សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន
គណៈកម្មការទី៣ នៃរដ្ឋសភា ចុះសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៅខេត្តតាកែវ
តំណាង BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាចិត្តខ្ពស់វិនិយោគវិស័យហិរញ្ញវត្ថុរយៈពេលវែងនៅកម្ពុជា

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ឆ្នាំង រំពឹងថា ប្រជាពលរដ្ឋនឹងចូលរួមកំសាន្តសង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំទៅ

2025/04/07 10:33:50 am        147
កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥នេះ បានអោយដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ នឹងចូលរួមកំសាន្តសប្បាយក្នុងកម្មវិធីសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរ នៅខេត្តកំពង់ឆ្នាំងច្រើនជាងឆ្នាំកន្លងទៅ ព្រោះឆ្នាំនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង រដ្ឋបាលក្រុងស្រុក រួមនិងមន្ទីរអង្គភាពទាំងអស់ បាននាំគ្នាខិតខំតុបតែងលម្អទីតាំងប្រារព្វសង្ក្រាន្តអោយអធឹកអធមជាងឆ្នាំទៅ។  ឯកឧត្តម បានបន្តថា៖ ដោយសារកត្តាសុខសន្តិភាព សណ្តាប់ធ្នាប់ល្អ ដែលបាន និងកំពុងដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននាំអោយប្រជាពលរដ្ឋនៅទូទាំងប្រទេសរស់នៅដោយក្តីសុខសាន្ត និងមានសេរីភាពពេញលេញ។ នៅតាមបណ្តាស្រុកទាំង៧នៃខេត្តកំពង់ឆ្នាំង ជាពិសេសនៅតាមវិទ្យាល័យ វត្តអារាម ទីរមនីយដ្ឋាននានា បានរៀបចំតុបតែងកន្លែងប្រារព្វពិធីសង្ក្រាន្តឆ្នាំថ្មីគ្រប់កន្លែង ហើយស្រុក វត្តអារាម វិទ្យាល័យមួយចំនួន បានប្រារព្វពិធីសង្ក្រាន្តនេះរួចហើយ និងមួយចំនួនទៀតកំពុងបន្តធ្វើ អោយរួចរាល់មុនចូលឆ្នាំថ្មី ព្រោះរយៈពេល៣ថ្ងៃនៃពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ នឹងនាំគ្នាមកលេងនៅក្នុងក្រុងកំពង់ឆ្នាំងទាំងអស់។ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់អោយកាន់តែល្អ និងអោយប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍បានលេងកំសាន្តសប្បាយជាងឆ្នាំទៅ នៅឆ្នាំនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានធ្វើតំបន់ត្រជាក់នៅក្រុងកំពង់ឆ្នាំង រហូតដល់ទៅដល់៤ទីតាំង ព្រោះរាល់ឆ្នាំមានតែ១ទីតាំង ហើយប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍កាន់តែកើនច្រើនឡើងៗ។ ក្នុងទីតាំងទាំង៤នោះ ក៏មានកន្លែងលេងល្បែងប្រជាប្រិយប្រពៃណីខ្មែរ និងកន្លែងរាំតាមចង្វាក់ប្រពៃណីខ្មែរផងដែរ ។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ ដែលគ្រោងមកលេងសង្ក្រាន្តឆ្នាំថ្មីប្រពៃណីខ្មែរនៅក្នុងខេត្តកំពង់ឆ្នាំងឆ្នាំនេះ សូមលេងប្រកបដោយសីលធម៌ល្អ ចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេសត្រូវរួមសាមគ្គីខ្មែរតែមួយ លេងកំសាន្តក្នុងពិធីសង្ក្រាន្តរយៈពេល៣ថ្ងៃនេះ អោយទទួលបានភាពរលូនដូចឆ្នាំកន្លងទៅ ៕ កាំង ហុងវាស្នា

ឯកឧត្តម ហ៊ុន ម៉ានី រំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ ហើយផ្តាំផ្ញើដល់និស្សិត និងយុវជន ដកស្រង់បទពិសោធន៍ទាញយកជាមេរៀនជីវិត ឆ្ពោះទៅចាប់យកអនាគតដ៏ជោគជ័យមួយ

2025/04/06 09:41:48 pm        505
ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិត ជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលឹកពីគំរូវីរភាពបទពិសោធន៍នៃការតស៊ូរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីកូនកសិករមួយរូបរហូតក្លាយជានាយករដ្ឋមន្ត្រី។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ គឺក្នុងគោលបំណងមិនឱ្យយុវជនបោះបង់ក្ដីសង្ឃឹមចំពោះអនាគតរបស់ខ្លួន ប៉ុន្តែត្រូវមានការតស៊ូ និងដុសខាត់សមត្ថភាពជាប្រចាំ ដែលជាទុនសម្រាប់អនាគត ដែលផ្ដល់ឱ្យខ្លួននិងគ្រួសារ នូវកិត្តិយស ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិខ្មែរយើង។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បើមិនគិតពីតួនាទីជាអតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន គឺជាកូនខ្មែរមួយរូប ដូចកូនខ្មែរទូទៅភាគច្រើនដែរ ដែលបានកើតក្នុងគ្រួសារដែលមានឪពុកម្ដាយជាកសិករ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សម្ដេចតេជោ បានឆ្លងកាត់ការតស៊ូដោយបានលះបង់យុវភាពនៅលើសមរភូមិ និងការផ្សងព្រេងគ្រោះថ្នាក់រាប់មិនអស់ ក្នុងដំណើរសង្គ្រោះប្រទេសនិងប្រជាជនពីរបបវាលពិឃាដខ្មែរក្រហម ការស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងបរិបទប្រទេសញាំញីដោយភ្លើងសង្គ្រាម រហូតប្រទេសទទួលបានសុខសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ។ វីរភាពនៃការតស៊ូព្យាយាមពោរពេញដោយទឹកចិត្តស្នេហាជាតិរបស់សម្ដេចតេជោ និងអ្នកដឹកនាំជំនាន់មុន ដែលសុទ្ធសឹងជាកូនកសិករ បានផ្ដល់នូវបទពិសោធន៍នៃការតស៊ូជម្នះឧបសគ្គធំៗនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងបរិបទសង្គ្រាម និងស្ថានភាពនៃការចាប់ផ្ដើមការកសាងប្រទេសពីមិនមានអ្វីសោះ រហូតយើងមានអ្វីៗដូចសព្វថ្ងៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែម។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យកូនខ្មែរទាំងអស់រួមកម្លាំងគ្នា សាមគ្គីគ្នា ដើម្បីបន្តកសាងសង្គមខ្មែរ ឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនបន្តថ្មីៗថែមទៀត។

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តក្រចេះ

2025/04/06 08:36:11 pm        470
នៅព្រឹកថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន១៤១៤នាក់ ដែលធ្វើឡើងទីតាំងអនុវិទ្យាល័យក្បាលដំរី ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរ ពីឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ និងអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ជាច្រើនទៀតផងដែរ។ នាឱកាសនោះលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍សំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមពិនិត្យ ព្យាបាលជំងឺទាំងអស់។ លោកជំទាវមានប្រសាសន៍ទៀតថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ លោកជំទាវបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តក្រចេះ ជាពិសេសអាជ្ញាធរស្រុកអូរគ្រៀងសែនជ័យ ដែលបានសម្របសម្រួលឲ្យប្រជាពលរដ្ឋបានមកទទួលការពិនិត្យ ព្យាបាលជំងឺដោយមិនគិតថ្លៃនាថ្ងៃនេះ។ មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារក៏បានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មានជានំបញ្ចុក នំបុ័ង បបរ និងភេសជ្ជៈ ឲ្យប្រជាពលរដ្ឋទទួលទានផងដែរ។ ជាលទ្ធផលចំនួនប្រជាពលរដ្ឋដែលទទួលបានការព្យាបាលទាំងអស់មានចំនួន១៤១៤នាក់ រួមមាន៖ វះកាត់តូចចំនួន៥៦នាក់ ពិនិត្យព្យាបាលរោគស្រ្តីចំនួន១១៩នាក់ សម្ភព និងអេកូសាស្ដ្រចំនួន១៨០ ពិនិត្យព្យាបាលមាត់ធ្មេញ ២៧៥នាក់ ផ្នែកជំងឺទូទៅ ចំនួន៧៨៥ សរុប១៤១៤នាក់។ ជាមួយគ្នានោះ ក៏មានការចែកវែនតាជូនដល់លោកយាយលោកតាចំនួន៦០០នាក់ ចែកកាតាប និងសម្ភារៈដល់សិស្សានុសិស្សចំនួន៦០០នាក់,ចែករទេះរុញជនពិការចំនួន២០គ្រឿង, ចែកកញ្ចប់អំណោយសម្ដេចតេជោជូនលោកយាយលោកតា ២០០នាក់ និងចែកកញ្ចប់អំណោយសម្ដេចតេជោជូនប្រជាពលរដ្ឋ ចំនួន៣០០បញ្ចប់ផងដែរ៕

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញបូកសរុបការងារគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនខេត្តស្វាយរៀង

2025/04/06 06:23:51 pm        511
ស្វាយរៀង៖ នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្វាយរៀង និងបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ថិតនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ប្រតិភូសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយ នាយរងការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង-ស្រុក លោកមេបញ្ជការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក លោក លោកស្រីមេឃុំចៅសង្កាត់ និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៨០ប៉ុស្តិ៍ និងមន្រ្តីពាក់ព័ន្ធជាច្រេីនរូបទៀត។មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដ៏ល្អប្រសើរ គួរជាទីមោទនៈ ដែលគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់ សម្រេចបានក្នុងឆ្នាំ២០២៤កន្លងមកនេះ ដែលជាលទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងកិច្ចសហការល្អពីគ្រប់សមាសភាពពាក់ព័ន្ធ ជាកម្លាំងសរុប ក្នុងការបម្រើផលប្រយោជន៍ សេចក្ដី ត្រូវការ និងការរីកចម្រើនក្នុងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋរបស់យើង។ ឯកឧត្តម បន្តថា កន្លងមកនេះពុំមានបងប្អូនគ្រួសារអតីតយុទ្ធជនយើងណាម្នាក់ជួបប្រទះនូវការលំបាក ហើយមិនទទួលបានការយកចិត្តទុកដាក់ និងដោះស្រាយពីសមាគមអតីតយុទ្ធជនរបស់យើងនោះឡើយ ទន្ទឹមនេះ មន្ទីរ-អង្គភាពពាក់ព័ន្ធ ក៏ដូចជាសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ លំដាប់ថ្នាក់របស់យើង គឺពិតជាបានខិតខំយកចិត្តទុកដាក់ណាស់ ក្នុងការដោះស្រាយបញ្ហាសំណើ សំណូមពររបស់បងប្អូនអតីតយុទ្ធជន ទាំងក្នុងក្របខ័ណ្ឌជីវភាពរស់នៅ និងការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយផ្សេងៗ ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាពនៃនីតិវិធី នៃការបើកផ្ដល់ថវិកាបេឡាមរណៈសង្រ្គោះ ប្រាក់របបសន្តិសុខសង្គមប្រចាំខែ និងប្រាក់របបឧបត្ថម្ភផ្សេងៗ ជូនអតីតយុទ្ធជន បានទាន់ពេលវេលា។ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង ដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួបផ្ទាល់ ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាពអតីតយុទ្ធជនឱ្យ ទទួល បាននូវ អត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។ ទន្ទឹមនោះឯកឧត្តមបានផ្តាំផ្ញើឲ្យលោក លោកស្រី មេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ៕

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិត នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

2025/04/06 06:12:15 pm        432
នាព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិតជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ដែលស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមដោយ ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ និងជាព្រះសាកលវិទ្យាធិការ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ អ្នកឧកញ៉ា លោកឧកញ៉ា ឯកឧត្ដម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ សាមណនិស្សិត និងនិស្សិត សរុបជាង២៤០០អង្គ នាក់។

យុវជនស្រុកបាកាន ផុសផុលហាត់សមរាំចង្វាក់ប្រជាប្រិយខ្មែរ ត្រៀមចូលរួមប្រកួតក្នុងកម្មវិធីសង្ក្រាន្តបាកាន ២០២៥

2025/04/06 05:54:39 pm        482
ពោធិ៍សាត់៖ ក្រុមយុវជនក្នុងស្រុកបាកាន កំពុងផុសផុល ក្នុងការហាត់សមរាំចង្វាក់ប្រជាប្រិយខ្មែរ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍សង្ក្រាន្តបាកាន ឆ្នាំ២០២៥ ដោយពួកគាត់បានបង្ហាញអារម្មណ៍រីករាយ និងពេញចិត្តចំពោះការបង្កើតឲ្យមានកម្មវិធីប្រកួតរាំចង្វាក់ខ្មែរនេះឡើង ក្នុងស្រទាបយុវជនមកពីឃុំទាំង៩ ក្នុងស្រុកបាកាន យុវជនក្រៅប្រព័ន្ធ និងក្នុងស្រទាប់មន្ត្រីរាជការនិងគ្រូបង្រៀនក្នុងស្រុកបាកាន ។គួរឲ្យដឹងដែរថា ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំម្សាញ់ ក្រុមការងារចុះជួយស្រុកបាកាន សហការជាមួយរដ្ឋបាលស្រុកបាកាន នឹងរៀបចំ សង្ក្រាន្តបាកានឆ្នាំ២០២៥ នៅបរិវេណវត្តបាកាន ស្ថិតក្នុងឃុំត្រពាំងជង ដែលជាព្រឹត្តិការណ៍ ធំជាងគេប្រចាំស្រុកបាកាន ដោយមានកម្មវិធី ជាច្រើនដូចជាការប្រកួតល្បែង ប្រជាប្រិយខ្មែរ, កម្មវិធីប្រឡងរាំចង្វាក់ដោយមាន១៨ក្រុមចូលរួមប្រកួត , កម្មវិធី រាំវង់ធំទេវតា មានអ្នកចូលរួមរាំជុំគ្នាប្រមាណ១៥០០នាក់ , ការប្រគុំតន្ត្រីមានការចូលរួមពីតារាចម្រៀងល្បីៗមកពីរាជធានីភ្នំពេញ , និងមានក្រុមឌីជេ ចាក់ភ្លេងរាំកំសាន្តជុំគ្នាផងដែរ ៕ 

សម្ដេច ស ខេង ណែនាំឱ្យអាជ្ញាធរ កងកម្លាំង និងពលរដ្ឋនៅខេត្តបាត់ដំបង ថែរក្សាការពារសន្តិភាព

2025/04/06 05:44:47 pm        456
សម្ដេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តបាត់ដំបង ត្រូវបន្តពង្រឹង និងថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ បូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ព្រមទាំងបន្តលើកកម្ពស់នូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់ វិស័យជាបន្តទៀត។ការណែនាំរបស់សម្ដេចបានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តអន្តរទីបការាម ហៅវត្តអណ្តូងស្វាយ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបងនាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ។សម្តេចក្រឡាហោម ស ខេង បានដាស់តឿន អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់​ត្រូវ​បន្តពង្រឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ដោយត្រូវជំរុញការផ្សព្វផ្សាយអប់រំ​លើកកម្ពស់​ការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ជាប់ជាប្រចាំ និងជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ និងរួមគ្នាកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍អោយ ​នៅកម្រិតអប្បបរិមា។ ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួម​របស់​ប្រជាពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទ ល្មើសនានា នៅមូលដ្ឋាន ពិសេសសកម្មភាព​ជួញដូរចែកចាយ ប្រើប្រាស់គ្រឿង ញៀនខុសច្បាប់ បទល្មើសលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋាន អំពើហិង្សាក្នុងគ្រួសារ ក្រុមក្មេងទំនើង និងបទល្មើសនានានៅមូលដ្ឋានទូទាំងខេត្ត។ សម្ដេចណែនាំអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវរៀបចំផែនការសកម្មភាពអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលពាក់ព័ន្ធសមត្ថកិច្ចរបស់ខ្លួន ដូចជាការផ្តល់សេវាសាធារណៈ ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធ តុលាការ ការលើកកម្ពស់ សោភ័ណ្ឌភាព អនាម័យ បរិស្ថាន និងជំងឺឆ្លងរាតត្បាត នានានៅតាមមូលដ្ឋាននីមួយៗ។ ជាមួយនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល ដែលផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សយើង ក្តីបារម្ភក៏លេចឡើងមកជាមួយគ្នាដែរ នៅពេលបច្ចុប្បន្ននេះ។ ជាក់ស្ដែងយើងឃើញមានរូបភាព នៃអំពើឆបោកតាមអនប្រព័ន្ធអនឡាញ ដែលមានលក្ខណៈស្មុគស្មាញ ប្រទាក់ក្រឡានៅជុំវិញពិភពលោក រួមទាំងការកើនឡើងនៃផ្សព្វផ្សាយព័ត៌មានក្លែងក្លាយជាដើម។ ក្នុងន័យនេះ សម្តេចសូមស្នើឱ្យអាជ្ញាធរ ក៏ដូចជាគ្រប់ផ្នែកពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋទាំងអស់ ក្នុងនោះមានទាំងក្មួយៗ ជាសិស្សានុសិស្សដែរ សូមយកចិត្តទុកដាក់ចូលរួមបង្ការ ទប់ស្កាត់អំពើ ឆបោក តាមប្រព័ន្ធអនឡាញនេះ ចៀសវាងការខាតបង់ទ្រព្យសម្បត្តិ ក៏ដូចជាលុយកាក់ ដោយសារចាញ់បោកក្រុមឧក្រិដ្ឋជនតាមអនឡាញ។ សម្តេច បានថ្លែងនូវការកោតសរសើរដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ក្រុមការងារ​ចុះជួយ​មូលដ្ឋាន និងអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងគ្រប់ប្រភេទ នៃខេត្តបាត់ដំបង ក្នុងការ​បំពេញភារកិច្ចរបស់ខ្លួន លើការងារសន្តិសុខ ​សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ឆន្ទៈមោះមុត និងទទួលបាន​លទ្ធផលជោគជ័យជាបន្តបន្ទាប់៕

អភិបាលខេត្តតាកែវដឹកនាំលេងល្បែងប្រជាប្រិយអបអរឆ្នាំថ្មី នៅសង្រ្កាន្តវិទ្យាល័យ ជា ស៊ីម តាកែវ

2025/04/06 05:28:39 pm        393
នៅព្រឹកថ្ងៃអាទិត្យទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានដឹកនាំមន្ត្រីរាជការសាលាខេត្ត សាលាក្រុងដូនកែវ រួមជាមួយ និងបងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងសប្បាយរីករាយក្នុងកម្មវិធីលេងកម្សាន្តល្បែងប្រជាប្រិយ ដែលរៀបចំឡើងនៅវិទ្យាល័យជាស៊ីមតាកែវ សង្រ្កាន្តជាស៊ីមតាកែវ។ក្នុងបរិយាកាសដ៏សប្បាយរីករាយ និងស្និទ្ធស្នាលនោះ ឯកឧត្តម អភិបាលខេត្តមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ ​និងសិស្សានុសិស្ស ​បានចូលរួមលេងល្បែងប្រជាប្រិយយ៉ាងសកម្ម ដូចជា​ល្បែងបោះអង្គញ់ ល្បែងវាយក្អមដែលសាងសំណើចសប្បាយរីករាយ និងល្បែង​ទាញព្រ័ត្រ​ដែល​បង្ហាញពីកម្លាំងសាមគ្គីភាព។ ក្រៅពីល្បែងទាំងនេះ ​រដ្ឋបាលក្រុងដូនកែវ រួមជាមួយ​គណៈកម្មការសាលា ក៏បានរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយផ្សេងៗទៀត ការរាំលេង​កម្សាន្តតាមបែបប្រពៃណី ដែលបានធ្វើឲ្យបរិយាកាសកាន់តែ​ខ្ញៀវខ្ញារ និងពោរពេញ​ដោយភាពរីករាយក្រោមម្លប់នៃសន្តិភាព។ឯកឧត្តម អភិបាលខេត្ត វ៉ី សំណាង បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីលេងល្បែង​ប្រជាប្រិយនេះ គឺស្ថិតក្នុងគោលបំណងលើកកម្ពស់ និងថែរក្សាមរតកវប្បធម៌អរូបីរបស់ជាតិ ជាពិសេស​ល្បែងប្រជាប្រិយខ្មែរ ​ដែលជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណជាតិ។ ឯកឧត្តម បានបន្ថែមទៀតថា រដ្ឋបាលខេត្តតាកែវបាន និងកំពុងជំរុញឲ្យមានការរាំកម្សាន្ត និង​លេងល្បែងប្រជាប្រិយខ្មែរឲ្យបានទូលំទូលាយ មុនឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ខាងមុខនេះ ​មិនត្រឹមតែដើម្បីបង្កើតភាពសប្បាយរីករាយ​ និងកាត់បន្ថយភាពនឿយហត់ បន្ទាប់ពី​ការងារពេញមួយឆ្នាំប៉ុណ្ណោះទេ ​ប៉ុន្តែក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញអំពីភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់របស់ព្រះរាជាណាចក្រកម្ពុជា​ ជូនចំពោះភ្ញៀវជាតិ អន្តរជាតិ សប្បុរសជន និងអ្នកវិនិយោគបរទេសទាំងអស់ បានឃើញពីស្ថានភាពជាក់ស្តែងនៃប្រទេសកម្ពុជា ដែល​កំពុងមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឥតឈប់ឈរ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

យុវជនខេត្តស្វាយរៀងរៀបទីតាំងលេងល្បែងកំសាន្តអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2025/04/06 05:02:39 pm        151
ស្វាយរៀង ÷  អនុវត្តតាមការណែនាំរបស់ឯកឧត្តមឌី វិទ្យា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ស្ដីពីការរៀបចំទីតាំងលេងល្បែងកំសាន្តអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរអោយមានភាពអតីតធម៏រហូតមកដល់ថ្ងៃនេះ យុវជននៅក្នុង ស្រុក ក្រុង ទាំង៨របស់ខេត្ត សហការជាមួយនឹងរដ្ឋបាលខេត្ត និងវត្តអារាម បានរៀបចំទីតាំងលេងល្បែងជាបណ្ដើរៗហើយ ដើម្បីផ្ដល់ឱកាសឲ្យពលរដ្ឋពិសេសយុវជនចូលលេងកំសាន្ត ។ ដោយឡែក ក្រុងស្វាយរៀង បើតាមលោក សយ ធានី ប្រធានគណៈកម្មាធិការយុវជនក្រុង បានបញ្ជាក់ប្រាប់ទូរទស្សន័ BTVអោយដឹងនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះថា ក្រុងស្វាយរៀង ជាទីប្រជុំជននៃពលរដ្ឋខេត្តស្វាយរៀង យុវជននៅក្នុងសហភាព សហព័ន្ធយុវជនក្រុង បានសហការជាមួយនឹងរដ្ឋបាលក្រុងបានជ្រើសរើសយកសួនកុមារខេត្តធ្វើជាទីតាំងលេងល្បែង ប្រជាប្រិយ ជាច្រើនមុខ ដើម្បីអោយពលរដ្ឋ ពិសេសយុវជនលេងល្បែងផង និងដើម្បីអោយពលរដ្ឋ និងយុវជន មានឪកាសបានរឹតចំណងសាមគ្គីភាពរវៀងយុវជននិងពលរដ្ឋនៅក្នុងខេត្តទាំងមូលផងដែរ។ សំឡេង....... សូមបញ្ជាក់ថាអនុវត្តតាមការណែនាំរបស់ក្រសួង និងមន្ទីរធម្មការនិងសាសនា ពិសេសព្រះមេគណខេត្ត ព្រះវិសុទ្ធញ្ញាណមុំ សយ ស្ដីពីការរៀបចំវត្តអារាម ដើម្បីទទួលពលរដ្ឋ ចូលមកប្រារព្ធពិធីបុណ្យរហូតមកដល់ពេលក្នុងចំណោមវត្តទាំង ២៤៦ ត្រូវបានវត្តខ្លះរៀបចំរួចរាល់ហើយនិងមានវត្តខ្លះទៀតក៏បានចាត់តាំងលេងល្បែងប្រជាប្រិយកម្សាន្តជាបណ្ដើរៗហើយដែរ ខណៈដែលសន្តិសុខត្រូវបានមន្ត្រីមានសមត្ថកិច្ចចុះប្រចាំការនៅតាមវត្តអារាមនិងទីតាំងកម្សាន្តជាបណ្ដើរៗហើយដែរ។      

ឯកឧត្តម ជា វ៉ាន់ដេត៖ សុខសន្តិភាពគឺជាកត្តាចម្បងមិនអាចខ្វះបាន ក្នុងការកសាងប្រទេសជាតិ

2025/04/06 04:36:38 pm        378
ថ្លែងក្នុងឱកាសម្ពោធសមិទ្ធផល និងស្រោចស្រពសុគន្ធវារីប្រគេន ព្រះអង្គគ្រូជោតធម្មោ ណេន មីហួយ នៅវត្តចុល្លវ័ន (ហៅព្រៃអារ) ឃុំខ្វាវ ស្រុកសំរោង នៅថ្ងៃ សៅរ៍ ទី ៥ខែ មេសា ឆ្នាំ ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា សុខសន្តិភាពគឺជាកត្តាចម្បង និងមិនអាចខ្វះក្នុងកសាងសមិទ្ធផលនានា រួមទាំងវត្តអារាមដែលជាទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋ។ថ្លែងនៅចំពោះមុខបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបន្តថា ពិធីដែលយើងកំពុងប្រារព្ធនាពេលនេះ គឺកើតចេញ​ពីសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យវិស័យពុទ្ធសាសនាមានការរីកចម្រើនដូចសព្វថ្ងៃ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញពីការបោះឆ្នោតគាំទ្រ​របស់បងប្អូន​ប្រជាពលរដ្ឋ​បានខិតខំកសាងសម្រេចបាននៅសមិទ្ធផល និងស្នាដែជាច្រើនជូនម្ចាស់ឆ្នោត និងជូនប្រទេសជាតិ​ហើយជាពិសេសទៅទៀតនោះ រាជរដ្ឋាភិបាលបានថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានយ៉ាងល្អប្រសើរដែលធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។នៅក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បាន​លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋខិតខំថែរក្សាវប្បធម៌ប្រណៃពីរបស់ខ្មែរ ដែលជា​អត្តសញ្ញាណជាតិ ឱ្យបានគង់វង្សយូរអង្វែងតទៅ ​ជាពិសេសត្រូវខិតខំ​អប់រំកូនចៅ​របស់ខ្លួន​អោយខិតខំប្រឹងប្រែង​រៀនសូត្រ ​ដើម្បីចូលរួមអភិវឌ្ឍន៍កសាង​ប្រទេសជាតិឲ្យកាន់តែរីកចម្រើន​ខ្លាំងក្លាថែមទៀតនៅពេលអនាគត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៤នាក់ ស្លាប់ ពេលអគ្គិភ័យឆាបឆេះអគារមួយខ្នងនៅទីក្រុង Lucknow ប្រទេសឥណ្ឌា
06/23/2026 08:06 PM
ពលរដ្ឋជម្លៀសខ្លួននៅលីបង់ ព្រួយបារម្ភខ្លាចបទឈប់បាញ់អ៊ីស្រាអែល-ក្រុមហេសបូឡា ពុំចូលជាធរមាន
06/23/2026 08:06 PM
ពលរដ្ឋហ្កាហ្សាស្វែងរកកន្លែងស្រាកស្រាន្តនៅក្នុងសមុទ្រកខ្វក់ ដើម្បីគេចវេះពីអាកាសធាតុក្តៅ
06/23/2026 08:06 PM
រលកបាតុកម្មអាល់បានី ឈានចូលដល់សប្តាហ៍ទី ៤ បើទោះបីជាអាកាសធាតុក្តៅក៏ដោយ
06/23/2026 08:06 PM
សត្វស្លាបផ្លាស់ទីជម្រក ២ក្បាល បញ្ជាក់ថាមានជំងឺគ្រុនផ្តាសាយបក្សី H5N1 នៅអូស្រ្តាលី
06/23/2026 08:06 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យបន្តពន្លត់អណ្តាតភ្លើងឆាបឆេះឃ្លាំងស្តុកទំនិញមួយកន្លែងនៅទីក្រុង Houston សហរដ្ឋអាមេរិក
06/23/2026 08:06 PM
កូរ៉េខាងត្បូងព្រមទទួលយកឈ្លើយសឹកកូរ៉េខាងជើងទាំងអស់នៅអ៊ុយក្រែន បើសិនជាពួកគេប្រាថ្នា
06/23/2026 08:06 PM
លោក Putin ៖ កងកម្លាំងរុស្ស៊ីជិតដណ្តើមបានទីក្រុង Kostiantynivka ស្ថិតក្នុងតំបន់ Donetskរបស់អ៊ុយក្រែន
06/23/2026 08:06 PM
តំបន់គ្រីមៀបិទភ្លើងបំភ្លឺតាមផ្លូវ ផ្អាកសេវាដឹកជញ្ជូនសាធារណៈ ខណៈជួបកង្វះខាតប្រេងឥន្ធនៈ
06/23/2026 08:06 PM
រលកកម្តៅខែមិថុនាបានបំណែកកំណត់ត្រាកាលពីថ្ងៃចន្ទនៅទីក្រុង Nante របស់បារាំង
06/23/2026 08:06 PM