ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជាលើកទី១៨ជូនសមាគមតន្ត្រីសំនៀងជនពិការ

2025/04/08 03:43:40 pm        106
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ជាលើកទី១៨ ជូនដល់ជនពិការចំនួន ៩០នាក់ នៃ សមាគមតន្ត្រីសំនៀងជនពិការ ដែលមានទីតាំងស្ថិតនៅ ភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ ក្រោមអធិបតីភាពលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ផ្តាំផ្ញើដល់មន្ត្រីប្រតិបត្តិ ត្រូវគិតគូរពីការរស់នៅប្រចាំថ្ងៃ របស់ជនពិការទាំងអស់ដែលធ្លាប់បានជួយ។ លោកជំទាវបានកោតសរសើរចំពោះសមាគមដែលខិតខំ មិនបាក់ទឹកចិត្តក្រោកឈរដោយខ្លួនឯង ថ្វីត្បិតតែសមាគមជួបការលំបាកខ្លួនឯងក៏ពិតមែន តែសាមគម នាំយកថវិកា ជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋដទៃថែមទៀត ដែលបញ្ជាក់ពីស្មារតីនៃការស្រឡាញ់ និងវប្បធម៌នៃការចែករំលែក។ លោកជំទាវគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជាជួយតិច ឬ ច្រើន គឺអាស្រ័យលើការជួយឧបត្ថម្ភគាំទ្រ របស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាស នៃការប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ។ លោកជំទាវបន្តថា កាកបាទក្រហមកម្ពុជា នៅតែបន្តជួយដល់ប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយសារមីន ប៉ុន្តែយើងដឹងហើយថា បច្ចុប្បន្នគ្រោះមហន្តរាយជាបញ្ហាប្រឈម នៅក្នុងតំបន់ និង ពិភពលោកដែល កាកបាទក្រហមកម្ពុជា ត្រូវគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ រួមមានបញ្ហាសុខភាព ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ ជាដើម។ លើសពីនោះកាលពីពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានផ្តល់ថវិកា ដល់ កាកបាទក្រហម មីយ៉ាន់ម៉ា ដើម្បីជួយសង្គ្រោះបន្ទាន់ ដល់ប្រជាពលរដ្ឋដែលជួបគ្រោះរញ្ជួយដី ដែលបានសម្លាប់មនុស្សជាច្រើននាក់ផងដែរ។ ឯកឧត្តម ចាប តូ តំណាងឱ្យជនពិការទាំងអស់ បានជំរាបអំពីរបាយការណ៍វឌ្ឍភាពរបស់សមាគម និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់ ដោយមិនមានការរើសអើងអ្វីឡើយ។ ជាមួយគ្នានេះឯកឧត្តមបានបន្តថា ថ្វីត្បិតតែបងប្អូនពិការកាយសម្បទាក៏ពិតមែន តែចិត្តនិងបេះដូងមិនពិការឡើយ ហើយបានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ញ៉ែម មរកត បានលើកឡើងថាសមិទ្ធផលនានា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់សមាគមនាពេលកន្លងមកនេះ គឺសមាគមបានយកមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ដើម្បីជាប្រយោជន៍របស់បងប្អូនមានពិការភាព ដើម្បីស្នាក់នៅ និងជាទីកន្លែងដែលជួយបង្កើនសមត្ថភាពរបស់ពួកគាត់ ពីមួយដំណាក់កាលទៅមួយដំណាក់កាល ទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាក់ស្តែងសមាគមបានបង្កើតឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ជូនដល់បងប្អូនពិការភ្នែកទាំងអស់គ្នាផងដែរ។សូមបញ្ជាក់ថាអំណោយប្រគល់ជូន មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជនពិការភ្នែក (សមាគមតន្ត្រីសំនៀងជនពិការ) រួមមាន ៖ អង្ករ ៣តោន អង្ករសុខភាព ២០កេស មី២០កេស ត្រីខ ៥កេស ទឹកស៊ីអុីវ១០យួរ ទឹកបរិសុទ្ធ ២០កេស ទឹកក្រូច ២០កេស ផ្លែក្រូច ៥០គីឡូក្រាម ឃីត ១៥០កញ្ចប់ និងថវិកា ១០លានរៀល។ ជាមួយគ្នានេះជនមានពិការភាព ៩០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ថវិកា២ម៉ឺនរៀល។ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ទោ វេជ្ជ.នៅ កំសាន្ត បានប្រគល់នូវឧបករណ៍សម្រាប់ធ្វើចលនាជនពិការមួយឈុត ជូនដល់សមាគមផងដែរ៕ 8/4/25អត្ថបទៈ សំ ងីម

កម្ពុជា ប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិ «តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល»

2025/04/08 03:08:25 pm        239
ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងទិវាព្រះពុទ្ធសាសនាអន្តរជាតិ នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ។ក្នុងទិវានេះ ក៏មានការចូលពីព្រះវត្តមានសម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃ រាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្ដេចព្រះធម្មលិខិត បណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចព្រះសង្ឃនាយករង សម្ដេចព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូត ។ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានថ្លែងថា “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ ៨ មេសា” ជាទិវាដែលត្រូវបានអនុម័ត ដោយកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភពលោកលើកទី៦ ដែលមានអ្នកកាន់ព្រះពុទ្ធសាសនា ៤១ ប្រទេស តំណាងពុទ្ធសាសនិក ៥១០លាននាក់ទូទាំងពិភពលោក កាលពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤ នៅក្រុងកូបេប្រទេសជប៉ុន។ នៅក្នុងកិច្ចប្រជុំនោះ ក៏បានថ្វាយព្រះរាជបរមងារកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជា “ព្រះស្រីលោកធម្មិករាជ” ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ចាប់ពីពេលនោះមក នៅព្រះរាជាណាចក្រកម្ពុជា តែងប្រារព្ធទិវាព្រះពុទ្ធសាសនាអន្តរជាតិនៅថ្ងៃទី៨ ខែមេសា ជារៀងរាល់ឆ្នាំ ពុំដែលអាក់ខានឡើយ។ ដូច្នេះទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើង ដោយក្រសួងធម្មការ និងសាសនា ក្រោមប្រធានបទ “តួនាទីព្រះពុទ្ធសាសនាក្នុងយុគសម័យឌីជីថល” ជាប្រធានបទដ៏ស័ក្ដិសមបំផុតសម្រាប់ការអភិរក្ស និងអភិវឌ្ឍព្រះពុទ្ធសាសនា ទាំងក្នុងប្រទេសនិងសកលលោក។ ឯកឧត្តមបណ្ឌិត ចាយ បូរិន បានបញ្ជាក់ទៀតថា ទិវាព្រះពុទ្ធសាសនាអន្តរជាតិ នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ បានប្រព្រឹត្តទៅប្រកបដោយមហាសាមគ្គីធម៌ដ៏ទូលំទូលាយ និងស្និទស្នាល ក្រោមម្លប់សន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ ទន់ភ្លន់ ម៉ឺងម៉ាត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ កត្តាសន្តិភាព ស្ថិរភាពនយោបាយ សិទ្ធិសេរីភាពខាងជំនឿសាសនា ការអភិវឌ្ឍលើគ្រប់វិស័យ ជាកាលានុវត្តភាពដ៏ល្អសម្រាប់ការអភិវឌ្ឍព្រះពុទ្ធសាសនា និងការចូលថែរក្សាសន្តិភាព។ ក្រសួងធម្មការ និងសាសនា ជាសេនាធិការឱ្យរាជរដ្ឋាភិបាល លើបេសកកម្មដឹកនាំ និងគ្រប់គ្រងវិស័យធម្មការ និងសាសនា នៃព្រះរាជាណាចក្រកម្ពុជា មានមុខងារ និងភារកិច្ច កំណត់វិធានការដឹកនាំ និងគ្រប់គ្រងអង្គការសាសនាទាំងអស់ ដែលមានទីតាំង និងធ្វើសកម្មភាពនៅលើទឹកដីកម្ពុជា ដោយយកចិត្តទុកដាក់ ពិសេសចំពោះព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ ក្នុងការបំពេញបេសកម្មរបស់ខ្លួន ក្រសួងធម្មការនិងសាសនា បានផ្តោតលើអាទិភាពមួយចំនួនគឺ ១) ការលើកកម្ពស់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ជាពិសេសពុទ្ធិកសិក្សា ស្របតាមរដ្ឋធម្មនុញ្ញ មាត្រា ៦៨ រដ្ឋ ជួយផ្សព្វផ្សាយ និងលើកតម្កើងសាលាបាលីនិងពុទ្ធិកសិក្សា ២) ណែនាំនិងត្រួតពិនិត្យអង្គការសាសនាឱ្យធ្វើសកម្មភាពស្របតាមច្បាប់រដ្ឋ និងប្រតិបត្តិជំនឿសាសនាស្របតាមធម៌វិន័យ និងគោលលទ្ធិសាសនារៀងៗខ្លួន ៣) លើកទឹកចិត្តឱ្យសាសនាទាំងអស់ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមរយៈការផ្ដល់ការអប់រំខាងស្មារតី សីលធម៌ វប្បធម៌ និងសង្គមកិច្ច ៤) រក្សាឱ្យបាននូវសុខដុមនីយកម្ម និងសេរីភាពខាងជំនឿសាសនាទាំងអស់៕ អត្ថបទ រដ្ឋា

រថយន្តចំនួន១២គ្រឿងត្រូវបានរដ្ឋបាលខេត្តស្វាយរៀងត្រៀមដឹកពលរដ្ឋនិងកម្មករបន្តឆ្ពោះទៅតាមមូលដ្ឋានស្រុកក្រុងទាំង៨របស់ខេត្ត

2025/04/08 02:48:56 pm        161
ស្វាយរៀង ៖ យោងតាមលិខិតជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះបានឱ្យដឹងថានៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មី រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំរថយន្តក្រុង ចំនួន ១២គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយឥតគិតប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយរបស់បងប្អូន ក្នុងឱកាសធ្វើដំណើរត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង ដើម្បីជួបជុំគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥។សូមបញ្ជាក់ថាទីតាំងដែលរថយន្តទាំង១២គ្រឿងត្រៀមដឹកបន្តពលរដ្ឋឆ្ពោះទៅតាមបណ្ដាស្រុកទាំង ៨ របស់ខេត្ត នៅខាងមុខសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ជាចំណតសម្រាប់ចេញដំណើរបន្តឆ្ពោះទៅតាមគោលដៅ ហើយគោលដៅសម្រាប់រថយយន្តរត់រួមមាន ក្រុងបាវិត ក្រុងស្វាយរៀង-ប្រសូតិ-ជីកូ-បាវិត-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងដឹកអ្នកដំណើបន្តចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​២, ស្រុកស្វាយទាប ក្រុងស្វាយរៀង-ស្វាយរំពារ-គគីរសោម-ព្រៃតាអី-ជីភូ-ប្រសូតិ-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៣, ស្រុកចន្ទ្រា ក្រុងស្វាយរៀង-ប្រសូតិ-ជីភូ-ចន្ទ្រា-ក្រុងស្វាយរៀងមានរថយន្តចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៤,ស្រុកកំពង់រោទិ៍ ក្រុងស្វាយរៀង-ប្រសូតិ-កំពង់រោទិ៍-ក្រុងស្វាយរៀងមានរថយន្តចំនួន០១គ្រឿង ក្រុងស្វាយរៀង-បន្ទាយក្រាំង-កំពង់រោទិ៍-ក្រុងស្វាយរៀងចំនួន០១គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​៥,ស្រុករមាសហែក ក្រុងស្វាយរៀង-កំពង់ចក កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន០២គ្រឿង ក្រុងស្វាយរៀង-ដូនស-ចន្ត្រី កំពង់ត្រាច-ក្រុងស្វាយរៀងចំនួន០២គ្រឿងចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣រសៀល។​ យោងតាមលិខិតរដ្ឋបាល​ខេត្ត​ស្វាយរៀង បានណែនាំដល់ពលរដ្ឋទាំងអស់ត្រូវរក្សាទ្រព្យសម្បត្តិដែលនាំតាមខ្លួនអោយបានគតមត់ និងប្រុងប្រយ័ត្នក្នុងការធ្វើដំណើររួមតាម រថយន្តក្រុងរបស់រដ្ឋបាលខេត្ត ទៅលេងស្រុកកំណើតផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជា បន្តជំរុញវិស័យកសិកម្មដើម្បីសម្រេចឲ្យបាននូវ “មានហូប មានប្រើ មានបាន និងមានរហូត”

2025/04/08 02:33:59 pm        334
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៧ ខែមេសានេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនា រវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម។ កម្មវិធីនេះរំពឹងទុកថា នឹងរួមចំណែកជំរុញសេដ្ឋកិច្ចកសិកម្មឲ្យកាន់តែរីកចម្រើនសម្រាប់អភិវឌ្ឍន៍គ្រប់អនុវិស័យ។នៅក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គឺនៅតែបន្តផ្តល់អាទិភាពខ្ពស់ដល់វិស័យកសិកម្ម ជាពិសេស តាមរយៈការដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាពដែលរួមមាន ការលើកស្ទួយផលិតភាពកសិកម្ម, ការរកទីផ្សារ, ការរក្សាលំនឹងថ្លៃកសិផល, ការដាក់ ពង្រាយមន្ត្រីកសិកម្មឃុំ, និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ដើម្បីបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។ ក្នុងទិសដៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយ “មានហូប មានប្រើ មានបាន និងមានរហូត” ដើម្បីធានាសន្តិសុខស្បៀង ចូលរួមគាំទ្រកំណើនសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាកសិករ។ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានលើកឡើងបន្តថា ជាការកត់សម្គាល់ វិស័យកសិកម្មកម្ពុជាសម្រេចបានលទ្ធផលគួរជាទីមោទនៈ និងបានប្រែក្លាយពីស្ថានភាពខ្វះស្បៀង មកជាការធានាបាននូវសន្តិសុខស្បៀងគ្រប់គ្រាន់ក្នុងប្រទេស និងការនាំចេញផលិតផល កសិកម្មរាប់លានតោនដែលរួមចំណែកយ៉ាងសំខាន់ ដល់ការធានាសន្តិសុខស្បៀងពិភពលោកថែមទៀតផង។ ឯកឧត្តម បន្ថែមថា ទោះជាយ៉ាងនេះក្តី វិស័យកសិកម្មកម្ពុជាជួបបញ្ហាប្រឈមមួយចំនួន ដូចជា អស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ល។ ដែលទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅ និងរួមគ្នាដោះស្រាយ តាមយន្តការ “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍កសិកម្ម” ដើម្បីជំរុញ និងបង្កើនល្បឿនការអភិវឌ្ឍវិស័យកសិកម្ម។សូមជំរាបជូនថា គិតក្នុងឆ្នាំ២០២៤ វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប (Gross Value Added) កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ទីភ្នាក់ងារអង្គការសហប្រជាជាតិ​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន កោតសរសើរសមិទ្ធផលកម្ពុជា និងប្រកាសបន្តគាំទ្រវិស័យសកម្មភាពមីន

2025/04/08 02:23:09 pm        134
នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥, នៅវិមានសន្តិភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចសន្ទនាជាន់ខ្ពស់ស្តីពី សកម្មភាពមីននៅកម្ពុជា ដោយមានការចូលរួមពីតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ,​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅឆ្ពោះទៅសម្រេចគោលដៅ កម្ពុជាគ្មានមីន ។សម្តេចបវរធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការរួមចំណែកដ៏សំខាន់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​​ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ក្នុងការកាត់បន្ថយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរនៃគ្រាប់មីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា។ សម្តេចបវរធិបតីបានគូសបញ្ជាក់ពីសមិទ្ធផលគួរឱ្យកត់សម្គាល់ដែលកម្ពុជាសម្រេចបាន រួមមាន៖ ការរំដោះផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានសរុបជាង ៣,២៩៧ គីឡូម៉ែត្រក្រឡា, ការកាត់បន្ថយអត្រាអ្នករងគ្រោះមកនៅក្រោម ៥០នាក់ក្នុងមួយឆ្នាំ និងការប្រកាសខេត្តចំនួន ១៥ ជាខេត្តអស់មីន។ សម្តេចបវរធិបតី បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ បានធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរាប់លាននាក់ និងបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាលំដាប់។ សម្តេចបវរធិបតីក៏បានលើកឡើងពីការវិវត្តរបស់កម្ពុជាដែលបានប្រែក្លាយពីប្រទេសដែលទទួលជំនួយផ្នែកសកម្មភាពមីន ទៅជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការបោសសម្អាតមីនជាសកល តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងការផ្តល់វគ្គបណ្តុះបណ្តាលលើជំនាញបោសសម្អាតមីនមនុស្សធម៌ ទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន។ទីភ្នាក់ងារអង្គការសហប្រជាជាតិ,​ តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចគួរឱ្យកត់សម្គាល់លើសកម្មភាពបោសសម្អាតមីននៅកម្ពុជា។ បន្ថែមលើនេះ, វាគ្មិនទាំងអស់ ក៏បានកោតសរសើរតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ តាមរយៈការចូលរួមក្នុងសកម្មភាពបោសសម្អាតមីនមនុស្សធម៌, ការចែករំលែកបទពិសោធន៍ និងការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងបានសង្កត់ធ្ងន់ថា “បទពិសោធន៍ជោគជ័យរបស់កម្ពុជាគួរតែត្រូវបានចែករំលែកជាមួយនឹងបណ្ដាប្រទេសនៅលើសកលលោក”។ ជាមួយគ្នានោះ, ទីភ្នាក់ងារអង្គការសហប្រជាជាតិ, តំណាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនក៏បានគូសបញ្ជាក់ពីការប្ដេជ្ញាបន្តគាំទ្រកិច្ចសហប្រតិបត្តិការ លើការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សំដៅចូលរួមចំណែកសម្រេចឱ្យបានគោលដៅកម្ពុជាគ្មានមីន។សម្ដេចបវរធិបតីបានបញ្ជាក់សាជាថ្មីថា វិស័យសកម្មភាពមីននៅតែជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ហើយកម្ពុជាបន្តខិតខំប្រឹងប្រែង ដើម្បីឈានទៅសម្រេចតាមគោលដៅដែលបានគ្រោងទុក ។ សម្តេចបវរធិបតីបានលើកទឹកចិត្តគ្រប់ភាគីពាក់ព័ន្ធ ឱ្យបន្តសហការគាំទ្រ, ចូលរួម និងយកចិត្តទុកដាក់លើការងារបោសសម្អាតមីន,ការអប់រំពីគ្រោះថ្នាក់នៃគ្រាប់មីន, ការជួយស្ដារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រាប់មីន,ការអភិវឌ្ឍសហគមន៍ក្រោយការបោសសម្អាតមីន, ការពង្រឹងសមត្ថភាពបច្ចេកទេស និងឧបករណ៍, ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ៕

មន្រ្តីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បន្តផ្តល់សេវាជូនដល់ពលករខ្មែរ ប្រកបការយកចិត្តទុកដាក់ខ្ពស់

2025/04/08 02:09:45 pm        161
បន្ទាយមានជ័យ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ មន្ដ្រីប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅតែបន្តការផ្តល់សេវា​បែបបទ​ទិន្នការ​នានា និងការរៀបចំសណ្តាប់ធ្នាប់​ឲ្យមានរបៀបរៀបរយ ​ជូនដល់ភ្ញៀវជាតិ - អន្តរជាតិ និង​មានការចែកក្រម៉ា ទឹកសុទ្ធ នំប៉័ង ជូនពលករខ្មែរ​ ដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលព្រះរាជាណាចក្រកម្ពុជា ដើម្បីមកលេងស្រុកកំណើត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយក្នុងមួយថ្ងៃៗមានចំនួនយ៉ាងច្រើនកុះករផងដែរ។អនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍​នគរបាល​ច្រកទ្វារព្រំដែន​អន្តរជាតិប៉ោយប៉ែត ​មានប្រសាសន៍ថា ការចែកក្រម៉ា​ ទឹកសុទ្ធ និងនំប៉័ង​ជូនដល់ពលករខ្មែរដែលវិលត្រឡប់ចូលប្រទេសកម្ពុជា​ក្នុងឱកាសពិធីបុណ្សចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នាពេលនេះ គឺបានអនុវត្តចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃទី១៧ ​ខែមេសា ឆ្នាំ២០២៥ទើបត្រូវបានបញ្ចប់។លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន ​បានបន្តថា ស្របពេលប្រទេសជាតិកំពុង​តែ​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​ យើងសង្កេតឃើញថា​កំណើនបងប្អូនប្រជាពលរដ្ឋដែលធ្វើការ​ចំណាក់ស្រុក​វិល​មកស្រុកកំណើត​របស់ខ្លួនម្នាក់ៗ​ ហាក់មានជីវភាពធូរធានគ្រាន់​បើទើប​ពួកគាត់​មាន​លទ្ធភាព​បាន​ធ្វើដំណើរមកលេងស្រុកកំណើតយ៉ាងច្រើនកុះករ​យ៉ាងដូច្នេះ ​ដោយ​ក្នុងមួយថ្ងៃៗមានចំនួន​កើនឡើង​ជាលំដាប់​ជារាងរាល់ថ្ងៃផងដែរ។លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការឆ្លងដែនរបស់បងប្អូន​ពលករខ្មែរ​យើងចូល​តាម​ច្រកប៉ោយប៉ែតនេះដែរ​ គឺ​មាន​ការយក​ចិត្តទុក​ដាក់ខ្ពស់​ពីសំណាក់មន្រ្តី​នគរបាលច្រកទ្វារ ធ្វើ​យ៉ាងណាសម្រួល​ដល់ការផ្តល់សេវាជូន​ដល់ពួកគាត់ឲ្យមានភាពជឿជាក់រហ័សទាន់ចិត្តផងដែរ៕ 

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំង​នគរបាល​ប្រចាំ​ការ​ដោះស្រាយការងាររដ្ឋបាលចំនួន៧ នាយកដ្ឋាន-អង្គភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

2025/04/08 02:08:18 pm        88
នៅបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រចាំការដោះស្រាយការងាររដ្ឋបាល ចំនួន៧នាយកដ្ឋាន-អង្គភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ  បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនរបាលជាតិ ជូនដល់កងកម្លាំងនគរបាលប្រចាំការដោះស្រាយការងាររដ្ឋបាល ចំនួន៧ នាយកដ្ឋាន-អង្គភាព ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនអង្គភាព ពិសេសជូនសង្គមជាតិ។ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធសំដៅពង្រឹងដោះស្រាយការងាររដ្ឋបាល និងចូលរួមបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ។ ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិ ក៏បានសង្កត់ធ្ងន់ដល់ នាយកដ្ឋាននគរបាលចរចរណ៍ និងសណ្តាប់ធ្នាប់ សូមយកចិត្តទុកដាក់ឲ្យបានខ្ពស់ ពិសេសការសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដើម្បីឲ្យមានប្រសិទ្ធភាពនិងជំនឿទុកចិត្ត យើងត្រូវអនុវត្តបទវិន័យរបស់មន្ត្រីនគរបាលជាតិ (ស្លូតបូត ទន់ភ្លន់ តែម៉ឺងម៉ាត់ ) ត្រូវអនុវត្តនូវក្រមសីលធម៌ វិជ្ជាជីវៈ និងវិន័យឲ្យបានខ្ជាប់ខ្ជួន ដើម្បីលើកកម្ពស់សីលធម៌ តម្លៃ សេចក្តីថ្លៃថ្នូរ ។ក្នុងន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំឲ្យបណ្ដានាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ទន្ទឹមនឹងនោះបណ្តានាយកដ្ឋាន អង្គភាពជំនាញ ត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ៕

សម្ដែងរបាំត្រុដិបណ្ដេញឧបទ្រពចង្រៃ និងទទួលទេវតាឆ្នាំថ្មី! នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ

2025/04/08 01:17:41 pm        135
ដើម្បីចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៩ គ.ស២០២៥ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ ពិតជាមានកិត្តិយសក្រៃលែង ដែលគណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស នៃអនុវិទ្យាល័យសង្គមថ្មី ដែលបាន អញ្ជើញមកធ្វើការសម្ដែងរបាំត្រុដិដ៏វិចិត្រ ​នៅមន្ទីរព័ត៌មានខេត្តព្រះវិហារ។ការសម្ដែងរបាំត្រុដិនេះ មិនត្រឹមតែជាការបង្ហាញពីសិល្បៈវប្បធម៌ដ៏ល្អផូរផង់របស់ជាតិប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមបណ្ដេញនូវឧបទ្រពចង្រៃ គ្រោះកាចនានាដែលកើតមានក្នុងឆ្នាំចាស់ និងជាការទទួលទេវតាឆ្នាំថ្មីប្រកបដោយសិរីសួស្ដី ជ័យមង្គល សេចក្ដីសុខ សេចក្ដីចម្រើន និងសុភមង្គល។ លើសពីនេះ របាំនេះក៏ជាការបួងសួងសុំឱ្យទទួលបានភាពជោគជ័យ​គ្រប់ប្រការ​ក្នុងការបំពេញភារកិច្ចសម្រាប់ឆ្នាំថ្មីផងដែរ។ក្នុងឱកាសដ៏វិសេសវិសាលនេះ ​មន្ទីរព័ត៌មានខេត្តព្រះវិហារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះសេចក្ដីសប្បុរស និងការចូលរួមពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងក្រុមរបាំត្រុដិ នៃ​អនុវិទ្យាល័យសង្គមថ្មី និងសូមជូនពរឱ្យទទួលបាននូវពរជ័យ ​សិរីមង្គល វិបុលសុខ និងជោគជ័យគ្រប់ប្រការ។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ដឹកនាំ គណៈប្រតិភូនាំយកអំណោយ និងចុះសាកសួសុខទុក្ខកងទព័ទិសទី១ ប្រាសាទព្រះវិហារ

2025/04/08 01:04:20 pm        100
ព្រះវិហារ៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បានដឹកនាំ​គណៈប្រតិភូ​ចុះ​សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ ចែក​ជូនកងទព័កងពលធំអន្តរាគមន៍លេខ៣ទិសទី១ ប្រាសាទព្រះវិហារ នៅក្នុងឱកាសបុណ្យចូល ឆ្នាំប្រពៃណៃជាតិខ្មែរ ។ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលធំ​អន្តរាគមន៍លេខ៣ ទិសទី១ ប្រាសាទព្រះវិហារ បានឱ្យដឹងថា ជំនួសមុខឱ្យ​នាយ នាយទាហានរង​ និងពលទាហានទាំងអស់ សូមសម្ដែង​ការអបអរសាទរ​ចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធានអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដែល​បានដឹកនាំ​គណៈប្រតិភូចុះសាកសួសុខទុក្ខ និងនាំ​អំណោយ​យ៉ាងច្រើន​យកមកចែកជូនដល់កង​ទ័ពជួរមុខ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិយើង។នាឱកាសនេះ ឯកឧត្តម ស្រី ឌឹក បានបញ្ជាក់ថា ​រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ​អតីតនាយយករដ្ឋមន្រ្តី ​និងបច្ចុប្បន្ន​ក្រោមការដឹងនាំរបស់​សម្តេច​ធិបតី ​ហ៊ុន ​ម៉ាណែត នាយករដ្ឋមន្រ្តី កងទ័ពរួមទាំងគ្រួសារកងទ័ពមានជីវភាពរស់នៅល្អប្រសើរ។ ពិសេសជាងនេះ ទៅទៀត ការរីកចំរើនលើហេដ្ឋារចនា​សម្ព័ន្ធនានាតាមព្រំដែនកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​ពីរាជរដ្ឋាភិបាល ​ពិសេសឯកឧត្តម ឱម យិនទៀង ក្នុងនោះ​មានដូចជា អង្គភាពនានា​របស់កងទ័ព មន្ទីរពេទ្យ សាលារៀនផ្លូវស្ពាន ប្រែក្លាយបន្ទាត់ព្រំដែន​ទៅជាព្រំដែនមានសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ ។ ក្នុងឱកាសនោះដែរ​ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង ទេសរដ្ឋមន្ត្រី និង​ជាប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​បានឱ្យដឹងថា ជំនួសមុខឱ្យរាជរដ្ឋាភិបាលកម្ពុជា សូម​សំដែងការ​ដឹងគុណជានិច្ចចំពោះនាយ នាយទាហានរង ​និង​ពលទាហាន​ទាំងអស់ ​ដែល​បាន​យក​អស់កម្លាំង​កាយ​ចិត្ត​ប្រាជ្ញា​ស្មារតី​ទទួល​ខុស​ត្រូវខ្ពស់​ ក្នុង​ការ​អនុវត្តន៍​គោរព​បទ​បញ្ជា​របស់​ថ្នាក់លើ ឈរជើង​ការពារ​បូរណភាព​ទឹកដី​បាន​ល្អប្រសើរ បើគ្មាន​សមរភូមិមុខ ក៏​គ្មាន​សមរភូមិ​ក្រោយដែរ។ ជាងនេះទៅ​ទៀត ​រាជរដ្ឋាភិបាលក្រោមការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ​ម៉ាណែត បាន​យកចិត្តទុក​ដាក់​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​របស់​នាយទាហាន​ និង​ពលទាហាន​ ។ ជាពិសេស​គ្រួសារ​កងទ័ព​ឱ្យមានជីវភាព​រស់នៅ​ប្រចាំថ្ងៃ កាន់តែល្អប្រសើរថែមមួយកម្រិតទៀតផងដែរ ៕

សម្ដេចតេជោបង្ហាញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ខណៈកំពុងដឹកនាំប្រទេសក្នុងសភាពមានសន្តិភាពផង និងមានសង្រ្គាមផង

2025/04/08 12:11:34 pm        176
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហាញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ខណៈកំពុងដឹកនាំប្រទេសក្នុងសភាពចល័ត មានសន្តិភាពផង និងមានសង្រ្គាមផង។សម្ដេចតេជោ បានសរសេរថា៖ឃើញរូបថតចាស់ៗនាទសវត្សរ៍១៩៨០ ធ្វើឱ្យនឹកឃើញដល់ការដឹកនាំប្រទេសក្នុងសភាពការចល័តមានសន្តិភាពផង និងមានសង្រ្គាមផង។ វាយផងចរចាផង អភិវឌ្ឍសេដ្ឋកិច្ចសង្គមផងដែលប្រើពេលជាងពាក់កណ្តាលជីវិតទើបរកសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន»។សម្ដេចតេជោបានបញ្ជាក់ថា រូបថត ៤ សន្លឹកនេះ ៣ សន្លឹកដើរចូលសភា និងប្រជុំសភា និង ១ សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាពដែលពេលនោះទើបមានអាយុជាង៣០ឆ្នាំ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM