ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលដាក់ឱ្យអនុវត្ត«កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន» ដើម្បីជំរុញការវិនិយោគឯកជន បង្កើតជាចរន្តសេដ្ឋកិច្ច និងបង្កើតការងារ

2025/04/09 03:22:41 pm        267
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ថា៖ ការដាក់ឱ្យអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» គឺដើម្បីជំរុញឱ្យមានការវិនិយោគឯកជនកាន់តែសកម្ម បង្កើតជាចរន្តសេដ្ឋកិច្ច បង្កើតការងារ និងភាពទាក់ទាញ ប្រមូលផ្តុំប្រជាជនយើងឱ្យទៅប្រកបអាជីវកម្ម និងរស់នៅកាន់តែច្រើនឡើង នៅក្នុងតំបន់នេះ ។សម្ដចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមលើលក្ខណៈពិសេស សម្រាប់កម្មវិធីពិសេសនៅភូមិភាគឦសាន រួមមាន ៖ទី១. ការផ្តល់ការលើកទឹកចិត្តលើសលុបដែលលើសពីច្បាប់វិនិយោគ ហើយបើកវិសាលភាពធំទូលាយ រួមទាំងការងារពាក់ព័ន្ធនឹងពន្ធ។ ទី២. យន្តការច្រកចេញចូលតែមួយ ដោះស្រាយបញ្ហានៅនឹងកន្លែង ដែលវិនិយោគិន អាចដាក់ពាក្យស្នើសុំការអនុម័តគម្រោង និងលិខិតស្នាមពាក់ព័ន្ធផ្សេងៗទៀត ជាមួយនឹងក្រុមការងារតែម្តង ។ ទី៣. ការជំរុញវិនិយោគិនក្នុងស្រុក និងសហគ្រាសធុនតូច និងមធ្យម ដោយបានបន្ធូរបន្ថយលក្ខខណ្ឌនៃទំហំទុនវិនិយោគ ។ ទី៤. ការផ្តល់ហិរញ្ញប្បទានគាំទ្រ ដោយរាជរដ្ឋាភិបាលនឹងត្រៀមថវិកាមួយចំនួន ដើម្បីដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យ។ ទី៥. ការខិតខំជំរុញធនធានមនុស្សគាំទ្រ ដោយរាជរដ្ឋាភិបាលបានសម្រេចផ្តល់ការលើកទឹកចិត្ត ដោយកំណត់លក្ខខណ្ឌលើកលែងពន្ធលើប្រាក់បៀវត្សសម្រាប់កម្មករនិយោជិតជាជនជាតិខ្មែរ ដែលទទួលបានប្រាក់បៀវត្សប្រចាំខែ ស្មើនឹង ឬតិចជាង ២ លានរៀល និងបម្រើការងារនៅក្នុងគម្រោងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ( គ.ល.គ.) ដែលមានប្រតិបត្តិការក្នុងខេត្តណាមួយ នៃខេត្តទាំងបួន នៅភូមិភាគឦសាន ។មុននឹងបញ្ចប់, សម្ដេចបវរធិបតី បានផ្ដល់អនុសាសន៍មួយចំនួន ដលើក្រុមការងារជំរុញការវិនោយោគក្នុងភូមិភាគឦសាន (ក្រុមការងារ) រួមមាន៖ ទី១. ក្រុមការងារត្រូវបំពេញភារកិច្ចរបស់ខ្លួនក្នុងស្មារតីជាក្រុម ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដោយក្រុមការងារត្រូវធានាឱ្យបាននូវសង្គតិភាព ពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម និងអនុវត្តឱ្យបានលឿន ។ ទី២. ក្រុមការងារត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈនូវកម្មវិធីពិសេសជំរុញការវិនិយោគនេះ ឱ្យបានទូលំទូលាយ, ធ្វើការពន្យល់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ។ ទី៣. គ្រប់តួអង្គពាក់ព័ន្ធដទៃទៀត, ជាពិសេស វិស័យឯកជន ក៏ត្រូវចូលរួមជាមតិយោបល់ និងផ្តល់ធាតុចូលគ្រប់ពេល តាមការចាំបាច់ក្នុងស្មារតីកែលម្អការអនុវត្ត និងធានានូវជោគជ័យនៃកម្មវិធីពិសេសជំរុញការវិនិយោគនេះ ។ ទី ៤. ក្រុមការងារត្រូវខិតខំដោះស្រាយបញ្ហាប្រឈម ដែលជាកង្វល់របស់វិនិយោគិន និងជំរុញការអនុវត្តការងារគាំទ្រផ្សេងៗ ដូចជា ការអនុញ្ញាតឱ្យមានការបញ្ជាក់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ នៅខេត្តជាប់ព្រំដែនដែលមានច្រកអន្តរជាតិ; ការពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធិដីធ្លីនៅតាមតំបន់ជាយក្រុង ឬទីប្រជុំជននៃបណ្តាខេត្តនីមួយៗ , ការបែងចែកតំបន់សម្រាប់វិនិយោគឱ្យបានត្រឹមត្រូវ ដោយបែងចែកទីតាំងណាសម្រាប់អភិវឌ្ឍលើវិស័យអ្វីឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការអភិវឌ្ឍអ្វីមួយប៉ះពាល់ដល់វិស័យអាទិភាពផ្សេងទៀតនៅក្នុងតំបន់។ បន្ថែមពីនេះ ត្រូវគិតគូរយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស បទល្មើសបច្ចេកវិទ្យា ហើយត្រូវការពារវិនិយោគិនដែលត្រឹមត្រូវ ។ ជាទីបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីពិសេសនេះ គឺជាសក្ខីភាពនៃឆន្ទៈនយោបាយយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល នៅក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិភាព ស្ថិរភាព ឯករាជ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការខិតខំពង្រីក និងចែកចាយផលលាភ ពីកំណើនសេដ្ឋកិច្ច ទៅដល់គ្រប់មជ្ឈដ្ឋាននៃប្រជាជនខ្មែរ៕សវិនិយោគនៅកម្ពុជា៕

សហជីព NACC គ្រោងបើកយុទ្ធនាផ្សព្វផ្សាយ ដើម្បីបរិស្ថានស្អាតនៅកន្លែងការងារ​ជូនដល់កម្មករនៅ​តាមរោងចក្រ សហគ្រាស

2025/04/09 03:08:25 pm        280
ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានប្រាប់ឲ្យដឹងថា នៅក្រោយចប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បើកយុទ្ធនាការផ្សព្វផ្សាយអំពីបរិស្ថានស្អាតនៅកន្លែងការងារ ដើម្បីបណ្តុះស្មារតីកម្មករនិយោជិតឲ្យចេះស្រលាញ់ថែរក្សាបរិស្ថាននៅតាមរោងចក្រ សហគ្រាស។លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំ្ថថ្មីប្រពៃណីជាតិខ្មែរ និងអាហារសាមគ្គីក្រុមសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) កាលពីរសៀលថ្ងៃទី៨ ខែមេសាកន្លងទៅ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា យុទ្ធនាការនេះ មានគោលបំណងជំរុញលើកទឹកចិត្តដល់កម្មករនិយោជិតបណ្តារោងចក្រ សហគ្រាស កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុងកន្លែងការងារ ជាពិសេសនៅបរិវេណរោងចក្រ សហគ្រាសទាំងអស់។លោក បានបន្តថា តាមរយៈយុទ្ធនាការនេះដែរ នឹងធ្វើការចែកជូននូវដបទឹក និងប្រអប់បាយ ដែលជាសម្ភារៈដើម្បីសម្រាប់ថ្នាក់ដឹកនាំ ក៏ដូចជាកម្មករនិយោជិត អាចយកទៅប្រើប្រាស់ប្រចាំថ្ងៃ ដើម្បីចូលរួមចំណែកការពារបរិស្ថាន ក៏ដូចជាដើម្បីថែរក្សាសុខភាពក្នុងពេលទទួលទាន។ លោកបន្ថែមទៀតថា ក្នុងន័យអប់រំផ្សព្វផ្សាយអំពីបរិស្ថានស្អាតនៅកន្លែងការងារនេះដែរ ទោះបីជាមិនបានផ្តល់ជូនឲ្យបានគ្រប់គ្នា ប៉ុន្តែនេះជាការផ្សព្វផ្សាយដើម្បីឲ្យកម្មករនិយោជិតបានយល់ដឹង ព្រោះដូចដឹងហើយថា ការយល់ដឹងរបស់បងប្អូនកម្មករនៅមានកម្រិត ជាពិសេសពាក់ព័ន្ធបរិស្ថានជាដើម។លោកប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ សូមចូលរួមគាំទ្រក្នុងចលនានេះ ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ពីព្រោះយុទ្ធនាការនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលមិនត្រឹមតែជួយដល់សុខភាពខ្លួនឯងផ្ទាល់ ជួយដល់សុខភាពរបស់ក្រុមគ្រួសារ ជួយដល់បរិស្ថានល្អសម្រាប់ប្រទេសទេ ប៉ុន្តែជាមុខមាត់សម្រាប់ប្រទេសជាតិទាំងមូល នៅពេលប្រទេសកម្ពុជាស្រស់ស្អាត ក៏ជាផ្នែកមួយដ៏សំខាន់ផងដែរ ក្នុងការទាក់ទាញអ្នកវិនិយោគឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន ថែមទាំងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋក្នុងស្រុកថែមទៀតផង៕ អត្ថបទ ឈិត បូរ៉ាវី 

កាកបាទក្រហមផ្តល់អំណោយជាលើកទី៤ដល់សមាគមវិទ្យុនិងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក

2025/04/09 03:01:52 pm        116
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ជាលើកទី៤ ដើម្បីជួយសម្រាលការលំបាកដល់ សមាគមវិទ្យុ និងទូរទស្សន៍អនឡាញ សំឡេងជនពិការភ្នែក (VOB) ដែលមានការិយាល័យកណ្តាលស្ថិតនៅភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ពិធីនេះប្រព្រឹត្តិទៅ នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីអាណិតស្រឡាញ់ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះ បងប្អូនជនមានពិការភាពទាំងអស់។ ជាមួយគ្នានេះលោកជំទាវ ក៏បានផ្តាំផ្ញើដល់ក្មួយៗ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ កុំបរិភោគអាហារប្រៃពេក ផ្អែមពេក ខ្លាញ់ពេក និងភេសជ្ជៈកំប៉ុងច្រើនពេក ដែលទាំងអស់នេះ អាចបង្កឱ្យមានជំងឺមិនឆ្លងរួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺទឹកនោមផ្អែម និងជំងឺមហារីកជាដើម។លោកជំទាវអគ្គលេខាធិការរងទី១បានគូសបញ្ជាក់ថា «អំណោយរបស់ កាកបាទក្រហមកម្ពុជា សម្រាប់ជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតទាំងនេះ គឺអាស្រ័យលើការចូលរួមថវិកា និងធនធានពីសប្បុរសជននានា ដែលទទួលបានក្នុងឱកាស នៃការប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ ជាក់ស្តែងនៅក្នុងឆ្នាំនេះ មានព្រឹត្តិការណ៍ផ្សេងៗទៀតជាច្រើនដែល កាកបាទក្រហមកម្ពុជា ត្រូវមានការចែករំលែករួមចំណែកជួយ ដូចជាគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា យើងត្រូវការជួយក្នុងនាមជាប្រទេស នៅក្នុងសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ដូចគ្នាផង ដ៏ដូចជាកាលពីប្រទេសវៀតណាម ជួបគ្រោះខ្យល់ព្យុះជាដើមនោះ គឺកាកបាទក្រហមកម្ពុជា ក៏បានជួយផងដែរ។ មិនត្រឹមតែជួយដល់ជនងាយរងគ្រោះបំផុតនោះទេ កាកបាទក្រហមកម្ពុជា ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ក៏បានអញ្ជើញចុះសួរសុខទុក្ខ និងយកចិតទុកដាក់ដល់បងប្អូន កងយោធពលខេមរភូមិន្ទ ដែលឈរជើងនៅតាមបណ្តោយព្រំដែន ដែលយកអស់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។ជាមួយគ្នានេះលោកជំទាវអគ្គលេខាធិការរងទី១ បានកោតសរសើរចំពោះបងប្អូន ជនមានពិការភ្នែកទាំងអស់ មានសមត្ថភាពក្នុងការរៀនដោយប្រើអក្សរស្ទាប ទទួលបានចំណេះដឹងខ្ពង់ខ្ពស់ រហូតចប់បរិញ្ញាបត្រ ហើយបានចូលរួមចំណែកជួយប្រទេសជាតិផង ជាពិសេសផ្នែកវិទ្យុ និងទូរទស្សន៍ សំខាន់ណាស់ព្រោះជាប្រព័ន្ធផ្សព្វផ្សាយ និងរំលេចឡើងនូវអ្វី ដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលសម្រេចបាន។ លោក សែម សំណាង អគ្គនាយកសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្តីអាណិតពីអ្នកម្តាយមនុស្សធម៌ ដែលបានយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅ ផ្តល់ក្តីស្រឡាញ់ តែងតែគិតគូរសន្តោសប្រណី ជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនជនមានពិការ ដែលជាបុគ្គលិកកំពុងបម្រើការងារនៅសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែកនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តជាបន្តបន្ទាប់។ លោកឱ្យដឹងថា សមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក បានបង្កើតឡើងនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១០ មាននៅរាជធានី និងខេត្តចំនួនរួមមាន៖ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម និងខេត្តពោធិ៍សាត់ ដែលត្រូវបានទទួលការឧបត្ថម្ភកសាងទាំងស្រុងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងបុត្រាបុត្រី។សូមបញ្ជាក់ថាការឧបត្ថម្ភអំណោយជូនដល់សមាគមជាលើកទី៤នេះរួមមាន៖ អង្ករ ១,៥តោន អង្ករសុខភាព៧កេស មី១៥កេស ត្រីខ៤កេស ទឹកស៊ីអ៊ីវ១០យួរ ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០កេស ផ្លែក្រូច៥០គីឡូក្រាម និងថវិកា៥លានរៀល៕ ​អត្ថបទៈ សំ ងីម​

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ស្តីពី «ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម»

2025/04/09 02:56:34 pm        111
ភ្នំពេញ ៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានធ្វើបទបាឋកថាក្នុងវគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ (Zoom) ដែលមានសមាសភាពចូលរួមសរុបចំនួន ៣,៤៨៨នាក់។ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ឱ្យបំពេញការងារប្រកបដោយគណនេយ្យភាព (accountability) និងតម្លាភាព (transparency) និងត្រូវស្វែងយល់ពីបញ្ហាឱ្យបានគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពីអ្នកជំនាញឱ្យបានច្រើន។ ចំនុចសំខាន់គឺត្រូវស្វែងរកចំនុចខ្វះខាតឱ្យចំគោលដៅ និងទទួលយកការកែលម្អដោយរីករាយ ដើម្បីផ្តល់សេវាសុខាភិបាលផ្តោតលើប្រជាពលរដ្ឋជាធំ (citizen-centered care)។ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានធ្វើបទបាឋកថាលើប្រធានបទ ”ក្រិត្យក្រមនៃមូលដ្ឋានវិចារវិទ្យាសម្ភារនិយម”។ ក្រិត្យក្រមទី១ គឺទាក់ទងនឹងឯកភាព និងការតស៊ូរវាងភាពផ្ទុយគ្នា ដែលជាទំនាស់ក្នុងវិចារវិទ្យា។ ការតស៊ូនេះ បូកផ្សំជាមួយការសម្របសម្រួលនឹងគ្នា នឹងនាំមកនូវតុល្យភាពដែលជម្រុញដល់ការអភិវឌ្ឍ និងភាពរីកចម្រើន។ ក្រិត្យក្រមទី២ គឺទាក់ទងនឹងការវិវត្តពីបរិមាណទៅរកគុណភាព។ក្នុងន័យនេះដែរ ឯកឧត្តមបានណែនាំឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់តាមដានលើការវិវត្តនៃបញ្ហាអ្វីមួយឱ្យបានជាប់លាប់ (បរិមាណ) និងទប់ស្កាត់ឱ្យបានទាន់ពេលលើការប្រែប្រួលធ្ងន់ធ្ងរដែលធ្វើឱ្យផ្លាស់ប្តូរគុណភាពរហូតដល់ដោះស្រាយលែងកើត។  ឯកឧត្តមសាស្ត្រាចារ្យ ក៏បានឆ្លៀតឱកកាស ថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់ដែលបានខិតខំបំពេញភារកិច្ច ផ្តល់សេវាដល់ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជូនពរដល់មន្ត្រីសុខាភិបាលទាំងអស់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។ ដោយមានការអនុញ្ញាតពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី នៅក្នុងសប្តាហ៍នេះ មានបទបង្ហាញ អំពីPDIA ស្តីពីការអនុវត្តអនាម័យដៃ នៅផ្នែកសម្រាកពេទ្យជំងឺទូទៅនៅមន្ទីរពេទ្យបង្អែកលើកដែក៕អត្ថបទ រដ្ឋា

វិស័យឧស្សាហកម្មកំពុងមានភាពមមាញឹកក្នុងដំណើរការផលិតកម្ម បម្រើទីផ្សារនាំចេញ

2025/04/09 02:51:14 pm        139
វិស័យឧស្សាហកម្មនៅកម្ពុជា ក្នុងដើមឆ្នាំ២០២៥ នេះ កំពុងមានភាពមមាញឹកយ៉ាងខ្លាំង នៅក្នុងដំណើរការផលិតកម្ម និងបាន កំពុងគំាទ្រដល់កំណើនទីផ្សារនាំចេញ ការបង្កើតការងារ និងកំណើនក្នុងសេដ្ឋកិច្ចជាតិ នេះបានបង្ហាញអំពីវឌ្ឍនភាពរីកចម្រើននៃ ឧស្សាហកម្មក្នុងស្រុក។ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង សម្ភាសន៍ ស្តីពីកិច្ចដំណើរនៅក្នុងវិស័យឧស្សាហកម្ម និងការចុះបញ្ជីរបស់បណ្តាក្រុមហ៊ុនផ្សេងៗ និងវឌ្ឍនភាពនៃការនាំចេញ នេះថា ជុំវិញនិងវិស័យឧស្សាហកម្មបច្ចុប្បន្នមានការរីកចម្រើនគួរកត់សម្គាល់ នៅក្នុងដំណើរការខ្សែច្រវាក់ផលិតកម្ម បានកំពុងពឹងផ្អែកទៅលើ ជំនាញ និងជាឧស្សាហកម្មដែលមានលក្ខណៈបច្ចេកវិទ្យាកាន់តែប្រសើរ ខណៈកន្លងមកវិស័យឧស្សាហកម្មនៅកម្ពុជា គឺប្រើប្រាស់ អតិពលកម្ម តែទោះបីយ៉ាងក៏ដោយក៏កម្ពុជានៅតែពង្រឹង និងលើកទឹកចិត្តដល់ឧស្សាហកម្មទាំងនោះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត បន្តថា ជាក់ស្តែងក្នុងឆ្នាំ ២០២៤ វិស័យឧស្សាហកម្មមានតម្លៃបរិមាណផលិតផលសរុបជាង ១៥ ពាន់ លានដុល្លារអាមេរិក ក្នុងបរិមាណផលិតផលបម្រើទីផ្សារក្នុងស្រុក មានចំនួនជិត ៣ ៩០០ លានដុល្លារអាមេរិក ខណៈការនាំចេញមាន ជាង ១១ ពាន់លានដុល្លារអាមេរិក។ ដោយនៅក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២៥ នេះវិញ វិស័យឧស្សាហកម្មនៅកម្ពុជាមានការ រីកចម្រើនគួកត់សម្គាល់ បានកំពុងគាំទ្រដល់ដំណើរការផលិត។ ចំណែការចុះបញ្ជីវិញ ឃើញថា នៅក្នុងឆ្នាំ២០២៤ កន្លងមកនេះ កម្ពុជាទទួលក្រុមហ៊ុនចុះបញ្ជីមានកំណើនកើនឡើងយ៉ាងខ្លាំង ដែលមិនធ្លាប់មានពីមុន និងនៅដើមឆ្នាំនេះ ចំនួនចុះបញ្ជីនៅតែបន្ត កើនឡើង, នេះបង្ហាញនូវវឌ្ឍនភាពរីកចម្រើន គាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។សូមបញ្ជាក់ថា តាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានបង្ហាញឱ្យដឹងថា វិស័យឧស្សាកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជាមានរោងចក្រធុនធំដំណើរការមានចំនួន ២,៤២៥ រោងចក្រ ក្នុងនោះមានរោងចក្រធុនធំកើតថ្មី មានចំនួន ៣២៦ រោងចក្រ មានទុនវិនិយោគសរុបនៅលើកវិស័យឧស្សាហកម្មធុនធំ ចំនួនជាង ២០ ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន ជិត ១,៩០០ លានដុល្លារអាមេរិក ស្មើ ១០ ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៣ ក្នុងនោះទុនវិនិយោគក្នុងស្រុកមានចំនួនជិត ៤ ពាន់ លានដុល្លារអាមេរិក ស្មើជាង ១៩ ភាគរយ នៃទុនវិនិយោគសរុប។ ចំណែកកម្លាំងពលកម្មនៅក្នុងឆ្នាំ២០២៤នេះដែរ មានសរុបជាង ១,១ លាននាក់ កើនឡើង ១១ ពាន់នាក់ បើធៀបទៅនឹងឆ្នាំ២០២៣៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គលេខាធិការ CDC ស្នើដល់ក្រុមហ៊ុនចិនបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយចន្ទី

2025/04/09 02:32:34 pm        219
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់ក្រុមហ៊ុនចិន សម្រេចចិត្តបោះទុនវិនិយោគក្នុងវិស័យឧស្សាហកម្មស្វាយ ចន្ទី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាពសំដៅបង្កើតតម្លៃបន្ថែមក្នុងស្រុកឱ្យកាន់ តែច្រើន។ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបពិភាក្សាការងារ ជាមួយ គណៈប្រតិភូនៃក្រុមហ៊ុន Sinomach Hainan Development Co., Ltd. នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្មស្វាយចន្ទីនេះ ដោយបាន គ្រោងបង្កើតតំបន់កសិឧស្សាហកម្មស្វាយចន្ទី។ តំបន់កសិឧស្សាហកម្មស្វាយចន្ទី នឹងទទួលបានការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងមិនមែនសារពើពន្ធ ដូចដែលមានចែងក្នុងច្បាប់វិនិយោគ ក៏ដូចជាការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពិសេសផ្សេងទៀត។ឯកឧត្តមអគ្គលេខាធិការ ក៏បានធ្វើការអត្ថាធិប្បាយពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទី ដែលរាប់ចាប់តាំងពីការដាំដុះ ការថែទាំ ការប្រមូលផល ការរៀបចំឃ្លាំងស្តុក ការរៀបចំសម្ងួត រហូតដល់ការកែច្នៃជាផលិតផលសម្រេច ហើយកម្ពុជាបច្ចុប្បន្ន កំពុងត្រូវការក្រុមហ៊ុនវិនិយោគកែច្នៃដោយប្រើបច្ចេកវិទ្យាទំនើប។  ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ បានស្នើយ៉ាងទទូច ឱ្យក្រុមហ៊ុនរួសរាន់ក្នុងការសម្រេចចិត្តបោះទុនវិនិយោគ ក្នុងវិស័យ ឧស្សាហកម្មស្វាយចន្ទីនេះ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទាញយកផលពីស្វាយចន្ទីឱ្យអស់ពីសមត្ថភាព សំដៅបង្កើតតម្លៃ បន្ថែមក្នុងស្រុកឱ្យកាន់តែច្រើន ពិសេសការទទួលបានផលចំណេញទាំងអស់គ្នា ពីវិស័យដែលកំពុងមានសក្តានុពលនេះ។តំណាងគណៈប្រតិភូ បានថ្លែងអំណរគុណដល់ឯកឧត្តមអគ្គលេខាធិការ ដែលបានទទួលជួបពិភាក្សាការងារ ដោយបានផ្តល់ នូវព័ត៌មានលម្អិតនៃវិស័យឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ដែលក្រុមហ៊ុនកំពុងមានចំណាប់អារម្មណ៍បណ្តាក់ទុនវិនិយោគ។ តបតាម សំណើរបស់ឯកឧត្តមអគ្គលេខាធិការខាងលើ ក្រុមហ៊ុនបានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការគិតគូរបណ្តាក់ទុនវិនិយោគនៅកម្ពុជា ក្នុង វិស័យឧស្សាហកម្មស្វាយចន្ទីនេះ។សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Sinomach Hainan Development Co., Ltd. គឺជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដែលមានមុខសញ្ញា អាជីវកម្មក្នុងវិស័យជាច្រើនរួមមាន កសិកម្ម ការនាំចេញ/ចូលផលិតផលកសិកម្ម នេសាទ វិស្វកម្ម ថាមពល និងប្រព័ន្ធឌីជីថល៕ អត្ថបទ៖ សុន រ៉ាឌី

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រៀបចំពិធីសូត្រមន្ត ប្រសិទ្ធិពរជ័យ សិរីសួស្តី មុនឱកាស បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ

2025/04/09 02:28:30 pm        119
ភ្នំពេញ ÷ ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានជួបជុំនិមន្តព្រះសង្ឃ រៀបចំពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល មុនឱកាស បុណ្យចូលឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស.២០២៥ ចូលមកដល់។ពិធីសូត្រមន្ត លើករាសីនេះ ត្រូវបានធ្វើឡើងក្រោមការផ្តួចផ្តើមរបស់ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងនិសិ្សត នៃសាកលវិទ្យាល័យ ជាច្រើននាក់ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥នេះ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ រាជធានីភ្នំពេញ។ ពិធីសូត្រមន្ត លើករាសី ចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អបអរបុណ្យចូលឆ្នាំថ្មី បានប្រារព្ធឡើងទៅតាមគន្លងទំនៀមទំលាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្តព្រះសង្ឃសូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល រាប់បាត្រ បង្សុកូល ឧទ្ទិសសូមទេវតាឆ្នាំថ្មី សូមជួយប្រោះព្រំពរជ័យសិរីសួស្តី វិបុលសុខ មហាប្រសើរ សុំសេចក្តីសុខ សេចក្តីចំរើនជូនដល់គណៈថ្នាក់ដឹកនាំ មន្រី្តរាជការ បុគ្គលិក និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យ បានជួបនូវសេចក្តីសុខចម្រើន រំដោះគ្រោះចាស់ ផ្លាស់មានរាសី សីរីសួស្តីមហាប្រសើរក្នុងឆ្នាំថ្មី និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងការសិក្សា។ឯកឧត្តមសាស្ត្រាចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានថ្លែងថា ពិធីសូត្រមន្តនេះ ក៏ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្តបុព្វការីជន ជីដូន ជីតា ញ្ញាតិការ៧សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ ក៏ដូចជាវិញ្ញាណក្ខ័ន្ត វិរៈយុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិត ដើម្បីបុព្ធហេតុបូរណៈភាពទឹកដី ជាតិមាតុភូមិ និងវិញ្ញាក្ខ័ន្តពលរដ្ឋខ្មែររាប់លាននាក់ ដែលបានបាត់បង់ជីវិត ដោយសារការកាប់សម្លាប់ និងភាពអត់ឃ្លាន ក្នុងរបប ប៉ុល ពត សូមឱ្យបានរួចរំដោះទុក្ខទោស វិលទៅចាប់ជាតិជាថ្មីក្នុងទីឋាន ដ៏គាប់ប្រសើរកុំបីឃ្លាងឃ្លាតឡើយ។គូសបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ និងត្រូវបានប្រារព្ធឡើងរយៈពេលបីថ្ងៃ ពោលគឺនាថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។  ហើយនៅក្នុងឆ្នាំនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏និងរៀបចំអោយមានពិធីអបអរសាទរមហាសង្ក្រានឆ្នាំថ្មី ២០២៥ គ្រប់បណ្តាលរាជធានី-ខេត្ត ដ៏អធិអធមផងដែរ។ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូន ប្រជាពលរដ្ឋ យុវជន ទូទាំងប្រទេសបានសប្បាយរីករាយក្នុងឱកាសជួបជុំគ្រួសារនៅស្រុកកំណើត។ ក្នុងពិធីសូត្រមន្តខាងលើនេះ ក៏បានការសម្តែងសិល្បៈទស្សនីយភាព ដូចជារបាំជូនពរ និងរបាំត្រុដផងដែរ៕អត្ថបទ រដ្ឋា

កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវដំបូង ដើម្បីការងារ និងការគាំពារសង្គម

2025/04/09 02:13:47 pm        102
កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃការអនុវត្តគំនិតផ្ដួចផ្តើមកាតាលីករសកល ស្តីពី ការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីការបន្តប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើ កិច្ចសហប្រតិបត្តិការ ដើម្បីសម្រេចគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងនៅ ក្នុង «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ក្នុងបរិការណ៍សកលដែល មានភាពមិនប្រាកដប្រជាខ្ពស់ ដោយសារការលេចចេញជាបន្តបន្ទាប់ នូវបញ្ហាប្រឈមជាសកលរួមមាន៖ ភាពតានតឹងផ្នែកភូមិសាស្ត្រ នយោបាយ, សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម ដែលអាចបន្ទច់បង្អាក់ដល់សន្ទុះនៃកំណើនសង្គម-សេដ្ឋកិច្ច សកល, ការរៀបចំវេទិកានាពេលនេះ ពិតជាមានសារៈសំខាន់ និងចំគោលដៅ ព្រមទាំងជាសក្ខីភាពដែលឆ្លុះបញ្ចាំងឲ្យឃើញ ពីការបន្ត ប្ដេជ្ញាចិត្ត និងការផ្តល់តម្លៃលើកិច្ចសហប្រតិបត្តិការ, ការផ្លាស់ប្តូរ និងការចែករំលែកបទពិសោធទៅវិញទៅមក ដើម្បីសម្រេច គោល ដៅរួម, ពោលគឺគោលដៅអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រទេសត្រួសត្រាយផ្លូវ និងសកលលោកទាំងមូល។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងឱ្យដឹងថា ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចីរភាព, រាជរដ្ឋាភិបាលបាន កំណត់ចក្ខុវិស័យរយៈពេលវែង ក្នុងការកសាងកម្ពុជាឲ្យក្លាយជាអរិយប្រទេសមួយ ដែលឆ្លើយតបនឹងលក្ខណសម្បត្តិរួមមាន៖ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក; កម្ពុជាជាប្រទេសមានចំណូលខ្ពស់ និងមានសេដ្ឋកិច្ចធន់ និងរឹងមាំ; ប្រជាជនកម្ពុជាមានចំណេះដឹងខ្ពស់ និងជំនាញមួយយ៉ាងតិចប្រចាំជីវិត; ប្រជាជនកម្ពុជារស់នៅក្នុងសេចក្តីថ្លៃថ្នូរ សុភមង្គល និងទទួលបានការគាំពារសង្គមប្រកបដោយ សមធម៌, ស្មើសិទ្ធិ និងស្មើឱកាស; និងកម្ពុជាមានបរិស្ថានរូបវន្ត និងធម្មជាតិ ប្រកបដោយសុខដុមភាព ភាពធន់ បរិយាបន្ន និង តុល្យភាព រវាងការអភិវឌ្ឍនិងការអភិរក្សធនធានធម្មជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព, និងចីរភាព ដោយបាន កំណត់យក «កម្មវិធីគោលនយោបាយអាទិភាព» ចំនួន ៦ ដែលបានចាប់ផ្ដើមអនុវត្តតាំងពីដើមនីតិកាលទី៧, ពោលគឺចាប់ពីពាក់ កណ្ដាលឆ្នាំ២០២៣មក។ ដោយឡែកពាក់ព័ន្ធ «វេទិកាគោលនយោបាយកាតាលីករសកលអាស៊ី-ប៉ាស៊ីហ្វិក» នេះ តំណាងអង្គការ សហប្រជាជាតិប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសត្រួសត្រាយផ្លូវ សម្រាប់ដំណាក់កាលដំបូង នៃ ការអនុវត្តគំនិតផ្ដួចផ្តើម «កាតាលីករសកលស្តីពីការងារសមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌» នេះមិនមែនដោយ សារកម្ពុជាមានភាពយឺតយ៉ាវក្នុងការសម្រេចបាននូវ SDGs នោះទេ, ប៉ុន្តែដោយសារកម្ពុជាមានវឌ្ឍនភាពល្អ, មានសក្តានុពល និង មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការត្រួសត្រាយផ្លូវ។ ក្នុងនាមជាប្រទេសត្រួសត្រាយផ្លូវ, កម្ពុជានឹងទទួលបានការគាំទ្រផ្នែកបច្ចេកទេស, ធន ធានហិរញ្ញវត្ថុ និងធនធានដទៃទៀត ដែលជួយជំរុញសន្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការសម្រេចបាននូវ SDGs នៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៧២ មានទុនវិនិយោគប្រមាណ ២,៥ ពាន់លានដុល្លារ

2025/04/09 01:50:58 pm        114
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មី បានចំនួន ១៧២ មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២,៥ ពាន់លានដុល្លារ អាម៉េរិក កើនឡើងចំនួន ៦៦ គម្រោង ខណៈទុន​វិនិយោគ​ក៏​បាន​កើន​ឡើង​ប្រមាណ ៣០៥ លានដុល្លារអាម៉េរិក បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន អំពីការចុះបញ្ជីវិនិយោគនៅកម្ពុជា នៅ​ក្នុង​ត្រីមាសទី១ ឆ្នាំ២០២៥ នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោង​វិនិយោគ​មាន​ចំនួន ១៧២ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ ពាន់លានដុល្លារអាម៉េរិក អាច​បង្កើត​ការងារបានចំនួនប្រមាណជិត ១២ ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីក​ផលិត​កម្ម​មាន​ចំនួន​ ៦គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ចពិសេស មានចំនួន ៩៩ គម្រោង និងគម្រោងវិនិយោគដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៧៣ គម្រោង។ជារួម, ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ នេះ ការចុះបញ្ជីគម្រោងវិនិយោគបានកើនឡើងចំនួន ៦៦ គម្រោង ខណៈទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥ លានដុល្លារអាម៉េរិក ស្មើ​នឹង​ប្រមាណ ​១៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ដោយឡែកក្នុងខែ មីនា វិញ ក្រុម​ប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦០ គម្រោង ក្នុងទុនវិនិយោគ ១,៤ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត៥ម៉ឺនកន្លែង ក្នុងនោះ​គម្រោង​ពង្រីក​ផលិតកម្មមានចំនួន២គម្រោង។សូមបញ្ជាក់ថា ចំណែកប្រភពទុនដែលវិនិយោគច្រើនជាងគេ ក្នុងត្រីមាសទី១ឆ្នាំ២០២៥ រួម​មាន​៖ វិនិយោគិនចិន មានជាង ៥៦%, វិនិយោគិនកម្ពុជា មានចំនួនជាង ៣៤%, សឹង្ហបុរី ជិត ៣%, កោះ British Virgin ជាង ២%, វៀតណាម ១,៦៥%, កោះ Cayman ០,៩៨%, អង់គ្លេស ០,៥៥%, កោះ Samoa ០,២១%, សហរដ្ឋអាមេរិក ០,១៨% និងប្រទេសកាណាដា មានចំនួន ០,១៥%៕ អត្ថបទ៖ សុន រ៉ាឌី

ក.ប.ប. បង្កើនការចុះផ្សព្វផ្សាយ និងត្រួតពិនិត្យទំនិញនារដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

2025/04/09 01:38:01 pm        119
គិតចាប់ពីថ្ងៃនេះ រហូតដល់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ការ​ពារ​អ្នក​ប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នឹង​បង្កើន​ការ​ចុះ​ត្រួតពិនិត្យទំនិញតាមបណ្តាទីផ្សារ និងណែនាំពលរដ្ឋឲ្យជួយផ្តល់ព័ត៌មាន ឬដាក់​ពាក្យ​បណ្តឹង ករណីឃើញថា មានផលិតផលដែលបង្កផលប៉ះពាល់សុខភាព។លោក ហេង មាលី ប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ ក្នុង​ឱកាស​ចុះ​ត្រួត​ពិនិត្យ​មុខ​ទំនិញ​គ្រឿង​សមុទ្រ និងយកសំណាកគំរូ ដើម្បីយកធ្វើ​តេស្ត​បឋម​នៅ​លើ​រថយន្ត​មន្ទីរ​ពិសោធន៍​ចល័ត​ផ្នែក​​ម្ហូប​អាហារ ស្ថិតនៅតំបន់ត្រឡោកបែក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៩ មេសា ឆ្នាំ២០២៥នេះ បាន​មានប្រសាសន៍ឲ្យដឹងថា ជារៀងរាល់សព្វដង មិនចាំបាច់ជាថ្ងៃចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ឬ​ពិធី​បុណ្យ​ជាតិ​ធំៗនោះទេ គឺមន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. តែងតែធ្វើការចុះត្រួតពិនិត្យជាប្រចាំ ប៉ុន្តែ​ដោយ​សារតែជារដូវកាលបុណ្យបែបនេះ គឺក្រុមមន្រ្តី ក.ប.ប. ត្រូវបង្កើន​នូវ​សកម្ម​ភាព​ការងារ​ត្រួត​ពិ​និត្យ​បន្ថែម ដើម្បីការពារទៅដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាផល​ប្រយោជន៍​អ្នក​ប្រើ​ប្រាស់​។ លោកបាបន្តថាក្នុងរដូវចូលឆ្នាំនេះ មន្រ្តីអគ្គនាយកដ្ឋាន ក.ប.ប. នឹងធ្វើការ​ចុះ​ត្រួត​ពិនិត្យ​ទៅ​តាម​គោល​ដៅសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ ជាពិសេសខាងផ្នែកគ្រឿងសមុទ្រ ដើម្បី​ចៀស​វាង​ថា អ្នកដែលបាន​ទិញ​យក​ទៅ​បរិភោគ​មាន​ការ​ប៉ះ​ពាល់​នូវ​សុខ​ភាព​ណា​មួយ​ជាយ​ថា​ហេតុ ​ដូចជាបង្គារ និងមឹកជាដើម។ សូមបញ្ជាក់ថា ក្រៅពីចុះត្រួតពិនិត្យទំនិញទាំងអស់នេះ មន្ត្រីជំនាញ ក.ប.ប. បានពន្យល់​ណែនាំ​អាជីវករ​ឱ្យ​បាន​យល់ក្នុងគោលបំណងអប់រំ និងបញ្រ្ជៀបការយល់ដឹង ដើម្បីធានាបាន​នូវ​ការ​ការ​ពារ​​សុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ លើសពីនេះទៅទៀត ក៏បានពន្យល់ អប់រំ ណែ​នាំ​ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមាន​ឯកសារ​ពាក់ព័ន្ធ​ច្បាស់​លាស់​ជា​មុន​សិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយ​បន្ថែម​នូវ​សារ​ធាតុ​គីមី​ហាម​ឃាត់​ណាមួ​យ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេសទៅលើផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះ​ពាល់​ដល់​សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់។ លោកប្រធាន ក.ប.ប. សាខារាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ទៀតថា ក្នុង​ករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហសុខភាពដល់អ្នកទទួលទាន សូម​ផ្តល់​ព័ត៌មាន​តាមប្រព័ន្ធ Hotline លេខ ១២៦៦ ដោយមិនគិតថ្លៃទេ របស់ក្រសួងពាណិជ្ជកម្ម ឬ​តាម​បណ្តឹង CCF Complain App មកកាន់អគ្គនាយកដ្ឋាន ក.ប.ប.​នៃ​ក្រសួង​ពាណិជ្ជ​កម្ម​ដោយ​ផ្ទាល់​៕ អត្ថបទ៖ ឈិត បូរ៉ាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM