សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ នាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន

2025/04/07 04:31:50 pm        128
ប៉ៃលិន ៖ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកអាកាសចរស៊ីវិល បាននាំយកអំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី មកចែកជូនកងទ័ពការពារព្រំដែន៥០៤នៃខេត្តប៉ៃលិន មុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិមកដល់ ក្នុងឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានពាំនាំផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ប្រធានព្រឹទ្ធសភា, សម្តេចប្រធានរដ្ឋសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី និងប្រាប់កងទ័ពថា អំណោយទំាងអស់នេះជាទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលតែងគិតគូដល់សុខ និងទុក្ខកងទ័ពជាប់ជាប្រចាំ ពិសេសក្នុងរដូវបុណ្យទានម្តងៗ ដើម្បីឱ្យកងទ័ព មានឱកាសទៅធ្វើបុណ្យទាន និងជួបជុំគ្រួសារក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ក្នុងនេះសម្តេចធិបតីបានចាត់ឱ្យរូបឯកឧត្តម និងក្រុមការងារដើម្បីនាំយកអំណោយមកចែកជូនដល់ដៃកងទ័ព ព្រោះសម៉រភូមិក្រោយនៅចាំលើកទឹកចិត្តនិងជួយជ្រោមជ្រែកសម៉រភូមិមុខជានិច្ច។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតបានក្រើនរំលឹកឱ្យកងទ័ពទំាងអស់ ត្រូវថែសុខភាព និងត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅខ្លាំង ហើយឯកឧត្តមក៏បានជូនពរឱ្យ កងទ័ព ប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំទំាងអស់មានសិរីសួស្តី និងសូមឱ្យទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សា ហើយសូមឱ្យកងទ័ពទំាងអស់ត្រូវធ្វើដំណើរទៅណាមកណា សូមចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុខសុវត្ថិភាព។គួរបញ្ជាក់ថា សម្រាប់ប្រតិភូអាកាសចរសីវិលបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគនិងថវិកា របស់សម្តេចធិបតីនិងលោកជំទាវមកចែកជូនកងទ័ព នៃទីបញ្ជាកងទ័ពកងការពារព្រំដែនលេខ៥០៤ នៃខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ រួមមានអង្ករ១០០បាវ, ទឹកត្រី១០០យូរ, ទឹកស៊ីអ៊ីវ ១០០យូរ, ត្រីងៀត ១០០គីឡូក្រាម, សៀង១០០គីឡូក្រាម, ឆៃប៉ូវ១០០គីឡូក្រាម, ប្រហុក១០០គីឡូក្រាម, មីយើង១០០កេស វិទ្យុទាក់ទង ថវិកាសម្រាប់អង្គភាព៤លានរៀល និងថវិកាសម្រាប់កងទ័ពម្នាក់ៗ១០ម៉ឺនរៀលផងដែរ៕

ពលរដ្ឋជិត៦០០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលបានសម្ភារៈសុខភាពអនាម័យ ពីគម្រោងពន្លឿនការស្ដារឡើងវិញនូវជីវភាពគ្រួសារងាយរងគ្រោះ

