ក្រសួងព័ត៌មាន ប្រគល់ថវិកា ១០៦លានរៀល ប្រមូលបានពីព្រឹត្តិការណ៍រត់ដើម្បីមនុស្សធម៌​ «ដើម្បីកុមារ ដើម្បីអនាគតយើង» ជូនមូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់គាំទ្រការព្យាបាល និងថែទាំសុខភាពកុមារដោយឥតគិតថ្លៃ
អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង

ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

2025/03/27 02:11:53 pm        111
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានជួបសំណេះសំណាលជាមួយអភិបាលស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ និងយុវជន នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ជំនួបសំណេះសំណាលរបស់ឯកឧត្តមរដ្ឋមន្រ្តី មានគោលដៅពង្រឹងការងារមូលដ្ឋានគ្រប់វិស័យ ដោះស្រាយបញ្ហារាំងស្ទះឱ្យមានភាពល្អប្រសើរ ពិនិត្យការងារកសិកម្ម និងជំរុញការងារអត្រានុកូលដ្ឋាន ផ្តល់សេវាសាធារណៈឱ្យបានល្អដាច់គេទូទាំងប្រទេសជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន និងពង្រឹងភូមិ ឃុំមានសុវត្ថិភាព ធ្វើយ៉ាងណាមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។ពាក់ព័ន្ធនឹងការងារកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្រ្តីកសិកម្មឃុំ ជាពិសេសការចងក្រងសហគមន៍កសិកម្មទំនើប ដើម្បីឱ្យកសិករបានទទួលជ្រាប និងចូលរួមចងក្រង សំដៅផ្តល់ផលចំនេញសេដ្ឋកិច្ច ចេះធ្វើការរួមគ្នា អនុវត្តកិច្ចសន្យាផលិតកម្មត្រឹមត្រូវ ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ ហើយក្រសួងកសិកម្មនឹងតាមជួយសម្របសម្រួល ធ្វើយ៉ាងណាឱ្យទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ ប្រភពដដែល បានឲ្យដឹងទៀតថា នៅរសៀលថ្ងៃដដែរនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មប្រសាទបន្ទាយឆ្មារ ដើម្បីជំរុញការចងក្រងសហគមន៍កសិកម្មទំនើប និងស្វែងរកទីផ្សារកសិផល នៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។លោក ជឿ រតនា ប្រធានសហគមន៍កសិកម្មប្រាសាទបន្ទាយឆ្មារ បានរាយការណ៍ឱ្យដឹងថា សហគមន៍មានសមាជិកចំនួន ២០០គ្រួសារ មានផ្ទៃដីដាំដុះសរុបប្រមាណ ១០០ហិកតា ដោយដាំដុះលើដំណាំឪឡឹកលឿង ត្រសក់ស្រូវផ្អែម ប៉េងប៉ោះឈើរី ផ្កាខាត់ណាខៀវ ម្ទេស ល្ពៅ និងដំណាំរួមផ្សំច្រើនមុខទៀតសម្រាប់ផ្គត់ផ្គង់ទីផ្សារ។ លោកប្រធានសហគមន៍ បានស្នើសុំ ឯកឧត្តមរដ្ឋមន្រ្តី ពិនិត្យលទ្ធភាពចងក្រងជាសហគមន៍កសិកម្មទំនើប ដើម្បីទទួលបានទុនកម្ចីការប្រាក់ទាប អាចពង្រីកហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសំណាញ់ ប្រព័ន្ធស្រោចស្រពសម្រាប់ផលិតកម្ម និងមានហានិភ័យទីផ្សារទាប តាមរយៈការរៀបចំផែនការផលិតតម្រូវទៅតាមតម្រូវការទីផ្សារជាក់ស្ដែង។ដោយមើលឃើញពីសក្តានុពល ឯកឧត្តមរដ្ឋមន្ត្រី លើកទឹកចិត្តឱ្យប្រធានសហគមន៍ និងសមាជិក ពិភាក្សា និងប្រមូលគ្នាឱ្យបានច្រើន ដើម្បីអាចប្រែក្លាយជាសហគមន៍កសិកម្មទំនើប មានការគិតគូរថ្មី ចេះធ្វើការជាមួយគ្នា មានផែនការជាក់លាក់ ថ្លឹងថ្លែងពីតម្រូវការនិងការផ្គត់ផ្គង់ មានកិច្ចសន្យាផលិតកម្មច្បាស់លាស់ ជាពិសេសតម្កល់ផលប្រយោជន៍រួមជាធំ និងចែកផលចំនេញតាមសមាមាត្រផលិតកម្ម ហើយក្រសួងកសិកម្មនឹងរកទីផ្សារ និងអ្នកទទួលទិញដល់សហគមន៍ផ្ទាល់៕

រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ

2025/03/27 02:11:23 pm        179
ភ្នំពេញ ÷ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រាជធានីនៅភ្នំពេញ បានប្រកាសបិទបញ្ចប់ការចុះបញ្ជីដីធ្លីលក្ខណ:ជាប្រព័ន្ធ ជូនប្រជាពលរដ្ឋហើយ កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីចែក   បណ្ណសម្គាល់អចលនវត្ថុចុងក្រោយ ចំនួន ២ពាន់ក្បាលដី សិ្ថតនៅភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង។ លោក ប្លុង សីហៈ ប្រធានការិយាល័យដែនដីខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា នៅទូទាំងខណ្ឌពោធិ៍សែនជ័យដែលមានសង្កាត់ចំនួន ៧ ស្មើនឹង ៧៥ភូមិ ត្រូវបានចុះបញ្ជីលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិ ដែលរួមទាំងពេលនេះផងគឺរួចរាល់អស់ហើយ ក្នុងចំណោមម្ចាស់ដីដែលបានចូលរួមជាមួយមន្ត្រីជំនាញ។ ដោយឡែកម្ចាស់ដីមួយចំនួន ដែលមិនបានចូលរួមអំឡុងពេលវាស់វែងកន្លងទៅ ក៏នៅមានសិទ្ធិក្នុងការចុះបញ្ជីបន្ថែមបានដែរ ប៉ុន្តែតម្រូវឱ្យដាក់ពាក្យស្នើសុំ នៅការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ ដែលមានការបញ្ជាក់ត្រឹមត្រូវ រួមទាំងថ្លៃសេវាចុះបញ្ជីនេះផងដែរ។ ដូន្នេះ លោកអំពាវនាវសូមឱ្យមានការរួសរាន់។ចំណែកប្រជាពលរដ្ឋភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ដែលបានចូលរួមក្នុងពិធីប្រគល់/ទទួល    ប័ណ្ណកម្មសិទ្ធិចុងក្រោយនេះ បានសម្តែងការសប្បាយរីករាយ និងអរគុណជាអនេកដល់ក្រុមការងារ និងអាជ្ញាធរដែនដី ពិសេស អរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់សិទ្ធិកាន់កាប់ដីធី្លពេញលេញដល់ពួកគាត់ ព្រោះបណ្ណកម្មសិទ្ធនេះ មានសារសំខាន់ណាស់សម្រាប់ពួកគាត់ ទាំងកាប្រើប្រាស់ និងការកាន់កាប់។ ជាមួយគ្នានេះ លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងការសាទរ ចំពោះការបញ្ចប់ការចុះបញ្ជី និងចែកបណ្ណដីធ្លីក្នុងខណ្ឌនាពេលនេះ ព្រោះការចុះបញ្ជីលក្ខណៈជាប្រព័ន្ធនេះមានសារសំខាន់ និងផលប្រយោជន៍ច្រើនណាស់សម្រាប់ពលរដ្ឋ ទាំងការគ្រប់គ្រង និងការប្រើប្រាស់ ជាពិសេស អំឡុងពេលដែលក្នុងមូលដ្ឋាន ក៏ដូចប្រទេសជាតិទាំងមូល កំពុងអភិវឌ្ឍ ដែលចាំបាច់ត្រូវមានប្លង់កម្មសិទ្ធិច្បាស់លាស់៕   ដោយឡែក លោក ប៊ិន សូឈី អនុប្រធានមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានបញ្ជាក់ថា ដំណើរការនៃការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅក្នុងទូទាំងរាជធានី រហូតមកដល់ពេលនេះ គឺបានចំនួនជាង ៤៥ ម៉ឺនក្បាលដីហើយ ក្នុងចំណោមក្បាលដីសរុបប្រមាណ ៥០ម៉ឺនក្បាលដី។ ក្នុងនោះ បានបិទផ្សាយសាធារណៈជាង ៤៣ ម៉ឺនក្បាលដី និងចែកប័ណ្ណបានជាង​ ២៩ ម៉ឺនក្បាលដី លើសង្កាត់ចំនួន ៩៧ ក្នុងចំណោមសង្កាត់សរុប ១០៥ របស់រាជធានីភ្នំពេញ។ ជារួមនៅក្នុងរាជធានីភ្នំពេញដែលមាន ១៤ខណ្ឌ គឺបានចុះបញ្ជី និងចែកប័ណ្ណបញ្ចប់បានចំនួន ៧ ខណ្ឌហើយ និងកំពុងគ្រោងបញ្ចប់ជាបន្តបន្ទាប់ទៀត ខណៈផែនការដែលត្រូវបញ្ចប់ទាំងស្រុង គឺនៅត្រឹមដំណាច់ឆ្នាំ២០២៥។ ប៉ុន្តែទោះជាយ៉ាងណាលោកថា សម្រាប់ខណ្ឌ៧មករាមិនទាន់អាចបញ្ចប់បានទេ ដោយសារត្រូវរកនីតិវិធីបន្ថែម ខណៈខណ្ឌនេះមានអគារ និងលំនៅឋានជាច្រើន ជាប់សហកម្មសិទ្ធិច្រើននាក់។ ក្រៅពីនេះ ក៏នៅមានក្បាលដីប្រមាណ ១០%ទៀតដែរ ដែលត្រូវចុះបញ្ជីបន្ត ដោយសារកន្លងមក ម្ចាស់ដីមិនបានចូលរួមជាមួយមន្ត្រីជំនាញ។

ឯកឧត្តមបណ្ឌិត ម៉ឹង មករា អញ្ញើញពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ អំពីសេដ្ឋកិច្ចកសិកម្ម និងការបញ្ចូលសមាជិកសហគមន៍កសិកម្ម កសិករសែនជ័យ

2025/03/27 01:31:44 pm        83
ភ្នំពេញ ÷ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ ជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតី ក្នុង "ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ អំពីសេដ្ឋកិច្ចកសិកម្ម និងការបញ្ចូលសមាជិកសហគមន៍កសិកម្ម កសិករសែនជ័យ" ដែលប្រព្រឹត្តិទៅក្នុងបរិវេណ សហគមន៍កសិកម្ម កសិករសែនជ័យ នៅតំបន់អូតាកេរ្តិ៍ ភូមិដំណាក់អំពិល ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរស្រុកជើងព្រៃ ប្រជាកសិករក្រុមផលិតរបស់សហគមន៍ និងប្រជាពលរដ្ឋដែលមានលំនៅឋានជុំវិញសហគមន៍ សរុបចំនួនជាង ១០០០នាក់។កម្មវិធីសំណេះសំណាលនេះនាសប្ដាហ៍កន្កងទៅ ដោយធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយពីគុណប្រយោជន៍នៃការចូលរួម និងចងក្រងជាសមាជិកក្រុមផលិតរបស់ សហគមន៍កសិកម្ម ដែលអាចនិងជួយដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ ក្នុងសង្វាក់ផលិតកម្ម ដំណាំស្រូវ ដំណាំបន្លែ និងវារីវប្បកម្ម។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានផ្សព្វផ្សាយនូវផែនការជួយជាហិរញ្ញវត្ថុ បច្ចេកទេស និងការរកទីផ្សារ ជូនដល់ប្រជាកសិករដែលមានបំណងចូលរួមជាក្រុមផលិតរបស់ សហគមន៍កសិកម្ម កសិករសែនជ័យ។ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងនូវប្រវត្តិនៃការកកើត "សហគមន៍កសិកម្ម កសិករសែនជ័យ" ដោយចាប់ផ្តើមពីការមើលឃើញនូវទុក្ខលំបាក និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅជនបទ ក្រុមការងារ សមាគមយុវជនក្រុម៨ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា និងក្រោមការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅឆ្នាំ២០១៦ បានបង្កើតនូវ "កសិដ្ឋានកសិកម្មគំរូ" នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីដាក់ចុះនូវដំណោះស្រាយចំបងៗរបស់ប្រជាកសិករនៅមូលដ្ឋាន។ កសិដ្ឋានកសិកម្មគំរូ មួយនេះត្រូវបានប្រែក្លាយពី កសិដ្ឋានគំរូ មកជា "សហគមន៍ កសិកម្មគំរូ" ដោយទទួលបាននូវអាជ្ញាប័ណ្ណនៅ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលសហគមន៍កសិកម្មមួយនេះបានកំពុងរួមចំណែកអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្ម ដើម្បីលើកស្ទួយកម្រឹតជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាកសិករ ដោះស្រាយបញ្ហាគ្មានលទ្ធភាពសងបំណុល ការធ្វើចំណាកស្រុក ជាពិសេស រួមចំណែកជម្រុញប្រែក្លាយវិស័យកសិកម្មឱ្យក្លាយជាសរសរស្តម្ភមួយ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ កសិកម្ម ជាវិស័យដ៏មានសារៈសំខាន់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់ និងទាមទារឲ្យមានការចូលរួមសហការរវាង រដ្ឋ ពលរដ្ឋ និងវិស័យឯកជន។ ក្រុមការងារ សមាគមយុវជនក្រុម៨ បានលះបង់ ពុះពារគ្រប់ឧបសគ្គ សម្រេចបានបង្កើតនូវ "សហគមន៍កសិកម្ម កសិករសែនជ័យ" ដើម្បីធ្វើជាមណ្ឌលប្រមូលផ្តុំប្រជាកសិករឲ្យសហការគ្នាក្នុងការផលិតកសិផល ធានាបាននូវគុណភាព បរិមាណផលិត ការផ្គត់ផ្គង់ និងតម្លៃ។ សហគមន៍កសិកម្ម កសិករសែនជ័យ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល និងវិស័យឯកជន ប្រែក្លាយតំបន់អូតាកេរ្តិ៍ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ទៅជាតំបន់ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍជាតំបន់កសិទេសចរ និងកសិឧស្សាហកម្ម នាថ្ងៃអនាគត។ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ក៏បានសំណេះសំណាល និងពន្យល់ដល់ប្រជាពលរដ្ឋ អំពីសារៈសំខាន់នៃតួនាទីរបស់ប្រជាកសិករក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានានូវសន្តិសុខស្បៀងសម្រាប់ប្រទេសជាតិ។ ប្រជាកសិករអាចបង្កបង្កើនផល ប្រកបអាជីវកម្មទៅបាន ក៏អាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី និងមានការអភិវឌ្ឍន៍ពេញលេញ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលស្នាដៃដ៍ឧត្តុង្គឧត្តមនេះ ត្រូវបានបន្តវេនដោយ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំពុងដឹកនាំនាវាកម្ពុជា ប្រកបដោយថាមពល ចក្ខុវិស័យវែងឆ្ងាយ រក្សាបាននូវសុខសន្តិភាព ការអភិវឌ្ឍន៍ជាបន្តបន្ទាប់ ប្រកបដោយនិរន្តរភាព និងចីរភាព។ ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាបញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋ ការពារ និងបម្រើប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ដើម្បីធានាឲ្យបាននូវ សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជូនជាតិ មាតុភូមិ និងប្រជាជនកម្ពុជា៕ ដោយ៖ កុម្ភៈ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ កម្ពុជាជាប្រទេសមួយរងគ្រោះដោយការ​គម្រាម​កំហែង​ពី​បទ​ល្មើស​ឆ្លង​ដែន និងឆបោកតាមប្រព័ន្ធអនឡាញ

2025/03/27 01:19:47 pm        246
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា​ប្រធាន​គណៈ​កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានលើកឡើងថា កម្ពុជា ជា​ប្រទេសមួយដែលរងគ្រោះដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន ដែលក្រុមឧក្រិដ្ឋជន បាន​ពង្វក់ស្មារតីប្រជាពលរដ្ឋ ឱ្យឆ្កួត វង្វេង និងរងគ្រោះជាដើម។ក្នុងកម្មវិធី​ផ្សព្វផ្សាយផ្សព្វផ្សាយរបាយការណ៍ជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ​២០២៤ និង លើកទិសដៅការងារ ឆ្នាំ២០២៥ របស់ គ.ជ.ប.ជ នៅទីស្ដីការក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «កម្ពុជា ក៏​ជាប្រទេសមួយ ដែលរងគ្រោះ ដោយការគម្រាមកំហែងពីបទល្មើសឆ្លងដែន មានជាអាទិ៍ បទ​ល្មើស​ជួញ​ដូរមនុស្ស បទល្មើសជួញដូរ ចែកចាយគ្រឿងញៀន និងបទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាដើម ដែលក្រុមឧក្រិដ្ឋជន បាន និងកំពុងពង្វក់ស្មារតីប្រជាពលរដ្ឋក្មេង ចាស់ ប្រុស​ស្រី ឱ្យឆ្កួត វង្វេង និងរងគ្រោះ ទាំងផ្លូវកាយ ផ្លូវចិត្ត បញ្ញាស្មារតី ទ្រព្យធន និងផ្លូវភេទយ៉ាងធ្ងន់ធ្ងរ រហូត​ដល់​មានរបួស ពិការ វិបល្លាសស្មារតី ឬបាត់បង់ អាយុជីវិតថែមទៀតជាដើម»។ឯកឧត្តមអភិសន្ដិបណ្ឌិតបានបន្ដថា បញ្ហាភាពរងគ្រោះ និងងាយរង​គ្រោះ​របស់​ប្រជាជន​កម្ពុជា​ដែល​ធ្វើ​ទេសន្តរប្រវេសន៍នៅប្រទេសគោលដៅមួយចំនួន ជាពិសេស ក្នុងវិស័យនេសាទសមុទ្រ មិន​ទាន់​ត្រូវដោះស្រាយបាននៅឡើយផង ក៏មានប្រជាជននៃបណ្តាប្រទេសក្នុងតំបន់ និង​ក្រៅ​តំបន់ ហូរចូលមកប្រទេសកម្ពុជា ទាំងដោយស្របច្បាប់ ទាំងមិនស្របច្បាប់ និងបាន​បង្កើត​មូល​ដ្ឋាន​ប្រព្រឹត្តបទល្មើសដោយសម្ងាត់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កប់​នូវ​បទ​ល្មើស​ពាក់ព័ន្ធដទៃទៀត រួមទាំងអំពើបង្ខិតបង្ខំដោយគម្រាមកំហែង កេងប្រវ័ញ្ច ជួញដូរ រំលោភ បំពានលើរាងកាយ ផ្លូវភេទ ជាដើម និងអូសទាញ​ឱ្យ​មាន​ការ​ចូល​រួម​ក្នុង​បណ្តាញ​បទ​ល្មើស​យ៉ាង​ច្រើនកុះករ ដោយ មានទាំងជនល្មើស ទាំងជនរងគ្រោះ។ ឯកឧត្តមអភិសន្ដិបណ្ឌិត បានបន្ថែមថា សមត្ថកិច្ចកម្ពុជា ទទួលបានសេចក្តីរាយការណ៍ និង​ធ្វើ​ប្រតិបត្តិការបង្ក្រាប ទីតាំងដែលសង្ស័យថាប្រព្រឹត្តបទល្មើស ជាបន្តបន្ទាប់ ហើយបា​ន​សហការ​ជាមួយ​ស្ថានទូត ឬស្ថានតំណាង បេសកកម្មនៃបណ្តាប្រទេសពាក់ព័ន្ធ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រជា​ពលរដ្ឋ​ខ្លួន ដែលត្រូវបានរកឃើញនៅកម្ពុជា និងចាប់ខ្លួនជន​សង្ស័យ​បញ្ជូន​ទៅ​តុលាការ​ផង​ដែរ​។ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី បានឱ្យដឹងទៀតថា តាមរបាយការណ៍ របស់អគ្គ​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មាធិការជាតិ ដែលបានបង្ហាញដោយ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គណៈ​កម្មាធិការជាតិប្រឆាំងអំពើជួញដូរមនុស្ស បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ អំពើ​ជួញ​ដូរមនុស្ស និងអំពើរធ្វើអាជីវកម្មផ្លូវភេទ មិនបានថយចុះឡើយ ថែមទាំងបានកើនឡើង ដែល​ជា​រួម​លទ្ធផលនៃការបង្ក្រាប បានដល់ ១៩៧ករណី គឺកើនចំនួន៣៣ករណី ស្មើនឹង ២០.១៥% បើ​ប្រៀបធៀបទៅនឹង លទ្ធផលនៃការបង្ក្រាបឆ្នាំ២០២៣។ សមត្ថកិច្ច បានកំណត់​អត្ត​សញ្ញាណ​រក​ឃើញ​ជនរងគ្រោះ ចំនួន៥២៣នាក់ និងឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ២៧៣ នាក់ ក្នុង​នោះមានជន បរទេស ៣០នាក់ផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺមានការ​កើន​ឡើង​នូវ​អំពើ​ជួញ​ដូរ ឬធ្វើអាជីវកម្មផ្លូវភេទ លើកុមារ ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ មាន​អនីតិ​ជន​រង​គ្រោះ អាយុក្រោម១៨ឆ្នាំ រហូតដល់ទៅ២៣០នាក់ ស្មើនឹង ៤៣.៩៧% នៃចំនួន​ជន​រង​គ្រោះ​សរុ​ប៕ អត្ថបទ៖ បាន ចក់

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងប្រៃសណីយ៍កម្ពុជា ចុះអនុស្សរណៈ​រួមគ្នា​ដើម្បី​ផ្តល់​សេវា​សាធារណៈ ជូនពលរដ្ឋឲ្យកាន់តែល្អ

2025/03/27 01:08:46 pm        228
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៃក្រសួងមហាផ្ទៃ និងប្រៃសណីយ៍កម្ពុជារបស់ក្រសួងប្រៃណីយ៍ និង​ទូរគមនាគមន៍ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ ២០២៥នេះ បានចុះអនុស្សរណៈរួមគ្នា ដើម្បី​ធ្វើ​យ៉ាង​ណារួមគ្នាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យ កាន់តែល្អប្រសើរ​បន្ថែម​ទៀត​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ថ្លែងនៅក្នុងកម្មវិធីចុះអនុស្សរណៈនោះ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានលើកឡើងថា ការ ចុះអនុស្សរណៈនេះ គឺពិតជាមានសារ​សំខាន់ខ្លាំង​ណាស់​សម្រាប់​ការ​លើកក​ម្ពស់​ការ​ផ្តល់​សេវា​រដ្ឋបាលលើការងារអត្តសញ្ញាណកម្មជូនប្រជាពលរដ្ឋ ឲ្យមានភាពទូលំទូលាយ ងាយស្រួល និង​​ឆាប់រហ័សបន្ថែមទៀត ជាពិសេសគឺការធ្វើអត្តសញ្ញាណកម្មនេះតែម្តង។ឯកឧត្តមឧត្តមសេនីយ៍ឯក តុប នេត បានលើកឡើងទៀតថា អនុស្សរណៈនេះ គឺជាការបោះជំ ហានដ៏សំខាន់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើការផ្តល់សេវារដ្ឋបាលជូនដល់បងប្អូនប្រជាពល រដ្ឋ ដែលជាការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ព្រមទាំងយុទ្ធ សាស្រ្តរបស់ក្រសួងមហាផ្ទៃ ក្នុងការផ្តល់សេវាសាធារណៈបែបទំនើប និងឆ្លើយតបទៅនឹងតម្រូវការរបស់ បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមបានបន្ថែមទៀតថាអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការផ្តល់សេវាប្រៃសណីយ៍ ពាក់ព័ន្ធនឹងអត្តសញ្ញាណកម្មនេះ គឺតាមគោលការណ៍ស្ម័គ្រចិត្ត គឺជាផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ ប្រជាពលរដ្ឋ ដោយពុំចាំបាច់មកទទួលយកឯកសារដោយផ្ទាល់នោះទេ។ថ្លែងនៅក្នុងពិធីចុះអនុស្សរណៈនោះដែរ លោកថេន សំវិសុទ្ធអគ្គនាយកប្រៃសណីយ៍កម្ពុជា បាន លើកឡើងផងដែរថា ការចុះអនុស្សរណៈនាពេលនេះ គឺជាការផ្តល់សេវាជូនដល់បងប្អូនប្រជាពលរដ្ឋប្រ កបដោយប្រសិទ្ធភាព និងសុវត្ថិភាពរួមទាំងធានានូវគុណភាពជាដើម។លោកថេន សំវិសុទ្ធ បានលើកឡើងផងដែរថា អនុស្សរណៈនេះគឺជាការតាំងចិត្តមួយរបស់ក្រសួង ក្នុងការផ្តល់សេវារដ្ឋបាលជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ចិត្ត និងខិតកាន់តែគៀកដល់ប្រជាពលរដ្ឋស្របទៅតាមគោលនយោ បាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា ដែលដឹក នាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានោះ៕ អត្ថបទ៖ បាន ចក់

កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក

2025/03/27 12:40:25 pm        324
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានសំដែងសេចក្តីត្រេកអរ ដោយលោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា «កម្ពុជាទទួលបានចំណាត់ថ្នាក់ឈានមុខក្នុងការអនុវត្តគម្រោងរេដបូកនៅលើពិភពលោក» នៅក្នុងឱកាសជួបសំដែងការគួសមនិងពិភាក្សាការងារជាមួយក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ក្រសួងបរិស្ថានមានមោទកភាពយ៉ាងជ្រាលជ្រៅ ដែលទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ ចំពោះគម្រោងរេដបូកនៅកម្ពុជាក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ដែលបានទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូននៅកម្ពុជា និងទទួលបានថវិកាពីការលក់ឥណទានកាបូនយកមកអភិរក្សព្រៃឈើនិងអភិវឌ្ឍជីវភាពសហគមន៍ ព្រមទាំងទទួលបានបរិមាណឥណទានកាបូនសម្រាប់រាប់បញ្ចូលទៅក្នុងផែនការនៃការកាត់បន្ថយការបំភាយ (NDC) សំដៅសម្រេចបាននូវចក្ខុវិស័យ «កម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០»។  ឯកឧត្តមក៏បានបញ្ជាក់ទៀតថា ការទទួលបានចំណាត់ថ្នាក់ដ៏ល្អនេះ ត្រូវបានឆ្លុះបញ្ចាំងនូវ គោលនយោបាយដ៏ត្រឹមត្រូវ និងកិច្ចខិតខំប្រឹងប្រែងដ៏សកម្មរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ជាមួយដៃគូ ស្ថាប័នពាក់ព័ន្ឌ រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសប្រជាពលរដ្ឋ នៅក្នុងការចូលរួមអនុវត្តគម្រោងរេដូកនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាក៏នឹងទទួលបាននូវការគាំទ្រពីមូលនិធិអាកាសធាតុបៃតងសកល (Green Climate Fund) ដែលគ្រោងនឹងផ្តល់ដល់កម្ពុជានូវចំនួន ៤០លានដុល្លា សម្រាប់អនុវត្តកម្មវិធីរេដបូកជាតិ នាសម័យសន្និសីទអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុលើកទី២៩ COP29 នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។  សូមបញ្ជាក់ថា ការអនុវត្តគម្រោងរេដបូកអនុវត្តនាពេលកន្លងមក ត្រូវបានផ្តល់ជំនួយបច្ចេកទេសពីអង្គការអន្តរជាតិពាក់ព័ន្ធ។ ជាជំហ៊ានបន្ទាប់នាពេលអនាគតដ៏ខ្លី ក្រសួងបរិស្ថាននឹងពង្រឹងសមត្ថភាពមន្រ្តីថ្នាក់ជាតិ ជាពិសេសមន្រ្តីថ្នាក់ក្រោមជាតិប្រជាសហគមន៍ ដើម្បីគ្រប់គ្រងទាំងស្រុងនូវការអនុវត្តគម្រោងរេដបូក។ ជាងនេះទៅទៀត ក្រសួងបរិស្ថានកំពុងកសាងសមត្ថភាពខ្លួនឱ្យក្លាយទៅជា «ស្ថាប័នមានសម្បទា Accredited Entity» ដើម្បីទទួលបានថវិកាដោយផ្ទាល់ពីមូលនិធិអាកាសធាតុបៃតង។ ក្រសួងបរិស្ថានប្តេជ្ញាអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេស «មុំនៃភាពបៃតង» ដោយបន្តពង្រឹងការអនុវត្តគម្រោងរេដបូកក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ពង្រីកការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗមកទិញឥណទានកាបូនចូលរួមអភិរក្សធនធានធម្មជាតិ និងអភិវឌ្ឍសហគមន៍មូលដ្ឋាន ជាពិសេសតាមរយៈ ការអភិវឌ្ឍគោលដៅលំហែបៃតងដែលត្រូវបានគ្រប់គ្រងផ្ទាល់ ដោយប្រជាសហគមន៍សាម៉ី ស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជំរុញឲ្យបង្កើតរបៀងគោលដៅលំហែបៃតង ផ្សារភ្ជាប់ជាមួយសហគមន៍មូលដ្ឋាន ដើម្បីសហគមន៍មានជីវភាពល្អប្រសើ ហើយនឹងចូលរួមការពារនិងអភិរក្សធនធានធាម្មជាតិ កាន់តែប្រសើរថែមទៀត។ សូមរម្លឹកជូនថា កិច្ចសហការ World Bank ជាមួយក្រសួងបរិស្ថានកន្លងមក គឺបានអនុវត្តលើគម្រោង គ្រប់គ្រងសំណល់រឹង នៅក្នុងដែនគម្រោងការពារធម្មជាតិ ធានានូវនិរន្តភាពទេសភាព ការអភិរក្សធនធានធម្មជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ៕

អភិបាលក្រុងស្វាយរៀងណែនាំដល់អ្នកម៉ៅការ ត្រូវស្ថាបនាសំណង់ផ្លូវនិងប្រព័ន្ធរំដោះទឹកឲ្យត្រូវនឹងបទដ្ឋាន

2025/03/27 12:23:15 pm        193
ស្វាយរៀង ÷ លោកភឹម ថា អភិបាលរងក្រុងស្វាយរៀងខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានណែនាំដល់ក្រុមអ្នកម៉ៅការដេញថ្លៃស្ថាបនាផ្លូវ និងប្រព័ន្ធរំដោះទឹកនៅក្នុងភូមិមួយចំនួនរបស់សង្កាត់ទាំង៥ ឲ្យបានត្រឹមត្រូវទៅនឹងលក្ខណៈបច្ចេកទេស ដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តបានកំណត់ដើម្បីធានាដល់ការប្រើប្រាស់នៃគុណភាពសំណង់ ។ លោកបានបញ្ជាក់ថាគុណភាពសំណង់ ដែលអស់លោកម៉ៅការពីម្ចាស់គម្រោងយកទៅស្ថាបនាដើម្បីរកចំណូលចំណេញ ពីការរកស៊ីវិនិយោគលើវិស័យសំណង់ ត្រូវគិតគូរស្ថាបនាឲ្យបានគត់មត់ដើម្បីធានាគុណភាពនិងសោភណ្ឌភាព ដើម្បីបញ្ជៀសពីការរិះគន់នៃគុណភាពសំណង់ពីពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន។ សូមបញ្ជាក់ថាគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធគមនាគមន៍ និងប្រព័ន្ធរំដោះទឹក ប្រើប្រាស់កញ្ចប់ថវិកាមូលនិធិសង្កាត់ឆ្នាំ២០២៥ ក្រុងស្វាយរៀងបានទទួលគម្រោងចំនួន៥ រូមមានគម្រោងកែលម្អផ្លូវថ្នល់ក្រាលបេតុង និងក្រាលខ្សាច់ភ្នំចំនួន៤ខ្សែ និងកែលម្អប្រព័ន្ធរំដោះទឹកចំនួន១០កន្លែង។                                                            

ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញ សំណេះសំណាលជាមួយក្រុមហ៊ុន​ផ្តល់សេវាអ៊ីនធឺណិត​នៅកម្ពុជា

2025/03/27 12:03:08 pm        322
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍​និង​ទូរ​គមនាគមន៍ បានអញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីន​ធឺណិត​នៅកម្ពុជា (ISP) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្រ្តីជំនាញ និង​តំណាង​ក្រុមហ៊ុន សរុបប្រមាណ ១១០នាក់ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ពិធីសំណេះសំណាលនេះ រៀបចំ​ឡើង​ក្នុង​គោលបំ​ណង​ផ្សព្វ​ផ្សាយ​សមិទ្ធ​ផល​នានា​ដែល​ក្រសួ​ង​សម្រេច​បាន​នាពេលកន្លងមក ការធ្វើទំនើបកម្មស្ថាប័ន ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការ​អភិវឌ្ឍ​ថ្នាល និងកម្មវិធីរដ្ឋាភិបាលឌីជីថល និងការបន្តអភិវឌ្ឍធនធានមនុស្សឌីជីថល ជាដើម។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាប​ជូនអំពី​បញ្ហា​ប្រឈម​នានា​ដែល​ក្រសួង​បាន​ទទួល​តាម​រយៈ​ការចុះសិក្សា និងប្រមូលព័ត៌មានផ្ទាល់ និងសារពីប្រជាពលរដ្ឋពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ទូរស័ព្ទ និង​សេវាអ៊ីនធឺណិត។ ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្ត​ឱ្យ​ប្រតិបត្តិករ​ផ្តល់​សេវាអ៊ីនធឺណិត ផ្តល់សេវាជូនប្រជា​ពលរដ្ឋ​ប្រកប​ដោយ​តម្លាភាព និង​ប្រកួត​ប្រជែង​ដោយ​ស្មោះត្រង់ ព្រមទាំងជម្រាបជូន​ឱ្យ​បាន​ច្បាស់​អំពី​សេវា​កម្មរបស់​ខ្លួន​ដើម្បី​ជៀស​វាង​ការ​ភាន់​ច្រឡំ ជាយថាហេតុ។បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យក្រុ​ម​ហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​លើក​ឡើង​អំពី​បញ្ហា​ប្រឈមនានា ដើម្បីឈានទៅរកដំណោះស្រាយឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាង​ណា​សម្រួល​ដល់​ការប្រកបអាជីវកម្មរបស់ក្រុមហ៊ុនដោយរលូន ព្រមទាំងធានា​ប្រសិ​ទ្ធ​ភាព​ផ្តល់​សេវា​ជូន​ប្រជា​ពលរដ្ឋឱ្យបានសមស្របតាមតម្រូវការ។សូមជម្រាបជូនថា កន្លងមកក្រុមការងារលើកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៃក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បានចុះ​សិក្សា​ និង​ប្រមូល​ព័ត៌មាន​លម្អិត​ពាក់​ព័ន្ធ​នឹង​គុណ​ភាព​សេវា​ទូរគមនាគមន៍ (សេវាទូរសព្ទ និងសេវាអ៊ីនធឺណិត) ក្នុងភូមិសាស្រ្តរាជធានី ខេត្ត ទូទាំង​ប្រទេស ដើម្បីធ្វើការកែលម្អ ពង្រឹង និងពង្រីកគុណភាព​សេវា​ទូរគមនាគមន៍​ជូន​ប្រជា​ពលរដ្ឋ​ឱ្យ​កាន់​តែ​ប្រសើរឡើងបន្ថែមទៀត។ 

ក្រុមហ៊ុនធំៗចំនួន៩ បាននាំយកឱកាសការងារជាង៨០០កន្លែង ក្នុងវេទិកាការងារនៅថ្ងៃនេះ

2025/03/27 11:49:05 am        296
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំវេទិកាការងារ ដោយនាំយកក្រុមហ៊ុនធំៗចំនួន៩ ដើម្បីផ្តល់ឱកាសការងារថ្មីចំនួន ៨៨៩កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ក្រុមហ៊ុនទាំង៩ ដែលកំពុងដាក់តាំងបង្ហាញការងារក្នុងវេទិកាការងារនេះ រួមមានក្នុងវិស័យកសិកម្ម , វិស័យធនាគារ និងហិរញ្ញវត្ថុ , វិស័យធានារ៉ាប់រង និងវិស័យអាហារនិងភេសជ្ជៈជាដើម។នៅក្នុងវេទិកាការងារនេះ កញ្ញា អ៊ិត ម៉ីស៊ាំង មន្រ្តីជាន់ខ្ពស់ផ្នែកធនធានមនុស្សរដ្ឋបាល គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ជេកស៍ (ខេមបូឌា) ម.ក បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា វេទិកាការងារដែលរៀបចំដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ គឺពិតជាមានគុណប្រយោជន៍យ៉ាងច្រើន សម្រាប់យុវជន សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ដោយពួកគាត់អាចមានឱកាសជួបផ្ទាល់ សម្ភាសផ្ទាល់ជាមួយតំណាងក្រុមហ៊ុនជាច្រើនដែលកំពុងមានតម្រូវការជ្រើសរើសបុគ្គលិកក្នុងពេលតែមួយ។ស្រដៀងគ្នានេះ លោក សុខ បេកឃី មន្រ្តីប្រតិបត្តិការធនធានមនុស្ស នៃក្រុមហ៊ុនចម អេន លីខបភើរេសិន បានលើកឡើងថា ក្រោយការចូលរួមជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ពិតជាទទួលបានបុគ្គលិកទាន់ពេលវេលា និងមានគុណភាព ទៅតាមអ្វីដែលខាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុត្រូវការ។ លោកបានឲ្យដឹងទៀតថា ជំរើសដ៏ប្រសើរតាមរយៈវេទិការនេះ អ្នកចូលរួមស្វែងរកការងារអាចដាក់ប្រវត្តរូបសង្ខេប (CV) ទៅតាមក្រុមហ៊ុនដែលស្រឡាញ់ពេញចិត្ត ព្រោះមានក្រុមហ៊ុនជាច្រើនបានកំពុងបង្ហាញវត្តមានក្នុងវេទិកាការងារនេះ។សូមបញ្ជាក់ទៀតថា ក្រៅពីវេទិកាការងារនេះដែរ ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

កម្ពុជាស្វាគមន៍វត្តមានភារធារី និងវិនិយោគិនអាម៉េរិក ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា

2025/03/27 11:32:40 am        360
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្វាគមន៍ចំពោះវត្តមានលោកស្រីភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា តំណាង ក្រសួងស្ថាប័ន និងវិស័យឯកជនអាម៉េរិក ជាពិសេសវិនិយោគិនអាម៉េរិក ដែលបានសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា និងពង្រីក ប្រតិបត្តិការធុរកិច្ច ក៏ដូចជាទំហំវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់។ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រី Bridgette L. Walker ភារធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចសន្ទនាលើក ទី២ រវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-អាម៉េរិក ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ប្រធានសភាពាណិជ្ជកម្ម អាម៉េរិកនៅកម្ពុជា, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាម៉េរិក-អាស៊ាន, វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនពីកំណើននៃគម្រោងវិនិយោគដែលគួរឱ្យកត់សម្គាល់ ពិសេសគឺការបំបែកកំណត់ ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលសម្រេចបាននូវការអនុម័យគម្រោងចំនួន៤១៤ ក្នុងឆ្នាំ២០២៤។ តួលេខនេះជាសក្ខីភាព ស្តែងឱ្យឃើញពីប្រសិទ្ធភាព នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគោលនយោបាយនានារបស់រាជរដ្ឋាភិបាល ក្នុង ថែទាំគាំទ្រកិច្ចការវិនិយោគពីវិស័យឯកជន ដោយបានចាត់ទុកវិស័យនេះជាម៉ាស៊ីនដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ក៏បានលើកឡើងអំពីការអនុវត្តឌីជីលូបនីយកម្ម នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងបានរំលេចអំពីមុខងារ e-Signature របស់ប្រព័ន្ធ ដែលផ្តល់ភាពបត់បែនខ្ពស់ ក្នុងការ អនុម័តគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ បានពីគ្រប់ទីកន្លែងនិងពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។តាមរយៈវេទិកានៃកិច្ចសន្ទនានេះ តំណាងវិនិយោគិនអាម៉េរិក បានបង្ហាញនូវចំណាប់អារម្មណ៍ជាវិជ្ជមាន ដែលទទួលបានការ យកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា និងមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការទទួលស្តាប់ពីបញ្ហាប្រឈម និងការផ្លាស់ប្តូរយោបល់ ពិសេសជាមួយនឹងបទពិសោធន៍ដែលធ្លាប់ទទួលបានការឆ្លើយតប ក៏ដូចជាដំណោះស្រាយ បន្ទាប់ពីបានលើកឡើងកាលពីកិច្ចប្រជុំ លើកទី១ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ កន្លងមក តំណាងវិនិយោគិនអាម៉េរិក រំពឹងថា បន្ទាប់ពីជំនួបសន្ទនាលើកទី២នេះ ពួកគេក៏ នឹងទទួលបានលទ្ធផលជាវិជ្ជមាន ទៅតាមលំដាប់នីតិវិធី និងបទដ្ឋានគតិយុត្តពាក់ព័ន្ធថែមមួយកម្រិតទៀតផងដែរ។គួររម្លឹកដែរថា កិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ដើម្បីស្ដាប់ និងពិភាក្សាដោះស្រាយរាល់កង្វល់នានារបស់វិនិយោគិនអាម៉េរិក ដោយ អនុវត្តក្រោមស្មារតីសហការ និងឯកភាពរួមគ្នារវាងប្រមុខថ្នាក់ដឹកនាំ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតីនាយក រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំសហរដ្ឋអាម៉េរិក។ យន្តការថែទាំវិនិយោគដែលរៀបចំឡើងនាឱកាសនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងជំនឿចិត្តរបស់តួអង្គពាក់ព័ន្ធ រួមមានវិស័យឯកជនទាំងមានស្រាប់ និងវិនិយោគិនថ្មីៗ តាមរយៈ បង្កើនប្រសិទ្ធភាពយន្តការសន្ទនារវាងរដ្ឋនិងឯកជន ទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីជំរុញការពិភាក្សាស្វែង រកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា អនុវត្តស្របតាមកម្មវធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធ សាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីសង្គម-សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM