កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
ព្រឹត្តិការណ៍ “ដើរ ២ ៧០០ ជំហាន ដើម្បីទារកនិងកុមារកម្ពុជា” ប្រមូលថវិកាបានជាង ២ ១០០ លានរៀល

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ និងជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា

2026/06/01 02:12:08 pm        78
ភ្នំពេញ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ទីស្តីការក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១ មិថុនា ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព ជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ចំពោះកុមារ លើកកម្ពស់ការយល់ដឹងអំពីសិទ្ធិកុមារ និងជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការការពារ ថែទាំ និងអភិវឌ្ឍកុមារ។ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសសប្បាយរីករាយ និងពោរពេញដោយភាពកក់ក្តៅ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ឧកញ៉ា ប្រធាន និងតំណាងសហព័ន្ធ សមាគមក្នុងឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ព្រមទាំងអាណាព្យាបាល និងកុមារស កុមារី សរុបប្រមាណ ៤៥០នាក់។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «កុមារគឺជាគ្រាប់ពូជនៃអនាគតជាតិ» និងជាធនធានមនុស្សដ៏មានតម្លៃដែលនឹងក្លាយជាកម្លាំងស្នូលសម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិទៅថ្ងៃអនាគត។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការធានាសិទ្ធិ សុខុមាលភាព ការអប់រំ ការថែទាំសុខភាព និងសុវត្ថិភាពរបស់កុមារ គឺជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់ការកសាងធនធានមនុស្សប្រកបដោយគុណភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា សន្តិភាព និងស្ថិរភាពសង្គម គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ដែលធានាឱ្យកុមារគ្រប់រូបអាចរស់នៅប្រកបដោយសុវត្ថិភាព ទទួលបានសិទ្ធិពេញលេញ មានឱកាសស្មើគ្នាក្នុងការរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ក្នុងកម្មវិធីនេះ ក៏មានការរៀបចំសកម្មភាពកម្សាន្ត និងអប់រំជាច្រើន រួមមានការសម្តែងសិល្បៈ ការឆ្លើយសំណួរយករង្វាន់ ការគូររូប និងផាត់ពណ៌ ការគូសរូបលើផ្ទៃមុខ ការពិសារអាហារសម្រន់ជុំគ្នា និងសកម្មភាពកម្សាន្តផ្សេងៗទៀត ដែលបានបង្កើតបរិយាកាសសប្បាយរីករាយ និងបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗសម្រាប់កុមារ។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍បានផ្តល់ឃីតសិក្សាដល់កុមារចំនួន ២៤៧នាក់ និងក្រុមកុមារសម្តែងចំនួន ៣៧នាក់ ដោយម្នាក់ៗទទួលបានឃីតមួយកញ្ចប់ រួមមាន សៀវភៅ ប៊ិច បន្ទាត់ ខ្មៅដៃ និងនំ។បន្ថែមពីនេះ ឯកឧត្តម ហួត ហាក់ និងលោកជំទាវ សុង ធីតា បានឧបត្ថម្ភថវិកាចំនួន ៣លានរៀល ដល់អង្គការ PSE ដើម្បីចូលរួមគាំទ្រសកម្មភាពអប់រំ និងសុខុមាលភាពកុមារ។ កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់ក្រសួងទេសចរណ៍ក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាព និងអនាគតរបស់កុមារកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្រសួងបរិស្ថាន បន្តពង្រឹងការអនុវត្តច្បាប់ ទប់ស្កាត់ការបញ្ចេញទឹកកខ្វក់បានជាង ៣០​លាន​ម៉ែត្រ​គូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកសាធារណៈ

2026/06/01 02:03:15 pm        166
គិតចាប់ពីឆ្នាំ២០២៥ រហូតដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦ ក្រសួងបរិស្ថានបានទប់ស្កាត់ទឹកកខ្វក់បានជាង៣០ ៨២៣ ៨៦៨ ម៉ែត្រគូប មិនឱ្យហូរចូលប្រភពទឹកធម្មជាតិ ដើម្បីការពារសុខភាពសាធារណៈ និងនិរន្តរភាពបរិស្ថាន។ ដោយឡែក បើគិតចាប់ពីខែមករា ដល់ដំណាច់ខែឧសភា ឆ្នាំ២០២៦នេះ ក្រសួងបរិស្ថានបានជួយទប់ស្កាត់ទឹកកខ្វក់ ចំនួនជាង ១០ ៧៤៨ ៥៩៦ ម៉ែត្រគូប មិនឱ្យហូរចូលក្នុងប្រភពទឹកធម្មជាតិ។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានពង្រឹង ការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តមួយចំនួនជាធរមាននៅកម្ពុជា ដោយតម្រូវឱ្យរោងចក្រ និងសហគ្រាសទាំងអស់ ដែលមានសក្តានុពលប្រភពបំពុល និងបញ្ចេញសំណល់រាវ ដំឡើងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ និងបំពាក់ឧបករណ៍ស្វ័យប្រវត្តិ តាមដានគុណភាពទឹក ព្រមទាំងចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពទឹកជាប្រចាំនៅទូទាំងប្រទេស។រោងចក្រ ក្រុមហ៊ុន និងសហគ្រាស ដែលមានហានិភ័យខ្ពស់ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គុណភាពទឹក និងបញ្ជូនទិន្នន័យផ្ទាល់ មកក្រសួងបរិស្ថាន គិតមកដល់ពេលនេះ មានចំនួន ៥៩ទីតាំង និងមានរោងចក្រ សហគ្រាស ជាង១០ទីតាំងផ្សេងទៀត បានចុះកិច្ចសន្យា បំពាក់ឧបរណ៍ស្វ័យត្រួតពិនិត្យទឹកកខ្វក់ ជាបន្តបន្ទាប់។ តាមរយៈកិច្ចសហការ ជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសម្ចាស់ រោងចក្រ/ក្រុមហ៊ុន បានចូលរួមអនុវត្តច្បាប់ និងបានអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា កម្ពុជាអាចទប់ស្កាត់ទឹកកខ្វក់ បានរាប់សិបលានម៉ែត្រគូប មិនឱ្យហូរចូលទៅបំពុលប្រភពទឹកធម្មជាតិ ជាពិសេសជួយទប់ស្កាត់ការបំពុលបរិស្ថាន ថែរក្សាការពារបរិស្ថាន សុខភាពរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយភាពរុងរឿង ប្រែក្លាយទៅជាប្រទេសមានបរិស្ថានស្អាត ក្នុងទឹកស្អាត លើដីស្អាត និងផ្ទៃមេឃស្អាត ដើម្បីការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព៕

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

2026/06/01 02:03:01 pm        62
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីពីធីជួបជុំអបអរសាទរខួបលើកទី៧៧ នៃទិវាកុមារអន្តរជាតិ ១ មិថុនា ក្រោមប្រធានបទ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» និង ខួបលើកទី២៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «ប្តេជ្ញាលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីកសាងភាពធន់ និងការងារសមរម្យ» និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ នៅសាលាបឋមសិក្សា ហ៊ុន សែន កោងកាង នៅឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងសាររបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានសង្កត់ធ្ងន់ លើការការពារសិទ្ធិកុមារ ការលុបបំបាត់ពលកម្មកុមារ និងការកសាងមូលធនមនុស្ស ក្រោមម្លប់សន្តិភាព។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងលើការការពារ និងការគោរពសិទ្ធិកុមារ ដោយរំលឹកពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់កុមារ ដូចជាការលប់បំបាត់ការរើសអើង ការរំលោភបំពាន និងការកេងប្រវ័ញ្ចពលកម្មកុមារ។ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា សន្តិភាពដែលកម្ពុជាទទួលបានពីគោលនយោបាយឈ្នះឈ្នះ ដឹកនាំនិងដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមូលដ្ឋានគ្រឹះ ក្នុងការលើកកម្ពស់សិទ្ធិ និងកិច្ចគាំពារកុមារគ្រប់រូប និងបានយ៉ាងពេញលេញ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំបន្តដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្របខ័ណ្ឌគោលនយោបាយ កម្មវិធីនយោបាយ និងផែនការសកម្មភាពជាតិរបស់រាជរដ្ឋាភិបាល ដើម្បីធានានូវឧត្តមប្រយោជន៍របស់កុមារគ្រប់រូប។ ឯកឧត្តមបានអំពាវនាវបន្តរួមគ្នាការពារសន្តិភាព និងការជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ សាមគ្គីភាព និងការរួបរួមគ្នា សាមគ្គីគ្នា នឹងជួយឱ្យប្រទេសជាតិអាចសម្រេចបាននូវគោលដៅធំៗ ជាពិសេសការកសាងមូលធនមនុស្ស និងការការពារអនាគតរបស់កុមារកម្ពុជា។ក្នុងពិធីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើ ការផ្សារភ្ជាប់សិទ្ធិកុមារទៅនឹងកិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍធនធានមនុស្ស។ ឯកឧត្តមបានលើកទឹកចិត្តដល់សិស្សានុសិស្ស ដោយមានការចែកសម្ភារៈសិក្សា ដូចជាសៀវភៅ ប៊ិច កាតាប កាបូបប៊ិច ដបទឹក បន្ទាត់ ជ័រលុប ប៊ិច ប្រដាប់ខួង និងខ្មៅដៃ ជាច្រើន រួមជាមួយការផ្តល់សម្ភារកីឡា រួមមានសម្រាប់តារាងបាល់ទាត់ ចំនួន ១ ឈុត តារាងប៉េងបុង ចំនួន១ ឈុត បាល់ទាត់ ចំនួន៦ បាល់និង ស្នប់ចំនួន៣គ្រឿង។ឯកឧត្តមរដ្ឋមន្រ្តីបានអញ្ជើញចូលរួមដាំកូនឈើជាច្រើនដើម ជាមួយភ្ញៀវកិត្តិយស លោគ្រូអ្នកគ្រូ សិស្សានុសិស្សសនៅក្នុងសាលារៀនផងដែរ។

ករណីកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក៖ ចោទប្រកាន់មន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផល សរុប៥៤នាក់

2026/06/01 01:39:55 pm        181
ភ្នំពេញ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចោទប្រកាន់មន្ត្រីនគរបាល និងមន្ត្រីអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលសរុបចំនួន ៥៤នាក់ ពីបទផ្តើមគំនិត សមគំនិតក្នុងបទលួច បទលុបបំបាត់ភស្តុតាង និង បទទទួលផលចោរកម្ម។មន្ត្រីនគរបាល និងអាវុធហត្ថខេត្តកំពត ចំនួន ៥០នាក់ (មន្ត្រីនគរបាល៣២នាក់ , មន្ត្រីអាវុធហត្ថ១៨នាក់) ដែលរងការចោទប្រកាន់ គឺពាក់ព័ន្ធការកាត់សៀលចូលយកសម្ភារៈនៅក្នុងកាស៊ីណូព្រែកចាក ក្រោយពីការបង្ក្រាបទល្មើសឈរបោកតាមប្រព័ន្ធបច្ចេកវិទ្យា។លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងដែលត្រូវបានបញ្ជូនមកពីខេត្តកំពត សរុប ៥៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរពីបទ ផ្ដើមគំនិត សមគំនិតក្នុងបទលូចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង បទលួចដោយមានស្ថានទម្ងន់ទោស និងបទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា ២៨ មាត្រា២៩ មាត្រា ៣៥៣ មាត្រា ៣៥៧ មាត្រា ៣៩៩ មាត្រា ៤០០ និងមាត្រា ៥៣៣ ននៃក្រមព្រហ្មទណ្ឌ។

អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

2026/06/01 01:29:59 pm        219
ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំ និងបញ្ជាផ្ទាល់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤បានបន្តចុះត្រួតពិនិត្យតាមទីតាំងអគារខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារមួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។ អ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបន្តថា ក្នុងប្រតិបត្តិការរយៈពេល១ថ្ងៃនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ បានធ្វើការត្រួតពិនិត្យទីតាំងសរុបបានចំនួន ៨០ទីតាំង រកឃើញជនបរទេសស្នាក់នៅសរុបចំនួន ១.៣៥៤នាក់ (ស្រី ៣៨៣នាក់) ក្នុងនោះជនបរទេសចំនួន ១៦នាក់ ស្នាក់នៅដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ។ ជារួមក្រុមការងារពុំបានឃើញមានបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ឡើយ។ លោកស្រីអ្នកនាំពាក្យបន្តទៀតថា ដោយឡែកចំពោះខណ្ឌ៧មករា ក្រុមការងារបានរកឃើញទីតាំងសង្ស័យជាប់ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ១ករណី នៅបន្ទប់លេខ២៦០៥ ជាន់ទី២៦ នៃអគារ Skyline B ស្ថិតនៅអគារលេខ៦ ផ្លូវលេខ ១៣៤ ភូមិ៣ សង្កាត់វាលវង់ មានសម្ភារដូចជា កុំព្យូទ័រ Laptop ចំនួន៤គ្រឿង ម៉ូនីទ័រ ១គ្រឿង និងទូរស័ព្ទដៃ ១៥គ្រឿង ប៉ុន្តែមិនមានមនុស្សស្នាក់នៅទេ។ រីឯនៅខណ្ឌឫស្សីកែវ បន្ទាប់ពីក្រុមការងារត្រួតពិនិត្យទីតាំងចំនួន ៤កន្លែង នៅក្នុងបុរី ផេនសៀ ស្ថិតនៅសង្កាត់ស្វាយប៉ាក ក្រុមការងារបានរកឃើញមានសម្ភារគួរឱ្យសង្ស័យមួយចំនួនធំនៅក្នុងផ្ទះលេខ៨I ផ្លូវលេខP១ និងផ្ទះលេខ៨D ផ្លូវលេខP០៣ មានសម្ភារដូចជា ទូរស័ព្ទដៃចំនួន ៣១៧គ្រឿង កុំព្យូទ័រ (all in one) ចំនួន ៤០គ្រឿង ម៉ូនីទ័រចំនួន ៦គ្រឿង និងធុង CPUចំនួន ៣គ្រឿង ដោយមិនមានមនុស្សស្នាក់នៅ ឬប្រព្រឹត្តបទល្មើសនៅទីតាំងនោះទេ។លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលសាលារាជធានីភ្នំពេញបានបញ្ជាក់បន្ថែមថា ក្រោយការពិនិត្យរួច វត្ថុតាងរួមទាំងជនបរទេសដែលស្នាក់នៅដោយគ្មានលិខិតស្នាមត្រឹមត្រូវ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបន្តនីតិវិធី។ ក្នុងថ្ងៃជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអនុវត្តការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ០៣ អនក្រ.បក សរុបចំនួន ៤ទីតាំង មានមនុស្សចំនួន ៥នាក់ គិតជាថវិកាសរុបមានចំនួន ២០.០០០.០០០រៀល (ម្ភៃលានរៀលគត់)៕ អត្ថបទ៖ ប្រាក់ វ៉ាន់ដា 

រដ្ឋមន្ត្រីក្រសួងធនធានទឹក អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់ ក្នុងក្រុងសំពៅពូន ខេត្តកណ្តាល ដែលសម្រេចបានប្រមាណ ៦០%

2026/06/01 01:04:08 pm        275
នាព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេបាសាក់-ទន្លេហ៊ូវ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល។សូមជម្រាបថា ក្នុងឆ្នាំ២០២៦ការងារសាងសង់ច្រាំងទន្លេបាសាក់មានប្រវែង ៥០០ម៉ែត្រ។ ការងារសំខាន់ៗរួមមាន ១)ការងារបុកគ្រឹះ ២)រៀបបាវខ្សាច់ទប់ជើងក្រោមប្រើ Geotextile ៣)រៀបកញ្ច្រែងថ្ម ៤)ចាក់បេតុងធ្នឹមក្រវ៉ាត់ជើងក្រោម ៥)ធ្វើដីសម្រាប់ចាក់បេតុងជើងទេរ ៦)ធ្វើផ្លូវបេតុង ៧)ធ្វើបង្កាន់ដៃ និង ៨)ការចាក់ជើងទេរបេតុង។ គិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៦០% បើតាមផែនការគម្រោងនេះនឹងបញ្ចប់នៅពេលខាងមុខឆាប់ៗនេះ៕

គ្រឹះស្ថានអង្គរ រកចំណូលបានជាង ១៧លានដុល្លារពីការលក់សំបុត្រឱ្យភ្ញៀវបរទេសក្នុងរយៈពេល៥ខែឆ្នាំនេះ

2026/06/01 12:56:42 pm        255
ភ្នំពេញ៖ ភ្ញៀវទេសចរបរទេសចំនួនជាង ៣៥ម៉ឺនាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលទទួលបានចំណូលចំនួនជាង ១៧ លានដុល្លារអាម៉េរិក ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២៦ ថយចុះ ២៩,៩៨ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។សេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី១ ខែមិថុនា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៦ មានភ្ញៀវទេសចរបរទេសចំនួន ៣៥៩ ៤៧១ នាក់ (ធ្លាក់ចុះ ៣១,៨៦%) បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងរកប្រាក់ចំណូលបានចំនួន ១៧ ២០៤ ៣២២ ដុល្លារអាម៉េរិក ធ្លាក់ចុះ ២៩,៩៨ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។គ្រឹះស្ថានអង្គរ គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាលដែលត្រូវបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយស្ថិតក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងទេសចរណ៍ និងស្ថិតក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ការប្រមូលចំណូលរបស់គ្រឹះស្ថានអង្គរ គឺរួមមាន រមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ, និងសំបុត្រទូកនៅកំពង់ផែចុងឃ្នៀស។ សម្រាប់តម្លៃតម្លៃសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ត្រូវបានចែកចេញជា ៣ប្រភេទ គឺសំបុត្រចូលទស្សនា ១ថ្ងៃមានតម្លៃ ៣៧ដុល្លារ, រយៈពេល ៣ថ្ងៃតម្លៃ ៦២ដុល្លារ និង ៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ។សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥កន្លងទៅ មានភ្ញៀវទេសចរអន្តរជាតិ ៩៥៥ ១៣១ នាក់បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដែលធ្វើឱ្យអង្គភាពមួយនេះប្រមូលប្រាក់បាន ៤៤,៧១ លានដុល្លារអាម៉េរិក។ បើធៀបនឹងឆ្នាំ២០២៤ គឺចំនួនភ្ញៀវទិញសំបុត្រ បានធ្លាក់ចុះ ៦,៧% និង ប្រាក់ពីការលក់សំបុត្រធ្លាក់ចុះ ៦,៥១%៕អត្ថបទ៖ ធូ វិរៈ

អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបអតីតយុទ្ធជនចំនួន៣០០គ្រួសារ ដើម្បីរៀបចំផ្តល់ដីធ្វើកសិកម្ម ក្នុងខេត្តបាត់ដំបង

2026/06/01 12:49:04 pm        78
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយអតីតយុទ្ធជន គ្រួសារពលី និងគ្រួសារមរណសរុបចំនួន ៣០០គ្រួសារ រស់នៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ការអញ្ជើញជួបសំណេះសំណាលនេះ មានគោលបំណង ប្រកាសពីការចាប់ផ្តើមផែនការសកម្មភាពការងាររៀបចំដីសម្បទានសង្គមកិច្ច ដើម្បីផ្តល់ជូនអតីតយុទ្ធជនដាំដុះដំណាំកសិកម្ម ក្នុងការលើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមលើប្រាក់សោធន។ ដីសម្បទានសង្គមកិច្ចសម្រាប់ធ្វើកសិកម្ម ដោយផ្តល់ក្នុងមួយគ្រួសារទទួលបានចំនួន ១ហិកតា៕

កម្ពុជា-ទីម័រឡេស្តេ ចេញសេចក្តីប្រកាសរួមព័ត៌មានស្តីពី ការប្រកាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​ថ្នាល​ផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ

2026/06/01 12:27:52 pm        99
ក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី បានរៀបចំ “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម Miguel Marques Gonçalves Manetelu រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម Verónica das Dores រដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោកជំទាវ Céu Brites អនុរដ្ឋមន្ត្រីក្រសួងសាមគ្គីភាពសង្គមនិងបរិយាបន្ន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងឯកឧត្តម Expedito Dias Ximenes រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសារគមនាគមន៍សង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ គណៈប្រតិភូ និងភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ៥០០ នាក់។ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ គឺជាសមិទ្ធផលនៃការអនុវត្ត “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល” រវាង ក.ប.ទ. នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែលបានបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាជាឃ្នាស់ ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវាសាធារណៈ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល។ដោយមានការគាំទ្រយ៉ាងខ្លាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក.ប.ទ. បានចាត់បញ្ជូនមន្រ្តីជំនាញបច្ចេកទេសជួយអភិវឌ្ឍផតថលជាតិ verify.gov.tl ជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងបានធ្វើសមាហរណកម្មជាមួយមូលដ្ឋានទិន្នន័យ (Database) ដែលអាចធ្វើការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃបណ្ណបើកបរជាតិ តាមរយៈផតថលជាតិនេះ។ សូមបញ្ជាក់ជូនថា សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបានសម្រេចជ្រើសរើសយកបណ្ណបើកបរ ជាឯកសារទី១ ក្នុងការដាក់បញ្ចូល QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.tl ដែលការសម្រេចចិត្តនេះបានជួយឱ្យក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេកាត់បន្ថយថ្លៃចំណាយក្នុងការផលិតបណ្ណរឹងដែលមានតម្លៃ ៤ (បួន) ដុល្លារអាម៉េរិក មកសល់ត្រឹមតែ ០,១ (សូន្យក្បៀសមួយ) ដុល្លារអាម៉េរិកប៉ុណ្ណោះ។សូមគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះប្រទេសកម្ពុជាក៏បានដាក់ QR Code ដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាល verify.gov.kh នៅលើបណ្ណបើកបរដែលអនុញ្ញាតឱ្យអ្នកបើកបរយានយន្តទាំងអស់អាចប្រើប្រាស់ បណ្ណបើកបរទម្រង់ឌីជីថលបានយ៉ាងទូលំទូលាយ និងជាផ្លូវការដើម្បីបង្ហាញដល់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានា ដោយចំណាយពេលស្នើសុំតិចជាង ១នាទី នៅលើកម្មវិធី DG SuperApp ដោយធ្វើការ Logon តាមរយៈថ្នាល dgconnect ហើយ ក.ប.ទ. នឹងសហការជាមួយក្រសួងដឹកជញ្ជូននិងសារគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីចែករំលែកបទពិសោធនេះជូនសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេបន្តទៀតផងដែរ។ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសនៃក្រសួងទាំងពីរ នឹងបន្តកិច្ចសហប្រតិបត្តិការក្នុងការពង្រីកការដាក់ឱ្យប្រើប្រាស់ថ្នាល verify.gov.tl លើឯកសារសាធារណៈផ្លូវការដែលចេញដោយក្រសួង ស្ថាប័នពាក់ព័ន្ធនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ រួមមាន សញ្ញាបត្រអប់រំ និងឯកសារចុះបញ្ជីអត្រានុកូលដ្ឋានជាដើម ដែលការសម្រេចប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl ត្រូវបានទទួលការឯកភាពនិងការគាំទ្រពីគណៈរដ្ឋមន្រ្តីនៃសាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រឡេស្តេផងដែរ។ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងឯកឧត្តមរដ្ឋមន្រ្តី Miguel Marques Gonçalves Manetelu បានបញ្ជាក់អំពីជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងបរិវត្តកម្មឌីជីថល៕

សម្ដេចធិបតី ណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការគាំទ្រ និងលើកកម្ពស់សិទ្ធិកុមារ

2026/06/01 10:50:51 am        485
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់ និងភាគីពាក់ព័ន្ធបន្តពង្រឹងយន្តការសម្របសម្រួលក្នុងការបង្ការ ទប់ស្កាត់ អន្តរាគមន៍ និងការឆ្លើយតបលើករណីកុមារ ដើម្បីលើកកម្ពស់ និងផ្តល់យុត្តិធម៌សង្គមដោយធានាឱ្យមានសមភាពរវាងកុមារា និងកុមារី ព្រមទាំងបង្កើនឱកាសស្មើភាពគ្នាក្នុងកម្លាំងចលករសង្គមសម្រាប់ជីវភាពសាធារណៈ ជីវភាពនយោបាយ សកម្មភាព សង្គម វប្បធម៌ សិល្បៈ សាសនា និងសកម្មភាពផ្សេងៗទៀត។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ តាមរយៈសារលិខិត អបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា, ខួបលើកទី២៥ ទិវាពិភលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៦។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការនៃ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រុមការងារដើម្បីកុមារក្រសួង ស្ថាប័ន ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ រាជធានី ខេត្ត គណៈកម្មការការពារកុមារថ្នាក់ជាតិ កាកបាទក្រហមកម្ពុជា អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ដៃគូអភិវឌ្ឍ វិស័យឯកជន គ្រួសារ និងសហគមន៍ រួមទាំងកុមារខ្លួនឯង ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងធនធានប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកលើកកម្ពស់សិទ្ធិកុមារ ដើម្បីឱ្យពួកគេទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់ជាតិនិងអន្តរជាតិ។ ក្នុងឱកាសទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់៖ ១-ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តការសម្របសម្រួលនិងពង្រឹងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ ព្រមទាំងផ្សព្វផ្សាយនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធកិច្ចការពារកុមារ ជាមួយ ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ឱ្យបានទូលំទូលាយនិងប្រកបដោយប្រសិទ្ធភាព។ ២- ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវ ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារកុមារនៃព្រះរាជាណាចក្រកម្ពុជា និងជំរុញការអនុវត្តផែនការ សកម្មភាពជាតិស្តីពីការបង្ការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០។ ៣- ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវ សហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គមចំពោះអំពើហិង្សាលើកុមារ តាមរយៈការអប់រំទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានគ្រប់ទម្រង់លើកុមារឱ្យបានសមស្របនិងទាន់ពេលវេលា។ ៤- ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកនិងបរទេស ត្រូវយកចិត្តទុកដាក់លើកកម្ពស់សិទ្ធិកុមារ និងមានការចូលរួមមតិយោបល់ពីកុមារ រាល់ពេលកសាងច្បាប់ គោលនយោបាយ ឯកសារបទដ្ឋានគតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់កុមារ។ ៥- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តតាមដាននិងបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគីពាក់ព័ន្ធ អនុវត្តអនុសញ្ញាស្នូលនៃអង្គការអន្តរជាតិខាងការងារ ដើម្បីលុបបំបាត់គ្រប់ទម្រង់នៃពលកម្មកុមារ តាមរយៈ ការលើកកម្ពស់ការយល់ដឹង ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងផ្សព្វផ្សាយអំពីការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃ ពលកម្មកុមារនៅគ្រប់សកម្មភាពសេដ្ឋកិច្ចនិងពង្រឹងវិធានការអធិការកិច្ចការងារ ដើម្បីធានាលក្ខខណ្ឌការងារ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារសម្រាប់កម្មករនិយោជិតវ័យក្មេង ព្រមទាំងកៀរគរធនធាន និងចលនា សាធារណជនក្នុងការកំណត់វិធានការដោះស្រាយបញ្ហាពលកម្មកុមារឱ្យមានប្រសិទ្ធភាពខ្ព ៦- បន្តពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ លើមុខសញ្ញាស្ត្រី មានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា មធ្យមសិក្សា ជនជាប់ឃុំជាស្ត្រី មានផ្ទៃពោះ និងកូនតាមម្តាយនៅក្នុងពន្ធនាគារ ព្រមទាំងរៀបចំអនុវត្តកម្មវិធីគាំពារសង្គម និងកម្មវិធីពិសេស ជូនគ្រួសារជនភៀសសឹកដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រថៃឈ្លានពានមកលើកម្ពុជា។ ៧-គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជន ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គមនានា បន្តជួយ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិកុមារ ការចូលរួមរបស់កុមារ ការទប់ស្កាត់អំពើហិង្សាលើកុមារ ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមប្រព័ន្ធអនឡាញ និងពលកម្មកុមារគ្រប់រូបភាព ជាពិសេស ពង្រឹងគុណភាពនៃការផលិតកម្មវីធីសម្រាប់កុមារ ប្រកបដោយខ្លឹមសារអប់រំ ដើម្បីបង្ការទប់ស្កាត់កុំឱ្យកុមារ ក្លាយជាជនរងគ្រោះ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈកម្មការប្រតិបត្តិ Soccer League បង្ហើបមហិច្ឆតាធំមួយ សម្រាប់ត្រៀមខួបលើកទី១០
06/05/2026 09:06 AM
លីបង់៖ កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ទូលំទូលាយ ជាឱកាសចុងក្រោយរបស់ខ្លួនក្នុងពេលក្រុមហេសបូឡា ច្រានចោល
06/05/2026 09:06 AM
គោព្រៃកម្ពុជា ទទួលបានការសសើរពីគ្រូទាំងសងខាង ក្រោយយកឈ្នះប៊ូតង់ ៤-០
06/05/2026 09:06 AM
អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់ UN បានលើកឡើងពីការព្រួយបារម្ភនៃការរីកសាយនៅទីតាំងរបស់អ៊ីរ៉ង់
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន សន្យាកំណត់ពេលវេលាច្បាស់លាស់សម្រាប់ការចរចាស្តីពីសមាជិកភាពសហភាពអឺរ៉ុប
06/05/2026 09:06 AM
កម្ពុជា រកឃើញសត្វព្រៃសំខាន់ៗជាច្រើននៅភាគខាងជើងប្រទេស
06/05/2026 09:06 AM
មេដឹកនាំអ៊ុយក្រែន ស្នើឲ្យមានជំនួបពិភាក្សាទល់មុខគ្នាក្នុងលិខិតបើកចំហរផ្ញើទៅកាន់លោក Putin
06/05/2026 09:06 AM
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបែងចែកភាគលាភឆ្នាំ២០២៥ ជាង ២៨,៧ ប៊ីលានរៀលជូនភាគហ៊ុនិក
06/05/2026 08:06 AM
ក្រុមហេសបូឡា ច្រានចោលបទឈប់បាញ់រវាងអ៊ីស្រាអែល-លីបង់ គាំទ្រដោយអាមេរិក
06/05/2026 08:06 AM
កម្ពុជា-សិង្ហបុរី ពិភាក្សាអំពីលទ្ធភាព នៃការជំរុញនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសិង្ហបុរី
06/05/2026 08:06 AM