2025/04/07 04:11:20 pm        309
នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សម្ភារៈសុខភាពអនាម័យ ជូនគ្រួសារក្រីក្រចំនួន ៥៩៨គ្រួសារ ក្រោមគម្រោងពន្លឿនការស្តារឡើងវិញនូវជីវភាពរស់នៅ និងភាពធន់របស់គ្រួសារងាយរងគ្រោះ ក្រោយវិបត្តិកូវីដ-១៩ (ACRP) តាមរយៈក្រសួងផែនការ ដែលប្រារព្ធធ្វើឡើងនៅឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរជំនាញ តំណាងអង្គការដៃគូរអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្ថានទូតចិនប្រចាំកម្ពុជា និងកម្មវិធី UNDP ដែលបានផ្តួចផ្តើមគម្រោង ACRP នេះឡើង ដើម្បីឆ្លើយតបយ៉ាងសមស្របទៅនឹងគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងជាការប្តេជ្ញាចិត្តដ៏យូរអង្វែងចំពោះការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។ ឯកឧត្តម ក៏បានរំលឹកផងដែរ អំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃវិបត្តិនៃជំងឺកូវីដ-១៩ កាលពីពេល​កន្លងមក មកលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមគ្រួសារដែលងាយរងគ្រោះបំផុត ដែលបណ្តាលឱ្យមានការបាត់បង់ការងារ ចំណូល និងការលំបាកជាច្រើនផ្សេងទៀត។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ រួមមានការផ្តល់ជំនួយសង្គម ការគាំទ្រអាជីវកម្ម ការជំរុញការចាក់វ៉ាក់សាំង និងការផ្តោតសំខាន់លើការស្តារជីវភាពរស់នៅ​ឡើងវិញ តាមរយៈគម្រោងដូចជា ACRP នេះជាដើម។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រួសារដែលទទួល​បាន​ផលប្រយោជន៍ពីប្រព័ន្ធគាំពារសង្គមជាប្រចាំ ​និងពីគម្រោងខាងលើបន្ថែមទៀត នឹងអាចចាប់​យកឱកាសនេះ ដើម្បីពង្រឹង និងអភិវឌ្ឍជីវភាពខ្លួនឯងឱ្យរួចផុតពីភាពក្រីក្រ តាមរយៈការប្រើប្រាស់​ធនធានដែលទទួលបានពីគម្រោងទាំងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់​លើការ​ថែរក្សាសុខភាព និងអនាម័យ ជាពិសេសការលាងដៃឱ្យបានញឹកញាប់ ដើម្បីបង្ការនូវជំងឺផ្សេងៗ ហើយបានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យគោរពច្បាប់ចរាចរណ៍ ដើម្បីធានា​សុវត្ថិភាព​ផ្ទាល់ខ្លួន និងអ្នកដទៃ ជាពិសេសក្នុងឱកាសខិតជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមានការធ្វើដំណើរច្រើន។ លើសពីនេះទៀត ឯកឧត្តម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សា និងលើកកម្ពស់ប្រពៃណី​ដ៏ល្អផូរផង់របស់ខ្មែរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ​ដូចជាការលេងល្បែងប្រជាប្រិយ ការរាំរែក និងការជួបជុំក្រុមគ្រួសារ ដើម្បីពូនជ្រុំសាមគ្គីភាព និងភាពកក់ក្តៅក្នុងសង្គម។គួរបញ្ជាក់ថា ​គម្រោង ACRP នេះ ត្រូវបានគាំទ្រដោយរាជរដ្ឋាភិបាលនៃសាធារណរដ្ឋ​ប្រជាមានិតចិន តាមរយៈកម្មវិធី UNDP ហើយពិធីប្រគល់ទទួលទ្រព្យសកម្ម និងសម្ភារៈសុខភាព​អនាម័យ​នាពេលនេះ គឺដើម្បីបន្តរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពជីវិត និងបង្កើនកម្រិតជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ។ គម្រោងនេះ បានប្រើប្រាស់ទិន្នន័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដើម្បី​កំណត់​គ្រួសារគោលដៅ ដែលមានបណ្ណសមធម៌មានសុពលភាពចំនួន ៥ ៥០០គ្រួសារ នៅក្នុងខេត្តគោល​ដៅចំនួន ៥ រួមមាន ខេត្តព្រះវិហារ កំពង់ឆ្នាំង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តបាត់ដំបង៕

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង ធ្វើពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្មនិងទទួល មរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា

2025/04/07 01:47:18 pm        96
(កណ្តាល) នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម នាយករងខុទ្ទកាល័យសម្តេចមហាបរវរធិបតីនាយករដ្ឋមន្ត្រី និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោកជំទាវ ប៉ែន ចន្នី នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធជូនដល់អតីតយុទ្ធជន និងយុទ្ធនារី នៃបញ្ជាការដ្ឋានអង្គរក្ស ដែលបានធ្វើពលីកម្មនិងទទួលមរណៈភាព ក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមផងដែរពី សំណាក់ ឯកឧត្តម អស់លោក លោកស្រីជា មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ក្រុមគ្រួសារ ក្នុងបញ្ជាការដ្ឋានអង្គរក្សជាច្រើនរូបទៀត ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍ថា បញ្ជាការដ្ឋានអង្គរក្ស ជាអង្គភាពស្នូលមួយរបស់ ខ.ភ.ម ដែលកន្លងមក បានចូលរួមបំពេញ និងអនុវត្តតួនាទី-ភារកិច្ចយ៉ាងសកម្ម ក្នុងកិច្ចការពារជាតិមាតុភូមិ ការពារប្រជាជន ចូលរួមលើការកសាងនិងអភិវឌ្ឍន៍ជាតិ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំ នៃប្រមុខរាជរដ្ឋា ភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ។ ក្រៅពីនេះនៅបានចូលរួមការងារសង្គមកិច្ចយ៉ាងច្រើនទៀតផងដែរ។ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានផ្ដាំផ្ញើរដល់នាយទាហាន និងពលទាហាន ទាំងអស់ ត្រូវត្រៀមសម្ភារៈសង្គ្រោះ រួមនិងរថយន្តពន្លត់អគ្គីភ័យ ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋក្នុងករណីកើតឡើងដោយយថាហេតុផ្សេងៗ ព្រមទាំងចូលរួមសហការលើកិច្ចការពារសន្តិ សុខ សណ្ដាប់ធ្នាប់សាធារណៈ និងការសប្បាយ រីករាយរបស់ប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរយើង ដែលនឹងឈានចូលមកដល់នាពេលខាង មុខនេះ ជាពិសេស ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមបទបញ្ជាក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃ ខ.ភ.ម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវនូវអភិក្រមទាំង៥ របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមក។ សូមរំលឹកថា   ជារៀងរាល់ឆ្នាំ បញ្ជាការដ្ឋានអង្គរក្ស តែងបានរៀបចំនូវពិធីតាមប្រពៃណីជាតិខ្មែរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបុណ្យភ្ជុំបិណ្ឌ ក្នុងគោលបំណងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មាន ជីដូន ជីតា មាតាបិតា គ្រូឧបជ្ឈាយា ចារ្យ និងញាត្តិការទាំង៧សណ្តាន ដែលបានបែកបាក់ចែតឋាន ជាពិសេសឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខ័ន្ធ នាយទាហាន នាយទាហានរង និងពលទាហាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ នៅក្នុងបុព្វហេតុការពារជាតិមាតុភូមិ ហើយបានមកទទួលនូវមនុញ្ញផល ផលបុណ្យ និងបានសោយសុខនៅក្នុងឋានសុគតិភព។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ព្រមទាំងនាយទាហាន និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស បាននិមន្តព្រះសង្ឃចំនួន ៨៨អង្គ ដែលនិមន្តមកពីវត្តប្រជុំនទី ហៅវត្តក្រពើហារ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីសូត្រមន្តចម្រើនព្រះបរិត្ត រាប់បាត វេរប្រគេនបច្ច័យទ័យ្យទាន មានគ្រឿងឧបភោគ និងគ្រឿបរិភោគជាច្រើនមុខទៅដល់ព្រះសង្ឃ ស្របតាមគន្លងប្រពៃណីសាសនា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីជាតិខ្មែរ ព្រមទាំងបានឧបត្ថម្ភអង្គភាពចំណុះ បញ្ជាការដ្ឋានអង្គរក្ស ក្នុង១អង្គភាព ថវិកា ៥ លានរៀល និងភេសជ្ជៈស្រាបៀ ៥០កេស , យោធិនម្នាក់ៗ ថវិកា ១០ម៉ឺនរៀល និង១ស្នងការ ថវិកា ២លានរៀល។នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្សទាំងអស់ បានប្តេជ្ញាចិត្ត ស្មោះត្រង់ ការពារ និងបម្រើ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត, សម្ដេចមហាបវរធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងក្រុមគ្រួសារ ឲ្យបាន១០០% និងលុះអវសាន្តនៃជីវិត៕

កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី

2025/04/07 01:36:28 pm        318
កាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីជ័យមង្គល មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំមន្ត្រីបុគ្គលិក ជួបតែសេចក្តីសុខ សេចក្តីចម្រើន ដើម្បីបន្តបំពេញតួនាទីភារកិច្ច ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញឹក កាកបាទក្រហមកម្ពុជា។ ពិធីនេះបានរៀបចំឡើង នាទីស្នាក់ ការកណ្តាល តាមបែបប្រពៃណីសាសនា ដោយបាននិមន្ត្រព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត ប្រោះព្រំប្រសិទ្ធពរជ័យ សិរីសួស្តីចំនួន៥អង្គ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកទាំងអស់ ជួបតែសេចក្តីសុខសេចក្តីចម្រើន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តបំពេញតួនាទីភារកិច្ចឲ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀត។ទាក់ទងការរៀបចំនេះដែរ គឺជាការបង្ហាញឲ្យឃើញនូវការគោរពប្រតិបត្តិ ប្រពៃណី ទំនៀមទម្លាប់ជាតិ និងបង្ហាញពីភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ស្របតាមការរីកចម្រើននៃប្រទេសជាតិ ក្រោមម្លប់នៃសុខសន្ដិភាព ដោយរក្សាបាននូវខឿនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម ដ៏ល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យនៃប្រជាជាតិកម្ពុជាទាំងមូល។ ពិធីសូត្រមន្តសុំសេចក្តីសុខ សេចក្តីចម្រើន នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះដែរ ក៏ជាការជួបជុំគ្នា ក្នុងរូបភាពជាលក្ខណៈមហាគ្រួសារដ៏ធំមួយ នៃក្រុមគ្រួសារ មន្ត្រី បុគ្គលិក កាកបាទក្រហមកម្ពុជាផងដែរ ដែលបានបំពេញភារកិច្ចការងាររបស់ខ្លួន រយៈពេលមួយឆ្នាំកន្លងមក។ឆ្លៀតនៅក្នុងពិធីនោះដែរ កាកបាទក្រហមកម្ពុជា ក៏បានប្រគេនទេយ្យទានប្រចាំឆ្នាំ ដើម្បីទ្រទ្រង់ដល់សមណសិស្ស ដែលកំពុងសិក្សា នូវមុខវិជ្ជាផ្លូវលោកនិងផ្លូវធម៌ នៅពុទ្ធិកវិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ក្រពើហារ ផងដែរ។ ទេយ្យទានប្រគេនដល់វត្តក្រពើហានាឱកាសនេះ រួមមាន៖ អង្ករ៥តោន, មី៥០កេស, ត្រីខ៥កេស, ស្ករស២៥គីឡូ ក្រាម, ភេសជ្ជៈ២០កេស, ទឹកបរិសុទ្ធ១០កេស, មៀនកំប៉ុង២កេស, ទឹកដោះគោខាប់២កេស, អូវ៉ាន់ទីន២កេស, អូវ៉ាន់ទីន២គីឡូក្រាម, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១០យួរ, ត្រីងៀត១០គីឡូក្រាម, និងបច្ច័យចំនួន ៤០,០០០,០០០រៀល (៤០លាន រៀល)។បន្ទាប់ពីពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនទេយ្យទានដល់ព្រះសង្ឃចប់សព្វគ្រប់ កាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញក្រុមសិល្បៈរបាំត្រុដិមកសម្ដែង ដើម្បីបណ្ដេញនូវឧបទ្រុបចង្រៃ ក្នុងឆ្នាំចាស់ ផ្លាស់ទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ និងបានឧបត្ថមថវិកាដាក់ក្នុងថង់ត្រុដិចំនួន៥លានរៀន។ ដោយឡែកអ្នករបាំត្រុដិ និងអ្នកតុបតែង សរុប២១នាក់ ម្នាក់ៗ ទទួលបានថវិការ១០ម៉ឺនរៀល៕ អត្ថបទ៖ សំ ងីម

សម្តេចធិបតី៖ អាជ្ញាធររាជធានីខេត្តត្រូវរក្សាសន្តិសុខសណ្តាប់ធ្នាប់ ជូនពលរដ្ឋឱ្យល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2025/04/07 01:24:58 pm        337
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងចូលមកដល់នៅសប្ដាហ៍ក្រោយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានក្រើនរម្លឹកទៅកាន់អាជ្ញាធររដ្ឋបាលរាជធានីខេត្ត ត្រូវយកចិត្តទុកដាក់ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សារណៈឱ្យបានល្អ ដើម្បីបង្កលក្ខណៈឱ្យពលរដ្ឋបានលេងកម្សាន្តសប្បាយ។សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធស្ពានអាកាសមរតកតេជោ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែមេសា នេះ បានថ្លែងថា រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជារដ្ឋបាលខេត្ត ទាំង អស់ ត្រូវពង្រឹងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ និងពង្រឹងការគ្រប់គ្រងសភាពការណ៍ តាមមូលដ្ឋាន ជាពិសេសក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នំាថ្មី ប្រពៃណីជាតិ ខាងមុខនេះ ព្រមទំាងត្រូវរៀបចំ “ព្រឹត្តិការណ៍សង្ក្រាន្ត” ឱ្យបានផុលផុស ដើម្បីឲ្យក្លាយជាចលនាជាតិរួមគ្នា ក្នុងការគំាទ្រដល់ការចុះបញ្ជី “បុណ្យ ចូលឆ្នាំ ឬមហាសង្ក្រាន្ត” ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលរាជរដ្ឋាភិ បាលកម្ពុជា កំពុងខិតខំជំរុញលើការងារនេះ ។សម្ដេចធិបតី បានណែនាំឱ្យយកចិត្តទុកដាក់ការពារសន្ដិសុខ និងសុវត្ថិភាព ផ្ដល់សេវាកម្មផ្នែកទេសចរណ៍ ប្រកបដោយសុវត្ថិភាព គុណភាព និងសីលធម៌វិជ្ជាជីវៈឱ្យបានល្អប្រសើរ ស្របតាមយុទ្ធនាការ “ទេសចរណ៍ ដើម្បី ទំាងអស់គ្នា ទំាងអស់គ្នា ដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ ក្នុងសន្តិភាព” និង “បុគ្គលម្នាក់ៗ ជាអ្នក ផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់” ហើយសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តសប្បាយផ្ទៃក្នុងប្រ ទេស នាព្រឹត្តិការណ៍សង្ក្រាន្ត ឱ្យបានច្រើនកុះករ ជាពិសេសក្នុងរាជធានីភ្នំពេញ ដែលមានការរៀបចំ “សង្ក្រាន្តវត្តភ្នំ” តភ្ជាប់ជាមួយផ្លូវថ្មើរជើង (Walk Street) រយៈពេលដល់ទៅ ៥ ថ្ងៃពេញ ៕ អត្ថបទ៖ មុត សុទ្ធ

សម្តេចធិបតី ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធរួមគ្នាគិតគូរលើកកម្ពស់គុណភាពសំណង់

2025/04/07 01:00:10 pm        308
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធ ពិសេសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវរួមគ្នាគិតគូរ​យកចិត្តទុក​ដាក់លើការពង្រឹង គុណភាពសំណង់នាពេលអនាគត ។ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធបើកឱ្យដំណើរការជាផ្លូវការ ស្ពានអាកាសមរតកតេជោ ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីកងយោធពលខេមរភូមិន្ទ និងមហាវិថីព្រះមុនីវង្ស ក្នុងមូលដ្ឋានខណ្ឌមានជ័យ និងខណ្ឌចម្ការមន នាព្រឹកថ្ងៃទី៧ ខែមេសា នេះ សម្ដេចធិប តី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏ដូចជា គណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, រដ្ឋបាលរាជធានី-ខេត្ត និងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវបង្កើន កិច្ចសហការគ្នា ពង្រឹងការអនុវត្តការងារបច្ចេកទេស ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានា ទាំងក្នុងវិស័យ រដ្ឋ និងក្នុងវិស័យឯកជន ដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវហានិភ័យ ដែលអាចកើតមានឡើងដោយសារ គ្រោះធម្មជាតិ ឬបម្រែបម្រួលអាកាសធាតុ ដូចបណ្ដាប្រទេសក្នុងតំបន់ ។គួររម្លឹកថា៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ មានហេតុការណ៍គ្រោះរញ្ជួយដី​ដ៏ធំ​ក្នុង​កម្រិត៧,៧ រិចទ័រ ​ដោយបានវាយប្រហារនៅមីយ៉ាន់ម៉ា និងប្រទេសថៃ ឥទ្ធិពលនេះបានធ្វើ​ឱ្យរង្គើ​​ដល់ប្រទេសវៀតណាម និង ប្រទេសកម្ពុជាផ្នែកខ្លះក្នុងកម្រិតតិចតួចដែរ ៕អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី សរសើររដ្ឋបាលរជធានីភ្នំពេញ ដែលបានត្រៀមរថយន្តក្រុង៥៩៧គ្រឿង រួចរាល់សម្រាប់ដឹកពលរដ្ឋ

2025/04/07 12:33:19 pm        295
នៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កោតសរសើរដល់រដ្ឋបាលរជធានីភ្នំពេញដែលបានត្រៀមរួចរាល់រៀបចំរថយន្តក្រុងចំនួន៥៩៧គ្រឿងសម្រាប់ដឹកញ្ជូនពលរដ្ឋឥតគិតថ្លៃទៅលេងស្រុកកំណើតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់ថា តាមរយៈការប្រើប្រាស់​សេវារថយន្ត​ក្រុងដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យជាតិធំៗដូចជាបុណ្យចូលឆ្នាំ និងបុណ្យភ្ជុំបិណ្ឌ ជាដើម តាមការប៉ាន់ប្រមាណប្រជាពលរដ្ឋអាចទទួលផលចំណេញ និងសល់ថវិកាសម្រាប់ទៅធ្វើបុណ្យទាន​ក្នុងឱកាសនេះ ហើយបើសរុបរួមជាថវិកាមានប្រមាណ ១,៤ លានដុល្លារតាមរយៈការជិះរថយន្តក្រុងឥតគិតថ្លៃនេះ។សូមជម្រាបថា ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនពលរដ្ឋទៅកាន់ស្រុកកំណើត និងពីស្រុកកំណើតមកភ្នំពេញវិញ ដោយមិនបង់ប្រាក់រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ការផ្ដល់រថយន្តក្រុងនេះ គឺដើម្បីជួយសម្រួលដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ បើតាមរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ទី១៖ សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់បម្រើដល់ប្រតិបត្តិការតម្រាយខ្សែរត់ជាប្រក្រតីក្នុងរាជធានីភ្នំពេញ។ ទី២៖ សេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងពីបណ្តា ខេត្តត្រឡប់មករាជធានីភ្នំពេញវិញ៖ ប្រើប្រាស់រថយន្តក្រុងចំនួន ៤៩៧គ្រឿង ព្រមទាំងបានរៀបចំ ទឹកពិសាបរិសុទ្ធដោយឥតគិតថ្លៃនៅក្នុងរថយន្តក្រុងនីមួយៗ តាមគោលដៅចេញដំណើរផងដែរ ដែលមានគោលដៅ ទីតាំង និងពេលវេលាចេញដំណើរដែលបានរៀបចំ៕

សម្ដេចធិបតី អំពាវនាវពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

2025/04/07 12:15:29 pm        241
ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស “មរតកតេជោ” នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ២៦ ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ក្នុងឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុ ១៨ ឆ្នាំឱ្យទៅចុះឈ្មោះបោះឆ្នោត និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតដែលរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ សម្តេចធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអនុវត្តន៍សិទ្ធិតាមលទ្ធិប្រជាធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំ ដើម្បីរក្សាបានសុខសន្តិភាព និងស្ថេរភាពរបស់កម្ពុជា។សូមជម្រាបថា បើតាមការជូនដំណឹងរបស់ គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវធ្វើចាប់ពីថ្ងៃទី១ ខែឧសភា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ទូទាំងប្រទេស មានរយៈពេល ២៦ថ្ងៃ ត្រូវអនុវត្តចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ការរៀបចំការគ្រប់គ្រង និងការប្រព្រឹត្តទៅនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោត ឆ្នាំ២០២៥ ត្រូវអនុវត្តដោយអនុលោមទៅតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ គឺជាឆ្នាំទីដប់ហើយ ចាប់តាំងពី គ.ជ.ប រៀបចំការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយប្រើប្រាស់ប្រព័ន្ធជីវមាត្រ (Biometric System) សម្រាប់ដៅសម្គាល់ទិន្នន័យអត្តសញ្ញាណដែលមានតែមួយគត់សម្រាប់អ្នកបោះឆ្នោតម្នាក់ៗ ហើយ គ.ជ.ប ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំតាមការកំណត់នៃច្បាប់ ដើម្បីឱ្យបញ្ជីបោះឆ្នោតធានាបាននូវភាពពេញលេញ ភាពត្រឹមត្រូវ និងបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីទៅចរចារឿងពន្ធជាមួយអាមេរិក

2025/04/07 11:50:35 am        348
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធទៅនឹង​ការដំឡើងពន្ធនាំចូលរបស់អាមេរិកចំពោះកម្ពុជា ក្រៅពីបានផ្ញើលិខិតផ្លូវការទៅឯកឧត្តម Donald J. Trump ប្រធានាធិបតីនៃសហរដ្ឋអាមេរិក កម្ពុជាបានត្រៀមឧបនាយករដ្ឋមន្រ្ដីមួយរូប និងរដ្ឋមន្រ្ដីមួយរូប ដើម្បីទៅចរចារឿងពន្ធនេះ ជាមួយអាមេរិក។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់​ឱ្យប្រើប្រាស់ជាផ្លូវការស្ពានអាកាស «មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។សម្ដេចធិបតី មានប្រសាសន៍ថា ៩៧ភាគរយ មិនមែនជាអត្រាពន្ធដែលកម្ពុជា​យកលើទំនិញ​អាមេរិក នាំចូលកម្ពុជានោះទេ។ ៩៧ ភាគរយ គឺជាឱនភាពជញ្ជីងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ សម្តេច បានបញ្ជាក់ថា អនុលោមតាមច្បាប់របស់អង្គការពាណិជ្ជកម្ម កម្ពុជា​យកពន្ធលើទំនិញពីគ្រប់ប្រទេសទាំងអស់មិនឱ្យលើសពី ៣៥ ភាគរយនោះឡើយ ពោលជាមធ្យមគឺប្រមាណ ២៩ ភាគរយ ខណៈទំនិញ​ដែលកម្ពុជានាំចូលទៅអាមេរិក​បច្ចុប្បន្នបង់ពន្ធប្រមាណ ១១ ភាគរយ។សម្តេចធិបតី ​នាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា ដូច្នេះដើម្បីចរចាលើរឿងពន្ធនាំចូលទៅអាមេរិកនេះ កម្ពុជាបានចាត់ឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីមួយរូបត្រៀមចរចាជាមួយអាមេរិក​លើរឿងដំឡើង​ពន្ធលើទំនិញរបស់កម្ពុជានេះ។សូមជម្រាបថា បន្ទាប់ពីប្រធានាធិបតីអាមេរិក ឯកឧត្តម Donald J. Trump បានប្រកាសកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ ​ក្នុងការដាក់អនុវត្តនូវអត្រាពន្ធនាំចូល ៤៩% លើទំនិញរបស់កម្ពុជា ចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ, សម្ដេចធិបតី នាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ បានផ្ញើលិខិតទៅប្រធានាធិបតីអាមេរិក «ស្នើបើកការចរចា លើការដាក់ឱ្យអនុវត្តអត្រាពន្ធនាំចូលថ្មីលើទំនិញនាំចេញរបស់កម្ពុជា» ទៅកាន់សហរដ្ឋអាមេរិកនេះ។ក្នុងឱកាសនោះសម្ដេចធិបតី បានបញ្ជាក់ដែរថា អត្រាពន្ធនាំចូលខ្ពស់បំផុតដែលកម្ពុជា​កំពុង​អនុវត្តជាទូទៅមានត្រឹមតែ ៣៥% ប៉ុណ្ណោះ។ ក្នុងគោលបំណងបង្ហាញនូវសុឆន្ទៈ និងក្នុង​ស្មារតីនៃការពង្រឹង ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរបស់យើង, កម្ពុជាប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញការ​​នាំចូល​ទំនិញពីសហរដ្ឋអាមេរិក ជាមួយនឹងការបន្ថយភ្លាមៗ​នូវអត្រាពន្ធ​នាំចូលទំនិញ ១៩ ប្រភេទពីអត្រាអតិបរមា ៣៥% មកត្រឹមអត្រា ៥%។ សម្ដេច បានថ្លែងថា កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសន្ទនា ក្នុងន័យស្ថាបនា និងប្រកប​ដោយលទ្ធផលផ្លែផ្កា ជាមួយរដ្ឋាភិបាលអាមេរិក ដើម្បីជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាង​ប្រទេសយើងទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត សំដៅឱ្យប្រជាជាតិ និង ប្រជាជនយើងទាំងពីរ អាចទទួលបានផលប្រយោជន៍ជាក់ស្តែង ពីទំនាក់ទំនងពាណិជ្ជកម្មដ៏សំខាន់នេះ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ក្រើនរំលឹកដល់អាជ្ញាធរទាំងអស់ ត្រូវតែចាត់វិធានការចំពោះក្មេងទំនើងឲ្យបាន ដូចភ្លៀងរលឹម

2025/04/07 11:40:59 am        301
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានក្រើនរំលឹកដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវតែចាត់វិធានការឲ្យខាងតែបានចំពោះក្មេងទំនើង ពោលគឺត្រូវធ្វើឲ្យបានដូចជាភ្លៀងរលឹម ដើម្បថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ជូនដល់បងប្អូនប្រជាពលរដ្ឋ។ក្នុងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាស«មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះសម្តេចធិបតី នាយករដ្ឋមន្រ្តី លើកឡើងថា ត្រូវធ្វើឲ្យម៉ឺងម៉ាត់បំផុតចំពោះក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ និងការអនុវត្តច្បាប់ដោយគ្មានការ​បន្ធូរបន្ថយ ​និងលើកលែងនោះឡើយ ដើម្បីការពារ​សន្តិសុន​សណ្តាប់សាធារណៈ និងសន្តិសុខសង្គម។ជាមួយគ្នានោះដែរសម្តេចធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានប្រកាសលើកទឹកចិត្តឲ្យយុវជនខ្មែរ ទាំងអស់ធ្វើសកម្មភាពជាក្រុម ដើម្បីធ្វើសប្បុរសធម៌ និងសកម្មភាពនានា​ដើម្បីផលប្រយោជន៍​សង្គមដូចជា ​ការដើររើសសំរាមនៅតាមទីសាធារណៈនានា មិនមែនចងជាក្រុមដើម្បីធ្វើ«បងតូច បងធំ»ដែលនាំឲ្យ សង្គមស្អប់ខ្ពើមនោះឡើយ៕ អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM