ជប៉ុនផ្តល់ថវិកា ១,៣លានដុល្លារបន្ថែម ដើម្បីគាំទ្រគម្រោង «ការឆ្លើយតបទៅនឹងតម្រូវការបន្ទាន់របស់ជនទេសន្តរប្រវេសន៍ និងជនភៀសសឹកដែលងាយរងគ្រោះដោយសារវិបត្តិព្រំដែនកម្ពុជា-ថៃ និងការកសាងភាពធន់នឹងវិបត្តិនាពេលអនាគត»
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដឹកនាំក្រុមការងារបរិច្ចាគឈាមស្ម័គ្រចិត្ត ដើម្បីរម្លឹកនូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លា និងអបអរសាទរនាឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចយាយ
ឯកឧត្តម គន់ គីម អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាត តំណាងទូទាំងប្រទេសសមាគមអតីតយុទ្ធជនវៀតណាមលើកទី៨

ព័ត៌មានជាតិ

ធនាគារជាតិប្រមូលធាតុចូលលើការបង្កើតប្រព័ន្ធវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាព

2025/04/08 07:45:45 pm        93
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បើកសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រ ជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព សម្រាប់ដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បីបំពេញនូវមហិច្ឆតារបស់រដ្ឋាភិបាលលើបញ្ហាអាកាសធាតុ។​ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីសេចក្តីព្រាង ប្រព័ន្ធវដ្តករសាស្ត្រ សម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នេះថា ទោះបីកម្ពុជាបញ្ចេញ កាបូនទាបក៏ដោយ ក៏រាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តចំពោះគោលដៅរួម នៃអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ហើយកំពុងចាត់វិធានការ យ៉ាងសកម្មចំពោះការបញ្ចេញកាបូន។ រដ្ឋាភិបាលនឹងបង្កើនគម្របព្រៃឈើពី ៤០% ទៅ ៦០% នៃផ្ទៃដីប្រទេស ដោយដាំដើមឈើ ១ លានដើមក្នុងមួយឆ្នាំ បង្កើនប្រភពថាមពលកកើតឡើងវិញបន្ថែមទៀតពី ៦០% ទៅ ៧០% ក្នុងនោះបញ្ឈប់ការសាងសង់រោងចក្រ ថាមពលធ្យូងថ្មថ្មី និងជំរុញគោលនយោបាយអំណោយផលសម្រាប់រថយន្តអគ្គិសនី។បញ្ហានេះ, ធនាគារជាតិនៃកម្ពុជាក្នុងនាមជាអាជ្ញាធររូបិយវត្ថុ បានខិតខំកសាងក្របខណ្ឌ និងបរិយាកាសអំណោយផល ដើម្បី ប្រមូលហិរញ្ញវត្ថុចាំបាច់ បំពេញតាមមហិច្ឆតារបស់រដ្ឋាភិបាលលើបញ្ហាអាកាសធាតុ។ ជាក់ស្តែងនៅឆ្នាំនេះ យើងមានគម្រោងអនុវត្ត និក្ខេបបទ ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពជាតិ សម្រាប់វិស័យបីដំបូង ដែលជាប្រធានបទនៃការពិគ្រោះយោបល់រួមមាន៖ ផ្សព្វផ្សាយ ផែនទីបង្ហាញផ្លូវ ស្តីពីហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព ដើម្បីដាក់ចេញនូវគោលការណ៍ណែនាំ និងផែនការសកម្មភាពច្បាស់លាស់ ដើម្បី សម្រេចបាននូវមហិច្ឆតានេះ។ឯកឧត្តម បន្តថា ធនាគារជាតិនៃកម្ពុជាបានបញ្ចប់ការវាយតម្លៃបឋម លើវិស័យធនាគារ ហានិភ័យទាក់ទងនឹងការប្រែប្រួល អាកាសធាតុ ដើម្បីយល់កាន់តែច្បាស់អំពីទំហំពិតហានិភ័យ និងការផ្លាស់ប្តូរដែលអាចកើតមានពីព្រឹត្តិការណ៍ទាក់ទងនឹងអាកាសធាតុ ដើម្បីធានាថា យើងកំណត់បទប្បញ្ញត្តិដែលពាក់ព័ន្ធ និងសមាមាត្រ លើការគ្រប់គ្រងហានិភ័យទាំងនេះ។ ចំណែកដំណាក់កាលដំបូង បានកំណត់អាទិភាពលើវិស័យសំខាន់ៗដូចជា៖ ថាមពល ការដឹកជញ្ជូន និងអគារ វិស័យទាំងនេះនឹងត្រូវបានបង្ហាញលម្អិតបន្ថែម។ ការផ្តល់អាទិភាពនេះ មិនមានន័យថា វិស័យផ្សេងទៀតមិនសូវសំខាន់នោះទេ។ ផ្ទុយទៅវិញ វាឆ្លុះបញ្ចាំងពីវិធីសាស្រ្តយុទ្ធសាស្ត្រ ផ្អែក លើការត្រៀមខ្លួនតាមវិស័យ ឱកាសសក្តានុពល និងផលប៉ះពាល់ដែលរំពឹងទុក លើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។បញ្ហានេះដែរ លោកស្រី Elvira Morella អ្នកគ្រប់គ្រងទីប្រឹក្សាប្រចាំប្រទេស និងសេដ្ឋកិច្ចអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក សាជីវកម្ម ហិរញ្ញវត្ថុអន្តរជាតិ (IFC) លើកឡើងថា ក្នុងរយៈពេល២ឆ្នាំកន្លងមក, (IFC) បានគាំទ្រដល់ប្រជាជនកម្ពុជា តាមរយៈការកសាង សមត្ថភាព និងបង្កើនចំណេះដឹងផ្សេងៗ ពាក់ព័ន្ធវិស័យអាទិភាពមួយចំនួន ជាក់ស្តែងសេចក្តីព្រាងប្រព័ន្ធវដ្តករសាស្ត្រនេះ គឺជាការបោះ ជំហ៊ានទៅមុខថ្មីបន្ថែមទៀត ធ្វើយ៉ាងណាជំរុញឱ្យប្រព័ន្ធវដ្តករសាស្ត្រប្រកបដោយតម្លភាព ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ឱ្យបានជា អតិបរមា សម្រាប់ប្រជាជនកម្ពុជា និងដើម្បីរួមចំណែកដល់ការផ្លាស់ប្តូរ នៃដំណើរឆ្ពោះទៅរកសេដ្ឋកិច្ចបៃតង និងនិរន្តរភាព៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងជំរុញលើកកម្ពស់សហគ្រិនភាព ដើម្បីរួមចំណែកនៃការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច

2025/04/08 07:41:51 pm        110
ភ្នំពេញ ៖ កម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការសម្របសម្រួល ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩។​ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុង កម្មវិធីបើកវគ្គបណ្តុះបណ្តាល លើជំនាញបង្កើនផលិតភាពសហគ្រាស នៅថ្ងៃទី ៧ ខែ មេសា ម្សិលមិញនេះថា តាមរយៈគម្រោងការ អនុវត្តនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយអង្គការ UNIDO នឹងសហការអនុវត្តសកម្មភាព ជាច្រើន ដើម្បីពង្រឹងសមត្ថភាពសហគ្រាស និងសមាគមធុរកិច្ច ឱ្យបង្កើនផលិតភាព និងសមត្ថភាពប្រកួតប្រជែងលើទីផ្សារ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ និងផ្ដល់ការងារសមរម្យដល់យុវជន។ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ជុំវិញគម្រោងខាងលើនេះ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញនិងពង្រឹង សមត្ថភាពកម្មករ-បុគ្គលិក រោងចក្រ សហគ្រាស និងសិប្បកម្ម ជាពិសេសផ្តោតទៅលើវិស័យកសិ-ឧស្សាហកម្ម។ បញ្ហានេះ ក្រសួង បាននិងកំពុងយកចិត្តទុកដាក់លើកកម្ពស់សហគ្រិនភាព និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ការដឹកនាំសម្របសម្រួលការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការបង្កើតការងារសមរម្យ និងតម្រង់ទិសរួមជាមួយការកែសម្រួលក្របខ័ណ្ឌគតិយុត្តិ និងបទបញ្ញត្តិ ពាក់ព័ន្ធ ដើម្បីរួមចំណែកត្រៀមក្នុងដំណើរចាកចេញពីឋានៈជាប្រទេសមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ដោយជោគជ័យ។បញ្ហានេះ បើតាមលទ្ធផលនៃការវាយតម្លៃរហ័ស អំពីតម្រូវការ របស់អង្គការ UNIDO សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា កំពុងប្រឈមនឹងឧបសគ្គមួយចំនួនដូចជា កង្វះលទ្ធភាពទទួលហិរញ្ញប្បទានប្រាក់កម្ចី និងទុនបង្វិលកង្វះ ចំណេះដឹង បច្ចេកទេស ដូចជា៖ ទាក់ទងនឹងសុវត្ថិភាពម្ហូបអាហារ និងប្រសិទ្ធភាពធនធាន លទ្ធភាពតភ្ជាប់និងជ្រៀតចូលទីផ្សារតិចតួច និងកង្វះបុគ្គលិក ជំនាញ សមត្ថភាពគ្រប់គ្រងដំណើរការអាជីវកម្ម និងវត្ថុធាតុដើមដែលមានគុណភាពជាដើម។លោក សុខ ណារិន តំណាងប្រចាំប្រទេសអង្គការ UNIDO បានបញ្ជាក់អំពីសារៈសំខាន់ នៃការកសាងសមត្ថភាព សហគ្រាសធុនតូច និងមធ្យម នេះថា គំនិតផ្តួចផ្តើមនេះនឹងផ្លាស់ប្តូរ SMEs ធ្វើឱ្យពួកគេមានសមត្ថភាពប្រកួតប្រជែងខ្លាំងជាងមុន និងមានការរីកចម្រើនខ្ពស់។ បញ្ហានេះ នឹងជួយបង្កើតការងារ បំផុសគំនិតដល់អ្នកដទៃ និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ ដែលនាំឱ្យ សេដ្ឋកិច្ចក្នុងស្រុកមានភាពធន់ រឹងមាំ។ សូមបញ្ជាក់ថា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ពីអង្គការសហ- ប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) បានដាក់ឱ្យដំណើ ការកម្មវិធីបណ្ដុះបណ្ដាលស្តីពី «ជំនាញបង្កើនផលិត ភាពសហគ្រាស» ក្នុងគោលដៅបង្កើនភាពប្រកួតប្រជែង ផលិតភាព និងសមត្ថភាពអនុលោមរបស់សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា។ ការដាក់ឱ្យដំណើរការនេះជាផ្នែកមួយនៃគម្រោង «ការងារនិងមុខរបរសមរម្យសម្រាប់យុវជន» ដំណាក់កាលទី៣ ដែលជា កម្មវិធីរួមរបស់អង្គការសហប្រជាជាតិ អនុវត្តដោយអង្គការ ILO, UNIDO, UNESCO, និង UNICEF ក្រោមជំនួយពីទីភ្នាក់ងារស្វីស សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC)៕អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធនាគារជំរុញឱ្យប្រធានពន្ធនាគារថ្មី នៃខេត្តប៉ៃលិនបន្តយកចិត្តទុកដាក់អប់រំហ្វឹកហ្វឺនណែនាំ កែប្រែ ទណ្ឌិតក្នុងពន្ធនាគារ ឱ្យក្លាយទៅជាមនុស្សល្អ

2025/04/08 06:38:41 pm        109
ប៉ៃលិន៖ មានប្រសាសន៍ក្នុងពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារថ្មីខេត្តប៉ៃលិន នាព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានជំរុញ ឱ្យមន្រ្តី និងថ្នាក់ដឹកនាំពន្ធនាគារ បន្តយកចិត្តទុកដាក់ ឱ្យកាន់តែមានប្រសិទ្ធភាព ក្នុងការអប់រំហ្វឹកហ្វឺន ណែនាំ កែប្រែ និងផ្តល់វិជ្ជាជីវៈដល់ទណ្ឌិត ក្នុងពន្ធនាគារ ឱ្យក្លាយទៅជាមនុស្សល្អ ដើម្បីឱ្យពួកគេធ្វើសមាហរណកម្មខ្លួន ទៅក្នុងគ្រួសារ និងសង្គមវិញ ។ ពិធីប្រកាសនេះដែរ មានការអញ្ជើញចូលរួមពីសំណាក់លោក សោ សុវណ្ណ អភិបាលរងខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត អង្គភាពមន្ទីរពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងមន្រ្តីពន្ធនាគារខេត្តជាច្រើននាក់។លោក សោ សុវណ្ណ អភិបាលរងខេត្ត បានសម្តែងនូវការអបអរសាទរចំពោះលោកប្រធានពន្ធនាគារខេត្តថ្មី ដែលត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្ត ដើម្បីបន្តដឹកនាំនិងគ្រប់គ្រងលើកិច្ចការងារពន្ធនាគារនៅក្នុងខេត្តផងដែរ។ លោកអភិបាលរងខេត្ត បានកោតសរសើរ និងថ្លែងនូវការអរគុណ ចំពោះអតីតប្រធានពន្ធនាគារខេត្ត ដែលបានបំពេញការងារ ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនជាមួយការទទួលខុសត្រូវខ្ពស់ ព្រមទាំងបានកសាងនូវស្នាដៃ និងបន្សល់ទុកនូវសមិទ្ធផលល្អៗជាច្រើន ជាពិសេសបានសហការនិងមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានមានប្រសាសន៍ ស្នើដល់ប្រធានពន្ធនាគារខេត្តប៉ៃលិនថ្មី ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ ការទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន និងត្រូវខិតខំបង្កើនសមត្ថកិច្ចគ្រប់គ្រង ឱ្យបានជាប់ជាប្រចាំ ដូចជា ត្រូវពង្រឹងនូវការងារយាមកាមពន្ធនាគារ ២៤ម៉ោងលើ២៤ម៉ោង ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ ទាំងក្នុងនិងក្រៅបរិវេនពន្ធនាគារ ដើម្បីចាត់វិធានការតឹងរ៉ឹង ចំពោះចំណុចខ្វះចន្លោះ ក៏ដូចជាការឆែកឆេររឹបអូសការយកសម្ភារៈហាមឃាត់ នាំចូលទៅក្នុងពន្ធនាគារ ដោយទណ្ឌិត ដែលជាការបង្ករឱកាសមធ្យោបាយ របស់ទណ្ឌិត និងទប់ស្កាត់បទល្មើសផ្សេងៗក្នុងពន្ធនាគារកុំឱ្យកើតមាន។ ឯកឧត្ដមក៏បានជំរុញឱ្យមន្រ្តីពន្ធនាគារទាំងអស់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និងមិនប្រព្រឹត្តអំពើពុករលួយ មានក្រមសីលធម៌ និងមានវិន័យជាអនុរក្សពន្ធនាគារ ដើម្បីជួយឲ្យពួកគេធ្វើការកែប្រែខ្លួន ក្លាយជាពលរដ្ឋល្អពិតប្រាកដ និងមិនត្រូវធ្វើខ្លួនជាចៅហ្វាយនាយរបស់ទណ្ឌិតឡើយ។សូមបញ្ជាក់ថា៖ បើយោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃលេខ ៣៥៣៥ ប្រក ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ ត្រូវបានប្រកាស់តែងតាំង លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ កូវ កឿត អត្តលេខ ០៣២១ ជាប្រធានពន្ធនាគារខេត្តប៉ៃលិន ចំណុះអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃផងដែរ៕

រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំ «សង្ក្រាន្តវត្តភ្នំ» នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេល ០៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ

2025/04/08 05:20:14 pm        82
ភ្នំពេញ៖រដ្ឋបាល រាជធានីភ្នំពេញនឹងរៀបចំ “សង្ក្រាន្តវត្តភ្នំ” នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល ០៣ថ្ងៃ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និងកម្សាន្តសប្បាយ ជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បៈវប្បធម៌។ ដើម្បីឱ្យការរៀបចំកម្មវិធីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវក កកស្ទះចរាចរ អាជ្ញាធរមានសមត្ថកិច្ចនឹងរៀបចំចំណតយានយន្តសម្រាប់អ្នកចូលរួមកម្មវិធីសង្ក្រាន្តវត្តភ្នំ ចាប់ពី ថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលពុំមានការចាំបាច់ ពុំគួរធ្វើដំណើរឆ្លងកាត់បរិវេណទីតាំងប្រារព្ធពិធីឡើយ ព្រោះអាចមានចរាចរណ៍មមាញឹកខ្លាំងដោយសារ មធ្យោយបាយធ្វើដំណើររបស់អ្នកមកចូលរួមកម្មវិធី អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធី។

បច្ចុប្បន្នការនាំចេញដំណាំកសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិទទួលផលវិជ្ជមានច្រើនជាងមុន

2025/04/08 05:07:49 pm        203
ភ្នំពេញ ៖ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ប្រៀបធៀបរយៈពេលប្រមាណ១០ឆ្នាំកន្លងទៅ (២០១៥-២០២៥) ការនាំចេញដំណាំកសិផលរបស់កម្ពុជា មិនមានច្រើនទេ ប៉ុន្តែបច្ចុប្បន្ននេះកម្ពុជាចាប់ផ្តើមនាំចេញចំរុះមុខ មានដូចជាបន្លែ ផ្លែឈើ សូម្បីការងារវារីវប្បកម្មក៏មានធ្វើការនាំចេញដែរ ដូច្នេះបង្ហាញថា កម្ពុជាបានធ្វើពិពិធកម្មទាំងកសិផល និងពិពិធកម្មកម្ពុជា។​ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្រោយអង្គវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៥ និងកិច្ចសន្ទនា នៅថ្ងៃទី៧ ខែមេសាកន្លងទៅ បានមានប្រសាសន៍ប្រាប់បណ្តាញអ្នកសារព័ត៌មានឲ្យដឹងថា ជារចនាសម្ព័ន្ធនៅក្នុងវិស័យកសិកម្ម មានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ដែលគិតថា១០ឆ្នាំមុន និង១០ឆ្នាំក្រោយ ការចូលរួមពីវិស័យកសិកម្មនៅតែសំខាន់នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចជាតិ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយមើលឃើញថា មានការប្រែប្រួលគួរឲ្យកត់សម្គាល់មួយចំនួនដែរ ដោយសារក្រសួងកសិកម្មបានរៀបចំវេទិកាជាបន្តបន្ទាប់ជាមួយដៃគូពាក់ព័ន្ធជាច្រើនមកពីវិស័យកសិកម្ម។ ឯកឧត្តម បានឲ្យដឹងទៀតថា តាមរយៈ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ក្រសួងនឹងបង្កើតបាននូវឱកាសសម្រាប់កិច្ចសន្ទនា រវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម ការផ្គូរផ្គងអាជីវកម្ម ការបង្ហាញនូវនវានុវត្តន៍ ការបង្កើនភាពជាដៃគូ ការកៀរគរការវិនិយោគ និងការផ្សារភ្ជាប់ទៅនឹងទីផ្សារ។ ក្នុងការបោះជំហានឆ្ពោះទៅកាន់ព្រឹត្តិការណ៍ធំ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ ឯកឧត្តមក៏បានអំពាវនាវឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងការអនុវត្តគំនិតផ្តួចផ្តើមនេះ ដោយចែករំលែកគំនិតយោបល់ល្អៗ និងដំណោះស្រាយវិជ្ជមាន ដើម្បីគាំទ្រ ដល់ការធ្វើបរិវត្តកម្មវិស័យកសិកម្មកម្ពុជា ប្រកបដោយភាពច្នៃប្រឌិត និងការប្រកួតប្រជែងខ្ពស់។យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតត្រឹមបំណាច់ឆ្នាំ២០២៤ វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន ជាមួយនឹងតម្លៃបន្ថែមសរុប កើនឡើងដល់ជាង ៧,៨២ពាន់លាន ដុល្លារ ក្នុងនោះ ការរួមចំណែករបស់អនុវិស័យដំណាំស្មើនឹង ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។ កម្ពុជាបាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ទិសដៅ ៩៥ប្រទេស គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារអាមេរិក៕អត្ថបទ៖ ឈិត បូរ៉ាវី 

ស្ពានខ្ពស់ជាងគេនៅកម្ពុជា លើផ្លូវជាតិលេខ១០ នឹងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នមួយសប្តាហ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ បន្ទាប់ពីការចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពាននាព្រឹកនេះ

2025/04/08 05:05:47 pm        309
ពោធិ៍សាត់៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណក្បាលស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងសាងសង់ផ្លូវជាតិលេខ១០ និងបើកឱ្យប្រើប្រាស់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត រថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ពីម៉ោង ៦:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ដើម្បីជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ អ្នកដំណើរ អ្នកទេសចរ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។ក្នុងកម្មវិធីនាព្រឹកនេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តម លោកជំទាវ ប្រធានក្រុមប្រឹក្សាភិបាល/អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តពោធិ៍សាត់ បាត់ដំបង និងកោះកុង, តំណាងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន CRBC, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងសមត្ថកិច្ច និងបងប្អូនកម្មករសាងសង់ជាច្រើនរូប។ស្ពានខ្ពស់ជាងគេនៅកម្ពុជា នៃគម្រោងខ្សែផ្លូវជាតិលេខ១០នេះ គឺជាស្ពានលេខ២៨ ស្ថិតក្នុងភូមិសាស្រ្តភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលសាងសង់ដោយប្រើប្រាស់ថវិកាជាតិសរុបប្រមាណ ២៥លានដុល្លារអាម៉េរិក សាងសង់ដោយក្រុមហ៊ុន CRBC និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ាងអាន។ ចំណុចកណ្តាលស្ពានស្ថិតត្រង់គីឡូម៉ែត្រលេខ ១២៨+៩០៥ មានកម្ពស់៩០ម៉ែត្រ (គិតពីបាតស្ទឹងដល់បាតធ្នឹមក្រោមស្ពាន) ទទឹង១០ម៉ែត្រ និងប្រវែងសរុប៥៣៧ម៉ែត្រ។ ដោយសារស្ពាននេះស្ថិតក្នុងភូមិសាស្រ្តដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាល ក្រសួងសាធារណការនិងដឹកជញ្ជូន ក្នុងនាមម្ចាស់គម្រោងបានរៀបចំឱ្យមាននូវទីលានសម្រាប់សំចតថតរូបអនុស្សាវរីយ៍ នៅចំណុចកណ្តាលស្ពាន ដែលមានទទឹងសរុប១៥ម៉ែត្រ។ ជាមួយគ្នានេះ ក្រសួងក៏បានរៀបចំទីធ្លាសម្រាប់ចតយានយន្តនៅទាំងសងខាងក្បាលស្ពាន ដែលម្ខាងៗអាចចតរថយន្តប្រភេទទេសចរណ៍/គ្រួសារ បានប្រមាណពី ៦០-៧០ គ្រឿងផងដែរ។ចំពោះផ្លូវជាតិលេខ១០ គឺជាប្រទេសផ្លូវក្រាលកៅស៊ូពីរស្រទាប់ DBST ស្ថិតក្នុងកម្រិតផ្លូវ Highway Grade III មានប្រវែងសរុប ១៩៧,៣៦៣ គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៥៧-៧ ត្រង់បង្គោលគីឡូម៉ែត្រលេខ ៣៥+៩០០ ក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចំណុចបញ្ចប់ត្រង់ប្រសព្វផ្លូវជាតិលេខ៤៨ ត្រង់បង្គោលគីឡូម៉ែត្រលេខ ១+៧០០ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងស្ថាបនាផ្លូវនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី៩ មីនា ២០២០ ក្រោមអធិបតីភាព សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្រេចវឌ្ឍនភាពការងារបាន ជាង ៩៦% គិតត្រឹមបំណាច់ខែមីនា។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីសាវតានៃការសិក្សាគម្រោងស្ថាបនាខ្សែផ្លូវជាតិលេខ១០ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយពីសំណាក់ សម្តេចតេជោ ក្នុងការធ្វើសមាហរណកម្មតភ្ជាប់ខេត្តទាំងបី និងប្រទេសកម្ពុជាទាំងមូលឱ្យមានភាពប្រទាក់ក្រឡា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលកាលនោះជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសដោយមាន ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការជាប្រធានគម្រោង (បច្ចុប្បន្នបានទទួលមរណភាព) បានខិតខំឈ្មូសឈ្មុលរុករកតម្រាយផ្លូវ និងបានធ្វើការផ្លាស់ប្តូរតម្រាយផ្លូវផងដែរ ដើម្បីបញ្ជៀសការប៉ះពាល់ដល់ជំរកសត្វព្រៃនៅតំបន់នេះ។ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់ និងប្រកបដោយថាមវន្តរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ គម្រោងស្ថាបនាផ្លូវជាតិលេខ១០ និងសំណង់សិល្បការ្យនានា បានសម្រេចវឌ្ឍនភាពស្ទើរតែរួចរាល់ទាំងស្រុង។ កិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានបន្តយកចិត្តទុកដាក់គ្រប់គ្រងការអនុវត្តគម្រោងមួយនេះ ដើម្បីឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃខ្សែផ្លូវជាតិលេខ១០ និងស្ពានខ្ពស់ជាងគេនៅកម្ពុជានេះ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ទេសចរណ៍ និងការដឹកជញ្ជូនផ្សេងៗ។ លើសពីការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ ផ្លូវមួយខ្សែនេះនឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចជាច្រើនសន្ធឹក តាមរយៈការកាត់បន្ថយពេលវេលា កាត់បន្ថយថ្លៃដើមក្នុងការដឹកជញ្ជូន និងសេវាភស្តុភារកម្ម ពិសេស ក្នុងការដឹកជញ្ជូនកសិផល និងផលិតផលផ្សេងទៀតពីបណ្តាខេត្តជុំវិញទៅកាន់ច្រកទ្វារព្រំដែនអន្តរជាតិនានា ព្រមទាំងទៅកាន់កំពង់ផែទំនិញ កំពង់ផែទឹកជ្រៅ និងមជ្ឈមណ្ឌលភស្តុភារកម្ម ដោយមិនចាំបាច់ឆ្លងកាត់រាជធានីដែលនាំឱ្យមានការកកស្ទះចរាចរណ៍។ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ អ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។ ឯកឧត្តម ក៏បានជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ ទៅកាន់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ សូមឱ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន មានសុខសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទីជិតទីឆ្ងាយ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ឯកឧត្តមប៉ែន បូណា៖អ្នកអាចយកដៃអ្នកបិទភ្នែកខ្លួនឯងមិនឲ្យឃើញការរីកចម្រើននៅកម្ពុជាបានតែមិន អាចបិទភ្នែកពលរដ្ឋមិនឲ្យមើលឃើញនោះទេ

2025/04/08 04:33:14 pm        108
ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានផ្តាំទៅក្រុមជនអគតិមួយក្តាប់តូចថា អ្នកអាចយកដៃអ្នកទៅបិទភ្នែកខ្លួនដោយធ្វើមិនឃើញកម្ពុជាមានការអភិវឌ្ឍបាន តែមិនអាចយកដៃទៅបិទភ្នែកពលរដ្ឋមិនឲ្យមើលឃើញការអភិវឌ្ឍនៅកម្ពុជាបាននោះទេ។ ក្នុងវេទិកាពិភាក្សាគ្នា ស្តីពី«ទំនាក់ទំនងកម្ពុជា ចិន»ក្នុងបរិបទថ្មី” ដែលរៀបចំឡើងដោយសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (សសកច-CCJA) នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉ែន បូណា បានលគូសបញ្ជាក់ថា ក្នុងនាមប្រជាជនខ្មែរគប្បីចូលរួមនិយាយអំពីភាពពិតជាក់ស្តែងនៅកម្ពុជា កុំនិយាយតែជ្រុងមួយដែលឃើញភាពអវិជ្ជមានមួយចំនួននៅកម្ពុជា ហើយនាំគ្នាទៅបន្ទុចបង្អាប់ប្រ ទេសទាំងមូលនោះ ខណៈភាពវិជ្ជមាន និងការអភិវឌ្ឍរីកចម្រើនជាច្រើនទៀតធ្វើមើលមិនឃើញ មើលមិន ដឹងនោះ។ ឯកឧត្តមប៉ែន បូណា បានលើកឡើងទៀតថា មានបុគ្គលមួយក្តាប់តូចតែងតែនិយាយបំភ្លើស បំ ភ្លៃការពិតពីកម្ពុជា បើទោះបីគេដឹងថាកម្ពុជានាពេលបច្ចុប្បន្នមានការរីកចម្រើនយ៉ាងណាក៏ដោយ ប៉ុន្តែពួក គេទាំងនោះមិនបានយកមកនិយាយនោះតែ បែជានាំគ្នានិយាយពីភាពអវិជ្ជមានតិចទួចនោះទៅវិញ…។ ឯកបានបន្ថែមថា«ជាធម្មតាទេយើងទទួលស្គាល់ថាមានបញ្ហានេះ មានបញ្ហានោះតែទោះបីជាប្រទេស មានការអភិវឌ្ឍជឿនលឿនរាប់រយឆ្នាំក៏ដោយ នៅតែមានបញ្ហា ខំខាន់ចេតនាអាក្រក់របស់មនុស្សមួយចំ នួនគាត់អត់បាននិយាយការពិត ប៉ុន្តែទៅលើកយកអារឿងតូចមួយដែលកើតឡើងជាធម្មតានៅក្នុងសង្គម យកមកបំប៉ោង បំភ្លើស បំភ្លៃ ដែលមើលទៅហាក់បីដូចជាប្រទេសកម្ពុជាហ្នឹងខ្មៅងងិត»។នៅក្នុងវេទិការនោះដែរ ឯកឧត្តម ប៉ែន បូណា ក៏បានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជា និងចិន ផងដែរថា ទំនាក់ទំនងកម្ពុជា-ចិន បានឈានទៅដល់កម្រិតកំពូលដែលមិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍប្រទេស ហើយកម្ពុជាក៏មិនអាចខ្វះខាតពីដៃគូចិនបានទេ ព្រោះចិនបានចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កម្ពុជា ហើយជាពិសេសក៏ជាស្នូលសំខាន់រវាងគ្នានឹងគ្នា។ដោយឡែកនៅក្នុងវេទិការនោះដែរ ឯកឧត្តម បណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍លើកឡើងពីវប្បធម៌និងប្រវត្តិសាស្រ្តរវាងកម្ពុជា-ចិនប្រមាណជាជាង២ពាន់ឆ្នាំមុនអំពីទំនាក់ទំនង ជាមួយដែលរហូតមកដល់។ដោយសារតែទំនាក់ទំនងល្អសព្វថ្ងៃវត្តមានជនជាតិចិននៅកម្ពុជាមានចំនួនច្រើន។ ជាមួយគ្នានេះ សម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីពីនប្រធានាធិបតីចិនមកកាន់ម៉ាឡេស៊ី វៀតណាម និងកម្ពុជាគឺជាកំលាំងចិត្តមួយរបស់កម្ពុជានិងប្រទេសទាំង២ក្នុងភាពមានលំនឹងខាងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយជាដើម។ ដំណើរទស្សនកិច្ចនេះក៏ស្របពេលចូលឆ្នាំដែលលោកប្រធានាធិបតីចិនមកអបអរសាទរនិងជូនពរកម្ពុជា ម៉ាឡេស៊ីនិងវៀតណាម៕អត្ថបទ បាន ចក់

សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី១ រៀបចំកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ក្រោមការសម្តែងសិល្បៈទស្សនីយភាព និងការលេងល្បែងប្រជាប្រិយខ្មែរ

2025/04/08 04:03:42 pm        261
ភ្នំពេញ ៖ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ស្ថិតនៅទីតាំងទី១ បានរៀបចំ "កម្មវិធីសង្ក្រាន្តស.វ.ស" ក្រោមការសម្តែងសិល្បៈទស្សនីយភាពគ្រប់ទម្រង់ និងការលេងល្បែងប្រជាប្រិយខ្មែរ។​ លោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងអ្នកគ្រូ គឹម សុខឡេង ក្រុមការងារកិច្ចការនិសិ្សតនៃមហាវិទ្យាល័យឱសថសាស្រ្ត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអ្នកគ្រប់គ្រងទូទៅលើការរៀបចំសង្រ្កាន្ត ស.វ.ស. ទីតាំងទី១ ថ្លែងប្រាប់ BTV ព័ត៌មាន កាលរសៀលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាគមនិសិ្សត ក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសមាជិក សមាជិកា គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក៏ដូចជានិសិ្សតទាំងអស់ បានខិតខំរៀបចំកម្មវិធីសង្រ្កាន្ត ស.វ.ស ថ្ងៃទី២។ ដោយកម្មវិធីសង្រ្កាន្ត ស.វ.ស. ថ្ងៃទី១ បានប្រារព្ធឡើងនៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទីតាំងទី២ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥។ ជាក់ស្តែង នេះជាថ្ងៃទី២ ដែលយើងប្រារព្ធកម្មវិធីសង្រ្កាន្ត ស.វ.ស. នៅទីតាំងទី១ ដែលប្រព្រឹតិ្តទៅរយៈពេលពេញមួយថ្ងៃ ដោយមានកម្មវិធីជាច្រើន ដូចជា៖ ការសម្តែងសិល្បៈទស្សនីយភាព រួមមាន៖ ការសម្តែងរបាំប្រជាប្រិយ របាំបុរាណ របាំនារីជាជួរ របាំនេសាទ របាំគោះត្រឡោក, ការសម្តែង Showជាដើម និងការលេងល្បែងប្រជាប្រិយខ្មែរ រួមមាន៖ ល្បែងវាយក្អម ទាញព្រ័ត្រ លាក់កន្សែង ល្បែងជាក្រុម រាំដណ្តើមកៅអី ការរាំលេងកម្សាន្តជាមួយបទភ្លេងប្រពៃណី/សម័យ។ បន្ថែមពីនោះ ក៏មាននូវការតាំងលក់អាហារចម្រុះទៅតាមស្តង់អាហារផ្សេងៗដែលជាស្នាដៃរបស់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលផ្ទាល់។ចំណែកនិសិ្សត ដែលជាយុវជនកាកបាទក្រហមកម្ពុជា សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមសិល្បៈទស្សនីយភាព ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយជាខ្លាំង ដែល ស.វ.ស. បានបង្កើតព្រឹតិ្តការណ៍មហាសង្រ្កាន្តនេះឡើង។ជាចុងក្រោយលោកសាស្រ្តាចារ្យ អៀង រ័ត្នមុនី បានសង្កត់ធ្ងន់ថា និសិ្សតទាំងអស់ ទទួលបាននូវឱកាសរៀនសូត្រ ក៏ដូចជាសប្បាយរីករាយជួបជុំគ្នានេះ ក៏ដោយសារយើងមានសន្តិភាព។ ដូច្នេះយើងត្រូវធ្វើអ្វីក៏ដោយ ត្រូវគិតដល់ម្លប់សន្តិភាព បើសិនជាយើងមានបញ្ហាណាមួយកើតឡើង និងជួបវិបតិ្តសង្រ្គាម យើងទាំងអស់គ្នា មិនទទួលបាននូវឱកាសសប្បាយរីករាយដូចនេះទេ។ ដូច្នេះបុព្វបុរសរបស់យើង ដែលជាវិរៈយុវជន ជំនាន់មុន លោកបានលៈបង់ ហើយរហូតមកដល់បច្ចុប្បន្ននេះប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងការរីកចម្រើនឥតឈប់ឈរ៕ អត្ថបទ រដ្ឋា

មុនឱកាសបុណ្យចូលឆ្នាំថ្មី គណៈប្រតិភូក្រសួងការងារចុះសួរសុខទុក្ខកងពលតូចអន្តរាគមន៍លេខ៧ ក្នុងខេត្តព្រះវិហារ

2025/04/08 03:57:55 pm        102
ព្រះវិហារ ៖ នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានមកដល់នាពេលខាងមុខ ឯកឧត្តម ប៉ុក ប៉ាន់ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ។នាឱកាសគួរជាទីសោមនស្សនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ដែលជានិច្ចកាលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន។ ស្របតាមការយកចិត្តទុកដាក់នេះ ក្រសួងតែងបានកៀរគរថវិកា គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្សេងៗ ដើម្បីនាំមកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ដូចក្នុងឱកាសនេះជាដើម។ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរចំពោះស្មារតីតស៊ូដ៏អង់អាចក្លាហាន ប្រកបដោយវីរភាពរបស់បងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិកម្ពុជាដ៏បវរនៃយើង។ ឯកឧត្តមបានបន្តថា ការចងសម្ព័ន្ធមេត្រីភាពរវាងក្រសួង ស្ថាប័ន កងនគរបាលជាតិ និងក្រុមហ៊ុនឯកជន ក៏ត្រូវបានបង្កើតឡើង ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់វិស័យការពារជាតិរបស់យើងឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ និងមានប្រសិទ្ធភាពខ្ពស់។ ការផ្សារភ្ជាប់រវាងសមរភូមិក្រោយនិងសមរភូមិមុខ គឺជាកាតព្វកិច្ចរបស់យើងគ្រប់គ្នា ស្របតាមពាក្យស្លោក “ការពារជាតិដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីការពារជាតិ”។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីវឌ្ឍនភាពមួយចំនួនរបស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមិទ្ធផលជាប្រវត្តិសាស្ត្រជាច្រើនទៀត ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបានបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់ជាតិ ពិសេសប្រជាពលរដ្ឋមានជីវភាពធូរធាជាលំដាប់។ សូមជម្រាបដែរថា នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលនឹងឈានមកដល់នាពេលខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននាំមកនូវអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់ជូនដល់បងប្អូននាយទាហាន នាយទាហានរង ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៧ រួមមាន គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាថវិកាចំនួន ១៣៣,៣២០,០០០រៀល៕

ក្រុមហ៊ុនចិនបង្ហាញបំណងចង់នាំកសិផលកម្ពុជាចេញទៅលក់នៅទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិ

2025/04/08 03:53:56 pm        101
ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ កាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានទទួលជួបជាមួយ លោក លូ វ័យ (Lu Wei) ប្រធានក្រុមហ៊ុន អង្គរ អ៊ិនធើណេសណល អ៊ែរផត អ៊ិនវេសមិន (ខេមបូឌា) ខូអិលធីឌី និងគណៈប្រតិភូអមដំណើរ ដើម្បីពិភាក្សាការងារមួយចំនួនពាក់ព័ន្ធវិស័យកសិកម្ម។​យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងជំនួបនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍គណៈប្រតិភូចិន ដែលមានបំណងចង់នាំចេញកសិផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទីផ្សារអន្តរជាតិតាមជើងយន្តហោះ និងពិនិត្យស្នើសុំគោលការណ៍ណែនាំក្នុងវិស័យកសិកម្មកម្ពុជា។ចំពោះការងារនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំឱ្យគណៈប្រតិភូចិន បង្កើនការផ្សព្វផ្សាយនិងស្វែងរកទីផ្សារសម្រាប់កសិផលកម្ពុជាជាមុន ដោយផ្ដោតសំខាន់លើផលិតផលប្រណីត មានគុណភាពល្អ អាចលក់ចេញក្នុងតម្លៃខ្ពស់ ដើម្បីផ្ដល់ផលចំណេញដល់កសិករ និងក្រុមហ៊ុន។ សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ភស្តុភារកម្មក៏ជារឿងមួយសំខាន់ផងដែរ ដែលត្រូវគិតគូរ បង្កើតកន្លែងប្រមូលផ្តុំមួយដែលមានស្តង់ដាអន្តរជាតិ និងអាចនាំចេញទៅក្រៅប្រទេស។បើតាមឯកឧត្តមរដ្ឋមន្ត្រី កម្ពុជានឹងជួយគាំទ្រការរៀបចំស្តង់ដា និងលក្ខណៈពិសេសនៃកសិផលកម្ពុជាសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត ភាគីចិនត្រូវសហការជាមួយក្រសួងកសិកម្ម ដើម្បីសិក្សារួមគ្នាពីកសិផលដែលអាចនាំចេញបានតាមជើងយន្តហោះ មានតម្លៃខ្ពស់ និងទទួលបានផលចំនេញទាំងអស់គ្នា៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM