អត្ថបទ៖ សុន រ៉ាឌី

ពលរដ្ឋជាងបួនរយគ្រួសារនៅខណ្ឌឬស្សីកែវទទួលបានកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន

2025/03/27 05:16:22 pm        141
ភ្នំពេញ ៖ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) នៅរសៀលថ្ងៃទី២៧ ខែមីនានេះ បានអញ្ជើញសំណេះសំណាល និងចែកកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ជូនបងប្អូនប្រជាពលរដ្ឋ ចំនួន៤២៥ គ្រួសារ មកពីសង្កាត់ច្រាំងចំរេះទី១ និងទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលជាថ្ងៃចុងក្រោយ នៃការចែកអំណោយ របស់អង្គការសម្ព័ន្ធពិភពឥស្លាម(MWL) នៃប្រទេសអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈអង្គការ( CMDF)។ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា អង្គការសម្ព័ន្ធពិភពឥស្លាម នៃប្រទេសអារ៉ាប៊ីសាអូឌីត តែងតែផ្តល់ជំនួយកញ្ចប់អាហារស្រាយបួសជូនសមាគមន៍ឥស្លាមកម្ពុជា តាមរយៈអង្គការមូលនិធិអភិវឌ្ឍមុស្លិមកម្ពុជា(CMDF) ចំនួនរាប់ពាន់កញ្ចប់ ជារៀងរាល់ឆ្នាំ ដោយឆ្នាំនេះមានចំនួនជិត ៣ ពាន់កញ្ចប់ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងខែបួសរ៉ាម៉ាឌន ហើយក៏មានអង្គការឥស្លាមផ្សេងៗទៀតផងដែរ ដូចជាមកពីប្រទេសអាឡឺម៉ង់ តួកគីយេ កាតា និងអង្គការផ្សេងៗទៀត ដែលបាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ជាទូទៅក្នុងមួយឆ្នាំៗ សហគមន៍ឥស្លាមកម្ពុជា បានទទួលអំណោយកញ្ចប់អាហារស្រាយបួសខែរ៉ាម៉ាឌន ពីអង្គការសមាគមផ្សេង ៗ សប្បុរសជនក្នុងស្រុក និងក្រៅស្រុក មានចំនួន មិនតិចជាង ៥ម៉ឺន ទៅ ៧ម៉ឺនកញ្ចប់ គិតជាថវិកាជាង១ លានដុល្លារ សម្រាប់ទូទាំងប្រទេស។ឯកឧត្តមបានលើកឡើងបន្តថា អំណោយដែលផ្តល់ជូននាពេលនេះមិនអាចជួយសម្រាលបន្ទុកជីវភាពគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋក្នុងរយៈពេលយូរអង្វែងនោះទេ ប៉ុន្តែនេះជាទឹកចិត្តរបស់សប្បុរសជន ក្នុងនាមជាបងប្អូនឥស្លាមដូចគ្នា។ អ្វីដែលសំខាន់នោះបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបស់ ដើម្បីបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។ឯកឧត្តមទេសរដ្ឋមន្ត្រី បានរំលឹកដែរថា ក្រោមដំបូលសុខសន្តិភាពនៃប្រទេសកម្ពុជា បងប្អូនប្រជាពលរដ្ឋទាំងអស់ មានឱកាសគោរពប្រតិបត្តិសាសនារបស់ខ្លួន អាចប្រកបមុខរបរអាជីវកម្មផ្សេងៗ ក៏ដូចជាមានភាពងាយស្រួលក្នុងការធ្វើកិច្ចការនានា ទាំងអស់ ហើយកត្តាសុខសន្តិភាពនេះហើយ បានធ្វើឱ្យអ្នកវិនិយោគបរទេស បានមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ នៅកម្ពុជា ដែលជាផ្នែកមួយជួយជម្រុញសេដ្ឋកិច្ចជាតិ ឱ្យមានការកើនឡើងជាបន្តបន្ទាប់។គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានខិតខំប្រែប្រែងដឹកនាំប្រទេសយ៉ាងខ្លាំងខ្លា ធ្វើយ៉ាងណា ដើម្បីឱ្យប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធា សេដ្ឋកិច្ចមានការកើនឡើងបន្ថែមទៀត រក្សាបាននូវសុខសន្តិភាព ព្រមទាំងបានធ្វើឲ្យមានសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយគ្មានការរើសអើងពូជសាសន៍ និងជម្លោះសាសនាឡើយ។អត្ថបទ៖ទូច សោភ័ណ

ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំត្រីមាសទី១

2025/03/27 04:55:46 pm        153
ភ្នំពេញ ៖ ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំត្រីមាសទី១ និងដាក់ទិសដៅអនុវត្តការងារបន្តប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់ទីចាត់ការចលនូប្បត្ថម្ភ អគ្គបញ្ជាការដ្ឋាន។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន បានថ្លែងកោតសរសើរចំពោះការអនុវត្តតួនាទីភារកិច្ចលើការងារភស្ដុភាររបស់ថ្នាក់ដឹកនាំទីចាត់ការ និងយោធិនទាំងអស់ចំណុះទីចាត់ការ។ ជាមួយនោះ ឯកឧត្ដម បានក្រើនរំលឹកដល់នាយទាហាន នាយទាហានរងទាំងអស់ ត្រូវខិតខំបំពេញភារកិច្ចដែលបានប្រគល់ឲ្យ ព្រមទាំងគោរពវិន័យឲ្យបានម៉ឹងម៉ាត់។ ចំពោះសាលាបើកបរឈើកាច់ ត្រូវយកចិត្តទុកដាក់ចំពោះសិក្ខាកាមគ្រប់ជំនាញទាំងការស្នាក់នៅស្អាត អនាម័យលើការហូបចុក រក្សាការពង្រឹងវិន័យ និងគុណភាពហ្វឹកហ្វឺន៕

រដ្ឋមន្រ្តីកសិកម្ម អញ្ជើញចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រីក្នុងខេត្តបន្ទាយមានជ័យ

2025/03/27 04:10:41 pm        158
ភ្នំពេញ៖ ក្នុងដំណើរចុះជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំបន្ទាយឆ្មារ ។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានបន្តចុះពិនិត្យការងារវារីវប្បកម្មក្នុងកសិដ្ឋានផលិតកូនត្រី ជា សុភិន នៅឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ផេកផ្លូវការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានសសេរឲ្យដឹងថា លោក ជិន សុជា ជាម្ចាស់កសិដ្ឋានផលិតកូនត្រីរូបនេះ មានផ្ទៃដីសរុបចំនួន ៤ហិកតា មានស្រះសរុបចំនួន ៤៧ស្រះ សម្រាប់ចិញ្ចឹមពូជត្រី រួមមាន៖ ត្រីក្រាញ់ ត្រីអណ្តែង ត្រីរ៉ស់ ត្រីឆ្ពិន ត្រីឆ្លាំង និងត្រីទីឡាបព្យាក្រហម។ នៅឆ្នាំក្រោយ កសិដ្ឋានមានគោលបំណងពង្រីកបន្ថែមពូជត្រីចំនួន ៣បន្ថែមទៀត ដូចជា៖ ត្រីតាឱន ត្រីកេះ និងត្រីកន្ធរ។ លោក ជិន សុជា ម្ចាស់កសិដ្ឋាន បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ក្នុងការផ្តល់មេពូជត្រីកេះ និងត្រីឆ្លាំង សម្រាប់ដំណើរការស្រាវជ្រាវ ពង្រីកអាជីវកម្មលើការផលិតកូនត្រី ២ប្រភេទនេះ ដែលមានតម្រូវការទីផ្សារល្អ និងមានភាពធន់ខ្ពស់។ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានទទួលសំណើរខាងលើនេះដោយឱ្យម្ចាស់កសិដ្ឋានសហការជាមួយ រដ្ឋបាលជលផល ក្នុងការទទួលបានមេពូជត្រី តាមចំនួនដែលត្រូវការ ចំនេញពេលវេលា និងដោះស្រាយបញ្ហាទឹកសម្រាប់ផលិតកម្មវារីវប្បកម្មផងដែរ។ លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ផ្តល់អនុសាសន៍ណែនាំដល់ម្ចាស់កសិដ្ឋានត្រូវជំរុញការផ្សព្វផ្សាយពាណិជ្ជកម្មដើម្បីលក់បានតម្លៃខ្ពស់នូវផលិតផលវារីវប្បកម្ម និងអាចពិនិត្យលទ្ធភាពពង្រីកការវិនិយោគបន្ថែមដោយផ្តោតទៅលើពូជដែលមានតម្លៃខ្ពស់ក្នុងទីផ្សារ សំដៅទទួលបានផលចំនេញសេដ្ឋកិច្ចពិតប្រាកដ៕

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញធ្វើមាតុភូមិនិវត្តន៍ បន្ទាប់ពីបានបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន

2025/03/27 03:50:18 pm        103
ភ្នំពេញ ៖ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងតាមការអញ្ជើញរបស់គណៈកម្មាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍ពាណិជ្ជកម្មហុងកុង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ទៅធ្វើទស្សនកិច្ចផ្លូវការនៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២៣-២៧ ខែមីនា ឆ្នាំ២០២៥ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅសម្រេចឱ្យបាននូវចំណុចអាទិភាពសុខាភិបាល និងផែនការយុទ្ធសាស្ត្រសុខាភិបាល ក្នុងការឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាម យុទ្ធសាស្ត្របញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រី្ត បានបើកសន្និសីទសារព័ត៌មាន ស្តីពី ដំណើរទស្សនកិច្ចនៅតំបន់រដ្ឋបាល ពិសេសហុងកុង យ៉ាងដូច្នេះថា ដំណើរទស្សនកិច្ចនេះ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីស្វែងយល់ប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងផ្តល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ជាពិសេស ដើម្បីពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបប្រជុំពិភាក្សាការងារជាមួយស្ថាប័ន អង្គភាពសំខាន់ៗ នៃទីក្រុងហុងកុងរួមមាន៖− ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥៖ បានជួបប្រជុំពិភាក្សាការងារជាមួយលោក Dr Edwin TSUI អ្នកគ្រប់គ្រងមជ្ឈមណ្ឌលបង្ការសុខភាព និងប្រព័ន្ធគ្រប់គ្រងសុខភាពសាធារណៈ ការពារនិងគ្រប់គ្រងជំងឺ និងឱសថ នៃទីក្រុងហុងកុង។ បានចូលរួមពិភាក្សាការងារជាមួយឯកឧត្តមសាស្ត្រាចារ្យ LO Chung-mau ប្រធានស្ថាប័នទទួលបន្ទុកសុខាភិបាល (Secretary for Health) នៃកទីក្រុងហុងកុង។ បានជួបប្រជុំពិភាក្សាការងារជាមួយលោកវេជ្ជបណ្ឌិត Tony KO ប្រធានប្រតិបត្តិ នៃអាជ្ញាធរមន្ទីរពេទ្យ នៃទីក្រុងហុងកុង ។ បានទស្សនកិច្ចនៅមន្ទីរពេទ្យ Kwong Wah Hospital នៃទីក្រុងហុងកុង។ ជួបប្រជុំជាមួយលោក Erick Tsang Kwok-Wai ប្រធានស្ថាប័នទទួលបន្ទុកធម្មនុញ្ញ និងកិច្ចការ ដីគោក (Secretary for Constitutional and Mainland Affairs/ representative)− ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥៖ បានជួបប្រជុំជាមួយលោក Algernon YAU ប្រធានស្ថាប័នទទួលបន្ទុកពាណិជ្ជកម្ម និងការិយាល័យ អភិវឌ្ឍន៍សេដ្ឋកិច្ច (Secretary for Commerce and Economic Development Bureau) នៃទីក្រុងហុងកុង។ ជួបប្រជុំពិភាក្សាការងារជាមួយ Ricky YAU អនុប្រធានគណៈកម្មការ និងជាប្រធានផ្នែកប្រតិបត្តិការ នៃគណៈកម្មការប្រឆាំងអំពើពុករលួយ នៃទីក្រុងហុងកុង។ បានទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យា និងវិទ្យាសាស្ត្រក្រុងហុងកុង (Hong Kong Applied Science and Technology Research Institute, ASTRI)។ បានជួបប្រជុំជាមួយលោកសាស្ត្រាចារ្យ Philip CHIU ព្រឹទ្ធបុរសនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យចិនក្រុងហុងកុង។ បានជួបប្រជុំជាមួយលោកវេជ្ជបណ្ឌិត CHENG Raymond អនុប្រធានប្រតិបត្តិ នៃមន្ទីរពេទ្យ Prince of Wales។− ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥៖ ជួបប្រជុំជាមួយ Dr Stephen WONG នាយកប្រតិបត្តិគោលនយោបាយ នៃក្រុងហុងកុង (Head, Chief Executive’s Policy Unit, CPU)។ ជួបប្រជុំជាមួយលោកស្រី Christina CHEUNG មន្រ្តីទទួលបន្ទុកច្បាប់ នៃស្ថាប័នយុត្តិធម៌ហុងកុង ដោយបានចែករំលែកពីការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យសុខាភិបាល។បានទស្សនកិច្ចវប្បធម៌ នៅតំបន់គូលូងខាងលិច (West Kowloon Cultural District) ដែលជាគោលដៅវប្បធម៌ដ៏សំខាន់និងជាបេះដូងហុងកុង។ បានអញ្ជើញទៅទស្សនកិច្ចមន្ទីរពិសោធន៍ នៃរោងចក្រផលិតឱសថសំខាន់មួយនៃទីក្រុងហុងកុង Synco Hong Kong Ltd.  លទ្ធផល នៃទស្សនកិច្ច៖ ទស្សនកិច្ចរយៈពេល ៣ ថ្ងៃនេះ គឺជាទស្សនកិច្ចគ្រប់ជ្រុងជ្រោយមួយដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដូចខាងក្រោម៖− ពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ដើម្បីរក្សាចំណងសាមគ្គីភាព និងមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ។− ទទួលបានបទពិសោធន៍ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល នៃប្រទេសកម្ពុជា រួមមាន៖ ទំនើបកម្មសេវាព្យាបាលមន្ទីរពេទ្យកម្រឹតចុងក្រោយ (tertiary hospitals) ការពង្រឹងច្បាប់ បទដ្ឋានគតិយុត្តិជាទូទៅ ក្នុងដំណើរអភិវឌ្ឍន៍ការផ្តល់សេវាប្រកបដោយតម្លាភាព និងគ្មានការរើសអើង ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវីជ្ជាជីវ:សុខាភិបាល ទាំងផ្នែកជំនាញឯកទេស និងស្រាវជ្រាវ ការរៀបចំគោលនយោបាយ អភិបាលកិច្ច និងនិយ័តកម្មសេវាសុខាភិបាល ទាំងផ្នែកសាធារណៈ និងឯកជន ពង្រឹងការគ្រប់គ្រងវិជ្ជាជីវៈសុខាភិបាល តាមរយៈក្រុមប្រឹក្សាគណៈវិជ្ជាជីវៈ ការស្រាវជ្រាវ និងការទប់ស្កាត់ការរាត្បាតជំងឺឆ្លងថ្មីៗ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ដើម្បីវិភាគ និងស្រាវជ្រាវឱ្យបានទាន់ពេលវេលា ប្រព័ន្ធគ្រប់គ្រងគុណភាពតាមស្តង់ដា ធានាបាននូវសុវត្ថិភាពប្រសិទ្ធភាព របស់អ្នកជំងឺ ប្រើប្រាស់ប្រព័ន្ធកត់ត្រាវេជ្ជសាស្រ្តអេឡិចត្រូនិកនៅមន្ទីរពេទ្យ និងឧបករណ៍តាមដានជំងឺតាមបែបឌីជីថល ជាមួយនឹងការជំរុញការអភិវឌ្ឍន៍សុខាភិបាលឌីជីថល ពង្រឹងគុណភាព សុវត្ថិភាព និងប្រសិទ្ធិភាពផលិតផលឱសថ តាមរយៈការពង្រឹង និងទំនើបកម្មបច្ចេកទេសមន្ទីរពិសោធន៍ និងការជម្រុញការងារវិនិយោគវិស័យសុខាភិបាល។រយៈពេល ៣ថ្ងៃពេញ នៃដំណើរទស្សនកិច្ចនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្នុងគោលដៅស្វែងយល់បន្ថែមពីប្រព័ន្ធសុខាភិបាល នៅទីក្រុងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីយកមកធ្វើការឆ្លុះបញ្ចាំង និងអភិវឌ្ឍន៍វិស័យសុខាភិបាល កាន់តែរីកចម្រើនថែមទៀត ឱ្យស្របតាមបរិបទនៅកម្ពុជា៕អត្ថបទ រដ្ឋា

កម្ពុជា និង IFC ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍​មជ្ឈមណ្ឌលភស្តុភារកម្ម​ខេត្តព្រះសីហនុ

2025/03/27 03:30:14 pm        196
កម្ពុជា និង IFC ពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ ផ្តោតលើ ពង្រាងនីតិវិធីប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងកត្តាពាក់ព័ន្ធសំខាន់ៗ ដើម្បីជំរុញឱ្យការសិក្សាគម្រោងមួយនេះ ប្រព្រឹត្តទៅបានដោយរលូន។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុញ្ញាតជូន លោក Thomas Lubeck នាយកគ្រប់គ្រងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ែកខាងត្បូងនិងខាងកើត និងទទួលបន្ទុក លើសេវាកម្មប្រឹក្សាផ្នែកប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ព្រមទាំងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារ ដោយមានការចូលរួមផងដែរពី អ្នកតំណាងក្រសួងសេដ្ខកិច្ច និងហិរញ្ញវត្ថុ។ទាក់ទិនជំនួបនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា លើវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្ម ខេត្តព្រះសីហនុ ដោយផ្តោតលើពង្រាងនីតិវិធីប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន និងកត្តាពាក់ ព័ន្ធសំខាន់ៗផ្សេងទៀត សំដៅជំរុញឱ្យការសិក្សាគម្រោងមួយនេះប្រព្រឹត្តទៅបានដោយរលូន តាមផែនការដែលបានគ្រោងទុក។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ គ្រោងនឹងការបង្កើតនូវមជ្ឈមណ្ឌលភស្តុភារកម្មដ៏ទំនើបមួយ ដែលធ្វើសមាហរណកម្មសេវាភស្ដុភារកម្មទាំងឡាយ សម្រាប់ការលើកដាក់ទំនិញ និងទូកុងតេន័រទាំងក្នុងស្រុក និងអន្ដរជាតិ។ គម្រោង មជ្ឈមណ្ឌលភស្តុភារកម្មនេះ គ្រោងនឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែព្រះសីហនុ (SPSEZ) ដែលនឹងចូលរួមបង្កើន សមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ ក៏ដូចជាជំរុញទៅដល់ការរីកលូតលាស់ នៃវិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជាផងដែរ។ ក្រៅពីការ ផ្ដល់នូវសេវាភស្ដុភារកម្មបែបប្រពៃណីដូចជាការដឹកជញ្ជូន, ការផ្ទុកទំនិញ, ការប្រមូលផ្តុំទំនិញ និងការចែកចាយទំនិញ, មជ្ឈមណ្ឌល ភស្តុភារកម្មនេះ ក៏នឹងផ្ដល់នូវសេវាកម្មបន្ថែមផ្សេងទៀតដូចជា ប្រព័ន្ធគ្រប់គ្រងទំនិញ និងការបំពេញបែបបទពន្ធគយសម្រាប់ទំនិញ ចេញចូល និងសម្រួលទៅដល់អ្នកផ្ដល់សេវាកម្មផ្សេងៗទៀតដូចជា ឃ្លាំងផ្ទុកទំនិញជាប់ពន្ធជាដើម។ ទន្ទឹមនេះ គម្រោងក៏នឹងនាំមក នូវសេវាភស្ដុភារកម្មបែបថ្មីដូចជា ខ្សែច្រវ៉ាក់ទំនិញត្រជាក់, ការផ្ទុកទំនិញរាយដែលតិចជាងកុងតឺន័រ, និងប្រព័ន្ធគ្រប់គ្រងអ្នកផ្គត់ផ្គង់ ទំនិញផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឧបករណ៍ប្រពៃណីខ្មែរចាប់ផ្តើមលក់ដាច់ ខណៈពិធីបុណ្យចូលឆ្នាំថ្មីខិតជិតចូលមកដល់

2025/03/27 03:15:18 pm        179
ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចាប់ផ្ដើមនៅពាក់កណ្ដាលខែក្រោយនេះ របរ​ប្រើប្រាស់ ប្រពៃណីខ្មែរ ចាប់ផ្ដើមមានតម្រូវការច្រើន ដោយ​ប្រជាពលរដ្ឋ​បាននាំ​គ្នា​ទិញ​របស់​របរ​ទាំង​នេះ យកទៅតុប តែងលំអគេហដ្ឋាន សាលារៀន វត្តអារាម និងស្ថាប័ននានា។អ្នកលក់ឧបករណ៍ប្រើប្រាស់ប្រពៃណីខ្មែរ នៅក្នុងក្រុងតាខ្មៅ នៅថ្ងៃទី២៧ ខែមីនា នេះ បានប្រាប់ BTVថា ឥឡូវនេះ ការលក់របស់របរប្រពៃណីខ្មែរចាប់ផ្តើមលក់ដាច់ជាបណ្ដើរៗ ព្រោះនៅតាមក្រសួង ស្ថាប័ននានា បានទិញយកទៅតុបតែងលម្អរៀបចំសង្ក្រាន្ត និងត្រៀមទទួលស្វាគមន៍ទេវតាឆ្នាំថ្មី។អ្នកលក់ទាំងនោះ បានបន្តថា របស់របរប្រពៃណី ដែលអតិថិជនបានទិញមានដូចជា មួកត្នោត ទ្រូ អង្រុត លប និងកញ្ជើ ជាដើម។ ពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តគាំទ្ររបស់របរប្រពៃណីខ្មែរ ដើម្បីចូលរួមចំណែកថែរក្សាប្រពៃណីខ្មែរ និងផលិតផលក្នុងស្រុក ។មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាមបណ្តាវត្តអារាម សាលារៀន ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជននានា បានរៀបចំកម្មវិធីសង្ក្រាន្តយ៉ាងផុសផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី។នៅឆ្នាំ២០២៥ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខនេះ ដែលថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ, ថ្ងៃទី ២ ជាថ្ងៃ វារៈវ័នបត,និងថ្ងៃទី ៣ ជាថ្ងៃឡើងស័ក៕ អត្ថបទ៖ទូច សោភ័ណ 

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» កំពុងគាំទ្រដល់ធុរកិច្ចថ្មីឲ្យក្លាយជាធុរកិច្ចមានសក្តានុពល

2025/03/27 02:59:10 pm        173
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានកំពុងគាំទ្រដល់ធុរកិច្ចថ្មី ឲ្យក្លាយជាក្រុមហ៊ុន​ដែល​អាច​ផ្តល់នូវសេវា និងផលិតផលថ្មីៗ មានសក្តានុពល ឆ្លើយតបនឹងតម្រូវការទីផ្សារ ជូនដល់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ និងជាការចូលរួមចំណែកលើកកម្ពស់ដល់ កំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» លើកឡើងនៅក្នុងការរៀបចំ «ថ្ងៃបទ បង្ហាញសាធារណៈ» ដែលជាវគ្គចុងក្រោយ នៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣ នៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២៤ នេះថា កម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៣ គឺជាកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មី ដែលអាចបង្កើត និងផ្ដល់ជាថ្នាលឌីជីថល ឬដំណោះស្រាយបែបឌីជីថលប្រកបដោយនវានុវត្តន៍ ឆ្លើយតបនឹងតម្រូវការទីផ្សារ។ កម្មវិធីនេះត្រូវបានរៀបចំក្នុងរយៈពេល ១៤ សប្ដាហ៍ និងបែងចែកជា៣ដំណាក់កាលរួមមាន៖ វគ្គជំរុំចាប់ផ្តើម (Bootcamp), វគ្គពន្លឿនអាជីវកម្ម (Acceleration), និងថ្ងៃបទ បង្ហាញសាធារណៈ (Demo Day) ។ជុំវិញគម្រោងខាងលើនេះ, ឯកឧត្តមបណ្ឌិត បានបង្ហាញនូវ សេចក្តីសោមនស្សរីករាយ សម្រាប់សមិទ្ធិផលនៃកម្មវិធីពន្លឿន អាជីវកម្មថ្នាលឌីជីថលរដូវកាលទី ៣ នៅក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយៈការជ្រោមជ្រែងធុរកិច្ចថ្មី ដែលមានសក្តានុពលខ្ពស់ នៅប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីក្នុងកម្ពុជា ឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។ ឯកឧត្តមបណ្ឌិត ក៏បានប្តេជ្ញាចិត្ត ក្នុងការអភិវឌ្ឍ ទិដ្ឋភាពនៃធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬផ្តួចផ្តើមសកម្មភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តការ បណ្ដុះបណ្ដាលធនធានទេពកោសល្យ និងបណ្តុះស្មារតីសហគ្រិនបន្ថែមទៀត។ជុំវិញកម្មវិធីខាងលើនេះ, មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានទទួលពាក្យស្នើសុំពីបេក្ខជនចំនួន ៧០ ក្រុម ប៉ុន្តែក្រោយការ សម្រាំងនិងឆ្លងកាត់ ៣ ដំណាក់កាលរួចមក កម្មវិធីនេះបានរកឃើញធុរកិច្ចឆ្នើមចំនួន ៥ រួមមាន៖ Golden Spiral Co., Ltd., Mainichi Digital, Polymer Invoice, Scholarar, និង Zippy Express ដែលអាចឈានបន្តទៅកាន់ «ថ្ងៃបទបង្ហាញសាធារណៈ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថលរដូវកាលទី៣។ ចំពោះធុរកិច្ចឆ្នើមទាំងនេះ ត្រូវបានផ្តល់ជូនទុនវិនិយោគ ដែលមិនយកភាគហ៊ុនសរុបចំនួន ១២៨ លានរៀល ដល់ធុរកិច្ចថ្មីឆ្នើមទាំង ៥ ក្រុម ដោយក្រុមនីមួយៗទទួលបានប្រាក់ វិនិយោគ ចំនួន ២០ លានរៀល។ ក្នុងនោះតាមរយៈការធ្វើបទបង្ហាញអំពីអាជីវកម្មនៅក្នុងវគ្គផ្តាច់ព្រ័ត្រ, គណៈកម្មការបានសម្រេចផ្តល់នាម “Top Performance” ទៅកាន់ Polymer Invoice ជាមួយនឹងទឹកប្រាក់ ២០ លានរៀល និងនាម “Most Collaborative” ទៅកាន់ Scholarar ជាមួយនឹងទឹកប្រាក់ ៨ លានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញរូបថតមួយសន្លឹកជាពេល​កម្ពុជាឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ដំបូង ហើយសម្ដេចបានចូលរួមប្រឈម និងដោះស្រាយនូវវិបត្តិនោះ

2025/03/27 02:44:03 pm        338
នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះរូបថតមួយសន្លឹក​ដែលពេលនោះ​ប្រទេសកម្ពុជា​ គឺ​ស្ថិត​ក្នុង​ដំណាក់កាលដំបូង នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ហើយសម្ដេច​បានចូលរួម​ដោះស្រាយនៅវិបត្តិមួយនេះ។ តាមរយៈបណ្ដាញសង្គមសម្ដេចធិបតី នាយករដ្ឋមន្ត្រីបានសរសេរថា «មួយភ្លែតសោះ ៤​ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ។ រូបថតនេះ គឺក្នុងពេលដែលខ្ញុំកំពុងដឹកនាំរៀបចំមន្ទីរពេទ្យហ្លួងម៉ែ (អតីត​មន្ទីរ​ពេទ្យ​ស្ត្រី នគរទេព) ដើម្បីប្រែក្លាយជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ បន្ទាប់​ពី​បញ្ចប់​ការ​រៀប​ចំ​មណ្ឌល​ព្យាបាល​ជំងឺ១៩ នៅសណ្ឋាគារ The Great Duke។»សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍​ថា សម្ដេច​នៅចាំច្បាស់ថានៅពេលនោះ គឺយើង​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​មិន​ច្បាស់​លាស់​អំពី​អនាគត​របស់​ប្រទេស​ជាតិ និង​ប្រជាជន​យើង​នៅ​ឡើយ នៅក្នុង​ដំណាក់​កាល​ដែល​មាន​ការ​ឆ្លង​ និង​ស្លាប់​មនុស្ស​ជា​ច្រើន​នៅ​តាម​បណ្ដា​ប្រទេស​នានា​លើ​សកល​លោកដោយសារជំងឺកូវីដ១៩។ ដោយឡែកនៅព្រះរាជាណាចក្រកម្ពុជា ពេល​នោះ​គឺ​ជាដំណាក់កាលដំបូង នៃការឆ្លងរីករាលដាលនៅក្នុងសហគមន៍ ដែល​មាន​អ្នក​ឆ្លង​កើន​ឡើង​យ៉ាង​លឿន។ ជាក់ស្ដែងនៅរាជធានីភ្នំពេញមានអ្នកឆ្លងជំងឺកូវីដ១៩ រាប់រយនាក់ក្នុងមួយថ្ងៃ ដែល​មន្ទីរ​ពេទ្យ​របស់យើងមិនអាចរ៉ាប់រងបាន។សម្ដេចធិបតីបន្តថា ទោះស្ថិតនៅក្នុងស្ថានភាពមិនច្បាស់លាស់អំពីការវិវឌ្ឍន៍ នៃជំងឺកូវីដ១៩ នា​ពេល​នោះ​ក៏​ដោយ អ្វីដែលច្បាស់សម្រាប់សម្ដេច​នាពេលនោះគឺ បើយើងនៅស្ងៀមមិនធ្វើអ្វីសោះ បញ្ហា​នឹងមិនរលាយបាត់នោះទេ។ ផ្ទុយទៅវិញបញ្ហាអាចវិវឌ្ឍន៍កាន់តែធ្ងន់ធ្ងរទៅទៀត។ ហេតុ​ដូច្នេះ​យើង​មិនមានជម្រើសអ្វីក្រៅអំពីការប្រឈមផ្ទាល់ជាមួយនឹងបញ្ហា ហើយខិត​ខំ​ចូល​រួ​ម​ដោះស្រា​យ​ទៅ​តាមលទ្ធភាពដែលយើងអាចធ្វើទៅបាន រួមទាំង​ការ​រៀប​ចំ​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល និង​ពេទ្យ​ព្យាបាល​កម្រិត​ធ្ងន់​សម្រាប់​ព្យាបាល និង​សង្គ្រោះជី​វិត​ប្រជា​ពលរដ្ឋ​ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ ឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាននៅពេលនោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM