សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ

ព័ត៌មានជាតិ

រដ្ឋមន្រ្តីសុខាភិបាល៖ «ភាពរីកចម្រើនអង្គភាពត្រូវផ្តោតសំខាន់លើ អភិបាលកិច្ច និងភាពជាអ្នកដឹកនាំ»

2026/07/20 09:46:41 pm        73
ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ សម្រាប់ខែកក្កដា ដើម្បីពិនិត្យវឌ្ឍនភាព ជំរុញ និងលើកទិសដៅការងារបន្ត ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងអង្គភាពថ្នាក់កណ្តាល មន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំឱ្យជំរុញការងារជាប្រចាំថ្ងៃ និងធ្វើបច្ចុប្បន្នភាពការងារស្របតាមស្ថានភាព ដើម្បីពិនិត្យវឌ្ឍនភាព និងវាយតម្លៃឆ្លុះបញ្ចាំងនូវចំណុចអនុវត្តបានល្អប្រសើរ ការងារមិនទាន់ល្អប្រសើរ និងភាពយឺតយ៉ាវនៃការងារ និងស្វែងរកដំណោះស្រាយបានទាន់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសរំលេចថា «សូមកុំឱ្យស្ទាក់ស្ទើរក្នុងភាពជាអ្នកដឹកនាំ ជាពិសេសនៅអង្គភាព ដោយត្រូវបណ្តុះស្មារតី ត្រូវប្រឡងប្រណាំងជាមួយខ្លួនឯង ដោយការទទួលខុសត្រូវ និងអនុវត្តឱ្យមានប្រសិទ្ធភាព»។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី គូសបញ្ជាក់និងបង្កើនការយកចិត្តទុកដាក់ខ្ពស់លើបញ្ហាជំងឺគ្រុនឈាម ក្នុងរដូវវស្សានេះ ដោយត្រូវមានកិច្ចសហការគ្នាឱ្យបានគ្រប់កម្រិតដោយថ្នាក់ដឹកនាំ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងអជ្ញាធរមូលដ្ឋាន ក្នុងការចាត់វិធានការអប់រំសុខភាពជូនប្រជាពលរដ្ឋជាប់ជាប្រចាំ បង្ការការពារពីការកើតជំងឺគ្រុនឈាម និងស្វែងរកសេវាសុខាភិបាលដែលនៅជិតផ្ទះបំផុតឱ្យបានទាន់ពេលវេលា ករណីសង្ស័យមានជំងឺគ្រុនឈាម។ បន្ថែមពីនេះ មន្ទីរសុខាភិបាលទាំងអស់ ត្រូវបង្កលក្ខណៈឱ្យមានភាពល្អប្រសើរនូវការបម្រើសេវាសុខាភិបាល បច្ចេកទេសព្យាបាល ពិនិត្យឱសថឱ្យបានគ្រប់គ្រាន់ និងជំរុញអ្នកជំនាញចុះអង្កេតស្រាវជ្រាវតំបន់ដែលមានហានីភ័យខ្ពស់ ដើម្បីវាយតម្លៃ និងគ្រប់គ្រងស្ថានការណ៍។ លើសពីនេះ ត្រូវបង្កើនការតាមដានប្រុងប្រយ័ត្នខ្ពស់អំពីសុខភាពសាធារណៈ ជំងឺឆ្លងនានា ដែលអាចនឹងមានកត្តាប្រឈមពីបណ្តាប្រទេសនានាគ្រប់ពេលវេលា។ 

មន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យវាយតម្លៃផ្លូវនៅទីជនបទ ដើម្បីធ្វើការថែទាំឲ្យមានគុណភាពល្អធ្វើដំណើរបានស្រួល

2026/07/20 09:40:29 pm        233
លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអមដំណើរ​ដោយ​ឯកឧត្តម​ ឈ​ន សេដ្ឋា អនុរដ្ឋ​លេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃដំណាក់កាលទី១ លើផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៩ខ្សែ នៅតាមបណ្ដាក្រុងស្រុកមួយចំនួន ក្នុងខេត្តព្រៃវែង ដើម្បីធ្វើការថែទាំផ្លូវជាប្រចាំ ហើយផ្លូវមានគុណភាពល្អ ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកកសិផលបានស្រួល ។សម្រាប់ផ្លូវទាំង៩ខ្សែនោះ មានប្រវែងជាង ៩០គីឡូម៉ែត្រ ដែលស្ថិតក្នុងស្រុកព្រះស្ដេច ស្រុកកំពង់ត្របែក ស្រុកបាភ្នំ ស្រុកមេសាង ស្រុកពោធិ៍រៀង ស្រុកស្វាយអន្ទរ ស្រុកកញ្ច្រៀច និងក្រុងព្រៃវែង ដែលផ្លូវទាំងអស់នេះ អនុវត្តស្ថាបនាដោយនាយកដ្ឋានអភិវឌ្ឍន៍ជនបទ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។ក្នុងឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវទាំង៩ខ្សែ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឯក គន្ធវារី មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាននឹងកំពុងខិតខំអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។លោកំទាវបន្តថា ទន្ទឹមនេះក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗ គឺទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង, ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាមរយៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០%, ទី៣. ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤. លើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥. ការពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ។ជាមួយនេះ លោកជំទាវ ឯក គន្ធវារី និងក្រុមការងារអន្តរក្រសួង ជាពិសេសនៅក្នុងរដូវវស្សានេះ បានស្នើអាជ្ញាធរមូលដ្ឋានទប់ស្កាត់ នូវការដឹកលើសទម្ងន់ ដែលធ្វើឱ្យផ្លូវឆាប់រងការខូចខាត អំពាវនាវដល់ពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានាថាអាចប្រើប្រាស់បានយូរអង្វែង៕ អត្ថបទបានសុខរិទ្ធិ 

មេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦

2026/07/20 09:34:38 pm        1036
ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការកងទ័ពជើងទឹកអនុប្រធានប្រចាំការ និងជាអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦។ នៅក្នុងឱកាសនោះឧត្តមនាវីឯក ទៀ សុខា បានគូសបញ្ជាក់ថាក្រៅពីអនុវត្តភារកិច្ចស្នូលយើងក៏មិនភ្លេចឡើយអំពីការពង្រឹង និងពង្រីកសមត្ថភាពចំណេះដឹង ចំណេះធ្វើដល់ យោធិន ក៏ដូចជាការអនុវត្តផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ដោយអនុវត្តតាមផែន ការហ្វឹកហ្វឺនរបស់អគ្គបញ្ជាការ ក្រសួងការពារជាតិ និងដើម្បីស្របទៅតាមសភាពការណ៍នាពេលបច្ចុប្បន្ន យើងក៏បានដាក់ចេញនូវវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦នេះ ដើម្បីពង្រឹងនិង ពង្រីកការយល់ដឹងដល់យោធិនរបស់យើង ឲ្យចេះប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យារបស់ប្រភេទកាំភ្លើងការពារអាកាសឲ្យកាន់តែស៊ីជម្រៅ ដើម្បីធានាបាននូវការបំពេញតួនាទីភារកិច្ចស្នូល ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ទៅតាមកាលៈទេសៈនៅពេលមានតម្រូវការនោះ។ ឧត្តមនាវីឯក ទៀ សុខា បានបញ្ជាក់ថា បញ្ជាការដ្ឋានការពារកោះ ឆ្នេរ បានទទួលភារកិច្ចក្នុងការ ហ្វឹកហ្វឺនដល់យោធិនយើង ដើម្បីបំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ទៅតាមផែនការដែលបានដាក់ ចេញ ដែលកន្លងមកបានទទួលភារកិច្ចហ្វឹកហ្វឺនចំនួនពីរវគ្គរួចមកហើយ គឺវគ្គទី៤ និងវគ្គទី៦ដែលមាន សិក្ខាកាមចំនួនជាងមួយពាន់នាក់ ហើយថ្ងៃនេះយើងបានបិទបញ្ចប់មួយវគ្គទៀត ដែលមានសិក្ខាកាមជិត មួយពាន់នាក់។ នៅក្នុងឱកាសនោះដែរ ឧត្តមនាវីឯក ទៀ សុខា ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ច ខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ យោធាចារ្យ និងគណៈកម្មការគ្រប់គ្រងវគ្គនីមួយៗ នៃសាលាហ្វឹកហ្វឺនការ ពារកោះ ឆ្នេរ ដែលបានយកចិត្តទុកដាក់លើខ្លឹមសារហ្វឹកហ្វឺន និងជំនាញមូលដ្ឋាន ស្របតាមគោលបំណង នៃវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលនីមួយៗ ដែលមានគោលដៅរួមគឺ ផ្តល់ចំណេះជំនាញជូនដល់សិក្ខាកាម គ្រប់ៗរូប ឲ្យទទួលបានលទ្ធផលល្អគួរជាទីមោទនៈនៅពេលបញ្ចប់វគ្គនេះផងដែរ៕អត្ថបទបាន ចក់ 

រដ្ឋមន្ត្រីការបរទេសកម្ពុជា ជម្រាបជូនរដ្ឋមន្ត្រីការបរទេសហ្វីលីពីន អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ

2026/07/20 09:25:55 pm        119
នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Ma. Theresa P. Lazaro រដ្ឋមន្ត្រីការបរទេសហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Ferdinand R. Marcos, Jr., ប្រធានាធិបតីហ្វីលីពីនដែលបានរៀបចំកិច្ចប្រជុំត្រីភាគីកម្ពុជា-ថៃ-ហ្វីលីពីនកាលពីខែឧសភាកន្លងទៅ នៅកោះសេប៊ូ ក្នុងន័យស្វែងរកដំណោះស្រាយសន្តិវិធីលើបញ្ហាព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងបានអបអរសាទរដល់ប្រទេសហ្វីលីពីនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងខែកក្កដានេះផងដែរ។ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ផងដែរ។ 

បេសកជនពិសេសសម្ដេចតេជោ ប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃទាំង ២៧វត្ត ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ

2026/07/20 09:20:44 pm        256
នាព្រឹកថ្ងៃអាទិត្យ ៥កើត ខែទតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែ​កក្កដា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់ និង​ជា​បេសកជន​ពិសេស​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​ក្រុម​ការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ព្រមទាំង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដោយមានសទ្ធាជ្រះថ្លាដ៏មុតមាំក្នុងព្រះពុទ្ធសាសនា បានរៀបចំពិធី​ប្រគេ​ន​ទៀន​ព្រះវ​​ស្សា បច្ច័យ ព្រមទាំងទេយ្យទានជាគ្រឿងឧបភោគបរិភោគជាច្រើនមុខ ដ​ល់​ព្រះ​សង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​នៅ​តាមបណ្តាវត្តទាំង ២៧ ទូទាំងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ ពិធីបុណ្យនេះ ត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដើម្បីទំនុកបម្រុង ផ្គត់ផ្គង់ និង​សម្រួល​ដល់​ជីវភាព​របស់​ព្រះភិក្ខុសង្ឃ និងសាមណេរ ដែលត្រូវគង់ចាំព្រះវស្សាអស់កាលត្រីមាស (៣ខែ) ក្នុង​ការ​សិក្សារៀនសូត្រធម៌វិន័យតាមពុទ្ធឱវាទ ដែលពិធីចូល​ព្រះវស្សា​នេះ​នឹង​ចាប់​ផ្តើម​គិត​ចាប់​ពី​ថ្ងៃ​១​រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ខាងមុខនេះ។ ដើម្បីញ៉ាំងកិច្ចកុសលនេះឱ្យកាន់តែមានភាពអធិកអធម និងបង្កលក្ខណៈ​ងាយ​ស្រួល​ដល់​ព្រះសង្ឃ ​លោកអ្នកឧកញ៉ា បណ្ឌិត និងលោកជំទាវ អ្នកឧកញ៉ា បានយកចិត្តទុកដាក់យ៉ាងខ្ពស់ ដោយ​បានចាត់តាំងក្រុមការងារផ្ទាល់ ចុះរៀបចំពិធីដង្ហែទៀនព្រះវស្សា និងទេយ្យទានទាំងនេះ យក​ទៅប្រគេនដល់គ្រប់វត្តអារាមតាមបណ្តាឃុំនីមួយៗប្រកបដោយសេចក្តីជ្រះថ្លាបំផុត។ សម្រាប់ទេយ្យវត្ថុ និងបច្ច័យដែលវត្តនីមួយៗ ក្នុងចំណោមវត្តទាំង២៧ ទទួលបានរួមមាន៖ -បច្ច័យកសាង និងទ្រទ្រង់ចង្ហាន់ ចំនួន ១.០០០.០០០ រៀល -បច្ច័យបួន ចំនួន ៥០០.០០០ រៀល -ទៀនព្រះវស្សា ចំនួន ១ គូ -សាដក ចំនួន ១ កញ្ចប់ -អង្ករផ្កាម្លិះ ចំនួន ១០០ គីឡូក្រាម -មីជាតិ ចំនួន ៣ កេស -ទឹកដោះគោខាប់ ចំនួន ១ កេសធំ -ទឹកផ្លែឈើ ២ កេស -ទឹកសុទ្ធ ២ កេស -សាច់ជ្រូកផាត់ ចំនួន ៥ គីឡូក្រាម -ប្រេងឆា ចំនួន ២ ដបធំ -គ្រឿងទេស ទឹកស៊ីអ៊ីវ ២ យួរ និងទឹកត្រី ២ យួរ -ប្រេងម៉ាស៊ូត ចំនួន ៣០ លីត្រ (សម្រាប់ប្រើប្រាស់ជាប្រយោជន៍ក្នុងវត្តអារាម)។ ការចូលរួមចំណែកក្នុងវិស័យពុទ្ធចក្រនាពេលនេះ បានឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​កុសល​ចេតនា​ដ៏​ឧត្តុង្គ​ឧត្តម និងសន្តានចិត្តមនុស្សធម៌របស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ អ្នក​ឧកញ៉ា គៀន ស្រីនាង ដែល​ជា​និច្ច​កាល​តែង​តែ​គិតគូរ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សុខុមាល​ភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការរីកចម្រើន​របស់​សង្គម​ជាតិ​ទាំង​អាណា​ចក្រ និងពុទ្ធចក្រ។ សកម្មភាពសទ្ធាជ្រះថ្លានេះ គឺជាការរួមចំណែកបន្ថែមពីលើសមិទ្ធផល និង​កិច្ច​ការងារ​អភិវឌ្ឍន៍ជាច្រើនរាប់មិនអស់ ដែលលោក​អ្នក​ឧក​ញ៉ាប​ណ្ឌិត​តែង​តែ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​កន្លង​មក ទាំងលើវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងសង្គមកិច្ច៕

អាជីវករអំពាវនាវអ្នកប្រើប្រាស់ ឱ្យបន្តគាំទ្រផលិតផលខ្មែរដើម្បីថែសេដ្ឋកិច្ចជាតិ

2026/07/20 07:45:43 pm        172
ក្រុមអ្នកផលិត និងអាជីវករ បានផ្ញើ​សារអំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូល​រួម​គាំទ្រ​ផលិត​ផល​ក្នុង​ស្រុក​បន្ត​ថែមទៀ​ត គឺជាយុទ្ធសាស្ត្រស្នូលមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និ​ង​រក្សា​លំនឹង​ទីផ្សារ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសមាគមអាជីវកម្មនានា បាននិង​កំពុង​លើក​កម្ពស់​ស្មារតី «ខ្មែរស្រឡាញ់ខ្មែរ ខ្មែរប្រើប្រាស់ផលិតផលខ្មែរ»។ក្នុងឱកាសចូលរួមដាក់តាំងបង្ហាញលក់ផលិតផលរបស់ខ្លួន ក្នុងកម្មវិធីយុទ្ធនាការ "អាហារខ្មែរ​ត្រូវ​តែ​ខ្លាំង​" ក្រុម អាជីវករ បានលើកឡើងឱ្យដឹងថា មូលហេតុដែលបន្តអំពាវនាវនេះ គោលបំណង​ចម្បង​ដែល​សំខាន់ជាងគេ គឺដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងប្រាក់ចំណូល ពីព្រោះការទិញ​ទំនិញ​ដែល​ផលិត​ក្នុង​ស្រុកគឺជួយរក្សា និងបង្កើតលំហូរ​សាច់​ប្រាក់​នៅ​ក្នុង​ប្រទេស​ដោយ​ផ្ទា​ល់​ដែល​ជួយ​ទ្រទ្រង់​ដល់ជីវភាពរបស់កសិករ សិប្បករ និងសហគ្រិនខ្នាតតូច និងមធ្យម (SMEs)។ លើស​ពី​នេះ​ថែម​ទៀត គឺការបង្កើតការងារ ឯករាជ្យភាពផ្នែកសេដ្ឋកិច្ច ជាពិសេស·បង្ហាញមោទនភាពជាតិ គ្រា​ផលិតផលដែលច្នៃដោយស្នាដៃកូនខ្មែរ ឆ្លុះបញ្ចាំងពីអត្តសញ្ញាណ វប្បធម៌ និងធនធាន​ធម្មជាតិ​ដ៏​សម្បូរបែប។ឆ្លៀតក្នុងឱកាសនេះ ក្រុមអាជីវករ បានសម្តែងការអរគុណដល់អតិថិជនទាំងអស់ ដែលក្នុង​រយៈ​ពេល​ចុង​ក្រោយនេះ មានការគាំទ្រផលិតផលក្នុងស្រុកច្រើនជាងមុន ហើយពួកគាត់​បាន​ប្តេជ្ញា​ចិត្ត​ទៀត​ថា ​នឹងខិតខំផលិតផលិតផលដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ស្របតាមស្តង់ដារ​អនាម័យ ​សំដៅលើកកម្ពស់ទំនុកចិត្តអតិថិជនទាំងអស់។ ជាមួយនេះ ក្រុមអាជីករ ក៏មិន​បាន​ភ្លេច​នូវ​ការ​អរគុណជូនចំពោះរាជរដ្ឋាភិបាលគ្រប់ជាន់ថ្នាក់ ដែលមានការយកចិត្តទុកដាក់ខ្ពស់ តាម​រយៈ​ការ​ផ្សព្វផ្សាយ និងរៀបចំកម្មវិធីល្អៗជាច្រើន ក្នុងន័យរួមចំណែក​លើក​កម្ពស់​ផលិត​ផល​ក្នុង​ស្រុក​ឱ្យ​ក្លាយជាផលិតផលពាណិជ្ជកម្ម ជួយបង្កើតការងារ និងចំណូលសម្រាប់គ្រួសារជាដើម។សូម​បញ្ជាក់ថា កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦កន្លងទៅ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍មតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងស្មារតី រួមគិត រួមធ្វើ ដើម្បី​​ផលប្រយោជន៍រួមរបស់ប្រទេសជាតិខ្មែរយើង។ សម្តេចបានបញ្ជាក់ថា នៅក្នុងដំណាក់​កាល​បច្ចុប្បន្ន​ដែលកម្ពុជាត្រូវការជំរុញការផលិតផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បី​ជំនួស​ឱ្យ​ការនាំចូល តួនាទីរបស់សហគ្រាសធុនតូច និងមធ្យម (SME) គឺកាន់តែមានសារៈសំខាន់។ ក្នុង​គោលដៅនេះ សម្តេចធិបតី បានប្រគល់ភារកិច្ចជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុង​នាម​ជា​ប្រធានគណៈកម្មការនយោបាយសេដ្ឋកិច្ច ដឹកនាំ រៀបចំ គិតគូរ អំពីការដាក់​ចេញ​វិធាន​ការ​​ចាំបាច់ និងជាបន្ទាន់មួយចំនួនបន្ថែម ដើម្បីដោះស្រាយបញ្ហាប្រឈម ក៏ដូចជាជំរុញ លើក​ទឹក​ចិត្ត​ដល់​សហគ្រាសធុនតូច និងមធ្យម (SME)៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អ្នកវិទ្យាសាស្ត្រ និងសហគ្រិនស្ត្រីកម្ពុជា​ កំពុងរួមចំណែកយ៉ាងសំខាន់ដល់វិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងសេដ្ឋកិច្ចជាតិ

2026/07/20 07:41:13 pm        211
ភ្នំពេញ៖ រាជរដ្ឋាភិបាល​តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងជំរុញឱ្យស្រ្តីក្លាយជាអ្នកវិទ្យាស្រ្ដីកាន់តែច្រើន ដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានចំនួនស្រ្តីកាន់តែច្រើនបានចាប់យកជំនាញនេះ។ក្នុងកិច្ចសម្ភាសន៍ពិសេស ជាមួយ BTV លោកស្រីបណ្ឌិត លី សុខនី អគ្គនាយករង នៃអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) បានលើ់កឡើងថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ក្នុងការបង្កើនចំនួនស្រី្តឱ្យក្លាយជាអ្នកដឹកនាំក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ជាក់ស្តែង ក្រសួង​ឧស្សាហកម្ម បានធ្វើជាម្ចាស់ផ្ទះ​រៀបចំ “សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២” កាលពីថ្ងៃទី៨-១០ខែកក្កដា ឆ្នាំ២០២៦ ដែលមានស្ត្រីជាអ្នកវិទ្យាសាស្ត្រ នវានុវត្តន៍ករប្រមាណ ៩០រូប បានចូលរួម ក្នុងចំណោមចូលរួមសរុប​ ១៣៥រូប។ ព្រឹត្តិការណ៍នេះ បានរៀបចំ​ឱ្យមាន​​កិច្ចពិភាក្សាតុមូលពហុភាគីចំនួន១០ និងកម្មវិធីប្រកួតប្រជែងគំនិតនវានុវត្តន៍ ដែលអ្នកស្រាវជ្រាវជាស្ត្រី នឹងធ្វើបទបង្ហាញអំពីដំណោះស្រាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពួកគេ។ចំណែក កញ្ញាបណ្ឌិត ម៉ម អេឡែន សាស្ត្រាចារ្យ និងជាអ្នកស្រាវជ្រាវ វិស្វករគីមី និងបច្ចេកវិទ្យាចំណីអាហារនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលបានចូលរួម“សន្និសីទអ្នកវិទ្យាសាស្ត្រស្ត្រី អាស៊ាន-ឥណ្ឌា លើកទី២” បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះ បានផ្តល់បទពិសោធន៍ដ៏ល្អសម្រាប់ស្រ្តីក្នុងវិស័យ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បង្ហាញពីបញ្ហាប្រឈម និងផ្តល់ជាអនុស្សាសន៍បន្ថែមដាក់ជូនទៅរាជរដ្ឋាភិបាលដើម្បីបង្កើតជាគោលនយោបាយគាំទ្រដល់ស្រ្តីក្នុងវិស័យនេះ​។ ជាមួយគ្នានេះ ការចូលរួមរបស់ស្រ្តីក្នុងវិស័យបច្ចេកវិទ្យានិងនវានុវត្តន៍គឺជាការផ្តល់ឱកាសឱ្យស្រ្តីក្លាយជាអ្នកដឹកនាំក្នុងវិស័យនេះ កាន់តែច្រើន ​ដោយកញ្ញា ក៏បានកត់សម្គាល់ឃើញថា ចំនួនស្រ្តីកម្ពុជា​កាន់តែច្រើនចាប់យកជំនាញ STEM។ផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ បានកំណត់ចក្ខុវិស័យក្នុងការពង្រឹងកម្លាំងពលកម្មនាពេលអនាគត ដោយធានាថា យ៉ាងហោចណាស់ ៥០ ភាគរយនៃនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ គឺមកពីជំនាញ STEM។ ផែនការនេះក៏ផ្តោតយ៉ាងខ្លាំងលើសមភាពយេនឌ័រ ដោយកំណត់គោលដៅឱ្យស្ត្រីមានចំណែកយ៉ាងហោចណាស់ពាក់កណ្តាលនៃអ្នកបញ្ចប់ការសិក្សាផ្នែក STEM ទាំងអស់៕អត្ថបទ៖ ធូ វិរៈ​ 

កម្ពុជា​ត្រៀមជំរុញទៅមុខជានិច្ច​នូវការដោះស្រាយវិវាទ​ដែនសមុទ្រ​ជាមួយ​ប្រទេសថៃ​ដោយ​សន្តិវិធី​ដោយ​​ផ្អែ​កលើច្បាប់អន្តរជាតិ

2026/07/20 07:25:16 pm        201
ភ្នំពេញ៖ កម្ពុជាត្រៀមជំរុញទៅមុខជានិច្ច​នូវការដោះស្រាយ​វិវាទ​ដែន​សមុទ្រ​ជា​មួយ​ប្រទេស​ថៃ​ដោយ​សន្តិវិ​ធីដោយ​ផ្អែកលើច្បាប់អន្តរជាតិ។ នេះបើតាម​សេចក្តីថ្លែងការណ៍របស់ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ។​ សេចក្ដីថ្លែង​ការ​ណ៍របស់ក្រសួងការបរទេស​កម្ពុជា​បានឱ្យដឹងថា យោង​តាម​សំណើ​របស់​អ្នក​ផ្សះ​ផ្សា​ឯករាជ្យ​ទាំងបួនរូប (ក្នុងនោះ២រូបតែងតាំងដោយភាគីកម្ពុជានិង២រូបទៀត តែងតាំងដោយ​ភាគី​ថៃ​) ដែលបានស្នើសុំពេលវេលាបន្ថែមដើម្បីពិចារណាឱ្យបានហ្មត់ចត់ថា គួរតែងតាំង​ឥស្សរជន​រូប​ណាជាប្រធានគណៈកម្មការផ្សះផ្សា កម្ពុជានិងថៃ ក៏បានឯកភាពនឹងមតិស្នើសុំនេះ។ សេច​ក្ដីថ្លែងការណ៍បញ្ជាក់ថា ពេលវេលាបន្ថែម​ដែល​ស្នើ​ដោយ​អ្នក​ផ្សះផ្សាដើ​ម្បី​ពិចារ​ណាលើ​ការ​តែង​តាំង​ប្រធានគណៈកម្មការផ្សះផ្សាមានលក្ខណៈសមរម្យ និងសម​ស្របទាំ​ង​ស្រុង​ដោយ​យោង​លើ​សារៈ​សំខាន់​នៃការតែងតាំង ក៏ដូចជាដំណើរការផ្សះផ្សាទាំងមូល។ ការស្នើ​សុំពេ​ល​វេលា​បន្ថែម​នេះ​មិន​ប៉ះពាល់ដល់ថេរវេលាកំណត់ ឬជំហាននីតិវិធីណាមួយ ក្រោមអនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពីនី​តិសមុទ្រនោះឡើយ។ ការណ៍នេះឆ្លុះបញ្ចាំងពីនីតិវិធីដ៏លំបាកដែលអ្នកផ្សះផ្សាកំពុងអនុវត្ត ដែលយើង​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ភាព​ហ្មត់ចត់របស់អ្នកផ្សះផ្សាទាំងអស់ និងសូមបញ្ជាក់ជាថ្មី​នូវ​ជំនឿ​ទុក​ចិត្ត​ចំពោះ​ដំណើរ​ការ​នេះ។ កម្ពុជាត្រៀមជំរុញទៅមុខជានិច្ច​នូវការដោះស្រាយ​វិវាទ​ដែន​សមុទ្រ​ជា​មួយ​ប្រទេស​ថៃ​ដោយសន្តិវិធីដោយ​ផ្អែកលើច្បាប់អន្តរជាតិ។ អ្នកនាំពាក្យ​រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានរម្លឹកជាថ្មីតាម​រយៈ​សន្និសីទ​សារព័ត៌មាន​នៅថ្ងៃ​ទី២០ ខែកក្កដានេះថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃទី២ ខែមិថុនា ឆ្នាំ ២០២៦ បានប្រកាសពីការ​ចាប់ផ្តើម​ប្រើប្រាស់​យន្តការ​ផ្សះ​ផ្សា​ដោយ​បង្ខំ ( Compulsory Conciliation) ក្រោមអនុសញ្ញា​អង្គការ​សហ​ប្រជា​ជាតិ​ស្តីពីនី​តិ​សមុទ្រ​(UNCLOS ) ដើម្បីដោះស្រាយការទាមទារដែនសមុទ្រត្រួតស៊ីគ្នាជាមួយប្រទេសថៃ។ ការ​សម្រេច​ចិត្ត​នេះធ្វើឡើងបន្ទាប់ពីភាគីថៃបានសម្រេចលុបចោល​ជាឯកតោភាគីនូវ​អនុស្ស​រណៈ​នៃ​ការ​យោគ​យល់គ្នាឆ្នាំ ២០០១ ឬហៅកាត់ថា MoU 2001 ដែលជាក្រប​ខណ្ឌ​ទ្វេភាគី​ព្រម​ព្រៀង​គ្នា​តែ​មួយ​គត់​សម្រាប់​ដោះ​ស្រាយ​តំបន់​ទាមទារ​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា​ក្នុង​រយៈ​ពេល​ជាង​២​៥​ឆ្នាំ​កន្លង​មក​។ ឯកឧត្តមបញ្ជាក់ថា ក្រោយពី​បានពិចារណាយ៉ាងម៉ត់ចត់បំផុតនូវរាល់ជម្រើសផ្លូវច្បាប់ និង​ដោយ​សន្តិ​វិធី​ដែលមាននិង​​ដែលអាចអនុវត្តទៅបាន រាជរដ្ឋាភិបាលកម្ពុជា​យល់ឃើញថា មាន​តែ​យន្ត​ការ​ផ្សះ​​ផ្សា​ដោយបង្ខំក្រោមអនុសញ្ញា UNCLOS នេះទេ​ដែលជាជម្រើសល្អបំផុត​ពីព្រោះ​យន្តការ​នេះ​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំងពីរ​បង្ហាញ​ជំហរ​របស់​ខ្លួន​នៅ​ចំពោះ​មុខ​គណៈកម្មការ​ឯករាជ្យ​មួយ​ដែល​មាន​សមាជិកជាអ្នកផ្សះផ្សារចំនួន៥រូប ដែលសុទ្ធតែជាអ្នកជំនាញឈានមុខផ្នែកច្បាប់អន្តរជាតិ។ កម្ពុ​ជាសង្ឃឹមយ៉ាងមុតមាំថា ដំណើ​រ​ការ​នេះ​នឹង​បង្ហាញ​ជា​ថ្មីម្ដង​ទៀត​នូវ​តម្លៃ​ពិត​ប្រាកដ​នៃ​ច្បាប់​អន្តរជាតិ ​និងការដោះស្រាយជំលោះដោយសន្តិវិធី។ ឯកឧត្តមសង្គត់ធ្ងន់ថា​ ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាក៏ ​បានទទួលការគាំទ្រ​យ៉ាងពេញ​ទំហឹង​ពី​ស្ថាប័ន​កំពូល​​របស់​ជាតិ ក្រសួង ស្ថាប័ន រហូតរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ អាចនិយាយបានថា ប្រជាជាតិខ្មែរកំពុង​ឈរ​នៅ​លើជំ​ហរ​ឯក​ភាព​ជាតិ​ដ៏​រឹងមាំ​មួយ​ឆ្ពោះ​ទៅ​ការ​ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការផ្សះផ្សា​ដោយភាគីអន្តរជាតិ និង​ស្រប​តាម​ច្បាប់​អន្តរជាតិដើម្បីទទួលបានដំណោះស្រាយមួយ​ត្រឹមត្រូវ យុត្តិធម៌និង​យូរអង្វែង​សម្រាប់​ប្រជា​ជាតិ​ទាំងពីរក៏ដូចជាសម្រាប់​សន្តិភាព ស្ថិរភាព​ និងវិបុលភាពក្នុងតំបន់ទាំងមូល៕

គណៈកម្មការចាប់ផ្ដើមធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងរបស់អង្គភាពចំណុះក្រសួងធម្មការ និងសាសនា

2026/07/20 07:19:50 pm        118
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង បាននិងកំពុងចុះពិនិត្យផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះទីស្តីការក្រសួងធម្មការ និងសាសនា។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែងនាពេលនេះ មានការអញ្ជើញចុះពិនិត្យ និងតាមដានជាប់ជាប្រចាំនៅទីតាំងដោយផ្ទាល់ពី ឯកឧត្តម អែវ ប៊ុនថុល រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿនមន្ត្រី។ ក្នុងដំណើរការនៃធ្វើជំរឿនដោយផ្ទាល់ពី ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំ ព្រះមន្ត្រីសង្ឃ មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីផ្សេងៗទៀត ដែលកំពុងបំពេញការងារជាក់ស្តែង នៅតាមអង្គភាពចំណុះក្រសួងធម្មការ និងសាសនា ចូលរួមធ្វើបច្ចុប្បន្នភាព និងជីវមាត្រ ព្រមទាំងបានបង្ហាញខ្លួន ក្នុងពេលចុះធ្វើជំរឿនាពេលនេះ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម តាមការកំណត់របស់គណៈកម្មការជំរឿន។ សូមជម្រាបថា ក្រសួងធម្មការ និងសាសនា ជាក្រសួងទី១៦ ដែលគណៈកម្មការជំរឿនបាន និងកំពុងធ្វើជំរឿនមន្ត្រីជាក់ស្តែង បន្ទាប់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីស្តីការក្រសួងធម្មការ និងសាសនា ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃពេញ គឺថ្ងៃទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០២៦ នៅទីតាំងចំនួន២ គឺនៅទីស្តីការក្រសួងធម្មការ និងសាសនា និងនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ 

អ្នកនាំពាក្យ៖ ក្នុងនាមប្រទេសស្រឡាញ់សន្ដិភាព កម្ពុជាគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវ​បទ​ឈប់​បាញ់ និងខ្លឹមសារទាំងស្រុងនៃ​សេចក្តីប្រកាសរួមរវាង​កម្ពុជា និងថៃ

2026/07/20 07:10:37 pm        334
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ប៉ែន បូណា បានថ្លែង​បញ្ជាក់ជាថ្មីថា ក្នុង​នាម​ជា​ប្រទេស​ស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ​ កម្ពុជាគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវ​​បទឈប់បាញ់ និងខ្លឹមសារទាំងស្រុងនៃ​សេចក្តីប្រកាសរួមថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ និង​សេចក្តី​ថ្លែង​ការណ៍រួមស្តីពីសន្តិភាពទីក្រុងកូឡាឡំពួរ ចុះ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ២០២៥ ក៏​ដូច​ជា​កិច្ច​ព្រម​ព្រមព្រៀងផ្សេងទៀត​ដែលមានស្រាប់រវាង​ប្រទេសទាំងពីរ។ ឯកឧត្តមបានថ្លែងថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន​-សៀម ដោយ​គោរព​គោលការណ៍​ច្បាប់​អន្តរជាតិ ​គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិ​សញ្ញា​បារាំង​-សៀម ផែនទី និងកំណត់​ហេតុបោះបង្គោលព្រំដែន​របស់​គណៈ​កម្មការ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នាពេលកន្លងមក។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួល​ស្គាល់​ជាដា​ច់ខា​ត​នូវ​ការ​កែ​ប្រែ​ខ្សែ​​ព្រំដែន​ណា​មួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ គឺក្នុងស្មារតីនេះហើយ ដែល​រាជរដ្ឋាភិបាលកម្ពុជាតវ៉ាជំទាស់​គ្រប់ចំណុចទាំងអស់​ដែលមានការរំលោភបំពាន​មក​លើ​ដែន​អធិបតេយ្យ​ភាពកម្ពុជា​ពីសំណាក់កងកម្លាំងថៃ។ ការតវ៉ានេះដើម្បីសបញ្ជាក់ថា បន្លាលួស ទូរ​កុង​តឺន័រ រួមទាំង​សកម្មភាពនៅលើដីជាក់ស្តែងផ្សេងទៀត​ក្នុងតំបន់​ដែល​ភាគី​ថៃ​បា​ន​និង​កំពុង​កាន់​កាប់​ដោយ​ខុសច្បាប់មិនមែនជាខ្សែព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ​ពី​ព្រោះ​កម្ពុជា​ និង​ថៃមា​ន​ខ្សែព្រំ​ដែនអន្តរជាតិ​ច្បាស់លាស់រួចហើយដែលគ្មានភាគីណាមួយអាចកែប្រែបានឡើយ​៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលាបឋមសិក្សាតាំងក្រសៅ ទទួលបានអគារសិក្សាថ្មី១ខ្នង ផ្តល់ផល​ប្រយោជន៍​ដល់​ការ​សិក្សា​យូរ​អង្វែង
07/25/2026 02:07 PM
ក្រសួងវប្បធម៌៖ ការប្រើប្រាស់​សម្លៀកបំពាក់​ខ្មែរ​ពីបុរាណដល់បច្ចុប្បន្ន នៅ​តែ​រក្សា​អត្ត​សញ្ញាណ​ស្នូល
07/25/2026 01:07 PM
សមាគមលើកកម្ពស់សហគ្រិនក្នុងស្រុក បង្ហាញនូវមោនទភាព​ពេល​ឃើញ​សហគ្រិន​ខ្លួន​មមា​ញឹក​ក្នុង​អាជីវកម្ម
07/25/2026 01:07 PM
ប្រជាជនអ៊ុយក្រែនប្រមូលផ្តុំគ្នាគាំទ្ររដ្ឋមន្ត្រីការពារជាតិដែលត្រូវបានបណ្តេញចេញ
07/25/2026 01:07 PM
សកម្មភាពដែនសមុទ្រនៅតែច្របូកច្របល់ទូទាំងច្រកដឹកជញ្ជូនប្រេងសំខាន់ៗតំបន់មជ្ឈិមបូព៌ា
07/25/2026 01:07 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត ក្នុងខេត្តកណ្តាល ដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ
07/25/2026 01:07 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ស្វាគមន៍ជំហររបស់ទីក្រុងមូស្គូប្រឆាំងការឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល
07/25/2026 12:07 PM
យុវជនមកពីគ្រួសារក្រីក្រ និងពលរដ្ឋទូទៅជិត ៤ពាន់​នាក់ក្នុងខេ​ត្តស្វាយរៀង មានជំ​នាញ និង​ចំណូល​​សមរម្យ ក្រោយពី​ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ក្នុ​ងវិធី ១,៥លាន​របស់​សម្ដេចធិបតី
07/25/2026 12:07 PM
លោក Trump និយាយថា អ៊ីរ៉ង់នៅតែប្រកាប់ជំហរតឹងខ្លាំងក្នុងកិច្ចចរចា
07/25/2026 12:07 PM
អ្នក​ស្លាប់ដោយសារទឹកជំនន់នៅរដ្ឋ Assam របស់​ឥណ្ឌា ឡើង​ដល់​យ៉ាង​ហោចណាស់​ ៦១នាក់​
07/25/2026 12:07 PM